Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ Healthogo សហការជាមួយនឹងវេជ្ជបណ្ឌិតឯកទេសចក្ខុរោគនៃមន្ទីរពេទ្យភ្នែកដុកទ័រ គង់ ពិសិដ្ឋ ផ្តល់ជូននូវសេវាដ៏ពិសេសសម្រាប់ជូនសិស្សនិសិ្សតព្រមទាំងបុគ្គលិកសិក្សានៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត (UP) ក្រោមការឧបត្ថម្ភពីផលិតផលSunlife ដោយមានការគាំទ្រ និងចូលរួមយ៉ាងច្រើនកុះករ។ នេះបានសរបញ្ជាក់ឲ្យឃើញអំពីការយកចិត្តទុកដាក់ចំពោះសុខភាពភ្នែកនៃអ្នកចូលរួម ក៏ដូចជាការរួមចំណែកដ៏សំខាន់មួយក្នុងការលើកកម្ពស់សុខភាពភ្នែកដល់ប្រជាជាតិយើង ជាពិសេសគឺសិស្សនិស្សិតផ្ទាល់តែម្តង។       ក្នុងចំណោមអ្នកដែលបានចូលរួមទាំងអស់ យើងក៏ធ្វើសាកសួរអំពីចំណាប់អារម្មណ៍របស់អ្នកចូលរួមចំនួន៣រូប។ Sing Sereybot ជានិស្សិតឆ្នាំទី៦ ផ្នែកវេជ្ជសាស្រ្ត បានបញ្ចេញនូវមតិយោបល់ថា «ខ្ញុំពេញចិត្តនឹងការផ្តល់ជូននូវការវាស់ និងពិនិត្យសុខភាពផ្នែកនេះណាស់ ហើយវាពិតជាល្អប្រសើរណាស់សម្រាប់ខ្លួនខ្ញុំផ្ទាល់ រួមទាំងនិស្សិត  ព្រមទាំងបុគ្គលិកសិក្សាដទៃទៀត»។ រីឯ Sea Vanda ដែលជានិស្សិតឆ្នាំទី៣ ផ្នែកវេជ្ជសាស្រ្ត ក៏បានឲ្យដឹងផងដែរថា «ខ្ញុំក៏មានការពេញចិត្ត និងអំណរគុណសម្រាប់ការផ្តល់ជូននូវសេវាដ៏ល្អ និងមានគុណប្រយោជន៍មួយនេះផងដែរ ហើយក៏សំណូមពរឲ្យមានការរៀបចំបែបនេះនៅលើកក្រោយទៀតផងដែរ»។ ជាចុងក្រោយ Voeum Sovath និស្សិតផ្នែកឱសថសាស្រ្ត ឆ្នាំទី១ ក៏មានមតិយោបល់ស្រដៀងគ្នាដែរថា ខ្លួនពិតជាពេញចិត្តនូវរាល់គ្រប់សកម្មភាពទាំងអស់ ហើយជាពិសេសនោះ គឺសេវាផ្តល់ជូនរបស់វេជ្ជបណ្ឌិតឯកទេស ក៏ដូចជាគ្លីនិកផ្ទាល់ គឺពិតជាល្អ និងគួរជាទីគាប់ចិត្តខ្លាំងណាស់។      គួរបញ្ជាក់ផងដែរថា Healthogo ក៏ធ្លាប់បានរៀបចំនូវយុទ្ធនាការពិនិត្យភ្នែក និងវាស់វ៉ែនតាដោយឥតគិតថ្លៃ ជូនដល់អ្នកដែលបានចូលរួមក្នុងកម្មវិធីបារខែមអាស៊ានកាលពីខែតុលាកន្លងទៅនេះ ក្រោមកិច្ចសហការជាមួយនឹងវេជ្ជបណ្ឌិតឯកទេសចក្ខុរោគនៃ គ្លីនិកភ្នែក អមរិន្ទ-ម៉ុងឌីយ៉ាល់ ផ្តល់ជូននូវសេវាដូចជា៖ វាស់គំហើញ និងវ៉ែនតា ពិនិត្យភ្នែក ប្រឹក្សាយោបល់បន្ថែមផងដែរ។ ចំណែកនៅឯសាលាតិចណូ (ITC) Healthogo ក៏បានធ្វើការសហការជាមួយនឹង គ្លីនិកឯកទេស អេគីប ក្នុងការរៀបចំនូវយុទ្ធនាការពិនិត្យជាតិស្ករក្នុងឈាម និងវាស់សម្ពាធឈាម ព្រមទាំងពិគ្រោះសុខភាពក្រពះ-ពោះវៀន-ថ្លើម និង ឫសដូងបាតដោយឥតគិតថ្លៃជូនដល់អ្នកដែលបានចូលរួមកម្មវិធីDigiteKHដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនSabay កាលពីដើមខែធ្នូផងដែរ។  ក្រៅពីនេះផងដែរ ជារៀងរាល់ខែ Healthogo ក៏មាននូវយុទ្ធនាការពិនិត្យសុខភាពផ្នែកផ្សេងៗដោយឥតគិតថ្លៃជូនដល់សិស្សនិស្សិតនៅតាមបណ្តាសាកលវិទ្យាល័យនៅរាជធានីភ្នំពេញផងដែរ ក្នុងនោះរួមមាន ការវាស់ និងពិនិត្យភ្នែកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ក្នុងកម្មវិធីសប្បុរសធម៌ ក្រោមកិច្ចសហការជាមួយនឹងមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ ការពិនិត្យ និងពិគ្រោះសុខភាពផ្លូវចិត្តនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដោយសហការជាមួយនឹងមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ ការពិគ្រោះ និងពិនិត្យស្បែកមុខសហការជាមួយនឹងគ្លីនិកស្បែកប៊ីស៊ីនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនក្នុងមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា។ Healthogo ក៏សូមសន្យាថានឹងរៀបចំនូវយុទ្ធនាការដ៏មានគុណប្រយោជន៍ជាច្រើនទៀតតាមរយៈការសហការជាមួយនឹងគ្លីនិកជាដៃគូជាបន្តបន្ទាប់ ដើម្បីជាចំណែកមួយនៃការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជាតិយើង តាមរយៈយុទ្ធនាការនៅតាមសាកលវិទ្យាល័យ និងវិទ្យាល័យនានានៅកម្ពុជា ព្រមទាំងការចូលរួមក្នុងកម្មវិធីពិព័រណ៍ និងសិក្ខាសាលាផ្សេងៗផងដែរ។ សម្រាប់ឱកាសពិសេសផ្សេងៗទៀត សូមធ្វើការតាមដាននៅលើទំព័រហ្វេសប៊ុករបស់ Healthogo… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

កាលពីថ្ងៃទី 03 និង 04 មីនា កន្លងទៅនេះ ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd បានរៀបចំកម្មវិធីសិក្ខាសាលា  “ការជឿជាក់លើសុខភាពភ្នែកភ្លឺថ្លារបស់អ្នក Believe in your sight” នៅផ្សារទំនើប Aeon Mall។ បើតាមប្រសាសន៍លោកចាប ឆៃ ហ៊ាង ប្រធានគ្រប់គ្រងការិយាល័យភ្នំពេញ បានអោយដឹងថា ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនផលិត និងចែកចាយផលិតផលថ្នាំបន្តក់ភ្នែក New V.Rohto តែងតែយកចិត្តទុកដាក់លើការថែរក្សាសុខភាពភ្នែករបស់ប្រជាពលរដ្ឋ ដោយក្រុមហ៊ុនតែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពីការថែរក្សាភ្នែកនៅតាម បណ្តាសាកលវិទ្យាល័យនានាទូទាំងទីក្រុងភ្នំពេញ និងតាមបណា្តខេត្តនានា ដើម្បីផ្តល់ជូននូវចំនេះដឹងស្តីពីការថែរក្សាភ្នែក  អោយមានសុខភាពល្អ និងភ្លឺថ្លា។ សម្រាប់ឆ្នាំ2018នេះក្រុមហ៊ុន បាននៅតែបន្តការរៀបចំកម្មវិធីពិសេសៗ ដោយមានការចូលរួមពីសំណាក់ វាគ្មិន ចក្ខុបណ្ឌិត ដែលជាអ្នកឯកទេសជំងឺភ្នែក ដើម្បីបន្ថែមនូវចំណេះដឹង និងបទពិសោធន៍ ដល់ប្រជាពលរដ្ឋដើម្បីឲ្យដឹងកាន់តែច្បាស់ពីរបៀបថែរក្សាភ្នែក វិធីការពារភ្នែក ដើម្បីទទួលបាននូវសុខភាពភ្នែកល្អ ។ ជាផ្លែផ្កា កម្មវិធី  “ការជឿជាក់លើសុខភាពភ្នែកភ្លឺថ្លារបស់អ្នក Believe in your sight” ទទួលបានការចាប់អារម្មណ៍ចូលរួមទទួលយកចំណេះដឹងពីសុខភាពភ្នែក ការពិនិត្យភ្នែកដោយឥតគិតថ្លៃ យ៉ាងច្រើនពីអតិថិជន និងប្រិយមិត្តដែលគាំទ្រកម្មវិធី និងផលិតផល NewV.Rohto។  ក្រុមហ៊ុនមានមោទនភាពយ៉ាងខ្លាំងហើយសន្យាថានឹងនាំមកនូវកម្មវិធីល្អៗដើម្បីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នានៅកម្មវិធីក្រោយៗទៀត។ ©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

កាលពីព្រឹកថ្ងៃទី ៣ មីនា ២០១៨ នៅឯសណ្ឋាគារហ៊ីម៉ាវ៉ារី សន្និបាតប្រចាំឆ្នាំលើកទី១នៃសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជា ត្រូវបានរៀបចំឡើងដោយនិស្សិត និងវេជ្ជបណ្ឌិតជាសមាជិកនៃសមាគមផ្ទាល់ ដោយមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់សាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតឯកទេសជាច្រើនរូប ព្រមទាំងការអញ្ជើញចូលរួមពីសំណាក់អ្នកចូលរួមជានិស្សិត និងវេជ្ជបណ្ឌិតឯកទេសសរុបចំនួន១២០នាក់។  នេះជាសមិទ្ធផលដ៏ធំ និងថ្មីមួយនៃសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជាក្នុងការរៀបចំកម្មវិធីនេះឡើងដោយមានចំនួនអ្នកចូលរួមលើលពីការរំពឹងទុកដល់ទៅជាងពាក់កណ្តាល ស្របពេលជាមួយគ្នាផងដែរ ក៏មានការចូលរួមតាំងបង្ហាញនូវផលិតផល និងសេវាកម្មពីសំណាក់ក្រុមហ៊ុនជាដៃគូសហការប្រមាណជា១៦ ក្រុមហ៊ុន ដែលភាគច្រើនជាក្រុមហ៊ុនឱសថ និងក្រុមហ៊ុននៃផលិតផលអង់ដូស្កុប។ ក្រុមការងារជាអ្នករៀបចំកម្មវិធីក៏បានសម្តែងនូវការថ្លែងអំណរគុណដល់អ្នកគ្រប់គ្នាដែលបានរួមចំណែកក្នុងការធ្វើឲ្យកម្មវិធីនេះដំណើរការបានរលូន និងទទួលបានលទ្ធផលជាផ្លែផ្កាដោយបានសន្យាថានឹងព្យាយាមកែតម្រូវនូវចំណុចខ្វះខាតដែលកើតមាននៅឆ្នាំនេះដើម្បីចៀសវាងកុំឲ្យកើតមានម្តងទៀតនៅឆ្នាំក្រោយៗទៀត... ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ក្រុមគ្រូពេទ្យឯកទេសបាតភ្នែកផ្នែកចក្ខុរោគនៃមន្ទីរពេទ្យ សហការជាមួយគ្រូពេទ្យឯកទេសបាតភ្នែកមកពីប្រទេសអូស្ត្រាលី នឹងមានរៀបចំ«ការពិនិត្យ និងព្យាបាលជំងឺបាតភ្នែក» ដោយឥតគិតថ្លៃជូនដល់ប្រជាជនកម្ពុជារយៈពេល៥ថ្ងៃ គឺថ្ងៃទី២៦ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨។  សូមបងប្អូនទទូលជ្រាបជាដំំណឹង និងធ្វើការផ្សព្វផ្សាយបន្ត…  អាសយដ្ឋាន ៖ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការម លេខទូរស័ព្ទ ៖ ០២៣ ២១៧ ៣៨៤ សម្រាប់ព័ត៌មានបន្ថែម ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រភព ៖ ទំព័រហ្វេសប៊ុក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មហោស្រពប្រចាំឆ្នាំដ៏ធំក្រោមកិច្ចសហការរៀបចំដោយស្ថានទូតជប៉ុន មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) និងមជ្ឈមណ្ឌលមូលនិធិជប៉ុននៅអាស៊ីក្នុងឆ្នាំ២០១៨នេះ ត្រូវបានរៀបចំឡើងជាមួយនឹងកម្មវិធីពិសេសៗ និងប្លែកៗជាច្រើនដើម្បីឲ្យអ្នកចូលរួមទទួលបានអារម្មណ៍ប្លែក និងគុណប្រយោជន៍ ជាពិសេសការយល់ដឹងអំពីវប្បធម៌នៃប្រទេសទាំងពីរ (កម្ពុជា និងជប៉ុន) ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)  ។ ក្នុងនោះផងដែរ ក្រុមការងារ Healthogo ក៏បានចូលរួមផងដែរដោយបានរៀបចំនូវកម្មវិធីះHealthogo Healthy Gateway ដែលមានសកម្មភាពពិសេសៗមួយចំនួនសម្រាប់ជូនដល់អ្នកស្រលាញ់សុខភាពក្រោមការសហការរៀបចំដោយ មន្ទីរសំរាកព្យាបាល លីវ ឈិញ មន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ គ្លីនិកស្បែក ប៊ីស៊ី និងសហការឧបត្ថម្ភដោយក្រុមហ៊ុនអរុណរស្មីហ្វាម៉ា និងផលិតផលGiloba នៃក្រុមហ៊ុន Mega Life Sciences PTY., Ltd ដោយមានចែកជូននូវកាតផ្សងសំណាងដល់អ្នកដែលចូលរួមគ្រប់គ្នា និងអាចដាក់ចូលក្នុងធុងឆ្នោតបានសម្រាប់តែអ្នកដែលបានចូលរួមសកម្មភាព៣ក្នុងចំណោមសកម្មភាពទាំងអស់តែប៉ុណ្ណោះ ដែលសកម្មភាពនីមួយៗសុទ្ធតែមានគុណប្រយោជន៍ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់សាធារណជនគ្រប់រូប។  សកម្មភាពទាំងនោះរួមមាន ៖ ១ សិក្ខាសាលាសុខភាពអំពី«ផលរំខាននៃបញ្ហាសុខភាពបេះដូងមកលើការរស់នៅប្រចាំថ្ងៃ» ថ្ងៃសុក្រ ទី២៣ កុម្ភៈ (ម៉ោង៩-១០ព្រឹក) ២ សិក្ខាសាលាសុខភាពអំពី«ការរស់នៅជាមួយPassion ដើម្បីយកឈ្នះDepression» ថ្ងៃអាទិត្យ ទី២៥ កុម្ភៈ (ម៉ោង៩-១០ព្រឹក) ៣ ការពិគ្រោះ និងពិនិត្យស្បែកមុខជាមួយវេជ្ជបណ្ឌិតឯកទេសនៃគ្លីនិកស្បែក ប៊ីស៊ី ថ្ងៃទី២៣-២៤ កុម្ភៈ (៨ព្រឹក-៥ល្ងាច) ៤ ការធ្វើតេស្តការចងចាំដោយក្រុមការងារផលិតផលGiloba ៥ ការដាក់លក់ទស្សនាវដ្តីហេលស៍ថាមប្រូ ៦ ការបង្ហាញណែនាំអំពីកម្មវិធីទូរស័ព្ទជាជម្រើសទី១សម្រាប់សុខភាព ៧ ការសរសេរនូវពាក្យក្នុងចិត្តរួចបិទនៅជញ្ជាំង "Say Goodbye to Deperssion" ៨ ការថតរូបកម្សាន្ត។ ក្រុមការងារនឹងធ្វើការស្វែងរកអ្នកឈ្នះចំនួន៣រូបជារៀងរាល់ថ្ងៃ ដើម្បីទទួលបានកញ្ចប់កាដូនៃផលិតផលសុខភាពដ៏ស្រស់ស្អាត ដោយលទ្ធផលនឹងត្រូវបានប្រកាសរៀងរាល់ថ្ងៃម៉ោង៥ ល្ងាច។ អ្វីដែលរឹតតែពិសេេសនោះ គឺរាល់ពេលដែលអ្នកចូលរួមសកម្មភាពនីមួយៗ លោកអ្នកក៏បានទទួលកាដូផងដែរ ហេតុនេះហើយ...បើទោះជាមិនបានជាអ្នកឈ្នះប្រចាំថ្ងៃ ក៏មិនអីដែរណា៎... កាលបរិច្ឆេទ ៖ ថ្ងៃទី២៣-២៥ កុម្ភៈ ២០១៨ ម៉ោង ៖ ៨ព្រឹក-៥ល្ងាច ទីតាំង ៖ ស្តង់នៅក្បែរស្រះ IFL នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)  ចូលរួមដោយមិនគិតថ្លៃ!!! ទទួលបានភាពសប្បាយរីករាយ និងសុខភាពល្អប្រសើរ ហើយថែមទាំងមានឱកាសទទួលបានរង្វាន់លើកទឹកចិត្តផ្សេងទៀត... មកម្នាក់ឯងក៏បាន មកមានគ្នាក៏បាន... ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដំណឹងល្អសម្រាប់អ្នកដែលជំងឺដុះសាច់មុខ ថ្គាម មាត់!!! យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់មន្ទីរពេទ្យព្រះអង្គឌួងកាលពីថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រោមកិច្ចសហការជាមួយសមាគមមិត្តភាព និងសប្បុរធម៌កម្ពុជាដោយមានការចូលរួមពីក្រុមគ្រូពេទ្យមកពីប្រទេសអារ៉ាប៊ីសាអូឌីត មន្ទីរពេទ្យព្រះអង្គឌួង នឹងមានរៀបចំការវះកាត់ជំងឺដុះសាច់មុខ ថ្គាម មាត់(Maxillofacial Surgery) ដោយឥតគិតថ្លៃជូនដល់ប្រជាជនកម្ពុជារយៈពេល២ថ្ងៃ គឺថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០១៨។ សូមបងប្អូនដែលមានបញ្ហាខាងលើ មកទទួលនូវការវះកាត់ដោយគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យផ្ទាល់តាមរយៈកាលបរិច្ឆេទដែលមានបង្ហាញជូនខាងលើស្រាប់។ អាសយដ្ឋាន ៖ កាច់ជ្រុងវិថីក្រមួនស និងមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ លេខទូរស័ព្ទ៖ ០២៣ ២១៨ ៨៧៥ ប្រភព ៖ ទំព័រហ្វេសប៊ុក មន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សមាគមទន្តពេទ្យកម្ពុជាបានផ្តួចផ្តើមរៀបចំកម្មវិធីសន្និសីទ និងពិព័រណ៍ទន្តសាស្រ្ត ជាឱកាសសម្រាប់អ្នកប្រកបវិជ្ជាជីវៈផ្នែកទន្តសាស្រ្ត ក៏ដូចជានិស្សិតបានធ្វើការស្វែងយល់ពីចំណេះដឹង រួមទាំងបញ្ហានានាតែងកើតមានឡើងក្នុងផ្នែកទន្តសាស្រ្តនេះ ដែលកម្មវិធីបានប្រព្រឹត្តទៅនាថ្ងៃទី ១៧ ដល់ ១៨ ខែមករា នៅសណ្ឋាគារ សុខាភ្នំពេញ។ កម្មវិធីមានការចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងសាស្រ្តាចារ្យ ទន្តពេទ្យ និងសិស្សានុសិស្សជាច្រើន។ ក្នុងរយៈពេលពីរថ្ងៃពេញ អ្នកចូលរួមទាំងអស់បានធ្វើការស្វែងយល់ពីជំនាញឯកទេស របកគំហើញថ្មីៗទាក់ទងនឹងទន្តសាស្រ្ត ក៏ដូចជាបញ្ហានានារួមមានរោគពុកធ្មេញដែលកំពុងតែកើតមានឡើងក្នុងសង្គមបច្ចុប្បន្នជាដើម។  គួរបញ្ជាក់ថា ការបង្ហាញត្រូវបានរៀបចំ និងបង្ហាត់ពីសំណាក់ទន្តពេទ្យ រួមទាំងអ្នកជំនាញពីបណ្តាស្ថាប័ននានា។ បន្ថែមពីលើសន្និសីទ កម្មវិធីក៏មានការរៀបចំជាការតាំងពិព័រណ៍ ដែលទទួលបានការចូលរួមពីក្រុមហ៊ុនសេវាកម្ម និងផ្គត់ផ្គង់ផលិតផលទន្តសាស្រ្តជាច្រើន សម្រាប់ការតាំងបង្ហាញពីផលិតផលថ្មី រួមទាំងមានការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសស្របពេលជាមួយគ្នាផងដែរ។ សុខភាពមាត់-ធ្មេញ ជាបញ្ហាចម្បង គួរតែមានការយកចិត្តទុកដាក់ និងការថែទាំជាប្រចាំ ដែលការរៀបចំកម្មវិធីសន្និសីទ និងពិព័រណ៍ទន្តសាស្រ្តនៃសមាគមទន្តសាស្រ្ត បានចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើន និងអភិវឌ្ឍសុខភាព ជាផលប្រយោជន៍សម្រាប់ប្រជាជនទូទៅ និងប្រទេសជាតិទាំងមូល។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញផ្សាយកាលពីថ្ងៃច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីអំពីឱសថបំប៉នផ្លូវភេទបុរសឈ្មោះGOODMAN ដែលមិនបានធ្វើការចុះបញ្ជិកា និងត្រួតពិនិត្យដោយក្រសួងសុខាភិបាលឡើយ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក គឺសងេ្កតឃើញមានក្រុមហ៊ុនមួយគ្មានច្បាប់អនុញ្ញាតពីក្រសួងបាន និងកំពុងផ្សព្វផ្សាយអំពីឱសថបំប៉នផ្លូវភេទគ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យ គ្មានការអនុញ្ញាតឲ្យនាំចូល និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយឡើយ។ ផលិផលតនោះមានឈ្មោះថា GOODMAN (Lot 101017) មួយកំប៉ុងមាន៦០ កាប់ស៊ុល ផលិតនៅប្រទេសអាមេរិក ដែលត្រូវបានផ្សព្វផ្សាយ អួតអាង និងបំផ្លើសហួសពីការពិតក្នុងការព្យាបាលក្រលៀន តម្រងនោម ក្រពេញប្រូស្តាត អ័រម៉ូន ជាពិសេសបង្កើនតណ្ហាផ្លូវភេទបុរសឲ្យបានខ្លាំង ឬបានយូរ។ ស្របពេលជាមួយគ្នានេះ ក្រសួងសុខាភិបាលសូមឲ្យប្រជាជនឈប់ជឿតាមការឃោសនាអកុសល បោកប្រាស់ ភូតកុហក បំផ្លើសពីការគិតរបស់ជនខិលខូចមួយចំនួន ហើយក្រុមហ៊ុនដែលនាំចូល និងចែកចាយផលិតផលនេះត្រូវបញ្ឈប់ការលក់ ឬចែកចាយ និងប្រមូលឱសថនេះជាបន្ទាន់ពីទីផ្សារ។ ប្រសិនបើមានឃើញមានផលិតផលនេះត្រូវបានលក់ ឬចែកចាយនោះ សូមប្រញាប់ផ្តល់ព័ត៌មានជូនដល់នាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងតាមរយៈទូរស័ព្ទលេខ ០៩៥ ៣៥៩ ៥៩៩/០១២ ៩៨៣ ៣៣៤ ឬ០១២ ៨៩២ ០២២/០១៧ ៨៦៦ ៧៦០។      សូមទទួលជ្រាបជាដំណឹង និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់!!! ប្រភព ៖ ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តោះ! ទៅលេងមហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ឆ្នាំ២០១៨ ទាំងអស់គ្នា ហើយកុំភ្លេចនាំមិត្តភក្កិ និងក្រុមគ្រួសារមកលេងជាមួយផង!  មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា បានវិលមកសារជាថ្មីទៀតហើយជាមួយនឹងទស្សនីយ៍ភាពថ្មី ប្លែកៗ និងកាន់តែសប្បាយអស្ចារ្យជាងឆ្នាំមុនៗ ដែលសហការរៀបចំដោយស្ថានទូតជប៉ុន មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងមជ្ឈមណ្ឌលមូលនិធិជប៉ុននៅអាស៊ី។ សម្រាប់ឆ្នាំនេះដែរ ប្រធានបទដែលនឹងធ្វើឲ្យកម្មវិធីនេះកាន់តែប្លែកនោះគឺ “Beat of Japan” ដែលមានន័យថាជា សម្លេងតន្រ្តីដែលវាយឮទូងៗខ្លាំងឡើងៗ ប្រៀបបានទៅនឹងចំណងមិត្តភាពរវាងប្រទេសជប៉ុន-កម្ពុជា រីកចម្រើនខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃដូច្នោះហើយ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺខួបអនុស្សាវរីយ៍ ៦៥ឆ្នាំនៃទំនាក់ទំនងមិត្តភាពការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។ សិស្ស និស្សិត សាធារណជនដែលចូលរួមក្នុងមហោស្រពនេះ នឹងទទួលបាននូវបទពិសោធន៍ល្អៗជាច្រើន ពីវប្បធម៌ដ៏ផូរផង់នៃប្រជាជាតិទាំងពីរ បូករួមបន្ថែមពីការសម្តែងភ្លេងបុរាណជប៉ុន JSR Gagaku ក្រុមស្គរធំ បាទី-ហូលីក (BATI-HOLIC) ក្រុមតន្ត្រី #IAmOriginal កម្ពុជា ក្រុមចម្រៀងជប៉ុនPOPUP កីឡាយុទ្ធសិល្ប៍ជប៉ុន និងកម្ពុជា ការប្រកួតប្រជែងសម្លៀកបំពាក់ប្រពៃណីជប៉ុន (យូកាតា) ការស្លៀកពាក់តុក្កតាជប៉ុន (ខូសផ្លេ) និង មានកម្មវិធីជាច្រើនទៀតដូចជាសិក្ខាសាលាស្តីពីភ្លេងបុរាណ និងទំនើបរបស់ជប៉ុន សិល្បៈបត់ក្រដាស (អូរីហ្គាមី) តុបតែងផ្កា (អ៊ីកេបាណា) អក្សរផ្ចង់ (ស្យូដូ) ការសាកល្បងធ្វើត្រាជ័រលុប ការធ្វើបឋកថានានា និងការតាំងពិព័រណ៍ផ្សេងៗនៅក្នុងមហោស្រពនេះ។ សូមចូលរួមសប្បាយទាំងអស់គ្នានៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២២ ដល់ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ។ ដើម្បីទទួលព័ត៌មានលម្អិតបន្ថែមក្នុងកម្មវិធីនេះ អ្នកអាចចូលទៅកាន់គេហទំព័រ៖ CJCC អត្ថបទ​ដោយ ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សេវាកម្មសុខាភិបាលនៅកម្ពុជា ត្រូវបានប្រជាជនកម្ពុជាជាច្រើនមើលរំលង ពោលគឺអ្នកមធ្យមទៅស្វែងរកការព្យាបាលនៅប្រទេសវៀតណាម ឬប្រទេសថៃ រីឯអ្នកមានជីវភាពធូរធារព្យាបាលនៅសិង្ហបុរី និងប្រទេសជាច្រើនផ្សេងៗទៀត ដោយភាគច្រើនគិតថាសេវាកម្មសុខាភិបាលនៅប្រទេសកម្ពុជានៅមានកម្រិត ទាំងសមត្ថភាពវេជ្ជបណ្ឌិត ទាំងបច្ចេកវិទ្យា ទាំងសេវាកម្ម។ យើងតែងតែលឺការរអ៊ូរទាំនេះនោះទាក់ទងនឹងសេវាកម្មមួយនេះ សំណួរសួរថា «តើស្ថានភាពសេវាកម្មសុខាភិបាលនៅកម្ពុជាដើរដល់កម្រិតណាហើយ? ការអះអាងខាងលើ មានភាពពិតជាក់ស្តែងប៉ុណ្ណាដែរ?» ព័ត៌មានល្អមិនសូវមានអ្នកចាប់អារម្មណ៍ ពេលមានបញ្ហាគ្រប់គ្នានាំគ្នាចែករំលែក បន្ថែមមតិយោបល់មិនចេះចប់ ទាំងនេះបានកើតឡើងស្ទើរតែជាទម្លាប់ទៅហើយ មិនមែនតែចំពោះតែក្នុងវិស័យសុខាភិបាលប៉ុណ្ណោះទេ។ ព្យបាលបានល្អមិនសូវមានអ្នកសរសើរ ពេលមានបញ្ហាម្នាក់ៗនាំគ្នាបន្ទោស ទាំងពេលខ្លះរឿងហេតុនៅមិនទាន់ដឹងច្បាស់នៅឡើយ។ តើមានប្រជាជនកម្ពុជាប៉ុន្មាននាក់ ដែលដឹងថាសេវាព្យាបាលរបស់គ្រូពេទ្យណា គ្លីនិកណា មន្ទីរពេទ្យណាដែលល្អ សម្រាប់ឯកទេសនីមួយៗ? តើប្រជាជនកម្ពុជាប៉ុន្មាននាក់បានឆ្លងកាត់ការព្យាបាលល្អពីគ្រូពេទ្យទាំងនោះ? តើមានប៉ុន្មាននាក់ដែលធ្លាប់ចែករំលែក លើកទឹកចិត្ត សរសើរសេវាកម្មទាំងនោះ? ជាការពិតណាស់ មនុស្សមានល្អ មានអាក្រក់ ក្នុងវិស័យណាក៏ដោយមិនថាក្នុងប្រទេសឬក្រៅប្រទេស តែងមានល្អ មធ្យម និងខ្សោយ ដូចគ្នានឹងសេវាកម្មសុខាភិបាលនៅកម្ពុជាផងដែរ។ កន្លងមក តើអ្នកប្រើមធ្យោបាយអ្វីខ្លះដើម្បីសម្រេចថាគួរទៅព្យាបាលនៅកន្លែងណាមួយ? តើសេវាកម្មសុខាភិបាលនៅកម្ពុជាពិតជាអន់មែន ឬអ្នកមិនដែលដឹង មិនដែលស្គាល់ មិនដែលព្យាយាមស្វែងយល់ពីព័ត៌មានសុខភាពនានា? ជាទូទៅ ការសួរមិត្តភក្តិ បងប្អូន តែងតែជាជម្រើសទី១ ពេលអ្នកមានអាការៈផ្សេងៗ ហើយក៏ជាជម្រើសទី១ ក្នុងការសម្រេចចិត្តថាគួរទៅណាដើម្បីពិគ្រោះ និងព្យាបាលផងដែរ។ ជារឿយៗ យើងសង្កេតឃើញថា ដោយប្រជាជនខ្មែរមិនសូវស្គាល់ពីសេវាព្យាបាលនៅស្រុកខ្មែរ អមជាមួយនឹងព័ត៌មានទាក់ទងនឹងបញ្ហាពេទ្យនៅស្រុកខ្មែរជាច្រើនដែលបានចែកចាយពាសពេញបណ្តាញសង្គម ធ្វើឲ្យភាគច្រើនណែនាំទៅព្យាបាលនៅបរទេស ហើយបរិបទកាន់តែមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យប្រជាជនកម្ពុជាប្រាក់ជាច្រើនសម្រាប់ការព្យាបាលនៅបរទេស បើទោះបីជាជំងឺមួយចំនួនធំអាចទទួលការព្យាបាលនៅកម្ពុជាក៏ដោយ។ តើស្ថានការណ៍នឹងវិវឌ្ឍដល់កម្រិតណាទៀត? គ្រូពេទ្យល្អៗ គ្លីនិកល្អៗ មន្ទីរពេទ្យល្អៗ គួរតែទទួលបានការទទួលស្គាល់ ការកោតសរសើរពីប្រជាជនខ្លួន ហើយប្រជាជនខ្មែរគួរតែចូលរួមក្នុងបេសកកម្មមួយនេះ តាមរយៈការចូលរួមដាក់ពិន្ទុ និងចែករំលែកបទពិសោធល្អ អាក្រក់ផ្សេងៗ ដែលទទួលបានពីសេវាព្យាបាលនៅកម្ពុជា ដើម្បីអាចឲ្យប្រជាជនខ្មែរផ្សេងៗទៀតងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើសសេវាព្យាបាលដែលល្អនៅប្រទេសរបស់ខ្លួន។ ម្យ៉ាងទៀត ប្រជាជនខ្មែរក៏គួរតែមានទំនួលខុសត្រូវលើសុខភាពរបស់ខ្លួនអ្នក តាមរយៈការអានចំណេះដឹង ព័ត៌មានសុខភាពជាប្រចាំ ទទួលទានអាហារឲ្យបានត្រឹមត្រូវ រក្សាអនាម័យ និងហាត់ប្រាណឲ្យបានទៀងទាត់។ ស្របជាមួយការវិវឌ្ឍលើបច្ចេកវិទ្យាពាសពេញសាកលលោក បញ្ហាទាំងអស់ខាងលើត្រូវបានរួមបញ្ចូលក្នុងកម្មវិធីទូរស័ព្ទមួយដែលមានឈ្មោះថា Healthogo ដែលប្រជាជនកម្ពុជាគ្រប់រូបអាចស្វែងរកសេវាព្យាបាលនានានៅកម្ពុជា តាមឈ្មោះ តាមឯកទេស ដោយមើលលើពិន្ទុនិងមតិយោបល់ផ្សេងៗ ដែលគ្លីនិកនីមួយៗទទួលបានពីអ្នកជំងឺកន្លងមក ហើយលោកអ្នកក៏អាចចូលរួមដាក់ពិន្ទុល្អ ឬអាក្រក់លើគ្លីនិកដែលលោកអ្នកបានទទួលសេវាកម្មផងដែរ។ សម្រាប់ការទាញយកកម្មវិធីទូរស័ព្ទ ៖ -iOS: https://goo.gl/eWcxcu -Android: https://goo.gl/3Aoqmi ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

 ការព្យាបាលជំងឺឫសដូងបាត (Hemorrhoid Treatment) ការព្យាបាលជំងឺឫសដូងបាតត្រូវបានចែកជាពីរគឺ បែបបុរាណ និង បែបសម័យ: ការព្យាបាលបែបបុរាណ គឺមានការព្យាបាលតាំងពីយូរយាមកហើយចេះដឹងនឹងរៀនតៗគ្នា ការព្យាបាលរូមមាន: •ដាំថ្នាំផឹក(ស្លឹកឈើ មែកឈើ ឬសឈើ មែកឈើជាដើម) •ថ្នាំលេប  •ថ្នាំលាប •ថ្នាំស្ពុង •ចំហុយ •ឆ្អើភ្លើង •ថ្នាំបង្កាត់ជាដើម ការព្យាបាលបែបសម័យត្រូវបានចែកជាពីរគឺ វះកាត់ និងមិនវះកាត់!   ការព្យាបាលដោយវះកាត់៖ •វះកាត់ដោយដៃ •វះកាត់ដោយម៉ាស៊ីន ការព្យាបាលដោយមិនវះកាត់៖ •ព្យាបាលដោយបាញ់កាំរស្មី •ព្យាបាលដោយចងកៅស៊ូ •ព្យាបាលដោយថ្នាំលេប •ព្យាបាលដោយថ្នាំលាប •ព្យាបាលដោយចាក់ថ្នាំ •ការព្យាបាលដោយចាក់ •និងលេបថ្នាំពេទ្យសម័យ នៅគ្លីនិក តូច យ៉ានចាក់ថ្នាំពី ៣ទៅ៥ថ្ងៃយ៉ាងយូរបំផុតពី៧ទៅ១០ថ្ងៃក្រោយចាក់ថ្នាំ ឫសដូងបាត វារង្គោះជ្រុះដោយខ្លួនឯង ដោយមិនបាច់វះកាត់។ ក្នុងរយះពេលព្យាបាល អ្នកជំងឺអាច ដេក ដើរ ឈរ អង្គុយ លក់ដូរ ធ្វើការងារបានដូចធម្មតា មិនបាច់សំរាកពេទ្យ។ ព្យាបាលរួចធានាមិនដុះឡើងវិញ (ចេញបណ្ណ័ធានារាប់រងមួយជីវិត) ព្យាបាលជាគ្រប់ប្រភេទជំងឺឫសដូងបាត ទោះបីដុះ ៥០-៦០ឆ្នាំហើយក្តី ឬកំពង់ទុំ ហូរឈាម ឈឺចាប់ធ្ងន់ធ្ងរក្តី។ បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត  

ចែករំលែក

សមាគមគ្រូពេទ្យបេះដូងអាស៊ាន (ASEAN FEDERATION OF CARDIOLOGY ឬ AFC) បានបង្កើតឡើងក្នុងឆ្នាំ១៩៧៣ ផ្តួចផ្តើមឡើងដោយ សមាគមគ្រូពេទ្យបេះដូងចំនួន៥ប្រទេសគឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភីលីពីន សិង្ហបុរី និងថៃ។ AFCគឺជាសមាគមរួមមួយដែលមិនមានពាក់ព័ន្ធនឹងនយោបាយរបស់ប្រទេស ដើម្បីលើកកម្ពស់ការអនុវត្ត និងចំណេះដឹងផ្នែកជំងឺបេះដូង ក្នុងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។ ក្នុងខែតុលា ឆ្នាំ១៩៧៥ កិច្ចប្រជុំលើកទី១ របស់សមាគមគ្រូពេទ្យបេះដូងអាស៊ាន ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ដោយមានវត្តមានចូលរួមពីអ្នកតំណាងនៃប្រទេសទាំង៥។ សមាគមនេះ ក៏បានកំណត់រៀបចំសមាជរបស់ ខ្លួនរៀងរាល់២ឆ្នាំម្តង ហើយបានធ្វើការប្តូរវេនម្ចាស់ផ្ទះរៀបចំសមាជនេះម្តងម្នាក់។ ម្ចាស់ផ្ទះនោះក៏ក្លាយជាប្រធានរបស់សមាគមគ្រូពេទ្យបេះដូងអាស៊ីក្នុងអាណត្តិដែលខ្លួនធ្វើជាអ្នករៀបចំសមាជ។ ក្រោយមក សមាគមនេះក៏បានទទួលនូវសមាជិក ថ្មីជាបន្តបន្ទាប់ដូចជា ប្រទេសវៀតណាម(២០០៦) ប្រទេសឡាវ និងមីយ៉ាន់ម៉ា(២០០៧) ប្រទេសព្រុយនេ(២០១៤)។ ដោយឡែក ចាប់ពីឆ្នាំ២០១៤មក សមាគមគ្រូពេទ្យបេះដូងកម្ពុជាយើងបានចូល រួមយ៉ាងសកម្មក្នុងសកម្មភាពរបស់AFC ដោយស្មើមុខមាត់ក្នុងនាមជាសមាជិកពេញសិទ្ធ។ ជាក់ស្តែង ដើម្បីអាចដាក់ពាក្យចូលជាសមាជិកសហភាតរៈគ្រូពេទ្យបេះដូងអាស៊ាន(Fellow of ASEAN Ccllege of Cardiology ឬ FAsCC) បានគ្រូពេទ្យឯកទេសបេះដូងទាំងអស់តម្រូវឲ្យមានលក្ខខណ្ឌដូចខាងក្រោម៖ •ជាគ្រូពេទ្យឯកទេសបេះដូងមានសញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលនៃប្រទេសរបស់ខ្លួន •មានបទពិសោធន៍យ៉ាងតិច ៥ឆ្នាំ •ជាសមាជិកសកម្មរបស់សមាគមគ្រូពេទ្យបេះដូងនៃប្រទេសរបស់ខ្លួន •ត្រូវធ្វើការសិក្សាស្រាវជ្រាវសរសេរអត្ថបទចុះផ្សាយក្នុងទស្សនាវដ្តីជាតិ ឬអន្តរជាតិ •ទទួលបានលិខិតគាំទ្រពីប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យបេះដូង ពីប្រទេសរបស់ខ្លួន។ យោងទៅតាមប្រសាសន៍របស់ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត សុខ ជួរ ការចូលជាសមាជិករបស់ សមាគមគ្រូពេទ្យបេះដូងអាស៊ាន(FAsCC) សមាជិកនឹងទទួលបានអត្ថប្រយោជន៍រួមបញ្ចូលដូចជា៖ •គ្រូពេទ្យត្រូវបានគេទទួលស្គាល់ទាំងគុណភាព និងសមត្ថភាព •សហភាតរៈអាចមានឱកាសក្នុងការបន្តការសិក្សាបន្ថែម •គ្រូពេទ្យបេះដូងក្នុងតំបន់អាស៊ាននឹងមានស្តង់ដារួមមួយ •សហភាតរៈទាំងអស់នឹងមានសិទ្ធិក្នុងការប្រើងាររបស់ខ្លួន (FAsCC)។ គ្រូពេទ្យឯកទេសបេះដូងរបស់កម្ពុជាយើង បានចូល ជាសមាជិករបស់សមាគមគ្រូពេទ្យបេះដូងអាស៊ាន ចំនួន ១៣រូប ក្នុងនោះមានដូចជា៖ ១.សាស្ត្រាចារ្យ វេជ្ជបណ្ឌិត សុខ ជួរ (ចូលជាសមាជិកក្នុងឆ្នាំ២០១៤) ២.វេជ្ជបណ្ឌិត ហាវ រត្ននារី (ចូលជាសមាជិកក្នុងឆ្នាំ២០១៦) ៣.វេជ្ជបណ្ឌិត លីវ ឈិញ (ចូលជាសមាជិកក្នុងឆ្នាំ២០១៦) ៤.វេជ្ជបណ្ឌិត ឈុន ឡាយ (ចូលជាសមាជិកក្នុងឆ្នាំ២០១៦) ៥.វេជ្ជបណ្ឌិត សុខ ផាង (ចូលជាសមាជិកក្នុងឆ្នាំ២០១៦) ៦.វេជ្ជបណ្ឌិត ពិត សារ័ត្ន (ចូលជាសមាជិកក្នុងឆ្នាំ២០១៦) ៧.វេជ្ជបណ្ឌិត លឹម ស៊ីវុតថា (ចូលជាសមាជិកក្នុងឆ្នាំ២០១៦) ៨.វេជ្ជបណ្ឌិត ចាន់ សុខា (ចូលជាសមាជិកក្នុងឆ្នាំ២០១៧) ៩.វេជ្ជបណ្ឌិត ថេង យូដាលីន (ចូលជាសមាជិកក្នុងឆ្នាំ២០១៧) ១០.វេជ្ជបណ្ឌិត ព្រំ វិសេស (ចូលជាសមាជិកក្នុងឆ្នាំ២០១៧) ១១.វេជ្ជបណ្ឌិត សាំង លាង (ចូលជាសមាជិកក្នុងឆ្នាំ២០១៧) ១២.វេជ្ជបណ្ឌិត លឹម គ្រុយ (ចូលជាសមាជិកក្នុងឆ្នាំ២០១៧) ១៣.វេជ្ជបណ្ឌិត សុខ ប៊ុនហេង (ចូលជាសមាជិកក្នុងឆ្នាំ២០១៧)។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំរបស់សមាគមគ្រូពេទ្យបេះដូងអាស៊ានក្នុងឆ្នាំ ២០២០នឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយa

ចែករំលែក
Top