Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សំណួរ ៖ ខ្ញុំរស់នៅខេត្តបាត់ដំបង។ ម៉ាក់របស់ខ្ញុំមានអាយុ៥១ឆ្នាំ តែគាត់មិនទាន់អស់រដូវទេ។ ខ្ញុំឮគេថាគាត់នឹងប្រឈមនឹងជំងឺពុកឆ្អឹង នៅពេលគាត់អស់រដូវ តែគាត់មានជំងឺលើសឈាម និងកំពុងព្យាបាលជាប្រចាំ។ តើការញ៉ាំអាហារដែលមានជាតិកាល់ស្យូម និងទឹកដោះគោអាចប៉ះពាល់អ្វីដែរឬទេ? តើគាត់គួរត្រៀមខ្លួនដូចម្តេចខ្លះ ដើម្បីការពារបញ្ហានេះ? ចម្លើយ ៖ ជាទូទៅស្រ្តីនៅជុំវិញពេលអស់រដូវ ច្រើនមានការចុះអន់ថយនូវគុណភាពឆ្អឹង ហេតុនេះហើយការទទួលទានអាហារដែលមានជាតិកាល់ស្យូម គឺជាវិធីល្អមួយ។ ឯការពិសាទឹកដោះគោ ក៏មិនមែនជាការហាមឃាត់ដែរ ព្រោះវាសម្បូរនូវជាតិកាល់ស្យូម ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្ន  ដោយសារមូលហេតុថាទឹកដោះគោមានជាតិផ្សេងទៀតច្រើន ដូចជា ប្រូតេអ៊ីន វីតាមីន និងខ្លាញ់ជាដើម។  ប្រសិនបើគាត់ធាត់ គឺសារពាង្គកាយរបស់គាត់លើសជាតិប្រូតេអ៊ីន បណ្តាលឲ្យគាត់ឡើងជាតិអាស៊ីតដែលធ្វើឲ្យឈឺសន្លាក់។ ម៉្យាងវិញទៀត ការត្រៀមខ្លួនដែលល្អបំផុតគឺ ការហូបចុក និងគេងឲ្យបានគ្រប់គ្រាន់ ព្រមទាំងការលេងកីឡាតាមអាយុរបស់គាត់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏គួរធ្វើការជួបប្រឹក្សាជាមួយនឹងគ្រូពេទ្យផងដែរ។ បកស្រាយដោយ ៖ សាស្រ្តាចារ្យ លឹម តាំង សាស្ត្រាចារ្យនៃសាកលវិទ្យល័យវិទ្យាសាស្ត្រសុ-ខាភិបាល ឯកទេសផ្នែកវះកាត់ឆ្អឹងបាក់បែក និងជំងឺឆ្អឹង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ នាងខ្ញុំអាយុ ៣៨ឆ្នាំ ជាអ្នកធ្វើការការិយាល័យ។ នាងខ្ញុំធ្លាប់មានបញ្ហារលាកប្លោកនោមជាញឹកញាប់ ហើយពេលនេះខ្ញុំក៏ត្រូវបានរកឃើញថា មានក្រួសក្នុងតម្រងនោមផងដែរ។ ពេលនេះ ខ្ញុំកំពុងទទួលការព្យាបាលដោយថ្នាំរំលាយក្រួស។ ខ្ញុំក៏បានប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលជំងឺពកករយៈពេលជាង ១០ឆ្នាំមកហើយរហូតមកដល់ពេលនេះ។ ខ្ញុំកំពុងមានគម្រោងយកកូនដំបូងនៅក្នុងឆ្នាំនេះ ខ្ញុំចង់សួរថា តើការព្យាបាល និងជំងឺខាងលើអាចមានផលប៉ះពាល់ដល់ការមានផ្ទៃពោះរបស់ខ្ញុំឬទេ?  ចម្លើយ ៖ ប្រសិនបើអ្នកមានគម្រោងមានផ្ទៃពោះ អ្នកគួរតែទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នក ហើយយកល្អ អ្នកគួរធ្វើការត្រួតពិនិត្យឈាម ទឹកនោម និងការពិនិត្យផ្សេងទៀតមុនពេលធ្វើការបង្កកំណើត។ ដោយឡែក ទាក់ទងនឹងកំហាប់អ័រម៉ូន TSH ដែលត្រូវបានធ្វើតេស្តឈាមមើលដើម្បីវាយតម្លៃពីមុខងារនៃក្រពេញទីរ៉ូអ៊ីតរបស់អ្នកគួរតែត្រូវបានរក្សាឲ្យនៅទាបជាងពាក់កណ្តាលនៃចន្លោះកម្រិតធម្មតា មុនពេលមានផ្ទៃពោះ ដោយសារវាអាចមានទំនាក់ទំនងនឹងការកាត់បន្ថយអត្រាប្រឈមនឹងការរលូតកូន។  ជាការពិត ស្ត្រីជាច្រើនបានជួបប្រទះនឹងបញ្ហារលាកផ្លូវទឹកនោមនៅពេលមានផ្ទៃពោះ ប៉ុន្តែក្នុងនោះក៏មានករណីគ្រោះថ្នាក់ដែលបង្កពីបញ្ហានេះផងដែរ។ ជាឧទាហរណ៍ បើសិនជាជំងឺរលាកផ្លូវនោមនេះ មិនត្រូវបានព្យាបាលទេនោះ វាអាចបង្កឲ្យទៅជាការឆ្លងរោគនៅនឹងតម្រងនោម (រលាកតម្រងនោម) ដែលមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះទាំងម្តាយ និងកូនក្នុងផ្ទៃ។  ដោយហេតុនេះហើយ ទើបការព្យាបាលជំងឺរលាកផ្លូវនោមឲ្យបាន ត្រឹមត្រូវមុននឹងចាប់ផ្តើមបង្កកំណើត គឺល្អបំផុត។ ការធ្វើបែបនេះ មិនត្រឹមតែធ្វើឲ្យអ្នកមានផាសុកភាពនៅពេលដែលអ្នកមានផ្ទៃពោះនោះទេ ក៏ប៉ុន្តែវាក៏ជាជម្រើសល្អបំផុត ដើម្បីប្រាកដថាអ្នកអាចចាប់ផ្តើមនូវការមានផ្ទៃពោះប្រកបដោយសុខមាលភាពផងដែរ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ ខ្ញុំមានអាយុ ៦១ឆ្នាំ ភេទស្រី កម្ពស់ ១.៥៨ម៉ែត្រ ទម្ងន់ ៥៣គីឡូក្រាម សព្វថ្ងៃជាមេផ្ទះ។ អស់រយៈពេល ៧ ទៅ ៨ឆ្នាំហើយដែលខ្ញុំមានអាការៈព្រិលភ្នែក ហើយខ្ញុំក៏ធ្លាប់បានទៅទទួលបានការព្យាបាលដោយធ្វើការវះកាត់ និងទៅពេទ្យពិនិត្យសម្ពាធទឹកជាប្រចាំផងដែរ។ ខ្ញុំមានប្រើប្រាស់ថ្នាំជាប្រចាំដូចជា ថ្នាំលើសឈាម លើសជាតិខ្លាញ់ និងប៉ូវឆ្អឹង។ ខ្ញុំចង់សួរលោកវេជ្ជបណ្ឌិតថា ហេតុអ្វីបានជាភ្នែកវះដាក់កែវហើយ នៅតែមិនភ្លឺច្បាស់ និងនៅមានទឹកដក់បាតភ្នែក? ​ ចម្លើយ ៖ គួរបញ្ជាក់ថា ជំងឺទឹកដក់ក្នុងភ្នែករបស់អ្នកជំងឺ និងការវះកាត់ដាក់កែវ ឬហៅថាវះកាត់បកបាយភ្នែក ពុំមានការទាក់ទងគ្នាឡើយ។ ចំពោះជំងឺទឹកដក់ក្នុងភ្នែក ការវះកាត់ខាងលើមិនអាចកែបញ្ហាបានឡើយ ដូចនេះរឿងចាំបាច់ដែលត្រូវធ្វើ គឺត្រូវទៅជួបជាមួយនឹងគ្រូពេទ្យភ្នែកជាប្រចាំ ជាពិសេសអ្នកជំងឺដែលមានអាយុចាប់ពី ៤៥ឆ្នាំឡើង ពីព្រោះជំងឺទឹកដក់ក្នុងភ្នែកអាចនឹងពុំផ្តល់សញ្ញាណាមួយឲ្យបានដឹងឡើយ រហូតដល់វាឈានដល់ដំណាក់កាលធ្ងន់ធ្ងរប៉ុណ្ណោះ។  ជាក់ស្តែង ជំងឺទឹកដក់ក្នុងភ្នែក ពុំអាចជាសះស្បើយឡើយ ប៉ុន្តែការព្យាបាលឲ្យបានទៀងទាត់ និងត្រឹមត្រូវអាចពន្យារនូវការវិវឌ្ឍរបស់វា ពោលគឺបាត់បង់ការមើលឃើញឲ្យប្រព្រឹត្តទៅសន្សឹមៗ។  ដោយឡែក ទោះជាជំងឺឡើងបាយ និងទឹកដក់ក្នុងភ្នែក ជាធម្មតាពុំមានអ្វីពាក់ព័ន្ធគ្នា តែក្នុងករណីពិសេសខ្លះអាចមានការពាក់ព័ន្ធផងដែរ ដូចនេះដើម្បីដឹងថា ការឡើងបាយធ្វើឲ្យមានទឹកដក់ឬទឹកដក់មកពីបញ្ហាផ្សេងត្រូវមកជួបនឹងវេជ្ជបណ្ឌិតឯកទេសទើបជាការប្រសើរ។  គួរឲ្យដឹងផងដែរថា ការប្រើប្រាស់ថ្នាំបន្តក់ភ្នែកមួយចំនួនមិនបានត្រឹមត្រូវ អាចជាមូលហេតុនៃជំងឺទឹកដក់ក្នុងភ្នែកបានដែលអ្នកជំងឺទាំងអស់គួរចៀសវាងប្រើប្រាស់ថ្នាំបន្តក់ភ្នែកដោយគ្មានការណែនាំពីគ្រូពេទ្យ ឬអ្នកជំនាញ។ សរុបមកការស្រវាំងភ្នែករបស់អ្នកជំងឺអាចទាក់ទងនឹងកម្រិតនៃការដក់ទឹក រយៈពេលនៃការបកភ្នែក តែបើ ៤ទៅ ៥ឆ្នាំ ហើយ អាចមកពីកន្លែងដាក់កែវស្រអាប់ ដែលអាចព្យាបាលឲ្យស្រឡះវិញបាន។ បកស្រាយដោយ ៖  លោកវេជ្ជបណ្ឌិត  អ៊ុក សុខហៀន វេជ្ជបណ្ឌិតឯកទេសព្រមទាំងជាវេជ្ជបណ្ឌិតព្យាបាល  និងវះកាត់ផ្នែកចក្ខុរោគនៅមន្ទីរពេទ្យព្រះអង្គឌួង​ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ នាងខ្ញុំ អាយុ២២ឆ្នាំ រស់នៅខេត្ត កំពង់ឆ្នាំង។ ខ្ញុំទើបតែសម្រាលកូនហើយបាន៤ខែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំខ្វល់ខ្វាយនោះ គឺខ្ញុំហូរឈាមច្រមុះជារឿយៗបន្ទាប់ពីសម្រាលកូនរួច ហើយពេលខ្លះនៅក្នុងបន្ទប់ត្រជាក់ ក៏មានហូរឈាមដែរ។ ជាការពិត ក្នុងអំឡុងពេលខ្ញុំកំពុងពពោះ ក៏មានឈាមច្រមុះតិចៗម្តងម្កាលដែរ។ តើខ្ញុំមានបញ្ហាអ្វីមែនទេ? តើត្រូវធ្វើយ៉ាងណាទើបអាចដោះស្រាយបាន?            ចម្លើយ ៖ ជំងឺរបស់ប្អូនកើតឡើងបណ្តាលមកពីបម្រែបម្រួលអ័រម៉ូននៅអំឡុងពេលមានផ្ទៃពោះ។ អ័រម៉ូនទាំង២នោះគឺ Progesterone និង Estrogen ដែលធ្វើឲ្យសរសៃឈាមនៅច្រមុះ រីកធំ (Nasal vasodilatation) ដូចនេះ កាលណានៅក្នុងបន្ទប់កាន់តែត្រជាក់ នោះបញ្ហានឹងចោទកាន់តែខ្លាំង ដោយសារសរសៃឈាមដែលរីកធំ អាចប្រេះនាំឲ្យមានការហូរឈាម ដែលអាការៈទាំងនេះនឹងអាចបាត់ទៅវិញ បើសិនការហូរឈាមតិចតែប្រសិនបើហូរឈាមខ្លាំងវិញត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការឃាត់ឈាម (Nasal Tamponude)តែម្តង។  ដូចនេះ អ្វីដែលប្អូនស្រី ត្រូវធ្វើគឺ ពាក់ម៉ាស់ការពារ តមរបស់ត្រជាក់ឬនៅបន្ទប់ម៉ាស៊ីនត្រជាក់ជាដើម។ ជាពិសេសប្អូន ឲ្យត្រូវទៅជួបគ្រូពេទ្យផ្នែករោគស្រ្តីដើម្បីស្វែងរកមូលហេតុពិតប្រាកដណាមួយ ដែលពេលខ្លះកង្វះវីតាមីនមួយចំនួនក៏បណ្តាលឲ្យមានបញ្ហានេះផងដែរ ឧទាហរណ៍វីតាមីនសេ ដែលកង្វះខាតរបស់វា នាំឲ្យសរសៃឈាមមានភាពផុយស្រួយ។  គួររំលឹកផងដែរ បម្រែបម្រូលអ័រម៉ូនកើតមាននៅពេលមានផ្ទៃពោះ ហើយនឹងអាចត្រឡប់មកធម្មតាវិញ នៅថ្ងៃទី៥ ឬទី៦ក្រោយពីសម្រាល ឬប្រែប្រួលទៅតាមស្ថានភាពរបស់បុគ្គល។ ដោយឡែក បញ្ហាកើនឡើងនូវសម្ពាធឈាម នៅអំឡុងពេលមានផ្ទៃពោះក៏អាចទាក់ទងនឹងអាការៈរបស់ប្អូនផងដែរ ហើយការកើនឡើងនូវសម្ពាធឈាមនេះ អាចនឹងបន្តរហូតដល់៣ខែទៅ៦ខែបន្ទាប់ពីសម្រាលកូន។ ដូចនេះសំណូមពរចុងក្រោយគឺ  សូមប្អូនស្រីទៅជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីតាមដានអាការៈរបស់ប្អូន មិនថាមុនឬក្រោយ សម្រាល និងទទួលយកដំបូន្មាន ក៏ដូចជាការផ្តល់ជាឱសថបំប៉ន ឬវីតាមីនបន្ថែមពីលើរបបអាហារ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត កៅ សែ នាយផ្នែកផ្ទាល់ខាងត្រចៀក ច្រមុះនិងបំពង់កនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖  នាងខ្ញុំមានអាយុ ២៣ឆ្នាំ។ កាលពី២សប្តាហ៍មុន នាងខ្ញុំបានទៅប៉ះធ្មេញត្រង់កន្លែងពុក តែរហូតមកដល់ពេលនេះ ត្រង់កន្លែងធ្មេញប៉ះនោះ នៅតែមានសភាពស្រៀវចំពោះភេសជ្ជៈ និងអាហារក្តៅ ឬត្រជាក់។ នាងខ្ញុំចង់ជម្រាបសួរលោកស្រីទន្តបណ្ឌិតថា តើសភាពស្រៀវនេះបណ្តាលមកពីអ្វី? ហើយវានឹងនៅយូរប៉ុណ្ណាដែរ? ចម្លើយ ៖  មូលហេតុនៃការស្រៀវធ្មេញមានច្រើន ដោយឡែក ចំពោះករណីរបស់ប្អូន វាអាចបណ្តាលមកពីត្រង់ប្រហោងដែលពុកនោះធំ ដែលតម្រូវឲ្យធ្វើការកាយយកផ្នែកដែលពុកនោះចេញ និងធ្វើឲ្យថ្នាំសម្រាប់បំពេញប្រហោងនោះ អាចនៅកៀកនឹងបណ្តូល ឬសរសៃធ្មេញធ្វើឲ្យមានការស្រៀវ។  ក្រៅពីនោះ ភាពស្រៀវក៏អាច បណ្តាលមកពីការបំពេញថ្នាំ ដោយមានខ្យល់ (bubble)ចូលក្នុងប្រហោងធ្មេញពុកនោះ ការកាយយកធ្មេញពុកមិនអស់ ឬការសម្លប់មេរោគ មិនបានត្រឹមត្រូវអំឡុងពេលប៉ះធ្មេញផងដែរ។ ក្នុងករណីនេះ ប្អូនស្រីគួរចៀសវាងបរិភោគ អាហារក្តៅ និងត្រជាក់មួយរយៈសិន។  គួរបញ្ជាក់ថា ប្រសិនបើការប៉ះធ្មេញរបស់ប្អូនបានធ្វើឡើងដោយត្រឹមត្រូវ នោះភាពស្រៀវធ្មេញអាចនឹង កាត់បន្ថយបន្តិចម្តងៗ និងប្រសើរឡើងវិញនៅ សប្តាហ៍ទី ៦។ ផ្ទុយទៅវិញ ប្រសិនភាពស្រៀវកាន់ តែធ្ងន់ធ្ងរឡើង ឬមិនមានភាពធូរស្រាលនោះ អ្នកជំងឺគួរទៅជួបជាមួយនឹងអ្នកជំនាញ ដើម្បីធ្វើការថត X-ray រកមូលហេតុ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។  បកស្រាយដោយ ៖ សាស្ត្រាចារ្យ យិន ស៊ីថន នាយកមន្ទីរព្យាបាលធ្មេញ ប្រាយស្មាយ និងជាប្រធានគ្រប់គ្រងគ្លីនិកទន្តវន្តសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ ជីតារបស់ខ្ញុំមានអាយុ៦៨ឆ្នាំ កម្ពស់១ម៉ែត្រ៦៩ ទម្ងន់៥៨គីឡូក្រាម រស់នៅខេត្តពោធិ៍សាត់។ គាត់ចូលចិត្តញ៉ាំកាហ្វេណាស់ មួយថ្ងៃគាត់ញ៉ាំរហូតដល់៤កែវ។ នាងខ្ញុំសូមសួរលោកវេជ្ជបណ្ឌិតថា តើគាត់នឹងអាចប្រឈមជាមួយនឹងបញ្ហាលើសសម្ពាធឈាម ឬទេ? ចម្លើយ ៖ ជាទូទៅ ការញ៉ាំកាហ្វេនាំឲ្យមានការភ្ញោចលើការបញ្ចេញអាដ្រេណាលីនធ្វើឲ្យមានការឡើងសម្ពាធឈាម។ ប៉ុន្តែ ចំពោះករណីជីតារបស់ប្អូន គាត់ពិសាកាហ្វេជាទម្លាប់មកហើយ  ហេតុដូច្នេះ កាហ្វេមិនធ្វើឲ្យប៉ះពាល់ដល់សម្ពាធឈាមរបស់គាត់ខ្លាំងនោះទេ មានន័យថាកាហ្វេមិនបានធ្វើឲ្យគាត់ប្រឈមជាមួយនឹងជំងឺលើសសម្ពាធឈាមទេ។  ទោះជាយ៉ាងណាក៏ដោយ គាត់គួរបន្ថយបរិមាណកាហ្វេរបស់គាត់ គឺជាការប្រសើរបំផុត។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត  និងជាប្រធានសមាគមជំងឺបេះដូងកម្ពុជា ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ នាងខ្ញុំមកពីខេត្ត កណ្តាល។ ប៉ុន្មានថ្ងែមុនខ្ញុំបានប្រើប្រាស់ថ្នាំផ្សះ ហើយពេលដែលខ្ញុំបានប្រើប្រាស់ វាបានធ្វើឲ្យមុខខ្ញុំហើម។ តើលោកវេជ្ជបណ្ឌិតអាចពន្យល់បានទេថា តើវាកើតឡើងបណ្តាលមកពីអ្វី ហើយតើខ្ញុំត្រូវធ្វើដូចម្តេច? ចម្លើយ ៖ ជាទូទៅ ថ្នាំផ្សះដែលប្រជាជននិយមប្រើ ហើយមានប្រតិកម្មជាមួយញឹកញាប់នោះ មិនមែន ជាថ្នាំប្រើសម្រាប់ផ្សះមុខរបួសនោះទេ តែតាមពិត ថ្នាំផ្សះ (antibiotics) គឺជាថ្នាំប្រើសម្រាប់ទប់ស្កាត់ការរីករាលដាល ឬសម្លាប់មេរោគ(Bacteria)។ ម្យ៉ាងទៀត មុននឹងប្រើប្រាស់ ថ្នាំផ្សះ គប្បីដឹងថា ប្អូនធ្លាប់មានប្រតិកម្មជាមួយ ថ្នាំ ប្រភេទនោះដែរឬទេ ព្រោះថាបើសិនដឹងថា មានប្រតិកម្មជាមួយថ្នាំប្រភេទណាមួយ ប្អូនត្រូវ តែប្រុងប្រយ័ត្ន និងចៀសវាង។  ជាទូទៅ គ្រប់ថ្នាំទាំងអស់នឹងអាចបង្កឲ្យមានគ្រោះថ្នាក់ដូចគ្នាគ្រាន់តែថ្នាំផ្សះគេច្រើនជួបប្រទះ ដោយសារផលវិបាករបស់វា។ ដូចនេះ សំណួររបស់ប្អូនស្រីមិនទាន់ អាចឆ្លើយបាននៅឡើយទេថាវាមកពីថ្នាំផ្សះ ឬយ៉ាងណា លុះត្រាដឹងថា តើប្រភពនៃការប្រើប្រាស់មកពីណា? តើប្អូនស្រីបានប្រើប្រាស់ថ្នាំប៉ុន្មានមុខ? តើមានតែថ្នាំផ្សះមួយមុខឬយ៉ាងណា? តើប្អូនតែងតែប្រតិកម្មជាមួយថ្នាំណាមួយឬទេ?  ចំណែកឯការឡើងហើមមុខ មិនមែនជាប្រតិកម្ម របស់ថ្នាំតែមួយមុខទេ ជួនកាលអាចបណ្ដាល មកពីជំងឺផ្សេងទៀតដូចជា ជំងឺខ្សោយតម្រងនោម ជាដើម។ ចំពោះរោគសញ្ញានៃការប្រតិកម្មថ្នាំមានដូចជា រមាស់ កន្ទួល កន្ទាលត្រអាក ថប់ដង្ហើម ក្អួតចង្អោរ ហើមបបូរមាត់ មុខ និងបំពង់ខ្យល់ដែលធ្វើឲ្យស្ទះផ្លូវដង្ហើម ឬក៏អាចប៉ះពាល់ដល់បេះដូង និងប្រព័ន្ធឈាមរត់ (Choc Anaphylatique) ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត បាន។  ហេតុនេះ បើប្អូនស្រីមានការសង្ស័យ ទាក់ទង នឹងការប្រើប្រាស់ថ្នាំ និងផលវិបាក ជាពិសេសពពួកថ្នាំផ្សះ ប្អូនគួរតែពិគ្រោះ ជាមួយ គ្រូពេទ្យជំនាញដែលផ្ដល់ការប្រឹក្សាពីការប្រើប្រាស់ថ្នាំប្រកបដោយសុវត្ថិភាព ។ បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គុយ ណូ ឯកទេសសណ្តំ ជំងឺធ្ងន់ សង្គ្រោះបន្ទាន់ និងជំងឺសួត សព្វថ្ងៃលោកជាវេជ្ជបណ្ឌិតឯកទេសប្រពោធកម្ម សល្យសាស្ត្រនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាវេជ្ជបណ្ឌិតឯកទេសបម្រើការនៅ មន្ទីរសំរាកព្យាបាល អាយ ស៊ី យូ ធ្លាប់បានបណ្តុះបណ្តាលនៅប្រទេសបារាំង និងប៊ែលសិក ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ ខ្ញុំបាទអាយុ ៤៨ ឆ្នាំ មកពីខេត្តកណ្តាល។ ខ្ញុំមានជំងឺមហារីកពោះវៀន និងបានទទួលការវះកាត់រួចមកហើយខ្ញុំកំពុងទទួលការព្យាបាលដោយសារធាតុគីមី (ឱសថ)។ ខ្ញុំមានការថយចុះចំណង់ក្នុងការហូបអាហារ។ តើធ្វើយ៉ាងណា ដើម្បីបង្កើនការហូបអាហាររបស់ខ្ញុំឡើងវិញ? ចម្លើយ ៖ នៅអំឡុងពេលព្យាបាលដោយប្រើប្រាស់ឱសថ ឬសារធាតុគីមី  វាពិតជាមានសារសំខាន់ក្នុងការបរិភោគអាហារឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានកម្លាំងសម្រាប់ទប់ទល់ និងប្រឆាំងនឹងកោសិកាមហារីក។ ក្រៅពីនោះ ការណែនាំខាងក្រោមក៏អាចជួយអ្នកបានផងដែរ៖ • ព្យាយាមបរិភោគអាហារឲ្យបានញឹកញាប់ ដោយញ៉ាំត្រឹមតែប៉ុន្មានម៉ាត់ពេញៗ ទោះបីអ្នកមិនឃ្លានក៏ដោយ។ ព្យាយាមបរិភោគតិចៗបែបនេះ រៀងរាល់ ២ម៉ោងម្តង • បរិភោគអាហារដែលអ្នកចូលចិត្ត ទោះជាអ្នកនឹងញ៉ាំវាដដែលៗក៏ដោយ • ទុកអាហារនៅជាប់ខ្លួនអ្នកជានិច្ច នៅពេលដែលអ្នកចេញក្រៅ (ទៅទទួលការព្យាបាល ឬទៅធ្វើការ) • បរិភោគអាហារចម្បង នៅពេលណាដែលអ្នកមានចំណង់ញ៉ាំបំផុត ដែលវាអាចជាអាហារពេលព្រឹកជាជាងអាហារពេលល្ងាច • កុំភ្លេចឆ្លៀតពេលដើរបន្តិចនៅចន្លោះអាហារនីមួយៗ  • អាចអញ្ជើញមិត្តភក្តិ និងគ្រួសារឲ្យបរិភោគជាមួយអ្នក  • បង្កើតអាហារដែលមើលទៅគួរឲ្យចង់បរិភោគ • បរិភោគអាហារ និងភេសជ្ជៈដែលមានកាឡូរី និងប្រូតេអុីនខ្ពស់៖    ឧទាហរណ៍រួមមាន៖ * ត្រីធូណា ឬត្រីសាលម៉ុន ជាមួយនឹងបាយ * ស៊ុប (សាច់ត្រី សាច់មាន់ ជាមួយនឹងគុយទាវ ឬមី) * ដំឡូងបារាំង គុយទាវ ឬមី និងសាឡាត់ធ្វើពីសណ្តែក * ត្រីដុត មាន់ដុត សណ្តែក ឬ សាច់ផ្សេងៗទៀត * បាប៊ីឃ្យូសាច់មាន់ * គុយទាវ ឬផាស្តាជាមួយឈីស * ស៊ុតស្ងោរ ស៊ុតចៀនជាមួយឈីស និងបន្លែ * បង្អែមចាហួយធ្វើពីអង្ករ គ្រាប់សារគូ ទឹកដោះគោ ឬសណ្តែកសៀង * ទឹកដោះគោ ឬយ៉ាអ៊ួរក្តៅឧណ្ហៗជាមួយគ្រាប់ធញ្ញជាតិ ផ្លែឈើ និង ស្ករក្រហម * នំដុត ជាមួយក្រែមឈីស ប័រ ទឹកស៊ីរ៉ូ ឬតំណាប់លាបនំបុ័ង * ការ៉េម យ៉ាអួរ  * គ្រាប់រុក្ខជាតិ និងតំណាប់ផ្លែឈើក្រៀម  * ទឹកដោះគោក្រឡុកធ្វើឡើងពីទឹកដោះគោ ឬទឹកសណ្តែកជាមួយទឹកឃ្មុំ (ប្រសិនបើអ្នកមិនមាន ការហើមពោះក្រោយពីបរិភោគទឹកដោះគោ) * ទឹកផ្លែឈើក្រឡុក * ភេសជ្ជៈសូកូឡាក្តៅៗ ឬជាមួយទឹកកក។  បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ៖ នាងខ្ញុំ អាយុ២៤ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ។ ជាញឹកញាប់ ខ្ញុំតែងតែរមួលក្រពើ មិនថាពេលហាត់ប្រាណ ឬពេលកំពុងគេងលក់ហើយក៏ដោយ។ ខ្ញុំមិនមានបញ្ហាសុខភាពអ្វីផ្សេងទៀតទេ តែខ្ញុំមានទម្ងន់ជាង៦០គីឡូ។ តើវាអាចជាមូលហេតុដែរឬទេ? តើអាការៈនេះមានទាក់ទងនឹងជំងឺអ្វីធ្ងន់ធ្ងរដែរឬទេ? ចម្លើយ៖ ប្រសិនបើអ្នកបានធ្វើការបញ្ជាក់ពីកម្ពស់របស់អ្នកទៀតវានឹងកាន់តែប្រសើរ។ យោងតាមការរៀបរាប់ខាងលើនេះ វាមិនបានបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃជំងឺនោះទេ។ អ្វីដែលត្រូវគិតដំបូងគេ គឺវីតាមីន ដូចជា ប្រភេទកាល់ស្យូម វីតាមីនក្រុមបេ ឬបេ១២ និងជាតិដែក ព្រោះថាកង្វះជាតិណាមួយក៏បណ្តាល ក៏ឲ្យសាច់ដុំមានការចុកស្រពន់ ឬរមួលក្រពើដែរ។ បកស្រាយដោយ ៖ សាស្រ្តាចារ្យ លឹម តាំង សាស្ត្រាចារ្យនៃសាកលវិទ្យល័យវិទ្យាសាស្ត្រសុ-ខាភិបាល ឯកទេសផ្នែកវះកាត់ឆ្អឹងបាក់បែក និងជំងឺឆ្អឹង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ប្រជាជនកម្ពុជាជាច្រើននាក់កំពុងជួបប្រទះជាញឹកញាប់នូវបញ្ហាអាល្លែកហ្ស៊ីច្រមុះ ឬហៅថាជំងឺគ្រុនផ្តាសាយ ដែលបញ្ហានេះកើតមានលើមនុស្សគ្រប់វ័យ មិនថាក្មេងចាស់ ប្រុសឬស្រីនោះទេ។ ជំងឺនេះមានការប៉ះពាល់ច្រើន ទាំងការរស់នៅរបស់ប្រជាជន ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសជាតិ។   1.មូលហេតុ បញ្ហារលាកច្រមុះ ឬអាល្លែហ្ស៊ី ជាញឹកញប់គេហៅថាអាល្លែកហ្ស៊ី  កើតឡើងនៅពេលដែលប្រព័ន្ធការពាររាងកាយប្រឆាំងទៅនឹងភាគល្អិតនៅក្នុងខ្យល់ដែលអ្នកដកដង្ហើមចូល មានន័យថាអ្នកមានប្រតិកម្មទៅនឹងពួកវា។ កត្តាដែលបង្កត្រូវបានបែងចែកជាពីរ គឺកត្តាខាងក្នុង និងខាងក្រៅ។  •កត្តាខាងក្នុងមាន៖ ធូលីតាមឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ម៉ាស៊ីនត្រជាក់ ចំណីអាហារ ដូចជាគ្រឿងសមុទ្រជាដើម។  •កត្តាខាងក្រៅមាន៖ ធូលីដីតាមផ្លូវ ផ្សែងរថយន្ត លំអងផ្កា ភាគល្អិតទាំងអស់ដែល ហោះហើរក្នុងខ្យល់។ 2.រោគសញ្ញា ប្រព័ន្ធភាពស៊ាំប្រឆាំងទៅភាគល្អិតដែលចូលក្នុងរាងកាយអ្នកនឹងបង្កឲ្យមានរោគសញ្ញាដូចជា៖  •កណ្តាស់  •ហៀរសំបោរទឹកភ្នែក  •រមាស់ តឹងច្រមុះ  •រមាស់ក្នុងក្រអូមមាត់ •សាច់ច្រមុះរីកធំ •ឬអាចឈានដល់បាត់បង់ការស្រង់ក្លិន  3.ការធ្វើរោគវិនិច្ឆ័យ ដើម្បីរកថាអ្នកមានជំងឺអាល្លែកហ្ស៊ីនេះ គឺមានការសួរពីរោគសញ្ញារបស់អ្នកជំងឺ និងធ្វើការត្រួតពិនិត្យមួយចំនួន។ ការដឹងពីរោគសញ្ញា និងកត្តាបង្កហេតុ អាចជួយឲ្យដឹងថា តើអ្នកពិតជាមានការអាល្លែកហ្ស៊ី ឬមានបញ្ហាផ្សេងទៀត។ ប្រសិនបើអ្នកមានរោគសញ្ញាធ្ងន់ធ្ងរ អ្នកអាចតម្រូវឲ្យមានការធ្វើតេស្តប្រតិកម្មអាល្លែកហ្ស៊ី ដើម្បីរកឃើញថាអ្នកមានប្រតិកម្មទៅនឹងអ្វី។  4.ការព្យាបាល ការព្យាបាលសំខាន់ជាងគេនៃជំងឺអាល្លែកហ្ស៊ីគឺ •ដំបូងបំផុតត្រូវចៀសពីសារធាតុដែលធ្វើឲ្យអាល្លែកហ្ស៊ី  •គ្រប់គ្រងរោគសញ្ញាដោយប្រើថ្នាំ  •ការព្យាបាលនៅផ្ទះមួយចំនួន។  5.ផលប៉ះពាល់  បើមិនមានការព្យាបាលបានត្រឹមត្រូវទេ វាអាចវិវត្តិទៅជាជំងឺផ្សេងទៀត ដូចជាជំងឺត្រចៀក ជំងឺសួត ឬស្បែកជាដើម។  6.ការការពារ  គួរគប្បីមានការយល់ដឹងពីបញ្ហាអាល្លែកហ្ស៊ីនេះឲ្យបានច្បាស់លាស់ ជាពិសេសពីមូលហេតុបង្ក។ ពេលមានបញ្ហា គួរតែទៅជួបគ្រូពេទ្យឲ្យទាន់ពេលវេលា។  ជំងឺនេះមិនមានភាពកាចសាហាវទេ តែវាជាប្រភេទជំងឺរ៉ាំរៃ។ ប្រសិនបើប្រជាជនទាំងអស់មានការអាការៈដូចដែលបានរៀបរាប់ខាងលើគួរតែរួសរាន់ទៅជួប ពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីធ្វើការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា ទោះបីជំងឺនេះមិនមានភាពធ្ងន់ធ្ងរ តែវាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់យើងបាន។  បកស្រាយដោយ ៖  លោកវេជ្ជបណ្ឌិត ថុង ម៉េងឡុង ប្រធាននៃសមាគមជំងឺត្រចៀក ច្រមុះ បំពង់ក កម្ពុជា និងជាអនុប្រធាននៃមន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងជាប្រធាននៃបន្ទប់ពិគ្រោះជំងឺ ថុង ម៉េងឡុង ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ ម្តាយខ្ញុំមានអាយុ ៤១ឆ្នាំ កម្ពស់១ម៉ែត្រ៦០ ទម្ងន់ ៥៥គីឡូក្រាម មានមុខរបរជាមេផ្ទះ។ រយៈពេលជាង ១ឆ្នាំកន្លងមក គាត់តែងមានបញ្ហាឈឺច្រមុះ ឈឺត្រចៀក ហឹងត្រចៀក ឈឺក្បាល អស់កម្លាំង និងវិលមុខ។ ចំពោះអាការៈខាងលើនេះ គាត់ព្យាបាលដោយប្រើថ្នាំ Amoxazine និងAnamizol ដោយឡែក គាត់មិនមានប្រើថ្នាំប្រចាំកាយអ្វីទេ។ តើបញ្ហាខាងលើអាចសន្និដ្ឋានពីមូលហេតុបានទេ? គួរព្យាបាលដោយវិធីណា? ចម្លើយ ៖ យោងតាមអ្វីដែលប្អូនបានរៀបរាប់ គឺសម្មតិកម្មមិនគ្រប់គ្រាន់នោះទេ ហេតុដូចនេះហាក់ដូចជាពិបាកក្នុងការធ្វើរោគវិនិច្ឆ័យពិតប្រាកដណាស់ ដូច្នេះ ត្រូវតែមកពិនិត្យមើលជាមួយវេជ្ជបណ្ឌិតជំនាញ ព្រោះបើតាមការ សន្និដ្ឋានម្តាយប្អូនអាចមានដុំណាមួយនៅខាងក្រោយច្រមុះ បង្កឲ្យប៉ះពាល់រន្ធមួយឆ្លងពីច្រមុះមកត្រចៀកដែលបណ្តាលឲ្យឈឺច្រមុះ ត្រចៀក ក្បាល ព្រមទាំងអស់កម្លាំង តែនេះគ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះ ដូច្នេះតម្រូវឲ្យប្អូនឆ្លុះមើល (Endoscopy) ទើបដឹងច្បាស់។  ផ្អែកលើឱសថដែលម្តាយប្អូនកំពុងប្រើប្រាស់នេះ Amoxazine ជាថ្នាំសម្រួលអារម្មណ៍ ឯ Anamizol ជាថ្នាំងងុយគេង ដូច្នេះអ្វីដែលប្អូនគួរតែធ្វើនោះ គប្បីជូនម្តាយប្អូនទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីទទួលបានព័ត៌មាន និងពិនិត្យឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ ខ្ញុំមានអាយុ ២០ឆ្នាំ ភេទស្រី កម្ពស់ ១.៦៥ម៉ែត្រ ទម្ងន់ ៥២គីឡូក្រាម សព្វថ្ងៃជានិស្សិត។ នាងខ្ញុំមានបញ្ហាដោយការមករដូវមិនទៀង វាមានលក្ខណៈក្រហមរាងលឿង ហើយម៉ដ្ឋដោយមិនដឹងថាជាឈាម ឬជាសញ្ញាអំពីជំងឺអ្វីនោះទេ។ រោគសញ្ញានេះ កើតឡើងយូរៗម្តង រួចក៏បាត់ទៅវិញ។ បច្ចុប្បន្ន ខ្ញុំមិនធ្លាប់ទទួលបានការព្យាបាល ហើយក៏មិនប្រើថ្នាំអ្វីដែរ។ ខ្ញុំចង់សួរថា តើវាជាប្រភេទជំងឺអ្វី? តើវាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរឬទេ? ចម្លើយ ៖ ការផ្លាស់ប្តូរណាមួយនៃឈាមរដូវ ប្រចាំខែរបស់ប្អូន អាចជាសញ្ញានៃការរលាក សរីរាង្គនៅក្នុងអាងត្រគាក ឬជាភាពមិនប្រក្រតី នៃដំណើរអ័រម៉ូន ដែលប្អូនត្រូវតែទៅជួបជាមួយ វេជ្ជបណ្ឌិតឯកទេសរោគស្ត្រី និងទទួលការពិនិត្យ ឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top