Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជំងឺរលាកថ្លើម គឺជាជំងឺដែលមានការរលាកនៅលើសរីរាង្គថ្លើម ហើយមូលហេតុនៃការរលាក គឺមានច្រើន។ មូលហេតុសំខាន់ៗនៃជំងឺនេះ គឺបណ្តាលមកពីវីរុស ការពិសាស្រាច្រើន ថ្នាំមួយចំនួន បញ្ហាAutoimmune (សារពាង្គកាយរបស់អ្នកជំងឺបង្កើតអង់ទីក័រប្រឆាំងនឹងថ្លើមខ្លួនឯង)។  វីរុសដែលធ្វើឲ្យរលាកថ្លើមមាន៥ប្រភេទ គឺ A, B, C, D, និង Eហើយវីរុសសំខាន់ដែលឲ្យរលាកថ្លើមរ៉ាំរ៉ៃ គឺវីរុសរលាកថ្លើមB និងC។ គួរបញ្ជាក់ផងដែរថា អត្រានៃអ្នកកើតជំងឺរលាកថ្លើមប្រភេទBនៅកម្ពុជាមាន៤.៦% និងប្រភេទC ចំនួន៥.៨% មិនត្រឹមតែប៉ុណ្ណោះ រលាកថ្លើមដែលគេព្រួយបារម្ភ គឺរលាកថ្លើមរ៉ាំរ៉ៃដែលអាចវិវឌ្ឍទៅជាក្រិនថ្លើម និងមហារីកថ្លើម។ ដូចនេះ ការធ្វើតេស្តរកមេរោគរលាកថ្លើម គឺជាការចាំបាច់។ និយមន័យ ការធ្វើតេស្តរកមេរោគថ្លើម គឺជាការរាវរកវត្តមាននៃមេរោគថ្លើមនៅក្នុងឈាមរួមជាមួយវត្តមាននៃអង់ទីក័រប្រឆាំងនឹងមេរោគផងដែរ។ ក្នុងការធ្វើតេស្តរកមេរោគថ្លើម អ្នកជំងឺមិនចាំបាច់ធ្វើតេស្តឈាមមុនញ៉ាំអាហារទេ អាចធ្វើនៅពេលណាក៏បាន។ បរិមាណឈាមត្រូវការតិចតួចត្រឹមតែ១មីលីលីត្រឈាមប៉ុណ្ណោះសម្រាប់ម៉ាស៊ីនធ្វើតេស្តទំនើបនៅមន្ទីរពិសោធន៍ស្តង់ដារអន្តរជាតិ ហើយលទ្ធផលនឹងទទួលបានក្នុងរយៈពេល១ម៉ោង។ ប្រភេទតេស្តរកមេរោគថ្លើម ១. តេស្តរកវីរុសថ្លើមប្រភេទ A មាន២ប្រភេទគឺ ៖ •តេស្តរកជំងឺរលាកថ្លើមស្រួចស្រាវ (anti-HAV IgM) តេស្តនេះត្រូវបានប្រើ ដើម្បីរកការវិវឌ្ឍទៅជាជំងឺរលាកថ្លើមស្រួចស្រាវ (Acute Hepatitis) ដែលក្នុងករណីកម្រអាចវិវឌ្ឍទៅជាទម្រង់ធ្ងន់ធ្ងរ (Fulminant Hepatitis) ត្រូវព្យាបាលដោយធ្វើការផ្លាស់ប្តូរថ្លើមទើបអាចបន្តជីវិតបាន។ វីរុសនេះមានវ៉ាក់សាំងសម្រាប់ចាក់ការពារ ដើម្បីបង្ការទម្រង់ធ្ងន់ធ្ងរនេះ។ •តេស្តរកអង់ទីក័រគ្រប់ប្រភេទប្រឆាំងនឹងវីរុសថ្លើមA (anti-HAV IgM, IgG, IgA) វីរុសរលាកថ្លើមប្រភេទ A អាចឆ្លងតាមចំណីអាហារ និងទឹកដែលមានវីរុសនៅក្នុងនោះ ហើយចំពោះប្រទេសដែលអនាម័យនៅមានកម្រិត អ្នកជំងឺអាចនឹងមានវីរុសនេះតាំងពីតូច។ ចំពោះកូនក្មេង ៩០%នៃអ្នកដែលផ្ទុកវីរុសរលាកថ្លើមប្រភេទ A មិនមានលេចចេញជារោគសញ្ញាទេ។ ចំពោះប្រទេសកម្ពុជាយើង ភាគច្រើននៃអ្នកជំងឺដែលមកធ្វើតេស្តភាគច្រើនមានអង់ទីក័រទាំងមូលរួចជាស្រេច។ ដូចនេះ ការធ្វើតេស្តរកអង់ទីក័រទាំងមូល(anti-HAV -IgM, IgG, IgA) ត្រូវបានធ្វើឡើង ដើម្បីបញ្ជាក់ថាអ្នកជំងឺដែលបានឆ្លងវីរុសរលាកថ្លើមប្រភេទ A ហើយបានជាសះស្បើយដោយមានអង់ទីក័រការពារខ្លួនជាស្រេច ឬក៏ក្នុងករណីដែលមានសញ្ញារលាកថ្លើមស្រួចស្រាវចាំបាច់ត្រូវរកanti-HAV IgM បន្ថែមទៀត។ ២. តេស្តរកមេរោគរលាកថ្លើមប្រភេទ B (Seroimmunology test) មាន ៥តេស្តផ្សេងៗគ្នា ដែលអាចធ្វើបាន ២ទៅ៤សប្តាហ៍ក្រោយការឆ្លងវីរុស៖ - តេស្តរកអង់ទីហ្សែន HBs បញ្ជាក់ពីវត្តមានរបស់មេរោគក្នុងខ្លួនអ្នកជំងឺ - តេស្តរកអង់ទីក័រ anti-HBs បញ្ជាក់ពីវត្តមានអង់ទីក័រការពារអ្នកជំងឺពីមេរោគ - Anti-HBc total បញ្ជាក់ពីការធ្លាប់ប៉ះជាមួយមេរោគ - Anti-HBc IgM បញ្ជាក់ពីការរលាកថ្លើមស្រួចស្រាវ - HBe និង anti-HBe សម្រាប់តាមដានការវិវឌ្ឍរបស់មេរោគតេស្តមួយប្រភេទទៀត គឺតេស្តរាប់មេរោគ សម្រាប់តាមដាន ឬវាយតម្លៃការព្យាបាល។ តេស្តនេះអាចធ្វើបាន២សប្តាហ៍ បន្ទាប់ពីការឆ្លងមេរោគ។ សម្រាប់អ្នកដែលមិនធ្លាប់ធ្វើតេស្ត និងចង់ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B គួរធ្វើតេស្តរកអង់ទីហ្សែន HBs អង់ទីក័រ anti-HBs និងអង់ទីក័រ anti-HBc។ ៣. តេស្តរកមេរោគរលាកថ្លើមប្រភេទ C គឺរកអង់ទីក័រ anti-HCV  ករណីអង់ទីក័រ anti-HCV វិជ្ជមាន អាចបញ្ជាក់បានថា អ្នកជំងឺកំពុងមានវីរុសនៅក្នុងខ្លួន ឬអ្នកជំងឺបានជាសះស្បើយហើយ។ ជាទូទៅ ៧៥% នៃអ្នកឆ្លងមេរោគរលាកថ្លើមប្រភេទ C នឹងវិវឌ្ឍទៅរកជំងឺរលាកថ្លើមរ៉ាំរ៉ៃ និង២៥%ទៀតអាចជាដោយខ្លួនឯង។ ដូចនេះ ដើម្បីញែកឲ្យដាច់ពីស្ថានភាពទាំងពីរនេះ អ្នកជំងឺត្រូវធ្វើតេស្តរាប់ចំនួនវីរុសរលាកថ្លើមប្រភេទ C ក្នុងឈាមបន្តទៀត។ ៤. តេស្តរកមេរោគរលាកថ្លើមប្រភេទ D គឺរកអង់ទីក័រ anti-HDV ដោយសារជំងឺរលាកថ្លើមប្រភេទ D អាចកើតមានបាន លុះត្រាតែអ្នកជំងឺមានជំងឺរលាកថ្លើមប្រភេទ B ដូចនេះ ចំពោះអ្នកដែលមិនមានវីរុសរលាកថ្លើមប្រភេទ B ឬធ្លាប់ចាក់វ៉ាក់សាំងការពាររួចហើយ គឺមិនចាំបាច់បារម្ភពីការកើតជំងឺរលាកថ្លើមប្រភេទ D ទេ។ សព្វថ្ងៃ នៅកម្ពុជាយើងនៅមិនមានការធ្វើតេស្តរកវីរុសប្រភេទនេះទេ។ ៥. តេស្តរកមេរោគរលាកថ្លើមប្រភេទ E គឺរកអង់ទីក័រ anti-HEV វីរុសនេះឆ្លងតាមរយៈចំណីអាហារដូចទៅនឹងជំងឺរលាកថ្លើមប្រភេទ A ដែរ ហើយវាងាយនឹងជាទៅវិញដោយឯកឯង។ នៅកម្ពុជា តេស្តក្នុងមន្ទីរពិសោធន៍ដែលអាចធ្វើបានមាន តេស្តរកមេរោគថ្លើមប្រភេទ A មេរោគថ្លើមប្រភេទ B និងមេរោគថ្លើមប្រភេទ C ទាំង Serology test និងតេស្តរាប់មេរោគ។  លទ្ធផលនៃតេស្តរកមេរោគថ្លើមប្រភេទ B អាចមាន False-positive លើ Screening test ព្រោះតេស្តប្រភេទនេះ មាន Sensibility ខ្ពស់ជាមួយនឹងអង់ទីហ្សែនរបស់មេរោគ ប៉ុន្តែកំហុសនេះអាចចៀសវាងបានដោយការប្រើប្រាស់ម៉ាស៊ីនដែលមានគុណភាព (ម៉ាស៊ីនរបស់ក្រុមហ៊ុន Roche ដូចមន្ទីរពិសោធន៍ស្តង់ដារអន្តរជាតិកំពុងប្រើ) ជាមួយនឹងបច្ចេកទេសដែលមានការត្រួតពិនិត្យត្រឹមត្រូវ ឧបករណ៍ទំនើប និងប្រតិករដែលមានការទទួលស្គាល់គុណភាពត្រឹមត្រូវ។ តើអ្នកណាចាំបាច់ត្រូវធ្វើតេស្តទាំងនេះ? ការធ្វើតេស្តស្វែងរកមេរោគរលាកថ្លើមនេះ អ្នកដែលចាំបាច់ត្រូវតែធ្វើមានដូចជា៖ •ស្រ្តីមានផ្ទៃពោះដែលមិនធ្លាប់ចាក់វ៉ាក់សាំង ព្រោះវីរុសរលាកថ្លើមប្រភេទ B អាចឆ្លងពីម្តាយទៅកូនបានតាមរយៈឈាម ហើយក្មេងដែលឆ្លងវីរុសនេះពីម្តាយ មានការប្រឈមខ្ពស់លើការវិវឌ្ឍទៅរលាកថ្លើមរ៉ាំរ៉ៃរហូតដល់ទៅ៩០% ដូចនេះ មានការប្រឈមខ្ពស់នឹងជំងឺក្រិនថ្លើម និងមហារីកថ្លើម ។ •អ្នករស់នៅប្រទេសដែលប្រឈមនឹងការឆ្លងមេរោគនេះខ្ពស់ (ប្រទេសកម្ពុជា) ជាពិសេសវីរុសរលាកថ្លើមប្រភេទB និងវីរុសរលាកថ្លើមប្រភេទ C •អ្នកត្រូវបញ្ចូលឈាមញឹកញាប់ •អ្នកមានដៃគូរួមភេទច្រើន •អ្នកបម្រើការក្នុងសេវាកម្មសុខាភិបាលដូចជាក្នុងមន្ទីរពិសោធន៍ •អ្នកជំងឺទឹកនោមផ្អែម ព្រោះបើមានឆ្លងវីរុសរលាកថ្លើមប្រភេទ B អ្នកជំងឺអាចនឹងប្រឈមខ្ពស់ជាមួយនឹងការកើតជំងឺមហារីកថ្លើម •អ្នកដែលប៉ះពាល់ជាមួយរបស់មុតស្រួច ដូចជាអ្នកចូលចិត្តសាក់។ បកស្រាយដោយ ៖ លោកស្រីឱសថបណ្ឌិតឯកទេសវេជ្ជសាស្រ្ត តោ ពើទី ស្ថាបនិកនៃ«មន្ទីរពិសោធន៍វេជ្ជសាស្រ្តស្តង់ដារអន្តរជាតិ» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ចែករំលែក

ជំងឺរលាកថ្លើមប្រភេទ B ត្រូវបានគេរកឃើញ នៅក្នុងឆ្នាំ ១៩៦៥ ដោយជនជាតិអូស្រ្តាលី ហើយវ៉ាក់សាំង ការពារជំងឺនេះ ត្រូវបានគេរកឃើញជាស្ថាពរក្នុងឆ្នាំ១៩៨១។ ក្នុងឆ្នាំ១៩៨៦ វ៉ាក់សាំងនេះ ត្រូវបានគេដាក់ឲ្យប្រើប្រាស់ ទូទាំងពិភពលោក។ ក្នុងឆ្នាំ១៩៩១ អង្គការសុខភាពពិភពលោកបានបញ្ចូលវ៉ាក់សាំងនេះក្នុងកម្មវិធីចាក់ថ្នាំវ៉ាក់សាំងបង្ការលើកុមារ។ យោងតាមសមាគមថ្លើមអាមេរិកាំង ត្រឹមឆ្នាំ២០០៤កុមារដែលមានអាយុពី១៨ខែដល់៣០ខែ លើសពី៩២%បានទទួលវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B។  និយមន័យ ជំងឺរលាកថ្លើមប្រភេទ B ជាជំងឺដែលបង្កឲ្យថ្លើមរលាកតាមរយៈវីរុសរលាកថ្លើមប្រភេទ B។ វីរុសនេះស្ថិតនៅក្នុងក្រុម Hepadnaviruses ដែលជាប្រភេទវីរុសផ្គុំឡើងពីខ្សែ DNA ហើយមានទំហំ៤២ណាណូម៉ែត្រ ប្រហាក់ប្រហែលនឹងមេរោគអេដស៍។ ការចម្លងរោគ អត្រាឆ្លងមេរោគរលាកថ្លើមប្រភេទ B គឺខ្ពស់ជាងមេរោគអេដស៍ ១០០% ព្រោះមេរោគនេះអាចស្ថិតនៅមជ្ឈដ្ឋានខាងក្រៅ៧ថ្ងៃ ដូចនេះវាអាចឆ្លងទៅមនុស្សដទៃបានយ៉ាងងាយ។ មេរោគនេះ ត្រូវបានចម្លងទៅតាមការប៉ះពាល់ឈាម មានដូចជា៖ •    ឆ្លងពីម្តាយដែលមានមេរោគនេះទៅកូនពេលមានផ្ទៃពោះ និងពេលសម្រាល •    ឆ្លងតាមការរួមភេទ ជាពិសេសការរួមភេទដូចគ្នា •    ការប៉ះពាល់ស្បែកមានរបួសទៅនឹងឈាមដែលមានផ្ទុកមេរោគ •    ការប្រើប្រាស់សឺរ៉ាំងរួមគ្នា (អ្នកប្រើគ្រឿងញៀន) ការបញ្ចូលឈាមដែលមានផ្ទុកមេរោគស្រាប់ •    ការប្តូរសរីរាង្គពីអ្នកផ្ទុកមេរោគថ្លើមប្រភេទ B។ រោគសញ្ញា ពេលឆ្លងមេរោគនេះដំបូង មិនមានរោគសញ្ញាណាគួរកត់សម្គាល់ទេ។ រោគសញ្ញាដែលគេជួបញឹកញាប់មានដូចជាឈឺក្បាល ឈឺដៃជើង ទ្រោមខ្លួន ដូចនឹងជំងឺផ្តាសាយដែរ ហើយរោគសញ្ញាទាំងនេះ បាត់ទៅវិញក្នុងរយៈពេល២ទៅ៣ថ្ងៃប៉ុណ្ណោះ។ រយៈពេលសម្ងំរបស់វាចន្លោះពី ៣០ទៅ១៨០ថ្ងៃ បើគិតជាមធ្យមគឺ៧០ថ្ងៃ ហើយជាទូទៅ ៩០%នៃអ្នកឆ្លងជំងឺនេះ នឹងជាទៅវិញដោយខ្លួនឯង និងបង្កើតអង់ទីក័រការពារខ្លួនបាន ឯ១០%ទៀតនឹងវិវឌ្ឍទៅជាជំងឺរលាកថ្លើមរ៉ាំរ៉ៃ។ ក្នុងនោះ១%នៃអ្នកវិវឌ្ឍទៅជាជំងឺរលាកថ្លើមរ៉ាំរ៉ៃ អាចវិវឌ្ឍបន្តទៅជាក្រិនថ្លើម។ យ៉ាងណាមិញ ការវិវឌ្ឍនៃជំងឺរលាកថ្លើម គឺមិនមានស្តែងចេញជារោគសញ្ញាទៅតាមដំណាក់កាលនីមួយៗនោះទេ ហើយរោគសញ្ញាដែលទាក់ទងនឹងថ្លើម នឹងលេចចេញនៅពេលដែលថ្លើមបានខូចខាតក្នុងកម្រិតធ្ងន់ធ្ងរទៅហើយ។ រោគសញ្ញាទាំងនោះរួមមាន ការឡើងលឿង ទាចទឹក ថ្លើមរឹងឬក្រិន ទឹកនោមតិចនិងឡើងលឿងចាស់ជាដើម។ ការធ្វើរោគវិនិច្ឆ័យ ជំងឺរលាកថ្លើមប្រភេទ B ត្រូវបានធ្វើរោគវិនិច្ឆ័យតាមរយៈការធ្វើតេស្តឈាមរកមេរោគនេះនៅក្នុងឈាម។ តេស្តដែលត្រូវធ្វើរួមមាន ការរកអង់ទីហ្សែន HBs អង់ទីក័រ anti-HBs អង់ទីហ្សែន HBe អង់ទីក័រ anti-HBe និងអង់ទីក័រ anti-HBc IgM, anti-HBc IgG៖ •    វត្តមាននៃអង់ទីហ្សែន HBs បានន័យថា អ្នកជំងឺមានវត្តមានរបស់មេរោគនេះនៅក្នុងឈាម។ •    វត្តមាននៃអង់ទីក័រ anti-HBs បានន័យថាអ្នកជំងឺមានប្រព័ន្ធការពារមេរោគថ្លើមប្រភេទ B រួចហើយ។ •    វត្តមាននៃអង់ទីហ្សែន HBe បានន័យថា អ្នកជំងឺកំពុងឆ្លងមេរោគ។ •    វត្តមានអង់ទីក័រ anti-HBe មានន័យថា អ្នកជំងឺអាចកំពុងមានមេរោគនៅក្នុងខ្លួនដែលវត្តមានអង់ទីហ្សែន HBs វិជ្ជមានឬកំពុងវិវឌ្ឍទៅរកភាពជាសះស្បើយបើអង់ទីហ្សែន HBs អវិជ្ជមាន។ •    វត្តមាននៃអង់ទីក័រ anti-HBc IgM បានន័យថាអ្នកជំងឺទើបនឹងឆ្លងមេរោគថ្មីៗ •    វត្តមាននៃអង់ទីក័រ anti-HBc IgG បានន័យថាអ្នកជំងឺធ្លាប់មានមេរោគឆ្លង។ ក្រៅពីនេះ មានការធ្វើតេស្តរក Transaminase ដើម្បីដឹងពីសភាពខូចខាតរបស់ថ្លើម។ ក្នុងករណីដែលមានវត្តមានមេរោគ ការរាប់ DNA និងសម្បកមេរោគអង់ទីហ្សែន HBs ក៏ត្រូវបានធ្វើបន្ថែម ដើម្បីកំណត់ការព្យាបាល។ ការព្យាបាល ជំងឺរលាកថ្លើមប្រភេទ B តម្រូវឲ្យព្យាបាលឬមិនចាំបាច់ព្យាបាល គឺអាស្រ័យទៅលើលទ្ធផលនៃការធ្វើតេស្តឈាម៖ •    ករណី Transaminase ធម្មតា និងចំនួនមេរោគមិនឡើងអ្នកជំងឺប្រភេទនេះ ត្រូវបានចាត់ទុកថាជាអ្នកផ្ទុកដែលមិនឈឺ (Inactive carrier)និងមិនតម្រូវឲ្យព្យាបាលទេ •    ករណី Transaminase កើនឡើង និងចំនួនមេរោគច្រើនអ្នកជំងឺប្រភេទនេះ តម្រូវឲ្យធ្វើការព្យាបាលតែអត្រាជាសះស្បើយមានចំនួនតិចតួច។ គោលបំណងនៃការព្យាបាល គឺ •    ទប់ស្កាត់ការកើនឡើងខ្លាំងនៃចំនួនមេរោគក្នុងឈាមដែលងាយឆ្លងអ្នកដទៃ •    បន្ថយចំនួនមេរោគដែលមានក្នុងឈាមស្រាប់ និងមិនឲ្យត្រឡប់ចូលទៅស៊ីសាច់ថ្លើមវិញ •    រក្សាសាច់ថ្លើមពីក្រិននិងមហារីក។ ឱសថដែលប្រើក្នុងការព្យាបាលមានពពួក Antiviral ដែលត្រូវប្រើជាប់រហូតដល់អ្នកជំងឺអាចបង្កើតប្រព័ន្ធការពារ។ យន្តការនៃការព្យាបាលនេះគឺ Antiviral នឹងសម្លាប់មេរោគក្នុងសរសៃឈាមដែលអាចត្រឡប់ទៅបំផ្លាញកោសិកាថ្លើមបាន។ មួយវិញទៀត ជំងឺនេះក៏អាចព្យាបាលដោយ ប្រើថ្នាំចាក់Peginterferon alfa 2a ប្រើក្នុងរយៈពេល៤៨សប្តាហ៍។ ថ្នាំនេះអាចប្រើបានតែលើអ្នកជំងឺដែលមានសាច់ថ្លើមល្អ អង់ទីហ្សែន HBs តិចជាង 1500UI, DNAមិនមានឬមានតិចតួច។ ការព្យាបាលដោយថ្នាំចាក់ប្រភេទនេះ អាចមានអត្រាជាប្រហែល ៥៨%។ •    ករណីអ្នកជំងឺដែលមានសញ្ញាថ្លើមរឹង ឬក្រិន ការព្យាបាលអ្នកជំងឺប្រភេទនេះ ត្រូវធ្វើឡើងដោយប្រើថ្នាំលេប (Antiviral )យូរអង្វែងច្រើនឆ្នាំ ដើម្បីបន្ថយចំនួនមេរោគក្នុងឈាមនិងកាត់បន្ថយការបំផ្លាញកោសិកាថ្លើមពីមេរោគ។ ការបង្ការ ចំពោះអ្នកដែលមានផ្ទុកមេរោគរលាកថ្លើមប្រភេទ B ៖ •    ត្រូវចៀសវាងការពិសាស្រា ជក់បារី •    ហាមប្រើប្រាស់ច្រាស់ដុសធ្មេញរួមជាមួយអ្នកដទៃ •    មិនត្រូវផ្តល់ឈាម •    ការពារដោយប្រើស្រោមអនាម័យនៅពេលរួមភេទ •    ត្រូវហាត់ប្រាណឲ្យបានទៀងទាត់ និងរបបហូបចុកគ្រប់គ្រាន់ដើម្បីបង្កើនការពារឲ្យបានរឹងមាំ •    ត្រូវជួបប្រឹក្សាជាមួយគ្រូពេទ្យចំពោះអ្នកដែលមិនមានវត្តមានមេរោគ និងអង់ទីក័រត្រូវចាក់ វ៉ាក់សាំងការពារ។ ម្យ៉ាងទៀត អ្នកដែលតម្រូវឲ្យចាក់វ៉ាក់សាំងនេះជាចាំបាច់គឺ ក្មេងដែលកើតពីម្តាយមានមេរោគរលាកថ្លើមប្រភេទ B។ ទារកកើតមកភ្លាមត្រូវចាក់ព្រមគ្នានូវប្រព័ន្ធការពារនិងថ្នាំវ៉ាក់សាំង។ ការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើម ត្រូវធ្វើឡើង៣ដង និងមាន៣ជម្រើស៖ •    ជម្រើសទី១៖ ០, ១, ២ ខែ •    ជម្រើសទី២៖ ០, ១, ៦ ខែ •    ជម្រើសទី៣ សម្រាប់អ្នកដែលប្រឈមខ្លាំង៖ ចាក់៣ដងក្នុង១ខែដំបូង។ ក្រោយការចាក់វ៉ាក់សាំងគ្រប់ចំនួន នឹងមានការចាក់រំលឹកក្រោយរយៈពេល១ឆ្នាំ ហើយ២ទៅ៣ឆ្នាំក្រោយ ត្រូវធ្វើការត្រួតពិនិត្យមើលកម្រិតអង់ទីក័រក្នុងឈាម បើមានគ្រប់គ្រាន់ គឺមិនចាំបាច់ចាក់បន្ថែមទេ តែបើមិនគ្រប់គ្រាន់ គឺចាំបាច់ត្រូវចាក់រំលឹក។ ការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោយក្រសួងសុខាភិបាលបានដាក់បញ្ចូលការចាក់វ៉ាក់សាំងនេះទៅក្នុងកម្មវិធីជាតិចាក់វ៉ាក់សាំងសម្រាប់កុមារនិងទារកតាំងពីឆ្នាំ២០០០ម្ល៉េះ ដើម្បីការពារសុខភាពកុមារ។ ផលវិបាក ប្រសិនបើគ្មានការព្យាបាលទេ ជំងឺរលាកថ្លើមប្រភេទ B នឹងវិវឌ្ឍទៅរកជំងឺរលាកថ្លើមរ៉ាំរ៉ៃ (Fibrose) ដែលក្នុងនោះ៥០%នឹងវិវឌ្ឍទៅរកក្រិនថ្លើមនិងចុងក្រោយគឺមហារីកថ្លើម តែ៥០%ផ្សេងទៀតនឹងវិវឌ្ឍទៅជំងឺមហារីកថ្លើមតែម្តង។ កត្តាជម្រុញឲ្យទៅជាជំងឺក្រិនថ្លើម និងមហារីកថ្លើមនេះ មានដូចជា៖ •    ហូបចុកមិនបានគ្រប់គ្រាន់ •    សម្រាកមិនបានគ្រប់គ្រាន់ •    ពិសាស្រា ជក់បារីច្រើនពេក។ មួយវិញទៀត ការវិវឌ្ឍនៃជំងឺនេះក៏អាស្រ័យទៅលើចំនួនមេរោគផងដែរ។ បើមេរោគមានចំនួនកាន់តែច្រើន នោះការវិវឌ្ឍនេះក៏កាន់តែលឿនផងដែរ។ ម្យ៉ាងទៀត អត្រាស្លាប់ដោយជំងឺនេះគឺកើនឡើងទៅតាមអាយុរបស់អ្នកជំងឺ៖ •    អ្នកផ្ទុកមេរោគដែលមានអាយុតិចជាង១៩ឆ្នាំ នៅមិនទាន់មានរបាយការណ៍បង្ហាញពីករណីស្លាប់នៅឡើយទេ។ •    អ្នកផ្ទុកមេរោគដែលមានអាយុពី ២០ទៅ២៩ឆ្នាំ មានអត្រាមរណៈតិចតួច •    អ្នកផ្ទុកមេរោគដែលមានអាយុពី៣០ទៅ៦៤ឆ្នាំ មានអត្រាមរណៈកើនឡើងតាមអាយុ •    អ្នកផ្ទុកមេរោគដែលមានអាយុច្រើនជាង៦៤ឆ្នាំ មានអត្រាមរណៈខ្ពស់រហូតដល់៦៥%។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត សុខ ហ៊ាង ឯកទេសក្រពះ ពោះវៀន ថ្លើមនៃមន្ទីរពេទ្យព្រះកុសុមៈ... ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top