- Jun 23, 2017 |
- 8 ឆ្នាំមុន |
- 6.6K មើល
8 យ៉ាងហ្វឹកហាត់កុមារអំពីទម្លាប់ញ៊ាំដ៏ត្រឹមត្រូវ
កុមារ អាចនឹងរឹងទទឹងដោយមិនអាចដឹងនូវអ្វីដែលល្អ ឬមិនល្អយ៉ាងណាមិញពួកគេប្រៀបបានជាក្រដាសសស្អាតដែលងាយស្រួលនឹងធ្វើការហ្វឹកហាត់ឲ្យ ប្រកាន់យកនូវទម្លាប់ណាមួយដែលត្រឹមត្រូវ។ការញ៉ាំអាហារដែលត្រឹមត្រូវ មិនពឹងផ្អែកតែលើប្រភេទអាហារតែម្យ៉ាងនោះទេ របៀបនៃការញ៉ាំ ក៏ចូលរួម ចំណែកនាំឲ្យការញ៉ាំកាន់តែមានប្រសិទ្ធភាព ផ្តល់នូវសុខភាពដ៏រឹងមាំ និងការលូតលាស់បានល្អ ជាពិសេសជួយឲ្យក្មេងតូចៗអាចបណ្តុះគំនិតចេះឲ្យតម្លៃ សុខភាពនៅថ្ងៃខាងមុខទៀតផង។ ចង់ដឹងថា ទម្លាប់នោះគួរមានអ្វីខ្លះ អ្នកអាចស្វែងយល់តាមរយៈអត្ថបទខាងក្រោម៖ របបអាហារដែលគួរមាន មានការជ្រើសរើសជាច្រើនដើម្បីទទួលបានទម្លាប់ការញ៉ាំដែលត្រឹមត្រូវ ក្នុងនោះមានពីរទិដ្ឋភាពដែលអ្នកអាចធ្វើការណែនាំដល់កូនតូចៗរបស់អ្នក មួយផ្នែកគឺការកំណត់ចំនួននៃការញ៉ាំនីមួយៗ និងម្យ៉ាងទៀតគឺការកាត់បន្ថយផ្តល់ឲ្យកុមារនូវជាតិខ្លាញ់ និងស្ករ។ ប្រភេទអាហារដែលមានអត្ថប្រយោជន៍ និងគួរតែត្រូវបានអនុវត្តក្នុងរបបអាហារជាចម្បង សម្រាប់កុមារនោះមានដូចជា៖ • ផលិតផលដែលគ្មានសារជាតិធ្វើឲ្យធាត់ • ពពួកសាច់ ដែលដកចេញនូវផ្នែកស្បែក • នំបុ័ង និងគ្រាប់ធញ្ញជាតិ • អាហារសម្រន់ដូចជា បន្លែ និងផ្លែឈើជាដើម។ វិធីសាស្រ្តហ្វឹកហាត់ទម្លាប់ញ៉ាំរបស់ក្មេងតូចៗ អាណាព្យាបាលមួយចំនួនហាក់ដូចជាដាក់កម្រិតក្នុងការញ៉ាំ ក្នុងករណីដែលកូនៗរបស់ពួកគេមានបញ្ហាលើសទម្ងន់ តែអ្នកប្រហែលជាមិនបានដឹងទេថា នេះជាការអនុវត្តខុសមួយ ដែលអាចបណ្តាលឲ្យកូនតូចៗមានបញ្ហាកង្វះជីវជាតិទៅវិញ។ យកល្អគួរចាប់យកទម្លាប់ខាងក្រោម ហើយអនុវត្តវាទៅលើកូន របស់អ្នកដែលនឹងអាចបង្រៀនពួកគេឲ្យមានការហ្វឹកហាត់ទម្លាប់ក្នុងការទទួលទានដែលមានសុខភាព៖ 1. ផ្តល់ជម្រើសអាហារ៖ គួរមានការស្តុកទុកនូវប្រភេទអាហារដែលមានអត្ថប្រយោជន៍ដល់សុខភាព នៅក្នុងផ្ទះឲ្យបានច្រើន នោះកូនរបស់អ្នកនឹង អាចរៀនជ្រើសរើស ស្គាល់ និងញ៉ាំតែអាហារណាដែលមានជីវជាតិត្រឹមត្រូវ។ 2. បង្រៀនកូនអ្នកឲ្យញ៉ាំយឺតៗ៖ ការញ៉ាំយឺតៗ មិនត្រឹមតែឲ្យមានការទំពារអាហារបានម៉ត់ល្អ កូនរបស់អ្នកនឹងអាចមានលទ្ធភាពបែងចែកឲ្យច្បាស់ ពីការឃ្លាន និងឆ្អែត។ ពួកគេអាចនឹងសុំនូវចំណែកអាហារបន្ថែមទៀត តែអ្នកគួរទុកពេលវេលាយ៉ាងហោចណាស់ ១៥នាទី ពីព្រោះការទុកគម្លាតពេល ឲ្យគិតនោះ ខួរក្បាលនឹងអាចបញ្ជូនសញ្ញាពីភាពឆ្អែតទៅកាន់ពួកគេ។ 3. ញ៉ាំអាហារជុំគ្នា៖ ជាគ្រួសារ គួរណាស់ត្រូវមានពេលវេលាឲ្យបានញឹកញាប់ដើម្បីញ៉ាំអាហារជុំគ្នា ហើយខណៈពេលនៅជាមួយគ្នា គួរចេះបង្កើតបរិយាកាស សប្បាយរីករាយ ចៀសវាងមានការស្តីបន្ទោស ឬមានអារម្មណ៍ឆេវឆាវ ជាហេតុធ្វើឲ្យការទទួលទានអាហារគ្មានផាសុកភាព ឬកូនរបស់អ្នកអាចនឹង ព្យាយាមញ៉ាំអាហារក្នុងល្បឿនលឿនដើម្បីឆាប់បានគេចពីស្ថានការណ៍ដ៏តឹងតែងនោះ។ 4. កំណត់ពេលសម្រាប់អាហារសម្រន់៖ អាហារសម្រន់ដែលត្រូវបានកំណត់ពេលសម្រាប់ញ៉ាំអាចជាផ្នែកផ្តល់ឲ្យកុមារនូវជីវជាតិកាន់តែគ្រប់គ្រាន់ គួរចៀសវាងអនុញ្ញាតឲ្យកុមារញ៉ាំតាមចំណង់ព្រោះវាអាចឲ្យលើសទម្ងន់។ 5. ហាមមើលទូរទស្សន៍ពេលញ៉ាំអាហារ៖ កម្មវិធីទូរទស្សន៍នានា អាចទាញចំណាប់អារម្មណ៍របស់កុមារ ឲ្យចាកចេញឆ្ងាយពីការបរិភោគអាហារដែល អាចឲ្យពួកគេមិនញ៉ាំ ឬញ៉ាំលើស។ អ្នកគួររៀបចំជាបន្ទប់បាយ ឬតុសម្រាប់តែការញ៉ាំបាយដាច់ដោយឡែក និងត្រូវបណ្តុះទម្លាប់របស់ពួកគេជាប្រចាំថ្ងៃ។ 6. ឲ្យកុមារញ៉ាំទឹកឲ្យបានច្រើន៖ ផ្តល់ទឹកឲ្យបានគ្រប់គ្រាន់ដល់កុមារ ព្រោះភេសជ្ជៈដែលមានជាតិផ្អែម ឬពពួកសូដា អាចបង្កើនឱកាសប្រឈម ទៅនឹងជំងឺធាត់។ 7. កុំយកអាហារជាធ្នាក់៖ ការពិន័យកុមារដោយបង្អត់អាហារ ធ្វើឲ្យពួកគេអាចនឹងមានអារម្មណ៍ភ័យព្រួយ ដោយគិតថាខ្លួននឹងមិនមានអាហារសម្រាប់ញ៉ាំ ដែលជាលទ្ធផល ពួកគេអាចនឹងញ៉ាំកាន់តែច្រើន និងគ្រប់ពេលប្រសិនបើមានឱកាស។ ម្យ៉ាងវិញទៀត នៅពេលដែលអ្នកយកចំណីដូចជា ស្ករគ្រាប់ សម្រាប់ជាធ្នាក់បង្ខំឲ្យពួកគេញ៉ាំអាហារសុខភាពដូចជាពពួកបន្លែនោះ វាមិនមែនជាវិធីសាស្រ្តល្អនោះទេ ផ្ទុយទៅវិញនេះ ជាការហ្វឹកហាត់ឲ្យកុមារលែងឲ្យ តម្លៃទៅលើពពួកអាហារសុខភាពនោះទៅវិញ។ 8. អាហារខាងក្រៅត្រូវមានតុល្យភាព៖ កុមារប្រហែលជាមានឱកាសញ៉ាំអាហារប្លែកៗនៅខាងក្រៅ ដូចជានៅតាមសាលារៀនរបស់ពួកគេជាដើម។ អ្នកអាចកាត់បន្ថយឱកាសនោះ ដោយរៀបចំជាអាហារប្រអប់សម្រាប់រាល់ពេលដែលគេនៅសាលា។ ទម្លាប់មួយដែលល្អ មិនអាចសម្រេចបានភ្លាមៗនោះទេ ដោយឡែកកុមារអាចងាយស្រួលនឹងស្វែងយល់ បើអ្នកអាចធ្វើការណែនាំទៅកាន់ពួកគេ កាន់តែឆាប់ កាន់តែប្រសើរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក
