- May 02, 2019 |
- 5 ឆ្នាំមុន |
- 2.2K មើល
គន្លឹះការពារការឡើងទម្ងន់អំឡុងពេលប្រើថ្នាំពន្យារកំណើត
ការកើនឡើងទម្ងន់ស្របពេលប្រើប្រាស់ថ្នាំពន្យារកំណើតនៅតែជាកង្វល់មួយសម្រាប់សុភាពនារី បើទោះបីវិធីសាស្រ្តនេះត្រូវបានទទួលស្គាល់ពីប្រសិទ្ធភាព និងភាពពេញនិយមក្នុងការប្រើប្រាស់ក៏ដោយ។ ស្រ្តីភាគច្រើនសង្កេតឃើញខ្លួនឯងមានការកើនឡើងទម្ងន់នៅត្រង់តំបន់ភ្លៅ ត្រគាក និងសុដន់អំឡុងពេលប្រើប្រាស់ថ្នាំពន្យារកំណើតដែលនេះបណ្តាលមកពីវត្តមានរបស់អ័រម៉ូននៅក្នុងថ្នាំពន្យារកំណើតធ្វើឲ្យរាងកាយបង្កើនភាពស្រេកឃ្លាន កើនឡើងការរក្សាជាតិទឹកក្នុងខ្លួន និងកោសិកាខ្លាញ់។ ហេតុនេះដើម្បីការពារការឡើងទម្ងន់ក្នុងអំឡុងពេលនេះ អ្នកគួរអនុវត្តនូវជំហានប្រចាំថ្ងៃមួយចំនួនដូចខាងក្រោម៖ ជំហានទី ១ អ្នកគួរមានទម្លាប់ក្នុងការតាមដានរាល់កម្រិតកាល់ឡូរីដែលមានក្នុងអាហារតាមរយៈការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច ឬអនឡាញ ដើម្បីទទួលបានការប៉ាន់ប្រមាណចំនួនកាល់ឡូរីដែលអ្នកត្រូវការក្នុងមួយថ្ងៃ។ ការធ្វើបែបនេះអនុញ្ញាតឲ្យអ្នកអាចចៀសវាងបរិភោគអាហារក្នុងបរិមាណច្រើននិងជាជំនួយឲ្យអ្នកជ្រើសរើសប្រភេទអាហារណាដែលស័ក្តិសម និងស្ថិតក្នុងកម្រិតកាល់ឡូរីទាប។ ជំហានទី ២ បន្ថែមអាហារសម្រន់សម្រាប់សុខភាពពីលើរបបអាហារប្រចាំថ្ងៃរបស់អ្នកដូចជា ផ្លែឈើស្រស់ បន្លែ និងផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាបដើម្បីជួយសម្រួលដល់ការកាត់បន្ថយចំណង់អាហារ ជាជាងបរិភោគអាហារដែលសម្បូរទៅដោយថាមពល។ ជាក់ស្តែងអ្នកគួរបញ្ចៀសការបរិភោគអាហារសម្បូរទៅដោយស្ករ និងខ្លាញ់ ក្រោមទម្រង់ជាប្រភេទ នំប៉័ងបាយ ឬនំខុកឃី សម្រាប់ជាអាហារសម្រន់។ ជំហានទី ៣ ក្នុងអំឡុងពេលនេះ អ្នកគួរធ្វើលំហាត់ប្រាណឲ្យបានច្រើនដើម្បីអាចបង្កើនការដុតបំផ្លាញកាល់ឡូរីធ្វើឲ្យរាងកាយអាចគ្រប់គ្រងចំណង់អាហារ និងកាត់បន្ថយបរិមាណជាតិទឹកដែលបានកើនឡើង។ អ្នកគួរព្យាយាមហាត់ប្រាណឲ្យបានយ៉ាងហោចណាស់ ៣០ នាទីជារៀងរាល់ថ្ងៃ ដែលអាចជាការដើរ រត់ត្រឹកៗ ការរាំ ឬជិះកង់ជាដើម។ ជំហានទី ៤ បង្កើនការទទួលទានជាតិទឹកជាប្រចាំដើម្បីជួយទប់ស្កាត់ការរក្សាទឹក ដែលជាលទ្ធផលបណ្តាលមកពីការផ្លាស់ប្តូរអ័រម៉ូន។ ម៉្យាងទៀត អ្នកក៏ត្រូវកាត់បន្ថយជាតិប្រៃ (សូដ្យូម) ឲ្យស្ថិតនៅក្នុងកម្រិត ១៥០០ មិល្លីក្រាម ឬតិចជាងនេះក្នុងមួយថ្ងៃដើម្បីជួយកាត់បន្ថយ និងការពារការឡើងទម្ងន់តាមរយៈការរក្សាទុកជាតិទឹកកាន់តែច្រើន។ គួរបញ្ជាក់ថា ជាតិប្រៃ (អំបិល) អាចបង្កើនការស្រូបជាតិទឹកទុកក្នុងរាងកាយ។ ជំហានទី ៥ ក្នុងករណីអ្នកនៅតែមានបញ្ហាក្នុងការគ្រប់គ្រងទម្ងន់បើទោះបីបានអនុវត្តរបបអាហារសុខភាព និងផែនការហាត់ប្រាណត្រឹមត្រូវក៏ដោយអ្នកអាចពិចារណាផ្លាស់ប្តូរប្រើប្រាស់ថ្នាំពន្យារកំណើតផ្សេងទៀត ដោយហេតុថាថ្នាំពន្យារកំណើតមួយចំនួនអាចមានកម្រិតអ័រម៉ូនអឺស្រ្តូហ្សែនខ្ពស់ដែលជំរុញឲ្យរាងកាយនៅតែបន្តការឃ្លាន និងស្តុកទុកជាតិទឹកខ្ពស់។ យ៉ាងណាមិញ រាល់ការផ្លាស់ប្តូរត្រូវមានការពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បទទួលបានប្រសិទ្ធភាព និងសុវត្ថិភាព។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក