Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

និយមន័យ មូលសញ្ញានៃការស្លាប់ភ្លាមៗរបស់ទាក (SID) ត្រូវបានផ្តល់អត្ថន័យថា ជាការស្លាប់របស់ទារកមានអាយុក្រោម១ឆ្នាំ ដែលសំណល់សាកសពមិនអាច ពន្យល់បាន បន្ទាប់ពីករណីសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ និងល្អិតល្អន់មួយ រួមជាមួយនឹងការវះសាកសពពិនិត្យ។ កង្វះអុកស៊ីសែនដកដង្ហើមរបស់ទារកត្រូវបានផ្តល់អត្ថន័យថា ជាការមិនអាចពន្យល់បាន នូវការបញ្ឈប់ភ្លាមៗនៃការដកដង្ហើមក្នុងរយៈពេល២០វិនាទី​ ឬច្រើនជាងនេះ ឬក៏មិនមានការដកដង្ហើមរយៈពេលខ្លី រួមជាមួយនឹងការចុះខ្សោយនៃចង្វាក់បេះដូង ឬកង្វះអុកស៊ីសែននៅក្នុងសរសៃឈាម ភាពស្លេកស្លាំង និងមានឬគ្មានការចុះខ្សោយនៃសាច់ដុំបេះដូង។ ពាក្យថាកង្វះអុកស៊ីសែនដកដង្ហើមលើទារក ជាទូទៅគឺសំដៅលើទារកដែលមានអាយុក្រោម ៣៧អាទិត្យ។ កង្វះអុកស៊ីសែនដកដង្ហើមលើទារក កើតមិនគ្រប់ខែ ត្រូវបានគេផ្តល់អត្ថន័យថា ជាការបញ្ឈប់ការដកដង្ហើមនៅពេលចុងក្រោយ និងភ្លាមៗយ៉ាងតិច ២០វិនាទី ឬរួមជាមួយនឹងដំណើរការនៃការដើរ របស់បេះដូងចុះខ្សោយ ឬជាមួយនឹងកង្វះអុកស៊ីសែន (Cyanosis) ចំពោះទារកដែលមានអាយុតិចជាង ៣៧អាទិត្យ។ តើអ្វីខ្លះដែលជាកត្តាហានិភ័យ ធ្វើឲ្យមានកង្វះអុកស៊ីសែនដកដង្ហើមលើទារក? ការសិក្សាស្រាវជ្រាវបន្តបន្ទាប់បានបង្ហាញថា កត្តាស្លាប់ភ្លាមៗលើទារកតូចៗ ច្រើនកើតមានយ៉ាងច្រើនលើទារកភេទប្រុស ហើយកើតមាននៅរដូវត្រជាក់ ច្រើនជាងនៅរដូវក្តៅ។ កត្តាហានិភ័យដទៃទៀត ដែលបង្កើនការស្លាប់ភ្លាមៗរបស់ទារក មានដូចជា៖ ផ្សែងបារី គ្រែដេករួមគ្នា កន្លែងគេងរួមគ្នា ការគេងប្រជ្រៀតគ្នា ឬក៏ក្បាលទារក ត្រូវបានគ្របដោយកម្រាលគ្រែ ឬកម្រាលពូកដែលធូរៗ ឬក៏បណ្តាលមកពីភួយដណ្តប់គ្របលើក្បាលទារក។ ការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់បានដាក់សំណើ ពីរបៀបបំបៅដោះ និងការជ្រើសរើសប្រភេទក្បាលដោះមកបំបៅ អាចបន្ថយបាននូវហានិភ័យនៃជំងឺកង្វះអុកស៊ីសែនដកដង្ហើមស្លាប់ភ្លាមៗលើទារក។ តើអ្វីទៅជារោគវិនិច្ឆ័យនៃជំងឺកង្វះអុកស៊ីសែនដកដង្ហើមលើទារក? •​ ការសិក្សាលើប្រវត្តិអ្នកជំងឺ • ការស្លាប់ភ្លាមៗរបស់ទារកបង្ហាញសំណល់សាកសពដែលមិនអាចទាយទុកមុនបាន មិនអាចបង្ការទុកមុនបាន និងមិនអាចពន្យល់បាន ទារកមានសុខភាពល្អ ដោយពុំមានរោគសញ្ញាព្រួយបារម្ភ ឬជំងឺអ្វីមួយកើតមាន ពីមុនមកឡើយ។ • ការស្លាប់របស់ទារកភ្លាមៗ នៅពេលដែលទារកកំពុងគេងលក់។ • ដូចបានគិតទុក ទារកស្ងៀមស្ងាត់ ពុំមានការស្រែកយំ។ • ទារកបង្ហាញពីការលូតលាស់​ និងវិវឌ្ឍល្អ របបអាហារធម្មតា។ • ទារកខ្លះមានបញ្ហាបន្ទាប់បន្សំផ្នែកផ្លូវដង្ហើមខាងលើ ឬក៏ចង្កោម ដែលជាសញ្ញានៃជំងឺក្រពះ ពោះវៀន ដែលបណ្តាលមកពីវីរុស សាំងស៊ីស្យាលវីរុស (Respiratory​ Syncytial Virus) ក្នុងរវាង ២សប្តាហ៍មុន សញ្ញានៃការស្លាប់ភ្លាមៗរបស់ទារក (SIDS)។ •​ ស្លាប់ភ្លាមៗរបស់ទារកដោយពុំមានការរំពឹងទុក (Sudden Unexpected Infant Death: SUID) គឺជាពាក្យមួយ ដែលជាទូទៅ គេប្រើនៅពេលដែលមានការស្លាប់របស់ទារក ក្នុងកាលៈទេសៈ ដែលមានការកើតឡើងភ្លាមៗ និងពុំមានការរំពឹងទុក ។ • មូលហេតុជាច្រើននៃការស្លាប់របស់ទារកអាចកំណត់បានតាមរយៈដំណើរការ ការប្រមូលព័ត៌មាន និងការធ្វើតេស្តបែបវេជ្ជសាស្រ្តដ៏ស្មុគស្មាញ រួមនឹងការតាមដានយ៉ាងជាក់លាក់។ ការព្យាបាល និងការគ្រប់គ្រង ចាំបាច់ត្រូវបញ្ជូនអ្នកជំងឺទៅកន្លែងសង្គ្រោះបន្ទាន់ភ្លាមៗ។ ចំពោះទារកដែលរកឃើញថាមានការឈប់ដំណើរការរបស់បេះដូង និងផ្លូវដកដង្ហើម អាទិភាពទីមួយគឺ ធ្វើការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នផ្នែកផ្លូវដង្ហើម ការដកដង្ហើម ចរន្តឈាមរត់ និងការតាមដានផ្នែកវេជ្ជសាស្រ្ត ក្រោមការយកចិត្តទុកដាក់ របស់អ្នកជំនាញ ផ្នែកសង្គ្រោះបន្ទាន់វេជ្ជសាស្រ្ត។  ការពិនិត្យតាមដាននេះរួមមាន ៖ -ដាក់ទារកក្នុងស្ថានភាពសង្គ្រោះ ដេកផ្ងារ ស្ថានភាពទម្រេតក្បាលខ្ពស់ជាងដងខ្លួន កម្តៅរបស់ទារក និងពិនិត្យយ៉ាងម៉ត់ចត់នូវតំណទុយោប្រសិនបើមាន។ -ប្រភេទគ្រែ ឬគ្រែកូនង៉ែត ត្រូវពិនិត្យក្រែងមានការខ្វះចន្លោះ។  -ពិនិត្យលើស្ថានភាពសំលៀកបំពាក់ ពូក កម្រាលពូក ក្រែងលោគ្របលើមុខទារក។  -តុក្កតាដែលទារកលេង ខ្នើយកើយ ខ្នើយអោប ឬវត្ថុដទៃទៀតដែលអាចជាមូលហេតុធ្វើឲ្យមានការស្ទះដង្ហើម។ --លក្ខខណ្ឌខ្យល់អាកាសនៅក្នុងលំនៅដ្ឋាន កម្តៅក្នុងបន្ទប់ដែលទារកនៅ មុនពេលមានសញ្ញាកង្វះអុកស៊ីសែន ប្រភេទខ្យល់បក់ចេញចូល និងចរន្តខ្យល់ក្តៅ ក្នុងបន្ទប់។  -វត្តមាននៃក្មេងដទៃទៀត ឬមានអ្វីផ្សេងៗទៀត។  -ប្រតិកម្មឆ្លើយតបជាមួយអ្នកថែទាំទារក និងអ្វីៗផ្សេងទៀតដែលមាននៅកន្លែងកើតហេតុ។  នៅក្នុងអគារសង្គ្រោះបន្ទាន់ និងក្រោយព្រឹត្តិការណ៍ដែលមើលឃើញច្បាស់នូវការគំរាមកំហែងអាយុជីវិត គឺត្រូវមានការថែទាំ រួមមាន ការជួយធ្វើឲ្យទារកមានលំនឹងទូទៅ។ អ្នកជំងឺគួរទុកនៅកន្លែងដែលមានម៉ាស៊ីនតាមដានបេះដូង និងចង្វាក់ដង្ហើម រួមទាំងកម្រិតអុកស៊ីសែនក្នុងឈាម។ កង្វះជាតិស្ករក្នុងឈាម អាចនឹងមិនកើតមាន ឬកើតមានភ្លាមៗ ជាមួយជំងឺកង្វះអុកស៊ីសែនដកដង្ហើមលើទារក។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ជា ​គឹមហោ ឯកទេសផ្នែករោគកុមារ   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

បញ្ហារំលាយអាហារបានបង្កជាអាការៈមិនប្រក្រតីនៅនឹងពោះដែលកើតឡើងជាញឹកញាប់ចំពោះមនុស្សជាច្រើន និងផ្តល់ការរំខានទាំងស្រាល និងធ្ងន់ធ្ងរ។ មានការលើកឡើងមួយបង្ហាញថាបញ្ហាទាំងនេះងាយនឹងកើតចំពោះស្ត្រីច្រើនជាងបុរសដោយសារតែពួកគេងាយនឹងមានប្រតិកម្មចំពោះចំណីអាហារជាងបុរស ដោយសារដំណើរឡើងចុះរបស់អ័រម៉ូននៅក្នុងខ្លួនមនុស្សស្រី។  យ៉ាងណាមិញ លោក Ron Palmon ដែលជាសាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រ និងជំងឺក្រពះពោះវៀននៅ Mount Sinai Medical Center ឯទីក្រុងញូវយ៉ក មានប្រសាសន៍ថា «វាជាដំណឹងល្អមួយដោយហេតុថាក្រពះជាបញ្ហាមួយទូទៅដែលអាចនឹងកើតមានចំពោះមនុស្សគ្រប់តំបន់ ហេតុនេះហើយព័ត៌មាន ទាក់ទិននឹងបញ្ហានេះក៏មានច្រើនផងដែរ» ។ ដើម្បីជួយដល់សាធារណជនដែលជួបប្រទះនឹងបញ្ហាទាំងនោះ ហេលស៍ថាមសូមនាំមកជូនលោកអ្នកនូវវិធី បង្ការនិងវិធីព្យាបាលដែលសុទ្ធតែបានឆ្លងកាត់ការសាកល្បង និងទទួលស្គាល់ថាមានប្រសិទ្ធភាពដែលលោកអ្នកអាចនឹងអនុវត្តបានដូចខាងក្រោម។ បញ្ហាទល់លាមក វិធីបង្ការ៖  អ្នកគួរទទួលទានអាហារដែលមានជាតិសរសៃ និងម៉ាញេស្យូម ព្រោះវាបង្កើននូវបរិមាណអាហារនៅក្នុងពោះវៀនដែលអាចឲ្យលាមកចេញមក យ៉ាងងាយស្រួល។ លោកវេជ្ជបណ្ឌិត Gerard E. Mulllin នៃសាកលវិទ្យាល័យសុខាភិបាល Johns Hopkins បានលើកឡើងថា «ម៉ាញេស្យូមជា ឱសថធម្មជាតិជួយបន្ធូរសាច់ដុំដែលសម្រួលដល់ការធ្វើចលនា និងការស្រូបយកជាតិទឹកហើយក៏ជួយឲ្យលាមកមានជាតិទឹក»។ ប្រភពនៃសារធាតុ ទាំងនេះមាននៅក្នុង ស្ពីណាច់ (ផ្ទី) ពពួកល្ពៅ ផ្កាស្ពៃបៃតង ពពួកជី និងគ្រាប់អាល់ម៉ុនជាដើម។លោកក៏បានណែនាំឲ្យទទួលទានអាហារបំប៉នផងដែរ ជាពិសេសមុននឹងធ្វើដំណើរតាមរថយន្ត ឬយន្តហោះជាដើម។ ការធ្វើដំណើរអាចបង្កឲ្យមានបញ្ហាទល់លាមកដោយសារតែអ្នកទទួលទានទឹក និងធ្វើ ចលនាចុះឡើងតិចជាងប្រក្រតី។ បន្ថែមពីលើនេះផងដែរ ការប៉ះទៅនឹងទម្រង់ជាច្រើននៃបាក់តេរីនៅក្នុងទឹក និងអាហារ ក៏ធ្វើឲ្យបញ្ហានេះកាន់តែ ធ្ងន់ធ្ងរផងដែរ។   វិធីព្យាបាល៖ អ្នកអាចប្រើថ្នាំបញ្ចុះតែក្នុងករណីចាំបាច់ប៉ុណ្ណោះ (ករណីដែលអ្នកទល់លាមករយៈពេល៣ថ្ងៃ ឬលើសពីនេះ)។ លោក Palmon ក៏បានថ្លែងទាក់ទិននឹង បញ្ហានេះផងដែរថា «ដោយសារតែវាប៉ះទង្គិចដល់ចង្វាក់នៅក្នុងសារពាង្គកាយ ដូច្នេះហើយអ្នកគួរប្រើប្រាស់វាតែម្តងបានហើយមិនអញ្ចឹងទេ លោកអ្នក នឹងត្រូវប្រឈមនឹងបញ្ហានេះជាអចិន្ត្រៃយ៍មិនខាន»។ លោកក៏បានណែនាំឲ្យប្រើប្រាស់ថ្នាំបញ្ចុះដូចជា MiraLAX ដែលមានកម្រិតស្រាល និងមិនមាន រសជាតិ។ វានឹងសម្រួលដល់ពោះវៀន និងធ្វើឲ្យសារធាតុផ្សេងៗហូរបានយ៉ាងស្រួល។ អ្នកក៏អាចប្រើប្រាស់ Mineral Oil ឬ Flaxseed oil (សម្បូរដោយ ជាតិសរសៃ) ដែលជាឱសថធម្មជាតិដ៏សក្តិសិទ្ធិដែលជួយសម្រួលដល់ពោះវៀន។ ទទួលទាន ១ ទៅ ២ ស្លាបព្រាបាយមុនពេលចូលគេងពេលក្រពះទទេ ដើម្បីចៀសវាងការប៉ះពាល់ជាមួយនឹងអាហារ ឬឱសថផ្សេងទៀត។ បន្ទាប់ពីនោះអ្នក គួរទទួលទានទឹក ឬទឹកផ្លែឈើមួយកែវពីក្រោយ។ ជម្រើសផ្សេងៗ៖ ការទទួលទានទឹកតែ Dandelion (ដែលអាចរកជាវបាននៅហាងលក់ទំនិញសុខភាព) ដើម្បីជួយសម្រួលដល់ដំណើររំលាយអាហារ និងសម្រាលដល់អាការៈទល់លាមក ឬ អ្នកអាចទទួលទានទឹកបន្ទាលកន្ទុយក្រពើ (វាមានរសជាតិផ្សេងៗពីគ្នា)​ ព្រោះវាជួយបន្ថយកម្រិតជាតិអាស៊ីត នៅក្នុងក្រពះ និងជាឱសថធម្មជាតិមួយទៀតដែលជួយបង្កើនល្បឿនមុខងារនៃពោះវៀន។ ការម៉ាស្សាលើក្បាលពោះ (ជាពិសេសពីលើចុះក្រោម) រយៈពេលពី ២ ទៅ ៣នាទីក៏ចូលរួមចំណែកដោះស្រាយបញ្ហានេះផងដែរ។ អ្នកក៏អាចធ្វើការរឹតផ្នែកខាងៗនៃជើងរបស់អ្នក ដែលចលនានេះជួយដល់ចំណុច នៅក្នុងប្រព័ន្ធទឹករងៃដែលពាក់ព័ន្ធទៅនឹងចលនានៃពោះវៀនធំ។ រាគ វិធីបង្ការ ៖ ទទួលទានអាហារដែលមិនមានជាតិស្ករក្នុងបរិមាណតិច។ ស្ករគ្រាប់ ឬផលិតផលដែលមានជាតិផ្អែមជាពិសេស Mannitol និង Sorbitol មានឥទ្ធិពល ជាថ្នាំបញ្ចុះពេលដែលត្រូវបានទទួលទានក្នុងបរិមាណច្រើន។ ចៀសវាងជាតិកាហ្វេអ៊ីន និងកាត់បន្ថយស្រ្តេសក៏មានចំណែកផងដែរ ដោយសារតែវាជួយ​ សម្រួលដល់ពោះវៀននិងដំណើរនៃការរំលាយអាហារ។   វិធីព្យាបាល ៖ ទទួលទានចេក បាយ ផ្លែប៉ោម ដែលគេយកមកស្ងោរ ហើយកិនឲ្យម៉ត់ដូចបបរ និងនំប៉័ងអាំងដែលសុទ្ធតែជាប្រភេទអាហារដែលងាយរំលាយ។ អ្នក ក៏អាចប្រើប្រាស់ឱសថដែលអាចទិញបានដោយមិនត្រូវការវេជ្ជបញ្ជា ដូចជា lmodium (lopearamide) ដែលបន្ថយល្បឿនកន្រ្តាក់នៃពោះវៀន ឬ Pepto-Bismol ដែលគ្របដណ្តប់ក្រពះ និងការពារវាពីប្រការរំខានផ្សេងៗ។ ជម្រើសផ្សេង ៖ សាកល្បងប្រើប្រាស់អាហារបំប៉ន Melatonin ដែលជាថ្នាំដ៏មានប្រសិទ្ធភាពក្នុងការជួយឲ្យគេងលក់ ហើយវាក៏ជួយសម្រួលដល់អាការៈរាគផង ដែរ នេះប្រហែលមកពីវាធ្វើឲ្យក្រពះស្ងប់ ហើយរៀបចំប្រព័ន្ធនៅក្នុងរាងកាយត្រៀមរួចរាល់សម្រាប់ទទួលទានដំណេក។ ទឹកតែ ឬស្រាក្រហមក្នុង បរិមាណ ១ ទៅ ២ កែវក៏អាចជួយផងដែរ ដោយសារតែជាតិ Tannins និង​ flavonoids ដែលមាននៅក្នុងភេសជ្ជៈទាំងពីរមុខនេះជួយបន្ថយល្បឿនប្រតិកម្ម នៃពោះវៀន និងតតាំងប្រឆាំងនឹងពពួកមីក្រុបដែលបង្កជាជំងឺរាគផងដែរ។ អ្នកក៏គួរទទួលទានទឹកឲ្យបានច្រើន ប៉ុន្តែអ្នកគួរចៀសវាងភេសជ្ជៈដែលមាន ជាតិផ្អែមដោយសារតែពេលដែលសារពាង្គកាយយើងស្រូបយកជាតិស្ករនោះវានឹងធ្វើឲ្យក្រពះរបស់យើងបញ្ចេញទឹកច្រើនជាងពេលដែលទទួលទានអាហារផ្សេង នេះបើយោងតាមប្រសាសន៍របស់លោក Ashley Koff។ ជម្រើសដែលល្អបំផុត គឺទឹកបរិសុទ្ធ ទឹកដូង ឬទឹកតែ ដែលសុទ្ធតែជាប្រភពនៃ អេឡិចត្រូលីត។ អាការៈរកកលចង់ក្អួត វិធីបង្ការ ៖ ប្រសិនបើអ្នកងាយនឹងធីងធោង ឬពុលដោយសារមធ្យោបាយធ្វើដំណើរនោះ អ្នកអាចទទួលទាន Dramamine ឬ Benadryl មុននឹងធ្វើដំណើរ ដោយសារតែ វាអាចប្រឆាំងនឹងសារធាតុដែលបង្កឲ្យមានប្រតិកម្មក្នុងសារពាង្គកាយ និងធ្វើឲ្យខួរក្បាលរបស់អ្នកផ្លាស់ប្តូរផ្នត់គំនិតទៅលើការផ្លាស់ទី។ អ្នកគួរទទួលទានអាហារដែលត្រជាក់ ព្រោះកម្តៅអាចនឹងធ្វើឲ្យអាហារមានក្លិនឈួល។ រសជាតិអាហារដែលនៅជាប់យូរនឹងធ្វើឲ្យក្រពះរបស់អ្នកពិបាក ក្នុងការទប់ស្កាត់អាការៈនេះ ដូច្នេះហើយអ្នកគួរធ្វើការទទួលទានទឹក ឬសម្អាតមាត់ធ្មេញក្រោយពេលទទួលទានអាហារហើយ។ ការ៉េមដែលធ្វើពីការដាក់ ផ្លែឈើឲ្យកកក៏ជាជម្រើសមួយ ដ៏ល្អផងដែរព្រោះជាតិកាបូអ៊ីដ្រាតងាយនឹងរំលាយហើយសារធាតុរាវដែលត្រជាក់ក៏ធ្វើឲ្យដំណើរធ្លាក់ចុះមកក្រោមរលូន ផងដែរ។   វិធីព្យាបាល៖ ព្យាយាមរកអាហារ និងភេសជ្ជៈសម្រាប់ទទួលទានព្រោះថាក្រពះទទេដែលមិនមានអ្វីសោះសម្រាប់ស្រូបយកទឹកអាស៊ីតបណ្តាលឲ្យអាការៈកាន់តែធ្ងន់ធ្ងរ។ ព្យាយាមទទួលទានអាហារតិចតួចរៀងរាល់ ២ ទៅ ៣ ម៉ោងម្តង ហើយគួរទុកនំកញ្ចប់ ឬចំណីខ្លះនៅក្បែរក្បាលដំណេកក្នុងករណីដែលអ្នកឃ្លានពាក់កណ្តាល ឬពេលព្រឹកព្រលឹម។     ជម្រើសផ្សេងៗ៖ សាកទទួលទានខ្ញី ជីអង្កាម ឬអាហារផ្សេងៗដែលមានជាតិជូរ។ ការស្រាវជ្រាវបានបង្ហាញថា ខ្ញី និងជីអង្កាមមានប្រសិទ្ធភាពជាមួយនឹងអាការៈ រកកលចង់ក្អួត ដោយសារការប្រើថ្នាំគីមី និងការមានផ្ទៃពោះ។ ការចាប់ជីពចរក៏មានចំណែកក្នុងការបញ្ឈប់បញ្ហានេះផងដែរ។ លោកវេជ្ជបណ្ឌិត Mullin ក៏បានលើកឡើងថា «យើងមានភស្តុតាងដែលគួរឲ្យទុកចិត្តបានដែលបញ្ជាក់ថា វាពិតជាមានប្រសិទ្ធភាពមែន។ លោកក៏បានណែនាំអំពីទីតាំង៣សំខាន់ ដែលក្នុងនោះមាន៖ មួយនៅកំភួនដៃ (ប្រហែល ២អ៊ីងពីផ្នត់ដៃមកកាន់ដើមដៃ) មួយទៀតនៅចន្លោះមេដៃ និងដៃចង្អុល (នៅខាងខ្នងដៃ) និងមួយទៀត នៅចន្លោះសរសៃពួរសាច់ដុំនៃម្រាមជើងទីពីរ និងទីបី។ ចំណាយពេលប្រមាណពី ៣ ទៅ ៥នាទីសម្រាប់ទីតាំងនីមួយៗ។ ក្រហាយទ្រូង វិធីបង្ការ ៖  ផ្លាស់ប្តូរទម្លាប់នៃការទទួលទានអាហាររបស់អ្នកប្រសិនបើធ្លាប់ទទួលទានអាហារតែ ៣ពេលហើយច្រើនៗ អ្នកអាចរំលែកវាជា ៥ពេលតូចៗវិញ ដើម្បី ចៀសវាងការដាក់សម្ពាធច្រើនជ្រុលទៅលើក្រពះដែលអាចនឹងរុញច្រានអាស៊ីតឡើងទៅលើបំពង់អាហារ។ ប្រសិនបើអ្នកកើតមានអាការៈបែបនេះ ញឹកញាប់ អ្នកក៏គួរចៀសវាងជីអង្កាម សូកូឡា ជាតិកាហ្វេអ៊ីន និងជាតិអាល់កុល។ ម្យ៉ាងអ្នកក៏គួរចៀសវាងប្រភេទអាហារដែលចម្អិនដោយប្រើកម្តៅខ្លាំង ហើយប្រើប្រាស់ប័រ និងសាច់ច្រើន ព្រោះអាហារប្រភេទទាំងនេះត្រូវការពេលវេលាច្រើនក្នុងការរំលាយហើយក៏អាចបង្កការរំខានដល់ស្រទាប់ខាងក្នុងរបស់ ក្រពះផងដែរ។ គ្រឿងផ្សំដែលមិនបង្កឲ្យមានអាការៈនេះរួមមាន ពពួកជី រមៀត ផ្កាច័ន្ទ ក្រវាញ ជាដើម។ វិធីព្យាបាល ៖ ទទួលទានឱសថប្រភេទ Antacid (ថ្នាំដែលគ្រប់គ្រងជាតិអាស៊ីតនៅក្នុងក្រពះ) សម្រាប់ប្រភេទជាអង្គធាតុរាវ (Mylanta, Maalox) ដែលបំបែក ជាតិអាស៊ីតបានលឿនជាង ប៉ុន្តែប្រភេទដែលអាចទំពារបាន (Tums) មានប្រសិទ្ធភាពបានយូរជាង។ មនុស្សភាគច្រើននិយមប្រើប្រាស់ AlkaSeltzer តែវាមិនមែនជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានដំបៅ ឬដុំមហារីកនិងអ្នកដែលកំពុងប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដោយសារតែវាមានផ្ទុកអាស្ពីរីន។ ក្នុងករណីដែលអ្នកកើតមានបញ្ហានេះ ជាញឹកញាប់ ឬធ្ងន់ធ្ងរនោះអ្នកគួរសាកល្បងប្រើថ្នាំដែលបង្ខាំងវត្ថុក្នុងខ្លួនដែលបង្កឲ្យមានប្រតិកម្ម (ដូចជា Pepcid AC) ដែលជួយកាត់បន្ថយទឹកអាស៊ីតក្រពះដោយការបំបាត់សារធាតុដែលផ្តល់សញ្ញាអំពីប្រតិកម្មនោះ។ ជម្រើសផ្សេងៗ ៖ Licorice ជាប្រភេទឱសថដែលពេញនិយមកាលពីសម័យមុនហើយការសិក្សានាពេលថ្មីៗនេះក៏បានបង្ហាញដែរថាវាប្រឆាំងនឹងការរលាកដែលជួយពង្រីក ដល់ប្រព័ន្ធរំលាយអាហារ។ ប្រសិនបើអ្នកសាកល្បងវា អ្នកត្រូវប្រើប្រាស់ថ្នំាំគ្រាប់ DGL។ វាមិនផ្ទុកនូវសារធាតុផ្សំដែលបង្កើនបរិមាណទឹក និងសម្ពាធឈាម ឡើយ។ បន្ថែមពីលើនេះផងដែរទាំង ឬសផ្កាត្របែកព្រៃម្យ៉ាងដែលមានឈ្មោះថា Marshmallow និង elm ក៏ជាឱសថសម្រួលអាការៈនេះផងដែរ ដោយវាគ្របដណ្តប់ និងសម្រួលដល់បំពង់អាហារ។ លើសពីនេះទៅទៀត អ្នកគួរកាត់បន្ថយការពត់ពែនខ្លួន និងរាល់ពេលដែលអ្នកទម្រេតខ្លួនសម្រាក ឬគេង អ្នកត្រូវកល់ខ្នើយប្រហែល ៦អ៊ីង (ប្រហែល១៥​ សង់ទីម៉ែត្រ)។ អ្នកក៏គួរបញ្ឈប់ការទទួលទានអាហារផ្សេងៗ យ៉ាងហោចណាស់ ២ ម៉ោងមុននឹង ចូលគេងដើម្បីឲ្យក្រពះទទេស្អាតពេលដែលអ្នកគេង។ ហើមពោះ វិធីបង្ការ ៖ ដាក់កម្រិតចំពោះការទទួលទានអាហារដែលពិបាកនឹងរំលាយ ដូចជាផលិតផលទឹកដោះគោ ផលិតផលដែលមានជាតិផ្អែមសិប្បនិម្មិត និងបន្លែមួយ ចំនួនដូចជា សណ្តែក ផ្កាស្ពៃបៃតង ខ្ទឹមបារាំង និងស្ពៃក្តោប។ បន្លែទាំងនេះមានផ្ទុកនូវស្ករធម្មជាតិដែលភាសាបច្ចេកទេសហៅថា oligosachharide ដែលពិបាកនឹងបំបែក។ ម្យ៉ាងទៀត អ្នកក៏គួរចៀសវាងប្រភេទភេសជ្ជៈដែលមានជាតិហ្គាសផងដែរ ព្រោះវានឹងបង្កើតជាពពុះខ្យល់នៅក្នុងក្រពះរបស់ អ្នក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏គួរតែប្រុងប្រយ័ត្នចំពោះបរិមាណអំបិលដែលអ្នកទទួលទានផងដែរដោយសារមូលហេតុថាអំបិលបង្កើនជាតិទឹក ហេតុនេះហើយ បរិមានអំបិលក្នុងសារពាង្គកាយកាន់តែច្រើនបរិមាណទឹកក៏ច្រើនផងដែរ។ វិធីព្យាបាល ៖ ប្រើប្រាស់ Gas-X ឬ Mylanta Gas។ វាទាំងពីរមានផ្ទុកនូវសារធាតុផ្សំមួយដែលហៅថា Simethicone ដែលបំបែកពពុះខ្យល់។ អាហារដែលគួរ ទទួលទាន គឺអាហារដែលសម្បូរជាតិសរសៃដូចជាផ្លែប៉ោមជាដើម។ វាបង្កើនបរិមាណអាហារ និងអង្គធាតុរាវក្នុងពោះវៀនដែលអាចឲ្យអាហារធ្វើដំណើរ បានស្រួល។ លោកអ្នកក៏អាចទទួលទានទឹកតៃបៃតង ឬទឹក cranberry ។ ជម្រើសមួយផ្សេងទៀត អ្នកក៏អាចប្រើប្រាស់ Pepper mint capsule ដែលជាឱសថដែលត្រូវបានប្រើប្រាស់សម្រាប់បញ្ហាក្រពះផ្សេងៗ តាំងពីសម័យអេហ្ស៊ីបបុរាណ។ វាមានប្រសិទ្ធភាពក្នុងការសម្រួលដល់សាច់ដុំក្រពះក្នុង បំពង់អាហារ។  លំហាត់ប្រាណក៏ជាមធ្យោបាយមួយផងដែរ (តែត្រូវប្រាកដថាអ្នកមិនហាត់ប្រាណពេលដែលកំពុងឆ្អែត)។ ការធ្វើចលនាចុះឡើងជួយបញ្ចេញ ខ្យល់ ឬហ្គាសដែលលើសចេញពីប្រដាប់រំលាយអាហារ។ ម្យ៉ាងទៀតញើសដែលបែកចេញពេលដែលអ្នកធ្វើលំហាត់ប្រាណ អាចកម្ចាត់ទាំងជាតិអំបិល និងធាតុរាវដែលលើសដែលជួយឲ្យរាងកាយចៀសផុតពីហើម  ឬហើមពោះ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជាទូទៅជំងឺអុតស្វាយកើតមិនរើសវ័យនោះទេឲ្យតែអ្នកមានប្រព័ន្ធការពារខ្សោយ មិនមានអង់ទីក័រការពារពីម្តាយ ឬចាក់វ៉ាក់សាំងការពារនោះទេ អ្នកនឹងងាយកើតជំងឺនេះណាស់​ ហើយគេច្រើនសង្កេតឃើញមានការកើតឡើងច្រើននៅ​ចន្លោះអាយុចាប់ពី ៦ខែ​ដល់ ១៥ឆ្នាំ។ ចំពោះក្មេងក្រោម​ ៦ខែ ក៏អាចកើតជំងឺនេះដែរតែដោយកម្រហើយបើកើត ច្រើនតែឆ្លងពីម្តាយឬមិនមានអង់ទីក័រពីម្តាយ និងច្រើនតែធ្ងន់ធ្ងរ​ជាងករណីធម្មតា។  ក្រឡេកមកមើលប្រទេសកម្ពុជាវិញ យើងនៅមិនទាន់មាន ទិន្នន័យពីចំនួននៃអ្នកកើតជំងឺអុតស្វាយនេះនៅឡើយទេ តែគ្រាន់តែដឹងថាពីមួយឆ្នាំទៅ មួយឆ្នាំចំនួនអ្នកជំងឺមានច្រើនគួរឲ្យកត់សំគាល់បើធៀបទៅនឹងប្រទេសជិតខាងយើងដោយសារក្រសួងយើងពុំទាន់មានវ៉ាក់សាំងផ្តល់ជូនដល់ ប្រជាពលរដ្ឋនៅឡើយ​ហើយមានប្រជាជនតិចណាស់ដែលទៅរកសេវាឯកជនដើម្បីបង្ការជំងឺនេះ។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ហេលស៍ថាមបានធ្វើ បទសម្ភាសន៍ ជាមួយលោកវេជ្ជបណ្ឌិត ប៉ែន កក្កដា វេជ្ជបណ្ឌិតឯកទេសរោគកុមារ និងសព្វថ្ងៃជាបុគ្គលិកនៃមន្ទីរពេទ្យកុមារជាតិផ្នែកកុមារ​ ទារកទើបនឹងកើត កុមារមានជំងឺបេះដូង ជំងឺឈាម និងជំងឺក្រពេញ។ និយមន័យ ជំងឺអុតស្វាយជាភាសាបារាំងហៅថា Varicelle ឬជាភាសាអង់គ្លេសហៅថា Chickenpox។ វាជាជំងឺឆ្លងមួយដែលបណ្តាលមកពីមេរោគមួយឈ្មោះថា Varicella Zoster Virus ដែលបង្កឲ្យមានពងបែកនៅលើស្បែក។​​ ចំពោះរោគសញ្ញា ជំងឺនេះចែកចេញជាបីដំណាក់កាល៖ ១.ដំណាក់កាលសំងំ៖ ជាដំណាក់កាលមិនមានរោគសញ្ញាអ្វីទាំងអស់បន្ទាប់ពីឆ្លងជំងឺនេះមកហើយវាមានរយៈពេល ១០​ ទៅ ២១ថ្ងៃ។ ២.​ដំណាក់កាលឈ្លានពាន៖ ​មេរោគចាប់ផ្តើមធ្វើការក្នុងខ្លួនយើងដែលមានរយៈពេលខ្លីពី ២៤ទៅ ៤៨ម៉ោងហើយអ្នកជំងឺមានអាការៈក្តៅខ្លួនអស់កម្លាំង ល្ហិតល្ហៃ និងទន់ដៃទន់ជើង។​ ៣. ដំណាក់កាលចេញពងបែក៖​​ ជាដំណាក់កាលមួយដែលអ្នកជំងឺមានដុំពកក្រហម ជាស្នាមកន្ទួលលើស្បែកបន្ទាប់មកវិវឌ្ឍជាពងទឹករួចក៏ក្លាយ ជាក្រមរនៅកណ្តាលពងទឹក។ ពងបែកទាំងនេះរមាស់ណាស់ហើយវាចាប់ផ្តើមចេញដំបូងពីក្បាល​ទ្រូងដៃនិងជើង។ គេក៏សង្កេតឃើញមានផងដែរនៅ​ ក្រអូមមាត់ភ្នែកនិងប្រដាប់បន្តពូជ ក្រៅពីពងបែកនេះអ្នកជំងឺនៅមានអាការៈក្តៅខ្លួននិងឈឺពេញរាងកាយ​ ជាពិសេសត្រង់កន្លែងពងទឹក។ ការធ្វើរោគវិនិច្ឆ័យ ជាការពិតណាស់ អុតស្វាយជាជំងឺឆ្លងខ្លាំងណាស់ វាអាចឆ្លងតាមរយៈ​ ការប៉ះផ្ទាល់ជាមួយ ពងទឹករបស់អ្នកជំងឺ ឬតាមរយៈការក្អក កណា្តស់ជាដើម។ ការធ្វើរោគវិនិច្ឆ័យអាការៈជំងឺអុតស្វាយ អាចធ្វើតាមរយៈសញ្ញាគ្លីនិកគឺគ្រប់គ្រាន់ហើយ ប៉ុន្តែដើម្បីបញ្ជាក់ច្បាស់ថាជាជំងឺនេះគេត្រូវយកពងទឹក ទៅពិនិត្យរកមេរោគនេះ។ លើសពីនេះ ក្នុងករណីសង្ស័យថាវារាលដាលដល់ខួរក្បាល យើងនឹងធ្វើការបូមទឹកខួរឆ្អឹងខ្នង ចំណែកឯការពិនិត្យឈាម គឺដើម្បីបញ្ជាក់ថាមានការឆ្លងរោគដទៃទៀតប៉ុណ្ណោះ។ ចំពោះការព្យាបាលគ្រូពេទ្យគាត់ព្យាបាលតាមរោគសញ្ញាគ្លីនិកប៉ុណ្ណោះ មិនមានថ្នាំជាក់លាក់ ទៅប្រឆាំងវីរុសនេះទេ​ ហើយអ្នកជំងឺនេះត្រូវដាក់នៅឲ្យដាច់តែឯង​​ ចៀសវាងការឆ្លងដល់អ្នកដទៃទៀត។  ការព្យាបាល  ការព្យាបាលទៅតាមរោគសញ្ញាមានដូចជា៖ • ការលាងសម្អាតរបួសដោយឱសថអង់ទីសិបទីកពីរដងក្នុងមួយថ្ងៃ។ ចៀសវាងការយកស្លឹកឈើងាប់ត្រាំទឹកដូចជាស្លឹកស្វាយជាដើមព្រោះថាទឹក មិនស្អាតអាចមានបាក់តេរីដទៃទៀតជ្រៀតចូល និងធ្វើឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរលើសដើម។ • ការបំបាត់កម្តៅ ឬការឈឺចាប់ដោយថ្នាំប៉ារ៉ាសេតាមុលបួនដងក្នុងមួយថ្ងៃ។ គួរចៀសវាងការប្រើប្រាស់ថ្នាំ Aspirine ឬ Ibuprofene ដែលអាចឲ្យ ជំងឺនេះកាន់តែធ្ងន់ធ្ងរ។ • ការឲ្យថ្នាំបំបាត់រមាស់ ដូចជាពួក Phénothiazineជាដើម។ • មិនមានការប្រើថ្នាំផ្សះនោះទេ លើកលែងតែករណីដែលមានការឆ្លងបាក់តេរីបន្ថែមពីលើវា។ • ចំពោះទារកទើបនឹងកើតដែលឆ្លងរោគនេះគេអាចប្រើពពួក Acyclovir10-20mg/kg/dose បីដងក្នុងមួយថ្ងៃ។ ផលវិបាកនៃជំងឺ ជំងឺនេះកម្រនឹងលាប់ឡើងវិញណាស់ ចំពោះអ្នកកើតហើយនឹងមានអង់ទីក័រប្រឆាំងមួយជីវិត រីឯអ្នកចាក់វ៉ាក់សាំងរួចក៏ដូចគ្នា តែវាអាចលេចចេញ ម្តងទៀត ហើយមិនមានលក្ខណៈខ្លាំងក្លាដូចមុននោះទេ។ ប្រសិនបើអ្នកជំងឺមិនបានទទួលបានការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវ នោះនឹងកើតមាន ផលវិបាកច្រើនដូចជា ដំបៅស្បែកក្លាយជាធ្ងន់ធ្ងរប្រសិនបើមានឆ្លងមេរោគពីខាក្រៅមកបន្ថែមពីលើ។ ក្រៅពីនេះ វាក៏អាចបណ្តាលឲ្យមានផលវិបាក ផ្សេងទៀត ដូចជា រលាកសួត រលាកខួរក្បាលឆ្លងទៅទារកក្នុងពោះ ឬទើបនឹងកើត និងអុតស្វាយធ្ងន់ធ្ងរចំពោះអ្នកមានប្រព័ន្ធការពារខ្សោយ ឬប្រើថ្នាំ Corticoïde យូរអាចឲ្យក្តៅខ្លួនខ្លាំង ចេញពងបែកច្រើន និងមានការហូរឈាមតាមពងបែករហូតដល់ប៉ះពាល់សរីរាង្គសំខាន់ៗដទៃទៀតដូចជា រលាកថ្លើម ខួរក្បាល កកឈាមក្នុងសសៃឈាមជាដើម។ ក្នុងករណីម្តាយមានជំងឺនេះពេលកំពុងពពោះកូន​ នោះនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ​ ដូចជាទារកអាចនឹងរលូត​​ អាចមានភាពមិនប្រក្រតី អាចស្លាប់ក្នុងពោះ ឬកើតមកមានជំងឺអុតស្វាយនេះតែម្តង។​  ដើម្បីបង្ការជំងឺអុតស្វាយនេះ យើងត្រូវរស់នៅស្អាត មានអនាម័យល្អ និងចាំបាច់ ត្រូវចាក់់វ៉ាក់សាំងការពារនៅពេលកុមារមានអាយុចាប់ពី ១២ខែឡើង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជំងឺមុខក្រហម ចែកជា4 ប្រភេទ Erythematotelangiectasie Papulopustular Rhinophymatous Ocular  ការព្យាបាល *Standard treatment : Metronidazole, Azelaic acid, Sodium sulfacetamide sufur *Second line : BPO, Clindamycin, Calcineurin inhibitor, Permethrin   

ចែករំលែក

ក្រួសក្នុងប្រមាត់ ជាជំងឺមួយដែលគេឧស្សាហ៍ជួបប្រទះបំផុតមិនថានៅកម្ពុជាផ្ទាល់ ឬបណ្តាប្រទេសផ្សេងទៀតក្នុងសកលលោកទេ។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថាប្រហែល ១៥%នៃប្រជាជនសរុបក្នុងសកលលោកមានបញ្ហាក្រួសក្នុងថង់ទឹកប្រមាត់ប៉ុន្តែជាសំណាងល្អ ៨0%នៃអ្នកជំងឺដែលមានក្រួសក្នុងថង់ទឹកប្រមាត់មិនបង្កឲ្យមានជារោគសញ្ញា ឬក៏ផលលំបាកណាមួយដែលតម្រូវឲ្យមានការព្យាបាល ឬការតាមដានឡើយ។ រោគសញ្ញាអាចស្តែងចេញបានលុះត្រាតែគ្រាប់ក្រួសត្រូវបានធ្លាក់ចេញពីថង់ទឹកប្រមាត់ទៅស្ទះកន្លែងណាមួយនៃផ្លូវទឹកប្រមាត់ដែលអាចបង្កជាផលវិបាកក្រោមរូបភាពជាជំងឺធំៗចំនួន ៣គឺ ជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ (Cholecystitis) ដែលទាក់ទងនឹងការស្ទះនៅមាត់ថង់ទឹកប្រមាត់ ជំងឺរលាកផ្លូវទឹកប្រមាត់ (Angiocholitis) សំដៅដល់ការស្ទះនៅផ្លូវទឹកប្រមាត់ និងជំងឺរលាកលំពែងស្រួចស្រាវ (Acute Pancreatitis) ដែលបណ្តាលមកពីការស្ទះផ្លូវលំពែង។ ជំងឺទាំងនេះមានលក្ខណៈធ្ងន់ធ្ងរអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ និងតម្រូវឲ្យមានការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាជាពិសេសគឺជំងឺពីរខាងក្រោម។ក្នុងករណីដែលក្រួសធ្លាក់ពីថង់ទឹកប្រមាត់មកស្ទះនៅផ្លូវទឹកប្រមាត់ផ្នែកខាងក្រោម  ឬផ្លូវទឹកលំពែងការព្យាបាលតម្រូវឲ្យមានការដកយកគ្រាប់ក្រួសនោះចេញជាបន្ទាន់ទើបអ្នកជំងឺអាចជាសះស្បើយ។គួរបញ្ជាក់ថាការប្រើប្រាស់ថ្នាំអង់ទីប៊ីយូទិចតែម្យ៉ាងមិនអាចព្យាបាលអ្នកជំងឺឲ្យបានជាសះស្បើយបានឡើយ។ ជាទូទៅ ការដកគ្រាប់ក្រួសចេញពីកន្លែងស្ទះអាចធ្វើទៅបានតាម២វិធីគឺការវះកាត់ និងការចាប់យកក្រួសដោយម៉ាស៊ីន Endoscopy ដែលគេឲ្យឈ្មោះថា Endoscopic Retrograde CholAngiopancreatography, or ERCP។ រហូតមកដល់បច្ចុប្បន្ន  ERCP ត្រូវបានទទួលស្គាល់ថាជាជម្រើសទីមួយក្នុងការព្យាបាលជំងឺក្រួសក្នុងផ្លូវទឹកប្រមាត់ដោយវាអាចកាត់បន្ថយនូវពេលវេលាសម្រាកពេទ្យ។ អ្វីទៅជា  ERCP? ERCP មិនមែនជាបច្ចេកវិទ្យាថ្មីទេ។ វាត្រូវបានគេបង្កើតឡើងក្នុងអំឡុងឆ្នាំ ១៩៦៨ហើយបច្ចេកវិទ្យានេះត្រូវបានរីកដុះដាលពាសពេញទ្វីបអ៊ឺរ៉ុបក្នុងអំឡុងទសវត្សរ៍ទី៧០ ។ បច្ចុប្បន្ន បច្ចេកទេសនេះត្រូវបានពិភពលោកទទួលស្គាល់ថាជាវិធីសាស្ត្រមួយដែលជឿនលឿន និងមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលជំងឺក្រួសក្នុងផ្លូវទឹកប្រមាត់។ ដោយឡែក នៅកម្ពុជាយើង ERCP មិនត្រូវបានគេយកមកអនុវត្តនៅឡើយទេដោយសារមានកង្វះខាតនូវឧបករណ៍ និងធនធានមនុស្ស។ នៅអំឡុងចុងឆ្នាំ២០១៤មន្ទីរពេទ្យកាល់ម៉ែតបាននាំចូលនូវបច្ចេកវិទ្យានេះតាមរយៈវេជ្ជបណ្ឌិត គី វុត្ថា ដែលបានទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំងនិងប៊ែលហ្សិក និងជាវេជ្ជបណ្ឌិតឯកទេសផ្នែកក្រពះពោះវៀនថ្លើមនៃមន្ទីរពេទ្យកាល់ម៉ែត ។ ជាក់ស្តែងបច្ចេកវិទ្យានេះក៏ត្រូវបានចាប់ផ្តើមអនុវត្តដោយទទួលបានជោគជ័យទៅលើអ្នកជំងឺចំនួន១០ នាក់រួចមកហើយដែរ។ វិធីសាស្ត្រ ERCP ត្រូវបានទទួលស្គាល់អំពីប្រសិទ្ធភាព សុវត្ថិភាព ភាពងាយស្រួល ព្រមទាំងការកាត់បន្ថយនូវហានិភ័យជាច្រើនពីការវះកាត់ក៏ដូចជាគុណសម្បត្តិដទៃទៀតដែលធ្វើឲ្យ ERCP ក្លាយជាជម្រើសទីមួយក្នុងការព្យាបាលជំងឺក្រួសក្នុងផ្លូវទឹកប្រមាត់ បើធៀបទៅនឹងការវះកាត់។ ទន្ទឹមនឹងអត្ថប្រយោជន៍ជាច្រើនដែលគេទទួលបានពីបច្ចេកទេសថ្មីនេះ ផលរំខានមួយចំនួនក៏ត្រូវបានសង្កេតឃើញផងដែរខណៈពេលដែលគេធ្វើការកាត់ពង្រីកច្រកចេញរបស់ទឹកប្រមាត់ក្នុងនោះរួមមានការកាត់ត្រូវសរសៃឈាមដែលបណ្តាលឲ្យមានការហូរឈាមលំពែង និងការជ្រៀតចូលនៃមេរោគបណ្តាលឲ្យរលាកផ្លូវទឹកប្រមាត់ព្រមទាំងការប៉ះពាល់ដល់ពោះវៀនផងដែរ។ យ៉ាងណាមិញផលរំខានទាំងអស់នេះកម្របង្កសភាពធ្ងន់ធ្ងររហូតប៉ះពាល់ដល់អាយុជីវិតណាស់។ ដោយហេតុថាឧបករណ៍នៅមានចំនួនតិច និងធនធានមនុស្សក៏នៅមានកម្រិតបច្ចេកទេស  ERCP មិនទាន់ត្រូវបានធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅឡើយទេ។ យ៉ាងណាមិញបច្ចេកទេសនេះនឹងត្រូវពង្រីក និងធ្វើការផ្សព្វផ្សាយឲ្យបានទូលំ ទូលាយនៅពេលអនាគតដ៏ខ្លីខាងមុខនេះបើតាមសំដីរបស់លោកវេជ្ជបណ្ឌិត គី វុត្ថា។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ចែករំលែក

ម៉្ញូបមានច្រើនប្រភេទណាស់ដូចជា ម៉្ញូបធម្មតា ម៉្ញូបពេលយប់ ម៉្ញូបក្លែងក្លាយជាដើម។ ពេលនេះ ហេលស៍ថាមសូមនាំមកជូនមិត្តអ្នកអាននូវម៉្ញូបមួយប្រភេទទៀតដែលបកស្រាយដោយ វេជ្ជបណ្ឌិត ជុកម៉ុល កុសុម៉ា គ្រូពេទ្យឯកទេសចក្ខុរោគនៃគ្លីនិកម៉េង-រ័ត្ននីន ឯកទេសភ្នែកនោះគឺម៉្ញូបខ្លាំង ដែលជាប្រភេទម៉្ញូបផ្តល់ផលវិបាកខ្លាំងក្លាដល់គំហើញរបស់យើង។ ១. តើអ្វីជាជំងឺម៉្ញូបខ្លាំង? ជំងឺម៉្ញូបខ្លាំង ជាប្រភេទមួយនៃការម៉្ញូបភ្នែកដែលផ្ដល់ផលប៉ះពាល់ដល់បាតភ្នែកធ្ងន់ធ្ងរជាងការម៉្ញូបទូទៅ។ជំងឺម៉្ញូបខ្លាំងអាចចាត់ទុកបាននៅពលកម្រិតនៃដឺក្រេមានតម្លៃ ចាប់ពី - 6.00 (600ដឺក្រេ) ឡើងទៅ ឬមានប្រវែងភ្នែក (Axial length) លើសពី 26.5 ម.ម។ ២. តើជំងឺម៉្ញូបខ្លាំងមានមូលហេតុមកពីអ្វីខ្លះ? ជំងឺម៉្ញូបខ្លាំងអាចកើតមានឡើងដោយសារ៖ • ការកើតដោយឯកឯង • កត្តាតំណពូជ • ការលូតលាស់ប្រវែងខុសធម្មតានៃគ្រាប់ភ្នែក។ ៣. តើជំងឺម៉្ញូបខ្លាំងមានរោគសញ្ញាអ្វីខ្លះ? មនុស្សដែលមានជំងឺនេះ គឺមានភាពម៉្ញូបតាំងពីកំណើតដែលផ្ទុយពីការម៉្ញូបធម្មតាដែលបណ្ដាលមកពីការសិក្សាការអាន ឬការសរសេរច្រើនដែលនេះគេហៅថាជំងឺម៉្ញូបរៀន (Developmental myopia or School-aged myopia)។ជំងឺម៉្ញូបរៀនជាទូទៅកើតមាននៅក្នុងវ័យសិក្សា ឬអាយុ១០ឆ្នាំឡើងហើយដែលជំងឺនេះជាទូទៅមិនផ្ដល់ផលវិបាកអ្វីធ្ងន់ធ្ងរដល់បាតភ្នែកដូចជំងឺម៉្ញូបខ្លាំងឡើយ។ជំងឺម៉្ញូបខ្លាំងអាចស្ដែងចេញដោយការមើលស្រវាំង ការឆាប់ឡើងកម្រិតដឺក្រេ ដែលតម្រូវឲ្យផ្លាស់ប្តូរកញ្ចក់វ៉ែនតាញឹកញាប់ ឬការមើលស្រវាំងទោះបីជាពាក់វ៉ែនតាហើយក្ដី។ ៤. តើជំងឺម៉្ញូបខ្លាំងអាចព្យាបាលបានដែរឬទេ? មកទល់ពេលនេះ មិនទាន់មានថ្នាំបន្តក់ ឬថ្នាំលេបណាដែលអាចបញ្ឈប់ការវិវឌ្ឍនៃការលូតលាស់ប្រវែងរបស់ភ្នែកនៅក្នុងជំងឺនេះឡើយ។ ការពាក់វ៉ែនតានៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់ការព្យាបាលនៅក្នុងដំណាក់កាលដំបូង។ ការបាញ់កាំរស្មី (Laser Refractive Procedure) ជាជម្រើសមួយទៀតសម្រាប់បន្ថយកម្រិតដឺក្រេភ្នែក ដែលជាទូទៅមិនអាចព្យាបាលឲ្យជាសះស្បើយនៅក្នុងជំងឺម៉្ញូបខ្លាំងឡើយ។ ៥. តើជំងឺនេះអាចមានផ្ដល់ផលប៉ះពាល់អ្វីខ្លះ? បើសិនជាមានការវិវឌ្ឍខ្លាំង ជំងឺនេះអាចបណ្ដាលឲ្យមានការស្ដើងនៃស្រទាប់បាតភ្នែក (Myopic Degeneration) និងធ្វើឲ្យមានការហូរឈាមនៅតំបន់ម៉ាគូឡា (Choroidal Neovascularisation) ដែលនឹងធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់គំហើញ។ ការរហែកបាតភ្នែកក៏ជាផលវិបាកមួយទៀតយ៉ាងធ្ងន់ធ្ងរបណ្ដាលមកពីការលូតលាស់ប្រវែងខុសប្រក្រតីនៃគ្រាប់ភ្នែក។ ការរហែកបាតភ្នែក (Peripheral Retinal Degenerations and breaks) ប្រឈមនឹងការវិវឌ្ឍទៅជាការរបើកសរសៃបាតភ្នែក (Rhegmatgenous retinal detachment) បើសិនជាមិនបានព្យាបាលទាន់ពេលវេលា។ ៦. តើត្រូវធ្វើដូចម្ដេចចំពោះការបង្ការនិងថែទាំជំងឺនេះ? ចំពោះក្មេងដែលមានជំងឺនេះត្រូវវាស់កម្រិតដឺក្រេនៃភ្នែកនិងត្រូវពាក់វ៉ែនតាជាចាំបាច់ដើម្បីចៀសវាងជំងឺភ្នែកខ្ជិល (Amblyopia)។ ការធ្លាក់ចុះភ្លាមៗនៃគំហើញអាចជារោគសញ្ញាដែលបង្ហាញប្រាប់ពីការហូរឈាមនៅតំបន់ម៉ាគូឡា (Choroidal neovascularization) ឬការរបើកបាតភ្នែក (Rhegmatogenous Retinal Detachment)។ វេជ្ជបណ្ឌិត ជុកម៉ុល កុសុម៉ា បម្រើការជាវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យព្រះអង្គដួង និងមន្ទីរព្យាបាលភ្នែកម៉េង-រ័ត្ននីន ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ចែករំលែក

ស្ត្រីវ័យចំណាស់ ឬស្ត្រីដែលស្ថិតក្នុងវ័យក្រោយពេលអស់រដូវ ជាទូទៅត្រូវប្រឈមមុខនឹងជំងឺ ឬក៏ការប្រែប្រួលជាច្រើន ក្នុងនោះបញ្ហាពុកឆ្អឹង ឬឆ្អឹងស្ពោត ដែលតែងតែកើតមាន ហើយក៏ជាការបារម្ភដ៏ធំមួយរបស់ពួកគាត់ ពីព្រោះវាជាមូលហេតុចម្បងនៃការវិវឌ្ឍទៅកាន់ ភាពទ្រុឌទ្រោម និងបាក់បែកឆ្អឹង។ មានសំណួរជាច្រើនទាក់ទងនឹងជំងឺនេះត្រូវបានលើកឡើង ហើយដើម្បីស្រាយចម្ងល់ទាំងនេះ លោកវេជ្ជបណ្ឌិត ឌុក គុណសេណា វេជ្ជបណ្ឌិតឯកទេស ខាងឆ្អឹងពីប្រទេសបារាំង បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត ផ្នែកវះកាត់ឆ្អឹងបាក់ និងជាអនុប្រធានក្រុមវប្រឹក្សាភិបាលសម្ពន្ធ គ្រូពេទ្យសហភាពសហព័ន្ធ យុវជនកម្ពុជា នឹងធ្វើការបកស្រាយជូនដល់ប្រិយមិត្តដើម្បីយល់ដឹង និងអាចការពារខ្លួនពីជំងឺនេះបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដើម្បីទទួលបានសុខភាពឆ្អឹងល្អរឹងមាំ។ និយមន័យនៃជំងឺស្ពោតឆ្អឹង ជំងឺស្ពោតឆ្អឹង ជាការថយចុះនៃកំហាប់ជាតិរ៉ែ​របស់ឆ្អឹង ពោលគឺការថយចុះទាំងចំនួន និងបរិមាណនៃសរសៃឆ្អឹង ក៏ដូចជាការថយចុះនៃកម្រាស់សម្បកឆ្អឹង ដែលជាធម្មតាសរសៃឆ្អឹងយើងគឺមានសភាពក្រាស់ មាំ និងហាប់ណែន តែករណីមានជំងឺស្ពោតឆ្អឹង ចំនួនសរសៃឆ្អឹងមិនត្រឹមតែថយចុះទេ តែចំនួនដែល នៅសល់ក៏តូចស្តើងផងដែរ។ មូលហេតុនៃជំងឺស្ពោតឆ្អឹង     មូលហេតុបង្កគឺអាស្រ័យនឹងប្រភេទនៃជំងឺស្ពោតឆ្អឹងផ្ទាល់ ដែលមាន២ប្រភេទធំៗ ៖ • Ostéoporose primaire (ជំងឺស្ពោធឆ្អឹង ប្រភេទទីមួយ) ប្រភេទទីមួយនេះទាក់ទងទៅនឹងបម្រែបម្រួលអ័រម៉ូនក្នុងខ្លួនជាពិសេសចំពោះស្រ្តី និងការថយចុះនៃសារធាតុរ៉ែចាំបាច់របស់ឆ្អឹងដែលមាន៣សំខាន់ៗគឺ កាល់ស្យូម(calcium) ម៉ាញេស្យូម (magnesium) និងវីតាមីនដេ( vitamin D)។ ជំងឺស្ពោតឆ្អឹងប្រភេទនេះកើតលើស្ត្រីប្រហែល ៩៥% និងអាចកើត លើបុរសចំនួន៨០% ផងដែរ ដោយហេតុថាស្ត្រីម្នាក់ៗត្រូវឆ្លងកាត់នូវបម្រែបម្រួលអ័រម៉ូនជាច្រើនដំណាក់កាលចាប់តាំងពី ពេលពេញវ័យ មានគ្រួសារ មានគភ៌ បំបៅដោះកូន និងរហូតឈានដល់វ័យអស់រដូវ រួមផ្សំនឹងការថយចុះនូវសារធាតុរ៉ែចម្បងនៃឆ្អឹងផង ទាំងអស់នេះហើយដែលបង្កឲ្យមានកើត ជាជំងឺស្ពោតឆ្អឹង។ •  Ostéoporose Secondaire (ជំងឺស្ពោតឆ្អឹង ប្រភេទទីពីរ) ប្រភេទទី២នេះមានសភាពធ្ងន់ធ្ងរនិងពិបាកព្យាបាលជាងប្រភេទទីមួយ ដោយសារតែអ្នកជំងឺមិនត្រឹមតែមានមូលហេតុបង្កនៅក្នុងប្រភេទទី១ទេ ថែមទាំងមានកត្តាជំងឺប្រចាំកាយផ្សេងៗ ឧទាហរណ៍ដូចជា ជំងឺមហារីក (myélome mutiple) ជំងឺតម្រងនោមរ៉ាំរ៉ៃ អ្នកជំងឺដែលប្រើប្រាស់ប្រភេទថ្នាំ corticoide ជាប្រចាំ អ្នកពិសាជាតិអាល់កុល ឬស្រា និងជក់បារីជាដើម។ រោគសញ្ញានៃជំងឺ ពុំមានរោគសញ្ញាច្បាស់លាស់ដែលអាចឲ្យកំណត់បានថាជាជំងឺស្ពោតឆ្អឹងទេ តែជាទូទៅអ្នកជំងឺនេះអាចស្តែងចេញនូវអាការៈឈឺចុកចាប់ រួយតាមឆ្អឹង​ និងសន្លាក់ឆ្អឹងដៃជើងម្តងម្កាល ដែលយើងមិនបានចាប់អារម្មណ៍ឬយកចិត្តទុកដាក់ទេ តែវានឹងស្តែងចេញកាន់តែញឹកញាប់នូវអាការៈរបៀប នេះ រហូតដល់កើតមានជាប្រចាំ ដែលជាហេតុធ្វើឲ្យមានការថយចុះនូវសកម្មភាពប្រចាំថ្ងៃគួរឲ្យកត់សម្គាល់ ព្រមទាំងអាចចំណាំបានផងដែរតាម ការសង្កេតឃើញនូវភាពកោងខ្នង និងកម្ពស់ទាបជាងមុនរបស់អ្នកជំងឺ។ ម្យ៉ាងទៀត អ្នកជំងឺអាចទទួលរងការខូចខាតយ៉ាងងាយដូចជា ប្រេះឬ បាក់ឆ្អឹង ដោយគ្រាន់តែមានការដួលប៉ះទង្គិចតែបន្តិចបន្តួចប៉ុណ្ណោះ។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យជំងឺស្ពោតឆ្អឹងអាចផ្អែកលើកត្តាជាច្រើន ប៉ុន្តែបច្ចុប្បន្ន ដោយសារវិទ្យាសាស្រ្តទំនើបឡើង គេច្រើនប្រើម៉ាស៊ីន DXA scan (Dual Xray Absorptiometry) សម្រាប់ធ្វើរោគវិនិច្ឆ័យ ដោយវាអាចបញ្ជាក់យ៉ាងច្បាស់នូវកំហាប់ជាតិរ៉ែក្នុងឆ្អឹងរបស់យើងម្នាក់ៗ ដែលលទ្ធផលត្រូវបាន គិតជាក្រាមក្នុង១សង់ទីម៉ែត្រការេ ។ ចំពោះលទ្ធផលត្រូវបានបង្ហាញចេញជា T-score ដែលក្នុងនោះ •​ បើ T-score > -1 បញ្ជាក់ថាកំហាប់ជាតិរ៉ែក្នុងឆ្អឹងស្ថិតក្នុងកម្រិតធម្មតា • បើនៅចន្លោះពី -1 ដល់ -2,5 ( -1≥ T.score > -2.5) មានន័យថា កំហាប់ឆ្អឹងចុះខ្សោយ (osteopenia) • បើT.score ≤ -2.5 បញ្ជាក់ថាឆ្អឹងស្ពោត ឬពុកហើយ (osteoporosis) ។ ការព្យាបាល ការព្យាបាល គឺចាំបាច់ត្រូវការកែសម្រួលនិងបំពេញនូវកង្វះខាតជាតិរ៉ែរបស់ឆ្អឹងក្រោយពីបានវាស់ដោយម៉ាស៊ីន DXA scan រួច។ តាមការស្រាវជ្រាវ បច្ចុប្បន្នបានបង្ហាញថា ស្រ្តីដែលមានអាយុក្រោម៥០ឆ្នាំ ត្រូវការសារធាតុកាល់ស្យូម ១០០០ ម.ក ក្នុងមួយថ្ងៃ ម៉ាញេស្យូម ៣១០ ទៅ ៣២០ ម.ក ក្នុងមួយថ្ងៃ ព្រមទាំងវីតាមីនដេ៣ (D³)ចំនួន ៦០០ IU ក្នុងមួយថ្ងៃ។ ដោយឡែក ចាប់ពីអាយុ ៥០ឆ្នាំឡើងទៅនាំឲ្យមានការកើនឡើងនូវតម្រូវការដោយកាល់ស្យូម កើនឡើងទៅដល់ ១២០០ ម.ក ក្នុងមួយថ្ងៃ ម៉ាញេស្យូម ៣២០ ម.ក ក្នុងមួយថ្ងៃ និងវីតាមីនដេ៣ ៨០០ IU ក្នុងមួយថ្ងៃ។ គួររំលឹកថា សារធាតុទាំងនេះមាន ទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត ដូចនេះមិនអាចឲ្យខ្វះសារធាតុណាមួយបានឡើយ។ លើសពីនេះ យើងអាចប្រើប្រាស់ថ្នាំដែលជំរុញឲ្យមានការស្រូបឡើងវិញ នូវសារធាតុរ៉ែដែលចេញពីឆ្អឹងក្រោយ ពេលអស់រដូវ ឬពេលវ័យចំណាស់ ហៅថាពពួក Antiresorption គឺ bisphosphonate (Alendronate) ផងដែរ ក្នុងគោលបំណងការពារកុំឲ្យមានការពុកឆ្អឹងលឿននិងធ្ងន់ធ្ងរ ដោយប្រើក្នុងកម្រិត ១០ មក្រ ក្នុងមួយថ្ងៃ ឬ ៧០ មក្រ ក្នុងមួយអាទិត្យ ឬក៏អាច ១៥០ មក្រ ក្នុងមួយខែតែម្តង។ វិធីសាស្ត្រការពារ មានគោលការណ៍៥ចំណុច ដែលគួរអនុវត្តដើម្បីការពារឆ្អឹងពុកដោយមានប្រសិទ្ធភាពគឺ៖ • ជ្រើសរើសទទួលទានចំណីអាហារដែលសម្បូរជាតិកាល់ស្យូមដូចជា ត្រីសាឌីន សាម៉ុង ទឹកដោះគោ ឬផលិតផលពីទឹកដោះគោ តៅហ៊ូ បន្លែបៃតង • ទទួលទានផងដែរនូវចំណីដែលសម្បូរវីតាមីនដេដូចជា ត្រីធូណា សាម៉ុង ស៊ុតក្រហម ខ្លាញ់ត្រី ថ្លើមសត្វ និងទឹកដោះគោឆៅជាដើម • ការហាលសំដិលខ្លួននឹងពន្លឺថ្ងៃក៏ជាគន្លឹះសំខាន់មួយផងដែរ ដោយសារវាជួយសម្រួលក្នុងការផលិតវីតាមីនដេ៣នៅក្រោមស្បែក។ ដូចនេះ​ គួរចំណាយ ពេលយ៉ាងតិច ៥ ទៅ ៣០ នាទីក្នុងមួយថ្ងៃ និងយ៉ាងតិច២ដងក្នុងមួយសប្តាហ៍ ដើម្បីសំដិលខ្លួនក្រោមពន្លឺថ្ងៃ។ • ធ្វើលំហាត់ប្រាណ ឲ្យបានទៀងទាត់ដូចជា ការដើរ រត់យឺតៗ ឬរាំជាដើម និងចៀសវាងការដួល ឬប៉ះទង្គិចដដែលៗ ដែលធ្វើអោយឆ្អឹងខ្សោយ និងងាយបាក់។ • ចុងក្រោយ យើងអាចប្រើប្រាស់នូវឱសថបំប៉នឆ្អឹង ករណីអ្នកជំងឺមិនអាចបរិភោគអាហារគ្រប់គ្រាន់បាន ឬមានជំងឺប្រចាំកាយណាមួយ ឬមិនសូវ មានទម្លាប់ចេញក្រៅឲ្យត្រូវពន្លឺថ្ងៃជាដើម។ ទាក់ទងនឹងឱសថដែលមានជាតិកាល់ស្យូមលើទីផ្សាសព្វថ្ងៃមាន ២ ប្រភេទគឺ calcium carbonate និង calcium citrate​។ ចំពោះcalcium citrate គឺជាម៉ូលេគុលដែល ងាយស្រួលស្រូបតាមប្រព័ន្ធរំលាយអាហារនិងជាជម្រើសដ៏ល្អសម្រាប់អ្នកដែល មានបញ្ហាក្រពះពោះវៀន ឬមានការវះកាត់ក្រពះពោះវៀនជាដើម។ លោកវេជ្ជបណ្ឌិត ឌុក គុណសេណា "សូមធ្វើការការពារខ្លួនពីជំងឺនេះដោយអនុវត្តតាមគោលការណ៍ខាងលើដែលយើងគួរអនុវត្តវាជាប្រចាំ និងឲ្យបានត្រឹមត្រូវដើម្បីសុខមាលភាពក្នុងគ្រួសារ ក៏ដូចជាក្នុងសង្គមផងដែរ"។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

និយមន័យ ការឈឺចាប់ត្រង់សន្លាក់ជង្គង់ គឺជាប្រភេទជំងឺរ៉ាំរ៉ៃមួយ កើតមានចំពោះមនុស្សគ្រប់វ័យទាំងបុរសនារី និងមានប្រភពមូលហេតុផ្សេងៗជាច្រើន។​ ជាលទ្ធផល ជំងឺនេះគឺផ្តល់ការឈឺចុកចាប់ និងបង្កឲ្យមានការខូចខាតរចនាសម្ព័ន្ធ ក៏ដូចជាមុខងារនៃសន្លាក់ឆ្អឹងជង្គង់ផងដែរ។ ដោយហេតុថាជំងឺនេះត្រូវបាន ជួបប្រទះជាញឹកញាប់ មិនថានៅបណ្តាប្រទេសផ្សេងៗ ក៏ដូចជាប្រទេសកម្ពុជាយើងផ្ទាល់ ការឈឺចាប់ត្រង់សន្លាក់ជង្គង់នេះ ត្រូវបានចាត់ទុកជាជំងឺមួយ ដែលគួរបង្កើនការយកចិត្តទុកដាក់ និងយល់ដឹងឲ្យបានច្រើន។ លក្ខណៈទូទៅ តាមការបង្ហាញរបស់លោកវេជ្ជបណ្ឌិត គុជ គីមសួរ ដែលជាវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺទូទៅ និងសន្លាក់ឆ្អឹង បម្រើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ផ្នែកមជ្ឈមណ្ឌលជំងឺចាស់ជរា និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានទទួលវគ្គបណ្តុះបណ្តាលសំខាន់ៗជាច្រើន រួមមាន ទាំងវគ្គបណ្តុះបណ្តាលជំនាញផ្នែកជំងឺសន្លាក់ និងឆ្អឹង ជាមួយ University of Western Sydney នៃប្រទេសអូស្ត្រាលីផងនោះ បានឲ្យដឹងថា ជាមធ្យមក្នុងចំណោមប្រជាជនកម្ពុជា១០០នាក់ គឺមាន៥នាក់កើតមានជំងឺសន្លាក់ឆ្អឹង ហើយទិន្នន័យនេះ នឹងកើនឡើងសមាមាត្រជាមួយនឹង កំណើននៃអាយុរបស់អ្នកជំងឺផងដែរ គិតជាមធ្យម៤ទៅ៥នាក់ ក្នុងចំណោមអ្នកជំងឺវ័យចំណាស់១០នាក់ ដែលមកពិគ្រោះផ្នែកជំងឺសន្លាក់ឆ្អឹង​ គឺមានបញ្ហាឈឺសន្លាក់ជង្គង់។ ដោយឡែក ស្ត្រីនិងអ្នកដែលលើសទម្ងន់ ក៏ជាអ្នកប្រឈមមុខខ្ពស់នឹងជំងឺនេះផងដែរ។ កត្តាបង្ក ភាគច្រើននៃជំងឺឈឺសន្លាក់ជង្គង់ ជាទូទៅពុំមានមូលហេតុកំណត់ច្បាស់លាស់នោះទេ នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត គុជ គីមសួរ។ យ៉ាងណាមិញ មានកត្តាជម្រុញមួយចំនួន ដែលត្រូវបានសន្និដ្ឋានថាជាកត្តាដែលបង្កឲ្យមានជាអាការៈនេះឡើង រួមមាន វ័យចំណាស់ ស្ត្រីភេទ និងសកម្មភាពមួយចំនួន ដូចជា ការទម្លាប់អង្គុយចោងហោងញឹកញាប់ ការឡើងជណ្តើរច្រើន ការលេងកីឡាប្រភេទធ្ងន់ ឧទាហរណ៍ការរត់ លើកដុំដែក ឬ ការងារប្រភេទធ្ងន់ដូចជា លីសែង ជាដើម។ ទន្ទឹមនឹងនេះ ភាពលើសទម្ងន់ ឬធាត់ជាកត្តាដែលមានកម្រិតប្រឈមមុខខ្ពស់នឹងជំងឺរហូតដល់៤ ទៅ៧ដងធៀបនឹងអ្នកដែលមានទម្ងន់ធម្មតា។ រីឯកត្តាផ្សេងៗមួយចំនួនទៀតរួមមាន គ្រោះថ្នាក់ប៉ះទង្គិចធ្ងន់ ឬការប៉ះទង្គិចដដែលៗ ច្រើនដងត្រង់សន្លាក់ជង្គង់ កត្តាតំណពូជ កត្តាបរិយាកាសសង្គម កត្តាស្ត្រេស និង ការជក់បារី ក៏មានឥទ្ធិពលដល់ការប្រឈមនឹងជំងឺផងដែរ។លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថាជំងឺមួយចំនួន ក៏មានការជាប់ទាក់ទង នឹងការកើតអាការៈឈឺសន្លាក់ជង្គង់នេះផងដែររួមមានដូចជា ជំងឺទឹកនោមផ្អែម និងលើសឈាមជាដើម។ ក្រៅពីនោះមូលហេតុច្បាស់លាស់មួយចំនួន ត្រូវបានអះអាង រួមមានការលើសជាតិអាស៊ីតអ៊ុយរិច ជំងឺប្រព័ន្ធភាពស៊ាំឬ Maladie Autoimmune (ឧទាហរណ៍ Poly-arthriter humatoïde) ជំងឺរលាកសន្លាក់បង្ករឡើងដោយសារមេរោគ (Arthrite Septique) ការរាលដាល នៃជំងឺមហារីកដែលធ្វើឲ្យឈឺចុកចាប់ ដល់ឆ្អឹងជង្គង់ ការកកហាប់រឹងនៃឆ្អឹងខ្ចីនៅសន្លាក់ជង្គង់ការបាក់បែកឆ្អឹង ឬដាច់សរសៃរយាង (Ligaments Osseux) ដែលចងភ្ជាប់រវាងឆ្អឹង និងឆ្អឹង កង្វះទឹកសន្លាក់ជង្គង់ ការដុះដុំសាច់នៅក្នុងស្រោមទឹកសន្លាក់ជង្គង់ ការគាបសរសៃវិញ្ញាណ រួមទាំងការពុក ឬស្ពោតឆ្អឹង ក៏សុទ្ធតែជាបច្ច័យអាក្រក់ ដែលនាំឲ្យកើតមានជំងឺឈឺសន្លាក់ជង្គង់នេះឡើងផងដែរ។ រោគសញ្ញា គួរឲ្យដឹងផងដែរថា មានរោគសញ្ញាមួយចំនួន អាចស្តែងឲ្យឃើញពីជំងឺឈឺជង្គង់ដូចជា៖ • ការឈឺចុកចាប់ពេលធ្វើចលនា ដូចជា ការដើររត់ ឡើងជណ្តើរ ការយួររបស់ធ្ងន់ៗ • ពេលខ្លះក៏មានការហើមជង្គង់ និងការឈឺចាប់ដោយឯកឯង • ការរឹង គាំងចលនាសន្លាក់ ដែលបង្កឲ្យមានការពិបាកក្នុងការធ្វើចលនាសាមញ្ញមួយចំនួន ដូចជាការអង្គុយបត់ជើង • អាការៈរលាកជង្គង់ដែលបង្ហាញដោយ ការឡើងស្នាមក្រហម ឡើងកម្តៅនៅត្រង់ជង្គង់ និងការឈឺចាប់ពេលស្ទាប ឬ សង្កត់ • ទំហំជង្គង់ធំជាងមុន ឬខូចទ្រង់ទ្រាយសន្លាក់ជង្គង់ជាដើម។ ទន្ទឹមនឹងនោះ ចំពោះមូលហេតុច្បាស់លាស់ខ្លះ ដែលបង្កជំងឺឈឺជង្គង់នេះឡើង អាចបង្ហាញនូវរោគសញ្ញាដូចជា (Signes Extra articuLaires) ការកើតដុំពកអាស៊ីតនៅស្បែក ការប្រែប្រួលសភាពស្បែក ការឈឺចាប់សាច់ដុំ ស្នាមក្រហម ឬ ស្នាមមេអំបៅលើមុខ ការជ្រុះសក់ ភាពហត់អស់កម្លាំង ស្លេកស្លាំង ឈឺទ្រូង ការប្រែប្រួលសភាពផ្លូវចិត្ត មានដំបៅ ឬពងបែកក្នុងមាត់ជាដើម ដែលទាំងអស់នេះច្រើនជារោគសញ្ញានៃជំងឺប្រគ្រីវ ឬ Gout និង Systemic Lupus Erythermatosus ជាដើម។ ការធ្វើរោគវិនិច្ឆ័យ ចំពោះការធ្វើរោគវិនិច្ឆ័យជំងឺឈឺសន្លាក់ជង្គង់ តម្រូវឲ្យមានការពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើការសាកសួរលម្អិត អំពីជំងឺ និងប្រវត្តិនៃជំងឺ។ ទន្ទឹមនឹងនោះ ការថតឆ្អឹង និងសន្លាក់ឆ្អឹងជង្គង់ ដោយកាំរស្មីអិច និងការឆ្លុះអេកូសាស្រ្ត ក៏ត្រូវបានប្រើប្រាស់ផងដែរ ករណីមានហើម ឬមានទឹកដក់ នៅក្នុងសន្លាក់ជង្គង់។ លើសពីនេះ ករណីខ្លះក៏ទាមទារ នូវការបូមទឹកសន្លាក់ជង្គង់ មកវិភាគនៅមន្ទីរពិសោធន៍ ដើម្បីធ្វើការពិនិត្យរកមេរោគ និងកំណកជាតិអាស៊ីតអ៊ុយរិច ការវាស់កំហាប់ឆ្អឹង ក៏ដូចជាការពិនិត្យឈាមផងដែរ។ ការមកជួបគ្រូពេទ្យជំនាញដើម្បីធ្វើរោគវិនិច្ឆ័យ និងកំណត់មូលហេតុបង្កឲ្យបានច្បាស់ ជាកត្តាសំខាន់ក្នុងការទទួលបានការព្យាបាលដ៏ត្រឹមត្រូវ។ បើតាម វេជ្ជបណ្ឌិត គុជ គីមសួរ បានឲ្យដឹងទៀតថា ការព្យាបាលចម្បង គឺអាស្រ័យនឹងមូលហេតុនីមួយៗនៃជំងឺ។ ឧទាហរណ៍ ករណីរលាកដោយមេរោគតម្រូវ ឲ្យព្យាបាលដោយថ្នាំផ្សះ ដើម្បីសម្លាប់មេរោគ។ ករណីរលាកដោយការលើសជាតិអាស៊ីតអ៊ុយរិច ត្រូវព្យាបាលដោយប្រើប្រាស់ថ្នាំ និងធ្វើការតមចំណីមួយចំនួន។ មធ្យោបាយក្នុងការព្យាបាល គឺមានទាំងការប្រើប្រាស់ថ្នាំលេប ថ្នាំលាបនឹងកន្លែង និងអាចឈានដល់ថ្នាំចាក់ផងដែរ។ រីឯការវះកាត់ នឹងអាចត្រូវយកមកអនុវត្ត អាស្រ័យនឹងមូលហេតុបង្ក និងសភាពធ្ងន់ធ្ងរ ឬភាពចាំបាច់នៃជំងឺប៉ុណ្ណោះ។ ដោយឡែក ចំពោះការព្យាបាលដោយមិនបាច់ប្រើប្រាស់ថ្នាំ ក៏មានសារៈ​សំខាន់ផងដែរ ដែលក្នុងនោះរួមមាន ការព្យាបាលដោយចលនា ការស្អំត្រជាក់ ឬក្តៅត្រង់កន្លែងឈឺចុកចាប់ ការសម្រាកមួយកន្លែង ករណីអាការៈធ្វើទុក្ខ ឬឈឺខ្លាំង ការប្រើឧបករណ៍ឱបឆ្អឹង ឬរក្សាលំនឹងជាដើម។ រួមជាមួយគ្នាផងដែរ ការអប់រំអ្នកជំងឺ គឺជាកត្តាសំខាន់ដើម្បីទទួល បានលទ្ធផលល្អហើយ ក្នុងនោះ ការណែនាំឲ្យអ្នកជំងឺសម្រកទម្ងន់ បញ្ឈប់ការជក់បារី និងស្រា ចៀសវាងកីឡាធ្ងន់ៗ ហើយជំនួសវិញដោយការ ប្រើប្រាស់ចលនាដៃ ជើង យឺតៗដូចជា ការរាំ ចលនាថៃជិ ហែលទឹក ជាដើម។ ការដែលសំខាន់មួយទៀត គឺត្រូវព្យាបាលជំងឺផ្សេងៗ ដែលកំពុងមាន ឧទាហរណ៍ ជំងឺលើសឈាម ទឹកនោមផ្អែម ដើម្បីកាត់បន្ថយ ហានិភ័យនៃជំងឺឈឺជង្គង់។ ផលវិបាក ផ្ទុយទៅវិញ ករណីដែលមិនមានការព្យាបាលត្រឹមត្រូវ អ្នកជំងឺអាចប្រឈមមុខនឹងគុណវិបត្តិជាច្រើន រាប់បញ្ចូលទាំងការវិវឌ្ឍនៃការរលាកខ្លាំងជាងមុន។​ ការឈឺចាប់រ៉ាំរ៉ៃ  និងការវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរ ដូចជាការបាត់បង់នូវចលនា ឬមុខងារជង្គង់ ដែលជះឥទ្ធិពលអាក្រក់ដល់ការបំពេញការងារ និងការរស់នៅប្រចាំថ្ងៃ របស់អ្នកជំងឺ ពេលខ្លះក៏អាចឈានដល់ការខូចជាអចិន្ត្រៃយ៍នៃសន្លាក់ ករណីដែលការរលាកបង្កដោយមេរោគ។ កាន់តែធ្ងន់ធ្ងរនោះ ក្នុងមូលហេតុបង្កឡើងដោយសារមេរោគគឺ មេរោគមានឱកាសជ្រៀតចូលទៅក្នុងឈាម បង្កជាវិបត្តិធ្ងន់ធ្ងរ គំរាមកំហែងដល់អាយុជីវិត។ ក្រៅពីការខូចមុខងារសន្លាក់ និងទ្រង់ទ្រាយឆ្អឹង អ្នកជំងឺក៏ប្រឈមមុខនឹងអាការៈស្លេកស្លាំង  និងការរលាកសន្លាក់រ៉ាំរ៉ៃផងដែរ។ វិធីការពារ ទាក់ទងនឹងការការពារជំងឺឈឺចាប់ត្រង់សន្លាក់ជង្គង់ផ្ទាល់ គឺពុំមានអ្វីជាក់លាក់ទេ ការដែលសំខាន់គឺត្រូវបញ្ឈប់ ឬកាត់បន្ថយកត្តាជម្រុញផ្សេងៗ និងការធ្វើតំហែទាំសុខភាពឆ្អឹង និងសន្លាក់ សម្រកទម្ងន់ ចៀសវាងកីឡាធ្ងន់ បញ្ឈប់ការជក់បារី ផឹកស្រា និងចៀសវាងអាហារដែលបង្កឲ្យមាន ការកើនឡើងនៃជាតិអាស៊ីតអ៊ុយរិច។ ម្យ៉ាងទៀត យកល្អគួរចៀសវាងនូវចលនាមួយចំនួន ដូចជា អង្គុយចោងហោង ការលើករបស់ធ្ងន់ ការឡើងជណ្តើរជើងច្រើន ឬការឈរយូរ។ ក្នុងនោះផងដែរ ការព្យាបាលជំងឺស្ពោតឆ្អឹង ឬពុកឆ្អឹង ត្រូវចាប់ផ្តើមឲ្យបានឆាប់ ចៀសវាងបណ្តោយឲ្យមានការវិវឌ្ឍទៅជាធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ។   សារជូនមិត្តអ្នកអាន ជាចុងក្រោយ លោកវេជ្ជបណ្ឌិត គុជ គីមសួរ បានជូនដំបូន្មានដល់ប្រិយមិត្ត និងពិសេសអ្នកជំងឺតែម្តងថា រាល់ការឈឺចុកចាប់ ការហើម ការប្រែប្រួល ទ្រង់ទ្រាយរបស់ជង្គង់ ការពិបាកដើរ អង្គុយ និងរោគសញ្ញាគួរឲ្យកត់សម្គាល់ផ្សេងទៀត គួរអញ្ជើញមកជួបជាមួយគ្រូពេទ្យជំនាញផ្ទាល់ដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ ចៀសវាងនូវការប្រើប្រាស់ថ្នាំដោយខ្លួនឯង ដោយសារថ្នាំមួយចំនួនអាចមានឥទ្ធិពលមិនល្អ ចំពោះសុខភាព។ ជាក់ស្តែង ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់មួយចំនួនអាចឲ្យរលាកដំបៅក្រពះ និងហូរឈាមក្រពះ ហើយក៏អាចឲ្យខ្សោយ ឬខូចតម្រងនោមតែម្តង ដោយមិនអាចស្រោចស្រង់បាន ពិសេសគឺថ្នាំខ្មែរ ថ្នាំចិនសែ ឬថ្នាំដែលផ្សំដោយគ្រូពេទ្យដែលគ្មានជំនាញច្បាស់លាស់។ បកស្រាយដោយវេជ្ជបណ្ឌិត គុជ គីមសួរ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

បញ្ហាជ្រុះសក់ប្រភេទ Alopecia areata អាចកើតមានគ្រប់វ័យទៅលើទាំងមនុស្សប្រុស និងស្រីហើយក៏ជាជំងឺដែលពិបាកព្យាបាលមួយផងដែរ។ និយមន័យ Alopecia areata គឺជាការជ្រុះសក់ដុំៗ ដោយកន្លែងដែលមើលទៅដូចអង្គែស៊ី ហើយការជ្រុះសក់ប្រភេទនេះមិនធ្វើឲ្យសក់ស្តើងទាំងអស់ទេតែគឺបាត់សក់ដុំៗ ប៉ុន្តែ Alopecia areata ក៏មានករណីខ្លះឲ្យសក់ជ្រុះទាំងអស់ដែរ។ រោគសញ្ញា ដំបូង Alopecia areata នឹងលេចចេញជាការជ្រុះសក់មួយដុំតូចគ្មានស្លាកស្នាម ក្រោមទម្រង់រូបរាងច្រើនប្រភេទ តែភាគច្រើននៃ Alopecia areata នឹងបង្ហាញក្រោមទម្រង់មូល ឬពងក្រពើ។ ជំងឺនេះអាចរកឃើញមានកើតនៅលើស្បែកក្បាលឬពុកមាត់ចំពោះមនុស្សប្រុស។ រោគវិនិច្ឆ័យ Trichoscopie ជាប្រភេទតេស្តដែលត្រូវបានប្រើសម្រាប់ការធ្វើរោគវិនិច្ឆ័យរកជំងឺ  Alopecia areata។ តេស្តនេះ ធ្វើឡើងដោយពិនិត្យមើលឫសសក់។ តាមការធ្វើតេស្តសម្រាប់អ្នកដែលមានបញ្ហា Alopecia areata គេនឹងឃើញមានចំណុចពណ៌លឿងដែលគេស្គាល់ថាជាការឡើងកម្រាស់នៃស្រទាប់ក្រៅបំផុតនៃស្បែក (Stratum coreneum) ដែលធ្វើឲ្យសក់ពិបាកក្នុងការលូតលាស់។ មួយវិញទៀតគេនឹងឃើញមានចំណុចខ្មៅ (Black dot)ដែលនេះជាការបំផ្លាញសរសៃសក់នៅក្នុងក្រពេញគល់រោម (Hair follicle)។ មូលហេតុ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេពីមូលហេតុពិតប្រាកដនៃ Alopecia areata ប៉ុន្តែគេដឹងត្រឹមថាវាជាជំងឺ Systemic autoimmune diseaseដែលជាជំងឺកើតឡើងដោយសារប្រព័ន្ធការពាររបស់យើង។ កោសិការបស់ប្រព័ន្ធការពារខ្លួនយើងនឹងទៅកម្ទេច Anagen hair follicle ពោលគឺវាទៅបំផ្លាញវគ្គលូតលាស់របស់សក់។ នៅពេលនោះយន្តការនៃការដុះសក់នឹងត្រូវបានកាត់បន្ថយ ឬបញ្ឈប់តែម្តង។ ក្រៅពីនេះ ក៏មានកត្តាជម្រុញជាច្រើនទៀតដែរ ដូចជាកត្តាអ័រម៉ូន កត្តាបរិស្ថានជុំវិញខ្លួនដែលចូលរួមធ្វើឲ្យជំងឺ Alopecia areata កើតឡើង។ ការព្យាបាល ជំងឺ Alopecia areata មានភាពងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យតែពិបាកក្នុងការព្យាបាល។ ដូចនេះហើយអ្នកជំងឺគួរតែមកជួបគ្រូពេទ្យឲ្យបានភ្លាមៗព្រោះបើទុកឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរនឹងពិបាកក្នុងការដោះស្រាយ។ ក្នុងការព្យាបាលជំងឺនេះគ្រូពេទ្យនឹងឲ្យអ្នកជំងឺលាបថ្នាំក័រទីកូស្តេរ៉ូអុីតប្រភេទ ជាក្រែម ជាប្រេង(ointment) ឬជាប្រភេទចាក់។ មួយវិញទៀត គ្រូពេទ្យក៏អាចឲ្យប្រើពួក Minoxidil ផងដែរ។ លើសពីនេះទៅទៀត ការព្យាបាលតាមកាំរស្មី UV ក៏ផ្តល់នូវលទ្ធផលល្អសម្រាប់ការព្យាបាលជ្រុះសក់ប្រភេទនេះដែរ។ រីឯការការពារសម្រាប់ជំងឺ Alopecia areata មិនមានទេ។ ផលវិបាក បញ្ហាចម្បងនៃអ្នកដែលមានជំងឺ Alopecia Areata អាចនឹងវិវឌ្ឍទៅរកបញ្ហាផ្លូវចិត្តដោយសារតែការខ្មាសមនុស្សជុំវិញខ្លួននូវទម្រង់សក់របស់ខ្លួន។មួយវិញទៀតអ្នកជំងឺ Alopecia Areata អាចនឹងមានទាក់ទងនឹងជំងឺក្រពេញ ជំងឺតម្រងនោម ឬជំងឺថ្លើម។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិត ប៊ី ពីកូ ចង់ផ្តាំទៅមិត្តអ្នកអានថាករណីមានជំងឺនេះឬមានបញ្ហាជ្រុះសក់ផ្សេងទៀតសូមមកព្យាបាលជាមួយអ្នកជំនាញ ឲ្យបានទាន់ពេលវេលាហើយការមកព្យាបាលនេះនឹងទទួលបានផលល្អ។ បកស្រាយដោយ​ លោកវេជ្ជបណ្ឌិត​ ប៊ី ពីកូ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យព្រះកុសុមៈ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    

ចែករំលែក

រលាកថ្លើមប្រភេទ បេ (Hepatitis B) !   ជំងឺថ្លើមប្រភេទ បេ ជាជំងឺដែលយើងឧស្សាហ៍ជួបប្រទះញឹកញាប់ ដែលមានអត្រា ១០% នៃប្រជាជនកម្ពុជា។ ជំងឺនេះធ្វើឲ្យរលាកសាច់ថ្លើម និងវិវត្តន៍ទៅរកសភាពក្រិនថ្លើម ជាពិសេសវាអាចវិវត្តន៍ទៅជាមហារីកថ្លើម ដែលអាចប៉ះពាល់ដល់អាយុជីវិត ហើយវាជាឃាតករដ៏ស្ងៀមស្ងាត់ ព្រោះថាជាទូទៅ ៨០ ទៅ ៨៥ភាគរយ នៃអ្នកជំងឺ គ្មានរោគសញ្ញាអាចឲ្យយើងបានដឹងជាមុននោះទេ ហើយភាគច្រើននៃអ្នកជម្ងឺគឺបានមកពិនិត្យ ពិគ្រោះ និង ជួបវេជ្ជបណ្ឌិតឯកទេសយើងខ្ញុំក្នុងតំណាក់កាលក្រិន ឫក៏មានលផលំបាកនៃការរលាករាំរៃនេះបាត់ទៅហើយ ។   1/- រោគសញ្ញា៖ រោគសញ្ញ្ញាដែលកើតអាចមាននៅលើអ្នកជំងឺគឺអាស្រ័យទៅលើកម្រិតនៃការរលាក និងសភាពរបស់សាច់ថ្លើមរបស់អ្នកជំងឺផងដែរ (សាច់ថ្លើមនៅទន់ធម្មតាគ្រាន់តែមានការរលាក, សាច់ថ្លើមរឹង និងថ្លើមក្រិន) និងដំណើរការនៃមុខងាររបស់ថ្លើមអ្នកជម្ងឺផងដែរ ។ នៅខាងក្រោមនេះគឺជាសញ្ញាមួយចំនួន ហើយមានតែ ១០ ទៅ ១៥ ភាគរយ នៃអ្នកជំងឺថ្លើមប្រភេទ បេ ដែលស្តែងចេញ (មានការប៉ះពាក់មុខងារថ្លើមលើសពី 70% ឡើងទៅ) :  - ការហេវហត់ ចុះខ្សោយកំលាំង និងសុខភាពដោយមិនមានមូលហេតុច្បាស់លាស់ - ឡើងលឿងភ្នែក និងស្បែក - មានរោគសញ្ញាស្រដៀងនឹងជម្ងឺផ្ដាសាយធំ - ការវង្វេងស្មារតីដោយការឡើងជាតិពុលក្នុងខ្លួន - មានការហើមជើងជាដើម...។   ខ) ការធ្វើរោគវិនិច្ឆ័យ៖ មានតែការពិនិត្យឈាមប៉ុណ្ណោះ ដែលអាចធ្វើរោគវិនិច្ឆ័យជំងឺនេះបាន ដោយការរកមេរោគ និងរាប់ចំនួនមេរោគ (Ag Hbs, Ac Hbs, Ac Hbc និង PCR HBV), ការធ្វើអេកូពោះពិនិត្យមើលសភាពទូរទៅរបស់ថ្លើម និង ស្គែនភាពរឹងរបស់សាច់ថ្លើម គឺសុទ្ធតែជាពត៍មានសំខាន់ៗសំរាប់វេជ្ជបណ្ឌិតឯកទេស យើងខ្ញុំក្នុងការកំណត់ និង វាយតំលៃតំណាក់កាលនៃជម្ងឺនេះមុននឹងឈានទៅដល់ការព្យាបាលនោះ ។   គ) ការចម្លងរោគ៖ មេរោគនេះអាចឆ្លងតាមរយៈ - ការប៉ះពាល់ឈាមអ្នកជំងឺថ្លើមប្រភេទ បេ - ពីម្តាយដែលមានផ្ទុកមេរោគទៅកូន (អំឡុងមានផ្ទៃពោះ និងសម្រាល) - ការរួមភេទ - ការប្រើប្រាស់សម្ភារៈ រឺវត្ថុមុតស្រួចរួមគ្នា ដែលមានការដាច់រលាត់ចេញឈាម (កន្ទ្រៃកាត់ក្រចក, ច្រាស់ដុះធ្មេញ, កន្ទ្រៃកាត់សាច់, ម្ជុលចាក់...) *** ជាការរំលឹកដាស់តឿនដល់បងប្អូនយើងផងដែរថា ប្រសិនជាមានសមាជិកណាម្នាក់នៅក្នុងផ្ទះដែលមានផ្ទុក ឫ ឈឺជម្ងឺរលាកថ្លើមប្រភេទ បេ នេះសូមធ្វើការពិនិត្យឈាម និង ចាក់ថ្នាំវ៉ាក់សាំងបង្ការ ជាមុនដល់មនុស្សដែលនៅជុំវិញខ្លួនរបស់អ្នកជម្ងឺដើម្បីផ្តល់ការការពារអំពីការចម្លងមេរោគនេះ ។   ឃ) វិធីការពារ៖ ជំងឺថ្លើមប្រភេទ បេ ជាជំងឺមួយដែលយើងអាចជៀសផុត និងការពារបាន តាមរយៈការចាក់វ៉ាក់សាំងការពារមេរោគថ្លើមប្រភេទ បេ ។ ជាទូទៅការចាក់វ៉ាក់សាំងនេះមានចំនួន ៣ដង ហើយយើងត្រូវពិនិត្យឈាមដើម្បីបញ្ជាក់ច្បាស់ថា ខ្លួនរបស់យើ់ងមានប្រព័ន្ធការពារមេរោគនេះពីការចម្លង។   ង) វិធីព្យាបាល៖ ជំងឺរលាកថ្លើមប្រភេទ បេ អាចព្យាបាលជាសះស្បើយ ដោយតម្រូវឲ្យព្យាបាលរយៈពេលយូរ (3-5ឆ្នាំ) ដោយតម្រូវពិសារថ្នាំឲ្យបានទៀងទាត់ តាមដានជំងឺជាប់លាប់ដោយគោរពតាមការណាត់របស់គ្រូពេទ្យ។ ការព្យាបាលប្រសើរបំផុត គឺនៅដំណាក់កាលថ្លើមមិនទាន់ក្រិន ឫ មិនមានដុំមហារីកសាច់ថ្លើម ជៀសវាងបណ្តែតបណ្តោយឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ និងពិបាកព្យាបាល។   សូមរួសរាន់មកជួបវេជ្ជបណ្ឌិត ឯកទេស ជំនាញ ដើម្បីការពារលោកអ្នកពីមេរោគថ្លើមប្រភេទ បេ និងធ្វើការព្យាបាលឲ្យទាន់ពេលវេលា ជៀសវាងផលវិបាកនៃជំងឺនេះ(ការរលាករ៉ាំរ៉ៃ, ក្រិនថ្លើម, ដុំមហារីកថ្លើម, ទាចទឹកជាដើម...)។   ជំងឺរលាកថ្លើមដោយមេរោគប្រភេទ បេ ជាឃាតករស្ងៀមស្ងាត់ !   សំរាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់យើងខ្ញុំ ៖ Ekip specialist clinic (Tel: 017/070/069-553317).

ចែករំលែក

រាងកាយរបស់ស្រ្តី ជាមួយនឹងរចនាសម្ព័ន្ធដ៏ស្មុគស្មាញ អាចធ្វើឲ្យស្រ្តីផ្ទាល់ជួបប្រទះនឹងបញ្ហាសុខភាពជាច្រើន ដោយពេលខ្លះ​ គេមិនអាចសូម្បីកំណត់មូលហេតុ នៃការបង្កនោះឲ្យច្បាស់លាស់បានទៀតផង។ ដូចនេះ ការត្រៀមខ្លួនឲ្យបានល្អនៅគ្រប់ដំណាក់កាលដែលស្រ្តីត្រូវឆ្លងកាត់ក្នុងជីវិត ពិតជាសំខាន់ មុនពេលដែលពួកគេត្រូវប្រឈម និងបង្ខំទទួលយកបញ្ហាណាមួយ នៅថ្ងៃក្រោយ។  ជាក់ស្តែង ផលិតផលធម្មជាតិជាច្រើននៅលើទីផ្សារ ត្រូវបានជ្រើសរើស ជាវិធីសាស្រ្តសម្រាប់ជាជំនួយដល់ស្រ្តី និងសព្វថ្ងៃវាត្រូវបានក្លាយជាផ្នែកមួយដ៏សំខាន់ នៃអាហារប្រចាំថ្ងៃរបស់ស្ត្រីជាច្រើនផងដែរ។ ក្នុងនោះ ពពួកតែបៃតង ផលិតផលសណ្តែកសៀង (មានផ្ទុក Isoflavone) ព្រមទាំងអាស៊ីត ហ្វូលិក (វីតាមីនបេ៩) ត្រូវបានដឹងថាជាប្រភេទអាហារបំប៉ន ដែលមានឥទ្ធិពលយ៉ាងល្អប្រសើរទៅលើសុខភាពស្ត្រីទាំងមុនពេល និងអំឡុងពេលពេញវ័យ រហូតដល់វ័យអស់រដូវផងដែរ។ ការស្វែងយល់អំពីអត្ថប្រយោជន៍ នៃសារធាតុទាំងអស់នេះ ក៏ដូចជាការប្រើប្រាស់របស់វា ត្រូវបានលើកមកបង្ហាញជាបន្តបន្ទាប់។ ដោយសារតែសារធាតុ Isoflavone ពីសណ្តែកសៀង ត្រូវបានលើកមកលម្អិតក្នុងអត្ថបទមុនរួចមកហើយ ដោយលោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាប្រធានផ្នែកសម្ភព និងរោគស្រ្តី នៃគ្លីនិកលុច្ស ដូចនេះ សូមតាមដានយល់ដឹងបន្តជាមួយលោកស្រីវេជ្ជបណ្ឌិត ទាក់ទិននឹងសារធាតុពីរទៀតគឺ តែបៃតង និងអាស៊ីត ហ្វូលិក។ អ្វីជាឥទ្ធិពលនៃតែបៃតង និងអាស៊ីត ហ្វូលិក (វីតាមីន បេ៩)? • តែបៃតង៖ សារធាតុជាច្រើនដែលមាននៅក្នុងតែបៃតងដូចជា Caffeine, Theanine,Theaflavins, Theobromine, Theophyllineនិងសារធាតុដទៃទៀត  សុទ្ធតែមានអត្ថប្រយោជន៍ចំពោះសុខភាពដោយឡែកពីគ្នា តួយ៉ាងវាអាចការពារនិងព្យាបាលជំងឺរ៉ាំរ៉ៃមួយចំនួន ជាពិសេសគឺឥទ្ធិពលប្រឆាំងនឹងជំងឺមហារីកផងដែរ។ • អាស៊ីត ហ្វូលិក៖ ជាប្រភេទវីតាមីន ដែលរលាយក្នុងទឹក វាមិនមានផលិតនៅក្នុងខ្លួនរបស់មនុស្សឡើយ ដូចនេះ វាទាមទារឲ្យយើងទទួលយកពីចំណីអាហារ ខាងក្រៅ ដូចជា រុក្ខជាតិ បន្លែផ្លែឈើ គ្រាប់ធញ្ញជាតិ សាច់គោ សាច់មាន់ ថ្លើមជ្រូកជាដើម។ ក្រៅពីនោះ វាក៏មានក្នុងផលិតផលអាហារដូចជា ម្សៅនំ នំបុ័ង ឬអាហារបំប៉ននានាផងដែរ។ អាស៊ីត ហ្វូលិក មានមុខងារសម្រាប់ការលូតលាស់កោសិកា និងជួយបង្កើនការចងចាំ ព្រមទាំងចាំបាច់យ៉ាងខ្លាំងចំពោះ សុខភាពស្រ្តីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន រួមទាំងក្មេង និងក្មេងជំទង់ ។ តែបៃតង និងអាស៊ីត ហ្វូលិក ត្រូវបានប្រើប្រាស់ដើម្បីអ្វី? • តែបៃតង អាចជាជម្រើសដ៏ល្អសម្រាប់សុខភាពដោយវាអាចទប់ស្កាត់នូវជំងឺមួយចំនួនដូចជា៖   - ជំងឺពុកឆ្អឹង៖ ដែលជាជំងឺកើតឡើងជាញឹកញាប់ចំពោះស្រ្តីស្ថិតក្នុងវ័យអស់រដូវ។ ឥទ្ធិពលរបស់តែបៃតង អាចជួយពង្រឹងនូវភាពរឹងមាំរបស់ឆ្អឹង និងសាច់ដុំរបស់ស្រ្តីយ៉ាងមានប្រសិទ្ធភាព។    - គ្រប់គ្រងទម្ងន់៖ សារធាតុ  Catechins នៅក្នុងតែបៃតង មានឥទ្ធិពលក្នុងការសម្រក និងគ្រប់គ្រងទម្ងន់ តាមរយៈការកាត់បន្ថយបានយ៉ាងល្អ នូវទម្ងន់ខ្លួន និងទម្ងន់សារធាតុខ្លាញ់ក្នុងខ្លួន។    - ដុំមហារីកក្នុងស្បូន៖ ជាប្រភេទមហារីក (Leiomyoma) កើតមានលើស្រ្តីដល់ទៅជាង ៧០ ដែលនៅមិនទាន់មានវិធីសាស្រ្តព្យាបាល ជាក់លាក់ណាមួយសម្រាប់រោគសញ្ញានៃដុំមហារីកនេះនៅឡើយទេ។ យ៉ាងណាមិញ សារធាតុដែលមាននៅក្នុងតែបៃតងអាចជួយប្រឆាំងនូវការរលាក ប្រឆាំងការលូតលាស់ និង ប្រឆាំងនឹងការធ្វើអុកស៊ីតកម្ម ដែលជាមូលហេតុមួយនៃការបង្កជំងឺមហារីក។   - ជំងឺមហារីក៖ តាមការពិសោធ សារធាតុ Polyphenols ដែលមានក្នុងតែបៃតង មានលទ្ធភាពការពារ និងកាត់បន្ថយការរីករាលដាលនៃជំងឺ មហារីកក្រពេញអូវែ និងមហារីកស្រទាប់ស្បូន។   - ជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះ៖ ជំងឺទឹកនោមផ្អែមរបស់ស្ត្រីមានផ្ទៃពោះអាចបង្កការប្រឈមជាច្រើន សម្រាប់ទារកក្នុងផ្ទៃ រីឯតែបៃតងមានឥទ្ធិពលកាត់បន្ថយនូវបញ្ហាមួយចំនួនលើទារកដែលបង្កដោយការលើស ជាតិស្ករ ក្នុងឈាមនោះ។   - ការដកជាតិពុលពីក្នុងខ្លួន៖ តែបៃតងមានសមត្ថភាពក្នុងការការពារ និងកាត់បន្ថយឥទ្ធិពលអាក្រក់ នៃរ៉ាឌីកាល់សេរី ដែលជាកត្តាបង្កជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជា ការខូចខាតនៃប្រព័ន្ធប្រសាទជាដើម (Neurodegenerative disorders)។ ការសិក្សាក៏បង្ហាញផងដែរថាតែបៃតង អាចកាត់បន្ថយផលរំខាននៃសារធាតុសំណក្នុងបរិស្ថានដែលជាមូលហេតុនៃភាពអន់ថយសមត្ថភាពក្នុងការ បន្តពូជចំពោះបុរស។   - ជំងឺឆ្លង៖ សារធាតុ Catechins និង Caffeineនៃតែបៃតងមានសមត្ថភាពប្រឆាំងនឹងសកម្មភាព របស់ពពួកមីក្រុបបានយ៉ាងល្អ ដូចជា បាក់តេរី P.mirabilis និងS.pyogenesរួមនឹងពពួកផ្សិត C.albicanជាដើម។    • អាស៊ីត ហ្វូលិក (វីតាមីន បេ៩)៖   -  ចំពោះស្រ្តីមានផ្ទៃពោះ៖ តាមការសិក្សាបានបង្ហាញថា ការប្រើប្រាស់អាស៊ីត ហ្វូលិក ៤០០ មីក្រូក្រាមក្នុងមួយថ្ងៃ អំឡុងពេលពពោះ អាចជួយការពារកូនក្នុងផ្ទៃ ពីបញ្ហាពីរយ៉ាងគឺ ការលូតលាស់ខុសប្រក្រតីនៃឆ្អឹងកងខ្នង (Spina bifida) និងខួរក្បាលតូច (Anencephaly)។ ស្រ្តីត្រូវចៀសវាងកង្វះអាស៊ីតហ្វូលិក នៅគ្រប់ដំណាក់កាលក្នុងវ័យបន្តពូជ ពីព្រោះបញ្ហាទាំងនេះ អាចចាប់ផ្តើមតាំងពី ៣ ទៅ ៤ សប្តាហ៍ដំបូងដែលស្ត្រី ភាគច្រើននៅមិនទាន់ដឹងផងថាខ្លួនមានផ្ទៃពោះ។   -  ចំពោះជំងឺទាក់ទងនឹងបេះដូង៖ ការប្រើប្រាស់អាស៊ីត ហ្វូលិកអាចកាត់បន្ថយនូវអាមីណូអាស៊ីតមួយប្រភេទ​ ដែលប៉ះពាល់ដល់សរសៃឈាម និងអាចបណ្តាលឲ្យគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។      -  ចំពោះសុខភាពស្បែក៖ អាស៊ីត ហ្វូលិកអាចជួយទៅលើភាពតឹងណែន មានសំណើម និងភ្លឺរលោងរបស់ស្បែក។ វាក៏ជួយរក្សានូវភាព វ័យក្មេង និងកាត់បន្ថយភាពចាស់របស់ស្បែកតាមរយៈការកម្ចាត់ចោលនូវជាតិពុលដែល ជាមូលហេតុមួយផងដែរនៃជំងឺមុន។  - ចំពោះបញ្ហាសក់៖ អាស៊ីត ហ្វូលិក អាចផ្តល់ផលល្អចំពោះកោសិកាសក់ដោយវាជួយក្នុងការបង្កើតកោសិកាថ្មីសម្រាប់ ការលូតលាស់របស់សក់។ កង្វះខាតនូវអាស៊ីត ហ្វូលិក មិនត្រឹម មានផលប៉ះពាល់ចំពោះការលូតលាស់របស់សក់ វាក៏អាចបង្កឲ្យមានសក់ស្កូវមុនអាយុ និងជ្រុះសក់ទៀតផង។  - ចំពោះជំងឺបាក់ទឹកចិត្ត៖ កម្រិតគ្រប់គ្រាន់នៃអាស៊ីត ហ្វូលិកនៅក្នុងខ្លួនអាចជួយទៅដល់មុខងាររបស់ខួរក្បាលឲ្យ បានល្អ ជំរុញអារម្មណ៍ឲ្យប្រសើរឡើង និងជាជំនួយកំឡុងពេលបាក់ទឹកចិត្ត។     - ចំពោះអាការៈទូទៅ៖ ភាពអស់កម្លាំង ខ្សោយ រាក មិនសូវចង់ញ៉ាំអាហារ ការស្រកទម្ងន់ ឈឺក្បាលជាដើម អាចបណ្តាលមកពីកង្វះអាស៊ីតហ្វូលិក ដែលទាមទារឲ្យធ្វើការបង្គ្រប់វិញឲ្យបានត្រឹមត្រូវ។  - ចំពោះបញ្ហាសុខភាពទាក់ទងនឹងអាស៊ីត ហ្វូលិក៖ កង្វះនៃសារធាតុនេះក្នុងរបបអាហារ អាចធ្វើឲ្យមានជំងឺខ្វះឈាម ខ្សោយការចងចាំ ភាពវង្វេងវង្វាន់ ដង្ហើមខ្លីជាដើម។ ដោយសារតែមុខងារដ៏ច្រើនលើសលប់របស់សារធាតុខាងលើចំពោះសុខភាព ការប្រើប្រាស់ និងការបញ្ចូលវាទៅក្នុង របបអាហារប្រចាំថ្ងៃឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវជាពិសេសសម្រាប់ស្ត្រីគឺពិតជាសំខាន់ដែលអ្នកគ្រប់គ្នា មិនគួរមើលរំលង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

ពាក្យថាអាចម៍រុយត្រូវបានយកមកប្រើប្រាស់សឹងតែគ្រប់ប្រភេទស្បែកដែលមាននូវចំណុចខ្មៅៗតូចៗនៅលើស្បែក ប៉ុន្តែបើតាមផ្នែកវេជ្ជសាស្រ្ត ចំណុចពណ៌ខ្មៅដែលយើងឃើញនោះមិនមែនជាប្រភេទតែមួយនោះទេ វាត្រូវបានឲ្យឈ្មោះផ្សេងៗគ្នាដោយពឹងផ្អែកទៅលើទំហំ និងរូបរាងរបស់វា។ អ្វីដែលយើងហៅថាអាចម៍រុយនោះត្រូវបានគេឲ្យឈ្មោះថា “Freckle” ទាំងនេះជាប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សឿ  ច័ន្ទថន វេជ្ជបណ្ឌិតនៃ គ្លីនិកជាតិសើស្បែក និងកាមរោគ ដែលនឹងបកស្រាយជុំវិញបញ្ហានេះក្នុងអត្ថបទខាងក្រោម។    លក្ខណៈទូទៅនៃអាចម៍រុយ អាចម៍រុយជាចំណុចតូចៗដែលមានទំហំប្រហែល ៣ ម.ម ពណ៌ខ្មៅពណ៌ត្នោត ឬពណ៌ផ្សេងៗទៀតដែលមានផ្ទៃរាបស្មើស្ថិតនៅលើស្បែក។ ចំណុច តូចៗពណ៌ខ្មៅនេះអាចកើតមាននៅពាសពេញដងខ្លួន ហើយជាពិសេសនៅលើផ្ទៃមុខ។ បើយោងទៅតាមការសង្កេតផ្ទាល់របស់លោកវេជ្ជបណ្ឌិត បានឲ្យឃើញថាប្រជាជនកម្ពុជាក៏មានការជួបប្រទះនូវបញ្ហានេះច្រើនគួរសមដែរ ប៉ុន្តែមិនថាតែប្រជាជនកម្ពុជានោះទេ ជំងឺនេះក៏កើតមាន ច្រើនទៅលើប្រជាជនទូទាំងពិភពលោកផងដែរ។ កត្តាបង្កជំងឺ អាចម៍រុយបង្កឡើងដោយកត្តាចម្បង ២ សំខាន់ៗ ទី ១ គឺកត្តាតំណពូជ (gene) និងមួយវិញទៀតដោយសារតែការរងនូវពន្លឺថ្ងៃច្រើនដែល បណ្ដាលឲ្យបុគ្គលនោះកើតអាចម៍រុយ ហើយវាច្រើនឃើញមានកើតទៅលើមនុស្សដែលមានស្បែកស ចៀសជាងអ្នកដែលមានស្បែកខ្មៅ។ រោគវិនិច័្ឆយ ដោយសារតែមានសភាពស្រដៀងគ្នា ការធ្វើរោគវិនិច្ឆ័យនៃអាចម៍រុយ ត្រូវបានកំណត់ថាជាចំណុចខ្មៅមានទំហំពី ៣ ទៅ ៧ មម ហើយរាបស្មើ លើស្បែកដែលខុសពី: -  ប្រជ្រុយ (nevus) - Lentigines - Seborrheic keratosis - Actinic keratosis ដែលប្រភេទជំងឺទាំងបួនខាងលើនេះជាចំណុចខ្មៅមានទំហំធំជាង ១០មម និងខ្ពស់ផុតពីស្បែកដែលជំងឺទាំងអស់នេះមិនត្រូវបាន រាប់ចូលថាជាប្រភេទនៃអាចម៍រុយនោះទេ។ ការព្យាបាល យើងអាចធ្វើការព្យាបាលដោយប្រើប្រាស់ថ្នាំបំបាត់ជាតិពណ៌នៅលើអាចម៍រុយ ដែលក្នុងនោះមានដូចជាពពួក៖ - Hydroquinone - Acetic Acid - Ascorbic Acid (ឬហៅថា Vitamin C) - Alphahydroxy Acid (AHA) ដោយការប្រើប្រាស់ថ្នាំទាំងអស់នេះគឺអាស្រ័យទៅលើប្រភេទស្បែក របស់អ្នកជំងឺដែលក្នុងករណីខ្លះ ការប្រើប្រាស់ថ្នាំអាចមានការប្រើប្រាស់ រួមបញ្ចូលគ្នា។ លើសពីនោះ អ្នកដែលកើតមានបញ្ហានេះក៏អាចទទួលយកការព្យាបាលដោយលាបនូវសារធាតុអាស៊ីតដែលមានកម្រិតខ្ពស់ដែលធ្វើឲ្យស្បែក ត្រង់កន្លែងនោះរបកចេញហៅថា “Chemical pill” ឬជ្រើសយកការព្យាបាលដោយ ឡាស៊ែរជា Pigment laser ដែលជាការបាញ់កាំរស្មី ទៅលើចំណុចដែលមានពណ៌ខ្មៅខុសពីធម្មតាដែលបង្កើតបានជាអាចម៍រុយនោះ។ ប៉ុន្តែ ទន្ទឹមនឹងវិធីសាស្រ្តក្នុងការព្យាបាលដែលបានលើកឡើង ខាងលើ វាពុំអាចធានាបានថានឹងជាសះស្បើយមួយរយភាគរយនោះទេ ហើយករណីខ្លះទៀតអ្នកជំងឺក៏អាចវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរដូចជាមាន ស្នាមពណ៌ខ្មៅឬពណ៌សឬអាចកើតជាផ្លែសាច់បន្ទាប់ពីទទួលការព្យាបាលក៏មាន។ វិធីបង្ការ យើងគួរជ្រើសយកវិធីបង្ការប្រសើរជាងការព្យាបាល ព្រោះថាការព្យាបាលត្រូវទាមទាររយៈពេលយូរ និងមានភាពលំបាកក្នុងការព្យាបាល។ ដូចនេះ ប្រសិនបើអ្នកប្រឈមក្នុងការកើតអាចម៍រុយជាលក្ខណៈតំណពូជ ត្រូវណែនាំឲ្យប្រើប្រាស់ឡេការពារកម្តៅថ្ងៃស្លៀកសម្លៀកបំពាក់ជិតៗ តាំងពីនៅកុមារភាព។ តែបើចំពោះអ្នកដែលប្រឈមទៅនឹងពន្លឺថ្ងៃច្រើនគឺត្រូវប្រើប្រាស់ឡេការពារកម្ដៅថ្ងៃឲ្យបានជាប់លាប់ ដោយមិនចាំបាច់ ប្រើតាំងតែពីក្មេងនោះទេ។ “ប្រសិនបើស្រឡាញ់សម្ផស្ស របស់ខ្លួនយើង គួរប្រើប្រាស់ឡេការពារកម្តៅថ្ងៃជាប្រចាំ (sunscreen)​ ស្លៀកពាក់ឲ្យបានជិតដូចជាពាក់មួក ខោជើងវែង អាវដៃវែង ហើយប្រសិនបើអ្នកមានតំណពូជនៃជំងឺអាចម៍រុយនេះ ត្រូវតែធ្វើការប្រុងប្រយ័ត្នតាំងពីកុមារភាព។ ជាពិសេស ក្នុងករណីដែលចំណុចពណ៌ខ្មៅនោះមានការរមាស់ ឬឈឺចាប់ខុសពីធម្មតាត្រូវតែប្រញាប់មកពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាម ព្រោះវាអាចជា សញ្ញានៃជំងឺមហារីក” នេះបើតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត សឿ ច័ន្ទថន ។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក
Top