- Aug 12, 2017 |
- 8 ឆ្នាំមុន |
- 4K មើល
១០តិចនិកធ្វើឲ្យហាត់ប្រាណមិនជិនណាយ
សម័យនេះម្នាក់ៗពោលថា ចង់ហាត់ប្រាណ ដើម្បីឲ្យរាងស្អាត សុខភាពល្អ ខួរក្បាលក៏ស្រឡះអីបែបហ្នឹង។ បញ្ហាគឺ អ្នកខ្លះក៏បានតែពោល ហើយខ្លះទៀតក៏បានអនុវត្តពិតមែន តែមិនទៅបានយូរអី ហាត់មួយថ្ងៃចោលមួយថ្ងៃ ថ្ងៃណានឹកឃើញក៏ហាត់ ថ្ងៃណាខ្ជិលក៏ខានសិន យូរៗទៅក៏បោះបង់ចោលឯកឯង។ សាកល្បងម្តងទៀតជាមួយតិចនិកដែលនឹងជួយឲ្យអ្នកស្រឡាញ់ការហាត់ប្រាណរហូតមិនចង់ខកខានសូម្បីតែមួយថ្ងៃ។ ១ ធ្វើគម្រោងសម្រាប់ហាត់ប្រាណ ហាត់នៅពេលណា? ប៉ុន្មានថ្ងៃក្នុងមួយសប្តាហ៍?មួយថ្ងៃប៉ុន្មាននាទី? ត្រូវហាត់បែបណាខ្លះ? សុទ្ធតែជាសំណួរដែលត្រូវបញ្ចូល ដើម្បីឲ្យអ្នកដឹងថាអ្នកនឹងត្រូវធ្វើអ្វីនៅពេលហាត់ប្រាណ។ ២ កំណត់គោលដៅឲ្យច្បាស់ ត្រូវចាំថាគោលដៅរបស់អ្នកមិនគួរធំពេកទេនៅពេលចាប់ផ្តើមដំបូង ឧទាហរណ៍ ហាត់ដើម្បីមិនឲ្យឡើងគីឡូ ជំនួសឲ្យហាត់ដើម្បីឲ្យស្រកគីឡូសិន ឬដើរឲ្យបានពីរគីឡូ ជំនួសឲ្យការរត់ឲ្យបានពីរគីឡូជាដើម។ កុំទាន់ប្រញាប់ដាក់សម្ពាធលើខ្លួនឯងពេក។ ៣ ឈុតកីឡា អ្នកអាចរកឈុតកីឡាដែលអ្នកស្រឡាញ់ និងផ្តល់ផាសុកភាពដល់ខ្លួនឯង ដោយវានឹងផ្តល់អារម្មណ៍បែបកីឡា និងថាមពលស្ទុះស្ទារាងធម្មតា ហើយធ្វើឲ្យអ្នកមានជំនឿចិត្តក្នុងការបង្ហាញមុខក្នុងពេលហាត់ប្រាណម្តងៗផងដែរ។ ៤ ជ្រើសរើសទីតាំង ប្រាកដជាទីតាំងដែលអ្នកចូលចិត្តហើយ ទើបអាចជម្រុញឲ្យអ្នកទៅដោយមិនស្ទាក់ស្ទើរ និងគ្មានសម្ពាធ។ ហើយជម្រើសរបស់អ្នកអាចជា ផ្ទះ ក្លិបហាត់ប្រាណ ឬទីសាធារណៈជាដើម។ ៥ ពេលវេលា មិនទាន់ដល់ពេលគិតថា ហាត់ប្រាណនៅពេលណាល្អជាងទេ សំខាន់តើពេលណាអំណោយផលដល់អ្នកជាងគេ?ពេលព្រឹក ដោយត្រូវធ្វើការ ឬរៀនដល់យប់ៗធ្វើឲ្យពិបាកក្រោក ជ្រើសរើសពេលល្ងាចក៏បាន ឬក៏ពេលល្ងាចច្រើនតែរវល់បញ្ចប់ការងារ ឬអស់កម្លាំង អញ្ចឹងព្យាយាមពីព្រឹកទៅ ឬជ្រើសរើសចុងសប្តាហ៍ក៏បាន។ ៦ រាប់អានមិត្តថ្មីៗ សម្រាប់ការហាត់នៅក្លិប ឬទីសាធារណៈ អ្នកអាចមានឱកាសជួបមនុស្សច្រើន ហើយហេតុអ្វីអ្នកមិនរាប់អានមិត្តល្អៗនៅទីនោះ? មិនត្រឹមតែអាចកំដរគ្នានិយាយលេង ថែមទាំងអាចចែករំលែកបទពិសោធន៍នៃការហាត់ប្រាណ ឬបញ្ហាផ្សេងៗផងដែរ។ ម្យ៉ាង មានមិត្តខ្លះក៏ជួយឲ្យអ្នកស៊ាំជាមួយនឹងបរិយាកាស មានអារម្មណ៍ល្អ គ្មានសម្ពាធ និងមិនទើសទាល់ពេលជួបគ្នាច្រើនដង។ ៧ រកអ្នកដែលអាចជម្រុញទឹកចិត្តរបស់អ្នក អ្នកគួរតែរកមើលអ្នកណាម្នាក់ជាបុគ្គលគំរូ ដែលអាចជម្រុញទឹកចិត្តអ្នកឲ្យចង់ធ្វើដូចគេ ឬចង់សម្រេចដូចគេ ដូចជាអ្នកដែលមានរាងស្អាតៗដែលអ្នកជួបនៅក្លិបហាត់ប្រាណ ឬរត់នៅផ្លូវជាមួយគ្នា ឬអាចបិតរូបតារាបង្ហាញម៉ូតនៅបន្ទប់ហាត់ប្រាណជាដើម។ ៨ តាមដានរឿងជុំវិញការធ្វើលំហាត់ប្រាណ តាមអ៊ីនធឺណេត ឬទស្សនាវដ្តីបានដឹងច្រើន មិនថាជាអត្ថប្រយោជន៍ វិធីសាស្រ្តថ្មីៗ ឬក៏ព័ត៌មានដែលទាក់ទងនឹងការហាត់ប្រាណឬកីឡា អ្នកនឹងកាន់តែមានអារម្មណ៍ស្និទ្ធស្នាលឡើងជាមួយនឹងសកម្មភាពទាំងនោះ ធ្វើឲ្យអ្នកកាន់តែចង់ហាត់ប្រាណ ។ ៩ តន្រ្តី សាមញ្ញបំផុត អ្នកអាចយកពេលវេលាហាត់ប្រាណ ជាពេលដែលអ្នកអាចមានឱកាសស្តាប់បទចម្រៀងកំសាន្តអារម្មណ៍ ដូចនេះអ្នកនឹងមិនគិតថា អ្នកត្រូវចំណាយពេលធ្វើរឿងដែលនឿយហត់នោះឡើយ ហើយវាកាន់តែល្អបើអ្នកមិនសូវចូលចិត្តនិយាយ។ ១០ ឲ្យរង្វាន់ខ្លួនឯង រាល់ពេលសម្រេចគោលដៅនីមួយៗ អ្នកគួរលើកទឹកចិត្តខ្លួនឯងខ្លះ ដើម្បីបន្តទៅជំហានមួយទៀត។ មិនចាំបាច់ជាកាដូធំដុំទេឧទាហរណ៍អ្នកគ្រាន់តែឲ្យពេលខ្លួនឯងមួយម៉ោងលេងហ្គេមដែលអ្នកពេញចិត្ត ឬមើលរឿងភាគមួយភាគក៏បាន។ ទាំងនេះអាចជាថាមពលជម្រុញទឹកចិត្តឲ្យអ្នកហាត់ប្រាណជាទៀងទាត់ តែអ្វីដែលសំខាន់ចុងក្រោយគឺការតាំងចិត្តរបស់អ្នកផ្ទាល់ពោល គឺតាំងចិត្តមិនបោះបង់ មិនយកលេស មិនកុហកខ្លួនឯង មិនពន្យារពេលហាត់ប្រាណ... © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក
