Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

បងប្អូនខ្មែរយើងមួយចំនួនតូចហាក់ដូចជាមានការធ្វេសប្រហែសច្រើន ជាមួយជំងឺៈ ១ -ការពិនិត្យសុខភាព៖ មិនបានយកចិត្តទុកដាក់ក្នុងការពិនិត្យឈាមទាល់តែសោះ ចាំពេលឈឺ បានទៅរកពេទ្យព្យាបាលតែម្តង គាត់ច្រើននិយាយថា បេីពិនិត្យចេះតែឃើញហេីយ (ចាំថ្ងៃណា​ ថ្ងៃនោះទៅ) គឺមិនការពារ មិនថែទាំ ​ដូចពាក្យចាស់ពោលថា «ក្របីបាត់ហើយបានធ្វើរបង ជិតពេលប្រឡងបានខំស្វាធ្យាយ»។ ២- បើមានជំងឺ បន្តិចបន្តួច ឬដំណាក់កាលដំបូងៗ មិនប្រញាប់ទៅរកគ្រូពេទ្យព្យាបាលទេ ច្រើនទៅទិញថ្នាំនៅផ្សារ នៅឱសថស្ថានទៅតាមចំណាំ​ ឬតាមអ្នកលក់ផ្សំឲ្យលេប អ្នកខ្លះប្រើថ្នាំបុរាណ ក៏មាន ។ កត្តាខ្លះៗទាំងនេះហើយ ដែលធ្វើឲ្យបងប្អូនយើង មានជំងឺច្រើនតែធ្ងន់ធ្ងរពិបាកព្យាបាល ព្យាបាលមិនងាយជា ព្យាបាលប្រើពេលវេលាច្រើន លុយក៏ច្រើន ហើយចាប់ផ្តើមភ័យរត់ចុះរត់ឡើង អ្នកខ្លះរត់ដល់បរទេសទៀតផង​ ។ បើជំងឺឫសដូងបាត គាត់កាន់តែធ្វេសប្រហែស ហើយមើលស្រាលជំងឺឫសដូងបាតណាស់ ទុកដល់ដំណាក់កាលទី៣ ទី៤ វាចេញមកក្រៅហើយរុញលែងចូលវិញ មានការឈឺចាប់ធ្ងន់ធ្ងរ ជួនកាលមានហូរឈាមទៀតផង ថ្លៃព្យាបាលក៏អស់ច្រើន ផលប៉ៈពាល់របស់វា ទៅលើកោសិកា ជាលិកាដទៃទៀត កាន់តែធ្ងន់ធ្ងរដល់ដំណាក់កាលពិបាកព្យាបាលដែរ ។ ដូច្នេះ សូមបងប្អូនគួរលះបង់(ពេលវេលា ការងារ ប្រាក់កាស់)ខ្លះៗដើម្បីសុខភាព អាយុជីវិតខ្លួនឯងផង ព្រោះពេលស្លាប់ទៅគ្មានអ្នកណាយកអ្វីទៅជាមួយបានឡើយ កុំចាំដល់ពេលចុងក្រោយ បានហ៊ានលះបង់ បានហ៊ានចំណាយ វាហួសពេលហេីយ គ្រូពេទ្យមិនមែនឥសី ឬ ព្រះឥន្ទជប់ឲ្យជា ជប់អ្នកស្លាប់អោយរស់​វិញបានឡេីយ  អ្នកខ្លះរត់ទៅព្យាបាលដល់បរទេស​ នៅតែគេជួយមិនបាន​​ដដែល។ បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត។ ផ្ទះលេខ១៦-១៨ ផ្លូវលេខ ១៦ បុរីពិភពថ្មី ផ្លូវ វេងស្រេង ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកអ្នកអាចពិគ្រោះជម្ងឺជាមួយខ្ញុំបាទ វេជ្ជបណ្ឌិត តូច យ៉ាន ដោយផ្ទាល់បានតាមរយះទូរសព្ទ័លេខ 012 855 922 /070 855 922 /016 955 822/097 97 97 882ឬ ទូរស័ព្ទមិនអស់ប្រាក់លេខ 1800 20 1989  

ចែករំលែក

សម្ដីក៏ដូចជាពាក្យពេចន៍ដែលអ្នកនិយាយទៅកាន់កូនរបស់អ្នក ជាពិសេសក្មេងតូចគឺសុទ្ធតែមានឥទ្ធិពលដល់ពួកគេ ដែលស្របពេលជាមួយគ្នាគឺអាចជះឥទ្ធិពលដល់ទំនាក់ទំនងរវាងលោកអ្នក និងកូនផងដែរ។ ដោយហេតុថា ក្មេងងាយនឹងទទួលការប៉ះទង្គិចផ្លូវអារម្មណ៍ និងងាយចាប់យកនូវអ្វីដែលពួកគេបានឃើញ និងឮ ដូចនេះហើយ អ្នកគួរមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ពាក្យពេចន៍ ពិសេសក្នុងការសន្ទនាប្រចាំថ្ងៃ។ ខាងក្រោមនេះ ជាសម្តីខ្លះដែលអ្នកគួរនិយាយឲ្យបានជាប្រចាំ ដើម្បីបង្កើតនូវផលវិជ្ជមានដល់ទំនាក់ទំនងរវាងអ្នក និងកូន ដែលក្នុងនោះមានដូចជា ៖ «ប៉ាម៉ាក់ស្រឡាញ់កូន» អត្ថន័យ គឺវិសេសវិសាលណាស់ ហើយវាប្រៀបបានជាកម្លាំងចិត្តមួយដល់កូនរបស់អ្នក ដែលអាចធ្វើឲ្យគេទទួលបានអារម្មណ៍ ក៏ដូចជាឥទ្ធិពលនៃក្តីស្រឡាញ់ពីអ្នកផងដែរ ដែលនេះ គឺមានន័យថា «អ្នកស្រឡាញ់គេក្នុងនាមជាសមាជិកគ្រួសារដ៏ជិតស្និទ្ធ និងគួរឲ្យស្រឡាញ់មួយរូប»។ «កូនឯង រៀនឆាប់ចេះណាស់!» ការរៀនសូត្រអ្វីមួយដែលថ្មី ជាជំនាញដ៏ពិសេសមួយរបស់កូនក្មេង ហើយពេលខ្លះវាប្រៀបបានជាសកម្មភាពនៃការលេងកម្សាន្តរបស់គេដែរដែលជាហេតុធ្វើឲ្យគេមិនបានចាប់អារម្មណ៍ថាខ្លួនឯងកំពុងរៀន តែក៏អាចរីកចម្រើន និងសប្បាយក្នុងពេលតែមួយ។ មិនថាលទ្ធផលដែលគេធ្វើបានល្អ ឬមិនល្អយ៉ាងណានោះទេ សូមកុំភ្លេចនិយាយសរសើរពួកគេ មុននឹងផ្តល់នូវមតិយោបល់រិះគន់ក្នុងន័យស្ថាបនាផ្សេងៗ។ «អរគុណ» កុំភ្លេចថា អ្នកជាគំរូរបស់កូនអ្នក ហេតុនេះហើយ ប្រសិនបើចង់បង្រៀនឲ្យពួកគេចេះអំពីការគួរសម ឬការថ្លែងនូវអំណរដល់អ្នកដទៃ អ្នកត្រូវធ្វើវាជាមុនសិន ហើយការដែលនិយាយជាប្រចាំចំពោះគេ នឹងធ្វើឲ្យពួកគេចំណាំមើល និងអនុវត្តតាមអ្នក។ ជាក់ស្តែង ទម្លាប់នៃការមានអំណរចំពោះអ្វីៗ និងមនុស្សល្អៗនៅជុំវិញខ្លួនជាជំនាញក្នុងទំនាក់ទំនងសង្គមមួយដ៏ចាំបាច់។ «សុំទោស» ស្រដៀងនឹងពាក្យ«អរគុណ»ដែរ អ្នកប្រាកដជាចង់ឲ្យកូនអ្នកចេះគួរសមចំពោះអ្នកដទៃ ដូចនេះហើយ មិនថាជាកំហុសតូច ឬធំនោះទេ អ្នកត្រូវហ៊ាននិយាយពាក្យ«សុំទោស» និងបង្ហាញដោយចិត្តស្មោះ នោះកូនរបស់អ្នកនឹងព្យាយាមនិយាយដូចគ្នា រាល់ពេលដែលគេកសាងកំហុសអ្វីមួយ។ «តើកូនគិតបែបណាដែរ  ប្រសិនបើយើង…?» ការសួរសំណួរបែបនេះ ជាជំហានមួយក្នុងការបង្ហាញនូវកិច្ចសហការក្នុងក្រុមគ្រួសារ ហើយអ្នកក៏អាចដឹងឮអំពីមតិយោបល់ថាតើពួកគេយល់ព្រម ឬមានយោបល់យ៉ាងណាដែរ។  វាក៏ប្រៀបបាននឹងលំហាត់ប្រាណក្នុងការគិតមួយសម្រាប់ពួកគេ   ដែលអាចឲ្យកូនរបស់អ្នករៀនធ្វើការសម្រេចចិត្ត និងមានទំនួលខុសត្រូវចំពោះជម្រើស ក៏ដូចជាការសម្រេចចិត្តរបស់ពួកគេ។   មិនត្រឹមតែប៉ុណ្ណោះវាក៏នឹងអាចធ្វើឲ្យគេគិតថា គេជាចំណែកមួយដ៏សំខាន់ហើយយោបល់របស់គេក៏មានតម្លៃផងដែរ។ «តោះ!អាន…» ការអានសៀវភៅឲ្យកូនអ្នកស្តាប់ ឬការបង្រៀនកូនរបស់អ្នកឲ្យរៀនអាន ជួយពង្រឹងជំនាញជាច្រើនដល់ពួកគេ ស្របពេលដែលពង្រឹងនូវទំនាក់ទំនងរវាងអ្នកទាំងពីរឲ្យកាន់តែរឹងមាំផងដែរ។ការអាន ជាការរៀនដែលបើកបង្ហាញកូនរបស់អ្នកទៅកាន់ពិភពលោក ជីវិត និងគំនិតជាច្រើន ដែលចាំបាច់សម្រាប់ជីវិត។ «នរណាក៏ធ្លាប់ខុស ក៏មានបញ្ហាដែរ» បញ្ហា និងកំហុសតែងតែកើតមានហើយនរណាក៏ធ្លាប់ជាចំណែកនៃបញ្ហា ឬកំហុសដែរ តែការទទួលស្គាល់ការពិត និងរៀនសូត្រអំពីកំហុសដែលបានប្រព្រឹត្តទាំងនោះ ទើបជាអ្វីដែលមិនមែនមនុស្សគ្រប់គ្នាធ្វើបាន។ រាល់ពេលដែលកូនរបស់អ្នកធ្វើអ្វីខុសឆ្គង ឬមិនបានដូចក្តីប្រាថ្នានោះ សូមលើកឡើងនូវមេរៀនណាមួយដែលអ្នកធ្លាប់ឆ្លងកាត់កន្លងមក ហើយពន្យល់ប្រាប់ពួកគេឲ្យចេះប្រឈម   និងដោះស្រាយនឹងវាប្រកបដោយប្រសិទ្ធភាព។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើអាកាសធាតុក្តៅអាចប៉ះពាល់យ៉ាងដូចម្តេចដល់អ្នកជំងឺទឹកនោមផ្អែម? ជាការពិតណាស់ នៅពេលដែលអាកាសធាតុក្តៅខ្លាំង វាអាចមានកត្តាមួយចំនួនដែលអាចប៉ះពាល់ដល់ការគ្រប់គ្រងជាតិស្កររបស់អ្នកជំងឺទឹកនោមផ្អែមបាន។ មនុស្សយើងគ្រប់គ្នា រាល់សារធាតុទឹកក្នុងខ្លួនទាំងអស់ ត្រូវបានបញ្ចេញចោលទៅកាន់មជ្ឈដ្ឋានខាងក្រៅ តាមរយៈ ៖ - ការដកដង្ហើម - ការបែកញើស - តាមទឹកនោម - តាមការបន្ទោរបង់លាមក ហេតុដូចនេះ គេសង្កេតឃើញថា នៅពេលដែលមានអាកាសធាតុក្តៅខ្លាំង បណ្តាលឲ្យអ្នកជំងឺទឹកនោមផ្អែម បង្កើនការបាត់បង់ជាតិទឹកកាន់តែច្រើន ជាពិសេសតាមរយៈការបែកញើស ប្រសិនបើពួកគាត់មិនបានបង្គ្រប់ជាតិទឹកឲ្យបានគ្រប់គ្រាន់។ នៅពេលដែលមានកង្វះជាតិទឹក បណ្តាលឲ្យជាតិស្ករក្នុងឈាមកើនឡើង ជាហេតុនាំឲ្យអ្នកជំងឺមានអាការៈនោមច្រើន ដែលនេះវាកាន់តែបង្កឲ្យកង្វះជាតិទឹកកាន់តែធ្ងន់ធ្ងរ។  ក្នុងករណីដែលអ្នកជំងឺទឹកនោមផ្អែម ប្រើប្រាស់ការចាក់ថ្នាំអាំងស៊ុយលីន នោះកង្វះជាតិទឹកអាចបង្កឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំ។ ដូច្នេះ វានាំឲ្យជាតិស្កររបស់អ្នកជំងឺមិនអាចគ្រប់គ្រងបានល្អ។   តើអ្នកជំងឺទឹកនោមផ្អែមត្រូវប្រុងប្រយ័ត្នអ្វីខ្លះនៅពេលអាកាសធាតុក្តៅ? - ត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ជាពិសេស ត្រូវទទួលទានទឹកបន្ថែមនៅពេលដែលធើ្វការក្រោមកំដៅថ្ងៃ ធ្វើការដែលមានការបញ្ចេញពលកម្មច្រើន ឬនៅពេលហាត់ប្រាណ។ - ត្រូវព្យាយាមតាមដានជាតិស្ករក្នុងឈាមឲ្យបានញឹកញាប់តាមដែលអាចទៅរួច ព្រោះថានៅពេលដែលក្តៅខ្លាំង អ្នកជំងឺបើកញើស អាចឲ្យអ្នកជំងឺភាន់ច្រឡំនឹងអាការៈនៃការចុះជាតិស្ករ។ ដូច្នេះប្រសិនបើអ្នកជំងឺទឹកនោមផ្អែម ដែលងាយ ឬឧស្សាហ៍ចុះជាតិស្ករញឹកញាប់ គួរតែដាក់ចំណីអាហារបន្តិចបន្តួច (អាចជាស្ករគ្រាប់ ឬនំ) តាមខ្លួនដើម្បីទទួលទាន។ ឧទាហរណ៍ នៅពេលហាត់ប្រាណ - ត្រូវការពារថ្នាំព្យាបាលទឹកនោមផ្អែមរបស់លោកអ្នក រួមទាំងថ្នាំគ្រាប់សម្រាប់លេប និងថ្នាំប្រភេទសម្រាប់ចាក់។ ចូរចៀសវាសការទុកឱសថទាំងអស់នោះនៅទីកន្លែងដែលមានកម្តៅខ្លាំង ជាពិសេសត្រូវពន្លឺថ្ងៃ។ ប្រសិនបើជាប្រភេទថ្នាំចាក់ គួរតែទុកដាក់ឲ្យត្រឹមត្រូវក្នុងធុង ឬទូរទឹកកក។ - ប្រសិនបើអ្នកជំងឺដែលធ្វើការផ្ទាល់ក្រោមពន្លឺថ្ងៃ ក្រៅអំពីការទទួលទឹកបន្ថែមឲ្យបានច្រើន គាត់គួរប្រុងប្រយត្នផងដែរនូវការរលាកស្បែកដោយសារកម្តៅថ្ងៃ។ ចូរការពារស្បែកដោយពាក់អាវដៃវែង ឬធ្វើយ៉ាងណារកអ្វីមកគ្រប់ដណ្តប់ ឬក៏អាចប្រើប្រាស់ក្រែមការពារពន្លឺថ្ងៃដែលមានគុណភាព មកលាបដើម្បីកាត់បន្ថយគ្រោះថ្នាក់របស់កាំរស្មីព្រះអាទិត្យមកលើស្បែក។ បកស្រាយដោយលោក វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និងទឹកនោមផ្អែម (មន្ទីរពេទ្យព្រះកុសុមៈ) ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

នៅពេលដែលធ្មេញរបស់កុមារចាប់ផ្ដើមដុះមកដំបូង អ្នកគួរតែចាប់ផ្ដើមជ្រើសរើសច្រាសដុសធ្មេញមួយសម្រាប់ពួកគេ។ អ្នកគួរជ្រើសរើសច្រាសដុសធ្មេញ ដែលមានជក់ទន់ ក្បាលតូច ដងកាន់មានទំហំធំ៖  អាយុ 0-2ឆ្នាំ  ជូតអញ្ចាញធ្មេញជាមួយនឹងក្រណាត់ស្អាតមួយ បន្ទាប់ពីបញ្ចុកចំណីអាហារហើយ ដើម្បីសម្អាតចោលនូវបាក់តេរីដែលអាចបង្កឲ្យពុកធ្មេញ។ ដុសធ្មេញពីរដងក្នុងមួយថ្ងៃ ជាមួយនឹងទឹក និងច្រាសដុសធ្មេញដែលទន់ ហើយក៏គួរតែនាំគេទៅពិនិត្យ មុនថ្ងៃខួបកំណើតទីមួយរបស់គេផងដែរ។ អាយុ 3-5 ឆ្នាំ ចាប់ផ្ដើមប្រើថ្នាំដុសធ្មេញដែលមានជាតិហ្វ្ល័រអឺរ៉ាយ(Fluoride) ពេលគេមានអាយុ៣ឆ្នាំប្រើប្រាស់ថ្នាំដុសធ្មេញក្នុងបរិមាណតិច (ប្រហែលទំហំគ្រាប់សណ្ដែក) ដោយត្រូវប្រាកដថាពួកគេនឹងខាកវាចេញមកវិញ ក្រោយពីធ្វើការដុសហើយ ។ សាកល្បងឲ្យគេបៀមដៃ និងបៀមក្បាលដោះ ពេលគេឈានចូលដល់អាយុ៤ឆ្នាំ ព្រមទាំងនាំគេទៅពិនិត្យរៀងរាល់៦ខែម្ដង។ អាយុ 6-9 ឆ្នាំ ចាប់ផ្ដើមរូសធ្មេញ ពេលណាដែលធ្មេញចាស់ផ្ដើមដុះជិតគ្នា វាជារឿងធម្មតាដែលថាធ្មេញអាចនឹងបាក់នៅក្នុងវ័យក្មេងនេះ មុនពេលដែលបុត្ររបស់អ្នកអាចធ្វើការអនុវត្តអនាម័យមាត់ធ្មេញដោយខ្លួនឯង ឳពុកម្ដាយគួរជួយពួកគេក្នុងការដុស និងរូសធ្មេញឲ្យបានយ៉ាងតិចពីរដងក្នុងមួយថ្ងៃ ត្រូវត្រួតពិនិត្យ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះសភាពរបស់ធ្មេញក្រោយ ដែលអាចនឹងជាប់កាកសំណល់ផ្សេងៗ។ អាយុ 10-13 ឆ្នាំ ព្យាយាមរំលឹកកូនរបស់លោកអ្នកឲ្យថែរក្សាសុខភាពមាត់ធ្មេញឲ្យបានខ្ជាប់ខ្ជួន និងរំលឹកពួកគេពីភាពស្រស់ស្អាត  និងស្រស់ស្រាយដែលនិឹងកើតមាន កាលណាមាត់ធ្មេញរបស់គេមានសុខភាពល្អ និងក្លិនក្រអូបប្រហើរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បុគ្គលមួយចំនួនទម្លាប់គេងទ្រមក់ ឲ្យតែពេលព្រឹក ទោះបីជានាឡិកាចាប់ផ្ដើមរោទិ៍ហើយដឹងច្បាស់ថាខ្លួនត្រូវបំពេញការងារច្រើនក៏ដោយ ក៏នៅទ្រមក់មិនព្រមងើបខ្លួនពីពូកសោះ ដោយសារតែមានអារម្មណ៍មិនទាន់ស្វាហាប់ មិនដាច់អាល័យពីពេលដែលមានក្ដីសុខក្នុងការលង់លក់ក្នុងដំណេករបស់ខ្លួន។ នេះជាទម្លាប់អាក្រក់មួយដែលជាមូលហេតុចម្បងនៃការខាងបង់ពេលវេលាក្នុងការប្រកបកិច្ចការងារប្រចាំថ្ងៃរបស់អ្នក។ តែមិនអីទេ !!!យើងខ្ញុំសូមនាំមកជូនលោកអ្នកនូវគន្លឹះមួយចំនួនដែលជួយឲ្យលោកអ្នកប្រមូលផ្ដុំថាមពលសម្រាប់ចាប់ផ្ដើមថ្ងៃថ្មីប្រកបដោយភាពស្វាហាប់ ដែលមានរួមមានដូចខាងក្រោម៖  អានអត្ថបទដែលខ្លួនចូលចិត្ត ៖ អ្នកអាចសាកល្បងអានសៀវភៅ ទស្សនាវដ្ដី ឬអត្ថបទផ្សេងៗដែលខ្លួនចូលចិត្តរយៈពេលប្រមាណ៣០នាទីមុនពេលចូលគេង។ ចៀសវាងការទទួលទានអាហារ ឬពិសាភេសជ្ជៈដែលមានជាតិអាល់កុល ៖ វាអាចបណ្ដាលឲ្យក្រហាយទ្រូងក៏ដូចជាឆ្អល់ចុងដង្ហើម ហើយគេងមិនស្ងប់។ រៀបចំកិច្ចការសម្រាប់បំពេញពេលព្រឹក ៖ ធ្វើបែបនេះនឹងអាចជួយឲ្យអ្នកមានអារម្មណ៍ថាខ្លួនមានកាតព្វកិច្ចត្រូវបំពេញជាបន្តបន្ទាប់។ រៀបគម្រោងសម្រាប់អាហារពេលព្រឹក ៖ គម្រោងសម្រាប់អាហារពេលព្រឹក នឹងធ្វើឲ្យអ្នកនឹកគិតដល់ពេលទទួលទានអាហារពេលព្រឹក ហើយឆាប់ភ្ញាក់។ ធ្វើលំហាត់ប្រាណ ៖ ប្រសិនបើមានពេលច្រើន អ្នកអាចក្រាន់តែឆ្លៀតធ្វើក្បាច់យោគៈប្រមាណនាទីក៏ល្មមសម្រាប់ពញ្ញាក់ស្មារតីរបស់អ្នកឲ្យភ្ញាក់ពីគេងបានដែរ។ ទទួលទានទឹកមួយកែវ ៖ វានឹងជួយបំពេញបរិមាណទឹកដែលបាត់បង់ ដោយសារតែការបែកញើស និងដំណកដង្ហើម។ ដាក់នាឡិការោទិ៍នៅផ្នែកណាមួយនៃបន្ទប់ ៖ ចៀសវាងការដាក់ជិតខ្លួន ព្រោះអ្នកងាយនឹងចុចបិទហើយបន្តការគេងទៀត។ ដូច្នេះហើយការទុកវានៅឆ្ងាយពីខ្លួនបន្តិច នឹងជួយឲ្យអ្នកមានអារម្មណ៍ស្វាងជាង ហើយចៀសវាងដាច់ខាតការចុចដាក់ឲ្យរោទិ៍បន្តទៀតនៅប៉ុន្មាននាទីក្រោយ។ ទទួលយកពន្លឺព្រះអាទិត្យ ៖ ពន្លឺព្រះអាទិត្យនឹងបញ្ឈប់ការផលិតអ័រម៉ូនមេឡាតូនីន ដែលនឹងជួយឲ្យអ្នកមានអារម្មណ៍ស្វាហាប់ និងត្រៀមខ្លួនសម្រាប់ការផលិតវាម្ដងទៀតក្នុងយប់បន្ទប់ទៀត។ ទុកឧបករណ៍ដែលមានសារធាតុវិទ្យុសកម្មឲ្យឆ្ងាយពីខ្លួន ៖ ពន្លឺដែលចេញពីឧបករណ៍ទាំងនោះធ្វើត្រាប់តាមពន្លឺព្រះអាទិត្យ ដោយធ្វើការបញ្ឈប់ខួរក្បាលពីការផលិតអ័រម៉ូនមេឡាតូនីន ដែលជាអ័រម៉ូនជួយដល់ការគេងលក់ស្រួលពេលយប់។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្រៅពីរូបសម្បត្តិ សុភាពបុរសក៏អាចនឹងមានភាពទាក់ទាញជាមួយនឹងទេពកោសល្យ និងជំនាញផ្សេងៗរបស់ខ្លួន។ ជាក់ស្តែង ការចេះចម្អិនអាហារក៏ជាមន្តស្នេហ៍ទាក់ទាញមួយបែបផងដែររបស់បុរស....កាលពី៣០ឆ្នាំមុន មនុស្សប្រុសគិតថាការចម្អិនម្ហូបអាហារ គឺជាការងាររបស់ស្រ្តី។  តែបើក្រឡេកមកមើលបុរសសម័យថ្មីវិញ ៤៣%នៃពួកគេបានបែរមករកការចម្អិនម្ហូបអាហារដោយខ្លួនឯងនៅផ្ទះ នេះបើយោងតាមទិន្នន័យរបស់កាសែតវ៉ាស៊ីនតោនផុស។ តើមូលហេតុអ្វីបានជាបុរសភាគច្រើនផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនបែបនេះ? ការផ្លាស់ប្តូររបស់ស្រ្តី កាលពីមុនមនុស្សស្រីជាស្រ្តីមេផ្ទះ ហើយបុរសជាអ្នកប្រកបរបរផ្គត់ផ្គង់គ្រួសារ ដូចនេះស្រ្តីមានតួនាទីតែមួយគត់ គឺធ្វើការងារផ្ទះ។ ប៉ុន្តែមកទល់នឹងពេលនេះមានការផ្លាស់ប្តូរដ៏ធំមួយដោយស្រ្តីក៏មានភាពមមាញឹកក្នុងការប្រកបរបរផ្គត់ផ្គង់គ្រួសារដូចនឹងបុរសដែរ។ ទាំងនេះហើយទើបធ្វើឲ្យបុរសងាកមករកការធ្វើការងារផ្ទះដូចជាការចម្អិនម្ហូបអាហារ គឺដើម្បីជួយសម្រួលការងារស្រ្តី។ កត្តាទាក់ទងនឹងបុរសខ្លួនឯង     •បង្កើនភាពស្និទ្ធស្នាល ការចម្អិនម្ហូបអាហារដោយខ្លួនឯងនៅផ្ទះអាចចាត់ទុកថាជាការទុកពេលវេលាឲ្យខ្លួន ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយមនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារតាមរយៈរសជាតិចេញពីទឹកចិត្តផ្ទាល់។     •សន្សំថវិកា ជាការពិតសម្រាប់ការរស់នៅម្នាក់ឯង ការទិញអាហារចម្អិនស្រាប់ពិតជាងាយ និងពេលខ្លះមានតម្លៃថោក ក៏ប៉ុន្តែភាគច្រើនក៏អាចធ្វើឲ្យប្រឈមមុខនឹងជំងឺជាច្រើនផងដែរ ដែលនឹងធ្វើឲ្យខាតថវិកាកាន់តែច្រើនឡើង។ ដោយឡែកទទួលទានម្ហូបចម្អិនស្រាប់ ត្រូវចំណាយថវិកាច្រើនដើម្បីទទួលបានបរិមាណអាហារគ្រប់គ្រាន់ និងមានទាំងគុណភាព ព្រមទាំងសុវត្ថិភាព។     •សុខភាព ប្រហែលនឹងចំណុចខាងលើ បន្ទាប់ពីចំណាយពេលធ្វើការអស់រយៈពេលពេញមួយថ្ងៃ បុរសមួយចំនួនបានជ្រើសយកការត្រឡប់មកផ្ទះដើម្បីចម្អិនអាហារសម្រាប់សុខភាព ក៏ដូចជាដើម្បីបង្កើនថាមពលឡើងវិញ និងចៀសផុតពីជំងឺផ្សេងៗផងដែរ ដោយពួកគាត់អាចកំណត់នូវបរិមាណអាហារដែលផ្ដល់ថាមពលគ្រប់គ្រាន់សម្រាប់ខ្លួនបាន។     •បង្ហាញពីភាពរឹងមាំ និងឯករាជ្យ ផ្ទុយពីការគិតថាមានតែស្រ្តីប៉ុណ្ណោះដែលត្រូវធ្វើការងារទាំងនេះ និងអាចចម្អិនអាហារដ៏មានឱជារស បុរសមួយចំនួនព្យាយាមបង្ហាញថាខ្លួនក៏អាចបង្កើតនូវឱជារសនេះដោយខ្លួនឯងដោយមិនចាំបាច់ពឹងពាក់នារីបានដែរ។     •បង្កើនភាពច្នៃប្រឌិតរបស់ខ្លួន ការចម្អិនអាហារក៏មិនខុសពីការងារដទៃដែរ ការធ្វើដោយការពេញចិត្ត និងទៅតាមចំណង់ចំណូលចិត្តនឹងនាំមកនូវគំនិតច្នៃប្រឌិតប្លែកៗជាច្រើន។ ភ្ជាប់ជាមួយស្នាដៃច្នៃប្រឌិតរបស់ពួកគេ បុរសសម័យថ្មីជាច្រើនក៏ចាត់ទុកការចម្អិនអាហារជាសិល្បៈមួយបែបដែលធ្វើឲ្យជីវិតរបស់គេមានភាពស្រស់ស្រាយបន្ថយភាពតានតឹង និងធ្វើឲ្យសុខភាពផ្លូវកាយ និងចិត្តរឹងមាំ។ ការពង្រឹងនូវចំណេះដឹងផ្នែកអាហារ ស្របពេលជាមួយនឹងការរីកចម្រើនខាងបច្ចេកវិទ្យានៃប្រព័ន្ធទំនាក់ទំនងសង្គមដូចជា​ Facebook ឬ Instagram និងការលូតលាស់វប្បធម៌នៃការអានសៀវភៅ ឬទស្សនាវដ្តីបានបង្កើនភាពងាយស្រួលក្នុងការបង្ហាញអំពីការធ្វើអាហារដែលអាចជម្រុញទឹកចិត្តបុរសៗឲ្យមានចំណង់ក្នុងការចម្អិនម្ហូបអាហារដោយពួកគាត់អាចអនុវត្តតាមការណែនាំក្នុងការចម្អិនអាហារតាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងនោះ។ ហើយពួកគេក៏អាចចែករំលែកស្នាដៃរបស់គេ និងលើកទឹកចិត្តដល់បុរសដទៃទៀតឲ្យចូលរួមចម្អិនម្ហូបអាហារដូចពួកគេដែរ។ សរុបមក…បុរសៗដែលបានយកការចម្អិនអាហារជាចំណង់ចំណូលចិត្តមួយ គួរតែបន្តការចូលចិត្តនេះដោយមិនចាំបាច់ខ្វល់ពីមជ្ឈដ្ឋានមួយចំនួនឡើយ ព្រោះការពិតវាជាសកម្មភាពទាន់សម័យមួយទៅវិញទេ។  រីឯអ្នកដែលមិនទាន់ចាប់អារម្មណ៍នឹងការចម្អិន ក៏គួរសាកល្បងល៎មើលថា អ្នកអាចទទួលបានអត្ថប្រយោជន៍ណាមួយក្នុងចំណោមខាងលើនេះ…ព្រោះថា…វាប្រៀបបានជាមន្តស្នេហ៍ទាក់ទាញមួយទៀតសម្រាប់សុភាពបុរសគ្រប់គ្នាផងដែរ… ដូចដែលគេតែងនិយាយតគ្នាថា «មនុស្សម្នាក់ៗមានភាពទាក់ទាញ ពេលដែលបញ្ចេញស្នាដៃ និងទេពកោសល្យរបស់ខ្លួន»…កុំលាក់បាំាងអី!!!