Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា គឺជាកម្មវិធីមួយដែលធ្វើឡើងជារៀងរាល់ឆ្នាំនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ដើម្បីផ្សព្វផ្សាយ និងចែករំលែកវប្បធម៌របស់ប្រទេសជប៉ុនទៅកាន់ប្រជាជនកម្ពុជា ក៏ដូចជាវប្បធម៌របស់ប្រទេសកម្ពុជាទៅកាន់ប្រជាជនជប៉ុន និងដើម្បីបង្កើនចំណងមិត្តភាពឲ្យកាន់តែជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ។ មិនខុសគ្នាពីឆ្នាំមុន មហោស្រពគីហ្សូណាបើកសេរីចំពោះអ្នកចូលរួម ដែលធ្វើឡើងនៅCJCCពីម៉ោង៨ព្រឹក ដល់ម៉ោង ៨ល្ងាច ដោយចាប់ផ្តើមពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ដល់ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈខាងមុខនេះ ជាមួយនឹងប្រធានបទ «ការហោះហើរទៅកាន់ប្រទេសជប៉ុន» ដោយសារតែឥឡូវនេះប្រជាជនកម្ពុជាអាចធ្វើដំណើរដោយផ្ទាល់ តែមួយជើង គឺទៅដល់ប្រទេសជប៉ុនតែម្តង និងដូចគ្នាចំពោះការធ្វើដំណើរពីប្រទេសជប៉ុនមកប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ មហោស្រពគីហ្សូណាឆ្នាំនេះមានលក្ខណៈពិសេសផ្សេងៗជាច្រើនទៀតដូចជាមានការចូលរួមពីសំណាក់ក្រុមសិល្បករវ័យក្មេងដ៏ល្បីឈ្មោះនៅប្រទេសជប៉ុនគឺ Tempura Kidz រួមជាមួយនឹងអ្នកចម្រៀង Original Song ដែលមានឈ្មោះល្បីនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺលោក ថេណា -Tena។ មិនត្រឹមតែប៉ុណ្ណោះ មហោស្រពនេះក៏មានវគ្គបង្ហាញអំពីសិល្បៈបែបវប្បធម៌ដូចជា ចាប៉ីដងវែង និងល្ខោនខោលជាដើម។ ក្រៅពីមានកម្មវិធីសិល្បៈ មហោស្រពនេះ ក៏មានការតាំងបង្ហាញស្តង់ដែលមានការចូលរួមពីបណ្តាសំណាក់ដៃគូអាជីវកម្មតាមផ្នែកនីមួយៗដូចជា សិល្បៈ ម្ហូបអាហារ តំបន់ទេសចរណ៍   ភេសជ្ជៈ និងសិប្បកម្មធ្វើដោយដៃជាដើម។ មិនមានភាពខុសប្លែកពីឆ្នាំមុន គឺមានការប្រកួតការស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុន Yukata ពីសំណាក់និស្សិតខ្មែរដែលសិក្សាភាសាជប៉ុន នៅតាមបណ្តាសាលានានានៅរាជធានីភ្នំពេញ។ បន្ទាប់ពីអ្នកចូលរួមទស្សនាស្តង់ដែលតាំងបង្ហាញរួចហើយ អ្នកក៏អាចចូលរួម សិក្ខាសាលាដែលមាននិយាយអំពីបញ្ហាសុខភាព សិល្បៈ ការអប់រំ និង សម្រស់ផងដែរ។ កាន់តែពិសេសទៅទៀតនោះ អ្នកចូលរួមមិនត្រឹមតែទទួលបានភាពសប្បាយរីករាយ និង ចំណេះដឹងនោះទេ អ្នកក៏មានឱកាសទទួលបានរង្វាន់ជាច្រើនដូចជាគូប៉ុង និងរង្វាន់ផ្សេងជាច្រើនទៀតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មហោស្រពក៏មានការប្រគុំតន្ត្រី និង ការរាំលេងកម្សាន្តសប្បាយ ដើម្បីបិទកម្មវិធីផងដែរ។ កម្មវិធីមហោស្រពគីហ្សូណា អាចដំណើរការទៅបានដោយមានការឧបត្ថម្ភធំដោយ ANA Airlines និងមានការគាំទ្រដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង ភេសជ្ជៈ Aquarius ជាអ្នកគាំទ្រពិសេស ព្រមទាំងមានការឧបត្ថម្ភពីបណ្តាក្រុមហ៊ុនជប៉ុន និងកម្ពុជាជាច្រើនទៀតផងដែរ។ សូមបញ្ជាក់ផងដែរថា មហោស្រពគីហ្សូណាកម្ពុជា-ជប៉ុននេះត្រូវបានរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និង Japan Foundation Asia Center  ប្រចាំប្រទេសកម្ពុជា។

ចែករំលែក

គេតែងនិយាយថា «ស្នេហាជាអារម្មណ៍ដែលមនុស្សពីរនាក់មានចំពោះគ្នាទៅវិញទៅមក» ចុះស្នេហាតែម្ខាង?មិនគិតថាថាជាស្នេហាដែរទេ៎??? វាដូចជាអយុត្តិធម៌បន្តិច ប្រសិនបើការដែលមនុស្សម្នាក់ស្រលាញ់គេតែម្នាក់ឯងមិនអាចហៅថាជា«ស្នេហា»នោះ… តវ៉ានេះ មិនមែនដោយសារតែខ្លួនឯងជួបរឿងហ្នឹងតែមួយមុខទេ គឺថា…មកពីដឹងច្បាស់ថា «I am not alone» ដែលមិនអាចទទួលបានក្តីស្រលាញ់ពីមនុស្សដែលបេះដូងត្រូវការ។ ហើយប្រាកដណាស់ វាសេដខ្លាំង តែមិនស្លាប់ទេ គ្រាន់តែឈឺអួលៗម្តងៗ… មិនមែនមិនដែលទប់ចិត្តទេ គឺទប់អស់ពីទប់ហើយ…រាល់លើក ពេលទៅណាមកណា ឃើញគូស្នេហ៍កៀកកើយ សាសាងស្នេហាគ្នានោះ…ជួនកាលណា៎…បេះដូងវាស្ទើរប្រេះជាចម្រៀកទៀតផង ជាពិសេសពេលម្នាក់នោះនៅជាមួយស្នេហារបស់គេ ហើយម្នាក់នោះជានរណាគេ??? សូមមិនបង្ហាញអត្តសញ្ញាណទៅចុះ ដឹងត្រឹមថាគេជាមនុស្សម្នាក់ដែលបេះដូងខ្ញុំត្រូវការ… កន្លែងនោះ… ដោយសារតែភ្នាល់នឹងពួកម៉ាកថានឹងលេងហ្គីតាបទ«You are the one in my life» ឲ្យវា និងស្នេហាវាច្រៀងពេលទៅដើរលេងចុងឆ្នាំនៅកោះ ក៏ត្រូវស្ពាយហ្គីតាទៅរៀនរាល់ល្ងាច… ថ្ងៃចូលរៀនទីមួយ ក៏ស៊យយ៉ាងហ្នឹង វង្វេងសាលាមធ្យម ងំបែកកង់ម៉ូតូហ្នឹងហ្មង៎!!! ដោយសារតែទុកចិត្តGoogle Map ទើបត្រូវខកម៉ោងឡើងអស់កន្លះម៉ោង…លើកក្រោយឲ្យរាង!!! គ្រាន់តែដាក់ជន្ទល់ម៉ូតូហើយភ្លាម បេះដូងចាប់ផ្តើតលោតញាប់ ព្រោះថា មិនដែលចូលរៀនអីម្នាក់ឯងបែបនេះនោះទេ…ហើយឡើងសុទ្ធតែប្រុសៗទៀត ព្រះអើយ!!! បើកុំតែដើម្បីឈ្នះ កុំអីសុខចិត្តនៅសម្ងំមើលដ្រាម៉ានៅផ្ទះវិញប្រសើរជាង។ បន្ទាប់ពីរកបានកន្លែងគួរសមហើយ ខ្ញុំក៏ប្រញាប់បើកសៀវភៅមេរៀនមើល ដើម្បីគេចពីការកែវភ្នែករបស់អ្នកនៅជុំវិញ បើកចុះបើកឡើងមិនដឹងថាត្រូវចាប់ផ្តើមពីអីមកមុន បើមនុស្សមិនដឹងខ្យល់អីម៉ាតិច ពីអាហ្គីតាហ្នឹង…មិនដឹងថាគ្រូនៅណាទៀតហ្នឹងហា៎…ម្នាក់ៗឡើងអត់មាននរណាចាប់អារម្មណ៍ថាខ្ញុំកំពុងឡេឡឺសោះហ្មង គិតតែឈ្ងោកមើលសៀវភៅ ហើយដេញហ្គីតារបស់ខ្លួន…ហ៊ើយ!!!បើដឹងបែបនេះ សុខចិត្តអង្គុយរៀនតាមYoutubeវិញហា៎… មួយសន្ទុះក្រោយមក…ក៏លឺសំឡេងហ្គីតាយ៉ាងពិរោះ គឺបទ…«មិនស្រលាញ់អូនមិនបាន» ហើយអ្នកលេងហ្នឹងឡើងសង្ហា…ការពិតទៅ មិនសូវជាស្អាតម៉ានទេ តែបានរាងសង្ហា និងទេពកោស្យលេងហ្គីតា និងច្រៀងយោង…ហើយមិនដឹងមកពីណាមកពីណីទេ ញើសឡើងជោគខ្លួន តែនៅតែសង្ហា… អូយយយយយយយ!!! ភ្លេចខ្លួន…មិនដឹងខ្លួនឯងមុនហ្នឹងមើលគេហើយស្រមៃដល់ណាទេ ទើបបានជាគេមកអង្គុយជិតតាំងពីអង្កាល់ក៏មិនដឹង បេះដូងលោតញាប់ម៉េះ??? ទៅបន្ទប់ទឹកសិន មុននឹងត្រូវគេចាប់បាន… «សូមទោសដែលឲ្យចាំយូរ» «មិនអីទេ…ទើបតែមកដល់ដែរហ្នឹង…» «និយាយមុខឡើងសើមនៀក…ចែគាត់ប្រាប់ហើយថាយើងហ្នឹងមកអង្គុយធ្វើភ្នែកឡេងឡង់យូរគ្រាន់ហើយដែរ…ប្រឹងកុហកទៅណា???» «គឺថា…ខំនិយាយឡើងគួរសមហើយ…» «បាន…តោះ! ចាប់ផ្តើមរៀនវិញ» រាល់ពេលដែលម្នាក់នោះនិយាយពន្យល់ ខ្ញុំក៏មិនហ៊ានសម្លឹងមើលភ្នែកគេដែរ…មើលបានត្រឹមចំណុចផ្សេងនៅលើមុខ រហូតដល់គេសួរថាភ្នែកសំឡេវមែនទេ??? ហាសហាហាហា…ពូកែសម្តីហ្មងអាប៉ិហ្នឹង!!! តែអីដែលសំខាន់ គឺបង្រៀនឡើងច្បាស់ៗ…លឺអ្នកជិតៗហ្នឹង លួចសរសើរពេញហ្នឹង… តែប៉ុណ្ណេះ…ដឹងតែមានកម្លាំងចិត្តកាន់តែខ្លាំងហើយ…គិតត្រឹមនាទីនេះ…ឈ្នះចាញ់លែងសូវសំខាន់ហើយ សំខាន់មានគ្រូបង្រៀនសង្ហា ហើយពូកែទៀត ថ្ងៃនោះ… ដោយសារតែខំប្រឹងរៀនបន្ថែមនៅផ្ទះផង ទើបអាចលេងបទដែលប្រាថ្នាហ្នឹងបានយ៉ាងលឿន… ពេលប៉ុន្មានអាទិត្យកន្លងមកនេះ ម្នាក់នោះ និងខ្ញុំក៏ក្លាយជាមិត្តជិតស្និទ្ធក្នុងកម្រិតមួយ ដែលពេលខ្លះ ធ្វើឲ្យខ្ញុំពិបាកបែងចែកថាតើ «យើងជាអ្វីនឹងគ្នា???» ឆាតជាមួយគ្នាជាប្រចាំ មានអ្វីក៏ចែករំលែកគ្នា លួងលោមរាល់ពេលដែលពិបាកចិត្ត លើកទឹកចិត្តគ្រប់ពេលដែលជួបបញ្ហា ឬបាក់កម្លាំងចិត្ត…ទាំងនេះ ត្រឹមតែជាមិត្តភាពទេមែនទេ៎??? ចំណូលចិត្ត និងចំណាប់អារម្មណ៍ក៏ស្រដៀងគ្នាច្រើន ដល់ថ្ងៃចុងក្រោយដែលមករៀន ខ្ញុំក៏ដាច់ចិត្តសួរគេថា«យើងនឹងទាក់ទងគ្នាដូចដើមទេ???» គេក៏ឆ្លើយទាំងញញឹមថា «ប្រាកដហើយ…អាប្អូន!!!» ហើយក៏លើកដៃញីសក់ខ្ញុំ (ធ្លាប់ប្រាប់ហើយ ថាខ្ញុំចូលចិត្តពេលគេញីសក់បែបហ្នឹង ហើយក៏តែងតែស្រលាញ់នរណាដែលធ្វើបែបហ្នឹងដែរ…ធ្វើចឹង ចង់ឲ្យគេលង់មែន៎???)។  ទើបតែថ្ងៃនោះ ទើបខ្ញុំដឹងថា គេមានសង្សារហើយ គ្រាន់តែត្រូវហ្វឹកហាត់ការងារនៅថៃ២ឆ្នាំ ហើយមូលហេតុដែលមិនមានសិស្សស្រីរៀន ព្រោះស្នេហាគេជាអ្នកហាម តែខ្ញុំក្លាយជាករណីមួយលើកលែងព្រោះតែ ឃើញខ្ញុំស្រីមិនចំស្រី ប្រុសមិនចំប្រុស ក្មេងមិនចំក្មេង ចាស់មិនចំចាស់ ទើបឲ្យរៀន… គេណាត់ខ្ញុំញ៉ាំអីពេលល្ងាច ដើម្បីជប់លៀងការបញ្ចប់វគ្គសិក្សា…ដំបូង ខ្ញុំចង់បដិសេធ ព្រោះមិនទាន់ធ្វើចិត្តបាន ពេលដឹងលឺពីការពិតដ៏សែនឈឺចាប់ទាំងនោះ ប៉ុន្តែខ្ញុំគ្រាន់តែខ្លាចថាមិនមានឱកាសបែបនេះម្តងទៀត។ តែក៏នៅតែមិនអាចដូចដើម…ខ្ញុំមិនសូវនិយាយស្តីរហូតដល់គេក៏មិនសូវហ៊ានសួរនាំច្រើន… ពេលនោះ ទោះបីដឹងហើយថា គេមិនទំនេរ អារម្មណ៍របស់ខ្ញុំក៏មិនអាចផ្លាស់ប្តូរ…អ្វីៗនៅដូចដើម លើកលែងតែការជួបមុខគ្នា…មិនអាចជួបរាល់ថ្ងៃ តែយើងក៏មានឱកាសពេលសៅរ៍-អាទិត្យ ដើម្បីនិពន្ធចម្រៀង… វាក្លាយជាការងារក្រៅម៉ោងដែលយើងទាំងពីរធ្វើរួមគ្នា…ម្យ៉ាងដែរ…ធ្វើការងារដែលខ្លួនស្រលាញ់ចូលចិត្តរហូតមក ជាមួយមនុស្សដែលតែងតែធ្វើឲ្យបេះដូងលោតញាប់…មិនជឿទេថា គេមិនដឹងថាខ្ញុំគិតយ៉ាងណាចំពោះគេ…តែក៏មិនហ៊ានបញ្ចេញ ព្រោះថាគេមានម្ចាស់ហើយ បទដែលយើងនិពន្ធភាគច្រើនទាក់ទងនឹងសង្គម មិត្តភាព ស្នេហា និងផ្សេងៗ តែអ្វីដែលមិនអាចនិពន្ធចេញ គឺស្នេហាដែលមនុស្សពីរនាក់ស្រលាញ់គ្នា…ក៏ធ្លាប់បានសាកល្បងហើយដែរ…តែមិនចេញជារូបរាងសោះ… ពេលមួយ…ម្នាក់នោះបានយកប៉ារ៉ូលចម្រៀងមួយឲ្យខ្ញុំមើល ដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលជាខ្លាំង…គឺថា…ជាចម្រៀងស្នេហា!!! តែ…អត្ថន័យនេះដូចជាចម្លែកម៉េះ??? ចំណងជើងគឺ «តម្រូវការបេះដូង» ពេលសួរទៅថា គេថាព្យាយាមតែង ព្រោះមានគេចង់បានសម្រាប់ដាក់ក្នុងវីដេអូPre-weddingគេ ខ្ញុំអានហើយក៏មានអារម្មណ៍ថាវាត្រូវនឹងសាច់រឿងរបស់ខ្លួន…តែប្រាកដជាមកពីគិតច្រើនខ្លួនឯង អ្វីដែលធ្វើបាន គឺមានតែជួយកែសម្រួលតាមហ្នឹង… ពេលនេះ…ក៏ជាលើកដំបូងដែលគេបបួលខ្ញុំថតសំឡេងសម្រាប់បទហ្នឹង…ខ្ញុំចូលតួជាខ្លាំង ព្រោះគ្រប់ពាក្យក្នុងបទចម្រៀង គឺពិតជាអ្វីដែលខ្ញុំចង់បង្ហាញពិតមែន…គេក៏ដូចគ្នាដែរ…មានអារម្មណ៍ថា បទនេះសម្រាប់យើងពីរនាក់យ៉ាងម៉េចទេ… យើងទាំងពីរនាក់ស្រែកច្រៀងយ៉ាងសប្បាយចិត្ត…ប្រៀបដូចជាវេទិកាបង្ហាញអារម្មណ៍ដែលមានឲ្យគ្នាដែរ…ក៏ដឹងហើយថា វាជាអារម្មណ៍ដែលមានតែម្ខាង តែពិតជាមិនអាចឃាត់ចិត្តបានមែន…ក្តីសុខតិចតួចដែលខ្ញុំរីករាយនឹងទទួលរហូតមកថតចប់ភ្លាម…គេក៏ប្រញាប់រត់ទៅយកទូរស័ព្ទដូចជាមានអ្វីបន្ទាន់… ដឹងទេ??? ជាអ្វី??? គេបើកវីដេអូcall ជាមួយនឹងស្នេហាគេតាំងពីពេលណាក៏មិនដឹង…ហើយបទចម្រៀងហ្នឹង គឺសម្រាប់Pre-weddingរបស់គេទាំងពីរហ្នឹងឯង… ខ្ញុំមិនមានសិទ្ធប្រកាន់ ឬអន់ចិត្តឡើយ ព្រោះវាជាការងារ…ប៉ុន្តែ…ទឹកភ្នែកពេលនេះរឹងក្បាលខ្លាំងណាស់ ហូរមកមិនឈប់…ដើម្បីកុំឲ្យបែកការណ៍ គឺមានតែរត់ទៅបន្ទប់ទឹក…មិនមែនជាលើកទីមួយនោះទេ ដែលខ្ញុំយកបន្ទប់ទឹកជាកន្លែងបង្ហូរទឹកភ្នែក ហើយភាគច្រើនគឺម្នាក់នោះ ជាដើមហេតុ…គេហាក់ដូចជាមានសោរចាក់ទ្វារទឹកភ្នែករបស់ខ្ញុំអញ្ចឹង មុខចាប់ផ្តើមស្ពឹក បេះដូងក៏ឈឺអួល ដៃជើងឡើងទន់… អ្វីៗគ្រប់យ៉ាង គឺខ្ញុំអ្នកគិតច្រើនដោយខ្លួនឯង…គិតលើសខ្លាំងពេកហើយ… ក្តីសង្ឃឹមតូចតាចដែលប្រឹងបណ្តុះ និងលាក់ទុករហូតមក ក៏ត្រូវរលាយខ្ចាត់ខ្ចាយអស់រលីងហ្មង!!!  ការផ្លាស់ប្តូរនោះ ចាប់ពីពេលនោះមក ខ្ញុំព្យាយាមគេចវេស និងរក្សាគម្លាតពីគេ ហើយវាក៏ជារឿងតែម្យ៉ាងគត់ដែលខ្ញុំអាចធ្វើបាន និងជាជម្រើសល្អបំផុតដើម្បីព្យាបាលរបួសបេះដូងមួយនេះ។ តែអ្វីៗមិនងាយដូចការនិយាយនោះទេ…គ្រប់ពេលដែលឃើញម្នាក់នោះផុសជាមួយនឹងស្នេហាគេម្តងៗ ខ្ញុំប្រៀបបាននឹងតួឯកស្រីក្នុងកុនដែលទឹកភ្នែកហូរស្រក់មកពីណាខ្លះ ក៏មិនដឹង… ដឹងថាឈឺចាប់ តែរាល់ថ្ងៃបើមិនបានមើលprofileគេម្តងទេ គឺមិនអស់ចិត្តតែម្តង…ពេលខ្លះបើកមើលឆាតដែលយើងតែងលេងជាមួយគ្នាស្ទើរតែគ្រប់នាទី ហើយក៏សើចលាយទឹកភ្នែកតែម្នាក់ឯង…អារម្មណ៍ដែលលឺសំឡេងnotificationsដែលមានឈ្មោះគេ ក៏លែងសូវមានដូចមុន ព្រោះពេលនេះ យើងនិយាយគ្នាតែពេលដែលមានរឿងការងារប៉ុណ្ណោះ… ខ្ញុំស្ទើរតែបោះបង់ចោលការលេងហ្គីតាព្រោះតែមិនចង់នឹកឃើញដល់គេ…តែ…វាជាលេសតែមួយគត់ដែលអាចឲ្យយើងជួបគ្នាបាន… ឱកាសនោះ ព្រោះតែបទ«តម្រូវការបេះដូង» មានភាពពេញនិយមច្រើន ម្នាក់នោះ និងខ្ញុំក៏ត្រូវបានគេអញ្ជើញឲ្យលើកសំដែងនៅលើឆាកប្រគុំតន្រ្តីសប្បុរសធម៌នៅសាលា…បើសិនជាអាច ពិតជាចង់បដិសេធណាស់…តែមិនមានហេតុផលសមស្របអីមួយសោះ… ជាការលើកសំដែងរួមគ្នាលើកដំបូង ក៏ប្រហែលជាលើកចុងក្រោយដែរ… ថ្មីៗនេះ គេហាក់ដូចជាប្លែក…តែងតែសួរសុខទុក្ខ និងយកចិត្តទុកដាក់ដូចពីមុន តែសង្ស័យថាគេចង់ឲ្យការសំដែងបានល្អប៉ុណ្ណោះ។ យើងហាត់សមជាមួយគ្នាជាច្រើនដង ទាំងលើ និងក្រោមឆាក ព្រោះថាបំណាច់នឹងបង្ហាញសមត្ថភាព ត្រូវតែធ្វើឲ្យបានល្អ។ ខ្ញុំក៏ធ្លាប់ឲ្យយោបល់ថា គេគួរតែច្រៀងជាមួយស្នេហារបស់គេដែរ តែគ្រាន់តែឆ្លើយថា នាងមិនចេះច្រើនទេ…ម្យ៉ាងទៀត នាងក៏នៅថៃនៅឡើយទៀត ឆាកដែលរៀបចំ ឡើងរ៉ូមែនទិក…នេះ…ឡើងដូចក្នុងរឿងកុនទៀតហើយ…មិនចង់រំភើបក៏មិនអាចដែរ ពេលនេះនោះ…សូមតែមួយយប់នេះទេ…សូមធ្វើតួឯកតែប៉ុន្មាននាទីនេះទេ… ពេលវេលាក៏មកដល់…ខ្ញុំឈានជើងមួយជំហានៗលើឆាកដំបូង ឡើងញ័រអស់ហើយ តែម្នាក់នោះហាក់ដូចជាមើលដឹង ក៏ព្យាយាមជួយសម្រួលឲ្យខ្ញុំមានភាពក្លាហាន…ខែ្សភ្នែកគេ…មួយគូនោះ…នាំភាពកក់ក្តៅជាខ្លាំង… សប្បាយ និងរំភើបពេលទស្សនិកជនស្រែកហ៊ោ…ស្នាមញញឹមរបស់ពួកគេ ធ្វើឲ្យខ្ញុំរឹតតែរឹងមាំថែមទៀត…នៅសុខៗ ស្រាប់តែមានសំឡេងស្រែកហ៊ោកាន់តែខ្លាំង ពិសេសនៅពេលដែលជិតចប់បទ…ខ្ញុំស្មានតែមានកំហុសបច្ចេកទេសអី នៅលើslide តែ…មិនមែនទេ…គឺ… វីដេអូដែលមានរូបថតខ្ញុំ និងម្នាក់នោះ…កំពុងតែត្រូវបានបញ្ចាំងចំពោះមនុស្សរាប់រយនាក់… ខ្ញុំស្រឡាំងកាំងភ្លាមៗ…រហូតដល់ពេលលឺសំឡេងរបស់គេ…និយាយថា «សូមទោស!!! ដែលមិនបានផ្គត់ផ្គង់តម្រូវការបេះដូងរហូតមក…នៅត្រង់ហ្នឹងហើយ…ចាំស្តាប់មួយបទនេះចប់សិន…សឹមនិយាយគ្នា» រួចក៏ងាកទៅព្រិចភ្នែកទៅក្រោយឆាក…អ្វីដែលលឺបន្ទាប់មកទៀត គឺសំឡេងហ៊ោ និងទះដៃពីគ្រប់ជ្រុងទាំងអស់នៃសាល ក្រុមការងារក៏យកកៅអីមួយមកឲ្យខ្ញុំអង្គុយ ហើយម្នាក់នោះក៏យកហ្គីតាដែលជាមិត្តសម្លាញ់របស់គេមកចាប់ផ្តើមលេងនូវចម្រៀងដែលខ្ញុំមិនធ្លាប់លឺពីមុនមក…ប៉ុន្មានឃ្លាដំបូង ក៏ធ្វើឲ្យអ្នកស្តាប់ស្រែកហ៊ោយ៉ាងខ្លាំងទៅហើយ…លើកនេះ នៅលើslidesសុទ្ធតែជារូបថតដែលគេបានលួចថតខ្ញុំ…ទឹកភ្នែកក៏ចាប់ផ្តើមហូរឥតល្ហែទៀតហើយ  ពិតជាភ័យណាស់…ភ័យខ្លាចថានេះគ្រាន់តែសុបិន្ត…រហូតដល់ពេលដែលគេដើរមកក្បែរ ហើយជូតទឹកភ្នែកទាំងនោះ ហើយយកដៃញីសក់ខ្ញុំដូចរាល់ដង…ហើយឃ្លាចុងក្រោយនៃបទចម្រៀង គឺ«ឲ្យម្នាក់នេះធ្វើជាអ្នកផ្គត់ផ្គង់តម្រូវការបេះដូងម្នាក់នោះ» បានទេ៎??? ខ្ញុំនៅមិនទាន់ឈប់យំនៅឡើយ តែខួរក្បាលនៅដំណើរការល្អ ហើយក៏បញ្ជាក្បាលឲ្យងក់យ៉ាងលឿន…ស្នាមថើបលើថ្ងាស និងការអោបយ៉ាងកក់ក្តៅរបស់ម្នាក់នោះ នាំឲ្យខ្ញុំយល់ថា ឱកាសនេះជាពេលវេលាដ៏មានក្តីសុខរបស់ខ្ញុំ…ទោះបីមិនទាន់ប្រាកដថានេះគ្រាន់តែជាការសំដែងបែបពញ្ញាក់អារម្មណ៍ ឬយ៉ាងម៉េច…តែបេះដូងរបស់ខ្ញុំក៏ប្រាប់ថាស្កប់ស្កល់ហើយ… មកដល់ក្រោយឆាក ទើបគេទាញដៃខ្ញុំចេញទៅក្រៅសាលយ៉ាងលឿន…ហើយក៏ហុចទូរស័ព្ទគេមកឲ្យខ្ញុំមើលដោយមិននិយាយអ្វីទាំងអស់…គឺ…ជាprofileរបស់ស្នេហាម្នាក់នោះ…គេបានបែកគ្នាហើយ ព្រោះថាខាងស្រីមានស្នេហាថ្មី គ្រាន់តែឃើញ…ខ្ញុំប្រញាប់ទាញថ្ពាល់ខ្លួនឯង ដើម្បីបញ្ជាក់ថានេះមិនមែនជាការយល់សប្តិ…គេសើចហើយញីសក់ខ្ញុំ និងទាញទៅអោបយ៉ាងណែន…មិនដឹងទេ…គ្រាន់តែដឹងថា…បែបហ្នឹងវាកក់ក្តៅ… ម្នាក់នោះ ព្រោះតែគេ…ខ្ញុំចូលចិត្តលេងហ្គីតា ព្រោះតែគេ…ខ្ញុំស្រលាញ់ការនិពន្ធចម្រៀង ព្រោះតែគេ…ខ្ញុំស្គាល់អ្វីទៅជាការបារម្ភពីចិត្តពិត ព្រោះតែគេ…ខ្ញុំអាចរឹងមាំ ព្រោះតែគេ…ខ្ញុំចេះលើកទឹកចិត្តខ្លួនឯង ព្រោះតែគេ…ខ្ញុំឈប់ដ្រាម៉ាបែបalone ព្រោះតែគេ…ខ្ញុំលែងបារម្ភខ្លាចគ្មានអ្នកជូតទឹកភ្នែក… «ម្នាក់នោះជាអ្នកផ្គត់ផ្គង់តម្រូវការបេះដូងម្នាក់នេះ» Photo Credit : Dalin Sean

ចែករំលែក

ថ្ងៃបុណ្យនៃក្តីស្រឡាញ់កាន់តែខិតជិតមកដល់ ដើម្បីកំុឲ្យខាតពេលវេលាយូរ តេាះទៅតាមដានទាំងអស់គ្នា ថាតើនារីៗចង់បានអ្វីឲ្យពិតប្រាកដ?

ចែករំលែក

កាលពីអាទិត្យមុនបានណែនាំនូវស្នៀតខ្លះៗសម្រាប់អ្នកមានបំណងសារភាពស្នេហ៍ហើយ បើមានមិត្តអ្នកអានណាមិនទាន់បានអាននោះ អានចូលតាមតំណនេះ ស្នៀតសារភាពស្នេហ៍ដែលមិនទ្រលាន់ លឺពាក្យថាថ្ងៃបុណ្យនៃក្តីស្រលាញ់ ឬValentine's Day មនុស្សភាគច្រើនប្រហែលជានឹកគិតដល់ពេលវេលាផ្អែមល្អែមរវាងគូស្នេហ៍មិនខាន...តែក៏នៅមានអ្នកដែលមិនទាន់មានចំណងស្នេហាហ្នឹងគេដែរ (ចង់ធីបគេទុកចោលម៉េចបាន)...ថ្ងៃ១៤ កុម្ភៈ គឺសម្រាប់ទាំងអស់គ្នា មិនថាមានគូ ឬគ្មានគូនោះឡើយ...ហេតុនេះ ទើបពួកយើងសូមបង្ហាញនូវសកម្មភាពផ្សេងៗសម្រាប់អ្នកមិនទាន់រកម្ចាស់ចិត្តឃើញ នឹងអាលបានenjoyថ្ងៃពិសេសនេះហ្នឹងគេដែរ... តាមការពិតទៅ វាជាពេលវេលាដ៏ល្អក្នុងការផ្តល់នូវការចងចាំល្អៗ និងសេចក្តីស្រឡាញ់ដល់ខ្លួនឯង ក៏ដូចជាពេលវេលាដែលអ្នកអាចសិក្សាពីឯករាជ្យភាពរបស់អ្នកថាឈានដល់កម្រិតណាផងដែរ។ អញ្ចឹងសាកសកម្មភាពទាំងនេះហើយនៅ? 1.ទៅកន្លែងផ្តល់ចំណេះដឹង(មិនមែនឌឺទេណា!) ដូចជាសារមន្ទីរ  បណ្ណាល័យ ឬក្លិបសិក្សា បើសិនអ្នកជាមនុស្សចូលចិត្តរៀនសូត្រ ឬរីករាយនឹងការអាន ហើយនេះជាការផ្តល់ឲ្យខ្លួនឯងនូវចំណេះដឹងបន្ថែម ដែលអាចចាត់ទុកថាជាកាដូដ៏ល្អ និងមានប្រយោជន៍សម្រាប់អនាគត។ ដើម្បីឲ្យវាពិសេសបន្តិច អ្នកអាចឆ្លៀតកម្សាន្តខ្លះ ដូចជាថតរូបលេង ឬអានសៀវភៅថ្មីជាដើម។ 2.ចូលរួមកម្មវិធីកម្សាន្តពិសេសៗ សកម្មភាព និងកម្មវិធីកម្សាន្តមួយចំនួនដែលតែងតែធ្វើឡើងនៅថ្ងៃនោះដូចជា កម្មវិធីរត់ប្រណាំងដូចជា Couple Run (អាចរត់ជាមួយមិត្តភក្តិ ឬបងប្អូន) កម្មវិធីប្រគុំតន្ត្រី ឬពិព័រណ៍ជាដើម ដើម្បីកំដរថ្ងៃនេះឲ្យមានន័យ។ 3.ដាំដើមឈើ សកម្មភាពតូចមួយ តែជាការបង្ហាញនូវក្តីស្រឡាញ់ដ៏ធំធេងចំពោះពិភពលោកទាំងមូល ដែលជាចំណែកកាត់បន្ថយគ្រោះធម្មជាតិ និងបង្កើនភាពស្រស់ស្រាយឲ្យពិភពលោកទៀតផង។ 4.ដើរទិញឥវ៉ាន់ (មិនមាននរណាជូន ទិញជូនខ្លួនឯង) នឹកមើលថាតើមានអ្វីដែលអ្នកចង់បាន តែមិនទាន់បានទិញ? នេះជាឱកាសល្អក្នុងការយកលេសទិញឲ្យខ្លួនឯង ដោយមិនបាច់មានអារម្មណ៍មិនល្អលើការចំណាយ។ អ្នកក៏អាចឆ្លៀតទិញកាដូចជូនអ្នកមានគុណគ្រួសារ និងមិត្តជាទីស្រឡាញ់បានផងដែរ ដើម្បីចែករំលែកសេចក្តីសុខទៅគ្នាទៅវិញទៅមក និងបង្កើនភាពស្និទស្នាល។ 5.ចូលរួមវគ្គបណ្តុះបណ្តាល ឬសិក្ខាសិលា វគ្គបណ្តុះបណ្តាល ក៏ដូចជាសិក្ខាសិលាល្អៗមួយចំនួនក៏អាចធ្វើឡើងនៅថ្ងៃនោះផងដែរ។ ដូចនេះ បើវាជាឱកាសអភិវឌ្ឍខ្លួនអ្នក បង្កើនទំនាក់ទំនង និងជាកិច្ចការដ៏មានន័យសម្រាប់ថ្ងៃនោះ ហេតុអ្វីក៏អាចឲ្យវារំលងហួសនោះ? 6.ចែករំលែកក្តីស្រឡាញ់ ចែករំលែកអាយុជីវិត ចូលរួមបរិច្ចាគឈាម ជាសកម្មភាពដ៏ប្រពៃដែលអ្នកគួរតែធ្វើ បើសិនជាអ្នកអាចធ្វើបាន ព្រោះអ្នកអាចចូលរួមជួយសង្គ្រោះអាយុជីវិតរបស់អ្នកដទៃដែលល្អជាងសាងចេតិយ៧ជាន់ទៅទៀត ហើយជាទូទៅយុទ្ធនាការបរិច្ចាគឈាមក៏ច្រើនធ្វើនៅថ្ងៃនោះ ដែលអ្នកអាចជួបមនុស្សជាច្រើន និងអាចរីករាយជាមួយនឹងសកម្មភាពនានានៅក្នុងកម្មវិធីផងដែរ។ ដូចនេះ ទោះបីអ្នកគ្មានគូ សូម Double Check ទៅលើផែនការនៅថ្ងៃនៃក្តីស្រឡាញ់ម្តងទៀត ដើម្បី make sure ( ប្រាកដ) ថាអ្នកអាចធ្វើឲ្យថ្ងៃពិសេសក្នុងឆ្នាំនេះ ផ្តល់ឲ្យអ្នកនូវអារម្មណ៍ថ្មីខុសពីឆ្នាំមុនៗ ជាមួយនឹងរឿងល្អៗដែលអ្នកមិនធ្លាប់បានធ្វើ...

ចែករំលែក

ស្នេហានរណាក៏ចៀសមិនផុតដែរ គ្រាន់តែអ្នកខ្លះឆាប់បានជួប ហើយអ្នកខ្លះក៏រាងយឺតបន្តិច ហើយទោះចង់ ឬមិនចង់ បើស្រលាញ៉គេហើយ ត្រូវហ៊ានសារភាពប្រាប់គេ...ហើយបើជ្រុលជាសារភាពហើយ កុំប្រើស្ទាយចាស់គំរិលពេក...យើងខ្ញុំក៏សូមណែនាំតែវិធីប្លែកសម្រាប់បើកបង្ហាញនូវចិត្តស្នេហាដែលមានចំពោះមនុស្សម្នាក់ទៀត (ដោយផ្តោតតែលើស្នេហារវាងភេទផ្ទុយតែប៉ុណ្ណោះ) ជឿជាក់ថាធ្លាប់ឃើញឡើងស៊ាំហើយ ការជូនផ្កាមួយបាច់ ឬតុក្កតា ឬការនាំគ្នាទៅញ៉ាំអីនៅកន្លែងរ៉ូមែនទិកនោះ ហើយនិយាយពីថា អ្នកខ្លះវិញប្រហែលជាលែងមានអារម្មណ៍រំភើបនឹងសកម្មភាពបែបនេះហើយ…ទើបខំប្រឹងរកនឹកវិធីណារាងប្លែកៗ តែអាចធ្វើបាន ហើយបង្ហាញពីចិត្តស្មោះពិតប្រាកដទៀត… ប៉ុន្តែ…មិនប្រាកដថាប្រើការបាន១០០% ឬមានប្រសិទ្ធិភាពបានកម្រិតណា តែគ្រាន់តែចង់ចែករំលែកខ្លះ ដើម្បីកាត់បន្ថយនូវភាពទ្រលាន់ និងស្តាលច្រំដែល…ជួនកាល គេមិនសូវចាប់អារម្មណ៍យើងប៉ុន្មានទេពីមុនមក តែដល់ពេលឃើញពីភាពច្នៃប្រឌិត និងការខិតខំរបស់យើង គេក៏អាចនឹងដាក់ចិត្តពិចារណាឡើងវិញអីចឹងហ្នឹងហា៎… ចង់ដឹងថាមានស្នៀតអ្វីខ្លះ តោះ!!! អានតទៅក្រោមទៀត… បទចម្រៀង មានពាក្យពេចន៍ខ្លះសឹងតែមិនបាច់និយាយចេញ តែក៏មានរ៉ាយរ៉ាប់ស្រាប់នៅក្នុងបទចម្រៀង អាចជាភាសាជាតិ ឬអន្តរជាតិ (តែបើអាចធ្វើបាន គួរតែបទខ្មែរយើងទៅ…គាំទ្រស្នាដៃកូនខ្មែរយើង)រួចទៅហើយ។ ជាមួយនឹងបទចម្រៀងនេះដែរ ក៏មានស្នៀតមួយចំនួនអាចប្រើប្រាស់បាន ស្នៀតទី១ ៖ ផ្ញើlink បទចម្រៀងតាមឆាតឬ បើក្លាហានគ្រាន់ដែរ អាចpostលើtimelineគេតែម្តងក៏បាន។ បើបាននៅក្បែរគ្នា ក៏អាចដាក់កាសឲ្យគេស្តាប់តែម្តងក៏បាន.... ស្នៀតទី២ ៖ រាងចាស់គំរឹលបន្តិច តែមានអីមិនល្អ…ផ្ញើចិត្តនឹកតាមវិទ្យុ…ត្រៀមរកមើលកម្មវិធីសំណូមពរបទចម្រៀង ហើយcallទៅចូលរួម ហើយផ្ញើជូនគេស្តាប់ជាពិសេស។ បើសិនគេមិនបានស្តាប់ផ្ទាល់ទេ ក៏អាចrecordវាទុក ហើយផ្ញើឲ្យគេស្តាប់តាមក្រោយទៀតក៏បាន… ស្នៀតទី៣ ៖ ចំណុចនេះដូចរាងលើសខ្លាំងតិច តែបើអាចធ្វើបាន ក៏ធ្វើឲ្យគេរំភើបមិនតិចដែរ…សាកតែងចម្រៀង (បើមិនបានមួយបទ ក៏ប៉ុន្មានឃ្លា) បញ្ជាក់ពីអារម្មណ៍ដែលមានចំពោះគេទៅ ហើយមិនចាំបាច់តែមានសាច់ភ្លេងថ្មីក៏បានដែរ។ ម្យ៉ាង ក៏កុំបារម្ភរឿងថតសំឡេងក្នុងស្ទូឌីយោអី ត្រឹមតែថតដាក់soundcloud ឬផ្ញើសារជាសំឡេងទៅគេទៅក៏បានហើយ… ទូរស័ព្ទ សម័យប្រើប្រាស់ស្មាតហ្វូន ប្រាកដណាស់ គឺមានមុនងារជាច្រើនដែលយើងអាចប្រើប្រាស់បាន…តែពេលនេះ នឹងមិនប្រកាន់ថាទូរស័ព្ទថាច់ ឬចុចប៊ូតុងទេ ឲ្យតែមានលុយក្នុងទូរស័ព្ទ គឺអាចអនុវត្តបាន… ស្នៀតទី១ ៖ ដើរតួជាបុគ្គលិកផ្នែកលក់…ចុចcallទៅគេ ហើយក្រោយពេលគេលើកទទួល អាចចាប់ផ្តើមនិយាយប្រៀបដូចជាការផ្សព្វផ្សាយពីសេវាកម្ម ឬផលិតផលអ្វីមួយ (ដោយគ្រាន់តែប្តូរខ្លឹមសារជាអារម្មណ៍របស់អ្នក) ឧទាហរណ៍៖«សូមជម្រាបសួរ…អត់ទោស តើបងឈ្មោះ…មែនទេ៎? ក្នុងខណៈនេះ សូមកញ្ញា/លោករង់ចាំស្តាប់សិន មុននឹងធ្វើការឆ្លើយតប…» ស្នៀតទី២ ៖ ប្រហែលជាធ្លាប់ឃើញសារវែងៗ ដែលគេតែងផ្ញើតគ្នាហើយ…ស្រដៀងគ្នាដែរ អាចរៀបចំនូវសារជាអក្សរ២-៣ទំព័រ (កុំវែងពេក…មិនមែនវគ្គប្រកួតសំណេរទេ៎) ដោយដាក់លាយឡំនូវពាក្យពេចន៍ រូបEmoji ផ្សេងៗ…ត្រង់ហ្នឹង គឺអាស្រ័យលើការច្នៃប្រឌិតរបស់អ្នកហើយ…អ្វីត្រូវចងចាំ គឺត្រូវបង្កើតថ្មីដោយខ្លួនឯង មិនមែនទៅcopyពីgoogleអីម៉ោនោះទេ។ ថតសំឡេង មិនមែនជាន់គ្នានឹចំណុចទីមួយទេ…ចំណុចនេះ គឺសំដៅដល់ការថតសំឡេងនិយាយផ្ទាល់តែម្តង… ស្នៀតទី ៤ ៖ ផ្ញើសារជាសំឡេងទៅកាន់គេ តាមឆាត ឬឧបករណ៍ផ្សេងៗ ស្នៀតទី ៥ ៖ មានតុក្កតាខ្លះ វាអាចនិយាយថា«I love you» ហើយខ្លះទៀត ក៏អាចថតសំឡេងយើងទុកបានទៀត។ ហេតុនេះហើយ បើសិនជាអាចទិញវាជាកាដូជូនគេ ហើយប្រាប់ថា ចាំស្តាប់សម្តីរបស់តុក្កតាផងណា៎… ម្ហូបអាហារ ត្រង់នេះ គឺមិននិយាយពីម្ហូបនៅហាង ដែលឆ្អិនស្រាប់នោះទេ… ស្នៀតទី៦ ៖ ទោះឆ្ងាញ់ ឬមិនឆ្ងាញ់…គេមិនសូវប្រកាន់ទេ សំខាន់ទឹកចិត្ត និងការប្រឹងប្រែងរបស់យើង។ វារឹតតែធ្វើឲ្យមានអារម្មណ៍ពិសេស ប្រសិនបើអ្នកជាមនុស្សដែលមិនធ្លាប់ ឬមិនងាយចម្អិនម្ហូបទៀតនោះ។ រៀបចំនូវអាហារមួយមុខណាក៏បាន ហើយដាក់ក្នុងប្រអប់យ៉ាងស្អាតមួយ អមនឹងសំបុត្រ ឬសារនៅលើក្រដាសខ្លីៗ តែមានន័យជ្រៅ រួចផ្ញើជូនទៅគេ… កាដូធ្វើដោយដៃ (D.I.Y) អាចត្រឹមតែជាវត្ថុតូចមួយ តែវាជាអ្វីដែលធ្វើដោយដៃផ្ទាល់ បើទោះជាវាមិនមែនជាគំនិតថ្មីស្រឡាងក៏ដោយ ឲ្យតែអ្នកដាក់ចិត្តក្នុងការរៀបចំវាឡើង ធានាថាគេនឹងយល់ពីសណ្តានចិត្តស្មោះស្ម័គ្ររបស់អ្នកមិនខាន។ ស្នៀតទី៧ ៖ ស្វែងរកគំនិត និងរបៀបធ្វើដែលមានច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រព័ន្ធអ៊ីនធឺណែត…ហើយជ្រើសរើសមួយណាដែលគិតថាអាចធ្វើបាន ហើយអ្វីដែលសំខាន់ជាងគេ គឺវាត្រូវតែជាអ្វីដែលគេចូលចិត្ត។ បើសិនជាអាច គួរតែបង្កប់នូវឈ្មោះរបស់គេនៅត្រង់ចំណុចណាមួយ ដើម្បីឲ្យវាកាន់តែពិសេស។ ស្នៀតទី៨ ៖ អាចជាការបង្ហាញនូវជំនាញថ្មីអ្វីមួយដែលអ្នកខំរៀនសម្រាប់គេ ដូចជា ការគូររូប ការលេងឧបករណ៍តន្រ្តី ការថតរូប ការកាត់តវីដេអូ ជាដើម។ ធម្មតា នរណាក៏សរសើរអ្នកមានជំនាញអ្វីមួយស្ទាត់ដែរ តែគេនឹងរំភើបបើអ្នកទើបតែរៀនជំនាញនោះដោយការប្រឹងប្រែង… ហ្វេសប៊ុក ជាអ្វីដែលប្រើប្រាស់រាល់ថ្ងៃហ្នឹងឯង ហើយធ្លាប់គិតអត់ថាហ្វេសប៊ុកក៏អាចជួយអ្នកដែរ? ស្នៀតទី៩ ៖ វាដូចជាងាយពេក…ដោយគ្រាន់តែចុចRelationship requestទៅគេ តែស្នៀតនេះ គួរតែប្រើជាវិធីទី២អមនឹងស្នៀតណាមួយវិញទើបប្រសើរជាង ព្រោះវាដូចជាមិនបានបង្ហាញពីការប្រឹងប្រែងអីច្រើនសោះ ស្នៀតទី១០ ៖ ស្គាល់មុខងារLife eventsទេ៎? ចំណាយពេលខ្លះក្នុងការសរសេរជាសាច់រឿងរបស់អ្នក ដោយមិនភ្លេចបង្កប់នូវអារម្មណ៍ដែលមាន ហើយបញ្ចប់ដោយឃ្លាបែបនេះ«ហើយក្នុងថ្ងៃនេះផងដែរ ខ្ញុំក៏បានសម្រេចចិត្តបង្ហាញពីចិត្តស្រលាញ់ដែលខំលាក់ទុកទៅកាន់មនុស្សម្នាក់ ហើយចម្លើយយ៉ាងណា ខ្ញុំនឹងបន្តសរសេរនៅថ្ងៃស្អែកទៀត…» រួចtagគេចូលទៅ… កំណត់ហេតុស្នេហ៍ កុំបារម្ភថាអក្សរស្អាត ឬមិនស្អាតអីចឹង…ចេះរៀបពាក្យ ឬមិនចេះអី…ឲ្យតែសរសេរចេញនូវវាចាបេះដូងខ្លួនឯងទៅបានហើយ។ ស្នៀតទី១១ ៖ កត់ចំណាំនូវរឿងរ៉ាវដែលបានកើតឡើងរវាងអ្នក និងគេ (មិនចាំបាច់តែចាប់ពីពេលជួបដំបូងទេ)អមជាមួយនឹងរូបថតខ្លះៗ (បើជារូបដែលលួចថតដោយមិនដឹងខ្លួនទៀត នឹងកាន់តែអ៊ែម)…បើអាចធ្វើបាន វានឹងបង្ហាញពីទឹកចិត្ដស្មោះស្ម័គ្រពិតៗរបស់អ្នក ព្រោះពេលដែលអ្នកយកជូនគេ គេនឹងភ្ញាក់ផ្អើល និងរំភើប ដែលបានដឹងថាវត្តមានរបស់គេក្នុងជីវិតរបស់គេពិតជាមានន័យ ហើយត្រូវបានចងចាំដោយការកត់ត្រាយ៉ាងម៉ត់ចត់បែបនេះ… ស្នៀតទី១២ ៖ បើមិនពូកែសរសេរដោយដៃទេ អាចវាយចូលជាឯកសារចូលកុំព្យូទ័រ ឬដាក់ក្នុងGoogle Docs ហើយshareទៅគេក៏បាន…ហើយក៏មិនប្រាកដថាត្រូវតែជាអត្ថបទសរសេរទេ អ្នកក៏អាចច្នៃជាវីដេអូ ឬទម្រង់ផ្សេងៗណាក៏បាន។ សំបុត្រស្នេហ៍ លឺពាក្យហ្នឹង បែបគិតថាចាស់គំរឹលម៉េះទេ៎…តែកុំភ្លេចណាថា របស់ទាន់សម័យខ្លះធ្វើឲ្យគេរំភើបចាញ់ស្តាលស្តាលពីសង្គមទេណា៎… ស្នៀតទី១៣ ៖ សាកនូវអ្វីដែលគេលែងសូវធ្វើវិញម្តង ជំនួសឲ្យការសរសេរឆាត ឬវាយឯកសារ ហើយព្រីនចេញ អ្នកគួរចំណាយពេលខ្លះសរសេរដោយដៃផ្ទាល់។ តម្លៃនៃទឹកចិត្តរបស់អ្នកក៏រឹតតែខ្ពស់ ព្រោះវាត្រូវបានបង្ហាញដោយវិធីមួយដែលមានមនុស្សតិចតួចដែលធ្វើ… មិនដឹងថាមានប៉ុន្មានស្នៀតដែលអ្នកចាប់អារម្មណ៍…ហើយក៏មិនសង្ឃឹមថាមអ្នកនឹងយកវាទៅប្រើដែរ…តែក៏សង្ឃឹមថា ការសារភាពស្នេហ៍លើកនេះបានទទួលជោគជ័យទៅចុះ…ស៊ូស៊ូណា៎!!! © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

រំលងផុតមួយថ្ងៃហើយ ទូរស័ព្ទក៏បិទ Facebook ក៏ Deactivate ទៀត តិចគេមានរឿងអីទៅ? ធ្វើម៉េចទៅ? ឬមួយក៏គេធុញនឹងខ្ញុំ? ហឺយ…. មានប៉ុន្មាននាក់យល់អារម្មណ៍ បាត់ដំណឹងពីមនុស្សដែលខ្លួនស្រឡាញ់? កាលពិតទៅ ទើបថ្ងៃនេះទេ ដែលខ្ញុំដឹងថា អារម្មណ៍ពេលប៉ាម៉ាក់តេរកខ្ញុំមិនចូល គាត់ភ័យប៉ុណ្ណា!   ថ្ងៃនេះ អារម្មណ៍វិលវល់ខ្លាំងណាស់ នឹកឃើញរឿងកាលនៅវិទ្យាល័យ នៅថ្នាក់ខ្ញុំមានស្រីស្អាតម្នាក់ឈ្មោះទេវី អង្គុយជាប់ខ្ញុំ។ ទេវីទាំងស្អាត ទាំងពូកែ ហើយមានចរិតស្លូតបូត ប្រុសៗនៅសាលាអ្នកណាក៏សំឡឹងមិនដាក់ភ្នែកដែរ។ រាល់ពេលចេញលេង ពួកប្រុសៗដើរកាត់ថ្នាក់ខ្ញុំជាច្រើន អើតឡឺមៗ ហើយខ្ញុំឧស្សាហ៍ឃើញវិទូនៅមុខថ្នាក់ខ្ញុំណាស់ គាត់ហ្នឹងក៏ខូចណាស់ដែរ (ភ្លេចប្រាប់ វិទូហ្នឹងហើយជា Crush របស់ខ្ញុំ) គាត់រៀនលើខ្ញុំមួយជំនាន់ ហើយគាត់ដូចជាតាមស្រឡាញ់ទេវីយូរហើយ ព្រោះឃើញដូចជាឧស្សាហ៍មើល និងនិយាយជាទេវីច្រើនណាស់។ ថ្ងៃមួយ ពេលចេញពីរៀន ខ្ញុំកំពុងអង្គុយក្រោមដើមឆ័ត្រចាំបងធំខ្ញុំមកយក ក្រឡេកឃើញវិទូ ឈរទល់មុខទេវី ហុចផ្កាមួយទងឲ្យទេវី ហើយដូចជាថើបថ្ពាល់ទៀត (ខ្ញុំមើលពីចំងាយមិនសូវច្បាស់ទេ) ភ្លាមនេាះស្រាប់តែបងរបស់ទេវីមក​​​ ច្រានវិទូមួយទំហឹង ហើយដូចជាទេវីជួយការពារម៉េចមិនដឹងទេ ក៏បងរបស់ទេវីទាញទេវីទៅផ្ទះទៅ! ចាប់ពីថ្ងៃនេាះមក វិទូក៏លែងសូវឃើញអើតថ្នាក់ខ្ញុំទៀតដែរ! ហើយខ្ញុំមិនដែលបានទៅអើតថ្នាក់គាត់ដែរ ព្រេាះអគារខុសគ្នា ម្យ៉ាងស្រីទៅអើតថ្នាក់ប្រុសដូចជាមិនសូវសម។ ខ្ញុំលែងបានជួបគាត់យូរដែរទម្រាំតែចៃដន្យទៅការមិត្តភក្តិមួយ ហើយរកគាត់ក្នុង Facebook តាមរូបថតការនេាះទៅ ក៏ចាប់ផ្តើម Stalk គាត់រាល់ថ្ងៃ គិតមកដល់ឥឡូវប្រហែល ៣ឆ្នាំហើយ។ តែម៉្យាងដែរ និស្ស័យនៅតែជានិស្ស័យ ចុះឡើងចុះឡើងមកស្គាល់លេខគេទៀតនៀក៎ ចាំមើលណា៎ ធ្វើឲ្យទូឯងស្រឡាញ់វិញទាល់តែបាន!​ ត្រៀមខ្លួនឲ្យហើយទៅ!   Post ប៉ុន្មាន​ Status ថ្ងៃហ្នឹង​ ឡើងគេគេភ័យពេញ Facebook ហើយ! អ្នកខ្លះ Chat មកសួរថាតីម៉េចហើយ? មានរឿងអីមែន? …. ប្រាប់គេថាម៉េចទៅ… ហឺយ…. មិនអីទេ Drama លេងទេ កុំឲ្យអផ្សុក! ប្រាប់គេបានតែប៉ុណ្ណឹង … ហឺយ… អារម្មណ៍ទប់រឿងពិបាកៗក្នុងចិត្តពិតជា Stress ណាស់! ចង់ណាស់ចង់មានអ្នកដែលអង្គុយស្តាប់ខ្ញុំរអ៊ូ ស្តាប់រឿងគ្រប់យ៉ាង គ្រាន់តែស្តាប់ក៏អស់ចិត្តដែរ ទោះមិនអាចជួយអ្វីបានក៏ដោយ… ឲ្យតែមានអ្នកចាំស្តាប់ ក៏ប៉ុន្តែពេលមានអ្នក Chat សួរបែរជាមិនដឹងគួរប្រាប់គេថាម៉េច? គួរចាប់ផ្តើមពីណាមុនណ៎? ហាមាត់និយាយមិនចេញ ក៏សម្រេចចិត្តថា I’m Fine ទេាះបីជា I’m seriously not fine…. មានមនុស្សប៉ុន្មាននាក់ដែលមានអារម្មណ៍បែបហ្នឹង​? ហឺយ… អ្នកណាប្រើឲ្យខ្ញុំលង់ស្រឡាញ់គេដល់ម្លឹង តែក៏ Drama ខ្លះដែរ លេងបន្លំមែនហ្នឹងណា៎ ហេហេ… តែក៏សប្បាយចិត្តម៉្យាងដែលមានមិត្តភក្តិបារម្ភ ទេាះមិនបានប្រាប់គេក៏ធូរចិត្តបន្តិចដែរ... ហើយម្នាក់ហ្នឹងក៏ណាស់ដែរ ចូលចិត្តធ្វើអីឲ្យគេបារម្ភ នៅមិននៅទៅបិទទាំងទូរស័ព្ទ ទាំង Facebook ទាមទារការចាប់អារម្មណ៍ម៉េះខ្លួន…   ថ្ងៃនេះឆាប់ងងុយគេងណាស់ ម៉ោងទើបតែ ៨កន្លះ ខ្ញុំរៀបចំគេងហើយ… តែមិនចោលទម្លាប់លេង Facebook មុនគេងនេាះទេ។ Scroll ចុះ  Scroll ឡើង ក៏របូតទូរស័ព្ទចេញពីដៃ "កុងទឺណឺស្រវឹងធ្លាក់ភ្នែក ដេកលើAudi ពណ៌ស របួសធ្ងន់ប្រុស១ ស្រី២ " រថយន្តហ្នឹងហើយ... ព្រះអើយ ហេតុអីៗ? ហេតុអីទៅជាបែបហ្នឹង? គេយ៉ាងម៉េចហើយ... ធ្វើម៉េចទៅខ្ញុំ? ព្រះអើយៗ សូមជួយថែរក្សារូបគេឲ្យកុំឲ្យគេមានរឿងអីឲ្យសេាះណា៎ ... ទឹកភ្នែកស្រាប់តែស្រក់ចុះ ហេតុអីទេវតាធ្វើបាបខ្ញុំម្ល៉េះ លួចស្រឡាញ់គេយូរហើយ ទើបតែហ៊ានសួរទៅគេ Call ទៅគេ ហេតុអី...   ទូរស័ព្ទបន្លឺឡើង “អាឡូតី នៅធ្វើអីហ្នឹង Facebook ក៏ស៊ីអារម្មណ៍ម៉េះ?” បងខ្ញុំ Call មកពីសិង្ហបុរី ខ្ញុំមិនទាន់សម្រួលអារម្មណ៍បាន ហើយក៏ស្រែកយំ “ហេតុអី ហេតុអី….” “មានរឿងអីតី មានរឿងអី មានរឿងអីនៅផ្ទះមែន?” ខ្ញុំខំប្រឹងសម្រួលអារម្មណ៍ “អត់អីទេបង តីកំពុងមើលរឿងហ្នឹងណា៎ អត់អីទេ តីទៅងូតទឹកហើយ…” ហើយខ្ញុំក៏ដាក់ទូរស័ព្ទចុះទៅ… ហិហិ… សង្ឃឹមវាពិតត្រឹមជារឿងមែនចុះ ពេលអារម្មណ៍តក់ស្លុក ពិតជានិយាយអីក៏មិនចេញ គិតអីក៏មិនឃើញដែរ

ចែករំលែក

ជូនចំពោះម្នាក់នោះ…. ថ្វីត្បិតថា ពេលនេះ នៅទីនេះ ម្នាក់នេះមិនដឹងថាអ្នកកំពុងនៅទីណា ប៉ុន្តែ ក៏បានដឹងហើយថា ខ្លួនឯងកំពុងតែនៅជ្រុងណាមួយនៃពិភពលោកនេះ មិនប្រាកដថា ពេលណាយើងនឹងបានជួបគ្នាដោយនិស្ស័យ ឬចៃដន្យ ក៏មិនដឹងថា យើងនឹងត្រូវឆ្លងកាត់អ្វីខ្លះជាមួយគ្នា រឹតតែមិនច្បាស់ថា ខ្លួនឯងនឹងចូលមកក្នុងជីវិតម្នាក់នេះបានរយៈពេលយូរប៉ុណ្ណា ប៉ុន្តែ…អ្វីដែលដឹងច្បាស់នោះ គឺថា… ម្នាក់នេះនឹងរង់ចាំ…រង់ចាំដល់ថ្ងៃមួយនោះ ថ្ងៃនៃភាគបញ្ចប់នៃរឿងភាគឯការបស់ម្នាក់នេះ ហើយក៏ជាថ្ងៃចាប់ផ្តើមទំព័រជីវិតគូរវាងម្នាក់នេះ និងម្នាក់នោះដែរ… ទោះបីជាមិនទាន់បានជួបផ្ទាល់ តែវត្តមានរបស់អ្នកនៅក្នុងបេះដូង កំពុងរង់ចាំម្ចាស់វត្តមានបកប៉ះប៉ូវនូវអារម្មណ៍អវិជ្ជមានធ្លាប់មានកន្លងមក ដូចដែលបានបញ្ជាក់ហើយអញ្ចឹង មិនបាច់ជួបលឿនពេកក៏បាន តែ៏សុំកុំឲ្យយូរពេកដែរ … សង្ឃឹមថា ល្បែងបិទពួនរវាងម្ចាស់បេះដូងទាំងពីរនេះ នឹងមិនត្រូវបានលេងយូរទៀតទេណា៎!!

ចែករំលែក

ថាដេកចុច Facebook ទៅគេងមិនលក់ ដល់ដាច់ភ្លើងហើយ ទូរស័ព្ទអស់ថ្មទៀត ចង់លើសដើម!​ ហើយ ២ នាក់ស្រីៗនេាះជាណាគេណ៎? ម៉េចក៏ត្រូវទៅកំពតជាមួយ Crush ខ្ញុំចឹង! ដឹងអត់ថាខ្ញុំប្រច័ណ្ឌ ប្រច័ណ្ឌព្រេាះស្រឡាញ់នេាះអី! ប្រហែលជាបងប្អូនគេទេដឹង? តែមិនសមសេាះ ដូចជាអាយុប្រហែលគាត់ដែរ ឬមួយជាសង្សាររបស់គាត់? ចប់ហើយ ... អស់សង្ឃឹមហើយតី ដ៏កំសត់អើយ! នៅមិនស្រណុកក្នុងខ្លួនសេាះ មានប៉ុន្មាននាក់យល់ពីអារម្មណ៍​ ដែលដឹងថា Crush មានសង្សារ? ហិហិ... ចាំមើលណា៎ Stalk ឲ្យដឹងសាច់រឿងហ្នឹងហ្មង! Crush ឯង ចាំមើលហ្អា៎... ហ៊ានតែមានសង្សារដឹងតែរឿងហ្មង... (លលេងទេ បើអញ្ចឹងមែន មានតែបានត្រឹមជា Fan កំសត់ហើយ)... ដាច់ភ្លើងយូរដែរហ្នឹង ល្មមម៉ាអស់អីគិត ក៏សន្លប់បាត់ទៅ...   តុកៗ.... "តីហ្អាក្រោកឡើង!" បងធំខ្ញុំគោះទ្វាដាស់ខ្ញុំ! "ជូនបងទៅព្រលានបន្តិច" ព្រឹកហ្នឹងបងខ្ញុំត្រូវទៅសិង្ហបុរីជាមួយប៉ា ៣ ៤ថ្ងៃ ដូចជាគាត់ត្រូវពិភាក្សាការងារអីមិនដឹងទេ។ ខ្ញុំនេះងូតទឹកមិនចង់ទាន់ ព្រេាះយន្តហេាះត្រូវចេញម៉ោង 9:35 ព្រឹកហើយ! ប្រញ៉ាប់ប្រញ៉ាលជូនគាត់ទៅ។ ពេលជិតដល់ព្រលាន បងខ្ញុំហុចថង់កិបមួយឲ្យ គាត់ថា អាហ្នឹងរបស់របររបស់ម្ចាស់ឡានដែលយើងប៉ះគ្នាពីម្សិលមិញ ទុកឲ្យស្រួលបួលផងប្រយ័ត្នបាត់របស់គេ ហើយព្រឹកមិញ បងយកឡានបងទៅដាក់ការ៉ាស់ពូម៉ាប់ហើយ ស្អែកពូម៉ាប់យកឡានមកឲ្យវិញហើយ ហើយអស់ម៉ានចាំតេប្រាប់ម្ចាស់ឡានប៉ុណ្ណឹងទៅ! អីយ៉ា... កំពុងតែគិតថាធ្វើម៉េចសុំបាន ឥឡូវឡើងឲ្យដល់មាត់នៀក៎ បងធំខ្ញុំគួរឲ្យស្រឡាញ់ម៉េះ!    មកដល់ផ្ទះវិញ ដកអត្តសញ្ញាណប័ណ្ណគេមកមើល អូហ៎ូ ថ្ងៃនេះ ស្គាល់ដល់ផ្ទះគេទៀតនៀក៎ គូព្រេងឲ្យច្បាស់ក្រឡែត! ហាហា... ហើយមុខក្នុងអត្តសញ្ញាណប័ណ្ណឡើងដូចស្វា ដឹងថតតាំងពេលកាលទេនៀក៎ មើលឡើងកាច តែមើលម៉េចក៏នៅតែគួរឲ្យស្រឡាញ់ គិតៗទៅ មនុស្សយើងពិតជាឃ្លានឆ្ងាញ់ស្រឡាញ់ស្អាតមែន។  សាកថ្មអីហើយ... ទៅឆែក Profile គេទៀតហើយ អត់ឃើញអីទៀតហើយ... ដូចមិនដែលចឹងសេាះកាលពីមុន គ្រាន់តែ Chat ទៅម្តង លេង Deactivate Account ទៀតហើយ! អូ៎.. សង្ស័យទៅស្វ៊ីតអីនៅកំពតហ្មងបានជាគេ Deactivate ចោល! យឺសៗ  ខ្លាំងដៃណាស់តាស៎....   អារម្មណ៍គ្មាន Crush មើល មិនដូចអារម្មណ៍ពេលមាន ថ្ងៃនេះលេង Facebook អីក៏ធុញម៉េះ! គ្មានអីគួរឲ្យចាប់អារម្មណ៍សេាះហ្មង...   ប្រហែលជាម៉ោង ជិត៥ កូនជាងរបស់ពូម៉ាប់យកឡានមកឲ្យវិញ គាត់ថាអស់ 120$​​ ខ្ញុំក៏ឲ្យលុយទៅ...   សំខាន់ឥឡូវដល់ពេលត្រូវនិយាយទូរស័ព្ទជាមួយ Crush ហើយ! គួរនិយាយថាម៉េចណ៎? ភ័យណាស់នៀក៎... បងហ្អា... បងឯងប៉ះឡានបងខ្ញុំម្សិលមិញហ្អា.. បងឯងនៅណាឥឡូវ? អេ... មិនត្រូវនិយាយចឹងទេ... បង ខ្ញុំតី ប្អូនបងមួយបងឯងជិះឡានប៉ះម្សិលមិញហូ៎ ចាំអត់? ហឺយ.. មិនល្អទេ... ហើយខ្ញុំថីហ្នឹង ម៉េចក៏ភ័យម៉េះ... វាយលេខទូរស័ព្ទហ់ើយ តែមិនហ៊ានចុចតែ .. យ៉ាប់ហ្មង! គ្រាន់តែនិយាយតាមទូរស័ព្ទសេាះក៏យ៉ាប់ដែរ... ណ្ហើយ..​ តេក៏តេ... ល្មមដាច់ចិត្តតេ ម៉ោងឡើងជិត ៦ កន្លះ... ពេលវេលាបណ្តាលឲ្យយើងជួបគ្នា ពេលវេលា.. អូហូ Ringtone អីក៏ស៊ីអារម្មណ៍ម៉េះនៀក៎ ... អាឡូចា៎ ... គ្រាន់តែលឺប៉ុណ្ណឹង មិនដឹងជាម៉េចខ្ញុំក៏បិទទូរស័ព្ទ... ហឺយ... ម៉ោងប៉ុណ្ណឹងហើយ ម៉េចក៏ស្រីអ្នកលើកទូរស័ព្ទវិញណ៎? អារម្មណ៍បែបនេះម៉េចក៏ចំឡែកម៉េះ... គេជានរណាគេ... មិនអស់ចិត្តសេាះ... ប្រហែលមួយសន្ទះក្រោយ ខ្ញុំ Call ទៅម្តងទៀត ... ពេលវេលាបណ្តាលឲ្យយើងជួបគ្នា... ហេតុអ្វីអារម្មណ៍លឺ Ringtone នេះមិនដូចអារម្មណ៍លឺដំបូងណ៎? ហេតុអ្វីមានអារម្មណ៍ថាបទនេះកំសត់ម៉េះ? លើកនេះ គ្មានអ្នកទទួលទូរស័ព្ទទេ... ខ្ញុំតេទៅប៉ុន្មានដង ហើយចុងក្រោយក៏តេលែងចូលតែម្តង អឺស.. លេងបិទទូរស័ព្ទចឹងហ្មង... Crush អើយ Crush កំពុងធ្វើអី ម៉េចក៏បិទទូរស័ព្ទហើយ... ឬមួយក៏... ទូរស័ព្ទគេអស់ថ្ម... ឬមួយក៏គេកំពុង...... កុំចេះតែគិតអីផ្តេសផ្តាស តីអើយតី  

ចែករំលែក

ថ្ងៃនេះមានរឿងពិបាកចិត្តមួយ​ និងសប្បាយចិត្តមួយ តើគួរប្រាប់រឿងមួយណាមុនណ៎?   ម្សិលមិញ បងខ្ញំុបើកឡាន Mazda ដែលគាត់ទើបតែទិញកាលពីអាទិត្យមុន​ជូនបងប្អូនទៅលេងចំការបិុខ្ញំុនៅតាកែវ។​ ខ្ញំុគេងស្តាប់ចម្រៀង​ក្នុងឡាន ចុចទូរស័ព្ទចាំមើលគេ Reply Comment យូរនេាះយូរ​ ម្នាក់ហ្នឹងមិនខ្ចី Reply សេាះហ្មង!​ ចុចចុះចុចឡើង ក៏គេងលក់បាត់ទៅ.... កំពុងតែគេងលក់សុខៗ ស្រាប់តែឡានខ្ញំុឈប់ឡើងកញ្ឆក់ ហើយម៉េចបានចឹង??? អូ៎! ឡានខ្ញំុប៉ះឡាន Audi ពណ៌សមួយ​ ឡើងវៀចកាង ពេលខ្ញំុមើលពីក្នុងឡាន។ បងខ្ញំុ​ ស្រែកថា យី អានេះទើបតែរៀនបើកឡានទេអី បើកចេញពីហាងបាយមក អត់ចេះមើលផ្លូវហ្មង! បងខ្ញំុ ប្រញ៉ាប់ចុះទៅមើលឡាន ហើយឡានមួយទៀតក៏ចុះមកដែរ ឃើញស្រីស្អាត ២នាក់ចេញពីឡាន ហើយតៃកុងឡានប្រុសម្នាក់។ អ្នកក្នុងឡានខ្ញំុរៀបនឹងចេញពីឡានទាំងអស់ ប៉ាប្រាប់ថាទុកឲ្យប៉ាចុះជាមួយបងប្រុសបានហើយ! ខ្ញំុអង្គុយអើតមើលពីក្នុងឡាន មើលឡើងស្លុត ហើយ crush ខ្ញំុបើកឡានម៉េចចឹង? ចប់ហើយៗ​ ... ហើយខ្វះពេលជួបមែន ជួបប៉ាខ្ញំុម្តង ប៉ះឡានគ្នានៀក៎! ចឹងៗអី ចូលដណ្តឹងខ្ញំុ ក៏ប៉ាខ្ញំុមិនឲ្យដែរ! អូ... គិតដល់ណាណីហើយតី ចេះតែមានហ្មង! យីស​... ហើយអាបិុហ្នឹង នាំស្រីស្អាតឡើង២នាក់ទៅកំពតនៀក៎ ស្ទាវដែរហ្នឹងហ្អា៎​ ចឹងៗអីទុកចិត្តបានអត់ទេ!  អង្គុយក្នុងឡានភ័យផងអរផង ដឹងម៉េចម៉ាលទេ ឡានហ្នឹងបងខ្ញំុស្រឡាញ់ខ្លាំងផង!    ប្រហែលជា ១០នាទី បងខ្ញំុ និងប៉ាដើរចូលក្នុងឡានវិញ ខ្ញំុមិនហ៊ានសួរពួកគាត់ទៀតហ្នឹងហ្អា! "ហ៊ា ដេាះស្រាយម៉េចហើយ?" បងទី២ខ្ញំុសួរបងធំ។ "អត់អីទេ អាមួយហ្នឹងគ្រាន់បើ​ ចេះគួរសម ចេះសំុទោស ឥឡូវគេឲ្យយកអត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរគេ លេខទូរស័ព្ទ និងគេកក់ ៥០ដុល្លាសិន ចាំធ្វើហើយអស់ម៉ានចាំទាក់ទងគេទៀត"។ "អឺ ក្មួយហ្នឹងចេះគួរសមគ្រាន់បើ មិនអីទេ" ប៉ាខ្ញំុបន្ថែម។ អីយ៉ា ... Crush ខ្ញំុគ្រាន់បើតាស៎នៀក៎ ប៉ាសរសើរទៀត ឡើងគ្រេាះជាលាភនៀក៎! អេ៎... ធ្វើម៉េចយកលេខអាបិុហ្នឹងពីបងធំខ្ញំុបានណ៎? ហេហេហេ ... តែនៅតែមិនអស់ចិត្តរឿង ដឹកស្រីស្អាត២នាក់ហ្នឹងហ្មង យឺស....   ចូលទៅលេងចំការល្ងាចនេះសប្បាយណាស់ ខានទៅលេងបិុយូរហើយ ឥឡូវសម្បូរអីញំុាដល់ហើយ បានផ្លែផ្កាហើយតាស៎ ចា​ំបានថាកាលពីក្មេងៗឧស្សាហ៍បានមកលេងចំការណាស់ តែដល់ឥឡូវម្នាក់ៗរវល់អស់ទៅ ប៉ុន្មានឆ្នាំហើយល្មមបានមកលេងម្តង! ហឺយ ... ពេលខ្លះសុភមង្គល ទាល់តែមានផែនការខ្លះបានៗ បើមិនចឹងទេ រវល់ភ្លេចបាយទឹកអស់ហើយ! នៅចំការ សេវា Internet ដើរយឺតណាស់ ចឹងក៏ខ្ជឹលឆែកតែម្តង ម៉្យាងជំុគ្រួសារសប្បាយក៏ភ្លេច Facebook អីហ្នឹងហ្មង...    តាមផ្លូវមកភ្នំពេញវិញ ទូរស័ព្ទអស់ថ្មល្មម ហើយក៏ហត់ខ្លាំងដែរ ចឹងក៏គេងទៅ...    ល្មមដល់ភ្នំពេញ ប្រហែលម៉ោង ៩យប់ហើយ ដាច់ភ្លើងឲ្យឈឺង ទូរស័ព្ទក៏អស់ថ្ម គ្មានជម្រើសទេថ្ងៃនេះ គេងយកកម្លាំងល្អជាង Good Night, Crush.    

ចែករំលែក

រសាប់រសល់ណាស់ពេញមួយថ្ងៃ គិតៗទៅអារម្មណ៍លួចស្រឡាញ់គេម៉េចក៏ដល់ម្លឹងណ៎​ ឡើងម្សិលមិញពេលញំុាបាយល្ងាចប៉ាសួរថា លេងបៀរចាញ់មែន? មិនដឹងប្រាប់គាត់ថាម៉េចទេ តីអើយ មិនចេះលាក់អារម្មណ៍សេាះហ្មង!   មិនអស់ចិត្តសេាះហ្មង ម្នាក់ហ្នឹងអីក៏ម៉េះៗ​ គ្រាន់តែ Delete Request លេង Block ខ្ញំុចោលហ្មង មិនសមសេាះ មែនអត់? តែអ្នកណាប្រើឲ្យតីឯង Delete Request គេចោលធ្វើអី ឲ្យវាសមមុខទៅ តីអើយ! ហិហិ .. តែឥឡូវអ្វីដែលសំខាន់គឺ ត្រូវធ្វើយ៉ាងម៉េចទៀត បើលួចមើល Profile គេក៏លែងបាន Chat ក៏មិនបាន ចប់ហើយខ្ញំុ Crush អើយ Crush ហេតុអីដាច់ចិត្តយ៉ាងនេះ? យល់ពីអារម្មណ៍ តីខ្លះបានអត់?   វីវរហើយ​….  Block Facebook ខ្ញំុហើយមិនគ្រប់ សូម្បីយល់សប្តិក៏លែងមកអើតដែរ គេខឹងខ្ញំុមែនទែនហើយ ។ ចប់ហើយៗ​ ទៅយល់សប្តិឃើញស្អីមិនដឹងទេ​​ ចាំបានថារត់រហូត មិនដឹងមានអ្វីដេញតាមទេ ក្រោកឡើង អស់កម្លាំងពីខ្លួនហ្មង?​ មុខឡើងក្តៅ!​ ចង់ឈឺម៉េចមិនដឹងទេនៀក៎! តែចង់ដឹងណាស់ថា យល់សប្តិហ្នឹងមានន័យថាម៉េចណ៎? មានអ្នកណាដឹងអត់? មិនហ៊ានសួរចាស់ៗទៀតហ្នឹងណា៎! អូ៎… ទូរស័ព្ទអស់ថ្មអាលីងហើយ ភ្លេចសាកថ្មយប់មិញ​​ បើក 3G ចោលហើយដេកដាក់ក្បាលលើទូរស័ព្ទទៀត ចឹងបានមានអារម្មណ៍ក្តៅៗ ហើយមិនយល់សប្តិឃើញគេសេាះ! សង្ស័យមកពី អាទូរស័ព្ទហ្នឹងហ្មង!   សាកថ្មមួយសន្ទុះ… ទៅអើតមើល Account គេម្តងទៀត ព្រេាះមិត្តភក្តិប្រាប់ថាប្រហែលជាគេ Deactivate Account ទេដឹង មិនដល់ថ្នាក់ Blockទេ គេមិនទំនេរទៅ Block តីឯងទេ។ អីយ៉ា… នៅមានសង្ឃឹមតាសនៀក៎ ថ្ងៃនេះចូលមើល Account គេបានហើយ ឆ្នាំនេះមិនស៊យទេ ហេហេ… Account គេថ្ងៃនេះ ចម្លែកណាស់ ចេះ Drama ទៀត!​ Share បទ ទេវតា របស់ P-Sand ហើយដាក់ថា ផ្កាយអើយផ្កាយជួយនាំខ្ញំុទៅផង on the way to Kampot។ តិចគេនិយាយពីតីទៅ? មិនអាចទេ … ឃើញ Post ហ្នឹងមានស្រីស្អាតមក Comment ច្រើនណាស់ … សុំទៅដែរ… បងជាទេវតាណា៎ … ហើយគាត់ Reply ឡើង sweet sweet … តីឯងស្រម៉ៃពេកហើយ គេកំពុងលួចស្រឡាញ់អ្នកផ្សេងដែលមិនមែនជាតីឯងហើយ នៅអរទៀតហ្ហា៎! អូ… មាន Message មួយ … “Happy Chinese New Year” ពួកម៉ាកខ្ញំុទេ ស្មានតែគេ Reply… អឺស! គេ seen ហើយអត់ Reply មួយម៉ាត់! គួរសប្បាយចិត្តដែលគេបានមើល ឬពិបាកចិត្តដែលគេមិន Reply ណ៎? គិតទៅមនុស្សយើងលោភមែនណ៎ ម្សិលមិញ​ បុណ្យឲ្យតែគេបាន​ឃើញសេាះ​ ឥឡូវគេ seen ហើយ មកពិបាកចិត្តទៀត! ណ្ហើយ… យ៉ាងណាក៏នៅមានសង្ឃឹមដែរ គ្រាន់បើជាងម្សិលមិញ មើលអីគេមិនឃើញដែរ។ តែឥឡូវសំខាន់ត្រូវធ្វើម៉េចទៀតណ៎? អង្គុយមួយសន្ទុះ… Comment លើ post គេមួយចុះ​ ចាំគិតទៀត! Happy New Year, Have a safe trip … “តីហ្អាតី! ប៉ាហៅទៅលេងចំការអាបិុ” បងខ្ញុំហៅខ្ញំុហ្នឹងណា៎! យូរៗបានដើរលេងជុំគ្នា ខ្ញុំទៅសិនហើយណា៎… សំខាន់​ គាត់ហ្នឹង ស្រីស្អាត Comment ឆ្លើយឡើងលឿន ខ្ញុំ Comment ឡើងជិត ១០នាទីហើយ មិនទាន់ Reply ទៀត… យឺស

ចែករំលែក

.... ពេលវេលាពិតជាលឿនណាស់​!   មិនទាន់បានអីផងចូលឆ្នាំចិនទៀតហើយ​ ចង់ដឹងថាឥឡូវនេះ គេកំពុងធ្វើអ្វី? គេដឹងថា ខ្ញំុចាប់អារម្មណ៍គេឬអត់ណ៎? លួចស្រឡាញ់គេយូរហើយ នៅឡើយមិនហ៊ានសារភាពប្រាប់គេ ព្រេាះដឹងក្នុងចិត្តច្បាស់ថា​គេគ្មានអារម្មណ៍លើខ្ញំុទេ។ មនុស្សស្រីដ៏សាមញ្ញដូចខ្ញំុ​​ ម៉េចនឹងអាចស្ថិតក្នុងក្រសែភ្នែករបស់មនុស្សប្រុសដែល សង្ហារ កើតក្នុងត្រកូលខ្ពង់ខ្ពស់ ថែមទាំងជានិស្សិតឆ្នើមនៅសាលាទៀតនេាះ។ ហឺយយយយ.... ដូចអត្ថន័យបស់ចម្រៀងគេមែន នឹកបងបានត្រឹមក្តីស្រម៉ៃ តែពេលខ្លះគ្រាន់តែស្រម៉ៃក៏សប្បាយចិត្តបាត់ទៅហើយ ទេាះដឹងថាគ្មានឱកាសក៏នៅតែលួចស្រឡាញ់គេ​ យល់អារម្មណ៍បែបហ្នឹងអត់?​ ម្នាក់ហ្នឹងមិនដឹងជាទៅដាក់អាគមន៍ពីណាទេ​ ម៉េចក៏ខ្ញំុស្រឡាញ់គេផ្កាប់មុខបែបនេះណ៎! យប់ម្សិលមិញ ខឹងគេណាស់ ល្មមដាច់ចិត្តហ៊ាន Chat "Hi" ទៅគេហើយ បែរជា​មើលក៏មិនចង់មើល!​ ធ្វើម៉េចយើងមិនដល់គេ បើនៅក្បែរដៃអី វាយឲ្យណាណីម្តង​ ឌឺហ៎ា! មិនអស់ចិត្តសេាះ​ ខំគេងចាំមើល Reply គេរហូតជិតម៉ោង ៤ភ្លឺហើយ នៅតែមិនឆ្លើយ ម្នាក់ហ្នឹងអីក៏កំណាញ់ម៉េះណ៎ គ្រាន់តែ Reply ប៉ុន្មានម៉ាត់ក៏អស់ចិត្តដែរ! នែ៎ ខ្ញំុខំតាំងចិត្តប៉ុន្មានឆ្នាំហើយ ល្មមព្រម Chat ទៅ! រកឃើញ Account Facebook គេយូរហើយ តែមិនហ៊ាន Add ទៅគេទេ តែមិនដែលរំលងរូបគេមួយណា៎ឡើយ ហើយក៏លួចប្រច័ណ្ឌពេលគេថតជាមួយស្រីៗ។ យី គាត់ហ្នឹងថតស្និតម៉េះ ចង់ភ្លេចថាគេមិនស្គាល់ខ្ញំុផង ទៅប្រច័ណ្ឌគេអី តីអើយតី កាលបានស្វាង គេមិនចាប់អារម្មណ៍នឹងយើងទេ។ ចាំយូរពេកក៏ដេកលក់ទៅ ....   អូយ ... យល់សប្តិក៏ឃើញគេដែរ មិនដឹងជាស្អីទេ ពិតៗមិនមកទេ បែរជាមកក្នុងយល់សប្តិទៅវិញ សំុាណាស់! បើជាការពិតមិនដឹងជាល្អយ៉ាងណាទេ! យល់សប្តិថា គេជិះកង់ដឹកតីក្នុងសាលា​ មិត្តភក្តិណាក៏ច្រណែននឹងតីដែរ​ ចាំបានតែប៉ុនហ្នឹងទេ គ្រាន់តែចាំថា​ នៅក្បែរគេមានអារម្មណ៍កក់ក្តៅណាស់។ អារម្មណ៍បែបនេះ មិនដឹងពេលណាក្លាយជាការពិតទេណ៎!    នាឡិការោទ៍ ដល់ម៉ោងក្រោកបាត់ ហើយត្រូវសែនទៀតថ្ងៃហ្នឹង! រឿងមុនគេដែលធ្វើព្រឹកមិញគឺ មើលទូរស័ព្ទដៃ។ ហឺយយយយ ... ម៉េចក៏មិន Reply ទៀត!!!! ឈប់ស្រឡាញ់ហើយ!!!! បានតែមាត់ទេ ធ្លាប់គិតចង់ឈប់ប៉ុន្មានដងហើយ តែមាត់ក្បត់ចិត្ត លួចស្រឡាញ់គេយូរហើយ ម៉េចនឹងឈប់បានងាយៗយ៉ាងហ្នឹង! Scroll ចុះ Scroll ឡើង​ ហើយថ្ងៃហ្នឹង ថ្ងៃសែនហើយអត់មាន ណាគេ Post រូបចឹងណ៎ ឃើញតែរូបកាលពីម្សិលមិញ! អឺស.... សំុាហ្មង! ទូរស័ព្ទខ្ញំុអស់លុយតាំងពីកាល​!!!​ អីយ៉ា​អញ្ចឹងមានសង្ឃឹមហើយ គេប្រហែលជា Reply ខ្ញំុហើយ ទៅទិញកាតបញ្ចូលលុយមួយសិន.... បញ្ចូលហើយ មាន Internet វិញហើយ ... យេ៎ៗៗ ... នៅតែអត់ Reply ទៀត! អារម្មណ៍ Seen មិន Reply មធ្យមទេ សំខាន់អត់សូម្បីតែ Seen។ អេ៎ ឈប់សិន ថ្ងៃនេះមាន Friend Request មួយ! អារម្មណ៍ហេាះហើរដល់ណា៎ហើយខ្ញំុ ម៉េចនឹងអាចជាគេ​ ម៉េចបានជាគេផ្ញើរ Friend Request គិតម៉េចទេខ្ញំុ! រៀបហ្នឹងចុច Confirm ហើយ​ ក្មួយខ្ញំុចូលមក ទាញទូរស័ព្ទ​ ក៏ប៉ះប៊ូតុង Delete Request! យំមិនចង់ចេញទេលោកអើយ ... អត់ Reply តែផ្ញើរ Friend Request មកខ្ញំុ តិចគេចាប់អារម្មណ៍នឹងខ្ញំុទៅ! មិនអាចទៅរួចទេ! តែឥឡូវត្រូវធ្វើម៉េចទេ​​ នៅមិននៅទៅ Delete Request នៀក៎! (Sorry, ....) មិនដឹងគួរសរសេរថាម៉េចទេ តីអើយតី! មិនទាន់បានផ្ញើរទៅគេឲ្យអស់សាច់រឿងផង Facebook លោតថាគេមិនអាចទទួលសារពីខ្ញំុទេ ម៉េចអញ្ចឹង! ហឺយ... ទៅមើល Profile គេ ក៏មិនអាចមើលបានដូចមុន មិនឃើញព័ត៌មានអីសោះ... ចប់ហើយខ្ញំុ ផ្តើមឆ្នាំថ្មី អីក៏ស៊យម្ល៉េះណ៎... គួរធ្វើយ៉ាងណាបន្តទៀត? តិចគេ Block ខ្ញំុបាត់ទៅ ....

ចែករំលែក

ប្រហែលជាមានទង្វើជាច្រើន ដែលអ្នកម្តាយរបស់អ្នកបានធ្វើរៀងរាល់ថ្ងៃ តែអ្នកកំពុងតែធុញទ្រាន់នឹងគាត់… ប៉ុន្តែតើអ្នកធ្លាប់គិតដែរឬទេថា? ក្នុងអំឡុងពេលដូចគ្នានេះ មានមនុស្សមួយចំនួនរាប់បញ្ចូលទាំងខ្ញុំដែរ កំពុងតែច្រណែននឹងអ្នក... ច្រណែនដែលអ្នកអាចនៅក្បែរអ្នកម្តាយជាទីស្រលាញ់ ច្រណែនដែលអ្នកអាចមានឱកាសឈ្លោះប្រកែកជាមួយម៉ាក់ ច្រណែនដែលអ្នកមានស្រ្តីម្នាក់ដែលនឹងឈឺឆ្អាលនឹងសុខទុក្ខរបស់អ្នកគ្រប់វិនាទី គ្រប់ដង្ហើម… អារម្មណ៍ដែលនឹកមនុស្សម្នាក់ពិបាក ប៉ុន្តែអ្វីដែលរឹតតែពិបាកនោះ គឺអារម្មណ៍ដែលនឹកមនុស្សម្នាក់ដែលមិនអាចនឹងជួបបាន រាល់លើក អ្វីដែលខ្ញុំអាចធ្វើបាន គឺសម្លឹងមើលរូបថត ហើយអោបយំតែម្នាក់ឯង រាល់លើក បើចង់និយាយអ្វី ក៏បានត្រឹមតែនិយាយម្នាក់ឯង ដោយសារតែមានវិប្បដិសារីដ៏ធំធេងមួយនេះ ទើបខ្ញុំព្យាយាមរ៉ាយរ៉ាប់រឿងរ៉ាវមួយនេះ ដោយសារតែមិនចង់ឲ្យជួបប្រទះនឹងវិប្បដិសារីបែបនេះ ទើបខ្ញុំចង់ដាស់តឿនដល់អ្នកទាំងអស់គ្នា «ធ្វើបុណ្យទាន់ខែភ្លឺ» !!! អ្នកមិនអាចមើលឃើញពីអនាគតនោះឡើយ…

ចែករំលែក
Top