-
Oct 08, 2018
|
-
6 ឆ្នាំមុន
|
-
8.5K មើល
ពងបែកក្នុងមាត់ ជាករណីសាមញ្ញមួយដែលមនុស្សស្ទើរតែគ្រប់គ្នាធ្លាប់កើតមាន ក៏ប៉ុន្តែករណីដែលពងបែកមាត់កើតមានញឹកញាប់ និងម្តងហើយម្តងទៀត ដោយនាំមកជាមួយនូវសញ្ញារំខានផ្សេងៗ ក៏អាចជាក្តីបារម្ភ និងគួរធ្វើការតាមដានឲ្យបានត្រឹមត្រូវជាមួយគ្រូពេទ្យផងដែរ។
សំណួរ៖ ខ្ញុំមានអាយុ ២៣ ឆ្នាំ ភេទប្រុស កម្ពស់១,៧២ ម៉ែត្រ ទម្ងន់ ៦៦ គីឡូក្រាម ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ និងពុំទាន់មានគ្រួសារឡើយ។ ខ្ញុំតែងមានពងបែកក្នុងមាត់រវាង ២ ទៅ ៣ ខែម្តងដែលវាធ្វើឲ្យមានការឈឺចាប់ត្រង់កន្លែងពងបែកនោះ និងអាចក្តៅខ្លួនខ្លះដែរ ជាពិសេសវាមិនងាយជាទៅវិញរហូតដល់ ៧ ទៅ ៨ថ្ងៃ។ រាល់ពេលមានអាការៈនេះ ខ្ញុំគ្រាន់តែញ៉ាំថ្នាំបំបាត់ការឈឺចាប់ដូចជា Paracetamol តែពេលខ្លះក៏មានប្រើប្រាស់ថ្នាំផ្សះដូចជាពពួក Amoxicillin ផងដែរ។ ខ្ញុំមិនមានទម្លាប់ញ៉ាំអាហារហឹរ ឬខ្លាញ់ច្រើននោះឡើយ។ តើនេះបណ្តាលមកពីអ្វី? តើមានវិធីសាស្ត្រណាដើម្បីព្យាបាល ឬទប់ស្កាត់ដែរឬទេ?
ចម្លើយ៖ បញ្ហាពងបែកក្នុងមាត់អាចមានទាក់ទងនឹងមូលហេតុច្រើន តែជាទូទៅមិនចាំបាច់ឈានដល់ការប្រើប្រាស់ Amoxicillin ដែលជាថ្នាំផ្សះ (ថ្នាំប្រឆាំងបាក់តេរី) ឡើយ។ ចំណែកបញ្ហាក្តៅខ្លួនគឺអាចដឹងបានលុះត្រាមានការវាស់កម្ដៅដោយទែរម៉ូម៉ែត្រ ហើយបើកម្តៅរបស់ប្អូនលើសពី ៣៨,៣ អង្សាសេនោះទើបអាចនិយាយថាជាសញ្ញាក្តៅខ្លួនបាន (កម្ដៅជាក់លាក់គឺត្រូវយកកម្ដៅដែលវាស់ឃើញជាក់ស្តែងបូកបន្ថែម ០,៥ អង្សាសេទៀត)។ មូលហេតុដែលជួបញឹកញាប់នៃបញ្ហាពងបែកមាត់រួមមាន ការធ្វើអនាម័យមាត់ធ្មេញមិនបានល្អ ជំងឺធ្មេញ ឬអញ្ចាញធ្មេញ ឬមកពីការភើ ឬហៀរនូវអាស៊ីតក្រពះដែលធ្វើឲ្យរលាកជាដើម។
ក្នុងនោះ ក៏មានករណីកម្រខ្លះផងដែរ ដោយរួមមានទាំងជំងឺ Systemic Diseases ដែលបង្កជាពងបែកក្នុងមាត់ និងលើប្រដាប់ភេទ ហើយច្រើនកើតមានលើក្មេងប្រុស និងទាមទារឲ្យគ្រូពេទ្យពិនិត្យឲ្យបានច្បាស់លាស់។
ទោះយ៉ាងណា បើពងបែកមាត់នេះពុំមានការធ្វើទុក្ខធ្ងន់ធ្ងរណាមួយទេនោះ គ្រូពេទ្យនឹងមិនណែនាំឲ្យប្រើប្រាស់ថ្នាំផ្សះឡើយ ពីព្រោះឱសថនេះអាចនឹងសម្លាប់មេរោគល្អក្នុងមាត់សម្រាប់ការពារពីមេរោគផ្សេងៗ ហើយជំនួសមកវិញ គ្រូពេទ្យអាចណែនាំឲ្យប្អូនព្យាយាមធ្វើអនាម័យមាត់ធ្មេញឲ្យបានត្រឹមត្រូវ បរិភោគឲ្យបានសមរម្យ បរិភោគទឹកឲ្យបានច្រើន ការពារការកើនជាតិអាស៊ីតក្រពះស្របពេលប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ និងក្តៅខ្លួនដោយ Paracetamol ដូចដែលប្អូនបានប្រើ។ ក្នុងករណីដែលស្ថានភាពមិនបានធូរស្រាល ឬមិនបាត់ទៅវិញដោយវិធីទាំងនេះទេនោះ អាចនឹងមានការណែនាំឲ្យច្រឹបសាច់នោះទៅធ្វើការវិភាគតាមដានបន្ត។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ ឯកទេសវេជ្ជសាស្រ្តទូទៅ និងជំងឺឆ្លងប្រធានផ្នែកជំងឺទូទៅ និងជំងឺឆ្លង នៃមន្ទីរពេទ្យកាល់ម៉ែត
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក