- Jan 12, 2018 |
- 6 ឆ្នាំមុន |
- 26.9K មើល
គ្រោះថ្នាក់នៃជំងឺបេះដូងពីកំណើត
រចនាសម្ព័ន្ធទូទៅរបស់បេះដូងគឺ មានថតចំនួន៤ ដែលបែងចែកជាថតលើ២ និងថតក្រោម២ ខណ្ឌគ្នាដោយសន្ទះបេះដូង និងប្រឹសបេះដូង ហើយមានសរសៃឈាមធំពីរ មាននាទីនាំឈាមពីបេះដូង ទៅចិញ្ចឹមរាងកាយ និងនាំឈាមទៅសួត ដើម្បីធ្វើការប្តូរយកអុកស៊ីសែនប្រើប្រាស់។ ជំងឺបេះដូងពីកំណើត ជាលក្ខណៈមួយដែលបេះដូងមានរចនាសម្ព័ន្ធ ខុសប្រក្រតីពីកំណើត និងអាចកើតមានតាំងពីទារកនៅក្នុងផ្ទៃម្តាយ។ ករណីក្រុមគ្រួសារ សាច់ញាតិ ឬម្តាយមានជំងឺបេះដូងពីកំណើត នោះទារកដែលកើតមកអាចប្រឈមនឹងជំងឺនេះរហូតដល់៤-១០%។ តើជំងឺបេះដូងពីកំណើតមានប៉ុន្មានប្រភេទ? ជំងឺបេះដូងពីកំណើតដែលតែងជួបប្រទះញឹកញាប់រួមមាន៖ •ប្រហោងបេះដូងចន្លោះថតទាំងពីរខាងលើ (Atrium Septal Defect) •ប្រហោងចន្លោះថតទាំងពីរខាងក្រោម (Ventricular Septal Defect) •ជំងឺសរៃសឈាមបិទមិនជិត(Patent Ductus Arteriosus) •ជំងឺតេត្រាឡូស្ស៊ីហ្វាឡូ (Tetralogy of Fallot)។ ក្រៅពី៤ប្រភេទខាងលើជំងឺបេះដូងពីកំណើតអាចមានផ្សេងទៀតដូចខាងក្រោម៖ •ជំងឺត្បៀតសរសៃឈាមបេះដូង (Pulmonary Valve Stenosis) •បេះដូងអត់សន្ទះ មានតែមួយថត •ជំងឺសរសៃឈាមដុះខុសកន្លែង (Transposition of the Great Arteries) •ជំងឺប្រឹសបេះដូង៖ Tricuspid Atresia, Pulmonary Atresia…។ តើរោគសញ្ញាសង្ស័យនៃជំងឺមានអ្វីខ្លះ? រោគសញ្ញានៃជំងឺបេះដូងពីកំណើតស្តែងចេញខុសៗគ្នាទៅតាមប្រភេទជំងឺ ខ្លះកើតមានតាំងពីកុមារកើតមកតែម្តង ដោយស្តែងចេញជាសញ្ញារួមមាន៖ ស្វាយនៅលើបបូរមាត់ លើក្រចកដៃក្មេង បៅទឹកដោះឆាប់ហត់ ងាយរលាកទងសួត ឬមានជំងឺរលាកទងសួតញឹកញាប់ ក្មេងខ្លះមិនធំធាត់ ការលូតលាស់មិនប្រក្រតីដូចក្មេងទូទៅ ស្គម ឆាប់ហត់ហើយឧស្សាហ៍ចូលសម្រាកក្នុងមន្ទីរពេទ្យ ដោយជំងឺផ្សេងៗ។ ករណីមួយចំនួន ទារកកើតមកមិនអាចរស់នៅបានយូរ ឬងាយមានគ្រោះថ្នាក់ដល់ស្លាប់។ ខ្លះទៀត អ្នកជំងឺអាចនៅទប់ទល់បានយូររហូតពេញវ័យ និងអាចដល់វ័យចំណាស់ ប៉ុន្តែពួកគាត់អាចប្រឈមមុខនឹងការខ្សោយបេះដូង បេះដូងលោតខុសចង្វាក់ ក្រចកដៃឡើងក្រម៉ោង(Climbing) ឬអាចឈានដល់គ្រោះថ្នាក់សរ-សៃឈាមខួរក្បាល។ តើជំងឺនេះមានមូលហេតុ និងកត្តាហានិភ័យអ្វីខ្លះ? ជាទូទៅជំងឺបេះដូងពីកំណើតអាចបណ្តាលមកពីកត្តារួមផ្សំជាច្រើនដូចជា៖ •កត្តាហ្សែន ឬដោយសារក្រូម៉ូសូមផ្គុំខុស •អំឡុងពេលមានផ្ទៃពោះ៖ ម្តាយមានទម្លាប់ពិសាស្រា ជក់បារី ឬមានការប្រើប្រាស់ប្រភេទកូកាអ៊ីនជាដើម ក្រៅពីនេះ ការប្រើប្រាស់ថ្នាំអំឡុងពេលមានផ្ទៃពោះ ដូចជាប្រភេទថ្នាំពង្រាវឈាម (Warfarin, Coumadin…) ការមានជំងឺទឹកនោមផ្អែម មានជំងឺឆ្កួតជ្រូក និងម្តាយកើតស្អូច ទាំងអស់នេះ ក៏ជាកត្តាហានិភ័យនៃជំងឺបេះដូងពីកំណើតផងដែរ។ តើការធ្វើរោគវិនិច្ឆ័យនៃជំងឺបេះដូងពីកំណើតមានអ្វីខ្លះ? ការធ្វើរោគវិនិច្ឆ័យជំងឺបេះដូងពីកំណើតមានភាពងាយស្រួល ដោយគ្រាន់តែអ្នកជំងឺមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស។ បន្ទាប់មក គ្រូពេទ្យអាចតម្រូវឲ្យធ្វើអេកូបេះដូង ដើម្បីរកមានសញ្ញានៃជំងឺបេះដូងពីកំណើត ហើយលើសពីនេះ អ្នកជំងឺអាចរហូតដល់ធ្វើការថតឆ្លុះបន្ថែមទៀត (Angiography)។ តើជំងឺបេះដូងពីកំណើតត្រូវព្យាបាលដោយរបៀបណា? ករណីប្រហោងតូចអាចវិវឌ្ឍទៅបិទជិតដោយខ្លួនឯងបាន ឧទាហរណ៍ដូចជាប្រហោងតូចចន្លោះថតទាំងពីរខាងលើ ឬប្រហោងតូចចន្លោះថតទាំងពីរខាងក្រោម ដែលការវិវឌ្ឍបិទជិតនេះ ស្ថិតនៅចន្លោះអាយុក្រោម១ឆ្នាំកន្លះ។ ប្រសិនបើប្រហោងមានលក្ខណៈធំ នោះការព្យាបាលអាចតម្រូវឲ្យធ្វើការវះកាត់បេះដូងដើម្បីបិទប្រហោង ពង្រីកប្រឹសបេះដូង បិទសរសៃឈាមដែលចំហ (PDA) ដោយបច្ចេកវិទ្យាទំនើប កាតេតេរីសបេះដូង (មិនបាច់វះកាត់)។ ដូចនេះ ការព្យាបាលជារួមនៃអ្នកជំងឺបេះដូងពីកំណើតអាស្រ័យតាមប្រភេទជំងឺ និងស្ថានភាពអ្នកជំងឺ។ គួរបញ្ជាក់ថា ការវះកាត់បច្ចុប្បន្នមានបច្ចេកវិទ្យាទំនើប និងអាចទទួលបានជោគជ័យរហូតដល់ទៅ៩៨% ចំពោះបេះដូងដែលគ្មានបញ្ហាស្មុគស្មាញ។ ករណីគ្មានការព្យាបាល អ្នកជំងឺអាចប្រឈមជាមួយហានិភ័យដូចជា ការខ្សោយបេះដូងមានជំងឺបេះដូងរីក បេះដូងលោតខុសចង្វាក់ ហើយការរស់នៅរបស់គាត់មិនអាចធ្វើការងារដូចអ្នកដែលមានសុខភាពធម្មតាបាន។ ជាឧទាហរណ៍ជំងឺ Atrium Septal Defect ធ្វើឲ្យអ្នកជំងឺរស់នៅក្នុងស្ថានភាពលំបាក ចូលសម្រាកពេទ្យញឹកញាប់ដោយសារមានសញ្ញាខ្សោយបេះដូង ហើមជើង ញ័រទ្រូង ឬអាចស្ទះសរសៃឈាមខួរក្បាល និងពិការភាព។ ប្រភេទខ្លះទៀត ជំងឺបេះដូងមានលក្ខណៈ ចរន្តឈាមលាយគ្នា ទៅជាស្វាយអាចប្រឈមមុខនឹងជំងឺ Tetralogy of Fallot ដែលអាចឲ្យជាអាប់សែនៅខួរក្បាល មានន័យថាពួកគាត់ប្រឈមមុខនឹងហានិភ័យខ្ពស់ រស់នៅក្នុងស្ថានភាពលំបាក ដូចមនុស្សពិការពុំអាចធ្វើអ្វីបាន។ តើជំងឺបេះដូងពីកំណើតអាចការពារបានដែរទេ? ជាក់ស្តែងជំងឺបេះដូងពីកំណើត មិនអាចធ្វើការការពារបាននោះទេ។ ប៉ុន្តែ ក្នុងករណីដែលម្តាយ ឬក្រុមសាច់ញាតិ មានប្រវត្តិ ធ្លាប់កើតជំងឺបេះដូងពីកំណើត នៅពេលមានទម្ងន់ត្រូវធ្វើអេកូបេះដូងទារកក្នុងផ្ទៃចាប់ពីទារកអាយុបាន៥ខែ នោះទើបគ្រូពេទ្យអាចវាយតម្លៃថា ទារកមានជំងឺបេះដូងពីកំណើត ឬយ៉ាងណា។ ក្នុងពេលជាមួយគ្នាត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសបេះដូង ដើម្បីរកវិធីព្យាបាលសមស្រប ទៅតាមប្រភេទជំងឺ ដោយត្រូវធ្វើការវះកាត់ ឬព្យាបាលតាមបច្ចេកវិទ្យាទំនើបដោយហេតុថា ក្រោយការព្យាបាល សុខភាពរបស់គាត់នឹងប្រសើរដូចអ្នកធម្មតា ជាក់ស្តែង គឺគាត់អាចទៅសាលារៀន និងធ្វើការងារដូចអ្នកគ្មានជំងឺ។ ការមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសនៅពេលមានករណីសង្ស័យណាមួយជារឿងចាំបាច់បំផុត ដើម្បីទទួលបានព័ត៌មានពិតប្រាកដ។ សូមកុំធ្វើការសន្និដ្ឋានខ្លួនឯង ឬសួរបន្តគ្នាដោយគ្មានដែនវិភាគច្បាស់លាស់ ព្រោះអាចធ្វើឲ្យមានការយល់ខុសលើប្រភេទជំងឺ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ហាវ រត្ននារី ឯកទេសជំងឺបេះដូង ប្រធានផ្នែកពិគ្រោះជំងឺក្រៅផ្នែកបេះដូង និងជាអនុប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក