Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការជួយសង្គ្រោះជីវិតមនុស្ស ភាពការងារជាប់លាប់ ប្រាក់ខែច្រើន និងទទួលបានការគោរពពីមនុស្សជុំវិញខ្លួនគឺគ្រាន់តែជាហេតុផលល្អៗមួយចំនួន ដែលធ្វើឲ្យអ្នកជ្រើសរើសយកអាជីពជាគ្រូពេទ្យប៉ុណ្ណោះ។ប៉ុន្តែនៅពេល​ដែលអ្នកជ្រើសរើស យកជំនាញឯកទេសណាមួយក្នុងវិស័យវេជ្ជសាស្ដ្រនេះ ភាពរីករាយរបស់អ្នកគួរតែជាកត្តាចម្បងទីមួយដែលអ្នកគួរតែយកមកពិចារណា។ អ្នកនឹងដឹងថាអ្នកបានជ្រើសរើសជំនាញឯកទេសមួយដ៏ត្រឹមត្រូវនៅពេលដែលអ្នករីករាយនឹងទៅធ្វើការងារនោះដូចពេលដែលអ្នកបានបញ្ចប់ ហើយចាកចេញពីកន្លែងធ្វើការនោះដែរ។ យើងហៅវាថា ការសម្រេចបាននូវ «តុល្យភាពការងារ និងជីវិត»។(វាគឺអាចធ្វើទៅបាននៅក្នុងវិស័យវេជ្ជសាស្ត្រមួយនេះ។) នៅពេលដែលចុះធ្វើរបាយការណ៍ប្រចាំឆ្នាំស្ដីពីរបៀបរស់នៅរបស់គេហទំព័រពត៌មានវេជ្ជសាស្ត្រសកល Medscape បានសុំឲ្យគ្រូពេទ្យ នៅសហរដ្ឋអាមេរិក វាយតម្លៃភាពសប្បាយរីករាយរបស់ពួកគេពី១ដល់៧ ដែល១គឺ មិនសប្បាយចិត្តជាខ្លាំង និង ៧គឺ សប្បាយចិត្តយ៉ាងខ្លាំង។ ការសិក្សានេះបានរកឃើញថា ច្រើនជាងពាក់កណ្ដាលនៃគ្រូពេទ្យ ដែលគេបានធ្វើការស្រង់មតិគឺពួកគេមានភាពរីករាយនឹងការងារ របស់ពួកគេ និងប្រហែលជាបីភាគបួនទៀតនៃគ្រួពេទ្យ គឺរីករាយនៅក្រៅពីកន្លែងធ្វើការផងដែរ។​ ប៉ុន្តែសួរថាតើភាពសប្បាយរីករាយអាចកំណត់បានតាមរយៈឯកទេសរបស់គ្រូពេទ្យដែរឬទេ? តោះ! យើងទៅមើលឲ្យកាន់តែស៊ីជម្រៅនៃការស្ទង់មតិ និងរកមើលថាគ្រូពេទ្យឯកទេសណាខ្លះ រីករាយនឹងការងារ ហើយគ្រូពេទ្យឯកទេសណាខ្លះដែលតែងតែរអ៊ូមិនឈប់អំពីការងាររបស់ពួកគេ។   ភាគរយច្រើនជាងគេនៃគ្រូពេទ្យដែលអះអាងថាពួកគេរីករាយនឹងការងារបំផុត គឺគ្រូពេទ្យឯកទេសខាងស្បែក (Dermatologists) (៤៣%) និងបន្ទាប់មកទៀតនោះ គឺគ្រូពេទ្យឯកទេសខាងភ្នែក (Ophthalmologists)(៤២%)។ គ្រូពេទ្យនៅក្នុងជំនាញទាំងពីរខាងលើនេះ ក៏ស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូល ក្នុងរបាយការណ៍របស់ Medscape ឆ្នាំ២០១៦ និង​២០១៤ផងដែរ។ នៅក្រៅពីកន្លែងការងារ គ្រូពេទ្យឯកទេសផ្នែកប្រព័ន្ធផ្លូវទឹកនោម (Urologists) (៧៦%) ឈរនៅលំដាប់ទីមួយ ហើយគ្រូពេទ្យឯកទេសខាងភ្នែក ខាងស្បែក និង ខាងប្រតិកម្មអាឡែហ្សី និងប្រព័ន្ធភាពស៊ាំវិញ ឯកទេសទាំងបីនេះឈរ នៅលំដាប់ថ្នាក់លេខ២ដូចគ្នា គឺមាន (៧៤%)។ ធ្វើការនៅក្នុងឯកទេសណាមួយក៏ដោយក្នុងវិស័យវេជ្ជសាស្ត្រនេះអ្នកត្រូវយកអ្នកជំងឺជាកត្តាចម្បង ដូច្នេះមុនពេលដែលអ្នកសម្រេចចិត្តជ្រើសរើសយកជំនាញឯកទេសណាមួយ វាគឺនេះជាពេលដ៏ល្អបំផុតសម្រាប់អ្នក ដើម្បីផ្ដល់នូវអាទិភាពទីមួយដល់ខ្លួនអ្នក និងភាពរីករាយរបស់អ្នកនាពេលអនាគត។ តាមរយៈការសិក្សា ខាងក្រោមនេះគឺជាបណ្ដាឯកទេសដែលបានរៀបតាមលំដាប់នៃភាពរីករាយនៅកន្លែងធ្វើការ (ពីស្នាមញញឹមទៅជាការជ្រួញចិញ្ចើម)។ 1.    ឯកទេសលើជំងឺសើស្បែក (Dermatology) (៤៣%) 2.    ឯកទេសចក្ខុរោគ (Ophthalmology) (៤២%) 3.    ឯកទេសលើប្រតិកម្មអាឡែហ្សី និងប្រព័ន្ធភាពស៊ាំ (Allergy and immunology) (៤១%) 4.    ឯកទេសវះកាត់ឆ្អឹង (Orthopedics) (៣៧%) 5.    ឯកទេសវិកលវិទ្យា និងសុខភាពផ្លូវចិត្ត (Psychiatry and mental health) (៣៧%) 6.    ឯកទេសលើជំងឺសួត (Pulmonary medicine) (៣៧%) 7.    ឯកទេសលើជំងឺកុមារ (Pediatrics) (៣៦%) 8.    ឯកទេសរោគសាស្ដ្រ (Pathology) (៣៦%) 9.    ឯកទេសលើជំងឺមហារីក (Oncology) (៣៦%) 10. ឯកទេសលើជំងឺក្រពះ ពោះវៀន (Gastroenterology) (៣៥%) 11. ឯកទេសវះកាត់ទូទៅ (Surgery) (៣៥%) 12. ឯកទេសលើជំងឺត្រចៀក ច្រមុះ បំពង់ក (Otolaryngology) (៣៤%) 13. ឯកទេសលើប្រព័ន្ធប្រសាទ (Neurology) (៣៤%) 14. ឯកទេសលើផ្នែកដាក់ថ្នាំសណ្ដំ (Anesthesiology) (៣៣%) 15. ឯកទេសវិទ្យុសាស្ត្រ (Radiology) (៣៣%) 16. ឯកទេសសម្ភព និងរោគស្ដ្រី (Obstetrics and gynecology) (៣២%) 17. ឯកទេសវះកាត់កែលំអរ (Plastic surgery) (៣២%) 18. ឯកទេសលើប្រព័ន្ធផ្លូវទឹកនោម ឬម៉ូត្រសាស្ដ្រ (Urology) (៣១%) 19. ឯកទេសលើជំងឺទឹកនោមផ្អែម និងក្រពេញបញ្ចេញក្នុង (Diabetes and endocrinology) (៣១%) 20. ឯកទេសលើជំងឺឆ្លង (Infectious disease) (៣១%) 21. ឯកទេសលើជំងឺបេះដូង (Cardiology) (៣១%) 22. ការថែទាំ (Critical care) (៣០%) 23. គ្រូពេទ្យប្រចាំគ្រួសារ (Family medicine) (២៩%) 24. គ្រូពេទ្យសង្គ្រោះបន្ទាន់ (Emergency medicine) (២៨%) 25. ឯកទេសលើជំងឺសរីរាង្គ ឬជំងឺក្នុង (Internal medicine) (២៨%) 26. ឯកទេសលើជំងឺតម្រងនោម (Nephrology) (២៤%) 27. ឯកទេសលើជំងឺសន្លាក់ (Rheumatology) (២៤%) © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

មុខ ដែលមានត្រឹមតែស្នាម ឬអុជខ្មៅបន្តិចអាចធ្វើឲ្យអ្នករំខានចិត្តមិនតិចទៅហើយ ចុះបើការជាំដុំៗនៅមុខរបស់អ្នកវិញ តើវានឹងរំខានអ្នកយ៉ាងណា? ប្រាកដណាស់មុខរបស់អ្នកនឹងត្រូវបានកត់សម្គាល់យ៉ាងងាយស្រួលខណៈដែលមានការឡើងជាំដុំៗ ដែលសូម្បីមានការប្រើប្រាស់នូវគ្រឿងសម្អាងបិទបាំងហើយក៏ដោយ។ ថ្វីត្បិតតែការជាំមុខមិនត្រូវបានចាត់ទុកជាជំងឺ ក៏ប៉ុន្តែដោយសារតែវាមានឥទ្ធិពលមិនល្អដល់សុខភាពសម្រស់និងជាពិសេសគឺសុខភាពផ្លូវចិត្ត ព្រមទាំងអារម្មណ៍ ដូចនេះ មិនថាអ្នកបានជួបប្រទះនូវបញ្ហានេះហើយ ឬក៏មិនទាន់ជួប អ្នកពិតជាគួរស្វែងយល់ឲ្យបានច្បាស់អំពី  មូលហេតុដែលបង្ក   ព្រមទាំងដំណោះស្រាយសម្រាប់បញ្ហាដែលងាយនឹងជួបប្រទះនេះ។ I. បញ្ហាមុខជាំគឺជាអ្វី? បញ្ហាមុខជាំ ត្រូវបានហៅថា Melasma ដែលជាការឡើងនូវពណ៌ក្រម៉ៅនៅលើស្បែកខុសពីប្រក្រតី។ ជាទូទៅ Melasma ច្រើនកើតចំពោះស្រ្តីច្រើនជាងបុរស ឯតំបន់នៅលើផ្ទៃមុខដែលកើតមានញឹកញាប់ជាងគេគឺនៅតំបន់ថ្ងាស ថ្ពាល់ផ្នែកខាងលើ និងចំហៀងជិតគុម្ពត្រចៀក ព្រមទាំងចង្កាជាដើម។ II. អ្វីខ្លះជាកត្តាជំរុញនៃបញ្ហាមុខជាំ? • កម្តៅថ្ងៃ៖ ជាកត្តាមានឥទ្ធិពលលើស្បែកតាមរយៈការជះនៃកាំពន្លឺ UVA និង UVB  ទៅលើស្បែក ដែលបង្កឲ្យខូចស្បែក។ កម្តៅថ្ងៃក៏ជាកត្តាជំរុញឲ្យកោសិកាពណ៌នៃស្បែក (Melanin) ធ្វើការបង្កើនចំនួន និងឡើងមកកកកុញនៅលើស្បែក ដែលនាំឲ្យស្បែកឡើងពណ៌ក្រម៉ៅខុសពីធម្មតាផងដែរ។ • កត្តាអ័រម៉ូន៖ អ័រម៉ូនអឺស្ត្រូសែន (Estrogen) របស់ស្ត្រី ក៏នាំឲ្យមានការកើនឡើងច្រើនខុសប្រក្រតីនៃកោសិកាពណ៌របស់ស្បែកដូចគ្នា (Melanin) ដោយសារកោសិកាទាំងនោះនឹងធ្វើការប្រមូលផ្តុំច្រើនឡើងជាមួយនឹងការកើនឡើងនៃអ័រម៉ូននេះ ដែលជាទូទៅគេប្រទះឃើញកើតមានចំពោះស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូនរួចមុន៦ខែ និងស្ត្រីដែលប្រើថ្នាំពន្យារកំណើតប្រភេទ COC (Combined Oral Contraceptive)  ដែលមានបរិមាណ Estrogen ច្រើនជាដើម។ III. អ្វីជាយន្តការដែលបណ្តាលឲ្យកើតជាបញ្ហាមុខជាំ? Melasma ជាបញ្ហាដែលបណ្តាលមកពីការកើនឡើងនៃជាតិ Melanin បណ្តាលមកពីការជំរុញរបស់ Thyrosinase ដែលជាអ្នកធ្វើឲ្យមានការភ្ញោច(Stimulation)លើការបង្កើនឡើង នូវការផលិតកោសិកា Melanin យ៉ាងច្រើនលើសលប់ ដែលជាមូលហេតុនៃបញ្ហាមុខជាំនេះ។ ដោយឡែក ការកើនឡើងនូវសារធាតុ Thyrosinase នេះត្រូវបានដឹងថា មានការជាប់ទាក់ទងផងដែរទៅនឹងការបញ្ចេញជាតិពុលពីក្រពេញពកក  (Thyroide)។សរុបមក  គេសង្កេតឃើញថា  បម្រែបម្រួលនូវអ័រម៉ូននៅពេលមានផ្ទៃពោះ  និងក្រោយពេលមានផ្ទៃពោះ  ការប្រើប្រាស់ថ្នាំពន្យារកំណើតនិងការមានជំងឺនៅក្រពេញពកក  ព្រមជាមួយនឹងបញ្ហាស្ត្រេស សុទ្ធតែជាកត្តាបង្កឲ្យមានបញ្ហាមុខជាំនេះឡើង។  ដូចដែលបានបញ្ជាក់ កត្តាកម្តៅថ្ងៃ ក៏ជាកត្តាមួយដែលជំរុញឲ្យ មានការកើនឡើងនូវការផលិត កោសិកា Melanin ផងដែរ ហើយនេះជាយន្តការធម្មជាតិមួយដែលសរីរាង្គកាយយើងត្រូវបំពេញដើម្បីការពាររាងកាយប្រឆាំងនឹងកម្តៅថ្ងៃ (mechanism the response defense to ultraviolet)។ IV. បញ្ហាមុខជាំអាចត្រូវបានព្យាបាលយ៉ាងដូចម្តេច? 1.    ការព្យាបាលមួយផ្នែកត្រូវធ្វើឡើងទៅតាមកត្តាមូលហេតុដែលបង្កជាបញ្ហាមុខជាំនេះផ្ទាល់ ដែលមានន័យថា៖ •    ប្រសិនបើស្ត្រីកំពុងតែពិសាថ្នាំពន្យារកំណើត គាត់ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំនោះសិន •    ចំពោះស្រ្តីទើបនឹងសម្រាលកូន ត្រូវរង់ចាំមើលរយៈពេល ៦ខែក្រោយសម្រាល •    ចំពោះស្ត្រីមានផ្ទៃពោះក៏ត្រូវរង់ចាំសម្រាលកូនរួចរយៈពេល៦ខែក្រោយសម្រាលដូចគ្នា។ តែទោះជាក្នុងករណីណាក៏ដោយ   ការប្រើប្រាស់នូវមធ្យោបាយការពារកម្តៅថ្ងៃនានាក៏ត្រូវបានណែនាំទាំងចំពោះបុរស និងស្ត្រីដដែល ទៅតាមទម្រង់នៃប្រភេទរបស់ស្បែកដែលត្រូវបានបែងចែកជា៦ក្រុម។ 2.    ចំពោះការប្រើថ្នាំលាបផ្សេងទៀត  ដើម្បីកាត់បន្ថយនូវការឡើងយ៉ាងខ្លាំងនៃពណ៌របស់ស្បែក (Hyperpigmentation) ក៏ត្រូវប្រើតាមដំណាក់កាលផងដែរគឺចាប់ផ្តើមពី Kliment I, Kliment II, Kliment III និងបន្តការពារការឡើងពណ៌ស្បែកឡើងវិញដោយពពួក Alpha  Albutine ។ ចំពោះ Hydroquinone នៅតែមានការណែនាំឲ្យប្រើដដែលរួមជាមួយ Retine A និងពពួក Steroide ទៅតាមកម្រិតនៃការរលាករបស់ស្បែក។ បច្ចុប្បន្ន មានការព្យាបាលបន្ថែមឬ ទៅតាមកម្រិតនៃការឡើងពណ៌របស់ស្បែកដោយពពួក AHA ផងដែរ។ 3.    ចំពោះការព្យាបាលដោយថ្នាំលេបវិញ ការប្រើប្រាស់ Tranxamic acid (500mg) ពេលព្រឹក នៅតែត្រូវបានណែនាំឲ្យប្រើប្រាស់សម្រាប់ការព្យាបាលដូចគ្នា។ ការព្យាបាលដ៏ត្រឹមត្រូវនិងប្រកបដោយប្រសិទ្ធភាពនៃបញ្ហាមុខជាំទាមទារឲ្យអ្នកធ្វើការពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិតឯកទេសដើម្បីស្វែងរកមូលហេតុនៃការបង្ក និងធ្វើការដោះស្រាយវាទៅតាមស្ថានភាពរបស់អ្នកជំងឺ ក៏ដូចជាដំណាក់កាលនៃបញ្ហាផ្ទាល់តែម្តង។ សូមអរគុណចំពោះការយកចិត្តទុកដាក់តាមដានការចែករំលែកខាងលើចំពោះព័ត៌មានកាន់តែច្បាស់លាស់ និងលម្អិត លោកអ្នកអាចស្វែងរកការពិគ្រោះ និងប្រឹក្សាយោបល់នៅ “រតនា ពិគ្រោះព្យាបាលជំងឺរោគស្ត្រី សើស្បែក និងកាមរោគ” ។ បកស្រាយដោយ វេជ្ជបណ្ឌិត ញ៉ែម ណាវីឯកទេសសើស្បែកនិងកាមរោគ នៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញនិងម្ចាស់បន្ទប់ពិគ្រោះជំងឺរតនា © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។ 

ចែករំលែក

មនុស្សទូទៅ សុទ្ធតែធ្លាប់ស្គាល់ថាមុនជាអ្វី មុនមាននៅលើផ្ទៃមុខ និងដងខ្លួន ប៉ុន្តែតើលោកអ្នកដឹងទេថា មានវត្តមានមុនមួយប្រភេទដែលគេឲ្យឈ្មោះថា មុន Pustule? ហេលស៍ថាម សូមនាំជូនលោកអ្នកនូវអត្ថបទស្តីពីមុនប្រភេទនេះ ដោយលោកវេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធាននៃគ្លីនិកជាតិ សើស្បែក និងកាមរោគ។ និយមន័យ និងមូលហេតុ មុន Pustule ជាមុនកើតពីមេរោគ Propiono-bacterium acnes ដែលគេហៅថា P.acnes។ មុននេះកើតច្រើន​ លើមនុស្សពេញវ័យ និងមនុស្សចាស់ដែលមានក្រពេញខ្លាញ់ធ្វើការលើសកម្រិត។ មួយវិញទៀត វាមានច្រើននៅលើផ្ទៃមុខ ខ្នងផ្នែកខាងលើ និងទ្រូងផ្នែកខាងលើ។ តាមលក្ខខណ្ឌជីវសាស្ត្រ ចាប់ពីពេញវ័យរហូតដល់អាយុជិត៣០ឆ្នាំ ទាំងប្រុសទាំងស្រីមានការផលិតអ័រម៉ូនអង់ដ្រូហ្សែន (Androgen) ច្រើន ដែល ជំរុញឲ្យក្រពេញខ្លាញ់បញ្ចេញខ្លាញ់ក្នុងបរិមាណច្រើនលើសលុប។ នេះជាមូលហេតុដែលអាចឲ្យមេរោគ P.acneជ្រៀតចូលក្នុងរន្ធខ្លាញ់ ហើយកកើតកូនចៅ នៅក្នុងក្រពេញនោះ ដែលបណ្តាលឲ្យរលាកក្រពេញទៅជាដុំពក (Pustule)។ ការកើតមុនដោយ P.acnes ទៅជារ៉ាំរ៉ៃដល់ចាស់អាចមកពី៖ • ចំពោះមនុស្សស្រី មុននេះកើតមានច្រើនលើអ្នកមានជំងឺ Polycystic ovarian ដែលជាជំងឺជំរុញឲ្យអ័រម៉ូនអង់ដ្រូហ្សែន​(Androgen) កើនឡើងពេញមួយជីវិត។ • ចំពោះមនុស្សប្រុស គាត់អាចមានក្រពេញសៀរ៉េណាល់ (Suprarenal glands)ធំជាងធម្មតា ដែលផលិតអ័រម៉ូនអង់ដ្រូហ្សែន (Androgen) ច្រើនហួស នាំឲ្យឡើងមុនធំៗរហូតដល់ចាស់។ កត្តាជំរុញ មានកត្តាមួយចំនួនដែលធ្វើឲ្យកើតមុន Pustule មានដូចជា៖ • បញ្ហាអ័រម៉ូន • កង្វះអនាម័យខ្លួនប្រាណ។ ការធ្វើរោគវិនិច្ឆ័យ មុន Pustule ត្រូវបានកំណត់ដោយគ្រាន់តែមើលនឹងភ្នែក​ នូវរូបរាងរបស់វាតែប៉ុណ្ណោះ ដោយមិនចាំបាច់ឆ្លងកាត់តេស្តណាមួយឡើយ។ ការព្យាបាល មុន Pustule អាចព្យាបាលបានដោយក្រែមលាបអង់ទីប៊ីយ៉ូទិក (Benzyl peroxide 5% ចំពោះផ្ទៃមុខ និង Benzyl peroxide 10% ចំពោះដងខ្លួន) ដែលជាថ្នាំជម្រើសទី១នៃការព្យាបាល។ ប៉ុន្តែ ការប្រើប្រាស់ក្រែមលាបនេះច្រើន ផ្តល់នូវផលរំខាន ដែលអ្នកកើតមុនមិនសូវជាអាចទទួលយកបាន ដូចជា រមាស់ ក្តៅ នៅនឹងកន្លែងលាប ដោយសារតែ ថ្នាំនេះមានលក្ខណៈសម្លាប់មេរោគផង និងមានលក្ខណៈជា Keratolyticផង។ ជម្រើសទី២ គឺការប្រើប្រាស់ថ្នាំសម្លាប់មេរោគប្រភេទលេបវិញ តែជួនកាល ក៏មានការប្រើប្រាស់ថ្នាំប្រភេទទាំងពីរ រួមបញ្ចូលគ្នា ក្នុងពេលតែមួយ តែម្តង។ ដោយសារមុនទាក់ទងទៅនឹងលក្ខខណ្ឌជីវសាស្ត្រទៅតាមវ័យរបស់មនុស្ស ការព្យាបាលក៏មិនប្រាកដថាអាចជាដាច់ទេ ព្រោះវាអាស្រ័យទៅនឹង បរិមាណអ័រម៉ូនអង់ដ្រូហ្សែន ដែលផលិតក្នុងខ្លួនបុគ្គលម្នាក់ៗ និងការអនាម័យខ្លួនផងដែរ។ វិធីបង្ការ ដើម្បីការពារការកកើតឡើងនូវមុន Pustule គឺត្រូវរក្សាអនាម័យខ្លួនប្រាណ ដោយសម្អាតខ្លួន៣ទៅ៤ដងក្នុងមួយថ្ងៃ។ ការកើតមុន  Pustule ជារឿងធម្មជាតិ ហើយវានឹងជាវិញដោយឯកឯង តែអ្នកកើតមុនវិញ បែរជាពិបាកនឹងទទួលយក ព្រោះវារំខានដល់ផ្លូវចិត្ត របស់ពួកគាត់ ពោលគឺធ្វើឲ្យមានភាពខ្មាស់អៀន និងបាត់បង់ទំនាក់ទំនងសង្គម។ ដូចនេះ ការព្យាបាលមុនគួរតែធ្វើ ដើម្បីការពារស្លាកស្នាមអចិន្ត្រៃយ៍ (មុខខ្មូត) និងចៀសវាងនូវការប៉ះទង្គិចផ្លូវចិត្តរបស់អ្នកកើតមុន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០០២ ការប្រជុំលើកដំបូងដែលមានការចូលរួមពីសំណាក់គ្រូពេទ្យឯកទេសផ្នែកឆ្អឹងបាក់បែកមកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យនរោត្តមសីហនុ មន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យកុមារជាតិ បានសម្រេចបង្កើតក្រុមប្រឹក្សាភិបាលសមាគមដែលមានសមាជិកចំនួន០៧រូប។ គោលបំណងនៃការបង្កើតសមាគមនេះ គឺដើម្បីចងសម្ព័ន្ធភាពជាមួយសមាគមបារាំង ( SOFCOT) ហើយទិសដៅនៃការចងសម្ព័ន្ធភាព គឺដើម្បីបម្រើផលប្រយោជន៍វិជ្ជាជីវៈ ពង្រីកចំណេះដឹង ទទួលបាននូវការឧបត្ថម្ភពីសមាគមសម្ព័ន្ធភាពជាអាទិ៍ ឯកសារ សម្ភារៈ និងអាហារូបករណ៍។ល។ គួរបញ្ជាក់ផងដែរថា សមាគមសល្យសាស្រ្តជំងឺឆ្អឹង និងបែកបាក់ ជាសមាគមបម្រើផ្នែកបច្ចេកទេសសុទ្ធសាធ ដោយមិនរកប្រាក់កម្រៃ។ គោលបំណងសំខាន់មួយទៀត គឺប្រមូលចងក្រងនូវក្រុមអ្នកបច្ចេកទេស ធ្វើការពិភាក្សា និងប្តូរយោបល់​ ដើម្បីភាពរីកចម្រើន។ ផលលំបាកនៅក្នុងដំណើរការសមាគម សម្រាប់ដំណើរការកន្លងមក ឧបសគ្គដែលបានសមាគមជួបប្រទះរួមមានដូចជា បញ្ហាកង្វះហិរញ្ញវត្ថុ ព្រោះតាំងពីដំបូងមក ការបង់ចូលសមាគម គឺត្រឹមតែ២០,០០០៛ (៥$) ក្នុងមួយឆ្នាំ។ បើទោះជាយើងមានដៃគូសមាគមក្រៅប្រទេសដែលបានជួយផ្នែកឯកសារ និងសម្ភារៈ ដូចជា ៖ សមាគម  ( SOFCOT) អង្គការ World Orthopaedic Concern UK ដែលកន្លងមកបានជួយឧបត្ថម្ភថ្លៃធ្វើដំណើររបស់គ្រូពេទ្យតាមបណ្តាខេត្តក្នុងការចូលរួមប្រជុំ អង្គការ Orthopaedic Out Reach Australia ដែលបានជួយសម្ភារៈ បរិក្ខារមួយចំនួនធំ ដល់បណ្តាមន្ទីរពេទ្យដែលមានសមាជិកសមាគមកំពុងបម្រើការ, Sign Nail Organization, AO Foundation,ដៃសម្ព័ន្ធនានាក្រៅប្រទេស និងក្រុមហ៊ុនឯកជននានា ឧបត្ថម្ភក្នុងការរៀបចំការបណ្តុះបណ្តាលនានា តែសមាគមនៅតែត្រូវការការចំណាយរដ្ឋបាលនានា ដែលតម្រូវឲ្យធ្វើការប្រើប្រាស់ប្រាក់បដិភាគចូលរួមរបស់សមាជិក ដែលនាំឲ្យប្រាក់បម្រុងសម្រាប់តម្កល់មានកម្រិតទាប។ សមិទ្ធផលរបស់សមាគម ទោះជាមានឧបសគ្គដូចដែលបានលើកឡើងខាងលើក៏ពិតមែន តែសមាគមនៅតែទទួលបានភាពជោគជ័យដ៏ធំធេងដូចខាងក្រោម៖ ក.  ចំនួនសមាជិកនៃសមាគម ៖ កាលពីដំបូង យើងមានចំនួនច្រើនជាងនេះ តែរយៈណពេល៥ឆ្នាំចុងក្រោយរហូតដល់២០១៦នេះ យើងមានសមាជិក៧៩នាក់ ដែល៩៩%ជាគ្រូពេទ្យឯកទេសផ្នែកជំងឺឆ្អឹងបាក់បែក និងគ្រាំគ្រា និងជំងឺឆ្អឹង។ ខណៈពេលដំបូងនោះ លោកគ្រូពេទ្យវះកាត់ជាច្រើនបានចូលក្នុងសមាគមនេះដែរ តែបន្តិចម្តងៗសមាគមបានធ្វើការកម្រិតសមាជិកមកនៅត្រឹមតែ៧៩នាក់ ដែលត្រូវធ្វើការផ្ទាល់លើការវះកាត់ឆ្អឹង និងចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលបន្ត។ សម្រាប់អស់លោកជាច្រើនដែលធ្វើផ្នែកវះកាត់ទូទៅ មានភារកិច្ចផ្នែកបណ្តុះបណ្តាលតាមផ្នែករបស់ពួកគាត់ ហេតុដូច្នេះហើយ លោកក៏សម្រេចឈប់។ ខ. យើងមានការបណ្តុះបណ្តាលសមត្ថភាពសមាជិកជាប្រចាំ តាមរយៈការបណ្តុះបណ្តាលទាំងក្រៅ និង ក្នុងប្រទេស។ បន្ថែមពីលើនេះផងដែរ យើងក៏មានការប្រជុំប្រចាំខែ ការប្រជុំប្រចាំត្រីមាសរបស់គណៈកម្មការសមាគម ​វគ្គបណ្តុះបណ្តាលខ្លីៗលើជំនាញឯកទេសបន្ថែម ការបញ្ជូនសមាជិកទៅធ្វើទស្សនកិច្ចសិក្សាក្នុង និងក្រៅប្រទេស ការជួយឧបត្ថម្ភទាំងសម្ភារៈ និងឯកសារ រួមទាំងការពិគ្រោះយោបល់ជាប្រចាំរវាងសមាជិក និងជួរគណៈកម្មការ កិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើន ដែលបានជួយទាំងបច្ចេកទេស និងសម្ភារៈលើជំនាញ និងតម្រូវការនៃការព្យាបាលឆ្អឹងបាក់បែក ។ល។ គ. ការទាក់ទាញបានម្ចាស់ជំនួយនានាដែលបានផ្តល់ជាសម្ភារៈ ម៉ាស៊ីនទំនើបៗ ជំនួយផ្នែក បច្ចេកទេស ក្នុងការព្យាបាលជំងឺឆ្អឹងបាក់បែក។ ឃ. ភាពម្ចាស់ការរបស់សមាគមក្នុងដំណើរការខ្លួនឯង ផ្នែកបច្ចេកទេស ង. បានដាក់ឲ្យមានដំណើរការចុះឈ្មោះសមាគមទៅក្រសួងមហាផ្ទៃ ច. មានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ ដោយសារយើងមានកិច្ចសហការល្អជាមួយនឹងដៃគូក្នុងស្រុក និងដៃគូអន្តជាតិ ទាំងក្នុងតំបន់អាស៊ាន និងសកលលោក។ ឆ. សមាគមមានរចនាសម្ព័ន្ធ និងគោលនយោបាយច្បាស់លាស់  ហើយបានដើរតួនាទីជាសេនាធិការឲ្យមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្នុងការបណ្តុះបណ្តាលបច្ចេកទេសលើការព្យាបាលជំងឺឆ្អឹងបាក់បែក និងគ្រាំគ្រា ក៏ដូចជាជំនួយផ្នែករដ្ឋបាលផងដែរ។ ថ្វីត្បិតថា ហិរញ្ញវត្ថុមានកម្រិតតិច តែសមាគមយើងធ្វើសកម្មភាពច្រើនផ្នែកបច្ចេកទេស ដោយយើងមានរៀបចំនូវសិក្ខាសាលា ដោយច្រើនធ្វើជាមួយដៃគូបរទេស។ ជាក់ស្តែង យើងមានកម្មវិធីជួបគ្នារាល់ថ្ងៃសុក្រនៃសប្តាហ៍ទី៣រៀងរាល់ខែនៅតាមមន្ទីរពេទ្យថ្នាក់ជាតិធំៗ ដូចជាមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកេតុមាលា មជ្ឈមណ្ឌលស្តាលទ្ធភាពពលកម្មកៀនឃ្លាំង និងមណ្ឌលនៃក្តីសង្ឈឹម ដោយមានការដាក់វេនគ្នាមួយខែម្តង។ លើសពីនេះទៅទៀត យើងក៏មានការអញ្ជើញចូលរួមពីសំណាក់គ្រូពេទ្យឯកទេសពីតាមខេត្តផងដែរ មិនតែត្រឹមប៉ុណ្ណោះ យើងក៏បានអញ្ចើញនិស្សិតសិក្សាឯកទេសវះកាត់ចូលរួម ដើម្បីធ្វើការរៀនសូត្រទៀតផង។ ត្រលប់មកលក្ខខណ្ឌចូលជាសមាជិកនៃសមាគមវិញ​ គឺរួមមានដូចខាងក្រោម ៖ · ជាគ្រូពេទ្យជាតិ ឬអន្តរជាតិដែលបានចុះបញ្ជីក្នុងគណៈគ្រូពេទ្យកម្ពុជា · ត្រូវបានណែនាំខ្លួនដោយសមាជិកសកម្មពីររូបរបស់សមាគម · ត្រូវចូលរួមរាល់ការបណ្តុះបណ្តាលបច្ចេកទេសបន្ត ជាចុងក្រោយនេះ សមាគមសល្យសាស្រ្តជំងឺឆ្អឹង និងបែកបាក់  ក៏សូមផ្តាំផ្ញើជូនដល់ជនរួមជាតិទាំងមូលដែលមានបញ្ហាឆ្អឹងបាក់បែក និងជំងឺឆ្អឹង សូមប្រញាប់រួសរាន់ទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ ដើម្បីកាត់បន្ថយពិការភាព ចំណេញពេលវេលា និងសុវត្ថិភាព ព្រោះថាក្នុងនាមជាគ្រូពេទ្យនៃសមាគមវះកាត់ឆ្អឹងយើងមានការខិតខំប្រឹងប្រែងពង្រឹងទាំងបច្ចេកទេស និងសម្ភារៈ ដើម្បីបម្រើជូនប្រជាជនកម្ពុជាយើងនូវផ្នែកសេវាកម្ម គុណភាព និងសុវត្ថិភាពដូចប្រទេសជិតខាងយើង និងអន្តរជាតិដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                               

ចែករំលែក

កុមារ គឺជាវ័យមួយដែលកំពុងតែមានការរីកលូតលាស់ ហើយក៏ជាវ័យដែលមាតាបិតាត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះបរិមាណនៃសារធាតុចិញ្ចឹម ដែលបុត្រធីតាតូចៗរបស់ពួកគាត់ត្រូវការផងដែរ។  មិនត្រឹមតែក្នុងបរិមាណដែលគ្រប់គ្រាន់ប៉ុណ្ណោះទេ គឺ ចាំបាច់ត្រូវតែជា សារធាតុចិញ្ចឹមដែលត្រឹមត្រូវ ដើម្បីឲ្យសារពាង្គកាយរបស់ពួកគេមានការរីកធំធាត់បានល្អ។ ហេតុដូច្នេះហើយ របបអាហារដែលកុមារបរិភោគប្រចាំថ្ងៃ ពិតជាមានសារសំខាន់ណាស់ និងជាអ្វីដែលមាតាបិតាមិនគួរមើលរំលង។ ខាងក្រោមនេះ គឺជាសារធាតុចិញ្ចឹមចម្បង ៣យ៉ាង ដែលកុមារត្រូវការជាចាំបាច់ប្រចាំថ្ងៃ៖ ជាតិដែក ជាតិដែក​ មាននាទីចូលរួមយ៉ាងសកម្មក្នុងការបង្កើតគោលិកាឈាមក្រហមដែលមានសុខភាពល្អ អាចដឹកនាំអុកស៊ីសែនទៅកាន់កោសិកានៅទូទាំងរាងកាយ។ វាពិតជាមានសារសំខាន់ក្នុងការបង្កើតអេម៉ូក្លូប៊ីន ដែលជាជាតិពណ៌ក្រហមនៅក្នុងឈាម និងមានតួនាទីក្នុងការដឹកនាំអុកស៊ីសែន ព្រមទាំងចូលរួម​ ក្នុងការវិវឌ្ឍរបស់ខួរក្បាលផងដែរ។ ដូចនេះហើយ បញ្ហាកង្វះជាតិដែកនឹងបណ្តាលឲ្យកើតជំងឺខ្វះឈាម  ប្រឈមនឹងអាការៈអស់កម្លាំង និងខ្សោយបញ្ញាទៀតផង។ គួរបញ្ជាក់ផងដែរថា សារធាតុចិញ្ចឹមដ៏សំខាន់មួយនេះសម្បូរនៅក្នុងសាច់ក្រហម និងថ្លើម  ដែលជាទូទៅបរិមាណដែលត្រូវការ គឺពី៧ទៅ១០មីលីក្រាមក្នុងមួយថ្ងៃ។ ជាតិស័ង្កសី ជាតិស័ង្កសីរួមចំណែកក្នុងការលូតលាស់ជាទូទៅ និងការវិវឌ្ឍនៃសរីរាង្គបន្តពូជ ការវិវឌ្ឍនៃប្រព័ន្ធភាពស៊ាំ និងការពារប្រឆាំងនឹងជំងឺផ្សេងៗ។ ប្រសិនបើ កុមារទទួលទានវាក្នុងបរិមាណមិនគ្រប់គ្រាន់ទេនោះ គឺអាចប្រឈមនឹងភាពខ្សោយការចងចាំ  សមត្ថភាពក្នុងការរៀន និងសមត្ថភាពក្នុងការប្រមូលអារម្មណ៍។ ម្យ៉ាងវិញទៀត ស័ង្កសីក៏ជួយក្នុងការលូតលាស់មិនពេញលេញ(ក្រិន) និងបញ្ហារាករូសធ្ងន់ធ្ងរនៃកុមារ ព្រមទាំងប្រឆាំងនឹងជំងឺដែលងាយកើតមានដូចជា ក្អក ផ្តាសាយ ជំងឺឆ្លងមេរោគត្រចៀក និងជំងឺដែលបង្កដោយប៉ារាសិត ដូចជាជំងឺគ្រុនចាញ់ផងដែរ។ វាក៏ដើរតួនាទីសំខាន់ក្នុងការព្យាបាលជំងឺផ្សេងទៀត ដូចជា អាការៈគ្រប់គ្រងស្ថានភាពខ្លួនឯងមិនបាន ហ៊ឹងត្រចៀក ជំងឺភ្នែក អេដស៍ ជំងឺហឺត ជំងឺទឹកនោមផ្អែម សម្ពាធឈាមឡើងខ្ពស់។ល។ សារធាតុចិញ្ចឹមមួយនេះ មាននៅក្នុងអាហារច្រើនប្រភេទ រួមមាន ៖ សាច់ក្រហម ពពួកសត្វខ្ចៅខ្យង ដំឡូង (ទុកទាំងសំបក) ពពួកសណ្តែក ពពួកសណ្តែកដី ផ្សិត គ្រាប់ធញ្ញជាតិ និង មួយចំណែកទៀតនៅក្នុងទឹកដោះ។ វីតាមីនចម្រុះ វីតាមីនមានច្រើនប្រភេទ​ ហើយមាននាទីខុសៗគ្នា ដែលចាំបាច់សម្រាប់រាងកាយ៖ • វីតាមីន A៖ ជួយឲ្យភ្នែកកុមារភ្លឺច្បាស់ ស្បែកមានសុខភាពល្អ និងការពារពីការបង្ករោគផ្សេងៗ ដែលវាសម្បូរនៅក្នុងបន្លែដូចជា ការ៉ុត ស៊ុតពណ៌លឿង និង ប្រេងត្រីជាដើម។ • វីតាមីន B៖ មានច្រើនប្រភេទដែលមានប្រភពពីអាហារខុសៗគ្នា ហើយវាជួយក្នុងការផលិត RNA និង DNA​ ផលិតគ្រាប់ឈាម ចូលរួមក្នុង មេតាបូលីសផ្សេងៗ ព្រមទាំងចូលរួមក្នុងការផលិតគ្រាប់ឈាមថែមទៀតផង។ • វីតាមីន C៖ មានសារប្រយោជន៍ក្នុងការប្រឆាំងទៅនឹងជំងឺផ្ដាសាយ ដោយធ្វើឲ្យកោសិការបស់សរសៃឈាមរឹងមាំ ជួយឲ្យដំបៅឆាប់ជា ព្រមទាំង ធ្វើឲ្យឆ្អឹង និងធ្មេញរឹងមាំ។ វាសម្បូរនៅក្នុងផ្លែឈើដូចជា ប៉េងប៉ោះ ក្រូច និង ស្វាយជាដើម។ • វីតាមីន D៖  ជួយឲ្យរាងកាយស្រូបជាតិរ៉ែដូចជា កាល់ស្យូមសម្រាប់ទ្រទ្រង់ឲ្យឆ្អឹង និងធ្មេញរឹងមាំ និងមានមុខងារ  ដូចជាអ័រម៉ូនដែលជួយសម្រួល ប្រព័ន្ធភាពស៊ាំរាងកាយ ការផលិតអ័រម៉ូនអាំងស៊ុយលីន និងការលូតលាស់របស់កោសិកា។ ជាទូទៅ រាងកាយអាចផលិតវាបាននៅពេលដែលស្បែកត្រូវពន្លឺថ្ងៃ។ • វីតាមីន E៖ ជួយបង្កើនប្រព័ន្ធភាពស៊ាំរាងកាយ  និងជួយឲ្យរាងកាយប្រឆាំងទប់ទល់ទៅនឹងមេរោគ។ វារក្សាការបើកធំរបស់សរសៃឈាម ដែលជួយឲ្យឈាមមានលំហូរងាយស្រួល។ យ៉ាងណាមិញ ក្នុងករណីដែលបុត្រធីតារបស់លោកអ្នកមានបញ្ហាលំបាកក្នុងការទទួលទាន នូវប្រភេទអាហារដែលជាប្រភពនៃសារធាតុចិញ្ចឹមចម្បង ៣ខាងលើ លោកអ្នកក៏អាចផ្តល់ឲ្យពួកគេនូវអាហារបំប៉នដែលមានផ្ទុកនូវអាហារូបត្ថម្ភទាំងនោះផងដែរ។ ហេតុនេះ បញ្ហារើសអាហាររបស់កូន នឹងលែងជាកង្វល់ របស់មាតាបិតាទៀតហើយ។ ដើម្បីរក្សាការរីកលូតលាស់នៃរាងកាយរបស់កូនអ្នក សូមធ្វើការជ្រើសរើសប្រភេទអាហារបំប៉នដែលស័ក្តិសម និងមានគុណប្រយោជន៍ សម្រាប់ពួកគេបំផុត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

កុមារ គឺជាវ័យមួយដែលកំពុងតែមានការរីកលូតលាស់ ហើយក៏ជាវ័យដែលមាតាបិតាត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះបរិមាណនៃសារធាតុចិញ្ចឹម ដែលបុត្រធីតាតូចៗរបស់ពួកគាត់ត្រូវការផងដែរ។  មិនត្រឹមតែក្នុងបរិមាណដែលគ្រប់គ្រាន់ប៉ុណ្ណោះទេ គឺ ចាំបាច់ត្រូវតែជា សារធាតុចិញ្ចឹមដែលត្រឹមត្រូវ ដើម្បីឲ្យសារពាង្គកាយរបស់ពួកគេមានការរីកធំធាត់បានល្អ។ ហេតុដូច្នេះហើយ របបអាហារដែលកុមារបរិភោគប្រចាំថ្ងៃ ពិតជាមានសារសំខាន់ណាស់ និងជាអ្វីដែលមាតាបិតាមិនគួរមើលរំលង។ ខាងក្រោមនេះ គឺជាសារធាតុចិញ្ចឹមចម្បង ៣យ៉ាង ដែលកុមារត្រូវការជាចាំបាច់ប្រចាំថ្ងៃ៖ ជាតិដែក ជាតិដែក​ មាននាទីចូលរួមយ៉ាងសកម្មក្នុងការបង្កើតគោលិកាឈាមក្រហមដែលមានសុខភាពល្អ អាចដឹកនាំអុកស៊ីសែនទៅកាន់កោសិកានៅទូទាំងរាងកាយ។ វាពិតជាមានសារសំខាន់ក្នុងការបង្កើតអេម៉ូក្លូប៊ីន ដែលជាជាតិពណ៌ក្រហមនៅក្នុងឈាម និងមានតួនាទីក្នុងការដឹកនាំអុកស៊ីសែន ព្រមទាំងចូលរួម​ ក្នុងការវិវឌ្ឍរបស់ខួរក្បាលផងដែរ។ ដូចនេះហើយ បញ្ហាកង្វះជាតិដែកនឹងបណ្តាលឲ្យកើតជំងឺខ្វះឈាម  ប្រឈមនឹងអាការៈអស់កម្លាំង និងខ្សោយបញ្ញាទៀតផង។ គួរបញ្ជាក់ផងដែរថា សារធាតុចិញ្ចឹមដ៏សំខាន់មួយនេះសម្បូរនៅក្នុងសាច់ក្រហម និងថ្លើម  ដែលជាទូទៅបរិមាណដែលត្រូវការ គឺពី៧ទៅ១០មីលីក្រាមក្នុងមួយថ្ងៃ។ ជាតិស័ង្កសី ជាតិស័ង្កសីរួមចំណែកក្នុងការលូតលាស់ជាទូទៅ និងការវិវឌ្ឍនៃសរីរាង្គបន្តពូជ ការវិវឌ្ឍនៃប្រព័ន្ធភាពស៊ាំ និងការពារប្រឆាំងនឹងជំងឺផ្សេងៗ។ ប្រសិនបើ កុមារទទួលទានវាក្នុងបរិមាណមិនគ្រប់គ្រាន់ទេនោះ គឺអាចប្រឈមនឹងភាពខ្សោយការចងចាំ  សមត្ថភាពក្នុងការរៀន និងសមត្ថភាពក្នុងការប្រមូលអារម្មណ៍។ ម្យ៉ាងវិញទៀត ស័ង្កសីក៏ជួយក្នុងការលូតលាស់មិនពេញលេញ(ក្រិន) និងបញ្ហារាករូសធ្ងន់ធ្ងរនៃកុមារ ព្រមទាំងប្រឆាំងនឹងជំងឺដែលងាយកើតមានដូចជា ក្អក ផ្តាសាយ ជំងឺឆ្លងមេរោគត្រចៀក និងជំងឺដែលបង្កដោយប៉ារាសិត ដូចជាជំងឺគ្រុនចាញ់ផងដែរ។ វាក៏ដើរតួនាទីសំខាន់ក្នុងការព្យាបាលជំងឺផ្សេងទៀត ដូចជា អាការៈគ្រប់គ្រងស្ថានភាពខ្លួនឯងមិនបាន ហ៊ឹងត្រចៀក ជំងឺភ្នែក អេដស៍ ជំងឺហឺត ជំងឺទឹកនោមផ្អែម សម្ពាធឈាមឡើងខ្ពស់។ល។ សារធាតុចិញ្ចឹមមួយនេះ មាននៅក្នុងអាហារច្រើនប្រភេទ រួមមាន ៖ សាច់ក្រហម ពពួកសត្វខ្ចៅខ្យង ដំឡូង (ទុកទាំងសំបក) ពពួកសណ្តែក ពពួកសណ្តែកដី ផ្សិត គ្រាប់ធញ្ញជាតិ និង មួយចំណែកទៀតនៅក្នុងទឹកដោះ។ វីតាមីនចម្រុះ វីតាមីនមានច្រើនប្រភេទ​ ហើយមាននាទីខុសៗគ្នា ដែលចាំបាច់សម្រាប់រាងកាយ៖ • វីតាមីន A៖ ជួយឲ្យភ្នែកកុមារភ្លឺច្បាស់ ស្បែកមានសុខភាពល្អ និងការពារពីការបង្ករោគផ្សេងៗ ដែលវាសម្បូរនៅក្នុងបន្លែដូចជា ការ៉ុត ស៊ុតពណ៌លឿង និង ប្រេងត្រីជាដើម។ • វីតាមីន B៖ មានច្រើនប្រភេទដែលមានប្រភពពីអាហារខុសៗគ្នា ហើយវាជួយក្នុងការផលិត RNA និង DNA​ ផលិតគ្រាប់ឈាម ចូលរួមក្នុង មេតាបូលីសផ្សេងៗ ព្រមទាំងចូលរួមក្នុងការផលិតគ្រាប់ឈាមថែមទៀតផង។ • វីតាមីន C៖ មានសារប្រយោជន៍ក្នុងការប្រឆាំងទៅនឹងជំងឺផ្ដាសាយ ដោយធ្វើឲ្យកោសិការបស់សរសៃឈាមរឹងមាំ ជួយឲ្យដំបៅឆាប់ជា ព្រមទាំង ធ្វើឲ្យឆ្អឹង និងធ្មេញរឹងមាំ។ វាសម្បូរនៅក្នុងផ្លែឈើដូចជា ប៉េងប៉ោះ ក្រូច និង ស្វាយជាដើម។ • វីតាមីន D៖  ជួយឲ្យរាងកាយស្រូបជាតិរ៉ែដូចជា កាល់ស្យូមសម្រាប់ទ្រទ្រង់ឲ្យឆ្អឹង និងធ្មេញរឹងមាំ និងមានមុខងារ  ដូចជាអ័រម៉ូនដែលជួយសម្រួល ប្រព័ន្ធភាពស៊ាំរាងកាយ ការផលិតអ័រម៉ូនអាំងស៊ុយលីន និងការលូតលាស់របស់កោសិកា។ ជាទូទៅ រាងកាយអាចផលិតវាបាននៅពេលដែលស្បែកត្រូវពន្លឺថ្ងៃ។ • វីតាមីន E៖ ជួយបង្កើនប្រព័ន្ធភាពស៊ាំរាងកាយ  និងជួយឲ្យរាងកាយប្រឆាំងទប់ទល់ទៅនឹងមេរោគ។ វារក្សាការបើកធំរបស់សរសៃឈាម ដែលជួយឲ្យឈាមមានលំហូរងាយស្រួល។ យ៉ាងណាមិញ ក្នុងករណីដែលបុត្រធីតារបស់លោកអ្នកមានបញ្ហាលំបាកក្នុងការទទួលទាន នូវប្រភេទអាហារដែលជាប្រភពនៃសារធាតុចិញ្ចឹមចម្បង ៣ខាងលើ លោកអ្នកក៏អាចផ្តល់ឲ្យពួកគេនូវអាហារបំប៉នដែលមានផ្ទុកនូវអាហារូបត្ថម្ភទាំងនោះផងដែរ។ ហេតុនេះ បញ្ហារើសអាហាររបស់កូន នឹងលែងជាកង្វល់ របស់មាតាបិតាទៀតហើយ។ ដើម្បីរក្សាការរីកលូតលាស់នៃរាងកាយរបស់កូនអ្នក សូមធ្វើការជ្រើសរើសប្រភេទអាហារបំប៉នដែលស័ក្តិសម និងមានគុណប្រយោជន៍ សម្រាប់ពួកគេបំផុត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

សង្ខេបពីកាយវិភាគវិទ្យារបស់សួត សួត ជាសរីរាង្គស្ថិតនៅក្នុងប្រអប់ទ្រូង ត្រូវបានរុំព័ទ្ធដោយឆ្អឹងជំនី ហើយមាន ២គឺ សួតស្តាំ និងសួតឆ្វេង ដែលសួតខាងឆ្វេងមាន២ក្លែប រីឯសួតខាងស្តាំមាន៣ក្លែប។ សួតនីមួយៗមានបែងចែកចេញជា ១០អង្កត់បន្តទៀត។ សួតមានតួនាទីសម្រាប់ផ្លាស់ប្តូរខ្យល់អុកស៊ីសែនពីមជ្ឈដ្ឋានខាងក្រៅមកក្នុងខ្លួន ហើយបញ្ចេញជាតិពុលពីក្នុងខ្លួនមកក្រៅវិញដូចជា ឧស្ម័នកាបូនិក ឬសារធាតុមួយចំនួនតាមរយៈការដកដង្ហើមចេញ។ និយមន័យជំងឺរលាកទងសួត ទងសួត ជាសរីរាង្គតភ្ជាប់ពីផ្លូវដង្ហើមផ្នែកខាងលើ ចូលទៅក្នុងសាច់សួតដើម្បីដោះដូរខ្យល់ ហើយទងសួតមាននាទីដឹកនាំឧស្ម័នចេញចូលសួត។ ដូចនេះ ការរលាកទងសួត គឺជាការរលាកនៅនឹងទងសួត ដែលអាចធ្វើឲ្យបាត់បង់មុខងាររបស់ទងសួត។ រោគសញ្ញា កាលណាទងសួតរលាក វាអាចឡើងហើម រួមជាមួយស្លេស្មកើនឡើង ដែលនឹងធ្វើឲ្យបំពង់ខ្យល់ឆ្លងកាត់ កាន់តែរួមតូចជាងធម្មតាបណ្តាលឲ្យពិបាកក្នុងការដកដង្ហើម រហូតដល់ថប់ដង្ហើមក្នុងករណីខ្លះ។ សញ្ញាខុសប្រក្រតីនៃជំងឺរលាកទងសួតមានដូចជា  ឈឺទ្រូងហត់ ក្តៅខ្លួន ក្អក ហៀរសំបោរ។ មូលហេតុ និងកត្តាប្រឈម មូលហេតុនៃជំងឺរលាកទងសួតដែលគេជួបញឹកញាប់មានដូចជា៖ • បរិយាកាស៖ ដោយសារបម្រែបម្រួលអាកាសធាតុ ឬអាល្លែកហ្ស៊ីជាមួយសារធាតុក្នុងបរិយាកាស • ពួកវីរុស • ពពួកបាក់តេរី។ កត្តាដែលធ្វើឲ្យប្រឈមនឹងជំងឺរលាកទងសួតមានដូចជា៖ •​ កត្តាអាយុ៖ ក្មេង និងមនុស្សចាស់ • កត្តាជំងឺផ្សេងៗ ដូចជា ជំងឺខ្សោយផ្លូវដង្ហើម ជំងឺបេះដូង ជំងឺទឹកនោមផ្អែម។ រោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យនៃជំងឺរលាកទងសួត ត្រូវពឹងផ្អែកលើរោគសញ្ញាគ្លីនិករបស់អ្នកជំងឺដូចជា៖ • ហត់ភ្លាមៗដោយសារទងសួតហើម និងរួមតូច • ករណីរលាកដោយសារមេរោគ មានសញ្ញា ក្តៅខ្លួន ហៀរសំបោរ ក្អក ហើយចំពោះកុមារពេលដកដង្ហើមអាចមានសំឡេងដែលអាចស្តាប់បានដោយត្រចៀកផ្ទាល់ ឬត្រូវប្រើឧបករណ៍Stethoscope។ ចំពោះអ្នកដែលមានបញ្ហាហឺត អ្នកជក់បារី ហើយក្រិនទងសួត ត្រូវពិនិត្យមុខងាររបស់សួត ហៅថា spirometry ដើម្បីរកមើលទំហំទងសួត និងកម្រិតនៃការត្បៀតរបស់វា។ ករណីសង្ស័យថាបង្កដោយមេរោគ តេស្ត Bronchoscopy ត្រូវបានធ្វើតាមរយៈការស៊កទុយយោចូលក្នុងទងសួត ដើម្បីមើលសភាពជញ្ជាំងរបស់ទងសួត និងយកសំណាកក្នុងនោះមកពិនិត្យ។ ការព្យាបាល និងដំបូន្មាន គោលបំណងក្នុងការព្យាបាលមាន ២សំខាន់៖ • ព្យាបាលរោគសញ្ញា គឺកាត់បន្ថយអាការៈហត់។ • ព្យាបាលមូលហេតុ ៖ ករណីរលាកទងសួត ដោយអាល្លែកហ្ស៊ី គេប្រើថ្នាំបំបាត់អាល្លែកហ្ស៊ី ឯករណីរលាកទងសួតដោយមេរោគ គេប្រើថ្នាំសម្លាប់មេរោគ។ ករណីរលាកទងសួតដោយសារអាល្លែកហ្ស៊ី អ្នកជំងឺត្រូវបានណែនាំ៖ • ទម្លាប់ពាក់ម៉ាសពេលចេញក្រៅ • ចៀសវាងទៅកន្លែងដែលមានបរិយាកាសមិនល្អ • ចៀសវាងផឹកទឹកកក ទឹកត្រជាក់ • ចៀសវាងបរិភោគអាហារហិរ • ត្រូវត្រឡប់មកជួបគ្រូពេទ្យវិញក្រោយព្យាបាលជា ១ទៅ៣ខែ។ ករណីរលាកដោយសារមេរោគ  អ្នកជំងឺត្រូវបានណែនាំឲ្យ៖ • ពាក់ម៉ាស់ ដើម្បីការពារការឆ្លងមេរោគទៅអ្នកដទៃ រីឯសមាជិកគ្រួសារ ឫអ្នកថែរក្សាអ្នកជំងឺគួរពាក់ម៉ាស់ដើម្បីការពារការឆ្លង។ • ចៀសវាងពីអ្នកដែលមានជំងឺនេះ   ដើម្បីការពារការឆ្លងមេរោគឡើងវិញ។ ផលវិបាក ករណីមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ ទងសួតអាចវិវឌ្ឍទៅរកភាពក្រិននៅពេលចាស់។ ការការពារ ដើម្បីការពារជំងឺរលាកទងសួត  គួរមានវិធានការដូចខាងក្រោម៖ 1 គួរពាក់ម៉ាស់នៅរាល់ពេលដែលប្រឈមជាមួយបរិយាកាសមិនល្អ ឬការដូរអាកាសធាតុ 2 ពាក់ម៉ាស់នៅរាល់ពេលជួបប្រាស្រ័យជាមួយអ្នកជំងឺរលាកផ្លូវដង្ហើម។ 3 បញ្ឈប់ការជក់បារី។ បកស្រាយដោយ​៖ លោកវេជ្ជបណ្ឌិត  នី ចន្ទី  ប្រធានផ្នែកជំងឺសួតនៃមន្ទីរពេទ្យព្រះកុសុ​មៈ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើអ្វីទៅជាអាហារូបត្ថម្ភ និងមានប៉ុន្មានកម្រិត? អាហារូបត្ថម្ភគឺជាសារជាតិចិញ្ចឹម (nutrients) មានក្នុងអាហារដែលយើងបរិភោគរាល់ថ្ងៃ រួមទាំងភេសជ្ជៈផងដែរ ដើម្បីទ្រទ្រង់រាងកាយ​ និងសុខភាពរបស់មនុស្សយើង។ បរិមាណសារជាតិចិញ្ចឹមមានតិចឬច្រើនអាស្រ័យលើប្រភេទអាហារនីមួយៗ។ ដើម្បីបឺតស្រូបយកសារជាតិចិញ្ចឹមសម្រាប់ប្រើប្រាស់បានដោយរាងកាយ អាហារ​ ឬភេសជ្ជៈត្រូវឆ្លងកាត់បីដំណាក់កាលគឺ៖ ១.  អាហារឬភេសជ្ជៈត្រូវបានហូបចូល។ ២. រាងកាយបំបែកអាហារឬភេសជ្ជៈទៅជាសារជាតិចិញ្ចឹម។ ៣.  ​សារជាតិចិញ្ចឹមធ្វើដំណើរតាមចរន្តឈាមចូលទៅផ្នែកផ្សេងៗនៃរាងកាយដើម្បីប្រើប្រាស់តាមតម្រូវការ។   សារជាតិចិញ្ចឹមក្នុងបរិបទអាហារូបត្ថម្ភចែកជាពីរ គឺ៖   • ម៉ាក្រូសារជាតិ (macronutrient)៖ ជាប្រភេទសារជាតិចិញ្ចឹមដែលរាងកាយយើងត្រូវការក្នុងបរិមាណច្រើនមានដូចជា៖ -​ កាបូហាយដ្រេត (ជាតិម្សៅ)៖ មានប្រភពពីបាយ ឬនំបុ័ងជាដើម។ មុខងាររបស់កាបូហាយ ដ្រេត គឺផ្តល់ថាមពល។ - ប្រូតេអ៊ីន (សាច់)៖ មានប្រភពពីសាច់មាន់ត្រី ឬសាច់គោជាដើម។ ប្រូតេអ៊ីនជួយសាងសង់ ជួសជុល និងថែរក្សាកោសិកា និងជាលិការបស់រាងកាយ ដូចជាសាច់ដុំ ស្បែក សរីរាង្គ ឈាម និងឆ្អឹង។ - លីពីត (ខ្លាញ់)៖ មានប្រភពពីខ្លាញ់មាន់ ទា ឬប្រេងសណ្តែក ប្រេងបន្លែជាដើម។ ខ្លាញ់ជួយឲ្យរាងកាយបឺតស្រូបប្រូតេអ៊ីន និងកាបូហាយដ្រេតកាន់តែមានប្រសិទ្ធភាព។ • មីក្រូសារជាតិ (micronutrient)៖ ជាប្រភេទសារជាតិចិញ្ចឹមដែលរាងកាយយើងត្រូវការក្នុងបរិមាណតិចមានដូចជាពួកជាតិរ៉ែខនិជ និងវីតាមីន។  ជាតិរ៉ែខនិជ ចែកជាពីរគឺ ម៉ាក្រូរ៉ែ និងមីក្រូរ៉ែ។ ម៉ាក្រូរ៉ែ គឺជារ៉ែដែលរាងកាយយើងត្រូវការក្នុងបរិមាណច្រើនជាងមីក្រូរ៉ែ គឺច្រើនជាង២៥០មីលីក្រាមជារៀងរាល់ថ្ងៃសម្រាប់មនុស្សម្នាក់។ ម៉ាក្រូរ៉ែមានដូចជា៖ កាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ សូដ្យូម ស៊ុលផាត ម៉ាញេស្យូម និងក្លរ។ មីក្រូរ៉ែគឺជារ៉ែ ដែលរាងកាយយើងត្រូវការក្នុងបរិមាណតិច គឺតិចជាង២០មីលីក្រាមជារៀងរាល់ថ្ងៃសម្រាប់មនុស្សម្នាក់។មីក្រូរ៉ែមានដូចជា៖ ជាតិដែក អ៊ីយ៉ូត ទង់ដែង ស័ង្កសី សេលីញូម កុបព័រ ម៉ូលីដែន ម៉ង់កាណែស បារុន ក្រូម នីកែល​ និង ភ្លុយអរ។ ចំពោះ វីតាមីនវិញមានពីរប្រភេទគឺ វីតាមីនរលាយក្នុង ទឹកនិងវីតាមីនរលាយក្នុងខ្លាញ់។ វីតាមីនរលាយក្នុងទឹកមានដូចជា៖ វីតាមីន B1, B2, B6, B12, អាស៊ីតហ្វូលីក អាស៊ីតប៉ង់តានិច វីតាមីន C។ វីតាមីនរលាយក្នុងខ្លាញ់មានដូចជា៖ វីតាមីន A, D, E, និង K។   តើកុមារត្រូវការអាហារូបត្ថម្ភច្រើនជាងមនុស្សធំឬយ៉ាងណា? ហេតុអ្វី? ជាធម្មតាក្មេងត្រូវការអាហារូបត្ថម្ភក្នុងបរិបទជាសារជាតិចិញ្ចឹមតិចជាងមនុស្សពេញវ័យ។ ឧទាហរណ៍ ដូចជាតម្រូវការថាមពល គឺអាស្រ័យលើអាយុ ភេទ និងសកម្មភាពប្រចាំថ្ងៃ។ ឧទាហរណ៍ កុមារភេទប្រុសអាយុក្រោម១ខែត្រូវការថាមពលចំនួន៥១៨កាឡូរី ចំណែកកុមារភេទស្រី អាយុដូចគ្នាត្រូវការថាមពលតែចំនួន ៤៦៤កាឡូរី។ ក្មេងប្រុសអាយុពី ១ ដល់២ឆ្នាំ ត្រូវការថាមពល ៩៤៨កាឡូរី។ ចំណែកក្មេងស្រីអាយុដូចគ្នាត្រូវការថាមពលតែចំនួន ៨៦៥កាឡូរី។ មនុស្សប្រុសពេញវ័យអាយុពី ១៧ ដល់១៨ឆ្នាំ ត្រូវការថាមពល ៣,៤១០កាឡូរី។ មនុស្សស្រីពេញវ័យអាយុពី ១៧ ដល់១៨ឆ្នាំ ត្រូវការថាមពល ២,៥០៣កាឡូរី។ តើកុមារត្រូវការអាហារបែបណា? តម្រូវការរបស់កុមារបែងចែកទៅតាមអាយុ៖ • កុមារអាយុពី ០ខែ ទៅ៦ខែ៖ ការបំបៅកូនដោយទឹកដោះម្តាយ ជួយឲ្យកុមារទទួលបានការចាប់ផ្តើមជីវិតដំបូងដ៏ល្អបំផុត។ ទឹកដោះម្តាយជាឱសថទិព្វ និងជាអាហារចម្បងតែមួយគត់ ដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់កុមារអាយុពី ០ខែ ទៅ៦ខែ។ • ក្មេងអាយុពី ៦ខែ ទៅ២៤ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយរួមជាមួយការចាប់ផ្តើមអាហារបន្ថែម គឺផ្តល់អាហារដែលមាន អាហារូបត្ថម្ភគ្រប់គ្រាន់ មានសុវត្ថិភាពតាមអាយុសមស្របរបស់ទារក និងកុមារ។ អាហារបន្ថែមនោះគួរជាប្រភេទអាហារចម្រុះពីប្រភេទអាហារសំខាន់ៗទាំង ៣ក្រុម។ អាហារទាំង៣ក្រុមនេះរួមមានដូចជា៖ •​​ អាហារថាមពល៖​ មានប្រភពពី បាយ ដំឡូង ពោត ខ្លាញ់ដែលអាចផ្តល់ថាមពលដល់កុមារ។ • អាហារសាងសង់៖ មានប្រភពពីសាច់មាន់ ទា ត្រី សាច់ជ្រូក សាច់គោជាដើម ដែលជួយសាង-សង់រាងកាយកុមារឲ្យបានធំធាត់។ • អាហារការពារ៖ មានប្រភពពីបន្លែ ផ្លែឈើ ដែលសម្បូរសារជាតិរ៉ែខនិជ និងពួកវីតាមីនដែលអាចជួយកុមារឲ្យប្រឆាំងនឹងជំងឺផ្សេងៗ។ តើត្រូវផ្តល់អាហារឲ្យកុមារតាមរបៀបណាខ្លះដើម្បីឲ្យពួកគាត់លូតលាស់ និងមានសុខភាពល្អ?  ដើម្បីឲ្យក្មេងមានការលូតលាស់ល្អ ចាំបាច់ណាស់ត្រូវផ្តល់អាហារដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ មានសុវត្ថិភាពតាមអាយុសមស្របរបស់ទារក និងកុមារទៀងទាត់ពេលវេលា និងមានការយកចិត្តទុកដាក់។ • ក្មេងក្រោមអាយុ ៦ខែ៖ បំបៅទឹកដោះម្តាយតែមួយគត់ និងបំបៅតាមតែពួកគេចង់បៅ។ • ក្មេងអាយុ ៦ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយនិងផ្តល់អាហារបន្ថែម ២ដង ក្នុងមួយថ្ងៃ (២ ទៅ ៣ស្លាបព្រាបាយម្តង) • ក្មេងអាយុ ៧ ទៅ ៨ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយនិងផ្តល់អាហារបន្ថែម ៣ដងក្នុងមួយថ្ងៃ (កន្លះចានចង្កឹះម្តង) • ក្មេងអាយុ ៩ ទៅ ១១ខែ៖ បន្តបំបៅកូនដោយ ទឹកដោះម្តាយនិងផ្តល់អាហារបន្ថែម ៣ដងក្នុងមួយថ្ងៃ (កាច ឬជាងកន្លះចានចង្កឹះម្តង) ជាមួយអាហារក្រៅពេលម្តងក្នុងមួយថ្ងៃ     • ក្មេងចាប់ពីអាយុ ១២-២៤ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយ និងផ្តល់អាហារបន្ថែម ៣ដងក្នុងមួយថ្ងៃ (មួយចានចង្កឹះពេញ) ជាមួយអាហារក្រៅពេលពីរដងក្នុងមួយថ្ងៃ។ បកស្រាយដោយ ៖ លោក ហ៊ូ ក្រើន នាយករង ហេឡែនខេលល័រអន្តរជាតិ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។    

ចែករំលែក

ការរស់នៅប្រចាំថ្ងៃ អ្នកក៏គង់មិនអាចចៀសផុតពីការប៉ះទង្គិច ឬគ្រោះថ្នាក់តូចតាច ដែលទាមទារឲ្យអ្នកយ៉ាងហោចណាស់ដឹងពីវិធីសាស្រ្តសង្គ្រោះបន្ទាន់ខ្លះៗ។ វិធីសង្គ្រោះបឋមទាំងនោះ ពិតជាសំខាន់សម្រាប់ជាជំនួយភ្លាមៗក្នុងកំឡុងពេលរង់ចាំរថយន្តសង្គ្រោះបន្ទាន់ ឬនៅពេលដែលមិនមានវត្តមានអ្នកជំនាញនៅជិតខ្លួន។ យ៉ាងណាមិញ តើអ្នកច្បាស់ទេថាអ្វីដែលអ្នកធ្លាប់បានអនុវត្តកន្លងមកនោះពិតជាត្រឹមត្រូវ ឬយ៉ាងណា? ៩ ចំណុចខាងក្រោមសុទ្ធសឹងតែជាកំហុស ដែលត្រូវបានប្រព្រឹត្តិជាញឹកញាប់ ដែលអ្នកអាចនឹងស្វែងយល់ថាជាកំហុសអ្វីខ្លះ? ហើយអ្នកគួរអនុវត្តបែបណា ដើម្បីកែប្រែទម្លាប់ខុសទាំងនោះ?  ១. ព្យាបាលរបួសដោយ hydrogen peroxide, iodine និងអាល់កុល? វិធីសាស្រ្តនេះគឺមិនត្រឹមតែមិនអាចជួយអ្នកបាននោះទេវាថែមទាំងអាចបណ្តាលឲ្យបំផ្លាញកោសិកាល្អៗដែលនៅជិតរបួសអ្នក ក៏ដូចជាផ្តល់ការឈឺចាប់ ការរលាកដល់របួសអ្នកកាន់តែធ្ងន់ធ្ងរទៀតផង។ ចៀសវាងព្យាបាលដោយសារធាតុខាងលើ អ្នកគួរលាងសម្អាតរបូសរបស់អ្នកដោយទឹកសុទ្ធ ឬទឹកឆ្អិន រួចលាបជាមួយពពួកប៉ូម៉ាតដែលមានសារធាតុថ្នាំផ្សះ (Ointment) ហើយអ្នកអាចបិទបង់ (bandage) បន្ថែមតែនៅក្នុងករណីដែលចាំបាច់តែប៉ុណ្ណោះ ពីព្រោះរបូសរបស់អ្នកអាចនឹងមានសំណើមច្រើន ពិបាកក្នុងការជាសះស្បើយ។  ២. ចលនាសង្កត់បេះដូង? ចលនានេះអាចចូលរួមចំណែកខូចខាតដល់ឆ្អឹងជំនី ដែលបណ្តាលឲ្យប៉ះពាល់ដល់សួត និងបេះដូង ប្រសិនអ្នកមិនច្បាស់ពីការអនុវត្តឲ្យបានត្រឹមត្រូវ។ ចលនាសង្កត់បេះដូង អាចធ្វើទៅបានលុះត្រាតែអ្នកច្បាស់ថាជនរងគ្រោះពុំមានដង្ហើមដកទាល់តែសោះ ហើយចង្វាក់នៃការសង្កត់គឺ ១០០ដងក្នុងមួយនាទីចំណែកករណីទារកអ្នកត្រូវសង្កត់ដោយប្រើតែកម្លាំងម្រាមដែតែប៉ុណ្ណោះ។  ៣. Paracetamol អាចបណ្តាលឲ្យមានបញ្ហាថ្លើម? ថ្នាំ ប៉ារ៉ាសេតាម៉ុល ត្រូវបានគេប្រើប្រាស់យ៉ាងមានប្រជាប្រិយភាពសម្រាប់បំបាត់អាការៈឈឺចាប់ និងឡើងកម្តៅ ប៉ុន្តែប្រសិនអ្នកប្រើប្រាស់ច្រើនលើសកម្រិតនោះ វាអាចបណ្តាលឲ្យថ្លើម និងតម្រងនោមមានការចុះខ្សោយ។ អ្នកត្រូវចាប់អារម្មណ៍ និងវាស់កម្រិតថ្នាំដែលអ្នកនឹងត្រូវប្រើប្រាស់ ដោយកម្រិតធំបំផុតសម្រាប់មនុស្សពេញវ័យគឺ ៤ ក្រាម ក្នុងមួយថ្ងៃ។  ៤. កុំងើយឡើងលើ ពេលឈាមច្រមុះ? ការងើយឡើងលើពេលឈាមច្រមុះ មើលទៅហាក់ដូចជាវិធីមួយត្រឹមត្រូវ ដែលតែងតែត្រូវបានគេអនុវត្តជារឿយៗ ប៉ុន្តែតាមពិតវាជាកំហុសឆ្គងមួយ ដោយហេតុថាការអនុវត្តបែបនេះ អាចធ្វើឲ្យសម្ពាធឈាមនៅក្នុងខួរក្បាលរបស់អ្នកកាន់តែអាចកើនឡើង បណ្តាលឲ្យឈាមអាចចូលទៅក្នុងសួត ឬអាចបណ្តាលឲ្យក្អួត។ យកល្អអ្នកគួររក្សាលំនឹងក្បាលរបស់អ្នកឲ្យត្រង់ រួចធ្វើការស្អំច្រមុះរបស់អ្នកជាមួយដុំទឹកកក ហើយប្រើម្រាមដៃទប់លំហូរឈាមនោះ ក្នុងរយៈពេល ១៥នាទី។     ៥. ការទាញជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍? ភាគច្រើននៃការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះតែងតែប៉ះទង្គិចនៅត្រង់ក និងឆ្អឹងខ្នង ចំណែកការសង្គ្រោះភ្លាមៗដោយការលើក ឬផ្លាស់ប្តូរទីតាំងរបស់ជនរងគ្រោះ ដែលជាការបង្ហាញពីទឹកចិត្តជួយសង្គ្រោះនោះ ផ្ទុយទៅវិញវារឹតតែបណ្តាលឲ្យការប៉ះពាល់កាន់តែមានភាពធ្ងន់ធ្ងរ និងបណ្តាលឲ្យស្លាប់ក៏ថាបាន។ ចំពោះការអនុវត្តដែលត្រឹមត្រូវ ក្នុងស្ថានការណ៍បែបនេះ អ្នកគួរតែឆាប់ទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ ហើយតាមដានចង្វាក់ដង្ហើមរបស់ជនរងគ្រោះ។  ៦. ការលេបថ្នាំធ្វើឲ្យក្អួត ពេលមានអាការៈពុល? ឱសថដែលមានសកម្មភាពធ្វើឲ្យក្អួត ដែលត្រូវបានគេប្រើដើម្បីព្យាបាល ដោយវាអាចបញ្ជេញសារធាតុពុលពីក្នុងក្រពះនោះអ្នកមិនត្រូវប្រើប្រាស់វាដោយខ្លួនឯងក្នុងករណីដែលអ្នកត្រូវបានពុលនឹងអ្វីមួយ ដោយយល់ច្រឡំថាវានឹងអាចជួយអ្នកបាននោះទេ។ ការប្រើប្រាស់ថ្នាំប្រភេទនេះអាចបណ្តាលឲ្យរលាកបំពង់អាហារ និងរឹតតែបណ្តាលឲ្យជាតិពុលមានលទ្ធភាពជ្រាបចូលក្នុងសួតរបស់អ្នកទៀតផង។ អ្វីដែលអ្នកគួរធ្វើ ត្រូវទាក់ទងរថយន្តសង្គ្រោះបន្ទាន់ឲ្យបានឆាប់ ហើយធ្វើការកំណត់សារធាតុដែលជាដើមចមក្នុងការធ្វើឲ្យពុល និងរោគសញ្ញាដែលកើតមាន។  ៧. ការឃាត់ឈាម ដោយការចង? ការចង នៅកន្លែងដែលមានរបួស ក្នុងគោលបំណងដើម្បីទប់ឈាម មិនមែនជាការអនុវត្តដើម្បីភាពធូរស្បើយនោះទេ វាអាចបង្កជាផលវិបាកកាន់តែធ្ងន់ធ្ងរ ដោយវាបានទៅរារាំងលំហូរឈាម ធ្វើឲ្យជាលិកាងាប់ដោយកង្វះការចិញ្ចឹមពីឈាម។ អ្នកគួរចៀសវាងទង្វើនេះដោយជំនួសវិញដោយយកសំឡី ឬក្រណាត់ស្អាតធ្វើការខ្ទប់មុខរបួសឲ្យជិត ក្នុងរយៈពេលរង់ចាំការព្យាបាលពីអ្នកជំនាញ។  ៨. ការយកស្លាបព្រាដាក់ក្នុងមាត់ ចំពោះអ្នកមានជំងឺប្រកាច់? ការអនុវត្តនេះ អាចធ្វើឲ្យអ្នកជំងឺឈ្លក់ដោយសារមានស្លាបព្រានៅក្នុងមាត់ ឬលេបចូលទៅក្នុងខ្លួននៅពេលមានវត្ថុផ្សេងទៀត។ ជាទូទៅអ្នកជំងឺប្រភេទនេះអាចមានការកន្ត្រាក់ដោយមិនអាចគ្រប់គ្រងបាន ប៉ុន្តែអាការៈប្រកាច់នេះ គឺមានកម្រិត ហើយធម្មជាតិនៃរចនាសម្ព័ន្ធក្នុងខ្លួនមនុស្ស គឺមិនមានលទ្ធភាពខាំ និងលេបអណ្តាតដោយខ្លួនឯងនោះទេ។  ដូច្នេះប្រសិនអ្នកជួបប្រទះស្ថានភាពបែបនេះ អ្នកគួរស្វែងរកសេវាព្យាបាលពីអ្នកជំនាញ ហើយក្នុងកំឡុងពេលរង់ចាំត្រូវប្រាកដថាមិនមានវត្ថុអ្វីនៅជុំវិញអ្នកជំងឺ និងត្រូវតាមដានចង្វាក់ដង្ហើមរបស់អ្នកជំងឺ។   ៩. ការបឺតពិសសត្វពស់? ប្រសិនអ្នកត្រូវបានពស់ចឹក ការបឺតពិសមិនមែនជាការសង្គ្រោះនោះទេ ផ្ទុយទៅវិញជាតិពិសនោះអាចនឹងមានប្រតិកម្មជាមួយទឹកមាត់របស់អ្នកជាហេតុបណ្តាលឲ្យមានការហើមសួត និងបេះដូងចុះខ្សោយ។ អ្វីដែលអ្នកគួរធ្វើ គឺត្រូវផ្តេកខ្លួនឲ្យត្រង់ ដើម្បីឲ្យទីតាំងនៃមុខរបូសនៅក្រោម និងឆ្ងាយពីបេះដូងរួចធ្វើការស្វែងរកសេវាពីអ្នកជំនាញឲ្យបានឆាប់ និងបន្តផឹកទឹកឲ្យបានច្រើន។  ប្រភព៖ Bright side  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

ភេទ ៖ ស្រី អាយុ ៖ ២២ ឆ្នាំ កម្ពស់ ៖ ១ម៉ែត្រ៥៥ ទម្ងន់ ៖ ៥២ គីឡូក្រាម អាការៈ ៖ រយៈពេល៣ខែចុងក្រោយនេះ គឺស្រាប់តែចាប់អារម្មណ៍ឃើញរោគសញ្ញាចម្លែកនៅប្រដាប់ភេទរួមមានដូចជា ផ្សិត រមាស់ និងមានពងសៗ ថ្លារាងក្រហមផងដែរ។ យ៉ាងណាមិញ អ្នកជំអឺមិនធ្លាប់បានទទួលការព្យាបាលពីវេជ្ជបណ្ឌិត ឬប្រើប្រាស់ថ្នាំអ្វី ដើម្បីដោះស្រាយបញ្ហានេះឡើយ។ សំណួរ ៖ តើអ្វីដែលបានរៀបរាប់ខាងលើនេះជារោគសញ្ញាអ្វី? តើមានវិធីព្យាបាលអ្វីខ្លះដែលគួរតែប្រតិបត្តិ?  

ចែករំលែក

ជារៀងរាល់ឆ្នាំ នាខែឧសភា ទិវាប្រឆាំងជំងឺហឺត តែងតែប្រារព្ធធ្វើនៅតាមបណ្តាប្រទេសជាច្រើនទូទាំងពិភពលោក ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ។ ការប្រារព្ធទិវានេះក៏ជាការរួមចំណែកដ៏សំខាន់ក្នុងការផ្តល់ចំណេះដឹងអំពីជំងឺហឺត កាត់បន្ថយអត្រាស្លាប់ដោយជំងឺហឺត និងរួមចំណែកឲ្យអ្នកជំងឺហឺតអាចរស់នៅបានធម្មតាដូចអ្នកដែលគ្មានជំងឺហឺតដែរ។  ដោយឡែក នាព្រឹកថ្ងៃទី ៣ខែឧសភា ឆ្នាំ ២០១៧ នៅឯមន្ទីរពេទ្យព្រះកុសុមៈ ទិវាប្រឆាំងជំងឺហឺត ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាង ក្រុមហ៊ុន ជី អេស ខេ (GSK) និងសមាគមគ្រូពេទ្យសួតកម្ពុជាក្រោមប្រធានបទ «អ្នកអាចគ្រប់គ្រងជំងឺហឺតរបស់អ្នកបាន»។  លោកវេជ្ជបណ្ឌិត ម៉ក់ ប៊ុនឡុង អ្នកគ្រប់គ្រងកិច្ចការវេជ្ជសាស្រ្ត ផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ក្រុមហ៊ុន ជីអេសខេ (GSK) កម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន បានអញ្ជើញវាគ្មិនដែលមានបទពិសោធន៍ខ្ពស់ មកធ្វើបទបង្ហាញស្តីអំពីជំងឺហឺតដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជនកម្ពុជាឲ្យកាន់តែច្បាស់អំពីជំងឺហឺត ការគ្រប់គ្រង និងផលវិបាករបស់ជំងឺហឺត។  លោកសាស្រ្តចារ្យ វ៉ាន់ មិច ដែលជាវាគ្មិននៅក្នុងកម្មវិធីមានប្រសាសន៍ថា យោងតាមរបាយការណ៍ចុងក្រោយចេញពេលថ្មីៗក្នុងឆ្នាំ ២០១៧ របស់ស្ថាប័នជំងឺហឺតពិភពលោក GINA បានបង្ហាញថា មានប្រមាណជា ១៨% នៃប្រជាជាតិនៅទូទាំងពិភពលោកបាន និងកំពុងរងជំងឺហឺត។ ស្ថាប័នជំងឺហឺតពិភពលោក បានកំណត់និយមន័យជំងឺហឺតថា «ជំងឺហឺតជាជំងឺផ្លូវដង្ហើមដែលមានពីកំណើតមានលក្ខណៈរ៉ាំរៃ ដែលស្តែងឲ្យឃើញតាមរយៈអាការៈដង្ហក់ ដកដង្ហើមបានខ្លីៗ ណែនទ្រូង និងក្អក ពិបាកដកដង្ហើម»។ លោកសាស្រ្តាចារ្យ នី ចន្ទី ដែលជាវាគ្មិននៅក្នុងកម្មវិធីមានប្រសាសន៍ថា ហឺតមិនមែនជាជំងឺឆ្លងនោះទេ ដូច្នេះសូមកុំមានការរើសអើងចំពោះអ្នកកើតជំងឺហឺត។ ចំពោះកត្តាដែលបណ្តាលឲ្យជំងឺហឺតមានរោគសញ្ញាធ្ងន់ធ្ងររួមមាន ការស្ថិតនៅក្នុងបរិស្ថានដែលមានរោមសត្វ ផ្សែងបារី សត្វល្អិត លម្អងផ្កា ការហាត់ប្រាណ និងបរិស្ថានដែលមានបាក់តេរីបង្កដោយវីរុសច្រើន។ ចំពោះរោគសញ្ញាធ្ងន់ធ្ងរបន្ទាប់ពីប្រើថ្នាំហឺតសង្គ្រោះបន្ទាន់មិនអាចជួយបានទៀត ក្អកពិបាកដកដង្ហើមឮងឺតៗ ឬណែនទ្រូង និយាយដាច់ៗ ពិបាកញ៉ាំឬពិបាកគេង ដោយសារដកដង្ហើមបានខ្លីៗ ចង្វាក់ដង្ហើមញាប់ ហើយមានអារម្មណ៍ថាមិនអាចដកដង្ហើមបានស្រួល។ រោគសញ្ញាទាំងនេះបើកាលណាកើតឡើងច្រើនថ្ងៃ ហើយធ្ងន់ធ្ងរបន្តិចម្តងៗ សូមកុំបង្អង់យូរ គឺត្រូវជួបគ្រូពេទ្យទទួលការព្យាបាលជាបន្ទាន់។  តើអ្នកជំងឺហឺតត្រូវធ្វើដូចម្តេចដើម្បីអាចរស់បានក្នុងជីវិតដូចធម្មតា?  លោកវេជ្ជបណ្ឌិត លាន គឹមស្រេង ដែលជាវាគ្មិននៅក្នុងកម្មវិធីនេះក៏មានប្រសាសន៍ផងដែរថា ជំងឺហឺតអាចព្យាបាលបាន ហើយអ្នកជំងឺហឺតអាចរស់នៅបានដូចធម្មតាដោយត្រូវចៀសវាងឲ្យបានពីកត្តាបង្កណាមួយខាងលើ និងត្រូវប្រើថ្នាំហឺតតាមការណែនាំរបស់គ្រូពេទ្យបានត្រឹមត្រូវ។  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ចែករំលែក

ជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូកគឺជាមូលហេតុចម្បងទី៤នៃការស្លាប់នៅសហរដ្ឋអាមេរិច។ ប្រជាជនប្រមាណ ៨00,000នាក់មានបញ្ហាស្ត្រូកជារៀងរាល់ឆ្នាំ។ ជំងឺស្ត្រូកកើតឡើងនៅពេលឈាមដែលទៅចិញ្ចឹមខួរក្បាលត្រូវបានកាត់ផ្តាច់ ឬកាត់បន្ថយ។ នៅពេលបញ្ហានេះកើតឡើងខួរក្បាលមិនអាចទទួលបានអុកស៊ីសែន ឬសារធាតុចិញ្ចឹមគ្រប់គ្រាន់ ជាហេតុនាំឲ្យកោសិកាខួរក្បាលស្លាប់។ ជំងឺនេះមាន៣ប្រភេទសំខាន់ៗគឺ Ischemic, hemorrhagic និង mini-stroke។ ដោយសារថាជំងឺលើសសម្ពាធឈាមគឺជាមូលហេតុមួយដែលបង្កឲ្យមាន hemorrhagic stroke ហេលស៍ថាមសូមលើកយកប្រធានបទជំងឺស្ត្រូកនេះមកបង្ហាញប្រិយមិត្តអ្នកអាន។ ជំងឺស្ត្រូក ច្រើនតែកើតនៅលើបុគ្គលដែលលើសទម្ងន់ អាយុ ៥៥ឆ្នាំ ឬច្រើនជាងនេះ ខ្លួនគាត់ផ្ទាល់ ឬ មានសមាជិកក្នុងគ្រួសារធ្លាប់មានជំងឺនេះ មិនសូវធ្វើលំហាត់ប្រាណ ពិសាស្រាបៀរច្រើន ឬក៏ប្រើប្រាស់ឱសថខុសច្បាប់។  ប្រភេទផ្សេងៗនៃស្ត្រូកមានមូលហេតុខុសៗគ្នា៖ • Ischemic strokes: ជាប្រភេទស្ត្រូកដែលមានច្រើនជាងគេរហូតដល់ប្រមាណ៨៥%។ ជំងឺស្ត្រូកប្រភេទនេះបង្កឡើងដោយមានការកកស្ទះ ឬការរួមតូចចង្អៀតនៃសរសៃឈាមក្រហមដែលចិញ្ចឹមខួរក្បាលនាំឲ្យខ្វះឈាមទៅចិញ្ចឹម។ ការកកស្ទះនេះដោយសារតែកំណកឈាមដែលបានមកពីសារធាតុខ្លាញ់ដែលស្ទះក្នុងសរសៃឈាមក្រហម។ • Hemorrhagic strokes: បង្កឡើងដោយសារសរសៃឈាមក្រហមក្នុងខួរក្បាលមានការហូរឈាម ឬដាច់តែម្តង។ ឈាមដែលហូរចេញនេះបានបង្កើតជាសម្ពាធ និងសង្កត់ទៅលើខួរក្បាល ធ្វើឲ្យមានការខូចខាត។ ការដាច់សរសៃឈាមនេះដោយសារស្ថានភាពដូចជាជំងឺលើសសម្ពាធឈាម ការប៉ះទង្គិចក្បាល ការប្រើប្រាស់ឱសថមិនឲ្យឈាមកក និងការប៉ោងចេញនៃសរសៃឈាមក្រហម។ • Mini-stroke: កើតឡើងនៅពេលឈាមដែលទៅចិញ្ចឹមខួរក្បាលត្រូវបានកាត់ផ្តាច់រយៈពេលខ្លី។ ជំងឺស្ត្រូកប្រភេទនេះស្រដៀងនឹង ischemic strokes ត្រង់ថាទាំងពីរប្រភេទនេះសុទ្ធតែបង្កឡើងដោយកំណកឈាម។ ជំងឺស្ត្រូកកើតឡើងយ៉ាងឆាប់រហ័ស ហើយរោគសញ្ញាតែងតែកើតមានភ្លាមៗតែម្តង។ រោគសញ្ញាសំខាន់ៗរបស់ជំងឺស្ត្រូករួមមាន៖ • ការភាន់ច្រឡំដែលរួមផ្សំទាំងការនិយាយ និងការយល់ • ឈឺក្បាលដែលអាចរួមផ្សំជាមួយការប៉ះពាល់លើស្មារតី ឬក្អួតចង្អោរ • ស្ពឹកមុខ ដៃឬជើងជាពិសេស១ចំហៀងខ្លួន • បញ្ហាលើគំហើញ • បញ្ហាលើដំណើរ ជំងឺស្ត្រូកអាចធ្វើឲ្យមានផលវិបាករយៈពេលខ្លី ឬវែងអាស្រ័យលើរយៈពេលនៃការធ្វើរោគវិនិច្ឆ័យនិងការព្យាបាល។ ប្រភេទផ្សេងៗនៃជំងឺស្ត្រូក ត្រូវការវិធីព្យាបាលផ្សេងៗគ្នា៖ • Ischemic  Strokes: ការព្យាបាលអាចធ្វើបានតាមរយៈការចាប់ផ្តើមជាមួយឱសថដូចជា Aspirin ឬ tissue plasminogen activator (TPA) ដែលអាចបំបែកកំណកឈាម និងការពារមិនឲ្យមានការបង្កើតមកទៀត • Hemorrhagic Strokes: ការព្យាបាលអាចធ្វើបានតាមរយៈការចាប់ផ្តើមជាមួយឱសថដែលបន្ថយសម្ពាធនៅក្នុងខួរក្បាល បន្ថយសម្ពាធឈាមការពារការប្រកាច់ និងការពារការកន្ត្រាក់ភ្លាមៗនៃសរសៃឈាម • ការស្តាកាយសម្បទាឲ្យត្រលប់មកស្ថានភាពល្អវិញ៖ អាចនឹងត្រូវបានអនុវត្តចំពោះអ្នកជំងឺស្ត្រូកវិធីសាស្ត្រ ល្អបំផុតដើម្បីការពារកុំឲ្យមានជំងឺស្ត្រូក គឺត្រូវចៀសវាងមូលហេតុដែលបង្កហើយវិធីល្អបំផុតនោះគឺការរស់នៅដោយមានសុខភាពល្អ។ លោកអ្នកអាចអនុវត្តដូចជា៖ •    ចៀសវាងការប្រើប្រាស់ឱសថខុសច្បាប់ •    ពិសាអាហារដែលសម្បូរបន្លែផ្លែឈើ និងមានជាតិខ្លាញ់ទាប •    ហាត់ប្រាណឲ្យបានទៀងទាត់ •    រក្សាសម្ពាធឈាមនៅកម្រិតធម្មតា •    រក្សាជាតិស្ករក្នុងឈាមនៅកម្រិតធម្មតា •    រក្សាទម្ងន់ឲ្យបានល្អ •    បញ្ឈប់ការពិសាបារី និងស្រាបៀរ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                                 

ចែករំលែក
Top