Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជាទូទៅ អ្នកជំងឺទឹកនោមផ្អែម តែងមានផលប៉ះពាល់ស្ទើរតែគ្រប់ផ្នែកនៃសារពាង្គកាយ រួមទាំងស្បែកផងដែរ។ យ៉ាងហោចណាស់១ភាគ៣នៃអ្នកជំងឺ មានបញ្ហាស្បែកស្ងួត ដែលមានន័យថាស្បែកងាយនឹងមានរបួស ឬឆាប់ឆ្លងរោគ និងមិនងាយជាសះស្បើយ។ ដូចនេះ គោលការណ៍នៃការណែនាំខ្លីៗខាងក្រោមអាចនឹងកាត់បន្ថយបញ្ហាស្បែកខាងលើ ព្រមទាំងជួយថែរក្សាស្បែកឲ្យមានសុខភាពល្អ៖ •គ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់អ្នកឲ្យបានល្អដោយសារ អ្នកជំងឺដែលមានកម្រិតជាតិស្ករក្នុងឈាមកើនឡើង មានទំនោរធ្វើឲ្យស្បែកស្ងួតជាងធម្មតា និងមានសមត្ថភាពតិចក្នុងការបង្ក្រាបបាក់តេរីបង្ករោគលើស្បែក។ លក្ខខណ្ឌទាំងពីរនេះបង្កើនហានិភ័យនៃការបង្ករោគជាពិសេសនៅលើស្បែក។ •នៅពេលអាកាសធាតុត្រជាក់ ត្រូវរក្សាសំណើមក្នុងផ្ទះអ្នកបន្ថែម និងកាត់បន្ថយការងូតទឹកបើអាច។ ការពារស្បែករបស់អ្នកពីអាកាសធាតុត្រជាក់ ឬខ្យល់ ដោយប្រើកន្សែងគ្រប ឬបិតត្រចៀក មុខ រួមទាំងច្រមុះ ពាក់មួកជាប្រចាំ ពាក់ស្រោមដៃ ស្រោមជើង និងស្បែកជើង ឬស្បែកជើងកវែង ជាការប្រសើរ។ •រក្សាឲ្យស្បែកអ្នកស្អាតជានិច្ច ប្រសិនអ្នកមានអារម្មណ៍ថាស្បែកស្ងួត សូមកុំជូតវាបន្ថែមទៀត ប៉ុន្តែគួរលាបផលិតផលផ្តល់សំណើមជំនួសវិញ។ ម៉្យាងទៀត អ្នកត្រូវកំណត់ចំនួនផលិតផលដែលអ្នកប្រើលើស្បែក ដើម្បីបន្ថយឱកាសក្នុងការមាន ប្រតិកម្ម។ •គួរងូតទឹកក្តៅឧណ្ហៗ (មិនមែនទឹកក្តៅខ្លាំងទេ) និងប្រើសាប៊ូដុសខ្លួនប្រភេទស្រាល ដែលមានប្រសិទ្ធភាពអាចផ្តល់សំណើមបាន និងចៀសវាងកុំងូតទឹកយូរពេក។ បន្ទាប់មកប្រើឡូសិន លាបលើស្បែក ប៉ុន្តែកុំប្រើវាលើម្រាមជើងរបស់អ្នក ដោយសារការផ្តល់សំណើមច្រើនពេកនៅទីតាំងនោះអាចបង្កើនការលូតលាស់នៃផ្សិតបាន។ •ព្យាបាលការមុត ឬរបួសតូចៗលើស្បែក ដោយសម្អាតមុខរបួសជាមួយសាប៊ូដុំ និងទឹក។ ម៉្យាង អ្នកអាចប្រើត្រឹមក្រែម ឬក្រមួនសម្លាប់បាក់តេរី ប្រសិនមានការណែនាំពីគ្រូពេទ្យថាប្រើបាន និងរុំជាមួយបង់ស្តេរីល។ ជួបពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗប្រសិនបើអ្នកមានការមុត រលាក ឬមានការបង្ករោគកម្រិតធ្ងន់។ •បន្ទាប់ពីលាង និងសម្ងួតដៃរបស់អ្នករួច គួរប្រើឡូសិនកម្រិតស្រាល ដើម្បីការពារស្បែក​ស្ងួត។ ដូចនេះ អ្នកត្រូវដាក់ឡូសិនលាបដៃនៅក្បែរកន្លែងលាងដៃរបស់អ្នក ដែលអាចប្រើវាលាបលើដៃភ្លាមៗ បន្ទាប់ពីលាងដៃរួច។ •ត្រូវបង្កើនការថែរក្សាប្រអប់ជើងរបស់អ្នកដោយពិនិត្យជាប្រចាំ ខ្លាចក្រែងមានឈឺចាប់ ឬមានរបួសស្នាម។ ពាក់ស្បែកជើងទូលាយៗ ឬស្បែកជើងផ្ទាត់ដែលល្មមនឹងជើងបានល្អ និងត្រូវពិនិត្យស្បែកជើងមុននឹងពាក់។ •ប្រសិនបើស្បែកអ្នកមានមុន អ្នកគួរពិភាក្សាជាមួយអ្នកជំនាញសើស្បែក មុននឹងជ្រើសរើសផលិតផលផ្តល់សំណើមលើមុខព្រោះផលិតផលខ្លះអាចបង្កជាមុន ឬធ្វើឲ្យវាកាន់តែធ្ងន់ធ្ងរ។ •គួរប្រើក្រែម ឬក្រមួនរលោង ដើម្បីការពារការរបកស្បែកបបូរមាត់។ •គួរប្រើសាប៊ូកក់សក់ ដែលមានកម្រិតស្រាលដូចជាប្រភេទសាប៊ូសម្រាប់កូនក្មេងជាដើម។ •ហាមប្រើទឹកអនាម័យស្ត្រីប្រភេទជាស្ព្រៃយន៍។ •ជ្រើសរើសផលិតផលថែស្បែកដែលមាន​បញ្ជាក់ថា «noncomedoge​nic» ឬ «nonacnegenic»។ •ប្រឹក្សាជាមួយគ្រូពេទ្យឯកទេស ឬអ្នកជំនាញសើស្បែក ប្រសិនបើអ្នកមិនអាចដោះស្រាយ​បញ្ហាស្បែករបស់អ្នកបាន។ រក្សានូវការអនុវត្តល្អខាងលើនៅថ្ងៃនេះ ដើម្បី បញ្ចៀសនូវហានិភ័យលើស្បែកទៅថ្ងៃក្រោយ… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អ្នកដឹងទេថាស្បែកស្តើងមិនមែនត្រឹមតែបណ្តាលមកពីការវិវឌ្ឍនៃអាយុប៉ុណ្ណោះទេ វាអាចកើតឡើងនៅពេលកម្រិតកូឡាជែនក្នុងស្បែកថយចុះហើយភាពរលាស់នៃស្បែក ក៏ត្រូវបានបាត់បង់បន្តិចម្តងៗ។  អ្វីដែលគួរឲ្យបារម្ភចំពោះអ្នកមានស្បែកមុខស្តើង គឺការងាយប្រឈមនឹងបញ្ហាស្បែក និងងាយមានប្រតិកម្មលើស្បែកជាមួយនឹងផលិតផលមួយចំនួន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្នកនៅតែអាចកាត់បន្ថយវាបានតាមរយៈ៖ -ការផ្តល់សំណើមជាប្រចាំ៖ ដើម្បីទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត អ្នកចាំបាច់ត្រូវប្រើផលិតផលផ្តល់សំណើម ដែលមានសារធាតុផ្សំយ៉ាងហោចណាស់ក៏ពពួកវីតាមីន C វីតាមីនA ឬវីតាមីនE និងពពួកបេតាការ៉ូតែនដែរ។  ផលិតផលផ្តល់សំណើមមានផ្ទុករ៉េទីន A (អាស៊ីតបានពីវីតាមីន A) អាចត្រូវបានប្រើលើស្បែកពិសេសអ្នកមានស្បែកស្តើង ដើម្បីលើកកម្ពស់គុណភាពកោសិកាស្បែក ដែលវាច្រើនសម្បូរនៅក្នុងផលិតផលផ្តល់សំណើម ប្រភេទជាសេរ៉ូម ឬក្រែម។ -ការការពារកម្តៅថ្ងៃជាប្រចាំ៖ លោកអ្នកចាំបាច់ត្រូវលាបឡេ ឬក្រែមការពារកម្តៅថ្ងៃជាប្រចាំ ពេលអ្នកចេញក្រៅ ហើយលាបឲ្យក្រាស់បន្តិចនៅត្រង់កន្លែងដែលអ្នកមានអារម្មណ៍ឆាប់ក្តៅ ពេលត្រូវពន្លឺថ្ងៃ ដោយហេតុថា ពន្លឺថ្ងៃក៏ជាមូលហេតុមួយ ក្នុងចំណោមមូលហេតុជាច្រើន អាចធ្វើឲ្យស្បែកមុខស្តើង។ ចំពោះការជ្រើសរើសផលិតផលនេះទៀតសោត ក៏មិនខុសពីការប្រើចំពោះស្បែកធម្មតាដែរ យ៉ាងហោចណាស់ត្រឹមSPF ១៥ឡើងទៅ  ទោះបីជាថ្ងៃដែលមានពពកបាំងក៏ដោយ ព្រោះកាំរស្មី UV អាចឆ្លងកាត់ពពកបាន។ -ការលាបប្រេងវីតាមីន E ផ្ទាល់លើស្បែក៖ ភាគច្រើនប្រេងវីតាមីន E ច្រើនមានទម្រង់ជាគ្រាប់កាប់ស៊ីល ដូច្នេះហើយលោកអ្នកត្រូវច្របាច់ចាក់វីតាមីន E ដែលមានក្នុងកាប់ស៊ីលនោះ ដាក់លើបាតដៃ បន្ទាប់មកលាបលើស្បែកថ្នមៗឲ្យសព្វផ្ទៃមុខពិសេសត្រង់ផ្នែកដែលស្តើង។ គុណប្រយោជន៍ដ៏អស្ចារ្យនៃវីតាមីន E ជួយស្បែកមិនឲ្យវិវឌ្ឍទៅជាស្តើងឆាប់រហ័ស ពិសេសពេលប្រើវាលាបផ្ទាល់លើស្បែក និងនៅពេលយប់ជារៀងរាល់ថ្ងៃ។ -ការកាត់បន្ថយក្រែមដែលមានផ្ទុកស្តេរ៉ូអុីតលើស្បែក៖ ប្រសិនបើអាច ចៀសវាងការប្រើប្រាស់ក្រែមលើស្បែកដែលធ្វើឲ្យស្បែកស្តើង។ អាចប្រឹក្សាជាមួយគ្រូពេទ្យប្រសិនបើអ្នកត្រូវបានណែនាំឲ្យប្រើប្រាស់ក្រែមស្តេរ៉ូអុីតព្យាបាលបញ្ហាស្បែកមួយចំនួន។ អ្នកជំនាញខាងស្បែក ជាធម្មតាអាចចេញវេជ្ជបញ្ជាព្យាបាលប្រភេទដែលគ្មានផ្ទុកនូវជាតិស្តេរ៉ូអុីត។ លាបផលិតផលមានផ្ទុកវីតាមីន C លាបសេរ៉ូមក្រែម និងឡូសិនដែលមានផ្ទុកវីតាមីន C វាអាចជួយបង្កើនការផលិតកូឡាជែនដែលជួយឲ្យស្បែកមិនឆាប់ស្តើង។ ក្រៅពីនេះ អ្នកក៏ត្រូវផ្លាស់ប្តូរ ឬរក្សាទម្លាប់មួយចំនួនដូចខាងក្រោម៖ •ឈប់ជក់បារី៖ លោកអ្នកត្រូវបញ្ឈប់ការជក់បារីជាដាច់ខាត បើអ្នកមានទម្លាប់ជក់ ដោយសារការជក់បារីបង្កើនកម្រិតនីកូទីន និងបន្ថយលំហូរឈាមក្នុងរាងកាយ។ ជាលទ្ធផល ចំណីអាហារដែលត្រូវស្រូបដោយស្បែកមានការថយចុះ ហើយជាតិពុលត្រូវបានបញ្ចេញតាមស្បែកកាន់តែតិចដែលធ្វើឲ្យស្បែកលូតលាស់មិនបានល្អ និងកាន់តែស្តើងទៅៗ។ •បន្ថយកម្រិតនៃការញ៉ាំសុរា (ពពួកអាល់កុល)៖ ព្យាយាមបន្ថយកម្រិតនៃការញ៉ាំសុរា ឬបញ្ឈប់តែម្តង បើអាច ព្រោះអាល់កុលដែលមានក្នុងសុរា បង្កើនកម្រិតជាតិពុលក្នុងរាងកាយ ដែលជះផលអវិជ្ជមានចំពោះស្បែក និងធ្វើឲ្យស្បែកឆាប់ឡើងស្នាមជ្រួញ និងស្តើង។ •ម៉ាស្សាសម្រួលលំហូរឈាម៖ ការម៉ាស្សាថ្នមៗជួយសម្រួលលំហូរឈាម ធ្វើឲ្យការផ្តល់ចំណីអាហារទៅកាន់ស្បែកដែលមានសភាពស្តើងនោះបានគ្រប់គ្រាន់ និងកាត់បន្ថយការវិវឌ្ឍនៃបញ្ហាស្បែកស្តើង។ លោកអ្នកក៏អាចប្រើជាប្រេងធម្មជាតិម៉ាស្សាលើស្បែកបានផងដែរ ដែលការម៉ាស្សានេះអាចអនុវត្តយ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ។ ប្រសិនបើអ្នកអាចអនុវត្តនូវចំណុចខាងលើបានទៀងទាត់នោះអ្នកនឹងអស់កង្វល់ចំពោះស្បែកស្តើងតទៅទៀតហើយ… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើអ្វីជាសោភណ្ឌភាពមាត់ធ្មេញ?  សោភណ្ឌភាពមាត់ធ្មេញ (Dental Aesthetic) ជាផ្នែកមួយនៃជំនាញទន្តសាស្រ្ត ដែលផ្តោតសំខាន់ទៅលើការព្យាបាល និងការកែប្រែសោភណ្ឌភាពធ្មេញ អញ្ចាញ និងបបូរមាត់ ដែលរួមបញ្ចូលទាំង រូបរាង ទំហំ ពណ៌ សុខភាព តួនាទី និងទីតាំងរបស់ធ្មេញថាតើវាស្ថិតនៅស្របគ្នានិងត្រង់ជួរដែរឬអត់។ ក្រៅពីនេះ ភាពស្រស់ស្អាតនៃស្នាមញញឹមទាំងមូល ក៏ត្រូវបានចាត់ចូលទៅក្នុងការសិក្សាផ្នែកសោភណ្ឌភាពមាត់ធ្មេញផងដែរ។ បើនិយាយពីសេវាកម្មសោភណ្ឌភាពមាត់ធ្មេញវិញ វាជាសេវាកម្មជួយដល់អ្នកមិនមានស្នាមញញឹមស្រស់ស្អាត ឬមិនពេញចិត្តនឹងផ្នែកណាមួយដែលធ្វើឲ្យពេលគាត់ញញឹមមកមិនសាកសម។ ទន្តបណ្ឌិតជំនាញ នឹងធ្វើឲ្យការបារម្ភទាំងឡាយរបស់ពួកគាត់បាត់បង់តាមរយៈការផ្តល់សេវាកម្មសោភណ្ឌភាពមាត់ធ្មេញដើម្បីឲ្យពួកគាត់មានការញញឹមស្រស់ស្អាតឡើងវិញនិងស្រស់ស្អាតជាងមុនដូចតារាល្បីៗនិងតួសម្តែងផ្សេងៗ។ សេវាកម្មផ្នែកសោភណ្ឌភាពមាត់ធ្មេញ ត្រូវបានចែកចេញជាច្រើនផ្នែកមានដូចជា ការបិតធ្មេញ ការដាក់ធ្មេញ ការធ្វើធ្មេញឲ្យស ការប្តូរពណ៌អញ្ចាញ ការវះកាត់អញ្ចាញ ការពត់ធ្មេញ ការដាំបង្គោលធ្មេញក្នុងឆ្អឹង និងការកែលើទម្រង់នៃស្នាមញញឹមរបស់អ្នកទាំងមូល។ ក្នុងចំណោមសេវាកម្មទាំងនេះ ការបិតធ្មេញឲ្យស ជាបច្ចេកទេសថ្មីមួយដែលកំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ពីសុភាពបុរស សុភាពស្រ្តីក្នុងប្រទេសកម្ពុជាយើងយ៉ាងខ្លាំង ដោយសារតែពួកគេប្រាថ្នាចង់បានស្នាមញញឹមស្រស់ស្អាតប្រកបដោយទំនុកចិត្តនិងភាពជឿជាក់។  តើអ្វីជាការបិតធ្មេញឲ្យស?  ការបិតធ្មេញ (Dental Veneer) ជាការកែប្រែបញ្ហាមាត់ធ្មេញដែលរួមបញ្ចូលទាំងទម្រង់ រូបរាង ពណ៌ ទំហំ និងប្រវែងរបស់ធ្មេញ ដោយធ្វើឡើងតាមរយៈការបិតបន្ទះប៉សឺឡែនស្តើងលើផ្នែកខ្លះនៃធ្មេញ ឬធ្មេញទាំងមូលដើម្បីកែសម្រស់របស់ធ្មេញដែលមានលក្ខណៈធម្មជាតិ។ ជាទូទៅ វិធីសាស្រ្តនេះអាចធ្វើឡើងបានតែចំពោះដំណុះធ្មេញស្រុកពេញលេញ ដែលភាគច្រើនមនុស្សវ័យកណ្តាលតែងតែទទួលសេវាកម្មនេះ ទាំងបុរស ទាំងស្រ្តី ដោយសារពួកគេមានតម្រូវការខ្ពស់ផ្នែកសោភណ្ឌភាព សុខភាពមាត់ធ្មេញល្អ និងស្នាមញញឹមស្រស់ស្អាត។ គេបានបែងចែកការបិតធ្មេញជាពីរប្រភេទគឺ៖ • ការបិតដោយផ្ទាល់ (Direct Veneer)៖ ជាការប្រើថ្នាំប៉ះមកបិតជាស្រទាប់ៗផ្ទាល់ទៅលើធ្មេញដើម្បីឲ្យពណ៌និងរូបរាងធ្មេញស្រស់ស្អាតទៅតាមអ្វីដែលអតិថិជនចង់បាន ហើយវាមានប្រសិទ្ធភាពក្នុងរយៈពេលចន្លោះពី ៣ ទៅ ៥ឆ្នាំអាស្រ័យទៅលើការចេះថែទាំងយ៉ាងម៉ត់ចត់ពីអតិថិជន។  • ការបិតដោយប្រយោល (Indirect Veneer)៖ ជាការប្រើបន្ទះប៉សឺឡែនមកបិទលើធ្មេញធម្មជាតិដោយគ្មានការឆាបធ្មេញធម្មជាតិ ឬអាចឆាបតិចតួចបំផុតអាស្រ័យទៅលើស្ថានភាពធ្មេញរបស់អតិថិជន។ វិធីសាស្រ្តនេះទាមទារឲ្យមានការខាំពុម្ព ដើម្បីទទួលបានជាបន្ទះសម្រាប់បិតទៅលើធ្មេញ ហើយវាមានប្រសិទ្ធភាពលើសពី១៥ឆ្នាំនិងអាចនៅជាប់លើធ្មេញរបស់អ្នកបានដល់ទៅ២៥ឆ្នាំប្រសិនបើមានការថែរក្សាត្រឹមត្រូវតាមការណែនាំរបស់ទន្តបណ្ឌិត។ តើការបិតធ្មេញឲ្យសត្រូវធ្វើឡើងដូចម្តេចខ្លះ?  ដំណើរការបិតធ្មេញឲ្យស ត្រូវពឹងផ្អែកលើគោលការណ៍មួយដែលត្រឹមត្រូវ និងធ្វើដោយទន្តបណ្ឌិតដែលមានជំនាញច្បាស់លាស់ ដើម្បីទទួលបាននូវលទ្ធផលដែលអាចជឿទុកចិត្តបាន។ ចំណែកគោលការណ៍ទាំងនោះ បូកបញ្ចូលនូវជំហានដូចជា៖ • ការពិនិត្យ និងពិគ្រោះយោបល់ (Checkup and Consultation)៖ ដើម្បីឲ្យដឹងច្បាស់ថាតើធ្មេញរបស់អ្នកពិតជាត្រូវទទួលការព្យាបាលដោយការបិតធ្មេញឬយ៉ាងណា ការញញឹមរបស់អ្នកមានបញ្ហាត្រង់ណា សុខភាពមាត់ធ្មេញរបស់អ្នកល្អយ៉ាងណា អ្នកត្រូវទៅជួបទន្តបណ្ឌិតជំនាញដោយផ្ទាល់ដើម្បីធ្វើការពិនិត្យនិងពិគ្រោះជាមួយគាត់។ • ការថត X-ray៖ ទន្តបណ្ឌិតជំនាញនឹងផ្តល់ការពិនិត្យលើស្ថានភាពធ្មេញខាងក្រៅរបស់អ្នក ចំណែកឯការថត X-ray នឹងផ្តល់នូវការវិភាគកាន់តែច្បាស់អំពីស្ថានភាពឆ្អឹង សុខភាពធ្មេញនិងជាលិកាជុំវិញធ្មេញ និងជំងឺលាក់ខ្លួនផ្សេងៗទៀតដែលអាចនឹងមានក្នុងមាត់ធ្មេញរបស់អ្នកដែលមិនអាចមើលដឹង ដោយភ្នែកទទេបានឡើយ។ • ការថតរូបវិភាគលើស្នាមញញឹម (Photo Shooting)៖ ជាការផ្តិតយករូបភាពទម្រង់មុខ និងធ្មេញរបស់អ្នកពីគ្រប់ទម្រង់ដូចជាការថតនៅពេលសើច ការថតចំពីមុខ ការថតពីចំហៀងជាដើម ដើម្បីយករូបដែលគ្រប់ជ្រុងជ្រោយទាំងនេះ យកមកវិភាគលើកត្តាទាំង៤ដែលធ្វើឲ្យមានស្នាមញញឹមស្អាតគឺ ធ្មេញ អញ្ចាញ បបូរមាត់ និងអារម្មណ៍របស់គាត់។ • ការរចនា (Design)៖ ជាការប្រើប្រាស់កម្មវិធីក្នុងកុំព្យូទ័រដើម្បីយកមកវិភាគទៅលើស្នាមញញឹមទាំងមូល រួចធ្វើការកែប្រែនិងឌីហ្សាញស្នាមញញឹមបច្ចុប្បន្នតាមរយៈកម្មវិធីកុំព្យូទ័រនេះដើម្បីឲ្យស្នាមញញឹមថ្មីរបស់អ្នក ស័ក្ដិសមទៅនឹងទម្រង់មុខរបស់អ្នកនិងជាអ្វីដែលអ្នកតែងតែប្រាថ្នាចង់បាន បន្ទាប់មកអ្នក នឹងឃើញរូបរាងស្នាមញញឹមថ្មីរបស់អ្នក។ ប្រសិនបើអ្នកពេញចិត្តនឹងការឌីហ្សាញស្នាមញញឹមថ្មីនេះ នោះទន្តបណ្ឌិតនឹងចាប់ផ្តើមធ្វើការកែប្រែស្នាមញញឹមរបស់អ្នក។ • ការបង្កើតជាគំរូ (Model)៖ គំរូត្រូវធ្វើឡើង បន្ទាប់ពីការសិក្សាពីជំហានទី ១ និងត្រូវបង្ហាញជូនដល់អតិថិជនពីការកែប្រែនោះ។ ការទទួលយកនៃគំរូនីមួយៗ  គឺស្ថិតលើការសម្រេចចិត្តរបស់អតិថិជន រួមបញ្ចូលនឹងការកែប្រែជាបន្តបន្ទាប់ប្រសិនបើអតិថិជនមិនពេញចិត្តចំពោះចំណុចណាមួយ នោះទើបដំណើរការនៃការបិតអាចប្រព្រឹត្តិទៅបាន តាមរយៈការបិតដោយផ្ទាល់ ឬដោយប្រយោល។ តើការបិតធ្មេញឲ្យសផ្តល់ប្រសិទ្ធភាពយ៉ាងណាខ្លះ? ទាក់ទងនឹងប្រសិទ្ធភាពគឺត្រូវបានរួមបញ្ចូលពីសារសំខាន់នៃធ្មេញទាំងមូល។ ជាទូទៅធ្មេញមានមុខងារយ៉ាងសំខាន់ពីរ គឺការទំពារចំណីអាហារ និងសោភណ្ឌភាព ចំណែកភាពស្រស់ស្អាតនៃស្នាមញញឹម និងសោភណ្ឌភាពនោះទៀតសោត បានដើរតួនាទីយ៉ាងចម្បងដល់ទៅ 47% នៃសម្រស់ផ្ទៃមុខទាំងមូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយវាបានផ្តល់ជាទំនុកចិត្តក្នុងការធ្វើការ ការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន នោះប្រសិទ្ធភាព និងឱកាសការងារក៏កាន់តែមានភាពរលូន ដូច្នេះ ការបិតធ្មេញជាជម្រើសដ៏ល្អ ក្នុងការបង្កើននូវគុណភាពជីវិតរបស់បុគ្គលម្នាក់ៗ។ តើគួរថែទាំមាត់ធ្មេញបែបណាខ្លះបន្ទាប់ពីការបិតធ្មេញឲ្យស? មិនថាធ្មេញដែលបានបិត ឬធ្មេញធម្មជាតិនោះទេ បុគ្គលគ្រប់រូបគួរតែបង្កើននូវការយកចិត្តទុកដាក់ថែទាំឲ្យបានទៀងទាត់។ ដោយឡែកអ្នកដែលទទួលបានការបិតធ្មេញ ត្រូវតែមានការថែទាំ និងការសម្អាតឲ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយការប្រឈមខ្ពស់ទៅនឹងរោគពុកធ្មេញដូចជា៖ • ប្រុងប្រយ័ត្នក្នុងការញ៉ាំអាហារដែលមានជាតិពណ៌ ព្រោះអាហារប្រភេទនេះអាចបង្កជាស្នឹមនៅលើធ្មេញ • ចៀសវាងអាហារក្តៅ ឬត្រជាក់ខ្លាំងក្នុងដំណាក់កាលដំបូង ដើម្បីកាត់បន្ថយការស្រៀវធ្មេញ • ចៀសវាងអាហាររឹង ដែលត្រូវប្រើកម្លាំងខ្លាំងក្នុងការទំពា • ករណីខ្លះត្រូវប្រើឧបករណ៍ការពារធ្មេញ (night guard) នៅពេលយប់ ដើម្បីចៀសវាងការសង្កៀតធ្មេញ ដែលអាច ប៉ះពាល់ដល់ធ្មេញបិត veneer។ អ្វីខ្លះជាផលប៉ះពាល់នៃការបិតធ្មេញឲ្យសមិនបានត្រឹមត្រូវ? ក្នុងករណីដែលការបិតធ្មេញ ត្រូវបានធ្វើឡើងពីសំណាក់អ្នកដែលមិនមានជំនាញច្បាស់លាស់វាបានផ្តល់ផលវិបាកមួយចំនួនដូចជាការប្រែពណ៌នៃធ្មេញ ដុះស្នឹម បែកបាក់ ប្រែពណ៌ ពុកធ្មេញ ឬស្រៀវ និងអាចធ្វើឲ្យអ្នកឈឺធ្មេញថែមទៀតផង។ ក្រៅពីបញ្ហាទូទៅទាំងនេះ អ្នកក៏អាចប្រឈមនឹងការរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរដោយសារតែចំណីអាហារស្ថិតនៅជាប់ធ្មេញរបស់អ្នកព្រោះតែការបិត veneer មិនបានធ្វើឡើងតាមវិធីសាស្រ្តត្រឹមត្រូវ។ លើសពីនេះ ជាងធ្មេញឬទន្តបណ្ឌិតដែលគ្មានជំនាញច្បាស់លាស់ នឹងធ្វើការឆាបធ្មេញធម្មជាតិរបស់អ្នកច្រើនដើម្បីបិត veneer ដែលនឹងធ្វើឲ្យអ្នកបាត់បង់ធ្មេញធម្មជាតិរបស់អ្នកជារៀងរហូត។ កត្តាទាំងនេះ នឹងធ្វើឲ្យអ្នកបាត់បង់សោភណ្ឌភាពមាត់ធ្មេញ ហើយត្រូវចំនាយពេលវេលានិងថវិកាច្រើនដើម្បីកែខៃស្ថានភាពធ្មេញ និងអញ្ចាញឲ្យត្រលប់មកសភាពដើមឬឲ្យល្អដូចស្នាមញញឹមរបស់តារា។ ដើម្បីទទួលបានសេវាកម្មបិតធ្មេញឲ្យសឬសេវាកម្មផ្សេងៗទៀតទាក់ទងនឹងសោភណ្ឌភាពមាត់ធ្មេដែលប្រកបដោយគុណភាព លោកអ្នកត្រូវចេះធ្វើការជ្រើសរើសមន្ទីរព្យាបាលធ្មេញឲ្យបានត្រឹមត្រូវដោយពិនិត្យមើលទៅលើថាតើមន្ទីរព្យាបាលធ្មេញណាមួយដែលបានឈរជើងក្នុងទីផ្សារក្នុងប្រទេសកម្ពុជាយូរមកហើយ ហើយកេរ្តិ៍ឈ្មោះរបស់មន្ទីរព្យាបាលធ្មេញមួយនោះត្រូវបានទទួលស្គាល់ពីភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិយ៉ាងដូចម្តេចដែរ។ លើសពីនេះទៅទៀត លោកអ្នកក៏ត្រូវពិនិត្យមើលលើការសិក្សា ជំនាញ បទពិសោធន៍ ក្រមសីលធម៌ និងកេរ្តិ៍ឈ្មោះរបស់ទន្តបណ្ឌិតផងដែរ ។ ដើម្បីចៀសវាងការជ្រើសរើសមន្ទីរព្យាបាលធ្មេញ និងទន្តបណ្ឌិតខុស ដែលអាចធ្វើឲ្យអ្នកខាតបង់ថវិកា និងពេលវេលាច្រើន។ គួររំលឹកផងដែរថា លោកអ្នកគួរធ្វើការពិនិត្យសុខភាពមាត់ធ្មេញរបស់អ្នកជាមួយទន្តបណ្ឌិតជំនាញក្នុងរយៈពេល៦ខែម្តង ដើម្បីឲ្យគ្រូពេទ្យអាចតាមដានស្ថានភាពមាត់ធ្មេញរបស់អ្នក និងអាចពិនិត្យដឹងទាន់ពេលវេលា និងជួយទប់ស្កាត់រាល់ជំងឺដែលអាចកើតមានឡើងលើសុខភាពមាត់ធ្មេញរបស់លោកអ្នក។ ការព្យាបាលទាន់ពេលវេលា នឹងជួយកាត់បន្ថយការឈឺចាប់ក្នុងពេលព្យាបាល ការកាត់បន្ថយចំណាយច្រើន និងការកាត់បន្ថយការខាតបង់ពេលវេលាច្រើនក្នុងការព្យាបាល។ បកស្រាយដោយ ៖ លោកទន្តបណ្ឌិត ជ័យ សុចិន្តា  ប្រធានទន្តសាស្ត្រប្រចាំមន្ទីរព្យាបាលធ្មេញបស្ចិម សាខាកម្ពុជាក្រោម © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ដឹងទេថាផលិតផលថែរក្សាស្បែកមួយចំនួនដែលអ្នកបាននិងកំពុងប្រើប្រាស់មិនត្រឹមប៉ះពាល់សរីរាង្គខាងក្រៅទេ វាថែមទាំងផ្តល់ផលមិនល្អដល់សរីរាង្គខាងក្នុងថែមទៀតផង។ ជាក់ស្តែងវាអាចធ្វើឲ្យខូចខាតដល់សរីរាង្គខាងក្នុងសំខាន់ៗ ដែលមនុស្សមួយចំនួន អាចនឹងមិនដែលគិតដល់។ ដូចនេះ ហេលស៍ថាម សូមបង្ហាញលោកអ្នកខាងក្រោម៖ 1. Sodium Lauryl Sulfate (SLS) and Ammonium Lauryl Sulfate (ALS) ជាញឹកញាប់ត្រូវបានចម្រាញ់ចេញមកពីផ្លែដូង ដែលវាអាចមានលាយឡំជាមួយជាតិពុលធម្មជាតិរបស់វាបាន។ សារធាតុគីមីនេះ ត្រូវបានប្រើក្នុងសាប៊ូកក់សក់ ហ្វូមលាងមុខ និងសាប៊ូដុសខ្លួនជាដើម។ គ្រោះថ្នាក់៖ SLS និង ALS អាចជាមូលហេតុនៃការរលាកស្បែកធ្ងន់ធ្ងរ ម៉្យាងវាងាយជ្រាបចូលក្នុងរាងកាយ ឡើងទៅខួរក្បាល បេះដូង សួត និងថ្លើម ហើយបង្កគ្រោះថ្នាក់ដល់សរីរាង្គទាំងនោះពិសេសធ្វើឲ្យមានការខូចខាតដល់ថ្លើម។ 2. Propylene Glycol ត្រូវបានប្រើនៅក្នុងសាប៊ូកក់សក់ សារធាតុបំបាត់ក្លិន ឡូសិនលាបខ្លួន ឡូសិនការពារកម្តៅថ្ងៃ ផលិតផលថែរក្សាសម្ផស្ស និងត្រូវបានប្រើសម្រាប់រក្សាសំណើម។ គ្រោះថ្នាក់៖  ការប៉ះពាល់សារធាតុ Propylene Glycol ក្នុងបរិមាណច្រើន អាចបង្កជាជំងឺសើស្បែកជំងឺធ្លាក់ទឹកចិត្ត អាចឲ្យរលាកផ្លូវដង្ហើម រលាកបំពង់ក រលាកថ្លើម ខួរក្បាល មានបញ្ហាតម្រងនោម ភ្នែក និងថយចុះនូវកម្រិតជាតិស្ករក្នុងឈាម។ 3. Toluene ត្រូវបានប្រើជាសារធាតុផ្សំក្នុងថ្នាំលាបក្រចក។ គ្រោះថ្នាក់៖ ការប៉ះពាល់ជាមួយ Toulene ច្រើនអាចឲ្យរលាកក្រចក រលាកផ្លូវដង្ហើម ពុលដល់ប្រព័ន្ធប្រសាទកណ្តាល ភ្នែក ឈាម ថ្លើម តម្រងនោម និងស្បែក អាចបំផ្លាញថ្លើម និងអាចជាមូលហេតុនៃការរលូតកូនដោយឯកឯងរបស់ស្ត្រី។ កម្រិតខ្ពស់នៃ Toluene មានឥទ្ធិពលញៀន ដែលអាចធ្វើឲ្យសន្លប់ និងស្លាប់បាន។ 4. Butylated Hydroxyanisole (BHA) ជាសារធាតុផ្សំច្រើនមាននៅក្នុងទឹកអប់ដែលវាអាចបង្កើនការផលិតជាតិពណ៌លើស្បែក។  គ្រោះថ្នាក់៖ យោងតាមការសិក្សាមួយចំនួនលើសត្វ BHA ធ្វើឲ្យមានការបំផ្លាញថ្លើម និងអាចជាមូលហេតុនៃមហារីកក្រពះ រំខានដល់ប្រព័ន្ធបន្តពូជនិងកម្រិតអ័រម៉ូនទីរ៉ូអ៊ីត (Thyroid)។  5. Xylene ច្រើនរកឃើញមាននៅក្នុងថ្នាំក្រចក។ គ្រោះថ្នាក់៖ រលាកស្បែក មានជំងឺផ្លូវដង្ហើមអាចធ្វើឲ្យថ្លើមមានបញ្ហា ហើយមានឥទ្ធិពលសណ្តំនៅក្នុងកំហាប់ខ្ពស់។ ជម្រើសល្អដើម្បីចៀសវាងគ្រោះថ្នាក់ទាំងនេះលោកអ្នកអាចធ្វើការពិនិត្យនៅលើស្លាកសញ្ញានៃគឿងសម្អាង ឬផលិតផលថែស្បែករបស់អ្នកដោយប្រុងប្រយ័ត្ន ហើយព្យាយាមសម្គាល់រកសារធាតុផ្សំគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក។ សូមកុំជឿជាក់ខ្លាំងពេកចំពោះពាក្យថាធម្មជាតិ ឬសរីរាង្គ(Natural or Organic) ដែលមានបញ្ជាក់លើផលិតផលទាំងនោះ ព្រោះថាផលិតផលជាច្រើនមានយ៉ាងហោច ធាតុផ្សំធម្មជាតិ ឬសរីរាង្គមួយ ឬ២មុខប៉ុណ្ណោះ ប៉ុន្តែវាក៏មានផ្ទុកនូវសារធាតុសំយោគគ្រោះថ្នាក់ជាច្រើនផងដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ការថែរក្សាស្បែកជាប្រចាំមិនប្រាកដថាគ្រប់គ្រាន់នោះទេ ប្រសិនបើមិនដឹងភាពសំខាន់នៃដល់ទិកនិកក្នុងការផ្តល់សំណើមបានត្រឹមត្រូវ។ ដូចនេះ ហេលស៍ថាម នឹងបង្ហាញលោកអ្នកជុំវិញការផ្តល់សំណើមដល់ស្បែក ដែលអ្នកមិនគួរមើលរំលង។ អត្ថប្រយោជន៍ទាំង៤នៃការផ្តល់សំណើម • ការផ្តលសំណើមដ៏ត្រឹមត្រូវអាចជួយការពារ និងព្យាបាលបញ្ហាស្បែកស្ងួត • វាអាចការពារចំពោះស្បែកដែលងាយនឹងមានប្រតិកម្ម • វាដើរតួជារបាំងរក្សាសីតុណ្ហភាពចំពោះស្បែករបស់អ្នក • ជួយការពារស្រទាប់ខាងក្រៅរបស់ស្បែកពីផលប៉ះពាល់នៃព្រះអា-ទិត្យ និងកត្តាបរិស្ថានផ្សេងៗទៀតផងដែរ។ តើគួរផ្តល់សំណើមនៅពេលណាខ្លះ? • ផ្តល់សំណើមភ្លាមៗ ក្រោយពីជូតខ្លួនឲ្យស្ងួតបន្ទាប់ពីងូតទឹកនោះក្រែមផ្តល់សំណើមនឹងជ្រាបចូលទៅស្រទាប់លើស្បែកបានល្អ • លាបលើប្រអប់ដៃរាល់ពេលលាងសម្អាតដៃរួច • ក្រោយពីលាងសម្អាតផ្ទៃមុខរួច ត្រូវលាប​ក្រែមផ្តល់សំណើមភ្លាមៗ • អ្នកក៏អាចលាបវាជាទ្រនាប់នៅពេលអ្នកផាត់មុខបានផងដែរ ព្រោះវាអាចរក្សាស្ថេរភាពនៃសំណើមលើផ្ទៃមុខ ឲ្យការផាត់មុខរបស់អ្នកជាប់បានយូរ។ តើលោកអ្នកគួរជ្រើសរើសក្រែមផ្តល់សំណើមប្រភេទណា? ដើម្បីធ្វើការជ្រើសរើសក្រែមផ្តល់សំណើមឲ្យបានត្រឹមត្រូវសម្រាប់អ្នក ត្រូវពិចារណាលើចំណុច ខាងក្រោម៖ ស្បែកធម្មតា៖ ជាប្រភេទដែលស្បែកមិនស្ងួតខ្លាំង ហើយក៏មិនមានខ្លាញ់ខ្លាំងដែរ ដូចនេះ ដើម្បីរក្សាតុល្យភាពនៃការផ្តល់សំណើម ល្អដល់ស្បែក អ្នកត្រូវបានណែនាំឲ្យប្រើប្រាស់ប្រភេទផ្តល់សំណើមដែលមានមូលដ្ឋានជាទឹក (water-based moisturizer)  ដែលជួយឲ្យភ្លឺ និងមិនសូវខ្លាញ់។ ស្បែកស្ងួត៖ សម្រាប់ស្បែកស្ងួត ត្រូវជ្រើសរើសផលិតផលផ្តល់សំណើម ដែលជួយស្តា សំណើមដល់ស្បែក។ ជម្រើសល្អបំផុតគឺ ប្រភេទដែលមានប្រេងជាចម្បង (oil-based moisturizer) ដែលមានផ្ទុកនូវសារធាតុផ្សំផ្តល់ សំណើមឬ petrolatum-based products។ផលិតផលទាំងនេះនឹងជួយរក្សាជាតិទឹកលើស្បែករបស់អ្នក។ ស្បែកខ្លាញ់៖ មុនជាបញ្ហាដែលកើតមានញឹកញាប់ សម្រាប់អ្នកដែលមានស្បែកខ្លាញ់។ទោះបីជាខ្លាញ់ធម្មជាតិយ៉ាងណាក៏ដោយអ្នកក៏ត្រូវប្រើផលិតផលផ្តល់សំណើមដែលសមស្របចំពោះស្បែកខ្លាញ់របស់អ្នកផងដែរ។ ដូចនេះសូមអ្នក កុំភ្លេចលាបក្រែមផ្តល់សំណើម បន្ទាប់ពីប្រើផលិតផលកម្ចាត់ជាតិខ្លាញ់លើស្បែក និងធ្វើឲ្យស្បែកស្ងួត។ ស្បែកងាយប្រតិកម្ម៖ សម្រាប់ប្រភេទ​ស្បែកដែលងាយនឹងប្រតិកម្មជាមួយនឹងស្ទើរគ្រប់សារធាតុត្រូវប្រើផលិតផលផ្តល់សំណើមដែលមានផ្ទុកសារធាតុជួយឲ្យរលោង ដូចជា Chamomile ឬ ប្រទាលកន្ទុយក្រពើ ហើយត្រូវប្រាកដថា ផលិតផលនោះគ្មានផ្ទុកនូវសារធាតុផ្តល់ក្លិន ឬ​អាស៊ីត។ ស្បែកចាស់៖ ដោយសារអ្នកមានវ័យ កាន់តែចាស់ ដូចនេះ ស្បែករបស់អ្នកមានទំនោរ ទៅជាស្ងួត ដោយសារក្រពេញផលិតជាតិខ្លាញ់ថយចុះ។ ដើម្បីរក្សាឲ្យស្បែករបស់អ្នកទន់ និងមានជាតិទឹកគ្រប់គ្រាន់ល្អបំផុតគឺ Oil-based moisturizer ដែលមានផ្ទុក petrolatum ជាគោល ជាមួយនឹងពពួកប្រឆាំងអុកស៊ីតកម្ម ដើម្បីបំបាត់បញ្ហាស្បែកជ្រួញ និងស្នាមខ្មៅ ជាដើម។ ក្រៅពីនេះលោកអ្នកក៏ត្រូវអនុវត្តនូវចំណុចមួយចំនួនបន្ថែម ទាក់ទងនឹងការផ្តល់សំណើម៖ •ពិនិត្យមើលសារធាតុផ្សំនៅក្នុងក្រែម ឬឡូ​សិនផ្តល់សំណើមទាំងនោះព្រោះផលិតផលខ្លះអាចមាននូវសារធាតុមិនល្អដែល តម្រូវឲ្យលោកអ្នកចៀសវាង។ •ក្នុងពេលប្រើក្រែម ឬឡេរក្សាសំណើម ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាស្បែកឡើងប្រេងឬខ្លាញ់ខ្លាំងលើសពីការរំពឹងទុកលោកអ្នកត្រូវបញ្ឈប់ភ្លាមៗព្រោះវាអាចនឹងមានគ្រោះថ្នាក់ដល់សុខភាពស្បែករបស់អ្នក។ •ជាមួយនឹងការលាបផលិតផលផ្តល់សំណើម ដល់ស្បែក អ្នកក៏ត្រូវញ៉ាំទឹកបន្ថែម ដើម្បីជួយរក្សាជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់។ •ចំណុចសំខាន់ដែលត្រូវចងចាំ គឺត្រូវជ្រើសរើសផលិតផលផ្តល់សំណើម ដែលមានទាំងលទ្ធភាពការពារកម្តៅថ្ងៃ យ៉ាងហោចណាស់ SPF ១៥ ឬលើសពីនេះ ដើម្បីការពារស្បែកបន្ថែមពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ។ •ព្យាយាមសាកល្បងផលិតផលជាច្រើន ដើម្បីរកមើលថាជាតិសំណើមនៃផលិតផលមួយ​ណាដែលសមស្របនឹងប្រភេទស្បែករបស់អ្នកនិងធ្វើឱ្យស្បែករបស់អ្នកមើលទៅទន់។ •ប្រសិនបើផលិតផលផ្តល់សំណើមទាំងនោះ​មិនជួយកែលំអស្បែក ឬធ្វើឲ្យស្បែកអ្នកមាន​បញ្ហាលោកអ្នកគួទៅជួបជាមួយគ្រូពេទ្យជំនាញជាការប្រសើរ។ ជារួម ប្រភេទស្បែកមិនមែនទាល់តែជាប្រភេទស្បែកស្ងួតនោះទេដែលចាំបាច់ត្រូវផ្តល់សំណើម ប៉ុន្តែស្បែកខ្លាញ់ក៏ដូចគ្នា គឺក្នុងបំណងឲ្យស្បែកមើលទៅស្អាតហើយមានសុខភាពល្អ… © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

គ្រប់គ្នាគង់តែចៀសមិនផុតពីការមានបញ្ហាលើស្បែកតាមរូបភាពណាមួយ មិនថាស្រាល ឬក៏ធ្ងន់។  ចំពោះបញ្ហាតូចល្មមខ្លះ មិនគួរជាកង្វល់រាល់ពេលដែលអ្នកជួបម្តងហើយម្តងទៀតនោះទេ ព្រោះការពិត វាជាអ្វីដែលអ្នកក៏អាចជួយខ្លួនឯង និងអ្នកជុំវិញដោយមិនបាច់អ្នកជំនាញបាន។ តែផ្ទុយទៅវិញ អ្នកត្រូវប្រាកដថាវិធីដែលអ្នកប្រើប្រាស់គឺត្រឹមត្រូវ និងមានប្រសិទ្ធភាព មិនដូច្នេះទេ អ្នកមុខជាត្រូវការអ្នកជំនាញវិញជាមិនខាន។ ការរលាកដោយកម្តៅថ្ងៃ នៅក្រោមកម្តៅថ្ងៃយូរអាចបង្កឲ្យស្បែកឡើងក្រហម   និងមានភាពក្តៅក្រហាយ ដែលនេះជាអាការៈនៃការរលាកស្បែក។ វាជាការរលាកផ្នែកសើ-ស្បែកដែលវិធីងាយៗខាងក្រោមអាចជួយបាន៖ •ការប្រើដុំទឹកកក ឬបន្ទះកន្សែងត្រជាក់ស្អំលើកន្លែងរលាកភា្លមៗ ឬងូតទឹកត្រជាក់ ដើម្បីបន្ថយភាពក្តៅនៅកន្លែងដែលមានការរលាក។ បើសិនអាច អ្នកគួរតែផ្អាកប្រើផលិតផលសម្រាប់សម្អាតខ្លួនមួយរយៈសិន ចៀសវាងការធ្វើឲ្យស្បែកកាន់តែរលាកខ្លាំង •បន្ទាប់មកប្រើប្រាស់ឡេដែលមានសារជាតិប្រទាលកន្ទុយក្រពើ  ដោយសារវាមានជាតិ លីដូកាអ៊ីនដែលអាចជួយបំបាត់ការឈឺចាប់  ឬប្រើវីតាមីនE ក្រោមទម្រង់ជាប្រេងក៏បាន ដោយសារវាមានសារជាតិប្រឆាំងអុកស៊ីតកម្មដ៏ពូកែសម្រាប់ជួយបន្ថយអាការៈហើម និងឈឺចាប់។ •ប្រសិនបើមិនមានរូបមន្តខាងលើ អ្នកអាចប្រើចំនិតស្តើងៗនៃត្រសក់ ឬដំឡូងបារាំងបិតលើកន្លែងដែលរលាកក៏បាន។ ការរលាកផ្សេងៗ អាចជាការរលាកដោយទឹកក្តៅ  ឬភ្លើងជាដើម ដែលវាមានអាការៈធ្ងន់ធ្ងរជាងការរលាកដោយកម្តៅថ្ងៃ។ បើមានរលាកបែបនេះគួរតែដោះសម្លៀកបំពាក់ និងគ្រឿងអលង្ការនានាចេញដើម្បីងាយព្យាបាល។ ការកាត់បន្ថយអាការៈនេះអាចធ្វើឡើងដោយ៖ •ប្រើទឹករ៉ូប៊ីណេបាញ់លើកន្លែងរលាកឲ្យបានយូរ តែបើមិនមានទេ អ្នកអាចប្រើទឹកដោះគោ ឬទឹកតែក៏បាន •បន្ទាប់មកលាងសម្អាតកន្លែងដែលរលាកជាមួយទឹកស្អាត និងលាបពពួកជែលដែលអាចផ្តល់ភាពត្រជាក់ និងបំបាត់ការឈឺចាប់នៅត្រង់កន្លែងនោះ ករណីមិនមានរបួសចេញឈាម •បើកន្លែងរលាកឡើងពង  គួរយកម្ជុលសម្លាប់មេរោគស្អាតដើម្បីចាក់យកទឹកចេញ •ករណីមានការរលាត់ស្បែក ត្រូវប្រើផលិតផលសម្លាប់មេរោគ និងប្រើបង់រុំការពារមេរោគ។ របួសតូចៗ ជាការមុតដោយកាំបិត ឬមុតលើស្បែកមានលក្ខណៈស្រាល។ ដូចនេះអ្វីដែលអ្នកគួរធ្វើគឺ៖ •ដំបូង អ្នកត្រូវលាងដៃឲ្យបានស្អាត រួចលាងមុខរបួសដោយទឹកស្អាត និងសាប៊ូ (អ្នកមិនចាំបាច់ប្រើទឹកសម្លាប់មេរោគទេប្រសិនវាមិនមែនជាមុខរបួសធំ) •ត្រូវឃាត់ឈាមដោយប្រើកំណាត់ស្អាត   ឬកំប្រេស(គួរប្រើប្រភេទសំណាញ់ដែលមិនស្អិតជាប់របួស)សង្កត់លើមុខរបួស (អាចប្រើកំណាត់២ ឬ៣ស្រទាប់ប្រសិនបើហូរឈាមច្រើន) •រួចប្រើបង់ការពារការឆ្លងមេរោគ   ជាពិសេសត្រង់កន្លែងដែលងាយកកិតដោយសម្លៀកបំពាក់ ឬត្រូវទឹក •ប្តូរបង់បិទជារៀងរាល់ថ្ងៃ ឬ២ដងក្នុងមួយថ្ងៃ។ •អ្នកអាចប្រើក្រែមសម្លាប់មេរោគ (ថ្នាំផ្សះ) លាបត្រង់មុខរបួស មុនពេលប្រើរុំកំប្រេស ឬបិតបង់រុំ ដើម្បីការពារការឆ្លងរោគ និងរក្សាសំណើមនៅត្រង់នោះផងដែរ។ សត្វល្អិតខាំ ឬកន្ទួលរមាស់ផ្សេងៗ ពេលមានកន្ទួលរមាស់ផ្សេងៗ ត្រូវចៀសវាងការអេះដែលធ្វើឲ្យរបកស្បែក ឬបង្កជាដំបៅផ្សេងៗ។ អ្វីដែលអ្នកគួរធ្វើគឺបំបាត់ការរមាស់តាមរយៈ៖ •ប្រើស្លឹកជីអង្កាមបុកបិតលើកន្លែងដែលរមាស់ •ប្រើឡេ ក្រែម ឬស្រៃ្ពយន៍បាញ់ដែលមានជាតិម៉ង់តុល(Menthol) ឬក្រូតាមីតុន (Crotamiton) ដើម្បីឲ្យស្បែកត្រជាក់ និងបំបាត់រមាស់ •អាចប្រើឱសថប្រភេទAntihistamine ដើម្បីបំបាត់រមាស់ដែលបណ្តាលមកពីការអាល្លែកហ្ស៊ីផ្សេងៗ។ ដូចដែលបានបញ្ជាក់ពីខាងលើ   ថ្វីត្បិតបញ្ហាទាំងនេះជាការប៉ះពាល់លើស្បែកកម្រិតស្រាល ប៉ុន្តែអ្នកគប្បីចេះពីរបៀបដោះស្រាយដ៏ងាយៗនេះ ព្រោះអ្នកគង់នឹងប្រើប្រាស់វានៅពេលណាមួយ ដើម្បីជាជំនួយសម្រាប់ខ្លួនឯង ក៏ដូចជាសម្រាប់មនុស្សគ្រប់គ្នាផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើប្រិយមិត្តអ្នកអានជាមិត្តនារីក៏ដូចជាសុភាពបុរសទាំងឡាយប្រាថ្នាចង់បានសក់ដែលរឹងមាំ ភ្លឺរលើបរលោង និងស្រស់ស្អាតដែរឬទេ? ប្រសិនបើចម្លើយរបស់អ្នក គឺយល់ព្រមនោះ អ្នកគួរតែមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសរសៃសក់របស់អ្នក។ អ្នកមិនត្រូវធ្វេសប្រហែសសូម្បីតែទង្វើប្រចាំថ្ងៃមួយចំនួន រួមមានទាំងការកក់សក់ ឬការធ្វើម៉ូតសក់ផ្សេងៗផងដែរ។ មានសកម្មភាពខ្លះបង្កភាពផលប៉ះពាល់ដល់សុខភាពសក់របស់អ្នក ដែលអ្នកអាចនឹងមិនដឹង ឬមិនចាប់អារម្មណ៍។ តាមដានជាមួយហេលស៍ថាមទាំងអស់គ្នា ដើម្បីចង់ដឹងថាតើមានចំណុចខុសឆ្គងអ្វី ដែលលោកអ្នកបានធ្វើដែរឬទេ? ១ មិនសិតសក់ មុនពេលកក់សក់   សក់របស់យើងខ្សោយជាងគេ ពេលដែលវាសើម ដោយសារតែពេលសក់សើម គឺងាយនឹងជំពាក់។ ហេតុនេះហើយ ដើម្បីចៀសវាងការប្រទាក់ឆ្វាក់សក់នោះ អ្នកគួរតែសិតសក់ជាមុនសិន។ ប្រសិនបើអ្នកចង់សិតសក់នៅពេលងូតទឹកនោះ អ្នកត្រូវប្រើប្រាស់សាប៊ូបន្ទន់សក់(conditioner) ហើយធ្វើការច្បូតសរសៃសក់ដោយប្រើម្រាមដៃសិន បន្ទាប់មកប្រើក្រាស់សិតសក់ដែលមានធ្មេញធំ មុននឹងធ្វើការលាងសំអាត។ ២ សិតតែផ្នែកចុងសក់ អ្នកប្រហែលជាលឺគេនិយាយថាការសិតសក់ច្រើនពេអាចនឹងបំផ្លាញសុខភាពសក់ ប៉ុន្តែជាតិប្រេងពីធម្មជាតិដែលនៅនឹងស្បែកក្បាលរបស់អ្នក ជាសាប៊ូបន្ទន់ដែលល្អជាងគេបំផុត។ ដូច្នេះហើយ អ្នកគួរប្រើប្រាស់ក្រាស់សិតសក់ដែលធ្មេញឈើ ធ្វើការសិតពីគល់សក់ដល់ផ្នែកខាងចុងសក់ ដើម្បីម៉ាស្សាស្បែកក្បាល ក៏ដូចជាសម្រួលដល់ដំណើររត់របស់ឈាម និងការលូតលាស់របស់សក់។ ៣ មិនសូវសម្អាតសក់ សក់ភាគច្រើននឹងភាពល្អប្រសើរអ្វីទេពីការសំអាតសក់ជារៀងរាល់ថ្ងៃ។ ការសម្អាតសក់ញឹកញាប់ និងខ្លាំងពេក នឹងជម្រះជាតិប្រេងដែលមានគុណប្រយោជន៍របស់ស្បែកក្បាលរបស់អ្នក ហើយធ្វើឲ្យសក់ស្រអាប់ និងមើលទៅមិនរស់រវើកដូចសក់ធម្មជាតិ។ ធ្វើការកក់ ឬលាងសម្អាតសក់ឲ្យបានញឹកញាប់ ប៉ុន្តែប្រសិនបើអ្នកមិនបានប្រើប្រាស់ផលិតផលថែរក្សាសក់ច្រើនពេកនោះទេ អ្នកអាចគ្រាន់តែលាងសក់ជាមួយនឹងទឹកធម្មតា ឬ ប្រើសាប៊ូអប់ធម្មតាក៏បាន។ ៤ កំហុសក្នុងការបន្ទន់សក់ អ្នកក៏ប្រហែលជាធ្លាប់លឺគេនិយាយថា ការបន្ទន់ផ្នែកខាងចុងសក់នឹងជួយការពារបង្ការភាពច្បត់ ប៉ុន្តែសម្រាប់មិត្តនារីដែលមានសក់ស្តើង គេគួរតែបន្ទន់សក់តាំងពីគល់ផងដែរ ព្រោះសក់របស់ពួកគេងាយប្រឈមនឹងការជ្រុះ ឬខូចទម្រង់ជាងគេ។ តែការបន្ទន់ជ្រុលពេក ក៏មិនជាទង្វើមួយល្អដែរ ដូច្នេះហើយ អ្នកគួរប្រើប្រាស់វាក្នុងបរិមាណមួយគ្រប់គ្រាន់បានហើយ។ អ្វីដែលអ្នកត្រូវចងចាំមួយទៀតនោះ គឺត្រូវតែលាងសម្អាតវារហូតដល់ជ្រះអស់ និង សាប៊ូអប់ឲ្យបានញឹកញាប់ផងដែរ។ ៥ ត្រដុស ឬជូតសក់ជាមួយនឹងកន្សែងខ្លាំងៗពេក ការត្រដុសសក់ខ្លាំងពេកជាមួយនឹងកន្សែង អាចនឹងធ្វើឲ្យស្បែកក្បាលឡើងគគ្រាត ហើយសក់ទៀតសោតក៏ស្រអាប់ រួញ ឬកណ្តាញ់ ហើយងាយនឹងជ្រុះក៏ដូចជាខូចខាត។ ហេតុនេះហើយ អ្នកគួរតែធ្វើការផ្តិតសក់តិចៗជាមួយនឹងកន្សែងហើយយកម្រាមដៃគ្រវីសរសៃសក់ថ្នមៗ។ បើទោះជាវាត្រូវការពេលយូរបានស្ងួត តែវានឹងពង្រឹងសុខភាពសក់របស់អ្នក។ ៦ មិនបានប្រើប្រាស់ផលិតផលការពារកម្តៅ យើងគ្រប់គ្នាសុទ្ធតែបានដឹងហើយថា កម្តៅជាកត្តាទីមួយដែលបង្កជាផលប៉ះពាល់ដល់សក់។ ប៉ុន្តែប្រសិនបើអ្នកមិនចង់រស់នៅដោយគ្មានការផ្លំសក់ ការរមូរសក់ ឬការកៀបបសក់ទេនោះ អ្នកចាំបាច់ត្រូវប្រើប្រាស់ផលិតផលការពារកម្តៅ ដើម្បីជារនាំងការពារសរសៃសក់ និងធ្វើឲ្យស្បែកក្បាលទន់ល្មើយ។ មុននឹងចាប់ទាញម៉ាស៊ីនមកផ្លំសក់ អ្នកគួរទុកពេលឲ្យសក់ប្រែជានៅសើមតិចៗសិន (ប្រើម្រាមដៃគ្រវីសក់តិចៗ ដើម្បីឲ្យឆាប់ស្ងួត) ហើយប្រើប្រាស់កម្រិតក្តៅល្មម(warm) ជាជាងការប្រើប្រាស់នៅកម្រិតក្តៅខ្លាំង(hot)។ ៧ ប្រើប្រាស់ម៉ាស៊ីនកៀប ទាំងសក់មិនទាន់ស្ងួតសព្វ សក់សើម និងម៉ាស៊ីនកៀបមិនត្រូវធាតុគ្នានោះទេ។ ម៉ាស៊ីនកៀបរួញ ឬកៀបត្រង់ នឹងបង្កើតកម្តៅដល់គល់នៃសរសៃសក់ ហើយធ្វើឲ្យវាចុះខ្សោយ ហើយងាយរងការខូចខាត។ សក់ត្រូវតែស្ងួតទាំងស្រុង មុននឹងប្រើប្រាស់ម៉ាស៊ីនកៀបផ្សេងៗ បើទោះជាអ្នករវល់យ៉ាងណាក៏ដោយ។ ៨ ប្រើប្រាស់ស្ព្រាយ៍បាញ់សក់ មុននឹងចាប់ម៉ូត តើលោកអ្នកធ្លាប់លឺសម្លេង«ឈីកឈីក» (ដូចពេលខ្លាញ់ស្រក់ចុះក្នុងភ្លើង ពេលអាំងសាច់) ដែរឬទេ? ជាតិអាល់កុលនៅក្នុងស្រ្ពាយ៍បាញ់សក់នឹងមានប្រតិកម្មដូចគ្នាជាមួយនឹងកម្តៅ។ ដូចនេះហើយ អ្នកត្រូវតែប្រើប្រាស់វា បន្ទាប់ពីកៀបសក់រួច។ ៩ ម៉ូតសក់ដែលត្រូវធ្វើការសាប់សក់ ដើម្បីកម្មវិធីជប់លៀងខ្លះ អ្នកប្រហែលជាធ្វើម៉ូតសក់ស្អាតៗប្លែកៗ ដែលតម្រូវឲ្យមានការសាប់សក់ ដើម្បីឲ្យមើលទៅប៉ោងស្អាត ឬក្រាស់។ ប៉ុន្តែការធ្វើបែបនេះញឹកញាប់ពេក  នឹងបំផ្លាញដល់ស្បែកក្បាលស្រទាប់ខាងលើ ហើយសក់ទៀតសោតក៏ប្រឈមនឹងការជ្រុះ និងខូចផងដែរ។ ១០ គិតថាអាចស្រោចស្រង់សក់ដែលបែកចុងបាន មិត្តនារីខ្លះប្រហែលជាគិតថាមានវិធីដែលអាចជួយស្រោចស្រង់សក់របស់ខ្លួនដែលបានបែកចុងរួចទៅហើយ តែវាមិនមែនជាការពិតទេ។ វិធីតែមួយគត់ដែលអាចដោះស្រាយបញ្ហានេះបាន គឺការបង្ការកុំឲ្យសក់របស់អ្នកបែកចុង តាមរយៈការចៀសវាងការកក់សក់ញឹកញាប់ពេក ការជូត ឬញីសក់ខ្លាំងៗពេក ប្រើប្រាស់ម៉ាស៊ីនកៀបមិនត្រឹមត្រូវ ជាដើម។ ម្យ៉ាងទៀតអ្នកក៏អាចធ្វើការកាត់សក់នោះចេញក៏បាន។ ដើម្បីបិទបាំងរូបភាពបែបចុងជាបណ្តោះអាសាន្ន អ្នកអាចប្រើប្រាស់ផលិតផលដែលមានផ្ទុកនូវក្រមួនឃ្មុំ ឬជាតិសេរ៉ូមដែលមានប្រេងargan ដើម្បីបន្ទន់សក់បែបចុងនោះ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ៖ នាងខ្ញុំ រស់នៅខេត្តបន្ទាយមានជ័យ។ ខ្ញុំតែងតែមានសាច់ដុះតូចៗច្រើននៅលើបរិវេណដងខ្លួនជាប្រចាំ។ តែសាច់ដុះនេះក៏ដាច់ទៅវិញដោយឯកឯងនៅពេលដែលខ្ញុំដុសសម្អាតខ្លួន ហើយក៏ដុះមកទៀតនៅកន្លែងដដែលឬកន្លែងផ្សេង។ តើនេះជាអាការៈនៃជំងឺធ្ងន់ធ្ងរណាមួយមែនឬទេ? មានវិធីអ្វីអាចកម្ចាត់បញ្ហានេះឬទេ? ចម្លើយ៖ ការដុះសាច់តូចៗនេះមាន២យ៉ាង៖ ទី១ គឺស្បែកដែលដុះមែនទែន (skin tags) និងទី២ជាស្បែកដែលកើតឡើងដោយវីរុសនៅពេលដែលយើងមានវ័យចាស់បន្តិច (Siberia Keratosis) ដែលមានស្នាមខ្មៅគ្រាប់នៅលើស្បែក។ ជាការពិតណាស់ សាច់ដែលដុះមកនេះនៅពេលដំបូង វាតែងតែដាច់ទៅវិញនៅពេលដែលយើងដុសជម្រះ ប៉ុន្តែវានឹងដុះមកវិញដោយសារតែកោសិកាដែលជ្រុះមកមិនបានអស់នោះទេ ហើយប្រសិនបើយើងចង់ឲ្យជ្រុះអស់នោះយើងមិនគួរដុសជម្រះតាមទម្លាប់តែមួយមុខនោះទេព្រោះវាអាចបណ្តាលឲ្យខូចដល់កោសិកាស្បែកដែលល្អ និងបង្កឲ្យយើងមានជំងឺស្បែកមួយហៅថាក្រាស់-ក្រិន ឬ អាលែ្លកហ្ស៊ី ឬតាអក។  បើបញ្ហានេះបង្កជាការលំបាកដល់សោភណភាព ប្អូនគួរតែស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ ចៀសវាងការប្រើទម្លាប់ដុសជម្រះដែលអាចឲ្យខូចស្បែកធម្មតា។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើការឡើងជាតិលឿងនៅលើស្បែក និង ភ្នែក (Ictère ) អាចជាបញ្ហាសុខភាពដែរឬទេ ហើយវាសុទ្ធតែបណ្តាលមកពីជម្ងឺថ្លើមទាំងអស់មែនទេ ? ជំងឺខាន់លឿង ជាការលេចចេញនូវពណ៌លឿងតាមស្បែក និងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរុយប៊ីនក្នុងឈាម (Biliubine) ដែលជាធម្មតា យើងមិនអាចមាននូវសញ្ញានេះកើតឡើងបាននោះឡើយសំរាប់មនុស្សដែលមានសុខភាពប្រក្រតី ។ 1/. មូលហេតុនៃការកើតជំងឺខាន់លឿងនេះគឺអាចបណ្តាលមកពីមូលហេតុចំបងធំ២គឺ ៖  - ទី១ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនបំលែងរួចក្នុងថ្លើម (Ictère à Bilirunbine Conjuguée ) ដោយសារ  •ការរលាកថ្លើម ឫក្រិនថ្លើម  •គ្រួសក្នុងថង់ទឹកប្រមាត់  •ការរលាកលំពែករ៉ាំរៃ  •ការរលាកផ្លូវទឹកប្រមាត់រ៉ាំរៃ  •មហារីក (ថ្លើម លំពែង និងផ្លូវទឹកប្រមាត់ជាដើម ល)  •និង ការស្ទះនូវផ្លូវទឹកប្រមាត់ដោយមានឧបសគ្គផ្សេងទៀតផងដែរ ។  - ទី២ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនមិនទាន់បំលែងរួចក្នុងថ្លើម (Ictère à Bilirunbine non Conjuguée ) ដោយសារ ការបែកគ្រាប់ឈាមក្រហមដោយជម្ងឺផ្សេងៗ (ជំងឺបែកគ្រាប់ឈាមក្រហម Thalassemia, គ្រុនចាញ់ ....។ល។) ។ 2/. រោគសញ្ញារួមមាន ៖  - ការឡើងលឿងតាមស្បែក និងភ្នែក  - រមាស់លើស្បែក  - លាមកពណ៌ស  - ទឹកនោមលឿងចាស់  - រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតទៅតាមមូលហេតុផ្សេងៗដូចជា  •ឈឺចុងដង្ហើម ឫផ្នែកខាងក្រោយឆ្អឹងជំនឺខាងស្តាំ  •ស្ទាបប៉ះដុំពោះ  •ថ្លើមរីក  •ក្តៅខ្លួន  •ស្លេកស្លាំង និងរោគសញ្ញាផ្សេងៗជាច្រើនទៀតផងដែរ ។ 3/ . ការធ្វើរោគវិនិច្ឆ័យ ៖  រោគវិនិច្ឆ័យពឹងផ្អែកទៅលើការសាកសួរពីប្រវត្តិជំងឺរបស់អ្នកជំងឺផ្ទាល់ និងក្រុមគ្រួសាររួមទាំងការពិនិត្យ ទៅលើរោគសញ្ញារាងកាយដែលបានរៀបរាប់ដូចខាងលើ ។ ជាក់ស្តែងការកើតលឿងតំរូវអោយយើងមើលឈាមមួយចំនួនដូចជា ៖ គ្រាប់ឈាម, ប៊ីលីរុយប៊ីន, កំណកឈាម (TP, TCA), មុខងារថ្លើម, មេរោគថ្លើម A, B, C និង ពិនិត្យឈាមផ្សេងៗមួយចំនួនទៀត ទៅតាមរោគសញ្ញាដែលសង្ស័យ ។ វាចាំបាច់តំរូវអោយមានការធ្វើអេកូពោះ និង អាចឈានទៅដល់ការធ្វើស៊ីធីស្កែន រឺIRM ព្រមទាំងការឆ្លុះរកគ្រួសទឹកប្រម៉ាត់តាមផ្លូវលំពែង (CPRE) ។ 4/. ការព្យាបាល ៖  ការព្យាបាលមានលក្ខណៈខុសគ្នាពីមូលហេតុមួយទៅមូលហេតុមួយផ្សេងទៀតដែលរួមមាន ការប្រើប្រាស់ថ្នាំគ្រាប់ ការឆ្លុះចាប់គ្រួស ការវះកាត់ផ្សេងៗទៅតាមមូលហេតុដែលបង្កជំងឺ ។ ការកើតលឿងគឺជារោគសញ្ញាមួយនៃជំងឺផ្សេងៗជាច្រើន ដែលតំរូវអោយមានការសាកសួរដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីឈានទៅដល់ការព្យាបាលដែលប្រកបទៅដោយគុណភាព និង ប្រសិទ្ធភាព ហើយក៏ដូចជាការព្យាបាលនូវមូលហេតុដែលជាឫសគុលនៃជម្ងឺនេះផងដែរ ។ * គួរចងចាំដែរថាបង ប្អូន មិនគួរសាកល្បងធ្វើការព្យាបាល ឫ ប្រើប្រាស់ថ្នាំបុរាណ ក៏ដូចជាថ្នាំពេទ្យផ្សេងៗផ្ដេសផ្ដាសដោយគ្មានវេជ្ជបញ្ជារពីវេជ្ជបណ្ឌិតជំនាញនោះឡើយ  ពីព្រោះវាអាចបង្ករផលវិបាកធ្ងន់ធ្ងរជាច្រើនដល់មុខងាររបស់ថ្លើម និង ពិបាកក្នុងការព្យាបាល និង ជួយសង្គ្រោះអ្នកជំងឺផងដែរ ។ ដូចបានការអធិប្បាយរួចខាងលើនេះ ប្រសិនបើបង ប្អូន ពូ មីង លោកតា លោកយាយ ទាំងអស់គ្នាពិតជាមានបញ្ហាដូចនេះមែន  គួរគប្បីយកចិត្តទុកដាក់ និង ជួបជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញ ដើម្បីទទួលបាននូវការពិគ្រោះ ពិនិត្យ និង ព្យាបាលបានត្រឹមត្រូវតាមបញ្ចេកទេសវេជ្ជសាស្រ្ត 100%។ គ្លីនិក អេគីប ឯកទេសជម្ងឺក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត  អាស័យដ្ធាន​​​ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់​​ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ យើងខ្ញុំនិងរង់ចាំទទួលស្វាគមន៍ និង ព្យាបាលពុកម៉ែបងប្អូនទាំងអស់គ្នាយ៉ាងរួសរាយរាក់ទាក់​​ ។ ទំនាក់ទំនងមកកាន់យើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម : Tel : 066/ 070/ 017 55  3317 សូមអគុណ

ចែករំលែក

ស្បែកស្អាត ហើយមានសុខភាពល្អ មិនត្រឹមតែបានមកពីការថែរក្សានោះទេ គ្រប់យ៉ាងជុំវិញខ្លួនអ្នក រួមទាំងខ្លួនអ្នកផ្ទាល់សុទ្ធតែជាកត្តាមានឥទ្ធិពលដល់ស្បែក។ តែថា តើកត្តាទាំងនោះមានអ្វីខ្លះ? ផ្តល់នូវផលល្អ ឬអាក្រក់ដល់សុខភាពស្បែក? ហើយតើយើងគួរធ្វើបែបណាចំពោះវា? ពន្លឺព្រះអាទិត្យ ល្អ៖ យើងមិនគួរព្យាយាមគេចវេសពីការប៉ះជាមួយនឹងពន្លឺព្រះអាទិត្យទាំងស្រុងនោះទេដោយហេតុថាវាអាចជួយជម្រុញការផលិតវីតាមីនD និងគ្រប់គ្រងជំងឺសើស្បែករ៉ាំរ៉ៃមួយចំនួន។ អាក្រក់៖ ប្រសិនបើអ្នកប៉ះផ្ទាល់ជាមួយនឹងពន្លឺព្រះអាទិត្យលើសកម្រិតពិសេសក្នុងពេលដែលពន្លឺមានដង់ស៊ីតេខ្ពស់  ចន្លោះម៉ោង១១ព្រឹកដល់ម៉ោង៣រសៀល  អាចធ្វើឲ្យប៉ះពាល់DNAនៃកោសិកាស្បែក ជាមូលហេតុចម្បងដែលធ្វើឲ្យស្បែករលាក   ខូចខាតកូឡាជែន ស្បែកឆាប់ចាស់ជាងវ័យ និងមានចំនុចខ្មៅ ហើយសំខាន់បំផុត វាអាចបណ្តាលឲ្យមានមហារីកស្បែកថែមទៀត។ ហេតុដូចនេះ គួរចៀសវាងការប៉ះពាល់ផ្ទាល់ជាមួយកម្តៅថ្ងៃក្នុងដង់ស៊ីតេខ្ពស់  ប្រើឡេការពារកម្តៅថ្ងៃ និងសម្លៀកបំពាក់វែងៗ។   បរិយាកាស និងបរិស្ថាន អាក្រក់៖ ចំពោះបរិយាកាសកខ្វក់ ផ្ទុកនូវធូលីដី អាចបិទរន្ធញើស  និងធ្វើឲ្យកើនឡើងនូវការលូតលាស់របស់បាក់តេរី ដែលជាមូលហេតុចម្បងធ្វើឲ្យកើតមុន និងស្នាមអុជខ្មៅ។  ម៉្យាង ការបំពុលដោយសារធាតុគីមីដែលមើលមិនឃើញក្នុងខ្យល់     អាចបង្អាក់ប្រព័ន្ធការពារធម្មជាតិរបស់ស្បែក    ដោយបំផ្លាញប្រេងធម្មជាតិដែលជួយផ្តល់សំណើមដល់ស្បែក និងធ្វើឲ្យស្បែកទន់។   ដោយឡែក ចំពោះអាកាសធាតុត្រជាក់ តែងធ្វើឲ្យស្បែកប្រឈមជាមួយនឹងការកើតរមាស់ ស្ងួត ជាហេតុបង្កើននូវការផលិតជាតិប្រេងលើស្បែក ដើម្បីទប់ទល់នឹងបញ្ហាស្បែកស្ងួតនោះ។ ការប្រើប្រាស់ឡេផ្តល់សំណើមដល់ស្បែក និងញ៉ាំទឹកឲ្យបានច្រើនអាចកាត់បន្ថយបញ្ហានេះបានមួយកម្រិតធំ។   របបអាហារ ល្អ៖ ចំណីអាហារដែលអ្នកញ៉ាំរាល់ថ្ងៃពិតជាសំខាន់ និងមិនត្រូវមើលរំលង ពិសេសគឺត្រូវតែគ្រប់គ្រាន់ទាំងបរិមាណ   និងគុណភាព ហើយសម្បូរដោយវីតាមីន សារធាតុរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រភេទអាហារមានពណ៌មួយចំនួន ដែលវាអាចជួយកាត់បន្ថយភាពភាពចាស់ជ្រីវជ្រួញនៃស្បែក។ អាក្រក់៖ ផ្ទុយមកវិញ ប្រសិនបើរបបអាហាររបស់អ្នកមិនមានសារធាតុខាងលើគ្រប់គ្រាន់ទេនោះ វានឹងធ្វើឲ្យស្បែកឆាប់ចាស់ជាងវ័យ។   ការជក់បារី អាក្រក់៖ ដោយសារនៅក្នុងបារីមានផ្ទុកនូវសារធាតុគ្រោះថ្នាក់ជាច្រើនធ្វើឲ្យការផ្គត់ផ្គង់អុកស៊ីហ្សែនទៅកាន់ស្បែកមិនបានគ្រប់គ្រាន់បន្ថយការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំលើស្បែក ជាពិសេសបំផ្លាញកូឡាជែន ធ្វើឲ្យស្បែកខូចខាត  និងងាយមានជំងឺសើស្បែកផងដែរ។ ដូចនេះ ជម្រើសល្អបំផុត គឺកាត់បន្ថយ ឬបញ្ឈប់ការជក់បារីតែម្តង។   ជាតិអាល់កុល អាក្រក់៖ ការញ៉ាំសារធាតុអាល់កុលច្រើនកាលណា នឹងធ្វើឲ្យអ្នកខ្សោះជាតិទឹកច្រើនកាលនោះ។ ការថយចុះនូវបរិមាណជាតិទឹកពីក្នុងខ្លួន  បង្កឲ្យស្បែកកាត់បន្ថយសំណើមធម្មជាតិបង្កើតជាស្នាមជ្រួញលើស្បែក ជាហេតុធ្វើឲ្យអ្នកចាស់ជាងវ័យ។ ដូចនេះអ្នកត្រូវបញ្ឈប់ការញ៉ាំអាល់កុល ដើម្បីឲ្យស្បែកអ្នកមានសុខភាពល្អ។   ស្ត្រេស អាក្រក់៖ ស្រេ្តសអាចនឹងបង្ហាញឡើងតាមរយៈស្បែករបស់អ្នកក្រោមរូបភាពជា មុន និងជំងឺសើស្បែកមួយចំនួន ព្រោះនៅពេលស្ត្រេស រាងកាយរបស់អ្នកនឹងបញ្ចេញអ័រម៉ូនcortisol ទទួលខុសត្រូវក្នុងការបង្កើនការផលិតប្រេងក្នុងស្បែក។  ត្រូវចាំថាគ្មានផលិតផលថែរក្សាសម្រស់ណាដូចនឹងការដែលអ្នកមានអារម្មណ៍ផ្លូវចិត្តល្អនោះទេ។   អាយុច្រើន អាក្រក់៖ អាយុកាន់តែច្រើន ស្បែករបស់អ្នកនឹងកាន់តែកាត់បន្ថយការផលិតប្រូតេអ៊ីន២ប្រភេទសំខាន់  គឺកូឡាជែន   ដែលមាននាទីជួយការពារភាពចាស់ជ្រីវជ្រួញនៃស្បែក និងអេឡាស្ទីន ទទួលខុសត្រូវក្នុងការរក្សាភាពយឺតនៃស្បែក។   អ័រម៉ូន ល្អ៖ អឺស្ត្រូសែន ជាអ័រម៉ូនដែលអាចជួយឲ្យស្បែកស្រស់ស្អាតដោយវាមាននាទីជម្រុញការផលិតកូឡាជែន ដែលធ្វើឲ្យស្បែកមានភាពហាប់ណែន មានសំណើម និងទន់រលោង។ អាក្រក់៖ ករណីមានបម្រែបម្រួលថយចុះអឺស្ត្រូសែន បណ្តាលឲ្យមានការបង្កើនបរិមាណតេសស្តូស្តេរ៉ូន   ជាលទ្ធផល ធ្វើឲ្យរន្ធញើសរីកធំ បង្កើនការផលិតប្រេង និងរោមនៅលើមុខរបស់អ្នក។ អ្នកប្រហែលជាបាន និងកំពុងប្រឈមយ៉ាងហោចណាស់ក៏មួយចំណុចដែរ មែនទេ? អញ្ចឹង ជាពេលដែលអ្នកត្រូវរកដំណោះស្រាយកុំឲ្យកត្តាទាំងនោះជាហេតុធ្វើឲ្យស្បែកអ្នកមានបញ្ហាបន្តទៀតហើយ… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

   កង្វល់នៃមនុស្សសម័យថ្មីច្រើនតែជាបញ្ហាឡើងទម្ងន់ ក៏ដូចជាបរិមាណខ្លាញ់លើសកម្រិតនៅក្នុងសារពាង្គកាយ ហើយក៏ប្រហែលជាមើលរំលងពីកម្រិតជាតិខ្លាញ់នៅលើមុខរបស់ខ្លួន។ ប៉ុន្តែតើអ្នកដឹងទេថា វាអាចនឹងធ្វើឲ្យបាត់បង់នូវសោភ័ណភាពនៃមុខមាត់របស់អ្នក និងកាត់បន្ថយនូវមន្តស្នេហ៍ទាក់ទាញរបស់រូបអ្នកផងដែរ? អ្វីដែលមនុស្សជាទូទៅដឹងនោះ គឺថាយោគៈអាចនឹងជួយឲ្យសាច់ដុំក្បាលពោះរបស់អ្នកថយចុះ ឬក៏សម្រកទម្ងន់ ហើយនៅក្នុងអត្ថបទនេះ ហេលស៍ថាម នឹងបង្ហាញជូនលោកអ្នកនូវចលនាយោគៈលើមុខដែលលោកអ្នកគួរអនុវត្ត ដើម្បីទទួលបានទម្រង់មុខជាទីគាប់ចិត្ត៖ យោគៈកាត់បន្ថយមុខប៉ោង •បិទមាត់ឲ្យជិត ដោយឲ្យបបូរមាត់លើជាប់ជាមួយនឹងបបូរមាត់ក្រោម •ផ្លុំខ្យល់តាមក្រោមបបូរមាត់ខាងលើ ហើយស្ថិតនៅបែបនេះប្រមាណ១០វិនាទី •ផ្ទេរខ្យល់ទៅថ្ពាល់ខាងឆ្វេង ហើយស្ថិតនៅបែបនេះប្រមាណ១០វិនាទីទៀត •ផ្ទេរខ្យល់ទៅថ្ពាល់ខាងស្តាំវិញ ហើយស្ថិតនៅបែបនេះប្រមាណ១០វិនាទី •ធ្វើបែបនេះ ប្រមាណ១០-១៥ដង យោគៈឲ្យសាច់ដុំមុខហាប់ណែន និងបន្ថយជាតិខ្លាញ់លើមុខ ◊វិធីទី១ •ដកដង្ហើមចូលឲ្យវែងតាមមាត់ ហើយបំពេញវាដោយខ្យល់ •បិទមាត់ភ្លាមៗ ហើយផ្ទេរខ្យល់ពីថ្ពាល់ម្ខាង ទៅថ្ពាល់ម្ខាងទៀត (ធ្វើឲ្យដូចជាអ្នកកំពុងខ្ពុរមាត់ក្នុងទឹក) •ធ្វើបែបនេះប្រមាណ១៥ដង ◊វិធីទី២ •ច្បូញមាត់ចូលក្នុង ហើយក្របួចមាត់ •ស្ថិតនៅបែបនេះ ហើយព្យាយាមញញឹមបែបនេះឲ្យបាន៥វិនាទី •ធ្វើឡើងវិញឲ្យបានប្រហែល១០ដង យោគៈបំបាត់ចង្កាបឿ  (ចង្កាពីរជាន់) •ផ្អៀងក្បាលទៅលើ ហើយព្យាយាមសម្លឹងមើលឡើងលើ •ទាញបបូរមាត់ចូលគ្នាឲ្យតឹង •នៅបែបនេះប្រមាណ១០វិនាទី ហើយសម្រាក •ធ្វើបែបនេះឲ្យបាន១០ដង យោគៈបន្តឹងស្បែកមុខ •ដកដង្ហើមចូលតាមច្រមុះ •ក្តាប់ដៃឲ្យតឹង ហើយច្របាច់សាច់ដុំមុខរបស់អ្នក •ដកដង្ហើមចេញតាមមាត់ ដោយលាអណ្តាតចេញក្រៅឲ្យខ្លាំងតាមដែលអាចធ្វើបាន ព្រមទាំងបើកភ្នែកឲ្យធំខ្លាំងដូចគ្នា ហើយក៏ពន្លាដៃរបស់អ្នកផងដែរ •ស្ថិតនៅបែបនេះប្រមាណ១០វិនាទី ហើយសឹមសម្រាក •ធ្វើឡើងវិញ៣ដង យោគៈឲ្យមើលទៅមុខក្មេងជាងវ័យ •ធ្វើចលនាបបូរមាត់លើ •ទាញវាឡើងលើឲ្យដល់ជិតច្រមុះតាមដែលអាចធ្វើបាន •រក្សាលំនឹងនេះឲ្យបាន១៥វិនាទី •ធ្វើឡើងវិញ៥ដង យោគៈជួយឲ្យឆ្អឹងថ្ពាល់ខ្ពស់ជាងមុន •ចាប់ផ្តើមដោយធ្វើចលនាថ្គាម ឲ្យដូចជាអ្នកកំពុងតែទំពារអ្វីម្យ៉ាង •ត្រូវប្រាកដថាបបូរមាត់របស់អ្នកត្រូវបានបិទ •ដកដង្ហើមចូលឲ្យវែង ហើយដកដង្ហើមយឺតៗពេលដកដង្ហើមចេញមកវិញ •បើកមាត់ឲ្យធំ ហើយដាក់អណ្តាតឲ្យទល់ជាមួយនឹងធ្មេញខាងក្រោម •ធ្វើបែបនេះប្រមាណ៥វិនាទី •ធ្វើឡើងវិញ១០ដង យោគៈឲ្យសាច់ដុំបបូរមាត់ហាប់ណែន •ផ្លុំខ្យល់ចេញក្រៅតាមមាត់ •ធ្វើឡើងវិញចំនួន៤ដង •ដាក់ម្រាមដៃចង្អុល និងម្រាមដៃកណ្តាលទន្ទឹមគ្នា ហើយដាក់សង្កត់នៅលើបបូរមាត់ •ធ្វើឡើងវិញចំនួន៤ដង ប្រសិនបើអ្នកប្រាថ្នាចង់បានមុខស្លីម លោកអ្នកអាចធ្វើការសាកល្បងនូវចលនាយោគៈដែលបានណែនាំខាងលើនេះសាកលមើល ថាតើវាអាចនឹងមានប្រសិទ្ធភាពឬទេ? ប្រសិនបើមាន តើបានដល់កម្រិតណា?  វិធីងាយៗមិនចំណាយប្រាក់ច្រើន ហើយមានសុវត្ថិភាពបែបនេះ មិនសាក ធ្វើម៉េចនឹងដឹងលទ្ធផលទៅ? ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

  នៅពេលដែលនិយាយដល់ Collagen តើអ្នកនឹងគិតដល់អ្វីមុនគេ? ជាការពិតណាស់ បញ្ហាទាក់ទងសម្រស់នឹងលេចឡើងមកមុនគេ ប៉ុន្តែអ្នកមានដឹងដែរទេថាជាក់ស្តែងការប្រើប្រាស់សារធាតុកូឡាជែនក្រោមរូបភាពផ្សេងៗគ្នាក្នុងគោលបំណងរក្សាសុខភាពមានលើសពីនេះសន្ធឹកសន្ធាប់  ស្របពេលដែលមានការមន្ទិលសង្ស័យមួយចំនួនទាក់ទងនឹងប្រសិទ្ធភាពក៏ដូចជាសុវត្ថិភាពរបស់សារធាតុនេះផងដែរ។   តើអ្វីទៅជាកូឡាជែន(collagen)? Collagen ជាប្រូតេអ៊ីនដ៏សម្បូរម្យ៉ាងដែលមានលក្ខណៈរឹងមិនរលាយ និងរាងជាសរសៃៗ ដែលត្រូវបានផលិតក្នុងរាងកាយរបស់មនុស្សស្រាប់ ដោយកោសិកាមួយចំនួនពិសេសគឺកោសិកាហ្វីប្រូប្លាស (fibroblast) នៃជាលិកាភា្ជប់ (connectivetissue) ឆ្អឹងសាច់ដុំ ស្បែក សរសៃពួរជាដើម។   វាក៏ជាធាតុផ្សំដ៏សំខាន់របស់សក់ និងក្រចកផងដែរ។ វាត្រូវបានផ្សំឡើងពីអាស៊ីតអាមីនេចម្បង៣ គឺគ្លីស៊ីន(Glycine) ប្រូលីន(Proline) និងអ៊ីត្រូស៊ីប្រូលីន (Hydroxyproline)។  រីឯបំណែករបស់collagen ហៅថា gelatin មានតួនាទីមិនខុសពី collagen ឡើយ។   តើ Collagen មានប្រសិទ្ធភាពយ៉ាងណាខ្លះ? Collagen មាននាទីប្រៀបដូចជាអ្នកទ្រទ្រង់នូវរចនាសម្ព័ន្ធនានានៃសរីរាង្គឲ្យមានភាពរឹងមាំដោយវាធ្វើការភ្ជាប់ជាមួយគ្នាផងដែរនូវសរីរាង្គទាំងអស់នៃរាងកាយទាំងមូល។  លើសពីនេះ Collagen ក៏ត្រូវបានដឹងផងដែរថាអាចជួយជំនួសកោសិកាដែលងាប់ក៏ដូចជាជួសជុលឡើងវិញនូវជាលិកាដែលខូចខាតព្រមទាំងការពារការស្រូបយក និងការរីករាលដាលនៃសារធាតុដែលអាចបង្កជំងឺ មេរោគ និងកោសិកាមហារីកបានទៀតផង។ ដូចនេះហើយបានជា Collagen ត្រូវបាននិយមយកមកប្រើប្រាស់ក្នុងរូបភាពវេជ្ជសាស្ត្រ  និងគ្រឿងសម្អាងយ៉ាងទូលំទូលាយ៖   ១.ប្រើជាបង់សម្រាប់បិទរបួស ជាមួយនឹងឥទ្ធិពលក្នុងការធ្វើឲ្យរបួសឆាប់ជាសះស្បើយ Collagen ក៏ទាក់ទាញផងដែរនូវកោសិកាថ្មីៗឲ្យមកកាន់ទីតាំងរបួសដោយវាបង្កើតជាទម្រង់មួយសម្រាប់កោសិកាថ្មីៗអាចលូតលាស់បានល្អ និងជម្រុញឲ្យមុខរបួសឆាប់ជា។ គួរកត់សម្គាល់ថាបង់ប្រភេទនេះ មិនគួរជ្រើសរើសប្រើប្រាស់សម្រាប់ការរលាកកម្រិតធ្ងន់ដែលមានដំបៅគ្របដណ្តប់ដោយក្រម៉ស្ងួត ឬក៏អ្នកជំងឺដែលមានប្រតិកម្មជាមួយនឹងផលិតផលពីសត្វគោ ឬសត្វសមុទ្រឡើយ។   ២.ប្រើប្រាស់ក្នុងវិស័យកែសម្ផស្ស ការចាក់បំពេញសារធាតុ Collagen ទៅក្នុងស្បែកត្រូវបានធ្វើឡើងដើម្បីធ្វើឲ្យប្រសើរឡើងនៅត្រង់បរិវេណស្បែកដែលជ្រីវជ្រួញ ក៏ដូចជាសម្លាកផ្សេងៗផងដែរពិសេសគឺប្រហោងមុខដោយសារមុនជាដើម។គួរបញ្ជាក់ផងដែរថា Collagenនឹងត្រូវបានចាក់បំពេញតែតំបន់ស្បែកផ្នែកខាងលើប៉ុណ្ណោះ និងអាចរក្សាប្រសិទ្ធភាពបានរយៈពេលរហូតដល់ទៅ៦ខែ។ ចំពោះការខូចខាតនៃស្បែកនៅជ្រៅច្រើនបំពេញដោយសារធាតុខ្លាញ់ស៊ីលីកូនឬក៏ប្រើប្រាស់បច្ចេកវិទ្យាអ៊ីមផ្លានតែម្តង។ យ៉ាងណាមិញ ការជ្រើសរើសប្រើប្រាស់នូវវិធីសាស្ត្រនេះត្រូវបានប្រុងប្រយ័ត្នខ្លាំងចំពោះអ្នកដែលមានប្រតិកម្ម ឬក៏អាល្លែកហ្ស៊ីជាមួយសារធាតុណាមួយ និងតម្រូវឲ្យមានការធ្វើតេស្តលើស្បែកជាមុនជាចាំបាច់។ ដោយឡែក ការបង្កើនកម្រិត Collagen ក្នុងខ្លួនឡើងវិញដោយការប្រើប្រាស់ Collagen ក្នុងទម្រង់ផ្សេងៗទៀតក៏អាចជួយឲ្យស្បែកមើលទៅមានសភាពតឹងណែន រលោង និងជួយឲ្យកោសិកាថ្មីៗដុះព្រមទាំងជួសជុលនូវកោសិកាចាស់ៗមកធម្មតាទៀតផង។ ក្រៅពីនោះ សុខភាពសក់ក្រចកនិងធ្មេញក៏នឹងប្រសើរឡើង ដោយឥទ្ធិពលនៃCollagen នេះដូចគ្នា។   ៣.វិធីសាស្ត្រតម្រង់ទិសនៃការកកើតថ្មីរបស់កោសិកា(GTR) ក្នុងការវះកាត់មាត់ធ្មេញ, Collagen ដែលមានទម្រង់ជាស្រទាប់របាំង (membrane) ត្រូវបានប្រើក្នុងគោលបំណងជម្រុញការលូតលាស់របស់កោសិកាជាក់លាក់ណាមួយដោយវាក្លាយជារបាំងសម្រាប់បន្ថយល្បឿននៃកោសិកាអេប៉ីតេល្យូម(Epithelium) របស់អញ្ចាញដែលអាចរំកិលទៅដល់ត្រង់មុខរបួសនោះដើម្បីទុកចន្លោះសម្រាប់កោសិកាថ្មីៗ របស់ធ្មេញឲ្យដុះឡើងវិញបានល្អ។ ម្យ៉ាងទៀត ដោយសារ Collagen អាចស្រូបទៅវិញដោយកោសិកា និងត្រូវបានបំផ្លាញទៅវិញដោយឯកឯងដូចនេះអ្នកជំងឺមិនចាំបាច់តម្រូវឲ្យទទួលយកការវះកាត់ម្តងទៀត ដើម្បីដករបាំងCollagen នេះចេញវិញឡើយ។   ៤.Collagen ក្នុងការព្យាបាលរលាកសន្លាក់ឆ្អឹង ដោយយោងទៅលើប្រសិទ្ធភាពក្នុងការកាត់បន្ថយការឈឺចាប់ Collagen ត្រូវបានជ្រើសរើសមកប្រើប្រាស់ក្នុងជំងឺរលាកសន្លាក់ឆ្អឹង។ ប្រសិទ្ធភាពនេះបានមកដោយសារ Collagen ដែលប្រមូលផ្តុំនៅក្នុងឆ្អឹងខ្ចីទៅជួយភ្ញោចកោសិកាដែលនៅក្នុងសន្លាក់ហៅថា Chondrocytes ឲ្យផលិតសារធាតុដែលស្ថិតនៅក្រៅកោសិកា (Extracellular matrix) ដែលធានាមុខងាររបស់ឆ្អឹងខ្ចី។ ដោយឡែក ត្រង់តំបន់សន្លាក់ឆ្អឹងនេះផ្ទាល់ ប្រសិនបើមានកង្វះ Collagen កើតឡើងនឹងធ្វើឲ្យសរសៃពួរក៏ដូចជាសរសៃភា្ជប់ធ្វើចលនាមិនសូវស្រួលនាំឲ្យមានភាពគាំងនិងហើមសន្លាក់និងបញ្ហាដទៃទៀត។   ៥.ជម្រុញមេតាបូលីស និងបង្កើនថាមពល គ្លីស៊ីន (Glycine) ដែលមានក្នុង collagen នឹងជួយក្នុងការស្រូបយកស្ករចូលទៅក្នុងកោសិកា ដើម្បីធ្វើការផលិតថាមពល។ មិនតែប៉ុណ្ណោះ វាក៏ជួយក្នុងការកសាងសាច់ដុំផងដែរដោយវាទៅដុតរំលាយកាឡូរីច្រើនជាងខ្លាញ់នៅក្នុងសាច់ដុំ។   ៦.បណ្តេញជាតិពុលនៅក្នុងខ្លួន គ្លីស៊ីន (Glycine) នឹងទៅកាត់បន្ថយការខូចខាតនៃថ្លើមដោយវាធ្វើការបឺតស្រូបសារធាតុខាងក្រៅផ្សេងៗមិនឲ្យឆ្លងកាត់ថ្លើម។ លើសពីនោះ វាក៏ជួយឲ្យរាងកាយចៀសផុតពីសារធាតុគីមីជាច្រើន  និងកសាងឡើងវិញនូវសុខភាពផ្លូវអាហារផងដែរ។   តើអ្នកអាចបាន Collagen ដោយរបៀបណា? •ការលូតលាស់នៃ Collagen, elastin និងMelanin សុទ្ធតែអាចភ្ញោចតាមរយៈការព្យាបាល ដោយកាំរស្មីឡាស៊ែរដែលប្រើប្រាស់នូវបច្ចេកវិទ្យានៃពន្លឺដែលមានកម្រិតរលកខ្លាំង។ វិធីសាស្ត្រមួយនេះត្រូវបានប្រើប្រាស់ក្នុងការព្យាបាលស្នាមសង្វារ។ •សារធាតុចិញ្ចឹមមួយចំនូនទៀតដែលអាចទ្រទ្រង់ការផលិត ឬស្រូបយកព្រមទាំងបំលែង Collagenឲ្យប្រើការបានរួមមាន៖ •Proline ដែលច្រើនមាននៅក្នុងស៊ុតផ្នែកស សាច់ ឈីស សណ្តែក និងស្ពៃក្តោប •Anthocyanidins ដែលមាននៅក្នុងផ្លែឈើមួយចំនួនដូចជាប្លេកប៊ែរី ប្លូប៊ែរី ឆៀរី និងរ៉ាស់ប៊ែរី •Vitamin C អាចរកបាននៅក្នុងផ្លែក្រូច ស្ត្រូប៊ែរី ម្រេចនិង ផ្កាស្ពៃ •Vitamin A សម្បូរនៅក្នុងអាហារធ្វើពីសាច់សត្វនិង រុក្ខជាតិមួយចំនួនដែលមានផ្ទុក betacarotene •Copper ដែលមាននៅក្នុងខ្យង គ្រាប់ធញ្ញជាតិ សាច់ពណ៌ក្រហម និងនៅក្នុងទឹករ៉ែសម្រាប់បរិភោគមួយចំនួនផងដែរ។   តើ collagen នឹងត្រូវបំផ្លាញឬបាត់បង់នៅពេលណា? ខណៈពេលដែល collagen ត្រូវបានសំយោគនៅក្នុងរាងកាយរបស់មនុស្សដោយធម្មជាតិ វាក៏អាចនឹងបាត់បង់ទៅវិញផងដែរដោយកត្តាទាំងក្នុង និងក្រៅខ្លួនជាច្រើនរួមមាន៖ •វ័យ ការបាត់បង់នៃ Collagen នឹងកើតមានជាបន្តបន្ទាប់ និងកើនឡើងជាពិសេសចាប់ពីអាយុ៤០ ឆ្នាំឡើងទៅហើយចំពោះស្ត្រីក្រោយវ័យអស់រដូវវិញការបាត់បង់របស់វាជាលទ្ធផលធ្វើឲ្យមានបញ្ហាសុខភាពក៏ដូចជាសម្រស់យ៉ាងគួរឲ្យកត់សម្គាល់ដូចជា ស្បែកយារធ្លាក់ លេចឡើងនូវស្នាមជ្រីវជ្រួញ និងភាពចុះទន់ខ្សោយនៃឆ្អឹងខ្ចីនៅនឹងសន្លាក់ផងដែរ។ •ពេលមានបញ្ហាសុខភាពណាមួយ ឬមានភាពតានតឹងអារម្មណ៍   អំឡុងពេលនេះមិនត្រឹមតែមានការខូចខាតCollagenទេខ្លួនប្រាណរបស់អ្នកក៏មិនអាចផលិតគ្រប់គ្រាន់នូវអាស៊ីតអាមីនេដោយខ្លួនឯងបានឡើយហើយលើសពីនេះតម្រូវការនៃសារធាតុសំខាន់ៗទាំងនេះក៏មានការកើនឡើងផងដែរដូចនេះជំនួយពីអាហារបំប៉នពីក្រៅពិតជាសំខាន់។ •ការបរិភោគស្ករក្នុងបរិមាណខ្ពស់ អាហារមានកម្រិតជាតិស្ករខ្ពស់អាចបង្កើតឲ្យមានចលនាការមួយដែលស្ករនៅក្នុងឈាមទៅភ្ជាប់ជាមួយប្រូតេអ៊ីនបង្កើតជាផលិតផលថ្មីមួយដែលទៅបំផ្លាញ ប្រូតេអ៊ីនដែលនៅជិតៗដែលក្នុងនោះក៏រួមមានទាំង Collagen ផងដែរជាហេតុធ្វើឲ្យវាមានសភាពស្ងួត ទន់ខ្សោយ និងផុយស្រួយងាយនឹងខូចខាត។ •ការជក់បារី សារធាតុគីមីដែលមាននៅក្នុង បារីអាចទៅបំផ្លាញទាំង Collagenនិង Elastin រីឯសាធាតុនីកូទីនក៏ជះឥទ្ធិពលដល់សរសៃឈាមដែលធ្វើការនាំសារធាតុចិញ្ចឹមនិងអុកស៊ីសែនទៅកោសិកាផងដែរ។ •ពន្លឺព្រះអាទិត្យ កាំរស្មីស្វាយអុលត្រាពីព្រះអាទិត្យ អាចធ្វើឲ្យ Collagen បាក់បែកហើយ ថែមទាំងអាចធ្វើឲ្យមានការកកើតនៃ Elastin ជាមួយនឹងលក្ខណៈខុសប្រក្រតីដែលជម្រុញឲ្យមានការផលិតអង់ស៊ីមទៅបំផ្លាញ collagen បន្ថែមទៀត។ •ភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ (ការប្រឆាំងនឹងខ្លួនឯង) ករណីខ្លះនៃភាពមិនធម្មតានៃប្រ-ព័ន្ធភាពស៊ាំ គឺធ្វើឲ្យមានការផលិតអង់ទីករដែលប្រឆាំងផ្ទាល់ នឹងប្រូតេអ៊ីនរបស់ខ្លួនឯងផ្ទាល់ក៏អាចរួមមានទាំង Collagen ផងដែរ។   ការប្រើប្រាស់ Collagen ពីផលិតផលខាងក្រៅអាចមានផលរំខានអ្វីខ្លះ? •ការកើនឡើងខ្ពស់នូវកម្រិតកាល់ស្យូមនៅក្នុងខ្លួន ជាពិសេសសម្រាប់  Collagen ដែលមានប្រភពពីឆ្អឹងខ្ចីរបស់ត្រីឆ្លាម និងខ្យងច្រើនផ្ទុកនូវបរិមាណដ៏ច្រើននៃកាល់ស្យូម ហើយជាក់ស្តែងភាពលើសលប់នេះនឹងបង្ហាញឡើងតាមរយៈអាការៈមួយចំនួនដូចជា ការទល់លាមក ការឈឺឆ្អឹងអស់កម្លាំង ក្អួតចង្អោរ និងមានចង្វាក់បេះដូងមិនប្រ-ក្រតីផងដែរ។ កាន់តែត្រូវប្រុងប្រយ័ត្នក្នុងករណីដែល Collagenត្រូវបានប្រើប្រាស់ជាមួយអាហារបំប៉នផ្សេងទៀតដែលមានផ្ទុកសារធាតុកាល់ស្យូមដូចគ្នា។ •ការមានប្រតិកម្មជាមួយនឹងសារធាតុនៃផលិតផល ដោយសារប្រភពនៃ Collagen ដែលចម្រាញ់ចេញពីសត្វសមុទ្រ ឬស៊ុត ដូចនេះប្រតិកម្មអាចកើតមានឡើងជាពិសេសជាមួយក្មេងៗ។ ដូចនេះ ការធ្វើតេស្តមុនប្រើប្រាស់ពិតជាសំខាន់។ •ផ្តល់នូវរសជាតិនិងក្លិនមិនល្អជាប់នៅក្នុងមាត់ ការប្រើប្រាស់ផលិតផល Collagen ជាមួយទឹកផ្លែឈើដើម្បីបិទបាំងរសជាតិនិងក្លិនមិនល្អរបស់វាអាចនិយមប្រើប្រាស់ ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផ្លែឈើដែលមានសារធាតុអាស៊ីតដូចជា ក្រូច ប៉ោម ទំពាំងបាយជូ ប៉េងប៉ោះ ដោយសារវាអាចកាត់បន្ថយឥទ្ធិពលរបស់ Collagen បាន។ •ការបាត់បង់ចំណង់អាហារ អាចនឹងកើតមាននៅអំឡុងពេលប្រើប្រាស់វាផងដែរដូចនេះការប្រើប្រាស់ខុសពីគោលបំណងក្នុងការសម្រកទម្ងន់នឹងក្លាយទៅជាផលរំខានទៅវិញ។   ទោះបីផលរំខានទាំងនេះកើតមានក្នុងភាគរយតិចក៏ដោយ ប៉ុន្តែមុននឹងសម្រេចចិត្តជ្រើសប្រើប្រាស់ប្រភេទ Collagen ប្រភេទណាមួយ អ្នកគប្បីពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬក៏អ្នកជំនាញសើស្បែកណាមួយ ដើម្បីធានាឲ្យបានការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងចៀសផុតពីផលរំខានក៏ដូចជាគ្រោះថ្នាក់ផ្សេងៗ។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top