Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ផ្នែកប្រព័ន្ធរំលាយអាហារ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកិនបំបែកចំណីអាហារ និងស្រូបយកសារធាតុចិញ្ចឹម ដើម្បីឲ្យរាងកាយប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃ តែបើកាលណាប្រព័ន្ធរំលាយអាហារយើងមិនល្អ នោះវាអាចធ្វើឲ្យមានការរំខាន ដល់ការរស់នៅរបស់យើង ដែលធ្វើឲ្យគុណភាពនៃការរស់នៅ របស់យើងថយចុះផងដែរ។ លោកវេជ្ជបណ្ឌិត ស៊ីដេតជាប្រធានប្រតិបត្តិ នៃគ្លីនិកអេគីប បានបញ្ជាក់ពីការតំហែទាំ ផ្នែកប្រព័ន្ធរំលាយអាហារដែរថា វាជាការថែទាំមានការលំបាកបន្តិច ព្រោះវាជាការថែទាំ ផ្នែកខាងក្នុង ដែលយើងពិបាកក្នុងការលាងសម្អាត ដូច្នេះហើយលោកវេជ្ជបណ្ឌិតបាន ណែនាំឲ្យមានការពិនិត្យសុខភាពផ្នែកក្រពះ ពោះវៀន ថ្លើម ហើយជាពិសេសចំពោះមនុស្ស វ័យចាប់ពី ៤៥ឆ្នាំឡើងទៅសម្រាប់មនុស្សប្រុស និង៥០ឆ្នាំសម្រាប់មនុស្សស្រី។ ក្នុងនោះ លោកវេជ្ជបណ្ឌិត ក៏បានបង្ហាញពីប្រាប់ពីការថែទាំផ្សេងៗ ដូចជាការ៖ •    ធ្វើតេស្តដង្ហើមរកមេរោគក្រពះ •    ការពិនិត្យតាមរយៈអេកូសាស្រ្តមើលពោះ •    ការត្រួតពិនិត្យមើលទឹកប្រមាត់ឬថង់ទឹកប្រមាត់ •    ការត្រួតពិនិត្យមើលថ្លើមឬលំពែង។ ចំនែកឯរឿងក្រពះ ពោះវៀនជាទូទៅដើម្បី ធ្វើការថែទាំនិង ពិនិត្យមើលឲ្យបានច្បាស់លាស់ ចាំបាច់ទាមទារឲ្យមានការឆ្លុះស៊ុងក្រពះ ពោះវៀន  ដូចគ្នាចំពោះប្រទេសជឿនលឿនដទៃដែរ។ ដូចនេះហើយការពិនិត្យសុខភាព ចំពោះប្រព័ន្ធរលាយអាហារ ពិតជាមានសារៈសំខាន់ ដែលក្នុងនោះការថែទាំគឺត្រូវបូករួម បញ្ចូលទាំង ទង្វើនៃការហូបចុក រស់នៅប្រចាំថ្ងៃរបស់យើងផងដែរ ទើបធានាបាននូវប្រព័ន្ធ រំលាយអាហារដែលមានសុខភាពល្អ និងមិនមានបញ្ហា។ ដូចដែលយើងដឹងហើយថា ការយល់ដឹងរបស់ប្រជាជនកម្ពុជា គឺនៅមានកំរិតនៅឡើយ ចំពោះបញ្ហាសុខភាពទូទៅ ក៏ដូចជាផ្នែកសំខាន់មួយចំនួន ដូចជាផ្នែកក្រពះ ពោះវៀន ថ្លើម។ លោកស៊ីដេត បានប្រាប់បន្ថែមឲ្យដឹងថា ជាទូទៅប្រជាជនយើងមាន ការធ្វេស ប្រហែស ចំពោះតំហែទាំសុខភាពរបស់ពួកគាត់ ដោយភាគច្រើនពួកគាត់ រងចាំទាល់តែមាន រោគសញ្ញាធ្ងន់ធ្ងរ ឬមានការរំខានខ្លាំង ទើបគាត់មកជួបពេទ្យ ហើយភាគច្រើនពួកគាត់ សុខចិត្តទ្រាំ ឬគ្រាន់តែធ្វើការព្យាបាលបន្ទាប់បន្សំដោយខ្លួនឯង។ បើនិយាយពីការពិនិត្យ សុខភាព ការពិតវាមិនបានចំនាយពេលវេលា ឬប្រាក់កាសច្រើនឡើយ បើធៀបនឹង ការព្យាបាល។ ដូចសុភាសិតពោលថា “ការពារប្រសើជាងព្យាបាល”។   គួរបញ្ជាក់ផងដែរថា៖ •    មនុស្សធម្មតាមានអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ ដែលមិនមានប្រវត្តិគ្រួសារមានបញ្ហាក្រពះ ពោះវៀនធ្ងន់ធ្ងរ ឬមហារីក ពួកគាត់អាចពិនិត្យរាល់ ៣ ទៅ៥ឆ្នាំម្តង។ •    តែផ្ទុយទៅវិញបើ គ្រួសាររបស់គាត់មាន ប្រវត្តិសុខភាពមិនល្អ ដូចជាបញ្ហាក្រពះ ពោះវៀន វាអាចទាក់ទងនឹង តំណរពូជ ឬហ្សែននេទិច ឧទាហរណ៍ ដូចជាដុំមហារីកជាដើម នោះគ្រូពេទ្យនឹងធ្វើ ការអង្កេតជំនាញឯកទេស និងវិភាគរោគបន្តបន្ទាប់ និងគួរទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។ •    ចំពោះលក្ខខណ្ឌមនុស្សវ័យក្រោម ៤៥ឆ្នាំ បើគាត់មាន ជំងឺបាក់ទឹកចិត្ត ឬតានតឹង ហើយមិនមានរោគសញ្ញាគំរាមកំហែងធ្ងន់ធ្ងរ ពេលខ្លះពួកគាត់អាចប្រឹក្សា និង ធ្វើការ ពិនិត្យលើរបៀបរបបនៃការរស់នៅប្រចាំថ្ងៃរបស់គាត់ឡើងវិញ ឬអាចញាំុថ្នាំតិចតួច។ បន្ទាប់មកបើអាការៈជំងឺនៅតែមិនប្រសើរឡើង គ្រូពេទ្យឯកទេសនឹងធ្វើការអង្កេតបន្តបន្ទាប់ ទៀតដើម្បីមើលពីបញ្ហាផ្សេងៗទៀត។ ទាក់ទងនឹងការថែទាំសុខភាពទូទៅ ក៏ដូចជាផ្នែកក្រពះ ពោះវៀន លោកវេជ្ជបណ្ឌិត ស៊ីដេត បានផ្តាំផ្ញើផងដែរថា យើងត្រូវចាំបាច់យកចិត្តទុកដាក់លើ ការថែទាំសុខភាព ទាំងការពិនិត្យ ទាំងការរស់នៅប្រចាំថ្ងៃ ដោយចៀសវាងការពិសារគ្រឿងស្រវឹង ចៀសវាងការពិសារអាហារ ដែលមិនមានអនាម័យ ឬមិនសមស្របតាមបច្ចេកទេសចំអិនល្អ និងត្រូវហាត់ប្រាណឲ្យបាន ច្រើន។ មួយវិញទៀត ការពិនិត្យសុខភាពត្រូវ ពិនិត្យឲ្យបានទៀងទាត់ បើទោះមិនមានរោគសញ្ញាក៏ដោយ ដើម្បីចៀសវាងនូវការវិឌ្ឍន៍នៃជំងឺ ដែលអាចធ្វើឲ្យមានសភាពធ្ងន់ធ្ងរ ហួសពេលក្នុងការព្យាបាល។ តួយ៉ាងសូម្បីតែមហារីក ក៏យើងអាចព្យាបាលបានដែរ ប្រសិន បើយើងពិនិត្យ និងរកឃើញក្នុងដំណាក់កាលទីមួយដំបូងបំផុតនោះ យើងអាចធ្វើការ ព្យាបាល ដែលអាចជួយដល់អ្នកជំងឺឲ្យមានសុខភាពល្អបានច្រើន និងអាចរស់នៅបាន យូរអង្វែងផងដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                             

ចែករំលែក

ការកែប្រែរបបអាហារជាវិធីងាយបំផុតក្នុងការដោះស្រាយបញ្ហាទល់លាមកក្នុងពេលមានផ្ទៃពោះ។ ការកែតម្រូវរបបអាហារដែលមានភាពសមរម្យ អាចព្យាបាលទម្លាប់នៃការបន្ទោបង់មិនទៀងទាត់។ របបអាហារដែលល្អ អាចលុបបំបាត់បញ្ហាទល់លាមកបាននោះគឺ៖ • សម្បូរអាហារសរសៃ៖  ការបរិភោគអាហារដែលសម្បូរដោយសរសៃ អាចធ្វើឲ្យអ្នកបន្ទោបង់បានស្រួល ព្រោះថាសរសៃទាំងនោះ នឹងបង្កើនចលនា របស់ពោះវៀន។ ដោយសារតែចលនាកន្ត្រាក់របស់ពោះវៀនបានត្រឡប់មកធម្មតាវិញនោះ បញ្ហាទល់លាមកក៏ត្រូវបានដោះស្រាយ។ សរសៃទាំងនោះ គឺជាកាបូអ៊ីដ្រាតខ្សែវែងដែលមិនងាយនឹងបំបែក ហើយបង្កើនបរិមាណអាហារក្នុងពោះអ្នក។ ជាតិសរសៃដែលគេស្គាល់ច្រើន គឺ សេលឡុយឡូស អេមីសេលឡុយឡូស លីញីន បេតាគ្លុយកង់ ប៉ិចទីន ហ្គាម និងមុយស៊ីឡាច បាយម៉ាន អូលីហ្គូសាក់ការីត និងសារធាតុតូចៗផ្សេងទៀតដូចជាក្រមួន ខាត់ធីន និងសាប់បឺរីន។ តម្រូវការអាហារសរសៃប្រចាំថ្ងៃសម្រាប់អ្នកដែលគ្មានផ្ទៃពោះគឺ ២៥ក្រាម តែវានឹងកើនឡើងចំពោះអ្នកមានផ្ទៃពោះ។ អាហារដែលសម្បូរដោយសរសៃមានដូចជាកន្ទក់ ស្ពៃក្រោប ផ្លែបឺរី ផ្កាខាត់ណា សឺលឺរី(Celery) ផ្លែឈើស្រស់ បន្លែបៃតង ផ្សិត គ្រឿងក្នុង សណ្តែក គ្រាប់ធញ្ញជាតិ ស្រូវសាលីគ្រាប់រុក្ខជាតិ ដំឡូង សារ៉ាយសមុទ្រខ្ទឹមបារាំង។ល។ ចៀសវាងការបរិភោគគ្រាប់ធញ្ញជាតិដែលត្រូវបានកែច្នៃរួចដូចជា នំប៉័ងធ្វើពីម្សៅ បាយស និងផាស្តាជាដើម។ • បំពេញជាតិទឹកឲ្យខ្លួនឯង៖  ការខ្វះជាតិទឹកអាចបណ្តាលឲ្យទល់លាមក។ នៅពេលដែលខ្លួនប្រាណអ្នកខ្វះទឹក យន្តការនៃការរក្សាជាតិទឹកនឹង ធ្វើឡើងដោយធ្វើការស្រូបទឹកកាន់តែច្រើនពីកាកសំណល់ដែលមានក្នុងពោះវៀនធំរបស់អ្នក ហើយលាមកនឹងក្លាយទៅជារឹងជាងមុន។ ដូចនេះហើយ វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវផឹកទឹកឲ្យបានច្រើនដើម្បីរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។ ទឹកផ្លែឈើមួយចំនួនដូចជាទឹកផ្លែព្រូនមាន សមត្ថភាពបញ្ចុះលាមក និងអាចជួយបន្ទន់លាមក។ ទឹកក្រូចឆ្មារ អាចជួយបង្កើនចលនារបស់ពោះវៀន។ ការផឹកទឹក ៨កែវក្នុងមួយថ្ងៃត្រូវបាន ចាត់ទុកថាជាបរិមាណដែលអាចឲ្យខ្លួនប្រាណយើងបាន។ • ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណ ជាវិធីល្អបំផុតក្នុងការធ្វើឲ្យចលនាពោះវៀនដើរធម្មតាវិញ និងដោះស្រាយបញ្ហាទល់លាមក។​ វាជួយឲ្យ ចលនាកន្ត្រាក់ចុះក្រោមរបស់ពោះវៀនមកធម្មតាវិញ នោះបញ្ហាទល់លាមកត្រូវបានដោះស្រាយ។ ការធ្វើសកម្មភាពរាងកាយ ធ្វើឲ្យសរីរាង្គខាងក្នុង មានសុខភាពល្អ បង្កើនការធ្វើមេតាបូលីស និងព្យាបាលបញ្ហាទល់លាមក។ • ធ្វើតាមបែបធម្មជាតិ៖ ចៀសវាងការប្រើថ្នាំបញ្ចុះលាមកប្រសិនបើអាច។ ប៉ុន្តែប្រសិនបើអ្នកមិនអាចចៀសនឹងការប្រើថ្នាំសំយោគបានទេ អ្នកត្រូវ ទៅពិគ្រោះជាមួយគ្រូពេទ្យដាច់ខាតមុននឹងប្រើវា។ ភាគច្រើននៃថ្នាំបញ្ចុះលាមកដែលសំយោគជួយដោះស្រាយបញ្ហាទល់លាមកតិចតួចណាស់។ កាន់តែសំខាន់លើនេះទៅទៀតនោះ វាអាចនឹងមិនមានសុវត្ថិភាពទេចំពោះស្រ្តីមានផ្ទៃពោះ ព្រោះវាអាចនឹងមានឥទ្ធិពលឲ្យស្បូនកន្ត្រាក់ថែមទៀត។ ប្រើប្រាស់វិធីបញ្ចុះលាមកបែបធម្មជាតិ និងព្យាយាមដោះស្រាយបញ្ហាទល់លាមកតាមរបៀបធម្មជាតិប្រសើរជាង។ បើទោះបីជាអ្នកសម្រេចចិត្តលេប ថ្នាំរុក្ខជាតិដែលព្យាបាលទល់លាមកក៏ដោយ អ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកជាមុនសិនពីផលរំខានដែលនឹងអាចកើតមាន និងសុវត្ថិភាព ដល់អ្នកដែលជាស្រី្តមានផ្ទៃពោះ។ • បរិភោគពពួកប្រូប៊ីយ៉ូទិច៖ បរិភោគពពួកប្រូប៊ីយ៉ូទិចក៏ជាវិធីល្អមួយក្នុងការធ្វើឲ្យសរីរាង្គខាងក្នុងមានសុខភាពល្អ និងលុបបំបាត់បញ្ហាទល់លាមក ផងដែរ។ ពពួកបាក់តេរីដែលមានក្នុងប្រហោងពោះវៀន គឺល្អសម្រាប់មុខងាធម្មតារបស់ពោះវៀន ហើយការបង្កើនចំនួនវាទៅតាមអាហារដូចជា យ៉ាអួ ជ្រក់ សូកូឡាខ្មៅ មានភាពប្រសើរក្នុងការធ្វើឲ្យសុខភាពនៃប្រព័ន្ធរំលាយអាហារទាំងមូលកាន់តែរឹងមាំដើម្បីដោះស្រាយបញ្ហាទល់លាមក។ • បរិភោគសារធាតុរ៉ែឲ្យច្រើន៖ កាល់ស្យូម និងសូដ្យូមជាសារធាតុដែលសំខាន់សម្រាប់ការធ្វើឲ្យមានភាពទៀងទាត់នៃការបញ្ជាខួរក្បាលទៅលើចលនា របស់ពោះវៀន។ វិធីមួយដែលអាចដោះស្រាយបញ្ហាទល់លាមកបាន គឺបង្កើនបរិមាណកាល់ស្យូមក្នុងរបបអាហាររបស់អ្នកដូចជា ទឹកដោះគោ ផលិតផល ដែលធ្វើពីទឹកដោះគោ យ៉ាអួ រុក្ខជាតិរុយបាប (rhubarb)។ សូដ្យូម ជាធម្មតាមាននៅក្នុងអំបិលសម្ល ប៉ុន្តែមិនគួរបរិភោគអាហារប្រៃច្រើនពេក ព្រោះវាអាចធ្វើឲ្យសម្ពាធឈាមប្រែប្រួល(សូដ្យូមធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់)។ • បរិភោគប្រេង៖ ប្រេងល្អ គឺសំខាន់សម្រាប់ការរក្សាទម្លាប់នៃការបន្ទោរបង់។ ប្រេងម៉ូណូ និងប៉ូលីសាក់ការីតដែលមាននៅក្នុងប្រេងផ្លែប៊័រ ប្រេងអូលីវ ប្រេងគ្រាប់ផ្លែឈើ ប្រេងនៃថ្លើមត្រីម័ររុយ ប្រេងធ្មៃ ប្រេងផ្កាព្រីមរ៉ូស(evening primrose) ប្រេងប្លេកខឺរ៉េន (blackcurrant) ឬប្រេងបូរ៉េក (borage oil) អាចជួយក្នុងពេលអ្នកទល់លាមក ដោយវាបង្កើនចលនារុញចុះក្រោមរបស់ពោះវៀន។ ប៉ុន្តែ អ្នកគួរចៀសវាងប្រភេទប្រេងឆ្អែត ព្រោះវាអាចនឹងផ្តល់ផលអាក្រក់ដល់បេះដូង និងអាចបណ្តាលឲ្យមានផលវិបាកទាក់ទងនឹងបញ្ហាបេះដូង និងសរសៃឈាម។ ចំណុចសំខាន់ចុងក្រោយក្រៅពីការបរិភោគអាហារដែលសម្បូរសរសៃ និងផឹកទឹកច្រើន អ្នកត្រូវបង្កើនការបរិភាគផ្លែឈើ និងបន្លែដើម្បីប៉ះប៉ូវឡើងវិញ នូវសារធាតុចិញ្ចឹមដែលបាត់បង់។ ចៀសវាងបរិភោគច្រើនពេក ព្រោះវាអាចនាំឲ្យអ្នកទៅជារាកវិញដែលជាអាការៈអាក្រក់ជាងការទល់លាមកទៅទៀត ដោយសារតែការរាកនឹងធ្វើឲ្យអ្នកបាត់បង់ជាតិទឹកនិងអេឡិចត្រូលីតពីក្នុងខ្លួន ហើយនាំឲ្យមានស្ថានភាពកាន់តែស្មុគស្មាញទៀត។  យកចិត្តទុកដាក់ចំពោះរបបអាហាររបស់អ្នកនៅក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ អាចជួយបង្ការអ្នកពីផលវិបាកនៃការទល់លាមក។  ត្រូវ​គិតគូរយ៉ាងម៉ត់ចត់ទៅលើអាហាររបស់អ្នក ទើបបញ្ហាទល់លាមកអាចនឹងដោះស្រាយបានឆាប់រហ័ស។ អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យរោគស្រ្តីជាប្រចាំ មុនពេលអ្នកចាប់ផ្តើមផ្លាស់ប្តូររបបអាហារណាមួយ ឬប្រើប្រាស់ថ្នាំណាមួយ។ ដោយមានវិធានការថែទាំនិងបម្រុងប្រយ័ត្នទៅលើសុខភាពអ្នក នោះអ្នកនឹងមិនមានការព្រួយបារម្ភថាបញ្ហាទល់លាមកអាចរើឡើងវិញហើយក្លាយជាបញ្ហាធំសម្រាប់អ្នកទេក្នុងពេលមានផ្ទៃពោះ៕ អត្ថបទដោយ Dr. Anna Roslyakova ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឱម សិរីវិជិត ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអនុប្រធានសមាគមគ្រូពេទ្យកម្ពុជាផ្នែកជំងឺថ្លើម និងប្រដាប់រំលាយអាហារ   ជំងឺរលាកថ្លើមប្រភេទC ជាជំងឺបង្កដោយវីរុសរលាកថ្លើមប្រភេទC នៃក្រុម Flaviviridae មានលក្ខណៈធ្វើឲ្យរលាកថ្លើមភាគច្រើនពី ៧០% ទៅ៨០%វិវឌ្ឍន៍ទៅរកសភាពរ៉ាំរ៉ៃ  រីឯ២០% ទៅ៣០%ទៀត អាចវិវឌ្ឍន៍ទៅជាសះស្បើយដោយខ្លួនឯង។ មានមេរោគជាច្រើនដែលធ្វើឲ្យថ្លើមរលាកដូចជា មេរោគវីរុសរលាកថ្លើមប្រភេទ A  B C D E F និង G ក៏ប៉ុន្តែអ្វីដែលពិភពលោកបច្ចុប្បន្នជួបនូវបញ្ហានោះ គឺវីរុសរលាកថ្លើមប្រភេទ C និង B ដែលជាប្រភេទជំងឺអាចមានភាពរ៉ាំរ៉ៃ ធ្វើឲ្យមនុស្សស្លាប់ជាច្រើនម៉ឺននាក់ក្នុងមួយឆ្នាំៗ។   តើរលាកថ្លើមប្រភេទ Cខុសពីរលាកថ្លើមប្រភេទ B ដូចម្តេច? ជំងឺរលាកថ្លើមប្រភេទCខុសពីជំងឺរលាកថ្លើមប្រភេទ Bដោយកត្តាផ្សេងៗ៖ • ទាក់ទងនឹងចំនួនទូទៅលើពិភពលោក និងនៅប្រទេសយើង៖ អ្នករលាកថ្លើមប្រភេទ C មានចំនួនទូទៅលើពិភពលោក ១៧០លាននាក់ ចំណែកមេរោគរលាកថ្លើមប្រភេទ Bមានចំនួន ៣៥០លាន។ នៅប្រទេសកម្ពុជា មេរោគរលាកថ្លើមប្រភេទ Cមានអត្រា ៤% ចំណែកមេរោគរលាកថ្លើមប្រភេទ Bមាន១០% តួលេខនេះ យើងអាចចំណាំបានថាខុសគ្នា ២ដង។ • នៅប្រទេសយើងក៏ដូចនៅលើពិភពលោកដែរចំនួនមេរោគរលាកថ្លើមប្រភេទ C មានជាមធ្យមក្នុងខ្លួនអ្នកឈឺពី១០លានទៅ១០០លានក្នុងឈាម១មីលីលីត្រ ចំណែកមេរោគរលាកថ្លើមប្រភេទ B អាចមានរហូតដល់ ១០០០លានឬលើសពីនេះទៀត។ • មេរោគរលាកថ្លើមប្រភេទ C មានភាពផុយស្រួយជាងមេរោគរលាកថ្លើមប្រភេទ B ពេលនៅក្រៅខ្លួនមនុស្ស។ ចំណុចដែលរៀបរាប់មកខាងលើនេះហើយដែលបង្ហាញពីការចម្លងរោគផ្សេងៗដូចជាការរស់នៅក្បែរគ្នាក្នុងផ្ទះតែមួយពីម្តាយមកកូន ឬតាមការរួមភេទ មេរោគរលាកថ្លើមប្រភេទ C មានអត្រាចម្លងទាបជាងមេរោគរលាកថ្លើមប្រភេទ B។ • ចំពោះអត្រាមរណភាពដែលបណ្តាលដោយមេរោគរលាកថ្លើមប្រភេទ C លើពិភពលោក បច្ចុប្បន្នក្នុង ១ឆ្នាំៗមានចំនួន ៣៥ម៉ឺននាក់ ចំណែកមេរោគរលាកថ្លើមប្រភេទ B មានចំនួន ៦០ម៉ឺននាក់។ (Data WHO 2016) • មេរោគរលាកថ្លើមប្រភេទ C បច្ចុប្បន្ន មិនទាន់មានវ៉ាក់សាំង (Vaccine) ឬ សេរ៉ូម អ៊ីមុយណូក្លូប៊ុយលីន (Serum Immunoglobulin ) ចាក់ការពារដូចមេរោគរលាកថ្លើមប្រភេទ B ទេ។ • ទាក់ទងទៅនឹងការចម្លង៖ មេរោគរលាកថ្លើមប្រភេទC កម្រចម្លងក្នុងក្រុមគ្រួសារពីប្តីមកប្រពន្ធតាមការរួមរ័ក្ស ឬពីម្តាយមកកូននៅពេលសម្រាលឡើយ អត្រាចម្លងនេះមានត្រឹមតែ ៣%-១០%ប៉ុណ្ណោះ ប៉ុន្តែការចម្លងតាមរយៈការរួមរ័ក្សនេះអាចកើនដល់ ១៨%ក្នុងករណីមានជំងឺកាមរោគ (Sexually Transmitted Diseases) ដែលខុសពីរលាកថ្លើមប្រភេទB៖ ការចម្លងក្នុងសមាជិកគ្រួសារក្នុងផ្ទះតែមួយ (House Hold Contact) តាមរយៈការរួមភេទនិងតាមការចម្លងពីម្តាយមានផ្ទុកវីរុសរលាកថ្លើមប្រភេទBមកកូនមានអត្រានៃការឆ្លងខ្ពស់ ពី៣០%ទៅ៨០%ឯណោះ។ ការចម្លងផ្សេងៗនៃវីរុសរលាកថ្លើមប្រភេទCភាគច្រើនក្នុងវ័យធំ ប៉ុន្តែវីរុសរលាកថ្លើមប្រភេទ Bវិញ ដែលប្រជាជនយើងជួបប្រទះសព្វថ្ងៃនេះភាគច្រើនការចម្លងមានតាំងពីក្មេងមុនអាយុ៥ឆ្នាំ ឬឆ្លងពីម្តាយដែលឈឺជំងឺរលាកថ្លើមប្រភេទBនៅពេលប្រសូត ឯមួយចំនួនទៀតគឺជំងឺឆ្លងតាមជីវិតរស់នៅក្នុងវ័យធំ។ • ទាក់ទងទៅនឹងការវិវឌ្ឍ៖ ចំពោះមេរោគរលាកថ្លើមប្រភេទ C និងBនេះ មុននឹងកកើតជាជំងឺក្រិនឬ មហារីកថ្លើម វាទាមទារនូវពេលវេលាយូរមួយពី ១៥ឆ្នាំឡើងទៅ រាប់ចាប់ពីពេលឈឺរ៉ាំរ៉ៃមក។ ជំងឺរលាកថ្លើមប្រភេទ Cដែលការវិវឌ្ឍន៍ចេញជាក្រិន ឬមហារីក ច្រើនជួបក្នុងវ័យចំណាស់ភាគច្រើនពីអាយុ ៤០ឆ្នាំឡើងទៅ ចំណែកមេរោគរលាកថ្លើមប្រភេទ B គ្រោះថ្នាក់ផ្សេងៗយើងអាចជួបពីអាយុ ១៧ឆ្នាំឡើងទៅ។ ជំងឺរលាកថ្លើមប្រភេទ C រ៉ាំរ៉ៃ វិវឌ្ឍន៍ទៅថ្លើមក្រិនចំនួន ២០% និងមហារីក ៥% ក្នុង១ឆ្នាំ។ • ទាក់ទងទៅនឹងការព្យាបាល៖ ការព្យាបាលមេរោគរលាកថ្លើមប្រភេទ C មានប្រសិទ្ធភាពអាចឲ្យអ្នកជំងឺជាដាច់រហូតដល់ ៩០-៩៥% ចំណែកមេរោគរលាកថ្លើមប្រភេទ Bវិញ ការព្យាបាលបានត្រឹមទប់ការកកើតមេរោគក្នុងខ្លួន កាត់បន្ថយការចម្លងពីមួយទៅមួយ (ក្នុងក្រុមគ្រួសារឬពីម្តាយមកកូន) និងជួយកាត់បន្ថយការវិវឌ្ឍន៍នៃជំងឺក្រិនថ្លើម និងមហារីកថ្លើម។   តំបន់ដែលប្រឈមមុខខ្ពស់ចំពោះជំងឺរលាកថ្លើមប្រភេទ C តួលេខខ្ពស់យើងឃើញមាននៅប្រទេសអេហ្ស៊ីបរហូតដល់ ២២% អ៊ីតាលីពី ២ ទៅ៨% ប៉ាគីស្ថាន ៥,៩% តៃវ៉ាន់៥,៥% ជប៉ុន២,៤% ថៃ២,២% និងវៀតណាម ១% ដោយឡែកនៅប្រទេសកម្ពុជាយើង ៤%។ អង្គការសុខភាពពិភពលោកបានធ្វើការវាយតម្លៃជាទូទៅឃើញថា ២% ទៅ៣% នៃប្រជាជនលើពិភពលោក មានប្រព័ន្ធការពារមេរោគ Cនេះក្នុងឈាម (HCV Antibody)។ ជំងឺរលាកថ្លើមប្រភេទC កើតឡើងប្រហាក់ប្រហែលគ្នាទាំងបុរសនិង ស្ត្រី ហើយភាគច្រើននៅអាយុចាប់ពី៣០ឆ្នាំឡើងទៅ ។   កម្រិតនៃជំងឺរលាកថ្លើមប្រភេទ C កម្រិតនៃជំងឺរលាកថ្លើមប្រភេទ C គឺសំដៅដល់ការខូចខាតរូបរាងថ្លើម និងមុខងាររបស់វា៖ បច្ចុប្បន្នពិភពលោកវាយតម្លៃជំងឺរលាកថ្លើមប្រភេទ Cបានដោយការពិនិត្យទៅលើសាច់ថ្លើមថា តើនៅល្អ ឬចាប់ផ្តើមរឹង ក្រិន(Fibrosis-Cirrhosis) ដោយគេយកសាច់ថ្លើមទៅពិនិត្យ តែបច្ចុប្បន្នគេមានមធ្យោបាយវាស់វែងពីការខូចខាតថ្លើម តាមរយៈឧបករណ៍ Fibroscan និងការពិនិត្យឈាម Fibrotest។ សភាពរឹង ស្ងួត ក្រិនរបស់ថ្លើមនេះ វាមានសារសំខាន់ក្នុងការវាយតម្លៃទៅលើសភាពធ្ងន់ស្រាលនៃជំងឺដែលទាមទារនូវការព្យាបាលជាបន្ទាន់ឬអាចរង់ចាំ។ Fibroscan ឬFibrotestនេះ គេចែកចេញជា ៤កម្រិតគឺ៖ F1-F2-F3-F4 ដែលកម្រិតF4 ត្រូវបានសន្និដ្ឋានថាថ្លើមមានលក្ខណៈ រឹងខ្លាំងឬក្រិន (Cirrhosis)។ ក្រោយពីដឹងថាថ្លើមក្រិនហើយកម្រិត F4 គ្រូពេទ្យមានរូបមន្តវាយតម្លៃថាវាស្ថិតក្នុងភាពធ្ងន់ ឬស្រាលទៅតាមកម្រិត លទ្ធផលឈាមដែលយើងពិនិត្យឃើញ CTP A, CTP B, CTP C។ ការថ្លឹងថ្លែងជំងឺតាមរយៈការរាប់មេរោគ (Viral load) ពិនិត្យពូជមេរោគ (Genotype) និងសភាពនៃថ្លើមរលាកTransaminase ជារឿងបន្ទាប់ ហើយដែលវាសំខាន់នៅពេលព្យាបាល និងធ្វើការតាមដាន។   របៀបឆ្លងនៃវីរុសរលាកថ្លើមប្រភេទC យោងតាមការរៀបរាប់ខាងលើ ការឆ្លងនៃវីរុសរលាកថ្លើមប្រភេទ Cក៏មិនខុសគ្នាពីវីរុសរលាកថ្លើមប្រភេទ Bដែរ ក្នុងនោះរួមមាន៖ ការចាក់បញ្ចូលឈាមដែលមានផ្ទុកវីរុសរលាកថ្លើមប្រភេទ C កង្វះអនាម័យលើសម្ភារៈប្រើប្រាស់មានដូចជាម្ជុល សឺរ៉ាំង កាំបិតវះកាត់ ម្ជុលវិទ្យាសាស្ត្រ សម្ភារៈបង្កើតកូន សម្ភារៈបំពង់ឆ្លុះក្រពះ និងសម្ភារៈផ្សេងៗទៀតដែលត្រូវបានប្រើចាក់ដោតលើសាច់របស់យើង។ តាមការសិក្សាថ្មីៗកត្តាជម្រុញឲ្យឆ្លងជំងឺរលាកថ្លើមប្រភេទC នៅប្រទេសយើងឆ្នាំ២០១៥-២០១៦ បានបង្ហាញឲ្យឃើញថា៖ • ៧៦,៥%នៃអ្នកជំងឺថ្លើមប្រភេទ C មានប្រវត្តិជាអ្នកចូលចិត្តចាក់ថ្នាំកាលពី ២០ឆ្នាំមុន ក្រោយពេលសម្រាលកូន ចាក់ថ្នាំលើកសម្រស់ប្រភេទវីតាមីន ដោយប្រើម្ជុលស្ងោរ • ១៧,៤៦% មានប្រវត្តិជាអ្នកចូលចិត្តកែសម្ផស្ស • ១២,៥៦% មានប្រវត្តិជាអ្នកសាក់លើសាច់ជាអក្សរ ឬរូបភាព • ៩,២៩% មានប្រវត្តិជាអ្នកធ្លាប់បញ្ចូលឈាម។   រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទC • ក្នងដំណាក់កាលដំបូង ដែលថ្លើមមិនទាន់រឹង គឺក្នុងដំណាក់កាលរលាករ៉ាំរ៉ៃ និងថ្លើមកម្រិត F1-F2-F3 គេសង្កេតឃើញសញ្ញាមានតែ ១០%ប៉ុណ្ណោះ រួមមាន អស់កម្លាំង ញ៉ាំអាហារមិនសូវឆ្ងាញ់ ពិបាកក្នុងការរំលាយអាហារ ហេលហល់។ ចំណែកឯ៩០%មិនចាប់អារម្មណ៍ពីសញ្ញាឈឺ ឬក៏គ្មានសញ្ញាតែម្តង។ • អ្នកជំងឺក៏មានផងដែរ (5-10%) នូវជំងឺឈឺសន្លាក់ដៃជើងដែលផ្លាស់ប្តូរពីមួយកន្លែងទៅមួយកន្លែង (Rheumatism) ជំងឺរលាកក្រពេញ (Thyroid) ជំងឺទឹកនោមផ្អែម(Diabetes type 2) ជំងឺទឹកនោមប្រៃ(Nephritis)  ជំងឺកកអាល់ប៊ុយមីនក្នុងសរសៃឈាម (Cryoglobulinemia) ជំងឺស្ងួតទឹកមាត់ ទឹកភ្នែក(Sjogren’s Syndrome) ជំងឺលើប្រព័ន្ធសរសៃប្រសាទដូចជា ការខូចខាតក្នុងការចងចាំ ភ្លេចមុខភ្លេចក្រោយ មានលក្ខណៈភ័យៗ មិនទុកចិត្តខ្លួនឯង (Cognitive impairment) ជំងឺបាក់ទឹកចិត្ត(Depression)។                                                   ជំងឺឱកាសនិយមចំពោះអ្នកជំងឺរលាកថ្លើមប្រភេទC តាមការសង្កេតជាទូទៅលើសកលលោក គេពុំបាននិយាយពីជំងឺឱកាសនិយមចំពោះអ្នកមានមេរោគរលាកថ្លើមប្រភេទ Cទេ ក៏ប៉ុន្តែអ្នកជំងឺប្រភេទនេះ ច្រើនខ្សោយជាងអ្នកធម្មតាហើយឆាប់ទទួលជំងឺផ្សេងៗហើយក៏ក្រជា ដូចជាផ្តាសាយរាករូស។ល។     ករណីណាដែលអ្នកជំងឺគួរទៅជួបជាមួយនឹងគ្រូពេទ្យជំនាញ? ប្រជាពលរដ្ឋ គួរធ្វើការពិនិត្យឈាមជាប្រចាំរៀងរាល់ឆ្នាំឬ២ឆ្នាំម្តង ពីព្រោះជំងឺនេះ អាចចម្លងចូលខ្លួនយើងដោយមិនមានមូលហេតុច្បាស់លាស់នោះ ២០-៣០%ដែរ។ ក្នុងករណីដែលមានវត្តមានប្រព័ន្ធការពារប្រឆាំងនឹងមេរោគC គួរទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីសួរយោបល់។ ការរាវរកប្រព័ន្ធការពារមេរោគCនេះគួរកុំប្រហែសចំពោះក្រុមប្រជាជនមួយចំនួន ៖ • ធ្លាប់ទទួលការវះកាត់ • ធ្លាប់សាក់រូបលើសាច់ ឬកែសម្ផស្ស • ធ្លាប់ចាក់បញ្ចូលឈាម • ក្រោយការសម្រាលកូន • អ្នកឧស្សាហ៍ធ្វើធ្មេញ • អ្នកឧស្សាហ៍ចៀរកាត់ក្រចក • អ្នកធ្លាប់ឆ្លុះក្រពះ  Fibroscopie • អ្នកឧស្សាហ៍លាងឈាម • អ្នកមានផ្ទុកមេរោគHIV • អ្នកធ្លាប់ប្តូរសរីរាង្គ • អ្នកចាក់ថ្នាំញៀន • កូនកើតពីម្តាយមានផ្ទុកមេរោគរលាកថ្លើមប្រភេទ C • អ្នកមានដែគូររួមភេទច្រើន • អ្នកនៅជុំវិញ ឬរស់នៅជាមួយអ្នកឈឺ • អ្នកជាប់មន្ទីរឃុំឃាំង • អ្នកធ្លាប់មានរបួសគ្រោះថ្នាក់ក្នុងទ្រង់ទ្រាយណាក៏ដោយ • អ្នកមានTransaminase ឡើង • អ្នកមានមុខរបរត្រូវប៉ះពាល់ ឬប្រឡាក់ឈាមជាញឹកញាប់ ដូចជា ឆ្មប បុគ្គលិកមន្ទីរពិសោធន៍ក្រុមគ្រូពេទ្យវះកាត់ គ្រូពេទ្យដែលឧស្សាហ៍ប៉ះពាល់ឬស្ទាបអ្នកជំងឺ។ ការធ្វើរោគវិនិច្ឆ័យជំងឺរលាកថ្លើមប្រភេទC ដំបូងបំផុត ត្រូវធ្វើការពិនិត្យរកវត្តមានប្រព័ន្ធការពារប្រឆាំងនឹងមេរោគរលាកថ្លើមប្រភេទ C (HCV antibody) តាមបច្ចេកទេស ELISA ឬEIA។ ចំពោះអ្នកជំងឺមួយចំនួនដែលមានសភាពខ្សោយពេក ដូចជាកើតអេដស៍ ឬថ្លើមក្រិនខ្លាំងទៅហើយ ឬអេដស៍ រួមជាមួយនឹងក្រិនថ្លើម ឬជំងឺកកអាល់ប៊ុយមីនក្នុងសរសៃឈាម (Cryoglobulinemia) ការរកប្រព័ន្ធការពារប្រឆាំងនឹងមេរោគ C អាចអវត្តមានក្នុងឈាម ក្នុងករណីពិសេសនេះចាំបាច់ត្រូវរាប់មេរោគក្នុងឈាម ដែលត្រូវធ្វើបន្តទៀត ដើម្បីបញ្ជាក់រកការពិតនៃជំងឺ។ បន្ទាប់មកត្រូវធ្វើការបកស្រាយលទ្ធផលដោយគ្រូពេទ្យឯកទេសថ្លើម។ ការព្យាបាល ក្នុងអំឡុងឆ្នាំ ២០១៤-២០១៦នេះ ប្រជាជនលើសកលលោកត្រូវបានណែនាំឲ្យប្រើប្រាស់ប្រភេទថ្នាំគ្រាប់ដែលមានប្រសិទ្ធភាពអាចជាដាច់រហូតដល់ ៩០%-៩៥% និងមិនត្រឡប់មកវិញទេ។ នៅប្រទេសយើងថ្នាំមាន ២-៣ប្រភេទ ហើយការព្យាបាលចែកចេញជារូបភាពផ្សេងៗខុសៗគ្នាទៅតាមប្រវត្តិជំងឺដូចជា៖ • អ្នកជំងឺមិនធ្លាប់ព្យាបាល • អ្នកជំងឺធ្លាប់ព្យាបាលម្តង ឬ២ដងមិនជា • អ្នកជំងឺនៅថ្លើមល្អ ឬក្រិន ឬទាចទឹក។ ការព្យាបាលមានលក្ខណៈខុសគ្នាពីការបញ្ចូលថ្នាំ ២មុខ ឬ៣មុខរយៈពេល២ខែ ឬ៣ខែ ឬ៦ខែ ឬអាចលើសក្នុងករណីចាំបាច់។ បន្ទាប់ពីព្យាបាលអស់មេរោគអ្នកជំងឺនឹងមានសង្ឃឹមថ្មីក្នុងជីវិតហើយក៏ជាការលើកទឹកចិត្តមួយដល់អ្នកជំងឺដែលទទួលវិបត្តិផ្លូវចិត្តជាយូរមកហើយ ជារឿងប្រសើរបំផុតដែលត្រូវធ្វើ ព្រោះយើងអាចជាដាច់។ ក្រោយពីព្យាបាលជាហើយ សញ្ញាពិបាកក្នុងខ្លួនដូចជាឈឺសន្លាក់ រមរឹតខ្លួន នឹងបាត់ពី៥០%ទៅ៧០% ប៉ុន្តែក៏នៅមានបន្សល់សញ្ញាខ្លះៗដូចជា៖ • ការខូចខាតលើប្រព័ន្ធសរសៃប្រសាទដែលពិបាកនឹងវិលត្រឡប់មកធម្មតាវិញឲ្យបាន ១០០%ទេដូចជា៖ ការភ្លេចភ្លាំង ឆាប់តូចចិត្ត ឆាប់ខឹងជាដើម។ • ចំពោះសញ្ញាផ្សេងៗដូចជា ឈឺពោះ សៀតឆ្អឹត ពិបាករំលាយអាហារ ឈឺសន្លាក់ អាចនឹងមានការធូរស្រាលច្រើន ៧០%។ • ចំពោះសភាពក្រិនរបស់ថ្លើម វាមានភាពវិវឌ្ឍន៍ទៅ៣យ៉ាង៖ ១. ថ្លើមរឹងចាប់ផ្តើមវិវឌ្ឍន៍មកទន់វិញ (៣០-៥០%) តាមវ័យចាស់ ឬក្មេង ២. ថ្លើមនៅដដែល គ្រាន់តែអស់មេរោគ (៤០%) ៣. ថ្លើមវិវឌ្ឍន៍ទៅមុខទៀត រឹងទៅរឹងទៅ ៥%។ការព្យាបាលដោយបំបាត់មេរោគពីក្នុងខ្លួនជារឿងប្រសើរ តែមិនគ្រប់គ្រាន់ដោយហេតុថា ក្នុងករណីមួយចំនួន ថ្លើមរបស់អ្នកជំងឺរឹងទៅហើយ ឬក្រិននេះ ក្រោយការព្យាបាលអស់មេរោគ ក៏នៅតែមួយចំនួនតូច វិវឌ្ឍន៍ទៅមុខសន្សឹមៗ ដូចជាមិនបានទទួលការព្យាបាលអញ្ចឹងដែរ។ ករណីនេះ យើងឃើញមានលើមនុស្សវ័យចំណាស់ដែលអ្នកជំងឺត្រូវឧស្សាហ៍តាមដានផង ក្រោយការជាសះស្បើយហើយនោះ។   តើមានកត្តាអ្វីខ្លះដែលបង្កើតឲ្យមានហេតុការណ៍អាក្រក់ក្រោយពេលធ្វើការព្យាបាលឲ្យជាហើយនោះ? ត្រង់ចំណុចនេះវិទ្យាសាស្រ្តមិនទាន់បានបំភ្លឺឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្តែយើងអាចឃើញកត្តាអាក្រក់មួយចំនួនដែលមានឥទ្ធិពលដល់សុខភាពរបស់ថ្លើម ៖ • ការពិសាសារធាតុខ្លាញ់ច្រើនក្នុងរបបអាហារប្រចាំថ្ងៃ • ការប្រើប្រាស់ឱសថប្រចាំថ្ងៃមួយចំនួន ដូចជាថ្នាំបញ្ចុះជាតិខ្លាញ់ ថ្នាំបេះដូង ថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែមដែលមានប្រតិកម្មជាមួយនឹងថ្លើមចំពោះឱសថទាំងនេះ គួរសួរនាំគ្រូពេទ្យក្នុងការប្រើប្រាស់រយៈពេលយូរ ជាពិសេសគ្រូពេទ្យឯកទេសថ្លើម។ • ការពិសាសុរា • ការពិសាបន្លែផ្លែឈើ ឬម្ហូបអាហារកំប៉ុងដែលមានសារធាតុពុលគីមីនៅក្នុង • ការប្រើវីតាមីនលើសចំនួនលើថ្លើមដែលជាហើយ ប៉ុន្តែនៅខ្សោយដូចជាវីតាមីន A វីតាមីន D វីតាមីន E  វីតាមីនK និងសារធាតុដែក។   ដំបូន្មានសំខាន់ៗក្នុងពេល និងក្រោយពេលព្យាបាល ដែលត្រូវណែនាំដល់អ្នកជំងឺ៖ • ចៀសវាងនូវម្ហូបអាហារ ភេសជ្ជៈ និងឱសថដែលមិនល្អសម្រាប់ថ្លើម ដូចបានរៀបរាប់ខាងលើស្រាប់។ • គួរពិសានូវសារជាតិប្រូតេអីុន ដូចជាសាច់ត្រី សាច់បសុបក្សី និងពពួកសណ្តែក ពិសេសសណ្តែកសៀង។ • ធ្វើការហាត់ប្រាណជាប្រចាំ ដោយការដើរ ហែលទឹក លើកដៃលើកជើង ១ថ្ងៃ៣០នាទី ជាការសមរម្យ ហើយចៀសវាងនូវលំហាត់ប្រាណណាដែលមានលក្ខណៈហក់លោតខ្លាំងពេក។ • ការប្រើប្រាស់នូវសារជាតិប្រៃ ស្ករ ខ្លាញ់ត្រូវមានកម្រិតកំណត់ រីឯកាហ្វេ និងសូកូឡា ក៏គួរចៀសវាង ពិសេសអ្នកក្រិនថ្លើមខ្លាំង។ មិនតែប៉ុណ្ណោះ អ្នកជំងឺត្រូវចេះព្យាបាលស្រេ្តស (stress) ដោយខ្លួនឯងដូចជា ការធ្វើសមាធិ  ពិសាសារធាតុប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់ ព្រមទាំងកាត់បន្ថយនូវការងារធ្ងន់ៗមួយចំនួន។   ផលវិបាកចំពោះអ្នកជំងឺ  ករណីមិនដឹងខ្លួនឬមិនទៅជួបគ្រូពេទ្យឲ្យបានទាន់ពេលវេលាអ្នកជំងឺនឹងបន្តការវិវឌ្ឍន៍ដល់ដំណាក់កាលក្រិនថ្លើម មានដុំមហារីកនៅថ្លើម អ្នកជំងឺនឹងហេវហត់  ស្គម មានសរសៃឈាមតូចៗនៅដើមទ្រូង អាចមានទាចទឹកប៉ោងពោះ លឿងភ្នែក ទឹកនោមលឿង ឆ្អល់ក្រពះជាប្រចាំ ធ្លាយសរសៃឈាមក្នុងបំពង់អាហារ (ក្រពះ បំពង់ក ពោះវៀន) បណ្តាលឲ្យក្អួតឈាមស្លាប់។ ចំពោះដំណាក់កាលចុងក្រោយបំផុត អ្នកជំងឺអាចនិយាយវង្វេងវង្វាន់ ដេកមិនលក់ សន្លប់ ម្រាមដៃញ័រស្លាប់តែម្តងដោយសារជាតិពុលឡើងពេញខ្លួន។   សម្រាប់ការយល់ដឹងបន្ថែម លោកអ្នកអាចសាកសួរបន្ថែមពីលោកសាស្រ្តាចារ្យផ្ទាល់ ៖ លេខទូរស័ព្ទ ០១២ ៨០៩ ២៨០ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

តើអ្នកបានយល់ដឹងអ្វីខ្លះហើយអំពី«ជំងឺថ្លើម»? ដើម្បីឲ្យមិត្តអ្នកអានអាចស្វែងយល់ពីជំងឺថ្លើមតាមប្រភេទ និងវ៉ាក់សាំងសម្រាប់ជំងឺនេះផងនោះ ក្រុមការងារក៏បានរៀបចំធ្វើការប្រមូលផ្តុំអត្ថបទដែលជាប់ពាក់ព័ន្ធទាំងអស់ជូននៅខាងក្រោមនេះតែម្តង ៖  ជំងឺរលាកថ្លើមប្រភេទAមិនធ្ងន់ធ្ងរតែស្រួចស្រាវ ជាប្រភេទមួយនៃជំងឺរលាកថ្លើមដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទA (HAV) ដែលស្ថិតក្នុងក្រុមវីរុស RNA ដែលបណ្តាលឲ្យមានជំងឺរលាកថ្លើម តែវានឹងជាទៅវិញដោយឯកឯងចំពោះបុគ្គលដែលមានសុខភាពមាំមួន មិនតែប៉ុណ្ណោះប្រព័ន្ធការពាររបស់យើងនឹងបង្កើតជាអង្គបដិបក្ខដោយខ្លួនឯង ដើម្បីទប់ស្កាត់ការចម្លងរោគនៅពេលក្រោយ… លោកឧកញ៉ាសាស្រ្តាចារ្យវេជ្ជបណ្ឌិត តាន់ គីមមេង នាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្ត្រ HOPE  ក៏បានបកស្រាយលើឃ្លាដែលគេបានលើកឡើងថា “ទឹកដូងអាចព្យាបាលជំងឺរលាកថ្លើមប្រភេទA” ថា…   រលាកថ្លើមប្រភេទ B៖ ប្រឈមមុខខ្ពស់នៅតំបន់អាស៊ី លោកវេជ្ជបណ្ឌិត សុខ ហ៊ាង ឯកទេសក្រពះ ពោះវៀន ថ្លើមនៃមន្ទីរពេទ្យព្រះកុសុមៈ បានឲ្យនិយមន័យ ជំងឺរលាកថ្លើមប្រភេទB ជាជំងឺដែលបង្កឲ្យថ្លើមរលាកតាមរយៈវីរុសរលាកថ្លើមប្រភេទ B ដែល ស្ថិតនៅក្នុងក្រុម Hepadnaviruses ដែលជាប្រភេទវីរុសផ្គុំឡើងពីខ្សែ DNA ហើយមានទំហំ៤២ណាណូម៉ែត្រ ប្រហាក់ប្រហែលនឹងមេរោគអេដស៍។ លោកបានបន្តថា អត្រាឆ្លងមេរោគរលាកថ្លើមប្រភេទ B គឺខ្ពស់ជាងមេរោគអេដស៍ ១០០% ព្រោះមេរោគនេះអាចស្ថិតនៅមជ្ឈដ្ឋានខាងក្រៅ៧ថ្ងៃ ដូចនេះវាអាចឆ្លងទៅមនុស្សដទៃបានយ៉ាងងាយ។ មេរោគនេះ ត្រូវបានចម្លងទៅតាមការប៉ះពាល់ឈាមមានដូចជា… ជំងឺរលាកថ្លើមប្រភេទ C ជាទូទៅ ជំងឺរលាកថ្លើមប្រភេទសេឆ្លងតាមរយៈ ៖ ការប្រើប្រាស់របស់មុតស្រួច ដែលប្រលាក់ឈាមអ្នកជំងឺដែលផ្ទុកវីរុសប្រភេទសេនេះ និង ការរួមភេទដែលមានដៃគូច្រើនដោយមិនបានប្រើប្រាស់ស្រោមអនាម័យជាដើម ហើយវីរុសនេះមិនឆ្លងតាមការប្រាស្រ័យទាក់ទងគ្នានោះទេ ចំណែកឯការបរិភោគអាហារជាមួយគ្នាក៏មិនអាចបណ្តាលអោយឆ្លងដែរ។ ស្វែងយល់បន្ថែមពីជំងឺនេះជាមួយលោកវេជ្ជបណ្ឌិតឯកទេស ហាក់ ចាន់ភក្តី ឯកទេសថ្លើម ក្រពះ ពោះវៀន និងឬសដូងបាតនៃគ្លីនិកឯកទេសអេគីប។ ជំងឺរលាកថ្លើមប្រភេទE អាចវិវឌ្ឍទៅជារលាកថ្លើមរ៉ាំរ៉ៃឬទេ? វាបណ្ដាលមកពីវីរុសរលាកថ្លើមប្រភេទ E ប៉ុន្តែមិនវិវឌ្ឍទៅជាជំងឺរលាកថ្លើមធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃនោះទេ ដែលមានលក្ខណៈខុសពីជំងឺរលាកថ្លើមប្រភេទB និងC ហើយវាអាចនឹងជាសះស្បើយទៅវិញក្នុងរយៈពេលពី២ទៅ៣ខែដោយពុំចាំបាច់ទទួលការព្យាបាល។ អ្នកស្រីវេជ្ជបណ្ឌិត វង ច័ន្ទលីណា គ្រូពេទ្យឯកទេសក្រពះ ពោះវៀន ថ្លើម និងឫសដូងបាតនៃមន្ទីរពេទ្យកាល់ម៉ែត ហើយក៏ជាសាស្រ្ដាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាលបានបញ្ជាក់ថា «ទោះបីវាគ្មានភាពកាចសាហាវហើយករណីអាចមានតែ៥%ដែលអាចនឹងវិវឌ្ឍទៅជាជំងឺរលួយថ្លើម យើងក៏ត្រូវ…» អ្វីដែលត្រូវស្វែងយល់ពីតេស្តរកមេរោគរលាកថ្លើម តាមប្រសាសន៍របស់ឱសថបណ្ឌិតឯកទេសវេជ្ជជីវសាស្រ្ត តោ ពើទី «ការធ្វើតេស្តរកមេរោគថ្លើម គឺជាការរាវរកវត្តមាននៃមេរោគថ្លើមនៅក្នុងឈាមរួមជាមួយវត្តមាននៃអង់ទីក័រប្រឆាំងនឹងមេរោគផងដែរ។» តេស្តសម្រាប់មេរោគនីមួយៗ គឺមានលក្ខណៈខុសៗពីគ្នាដែលមានបង្ហាញយ៉ាងច្បាស់នៅក្នុងអត្ថបទ ដែលក្នុងនោះ គាត់ក៏បានលើកឡើងអីភាពចាំបាច់នៃការធ្វើតេស្តនេះផងដែរ។ ករណីសិក្សាលើជំងឺរលាកថ្លើម ៣ករណីសិក្សាត្រូវបានលើកឡើង និងបកស្រាយដោយវេជ្ជបណ្ឌិតជំនាញ ដើម្បីស្រាយចម្ងល់ដល់មិត្តអ្នកអានជាអ្នកដែលជួបប្រទះនឹងបញ្ហាផ្ទាល់ ក៏ដូចជាចំណេះដឹងសម្រាប់អ្នកចង់សិក្សាស្វែងយល់។  REGORAFENIB ឱសថថ្មីសម្រាប់មហារីកថ្លើម ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ “ជម្រើសនៃការព្យាបាល មហារីកថ្លើម នៅមានកម្រិត ហើយវាជាលើកទី ១ ដែល FDA បានយល់ស្របឲ្យមានការប្រើប្រាស់ថ្នាំ Regorafenib លើអ្នកជំងឺមហារីកថ្លើម ក្នុងករណីដែលអ្នកជំងឺ មានភាពស៊ាំទៅនឹងឱសថ Sorafenib” នេះបើតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Richard Pazdur ប្រធានផលិតផល ផ្នែកលោហិតសាស្រ្ត និងជំងឺមហារីក ប្រចាំមជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវឱសថរបស់ FDA… Sofosbuvir ឱសថថ្មីព្យាបាលជំងឺរលាកថ្លើមប្រភេទC ជំងឺរលាកថ្លើមប្រភេទC ជាជំងឺរលាកថ្លើមមួយប្រភេទដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទC។ ជំងឺនេះត្រូវបានគេដឹងថាមិនមានវ៉ាក់សាំងចាក់ សម្រាប់បង្ការការកើតជំងឺនេះឡើយ។ ម្យ៉ាងវិញទៀត នេះក៏ជាជំងឺដែលពិបាកក្នុងការព្យាបាលឲ្យជាផងដែរ។ យ៉ាងណាមិញ ឱសថថ្មីត្រូវបានរកឃើញ និងអាចព្យាបាលជំងឺនេះ ដោយគ្រាន់តែលេបក្នុងមួយថ្ងៃតែម្តងប៉ុណ្ណោះ។ Sofosbuvir គឺជាថ្នាំប្រើលេបតាមមាត់ដែលជាឱសថអសកម្ម (Prodrug) ប្រភេទនុយក្លេអូទីត មានប្រសិទ្ធភាពប្រឆាំងនឹងអង់ស៊ីមNS5B polmerase នៃវីរុសរលាកថ្លើមប្រភេទC។ ថ្នាំនេះ ត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក សហព័ន្ធអឺរ៉ុប ប្រទេសកាណាដា និងតំបន់ផ្សេងទៀត ថាជាថ្នាំសម្រាប់ព្យាបាលជំងឺរលាកថ្លើមប្រភេទC… ថ្នាំ Mavyret សម្រាប់ជំងឺរលាកថ្លើម C ក្រោមការសម្រេចពីFDA Mavyret ជាឱសថរួមបញ្ចូលពី glecaprevir និង  pibrentasvir ត្រូវបានប្រើប្រាស់រយៈពេល ៨សប្តាហ៍ដំបូងក្នុងការព្យាបាលជំងឺរលាកថ្លើម C ក៏ដូចជាចំពោះអ្នកជំងឺមានបញ្ហាតម្រងនោមកម្រិតមធ្យម ឬធ្ងន់ធ្ងរ និងអ្នកកំពុងទទួលការព្យាបាលដោយការលាងឈាម។ ប្រសិទ្ធភាព និងសុវត្ថិភាពរបស់ឱសថ Mavyret បានមកពីការសិក្សាស្រាវជ្រាវដោយមានការចូលរួមពីមនុស្សពេញវ័យប្រមាណ ២,៣០០ នាក់ដែលបានឆ្លងនូវជំងឺរលាកថ្លើម C (HCV) ប្រភេទហ្សែន (genotype) ១, ២, ៣, ៤, ៥ និង៦… កំណត់សម្គាល់ ៖ សូមចុចលើចំណងជើង ដើម្បីអានអត្ថបទពេញ... © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ ខ្ញុំបាទ អាយុ ៦០ឆ្នាំ រស់នៅខេត្តព្រះសីហនុ។ កូនខ្ញុំទិញទឹកដោះគោម្សៅសម្រាប់មនុស្សចាស់ឲ្យខ្ញុំផឹក ប៉ុន្តែឲ្យតែខ្ញុំផឹកទឹកដោះគោនោះម្តងៗស្រាប់តែរាកតែម្តង។ តើនេះបណ្តាលមកពីហេតុអ្វីដែរ?   ចម្លើយ ៖ ករណីនេះបណ្តាលមកពីការមិនត្រូវធាតុចំពោះសារធាតុណាមួយ។ ប្រសិនបើលោករាកតែពេលផឹកទឹកដោះគោមួយប្រភេទនេះទេ នោះប្រហែលជាលោកមានប្រតិកម្មជាមួយធាតុផ្សំណាមួយរបស់ផលិតផលមួយនេះហើយ។ ដូចនេះ លោកគ្រាន់តែចៀសវាងមិនផឹកទឹកដោះគោប្រភេទនេះទៅបានហើយ។  ប៉ុន្តែប្រសិនបើ លោករាករាល់ពេលផឹកទឹកដោះគោគ្រប់ប្រភេទ នោះបញ្ជាក់ថាលោកមានប្រតិកម្មជាមួយឡាក់តូសហើយ។ ដូចនេះ លោកត្រូវចៀសវាងពីការផឹកទឹកដោះគោ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

+ ការទល់លាមក ឬ ការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា ។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និង ផ្នែកអារម្មណ៍ផងដែរ ។ + ជម្ងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះគឺមានកត្តា និង មូលហេតុជាច្រើនទៀតដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និង ពិនិត្យរុករកឫសគុលដែលបង្ករអោយមានជាជំងឺនេះកើតឡើងមកបាន ឧទាហរណ៍ដូចជា ការឆ្លុះក្រពះ, ការធ្វើអេកូពោះ, ការធ្វើតេសឈាម ជាដើម ......។ + មូលហេតុដែលអាចបង្កអោយមានបញ្ហាទល់លាមកនេះកើតឡើង មានដូចជា:  - ជម្ងឺដុំសាច់ដុះនៅក្នុងពោះវៀនធំ (ជាពិសេសជម្ងឺមហារីកពោះវៀនធំ)  - ជម្ងឺខ្សោយពោះវៀនធំ (Irritable bowel syndrome)  - ជម្ងឺខ្សោយក្រពេញមេអំបៅ នៅបំពុងក (Hypothyroidism)  - ជម្ងឺរលាកពោះវៀនធំរាំរៃ  - គេប្រើប្រាស់ថ្នាំពេទ្យមួយចំនួន (Morphine or Amitriptyline.....)  - និង មានជំងឺប្រចាំរាងកាយផ្សេងៗទៀត ដូចជា ទឹកនោមផ្អែម, Stroke, Sclerodermie និង ជម្ងឺដែលបណ្តាលអោយខូច ឫ ខ្សោយនៃប្រពន្ធ័បញ្ជារបស់ចលនារបស់ពោះវៀនធំ ។ល។ + កត្តាដែលរួមផ្សំផ្សេងៗក៏មានដូចជា :  - ការគិតច្រើន ឬ Stress និង ពិបាកចិត្តច្រើន សំពាធការងារ និង ការរស់នៅប្រចាំថ្ងៃ  - ការបរិភោគអាហារមិនបានត្រឹមត្រូវ (ខ្វះជាតិសរសៃរ Fiber និង ការហូបទឹកមិនបានគ្រប់គ្រាន់ ......)  - មិនបានធ្វើលំហាត់ប្រាណបានគ្រប់គ្រាន់ .....។ + ផលវិបាកនៃជម្ងឺទល់លាមក :  - អាចបង្កទៅជាជម្ងឺឫសដូងបាទ ដែលអាចបង្កអោយមានការឈឺចុកចាប់ ឆ្លាក់ឈាម...  - អាចអោយមានការដាច់រហែកភ្នាសរបស់បាទ និង បង្កជាការធ្លាក់ឈាម និង មានការឈឺចាប់ពេលបន្ទោរបង់  - បើសិនជាមានការទល់លាមកនេះមានការរាំរ៉ៃយូរវាក៏អាចបណ្តាលអោយទៅជាបញ្ហាខ្សោយពោះវៀនធំ និង ជាការប្រឈមមុខទៅនឹងជម្ងឺមហារីកពោះវៀនធំផងដែរ ។ ជាការផ្ដាំផ្ញើរចុងក្រោយនេះ គឺយើងទាំងអស់គ្នាអាចជៀសវាង និង កាត់បន្ថយបញ្ហាមួយនេះបានដោយការកែប្រែរបៀបរស់នៅប្រចាំថ្ងៃ (កាត់បន្ថយការ Stress និង គិតពិបាកចិត្តច្រើន, របបអាហារត្រឹមត្រូវ និង ធ្វើលំហាត់ប្រាណបានទៀតទាត់ .......) ។ ក្នុងករណីធ្ងន់ធ្ងរដូចជា ការទល់លាមកលើសពី 2 ថ្ងៃឡើងទៅ, មានការស្រកចុះទម្ងន់លឿន និង ខុសពីធម្មតា, មានការស្លេកស្លាំង, មានការធ្លាក់ឈាមពេលបន្ទោរបង់ និង មានការឈឺចុកចាប់ក្នុងពោះរាំរ៉ៃ ។ល។ ដូចនេះបើសិនជាមានបញ្ហារទាំងអស់ដូចបានរាបរាប់ខាងលើ ជាចំបាច់គឺត្រូវតែមកធ្វើការ ពិគ្រោះ និង ពិនិត្យ​ជាមួយ​វេជ្ជ​បណ្ឌិតឯកទេសជំនាញ គឺជាការល្អ និង ដើម្បីបង្ការសភាពធ្ងន់ធ្ងរ និង គ្រោះថ្នាក់ដល់អាយុជីវិតយើងបាន ។ ជាពិសេសគឺសំខាន់បំផុតសំរាប់អ្នកជម្ងឺមានវយ័ចាស់ អាយុលើសពី 45ឆ្នាំ ឡើងទៅ ។ គ្លីនិក អេគីប ឯកទេសជម្ងឺក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត អាស័យដ្ធាន​​​៖ ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់​​ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ យើងខ្ញុំ និងរង់ចាំទទួលស្វាគមន៍ និង ព្យាបាលពុកម៉ែបងប្អូនទាំងអស់គ្នាយ៉ាងរួសរាយរាក់ទាក់​​ ។ ទំនាក់ទំនងមកកាន់យើងខ្ញុំសំរាប់ពត៌មានបន្ថែម : Tel : 066/ 070/ 017- 553317 សូមអគុណ

ចែករំលែក

បញ្ហាសុខភាពមួយចំនួន អាចនឹងរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។ ជំងឺឫសដូងបាត ក៏ជាផ្នែកមួយនៃបញ្ហាទាំងនេះដែរ។ ពេលជំងឺឫសដូងបាតចាប់ផ្តើមកើតឡើង អ្នកប្រហែលជាពិបាកទ្រាំ ហើយកើតស្រ្តេសក្នុងអារម្មណ៍ជាមិនខានឡើយ។ តើជំងឺឫសដូងបាតគឺជាអ្វី? ឫសដូងបាត គឺជាការរលាកទៅលើបណ្តុំជាលិកានៅក្នុងរន្ធគូថ ដែលមានដូចជា សាច់ដុំ សរសៃឈាម និងសរសៃតូចៗនៅក្បែរៗនោះ។ ពេលការរលាកចាប់ផ្តើមកើតមានឡើងទៅលើបណ្តុំជាលិកាទាំងនេះគេហៅថា វាជំងឺឫសដូងបាត ហើយវាអាចកើតមាននៅខាងក្នុង និងខាងក្រៅរន្ធគូថ។ ក្នុងករណីខ្លះ ការប្រើប្រាស់ថ្នាំមិនអាចទប់ស្កាត់ផលវិបាក ឬព្យាបាលវាឲ្យជាសះស្បើយនោះឡើយដូច្នេះ អ្នកជំងឺត្រូវការញ៉ាំទឹក និងអាហារសំបូរជាតិសរសៃបន្ថែមដើម្បីសម្រួលដល់ការបន្ទោរបង់។ ក្នុងករណីខ្លះទៀតការវះកាត់ គឺជាជម្រើសចុងក្រោយ និងតែមួយគត់ដើម្បីដោះស្រាយបញ្ហាមួយនេះ។ ធ្វើដូចម្តេចទើបអាចដឹងថា អ្នកមានជំងឺឬសដូងបាតហើយមិនច្រឡំទៅនឹងជំងឺរន្ធគូថផ្សេងៗទៀត? 1. សញ្ញាដំបូង គឺការលេចឈាមនៅក្នុងលាមករបស់អ្នក ដោយសារតែការដាច់រលាត់បណ្តុំជាលិការន្ធគូថ 2. ពិបាកបត់ជើង មានន័យថាអ្នកត្រូវប្រឹង ឬចំណាយពេលយូរ ដើម្បីបញ្ចេញលាមកមកក្រៅ 3. លាមកមានសភាពរឹង ហើយត្រូវការពេលយូរថ្ងៃ ទើបអ្នកបត់ជើងម្តង 4. ឈឺក្រហាយរន្ធគូថ ក្រោយពេលបន្ទោរបង់រួច ដោយសារតែការដាច់រលាត់ជាលិការន្ធគូថ 5. វាអាចធ្វើឲ្យអ្នករមាស់រន្ធគូថ ហើម និងឈឺចុកចាប់ 6. ធ្លាក់ជាលិកា ឬដុំសាច់ចេញមកក្រៅ ក្រោយពេលបត់ជើងរួច ហើយវាអាចបាត់ទៅវិញដោយខ្លួនឯង ឬត្រូវការរុញបញ្ចូល។ ជំងឺឬសដូងបាត អាចបង្កផលវិបាក និងកាត់បន្ថយគុណភាពជីវិតរបស់អ្នក ដូច្នេះត្រូវប្រញាប់ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញបើអ្នកមានរោគសញ្ញាដូចខាងលើនេះ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ទឹកអាស៊ីតរបស់ក្រពះដែលធ្វើដំណើរមកបំពងកតាមបំពង់អាហារជារៀងរាល់ថ្ងៃអាចនឹងបង្កឲ្យមានជំងឺជាច្រើនដូចជាមហារីកបំពង់កជាដើម។ ហេតុដូច្នេះ ការការពារគឺជាការចំាបាច់ដែលយើងគួរតែយល់ដឹង។ខាងក្រោមនេះគឺជាវិធីសាស្ត្រ៨យ៉ាងដែលជួយកាត់បន្ថយការហូរចូលនៃទឹកក្រពះមក បំពងក៖ 1. សម្រកទម្ងន់  ការធាត់ជ្រុលបណ្តាលឲ្យទឹកអាស៊ីតក្រពះកើនឡើង ដោយសារសម្ពាធទៅលើពោះរបស់អ្នកអាចរុញទឹកអាស៊ីតឲ្យចូលមកបំពង់ក។ អ្នកគួរតែសម្រកទម្ងន់ ប្រសិនបើអ្នកលើសទម្ងន់ កុំព្យាយាមញ៉ាំច្រើនប្រសិនបើទម្ងន់របស់អ្នកមិនទាន់លើស។          2. ចៀសវាងការបរិភោគអាហារមួយចំនួន  អាហារមានជាតិខ្លាញ់ពេក អាហារហឹរ អាហារមានជាតិអាស៊ីតដូចជា ប៉េងប៉ោះនិងក្រូច ជីអង្កាម សូកូឡា ខ្ទឹមបារាំង កាហ្វេ ឬភេសជ្ជ:មានជាតិកាហ្វេអ៊ីន និងកាបូណាត។           3. បរិភោគអាហារក្នុងបរិមាណតិច  មិនគួរបរិភោគអាហារច្រើនពេកទេព្រោះវានឹងផ្តល់សម្ពាធទៅលើបំពង់អាហារហើយរុញច្រានទឹកអាស៊ីតមកខាងលើ។   4. កុំទទួលដំណេកបន្ទាប់ពីបរិភោគ  ប្រសិនបើអ្នកចង់សម្រាកត្រូវរង់ចាំរយៈពេល ៣ម៉ោងក្រោយពេលបរិភោគអាហារ។ ទំនាញផែនដីអាចជួយក្នុងការទប់ស្កាត់លំហូរទឹកអាស៊ីតក្រពះ នេះបាន។           5. ដំណេកខ្ពស់  នៅពេលគេង លើកខ្នើយអ្នកឲ្យបាន ៦ ទៅ ៨ អ៊ីន។ ទំនាញផែនដីនឹងជួយរក្សាអាស៊ីតក្រពះមិនឲ្យហូរឡើងមកបំពង់ក។   6. ពិនិត្យមើលថ្នាំដែលអ្នកកំពុងតែប្រើប្រាស់  អ្នកគួរតែជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញអំពីបញ្ហានេះ ប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំដូចជា Non-steroidal anti-inflammatory, NSAIDs, Calcium channel blockers (ថ្នាំព្យាបាលជំងឺលើសឈាម) ថ្នាំផ្សះ (antibiotics) ថ្នាំបំបាត់ការឈឺចាប់ ថ្នាំគ្រាប់ជាតិដែក -ល-។   7. បញ្ឈប់ការជក់បារី និងជាតិអាល់កុល  ការសិក្សាថ្មីៗបានបង្ហាញថាជាតិកូកាអ៊ីននៅក្នុងបារី និងស្រាអាចធ្វើឲ្យសាច់ដុំបំពង់អាហារសម្រាកដែលជាហេតុធ្វើឲ្យទឹកមាត់មិនមានលទ្ធភាពសម្អាត អាស៊ីតនៅបំពង់កបានល្អ។           8. ស្លៀកពាក់សម្លៀកបំពាក់ធូរៗ  មិនគួរស្លៀកពាក់តឹងពេកដែល  អាចរឹតសង្កត់ក្រពះ។    ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

“ទឹកដូងអាចព្យាបាលជំងឺរលាកថ្លើមប្រភេទA”។ តើវាពិតដែរទេ? សំណួរនេះតែងមានការជជែកពិភាក្សា ក្នុងចំណោមមហាជនតែធាតុពិតការផឹកទឹកឲ្យបានច្រើនមិនថាទឹកដូង ឬទឹកធម្មតាវាជាប្រការល្អសម្រាប់ថ្លើម តែប្រសិនបើអ្នកជំងឺខ្សោយថ្លើមទៅហើយនោះ ទឹកពុំត្រូវបានណែនាំឲ្យផឹកច្រើននោះទេព្រោះថាអ្នកជំងឺប្រភេទនេះមានការថយចុះនូវសូដ្យូមក្នុងឈាម ដូច្នេះផឹកទឹកច្រើននឹងបណ្តាលឲ្យហើម ឬកាន់តែធ្ងន់ធ្ងរ។ ដោយឡែកមកទល់ពេលបច្ចុប្បន្នផ្នែកវេជ្ជសាស្រ្តពុំទាន់មានឱសថណាអាចសម្លាប់វីរុសរលាកថ្លើមប្រភេទនេះនៅឡើយទេ ដូច្នេះ ការព្យាបាលត្រូវធ្វើឡើងដោយតាមដាននិងបំប៉នថ្លើមក៏ដូចជាសុខភាពរបស់អ្នកជំងឺឲ្យត្រឡប់មកស្ថានភាពប្រក្រតីវិញ ពេលនោះប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺនឹងប្រឆាំងការរីករាលដាលនៃវីរុនេះដោយខ្លួនឯងឬពាក្យចាស់ហៅថា “ហើរ”។  ការចាក់វាក់សាំងបង្ការជាជម្រើសល្អ រួមជាមួយនឹងអនាម័យក្នុងការរស់នៅ ត្រូវណែនាំឲ្យមនុស្សគ្រប់វ័យអនុវត្ត ដើម្បីបង្ការការឆ្លងជំងឺរលាកថ្លើមប្រភេទA។ បកស្រាយដោយ លោកឧកញ៉ាសាស្រ្តាចារ្យវេជ្ជបណ្ឌិត តាន់ គីមមេង នាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្ត្រ HOPE     ស្វែងយល់បន្ថែមពី​ ជំងឺរលាកថ្លើមប្រភេទA ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ចែករំលែក

Q : អ្នកជិតខាងរបស់ខ្ញុំ តែងតែប្រាប់ខ្ញុំឲ្យឆ្លៀតពេលទៅធ្វើការពិនិត្យក្រពះ ពោះវៀន តាមរយៈការឆ្លុះ ដោយសារពួកគេធ្លាប់ស្គាល់អ្នកដែលមានជំងឺទាក់ទងនឹងក្រពះ ពោះវៀនធ្ងន់ធ្ងរ ដោយសារគេបានធ្វេសប្រហែសក្នុងការទៅពិនិត្យសុខភាព។ ខ្ញុំបាទមានការងឿងឆ្ងល់ ហើយចង់សួរលោកវេជ្ជបណ្ឌិតថា តើគួរទៅឆ្លុះក្រពះ ពោះវៀនទេ បើខ្ញុំមិនមានអាការៈ ឬរោគសញ្ញាទាក់ទងនឹង បញ្ហាក្រពះពោះវៀននោះទេ? A : រហូតមកដល់បច្ចុប្បន្ន មិនទាន់មានការចង្អុលបង្ហាញ ឬការណែនាំណាមួយជាលក្ខណៈអន្តរជាតិ ឲ្យធ្វើការឆ្លុះក្រពះ (Endoscopy) ដើម្បីការពារសុខភាពចៀសវាងពីជំងឺ ពិសេសជំងឺមហារីកក្រពះនោះទេ។ ចំណែកឯការឆ្លុះពោះវៀនធំ (Colonoscopy) វិញ មានការណែនាំជាស្ដង់ដារអន្តរជាតិ ដើម្បីឲ្យប្រជាជនទៅឆ្លុះពោះវៀន ដើម្បីពិនិត្យសុខភាព។  នៅប្រទេសអឺរ៉ុប មានការសិក្សាស្រាវជ្រាវ  ដើម្បីតាមដាន និងការពារជំងឺមហារីកពោះវៀនធំដោយធ្វើការឆ្លុះលើប្រជាជនទូទៅ ដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។ ចំណែកឯប្រជាជនដែលមានអត្រាប្រឈមមុខខ្ពស់ដូចជា មានបងប្អូន ឬម្ដាយឪពុកធ្លាប់មានប្រវត្តិជំងឺនេះ គប្បីត្រូវឆ្លុះពោះវៀន នៅអាយុយ៉ាងតិច ១០ ឆ្នាំជាងធៀបទៅនឹងអាយុរបស់អ្នកឈឺ។ តួយ៉ាង ប្រសិនអ្នកជំងឺមានមហារីកពោះវៀនធំ នៅអាយុ ៥០ ឆ្នាំ នោះបងប្អូនរបស់អ្នកជំងឺគួរតែមកឆ្លុះពោះវៀននៅអាយុ ៤០ ឆ្នាំ។ ចំពោះប្រទេសកម្ពុជាយើងវិញ ដោយហេតុថាមហារីកពោះវៀន បានកើតមានឡើងច្រើន បន្ទាប់ពីមហារីកមាត់ស្បូន និងមហារីកសួត ហើយភាគច្រើនស្ដែងចេញជារោគសញ្ញាលុះត្រាតែក្នុងដំណាក់កាលធ្ងន់ធ្ងរ ដូចនេះទើបមានជាការណែនាំជាថ្នាក់ជាតិឲ្យប្រជាជនខ្មែរដែលមានអាយុចាប់ពី ៤៥ ឆ្នាំឡើងទៅ គួរតែទៅពិនិត្យសុខភាពក្រពះ ពោះវៀន ដោយម៉ាស៊ីន អង់ដូស្កុបយ៉ាងតិចមួយឆ្នាំម្ដង។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត សាន ចាន់ណា ឯកទេសជំងឺថ្លើម និងក្រពះ ពោះវៀន បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បញ្ហារំលាយអាហារបានបង្កជាអាការៈមិនប្រក្រតីនៅនឹងពោះដែលកើតឡើងជាញឹកញាប់ចំពោះមនុស្សជាច្រើន និងផ្តល់ការរំខានទាំងស្រាល និងធ្ងន់ធ្ងរ។ មានការលើកឡើងមួយបង្ហាញថាបញ្ហាទាំងនេះងាយនឹងកើតចំពោះស្ត្រីច្រើនជាងបុរសដោយសារតែពួកគេងាយនឹងមានប្រតិកម្មចំពោះចំណីអាហារជាងបុរស ដោយសារដំណើរឡើងចុះរបស់អ័រម៉ូននៅក្នុងខ្លួនមនុស្សស្រី។  យ៉ាងណាមិញ លោក Ron Palmon ដែលជាសាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រ និងជំងឺក្រពះពោះវៀននៅ Mount Sinai Medical Center ឯទីក្រុងញូវយ៉ក មានប្រសាសន៍ថា «វាជាដំណឹងល្អមួយដោយហេតុថាក្រពះជាបញ្ហាមួយទូទៅដែលអាចនឹងកើតមានចំពោះមនុស្សគ្រប់តំបន់ ហេតុនេះហើយព័ត៌មាន ទាក់ទិននឹងបញ្ហានេះក៏មានច្រើនផងដែរ» ។ ដើម្បីជួយដល់សាធារណជនដែលជួបប្រទះនឹងបញ្ហាទាំងនោះ ហេលស៍ថាមសូមនាំមកជូនលោកអ្នកនូវវិធី បង្ការនិងវិធីព្យាបាលដែលសុទ្ធតែបានឆ្លងកាត់ការសាកល្បង និងទទួលស្គាល់ថាមានប្រសិទ្ធភាពដែលលោកអ្នកអាចនឹងអនុវត្តបានដូចខាងក្រោម។ បញ្ហាទល់លាមក វិធីបង្ការ៖  អ្នកគួរទទួលទានអាហារដែលមានជាតិសរសៃ និងម៉ាញេស្យូម ព្រោះវាបង្កើននូវបរិមាណអាហារនៅក្នុងពោះវៀនដែលអាចឲ្យលាមកចេញមក យ៉ាងងាយស្រួល។ លោកវេជ្ជបណ្ឌិត Gerard E. Mulllin នៃសាកលវិទ្យាល័យសុខាភិបាល Johns Hopkins បានលើកឡើងថា «ម៉ាញេស្យូមជា ឱសថធម្មជាតិជួយបន្ធូរសាច់ដុំដែលសម្រួលដល់ការធ្វើចលនា និងការស្រូបយកជាតិទឹកហើយក៏ជួយឲ្យលាមកមានជាតិទឹក»។ ប្រភពនៃសារធាតុ ទាំងនេះមាននៅក្នុង ស្ពីណាច់ (ផ្ទី) ពពួកល្ពៅ ផ្កាស្ពៃបៃតង ពពួកជី និងគ្រាប់អាល់ម៉ុនជាដើម។លោកក៏បានណែនាំឲ្យទទួលទានអាហារបំប៉នផងដែរ ជាពិសេសមុននឹងធ្វើដំណើរតាមរថយន្ត ឬយន្តហោះជាដើម។ ការធ្វើដំណើរអាចបង្កឲ្យមានបញ្ហាទល់លាមកដោយសារតែអ្នកទទួលទានទឹក និងធ្វើ ចលនាចុះឡើងតិចជាងប្រក្រតី។ បន្ថែមពីលើនេះផងដែរ ការប៉ះទៅនឹងទម្រង់ជាច្រើននៃបាក់តេរីនៅក្នុងទឹក និងអាហារ ក៏ធ្វើឲ្យបញ្ហានេះកាន់តែ ធ្ងន់ធ្ងរផងដែរ។   វិធីព្យាបាល៖ អ្នកអាចប្រើថ្នាំបញ្ចុះតែក្នុងករណីចាំបាច់ប៉ុណ្ណោះ (ករណីដែលអ្នកទល់លាមករយៈពេល៣ថ្ងៃ ឬលើសពីនេះ)។ លោក Palmon ក៏បានថ្លែងទាក់ទិននឹង បញ្ហានេះផងដែរថា «ដោយសារតែវាប៉ះទង្គិចដល់ចង្វាក់នៅក្នុងសារពាង្គកាយ ដូច្នេះហើយអ្នកគួរប្រើប្រាស់វាតែម្តងបានហើយមិនអញ្ចឹងទេ លោកអ្នក នឹងត្រូវប្រឈមនឹងបញ្ហានេះជាអចិន្ត្រៃយ៍មិនខាន»។ លោកក៏បានណែនាំឲ្យប្រើប្រាស់ថ្នាំបញ្ចុះដូចជា MiraLAX ដែលមានកម្រិតស្រាល និងមិនមាន រសជាតិ។ វានឹងសម្រួលដល់ពោះវៀន និងធ្វើឲ្យសារធាតុផ្សេងៗហូរបានយ៉ាងស្រួល។ អ្នកក៏អាចប្រើប្រាស់ Mineral Oil ឬ Flaxseed oil (សម្បូរដោយ ជាតិសរសៃ) ដែលជាឱសថធម្មជាតិដ៏សក្តិសិទ្ធិដែលជួយសម្រួលដល់ពោះវៀន។ ទទួលទាន ១ ទៅ ២ ស្លាបព្រាបាយមុនពេលចូលគេងពេលក្រពះទទេ ដើម្បីចៀសវាងការប៉ះពាល់ជាមួយនឹងអាហារ ឬឱសថផ្សេងទៀត។ បន្ទាប់ពីនោះអ្នក គួរទទួលទានទឹក ឬទឹកផ្លែឈើមួយកែវពីក្រោយ។ ជម្រើសផ្សេងៗ៖ ការទទួលទានទឹកតែ Dandelion (ដែលអាចរកជាវបាននៅហាងលក់ទំនិញសុខភាព) ដើម្បីជួយសម្រួលដល់ដំណើររំលាយអាហារ និងសម្រាលដល់អាការៈទល់លាមក ឬ អ្នកអាចទទួលទានទឹកបន្ទាលកន្ទុយក្រពើ (វាមានរសជាតិផ្សេងៗពីគ្នា)​ ព្រោះវាជួយបន្ថយកម្រិតជាតិអាស៊ីត នៅក្នុងក្រពះ និងជាឱសថធម្មជាតិមួយទៀតដែលជួយបង្កើនល្បឿនមុខងារនៃពោះវៀន។ ការម៉ាស្សាលើក្បាលពោះ (ជាពិសេសពីលើចុះក្រោម) រយៈពេលពី ២ ទៅ ៣នាទីក៏ចូលរួមចំណែកដោះស្រាយបញ្ហានេះផងដែរ។ អ្នកក៏អាចធ្វើការរឹតផ្នែកខាងៗនៃជើងរបស់អ្នក ដែលចលនានេះជួយដល់ចំណុច នៅក្នុងប្រព័ន្ធទឹករងៃដែលពាក់ព័ន្ធទៅនឹងចលនានៃពោះវៀនធំ។ រាគ វិធីបង្ការ ៖ ទទួលទានអាហារដែលមិនមានជាតិស្ករក្នុងបរិមាណតិច។ ស្ករគ្រាប់ ឬផលិតផលដែលមានជាតិផ្អែមជាពិសេស Mannitol និង Sorbitol មានឥទ្ធិពល ជាថ្នាំបញ្ចុះពេលដែលត្រូវបានទទួលទានក្នុងបរិមាណច្រើន។ ចៀសវាងជាតិកាហ្វេអ៊ីន និងកាត់បន្ថយស្រ្តេសក៏មានចំណែកផងដែរ ដោយសារតែវាជួយ​ សម្រួលដល់ពោះវៀននិងដំណើរនៃការរំលាយអាហារ។   វិធីព្យាបាល ៖ ទទួលទានចេក បាយ ផ្លែប៉ោម ដែលគេយកមកស្ងោរ ហើយកិនឲ្យម៉ត់ដូចបបរ និងនំប៉័ងអាំងដែលសុទ្ធតែជាប្រភេទអាហារដែលងាយរំលាយ។ អ្នក ក៏អាចប្រើប្រាស់ឱសថដែលអាចទិញបានដោយមិនត្រូវការវេជ្ជបញ្ជា ដូចជា lmodium (lopearamide) ដែលបន្ថយល្បឿនកន្រ្តាក់នៃពោះវៀន ឬ Pepto-Bismol ដែលគ្របដណ្តប់ក្រពះ និងការពារវាពីប្រការរំខានផ្សេងៗ។ ជម្រើសផ្សេង ៖ សាកល្បងប្រើប្រាស់អាហារបំប៉ន Melatonin ដែលជាថ្នាំដ៏មានប្រសិទ្ធភាពក្នុងការជួយឲ្យគេងលក់ ហើយវាក៏ជួយសម្រួលដល់អាការៈរាគផង ដែរ នេះប្រហែលមកពីវាធ្វើឲ្យក្រពះស្ងប់ ហើយរៀបចំប្រព័ន្ធនៅក្នុងរាងកាយត្រៀមរួចរាល់សម្រាប់ទទួលទានដំណេក។ ទឹកតែ ឬស្រាក្រហមក្នុង បរិមាណ ១ ទៅ ២ កែវក៏អាចជួយផងដែរ ដោយសារតែជាតិ Tannins និង​ flavonoids ដែលមាននៅក្នុងភេសជ្ជៈទាំងពីរមុខនេះជួយបន្ថយល្បឿនប្រតិកម្ម នៃពោះវៀន និងតតាំងប្រឆាំងនឹងពពួកមីក្រុបដែលបង្កជាជំងឺរាគផងដែរ។ អ្នកក៏គួរទទួលទានទឹកឲ្យបានច្រើន ប៉ុន្តែអ្នកគួរចៀសវាងភេសជ្ជៈដែលមាន ជាតិផ្អែមដោយសារតែពេលដែលសារពាង្គកាយយើងស្រូបយកជាតិស្ករនោះវានឹងធ្វើឲ្យក្រពះរបស់យើងបញ្ចេញទឹកច្រើនជាងពេលដែលទទួលទានអាហារផ្សេង នេះបើយោងតាមប្រសាសន៍របស់លោក Ashley Koff។ ជម្រើសដែលល្អបំផុត គឺទឹកបរិសុទ្ធ ទឹកដូង ឬទឹកតែ ដែលសុទ្ធតែជាប្រភពនៃ អេឡិចត្រូលីត។ អាការៈរកកលចង់ក្អួត វិធីបង្ការ ៖ ប្រសិនបើអ្នកងាយនឹងធីងធោង ឬពុលដោយសារមធ្យោបាយធ្វើដំណើរនោះ អ្នកអាចទទួលទាន Dramamine ឬ Benadryl មុននឹងធ្វើដំណើរ ដោយសារតែ វាអាចប្រឆាំងនឹងសារធាតុដែលបង្កឲ្យមានប្រតិកម្មក្នុងសារពាង្គកាយ និងធ្វើឲ្យខួរក្បាលរបស់អ្នកផ្លាស់ប្តូរផ្នត់គំនិតទៅលើការផ្លាស់ទី។ អ្នកគួរទទួលទានអាហារដែលត្រជាក់ ព្រោះកម្តៅអាចនឹងធ្វើឲ្យអាហារមានក្លិនឈួល។ រសជាតិអាហារដែលនៅជាប់យូរនឹងធ្វើឲ្យក្រពះរបស់អ្នកពិបាក ក្នុងការទប់ស្កាត់អាការៈនេះ ដូច្នេះហើយអ្នកគួរធ្វើការទទួលទានទឹក ឬសម្អាតមាត់ធ្មេញក្រោយពេលទទួលទានអាហារហើយ។ ការ៉េមដែលធ្វើពីការដាក់ ផ្លែឈើឲ្យកកក៏ជាជម្រើសមួយ ដ៏ល្អផងដែរព្រោះជាតិកាបូអ៊ីដ្រាតងាយនឹងរំលាយហើយសារធាតុរាវដែលត្រជាក់ក៏ធ្វើឲ្យដំណើរធ្លាក់ចុះមកក្រោមរលូន ផងដែរ។   វិធីព្យាបាល៖ ព្យាយាមរកអាហារ និងភេសជ្ជៈសម្រាប់ទទួលទានព្រោះថាក្រពះទទេដែលមិនមានអ្វីសោះសម្រាប់ស្រូបយកទឹកអាស៊ីតបណ្តាលឲ្យអាការៈកាន់តែធ្ងន់ធ្ងរ។ ព្យាយាមទទួលទានអាហារតិចតួចរៀងរាល់ ២ ទៅ ៣ ម៉ោងម្តង ហើយគួរទុកនំកញ្ចប់ ឬចំណីខ្លះនៅក្បែរក្បាលដំណេកក្នុងករណីដែលអ្នកឃ្លានពាក់កណ្តាល ឬពេលព្រឹកព្រលឹម។     ជម្រើសផ្សេងៗ៖ សាកទទួលទានខ្ញី ជីអង្កាម ឬអាហារផ្សេងៗដែលមានជាតិជូរ។ ការស្រាវជ្រាវបានបង្ហាញថា ខ្ញី និងជីអង្កាមមានប្រសិទ្ធភាពជាមួយនឹងអាការៈ រកកលចង់ក្អួត ដោយសារការប្រើថ្នាំគីមី និងការមានផ្ទៃពោះ។ ការចាប់ជីពចរក៏មានចំណែកក្នុងការបញ្ឈប់បញ្ហានេះផងដែរ។ លោកវេជ្ជបណ្ឌិត Mullin ក៏បានលើកឡើងថា «យើងមានភស្តុតាងដែលគួរឲ្យទុកចិត្តបានដែលបញ្ជាក់ថា វាពិតជាមានប្រសិទ្ធភាពមែន។ លោកក៏បានណែនាំអំពីទីតាំង៣សំខាន់ ដែលក្នុងនោះមាន៖ មួយនៅកំភួនដៃ (ប្រហែល ២អ៊ីងពីផ្នត់ដៃមកកាន់ដើមដៃ) មួយទៀតនៅចន្លោះមេដៃ និងដៃចង្អុល (នៅខាងខ្នងដៃ) និងមួយទៀត នៅចន្លោះសរសៃពួរសាច់ដុំនៃម្រាមជើងទីពីរ និងទីបី។ ចំណាយពេលប្រមាណពី ៣ ទៅ ៥នាទីសម្រាប់ទីតាំងនីមួយៗ។ ក្រហាយទ្រូង វិធីបង្ការ ៖  ផ្លាស់ប្តូរទម្លាប់នៃការទទួលទានអាហាររបស់អ្នកប្រសិនបើធ្លាប់ទទួលទានអាហារតែ ៣ពេលហើយច្រើនៗ អ្នកអាចរំលែកវាជា ៥ពេលតូចៗវិញ ដើម្បី ចៀសវាងការដាក់សម្ពាធច្រើនជ្រុលទៅលើក្រពះដែលអាចនឹងរុញច្រានអាស៊ីតឡើងទៅលើបំពង់អាហារ។ ប្រសិនបើអ្នកកើតមានអាការៈបែបនេះ ញឹកញាប់ អ្នកក៏គួរចៀសវាងជីអង្កាម សូកូឡា ជាតិកាហ្វេអ៊ីន និងជាតិអាល់កុល។ ម្យ៉ាងអ្នកក៏គួរចៀសវាងប្រភេទអាហារដែលចម្អិនដោយប្រើកម្តៅខ្លាំង ហើយប្រើប្រាស់ប័រ និងសាច់ច្រើន ព្រោះអាហារប្រភេទទាំងនេះត្រូវការពេលវេលាច្រើនក្នុងការរំលាយហើយក៏អាចបង្កការរំខានដល់ស្រទាប់ខាងក្នុងរបស់ ក្រពះផងដែរ។ គ្រឿងផ្សំដែលមិនបង្កឲ្យមានអាការៈនេះរួមមាន ពពួកជី រមៀត ផ្កាច័ន្ទ ក្រវាញ ជាដើម។ វិធីព្យាបាល ៖ ទទួលទានឱសថប្រភេទ Antacid (ថ្នាំដែលគ្រប់គ្រងជាតិអាស៊ីតនៅក្នុងក្រពះ) សម្រាប់ប្រភេទជាអង្គធាតុរាវ (Mylanta, Maalox) ដែលបំបែក ជាតិអាស៊ីតបានលឿនជាង ប៉ុន្តែប្រភេទដែលអាចទំពារបាន (Tums) មានប្រសិទ្ធភាពបានយូរជាង។ មនុស្សភាគច្រើននិយមប្រើប្រាស់ AlkaSeltzer តែវាមិនមែនជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានដំបៅ ឬដុំមហារីកនិងអ្នកដែលកំពុងប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដោយសារតែវាមានផ្ទុកអាស្ពីរីន។ ក្នុងករណីដែលអ្នកកើតមានបញ្ហានេះ ជាញឹកញាប់ ឬធ្ងន់ធ្ងរនោះអ្នកគួរសាកល្បងប្រើថ្នាំដែលបង្ខាំងវត្ថុក្នុងខ្លួនដែលបង្កឲ្យមានប្រតិកម្ម (ដូចជា Pepcid AC) ដែលជួយកាត់បន្ថយទឹកអាស៊ីតក្រពះដោយការបំបាត់សារធាតុដែលផ្តល់សញ្ញាអំពីប្រតិកម្មនោះ។ ជម្រើសផ្សេងៗ ៖ Licorice ជាប្រភេទឱសថដែលពេញនិយមកាលពីសម័យមុនហើយការសិក្សានាពេលថ្មីៗនេះក៏បានបង្ហាញដែរថាវាប្រឆាំងនឹងការរលាកដែលជួយពង្រីក ដល់ប្រព័ន្ធរំលាយអាហារ។ ប្រសិនបើអ្នកសាកល្បងវា អ្នកត្រូវប្រើប្រាស់ថ្នំាំគ្រាប់ DGL។ វាមិនផ្ទុកនូវសារធាតុផ្សំដែលបង្កើនបរិមាណទឹក និងសម្ពាធឈាម ឡើយ។ បន្ថែមពីលើនេះផងដែរទាំង ឬសផ្កាត្របែកព្រៃម្យ៉ាងដែលមានឈ្មោះថា Marshmallow និង elm ក៏ជាឱសថសម្រួលអាការៈនេះផងដែរ ដោយវាគ្របដណ្តប់ និងសម្រួលដល់បំពង់អាហារ។ លើសពីនេះទៅទៀត អ្នកគួរកាត់បន្ថយការពត់ពែនខ្លួន និងរាល់ពេលដែលអ្នកទម្រេតខ្លួនសម្រាក ឬគេង អ្នកត្រូវកល់ខ្នើយប្រហែល ៦អ៊ីង (ប្រហែល១៥​ សង់ទីម៉ែត្រ)។ អ្នកក៏គួរបញ្ឈប់ការទទួលទានអាហារផ្សេងៗ យ៉ាងហោចណាស់ ២ ម៉ោងមុននឹង ចូលគេងដើម្បីឲ្យក្រពះទទេស្អាតពេលដែលអ្នកគេង។ ហើមពោះ វិធីបង្ការ ៖ ដាក់កម្រិតចំពោះការទទួលទានអាហារដែលពិបាកនឹងរំលាយ ដូចជាផលិតផលទឹកដោះគោ ផលិតផលដែលមានជាតិផ្អែមសិប្បនិម្មិត និងបន្លែមួយ ចំនួនដូចជា សណ្តែក ផ្កាស្ពៃបៃតង ខ្ទឹមបារាំង និងស្ពៃក្តោប។ បន្លែទាំងនេះមានផ្ទុកនូវស្ករធម្មជាតិដែលភាសាបច្ចេកទេសហៅថា oligosachharide ដែលពិបាកនឹងបំបែក។ ម្យ៉ាងទៀត អ្នកក៏គួរចៀសវាងប្រភេទភេសជ្ជៈដែលមានជាតិហ្គាសផងដែរ ព្រោះវានឹងបង្កើតជាពពុះខ្យល់នៅក្នុងក្រពះរបស់ អ្នក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏គួរតែប្រុងប្រយ័ត្នចំពោះបរិមាណអំបិលដែលអ្នកទទួលទានផងដែរដោយសារមូលហេតុថាអំបិលបង្កើនជាតិទឹក ហេតុនេះហើយ បរិមានអំបិលក្នុងសារពាង្គកាយកាន់តែច្រើនបរិមាណទឹកក៏ច្រើនផងដែរ។ វិធីព្យាបាល ៖ ប្រើប្រាស់ Gas-X ឬ Mylanta Gas។ វាទាំងពីរមានផ្ទុកនូវសារធាតុផ្សំមួយដែលហៅថា Simethicone ដែលបំបែកពពុះខ្យល់។ អាហារដែលគួរ ទទួលទាន គឺអាហារដែលសម្បូរជាតិសរសៃដូចជាផ្លែប៉ោមជាដើម។ វាបង្កើនបរិមាណអាហារ និងអង្គធាតុរាវក្នុងពោះវៀនដែលអាចឲ្យអាហារធ្វើដំណើរ បានស្រួល។ លោកអ្នកក៏អាចទទួលទានទឹកតៃបៃតង ឬទឹក cranberry ។ ជម្រើសមួយផ្សេងទៀត អ្នកក៏អាចប្រើប្រាស់ Pepper mint capsule ដែលជាឱសថដែលត្រូវបានប្រើប្រាស់សម្រាប់បញ្ហាក្រពះផ្សេងៗ តាំងពីសម័យអេហ្ស៊ីបបុរាណ។ វាមានប្រសិទ្ធភាពក្នុងការសម្រួលដល់សាច់ដុំក្រពះក្នុង បំពង់អាហារ។  លំហាត់ប្រាណក៏ជាមធ្យោបាយមួយផងដែរ (តែត្រូវប្រាកដថាអ្នកមិនហាត់ប្រាណពេលដែលកំពុងឆ្អែត)។ ការធ្វើចលនាចុះឡើងជួយបញ្ចេញ ខ្យល់ ឬហ្គាសដែលលើសចេញពីប្រដាប់រំលាយអាហារ។ ម្យ៉ាងទៀតញើសដែលបែកចេញពេលដែលអ្នកធ្វើលំហាត់ប្រាណ អាចកម្ចាត់ទាំងជាតិអំបិល និងធាតុរាវដែលលើសដែលជួយឲ្យរាងកាយចៀសផុតពីហើម  ឬហើមពោះ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ប្រធានបទ៖ ជំងឺរលាកថ្លេីមប្រភេទ លែងជាបញ្ហាទៀតហេីយសំរាប់ប្រជាជនយេីង   បកស្រាយដោយ៖ វេជ្ជបណ្ឌិតឯកទេស ហាក់ ចាន់ភក្តី ឯកទេសថ្លេីម ក្រពះ ពោះវៀន និងឬសដូងបាត   សំណួរ៖បច្ចុប្បន្នយេីងសង្កេតឃេីញថាបញ្ហាក្រិនថ្លេីមដោយវីរុសរលាកថ្លេីមប្រភេទសេមានច្រេីនគួរអោយកត់សំគាល់ដូច្នោះហេីយខ្ញុំចង់សួរលោកវេជ្ជបណ្ឌិតថា តេីវីរុសរលាកថ្លេីមប្រភេទសេនេះវាឆ្លងតាមវិធីណាខ្លះ? ជាទូទៅជំងឺរលាកថ្លេីមប្រភេទសេ វាឆ្លងតាមរយះ ៖ - តាមការប្រេីប្រាស់របស់មុតស្រួច ដែលប្រលាក់ឈាមអ្នកជំងឺដែលផ្ទុកវីរុសប្រភេទសេនេះ - តាមការរួមភេទដែលមានដៃគូរច្រេីនដោយមិនបានប្រេីប្រាស់ស្រោមអនាម័យជាដេីម សូមបងប្អូនចាំថា វីរុសនេះមិនឆ្លងតាមការប្រាស្រ័យទាក់ទងគ្នានោះទេ ហេីយការបរិភោគអាហារជាមួយគ្នាក៏មិនអាចបណ្តាលអោយឆ្លងដែរ។   សំណួរ៖តេីមានរោគសញ្ញាអ្វីខ្លះដែលធ្វេីអោយយេីងសង្ស័យថាឆ្លងវីរុសរលាកថ្លេីមប្រភេទសេនេះ? ហេីយធ្វេីយ៉ាងណាទេីបយេីងអាចដឹងថាេយីងមានផ្ទុកវីរុសរលាកថ្លេីមនេះទៅ? ចំ ៖ អរគុណសំរាប់សំនួរនេះ ព្រោះថាប្រជាជនយេីងភាគច្រេីនយល់ច្រលំថា បេីមិនមានរោគសញ្ញា ឬមិនឈឺអ្វីទេគាត់មិនចាំបាច់មកពិនិត្យសុខភាពទេ។ នេះជាការយល់ខុសមួយ, យេីងឃេីញថាជំងឺរលាកថ្លេីមប្រភេទសេនេះមួយភាគធំមិនមានរោគសញ្ញាទេ លេីកលែងតែវីរុសនេះឆ្លងចូលមួយរយះធំប្រហែលជាជិត១០ឆ្នាំ ទេីបអាចមានរោគសញ្ញាដូចជាស្បែកឬភ្នែកឡេីងលឿងជាមួយការរម៉ាស់, ស្បែកឆាប់ឡេីងជាំ, មានទាចទឹកជាដេីម។ ដូចនេះដើម្បីដឹងថាយេីងមានផ្ទុកវីរុសរលាកថ្លេីមប្រភេទសេនេះឬអត់យេីងគួរមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស និងធ្វេីតេសឈាមមួយចំនួនដែលមិនសូវជាអស់ថវិការប៉ុន្មានទេដោយយេីងមានសេវាជាកញ្ចប់សំរាប់ពិនិត្យសុខភាពថ្លេីមជូនប្រជាជនយេីងនៅគ្លីនិកអេគីប។   សំណួរ៖សូមអរគុណលោកវេជ្ជបណ្ឌិត, ខ្ញុំមានសំនួរមួយទៀតថាបេីយេីងមានផ្ទុកវីរុសរលាកថ្លេីមប្រភេទសេនេះ តេីយេីងគួរធ្វេីយ៉ាងណាទៀត?  ចំ៖ បាទ ខ្ញុំសូមជំរាបជូនបងប្អូនពូមីងថា បេីយេីងបានដឹងថាមានជំងឺនេះយេីងមិនគួរធ្វេសប្រហេសទេដេីម្បីកុំអោយហួសពេល ព្រោះបេីដល់ដំណាក់កាលក្រិនថ្លេីមការព្យាបាលមានការលំបាន និងមិនអាចវិលល្អដូចដេីម១០០ភាគរយទេ។ អ្វីដែលយេីងត្រូវធ្វេី អ្នកផ្ទុកវីរុសរលាកថ្លេីមប្រភេទសេនេះ គួរតែណាត់ជួបជាមួយវេជ្ជបណ្ឌិតឯកទេសដូចជាយេីងខ្ញុំដេីម្បីពិគ្រោះយោបល់ និងត្រូវធ្វេីតេសអមវេជ្ជសាស្រ្តមួយចំនួនអោយដឹងពីស្ថានភាពថ្លេីម ដេីម្បីត្រៀមការព្យាបាលបានល្អនិងត្រឹមត្រូវ។   សំណួរ៖ចុះការព្យាបាលមានការលំបាកទេ ហេីយការព្យាបាលនោះវាអាចប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់ពួកគាត់ទេ? ចំ៖ មកដល់បច្ចុប្បន្នការព្យាបាលជំងឺរលាកថ្លេីមប្រភេទសេមានងាយស្រួលដោយប្រេីប្រាស់ថ្នាំគ្រាប់រយះពេលពី ៣ ទៅ៦ខែ ដែលមិនសូវមានផលវិបាកដល់អ្នកជំងឺទេ និងមានការជោគជ័យខ្ពស់បេីពួកគាត់បានជួបនិងវេជ្ជបណ្ឌិតឯកទេសត្រឹមត្រូវ ព្រោះពួកយេីងដឹងពីវាច្រេីនជាគេដែលអាចទប់មិនអោយមានការឡប់ឡេីងវិញដែលជាអ្វីដែលអ្នកជំងឺត្រូវការ មិនមែនគ្រាន់តែអស់មេរោគប៉ុណ្ណោះទេ។   សំណួរ៖ជាចុងក្រោយខ្ញុំសូមអោយលោកវេជ្ជបណ្ឌិតផ្តល់ជាយោបល់និងមតិផ្តាំផ្ញេីរដល់ប្រជាជនយេីងទាំងអស់គ្នាផង? ចំ ៖ ក្នុងឪកាសនេះខ្ញុំសូមផ្តាំដល់ប្រជាជនខ្មែរយេីងថា បេីមានសង្ស័យថាមានជំងឺរលាកថ្លេីមប្រភេទ សេនេះគាត់គួរតែមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសយេីងខ្ញុំ ដេីម្បីធ្វេីតេសឈាមអោយបានជាក់លាក់ និងអាចទទួលបានការព្យាបាលទាន់ពេលវេលាដេីម្បីជៀសពីជំងឺក្រិនថ្លេីម និងមហារីកថ្លេីម។ សូមបងប្អូនពិនិត្យសុខភាពអោយបានទៀងទាត់ព្រោះជំងឺនេះអាចព្យាបាលជា ប៉ុន្តែគ្មានវ៉ាក់សាំងការពារទេ។   សូមអរគុណ... រក្សាសិទ្ធិដោយគ្លីនិក អេគីប សូមទំនាក់ទំនងសំរាប់ពត៌មានបន្ថែម មកកាន់គ្លីនិកឯកទេស អេគីប ៖ 070553317 - 066553317 - 017553317

ចែករំលែក
Top