- Jan 03, 2017 |
- 7 ឆ្នាំមុន |
- 2.1K មើល
ប្រជាជន៩០ក្នុង១០០នាក់ប៉ះពាល់ផ្សែងបារីរាល់ថ្ងៃ
យោងតាមមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ការជក់បារីនឹងធ្លាក់ចុះពីអត្រា៤៨.៩៨%នៅក្នុងឆ្នាំ២០០៥ទៅ៤៣.៣%ក្នុងឆ្នាំ២០១០ចំពោះមនុស្សប្រុសនិងពី២០.៣%ក្នុងឆ្នាំ២០០៥ទៅ១៧.២%ក្នុងឆ្នាំ២០១០ចំពោះមនុស្សស្រី។ ផ្អែកទៅតាមវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការក្នុងឆ្នាំ២០១១ ចំនួននៃអ្នកប្រើប្រាស់ថ្នាំជក់នៅមានប្រហែល២លាននាក់ ឯចំនួននៃអ្នកជក់បារី មានប្រហែល១.៤លាននាក់។ការជក់បារីត្រូវបានចាត់ទុកជាមូលហេតុចម្បងនៃជំងឺត្បៀតផ្លូវដង្ហើម ដែលផ្តល់ផលវិបាកដូចជា ជំងឺឆ្លងនៅសួត បញ្ហាឆ្អឹង និងខូចបេះដូងខាងស្តាំជាដើម។ ដោយផ្អែកលើបញ្ហានេះហើយ ហេលស៍ថាមបានធ្វើការស្រង់ព័ត៌មានស្តីពីបញ្ហាសុខភាពរបស់អ្នកជក់បារី ព្រោះជំងឺត្បៀតផ្លូវដង្ហើមនេះ ស្តែងចេញឡើងតាមរយៈការក្អករយៈពេលយូរ មានស្លេស្មច្រើន និងមានអាការៈថប់ដង្ហើម។ សម្រង់មតិនេះ ត្រូវបានធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងបរិវេណជុំវិញផ្សារអូឡាំពិកនៃរាជធានីភ្នំពេញ។ កម្រងសំណួរដែលប្រើ មានសរុបចំនួន៨សំណួរដែលក្នុងនោះមានទាំងប្រភេទសំណួរបិទនិងសំណួរបើក។ អ្នកដែលចូលរួមឆ្លើយសំណួរមានចំនួន១០០នាក់ ក្នុងនោះស្រី១១នាក់និងប្រុស៨៩នាក់ ដែលមានមុខរបរជាអ្នករត់កង់បី អ្នករត់ម៉ូតូឌុប អ្នកបើកបររថយន្ត សន្តិសុខ អ្នកលក់ដូរ ប៉ូលីសចរាចរ និងបុគ្គលិកនាយកដ្ឋានសុខាភិបាល។ ក្នុងចំណោមអ្នកដែលចូលរួមទាំង១០០នាក់មាន៥៥នាក់ដែលមិនជក់បារីក្នុងនោះមានស្រី១១(២០%)នាក់ ប្រុស៤(៤៤%)នាក់និង៤៥នាក់ជាអ្នកជក់បារីរយៈពេលពី១ទៅ២៥ឆ្នាំ ក្នុងនោះមាន៦នាក់ធ្លាប់ជក់បារីពីមុនឬយូរៗជក់ម្តង(ប្រុសទាំង៦(១០០%)នាក់) ហើយ៣៩នាក់ទៀតជក់បារីជាប្រចាំ(ប្រុសទាំង៣៩(១០០%)នាក់)។ ក្នុងចំណោមអ្នកមិនជក់បារីទាំង៥៥នាក់ ៤(៨១.៨២%)នាក់ជាអ្នកស្រូបផ្សែងបារី ព្រោះមានសមាជិកគ្រួសារឬអ្នកនៅជុំវិញខ្លួនជាអ្នកជក់បារី ហើយបានប៉ះពាល់ផ្សែងបារីនេះប្រមាណពី៤ទៅ២០ឆ្នាំ ឯ១០(១៨.១៨%)នាក់ មិនប៉ះពាល់ហ្នឹងផ្សែងបារី។ ទាំងអ្នកជក់បារីនិងអ្នកស្រូបផ្សែងបារីទាំង៩0នាក់ មាន៧៧(៨៥.៥៦%)នាក់ដែលមិនធ្លាប់មានក្អករយៈពេលយូរ ១២(១៣.៣៣%)នាក់មិនចាំថាធ្លាប់មានឬអត់ហើយមានត្រឹមតែម្នាក់(១.១១%)ប៉ុណ្ណោះដែលក្អករយៈយូរប្រហែល១០ឆ្នាំ។ ក្នុងនោះផងដែរ ៤៣(៤៧.៧៨%)នាក់មិនមានស្លេស្ម ហើយ៤៧(៥២.២២%)នាក់មានស្លេស្ម៖ ២៦(៥៥.៣២%)នាក់មានស្លេស្មពណ៌ស ៨(១៧.០២%)នាក់មានស្លេស្មពណ៌លឿង ៨(១៧.០២%)នាក់មានស្លេស្មពណ៌បៃតង ៤៥(៨.៥១%)នាក់មានស្លេស្មពណ៌ក្រហមនិងមានម្នាក់(២.១៣%)ប៉ុណ្ណោះមានស្លេស្មស្អិតខ្លាំងខាកមិនចេញ។ មួយវិញទៀត អ្នកដែលក្អកទាំង៩០នាក់ មាន២៦(២៨.៨៩%)នាក់មិនមានអាការៈពិបាកដកដង្ហើម និង៦៨(៧៥.៥៦%)នាក់មានអាការៈពិបាកដកដង្ហើមនៅពេលល្ងាច ក្រោយពេលក្អក ពេលត្រូវខ្យល់ ពេលត្រជាក់ខ្លាំង ឬពេលធ្វើការហត់។ ផ្អែកតាមលទ្ធផលដែលទទួលបានអ្នកជក់បារីឬប៉ះពាល់នឹងផ្សែងបារីនៅមានច្រើននៅឡើយ៤៥នាក់ក្នុងចំណោមមនុស្ស១០០នាក់។ម្យ៉ាងវិញទៀតរោគសញ្ញានៃជំងឺត្បៀតផ្លូវ ដង្ហើមក៏លេចឡើងផងដែរ ដូចជាអាការៈក្អកមានស្លេស្ម និងពិបាកដកដង្ហើមជាដើម។ យ៉ាងណាមិញការស្រង់មតិនេះបានធ្វើឡើងលើប្រជាជនត្រឹមតែ១០០នាក់ក្នុងតំបន់មួយនៃរាជធានីភ្នំពេញប៉ុណ្ណោះដែលនេះនៅមិនអាចតំណាងឲ្យប្រជាជនខ្មែរទូទាំងប្រទេសនោះទេ។ប៉ុន្តែលទ្ធផលនេះក៏អាចជាផ្នែកតូចមួយនៃការបញ្ជាក់ថាប្រជាជនកម្ពុជានៅតែមានការប្រឈមនឹងបញ្ហាត្បៀតផ្លូវដង្ហើមផងដែរ។ លើសពីនេះទៅទៀត នេះក៏បញ្ជាក់ថា បញ្ហាជំងឺត្បៀតផ្លូវដង្ហើមគួរតែត្រូវបានគេយកចិត្តទុកដាក់ ព្រោះថាជំងឺនេះ អាចគំរាមដល់អាយុជីវិតរបស់អ្នកជំងឺហើយក៏មានការប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់គ្រួសារនិងសង្គមផងដែរដោយហេតុថាអ្នកជក់បារីភាគច្រើនជាអ្នកផ្គត់ផ្គង់ប្រាក់ចំណូលរបស់គ្រួសារផ្ទាល់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក