Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

វីតាមីន E ជាអង់ទីអុកស៊ីដង់មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃរ៉ាឌីកាល់សេរីដែលផលិតដោយការបំប្លែងអាហារ និងជាតិពុលក្នុងបរិស្ថាន។ កាន់តែពិសេសនោះគឺអត្ថប្រយោជន៍របស់វីតាមីន E ក្នុងការជួយការពារស្បែករបស់អ្នកពីបញ្ហាមួយចំនួនរួមមាន៖ - ការពារស្បែកពីការខូចដោយសារកម្តៅថ្ងៃ ពន្លឺព្រះអាទិត្យបង្កើតរ៉ាឌីកាល់សេរីដែលបណ្តាលឲ្យស្បែកមានស្នាមជ្រួញ ប៉ុន្តែការប្រើក្រែមដែលមានផ្ទុកនូវសារធាតុវីតាមីន Eពីធម្មជាតិអាចជួយការពារស្បែកប្រឆាំងនឹងការខូចដោយពន្លឺព្រះអាទិត្យបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ដោយឡែកយោងតាមការសិក្សាស្រាវជ្រាវវេជ្ជសាស្រ្តបានរកឃើញថាក្រែមដែលផ្សំពីវីតាមីនE ជាមួយនឹងវីតាមីនC មានសមត្ថភាពខ្ពស់ក្នុងការការពារស្បែកពីពន្លឺព្រះអាទិត្យ។ ដូច្នេះអ្នកគួរជ្រើសរើសប្រើប្រាស់ក្រែមដែលមានជាតិវីតាមីនE ជាជាងប្រើឡេការពារកម្តៅថ្ងៃតែមួយមុខ។ - ការពារស្បែកពីភាពចាស់ជ្រីវជ្រួញ ភាពចាស់ជ្រីវជ្រួញត្រូវបានបង្កឡើងដោយអាយុ ការថែរក្សាស្បែកមិនបានត្រឹមត្រូវការប៉ះពន្លឺព្រះអាទិត្យ ការខូចដោយរ៉ាឌីកាល់សេរី កត្តាបរិស្ថាន និងរបបអាហារមិនល្អផងដែរ។ ជាក់ស្តែង ជាមួយនឹងប្រេង ឬក្រែមវីតាមីន E អាចជួយទប់ស្កាត់ការវិវឌ្ឍរបស់ស្បែក ប្រឆាំងនឹងរ៉ាឌីកាល់សេរី ជំនួយក្នុងការផលិតជាតិកូឡាជែន និងផ្តល់សំណើមដល់ស្បែក។ លើសពីនេះ វាក៏អាចជួយកាត់បន្ថយសា្នមសង្វា និងស្នាមខ្មៅនៅក្រោមភ្នែកបានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះ អ្នកគួរប្រើប្រាស់ប្រេងវីតាមីន E លាបស្បែកមុខ និងរង្វង់ភ្នែកនៅពេលចូលគេងអាចជួយរក្សាស្បែករបស់អ្នកឲ្យមានសុខភាពល្អមានសំណើម និងបំបាត់នូវភាពជ្រីវជ្រួញ។ - ការពារជំងឺមហារីកស្បែក ទាក់ទងនឹងស្បែក វីតាមីន E មានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយនូវហានិភ័យជំងឺមហារីកស្បែក។ ដោយឡែកតាមការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ ២០១៣ បានធ្វើការពិសោធទៅលើសត្វកណ្តុរដោយចាក់ថ្នាំវីតាមីន E ចូលទៅក្នុងខ្លួនរបស់វាពេលនោះគេសង្កេតឃើញថាវាហាក់ដូចជាមិនសូវវិវឌ្ឍទៅរកជំងឺមហារីកស្បែកទេ។ ជាក់ស្តែង ដោយសារតែវីតាមីនE ផ្ទុកនូវសារធាតុប្រឆាំងនឹងការរលាក ប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរីដែលជាជំនួយក្នុងការធ្វើឲ្យស្បែកមានសំណើម ទន់រលោង និងមានសុខភាពល្អផងដែរ។ ដូច្នេះ អ្នកគួរជ្រើសរើសប្រើប្រាស់ក្រែម ឬឡេដែលមានផ្ទុកនូវសារធាតុវីតាមីន E ដើម្បីការពារស្បែក ឬបញ្ចៀសពីបញ្ហាមហារីកស្បែក។ - ការពារបញ្ហាស្បែកស្ងួត វីតាមីន E ជាជាតិសំណើមសម្បូរបែប និងមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលចាំបាច់ក្នុងការព្យាបាលកោសិកាស្បែករបស់លោកអ្នកឲ្យឆាប់ជាសះស្បើយ។ លើសពីនេះ វាអាចជួយការពារស្បែក មិនឲ្យឆាប់ចាស់ ការពារស្បែកពីការបំផ្លាញនៃរ៉ាឌីកាល់សេរី ជាពិសេសអាចការពារស្បែករបស់អ្នកពីបញ្ហាស្បែកស្ងួតបានផងដែរ។ ការប្រើប្រាស់វីតាមីន E ក្នុងមួយថ្ងៃពេញ នៅពេលអ្នកដើរលេងកម្សាន្តអាចជួយទប់ស្កាត់ការខូចកោសិកាស្បែក និងធ្វើឲ្យស្បែកមានសុខភាពល្អ មានសំណើម និងរលោង។ - ការពារបញ្ហាប្រេះបបូរមាត់ មិនត្រឹមតែជួយការពារស្បែកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចការពារបបូរមាត់របស់អ្នកពីបញ្ហាប្រេះបានផងដែរ។ ជាក់ស្តែងសារធាតុមួយចំនួនដែលមានផ្ទុកនៅក្នុងវីតាមីនE ដូចជា សារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងការរលាក សារធាតុចិញ្ចឹមផ្សេងៗទៀតអាចជួយឲ្យបបូរមាត់របស់អ្នកមានភាពស្រស់ស្អាត ទន់រលោង និងមានសំណើមជាពិសេសក្នុងខែរងា។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

មុនត្រូវបានគេកត់សម្គាល់ឃើញជាញឹកញាប់នៅលើផ្ទៃមុខ ខ្នង ទ្រូង ជុំវិញបបូរមាត់និងគូទជាដើម។ តើបញ្ហាស្បែកមុខមានមុនកើតឡើងដោយសារអ្វី? តើយើងអាចទប់ស្កាត់ការលេចចេញឡើងនូវបញ្ហាមុនបានទេ? បើកើតហើយតើអាចធ្វើការព្យាបាលឲ្យបាត់វិញបានទេ? មុនមានច្រើនប្រភេទដែលក្នុងនោះផងដែរ យើងចែកចេញជា ២ក្រុមគឺមុនអត់រលាក (Retentional Acne) និងមុនរលាក ( Inflammatory Acne)៖ • មុនអត់រលាក (Retentional Acne) រួមមាន៖ មុនក្បាលខ្មៅ (Blackhead) និងមុនកប់ (Whitehead) • មុនរលាក (Inflammatory Acne) មាន៖ មុនសាច់ (Papule) មុនខ្ទុះ (Pustules) និងមុនគ្រាប់ (Kystes)។ អ្វីជាមូលហេតុពីក្រោយការកើតមុននៅលើស្បែក? ជាក់ស្តែង មូលហេតុដែលបង្កឲ្យកើតមុននៅលើស្បែកបណ្តាលមកពីវិបត្តិនៃក្រពេញ Sebaceous ដែលកើតឡើងដោយសារធាតុកខ្វក់ ឬមេរោគ ការកើនឡើងនៃអ័រម៉ូនអឺស្រ្តូហ្សែន បញ្ហាស្ត្រេស ភាពតានតឹង និងកោសិកាស្បែកចាស់ៗសុទ្ធសឹងតែជាកត្តាបង្កឲ្យស្ទះរន្ធញើស និងគល់រោមដែលបណ្តាលឲ្យសែ្បកពិសេសផ្ទៃមុខរបស់អ្នកលេចឡើងនូវបញ្ហាមុន។ ក្រៅពីមូលហេតុខាងលើបញ្ហាមុនអាចមានកត្តាប្រឈមផ្សេងទៀតដូចជា៖ • អ្នកដែលមានស្បែកមានជាតិខ្លាញ់ ឬសម្បូរប្រេង • ការគេងមិនបានគ្រប់គ្រាន់ • ការញ៉ាំទឹក • ការមិនបានហាត់ប្រាណដើម្បីឲ្យក្រពេញញើសដំណើរការបានល្អ • ការមិនទម្លាប់សម្អាតស្បែកឲ្យបានទៀងទាត់។ ស្បែកមានមុនផ្តល់ផលវិបាកដូចម្តេច? ស្បែកដែលមានបញ្ហាមុន ឬផលវិបាកដែលបន្សល់ទុកក្រោយពេលកើតមុនគឺ៖ • ធ្វើឲ្យស្បែកមានលក្ខណៈខុសធម្មតា • បន្សល់ទុកស្នាម និងផ្លែសាច់ • ស្បែកក្រហមខុសធម្មតា • ងាយអាល្លែកហ្ស៊ីជាមួយប្រតិកម្មខាងក្រៅ • ឆាប់ចាស់ជ្រីវជ្រួញជាងវ័យ។ល។ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ការធ្វើរោគវិនិច្ឆ័យទៅលើអ្នកដែលមានបញ្ហាស្បែកមានមុនគឺត្រូវធ្វើឡើងអាស្រ័យលើសញ្ញាគ្លីនិកមួយចំនួន។ គ្រប់លក្ខខណ្ឌនៃបញ្ហាមុន គួរតែទទួលការព្យាបាលស្របទៅតាមសភាពធ្ងន់ធ្ងរ ឬស្រាលរបស់មុន។ ប្រសិនបើមិនទាន់មានបញ្ហាខ្លាំងនោះទេ អ្នកត្រូវបានណែនាំឲ្យទទួលទានទឹកឲ្យបានច្រើន ពិសេសហាត់ប្រាណឲ្យបានទៀងទាត់។ ករណីបញ្ហាមុនមានលក្ខណៈច្រើនអ្នកត្រូវធ្វើការព្យាបាលដោយការប្រើប្រាស់ថ្នាំលាប ថ្នាំលេប ឬរហូតដល់ថ្នាំចាក់ទៅតាមកម្រិតរបស់អ្នកជំងឺដែលការព្យាបាលនេះធ្វើឡើងជាមួយអ្នកជំនាញឬគ្រូពេទ្យឯកទេសសើស្បែកឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន។ វិធីសាស្រ្តការពារខ្លួនពីបញ្ហាមុន • ត្រូវញ៉ាំទឹកឲ្យបានច្រើន • ហាត់ប្រាណឲ្យបានទៀងទាត់ • ចៀសវាងការសម្អាតជាមួយសាប៊ូ  ឬសារធាតុកាត់ច្រើនហួសហេតុ • លាងសម្អាត និងរក្សាអនាម័យផ្នែកដែលកើតមុនឲ្យបានល្អ • ចៀសវាងការប្រើប្រាស់ផលិតផលណាដែលនាំឲ្យស្បែករលាក (Cosmetics) • ការពារស្បែកពីពន្លឺព្រះអាទិត្យ • ចៀសវាងការប៉ះពាល់ ឬប្រើក្រចកកេះលើផ្នែកដែលមានមុន ព្រោះវាបណ្តាលឲ្យមានស្នាម។ មិនថាអ្នកមានបញ្ហាមុន ឬអ្នកជំងឺស្បែកទូទៅនោះទេឲ្យតែពាក់ព័ន្ធនឹងស្បែកចាំបាច់គួរព្យាយាមថែរក្សាស្បែកឲ្យបានល្អ ហើយចៀសវាងការប្រើប្រាស់ផលិតផលមិនត្រូវនឹងស្បែកមុខ និងគ្មានប្រភពច្បាស់លាស់ព្រោះវាអាចមានលាយសារធាតុដែលធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពស្បែកនៅថ្ងៃក្រោយ។ ចំពោះអ្នកដែលមានបញ្ហាស្បែកដូចជា កើតមុន ជាំមុខ ឬបញ្ហាផ្សេងៗទៀត គួរតែពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញសើស្បែកដើម្បីទទួលបានការព្យាបាលត្រឹមត្រូវទៅតាមប្រភេទស្បែកនិងទាន់ពេលវេលា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត អៀវ មករា ប្រធានបន្ទប់ពិគ្រោះ និងព្យាបាលជំងឺMedical Derma (MD) អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

បុរសស្រ្ដីគ្រប់រូប គួរតែដោះស្រាយបញ្ហាស្បែកជ្រីវជ្រួញ ដែលបណ្ដាលមកពីការវិវឌ្ឍទៅនៃអាយុ។ ទោះជាយ៉ាងណា ក៏នៅមានវិធីសាស្រ្ដដ៏ប្រសើរមួយ ដើម្បីកាត់បន្ថយការលេចចេញនូវស្នាមជ្រីវជ្រួញ ដោយការព្យាបាលសម្ផស្ស តាមរយៈការចាក់បូថុក(Botox)។ តើអ្វីទៅជាការព្យាបាលសម្ផស្សដោយ Botox? Botox គឺជាភ្នាក់ងារចាក់បញ្ចូល ទៅក្នុងស្បែកមួយប្រភេទ ដែលត្រូវបានប្រើប្រាស់ ដើម្បីកាត់បន្ថយស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ ដោយធ្វើឲ្យសាច់ដុំត្រង់ផ្ទៃមុខបានសម្រាក ។ Botox មានផ្ទុកនូវទម្រង់ Toxin ដែលត្រូវបានលាយផ្សំជាមួយសារធាតុដទៃទៀត ប្រកប​ដោយការយកចិត្ដទុកដាក់ខ្ពស់ និងត្រូវបានបង្ហាញថា ការព្យាបាលសម្ផស្សដោយ Botox នេះ មានសុវត្ថិភាពខ្ពស់។ ដោយសារហេតុផលនេះ ទើបរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានអនុញ្ញាត​ឲ្យមានការព្យាបាលដោយប្រើ Botox ដែលផលិតចេញពីសារធាតុ botulinum toxin ដើម្បីកាត់​បន្ថយវិបត្ដិសាច់ដុំត្រង់ភ្នែក និងស្នាមជ្រីវជ្រួញចុងចិញ្ចើម។ ការព្យាបាលពិសេសនេះ ជាញឹកញាប់ត្រូវ​បានប្រើប្រាស់រួមផ្សំជាមួយ វិធីសាស្រ្ដវះកាត់កែសម្ផស្សត្រង់ផ្ទៃមុខដូចជា វះកាត់លើកផ្ទៃមុខ ឬវះ​កាត់​លើកត្របកភ្នែក ដើម្បីបង្កើនអត្ថប្រយោជន៍កែស​ម្ផស្សជាអតិបរមា ។ តើការព្យាបាលសម្ផស្សដោយ Botox មានអត្ថប្រយោជន៍សំខាន់ៗអ្វីខ្លះ? -ការព្យាបាលសម្ផស្ស ដោយ Botox គឺជាដំណោះស្រាយ ចំពោះបញ្ហាជ្រីវជ្រួញ ដោយគ្មានការ​វះកាត់។ បុរស ស្រ្ដីភាគច្រើន អាចទទួលបាននូវផ្ទៃមុខម៉ត់រលោង ដោយមិនចាំបាច់ឆ្លងកាត់ ការវះកាត់កែសម្ផស្ស។ ការព្យាបាលសម្ផស្ស​ដោយ Botox បង្កមុខរបួសតូចបំផុត និងអាចដោះស្រាយ​បញ្ហាជ្រីវជ្រួញ នៅបរិវេណថ្ងាស ក និងជុំវិញមាត់។ -ការព្យាបាលសម្ផស្សដោយ Botox ត្រូវបានអ្នកជំនាញបង្ហាញថា មានប្រសិទ្ធភាពលើក​ចិញ្ចើម​ឱ្យខ្ពស់។ មួយរយៈពេលកន្លងទៅ ចិញ្ចើមរបស់អ្នក អាចធ្លាក់។ តាមរយៈការព្យាបាលសម្ផស្ស ដោយ Botox អ្នកអាចលើកចិញ្ចើមរបស់អ្នកឲ្យខ្ពស់ ដែលធ្វើឲ្យមុខរបស់អ្នក ថយការនឿយ​ហត់ ព្រមទាំងផ្ដល់ឲ្យអ្នកនូវរូបសម្រស់កាន់តែក្មេងជាងវ័យ។ -Botox អាចលុបបំបាត់ស្នាមជ្រួញនៅតាមកន្ទុយភ្នែក ជ្រួញនៅចន្លោះចិញ្ចើម និងស្នាមជ្រួញផ្សេងៗទៀត ដែលបណ្តាលមកពីចលនាសាច់ដុំ នៅលើមុខ ជាពិសេសនៅពេលដែលលោកអ្នកសើច ។ -Botox អាចកែទម្រង់មុខមូលរបស់លោកអ្នក ទៅទម្រង់មុខជាអក្សរ V -ការព្យាបាលសម្ផស្សដោយ Botox អាចកាត់បន្ថយស្នាមជ្រួញដោយសារការជ្រួញចិញ្ចើម និងស្នាមជ្រីវជ្រួញដទៃទៀត ដែលបណ្ដាលមកពីការកន្រ្ដាក់សាច់ដុំផ្ទៃមុខ បានយ៉ាងមានប្រសិទ្ធភាព។ ភាពឆ្លាតវៃ ក្នុងការជ្រើសរើស សូមជ្រើសរើសម៉ាក ដែលត្រឹមត្រូវ ហើយលោកអ្នក មិនចាំបាច់ប្រើច្រើន unit នោះទេ ។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ សូមប្តូរទម្លាប់ ដែលធ្វើឱ្យផ្ទៃមុខរបស់លោកអ្នកឆាប់ជ្រួញដូចជាការ ចងចិញ្ចើម និងការសម្ដែងទឹកមុខផ្សេងៗ ដែលនាំឲ្យជ្រួញ។ មិនតែប៉ុណ្ណោះ ត្រូវជ្រើសរើសគ្លីនិកដែលមានដុកទ័រ ប្រកបដោយជំនាញច្បាស់លាស់ ដើម្បីចៀសវាងការខូចទម្រង់មុខ ៕

ចែករំលែក

សារធាតុកង្វក់ បញ្ហាស្រេ្តស ភាពតានតឹង បម្រែបម្រួលអ័រម៉ូន ជាតិខ្លាញ់ បាក់តេរី និងកោសិកាស្បែកចាស់ៗសុទ្ធសឹងតែជាកត្តាបង្កឲ្យស្ទះរន្ធញើសបណ្តាលឲ្យស្បែកមុខរបស់អ្នកលេចឡើងនូវប្រភេទមុនម៉្យាងហៅថា មុនក្បាលស។ ជាក់ស្ដែង មុនប្រភេទនេះតែងកើតមាននៅលើច្រមុះ ថ្ពាល់ ស្នៀតផ្កា និងថ្ងាសដែលរំខានដល់ការសម្រេចក្ដីប្រាថ្នាក្នុងការមានស្បែកមុខដ៏ស្រស់ស្អាត។ យ៉ាងណាមិញក្រៅពីស្វែងរកសេវានៅតាមគ្លីនិកនានាអ្នកក៏អាចធ្វើការកម្ចាត់មុនទាំងនេះតាមរយៈរូបមន្តខាងក្រោម៖ ទឹកខ្មេះផ្លែប៉ោម ទឹកខ្មេះផ្លែប៉ោម គឺជាធាតុផ្សំធម្មជាតិដ៏អស្ចារ្យមួយប្រភេទដែលត្រូវបានប្រើក្នុងរូបមន្តសម្រាប់ថែរក្សាស្បែកឲ្យភ្លឺរលោង រក្សាសំណើម និងបន្ថយស្នាមជ្រួញ។ បន្ថែមពីនេះ វាក៏មានមុខងារពិសេសក្នុងការព្យាបាលមុនគ្រប់ប្រភេទ មិនថាមុនក្បាលស ឬក្បាលខ្មៅ ដោយសារមានផ្ទុកនូវប្រភេទអាស៊ីតម៉្យាងជួយប្រឆាំងនឹងការរលាក កម្ចាត់បញ្ហាមុន និងបាក់តេរីដែលបង្កឲ្យមានមុន។ លោកអ្នកគ្រាន់តែយកទឹកខ្មេះផ្លែប៉ោម ២ ទៅ៣ស្លាបព្រាកាហ្វេ និងសំឡីស្អាតមួយដុំ បន្ទាប់យកសំឡីមកដាក់ត្រាំក្នុងទឹកខ្មេះផ្លែប៉ោមដោយបន្ថែមទឹកស្អាតបន្តិច ហើយទុករយៈពេល ៣នាទី រួចបិតនៅលើផ្ទៃមុខ ឬដាក់ផ្ទាល់នៅលើមុនក្បាលសទុកឲ្យស្ងួតរយៈពេល ១៥នាទី សឹមលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ ដោយអ្នកអាចអនុវត្តចន្លោះពី ២ ទៅ៣ដងក្នុងមួយសប្តាហ៍។ ទឹកឃ្មុំ សមាសធាតុផ្សំធម្មជាតិមួយទៀត ដែលលោកអ្នកប្រើប្រាស់ញឹកញាប់ ទាំងការទទួលទាន និងការថែរក្សាសម្រស់នោះគឺទឹកឃ្មុំ។ វាក៏មានតួនាទីកម្ចាត់ និងព្យាបាលបញ្ហាស្បែកមុខដូចជា មុខអាល្លែកហ្ស៊ី មុខមុន ពិសេសប្រភេទមុនក្បាលស ព្រមទាំងជួយឲ្យស្បែកមុខរលោង និងមានសំណើមផងដែរ។ ក្រៅពីទទួលទាន អ្នកអាចលាបទឹកឃ្មុំទៅលើស្បែកមុខរបស់អ្នកនៅរាល់ពេលព្រឹកព្រលឹម ឬពេលយប់មុនពេលចូលគេង ទុករយៈពេល ២០នាទីរួចលាងសម្អាតចេញជាមួយទឹកត្រជាក់។ ជម្រើសមួយទៀតអ្នកអាចលាយស៊ុតពណ៌សជាមួយទឹកឃ្មុំ ហើយលាបនៅលើស្បែកមុខ ឬលើមុនរបស់អ្នករយៈពេល ១៥នាទីបន្ទាប់មកលាងជម្រះជាមួយទឹកស្អាត និងសាប៊ូដើម្បីបំបាត់ក្លិនរបស់ស៊ុតពណ៌សជាការស្រេច។ អ្នកគ្រាន់តែអនុវត្តវិធីសាស្រ្តធម្មជាតិនេះជារៀងរាល់ថ្ងៃដើម្បីស្បែកមុខគ្មានមុន គ្មានស្នាម និងទន់រលោង។ ស្រ្កាប់ស្ករស ស្រ្កាប់ស្ករសមានអត្ថប្រយោជន៍សម្រាប់ជួយធ្វើឲ្យស្បែកទន់រលោង ស្រស់ថ្លា និងជម្រះនូវកោសិកាស្បែកចាស់ៗចោល ពិសេសកម្ចាត់មុនក្បាលសបានយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនោះ ស្រ្កាប់ស្ករសមានលក្ខណៈពិសេសម៉្យាងដែលជួយដល់ចលនាឈាមរត់នៅលើផ្ទៃមុខឲ្យប្រសើរឡើង និងធ្វើឲ្យស្បែកមុខដកដង្ហើមបានល្អ។ អ្នកគ្រាន់តែយកស្ករស ១ស្លាបព្រាបាយ ទឹកឃ្មុំ ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារ ៣ ឬ៤ដំណក់ ដាក់បញ្ចូលគ្នារួចកូរល្បាយឲ្យសព្វល្អ បន្ទាប់មកធ្វើការម៉ាស្សាថ្នមៗនៅលើស្បែកមុខដែលមានមុនក្បាលសរយៈពេល ២ទៅ៣នាទីរួចទុកចោលរយៈពេល ៣ទៅ៥នាទី សឹមលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។ អ្នកអាចអនុវត្ត២ដងក្នុងមួយសប្តាហ៍សម្រាប់ប្រសិទ្ធភាពកាន់តែល្អ។ ម្សៅសូដា ដោយហេតុថានៅក្នុងម្សៅសូដាមាននូវសារធាតុម៉្យាងដែលមានប្រសិទ្ធភាពសម្អាតកោសិកាស្បែកចាស់ៗចេញ ហើយធ្វើឲ្យស្បែកមុខមានសំណើម និងទន់រលោងពិសេសវាជួយបំបាត់ស្នាម កម្ចាត់មុនក្បាលស និងមុនក្បាលខ្មៅបានថែមទៀតផង។ លើសពីនេះវាអាចរក្សាតុល្យភាព pH និងទប់ស្កាត់ការផលិតជាតិខ្លាញ់ដែលបង្កឲ្យកើតមុនក្បាលស។ លោកអ្នកគ្រាន់តែយកម្សៅសូដា ២ឬ៣ស្លាបព្រាកាហ្វេលាយជាមួយទឹកសមស្រប ហើយធ្វើការកូរល្បាយនោះឲ្យសព្វល្អ បន្ទាប់មកធ្វើការលាប ឬម៉ាស្សាថ្នមៗនៅលើផ្ទៃមុខ និងមុនក្បាលស រួចទុករយៈពេល ១៥ទៅ២០នាទីចាំលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗជម្រះជាការស្រេច។ អ្នកអាចអនុវត្តវិធីសាស្រ្តនេះជារៀងរាល់មួយ ឬពីរដងក្នុងមួយសប្តាហ៍ដើម្បីព្យាបាលមុនក្បាលសពីផ្ទៃមុខបានយ៉ាងមានប្រសិទ្ធភាព។ ថ្នាំអាស្ពីរីន អាស្ពីរីន មានផ្ទុកនូវសារធាតុអាស៊ីត សាលីស៊ីលិចដែលជួយកម្ចាត់បាក់តេរី កម្ចាត់ចោលកោសិកាចាស់ៗ ប្រឆាំងការរលាក និងព្យាបាលបញ្ហាស្បែកមុខមួយចំនួនដូចជា ស្នាមជ្រីវជ្រួញ ស្បែកស្ងួត មុខឡើងមុនពិសេសមុនក្បាលស។ អ្នកគ្រាន់តែយកថ្នាំអាស្ពីរីន ២ ទៅ៣គ្រាប់កិនឲ្យម៉ត់លាយជាមួយទឹកស្អាតក្នុងបរិមាណសមស្រប ដោយកូរឲ្យសព្វក្លាយជាល្បាយមួយខាប់ល្មម រួចធ្វើការលាបល្បាយនោះទៅលើច្រមុះ និងផ្ទៃមុខដែលមានបញ្ហា ឬកន្លែងមានមុនក្បាលសហើយទុកឲ្យស្ងួតរយៈពេល ៧ ទៅ៨នាទី សឹមលាងសម្អាតជាមួយទឹកត្រជាក់។ លោកអ្នកអាចធ្វើការអនុវត្តចន្លោះ មួយ ទៅពីរដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានស្បែកមុខគ្មានជ្រួញ មានសំណើម និងបាត់មុនផងដែរ។   ទោះបីគ្រឿងផ្សំ ៥យ៉ាងខាងលើរក្សាឲ្យអ្នកមានផ្ទៃមុខគ្មានមុន និងស្អាតយ៉ាងណាក៏ដោយ អ្នកក៏ត្រូវបន្តថែរក្សាភាពស្អាតនេះឲ្យបានស្ថិតស្ថេរយូរអង្វែងតាមរយៈការអនុវត្តនូវគន្លឹះជាប្រចាំថ្ងៃរួមមាន៖ • លាងសម្អាតផ្ទៃមុខមួយថ្ងៃ២ដង ពេលព្រឹក និងពេលចូលគេងឲ្យបានទៀងទាត់ជាមួយហ្វូមដែលមានជាតិទឹកដោះគោ ឬលាងសម្អាតទឹកក្តៅឧណ្ហៗ • ស្ទីមមុខជាមួយទឹកក្តៅឧណ្ហៗជាប្រចាំ • រក្សាអនាម័យសក់ និងខ្នើយកើយឲ្យបានស្អាត • លាបសេរ៉ូម និងឡេការពារកម្តៅព្រះអាទិត្យដែលមាន SPF ១៥ ឡើងទៅ • ទទួលទានទឹកឲ្យបានយ៉ាងហោចណាស់ ៨ ទៅ ១០កែវក្នុងមួយថ្ងៃ • កាត់បន្ថយអាហារមានជាតិខ្លាញ់ និងភេសជ្ជៈ ដែលមានផ្ទុកជាតិអាល់កុល និងកាហ្វេ • បង្កើនការទទួលទានបន្លែ ផ្លែឈើ និងសាច់ដែលមានផ្ទុកនូវវីតាមីន និងអាស៊ីតខ្លាញ់អូមេហ្គា-៣។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ការងារប្រចាំថ្ងៃមួយចំនួន អាចបង្កឲ្យដៃរបស់អ្នកលេចចេញនូវរោគសញ្ញាខុសប្រក្រតី ដែលមួយក្នុងចំណោមអាការៈទាំងនោះ គេអាចសង្កេតឃើញមានបញ្ហា ក្រិន ឬពងទឹកតូចៗ។ តើសញ្ញាទាំងនេះអាចសន្និដ្ឋានថាជាជំងឺណាខ្លះ? សំណួរ៖ ខ្ញុំបាទ អាយុ ២៨ឆ្នាំ ភេទ ប្រុស កម្ពស់ ១ម៉ែត្រ៧០ មុខរបរជានិសិ្សត។ ម្រាមដៃរបស់ខ្ញុំមានបញ្ហាក្រិនខុសប្រក្រតី និងមានពងបែកទឹកតូចៗ ដែលវាធ្វើឲ្យរមាស់រយៈពេល ៣ខែហើយ។ ខ្ញុំចង់សួរថាតើខ្ញុំមានជំងឺអ្វី? តើអាចព្យាបាលបានដែរឬទេ? ចម្លើយ៖ ជាទូទៅចំពោះពងបែកតូចៗនៅលើម្រាមដៃហើយរមាស់ អាចត្រូវបានសន្និដ្ឋានទៅលើកត្តាពីរយ៉ាង ទីមួយគឺជំងឺតាអក ដែលតែងកើតមានឡើងនៅលើដៃ ឬជើង និងទីពីរអាចជាជំងឺផ្សិតបង្កឡើងដោយ Candida albican នៅលើដៃ ឬជើង។ ប៉ុន្តែភាគរយនៃការកើតជំងឺតាអកមានច្រើនជាងផ្សិតរហូតដល់ ៩០ភាគរយ ដូច្នេះ ករណីរបស់ប្អូនគឺជាជំងឺតាអក បាតដៃ បាតជើង។ ជំងឺតាអកនេះអាចធ្វើការព្យាបាលបាន ប្រសិនវាកើតឡើងដោយសារកត្តាការងារ។ ជាក់ស្តែង ប្រសិនជំងឺតាអករបស់ប្អូនកើតមានឡើងដោយសារកត្តាហ្សែន ដែលធ្វើឲ្យប្អូនឆាប់ប្រតិកម្មជាមួយអ្វីគ្រប់យ៉ាង នោះការព្យាបាលនឹងមិនអាចជាដាច់ឡើយ គឺបន្ទាប់ពីព្យាបាលជាហើយ ប្អូននៅតែអាចកើតមានទៀតដោយគ្មានមូលហេតុ។ ដោយឡែកបើជំងឺតាអករបស់ប្អូនបណ្តាលមកពីការងារវិញ បន្ទាប់ពីព្យាបាលរួច ប្អូនត្រូវប្រុងប្រយ័ត្នចំពោះមូលហេតុដែលនាំឲ្យការលេចឡើងនូវសញ្ញាតាអកនេះ ឧទាហរណ៍ដូចជា សាប៊ូទឹក ស៊ីម៉ង់ត៍ និងគ្រឿងទេសផ្សេងៗដែលទាក់ទងនឹងមុខរបរ ឬការងារប្រចាំថ្ងៃរបស់ប្អូន បើអាចចៀសវាងបានរហូត នោះបន្ទាប់ពីព្យាបាលហើយ ប្អូននឹងជាសះស្បើយ តែបើប្អូនមិនប្រុងប្រយ័ត្នចៀសវាងទេនោះ វាក៏នឹងអាចកើតឡើងវិញបានដូចគ្នា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