​​បើចេះធ្វើម្ហូបអី បញ្ចេញថ្វីដៃឲ្យគេដឹងផង… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បុរសភាពច្រើនមិនបានចាប់អារម្មណ៍ទៅលើការកក់សក់ឡើយ ដោយគ្រាន់តែចាក់សាប៊ូលើក្បាល ហើយធ្វើការដុសចុះឡើង នឹងអាលចាក់ទឹកលាងជម្រុះចេញ។ និយាយរួមទៅ គឺធ្វើយ៉ាងណាឲ្យរួចពីដៃ។ តាមការពិតទៅ មិត្តបុរសគួរតែយល់ដឹងថាគុណប្រយោជន៍នៃការលាងសម្អាត ឬកក់សក់ជាមួយសាប៊ូនេះ គឺមានច្រើនលើសពីអ្វីដែលអ្នកអាចនឹងនឹកស្មានដល់ដែលរួមមានសម្អាតធូលី ជាតិប្រេង សារធាតុដែលថែរក្សាសុខភាពសក់ សម្អាតស្បែកក្បាល ជម្រុះចោលកោសិកាចាស់ៗលើស្បែកលលាដ៏ក្បាល។ល។ ទាំងនោះសុទ្ធតែជាមួយហេតុចម្បងនាំឲ្យសុខភាពស្បែកក្បាលរបស់អ្នក និងរឹងមាំ។ ១. ដំបូង អ្នកគួរមានសាប៊ូដែលត្រូវនឹងសភាពស្បែកក្បាលជាមុនសិន។ បើមានហើយតោះចាប់ផ្ដើមជាមួយគ្នា… ២. នៅពេលដែលងូតទឹក  អ្នកត្រូវពិនិត្យមើលថាទឹកក្ដៅល្មម (មិនក្ដៅខ្លាំងពេក) ឬនៅ? បើកកម្លាំងទឹកល្មមបានហើយ ដើម្បីកុំឲ្យខ្ជះខ្ជាយទឹកច្រើនពេក ហើយក៏ចៀសវាងការបាចសាចទៅផ្នែកផ្សេងៗផងដែរ ៣. ត្រូវធ្វើឲ្យសក់សើមជោគតែម្ដង  ៤. ដាក់សាប៊ូបន្តិចល្មម (ទំហំប្រហែលនឹងកាក់) នៅលើបាតដៃ បន្ទាប់មកដាក់វាទៅលើសក់។ ប្រសិនបើសក់របស់អ្នកមានប្រវែងវែង កុំប្រមូលផ្ដុំវាទៅលើក្បាលតែម្ដង។ អ្នកគួរប្រើម្រាមដៃធ្វើជាក្រាស់សិតបង្ហូសតាមសរសៃសក់ ដើម្បីចៀសវាងកុំឲ្យសក់ជំពាក់ចូលគ្នា ៥. ប្រើចុងម្រាមដៃរបស់អ្នកម៉ាស្សាជារង្វង់ពីផ្នែកខាងមុខនៃលលាដ៏ក្បាលចុះមកផ្នែកខាងក្រោយនៃក បន្ទាប់មក បង្ហូសតាមចំហៀងឡើងមកលើសៀតផ្កាវិញ។ ធ្វើបែបនេះប៉ុន្មាននាទី ដើម្បីរំញោច និងជម្រុះចោលនូវកោសិកាងាប់នៅលើស្បែកក្បាល ៦.លាងសម្អាតសក់ឲ្យបានសព្វ ហើយប្រសិនបើសក់របស់អ្នកវែង អ្នកអាចប្រើក្រាស់ដែលមានធ្មេញធំ សិតដើម្បីពន្លាសក់ដែលជំពាក់ចេញ  ៧. ប្រើសាប៊ូបន្ទន់សក់ក្នុងបរិមាណដូចគ្នាទៅនឹងសាប៊ូកក់ ហើយរក្សាវាទុកប្រមាណ២-៣នាទីសិន ៨. លាងសម្អាតសក់ជាមួយទឹកត្រជាក់ ហើយសឹមប្រើក្រាស់ធ្វើការសិតសក់ ៩. ប្រើក្រណាត់ស្អាត ជួតសក់ឲ្យស្ងួតដោយថ្នមៗ ចៀសវាងការជូតចុះឡើងៗ ឬជារង្វង់ ព្រោះវាអាចនឹងធ្វើឲ្យមានបញ្ហាដល់សក់។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សម្ពាធឈាម សំដៅដល់សម្ពាធនៃឈាមដែលហូរឆ្លងកាត់សរសៃឈាមរបស់រាងកាយអ្នក។ ប៉ុន្តែ នៅពេលកម្រិតឈាមលើសកំណត់ហូរឆ្លងកាត់សរសៃឈាម ជាហេតុបណ្ដាលឲ្យសម្ពាធឈាមរាងកាយមានការកើតឡើង។ សម្ពាធឈាម ត្រូវបានវាស់ស្ទង់ក្នុងដំណាក់កាលពីរលេខគឺ 120/80 ដំណាក់កាលលេខទី១ គឺវាស់ស្ទង់ថា តើបេះដូងអ្នកធ្វើការបូមឈាមជុំវិញសរសៃឈាមអាទ័រប្រកបដោយដោយប្រសិទ្ធភាព ឬយ៉ាងណា? លេខទី២ គឺវាស់ស្ទង់បេះដូងរបស់អ្នកបានសម្រាកសមស្រប ឬទេនៅចន្លោះចង្វាក់បេះដូង។ មនុស្សដែលមានសម្ពាធឈាមលើសពី140/90 (ឬលើសពីនេះ) វាធ្វើឲ្យកើតឡើងឱកាសនៃការកើតឡើងនៃជំងឺមួយចំនួនដូចជា ដំងឺដាច់សរសៃឈាមក្នុងខួរក្បាល ការខ្សោយតម្រងនោម និងជំងឺបេះដូង។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ដែលអ្នកអាចអនុវត្តដើម្បីកាត់បន្ថយគ្រោះថា្នក់នៃការឡើងសម្ពាធឈាម៖  ១. កាត់បន្ថយការទទួលទានគ្រឿងស្រវឹង  គឺជារឿងដ៏សំខាន់បំផុតក្នុងការអនុវត្ត ប្រសិនបើអ្នកចង់ឲ្យសម្ពាធឈាមរបស់អ្នកស្ថិតនៅក្រោមការគ្រប់គ្រង។ មិនថាអ្នកទទួលទានគ្រឿងស្រវឹងជាប្រចាំ ឬពិសាច្រើនដល់ថ្នាក់ស្រវឹងខ្លាំងនោះទេ ក៏គ្រោះថ្នាក់នៅតែមានទ្រង់ទ្រាយធំសម្បើមគួរឲ្យកត់សម្គាល់ដដែល ដូច្នេះ សូមកំណត់បរិមាណក្នុងការទទួលទានគ្រឿងស្រវឹងនេះឲ្យបានសមស្រប។  ២. មិនទទួលទានអាហារដែលប្រៃពេក សូមឲ្យប្រាកដថាអាហារអ្នកទទួលទានមិនប្រៃខ្លាំងនោះទេ។ អំបិលអាចបន្ថែមឲ្យអាហារមានរសជាតិឆ្ងាញ់ ប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ដល់សម្ពាធឈាម  ដោយបណ្តាលឲ្យស្រទាប់ខ្លាញ់កពូននៅក្នុងសរសៃឈាមអាកទ័ររបស់អ្នកផងដែរ។ ហេតុដូច្នេះ សូមកាត់បន្ថយអំបិលនៅក្នុងរបបអាហាររបស់អ្នក ហើយអ្នកនឹងឃើញភាពខុសប្លែកមិនខាន។  ៣. ​ធ្វើលំហាត់ប្រាណ មិនថាអ្នកប្រាថ្នាចង់សម្រកទម្ងន់ ឬរក្សារូបរាងឲ្យនៅដដែលនោះទេ ការធ្វើលំហាត់ប្រាណគឺជាប្រការចាំបាច់ដែលអ្នកត្រូវធ្វើ។ សូមអនុវត្តការហាត់ប្រាណមួយឲ្យបានជាក់លាក់ ហើយត្រូវប្រកាន់ភ្ជាប់នូវទម្លាប់នោះ។ ការហាត់ប្រាណជួយឲ្យអ្នកមានទម្លាប់រហ័សរហួន មានភាពអំណត់ និងរក្សារាងកាយអ្នកឲ្យមានសុខភាពល្អ។  ៤. បង្កើនការស្រូបយកជាតិប៉ូតាស្យូម សារធាតុនេះជួយរក្សាតុល្យភាពជាតិទឹកនៅក្នុងរាងកាយរបស់អ្នក ក្រៅពីនេះវាមានប្រសិទ្ធភាពគ្រប់គ្រងជាតិអាស៊ីតទៀតផង។ ជាតិប៉ូតាស្យូមជួយគ្រប់គ្រងលំហូរឈាម ដែលហូរកាត់សរសៃអាទ័ររបស់អ្នក ដើម្បីផ្គត់ផ្គង់អុកស៊ីសែនទៅកាន់សាច់ដុំរបស់អ្នក ។ ចំណីអាហារដូចជា ចេក ដំឡូងបារាំង ត្រសក់ ក្រូចពោធិ៍សាត់ ស្ពៃក្ដោប ប៉េះប៉ោះ ផ្កាខាត់ណា ស្លឹកផ្ទី អាហារទាំងនេះសម្បូរទៅដោយជាតិប៉ូតាស្យូម។ ៥. បញ្ឈប់ការជក់បារី  ប្រសិនបើអ្នកជាអ្នកជក់បារី អ្នកចាំបាច់ត្រូវបញ្ឈប់វាឲ្យបានជាដាច់ខាត។ ការជក់បារីត្រូវបានគេឲ្យដឹងថាធ្វើឲ្យឡើងសម្អាធឈាម ពីព្រោះកាកសំណល់ជាតិពុលពីថ្នាំជក់ និងផ្សែងធ្វើឲ្យគ្រោះថ្នាក់ដល់កោសិកាឈាម និងសរសៃឈាម។  ៦. ទទួលទានពពួកបន្លែ និងផ្លែឈើ សូមប្រាកដថារបបអាហាររបស់អ្នកមាននូវបន្លែ និងផ្លែឈើច្រើនគួរសម។ ប្រភេទបន្លែ  និងផ្លែឈើសម្បូរទៅដោយសារធាតុចិញ្ចឹម សារធាតុរ៉ែសំខាន់ៗ និងវីតាមីនច្រើនប្រភេទដែលជំនួយដល់ការគ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងសុខាភិបាល ក៏ដូចជា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា ការធ្វេសប្រហែសក្នុងការទទួលទានចំណីអាហារដែលខ្វះអនាម័យ ការចម្អិនអាហារ និងទុកដាក់ចំណីអាហារមិនបានត្រឹមត្រូវ អាចបណ្តាលឲ្យពុល ដែលភាគច្រើនអាចបង្កចេញជារោគសញ្ញាដូចជា ៖ ក្អួត ចង្អោរ រាក រាកមួលជាដើម ហើយអាចបណ្តាលឲ្យឈឺ និងមានគ្រោះថ្នាក់ដល់ជីវិត។  ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះដែរ នាយកដ្ឋានក៏មានការព្រួយបារម្ភចំពោះបញ្ហាសុខភាពរបស់ប្រជាជាន ហេតុដូចនេះហើយ ដើម្បីបង្ការនូវគ្រោះថ្នាក់ខាងលើ ក៏ដូចជាចៀសវាងការខាតបង់ពេលវេលា និងថវិកា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមជម្រាបជូននូវវិធានការសម្រាប់អនុវត្តដែលរួមមានដូចខាងក្រោម ៖ ១. ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតជានិច្ច ២. ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបម្ហូបអាហារ មុននិងក្រោយពេលបន្ទោបង់ ៣. លាងបន្លែ ផ្លែឈើឲ្យបានស្អាត មុនបរិភោគ ៤. សម្អាតសម្ភារៈប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ ៥. ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ៦. ទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ៧. មិនត្រូវរក្សាអាហារទុកជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ      ក.បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ      ខ.បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធកម្តៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ ៨. កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់. ស្របពេលជាមួយគ្នានេះផងដែរ នាយកដ្ឋានក៏សូមលើកទឹកចិត្តដល់សាធារណជនទូទៅ សូមធ្វើការអនុវត្តតាមដំបូន្មានឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន និងមនុស្សជាទីស្រលាញ់ ពីបញ្ហាសុខភាពផ្សេងៗក្នុងឱកាសពីធីបុណ្យប្រពៃណីជាតិនេះ... សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ១១៥ (មិនគិតថ្លៃពីគ្រប់ប្រព័ន្ធ) ប្រភព ៖ គេហទំព័រ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សព្វថ្ងៃនេះ បុគ្គលិកការិយាល័យភាគច្រើន ត្រូវការប្រើប្រាស់កុំព្យូទ័រច្រើនម៉ោងជារៀងរាល់ថ្ងៃ អាចបណ្ដាលឲ្យភ្នែកឈឺ ឬអាចរលាកភ្នែក។ វាអាចបណ្ដាលឲ្យភ្នែករបស់អ្នក មើលមិនច្បាស់ មានអារម្មណ៍ថាឈឺភ្នែក និងពិបាកក្នុងការសម្របទៅនឹងពន្លឺផ្សេងៗ។ ខាងក្រោមនេះ ជាវិធីថែទាំភ្នែករបស់អ្នកពីរោគសញ្ញាទាំងនេះ... ១. ទុកពេលឲ្យភ្នែករបស់អ្នកសម្រាក  អ្នកគួរតែក្រោកចេញពីតុធ្វើការរបស់អ្នក ដើម្បីសម្លឹងមើលអ្វីដែលនៅឆ្ងាយពីអ្នក ប្រហែលជា១០នាទី រហូតដល់ភ្នែករបស់អ្នកអាចមើលចំណុចនៅឆ្ងាយៗបាន និងឲ្យភ្នែកអ្នកសម្រាក។  ២. ធ្វើចលនាភ្នែក ប្រសិនបើអ្នកអង្គុយមុខកុំព្យូទ័ររយៈពេលវែង ហើយមិនមានពេលអាចដើរទៅណាបាន អ្នកអាចធ្វើចលនាភ្នែករបស់អ្នកទៅតាមទិសទ្រនិចនាឡិកា ធ្វើចលនាពីឆ្វេងទៅស្តាំ ពីលើចំក្រោម។ ធ្វើបែបនេះ៣ដងសម្រាប់ចលនានីមួយៗ ដើម្បីឲ្យភ្នែករបស់អ្នកសម្រាក។  ៣. រក្សាសំណើមភ្នែក  មនុស្សភាគច្រើនដែលផ្ដោតអារម្មណ៍ខ្លាំងទៅលើការងារ មិនសូវបានព្រិចភ្នែកញឹកញាប់ ទេ ដែលជាហេតុធ្វើឲ្យភ្នែករបស់អ្នកស្ងួត។ អ្នកអាចធ្វើឲ្យភ្នែករបស់អ្នកមានសំណើមវិញដោយការព្រិចភ្នែកឲ្យបានញឹកញាប់ ឬអាចប្រើប្រាស់សូលុយស្យុងបន្ដក់ភ្នែក ដើម្បីផ្សើមភ្នែកអ្នក។ អ្នកត្រូវចាំថា រាល់ការប្រើប្រាស់ផលិតផលណាមួយ ត្រូវសុំការណែនាំពីវេជ្ជបណ្ឌិតជាមុនសិន។  ៤. ដកដង្កើមឲ្យបានទៀងទាត់ នៅពេលអ្នកផ្ដោតអារម្មណ៍ខ្លាំងទៅលើអេក្រក់កុំព្យូទ័រ ធ្វើឲ្យដង្ហើមអ្នកធ្លាក់ចុះដោយមិនដឹងខ្លួន។ ដូច្នេះ អ្នកត្រូវដកដង្ហើមឲ្យបានទៀងទាត់ ដើម្បីឲ្យលំហូរឈាមអ្នកបានល្អ។  ៥. ដាក់កុំព្យូទ័រនៅលើតុទាប ឬ ប្រើកុំព្យូទ័រដែលអាចចល័តបាន ធ្វើបែបនេះ នឹងអាចភ្នែករបស់អ្នកសម្លឹងចុះ ដែលការសម្លឹងចុះក្រោម ជាមធ្យាបាយមួយដែលធ្វើឲ្យភ្នែករបស់អ្នកត្រូវបានគ្រងដោយត្របកភ្នែក ហើយព្រិចភ្នែកបានច្រើន និងចេញទឹកភ្នែកបានច្រើន។  ៦. កំណត់លើការប្រើប្រាស់ contact lenses  ប្រសិនបើអ្នកពាក់ contact lenses តែភ្នែករបស់អ្នកមិនសូវមានសំណើម អ្នកគួរតែប្រើប្រាស់វ៉ែនតាធម្មតាជំនួសវិញ។ មនុស្សដែលប្រើប្រាស់កុំព្យូទ័ររយៈពេលវែង គួរធ្វើការត្រួតពិនិត្យភ្នែករៀងរាល់៦ខែម្ដង។  ៧. បរិភោគអាហារដែលមានប្រយោជន៍សម្រាប់ភ្នែក  អាហារដែលសម្បូរសារធាតុ DHA ដែលមានប្រយោជន៍សម្រាប់កែវភ្នែក និងការពារភ្នែកពីការខូចខាត ឬ ជំងឺភ្នែកឡើងបានភ្នែកដូចជាត្រីសមុទ្រ ការ៉ុត និងបន្លែបៃតង រាប់បញ្ចូលទាំងគ្រាប់ធុញ្ញជាតិ ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយ ការខូចខាតកោសិកាភ្នែក និងធ្វើឲ្យសមត្ថភាពនៃការមើលកាន់តែប្រសើរ ។  ៨. បរិភោគផ្លែឈើ និងបន្លែ ជាពិសេសផ្លែឈើ និងបន្លែដែលសម្បូរវីតាមីន A ដែកជួយឲ្យភ្នែកអ្នកមានសុខភាពល្អ។ អាហារទាំងនោះ រួមមាន ៖ ស្វាយ ប៉េះប៉ោះ ឳឡឹក ការ៉ុត ល្ពៅ ដំឡូងជ្វា គ្រាប់ធញ្ញាជាតិ ត្រីនិងស៊ុត។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អាការៈរមាស់ភ្នែក គឺជាអាការៈធ្វើឲ្យអ្នករមាស់ក្នុងភ្នែក និងជុំវិញភ្នែកដែលតែងតែកើតឡើងជាធម្មតាលើមនុស្សគ្រប់វ័យ។ ការរមាស់ភ្នែក គឺកើតឡើងច្រើននៅតំបន់ដែលមានបរិស្ថានមិនល្អដោយមានធូលី និងដីហុយច្រើនក្នុងបរិយាកាស ហើយវាអាចកើតឡើងតាមរដូវកាលផលដែរ។ អាការៈបែបនេះអាចធ្ងន់ធ្ងរ បើអ្នកធ្វេសប្រហែសហើយចេះតែយកដៃទៅប៉ះ និងញីមិនឈប់នៅជុំវិញភ្នែក។ លោកអ្នកអាចយកវិធីសាស្ត្រទាំងនោះទៅអនុវត្តសាកបាន..... ១. ប្រើស្បៃ ឬក្រណាត់ត្រជាក់ ដើម្បីអាចបញ្ឈប់ការរមាស់ភ្នែក អ្នកអាចប្រើប្រាស់ក្រណាត់ ឬស្បៃស្អាតមកដាក់ត្រាំក្នុងទឹកកកឲ្យត្រជាក់ រួចអាចយកស្បៃស្អាតយកមកដាក់លើតំបន់ត្រង់កន្លែងណាដែលមានអាការៈរមាស់ខ្លាំង។ ព្យាយាមធ្វើបែបនេះ៣ ទៅ៤ដងក្នុងមួយថ្ងៃក៏អាចព្យាបាលអាការៈរមាស់ភ្នែកបានដោយងាយ។  ២. ត្រសក់ ផ្លែត្រសក់ គឺមានជាតិទឹក និងត្រជាត់ដែលអាចជួយប្រឆាំងនឹងភាពរមាស់បានយ៉ាងមានប្រសិទ្ធភាព ហើយត្រសក់ក៏អាចបន្ថយការរលាយ ហើម និងអាការៈរមាស់ភ្នែកបានផងដែរ។ វិធីសាស្ត្រយកផ្លែត្រសក់មកព្យាបាលការរមាស់ភ្នែក គឺចិតត្រសក់ជាចំណិតតូចៗយកមកដាក់ក្នុងទូរទឹកកកពី បន្ទាប់មកយកមកដាក់លើភ្នែកយ៉ាងតិច១០នាទី ដោយអនុវត្តបែបនេះឲ្យបាន៤ទៅ៥ដងក្នុងមួយថ្ងៃទើបងាយឆាប់បាត់រមាស់។ ៣. ទឹកដោះគោស្រស់ត្រជាក់ ទឹកដោះគោស្រស់ក៏អាចយកមកព្យាបាលអាការៈរមាស់ភ្នែកបានមួយដែរ។ វីធីសាស្ត្រគឺគ្រាន់តែយកសំឡីកប្បាសផ្ដិតទឹកដោះគោ រួចហើយអ្នកអាចយកវាជួតជុំវិញភ្នែកដែលរមាស់ គឺជាការស្រេច។ អាចធ្វើបែបនេះ២ ឬ៣ដងពេលព្រឹក និងម្ដងទៀតពេលល្ងាច។  ៤. ទឹកអំបិល  ទឹក និងអំបិលជាវិធីងាយស្រួលមួយដែលអាចជួយឲ្យធូរស្បើយការឈឺចាប់ត្រង់ភ្នែក និងការរមាស់ភ្នែកផងដែរ។ ការលាយបញ្ចូលគ្នារវាងទឹក និងអំបិលអាចកម្ចាត់បាត់តេរី និងកម្ទេចកម្ទីដីបាន។ វិធីងាយស្រួល គឺអាចលាយអំបិលមួយស្លាបពា្រកាហ្វេដាក់ក្នុងទឹកស្អាតរួចដាំទឹករហូតដល់អំបិលរលាយអស់ បន្ទាប់មកទុកឲ្យត្រជាង់ រួចមកបន្តក់លើកន្លែងដែលឈឺ និងរមាស់។ ធ្វើបែបនេះឲ្យបានញឹកញាប់ ហើយតែ២ ឬ៣ថ្ងៃ នឹងឃើញប្រសិទ្ធភាព។ ៥.តែបៃតង តែបៃតងមានអត្ថប្រយោជន៍សម្រាប់សុខភាព ក្នុងនោះ តែបៃតងក៏អាចព្យាបាលការរមាស់ភ្នែកបានដែរ។ វាអាចជាប្រយោជន៏ក្នុងការបំបាត់ការរមាស់ ថែមទៀតផង។ វីធីសាស្ត្រប្រើប្រាស់អាចយកតែបៃតងដាំជាមួយទឹកស្អាត បន្ទាប់មកទុកឲ្យត្រជាក់ និងបន្តក់ភ្នែក ដើម្បីលាងបាក់តេរី និងការរលោករមាស់លើភ្នែកដោយធ្វើបែបនេះពីរដងក្នុងមួយថ្ងៃ។ ៦.ប្រទាលកន្ទុយក្រពើ  ប្រទាលកន្ទុយក្រពើក៏មានប្រសិទ្ធភាព និងជាវិធីសាស្ត្រធម្មជាតិអាចធ្វើនៅផ្ទះដោយខ្លួនឯងបាន ហើយថែមទាំងអាចព្យាបាលអាការៈរមាស់ភ្នែកបានយ៉ាងល្អ។ វិធីសាស្ត្រ គឺគ្រាន់តែកាត់យកសាច់ប្រទាលកន្ទុយក្រពើ និងធ្វើឲ្យក្លាយជាទឹកមកលាយនឹងទឹកឃ្មុំ បន្ទាប់មកដុសលើកន្លែងដែលភ្នែករមាស់នោះ។  ៧. ទឹកបន្លែ ទឹកបន្លែឆៅច្រើនប្រភេទជាពិសេសការរ៉ុត គឺត្រូវបានរកឃើញថាមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់អាការៈរមាស់ភ្នែកបានយ៉ាងប្រសើរ។ អ្នកអាចយកការ៉ុតមួយ ឬពីរដើម និងកិនជាទឹកការ៉ុត ដើម្បីយកមកពិសាជារៀងរាល់ថ្ងៃ ដើម្បីអាចជួយបំបាត់អាការៈរមាស់ភ្នែកបាន។  ៨.ដំឡូងបារាំង ដំឡូងបារាំងស្រស់ គឺជារបស់ងាយស្រួលរកដែលអាចយកមកព្យាបាលអាការៈរមាស់ភ្នែកបានផងដែរ។ ដោយគ្រាន់តែកិនជាចំណិតតូចៗរាងមូល រួចហើយយកទៅដាក់ក្នុងទឹកកក។ នៅពេលវាត្រជាក់ដាក់លើភ្នែករបស់អ្នកដោយធ្វើបែបនេះមួយថ្ងៃ៣ដងរហូតដល់អាការៈរមាស់ជាសះស្បើយ។  ៩. ទឹកស្អាត ឬបរិសុទ្ធ ការពិសាទឹកឲ្យបានច្រើនពី២ទៅ៣លីត្រជារៀងរាល់ថ្ងៃក៏អាចជួយកាត់បន្ថយ ឬជៀសវាងការកើតអាការៈរមាស់ភ្នែកបានដែរ។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជាការពិតណាស់ បារីបង្កគ្រោះថ្នាក់ច្រើនយ៉ាងទៅលើសារពាង្គកាយរបស់អ្នក តែវាអាចមានឱកាសប្រសើរទ្បើងវិញប្រសិនបើអ្នកឈប់ជក់។ មនុស្សមួយចំនួនគិតថា ការជួសជុលកោសិកាទ្បើងវិញបន្ទាប់ពីឈប់ជក់បារី ត្រូវចំណាយពេលវេលាយូរ តែផ្ទុយទៅវិញ អ្នកនឹងទទួលបានសុខភាពល្អប្រសើរ បន្ទាប់ពីអ្នកផ្តាច់បារីបាន១០០%។ ក្នុងរយៈពេល២-៣ម៉ោងក្រោយពីឈប់ជក់៖  ជាតិនីកូទីន ចេញពីប្រព័ន្ធឈាមរត់ ហើយប្រហែល២ថ្ងៃនីកូទីនត្រូវបញ្ចេញចោលអស់ពីសារពាង្គកាយ។ ក្នុងរយៈពេល៦ម៉ោង៖  •កាបូនម៉ូណូអុកស៊ីតក្នុងឈាមថយចុះ •អុកស៊ីសែនក្នុងឈាមកើនទ្បើង •ល្បឿននៃចង្វាក់បេះដូងត្រឡប់ទៅធម្មតាវិញ •សម្ពាធឈាមចុះមកធម្មតា •សីតុណ្ហភាពនៅតាមដៃ ជើង ត្រឡប់មកធម្មតាវិញ។ ក្នុងរយៈពេល១២ម៉ោង៖ •គ្រោះថ្នាក់នៃជំងឺបេះដូងចុះថយ •មុខងាររបស់សួតមានចលនាប្រសើរទ្បើងវិញ។  ក្នុងរយៈពេល៣-៥ថ្ងៃ៖ •ដឹងរសជាតិ ដឹងក្លិនប្រសើរជាងមុន •រោគសញ្ញាញៀនបាត់អស់ •ក្អកបញ្ចេញស្លេស្មពីសួត ។ ក្នុងរយៈពេល១ខែ៖ •រោមតូចៗក្នុងសួតមានចលនាទ្បើងវិញ •មុខងារសួត និងចរន្តឈាមមានចលនាប្រសើរទ្បើងវិញ។ ក្នុងរយៈពេល៣ខែ៖ •ការក្អក និងការរលាក ថយចុះ •មានកម្លាំងធម្មតាវិញ។ ក្នុងរយៈពេល៣ឆ្នាំ៖  គ្រោះថ្នាក់នៃជំងឺបេះដូងមានតិចបំផុត។ ក្នុងរយៈពេល១៥ឆ្នាំ៖  ជំងឺទាំងទ្បាយដែលបណ្តាលមកពីការជក់បារី បានថយចុះមកនៅយ៉ាងទាបបំផុតប្រហែលអ្នកមិនជក់បារីដែរ លើកលែងជំងឺមហារីក។ បកស្រាយដោយ ៖​ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក
Top