Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

អតិថិជនមានសិទ្ធិក្នុងការជ្រើសរើស ឬផ្លាស់ប្តូរមូលដ្ឋានសុខាភិបាលគ្រូពេទ្យព្យាបាល ឬអ្នកផ្តល់សេវាដទៃទៀត។ សម្រាប់អតិថិជនដែលជាស្រ្តីភេទមានសិទ្ធិជ្រើសរើសអ្នកផ្តល់សេវាដែលជាស្រ្តីដូចគ្នាបានក្នុងកាលៈទេសៈសមស្រប។ ដោយឡែកអតិថិជនក៏មានសិទ្ធិមិនព្រមទទួល ឬផ្អាកការព្យាបាល និងអន្តរាគមន៍វេជ្ជសាស្ត្រនានា។ តើការអនុវត្តចំពោះសិទ្ធិក្នុងការជ្រើសរើស និងការយល់ព្រមមានអ្វីខ្លះ? • អ្នកផ្តល់សេវាត្រូវផ្តល់ព័ត៌មានពីការជ្រើសរើសការថែទាំព្យាបាល និងព័ត៌មានស្តីពីគុណសម្បត្តិ និងគុណវិបត្តិនូវរាល់ការថែទាំព្យាបាល ឬអន្តរាគមន៍ដល់អតិថិជនឲ្យបានអស់លទ្ធភាព និងផ្តល់អនុសាសន៍អំពីជម្រើសដែលល្អជាងគេ។ • អ្នកផ្តល់សេវាត្រូវធានាថាព័ត៌មានដែលបានប្រាស្រ័យទាក់ទងគ្នា គឺប្រើពាក្យសម្តីសាមញ្ញៗដែលងាយយល់ និងស្តាប់បាន។ • អ្នកផ្តល់សេវាត្រូវផ្តល់សេវាសុខាភិបាលឲ្យបានត្រឹមត្រូវទៅតាមតម្រូវការរបស់អតិថិជន និងស្តង់ដារជាតិ។ • ត្រូវពន្យល់ឲ្យបានច្បាស់លាស់ដល់អតិថិជនអំពីផលវិបាកដែលអាចកើតមាននៅពេលដែលគេបដិសេធ ឬបញ្ឈប់នូវការធ្វើអន្តរាគមន៍។ • អ្នកផ្តល់សេវាត្រូវពន្យល់ឲ្យបានច្បាស់លាស់ដល់អតិថិជនអំពីផលវិបាកដែលអាចកើតមាននៅពេលគេបដិសេធ ឬបញ្ឈប់នូវការធ្វើអន្តរាគមន៍។ • ប្រសិនបើអតិថិជន ឬអ្នកតំណាងរបស់គាត់នៅតែសម្រេចចិត្តបដិសេធ ឬបញ្ឈប់នោះអ្នកផ្តល់សេវាសុខភាពត្រូវស្នើសុំឲ្យមានការយល់ព្រមពីអតិថិជន ឬអ្នកតំណាងដោយសរសេរជាលាយល័ក្ខអក្សរ។ • ប្រសិនបើអតិថិជន ឬអ្នកតំណាងរបស់គាត់បដិសេធផ្តល់ការយល់ព្រមហើយអ្នកផ្តល់សេវាសុខភាព ឬគ្រូពេទ្យយល់ឃើញថាកិច្ចអន្តរាគមន៍មួយត្រូវតែធ្វើដើម្បីផលប្រយោជន៍ដល់អាយុជីវិតអតិថិជនការសម្រេចចិត្តនោះត្រូវបញ្ជូនទៅគណៈកម្មការគ្រប់គ្រងមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។ • ការយល់ព្រមពីអតិថិជនគឺជាការចាំបាច់ចំពោះរាល់ការរក្សាទុក ឬប្រើប្រាស់សារធាតុទាំងឡាយរបស់អតិថិជនទោះក្នុងការធ្វើរោគវិនិច្ឆ័យធម្មតាការព្យាបាល និងការថែទាំក្តី។ ក្នុងករណីចាំបាច់ខ្លះទាមទារឲ្យមានការយល់ព្រមជាលាយល័ក្ខអក្សរពីអតិថិជន។ • ការយល់ព្រមពីអតិថិជនដោយបានការពន្យល់ច្បាស់លាស់គឺជាការចាំបាច់សម្រាប់ឲ្យគាត់ចូលរួមនៅពេលបង្រៀនមុខវិជ្ជាគ្លីនិក។ អ្នកផ្តល់សេវាជានិច្ចកាលត្រូវតែស្នើសុំការយល់ព្រមពីអតិថិជន ឬអ្នកតំណាងរបស់គាត់មុននឹងធ្វើការបង្រៀនមុខវិជ្ជាគ្លីនិកដែលមានការចូលរួមពីអតិថិជន។ • ការយល់ព្រមពីអតិថិជនដោយបានពន្យល់ច្បាស់លាស់ គឺជាការចំាបាច់សម្រាប់ឲ្យចូលរួមក្នុងការស្រាវជ្រាវវិទ្យាសាស្រ្ត។ • រាល់វិធីស្រាវជ្រាវទាំងអស់ត្រូវដាក់ជូនឲ្យគណៈកម្មការក្រមសីលធម៌ ដើម្បីធ្វើការពិនិត្យការស្រាវជ្រាវមិនត្រូវអនុវត្តទៅលើអតិថិជនទាំងឡាយណាដែលគេមិនអាចមានលទ្ធភាពបញ្ចេញឆន្ទៈឲ្យធ្វើនោះទេបុគ្គលិកណាដែលមានការយល់ព្រមពីតំណាងស្របច្បាប់ ហើយការស្រាវវជ្រាវនោះសោតនឹងអាចមានប្រយោជន៍សម្រាប់អតិថិជនផង និងសាធារណជនផង។ តើការទទួលខុសត្រូវចំពោះសិទ្ធិក្នុងការជ្រើសរើស និងការយល់ព្រមមានអ្វីខ្លះ? • អតិថិជន ឬអ្នកតំណាងរបស់គាត់ទទួលខុសត្រូវនូវរាល់ផលវិបាកទាំងឡាយដែលកើតមានឡើងមកពីការសម្រេចចិត្តរបស់គាត់ ជាពិសេសនៅពេលសម្រេចចិត្តមិនធ្វើតាមអនុសាសន៍របស់អ្នកផ្តល់សេវាសុខភាព។ • អតិថិជនត្រូវតែស្គាល់ច្បាស់ពីសិទ្ធិទាំងនោះ។ គាត់អាចស្វែងរកសមាជិកគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ឬគណៈកម្មការគ្រប់គ្រងមន្ទីរពេទ្យបង្អែកដែលបានទទួលការណែនាំដើម្បីធ្វើការបញ្ជាក់បំភ្លឺ និងធ្វើអន្តរាគមន៍នៅពេលមិនច្បាស់ឬមានបញ្ហា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

អតិថិជនដែលបានមកពិនិត្យ ឬសម្រាកព្យាបាលនៅមូលដ្ឋានសុខាភិបាលមានសិទ្ធិទទួលបាននូវភាពបិទបាំងសមរម្យ ពិសេសនៅពេលធ្វើការពិនិត្យសារពាង្គកាយ និងនៅពេលព្យាបាល។ តើការអនុវត្តចំពោះសិទ្ធិក្នុងការទទួលភាពជាឯកជនមានអ្វីខ្លះ? • រាល់អង្គភាពសុខាភិបាលត្រូវមានមូលដ្ឋានសុខាភិបាលសមស្របដើម្បីធានានូវភាពឯកជនសម្រាប់អតិថិជននៅពេលធ្វើអន្តរាគមន៍វេជ្ជសាស្រ្តបានន័យថានៅពេលធ្វើការពិនិត្យ និងព្យាបាលជំងឺត្រូវធ្វើនៅក្នុងបន្ទប់បិទបាំង និងមានតែអ្នកដែលចាំបាច់។ • អ្នកគ្រប់គ្រងមន្ទីរពេទ្យត្រូវរៀបចំកន្លែងសម្រាប់បុរស-ស្រ្តីដាច់ដោយឡែកនៅក្នុងអំឡុងពេលពិនិត្យ និងព្យាបាលជំងឺ។ • រាល់អង្គភាពសុខាភិបាលត្រូវផ្តល់បន្ទប់ទឹកសម្រាប់ស្រ្តី បុរស និងជនពិការ។ តើការទទួលខុសត្រូវចំពោះសិទ្ធិក្នុងការទទួលភាពឯកជនមានអ្វីខ្លះ? • អតិថិជនត្រូវទទួលខុសត្រូវក្នុងការផ្តល់ដំណឹងទៅអ្នកផ្តល់សេវាសុខភាពពីតម្រូវការឯកជនរបស់ខ្លួន  និងផ្តល់ព័ត៌មាន ត្រឡប់ដើម្បីធ្វើការកែលម្អ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អាការៈឈឺជើង ឬធ្ងន់ជើង ជាបញ្ហាគួរគិតដល់ជាចាំបាច់ទៅលើជំងឺរលាកសរសៃឈាមអាទែរ ពីព្រោះការធ្វេសប្រហែសក្នុងប្រការណាមួយអាចជំរុញឲ្យមានការកាត់ជើងប្រសិនការព្យាបាលត្រូវធ្វើឡើងយឺតពេល។ អ្វីគួរដឹង? សំណួរជាចម្បងដែលត្រូវសួរទៅអ្នកជំងឺនោះ ថាតើការឈឺចាប់កើតមានឡើងអំឡុងពេលដើរ ឬយ៉ាងណា? • ប្រសិនការដើរធ្វើឲ្យមានការឈឺចាប់ នោះការប្រឈមទៅនឹងជំងឺរលាកសរសៃឈាមអាទែរមានកម្រិតខ្ពស់ ដែលអាចជាការស្ទះសរសៃឈាមអាទែរនៅអវយវៈជើង • លក្ខណៈនៃការឈឺចាប់អាចបង្ហាញចេញជាការរមួលនៅនឹងកំភួនជើងបន្ទាប់ពីការដើរក្នុងចម្ងាយណាមួយ ដែលបង្ខំឲ្យអ្នកជំងឺបញ្ឈប់ការដើរជាបណ្ដោះអាសន្ន • វាអាចជាករណីកម្រដែលការឈឺចាប់នៅពេលដើរមិនជាប់ពាក់ព័ន្ធនឹងប្រព័ន្ធសរសៃឈាម។ ប៉ុន្តែអាការៈឈឺបែបនេះអាចបណ្ដាលមកពីការរំខានដល់ប្រព័ន្ធសរសៃប្រសាទនៅខួរឆ្អឹងខ្នងទៅវិញ • ប្រសិនការឈឺចាប់កើតមានឡើងពេលដើរ និងបាត់នៅពេលសម្រាក (ជាពិសេសពេលយប់) វាអាចបង្កមកពីការទិច ឬការរលាកណាមួយ។ ចំណែកការឈឺចាប់ដែលបង្កជាអាការៈរំញោចមិនធម្មតា នោះអាចសង្ស័យទៅលើជំងឺរលាកបណ្ដុំសរសៃប្រសាទជាយ (Polynévrite) ដែលអាចជាផលវិបាកបន្ទាប់ពីការប្រើប្រាស់សារធាតុអាល់កុល ជំងឺទឹកនោមផ្អែម ការប្រើប្រាស់ឱសថដូចជា ពពួក Alcaloïde, Cisplatine (Cis-platyl) ឬ L’almitrine (Vectarion)។ អ្វីគួរធ្វើ? ប្រសិនអ្នកសង្ស័យពីជំងឺរលាកសរសៃឈាមអាទែរ ឬមានចម្ងល់ផ្សេងទៀតអ្នកគួរបន្តការធ្វើរោគវិនិច្ឆ័យដោយរួមមាន៖ • ស្ទាប និងស្ដាប់សរសៃឈាមអាទែរ • អាចបន្ថែមការពិនិត្យតាមការឆ្លុះ ដែលអាចវាស់ពីលំហូររបស់ឈាម (Examen Doppler) • សាកសួរពីកត្តាដែលធ្វើឲ្យមានការស្ទះសរសៃឈាម រួមមាន សម្ពាធឈាមឡើងខ្ពស់ កម្រិតកូឡេស្តេរ៉ុលខ្ពស់ក្នុងឈាម ជំងឺទឹកនោមផ្អែមជាពិសេសការប្រើប្រាស់សារធាតុញៀន • ជាទូទៅ វិធីសាស្រ្តព្យាបាលភាគច្រើនត្រូវធ្វើការវះកាត់។ ក្នុងករណីអ្នកជំងឺមានសម្ពាធនៅខួរឆ្អឹងខ្នង ឬជាជំងឺរលាកបណ្ដុំសរសៃប្រសាទជាយ (Polynévrite) នោះការណែនាំត្រូវ៖ • ឲ្យអ្នកជំងឺជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធសរសៃប្រសាទ • ក្នុងអំឡុងការរង់ចាំជួបពិគ្រោះ អ្នកជំងឺអាចប្រើប្រាស់ វីតាមីន B1 ដែលមានឈ្មោះ Bénerva (Roche) ក្នុងកម្រិត ២គ្រាប់ក្នុងមួយថ្ងៃ។ ប្រភពយោង៖ Le Vademecum de la Médication officinale អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុម័តថ្នាំចាក់ Fragmin (Dalteparin sodium) សម្រាប់ចាក់ក្រោមស្បែក ដើម្បីបន្ថយរោគសញ្ញាដដែលៗនៃការកកស្ទះសរសៃឈាមវ៉ែនចំពោះក្មេងចាប់ពី ១ខែឡើងទៅ។ ការកកស្ទះសរសៃឈាមវ៉ែនអាចរួមបញ្ចូលទាំងសរសៃវ៉ែនជ្រៅនៅជើង និងស្ទះសរសៃឈាមនៅសួត ដែលអាចឲ្យស្លាប់បាន។ គួរបញ្ជាក់ផងដែរថា នៅឆ្នាំ១៩៩៤ FDA ក៏បានអនុម័តជាលើកដំបូងនៃ Fragmin ដែលមានលក្ខណៈប្រឆាំងកំណកឈាមសម្រាប់មនុស្សពេញវ័យ។ ប្រសិទ្ធភាពរបស់ Fragmin ចំពោះក្មេងត្រូវបានយោងតាមតេស្តមួយ ដែលធ្វើឡើងចំពោះក្មេងមានជំងឺស្ទះសរសៃឈាមវ៉ែន និងស្ទះសរសៃឈាមសួត ៣៨នាក់។ អ្នកជំងឺត្រូវបានព្យាបាលរយៈពេល ៣ខែ ជាមួយនឹងដូសខុសៗគ្នា អាស្រ័យតាមអាយុ និងទម្ងន់របស់ក្មេង។ នៅពេលការសិក្សាបានបញ្ចប់គេរកឃើញថាអ្នកជំងឺ ២១នាក់ ទទួលបានដំណោះស្រាយប្រកបដោយគុណភាពពីបញ្ហាស្ទះសរសៃឈាមសួត ៧នាក់ផ្សេងទៀតមានការថយចុះការវិវឌ្ឍ ឯអ្នកជំងឺ ២នាក់ពុំមានការប្រែប្រួល គ្មានអ្នកជំងឺណាម្នាក់មានការវិវឌ្ឍកើនឡើងឡើយ ហើយអ្នកជំងឺតែម្នាក់ប៉ុណ្ណោះដែលមានការលាប់ឡើងវិញ។ ផលរំខានជាធម្មតានៃអ្នកជំងឺដែលបានប្រើ Fragmin គឺការហូរឈាម រួមបញ្ចូលទាំងការហូរឈាមពីសរសៃឈាម ការថយចុះប្លាកែត ជាំសាច់ ឬឈឺត្រង់កន្លែងចាក់ និងការកើនឡើងនៃកម្រិតអង់ស៊ីមថ្លើម។ សម្រាប់គ្រូពេទ្យ ក៏ដូចជាអ្នកវិជ្ជាជីវៈសុខាភិបាលត្រូវបានណែនាំឲ្យប្រើប្រាស់ថ្នាំនេះដោយប្រុងប្រយ័ត្ន ដោយសារតែការកើនឡើងនូវហានិភ័យនៃការហូរឈាម និងត្រូវត្រួតពិនិត្យការថយចុះនូវប្លាកែតឲ្យបានដិតដល់ រីឯអ្នកជំងឺត្រូវរាប់គ្រាប់ឈាមនៅមន្ទីរពិសោធន៍ជាទៀងទាត់។ ប្រភពយោង៖ https://www.fda.gov/news-events/press-announcements/fda-approves-first-anticoagulant-blood-thinner-pediatric-patients-treat-potentially-life-threatening អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញពីភាពជោគជ័យនៃការព្យាបាលជំងឺស្ទះផ្លូវដង្ហើមពេលគេង (Sleep Apnea) ដែលធ្វើឡើងនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Hiroshima។ ជាមួយការប្រើប្រាស់រូបភាព 3D គេអាចវាស់បានពីប្រសិទ្ធភាពនៃឧបករណ៍ដែលមានសមត្ថភាពទៅធ្វើការបើកផ្លូវដង្ហើមតាមរយៈឲ្យអ្នកជំងឺគេងរាបស្មើ ហើយការស្រាវជ្រាវនេះទទួលបានការចូលរួមពីសំណាក់ទន្តពេទ្យ និងវេជ្ជបណ្ឌិត។ លទ្ធផលនៃការព្យាបាលថ្មីនេះរួមមានម៉ាស៊ីន Continuous positive airway pressure (CPAP) ដែលជាម៉ាសម៉្យាងបំពាក់លើអ្នកជំងឺសម្រាប់បញ្ចូលសម្ពាធខ្យល់នៅពេលយប់ និងឧបករណ៍បំពាក់ក្នុងមាត់ (Oral appliance)។ ប្រភេទឧបករណ៍បំពាក់ក្នុងមាត់ (Oral appliance) ត្រូវបានបង្កើតឡើងពីផ្នែកសោភ័ណភាពមាត់ធ្មេញនៃមន្ទីរពេទ្យសាកលវិទ្យាល័យ Hiroshima ដែលអាចជួយសម្រួលដល់អ្នកជំងឺស្ទះផ្លូវដង្ហើមពេលគេងកម្រិតស្រាល និងមធ្យម។ ឧបករណ៍នេះមានប្រសិទ្ធភាពក្នុងការរុញឆ្អឹងអញ្ចាញទៅខាងមុខ ដើម្បីបង្កើនទំហំផ្លូវដង្ហើមសម្រាប់សម្រួលដល់ដំណើរការខ្យល់ចេញចូលនៅខាងក្រោយនៃមាត់ ហើយមិនមានការប៉ះពាល់ទៅដល់ធ្មេញ និងប្រែប្រួលលើទម្រង់មុខនោះទេ។ តាមរយៈវេជ្ជបណ្ឌិត Ueda បានបង្ហាញថាឧបករណ៍នេះគឺអាចប្រៀបបានទៅនឹងវ៉ែនតាដែលអ្នកពាក់ដើម្បីមើលឲ្យបានច្បាស់ ដោយជាក់ស្ដែងអ្នកក៏ត្រូវពាក់ឧបករណ៍នេះជាប្រចាំផងដែរ ប្រសិនអ្នកចង់គេងឲ្យបានស្កប់ស្កល់ហើយការសិក្សានេះទៀតសោតបានបង្ហាញពីប្រសិទ្ធភាពនៃការព្យាបាល ដោយយើងសង្ឃឹមថានឹងមានការសហការជាបន្តទៀតរវាងទន្តពេទ្យ និងវេជ្ជបណ្ឌិតសម្រាប់វិធីសាស្រ្តព្យាបាលដទៃទៀត។          គួរបញ្ជាក់ផងដែរ ជំងឺស្ទះផ្លូវដង្ហើម ជាលក្ខខណ្ឌបណ្តាលមកពីសាច់ដុំបំពង់កសម្រាកដែលធ្វើឲ្យរួមតូចនៃផ្លូវដង្ហើមអំឡុងពេលគេង ដែលស្ដែងមានសញ្ញាដូចជា ស្រមុក ឈ្លក់ ឬដង្ហក់ជាដើម។ អ្នកជំងឺស្ទះផ្លូវដង្ហើមពេលគេងកម្រិតស្រាលទៅមធ្យមតែងមានអាការៈល្ហិតល្ហៃជាប្រចាំ និងបាត់បង់ការប្រមូលផ្តុំអារម្មណ៍ ចំណែកករណីធ្ងន់ធ្ងរអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ។ ឯកសារយោង៖ https://www.eurekalert.org/pub_releases/2019-04/hu-toa041619.php https://www.sciencedaily.com/releases/2019/04/190416093729.htm អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

រោគសញ្ញានៃការញ័រដៃ អាចកើតមានឡើងស្របពេលដែលវ័យកាន់តែចាស់មិនមានមូលហេតុច្បាស់លាស់ ហើយអាចជាជំងឺមិនធ្ងន់ធ្ងរ។ យ៉ាងណាមិញ ក៏មានការបង្ហាញពីវត្តមាននៃជំងឺខ្សោយការចងចាំ ឬParkinson និងលក្ខខណ្ឌជំងឺកម្រដទៃទៀតនៅពីក្រោយអាការៈញ័រដៃនោះផងដែរ។ អ្វីគួរដឹង? - ក្នុងករណីភាគច្រើន ការញ័រដៃ អាចបង្កឡើងពីមូលហេតុមិនជាក់លាក់ និងហាក់លេចចេញឡើងនៅពេលអាយុកាន់តែច្រើនដែលអាចសម្គាល់បានក្នុងលក្ខខណ្ឌ៖ • ប្រវត្តិគ្រួសារ៖ ហ្សែនអាចចូលរួមចំណែកក្នុងកម្រិត ៥០% នៃរោគសញ្ញាញ័រដៃ ប្រសិនអ្នកមានសមាជិកគ្រួសារដែលធ្លាប់មានបញ្ហានេះពីមុនមក • កត្តាអាកប្បកិរិយា៖ នៅពេលរាងកាយកំពុងជំនះជាមួយភាពតឹងតែងអ្វីម៉្យាង ការញ័រដៃនឹងអាចលេចមានឡើង ដោយអាចសង្កេតតាមរយៈឲ្យអ្នកជំងឺកាន់កែវទឹក។ ក្នុងករណីនេះ អាការៈផ្សេងទៀតក៏អាចភ្ជាប់មកជាមួយផងដែរ ដោយចាប់ផ្តើមពីផ្នែកក្បាល ការប្រែប្រួលចលនា ឬសំឡេងញ័រជាដើម • អាការៈញ័រ អាចបាត់ទៅវិញរយៈពេល ២ ទៅ៣ម៉ោង បន្ទាប់ពីបានទទួលទានសារជាតិអាល់កុល។ - ក្នុងករណីរោគសញ្ញាទាក់ទងនឹងជំងឺខ្សោយការចងចាំ (Parkinson) អាការៈញ័រ អាចកើតឡើងមិនជាប់លាប់ ដោយចាប់ផ្តើមដំបូងចំពោះដៃម្ខាងនិងប្រែប្រួលដោយភ្ជាប់ជាមួយរោគសញ្ញាស្ពឹក និងកាយវិការយឺតដែលអាចជាសញ្ញាសម្រាប់ការធ្វើរោគវិនិច្ឆ័យដំណាក់កាលដំបូង។ - ករណីអាការៈញ័រដៃ ដែលមានភាពមិនប្រក្រតីបណ្តាលមកពីការប៉ះពាល់លើផ្នែកណាមួយនៃខួរក្បាល (ខួរតូច) អាចស្ដែងចេញ៖ • ការញ័រដៃ បង្កមកពីភាពមិនប្រក្រតីនៃមុខងារបញ្ជាចលនារបស់ខួរក្បាលដែលអាចសង្កេតឃើញដៃរបស់អ្នកជំងឺមានភាពញ័រនៅពេលកាន់កែវញ៉ាំទឹក • ភាគច្រើន ភាពប្រែប្រួលនេះអាចកើតមានឡើងក្រោយពីមានការប៉ះទង្គិចលលាដ៍ក្បាល និងមានដុំសាច់ក្នុងខួរក្បាលជាដើម។ អ្វីគួរធ្វើ? ការដោះស្រាយអាការៈញ័រដៃ អាចមានភាពប្រែប្រួលទៅតាមមូលហេតុនៃស្ថានភាពជំងឺតួយ៉ាង៖ - ចំពោះមូលហេតុមិនជាក់លាក់នៃអាការៈញ័រដៃអាចសម្រួលបានតាមការប្រើប្រាស់ឱសថពពួកបញ្ចុះសម្ពាធឈាម Bêtabloquants មានឈ្មោះដូចជា Propranolol (Avlocardyl) ឬ Nadolol (Cargard)។ យ៉ាងណាមិញ ការជ្រើសរើសឱសថណាមួយទាមទារការអនុញ្ញាតពីវេជ្ជបណ្ឌិតជំនាញ - ចំពោះអ្នកជំងឺខ្សោយការចងចាំ (Parkinson) ត្រូវព្យាបាលជាមួយឱសថ Levodopa និងភ្ជាប់ជាមួយក្រុមឱសថ Inhibiteur de la decarboxylase périphérique (Modapar, Sinemet)។ ត្រូវចាំថា រាល់ការធ្វើរោគវិនិច្ឆ័យនៃវិបត្តិខ្សោយការចងចាំត្រូវធ្វើឡើងជាមួយវេជ្ជបណ្ឌិត ឬវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធសរសៃប្រសាទ - អាការៈញ័រដៃ បណ្តាលមកពីការខូចខាតសរីរាង្គខួរក្បាល ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធសរសៃប្រសាទជាបន្ទាន់ - ចំពោះករណីខ្លះទៀត អាការៈញ័រក៏អាចបណ្តាលមកពីផលរំខាននៃឱសថព្យាបាលជំងឺក្រពេញទីរ៉ូអីុតដូចជា Dépakine, lithium, cyclosporine ជាដើម។ ដោយឡែក សម្រាប់រោគសញ្ញាដែលជាលទ្ធផលបានមកពីការទទួលទានសារជាតិអាល់កុលអាចនឹងមិនចាំបាច់ទទួលការពិគ្រោះនោះទេ - អាការៈញ័រដៃចំពោះកុមារ ឬក្មេងជំទង់ គួរចាប់អារម្មណ៍ទៅលើហានិភ័យនៃជំងឺបង្កឡើងពីហ្សែន (Maladie de Wilson) ដែលទាមទារការពិគ្រោះជំងឺជាចាំបាច់។ ប្រភពយោង៖ Le Vademecum de la Médication officinale អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

និស្សិតពេទ្យ ជានិសិ្សតដែលចំណាយពេលសិក្សាយូរជាងគេ ក្នុងចំណោមនិសិ្សតផ្សេងៗទាំងឡាយ ប៉ុន្តែក៏មានអ្នកចោទសួរផងដែរថា តើពេលរៀនចប់ មានកន្លែងណាខ្លះដែលអាចទៅបាន ឬតើគួរទៅណា។ ដូច្នេះ យើងនឹងបង្ហាញអ្នកគ្រប់គ្នាថា តើរៀនពេទ្យចប់ មានអ្វីធ្វើទៀត។ ១. ប្រលងចូលក្របខណ្ឌរដ្ឋ ជារៀងរាល់ឆ្នាំ ក្រសួងសុខាភិបាលតែងតែរៀបចំការប្រលងចូល ដើម្បីក្លាយជាគ្រូពេទ្យក្របខណ្ឌ ហើយការប្រលងនេះគឺមានមួយឆ្នាំម្ដងតែប៉ុណ្ណោះ។ សម្រាប់អ្នកដែលមានបំណងចង់ក្លាយជាបុគ្គលិកផ្នែកសុខាភិបាលសាធារណៈ អ្នកគួរត្រៀមឲ្យរួចរាល់ មុននឹងការប្រលងមកដល់ដូចជា ស្វែងរកវិញ្ញាសាចាស់ៗដែលធ្លាប់ចេញប្រលងពីមុន រំឭកមេរៀនពីដើមឆ្នាំសិក្សាមកវិញជាដើម និងតាមដានរាល់ព័ត៌មានទាក់ទងនឹងការប្រលងជាដើម។ សម្រាប់ការប្រលងនេះ គឺទាមទារឲ្យបេក្ខជនមានការតាំងចិត្តខ្ពស់ និងបានត្រៀមខ្លួនមុខរយៈពេលយូរឲ្យបានរួចជាស្រេច ទើបមានឱកាសជាប់ច្រើន។ ២. បើកគ្លីនិកផ្ទាល់ខ្លួន ក្នុងអំឡុងពេលសិក្សា និសិ្សតពេទ្យគ្រប់រូបច្បាស់ជាធ្លាប់ចុះកម្មសិក្សាផ្ទាល់ (ចុះស្ដារ) ជាមួយគ្រូពេទ្យនៅកន្លែងផ្សេងៗ ដែលមានបទពិសោធន៍យូរឆ្នាំផងដែរ។ ជាមួយគ្នានេះ កាលពីថ្ងៃទី១៣ ខែមករា ក្រុមការងារហេលស៍ថាម បានរៀបចំវគ្គសិក្សាខ្លីស្ដីអំពី «មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការគ្លីនិក/មន្ទីរពេទ្យ» ដែលនិយាយអំពីកត្តាជំរុញ ការពង្រឹងគុណភាព ក៏ដូចជាស្តង់ដាររបស់ស្ថាប័នផ្តល់សេវាសុខាភិបាលមួយ និងជួយឲ្យអ្នកដែលមានគម្រោងចង់បើកមន្ទីរពេទ្យ/គ្លីនិក ស្វែងយល់បន្ថែមពីធាតុផ្សំសំខាន់ៗ ក្នុងការរៀបចំដំណើរការមន្ទីរពេទ្យ/គ្លីនិក ឲ្យបានជោគជ័យ ព្រមទាំងសិក្សាលើគំរូគម្រោងដំណើរការមន្ទីរពេទ្យ/គ្លីនិក ជាពិសេស ក៏មានការចែករំលែកបទពិសោធន៍ផ្ទាល់ ពីសំណាក់វាគ្មិនកិត្តិយស ដែលមានភាពជោគជ័យលើវិស័យនេះផងដែរ។ ដូចនេះ នៅពេលបញ្ចប់ការសិក្សា ប្រសិនបើអ្នកមានដើមទុនគ្រប់គ្រាន់ អ្នកអាចពិចារណាបើកគ្លីនិកផ្ទាល់ខ្លួនបាន ហើយអ្នកអាចស្វែងរក និងចូលរួមកម្មវិធីសិក្សាបែបនេះនៅថ្ងៃខាងមុខ ដើម្បីស្ដាប់ និងទទួលបទពិសោធន៍ពីវាគ្មិនគ្រប់រូបផងដែរ។ ៣. បន្ដការសិក្សា ប្រាកដជាមាននិសិ្សតមួយចំនួនចង់បន្តការសិក្សាឲ្យបានកាន់តែជ្រៅជ្រះថែមទៀត លើផ្នែកសុខាភិបាលនេះ មុននឹងមកចាប់អាជីពជាគ្រូពេទ្យជំនាញផ្នែកណាមួយ។ និសិ្សតអាចបន្តការសិក្សាលើជំនាញបន្ថែមក្នុងស្រុក ឬបន្ដការសិក្សានៅក្រៅប្រទេសលើជំនាញណាមួយ ឬរៀនបន្ថែមទៀត។ សម្រាប់អ្នកចង់បន្តការសិក្សានៅក្រៅប្រទេស យើងសូមណែនាំសាលាដែលល្បីខាងជំនាញសុខាភិបាលទាំង១០លើពិភពលោក ក្នុងនោះរួមមាន៖  • UCL (University College London) • Massachusetts Institute of Technology (MIT) • Yale University • University of California, Los Angeles (UCLA) • Karolinska Institute • Johns Hopkins University • Stanford University • University of Cambridge • University of Oxford • Harvard University។ ៤. បម្រើការងារនៅតាមមន្ទីរពេទ្យឯកជន ក្រោយបញ្ចប់ការសិក្សា និសិ្សតក៏អាចស្វែងរកការងារតាមគ្រឹះស្ថានឯកជនជាច្រើនផងដែរ ដើម្បីទុកជាបទពិសោធន៍ការងារ សម្រាប់ថ្ងៃមុខទៀត។ និសិ្សតនឹងរៀនសូត្របន្ថែមរាល់ចំណេះដឹងទាំងឡាយដែលមិនបានបង្រៀនក្នុងសាលា ដូចជាការដោះស្រាយជាមួយអ្នកជំងឺ ការប្រឈមមុខនឹងបញ្ហាភ្លាមៗ ការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងការតាមទាន់ប្រភេទជំងឺថ្មីៗជាដើម។ ៥. ចូលរួមការងារស័្មគ្រចិត្ត ចំពោះនិសិ្សតដែលមានគោលបំណងរួមចំណែកក្នុងការជួយសង្គម អាចចុះឈ្មោះជាគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីចែករំលែកដល់អ្នកដែលមិនមានលទ្ធភាពគ្រប់គ្រាន់។ អ្នកអាចជាអ្នកចុះជួយព្យាបាល ចុះបង្រៀនប្រជាពលរដ្ឋអំពីចំណេះដឹងទូទៅផ្នែកសុខភាពជាដើម។ ចំពោះការងារស្ម័គ្រចិត្ត ថ្វីត្បិតថាមិនបានប្រាក់កម្រៃ ឬបានតិច ប៉ុន្តែវាជួយក្នុងការលើកកេរ្ត៍ឈ្មោះ និងចូលរួមចំណែកជួយសង្គម ហើយវាផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត មិនគួរឲ្យជឿ និងស្មានមិនដល់។ យើងសង្ឃឹមថា អត្ថបទមួយនេះនឹងជួយនិសិ្សតពេទ្យគ្រប់រូបអាចរកឃើញគោលដៅរបស់ខ្លួនឲ្យកាន់តែជាក់លាក់ និងច្បាស់លាស់ថែមទៀត។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ កាន់តែខិតមកដល់ហើយ តើអ្នកទាំងអស់គ្នាបានរៀបគម្រោងទៅដើរកំសាន្តជាមួយគ្រួសារ មិត្តភក្តិ​ ឬមនុស្សជាទីស្រឡាញ់ហើយឬនៅ? ជាធម្មតា ទាំងយើងទាំងគេ​ តែងជួយម៉ាក់ប៉ារៀបចំចម្អិនម្ហូបនៅផ្ទះទុក ព្រោះតម្លៃម្ហូបអាហារអំឡុងពេលបុណ្យទានតែងតែឡើងថ្លៃខ្ពស់ តាមមាត់អ្នកលក់មួយចំនួន បើទោះបីជាមានការហាមឃាត់ក៏ដោយ។យ៉ាងណាមិញអ្នកដែលមានលទ្ធភាពក៏ទៅញំុាក្រៅ​តាមហាង ឬរមណីយដ្ឋាននានា។ ចំណែកខ្ញំវិញទៅញាំក្រៅដែរព្រោះថាខ្ជិលលាងចាន និងលើកមុនញំុាហើយ អត់បានលាងទុកត្រាំចោលឡើងកន្លះខែ [សង្ឃឹមថាអ្នកទាំងអស់គ្នាមិនខ្ចិលដូចខ្ញំុទេណា៎!]។   ចុះអ្នកដែលមិនមានគម្រោងដើរលេងវិញ យ៉ាងមិចហើយ? មានតែជម្រើសគេងផ្ទះស្អាតមែនអត់?បុណ្យខាងមុខនេះបូកបន្ថែមថ្ងៃសៅរិ៍និងអាទិត្យ ឈប់សរុបគឺប្រាំថ្ងៃឯណោះ ប៉ុន្តែអាណិតណាស់ចំពោះនិស្សិតដែលត្រូវនៅផ្ទះធ្វើបញ្ចប់កិច្ចការគ្រូដាក់អោយ និងជាពិសេសនិស្សិតពេទ្យដែលគេចាត់តាំងអោយទៅយាមនៅពេទ្យ នៅពេលអ្នកផ្សេងគេទៅដើរលេងសប្បាយអស់។   កុំតូចចិត្តអី និស្សិតពេទ្យដែលចូលចិត្តមើលរឿងភាគអាចមើល The Good Doctor, Gray's Anatomy, Chicago Med ជាដើម ដើម្បីកំដរអារម្មណ៍ពេលកំពុងយាមនៅពេទ្យបាន ហើយជាមួយគ្នានេះក៏អាចរៀននិងយល់ពីស្ថានភាពជាក់ស្តែង ថែមទាំងស្គាល់ពីជំងឺដែលកើតឡើងថ្មីៗក្នុងមន្ទីរពេទ្យតាមរយៈសាច់រឿងដែលជាប្រភេទរឿងបែបវិនាដកម្មលាយឡំជាមួយចំណេះដឹងផ្នែកវិទ្យាសាស្ត្រ-វេជ្ជសាស្ត្រផងដែរ ដែលអាចជាប្រយោជន៍ សម្រាប់ធ្វើ clinical case study និង assignment គ្រូដាក់អោយធ្វើជាដើម។   និស្សិតដែលគ្មាន assignment ត្រូវធ្វើហើយអផ្សុកចង់ធ្វើដំណើរជិតតែមិនចង់ប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនអាចជិះកង់បីឥណ្ឌាបានដែលមានការបញ្ចុះតម្លៃរហូតដល់ 50% ពិសេសសម្រាប់ថ្ងៃបុណ្យអុំទូកទាំងបីថ្ងៃតែម្តង។ បើចង់មើលកុននៅផ្សារទំនើបក៏មានការផ្តល់ជូនពិសេសក្នុងពេលបុណ្យជាតិយើងនេះដែរ។ នៅក្នុងក្រុងស្ងាត់អញ្ចឹង និស្សិតដែលមានassignment ត្រូវបញ្ចប់ប្រាកដជាសប្បាយចិត្តហើយព្រោះគ្មានអ្នករំខាន។   យ៉ាងណាមិញ តើមានដឹងទេថាគេនឹងចែកស្រោមអនាម័យមិនគិតថ្លៃក្នុងថ្ងៃបុណ្យអុំទូក? ពីមុនខ្ញុំឆ្ងល់ថាហេតុអ្វីគែចែកចំថ្ងៃបុណ្យនេះ ឥឡូវដឹងហើយគឺអាកាសធាតុប៉ុន្មានថ្ងៃនេះរាងត្រជាក់គេចែកទុកការពារភ្លៀងពេលព្រឹក រសៀលនិងយប់។ គោលបំណងគឺអោយយើងមានការប្រុងប្រយ័ត្ន ដូចឃ្លាមួយថា «ការពារប្រសើរជាងព្យាបាល»។   ជាចុងក្រោយសូមជូនពរអ្នកទាំងអស់គ្នាធ្វើដំណើរអោយមានសុវត្ថិភាព និងកុំភ្លេចពាក់មួកការពារចំពោះអ្នកជិះម៉ូតូ ហើយសូមដើរលេងអោយសប្បាយនាថ្ងៃបុណ្យជាតិខាងមុខនេះ។

ចែករំលែក

ថ្ងៃមុន មាននិស្សិតពេទ្យមួយរូបបានចេញផ្សាយនូវ«បទចម្រៀងអង្រួនបេះដូងនិស្សិតពេទ្យ (Vol I)» (បើមិនទាន់អានទេ អាចចុចអាន ត្រង់នេះ បាន) !!! ក្រុមការងារ ក៏បានប្រមូលនូវមតិយោបល់ និងពាក្យណែនាំខ្លះៗរបស់ប្រិយមិត្តអ្នកអាន ជាពិសេសនិស្សិតពេទ្យដទៃទៀត ហើយចងក្រងជាវ៉ុលថ្មីនេះ... ចង់ដឹងថា វ៉ុលនេះ មានអ្វីប្លែកខ្លះ? ហើយអង្រួនបេះដូងដល់កម្រិតណានោះ? តោះ! អានខាងក្រោមជាមួយគ្នា… 1.ដាក់ Braceបេះដូង 2.មាន You, Meលែងត្រូវការ Ibuprofen 3.ជួសឈាម ជំពាក់ស្នេហ៍ 4.មានវ៉ាក់សាំងណាចាក់ឲ្យឈប់នឹកគេ? 5.សារភាពស្នេហ៍តាមវេជ្ជបញ្ជាបេះដូង 6.ត្រូវការអ្នកវាស់ចង្វាក់បេះដូង 7.ស្នេហាអូន/បង មិន resistance 8.ស្រលាញ់មនុស្សម្នាក់ មិនគិតពីក្រុមឈាម 9.ច្រណែនអ្នកថែបេះដូងYou មិនមែន Me 10.ពេលស្តារ មានគេនៅក្បែរ សែនកក់ក្តៅ 11.អូន/បង ជាVidalរបស់បង/អូន 12.ជួបស្នេហ៍ពេលរៀន Botanique 13.បានមើលត្រឹម Anatomy បង 14.ឃើញអូន/បង បង/អូនចង់លេប Para(cetamol) 15.You are my Ibu បើមានអ្វីចង់ចែករំលែកបន្ថែម អាចcommentខាងក្រោមនេះបាន បើបានច្រើន ក្រុមការងារនឹងចងក្រងជាវ៉ុលបន្ទាប់ផងដែរ…ហើយបើមានអ្នកចាប់អារម្មណ៍ចង់សរសេរជាបទចម្រៀងមែនទែននោះ កុំភ្លេចប្រាប់ដល់ក្រុមការងារឲ្យបានដឹងផង… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

លក្ខណៈថា…គ្រាន់តែឃើញចំណងជើង ក៏ចង់ស្តាប់តែម្តង  នេះគ្រាន់តែជាvol 01ប៉ុណ្ណោះ…( Vol 02 ក៏នឹងមានចេញក្នុងពេលឆាប់ៗនេះហើយដែរ…) តោះ! ទៅអានលេងជាមួយគ្នា… 1. រៀនពេទ្យខ្វះស្នេហា ប្រៀបដូចដាក់ថ្នាំខ្វះដូស (dose) 2. សុំត្រឹមជាវ៉ាក់សាំងអូន/បង 3. បានទេ សុំធ្វើsupplementអូន/បង? 4. ហេតុអ្វីនឹកគេតែពេលខ្លួនឯងឈឺ? (ហៅគេថាខ្លួនឯង ហៅខ្លួនឯងថាគេ) 5. បង/អូនដាក់គ្រប់doseហើយ ម្តេចឡើយមកវិញ? 6. ស្នេហាអូន/បង គ្មានside-effect 7. សុំPassword សុំអេកូបេះដូង 8. សុំសិទ្ធិធ្វើអង់ទីក័រ 9. គ្មានអូន/បង ដូចគ្មានអុកស៊ីសែន 10. ស្តេតូខាងនេះ នឹកបេះដូងខាងនោះ 11. I think I need Vitamin U 12. ស្នេហាខុស Recepteur 13. អូន/បងជា stimulant របស់បង/អូន 14. បេះដូងអ្នកសល់ថតទំនេរទេ? 15. បេះដូងmurmurs ដោយសារអ្នក មិនមែនលំៗទេណា៎!!! បើមានអ្នកសហការ គិតរកថតបទចម្រៀងខ្លះៗជាមួយគ្នាហី? និយាយពីថា…ខំប្រមែប្រមូលគំនិតមិត្តភក្តិឡើងពេញហ្នឹង ទម្រាំតែបានប៉ុណ្ណឹងណា៎…ហើយបើមានអ្វីប្លែកជាងនេះទៀត ជួយcommentខាងក្រោមផង នឹងអាលបានធ្វើការជម្រុះ ដើម្បីចេញផ្សាយក្នុងvol 02 តែម្តង…

ចែករំលែក

មានរឿងខ្លះ យើងបានរស់នៅឡើងស៊ាំនឹងទម្លាប់ទាំងនោះទៅហើយ តែក៏មានពេលខ្លះទៀត ដែលត្រូវតែទទួលយកការពិតនៃការផ្លាស់ប្តូរថ្មីក្រោយពេលសម្រេចចិត្តជ្រើសរើសអ្វីមួយសម្រាប់ដំណើរជីវិតរបស់ខ្លួន។ ក្នុងនោះផងដែរ ក្រោយពេលក្លាយខ្លួនជានិស្សិតពេទ្យមួយរូបហើយ នឹងមានទម្លាប់មួយចំនួន អ្នកនឹងត្រូវផ្លាស់ប្តូរ និងទទួលយកវា បើទោះជាការពិត មិនសូវចង់ឲ្យកើតឡើងក៏ដោយ…      អ្នកខ្លះដែលកំពុងអាន ក៏ប្រហែលជាយល់អារម្មណ៍ទាំងនេះច្បាស់ហើយ ស្របពេលដែលអ្នកខ្លះ ហាក់ដូចជានៅមិនទាន់ច្បាស់ថា«មែនក៏អី?» តែកុំបារម្ភ…អ្វីក៏ដោយ តែងតែមានផលវិជ្ជមាន និងអវិជ្ជមានរបស់វាដែរ ហេតុនេះហើយ…រីករាយប្រឈមនឹងអ្វីដលត្រូវប្រឈម ហើយកុំភ្លេចសម្របខ្លួនដោយភាពវៃឆ្លាត គួរបញ្ជាក់ផងដែថា ខាងក្រោមនេះ គ្រាន់ជាអ្វីដែលបានសម្រិតសម្រាំងពីអត្ថបទមួយ ក្រោមការប្រឹក្សាពីនិស្សិតវេជ្ជសាស្ត្រមួយរូបប៉ុណ្ណោះ…វាអាចនឹងពិតសម្រាប់អ្នកខ្លះ ហើយក៏មិនពិតសម្រាប់អ្នកខ្លះទៀត… ការរៀនត្រៀមប្រឡង មុនចូលរៀនពេទ្យ ៖ ចំណាយពេលប៉ុន្មានថ្ងៃ មុនពេលប្រឡង ហើយមានពេលណាត់ជួបគ្នាដើម្បីរំលឹកមេរៀននៅកន្លែងផ្សេងៗ ដែលពេលខ្លះក៏ក្លាយជាពេលនិយាយគ្នាច្រើនជាងរំលឹកមេរៀន តែក៏នៅតែមិនអី ក្រោយចូលរៀនពេទ្យ ៖ មិនថាថ្ងៃណានោះទេ គឺត្រូវតែត្រៀមជានិច្ច ហើយក៏មានមេរៀនមិនតិចនោះដែរដែលត្រូវមើល និងរំលឹក។ ការឆ្លៀតគេងបាន១០ទៅ២០នាទីក៏ជាការប្រសើរបំផុតហើយ ព្រោះថាសំណួរមិនតិចជាង១ពាន់ឡើយ បើអ្នកខ្លះមើលរហ័ស ក៏អាចមើលចប់១ ឬ២ដង ស្របពេលដែលអ្នកខ្លះនៅពាក់កណ្តាលផ្លូវនៅឡើយ។ ការគេង មុនចូលរៀនពេទ្យ ៖ ចូលគេងយប់ជ្រៅដល់ម៉ោង១ភ្លឺ ហើយទៅរៀនពេលព្រឹក ដោយគេងមិនបាន៨ម៉ោងគ្រប់គ្រាន់ ក៏មិនជាបញ្ហា ព្រោះតែងតែមានពេលសម្រាកដែលអាចគេងសម្រន់បាន ក្រោយចូលរៀនពេទ្យ ៖ បើគេងបាន៥ម៉ោង ចាត់់ទុកថាសំណាងណាស់ទៅហើយ បើប៉ះចំវេនយាមយប់ ហើយស្អែកឡើងត្រូវទៅរៀនទៀតនោះ កន្លែងណាក៏គេងបានដែរ មិនថាមុខវិជ្ជាណានោះទេ ជប់លៀង មុនចូលរៀនពេទ្យ ៖ មានពេលយ៉ាងហោចណាស់ក៏១ ទៅ ២ម៉ោងសម្រាប់រៀបចំខ្លួនដែរ ហើយក៏មានពេលគ្រប់គ្រាន់សម្រាប់ការជួបជុំគ្នា ជជែកពីនេះពីនោះដែរ ក្រោយចូលរៀនពេទ្យ ៖ មានឱកាសបានបង្ហាញខ្លួន ជាឱកាសមួយកម្រហើយ កុំថាឡើយពេលគ្រប់គ្រាន់សម្រាប់ត្រៀម និងរៀបចំខ្លួននោះ ហើយបើបានជុំគ្នាម្តងៗវិញ សប្បាយម៉ាអស់ដៃតែម្តង អាហារ មុនចូលរៀនពេទ្យ ៖ បើមានពេល ក៏អាចសាកល្បងធ្វើនូវមុខម្ហូបប្លែកៗ ឬអ្វីដែលខ្លួនចូលចិត្ត ឬក៏ពេលខ្លះមិនសូវមានពេលច្រើន ក៏នៅតែអាចកុម្ម៉ង់អាហារមកញ៉ាំ ហើយមានពេលរីករាយនឹងញ៉ាំវាបាន ក្រោយចូលរៀនពេទ្យ ៖ កាហ្វេប្រហែល២ទៅ៣កែវក្នុងមួយថ្ងៃ នំ និងអាហារផ្សេងទៀត ជាពិសេសម្ជូរ។ បើពេលវេនយប់វិញ ឲ្យតែបានអាហារក្តៅៗម្តងៗ (ស៊ីវម៉ៃ មីស៊ុប…) គឺថាមានអារម្មណ៍ដូចជាបានកាដូពិសេសពីព្រះអញ្ចឹង បណ្ណាល័យ មុនចូលរៀនពេទ្យ ៖ ជាកន្លែងដ៏កក់ក្តៅមួយដែលអាចចំណាយពេលជាមួយនឹងមិត្តរួមថ្នាក់មើលមេរៀន ឬសម្រាកដោយអង្គុយលេង ថតរូប និងប្រើប្រាស់អ៊ីនធឺណែត ក្រោយចូលរៀនពេទ្យ ៖ សម្រាប់និស្សិតពេលខ្លះ បណ្ណាល័យជាកន្លែងដែលអាចឲ្យគេចពីម៉ោងរៀនខ្លះដែលគេគិតថាធុញទ្រាន់ ឬហត់នឿយខ្លាំង។ សឹងតែអាចហៅបានថា«កន្លែងបន្ធូរអារម្មណ៍» ដោយការអានសៀវភៅ ការលេងហ្គេម និងជាពិសេស គឺគេងដោយមានក្តីសុខតែម្តង… ការងូតទឹក មុនចូលរៀនពេទ្យ ៖ យ៉ាងហោចណាស់ក៏មាន៥ទៅ១០នាទី ងូតទឹកដោយស្រណុកខ្លួន នឹកគិតអំពីអ្វីដែលបានកើតឡើងក្នុងថ្ងៃនេះ និងត្រៀមគម្រោងខ្លះៗសម្រាប់ថ្ងៃស្អែកដែរ ក្រោយចូលរៀនពេទ្យ ៖ ប្រើប្រាស់បន្ទប់ទឹកនៅពេទ្យ ម៉េចនឹងអាចមានអារម្មណ៍ស្និទ្ធស្នាលដូចនៅផ្ទះផ្ទាល់ខ្លួនទៅ តែក៏សំណាងណាស់ដែរ ដែលមានបន្ទប់សមរម្យសម្រាប់ពេទ្យ និងបុគ្គលិកផ្សេងទៀត ប្រជាប្រិយភាព មុនចូលរៀនពេទ្យ ៖ អ្នកដែលមានមុខមាត់ស្អាត រូបរាងសង្ហា មានការតុបតែងខ្លួនដែលលេចធ្លោជាងគេ ច្រើនទទួលបានការចាប់អារម្មណ៍ច្រើនជាងគេ ក្រោយចូលរៀនពេទ្យ ៖ សិស្សច្បងដែលរៀនពូកែ និងមានសមត្ថភាពខ្ពស់ ជាពិសេសបានពិន្ទុខ្ពស់ជាងគេ ហើយធ្វើការងារដោយវិជ្ជាជីវៈ តែងតែក្លាយជានិមិត្តរូបរបស់សិស្សប្អូនជាច្រើន ពិត ឬមិនពិតដែរ? សូមមតិយោបល់ម្នាក់បន្តិចមកណា៎… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ខាងក្រោមនេះ ជាក្បួនតម្រាក្រៅផ្លូវការ ដែលត្រូវបានចងក្រងដោយលោកគ្រូពេទ្យម្នាក់នេះ ជាមួយនឹងមិត្តរួមវិជ្ជាជីវៈមួយរូប... បើមានអ្វីខុសឆ្គង សូមធ្វើការណែនាំផង... រួមគ្នា បំពេញកាតព្វកិច្ចក្នុងវិជ្ជាជីវៈសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសអ្នកជំងឺប្រកបដោយប្រសិទ្ធភាព!!! ក- កុំឲ្យតម្លៃលើអ្វីផ្សេងច្រើនជាងភាពប្រសើរនៃសុខភាពអ្នកជំងឺ ខ- ខុសអ្វី ខុសបានតែហាមខុសក្បួនព្យាបាល គ- គោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ     ឃ- ឃ្មាតខ្មីសិក្សាបន្ថែមទាំងចំណេះដឹង និងចំណេះធ្វើ ង- ងូតទឹក រក្សាអនាម័យខ្លួនឲ្យបានស្អាតបាតជានិច្ច ច- ចង់ចេះ ចង់ដឹង ចង់ជួយ ចង់ឃើញស្នាមញញឹមអ្នកជំងឺ ឆ- ឆ្លើយតបនឹងសំណួររបស់អ្នកជំងឺឲ្យបានសមរម្យ ជ- ជួួយសង្គ្រោះ និងព្យាបាលអ្នកជំងឺដោយគុណធម៌ ឈ- ឈឺជាម្តេចក្តី ពេទ្យទាំងប្រុសស្រី ត្រូវតែរឹងមាំ ញ- ញញឹមរក្សាជំហរ ទោះបីជានឿយហត់យ៉ាងណា ដ- ដរាបណាជំងឺនៅមានសង្ឃឹម ត្រូវព្យាយាមដល់ទីបំផុត ឋ- ឋានៈត្រឹមជាមនុស្សធម្មតាដែលដណ្តើមអ្នកជំងឺចេញពីយមរាជ ឌ- (អត់មានទេ...) ឍ- (អត់មានទេ…) ណ- ណែនាំអ្នកជំងឺពីក្បួនថែទាំសុខភាព ត- តែងតែពន្យល់ពីសភាពជំងឺ និងការព្យាបាលទៅកាន់អ្នកជំងឺ និងក្រុមគ្រួសារ ថ- ថែទាំអ្នកជំងឺដោយយកចិត្តទុកដាក់ ទ- ទោះជាមានរឿងអ្វីកើតឡើង ត្រូវឈរលើឆន្ទៈជាគ្រូពេទ្យជានិច្ច ធ- ធ្វើជាគំរូល្អដល់អ្នកជំនាន់ក្រោយ ន- នាំមកនូវក្តីសង្ឃឹម ស្នាមញញឹម សុខភាពរឹងមាំ និង សុខុមាលភាពជូនដល់អ្នកជំងឺ ប- បង្កើតទំនុកចិត្តរវាងអ្នកជំងឺ និងគ្រូពេទ្យ ផ- ផ្តល់ឱកាសដល់អ្នកជំងឺក្នុងការសួរសំណួរ ព- ព្យាបាលអ្នកជំងឺដោយគ្មានការរើសអើង ភ- ភ្លេចអ្វី ភ្លេចបាន តែហាមភ្លេចស្តេតូ ម- មិនទុកអ្នកជំងឺឲ្យនៅឈឺចាប់     យ- យកចិត្ត(អារម្មណ៍)អ្នកជំងឺដាក់ក្នុងចិត្ត(អារម្មណ៍)ខ្លួនឯង     រ- រក្សាស្មារតីឲ្យបានរឹងមាំគ្រប់កាលៈទេសៈ ល- លំៗយកតែលុយមិនមែនជាគ្រូពេទ្យល្អទេ វ- វិនិច្ឆ័យជំងឺឲ្យបានល្អិតល្អន់ ស- សរសេរអក្សរមិនស្អាតក៏មិនអីដែរ តែឲ្យតែមើលយល់ ហ- ហ្វឹកហាត់ពង្រឹងជំនាញរបស់ខ្លួន ឡ- ឡិកឡក់ ឡេះឡោះ មិនមានក្នុងវចនានុក្រមរបស់គ្រូពេទ្យឡើយ អ- អនុវត្តតាមជំនាញដែលខ្លួនចេះ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top