Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ស្ត្រី ជាពិសេសនៅជុំវិញវ័យអស់រដូវរបស់ពួកគេ ជាធម្មតាតែងសង្កេតឃើញនូវការផ្លាស់ប្តូរជាច្រើន ដែលក្នុងនោះការឡើងទម្ងន់ជាបញ្ហាដែលគួរឲ្យ បារម្ភមួយ ស្របពេលដែលស្ត្រីកំពុងស្ថិតក្នុងដំណាក់កាលដែលងាយនឹងរងឥទ្ធិពលលើបញ្ហាសុខភាពនានា។ បាតុភូតធម្មជាតិមួយចំនួនដែលកើតមាននៅជុំវិញវ័យអស់រដូវ និងកើនឡើងជាបន្តបន្ទាប់ទៅតាម អាយុ ត្រូវបានបង្ហាញថាជាមូលហេតុនៃ ការឡើងទម្ងន់របស់ស្ត្រី ដែលក្នុងនោះរួមមាន៖ • ការថយចុះនូវល្បឿនក្នុងការធ្វើមេតាបូលីសដែលធ្វើឲ្យការដុតបំផ្លាញកាឡូរីថយចុះ • ការប្រែប្រួលនូវដំណើរអ័រម៉ូន ដែលអាចបង្កើននូវការស្តុកទុកនៃសារធាតុខ្លាញ់ • ការបាត់បង់នូវជាលិកាសាច់ដុំ ដែលធ្វើឲ្យបន្ថយការធ្វើសកម្មភាព និងការហាត់ប្រាណ • ការសម្រាកមិនបានស្រួល ដោយសាររោគសញ្ញានៃការអស់រដូវដូចជាភាពក្តៅ និងបែកញើសពេលយប់ជាដើម ដែលមានទំនាក់ទំនងនឹងការឡើងទម្ងន់ • ការកើនឡើងនៃការប្រើប្រាស់មិនបាននៃអាំងស៊ុយលីនក្នុងខ្លួន ដែលធ្វើឲ្យជាតិស្ករមិនត្រូវបានប្រើប្រាស់ និងស្តុកទុកធ្វើឲ្យឡើងទម្ងន់។ ទម្ងន់ដែលលើសរបស់ស្ត្រីអាចផ្តល់នូវផលអវិជ្ជមាន ដែលជះឥទ្ធិពលលើគុណភាពជីវិតរបស់ពួកគេបន្ថែមទៀតដោយក្នុងនោះរួមមានផងដែរ នូវជំងឺរ៉ាំរ៉ៃដូចជា ជំងឺសរសៃឈាមបេះដូង និងទឹកនោមផ្អែម ជាដើម។ ដើម្បីបញ្ចៀសនូវរាល់បញ្ហាទាំងនេះ ការបន្ថយ ក៏ដូចជាគ្រប់គ្រងទម្ងន់តាមរយៈ ការផ្លាស់ប្តូរនូវបែបបទ ក្នុងការរស់នៅពិតជាចូលរួមចំណែក យ៉ាងចាំបាច់។ 1. របបអាហារ ការគ្រប់គ្រងទម្ងន់ ពឹងផ្អែកលើការគ្រប់គ្រងរបបអាហារដល់ទៅជាង ៨០%។ មិនខុសពីអាហារសុខភាពដទៃ តុល្យភាពនៃអាហារគួរតែមានរួមបញ្ចូល នូវអាហារសរសៃ បន្លែផ្លែឈើស្រស់ និងអាហារដែលជាប្រភពនប្រូតេអុីនជាដើម។ គួរបញ្ជាក់ថា ថ្វីត្បិតការកាត់បន្ថយអាហារសម្បូរ កាឡូរីអាចជួយ ក្នុងការ សម្រក ទម្ងន់ ក៏ប៉ុន្តែករណីដែលអ្នកកាត់បន្ថយអាហារទាំងនេះខ្លាំងពេកនោះ អ្នកបែរជាប្រឈមនឹងការកើនទម្ងន់ទៅវិញដោយសារ តែការបាត់បង់ នូវការកសាងសាច់ដុំ និងការកាត់បន្ថយមេតាបូលីស។ 2. សកម្មភាពប្រចាំថ្ងៃ គួរចងចាំថា អាការៈរំខានដែលកើតឡើងនៅពេលអស់រដូវអាចធ្វើឲ្យស្ត្រីផ្ទាល់មិនចង់ធ្វើសកម្មភាព ឬជំរុញខ្លួនឯងឲ្យធ្វើលំហាត់ប្រាណ ក៏ប៉ុន្តែ ការរក្សាភាពសកម្មនៅក្នុងវ័យនេះ ពិតជាអាចជួយឲ្យពួកគេទប់ទល់នឹងអាការៈទាំងនេះបាន និងផ្តល់នូវអារម្មណ៍កាន់តែប្រសើរទៅវិញបន្ទាប់ពីបាន ធ្វើវា។ ការដើរ រត់ត្រឹកៗ ជិះកង់ ហែលទឹក ឡើងចុះជណ្តើរ និងរាំជាដើម ជាសកម្មភាព ក៏ដូចជាលំហាត់ប្រាណដែលធ្វើឲ្យមានការប្រើប្រាស់អុកស៊ីហ្សែន បានល្អ ហើយវាក៏ជំរុញផងដែរនូវការដុតបំផ្លាញកាឡូរីក្នុងចំនួនដ៏ច្រើន។ សកម្មភាពនេះ មិនត្រឹមអាចការពារពីការឡើងទម្ងន់  តែក៏កាត់បន្ថយ ការប្រឈម នឹងជំងឺបេះដូងដែលកើតមានជាញឹកញាប់ចំពោះស្ត្រីផងដែរ។ 3. លំហាត់ប្រាណដ៏សម្បូរបែប ការហ្វឹកហាត់ដែលជួយដល់ការកសាងសាច់ដុំ ការហាត់ប្រាណបែបទាញ លំហាត់ប្រាណរក្សាលំនឹង និងចលនាយោគៈ សមាធិព្រមទាំងលំហាត់ប្រាណ បែបសម្រាកផ្សេងទៀត គួរតែត្រូវបាន រួមបញ្ចូលក្នុងកាលវិភាគហាត់ប្រាណរបស់ស្ត្រីអស់រដូវ ដោយសារវាសុទ្ធសឹងតែមានអត្ថប្រយោជន៍ចំពោះស្រ្តី ក្នុងការកាត់បន្ថយការប្រឈមនឹងបញ្ហាសុខភាពទាំងរាងកាយ និងផ្លូវចិត្តដែលអាចនឹងកើតមានឡើងនៅអំឡុងវ័យអស់រដូវ។ 4. បង្កើនគុណភាពក្នុងការរស់នៅ • សម្រាកឲ្យបានគ្រប់គ្រាន់ និងពេញលេញ៖ ការសម្រាកគ្រប់គ្រាន់ធ្វើឲ្យអ្នកអាចចៀសវាងនូវការកើននៃអ័រម៉ូនដែលជំរុញឲ្យឃ្លាន និងកើនទម្ងន់។ ដោយឡែក ដើម្បីសម្រាកលក់ស្រួល ស្ត្រីត្រូវកាត់បន្ថយការរំខានការសម្រាកដោយអាការៈនៃការអស់រដូវដោយ ការស្លៀកសម្លៀកបំពាក់ស្តើង ការរក្សាជាតិទឹកក្នុងខ្លួន កន្លែងគេងមានផាសុកភាព សីតុណ្ហភាពបន្ទប់សមស្រប និងគន្លឹះផ្សេងៗទៀតដែលណែនាំដោយអ្នកជំនាញ។ • រក្សាទំនាក់ទំនងសង្គម៖ មិនថាទំនាក់ទំនងក្នុងគ្រួសារ មិត្តភក្តិ អ្នកជិតខាង ឬសហគមន៍ និងការស្គាល់មនុស្សថ្មីៗ អាចជួយឲ្យស្ត្រីរក្សានូវ ការធ្វើសកម្មភាព មានភាពរីករាយ កាត់បន្ថយភាពធុញថប់ និងស្ត្រេស ដើម្បីការពារការកើនទម្ងន់។ • ទៅជួបពិភាក្សាជាមួយអ្នកជំនាញ៖ ដំបូន្មានល្អៗសម្រាប់ការរស់នៅ ក៏ដូចជាការរក្សាទម្ងន់ពីអ្នកជំនាញ ជួយឲ្យអ្នកទប់ទល់នឹងបញ្ហានានា ដែលអាចកើតឡើងប្រកបដោយប្រសិទ្ធភាព។ ដូចនេះ ចំពោះស្ត្រីទាំងអស់ ការចាប់ផ្តើមផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅឲ្យបានកាន់តែឆាប់ គឺកាន់តែល្អ ដើម្បីចៀសផុតពីបញ្ហាកើនទម្ងន់ដ៏ពេញនិយម ក៏ដូចជាកាត់បន្ថយរោគសញ្ញារំខានផ្សេងៗនៃការអស់រដូវ និងឆ្លងកាត់ជីវិតក្នុងដំណាក់កាលថ្មីនេះ ប្រកបដោយភាពរីករាយ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ការរួមទ្វារមាស ជាស្ថានភាពមួយនៃភាពស្តើង និងស្ងួតនៃសន្ទះ ឬជញ្ជាំងទ្វារមាស បណ្តាលមកពីការថយចុះនៃកម្រិតអ័រម៉ូនអឺស្ត្រូហែ្សន ដែលអាច កើតនៅក្នុងវ័យអស់រដូវ (Menopause) និងក្រោយអស់រដូវ (Post - Menopause) (អត្រាជាង 50%)។ តើរោគសញ្ញានៃការរួមទ្វារមាសមានអ្វីខ្លះ? ស្ត្រីម្នាក់ៗអាចជួបនឹងរោគសញ្ញាណាមួយ ឬច្រើនដូចខាងក្រោមក្នុងពេលតែមួយ ឬកើតឡើងជាបន្តបន្ទាប់៖ • ភាពស្ងួត ឬរមាស់ឆៀបៗនៅនឹងទ្វារមាស ភាពតឹង ឬខ្លីជាងមុននៃបំពង់យោនី • ការធ្លាក់ស ការរលាក ក្តៅ ឬភាពឈឺចាប់នៅនឹងទ្វារមាស • ការនោមញឹក ភាពក្តៅឬក្រហាយនៅពេលបញ្ចេញទឹកនោម • ការបាត់បង់ចំណង់រួមភេទ ការធ្លាក់ឈាម ការឈឺចាប់ ឬគ្មានផាសុកភាពនៅអំឡុង ឬក្រោយពី ការរួមភេទ ការថយចុះនៃទឹករំអិលធម្មជាតិជាដើម។ តើការរួមនៃទ្វារមាសអាចផ្តល់នូវផលវិបាកអ្វីខ្លះ? ការថយចុះនូវកម្រិតអាស៊ីតធម្មជាតិ នៅអំឡុងពេលនេះ អាចធ្វើឲ្យស្ត្រីងាយប្រឈមនឹងការឆ្លងរោគពីបាក់តេរី នៅទ្វារមាស។ ស្ថានភាពនេះក៏ជំរុញ ឲ្យទ្វារមាសស្ត្រីអាចរងការប៉ះពាល់ដោយការរលាកផ្សេងៗ ក៏ដូចជារងរបួសបានយ៉ាងងាយ។ ក្រៅពីនោះ ការប្រឈមនឹងការរួមស្វិតនៃប្រព័ន្ធបង្ហូរនោម (genitourinary atrophy) ឬបញ្ហាមុខងារនៃប្រព័ន្ធបង្ហូរនោមក៏អាចកើតមានផងដែរ។ អ្វីជាមូលហេតុបង្កឲ្យមានការរួមនៃទ្វារមាសចំពោះស្ត្រីអស់រដូវ? នៅជុំវិញវ័យអស់រដូវ អូវែរបស់ស្ត្រីចាប់ផ្តើមកាត់បន្ថយការផលិតនូវ អ័រម៉ូនអឺស្ត្រូហែ្សន ដែលជាអ្នកដើរតួសំខាន់ក្នុងការរក្សាជាលិការបស់ទ្វារមាសឲ្យ មានភាពរអិល និងសុខភាពល្អ។ ជាលទ្ធផល ការថយចុះនៃបរិមាណនៃអ័រម៉ូនអឺស្ត្រូហែ្សន ធ្វើឲ្យមានការកាត់បន្ថយចរន្តឈាមនៅនឹងជាលិកាទ្វារមាស និងនាំឲ្យមានការរួម ស្តើង ស្ងួត ព្រមទាំងការបាត់បង់ភាពយឺតនៃជាលិកា។ ដោយឡែក ក្រៅពីការអស់រដូវ មានមូលហេតុជាច្រើនទៀត អាចបង្កឲ្យមាន ការថយចុះនូវអឺស្ត្រូហែ្សន (ការព្យាបាលមហារីក ការវះកាត់អូវែ ព្រមទាំងជំងឺមួយចំនួនដូចជាទឹកនោមផ្អែមជាដើម)។ តើអ្វីខ្លះជាកត្តាជំរុញឲ្យមានបញ្ហារួមទ្វារមាសនៅពេលអស់រដូវ? ស្ត្រីមួយចំនួនអាចមានឱកាសប្រឈមនឹងបញ្ហានេះងាយជាងអ្នកដទៃប្រសិនបើពួកគេ មិនដែលបង្កើត កូនតាមបែបធម្មជាតិ មិនសូវរួមភេទ និងជាពិសេសជាអ្នកជក់បារី។ តើការរួមនៃទ្វារមាសត្រូវធ្វើរោគវិនិច្ឆ័យដោយរបៀបណា? ការធ្វើរោគវិនិច្ឆ័យនឹងត្រូវធ្វើឡើងដោយ៖ ការរកសញ្ញាគ្លីនិក៖ ការរួមនៃបបូរធំ និងបបូរតូចនៃទ្វារមាស ការបាត់នូវផ្នត់នៃយោនី ស្រទាប់រំអិលនៃទ្វារមាសមានពណ៌ស្លេក ស្តើង ភ្លឺ ស្ងួត និង បាត់បង់ភាពយឺតជាដើម។ តេស្តផ្សេងៗទៀត៖  ការវាស់កម្រិត pH នៃទ្វារមាស(vaginal pH) ព្រមទាំងការពិនិត្យឈាម ដើម្បីរកអ័រម៉ូនអឺស្ត្រូហែ្សន។ តើការរួមនៃទ្វារមាសត្រូវបានព្យាបាលយ៉ាងដូចម្តេច? ជម្រើសដំបូងនៃការព្យាបាលគឺ ការប្រើប្រាស់ទឹករំអិល (អំឡុងពេលរួមភេទ) ប្រភេទក្រែម ឬជែលផ្តល់សំណើមដល់ទ្វារមាស។ ជម្រើសបន្ទាប់គឺ ថ្នាំប្រភេទអ័រម៉ូនអឺស្ត្រូហែ្សន ក្រោមទម្រង់ដូចជា ក្រែមលាបផ្ទាល់នៅទ្វារមាស ថ្នាំស៊ុលនៅទ្វារមាស កងដាក់នៅទ្វារមាស ថ្នាំលេប បន្ទះបិទលើស្បែក និងកងដាក់នៅក្រោមស្បែកជាដើម។ គួរបញ្ជាក់ថា ជាមួយនឹងការព្យាបាលដោយប្រើប្រាស់នូវអ័រម៉ូន ទាមទារឲ្យធ្វើឡើងក្រោមការណែនាំ និងតាមដាន របស់វេជ្ជបណ្ឌិតប៉ុណ្ណោះ ដោយសារតែឥទ្ធិពលមិនល្អមួយចំនួន ក៏ដូចជាការប្រុងប្រយ័ត្ន និងការហាមឃាត់ក្នុងការប្រើប្រាស់នៃ អឺស្ត្រូហែ្សន (ជាពិសេស អ្នកជំងឺមហារីកសុដន់ ឬមានកត្តាហានិភ័យណាមួយ)។ ដំបូន្មានមួយចំនួន ចំពោះការផ្លាស់ប្តូរ នូវរបៀបក្នុងការរស់នៅក៏អាចចូលរួមចំណែកសម្រួលដល់អាការៈរំខាននៃបញ្ហានេះផងដែរ ដែលក្នុងនោះរួមមាន​ ការប្រើខោទ្រនាប់ធ្វើពីសំឡីកូតុង (cotton)និងសម្លៀកបំពាក់រលុងៗ ដើម្បីបង្កើតឲ្យមានខ្យល់ចេញចូលបានល្អ កាត់បន្ថយការចម្លងរោគដោយ ពពួកបាក់តេរី។ តើការរួមនៃទ្វារមាសចំពោះស្ត្រីអស់រដូវអាចការពារបានដែរឬទេ? បញ្ហានេះមិនអាចការពារបានទាំងស្រុងឡើយ តែស្ត្រីអាចធ្វើការកាត់បន្ថយការប្រឈមបានតាមរយៈ៖  ការរួមភេទទៀងទាត់ (អាចបង្កើននៃលំហូរឈាម ទៅចិញ្ចឹមជាលិកាទ្វារមាសបានល្អ) បញ្ឈប់ការជក់បារី (ដែលប៉ះពាល់ដល់លំហូរឈាមនិងអាចប៉ះពាល់ដល់កម្រិតអឺស្ត្រូហែ្សនរបស់ស្ត្រី)  និងវីតាមីនជំនួយ (វីតាមីន អឺ អាចជាសារធាតុរំអិល រីឯវីតាមីន ដេ អាចបង្កើនសំណើមនៅទ្វារមាស)។ ថ្វីត្បិតស្ត្រីនៅវ័យអស់រដូវមានឱកាសច្រើនក្នុងការប្រឈមនឹងបញ្ហារួមទ្វារមាស ក៏ប៉ុន្តែមិនមានន័យថាពួកគាត់ត្រូវរស់នៅដោយគ្មានផាសុកភាព ជាមួយបញ្ហានេះឡើយ ប្រសិនបើបានទទួលការព្យាបាលត្រឹមត្រូវដែលផ្តល់ដោយវេជ្ជបណ្ឌិត និងចៀសវាងការពន្យារពេលដោយសារមានភាព អៀនខ្មាសនឹងបញ្ហាខាងលើ។ បកស្រាយដោយ ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត ឌុក កុសល  ឯកទេសផ្នែករោគស្ត្រី និងសម្ភព នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងមន្ទីរសម្រាកព្យាបាល និងសម្ភពវនីដា ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

តើអ្វីទៅជាការត្រៀមអស់រដូវ? ការត្រៀមអស់រដូវ គឺជារយៈពេលចុងក្រោយនៃភាពចាស់របស់កន្សោមពង ដែលសំដែងចេញជារោគសញ្ញាផ្សេងៗ។ ការត្រៀមអស់រដូវនេះសំដៅលើ ភាពមិនទៀងទាត់របស់វដ្តរដូវ ដូចជា វដ្តរដូវមានរយៈពេលខ្លី ឬវែងជាងមុនខុសធម្មតាការធ្លាក់ឈាមរដូវតិច ឬច្រើនខ្លាំង ការធ្លាក់ឈាមចន្លោះរដូវ ដោយសារមានការប្រែប្រួលអ័រម៉ូនបញ្ចេញដោយដៃស្បូន។ ការត្រៀមអស់រដូវ ជាទូទៅអាចចាប់ផ្តើមនៅចន្លោះអាយុពី ៤០ឆ្នាំទៅ ៤៥ឆ្នាំដែលភាគច្រើន មានរយៈពេល៥ឆ្នាំ មុននឹងឈានដល់អស់រដូវតែម្តង។   រោគសញ្ញា និងបម្រែបម្រួលរាងកាយ ការថយចុះនូវអ័រម៉ូនអូវែ Progesterone និង Estrogen ធ្វើឲ្យរាងកាយរបស់ស្ត្រីមានការប្រែប្រួល រួមជាមួយនឹងរោគសញ្ញាមួយចំនួនដូចជា៖   បម្រែបម្រួលរាងកាយ៖ រោគសញ្ញាអាចមានលក្ខណៈធ្ងន់ធ្ងរ ឬអត់ អាស្រ័យលើលក្ខណៈធម្មជាតិ និងសុខភាពរបស់ស្ត្រីម្នាក់ៗ ទាក់ទងនឹងការថយចុះ អ័រម៉ូនរបស់អូវែ ដែលវានឹងចុះរហ័ស ឬសន្សឹមៗ។ ជាញឹកញាប់អ្នកជំងឺអាចមានអាការៈ អស់កម្លាំង ក្តៅក្នុង ហត់ ឈឺក្បាល ឈឺសុដន់ ស្បែកស្ងួត បែកញើសច្រើនពេលយប់ដើមទ្រូងរួមតូច ឡើងទម្ងន់។ ក្រៅពីរោគសញ្ញាខាងលើ ស្ត្រីមួយចំនួនក៏បានប្រឈមនឹង ទ្វារមាសស្ងួត ក្តៅ សរីរាង្គបន្តពូជ ចាប់ផ្តើមរួមតូចបន្តិចបន្តួច  ឈឺចាប់ពេលរួមភេទ ថយចុះអារម្មណ៍ផ្លូវភេទ នោមញឹក មានអារម្មណ៍ថាពិបាកទប់ពេលឈឺនោម។ ករណីខ្លះ សរសៃយឺតតោងរបស់ស្បូនគាត់ចាប់ផ្តើមចុះខ្សោយជាហេតុបង្កឲ្យស្រុតស្បូន ឬប្លោកនោម នៅពេលអស់រដូវ ។   បម្រែបម្រួលផ្លូវចិត្ត៖ ភាគច្រើនស្ត្រីមួយចំនួនអាចប្រឈមនឹងការពិបាកក្នុងការគេង មួរម៉ៅ ឆាប់ភ្លេចភ្លាំង ពិបាកចិត្ត គិតច្រើនដោយសារភាព រអាក់រអួលរដូវ។ ម៉្យាងទៀត ការគេងមិនបានគ្រប់គ្រាន់ ធ្វើឲ្យគាត់មានអារម្មណ៍ឆេវឆាវ ស្ត្រេស ស្មុគស្មាញច្រើន។   រោគវិនិច្ឆ័យ ភាគច្រើនការធ្វើរោគវិនិច្ឆ័យពឹងផ្អែកទៅលើ អាយុ សញ្ញានានាដូចបានរៀបរាប់ខាងលើ រួមនឹងរោគសញ្ញាអមគ្លីនិកដែលជាការធ្វើរោគវិនិច្ឆ័យ តាមរយៈការពិនិត្យឈាមដើម្បីឲ្យដឹងពីការកើនឡើងនិងថយចុះនៃអ័រម៉ូនមួយចំនួន។ ជាលទ្ធផល កាលណាមានការកើនឡើងអ័រម៉ូនដែលបញ្ចេញ ដោយខួរក្បាល FSH និងLH ព្រមជាមួយនឹងការថយចុះអ័រម៉ូនដែលបញ្ចេញដោយក្រពេញអូវែគឺ anti Mullerium hormone (AMH) អ័រម៉ូន Estrogen និងProgesterone នោះបញ្ជាក់បានថាគាត់កំពុងស្ថិតក្នុងដំណាក់កាលនៃការត្រៀមអស់រដូវ។   ការព្យាបាល ជាទូទៅស្ត្រីត្រូវបានទទួលការប្រឹក្សាពីអ្នកជំនាញឲ្យយល់ច្បាស់អំពីស្ថានភាពរបស់គាត់ ព្រមជាមួយនឹងរោគសញ្ញាត្រៀមអស់រដូវមួយចំនួនដែល អាចនឹងកើតមាន ដើម្បីសម្រួលផ្លូវចិត្ត និងទទួលយកការព្យាបាលដ៏ត្រឹមត្រូវមួយ។ សូមបញ្ជាក់ថា ការព្យាបាលរយៈពេលត្រៀមអស់រដូវគឺជា រយៈពេលរដូវរអាក់រអួលមិនទៀងទាត់ ដូច្នេះការព្យាបាលធានាឲ្យស្ត្រីមានរដូវទៀងទាត់មកវិញ ឬបន្តមករដូវជាធម្មតាតាមរយៈការព្យាបាលដោយ ប្រើអ័រម៉ូន HRT (Hormone Replacement Therapy) ឬវីតាមីនចម្រុះដែលមានមុខងារជំ-នួយសម្រាប់ស្ត្រីត្រៀមអស់រដូវ។ ដូចគ្នាផងដែរ ស្ត្រីខ្លះទាមទារឲ្យមានការព្យាបាលទៅតាមរោគសញ្ញា ដូចជាការប្រើប្រាស់ជែលរំអិលទ្វារមាសចំពោះអាការៈមានរមាស់នៅទ្វារមាសជាដើម។   ដំបូន្មាន គ្រប់ស្ត្រីដែលឈានដល់អាយុត្រៀមអស់រដូវមានសញ្ញាដូចខាងលើ គួរតែមកជួបជាមួយគ្រូពេទ្យឯកទេស ធ្វើការពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានសុខភាពល្អ រួមទាំងគុណភាពជីវិតកាន់តែប្រសើរ។  ស្ត្រីក្នុងវ័យនេះផងដែរ គួរថែរក្សាសុខភាពឲ្យបានល្អដោយការគ្រប់គ្រងទម្ងន់របស់គាត់តាមរយៈ៖ •  ធ្វើលំហាត់ប្រាណជាប្រចាំ យ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃដូចជាការដើរ រត់ ឬរាំដើម្បីបញ្ចេញញើស។ •  កំណត់របបអាហារត្រឹមត្រូវ ដោយទទួលទានអាហារប្រភេទបន្លែ ផ្លែឈើ ទឹកដោះគោ និងទឹកសណ្តែក ព្រោះវាសម្បូរដោយប្រូតេអ៊ីន វីតាមីនចម្រុះ និងកាល់ស្យូម។ • ​​ គេងឲ្យបានគ្រប់គ្រាន់ (ចៀសវាងប្រើទូរស័ព្ទមុនគេង ឬដាក់ទូរទស្សន៍ក្នុងបន្ទប់គេង   និងបន្ថយការគិតមុនគេង)។ •  បន្ថយការញ៉ាំកាហ្វេ ស្រា និងបារី។   មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីក្នុងដំណាក់កាលត្រៀមអស់រដូវ គួរស្រាវជ្រាវរកជំងឺមហារីកផ្សេងៗដូចជាមហារីកមាត់ស្បូន មហារីកសុដន់ជាដើម ព្រោះវ័យនេះ ស្ថិតក្នុងអត្រានៃការកើតជំងឺមហារីកខ្ពស់។   បកស្រាយដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ិច សុធី ឯកទេសសម្ភព-រោគស្ត្រី និងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌល ជាតិគាំពារមាតា និងទារក។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

ជំងឺមហារីកមាត់ស្បូន ជាដំបៅមហារីកដែលកើតពីការរីកលូតលាស់ឥតឈប់ឈរនៃកោសិកាមាត់ស្បូនបណ្តាលមកពីការឆ្លងរយៈពេលយូរអង្វែងរបស់វីរុស HUMAN PAPILLOMA VIRUS (HPV) នៅមាត់ស្បូន។ ក្រៅពីការធ្លាក់ឈាមដោយឯកឯងខុសពីឈាមរដូវ មានរោគសញ្ញាផ្សេងៗដូចជា ការឈឹចាប់ ឬធ្លាក់ឈាមក្នុងពេល ឬក្រោយពេលរួមពេលរួមភេទ។ ដោយសារនេះជាជំងឺកាចសាហាវ ទើបស្ត្រីគ្រប់រូបគួរទទួលវ៉ាក់សាំងការពារចាប់ពីអាយុ៩ឆ្នាំឡើងទៅ។​ យ៉ាងណាមិញ វ៉ាក់សាំងមិនបានបង្ការបាន ១០០%​ទេ ប៉ុន្តែវាមានប្រសិទ្ធិភាពខ្ពស់ចំពោះស្ត្រីមិនទាន់ឆ្លងកាត់ការរួមភេទពីមុនមក។ ស្វែងយល់ពីជំងឺមហារីកមាត់ស្បូនពីលោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ឯកទេសផ្នែកកោសិកាមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានធ្វើការឆ្លើយតបចម្ងល់ពី «ជំងឺមហារីកមាត់ស្បូន»​  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។     

ចែករំលែក

ស្ត្រីមួយចំនួនហាក់មិនសូវចាប់អារម្មណ៍ចំពោះការមានគ្រួសារ ដោយសារកត្តាការសិក្សា កត្តាសង្គម និងការងារ ដែលជាហេតុធ្វើឲ្យពួកគេ ច្រើនតែមានកូនដំបូងនៅអាយុច្រើន។ បើយោងទៅតាមឯកសារជាច្រើនបង្ហាញថាស្ត្រីដែលត្រូវបានចាត់ទុកថាគាត់មានផ្ទៃពោះដំបូងនៅអាយុច្រើនគឺគិតចាប់ពីអាយុ ៣៥ឆ្នាំឡើងទៅ។ ប៉ុន្តែថា តើការមានគត៌ដំបូងនៅអាយុច្រើន មានគុណវិបត្តិ និងគុណសម្បត្តិបែបណាខ្លះ? ហើយអ្នកគួរត្រៀមខ្លួនបែបណា? សូមតាមដានអត្ថបទខាងក្រោម៖ បញ្ហាប្រឈម វ័យកាន់តែជ្រេ រាងកាយកាន់តែវិវឌ្ឍទៅមុខ មិនច្រើនក៏តិចដែរ ទាំងបុរសទាំងស្ត្រី ដោយឡែកការមានកូនដំបូងនៅអាយុច្រើនអាចមានការប្រឈមដូចជា៖ ចំពោះស្ត្រីខ្លួនឯងផ្ទាល់៖ • ថយលទ្ធភាពបង្កកំណើត៖ ស្ត្រីកាលណាមានអាយុច្រើន នោះលទ្ធភាពនៃការមានគភ៌ត្រូវបានថយចុះទៅតាមអាយុ មានន័យថាគាត់ពិបាកក្នុងការមានផ្ទៃពោះ។ • មានជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម៖ ជំងឺទាំង ២ប្រភេទនេះត្រូវបានរកឃើញថាកើតមានញឹកញាប់ចំពោះស្ត្រីមានគភ៌ដំបូងនៅអាយុច្រើន គាត់អាចនឹងប្រឈមជាមួយនឹងជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមដែលដំបូងមានភាពស្ងៀមស្ងាត់ពេលស្ត្រីមិនមានគភ៌ ផ្ទុយមកវិញវាត្រូវបានរកឃើញនៅពេលស្ត្រីចាប់មានផ្ទៃពោះ។ ម៉្យាងជាធម្មតាអាយុកាន់តែច្រើន ជំងឺប្រចាំកាយកាន់តែមានគឺថាគាត់អាចនឹងមានជំងឺលើសឈាម ឬទឹកនោមផ្អែម មុនពេលគាត់មានផ្ទៃពោះ ដែលទាំងនេះរឹតតែបង្កហានិភ័យខ្ពស់ពេលគាត់មានគភ៌។ • ជំងឺលើសរីរាង្គបន្តពូជ៖ ស្ត្រីមានគភ៌នៅអាយុច្រើន អាចប្រឈមជាមួយនឹងជំងឺដែលកើតនៅលើសរីរាង្គបន្តពូជដូចជាដុំស្បូន និងដុំដៃស្បូនជាដើម។ ចំពោះទារកក្នុងផ្ទៃ៖ មិនខុសគ្នានោះទេ ការថយចុះលទ្ធភាពក្នុងការមានគភ៌ នោះមានន័យថាក្រពេញដៃស្បូនធ្វើការមិនបានល្អ ជាហេតុធ្វើឲ្យការផលិតមេជីវិតមកក៏មិនបានល្អដែរ។ នៅពេលការបង្កកំណើតមិនល្អ ធ្វើឲ្យកូនកើតមកក៏មិនល្អ ដែលទាំងនេះអាចឈានដល់ការរលូតកូន។ លទ្ធភាពក្នុងការរលូតកូនកើនឡើងទៅតាមអាយុ ដូចនេះការរងពីការគំរាមនៃទារកក្នុងផ្ទៃមិនវិវឌ្ឍមានច្រើន។ ចំពោះករណីខ្លះ កូនមិនរលូត តែគាត់អាចនឹងប្រឈមជាមួយកត្តាមិនធម្មតាទៅលើក្រូម៉ូសូម (trisomy កើនឡើងតាមវ័យដែលជាទូទៅភាពមិនធម្មតាទៅលើក្រូម៉ូសូមអាចមាន ១/១១១ចំពោះស្ត្រីមានផ្ទៃពោះចាប់ពី ៣៥ឆ្នាំឡើងទៅ តែវាអាចមានត្រឹមតែ ១/១៥០០បើស្ត្រីមានគភ៌នៅអាយុទាបជាង ៣៥ឆ្នាំ។ បញ្ហាពេលសម្រាល៖ អត្រានៃការវះកាត់កើនឡើងរហូតដល់៤៦% ប្រសិនបើគាត់មានគភ៌នៅអាយុច្រើន ផ្ទុយមកវិញការសម្រាលតាមបែបធម្មជាតិមានត្រឹមតែ ៥៣% ទៅ៥៤%ប៉ុណ្ណោះ។ ចំពោះការសម្រាលតាមបែបធម្មជាតិនេះផងដែរ ស្ត្រីអាចនឹងប្រឈមខ្ពស់ជាមួយនឹងការធ្លាក់ឈាមច្រើន រួមនឹងរយៈពេលនៃការឈឺពោះសម្រាលយូរជាងធម្មតា។  ក្រោយការសម្រាល៖ បន្ទាប់ពីសម្រាលបានជោគជ័យ គាត់អាចនឹងប្រឈមជាមួយការព្យាបាលជំងឺគាត់ស្របពេលមានផ្ទៃពោះ។ ការតាមដាន ការពិនិត្យ និងតាមដានផ្ទៃពោះមិនមានអ្វីដែលខុសប្លែកពីស្ត្រីទូទៅទេ គឺត្រូវអេកូពោះ ៣ដងដូចគ្នា និងតាមដានផ្ទៃពោះរៀងរាល់ 1ខែម្តង។ នៅក្នុងប្រទេសអភិវឌ្ឍមួយចំនួន មានបន្ថែមនូវការធ្វើតេស្តរកក្រូម៉ូសូមមិនធម្មតា (Chromosomal Anomaly ) តាមរយៈការវិភាគតាមបែប systematic screening និងធ្វើការតាមដានពីជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ (gestational diabetes) ដោយប្រើ systematic test។ ការត្រៀមខ្លួន វាពិតជាសំខាន់ខ្លាំងណាស់ដោយសារគាត់មានអាយុច្រើន ជាចាំបាច់គាត់ប្រហែលជាមានជំងឺប្រចាំកាយអ្វីមួយរួចទៅហើយ ដូចនេះមុនពេលមានផ្ទៃពោះគាត់ត្រូវទៅជួបគ្រូពេទ្យឯកទេស ដើម្បីពិនិត្យមើលថារាងកាយរបស់គាត់អាចទទួលយកការមានគភ៌បានដែរឬទេ។ ចំពោះកំឡុងពេលមានផ្ទៃពោះវិញ គាត់ចាំបាច់ត្រូវធ្វើការតាមដាន តាមការណែនាំរបស់គ្រូពេទ្យ ដូចគ្នាផងដែរចំពោះក្នុងពេលសម្រាលនិងក្រោយពេលសម្រាល។ គុណសម្បត្តិ ទោះជាការមានផ្ទៃពោះនៅអាយុច្រើនអាចនឹងបង្កហានិភ័យយ៉ាងណាក៏ដោយ វាក៏ផ្តល់នូវគុណសម្បត្តិផងដែរ។ ដោយហេតុថាគាត់មានភាពគ្រប់គ្រាន់ ទាំងចំណេះដឹង ទាំងការងារ និងសមត្ថភាពរាងកាយពេញលេញ ហេតុនេះធ្វើឲ្យការមានផ្ទៃពោះរបស់គាត់ក្លាយជារឿងសំខាន់មួយ និងមានតម្លៃ។ មិនតែប៉ុណ្ណោះ ម្តាយដែលមានអាយុច្រើន អាចចាស់ទុំបន្តិច ប្រាកដប្រជា ព្រមទាំងឆ្លងកាត់ការពិចារណាបានត្រឹមត្រូវ ហើយត្រៀមខ្លួនជានិច្ចចំពោះបញ្ហាប្រឈមដែលនឹងកើតមានក្នុងពេលខាងមុខ។ លោកវេជ្ជបណ្ឌិត ហួត សេងឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

សំណួរ ៖ នាងខ្ញុំអាយុ ២៧ឆ្នាំ ភេទស្រី កម្ពស់១,៧២ម៉ែត្រ ទម្ងន់ ៥០គីឡូក្រាមជាអាជីវករ និងបានរៀបការរួចហើយ។ ខ្ញុំមានអាការៈហើមទ្វារមាស ធ្លាក់សច្រើន រមាស់ និងក្រហាយ តែបាត់ទៅវិញ នៅពេលខ្ញុំប្រើប្រាស់ថ្នាំស៊ុលដែលណែនាំដោយមិត្តភក្តិរបស់ខ្ញុំ។ តែមិនយូរប៉ុន្មាន អាការៈនេះ ក៏ត្រឡប់មកវិញ ហើយខ្ញុំពុំទាន់បានប្រើប្រាស់ឱសថណាមួយទៀតឡើយ គ្រាន់តែធ្វើការសម្អាតដោយទឹកអនាម័យតែប៉ុណ្ណោះ។ តើអាការៈនេះជារោគសញ្ញានៃជំងឺអ្វី? តើវាត្រូវបានព្យាបាលយ៉ាងដូចម្តេច?   ចម្លើយ ៖  ចំពោះករណីនេះ ប្អូនគួរតែទៅជួបពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតជំនាញផ្នែករោគស្ត្រី ដើម្បីធ្វើការពិនិត្យ តាមរយៈតេស្តផ្សេងៗរួមទាំងការសម្អាតប្រដាប់បន្តពូជសម្រាប់ការធ្វើតេស្តរកជំងឺដែលឆ្លងតាមការរួមភេទ (Sexually transmitted diseases ឬ STD)  រួចបន្តតាមដាននូវលទ្ធផលព្រមទាំងទទួលការព្យាបាលឲ្យបានត្រឹមត្រូវផងដែរ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ៖ នាងខ្ញុំមានចម្ងល់មួយ សូមជម្រាបសួរអ្នកគ្រូពេទ្យថា ហេតុអ្វីបានជានៅរាល់អំឡុងពេលមានរដូវម្តងៗ នាងខ្ញុំតែងមានអាការៈឈឺក្បាល(១-២ ថ្ងៃជាប់គ្នាក៏មាន)។ តើវាបណ្តាលមកពីមូលហេតុអ្វីដែរ? ហើយនាងខ្ញុំត្រូវដោះស្រាយយ៉ាងណាដែរ ដើម្បីចៀសវាងបញ្ហានេះ?   ចម្លើយ៖ អាការៈឈឺក្បាលនៅពេលមានរដូវនេះ គឺបណ្តាលមកពីប្អូនមានការចុះថយនៃអ័រម៉ូនអឺស្ត្រូសែន។ ចំពោះដំណោះស្រាយរបស់វា ជាទូទៅ បើប្អូនធ្លាប់លេបថ្នាំបំបាត់ការឈឺចាប់ ដែលអាចធ្វើឲ្យធូរស្រាលបាន សូមបន្តប្រើថ្នាំនោះជាធម្មតាចុះ ប៉ុន្តែបើសិនជាមិនបាត់ទេ គឺចាំបាច់ត្រូវមកជួបវេជ្ជបណ្ឌិតជំនាញរោគស្រ្តី ដើម្បីឲ្យគាត់ពិនិត្យឲ្យបានត្រឹមត្រូវពីអាការៈរោគនេះ។ ខ្ញុំសូមបញ្ជាក់ថាជួនកាល ករណីខ្លះ កាលណាប្អូនប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ វាអាចបណ្តាលឲ្យមានផលវិបាកដល់សុខភាព។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិតឯកទេស គី ស៊ីវ៉ាន់ថា នាយអគាររោគស្រ្តី និងសម្ភពនៅមន្ទីរពេទ្យព្រះកុសុមៈ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

សម័យបច្ចុប្បន្នស្រ្តីភាគច្រើនតែងតែរកវិធីសាស្រ្តថ្មីៗ ប្លែកៗដើម្បីទទួលបានចំណាប់អារម្មណ៍ពីអ្នកដទៃ។ អ្វីដែលគួរឲ្យកត់ចំណាំ និងព្រួយបារម្ភនោះ គឺបញ្ហាដែលជះឥទ្ធិពលមកពីការចង់បានភាពស្រស់ស្អាតទាំងនោះ។ អត្ថបទមួយនេះនឹងបង្ហាញស្រ្តីគ្រប់រូបពីចំណុចសំខាន់ បួនផ្សេងៗដែលបង្កការរំខានដល់សុខភាពមនុស្សស្រីជាពិសេសទ្វារមាស។   ១. ខោទ្រនាប់ ស្រ្តីទូទៅវ័យក្មេងជាច្រើន និយមចូលចិត្តស្លៀកខោទ្រនាប់ស៊ិចស៊ីដែលផលិតឡើងពីសារធាតុសំយោគខ្សែតូចងាយមានសំណើមជាហេតុនាំឲ្យមេរោគឆ្លងបានរហ័សទៅលើទ្វារមាស។ ដូច្នេះ អ្នកជំនាញសំណូមពរឲ្យមិត្តស្រ្តីទាំងអស់គួរជ្រើសរើសខោទ្រនាប់ផលិតឡើងពីកប្បាសដោយវាមានលក្ខណៈទន់សមស្របនឹងរូបរាងងាយស្រួលបត់បែន លើសពីនេះវាក៏មានលក្ខណៈស៊ិចស៊ីមានភាពទាន់សម័យផងដែរ។   ២. ជម្រុះសក់ជុំវិញទ្វារមាស មនុស្សស្រីមួយចំនួនតែងយល់ខុសហើយធ្វើការជម្រុះសក់ជុំវិញទ្វារមាសដើម្បីទទួលបានភាពស៊ិចស៊ីតែនេះគឺជាការយល់ខុសទាំងស្រុង។ យោងទៅតាមអ្នកឯកទេសខាងរោគស្រ្តី ការជម្រុះសក់ជុំវិញទា្វរមាសបង្កភាពងាយស្រួលក្នុងការចម្លងរោគផ្សេងៗក្នុងនោះក៏អាចឆ្លងតាមរយៈការរួមភេទផងដែរដូចជា ជំងឺស្វាយ ប្រមេះ ជាដើម។   ៣. ប្រើប្រាស់ទឹកបាញ់សម្រាប់លាងទា្វរមាស ជាការពិតនៅជុំវិញទ្វារមាសមានបាក់តេរីល្អៗមួយចំនួនដែលអាចការពារស្រ្តីពីការឆ្លងមេរោគផ្សេងៗបង្កឡើងពីបរិស្ថានខាងក្រៅជាដើម។ ប្រសិនបើអ្នកប្រើប្រាស់ទឹកបាញ់លាងទ្វារមាសនោះវាអាចធ្វើឲ្យបាត់បង់នូវបាក់តេរីល្អៗទាំងនោះហើយគ្មានអ្វីការពារពីមេរោគខាងក្រៅទៀតទេ។ បញ្ហាធ្ងន់ធ្ងរអាចធ្វើឲ្យស្រ្តីមិនអាចបង្កកំណើតបានទៀតផង។ ដូច្នេះស្រ្តីគួរចៀសវាងវិធីសាស្រ្តសំអាតដោយប្រើទឹកបាញ់លាងនេះទៀតទៅ គួរតែជ្រើសរើសវិធីសាស្រ្តរក្សាអនាម័យផ្សេងវិញ។   ៤. ការបរិភោគអាហារដែលមានក្លិនឆួលខ្លាំង និងសារធាតុផ្អែម ធម្មតា បើទ្វារមាសរងការឆ្លងមេរោគផ្សេងៗនោះនឹងបង្កឲ្យមានក្លិនមិនល្អកើតឡើង។ មិនតែប៉ុណ្ណោះអាហារដែលយើងបរិភោគមានក្លិនឆួលខ្លាំងដូចជាខ្ទឹមស ទំពាំងបារាំង ឬគ្រឿងការីសុទ្ធតែធ្វើឲ្យមានក្លិនមិនល្អ មិនត្រឹមតែក្នុងមាត់ទេតែក៏អាចធ្វើឲ្យមានក្លិនមិនល្អដល់ទ្វារមាសផងដែរបើយោងតាមសេចក្តីសន្និដ្ឋានពីការស្រាវជ្រាវរបស់អត្ថបទស្រាវជ្រាវមួយចំនួន។ ដូចគ្នានេះដែរ ការទទួលទានជាតិផ្អែមច្រើនក៏ជាផ្នែកមួយប៉ះពាល់ដល់សុខភាពស្រ្តី និងទ្វារមាស។ ជាតិផ្អែមទាំងនោះជាហេតុនាំឲ្យពពួកផ្សិតមេរោគដុះលូតលាស់លឿន និងងាយរីកធំធាត់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជាញឹកញាប់ នៅក្រោយអាយុ 45 ឆ្នាំ បាតុភូតអស់រដូវរបស់ស្ត្រីចាប់ផ្តើមប្រព្រឹត្តិទៅជាដំណាក់កាលផ្សេងៗដែលអាចប្រើពេលវេលារហូតដល់ជាង 10ឆ្នាំ ដោយនាំមកនូវបញ្ហាជាច្រើន និងនាំឲ្យរំខានដល់គុណភាពនៃជីវិតចំពោះស្ត្រីផ្ទាល់ជាហេតុនាំឲ្យការឆ្លងកាត់នូវដំណាក់កាលនេះ ប្រព្រឹត្តទៅយ៉ាងពិបាក។លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី បានបង្ហាញ រួចមកហើយថា ការមានរដូវមិនទៀងទាត់ (ច្រើន ឬតិច) និងអាការៈដ៏រំខានផ្សេងៗទៀតដូចជា ការក្តៅក្រហល់ក្រហាយ បែកញើសពេលយប់ ពិបាកគេង អារម្មណ៍មិនល្អ ព្រួយបារម្ភច្រើន បេះដូងលោតញាប់ និងការថយចុះនូវចំណង់ ក្នុងការរួមភេទជាដើម ជាសញ្ញាដែលត្រូវបានជួបប្រទះញឹកញាប់ នៅពេលស្ត្រីឈានដល់វ័យអស់រដូវដែលទាំងអស់នេះបង្កឡើងដោយសារការបញ្ចេញនៃអ័រម៉ូនអឺស្ត្រូសែនថយចុះ។  ដើម្បីជួយឲ្យស្ត្រីអាចមានការធូរស្រាលខ្លះក្នុងការឆ្លងកាត់ដំណាក់កាលមួយនេះ មានវិធីសាស្ត្រមួយចំនួនដែលត្រូវបានណែនាំ ដែលក្នុងនោះការប្រើប្រាស់នូវអាហារបំប៉នចម្រាញ់ពីធម្មជាតិដែលមានផ្ទុកនូវសមាសធាតុ phytoconstituents ដូចជា isoflavone, lycopene, vitamin C, calcium, green tea extract និងសារធាតុផ្សេងទៀត បានបង្ហាញនូវសកម្មភាពយ៉ាងគួរឲ្យកត់សម្គាល់។   1.    