
- May 11, 2017 |
- 5 ឆ្នាំមុន |
- 2.6K មើល
គំហើញថ្មីនៃអាវទ្រនាប់រកសញ្ញាណនៃជំងឺមហារីកសុដន់ដោយយុវជនម៉ិកស៊ិច
ជារៀងរាល់ឆ្នាំមានមនុស្សប្រមាណជា 8,200,000 នាក់ទូទាំងពិភពលោកត្រូវបានស្លាប់ដោយសារជំងឺមហារីកសុដន់នេះ។ កាលពី៥ឆ្នាំមុនម្ដាយរបស់លោក Rios Cantu ត្រូវបានប្រាប់ថាដុំសាច់របស់គាត់មិនមែនជាដុំសាច់កាចទេ តែ៦ខែក្រោយមកគេបានរកឃើញថាដុំទាំងនោះជាដុំមហារីក។ លោកស្រី ត្រូវបានព្យាបាលដោយកាត់សុដន់ទាំងសងខាង ដោយកត្តានេះហើយដែលបានជំរុញឲ្យលោក Rios Cantu ព្យាយាមស្វែងរកឧបករណ៍មួយដែលអាចរកឃើញរោគសញ្ញានៃជំងឺមហារីកនៅដំណាក់កាលដំបូង។ នៅលើគេហទំព័រ dailymail.co.uk បានឲ្យដឹងថា លោក Julian Rios Cantu ដែលមានអាយុ១៨ឆ្នាំ រួមជាមួយនឹងមិត្តភក្ដិទាំងបីនាក់របស់គាត់បានបង្កើតអាវទ្រនាប់អ៊ីវ៉ា (Eva bra) ដោយបានបំពាក់នូវ biosensors ចំនួន២០០ ដែលអាចត្រួតពិនិត្យនូវសីតុណ្ហភាព រូបរាង និងទម្ងន់សុដន់របស់ស្ដ្រីបាន។ ក្រុមហ៊ុនរបស់ពួកគេឈ្មោះ Higia Technologies បានឈ្នះពានរង្វាន់ The Global Student Entrepreneur Awards (GSEA) ដែលប្រារព្ធធ្វើនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៧ ដល់ ២៩ ខែមេសា ជាមួយនឹងទឹកប្រាក់ $20,000 បើទោះជាអាវនេះ ស្ថិតនៅក្នុងដំណាក់កាលគំរូដំបូងនៅឡើយក៏ដោយ។ តើវាដំណើរការយ៉ាងដូចម្ដេច? អាវទ្រនាប់នេះមានbiosensorsចំនួន២០០ ដែលអាចត្រួតពិនិត្យសីតុណ្ហភាព រូបរាង និងទម្ងន់សុដន់របស់ស្ដ្រី។ ស្ដ្រីតម្រូវឲ្យពាក់អាវទ្រនាប់អ៊ីវ៉ា (Eva bra) គឺត្រឹមតែ៦០ទៅ៩០នាទី ហើយវានឹងវាស់សីតុណ្ហភាពនិងប្រាប់ទៅអ្នកពាក់ឲ្យបានដឹងអំពីការផ្លាស់ប្ដូរណាមួយដែលគួរឲ្យបារម្ភ។ ព័ត៌មានទាំងអស់ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីមួយដែលនឹងអាចឲ្យស្រ្ដីដឹងថាមានការផ្លាស់ប្ដូរណាមួយដែលគួរឲ្យព្រួយបារម្ភ។ រោគសញ្ញាទាំង១២នៃជំងឺមហារីកសុដន់៖ ១. ដុំសាច់ក្រាស់នៅក្នុងសុដន់ (Thick mass)៖ ការឡើងក្រាស់ភ្លាមៗនៃជាលិកាដោះអាចជាសញ្ញានៃស្ថានភាពជំងឺធ្ងន់ធ្ងរដូចជា lobular breast cancer (ជំងឺមហារីកសុដន់កើតនៅលើlobules ដែលជាកន្លែងផលិតទឹកដោះ) និង inflammatory breast cancer (ជំងឺមហារីកសុដន់ដែលធ្វើឲ្យដោះមានលក្ខណៈហើមហើយឡើងក្រហម ឬរលាក)។ ២. ការផតចូលនៃផ្ទៃសុដន់ (Indentation)៖ ស្ដ្រីមួយចំនួនបានកត់សម្គាល់ឃើញថាមានការធ្លាក់ចុះ ឬផុងចូលក្នុងនៅលើដោះ។ នេះគឺបណ្ដាលមកពីកោសិកាមហារីកបានភ្ជាប់ទៅនឹងជាលិកាដោះដូច្នេះហើយបានជាវាទាញផ្នែកណាមួយនៃផ្ទៃដោះឲ្យផតចូលក្នុង។ ៣. សំណឹកស្បែក (Skin erosion)៖ ក្នុងករណីកម្រមួយចំនួនជំងឺមហារីកដែលកំពុងលូតលាស់នៅក្រោមស្បែកអាចទំលាយស្បែកចេញមកក្រៅហើយបង្កជាមុខរបួសមួយ។ ៤. កំដៅឬក្រហម (Heat and redness)៖ ប្រសិនបើស្ទាបសុដន់ទៅ មានអារម្មណ៍ថាក្ដៅ ឬវាមានការឡើងក្រហមមួយភាគបីនៃសុដន់នោះ វាអាចជាសញ្ញានៃ Inflammatory breast cancer។ ៥. សារធាតុរាវ (New fluid)៖ ការហូរចេញមកដោយឯកឯងនូវសារធាតុរាវពីសុដន់មួយចំហៀង ដែលអាចជាពណ៌ដូចឈាម ពណ៌ត្នោតឬថ្លា មានន័យថាវាអាចមានអ្វីមួយនៅក្នុងសុដន់ដែលបណ្ដាលឲ្យមានការរលាកនេះ។ ៦. ខួចលើស្បែក (Dimpling)៖ ការមានស្នាមខួចនៅលើស្បែកគឺជាសញ្ញាទូទៅនៃinflammatory breast cancer។ ៧. ដុំពក (Bump)៖ បើមានការហើម ប៉ោងឬពកនៅលើសុដន់ ចូលអ្នកទៅពិនិត្យដើម្បីធ្វើការតាមដាន។ ៨. ការលេចចេញនូវសរសៃវ៉ែន (Growing vein)៖ ការប្រែប្រូលមួយចំនួនដូចជា ការរីកនៃសរសៃវ៉ែនក៏អាចជាសញ្ញាមួយដែលបណ្ដាលមកពីជំងឺមហារីកបានទៅបិទខ្ទប់សរសៃឈាម។ ៩. ក្បាលដោះរួមចូលខុសប្រក្រតី (Retracted nipple)៖ ការវិវឌ្ឍនៃក្បាលដោះរូមចូលឬផតចូលក្នុងហើយមិនអាចទាញចេញមកវិញ ដូច្នេះវាមិនមែនកើតពីកំណើតទេ គឺមានដុំមួយនៅពីក្រោយក្បាលដោះដែលជាអ្នកទាញឲ្យវារួមចូលក្នុងបែបនេះ។ ១០. រូបរាងឬទំហំថ្មី (New shape or size)៖ ការប្រែប្រូលណាមួយទៅលើរូបរាងនិងទំហំដែលមិនមានជាប់ពាក់ព័ន្ធទៅនឹងវដ្ដរដូវ គួរតែធ្វើការពិនិត្យតាមដាន។ ១១. ស្បែកដូចសំបកក្រូច (Orange peel skin)៖ ស្បែកដែលមានចង្អូរឬប្រហោងតូចៗដូចជាសំបកផ្លែក្រូច អាចជាមូលហេតុមួយដែលបណ្ដាលមកពីមានការប្រមូលផ្ដុំនៃសារធាតុរាវក្នុងសុដន់។ ១២. ដុំមើលមិនឃើញ (Invisible lump)៖ ទោះបីជាវាមានរោគសញ្ញាជាច្រើនទៀតក៏ដោយ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យដើម្បីស្វែងរកដុំសាច់។ ដុំមហារីកជាទូទៅមានសភាពរឹងនិងមិនអាចផ្លាស់ទីបាន ដូចជាគ្រាប់ក្រូចអញ្ចឹង។ “បច្ចុប្បន្ននេះ មិនទាន់មានភស្តុតាងណាមួយដែលបង្ហាញថាអាវទ្រនាប់ប្រភេទនេះគឺជាវិធីដែលអាចជឿទុកចិត្តបានក្នុងការស្វែងរកដុំសាច់មហារីក ហើយវាមិនមែនជាគំនិតល្អទេសម្រាប់ស្រ្ដីក្នុងការប្រើប្រាស់បច្ចេកវិទ្យាដែលមិនទាន់ត្រូវបានធ្វើការពិសោធន៍ត្រឹមត្រូវជាលក្ខណៈវិទ្យាសាស្រ្ដនៅឡើយ។” នេះបើតាមការប្រាប់ទៅកាន់BBC របស់ Anna Perman ពីមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកនៃចក្រភពអង់គ្លេស។ Anna បានបន្ថែមដូច្នេះថា “វាពិតជាអស្ចារ្យណាស់ដែលបានឃើញយុវជនដូចជា Julian ដែលចាប់អារម្មណ៍ខាងវិទ្យាសាស្រ្ដ និងមានគំនិតដែលអាចជួយក្នុងការធ្វើរោគវិនិច្ឆ័យជំងឺមហារីក។”
ចែករំលែក