- Mar 27, 2017 |
- 7 ឆ្នាំមុន |
- 6.2K មើល
ការអស់រដូវរបស់ស្ត្រី អាចបណ្តាលឲ្យមានជំងឺបាក់ទឹកចិត្តបាន
បញ្ហាស្រេ្តស ការថប់បារម្ភ និងភាពភ័យខ្លាចអាចកើតឡើងចំពោះស្រី្ដដែលឈានដល់វ័យកណ្តាលដោយសារការថយចុះនូវកម្រិតអ័រម៉ូនestrogen និង progesterone នៅក្នុងខ្លួន។ អ័រម៉ូន Estrogen មានឥទ្ធិពលទៅលើការបញ្ចេញ serotonin និង norepinephrine ដែលសារធាតុទាំងពីរមានទំនាក់ទំនងទៅនឹងបញ្ហាផ្លូវចិត្ត។ បន្ថែមពីនេះ ស្រ្តីដែលដល់វ័យអស់រដូវ អាចនឹងជួបប្រទះនឹងការប្រែប្រួលអារម្មណ៍ ដូចជាការបារម្ភ និងភ័យខ្លាចច្រើនអំពីភាពកាន់ចាស់របស់ខ្លួន និងការបាត់បង់សមាជិកគ្រួសារជាដើម។ហេតុនេះ ចំពោះស្ត្រីជាច្រើន ការឈានដល់វ័យអស់រដូវ ហាក់ដូចជាពេលវេលាដែលធ្វើឲ្យពួកគេមានភាពឯកា និងធុញទ្រាន់ ដែលការប្រែប្រួលផ្លូវចិត្តទាំងនេះ អាចបណ្តាលឲ្យមានជំងឺបាក់ទឹកចិត្ត ឬភ័យខ្លាចធ្ងន់ធ្ងរ ប្រសិនពុំទទួលបានការព្យាបាលឬការយកចិត្តទុកដាក់ណាមួយ។ ជាថ្មីម្តងទៀត លោកស្រីសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី វេជ្ជបណ្ឌិតឯកទេសព្រមទាំងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅគ្លីនិកលុច្សនឹងបកស្រាយជុំវិញទំនាក់ទំនងនៃការអស់រដូវរបស់ស្រ្តី និងជំងឺបាក់ទឹកចិត្ត។ កត្តាប្រឈមនឹងជំងឺបាក់ទឹកចិត្ត ការផ្លាស់ប្តូរនូវកម្រិតអ័រម៉ូននៅក្នុងខ្លួន ជាកត្តាចម្បងដែលអាចនាំឲ្យមានបញ្ហាសុខភាពរាងកាយនិងសុខភាពផ្លូវចិត្តរបស់ស្ត្រី ប៉ុន្តែនៅមានកត្តាផ្សេងទៀតដែលអាចមានឱកាសធ្វើឲ្យស្ត្រីមានអារម្មណ៍បាក់ទឹកចិត្តកំឡុងពេលអស់រដូវរបស់ស្ត្រីដូចជា៖ • ធ្លាប់មានប្រវត្តិមានជំងឺបាក់ទឹកចិត្តនៅពេលវ័យក្មេង • មានអារម្មណ៍ភ័យខ្លាចចំពោះការអស់រដូវ ឬភាពចាស់ • មានបញ្ហាស្រ្តេសដោយសារការងារ ឬបញ្ហាផ្ទាល់ខ្លួន • ការធុញទ្រាន់នឹងបរិយាកាសរស់នៅប្រចាំថ្ងៃ • ការមិនទទួលបានការគាំទ្រពីមនុស្សនៅជុំវិញខ្លួន • កង្វះការហាត់ប្រាណ • ការជក់បារី។ រោគសញ្ញានៃជំងឺបាក់ទឹកចិត្ត • អារម្មណ៍មួម៉ៅ ធុញថប់ និងឆាប់ខឹង • បារម្ភ មិនស្រណុកចិត្ត និងរវើរវាយ • អារម្មណ៍មានកំហុស និងគ្មានតម្លៃ • បាត់បង់ចំណូលចិត្តក្នុងកិច្ចការងារប្រចាំថ្ងៃ • ពិបាកក្នុងការផ្ចង់អារម្មណ៍ • ថយចុះការចងចាំ • អស់កម្លាំង • ទទួលដំណេកច្រើនពេក ឬតិចពេក • ផ្លាស់ប្តូរទម្លាប់ញ៉ាំអាហារ • ការឈឺចាប់ដោយគ្មានមូលហេតុច្បាស់លាស់។ វិធីសាស្ត្រព្យាបាលជំងឺបាក់ទឹកចិត្ត ការព្យាបាលជំងឺផ្លូវចិត្តចំពោះស្រ្តីអំឡុងពេលអស់រដូវពុំមានភាពខុសប្លែកពីជំងឺផ្លូវចិត្តដែលតែងតែកើតឡើងចំពោះបុគ្គលទូទៅនោះទេ។ វិធីសាស្រ្តអាចរួមបញ្ចូលនូវ ការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ការប្រើប្រាស់ថ្នាំ ឬអាចបូកបញ្ចូលនូវវិធីសាស្រ្តទាំងពីរក្នុងពេលតែមួយតែម្តង។ 1. ការផ្លាស់ប្តូរទម្លាប់រស់នៅ៖ • ទទួលដំណេកគ្រប់គ្រាន់ ៖ ស្រ្តីក្នុងវ័យអស់រដូវ អាចមានបញ្ហាទាក់ទងនឹងដំណេក។ អ្នកគួរកំណត់ម៉ោងឲ្យបានច្បាស់ក្នុងការចូលគេង