សារធាតុចម្រាញ់ពីតែបៃតង (Green tea extract) មានសកម្មភាពប្រឆាំងនឹងការរលាក អុកស៊ីតកម្មការប្រែប្រួលរបស់ហ្សែន ជំងឺទឹកនោមផ្អែម បាក់តេរីព្រមទាំងឥទ្ធិពលបញ្ចុះកូឡេស្តេរ៉ូលក្នុងឈាម ដូចនេះវាត្រូវបានប្រើក្នុងបញ្ហាសុខភាពជាច្រើន។ ដោយឡែក សារធាតុចម្រាញ់ម្យ៉ាងរបស់វាគឺ epigallocatechin gallate (EGCG) ត្រូវបានបង្ហាញថា អាចប្រើប្រាស់ក្នុងការជាសះស្បើយពីការ ovariectomy-induced bladder។ ការសិក្សាគ្លីនិកលើស្ត្រីជប៉ុន និងអាមេរិកកាំងក៏បាន ឲ្យឃើញផងដែរថា ស្ត្រីដែលប្រើប្រាស់តែបៃតងបានញឹកញាប់ អាចកាត់បន្ថយកំហាប់របស់អ័រម៉ូនestrone នៅប្រព័ន្ធបង្ហូរនោម (មានន័យថាបន្ថយឱកាសក្នុងការកើតមហារីកសុដន់) ក៏ដូចជាបរិមាណកូឡេស្តេរ៉ូលសរុប និងខ្លាញ់មិនល្អ (LDL-C)នៅក្នុងឈាមបាន។ ក្រៅពីនោះ ប្រសិទ្ធភាពក្នុងការការពារសុខភាពឆ្អឹងក៏ត្រូវបានគេកត់សម្គាល់ផងដែរ។ 2.    Isoflavone ពីសណ្តែកសៀង សារធាតុនេះត្រូវបានបង្ហាញថាមានអត្ថប្រយោជន៍ចំពោះបញ្ហា និងជំងឺជាច្រើន រួមទាំងជំងឺមហារីក ជំងឺបេះដូង ជំងឺពុកឆ្អឹង និងរោគសញ្ញា ក្រោយអស់រដូវ។ តាមការរាយការណ៍មួយលើរោគសញ្ញាក្រោយអស់រដូវរបស់ស្ត្រីបានបង្ហាញអំពី ភាពសមស្របនៃការព្យាបាលតាំងពីដំបូងដោយប្រើ isoflavones។ តាមការបូកសរុបលើស្រ្តីអាស៊ីដែលមានរបបអាហារសណ្តែកសៀងខ្ពស់ ក៏បង្ហាញផងដែរនូវលទ្ធផលអាចប្រៀបបាន នឹងការព្យាបាលដោយអ័រម៉ូនជំនួស។ ទិន្នន័យផ្សេងទៀតក៏បានឲ្យដឹងថា មានការថយចុះនូវអាការៈនៃការអស់រដូវ ក៏ដូចជាលំនឹងនៃកម្រិត ប្រើប្រាស់ក្នុងមួយថ្ងៃ ក្រោយការប្រើ isoflavone ពីសណ្តែកសៀងរយៈពេល១៦សប្តាហ៍។ ទោះយ៉ាងណាប្រសិនមិនទទួលបានលទ្ធផលនៅក្រោយ១២សប្តាហ៍ នោះជម្រើសព្យាបាលផ្សេងនឹងត្រូវបានប្រើប្រាស់។ 3.    លីកូប៉ែន (Lycopene) ជាសារធាតុពណ៌ដែលច្រើនមានក្នុងប៉េងប៉ោះទុំនិងផ្លែឈើទុំផ្សេងៗ។ វាក៏មានប្រហែលជា ៥០%ផងដែរនៃបរិមាណ carotenoids ទាំងអស់ដែលមានក្នុងឈាមរបស់មនុស្សជាមួយនឹងសកម្មភាពសំខាន់ៗជាច្រើន។ Lycopene មិនត្រូវបានបន្ថយដោយការជក់បារី និងផឹកស្រាដូចជាប្រភេទcarotenoids ដទៃឡើយ តែនឹងត្រូវថយចុះនៅពេលអាយុរបស់យើងកាន់តែច្រើន។ ការសិក្សាបានបង្ហាញថា Lycopene អាចកាត់បន្ថយនូវប្រតិកម្មអុកស៊ីតកម្ម និងការបាត់បង់របស់ឆ្អឹងចំពោះស្ត្រីក្រោយអស់រដូវ។ ក្រៅពីនោះ តាមរយៈ Scientific Reporter ព្រឹត្តិប័ត្រព័ត៌មានដ៏ល្បីពី Nature’s group ក៏បានបញ្ជាក់ផងដែរអំពីការកាត់បន្ថយឱកាសក្នុងការកើតមហារីករបស់ Lycopene ជាពិសេសគឺមហារីកអូវែចំពោះស្ត្រីអស់រដូវផងដែរ ។ 4.    វីតាមីន សេ (Vitamin C) ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់ ជាមួយនឹងមុខងារក្នុងភាពយឺតនៃសរសៃឈាមអាកទែសម្របសម្រួលសម្ពាធឈាម កាត់បន្ថយជំងឺ សរសៃឈាមបេះដូង  ក៏ដូចជាការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ diabetes mellitus ផងដែរ។ ចំពោះរោគសញ្ញាក្រោយការអស់រដូវ វីតាមីនសេ ត្រូវបានបង្ហាញថាអាចកាត់បន្ថយ កម្រិតនិងភាពញឹកញាប់នៃការកើតមានភាពក្តៅក្រហល់ក្រហាយ (hot flashes) បានយ៉ាងប្រសើរ។ វាក៏ត្រូវបានស្គាល់ផងដែរថាជាអ្នកភ្ញោចឲ្យមានការផលិតកូឡាជែន និងភ្ញោចសកម្មភាពរបស់ alkaline phosphatase ដែលជំរុញឲ្យមានការ ផលិតកោសិកាឆ្អឹងថ្មីៗ ដែលជាលទ្ធផលនៃការរក្សាដង់ស៊ីតេឆ្អឹងដើម្បីការពារការបាក់បែកឆ្អឹងក្រោយពេលអស់រដូវបានដល់ទៅជាង ១៧ឆ្នាំ។ 5.    កាល់ស្យូម កាបូណាត (Calcium carbonate) មាន៣៣%នៃអំបិលកាល់ស្យូមនៅក្នុងខ្លួន ហើយត្រូវបានបញ្ជាក់ថាមានសកម្មភាពក្នុង ការកន្ត្រាក់នៃសរសៃឈាម ពង្រីកសរសៃឈាម មុខងារ សាច់ដុំ ការបញ្ជូនសញ្ញានៃប្រព័ន្ធប្រសាទ និងការបញ្ចេញអ័រម៉ូន។ ដោយឡែក ដោយសារតែការថយចុះនៃអ័រម៉ូន អឺស្ត្រូសែនក្រោយពេលអស់រដូវ រាងកាយរបស់ស្ត្រីក៏មានការថយចុះនូវការទទួលយកសារធាតុ calcium ពីរបបអាហារផងដែរ។ ដូចនេះហើយទើបអាហារបំប៉ន calcium ត្រូវបានប្រើប្រាស់ជាយូរមកហើយក្នុងការការពារការបាត់បង់នៃសារធាតុនេះដែលទទួលខុសត្រូវក្នុងរក្សាម៉ាស់របស់ឆ្អឹង និងការពារជំងឺពុកឆ្អឹង។ ដោយសារការបាត់បង់ឆ្អឹងការចាប់ផ្តើមបន្តិចម្តងពីអាយុ ២៥ ទៅ ៣៥ឆ្នាំ ដូចនេះអាហារបំប៉ននេះក៏ត្រូវប្រើក្នុងការការពារការរសាត់ឆ្អឹងមុនពេល អស់រដូវផងដែរ។ តាមរយៈ National Institutes of Health (NIH) និង Institute of Medicine (IOM) បរិមាណពី ១០០០ទៅ ១៥០០ មក ក្នុង មួយថ្ងៃនៃកាល់ស្យូម ត្រូវបានណែនាំឲ្យប្រើប្រាស់អាស្រ័យនឹងអាយុរបស់ស្ត្រីអស់រដូវនិងការព្យាបាលដោយអ័រម៉ូនជំនួសរបស់ពួកគេ។ លទ្ធផលត្រូវបានកត់សម្គាល់ជាងគេចំពោះស្ត្រីដែលមានរបបអាហារប្រចាំថ្ងៃដែលមានកាល់ស្យូមតិចជាង ៤០០ មក ក្នុងមួយថ្ងៃ និងបានប្រើប្រាស់អាហារបំប៉ននេះតាំងពី ៥ឆ្នាំដំបូងនៃការអស់រដូវ។ បកស្រាយដោយ​ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃគ្លីនិកលុច្ស ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ធម្មជាតិតម្រូវឲ្យមនុស្សស្រីគ្រប់រូបឆ្លងកាត់នូវដំណាក់កាលជាច្រើននៅក្នុងជីវិត ហើយគ្រប់ដំណាក់កាលតែងនាំមកជាមួយនឹងបម្រែបម្រួលជាច្រើន ពិសេសសម្រាប់ស្រ្តីខ្លួនឯងផ្ទាល់ ហើយក្នុងនោះការអស់រដូវ គឺជាដំណាក់កាលមួយដែលពួកគេត្រូវប្រឈមមុខនឹងការផ្លាស់ប្តូរដ៏ធំ។ តើអ្នកដឹងអ្វីខ្លះអំពីដំណាក់កាលនេះ? ហេតុអ្វីបានជាវាមានសារៈសំខាន់ក្នុងការយល់ដឹង? ម្យ៉ាងទៀត តើស្រ្តីគ្រប់រូបបានត្រៀមខ្លួនហើយ ឬនៅសម្រាប់បម្រែបម្រួលនេះ? អ្វីជាការអស់រដូវរបស់ស្រ្តី? គឺជាការបាត់នូវរដូវរយៈពេល១២ខែបន្តបន្ទាប់គ្នារបស់ស្រ្តី  ដែលជាទូទៅកើតមានចំពោះស្ត្រីអាយុពី៤៥ទៅ៥៥ឆ្នាំនឹងអាយុជាមធ្យមគឺ ៥១ឆ្នាំ។  នៅដំណាក់កាលនេះ   នឹងមានការផ្លាស់ប្តូរនៃរាងកាយរបស់ស្ត្រីជាច្រើន ក៏ប៉ុន្តែការផ្លាស់ប្តូររបស់ស្ត្រីមា្នក់ៗអាចមានលក្ខណៈខុសៗគ្នា  ទៅតាមបម្រែបម្រួលអ័រម៉ូនរបស់ពួកគេ។ រោគសញ្ញាដែលស្ត្រីច្រើនជួបប្រទះពេលអស់រដូវមានអ្វីខ្លះ? ជាមួយនឹងបម្រែបម្រួលអ័រម៉ូនដូចដែលបានបញ្ជាក់ខាងលើ ស្រ្តីនឹងអាចកើតមាននូវអាការៈដូចខាងក្រោម៖ ទ្បើងកម្តៅក្នុងខ្លួន ៖ កើតលើស្ត្រី ៧៥% ជុំវិញវ័យអស់រដូវ ដែលវាកើតឡើងក្នុងរយ:ពេល ៣០វិនាទីទៅ២ ឬ៣នាទី (ជាទូទៅ ការទ្បើងកម្តៅអាចកើតមានរយៈពេល ២-៣ឆ្នាំ និងអាចបន្តរហូតដល់៥ឆ្នាំ) ស្បែកប្រែពណ៌ជាក្រហម និងស្បែកស្ងួតចង្វាក់បេះដូងកើនទ្បើង បែកញើសពេញខ្លួនពិបាកគេងពេលយប់ និងមានរោគសញ្ញាលេចនោមពេលក្អក ឬកណ្តាស់ផងដែរ។ ក្រៅពីនោះ ស្រ្តីនៅក្នុងដំណាក់កាលអស់រដូវក៏អាចជួបប្រទះនឹងផលលំបាកជាច្រើនដែលអាចប៉ះពាល់ដល់គុណភាពនៃជីវិតរបស់ពួកគេ៖ ទ្វារមាសស្ងួត   ក្តៅ   និងឈឺពេលរួមភេទដោយសារការធ្លាក់ចុះនៃអ័រម៉ូនអឺស្រ្តូសែន សុដន់រួមតូច ដង់ស៊ីតេឆ្អឹងថយចុះធ្វើឲ្យកើនទ្បើងនូវហានិភ័យនៃការពុកឆ្អឹង ជាតិខ្លាញ់អាក្រក់នៅក្នុងសរសៃឈាមកើនទ្បើងធ្វើឲ្យមានហានិភ័យជាច្រើនទៀត ទម្ងន់កើនទ្បើងដោយសារបម្រែបម្រួលនៃអ័រម៉ូន អារម្មណ៍ប្រែប្រួល   (ស្ត្រីភាគច្រើនមានអារម្មណ៏មិនល្អមានវិបត្តិស្ត្រេស   ឬអស់កំលាំងល្ហិតល្ហៃ  គេងមិនស្ងប់  និងមានអារម្មណ៍មិនសប្បាយចិត្តដោយសារការប្រែប្រួលនៃរាងកាយ)។ ស្ត្រីអាចអស់រដូវមុនកាលកំណត់? ជាការពិត ស្ត្រីមួយចំនួនអាចជួបប្រទះនឹងបញ្ហាអស់រដូវមុនកាលកំណត់ដោយសារតែមានកត្តាជម្រុញមួយចំនួន៖ •ស្រី្តដែលកាត់ក្រពេញដៃស្បូនទាំងសងខាង •ស្រ្តីដែលកាត់ស្បូន •កត្តារាងកាយរបស់ស្រ្តី និងសារធាតុពុលផ្សេងៗ •កត្តាហែ្សន ឬតំណពូជ។ ធ្វើយ៉ាងណាអាចដឹងថាស្រ្តីឈានដល់វ័យអស់រដូវ? តាមរយៈរោគសញ្ញាគ្លីនិក និងការធ្វើរោគវិនិច្ឆ័យអមគ្លីនិកមួយចំនួនដូចជា៖ •ពិនិត្យឈាម ៖ ពិនិត្យអ័រម៉ូន FSH (follicle stimulating hormone) •ពិនិត្យដង់ស៊ីតេឆ្អឹង •ពិនិត្យឈាមរកកត្តាហានិភ័យនៃជំងឺបេះដូង •ពិនិត្យជាតិខ្លាញ់ក្នុងឈាម។ ការព្យាបាលសម្រាប់ស្រ្តីនៅវ័យអស់រដូវអាចធ្វើឡើងយ៉ាងដូចម្តេច? 1.  ផ្លាស់ប្តូរទម្លាប់រស់នៅ ធ្វើលំហាត់ប្រាណជាប្រចំា កាត់បន្ថយស្ត្រេស ផ្លាស់ប្តូរការហូបចុក   តមអាហារប៉ះពាល់សុខភា ញុំាកាល់ស្យូមឲ្យបានទៀងទាត់។ 2.  ព្យាបាលដោយអ័រម៉ូនជំនួសដើម្បីកាត់បន្ថយរោគសញ្ញាមួយរយ:ពេលខ្លី។ 3.  ព្យាបាលដោយឱសថធម្មជាតិ ឬអ័រម៉ូន។ គួរបញ្ជាក់ថា ចំពោះការព្យាបាលដោយឱសថធម្មជាតិ ឬអ័រម៉ូនត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយរោគសញ្ញាដែលក្នុងនោះសារធាតុដែលត្រូវបានប្រើប្រាស់ អាចជាប្រភេទជីធម្មជាតិលាយជាមួយអ័រម៉ូន ឬចំណីអាហារដែលសម្បូរដោយអ័រម៉ូនអឺស្រ្តូសែន រួមមានពពួកសណ្តែកសៀង  ទឹកសណ្តែក  និងតៅហ៊ូជាដើម៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជំងឺឆ្លងតាមការរួមភេទបាន និងកំពុងមានសន្ទុះកើនឡើងយ៉ាងលឿន។ សឹងតែពាក់កណ្តាលនៃអ្នកដែលស្ថិត នៅក្នុងវ័យរួមភេទសកម្ម ត្រូវបានប្រឈមមុខនឹងជំងឺឆ្លងប្រភេទនេះនៅទូទាំងពិភពលោក។ ក្នុងចំណោមជំងឺឆ្លងដោយការរួមភេទទាំងអស់ Human Papillomavirus (HPV) គឺជាមូលហេតុចម្បងគេដែលនៅពីក្រោយការចម្លងរោគនៅតំបន់ប្រដាប់បន្តពូជរបស់ទាំងស្រ្តី និងបុរស។  រឿងដែលគួរចាប់អារម្មណ៍ពីមេរោគ HPV គឺវាមានចំនួនលើសពី ១០០ប្រភេទដែលគេបានរកឃើញ ហើយក្នុងនោះមានដល់ទៅជាង ៤០ប្រភេទដែលជា មូលហេតុនៃការកកើតជាដំបៅនៅលើអវយវៈភេទ រួមទាំង genital warts និង venereal warts ។   មជ្ឈមណ្ឌលសិក្សាផ្នែកសើស្បែកនៃប្រទេសអាមេរិកបានបង្ហាញថា គិតចេញពីករណីដ៏ច្រើនលើសលប់នៃការបង្ករោគដោយមេរោគ HPV ជំងឺឬស នៅអវយវៈភេទ ឬ condylomatosis នេះ ត្រូវបានកើតឡើងញឹកញាប់ជាងគេចំពោះមនុស្សពេញវ័យដែលស្ថិតក្នុងវ័យបន្តពូជសកម្មនៅដំណាក់កាល ណាមួយក្នុងជីវិតរស់នៅរបស់ពួកគេ។ ជាអកុសល មនុស្សជាច្រើនបានមើលរំលងរោគសញ្ញានៅដំណាក់កាលដំបូងនៃការកើតឫសនៅអវយវៈភេទនេះ ហើយតែងចាប់ផ្តើមរាយការណ៍អំពីអាការៈនេះនៅពេលដែលស្ថានភាពនៃជំងឺឈានដល់ដំណាក់កាលពិបាកក្នុងការគ្រប់គ្រងទៅហើយ។  ជាការពិតណាស់ ជំងឺឆ្លងតាមរយៈការរួមភេទអាចបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យ ទាន់ពេលវេលា និងព្យាបាល បានឆាប់រហ័ស។ ជាពិសេស ផលប៉ះពាល់របស់ HPV នឹងវិវឌ្ឍជាលំដាប់និងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ពីព្រោះប្រភេទ HPV ខ្លះអាចបង្កឲ្យមាន ជំងឺមហារីកកស្បូន ក៏ដូចជាមហារីកយោនីផងដែរ។ ដូចនេះហើយអ្នកទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងទាក់ទងនឹងបញ្ហានេះ។ ទោះយ៉ាងណាក៏ដោយ ឱកាសប្រឈមមុខនឹងជំងឺនេះអាចត្រូវកាត់បន្ថយបាន ទាល់តែអ្នកធ្វើការការពារឲ្យបានត្រឹមត្រូវនៅមុនពេល និងអំឡុង ពេលរួមភេទ។   តើអ្វីខ្លះជាការស្តែងចេញនូវអាការៈនៃឫសត្រង់អវយវៈភេទ? មនុស្សជាច្រើនមានចម្ងល់ថាធ្វើយ៉ាងណាដឹងថាដំបៅត្រង់អវយវៈភេទនោះគឺជាឫស? ជាទូទៅមេរោគនេះច្រើនវាយប្រហារទៅលើជាលិកាសើមនៅត្រង់ តំបន់ភេទ។ នៅពេលដែលតំបន់នោះមានការរលាក និងមានការឆ្លងដោយវីរុសហើយ នោះនឹងមានការលេចឡើងនូវដុំពកតូចៗដែលមានពណ៌សាច់ នៅក្នុង ឬក្រៅយោនី ឬរន្ធគូទ និងនៅកស្បូនចំពោះមនុស្សស្រី។ ដោយឡែក លក្ខណៈចំណាំរបស់ឫសនោះគឺជាការនៅផ្តុំគ្នាជារាងដូចផ្កាស្ពៃ។ យ៉ាងណាមិញ ការស្រាវជ្រាវខ្លះទៀត បានបង្ហាញថា ឫសនៅអវយវៈភេទនេះ អាចនឹងមើលមិនឃើញចំពោះបុគ្គលមួយចំនួន ដោយវាអាស្រ័យទាំងស្រុងទៅលើកម្រិត នៃការវិវឌ្ឍទៅមុខរបស់ជំងឺ និងសភាពធ្ងន់ធ្ងរនៃឫសនោះ។   តើអ្វីជាមូលហេតុនៃការកើតឬសនៅប្រដាប់បន្តពូជ? ការរួមភេទដោយមិនមានការការពារត្រឹមត្រូវគឺជាកត្តាចម្បងគេដែលនៅពីក្រោយបញ្ហានេះ។ ដោយសារតែជំងឺនេះឆ្លងតាមការប៉ះពាល់ស្បែក និងស្បែក ដូចនេះ អ្នកគ្រប់គ្នាក៏មានឱកាសប្រឈមមុខនឹងការកើតជំងឺឫសនេះដែរ។ ម្យ៉ាងទៀត ស្ត្រីមានផ្ទៃពោះអាចនឹងចម្លងមេរោគ HPV នេះទៅកាន់ទារក ក្នុងផ្ទៃផងដែរ។ ហេតុនេះ អ្នកទាំងអស់គ្នាគួរតែព្យាយាមការពារខ្លួន ពិសេសអំឡុងពេលរួមភេទតែម្តង៕   អត្ថបទដោយ វេជ្ជបណ្ឌិត Anna Roslyakova ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជំងឺមហារីកពិតជាគួរខ្លាច ក៏ប៉ុន្តែជាសំណាងល្អ ការការពារខ្លួន ក៏ដូចជាការកាត់បន្ថយការប្រឈមពិតជាមានច្រើន ដែលក្នុងនោះក៏មានផងដែរនូវសកម្មភាព ឬទម្លាប់ងាយៗដែលអាចជួយយើងបានពីជំងឺដ៏កាចសាហាវនោះ។  ១. ញ៉ាំថ្នាំអាស្ពេរីន (តាមវេជ្ជបញ្ជា) អ្នកប្រហែលជាធ្វើបែបនេះ ដើម្បីការពារបេះដូងរបស់អ្នក ពីព្រោះ គ្រូពេទ្យបានណែនាំថា ការទទួលទានថ្នាំអាស្ពេរីនក្នុងកម្រិតមួយទាបអាចមាន ផលល្អច្រើន ចំពោះសុខភាពទូទៅសម្រាប់មនុស្សមួយចំនួន។ ក្រៅពីនេះ ការសិក្សាក៏បានរកឃើញផងដែរថា ថ្នាំនេះអាចជួយកាត់បន្ថយឱកាស កើតជំងឺមហារីកសុដន់បាន ១៦ %។ ២. កាត់បន្ថយ ឬផ្តាច់ការញ៉ាំស្រា ការញ៉ាំក្នុងកម្រិតតិចតួច អាចជួយអ្នកបានមែន ប៉ុន្តែ បើអ្នកញ៉ាំច្រើន អ្នកនឹងទទួលបានផលអវិជ្ជមានត្រឡប់មកវិញ។ ដូច្នេះ ចូរកាត់បន្ថយការញ៉ាំស្រា ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ៣. កុំប្រើអ័រម៉ូន អ្នកប្រហែលជាគិតថា ថ្នាំអ័រម៉ូន និងការព្យាបាលដោយអ័រម៉ូន គឺជារឿងល្អ ហើយគ្រូពេទ្យមួយចំនួន ក៏ចេញវេជ្ជបញ្ជា សម្រាប់ស្រ្តីអស់រដូវផងដែរ ប៉ុន្តែ អ្នកត្រូវគិតថា រាងកាយស្រ្តីត្រូវការសុខភាពផ្ទាល់ខ្លួនដែលជាធម្មជាតិរបស់វា មានន័យថាគឺត្រូវមានរដូវ និងអស់រដូវ ដូច្នេះ ​បើអ្នកនៅតែបន្តចាក់អ័រម៉ូន ដើម្បីបន្តឲ្យមានរដូវ វាជារឿងមិនល្អនោះទេ ហើយវាក៏អាចធ្វើឲ្យអ្នកប្រឈមនឹងជំងឺមហារីកផងដែរ។ ៤. រស់នៅជាមួយពណ៌បៃតង ការរស់នៅស្អាត គ្មានជាតិពុល បរិយាកាសស្រស់ស្រាយ និងការគ្មានធូលីដី អាចការពារអ្នកពីជំងឺមហារីកសុដន់បានមួយកម្រិតផងដែរ។ ៥. កុំអង្គុយច្រើនពេក ការអង្គុយយូរពេក ក៏អាចធ្វើឲ្យអ្នក ប្រឈមទៅនឹងជំងឺមហារីកសុដន់ផងដែរ។ ការសិក្សាបានបង្ហាញថា ទម្លាប់នៃការអង្គុយយូរពេកនៅកន្លែងធ្វើការ នៅក្នុងឡាន និងនៅក្នុងផ្ទះ អាចធ្វើឲ្យអ្នកប្រឈមទៅនឹងជំងឺសរសៃឈាមបេះដូង និងជំងឺមហារីក។ សមាគមន៍ជំងឺមហារីកអាមេរិចបានរកឃើញថា អ្នកដែលអង្គុយច្រើនជាង ៦ ម៉ោងក្នុងមួយថ្ងៃ អាចមានអត្រា ១០ ភាគរយ ប្រហែលជាកើតជំងឺខួរឆ្អឹង ជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកដោះ។ ដូច្នេះ ចូរដើរ និងបញ្ចេញសកម្មភាពប្រចាំថ្ងៃរបស់អ្នក ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ៦. ត្រូវបំបៅដោះកូន វាជាជម្រើសរបស់អ្នក ប៉ុន្តែវេជ្ជបណ្ឌិតជំនាញៗបានណែនាំថា ការបំបៅដោះកូន អាចកាត់បន្ថយជំងឺមហារីកដោះ គួរឲ្យកត់សម្គាល់។ ក្រៅពីនេះ វាក៏ជួយបង្កើនភាពស្និទ្ធស្នាល និងសន្សំសំចៃថវិការបានមួយកម្រិតផងដែរ។ ដូចនេះ ការចាប់ផ្តើមការពារខ្លួនអ្នកគួរតែត្រូវបានចាប់ផ្តើមឲ្យបានកាន់តែឆាប់កាន់តែប្រសើរ ចៀសវាងអ្វីៗត្រូវហួសពេល ដែលពេលនោះមិនមានការផ្លាស់ប្តូរដែលងាយៗដូចខាងលើអាចជួយអ្នកបានឡើយ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក
Top