មុខមានមុនហើយ ថែមទាំងមុននៅលើខ្នងទៀត! ស្តាប់ទៅវាជារឿងគួរឲ្យធុញទ្រាន់សម្រាប់អ្នកដែលកំពុងជួបបញ្ហាទាំងពីរនេះដំណាលគ្នា ហើយបើគិតលើការចំណាយក្នុងការកម្ចាត់ចោលក៏ត្រូវទ្វេគុណជាពីរក្នុងពេលតែមួយទៀតផង។ មុនខ្នង អាចបង្កឡើងពីកត្តាច្រើនប្រភេទ ក្នុងនោះរបៀបរបបរស់នៅដែលគ្មានផាសុកភាព និងអាហារក៏ជះឥទ្ធិពលចំពោះការកកើតបញ្ហានេះផងដែរ។ ហេតុនេះដើម្បីអាចកាត់បន្ថយចំណាយច្រើនសម្រាប់កម្ចាត់មុនខ្នងដែលគួរឲ្យរំខានទាំងនេះអ្នកអាចសាកល្បងអនុវត្តវិធីសាស្ត្រងាយៗដែលពាក់ព័ន្ធនឹងរបៀបរស់នៅប្រចាំថ្ងៃ ដូចខាងក្រោម៖ 1. សម្អាតខ្លួនបន្ទាប់ពីហាត់ប្រាណ ការទុកញើស និងភាពកង្វក់ដែលសល់ក្រោយហាត់ប្រាណរួច ជាមូលហេតុចម្បងដែលបណ្តាលឲ្យកើតមុនខ្នង។ ហេតុនេះ អ្នកចាំបាច់ងូតទឹកជម្រះកាយឲ្យបានកាន់តែឆាប់តាមតែអាចធ្វើបាន។ 2. ជម្រុះកោសិកាចាស់ៗ ប្រើប្រាស់ស្រ្កាប់ជម្រុះកោសិកាជារឿយៗដែលផ្សំពីអាស៊ីតសាលីស៊ីលិច ដើម្បីសម្អាតភាពកង្វក់ និងខ្លាញ់ចេញពីស្បែករបស់អ្នក។ វិធីសាស្រ្តនេះអាចជម្រុះកោសិកាចាស់ៗដែលអាចរាំងខ្ទប់រន្ធញើសបង្កជាមុនបាន។ 3. ប្រើសម្លៀកបំពាក់រលុង ទម្លាប់នៃការស្លៀកពាក់ពេលធ្វើលំហាត់ប្រាណរបស់អ្នកកន្លងមក អាចរំខានដល់មុនខ្នងបានដោយហេតុថាសម្លៀកបំពាក់រឹបតឹងអាចចាប់ទុកភាពកង្វក់ និងខ្លាញ់រឹបចូលក្នុងក្រពេញញើស។ ហេតុនេះ ការស្លៀកសម្លៀកបំពាក់ធូររលុងអាចជួយឲ្យស្បែកអ្នកដកដង្ហើមចេញចូលបានស្រួល។ 4. ប្រើប្រេងរុក្ខជាតិ ជាប្រភេទប្រេងម៉្យាងរបស់រុក្ខជាតិនៃប្រទេសអូស្ត្រាលីដែលត្រូវបានគេនិយមប្រើប្រាស់សម្រាប់បញ្ហាស្បែកច្រើនប្រភេទអស់រយៈពេលជារាប់ពាន់ឆ្នាំ។ មិនត្រឹមតែគ្រាន់ជាការនិយមប្រើប្រាស់តៗគ្នានោះទេ ប៉ុន្តែក៏មានការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តជាច្រើនដែលបានបញ្ជាក់អំពីប្រសិទ្ធភាពនៃប្រេងរុក្ខជាតិនេះចំពោះស្បែកដែលមានបញ្ហាពិតមែន ជាពិសេសចំពោះស្បែករោល និងមានមុននេះតែម្តង។   5. កុំឲ្យសក់ប៉ះស្បែកខ្នង សក់វែង ប្រហែលជាអាចបណ្តាលឲ្យភាពកង្វក់ និងប្រេងដែលនៅជាប់សក់ប៉ះស្បែកខ្នង ជាហេតុធ្វើឲ្យស្បែកខ្នងទទួលរងភាពរោល និងស្ទះរន្ធញើស។ អ្នកគួរកក់សក់ឲ្យបានជាប្រចាំ និងចងសក់ឡើងលើឲ្យផុតរាល់ពេលដែលអ្នកធ្វើលំហាត់ប្រាណ ឬធ្វើការងារដែលអាចបញ្ចេញញើស។ ប្រសិនជាអាច អ្នកគួរកាត់សក់ឲ្យខ្លីក្នុងពេលដែលអ្នកកំពុងមានមុនខ្នង។ 6. ការពារកម្តៅថ្ងៃដោយប្រុងប្រយ័ត្ន ការប្រើប្រាស់ផលិតផលការពារកម្តៅថ្ងៃជាការអនុវត្តដ៏ចាំបាច់បំផុតដែលខានពុំបាន ប៉ុន្តែអ្នកត្រូវចាំបាច់ជ្រើសរើសប្រភេទផលិតផលឲ្យបានត្រឹមត្រូវ ដោយហេតុថាផលិតផលប្រភេទនេះសម្បូរទៅដោយប្រេង ដែលជាមូលហេតុបង្កចម្បងនៃការកកើតមុន ដូច្នេះអ្នកគួរជ្រើសរើសផលិតផលការពារកម្តៅថ្ងៃដែលពុំមានជាតិប្រេង។ 7. ទទួលទានអាហារសុខភាព ការសិក្សាបានបង្ហាញថា ការទទួលទានអាហារដែលសម្បូរទៅដោយជាតិផ្អែមអាចបណ្តាលឲ្យមុនកាន់តែមានសភាពធ្ងន់ធ្ងរ។ អាហារទាំងនោះមានដូចជា នំប៉័ងស ដំឡូងបារាំង ឬនំផាស្តារជាដើម។ អ្នកគួរចាប់ផ្តើមទទួលទានអាហារសុខភាពដែលមានដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឲ្យបានច្រើនជំនួសទម្លាប់នៃការទទួលទានអាហារផ្អែមខាងលើ។ មុនខ្នងជាប្រភេទជំងឺដែលអាចព្យាបាលបាន គ្រាន់តែចាប់ផ្តើមផ្លាស់ប្តូរទម្លាប់មិនល្អ បូករួមវិធីសាស្រ្តធម្មជាតិដូចដែលបានរៀបរាប់ខាងលើ នោះអ្នកប្រាកដជាអាចទទួលបានលទ្ធផលជាទីគាប់ចិត្ត។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ដោយហេតុថា សម្រស់ស្បែកមុខ ជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់វ័យមិនថាបុរស និងស្រ្តី នោះការថែទាំជាប្រចាំជារឿងដែលមិនគួរត្រូវបានមើលរំលង។  ស្បែកមុខ ត្រូវបានចាត់ទុកជាផ្នែកមួយនៃការបង្ហាញពីទំនុកចិត្តក្នុងជីវិតប្រចាំថ្ងៃ ដែលជាមូលហេតុនាំឲ្យបុគ្គលមួយចំនួនហ៊ានចំណាយប្រាក់និងថវិកាជាច្រើនដើម្បីទទួលបានការថែទាំពីអ្នកជំនាញសើស្បែក។ យ៉ាងណាមិញ ក្រៅពីការស្វែងរកសេវាកម្មថែរក្សាស្បែកមុខពីខាងក្រៅ ការសម្អាត និងថែទាំជាប្រចាំថ្ងៃដោយខ្លួនឯងក៏ត្រូវបានរាប់បញ្ចូលផងដែរ ដើម្បីទទួលបានលទ្ធផលកាន់តែជាទីគាប់ចិត្តដែលអ្នកនឹងអាចអនុវត្តបានតាមរយៈការណែនាំពីវិធីសាស្រ្តខាងក្រោម៖  - លាងសម្អាតផ្ទៃមុខ រឿងដំបូងបង្អស់ដែលគួរធ្វើនៅពេលថែរក្សាស្បែកមុខគឺការទម្លាប់លាងសម្អាតផ្ទៃមុខ ជាមួយហ្វូមលាងមុខ ឬផលិតផលដែលស័ក្តិសមទៅនឹងស្បែកមុខរបស់អ្នកដែលវាជាវិធីសាស្រ្តដំបូងគេក្នុងការកម្ចាត់ចោលនូវភាពកង្វក់ ដូចជាធូលីដី កម្ទេចកំទី ជាតិខ្លាញ់ និងគ្រឿងសម្អាងដែលតោងជាប់នៅលើផ្ទៃមុខ។ អ្នកគួរធ្វើការសម្អាតមុខ ២ដងក្នុងមួយថ្ងៃ ជាមួយទឹកធម្មតារួចជូតមុខថ្នមៗជាមួយសំឡី ឬកន្សែងស្អាត ហើយចៀសវាងប្រើប្រាស់ទឹកក្តៅដែលនាំឲ្យស្បែកមុខប្រែជាស្ងួតទៅវិញ។ - ប្រើប្រាស់ទឹកថូនឺ បុគ្គលមួយចំនួនហាក់មើលរំលងពីសារៈសំខាន់នៃការជូតមុខបន្ថែមដោយទឹកថូនឺដោយគិតថាការលាងសម្អាតដោយហ្វូមគឺមានភាពគ្រប់គ្រាន់។ តាមពិតការប្រើប្រាស់ទឹកថូនឺបន្ទាប់ពីលាងសម្អាតផ្ទៃមុខ ក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ការថែទាំស្បែកមុខដោយវាអាចបង្កើនភាពតឹងណែន ផ្ចិតរន្ធញើសនិងមានសមត្ថភាពក្នុងការសម្អាតធូលីតូចៗផ្សេងទៀតនៅលើផ្ទៃមុខដែលហ្វូមលាងមុខមិនអាចធ្វើការសម្អាតបាន។ - ផ្តល់សំណើមស្បែកមុខ ការផ្តល់សំណើមដល់ស្បែកមុខ ត្រូវបានរាប់បញ្ចូលជាវិធីសាស្រ្តមួយដែលគួរត្រូវបានធ្វើឡើងជាប្រចាំផងដែរសម្រាប់ជួយទៅចិញ្ចឹម និងផ្តល់ភាពទន់រលោងដល់ស្បែកមុខ ពីព្រោះស្បែកមុខអាចងាយរងប្រតិកម្មពីខាងក្រៅធ្វើឲ្យស្ងួត ជាពិសេសនៅពេលវ័យកាន់តែចាស់។ អ្នកគួរមានទម្លាប់លាបផលិតផលផ្តល់សំណើមបន្ថែមបន្ទាប់ពីសម្អាតមុខរួចដែលអាចជាប្រភេទក្រែម ឬសេរ៉ូមនៅរៀងរាល់ពេលព្រឹក និងមុនពេលចូលគេង។ ម៉្យាងទៀត អ្នកក៏អាចជ្រើសរើសវិធីសាស្រ្តធម្មជាតិដូចជាប្រេងដូង ទឹកដោះគោ ឬផ្លែឈើសម្រាប់ផ្តល់សំណើមដល់ស្បែកផងដែរ។ - ការពារពីពន្លឺព្រះអាទិត្យ ការពារមុខរបស់អ្នកពីព្រះអាទិត្យដោយប្រើឡេការពារកម្តៅជារៀងរាល់ថ្ងៃ ពីព្រោះកម្តៅព្រះអាទិត្យជាសត្រូវលេខមួយរបស់ស្បែកដែលអាចធ្វើឲ្យស្បែកឡើងខ្មៅស្រអាប់ពិសេសបង្កឲ្យស្បែកមានស្នាមជ្រីវជ្រួញផងដែរ។ អ្នកគ្រាន់តែប្រើក្រែមការពារកម្តៅថ្ងៃ ដែលមានកម្រិតការពារយ៉ាងហោចណាស់ SPF ១៥ឡើងទៅ នៅមុនពេលចេញទៅខាងក្រៅ ហើយស្របពេលជាមួយគ្នាអ្នកក៏គួរតែការពារស្បែកដោយស្លៀកសម្លៀកបំពាក់ជិតៗ ឬពាក់មួកជាដើម។ - ម៉ាស្សាមុខ ការឧស្សាហ៍ធ្វើម៉ាសថែទាំស្បែកមុខបែបធម្មជាតិយ៉ាងហោចណាស់ ២ ទៅ៣ដងក្នុងមួយសប្តាហ៍ អាចជួយក្នុងការបណ្តុះកោសិកាស្បែកមុខ ធ្វើឲ្យផ្ទៃមុខស្រស់ថ្លា មានសំណើម តឹងណែនក្មេងជាងវ័យ។ លោកអ្នកគ្រាន់តែការធ្វើម៉ាស្សាតាមវិធីសាស្រ្តធម្មជាតិងាយៗ ដោយអាចជ្រើសរើសផ្លែចេកទុំ ល្ហុងទុំ ស៊ុត ទឹកឃ្មុំ ប្រទាល កន្ទុយក្រពើនិងទឹកដោះគោជាដើម។ - ស្រ្កាប់ស្បែកមុខ ដើម្បីឲ្យផ្ទៃមុខកាន់តែមានភាពស្រស់ថ្លា និងម៉ត់រលោង អ្នកក៏គួរតែជ្រើសរើសវិធីសាស្រ្តខាត់ស្បែកមុខបែបធម្មជាតិដែលវាមានប្រសិទ្ធភាពទៅកម្ចាត់ជាតិពុលនិងកោសិកាស្បែកចាស់ៗចោល។ អ្នកអាចប្រើប្រាស់ល្បាយស្ករស និងទឹកឃ្មុំ ដើម្បីធ្វើការស្រ្កាប់ទៅលើផ្ទៃមុខ ដោយធ្វើការញីថ្នមៗរយៈពេល ៥នាទី រួចទុកចោល ៣នាទីមុនពេលលាងទឹកសម្អាតចេញ ហើយអាចអនុវត្តបានម្តង ទៅពីរដងក្នុងមួយអាទិត្យ។ - របបអាហារត្រឹមត្រូវ អាហារ ក៏ជាផ្នែកមួយក្នុងការចូលរួមចំណែកថែរក្សាសម្រស់ផងដែរ ប្រសិនរបបអាហារនោះមានផ្ទុកនូវសារជាតិចិញ្ចឹម ឬជីវជាតិបំប៉នជាប្រូតេអុីន កាបូអុីដ្រាត វីតាមីន និងសារជាតិរ៉ែ ដែលអាចរកបាននៅក្នុងពពួកបន្លែ និងផ្លែឈើជាដើម។ លើសពីនេះ អ្នកក៏គួរទទួលទានទឹកឲ្យបានច្រើន យ៉ាងហោចណាស់ ៧ទៅ៨កែវក្នុងមួយថ្ងៃដើម្បីរក្សាសំណើមនៅលើស្បែកមុខ ដើម្បីអាចកម្ចាត់ជាតិខ្លាញ់ បណ្តេញជាតិពុលនៅក្នុងខ្លួនពិសេសជួយឲ្យស្បែកមុខមានសុខភាពល្អ។ ការថែទាំស្បែក និងផ្ទៃមុខមានសារៈសំខាន់ណាស់ក្នុងការជួយលើកកម្ពស់ទំនុកចិត្ត ធ្វើឲ្យសម្រស់កាន់តែស្អាត ក្មេងជាងវ័យ ព្រមទាំងអាចជួយការពារបញ្ហាស្បែកបានថែមទៀតផង។ ចាប់ផ្តើមថែទាំស្បែកមុខរបស់អ្នកឥឡូវនេះ ដើម្បីទទួលបានភាពស្រស់ស្អាតបានយូរអង្វែង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

សង្វារ ជាប្រភេទស្នាមដែលមាននៅលើស្បែក បង្កមកពីការរីកធំលឿនពេកនៃរាងកាយ សង្កេតឃើញមានទាំងបុរស និងស្រ្តី តែភាគច្រើនកើតលើស្រ្តី ដែលមានផ្ទៃពោះ ការប្រើប្រាស់ថ្នាំប្រភេទប្រឆាំងរលាក (Corticosteroid) ច្រើន ការវះកាត់ពង្រីកដើមទ្រូង  ស្រកទម្ងន់ ឬឡើងទម្ងន់លឿនពេកជាដើម។ បើទោះបីជា ស្នាមទាំងនេះមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពរាងកាយ ប៉ុន្តែវាក៏បានចូលរួមចំណែកធ្វើឲ្យស្បែកបាត់បង់ភាពស្រស់ស្អាត និងបង្អាក់ទំនុកចិត្តក្នុងការបង្ហាញសម្រស់របស់អ្នកទៀតផង។ យ៉ាងណាមិញ ប្រសិនបើសង្វារនោះទើបនឹងកើតថ្មីៗ អ្នកអាចព្យាយាមអនុវត្តជាមួយវិធីសាស្រ្តមួយចំនួនដែលនឹងរៀបរាប់ខាងក្រោម៖ ១ វីតាមីន អា វីតាមីន អា ឬរេទីណូអុីត ជាសារធាតុមួយប្រភេទដែលជួយធ្វើឲ្យស្បែកកាន់តែរលោង ក្មេងជាងវ័យ និងត្រូវបានទទួលស្គាល់ពីប្រសិទ្ធភាពនៃការបំបាត់ស្នាមសង្វារ បើយោងតាមរយៈការសិក្សាឆ្នាំ ១៩៩៦។ អ្នកអាចប្រើជាប្រភេទលាប ឬលេប ដើម្បីជំនួយដល់សុខភាពស្បែក និងសភាពទូទៅនៃរាងកាយទាំងមូលម៉្យាងទៀត អ្នកក៏អាចបរិភោគអាហារដែលសម្បូរទៅដោយវីតាមីន អា ដែលមានដូចជាការ៉ុត និងដំឡូងបារាំងជាដើម។ ២ ស្ករស អ្នកឯកទេសផ្នែកសើស្បែកបានបង្ហាញថា ការជម្រុះកោសិកាស្បែក (Microdermabrasion) ជាវិធីសាស្រ្តមួយប្រភេទដែលមានសមត្ថភាពក្នុងការជួយសម្រាលនូវស្លាកស្នាមសង្វារ ជាពិសេសការជម្រុះតាមបែបធម្មជាតិ ដែលអ្នកអាចជ្រើសរើសស្ករសសម្រាប់អនុវត្តវិធីសាស្រ្តនេះបាន។ អ្នកអាចចាប់ផ្តើមដោយលាយស្ករសចំនួន ១កែវ ជាមួយប្រេងធម្មជាតិបន្ទន់ស្បែក (អាចជាប្រេងដូង) ក្នុងកម្រិត ១/៤ និងក្រូចឆ្មារបន្តិចឲ្យក្លាយជាល្បាយខាប់ៗ រួចទើបយកមកដុសត្រង់ទីតាំងដែលមានស្នាមរយៈពេល ៥ ទៅ៨នាទី ដោយអ្នកអាចអនុវត្តប្រហែល ៣ ទៅ៤ដងក្នុង ១សប្តាហ៍។  ៣ ប្រទាលកន្ទុយក្រពើ ថ្វីត្បិតតែមានការសិក្សាតិចតួចដែលបានអះអាងអំពីប្រសិទ្ធភាពរបស់ប្រទាលកន្ទុយក្រពើចំពោះស្នាមសង្វារក៏ដោយ ប៉ុន្តែលក្ខណៈផ្តល់សំណើម និងបន្ទន់ស្បែករបស់វា អាចជាគ្រឿងផ្សំធម្មជាតិដ៏ល្អមួយដើម្បីកម្ចាត់ចោលស្នាមសង្វារក្នុងរយៈពេលណាមួយដោយអ្នកអាចយកប្រទាលមកលាបត្រង់ស្នាមសង្វារទាំងនោះ រាល់ពេលងូតទឹក ឬបន្ទាប់ពីជម្រុះកោសិការួចរាល់។ ៤ អាស៊ីតយ៉ាឡូរ៉ូនិច កូឡាជែន គឺជាប្រូតេអុីននៅក្នុងស្បែកដែលមាននាទីរក្សាទ្រង់ទ្រាយ និងផ្តល់សុខភាពដល់ស្បែក។ នៅពេលដែលវ័យកាន់តែចាស់ បរិមាណកូឡាជែននឹងថយចុះជាលំដាប់ ជាពិសេសនៅលើមុខ និងស្បែករាងកាយរបស់យើង។ ចំណែកការផលិតកូឡាជែន ត្រូវបានរំញោចដោយអាស៊ីតយ៉ាឡូរ៉ូនិច ហេតុនេះទើបអាស៊ីតប្រភេទនេះត្រូវបានប្រើប្រាស់សម្រាប់សម្រួលទៅដល់ស្លាកស្នាមសង្វារដែលមានឡើង។ អ្នកអាចរកទិញអាស៊ីតយ៉ាឡូរ៉ូនិចនេះបានក្រោមទម្រង់ជាគ្រាប់លេប ឬលាបនៅលើទីផ្សារបានយ៉ាងងាយ។   ៥ ប្រេងដូង ដោយហេតុថា សង្វារជាប្រភេទស្នាមដែលកើតចេញពីការខូចខាតស្បែក ហេតុនេះប្រេងដូងប្រហែលជាអាចជួយសម្រាលសភាពស្នាមបានយ៉ាងលឿន។ ការសិក្សាទៅលើសត្វកណ្តុរបានបង្ហាញថា ប្រេងដូងមានប្រសិទ្ធភាពក្នុងការពន្លឿនការជាសះនៃរបួស ដូច្នេះការលាបប្រេងដូងសុទ្ធត្រង់ស្នាមសង្វាររបស់អ្នកជារៀងរាល់ថ្ងៃ នោះវានឹងអាចបន្ថយកម្រិតស្នាមក្រហមរបស់ស្បែកបានយ៉ាងល្អ។  គួរបញ្ជាក់ថាប្រសិនអ្នកមានបញ្ហាអាល្លែកហ្ស៊ីជាមួយសារធាតុណាមួយខាងលើគួរចៀសវាងអនុវត្តជាដាច់ខាត ម៉្យាងទៀតក្នុងករណីការអនុវត្តវិធីសាស្រ្តនានាកន្លងមកមិនទទួលបានប្រសិទ្ធភាព អ្នកអាចជួបជាមួយគ្រូពេទ្យឯកទេសសើស្បែកដើម្បីទទួលការប្រឹក្សា និងព្យាបាលបែបវេជ្ជសាស្ត្រទំនើបៗដែលត្រឹមត្រូវទៅតាមប្រភេទស្នាមនីមួយៗ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ក្រចកជាផ្នែកមួយនៃសម្រស់ដែលស្ត្រីមួយចំនួនបានធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ក្រចកស្អាតរឹងមាំមិនត្រឹមតែបានបង្ហាញពីភាពស្រស់ស្អាតពីខាងក្រៅនោះទេ វាក៏អាចជាសូចនាករដែលបង្ហាញថាអ្នកមានសុខភាពល្អផងដែរ។ ផ្ទុយមកវិញ ក្រចកដែលងាយប្រេះបែក ផុយស្រួយ អាចជាសញ្ញាណនៃការខ្វះខាតសារធាតុចិញ្ចឹមចាំបាច់សម្រាប់ការលូតលាស់របស់ក្រចក ឬអាចមកពីការធ្វើសកម្មភាពខុសឆ្គងនានាដែលអ្នកមិនបានចាប់អារម្មណ៍។ ខាងក្រោមនេះគឺជាគន្លឹះទាំង ១២ដែលអ្នកអាចអនុវត្ត និងចៀសវាងដើម្បីជួយពង្រឹងក្រចករបស់អ្នកឲ្យបានលឿន៖ ១. ប្រើសារធាតុបំប៉នមានជាតិ ប៊ីយ៉ូទីន (Biotin) ប៊ីយ៉ូទីនត្រូវបានគេស្គាល់ផងដែរថាជាវីតាមីន H និងវីតាមីន B-៧ ដែលមាននាទីជួយដល់ការលូតលាស់របស់ក្រចក ស្បែក សក់ និងមុខងាររបស់ប្រព័ន្ធប្រសាទ។ វាមានលក្ខណៈរលាយក្នុងទឹក ហេតុនេះវាមិនត្រូវបានរក្សាទុកក្នុងរាងកាយនោះទេ ដូច្នេះអ្នកត្រូវប្រាកដថាអ្នកបានទទួលទានវាជារៀងរាល់ថ្ងៃ។ សារធាតុនេះត្រូវបានរកឃើញក្នុងប្រភេទអាហារដូចជាត្រីសាឌីន ស៊ុតឆ្អិន និងបន្លែ ឬអ្នកអាចទទួលទានវីតាមីនB និងអាហារបំប៉នតែម្តង។ សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកមុននឹងទទួលបានអាហារបំប៉នប៊ីយ៉ូទីនដើម្បីធានាថាវាមានសុវត្ថិភាពសម្រាប់អ្នក។ ២. រក្សាសំណើម ការទទួលទានទឹកគ្រប់គ្រាន់មានសារសំខាន់សម្រាប់សុខភាពទាំងមូល ព្រមទាំងសុខភាពក្រចកផងដែរ។ ករណីមិនទទួលទានទឹកគ្រប់គ្រាន់ នោះក្រចកអាចក្លាយទៅជាផុយ ប្រេះ និងរបក។ សូមទទួលទានទឹកឲ្យបានគ្រប់គ្រាន់ដើម្បីអាចជួយក្រចកអ្នកអាចរក្សាបាននូវសំណើម និងភាពរឹងមាំ។ ៣. ប្រើឡេការពារក្រចក បន្ទាប់ពីជូតសម្អាតថ្នាំលាបក្រចក ឬនៅពេលដែលអ្នកគិតថាអ្នកមិនបានផ្តល់សំណើមគ្រប់គ្រាន់អ្នកអាចប្រើប្រាស់ក្រែមលាបប្រអប់ដៃ ដើម្បីផ្តល់សំណើមដល់ស្បែក និងក្រចកអ្នកដោយផ្ទាល់។ អ្នកអាចអនុវត្តវិធីសាស្ត្រនេះបានគ្រប់ពេលលាងសម្អាតដៃរួចរាល់។ ៤. យកចិត្តទុកដាក់ចំពោះរបបអាហាររបស់អ្នក ត្រូវប្រាកដថាអ្នកទទួលទានប្រភេទអាហារដែលផ្តល់សុខភាពល្អ ចម្រុះ និងប្រភេទវីតាមីនចម្រុះដែលមានជាតិរ៉ែមួយចំនួនបន្ថែមទៀត។ អ្នកដឹងទេអាហារដែលខ្វះវីតាមីន និងសារធាតុរ៉ែសំខាន់ៗអាចប៉ះពាល់ដល់រាងកាយទាំងមូលរបស់អ្នក រួមទាំងក្រចករបស់អ្នកផងដែរ។ ៥. ចូរប្រយ័ត្នចំពោះផលិតផលដែលអ្នកប្រើ ការលាបក្រចក ឬការព្យាបាលភាគច្រើនមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ដែលអាចធ្វើឲ្យក្រចកទន់ និងងាយខូច។ ទឹកលាងក្រចកដែលមានផ្ទុកសារធាតុអាសេតូនគួរតែត្រូវបានចៀសវាងព្រោះវាអាចធ្វើឲ្យខូចក្រចក។ ដូច្នេះគួរស្វែងរកប្រភេទថ្នាំលាបក្រចក និងទឹកលាងក្រចកណាដែលមិនផ្ទុកសារធាតុអាសេតូន និងសារធាតុដែលប៉ះពាល់ដល់ក្រចក។ ៦. ប្រើប្រាស់ផលិតផលលាងសម្អាតដោយប្រុងប្រយ័ត្ន រាល់ពេលដែលអ្នកជូតផ្ទះ និងធ្វើកិច្ចការផ្ទះ គួរប្រើប្រាស់ស្រោមដៃជ័រ ដើម្បីចៀសវាងការប៉ះផ្ទាល់ជាមួយសារធាតុកាត់ទាំងនោះ ដែលជាហេតុបណ្តាលឲ្យក្រចកពុកផុយ និងស្បែកជុំវិញក្រចកមានបញ្ហា។ ៧. សម្រាកពីការលាបថ្នាំក្រចក ថ្វីបើការលាបថ្នាំក្រចក អាចឲ្យក្រចកអ្នកមើលទៅឃើញស្អាតក៏ដោយ តែក្រចករបស់អ្នកក៏ត្រូវការដកដង្ហើមដែរ។ កាលណាអ្នកលាបវាជាប់ជាប្រចាំ ទោះថ្នាំក្រចកល្អយ៉ាងណា ក៏នៅតែអាចបណ្តាលឲ្យក្រចកអ្នកពុកផុយដែរ។ បន្ទាប់ពីលាបថ្នាំក្រចកជាប់ ១សប្តាហ៍ អ្នកគួរលាងជម្រះវាជាមួយទឹកលាងក្រចកដែលមិនមានផ្ទុកសារធាតុអាសេតូន និងទុកឲ្យក្រចកអ្នកសម្រាកបាន ១សប្តាហ៍សិន មុនលាបថ្នាំក្រចកថ្មី។ ៨. ចៀសវាងការចាក់ជែល និងចាក់ Acrylic ប្រសិនបើអាច ការប្រើប្រាស់វិធីសាស្ត្រទាំងពីរនេះញឹកញាប់អាចបណ្តាលឲ្យក្រចករបស់អ្នករបក ស្តើង ទន់ និងខ្សោយ។ ម្យ៉ាងការប៉ះទៅនឹងកាំរស្មីយូវីចំពោះវិធីចាក់ជែលអាចមានទំនាក់ទំនងទៅនឹងការកើតជំងឺមហារីក បើទោះបីជាកម្រិតនៃកាំរស្មីនេះទាបជាងកាំរស្មីដែលមកពីឧបករណ៍បញ្ចាំងយូវីឲ្យស្បែកពណ៌ទង់ដែងក៏ដោយ ហើយកាំរស្មីនេះអាចបណ្តាលឲ្យស្បែកដែលនៅការពារក្រចកខូចខាតទៀតផង។  ហេតុនេះអ្នកមិនគួរពាក់ជែល និងAcrylic ជាប់រាល់ថ្ងៃ ឬញឹកញាប់ពេកនោះឡើយ។ ៩. កុំទុកក្រចកវែងពេក ក្រចកវែងអាចងាយបែកបាក់ និងងាយប៉ះជាមួយវត្ថុផ្សេងទៀតណាស់ខណៈពេលដែលក្រចកខ្លីមិនងាយទទួលភាពប៉ះទង្គិច មិនងាយរហែក ឬបែកបាក់ដោយសារវត្ថុខាងក្រៅឡើយ ហេតុនេះក្រចកខ្លីល្មមអាចឲ្យវាលូតលាស់បានរឹងមាំល្អជាងក្រចកវែង។ ១០. ចៀសវាងប្រើក្រចកធ្វើការងារ តើអ្នកជាមនុស្សដែលមានទម្លាប់យកក្រចកដៃឆ្កឹះ ឬគាស់របស់អ្វីមួយមែនទេ? ចូរបញ្ឈប់ការធ្វើបែបនេះចាប់ពីពេលនេះ ប្រសិនបើអ្នកចង់បានក្រចករឹងមាំ! ដោយហេតុថា ប្រសិនបើអ្នកនៅតែបន្តធ្វើបែបនេះ ក្រចកអ្នកនឹងប្រេះ រេចរឹល និងទន់។ ១១. ចៀសវាងផលិតផលធ្វើឲ្យស្ងួតក្រចក ប្រសិនបើអ្នកប្រើទឹកសម្អាតដៃដែលមានជាតិអាល់កុល សូមព្យាយាមកុំឲ្យវាប៉ះក្រចករបស់អ្នក ឬប៉ះច្រើនដងពេក។  ការប្រើទឹកសម្អាតដៃជាប្រចាំអាចបង្កជាបញ្ហាចំពោះក្រចក ដោយសារតែវាបណ្តាលឲ្យក្រចកស្ងួត និងងាយប្រេះ។ ១២. បន្ថយការប៉ះទឹកដោយផ្ទាល់ ការប៉ះទឹកច្រើនពេកអាចធ្វើឲ្យក្រចករបស់អ្នកទន់ខ្សោយ និងផុយដូចគ្នា។ អ្នកអាចពាក់ស្រោមដៃរាល់ពេលលាងចាន បោកសម្លៀកបំពាក់ជាដើម។ ប្រសិនបើអ្នកបានព្យាយាមធ្វើរឿងជាច្រើនអស់រយៈពេលច្រើនសប្តាហ៍ ប៉ុន្តែមិនបានកត់សម្គាល់ឃើញការផ្លាស់ប្តូរណាមួយនោះទេ សូមអ្នកអញ្ជើញទៅជួបគ្រូពេទ្យជំនាញខាងស្បែក។ ពួកគាត់អាចមើលអំពីស្ថានភាពក្រចករបស់អ្នក ហើយសាកសួរអ្នកអំពីទម្លាប់ និងសុខភាពទូទៅដើម្បីកំណត់ច្បាស់អំពីមូលហេតុពិតប្រាកដ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

បុរសស្រ្ដីភាគច្រើននាពេលបច្ចុប្បន្ន ស្រឡាញ់ការសាក់រូបផ្សេងៗនៅបរិវេណស្បែក ដែលខ្លួនចង់បានដូចជា រូបមេអំបៅ រូបបេះដូង ឬរូបនិមិត្ដសញ្ញាពិសេសផ្សេងៗ ដើម្បីឲ្យមើលទៅមានភាពទាក់ទាញ ។ ប៉ុន្ដែពេលខ្លះ កាលៈទេសៈតម្រូវឲ្យបុរសស្រ្ដី ត្រូវសម្រេចចិត្ដលុបនូវស្នាមសាក់ទាំងនោះចេញដូចជា លុបសាក់មុនពេលធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដើម្បីឲ្យស្របទៅនឹងវប្បធម៌ប្រទេសដទៃ ឬលុបស្នាមសាក់មុនពិធីមង្គលការជាដើម ។ ក្ដីបារម្ភក្នុងការលុបស្នាមសាក់ទាំងនោះ នឹងត្រូវបញ្ចប់ ដោយគ្រាន់តែលោកអ្នកអញ្ជើញមកទទួលការលុប និងព្យាបាលនៅគ្លីនិកកែសម្ផស្សហ្វេសឡាញ ។ ហ្វេសឡាញ បាននាំមកនូវម៉ាស៊ីនឡាស៊ែលុបស្នាមសាក់ PicosSure ទំនើបទាន់សម័យ ដែលអាចលុបបំបាត់ស្នាមសាក់បានយ៉ាងងាយមិនបន្សល់ស្លាកស្នាម ដោយមានការឈឺចាប់ និងស្នាមក្រហមតិចតួច ។ ការលុបស្នាមសាក់ តែងមានគុណសម្បត្ដិ និងគុណវិបត្ដិ ប៉ុន្ដែហ្វេសឡាញ មាននូវអ្នកជំនាញ ដែលជួយលោក អ្នក ក្នុងការកាត់បន្ថយបញ្ហាស្បែកឱ្យនៅតិចតួចបំផុត ។ អ្នកជំនាញរបស់ហ្វេសឡាញ សូមធ្វើការចែករំលែកចំណេះដឹងស្ដីពីតំហែទាំស្បែក ក្រោយការលុបសាក់ដូចខាងក្រោមនេះ ៖ គុណសម្បត្តិ ៖ លុបរូបសាក់ ដែលលោកអ្នកមិនពេញចិត្តបានសម្រេចប្រកបដោយប្រសិទ្ធភាពខ្ពស់ បញ្ហាប្រឈម ៖ ផ្លែ ស្នាម ឈឺ  តម្រូវការក្នុងការលុប ៖ អ្នកជំនាញត្រូវការប្រើពេលក្នុងការលុប អាស្រ័យទៅលើរយៈពេលនៃការសាក់លើស្បែក និងទឹកថ្នាំ ដែលបានសាក់។ ហើយអ្នកជំនាញ នឹងប្រើផលិតផលបំបាត់រលាក លាបទៅលើស្បែករបស់អ្នកជំងឺ ។  ភាពពិសេសរបស់ម៉ាស៊ីន ៖ ម៉ាស៊ីនឡាស៊ែរ Picosure មានប្រសិទ្ធភាពខ្ពស់ក្នុងការលុបស្នាមសាក់ ដែលមិនបង្កឲ្យមានស្លាកស្នាមនោះទេ ។ អ្នកជំនាញនឹងដាក់ថ្នាំស្ពឹក ប្រើម៉ាស៊ីនខ្យល់ត្រជាក់ ដើម្បីជួយកាត់បន្ថយការឈឺចាប់ ព្រមទាំងធ្វើការតាមដាន និងផ្ដល់តំហែទាំក្រោយការព្យាបាល។ តំហែទាំក្រោយការបាញ់ឡាស៊ែបំបាត់ស្នាមសាក់ និងការរំពឹងទុកដែលអាចកើតមាន ៖  Ø ភាពតានតឹង មានអារម្មណ៍ក្តៅ ក្រហាយស្បែក ដែលកើតមានឡើងប្រហែលមួយម៉ោង Ø ការហើម និងក្រហមលើស្បែកតិចៗ Ø ស្បែកអាចស្រអាប់ប្រហែល ៣ ទៅ ១០ ថ្ងៃក្រោយការព្យាបាល ប៉ុន្ដែវានឹងបាត់ទៅវិញដោយខ្លួនឯង ប្រការគួរចៀសវាង ៖ Ø មិនត្រូវនៅក្រោមពន្លឺថ្ងៃ ក្នុងករណីមិនអាចចៀសបានត្រូវពាក់មួក ឬអាវក្រៅ ប្រការដែលត្រូវធ្វើ ៖  Ø សម្អាតកន្លែងព្យាបាលដោយសាប៊ូ ដែលគ្មានជាតិកាត់ Ø កុំត្រដុស ឬកេះខ្វាច ឬកោរ ប្រសិនបើមានក្រម៉ Ø លាបក្រែមផ្តល់សំណើម Bioplacenton សម្រាប់ស្បែកប្រតិកម្ម បើចាំបាច់ Ø ប្រសិនបើមានរមាស់សូមលាប Triderm Len’oil Ø កុំត្រាំទឹកត្រង់កន្លែងដែលព្យាបាល ។ លោកអ្នកអាចស្វែងរកសេវាលុបសាក់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយម៉ាស៊ីនឡាស៊ែរ Picosure នៅ គ្លីនិកហ្វេសឡាញ ដែលមាន -អាសយដ្ឋាន ៖ ផ្ទះលេខ ១៧០ ផ្លូវ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ -ទូរសព្ទលេខ ៖ 015 234 589(Eng) /086 683 234(Kh) -អ៊ីម៉ែល ៖ sales@facelinecambodia.com ៕

ចែករំលែក

សម្រស់លើផ្ទៃមុខ គឺជាកត្ដាដ៏សំខាន់សម្រាប់បុរសស្រ្ដី ដូច្នេះ យើងត្រូវរិះរកវិធីសាស្រ្ដព្យាបាលមួយដែលមានប្រសិទ្ធភាព ដើម្បីជួយឲ្យមុខរបស់យើងស្អាតស្រស់ថ្លា និងក្មេងជាងវ័យ ។ ការមានផ្ទៃមុខស្រស់ស្អាត នាំឲ្យយើងមានទំនុកចិត្ដក្នុងការទំនាក់ទំនង មានអារម្មណ៍ស្រស់ស្រាយ និងទទួលបានភាពទាក់ទាញក្នុងក្រសែភ្នែករបស់មនុស្ស នៅពេលយើងចូលរួមកម្មវិធីពិសេសៗ ឬទៅណាមកណាម្ដងៗ ហើយភាពស្រស់ស្អាតនេះ ក៏ធ្វើឲ្យជីវិតរបស់យើងមានសុភមង្គលផងដែរ ។ ការទទួលការថែទាំ និងការព្យាបាលពុំត្រឹមត្រូវស្របតាមមាត្រដ្ឋាន មិនត្រឹមតែធ្វើឲ្យលោកអ្នក ខាតថវិកា និងពេលវេលាប៉ុណ្ណោះទេ វាថែមទាំងនាំឲ្យលោកអ្នក មានបញ្ហាស្បែកមុខ មុខឡើងមុន ស្បែកមុខយារធ្លាក់ មុខស្ងួតជ្រុល ឬឡើងខ្លាំញ់ជ្រុលទៀតផង។ លោកអ្នកគួរតែស្វែងយល់ពីការថែទាំ និងព្យាបាលស្បែកមុខស្របតាមបច្ចេកទេសព្យាបាល ដោយមានការប្រើប្រាស់ម៉ាស៊ីន និងផលិតផលបូកបញ្ជូលគ្នា ដើម្បីជួយឲ្យស្បែកមុខរបស់លោកអ្នកភ្លឺថ្លាក្មេងជាងវ័យ តាមរយៈការទទួលការថែទាំយ៉ាងល្អ និងត្រឹមត្រូវទៅលើការបំបាត់មុន បំបាត់ស្នាម ជម្រុះកោសិកាចាស់ៗ ដែលធ្វើឲ្យស្បែកមុខភ្លឺថ្លា បន្តឹងស្បែកមុខឲ្យតឹងណែន បំបាត់ភាពជ្រីវជ្រូញ និងជួយឲ្យសម្រស់ស្រស់ស្អាតក្មេងជាងវ័យ។ គ្លីនិកហ្វេសឡាញ ផ្តល់ជូនការថែទាំស្បែកមុខស្របតាមបច្ចេកវិទ្យាទាន់សម័យ ដែលលោកអ្នកអាចជឿទុកចិត្ដបាន ។ លោកអ្នកអាចទទួលការព្យាបាលស្បែកដោយម៉ាស៊ីនទំនើបទាន់សម័យដូចជា Micro-peeling, Micro-needling, Oxygen Cleanse, Aqua Peel, Oxyjet & ATP, Maintaining facial ។ ភាពពិសេសរបស់គ្លីនិកហ្វេសឡាញ គឺតែងតែផ្តល់ការប្រឹក្សាជាមួយអ្នកជំនាញ និងអ្នកឯកទេសថែរក្សាសម្រស់ជាមុនសិន មុននឹងណែនាំអតិថិជនឲ្យប្រើប្រាស់សេវាកម្មណាមួយ ។ លោកអ្នកអាចអញ្ជើញមក និងទំនាក់ទំនង គ្លីនិកហ្វេសឡាញ តាមរយៈ -អាសយដ្ឋាន ៖ ផ្ទះលេខ ១៧០ ផ្លូវ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ -ទូរស័ព្ទលេខ ៖ 015 234 589(Eng) /086 683 234(Kh) -អ៊ីម៉ែល ៖ sales@facelinecambodia.com ៕

ចែករំលែក

ស្លាកស្នាមមុនជាផលវិបាកមួយដែលគួរឲ្យរំខានបន្ទាប់ពីបញ្ហាមុនបានកើតឡើងរួចរាល់ មិនត្រឹមតែផ្តល់ផលរំខានទៅលើផ្នែកសម្រស់ខាងក្រៅប៉ុណ្ណោះទេ វាក៏អាចបង្កជាបញ្ហាផ្លូវចិត្តថែមទៀតផង។ ដូច្នេះបើអ្នកចង់ដឹងអំពីវិធីសាស្ត្របំបាត់ស្លាកស្នាមនេះ សូមស្វែងយល់លម្អិតពីអាថ៌កំបាំងនៃដំណោះស្រាយទាំងនេះជាមួយវេជ្ជបណ្ឌិតឯកទេសស្បែកខាងក្រោម។ ប្រភេទនៃស្នាមមុន ស្លាកស្នាមមុនមានលក្ខណៈខុសៗគ្នាអាស្រ័យទៅតាមប្រភេទមុនដែលបានកើតឡើងលើមុខរបស់បុគ្គលម្នាក់ៗ ដែលមានច្រើនប្រភេទដូចជាពណ៌ក្រហម ពណ៌ក្រម៉ៅ ពណ៌ស បើសិនក្នុងអំឡុងពេលព្យាបាលតាមបច្ចេកទេសត្រឹមត្រូវ លក្ខណៈស្នាមទាំងនេះអាចជាសះស្បើយដោយខ្លួនឯងបានគ្រាន់តែចំណាយពេលយូរបន្តិច ចំណែកមុនដែលបណ្តាលមកពីមុនដែលមានការរលាក ការកខ្ទុះ អាប់សែ ឬគីសក្រោយជាសះស្បើយនឹងផ្តល់ជាស្លាកស្នាមដែលមិនអាចជាសះដោយខ្លួនឯង មានជាស្នាមពកផ្លែ និងខូងរូង ដែលជាទូទៅត្រូវចែកចេញជា២ប្រភេទធំៗគឺ Hypertrophic Acne Scar ឬ Keloid និង Atrophic ឬ Depressed Acne Scar ។ Hypertrophic Acne Scar ឬ Keloid ជាប្រភេទស្លាកស្នាមដែលជាដុំពកនៃជាលិកា ដោយសាររាងកាយផលិតកូឡាជែនច្រើនពេក ឬអាចហៅម៉្យាងទៀតថា ស្នាមផ្លែ  Atrophic or Depressed Acne Scar ជាប្រភេទស្លាកស្នាមខូងផតចូលក្នុងស្បែកដោយសារមានការបាត់បង់កូឡាជែន ដែលវាត្រូវបានចែកជា ៣ទម្រង់រួមមាន៖  • Ice Pick Scars ជាទម្រង់ស្លាកស្នាមតូច ជ្រៅអាចស៊ីចូលដល់ស្រទាប់ទី ២នៃស្បែក សភាពស្បែកមើលទៅហាក់ដូចជាត្រូវបានរបស់មុតស្រួចចាក់ចូលទៅជ្រៅ រូបរាងនៃស្នាមនេះអាចប្រៀបបានដូចជាអក្សរ V។  • Boxcar Scars មានរាងមូល ឬរាងក្រពើ ផត ខូងចុះក្រោមក្នុងជម្រៅមធ្យម រាក់ជាង Ice Pick Scars តែមានទំហំធំជាង Ice Pick Scars រូបរាងនៃស្នាមនេះអាចប្រៀបបានដូចជាអក្សរ U ប្រហាក់ប្រហែលនឹងស្លាកស្នាមក្រោយកើតអ៊ុតស្វាយ។  • Rolling Scars មានសភាពដូចទឹករលក មិនស្មើសាច់ មានទំហំតូចជាង ២មីលីម៉ែត្រ និងមានជម្រៅរាក់ស្រដៀង Boxcar Scars។ ប្រភេទបច្ចេកទេសបំបាត់ស្នាម រហូតដល់ពេលបច្ចុប្បន្នមានវិធីសាស្ត្រជាច្រើនដែលត្រូវបានយកមកព្យាបាលបំបាត់ស្លាកស្នាមស្របតាមប្រភេទនីមួយៗ៖  • Hypertrophic Acne Scar៖ តម្រូវឲ្យប្រើប្រាស់វិធីសាស្ត្រ ២រួមបញ្ចូលគ្នារវាងការប្រើសារធាតុរាវនីត្រូជែន (Nitrogen) និងការចាក់ថ្នាំ ទ្រីយ៉ាមស៊ីណូឡូន (Triamcinolone) ទៅលើស្នាមផ្លែ ឬការចាក់ថ្នាំ Triamcinolone និងបិតជែលស៊ីលីកូន (Silicone) ឬការចាក់ថ្នាំ Triamcinolone និងការបញ្ចាំងកាំរស្មីឡេសឺរៀងរាល់បួនសប្តាហ៍ម្តង ឬការរួមគ្នានៃការបញ្ចាំងកាំរស្មីឡេសឺប្រភេទ Vascular Specific Laser និងការបិតជែល ស៊ីលីកូន។ ក្រៅពីនេះ គេអាចធ្វើការវះកាត់ស្នាមផ្លែនេះតែម្តង រួចទើបធ្វើការចាក់ថ្នាំ Triamcinolone បន្ត។  • Atrophic Acne Scar៖ គ្រូពេទ្យអាចប្រើប្រាស់វិធីសាស្ត្រជួសជុលដោយសារធាតុគីមី ដូចជាលាបអាស៊ីត Trichloroacetic កំហាប់ ៦៥ ទៅ១០០% (TCA CROSS) ឬប្រើប្រាស់វិធីសាស្ត្រចាក់ម្ជុលក្រោមស្លាកស្នាម (Subcision) បូករួមជាមួយការបញ្ចាំងកាំរស្មីឡេសឺទៅលើស្នាមខូងដើម្បីភ្ញោចការផលិតកូឡាជែនឡើងវិញ ទៅតាមប្រភេទស្នាម៖ Ice Pick Scars៖ ត្រូវប្រើប្រាស់វិធីសាស្រ្ត TCA CROSS Technique ដោយលាបអាស៊ីត Trichloroacetic កំហាប់ ៦៥ ទៅ១០០% ចូលក្នុងស្នាមជ្រៅនោះ ឬអាចប្រើប្រាស់វិធីសាស្ត្រ PunchExcision។ Boxcar Scars៖ ប្រើប្រាស់វិធីសាស្ត្រ CROSS Technique ដោយលាប Trichloroacetic Acid លើស្នាមតូចៗ បូកជាមួយការប្រើឡេសឺប្រភេទ Ablative Laser Resurfacing, fractional laser, dermal fillers ឬRadiofrequency ។ Rolling Scars៖ អាចប្រើប្រាស់វិធីសាស្ត្រ ដោយម្ជុលកាត់ផ្តាច់កូឡាជែនឲ្យបង្កើតបំពេញជំនួសនូវកូឡាជែនថ្មីឡើងវិញ (Subcision) ឬ Dermal fillers ជាការចាក់បំពេញនូវ Hyaluronic ភ្លាមលើស្នាមខូងផត ជួនប្រើ Radiofrequency (RF), Fractional Laser ។ បុគ្គលដែលគួរទទួលយកការព្យាបាល ប្រសិនអ្នកធ្លាប់កើតមុនរលាក មុនខ្ទុះ មុនពកធំៗ ដែលបណ្តាលឲ្យមានស្លាកស្នាមប្រភេទខូងខ្លាំង ឬស្នាមផ្លែ ព្រមទាំងត្រូវប្រាកដថាបញ្ឈប់ការប្រើប្រាស់ថ្នាំប្រភេទ Isotretinoin ដែលជាថ្នាំបំបាត់មុនក្នុងរយៈពេល ៦ខែមិនមែនជាស្រ្តីមានផ្ទៃពោះ និងមិនមានប្រវត្តិកើតជំងឺរើម។ គុណសម្បត្តិ និងគុណវិបត្តិនៃការបំបាត់ស្នាម ក្រោយទទួលបានការព្យាបាល ស្បែកមុខរបស់អ្នកនឹងត្រឡប់មកសភាពស្មើស្រស់ស្អាត ម៉ត់ រលោងដូចធម្មតាវិញ ថែមទាំងបង្កើននូវទំនុកចិត្តលើខ្លួនឯងភាពសប្បាយចិត្តដែលជាលទ្ធផលអ្នកអាចកម្ចាត់បាននូវភាពតានតឹងដែលធ្លាប់កើតឡើង។ ការព្យាបាលនេះមិនបានបង្កជាផលវិបាកធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ឡើយបើក្នុងករណីទទួលបានការព្យាបាលតាមក្បួនបច្ចេកទេសត្រឹមត្រូវ គ្រាន់តែផ្តល់ផលរំខានដូចជា អាចធ្វើឲ្យក្រហមស្បែក ជួនស្នាមស និងឈឺចាប់បន្តិចបន្តួច ប៉ុន្តែវានឹងបាត់ទៅវិញក្នុងរយៈពេលកំណត់មួយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនទទួលបានការព្យាបាលត្រឹមត្រូវទេនោះ ការប្រឈមនឹងការឆ្លងរោគ (Infection) និងភាពធ្ងន់ធ្ងរនៃស្លាកស្នាមនឹងអាចកើតមានឡើងផងដែរ។ គួរចងចាំថា ជំងឺមុនមិនមែនជាជំងឺដែលត្រូវព្យាបាលដោយខ្លួនឯងនោះទេអ្នកត្រូវមកទទួលការពិនិត្យ និងព្យាបាលដោយវេជ្ជបណ្ឌិតជំនាញសើស្បែកព្រោះថាបើការព្យាបាលមិនបានត្រឹមត្រូវ និងទាន់ពេលវេលា នឹងនាំមកនូវស្លាកស្នាមដែលពិបាកព្យាបាលជាពិសេស អ្នកដែលមានបញ្ហាស្លាកស្នាមខូង និងផ្លែដាច់ខាតត្រូវតែមកទទួលការព្យាបាលជាមួយគ្រូពេទ្យជំនាញ និងទីកន្លែងព្យាបាលដែលមានឧបករណ៍ទំនើបៗគ្រប់គ្រាន់ក្នុងការព្យាបាលក្នុងន័យដើម្បីចំណេញទាំងថវិកា ពេលវេលា ព្រមទាំងទទួលបាននូវសុវត្ថិភាពនិងប្រសិទ្ធភាពផងដែរ។ “ព្យាបាលកាន់តែឆាប់ កាន់តែមានប្រសើរ” បកស្រាយដោយ៖ វេជ្ជបណ្ឌិត ដេង អង្គាបុស្ស ឯកទេសជំងឺសើស្បែក កាមរោគ និងឡេសឺនាយរងផ្នែកជំងឺសើស្បែក និងកាមរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក
Top