និងភ្ញាក់ពីដំណេក ចំណែកបន្ទប់គេង គួរស្ថិតក្នុងភាពងងឹត ស្ងប់ស្ងាត់ និងត្រជាក់ល្មម។ • ធ្វើលំហាត់ប្រាណទៀងទាត់ ៖ លំហាត់ប្រាណអាចជួយបង្កើនថាមពល និងអារម្មណ៍ល្អ។ជាការល្អគួរមានទម្លាប់ធ្វើលំហាត់ប្រាណ ៣០ នាទី ប្រាំថ្ងៃក្នុងមួយសប្តាហ៍។ • វិធីសាស្រ្តរំងាប់អារម្មណ៍ ៖ កីឡាយោគៈ ការតាំងសម្មាធិ និងការម៉ាស្សា ជាសកម្មភាពអាចកាត់បន្ថយស្រេ្តសបានមួយផ្នែក និងបង្កភាពងាយស្រួលក្នុងការទទួលទានដំណេក។ • ឈប់ជក់បារី ៖ ស្រ្តីដែលជក់បារីមានឱកាសជួបបញ្ហាផ្លូវចិត្តច្រើនជាងស្រ្តីដែលគ្មានប្រវត្តិជក់បារី។ ប្រសិនបើអ្នកជក់បារី គួរស្វែងរកវិធីសាស្រ្តផ្តាច់ការជក់បារីពីអ្នកឯកទេស។ • របបអាហារសុខភាព ៖ របបអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ អាចការពារកុំឲ្យមានបញ្ហានានាពេលឈានដល់វ័យអស់ រដូវ។ គួរទទួលទានអាហារសម្បូរដោយសារធាតុចិញ្ចឹមដែលមានក្នុងផ្លែឈើ បន្លែ ផលិតផលសណ្តែកនិងញ៉ាំទឹកឲ្យបានច្រើន កាត់បន្ថយប្រភេទអាហារធ្វើឲ្យធាត់ ស្ករ អំបិល ព្រមទាំងសារធាតុអាល់កុលផងដែរ។ • ស្វែងរកការលើកទឹកចិត្ត ៖ ក្រុមគ្រួសារ ឬមិត្តភក្តិ អាចជួយលើកទឹកចិត្តស្ត្រីអស់រដូវឲ្យបានប្រសើរឡើង ហើយស្ត្រីខ្លួនឯងផ្ទាល់ត្រូវចាំថាអ្នកមិននៅម្នាក់ឯងនោះទេ ព្រោះស្រ្តីគ្រប់រូបដែលឈានដល់វ័យនេះគង់ចៀសមិនផុតពីដំណាក់កាលនេះដូចគ្នា។ 2. ព្យាបាលដោយប្រើប្រាស់ថ្នាំ • ថ្នាំអ័រម៉ូនជំនួសជាពពួក estrogen (កម្រិតទាប) ៖ ការប្រើប្រាស់ថ្នាំជាពពួក estrogen អាចជួយព្យាបាលបញ្ហាសុខភាពរាងកាយ និងផ្លូវចិត្តនៅពេលអស់រដូវ យ៉ាងណាមិញ ថ្នាំប្រភេទនេះ អាចបង្កឲ្យមានការប្រឈមខ្ពស់នឹងការកើតជំងឺមហារីកសុដន់ និងកំណកឈាម។ • ថ្នាំប្រឆាំងការបាក់ទឹកចិត្ត ៖ ប្រសិនថ្នាំជំនួសជាប្រភេទអ័រម៉ូនមិនស័ក្តិសមនឹងការព្យាបាល ស្ត្រីដែលអស់រដូវនឹងត្រូវបានណែនាំឲ្យប្រើប្រាស់នូវថ្នាំប្រឆាំងការបាក់ទឹកចិត្តជំនួសវិញ ដែលការព្យាបាលអាចមានរយៈពេលខ្លី ឬវែងតាមសភាពនៃជំងឺ។ • ការព្យាបាលបែបធម្មជាតិ ៖ ថ្នាំដែលមានផ្ទុកIsoflavones ស្ថិតនៅក្នុងថ្នាក់ Phytoestrogenដែលជាសមាសធាតុមានខ្សែស្រឡាយពីរុក្ខជាតិដូចជាពពួកសណ្តែក ហើយមានសកម្មភាពដូចទៅនឹងអ័រម៉ូន estrogen ដែលវាអាចធ្វើឲ្យប្រសើរឡើងនូវរោគសញ្ញានៃការអស់រដូវ។ • ការប្រឹក្សាយោបល់ ៖ ប្រសិនមិនហ៊ានប្រឈមមុខនឹងការចែករំលែកជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ ស្រ្តីដែលកំពុងមានបញ្ហានេះអាចស្វែងរកការពិភាក្សាពីសំណាក់អ្នកប្រឹក្សាជំនាញដើម្បីជួយសម្រាលនូវវិបត្តិទាំងនោះ។ ត្រូវចាំថា ជំងឺបាក់ទឹកចិត្តចំពោះស្រ្តីអស់រដូវ អាចព្យាបាលបាន ជាមួយនឹងវិធីសាស្រ្តនានាដែលអាចសម្រាលនូវរោគសញ្ញា និងការផ្លាស់ប្តូរនៅអំឡុងពេលនោះ ហើយស្ត្រីខ្លួនឯង និងក្រុមគ្រួសារផ្ទាល់ត្រូវតែប្រញាប់ជ្រើសរើសមធ្យោបាយណាមួយឲ្យបានឆាប់រហ័សផងដែរមុនពេលអាការៈទាំងនោះ ជាពិសេសជំងឺបាក់ទឹកចិត្តនេះវិវឌ្ឍកាន់តែធ្ងន់ធ្ងរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក