-
Jun 09, 2017
|
-
7 ឆ្នាំមុន
|
-
3.1K មើល
ជាការពិត ស្បែកនៅត្រង់បរិវេណភ្នែកជាតំបន់ដែលមានសភាពស្តើង និងរស់ ហើយងាយនឹងទទួលការខូចខាត។ ការលេចឡើងជាស្នាមជ្រីវជ្រួញ ត្រង់កន្ទុយភ្នែក ក្រោមភ្នែក និងសភាពជាំ ឬឡើងខ្មៅនៅជុំវិញភ្នែក ជាបញ្ហាមួយដែលអ្នកទាំងអស់គ្នាមានកង្វល់ស្រាប់ទៅហើយ ខណៈពេលដែលអាយុកាន់តែច្រើន ព្រោះវាជាផ្នែកមួយ ដែលស្តែងចេញច្បាស់ជាងគេ នូវការវិវឌ្ឍទៅរកភាពចាស់ ប៉ុន្តែអ្នកក៏ត្រូវប្រឈមមុខនឹងកត្តាជាច្រើនទៀត ដែលត្រូវបានដឹងថា ជាមូលហេតុ នៃឥទ្ធិពលអាក្រក់នេះ។ ដោយឡែក ក្នុងនោះកត្តាទាក់ទិននឹងភ្នែកដែលត្រូវបំពេញមុខងារជារៀងរាល់ថ្ងៃ បែរជាត្រូវបានមើលរំលងទៅវិញ។
តើភ្នែកមានទំនាក់ទំនងយ៉ាងណាជាមួយភាពចាស់របស់ផ្ទៃមុខ?
១. ការប្រើប្រាស់លេនដាក់ភ្នែក
មិនទាក់ទងនឹងឥទ្ធិពលរបស់លេនទេ តែសំដៅដល់របៀបពាក់លេន ដែលជាទូទៅតម្រូវឲ្យមានការទាញស្បែកដើម្បីសូកបញ្ចូលលេនទៅក្នុងភ្នែក។ ប្រព្រឹត្តិទង្វើបែបនេះដដែលៗ អាចឲ្យស្បែកមានសភាពយារធ្លាក់ បាត់បង់ភាពរស់រវើក និងហាប់ណែន។
២. ការផ្តល់សម្ពាធដល់ភ្នែក
ដូចជាការពាក់វ៉ែនតាម៉ូតធំៗ ឬដងធ្ងន់ជាប្រចាំ អាចចាត់ទុកថាជាការផ្តល់សម្ពាធដល់ភ្នែក ដែលហុចផលអាក្រក់ដល់ស្បែក ពិសេសក្រោមភ្នែក និងសងខាងស្លាបច្រមុះ ដោយបន្សល់នូវស្នាមជាំខ្មៅដែលមើលឃើញច្បាស់។
៣. ការប្រើប្រាស់គ្រឿងសម្អាងទៅលើភ្នែក
ជាក់ស្តែងពពួក eyeliner ដែលជាទីពេញនិយមរបស់ស្រ្តី ក៏អាចបង្កជាស្នាមជ្រីវជ្រួញដែរ ដោយសាររបៀបនៃការគូស ក៏ដូចជាការជូតសម្អាតវិញ ធ្វើឲ្យ
ស្បែកទទួលរងការកកិត។ ក្នុងនោះការប្រើប្រាស់នូវគ្រឿងសម្អាងសម្រាប់ភ្នែកផ្សេងៗ ដែលគ្មានគុណភាព ក៏អាចបណ្តាលឲ្យស្បែកដ៏ស្តើងនៅតំបន់ភ្នែក ទទួលរងការខូចខាតផងដែរ។
៤. ការប្រើប្រាស់ភ្នែកហួសកម្រិត
ការប្រឹងសម្លឹងមើលអ្វីមួយក្នុងរយៈពេលយូរ មិនត្រឹមតែជះឥទ្ធិពលដល់សមត្ថភាពក្នុងការមើលរបស់ភ្នែកទេ ថែមទាំងអាចធ្វើឲ្យភ្នែករបស់អ្នក មានការនឿយហត់ ដែលសម្តែងឡើងតាមរយៈស្បែកនៅជុំវិញភ្នែកឡើងខ្មៅ។ ដោយឡែក ចំពោះការសម្លឹងនៅមុខកុំព្យូទ័រ ទូរទស្សន៍ ឬថេបប្លេត រឹតតែមិនល្អ ដល់ស្បែករបស់អ្នក។ មិនតែប៉ុណ្ណោះ ពន្លឺដែលចេញពីឧបករណ៍ទាំងអស់នេះ អាចជាមូលហេតុនៃការគេងមិនស្កប់ស្កល់ ឈឺក្បាល វិលមុខ ក៏ដូចជា
ការរលាកភ្នែករបស់អ្នក និងធ្វើឲ្យវាក្លាយជាមូលហេតុដោយប្រយោល នៃភាពចាស់ទាក់ទងនឹងការប្រើប្រាស់ភ្នែករបស់អ្នក។ ចំពោះបញ្ហានេះ អ្នកអាចដោះស្រាយបាន ដោយការអនុវត្តការសម្រាកភ្នែក៥នាទីរៀងរាល់មួយម៉ោងម្តង និងអាចប្រើប្រាស់ផ្ទាំងការពារពន្លឺសម្រាប់កុំព្យូទ័រ ឬទូរទស្សន៍ផងដែរ។
៥. ជ្រួញចិញ្ចើមដោយការចាញ់ពន្លឺ
វាជារឿងធម្មតាដែលយើងនឹងជ្រួញចិញ្ចើមនៅពេលប្រឈមមុខនឹងពន្លឺអ្វីមួយ ដោយមិនអាចចៀសបាន ដែលការធ្វើបែបនេះញឹកញាប់ ឬក្នុងរយៈពេលយូរ នឹងបង្ហាញឡើងឲ្យឃើញនូវភាពជ្រីវជ្រួញជាមិនខាន។ ម្យ៉ាងទៀត ការប្រឈមនឹងពន្លឺ គឺផ្តល់នូវលទ្ធផលមិនល្អស្រាប់ទៅហើយដល់ស្បែក និងភ្នែក ដូចនេះយល់ល្អ អ្នកគួរតែជ្រើសរើសប្រើប្រាស់ផលិតផលការពារកំដៅសម្រាប់ស្បែកជុំវិញភ្នែកផ្ទាល់ ហើយក៏គួរជ្រើសរើសប្រើវ៉ែនតាការពារពន្លឺថ្ងៃ ដែលមានដងស្រាល ពេលអ្នកនៅក្រោមពន្លឺ។
៦. ការញីភ្នែកញឹកញាប់
នេះអាចជាទម្លាប់មួយរបស់មនុស្សមួយចំនួន ជាពិសេសក្រោយពេលភ្ញាក់ពីគេង។ ដោយឡែក ការរកាំភ្នែក ស្ងួត រមាស់ភ្នែក ឬជំងឺភ្នែកមួយចំនួនទៀត
ក៏អាចជាមូលហេតុ ដែលឲ្យអ្នកញីភ្នែកញឹកញាប់ ដោយមិនដឹងខ្លួនផងដែរ។ដូចនេះ អ្នកគប្បីថែទាំសុខភាពភ្នែករបស់អ្នកឲ្យចៀសផុតពីបញ្ហាទាំងអស់នេះ
ដើម្បីផាសុកភាពនៃភ្នែករបស់អ្នក។ ចំពោះករណីធូលីចូលភ្នែក អ្នកក៏ត្រូវចៀសវាង ប្រើដៃញីភ្នែកខ្លាំងៗ ដែលមិនត្រឹមតែធ្វើឲ្យស្បែកយារ ក៏អាចប្រឈម នឹងការឆ្លងរោគ ទៅជាជំងឺភ្នែកផងដែរ។ សម្រាប់បញ្ហានេះ អ្នកអាចដោះស្រាយបាន ដោយការប្រើប្រាស់ទឹកសម្រាប់លាងភ្នែក ថ្នាំបន្តក់ភ្នែក ឬទឹកស្អាតដើម្បី
សម្អាតកម្ទេច ឬធូលីចេញ។
៧. ការមិនទៅជួបនឹងគ្រូពេទ្យភ្នែកទៀងទាត់
ពិសេសចំពោះអ្នកមានបញ្ហាភ្នែក ឬម្ញូប ដែលទាមទារឲ្យធ្វើការតាមដានការវិវឌ្ឍរបស់វា ដើម្បីធ្វើការការព្យាបាល ឬប្តូរវ៉ែនតាចំពោះអ្នកម្ញូប។ បើអ្នកធ្វេសប្រហែស ចំពោះបច្ចុប្បន្នភាព ទាក់ទងនឹងសុខភាពភ្នែក អ្នកប្រកដណាស់នឹងប្រឈមមុខនឹងបញ្ហាឈឺ រកាំភ្នែក រួមជាមួយអាការៈឈឺក្បាល និងនឿយហត់ និងបញ្ហាព្រិច ឬជ្រួញចិញ្ចើម ដោយសារការប្រឹងមើល ដែលជាមូលហេតុពីរចម្បងនៃភាពជ្រីវជ្រួញ។ ដោយគ្រាន់តែចំណាយពេលខ្លះទៅជួបនឹងគ្រូពេទ្យភ្នែក អ្នកមិនបាច់បារម្ភ ពីបញ្ហានេះទៀតទេ។
ទន្ទឹមនឹងនេះ អ្នកគួរស្វែងយល់នូវគន្លឹះផ្សេងៗទាក់ទងការថែទាំសុខភាពភ្នែក ក៏ដូចជាសុខភាពស្បែកដទៃទៀត ដើម្បីជាជំនួយ និងពន្យារនូវភាពចាស់របស់អ្នក និងជាពិសេសចៀសវាងសម្រេចធ្វើការព្យាបាល ឬប្រើប្រាស់នូវផលិតផល ដែលមិនគួរទុកចិត្តណាមួយដោយខ្លួនឯង៕
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក