
- Apr 26, 2017 |
- 5 ឆ្នាំមុន |
- 4.4K មើល
មន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ «វិស្វករនៃស្នាមញញឹមរបស់ប្រជាជនកម្ពុជា»
លោកស្រីទន្តបណ្ឌិត អេង លីគង់ ដែលជាលោកស្រីនាយិកានៃមន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ លោកស្រីក៏បានដាក់ពាក្យប្រលងចូលរៀនផ្នែកសុខាភិបាល ប៉ុន្តែគួរឲ្យស្តាយ លទ្ធផលដែលទទួលបានមិនគាប់ប្រសើរ។ យ៉ាងណាមិញ ជាមួយនឹងពិន្ទុខ្ពស់ក្នុងចំណោមសិស្សជាច្រើននាក់ លោកស្រីក៏ត្រូវបានសាលាជ្រើសរើសឲ្យចូលរៀនផ្នែកទន្តសាស្រ្តតែម្តង។ តាមការពិតទៅ ក្នុងខណៈនោះ លោកស្រីបានចូលរៀនផ្នែកនេះដោយសារតែមិនមានជម្រើសប៉ុន្តែលោកស្រីវេជ្ជបណ្ឌិតក៏មានចក្ខុវិស័យមួយថាមុខរបរផ្នែកសុខភាពមាត់ធ្មេញនេះអាចនឹងមានទីផ្សារទូលាយទៅថ្ងៃអនាគត លុះក្រោយពេលបញ្ចប់ការសិក្សា ក៏ពិតដូចនឹងអ្វីដែលបានរំពឹងទុកមែន។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ១៩៩៣ លោកស្រីបានបញ្ចប់ពេទ្យមធ្យម ហើយក៏បានបើកនូវគ្លីនិកធ្មេញឯកជនខ្នាតតូចមួយដោយមានជំនួយការតែម្នាក់គត់។ ហើយដោយសារតែការបំពេញការងារដោយយកចិត្តទុកដាក់ និងផ្ចិតផ្ចង់នោះ គ្លីនិករបស់លោកស្រីក៏ទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើនរូបជាហូរហែ។ បន្ទាប់មក ក្នុងអំឡុងឆ្នាំ១៩៩៨ដល់ឆ្នាំ២០០២ លោកស្រីក៏បន្តរៀនថ្នាក់បណ្ឌិត ហើយក្រោយមករហូតដល់ឆ្នាំ២០០៥ ក៏បានបញ្ចប់ថ្នាក់ក្រោយឧត្តមសិក្សា ជាមួយនឹងជំនាញនៃផ្នែកទន្តសាស្រ្តជាហូរហែរ ដោយព្យាយាមធ្វើការបណ្តើរនិងរៀនបណ្តើរ។ ដោយសារតែចំនួនអតិថិជនកាន់តែច្រើន លោកស្រីក៏មានបំណងពង្រីកនូវគ្លីនិករបស់ខ្លួន ដើម្បីបំពេញតម្រូវការជូនដល់អតិថិជនឲ្យបានទាន់ពេលវេលា និងពេញចិត្ត។ មន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ ចាប់បើកដំណើរការតាំងពីឆ្នាំ២០០៣មកម្ល៉េះ ដោយចាប់ផ្តើមជាមួយនឹងទន្តបណ្ឌិតចំនួន៤រូប តែសព្វថ្ងៃនេះមានចំនួនកើនដល់ទៅ១០រូប រួមជាមួយនឹងបុគ្គលិកបម្រើសេវាកម្មដល់ទៅជាង២០នាក់ទៀត។ អ្វីដែលរឹតតែពិសេសទៀតនោះ ដើម្បីឲ្យការងារដំណើរការបានល្អ ម៉ាស្ទ័រឃែរ ក៏មានមន្ទីរពិសោធន៍ផ្ទាល់ខ្លួនដែលជាកន្លែងសម្រាប់ផលិតគ្រាប់ធ្មេញ ដែលមានឈ្មោះថា Precision Care Dental Laboratoryដើម្បីបំពេញសេវាកម្មឲ្យបានទាន់ពេលវេលា និងប្រកបដោយគុណភាពខ្ពស់ជូនដល់អ្នកជំងឺ។ ម៉ាស្ទ័រឃែរ មិនត្រឹមតែផ្គត់ផ្គង់ដល់គ្លីនិករបស់ខ្លួននោះទេ ក៏មានការទទួលធ្វើគ្រាប់ធ្មេញពីគ្លីនិកដទៃផងដែរ ដែលនេះក៏អាចកាត់បន្ថយទម្លាប់ចាស់ក្នុងការបញ្ជូនពុម្ពធ្មេញទៅក្រៅប្រទេសបានមួយផ្នែកផងដែរ។ ចំពោះភាពលំបាកក៏ដូចជាឧបសគ្គក្នុងការដំណើរការវិញ លោកស្រីនាយិកាក៏បានលើកឡើងនូវចំណុចមួយចំនួនដូចជា អ្វីដែលពិបាកជាងគេនោះ គឺ ការផ្លាស់ប្តូរពីអាជីវកម្មបែបគ្រួសារមកជាសាជីវកម្មដោយមានការចូលហ៊ុនគ្នា ហើយក៏មានភាពពិបាកក្នុងការជ្រើសរើសទន្តបណ្ឌិតផងដែរ ដោយម៉ាស្ទ័រ ឃែរ ធ្វើការជ្រើសរើសយកអ្នកដែលស្ថិតក្នុងកម្រិតថ្នាក់ក្រោយឧត្តមសិក្សា។ ចំណុចដែលជាភាពលំបាកមួយទៀតនោះ គឺការទទួលយកអ្នកជំងឺ ដោយសារភាគច្រើនគាត់មកតាមរយៈការមានទំនុកចិត្តលើស្នាដៃរបស់ខលោកស្រីផ្ទាល់ ហេតុនេះហើយពេលដែលត្រូវបញ្ជូនឲ្យទទួលការព្យាបាលពីទន្តបណ្ឌិតដទៃ គឺគាត់មានការស្ទាក់ស្ទើរក៏ដូចជារារែក។ តាមការពិតទៅ ទន្តបណ្ឌិតខ្លះមានជំនាញជាងរូបលោកស្រីទៅទៀត ដោយសារតែម្នាក់ៗមានឯកទេសក្នុងផ្នែកទន្តសាស្រ្តផ្សេងៗពីគ្នា ជាក់ស្តែង លោកស្រីផ្ទាល់មានជំនាញខាងផ្នែកពត់ធ្មេញ ហើយអ្នកខ្លះមានឯកទេសខាងផ្នែកដាំបង្គោលក្នុងឆ្អឹង ហើយខ្លះទៀតជាអ្នកជំនាញខាងផ្នែកព្យាបាល។ តែអតិថិជនភាគច្រើនមិនបានយល់ពីការពិតនេះ ជាហេតុបង្កការលំបាកក្នុងការបញ្ជូនពួកគាត់ទៅកាន់គ្រូពេទ្យផ្សេងទៀត ទោះបីជាស្ថិតនៅក្នុងគ្លីនិកតែមួយក៏ដោយ។ ម្យ៉ាងវិញទៀត ការយល់ដឹងរបស់ប្រជាជនកម្ពុជានៅមានកម្រិតនៅឡើយ ដោយពេលខ្លះគាត់ព្យាយាមសំណូមពរបន្ថយរយៈពេលនៃការព្យាបាល ឬការទទួលសេវាផ្សេងៗ។ បន្ថែមពីលើនេះ ប្រជាជនកម្ពុជាភាគច្រើនមានការជឿទុកចិត្តលើពេទ្យបរទេសជាងគ្រូពេទ្យនៅក្នុងប្រទេស។ មូលហេតុដែលបណ្តាលឲ្យគាត់មានផ្នត់គំនិតមួយនេះ គឺ មកពីពេទ្យមួយចំនួនធ្វើការបំពេញវិជ្ជាជីវៈរបស់ខ្លូនមិនបានត្រឹមត្រូវ ដែលធ្វើឲ្យប្រជាជនកម្ពុជាមិនពេញចិត្តហើយក៏មានការយល់ឃើញថា ការផ្តល់នូវសេវាផ្នែកសុខាភិបាលនៅកម្ពុជា គឺមិនអាចទទួលយកបាន ហើយតែងតែចង់ទៅក្រៅប្រទេស។ តាមការសង្កេតមើលឃើញរបស់លោកស្រី គឺថាអ្នកជំងឺផ្នែកជំងឺទូទៅដែលមានថវិកាគ្រប់គ្រាន់ គឺតែងតែចេញទៅប្រទេសក្រៅ ដោយមានតែអ្នកមិនសូវមានលទ្ធភាព ទើបនៅព្យាបាលក្នុងប្រទេស។ ផ្ទុយទៅវិញ ចំពោះផ្នែកមាត់ធ្មេញ គឺឃើញថាមានការទទួលស្គាល់គុណភាពច្រើន ដោយមិនត្រឹមតែមិនចេញទៅក្រៅទេថែមទាំងមានប្រជាជនខ្មែរមួយចំនួន ដែលរស់នៅក្រៅប្រទេសក៏សុខចិត្តចំណាយប្រាក់មកទទួលសេវានៅស្រុកយើងដែរ ដោយសារតែគុណភាពដូចគ្នា តែតម្លៃសេវារបស់យើងនៅទាបជាងប្រទេសដទៃ។ សម្រាប់គម្រោងក្នុងឆ្នាំថ្មីនេះ ម៉ាស្ទ័រ ឃែរ ក៏មានបច្ចេកវិទ្យាថ្មីសម្រាប់បម្រើជូនដល់អតិថិជនផងដែរដោយពីមុនការពត់តម្រង់ធ្មេញចាំបាច់ត្រូវពាក់brackets ដែលជាគ្រាប់ដែកខ្មៅៗសម្រាប់ទាញតម្រង់ធ្មេញ ប៉ុន្តែពេលនេះ មានធ្មេញលក្ខណៈជាជ័រប្លាស្ទិច ដែលមើលទៅមិនដឹងថាកំពុងពាក់នោះទេ ដោយគ្រាន់តែពាក់មួយរយៈ នោះធ្មេញនឹងប្រែជាត្រង់។ សម្រាប់ផ្នែកដាំបង្គោលក្នុងឆ្អឹង គឺមានបច្ចេកវិទ្យាដែលដូចនឹងនៅប្រទេសក្រៅដូចគ្នា។ នេះសរបញ្ជាក់ឲ្យឃើញថាយើងបាន និងកំពុងដេញទាន់បច្ចេកវិទ្យាថ្មីនៅលើពិភពលោក។ អ្វីដែលរឹតតែពិសេសថែមទៀតនោះ វេជ្ជបណ្ឌិតក៏នៅតែបន្តបន្ថែមនូវចំណេះដឹងដល់ខ្លួនឯងផងដែរ តាមរយៈការសិក្សាតាមប្រព័ន្ធអ៊ិនធឺណែត សូម្បីតែក្នុងពេលបំពេញការងារក្នុងគ្លីនិកក៏ពេលខ្លះត្រូវអង្គុយរៀនជុំគ្នាឬពេលខ្លះទៀត គ្រូពេទ្យក៏នឹងទៅទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេសផងដែរ។ ជាចុងក្រោយនេះផងដែរ លោកស្រីវេជ្ជបណ្ឌិត អេង លីគង់ ជាតំណាងឲ្យមន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រ ឃែរក៏សូមធ្វើការថ្លែងអំណរគុណ ដល់អតិថិជនមួយចំនួនដែលបានគាំទ្រនូវការផ្តល់សេវាកម្មរបស់ខ្លួន ហើយក៏ចែករំលែកដល់ប្រជាពលរដ្ឋទូទៅថា «ធ្មេញគឺមិនដូចជាសក់នោះទេ ធ្មេញជាម្រាមដៃម្រាមជើង។ សម្រាប់ប្រជាជនទូទៅ ពេលមានបញ្ហាធ្មេញ ពួកគាត់តែងគិតថាធ្វើក្នុងកម្រិតល្មមៗសិន ហើយដល់ថ្ងៃណាខូចខ្លាំងចាំគិតទៀត តែអ្នកត្រូវដឹងថាការបាត់បង់ធ្មេញមួយ ប្រៀបបាននឹងការបាត់បង់ម្រាមដៃមួយដូចគ្នាដែរ។ ទោះបីជាធ្មេញនោះមានតម្លៃថ្លៃ ឬល្អយ៉ាងណាក៏ដោយ វានៅតែជាវត្ថុសិប្បនិម្មិត មិនអាចដូចរបស់ពីធម្មជាតិនោះទេ។ ម្យ៉ាងទៀត ធ្មេញក៏ជាផ្នែកមួយនៃសម្រស់ផងដែរ ជាក់ស្តែង នៅលើរង្វង់មុខរបស់មនុស្សម្នាក់ៗ ផ្នែកដែលទាក់ទាញមុនគេ គឺភ្នែក ទីពីរ គឺសក់ ហើយទីបី គឺធ្មេញ។ សម្រាប់និស្សិតផ្នែកទន្តសាស្រ្តជំនាន់ក្រោយ ដោយសារតែសព្វថ្ងៃនេះ ជារបទសង្គមថ្មីដែលមានបច្ចេកវិទ្យាទំនើប បន្ទាប់ពីការចំណាយពេលរៀននៅសាលាហើយ ក៏មានមធ្យោបាយជាច្រើនសម្រាប់ការធ្វើការសិក្សាស្រាវជ្រាវផងដែរ។ កាតព្វកិច្ចចំបងជាងគេនោះ គឺត្រូវប្រឹងប្រែងរៀន ទើបទទួលបានលទ្ធផលល្អ និងមានការងារល្អសម្រាប់ធ្វើនាពេលអនាគត។ បើសិនជាអាច គឺត្រូវត្រៀមខ្លួនឯងឲ្យស្ថិតនៅក្នុងកម្រិតមួយដែលអាចប្រកួតប្រជែងជាមួយអ្នកដែលមានឯកទេសដូចគ្នា មិនត្រឹមតែនៅក្នុងថ្នាក់ គ្លីនិក សង្គម ឬប្រទេសប៉ុណ្ណោះទេ យើងគួរណាស់ត្រៀមសម្រាប់ប្រឈមមុខជាមួយនឹង ជាតិសាសន៍ដទៃដែលនឹងចូលមកដល់ជាមួយនឹងសមាហរណកម្មអាស៊ាននាពេលខាងមុខនេះ។ ម៉ាស្ទ័រឃែរ ផ្ទាល់គឺមិនមានការព្រួយបារម្ភអ្វីនោះឡើយ ដោយយើងសង្ឃឹមជឿជាក់ថាមានស្តង់ដាមិនអន់ជាងប្រទេសក្រៅនោះទេ។» © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក