Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

   បើទោះបីកុមារមើលទៅហាក់ដូចជាមានសុខភាពមាំមួនតែពួកគេអាចកំពុងតែប្រឈមមុខនឹងវិបត្តិកង្វះជីវជាតិដោយហេតុថារោគសញ្ញានោះ មានភាពពិបាកក្នុងការសន្និដ្ឋាន។ រោគសញ្ញាកង្វះជីវជាតិអាចស្តែងមានឡើងហាក់មានស្ថានភាពធម្មតា ដែលអ្នកមិនបានចាប់អារម្មណ៍ នឹងចាត់វិធានការបានទាន់ពេលវេលា ជាលទ្ធផលការមើលរំលងនោះនាំឲ្យឈានទៅដល់បញ្ហាធ្ងន់ធ្ងរផ្សេងមួយចំនួនទៀតនៅថ្ងៃអនាគត។ ដោយសារវាជាបញ្ហាដែលគួរមានការយកចិត្តទុកដាក់ ទើប ហេលស៍ថាម នាំជូនអាណាព្យាបាលទាំងអស់នូវអត្ថបទខាងក្រោម ពីរោគសញ្ញាកង្វះខាតនូវជីវជាតិ ដែលប្រហែលជាអាចកើតឡើងលើកូនតូចៗរបស់អ្នក។ 1. រវើរវាយ  កុមារដែលមានសញ្ញារវើរវាយឬរសាប់រសល់អាចប្រាប់អ្នកពីបញ្ហាពិបាកក្នុងការរំលាយអាហាររបស់ពួកគេបង្កឲ្យរាងកាយមិនអាចធ្វើការស្រូបយកជីវជាតិបានគ្រប់គ្រាន់។តាមការសិក្សាកុមារអាចមានអាការៈបែបនេះបណ្តាលមកពីការបរិភោគអាហារកែច្នៃដែលរួមបញ្ចូលនូវសារជាតិពណ៌ ដូច្នេះអ្នកគួរកាត់បន្ថយអាហារប្រភេទនេះ ជំនួសដោយរបបអាហារដែលជំនួយក្នុងប្រព័ន្ធរំលាយអាហារដូចជា  ល្ហុង ឬយាអ៊ួជាដើម។   2. ស្បែក ឬសក់ស្ងួត   ស្ថានភាពបែបនេះ អាចបណ្តាលមកពីកង្វះវីតាមីន A D E និងK2។ ដូច្នេះអ្នកគួរបញ្ចូលនូវប្រភេទអាហារដែលមានវីតាមីនរលាយក្នុងខ្លាញ់ ឬប្រើប្រាស់ថ្នាំវីតាមីនជាគ្រាប់សម្រាប់ការបាត់បង់នោះ តែមុនពេលប្រើប្រាស់អ្នកគួរពិភាក្សាជាមួយអ្នកជំនាញជាមុនសិន។ 3. បញ្ហាការនិយាយ   ការនិយាយរបស់កុមារអាចនឹងមានភាពយឺតយ៉ាវ ដែលនេះបង្ហាញថាកុមារប្រហែលជាមិនទទួលបានវីតាមីន ប្រភេទB12 បានគ្រប់គ្រាន់នោះឡើយ។ ចំពោះបញ្ហានេះត្រូវបានណែនាំឲ្យមានការផ្លាស់ប្តូររបបអាហារដោយគួរបរិភោគ ស៊ុត ពពួកសាច់ដូចជា សាច់ជ្រូក  ត្រី  មាន់ជាដើម ជាជាងការប្រើប្រាស់ពពួកថ្នាំគ្រាប់។ 4. បញ្ហាធ្មេញ    កុមារភាគច្រើនតែងតែឆ្លងកាត់បញ្ហាធ្មេញដែលគេហៅថាដង្កូវស៊ីធ្មេញជាញឹកញាប់។ជាធម្មតាគេតែងសន្និដ្ឋានថាវាបណ្តាលមកពីការញ៉ាំ អាហារដែលមានជាតិស្ករច្រើន យ៉ាងណាមិញ បញ្ហានេះក៏អាចកើតមានឡើងដោយសារការកង្វះនូវ សារជាតិរ៉ែនិងវីតាមីនដែលរលាយក្នុងខ្លាញ់មួយ ចំនួនផងដែរដូច្នេះអ្នកជាអាណាព្យាបាលត្រូវតាមដានឲ្យបានជាក់លាក់ថាបញ្ហាដង្កូវស៊ីធ្មេញ  បង្កមកពីអ្វីឲ្យពិតប្រាកដ។ 5. កម្លាំងកាយ និងខួរក្បាលចុះខ្សោយ  ជាអាការៈបង្ហាញពីការថយចុះនូវជាតិដែក ដែលធ្វើឲ្យកុមារឆាប់អស់កម្លាំង និងខួរក្បាលមានភាពស្ពឹក។ យកល្អគួរឲ្យកុមារញ៉ាំអាហារពពួកសាច់ គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើស្ងួត ដើម្បីបង្រ្គប់ជាតិដែកក្នុងខ្លួនឡើងវិញ។ ប្រហែលជាមានបញ្ហាខ្លះដែលកំពុងកើតលើកូនតូចៗរបស់អ្នក តែអ្នកនៅតែអាចគ្រប់គ្រងបានប្រសិនវាស្ថិតក្នុងដំណាក់កាលដំបូង ដោយគ្រាន់តែបន្ថែម និងកែប្រែរបបអាហារឡើងវិញដូចទៅតាមការណែនាំខាងលើ ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ការឃាត់ឃាំងកុមារក្នុងការទទួលបាននូវចំណីអាហារ នៅពេលពួកគេមានបញ្ហាលើសទម្ងន់មិនមែនជាវិធីសាស្រ្តត្រឹមត្រូវនោះទេ ដោយអ្នកត្រូវ យល់ថាការបង្អត់អាហារអាចអនុវត្តបានតែចំពោះបុគ្គលដែលពេញវ័យតែប៉ុណ្ណោះ។ កុមារ ជាវ័យដែលគួរទទួលបាននូវរបបអាហារដែលមានជីវជាតិ និងក្នុងកម្រិតមួយដែលគ្រប់គ្រាន់សម្រាប់សុខភាព ក៏ដូចជាការលូតលាស់បានល្អ ចំណែកបញ្ហានៃការលើសទម្ងន់ ភាគច្រើនបណ្តាលមកពីភាពមិនស្មើគ្នារវាងការបញ្ចូលថាមពល (ញ៉ាំអាហារ) និងការបញ្ចេញថាមពល (ធ្វើចលនា ឬលំហាត់ប្រាណរបស់កុមារ)។ ដូច្នេះ វិធានការដោះស្រាយការលើសទម្ងន់ គួរតែធ្វើឡើងដោយសុវត្ថិភាព មិនមែនដោយការបង្អត់អាហារនោះទេ ដែលចំណុចខាងក្រោមអាចជាការណែនាំដ៏ល្អសម្រាប់អាណាព្យាបាលទាំងអស់។ 1.  កំណត់តម្រូវការកាឡូរី៖ កម្រិតកាឡូរី​ប្រចាំថ្ងៃរបស់កុមារអាចប្រែប្រួលពីចន្លោះ ១,០០០ ទៅ២,០០០ កាឡូរី សម្រាប់កុមារ​ដែលមានអាយុចន្លោះ ៣ ទៅ ១៣ឆ្នាំ។ បើទោះបីកុមារមានបញ្ហាលើសទម្ងន់ ពួកគេនៅតែអាចទទួលបានចំនួនកាឡូរីគ្រប់គ្រាន់ក្នុងវ័យនីមួយៗ គ្រាន់តែទាមទារឲ្យមានការ ធ្វើចលនា នៃរាងកាយឲ្យបានច្រើន ដើម្បីអាចប្រើប្រាស់នូវថាមពលដែលបានបញ្ចូលពីចំណីអាហារទាំងនោះ។ 2.  ចាប់ផ្តើមដោយជំហានតូច៖ ផ្តាច់ចំណី មិនត្រូវបានណែនាំនោះទេ អ្នកគួរចាប់ផ្តើមកែប្រែបន្តិចម្តងៗរហូតដល់ក្លាយជាទម្លាប់ តួយ៉ាងដូចជា៖ •   ផ្តល់ទឹកដោះគោ ឬភេសជ្ជៈដែលមិន​មានជាតិធាត់ (nonfat) ជំនួសពីផលិតផល​ដែលមានជាតិស្ករ។ •   អាហារពេលព្រឹកត្រូវតែមានជីវជាតិគ្រប់គ្រាន់​​ ដោយអ្នកអាចរៀបចំជាពពួកគ្រាប់ធញ្ញជាតិ ព្រោះអាហារប្រភេទនេះអាចឲ្យកុមា ​ញ៉ាំឆាប់ឆ្អែត ក្នុងនោះបន្លែ និងផ្លែឈើក៏មិន​គួរមើលរំលងសម្រាប់ជារបបអាហារប្រចាំ​ថ្ងៃផងដែរ។ •   កាត់បន្ថយការញ៉ាំអាហារខាងក្រៅ ជាពិសេសប្រភេទ Fast Food។ 3.  ធ្វើចលនារាងកាយ៖ កុមារគ្រប់រូបគួរចំណាយពេលសម្រាប់ការធ្វើចលនា ដើម្បីបញ្ចេញថាមពល យ៉ាងហោចណាស់​ ៦០នាទីជារៀងរាល់ថ្ងៃ ដែលការធ្វើចលនានោះអាច​រួមបញ្ចូលដូចជា៖ •  ដើរកំសាន្ត ឬជិះកង់ជាមួយគ្រួសារ •  ការហែលទឹក រាំ ឬរត់នៅតាមសួនកុមារ​ជាដើម •  ឲ្យកុមារចំណាយពេល និងធ្វើសកម្មភាពនៅខាងក្រៅ ជាជាងបណ្តោយឲ្យពួកគេមើលទូរទស្សន៍ ឬប្រើប្រាស់គ្រឿងអេឡិចត្រូនិច។ 4.  ធ្វើជាគំរូល្អ៖ មិនគួរចាត់វិធានចំពោះ កូនរបស់អ្នកតែម្នាក់នោះទេ ក្រុមគ្រួសារ ទាំងមូលរួមទាំងអ្នកផ្ទាល់ក៏គួរតែចាប់ផ្តើមអនុវត្តនូវគម្រោងអាហារ និងការថែរក្សា សុខភាពរាងកាយ ដែលនេះជាគំរូយ៉ាងល្អសម្រាប់ឲ្យកុមារអនុវត្តតាម និងអាចបណ្តុះទម្លាប់របស់ពួកគេ។ 5.  រក្សាភាពអត់ធ្មត់៖ ការចាប់ផ្តើមដំបូងតែងតែមានភាព តឹងតែង កុមារអាចនឹងមិនព្រម​ទទួល ឬរឹងទទឹង តែយ៉ាងណាមិញ ​អ្នកត្រូវមានភាពអត់ធ្មត់ បន្តផ្តល់ឲ្យកុមារនូវទម្លាប់ ថ្មីនោះជារៀងរាល់ថ្ងៃ ដោយសារការសិក្សាបានបង្ហាញថា វាត្រូវការពេលវេលាខ្លះសម្រាប់ឲ្យកុមារអាចទទួលយក និងសម្របខ្លួន បានជាមួយនឹងអ្វីដែលថ្មី។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

កុមារ អាចនឹងរឹងទទឹងដោយមិនអាចដឹងនូវអ្វីដែលល្អ ឬមិនល្អយ៉ាងណាមិញពួកគេប្រៀបបានជាក្រដាសសស្អាតដែលងាយស្រួលនឹងធ្វើការហ្វឹកហាត់ឲ្យ ប្រកាន់យកនូវទម្លាប់ណាមួយដែលត្រឹមត្រូវ។ការញ៉ាំអាហារដែលត្រឹមត្រូវ មិនពឹងផ្អែកតែលើប្រភេទអាហារតែម្យ៉ាងនោះទេ របៀបនៃការញ៉ាំ ក៏ចូលរួម ចំណែកនាំឲ្យការញ៉ាំកាន់តែមានប្រសិទ្ធភាព ផ្តល់នូវសុខភាពដ៏រឹងមាំ និងការលូតលាស់បានល្អ ជាពិសេសជួយឲ្យក្មេងតូចៗអាចបណ្តុះគំនិតចេះឲ្យតម្លៃ សុខភាពនៅថ្ងៃខាងមុខទៀតផង។ ចង់ដឹងថា ទម្លាប់នោះគួរមានអ្វីខ្លះ អ្នកអាចស្វែងយល់តាមរយៈអត្ថបទខាងក្រោម៖   របបអាហារដែលគួរមាន មានការជ្រើសរើសជាច្រើនដើម្បីទទួលបានទម្លាប់ការញ៉ាំដែលត្រឹមត្រូវ ក្នុងនោះមានពីរទិដ្ឋភាពដែលអ្នកអាចធ្វើការណែនាំដល់កូនតូចៗរបស់អ្នក មួយផ្នែកគឺការកំណត់ចំនួននៃការញ៉ាំនីមួយៗ និងម្យ៉ាងទៀតគឺការកាត់បន្ថយផ្តល់ឲ្យកុមារនូវជាតិខ្លាញ់ និងស្ករ។ ប្រភេទអាហារដែលមានអត្ថប្រយោជន៍ និងគួរតែត្រូវបានអនុវត្តក្នុងរបបអាហារជាចម្បង សម្រាប់កុមារនោះមានដូចជា៖ • ផលិតផលដែលគ្មានសារជាតិធ្វើឲ្យធាត់ • ពពួកសាច់ ដែលដកចេញនូវផ្នែកស្បែក • នំបុ័ង និងគ្រាប់ធញ្ញជាតិ • អាហារសម្រន់ដូចជា បន្លែ និងផ្លែឈើជាដើម។   វិធីសាស្រ្តហ្វឹកហាត់ទម្លាប់ញ៉ាំរបស់ក្មេងតូចៗ អាណាព្យាបាលមួយចំនួនហាក់ដូចជាដាក់កម្រិតក្នុងការញ៉ាំ ក្នុងករណីដែលកូនៗរបស់ពួកគេមានបញ្ហាលើសទម្ងន់ តែអ្នកប្រហែលជាមិនបានដឹងទេថា នេះជាការអនុវត្តខុសមួយ ដែលអាចបណ្តាលឲ្យកូនតូចៗមានបញ្ហាកង្វះជីវជាតិទៅវិញ។ យកល្អគួរចាប់យកទម្លាប់ខាងក្រោម ហើយអនុវត្តវាទៅលើកូន របស់អ្នកដែលនឹងអាចបង្រៀនពួកគេឲ្យមានការហ្វឹកហាត់ទម្លាប់ក្នុងការទទួលទានដែលមានសុខភាព៖ 1. ផ្តល់ជម្រើសអាហារ៖ គួរមានការស្តុកទុកនូវប្រភេទអាហារដែលមានអត្ថប្រយោជន៍ដល់សុខភាព នៅក្នុងផ្ទះឲ្យបានច្រើន នោះកូនរបស់អ្នកនឹង អាចរៀនជ្រើសរើស ស្គាល់ និងញ៉ាំតែអាហារណាដែលមានជីវជាតិត្រឹមត្រូវ។ 2. បង្រៀនកូនអ្នកឲ្យញ៉ាំយឺតៗ៖ ការញ៉ាំយឺតៗ មិនត្រឹមតែឲ្យមានការទំពារអាហារបានម៉ត់ល្អ កូនរបស់អ្នកនឹងអាចមានលទ្ធភាពបែងចែកឲ្យច្បាស់ ពីការឃ្លាន និងឆ្អែត។ ពួកគេអាចនឹងសុំនូវចំណែកអាហារបន្ថែមទៀត តែអ្នកគួរទុកពេលវេលាយ៉ាងហោចណាស់ ១៥នាទី ពីព្រោះការទុកគម្លាតពេល ឲ្យគិតនោះ ខួរក្បាលនឹងអាចបញ្ជូនសញ្ញាពីភាពឆ្អែតទៅកាន់ពួកគេ។ 3. ញ៉ាំអាហារជុំគ្នា៖ ជាគ្រួសារ គួរណាស់ត្រូវមានពេលវេលាឲ្យបានញឹកញាប់ដើម្បីញ៉ាំអាហារជុំគ្នា ហើយខណៈពេលនៅជាមួយគ្នា គួរចេះបង្កើតបរិយាកាស សប្បាយរីករាយ ចៀសវាងមានការស្តីបន្ទោស ឬមានអារម្មណ៍ឆេវឆាវ ជាហេតុធ្វើឲ្យការទទួលទានអាហារគ្មានផាសុកភាព ឬកូនរបស់អ្នកអាចនឹង ព្យាយាមញ៉ាំអាហារក្នុងល្បឿនលឿនដើម្បីឆាប់បានគេចពីស្ថានការណ៍ដ៏តឹងតែងនោះ។   4. កំណត់ពេលសម្រាប់អាហារសម្រន់៖ អាហារសម្រន់ដែលត្រូវបានកំណត់ពេលសម្រាប់ញ៉ាំអាចជាផ្នែកផ្តល់ឲ្យកុមារនូវជីវជាតិកាន់តែគ្រប់គ្រាន់ គួរចៀសវាងអនុញ្ញាតឲ្យកុមារញ៉ាំតាមចំណង់ព្រោះវាអាចឲ្យលើសទម្ងន់។ 5. ហាមមើលទូរទស្សន៍ពេលញ៉ាំអាហារ៖ កម្មវិធីទូរទស្សន៍នានា អាចទាញចំណាប់អារម្មណ៍របស់កុមារ ឲ្យចាកចេញឆ្ងាយពីការបរិភោគអាហារដែល អាចឲ្យពួកគេមិនញ៉ាំ ឬញ៉ាំលើស។ អ្នកគួររៀបចំជាបន្ទប់បាយ ឬតុសម្រាប់តែការញ៉ាំបាយដាច់ដោយឡែក និងត្រូវបណ្តុះទម្លាប់របស់ពួកគេជាប្រចាំថ្ងៃ។ 6. ឲ្យកុមារញ៉ាំទឹកឲ្យបានច្រើន៖ ផ្តល់ទឹកឲ្យបានគ្រប់គ្រាន់ដល់កុមារ ព្រោះភេសជ្ជៈដែលមានជាតិផ្អែម ឬពពួកសូដា អាចបង្កើនឱកាសប្រឈម ទៅនឹងជំងឺធាត់។ 7. កុំយកអាហារជាធ្នាក់៖ ការពិន័យកុមារដោយបង្អត់អាហារ ធ្វើឲ្យពួកគេអាចនឹងមានអារម្មណ៍ភ័យព្រួយ ដោយគិតថាខ្លួននឹងមិនមានអាហារសម្រាប់ញ៉ាំ ដែលជាលទ្ធផល ពួកគេអាចនឹងញ៉ាំកាន់តែច្រើន និងគ្រប់ពេលប្រសិនបើមានឱកាស។ ម្យ៉ាងវិញទៀត នៅពេលដែលអ្នកយកចំណីដូចជា  ស្ករគ្រាប់ សម្រាប់ជាធ្នាក់បង្ខំឲ្យពួកគេញ៉ាំអាហារសុខភាពដូចជាពពួកបន្លែនោះ វាមិនមែនជាវិធីសាស្រ្តល្អនោះទេ ផ្ទុយទៅវិញនេះ ជាការហ្វឹកហាត់ឲ្យកុមារលែងឲ្យ តម្លៃទៅលើពពួកអាហារសុខភាពនោះទៅវិញ។ 8. អាហារខាងក្រៅត្រូវមានតុល្យភាព៖ កុមារប្រហែលជាមានឱកាសញ៉ាំអាហារប្លែកៗនៅខាងក្រៅ ដូចជានៅតាមសាលារៀនរបស់ពួកគេជាដើម។ អ្នកអាចកាត់បន្ថយឱកាសនោះ ដោយរៀបចំជាអាហារប្រអប់សម្រាប់រាល់ពេលដែលគេនៅសាលា។  ទម្លាប់មួយដែលល្អ មិនអាចសម្រេចបានភ្លាមៗនោះទេ ដោយឡែកកុមារអាចងាយស្រួលនឹងស្វែងយល់ បើអ្នកអាចធ្វើការណែនាំទៅកាន់ពួកគេ កាន់តែឆាប់ កាន់តែប្រសើរ។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ឪពុកម្តាយគ្រប់រូប គួរតែចំណាយពេលឲ្យបានច្រើនបន្តិច សម្រាកពីការងាររបស់អ្នក ហើយយកសៀវភៅមកអានឲ្យកូនរបស់អ្នកស្តាប់ ទោះបីជាគេនៅតូច មិនទាន់អាចនិយាយគ្នាបានក៏ដោយ។  ការសិក្សាជាច្រើនបានរកឃើញថា ការទម្លាប់អានសៀវភៅឲ្យកូនស្តាប់ ឬឲ្យគេអានដោយខ្លួនឯងអាចជួយបណ្តុះគំនិត និងជំនាញរបស់គេឲ្យកាន់តែល្អឡើងៗ។ ការអានសៀវភៅឲ្យកូនស្តាប់ នឹងជួយឲ្យគេឆាប់ចេះ ឆាប់ស្តាប់ និងឆាប់ចេះនិយាយ ព្រមទាំងឆ្លាតទៀតផង ជាពិសេស ពេលគេចាប់ផ្តើមចូលរៀន។ កូនអាយុបួនឆ្នាំ គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់អ្នក ក្នុងការអប់រំ និងជួយឲ្យគេមានជំនាញស្តាប់ និងអភិវឌ្ឍខួរក្បាលឲ្យកាន់តែរស់រវើក។ ការសិក្សាក៏បានណែនាំផងដែរថា អ្នកគួរតែចាប់ផ្តើមបិទទូរទស្សន៍ និងទុកទូរស័ព្ទឲ្យឆ្ងាយពីដៃរបស់កូន ដើម្បីឲ្យគេងាកមកចាប់អារម្មណ៍ទៅលើសៀវភៅ និងការអាន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៉ោក ធន បានមានប្រសាសន៍ថា «ភាពលូតលាស់មិនស្របគ្នារវាងកញ្ចក់ភ្នែក និងទំហំនៃគ្រាប់ភ្នែក (វាស់ពីមុខមកក្រោយ) ដែលវាកើតឡើងមកពីភ្នែកទៅជារីកធំខុសពីធម្មតា ឬកញ្ចក់ភ្នែកកោងខ្លាំងពេក ដែលកំណោងកញ្ចក់ភ្នែកធ្វើឲ្យមានការបត់កាំពន្លឺជាកំនុំរូបភាពនៅខាងមុខបាតភ្នែកជាមូលហេតុនៃការម៉្ញូប ដែលពុំទាន់រកឃើញពីមូលហេតុច្បាស់លាស់ តែ៩០%ត្រូវ បានគេសន្និដ្ឋានថា បណ្តាលមកពីតំណពូជ តែមិនទាន់ដឹងថាកំណត់ដោយក្រូម៉ូសូមប្រាកដណាមួយ»។  មានការព្យាបាលដែរឬទេសម្រាប់អ្នកភ្នែកម៉្ញូប? -ករណីដែលម៉្ញូបទាក់ទងនឹងហ្ស៊ែននោះ ពុំមានវិធីក្នុងការបញ្ឈប់ការវិវឌ្ឍទៅរកភាពម៉្ញូប ឬឡើងដឺក្រេភ្នែកទេ។  -ចំពោះម៉្ញូបដែលកើតមាននៅវ័យក្មេង ការវិវឌ្ឍនឹងមានសភាពលឿន ប៉ុន្តែវានឹងថយចុះវិញនៅក្រោយអាយុ១៩ឆ្នាំ ឬ២២ឆ្នាំ។ ក្នុងករណីដែលការម៉្ញូបរបស់គាត់ឈប់មានការវិវឌ្ឍ មានន័យថា គាត់បានជោគជ័យក្នុងការព្យាបាល តែករណីដែលការវិវឌ្ឍនៅតែបន្តនោះ ការព្យាបាលនឹងត្រូវធ្វើជាបន្ត ហើយការពាក់វ៉ែនតា ឬធ្វើការវះកាត់បន្តទៀតក៏ត្រូវបានពិចារណាដដែល។ ដូចនេះ ការព្យាបាលដាច់ ឬក៏អត់ គឺអាស្រ័យនឹងការវិវឌ្ឍរបស់ម៉្ញូប។  បញ្ជាក់ ៖ ពុំមានថ្នាំណាមួយសម្រាប់បញ្ឈប់ការឡើងដឺក្រេបានទេ ហើយក៏ពុំមានការបញ្ជាក់ណាមួយពីប្រសិទ្ធភាពរបស់វាដែរ។ -ការព្យាបាលដែលងាយបំផុត គឺពាក់វ៉ែនតាមុននឹងឈានដល់ដំណាក់កាលវះកាត់ ដែលជាទូទៅវ៉ែនតាប្រភេទដកត្រូវប្រើចំពោះអ្នកម៉្ញូប ឯ Hyperopia ត្រូវប្រើប្រាស់វ៉ែនតាបូក រីឯអាស្ទីម៉ាតអាចមានបូក និងដកទៅតាមការពិនិត្យ និងវាស់ឃើញជាក់ស្តែង ។ -រីឯការវះកាត់លើកញ្ចក់ភ្នែកដូចជាការប្រើប្រាស់ឡាស៊ែរ ការបញ្ចូលកងទៅនឹងកម្រាស់កញ្ចក់ភ្នែក ដើម្បីធ្វើកំណោងកញ្ចក់ភ្នែកមានកំណោងមកធម្មតាវិញ។ សម្រាប់ដែលមានម៉្ញូបកម្រិតខ្ពស់ (២០ Diopters) អាចធ្វើការវះកាត់ដោយបញ្ចូលកញ្ចក់សិប្បនិម្មិតតម្រូវនឹងភ្នែករបស់យើងជំនួសកញ្ចក់ភ្នែករបស់យើង។ គោលបំណងនៃការវះកាត់គឺ ដើម្បីឲ្យភ្នែករបស់យើងត្រលប់មកធម្មតាវិញ ប៉ុន្តែអ្នកជំងឺអាចប្រើប្រាស់វ៉ែនតាក្នុងកម្រិតស្រាលមួយដើម្បីមើលច្បាស់ ពីព្រោះការវះកាត់ជាក់ស្តែងអាចជួយអ្នកជំងឺបន្ថយដឺក្រេភ្នែកបាន ប៉ុន្តែមិនទាំងស្រុងទេ។ ចំពោះជំនឿរបស់បងប្អូនយើង ជាពិសេសមាតាបិតាដែលថា «ការពាក់វ៉ែនតាធ្វើឲ្យភ្នែកកូនចេះតែឡើងដឺក្រេ និងមានអារម្មណ៍ថាកូនមិនល្អដូចអ្នកដទៃទៅវិញ» គួរតែត្រូវបានពិចារណាឡើងវិញ ពីព្រោះអ្វីដែលសំខាន់ គឺគំហើញច្បាស់របស់កូនដែលអាចជួយឲ្យជីវិតពួកគេប្រសើរឡើងរួមទាំងការរៀនសូត្រ ការប្រកបការងារព្រមជាមួយនឹងគុណភាពជីវិតដ៏ល្អផងដែរ។ យល់ដឹងបន្ថែមពី បញ្ហាភ្នែកម៉្ញូប © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

រោគសញ្ញាមួយចំនួនដូចជា កុមារដែលមានការលូតលាស់ផ្នែករាងកាយមិនបានល្អ ជាពិសេសមិនឡើងទម្ងន់បើធៀបនឹងអាយុ និងកម្ពស់របស់គាត់នោះ ឬកុមារមិនឡើងទម្ងន់ ឬស្រកទម្ងន់ជារៀងរាល់ខែ  កុមារមិនញ៉ាំចំណី កុមារអស់កម្លាំងល្វឹងល្វើយ ស្លេកស្លាំង កុមារមានរោគសញ្ញារាករ៉ាំរ៉ៃបណ្ដាលមកពីជំងឺពោះវៀន ឬប្រតិកម្មអាល្លែកហ្ស៊ីធ្ងន់ធ្ងរ និងកុមារមានសកម្មភាពមិនរហ័សរហួន សុទ្ធតែបញ្ជាក់ថាកុមារមានការថយចុះការលូតលាស់។ ក្នុងនាមជាឪពុកម្តាយ ដើម្បីឲ្យកុមារមានការរីកលូតលាស់ឡើងវិញ លោកអ្នកគួរតែ៖ -ព្យាយាមបំប៉នចំណីអាហារដែលមានជីវជាតិគ្រប់គ្រាន់ដល់កុមារ -ព្យាបាលជំងឺដែលកុមារមានតាំងពីកំណើត  -ព្យាយាមតាមដាន និង ស្វែងរកជំងឺរ៉ាំរ៉ៃ ព្រមទាំងព្យាបាលវា -ថែទាំកុមារ និងចិញ្ចឹមកុមារឲ្យបានល្អ -ជ្រើសរើសចំណីអាហារបំប៉នណាដែលមិនប្រតិកម្មនឹងខ្លួនរបស់កុមារ។ ជាក់ស្តែង ចំណីអាហារដែលអាចធ្វើឲ្យកុមាររីកធំធាត់ គឺចំណីអាហារណាដែលមានអនាម័យល្អ និងមានជីវជាតិគ្រប់គ្រាន់ មានន័យថាកុមារអាចបៅទឹកដោះម្ដាយ បរិភោគបបរគ្រឿងគ្រប់មុខ ឬ បាយជាមួយម្ហូបដែលមានសាច់ បន្លែ ស៊ុត គ្រឿងក្នុងមាន់  ឬជ្រូក រួមទាំងផ្លែឈើ និងភេសជ្ជៈណាដែលទ្រទ្រង់សុខភាព។ ព័ត៌មានបន្ថែមអំពី សារធាតុចិញ្ចឹម៣ប្រភេទចាំបាច់សម្រាប់កុមារ ស្វែងយល់ឲ្យកាន់តែលម្អិតពី ការថយចុះការលូតលាស់របស់កុមារ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

អ្នក​យល់​ថា​កម្ពស់​របស់​អ្នក ទាប​ជាងគេ​ក្នុង​ចំណោម​មិត្ត​ភ​ក្តិទាំងអស់​គ្នា ឬក៏​នៅ​ក្នុង​គ្រួសារ​របស់​អ្នក នោះអ្នក​ត្រូវ​ដឹង​ថា មាន​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​ជា​ជំនួយ​ក្នុង​ការ​ជួយ​ពន្លូត​កម្ពស់តាម​បែប​ធម្មជាតិ។ កម្ពស់​របស់​មនុស្ស​មាន​ទំនាក់ទំនង យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹងសកម្មភាព​រស់នៅ ទម្លាប់ និង​តំណពូជដែល​មាន​ឥទ្ធិពល​ដល់​បញ្ហា​លូតលាស់​នៃ​រា​ង​កាយ​។ បើ​អ្នក​កំពុង​តែ​ស្ថិត​ក្នុង«​វ័យ​លូតលាស់​» ហើយ​ចង់បាន​កម្ពស់​ធំ​ខ្ពស់​នោះ អត្ថបទ​នេះ​ប្រហែលជា​អាច​ជួយ​អ្នកឲ្យ​បន្ថែម «​ធ្មេញឈើ​» បាន​វែង​ជាង​មុន ៖ ការលូត​កម្ពស់​តាម​ធម្មជាតិ អ្នក​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​នោះទេ ក៏ប៉ុន្តែ​សូម​ជម្រាបការពិតទៅ​ចុះថាវា​គឺ​ងាយស្រួល​នោះទេ​ដើម្បីឲ្យ​លូត​កម្ពស់ខ្ពស់ជាងកម្ពស់​បច្ចុប្បន្ន​របស់​អ្នក​​ សូម្បី​តែអ្នក​ឆ្លង​ផុត​ហួស​អាយុ​ត្រូវ​លូតកម្ពស់​របស់​អ្នក ឬ​ផុត​អំឡុងពេល​នៃ​ភាព​យុវវ័យ​ក៏ដោយ។​​ តើ​អ្នក​បាន​ជ្រាប​ទេ​ថា អ្នក​អាច​លូត​កម្ពស់​ដោយ​កើតចេញពី​រឿង​សាមញ្ញៗ នៅក្នុង​អ្វីដែល​អ្នកទទួល​ទាន ឬ អ្វីដែល​ប្រាប់​អ្នក​ឲ្យ​ផ្លាស់ប្តូរ​នូវ​ការអនុវត្ត​ការទទួល​ទាន​ចំណី​​អាហារ​ទាំងស្រុង​របស់​អ្នក ? មាន​របប​អាហារ​ត្រឹមត្រូវ  មនុស្ស​ទូទៅ​តែងតែ​គិត​ថា​ការ​បរិភោគ​អាហារ​ច្រើន​ហួស​កម្រិត នឹង​ធ្វើ​ឲ្យ​ខ្លួនរបស់​ពួក​គេ​ធាត់ និង​មើលទៅ​មាន​កម្ពស់ទាប​។ប៉ុន្តែ​បើ​អ្នក​បរិភោគ​វា​ត្រឹមត្រូវនិង​ទៀងទាត់​នោះ វា​អាច​ឲ្យ​អ្នកមាន​កម្ពស់​ខ្ពស់​ជាង​មុន និង​មាន​អារ​ម្ម​ណ៍ស្រស់ថ្លា​។ បរិភោគ​អាហារ ដែល​មាន​សារធាតុ​ប្រូតេអ៊ីនឲ្យ​បាន​គ្រប់គ្រាន់  សារធាតុ​ទាំងនោះ​មាននៅ​ក្នុង​សាច់សត្វ ត្រី សណ្តែក និង​ទឹកដោះគោ ដែលអាច​ជួយ​ឲ្យ​សាច់ដុំ​មានការ​លូតលាស់ និង​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ​។ ម្យ៉ាងវិញទៀត អ្នក​គួរតែ​កាត់​បន្ថយ​នៅ​អាហារ​ដែល​មានសារធាតុ កាបូហាយដ្រាត (carbohydrates) ដែល​មាននៅ​ក្នុង ភី​ស្សា នំ​ខេ​ក នំ​ផ្អែម និង​សូ​ដា​។ បរិភោគ​អាហារដែល​មាន​ជាតិ​កាល់ស្យូមឲ្យ​បាន​គ្រប់គ្រាន់​៖ អាហារ​ទាំងនោះ មាន​នៅ​ក្នុង​បន្លែ​បៃតង និង​ទឹកដោះគោ ដែល​អាច​ជំនួយ​ដល់​ឆ្អឹង​ក្នុង​ការ​លូតលាស់​។ បរិភោគ​អាហារ ដែល​មាន​ជាតិ​ស័ង្កសី ឲ្យ​បាន​គ្រប់គ្រាន់  អាហារទាំងនោះមាន​ដូច​ជា នៅ​ក្នុង​ងាវ​សមុទ្រ ល្ពៅ គ្រាប់​ធញ្ញជាតិ សាច់​ចៀម សណ្តែកដី និង​ក្តាម​។ បរិភោគ​អាហារ ដែល​មាន​ជាតិ​វីតាមីនឌី (Vitamin D) ៖ វីតាមីន​ឌី ជួយ​ឲ្យ​ឆ្អឹង និង​សាច់ដុំរបស់​ក្មេង​ៗ មានការ​លូតលាស់បាន​យ៉ាង​ឆាប់រហ័ស​។ វីតាមីន​នេះ មាននៅ​ក្នុង​សាច់​ត្រី បន្លែ ឬ​ក៏​នៅ​ក្នុង​ផ្សិត​។ ការ​ហាត់ប្រាណ  ទាក់​ទិន​នឹង​លំ​ហាត់ប្រាណ​វិញ អ្នក​ចាំបាច់​ត្រូវ​បន្ទន់​ជង្គង់​បូករួម​ទាំង​ដៃ​របស់​អ្នក​ត្រូវដាក់​ឲ្យ​ដល់​ដី ។ ហើយ​ត្រូវ​កន្ធែកជើង​ទាំងសងខាង​ដោយ​ត្រូវ​លាត​ស្មា​ឲ្យ​ទូលាយ​ផងដែរ។ ដាក់​បាតដៃ​ទៅ​លើដី​ជាមួយនឹង​ម្រាមដៃ​ទាំងអស់។  បន្ទាប់មក​ត្រូវ​ ដកដង្ហើម​វែងៗ​អំឡុងពេល​បន្ទាប់ពី​​កន្ធែកជើង​ណាមួយ​បើទោះបីជា​អ្នក​កំពុងបញ្ចេញ​ចំហាយ​ក្នុង​ខ្លួន​ក៏ដោយ។ ខណៈ​កំពុង​ធ្វើ​ដូចនេះ ត្រូវដាក់​ដៃ​ទៅមុខ​ផងដែរ ។  បន្ទាប់មក ជំហរ​ទីតាំង​ខ្លួន​របស់អ្នកត្រូវ​ប្តូរ​ទៅជា​រាង​អក្សរ V ហើយ​វា​សំខាន់​ណាស់​ត្រូវដាក់​ជើង​ទាំងពីរឈរ​ឲ្យ​ត្រង់​ជាមួយនឹង​​ម្រាមជើងទាំងអស់​របស់​អ្នកត្រូវ​ទប់​ជំហរ​ខ្លួនឲ្យ​រឹងមាំ​ដូចជា​ដើមឈើ​មួយ​ដើម​ អ៊ីចឹង ។កុមា​រវ័យ​ជំទង់ ដើម្បី​មានការ​លូតលាស់​បាន​ល្អ ត្រូវ​តែ​ធ្វើ​លំ​ហាត់ប្រាណ​​ ដូច​ជា​ការ​រត់ លោត ឬ​ក៏​ធ្វើ​សកម្មភាពហាត់ប្រាណ​ផ្សេង​ៗ យ៉ាងតិច​ឲ្យ​បាន ៣០​នាទី​ក្នុង​ពេល​មួយ​ថ្ងៃ ដើម្បី​ឲ្យ​សាច់ដុំ​របស់​គេ​ធ្វើការ​។ ការ​ទទួលទានដំណេក ឲ្យ​បាន​គ្រប់គ្រាន់ ជា​ប្រចាំ​ថ្ងៃ  ពេល​គេង​លក់ ជា​ពេលវេលា​ដែលខ្លួនប្រាណ​របស់​អ្នក​លូតលាស់​។ ដូច្នេះការ​គេង​បាន​គ្រប់គ្រាន់ បាន​ផ្តល់​ពេល​ច្រើន​ឲ្យ​ខ្លួន​របស់​អ្នកក្នុង​ការ​លូតលាស់។ បើ​អ្នកមាន​អាយុ​ក្រោម ២០​ឆ្នាំ អ្នក​គួរតែ​គេង​ឲ្យ​បានពី​៩ ទៅ​១១ ម៉ោង​ក្នុង​មួយ​យប់ ដើម្បី​ឲ្យ​រាង​កាយ​លូតលាស់​បាន​ល្អ និង​ឆាប់រហ័ស​។ ស្វែង​យល់​ពី​បញ្ហា​មក​ពី​តំណពូជ  ជា​ទូទៅ​អ្នក​វិទ្យាសាស្ត្រ​គិត​ថា ៦០ ទៅ​៨០% នៃ​កម្ពស់​របស់​អ្នកមក​ពី​ពូជពង្ស​របស់​អ្នក​។ ប៉ុន្តែ​ទោះបីជា​មក​ពី​តំណពូជ​មែន ឬ​​មិនមែន​ក៏​ដោយ ​មិនប្រាកដ​ថា អ្នក​មិន​អាច​លូត​កម្ពស់​បាន​នោះ​ទេ​។ អ្វី​ដែល​សំខាន់ អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់ចំពោះ​ខ្លួនឯង ទាំង​របប​អាហារ និង​ការ​ហាត់ប្រាណ​។ កុំ​ធ្វើ​អ្វី​ដែល​ប៉ះពាល់ដល់​ការ​លូតលាស់​របស់​អ្នក  បើ​អ្នក​មិន​បាន​ធ្វើ​អ្វី​ជួយ​ដល់​ការ​លូតលាស់​នៃ​រា​ង​កាយ​របស់​អ្នក​ទេ អ្នក​ក៏​មិន​គួរ​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់​ការ​លូតលាស់​ដែរ​។ ថ្នាំ​ញៀន បារី និង​គ្រឿង​ស្រវឹង គឺជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ការ​លូតលាស់​របស់​អ្នក និងធ្វើ​ឲ្យ​មានការ​លូតលាស់​យឺត​ជាង​ធម្មតា នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​វាក្នុង​វ័យ​កំពុង​លូតលាស់​។ ត្រូវ​គិត​ថា អ្នកមាន​អាយុ​ដល់​២០​ឆ្នាំ​ឡើង ទើប​អ្នក​ឈប់​មានការ​លូតលាស់  ក្មេង​ៗ​ជា​ច្រើន​តែងតែ​សួរ​សំណួរ​ខ្លួនឯង​ថា «​តើ​ខ្ញុំ​ឈប់​មានការ​លូតលាស់​ហើយ​ឬ?» បើ​អ្នកមាន​អាយុ​ក្រោម១៨​ឆ្នាំ នោះចម្លើយ​ប្រាកដជា «​ទេ​»​។ បើអ្នក​មិន​ទាន់​ពេញវ័យ​ទេ នោះ​អ្នក​នៅ​តែ​មានការ​លូតលាស់​នៅឡើយ​។ដូច្នេះ​អ្នកមាន​ពេល​ធ្វើ​អ្វី​ៗ ដើម្បី​ឲ្យ​រា​ង​កាយ​របស់​អ្នក​លូតលាស់​បន្ថែម​ទៀត ជា​ជាង​ទុក​ពេល​ព្រួយ​ពី​ការ​ឈប់​លូតលាស់​ទាំងនោះ​។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ឪពុកម្តាយគ្រប់រូបគួរកត់សម្គាល់ថា ទឹកដោះម្តាយ ឬទឹកដោះគោកំប៉ុង មានរូបមន្ត និងសារធាតុគ្រប់គ្រាន់ ដែលកូនរបស់អ្នកត្រូវការហើយ ដូច្នេះ ពួកគេគួរតែនៅឲ្យឆ្ងាយពីទឹកផ្លែឈើ ទឹកក្រូច ឬភេសជ្ជៈផ្សេងៗទៀត ពីព្រោះ វាជារបបអាហារខ្វះជាតិសរសៃ និងអាចធ្វើឲ្យកូនក្មេងឡើងគីឡូ ដែលគ្មានសុខភាពល្អទៀតផង។   ទឹកផ្លែឈើ មិនមានសារៈប្រយោជន៍អ្វីច្រើន ចំពោះសុខភាពកុមារអាយុក្រោមមួយឆ្នាំនោះទេ ដូច្នេះ បើកុំឲ្យគេញ៉ាំ គឺល្អជាង នេះបើតាមការសិក្សាថ្មីមួយ ដែលចេញដោយបណ្ឌិតសភា​ផ្នែក​ជំងឺ​កុមារ​អាមេរិក។   ផ្លែឈើ ល្អសម្រាប់សុខភាព ប៉ុន្តែ ការញ៉ាំដោយទំពារ វាល្អជាងការកិន កៀប ឬការញ៉ាំជាទឹកផ្លែឈើកំប៉ុង ដែលវាអាចដាក់បន្ថែមសារធាតុនានា ជាពិសេសគឺជាតិស្ករ។   យ៉ាងណាមិញ ការញ៉ាំក្នុងកម្រិតមួយទាប សម្រាប់កុមារធំៗ វាពិតជាមិនអាចប៉ះពាល់ ចំពោះសុខភាពរបស់ពួកគេឡើយ ប៉ុន្តែ សម្រាប់ក្មេងអាយុក្រោម ១ ឆ្នាំ បើមិនញ៉ាំ គឺល្អជាង។   អ្នកជំនាញបាននិយាយថា ទឹកផ្លែឈើ អាចធ្វើឲ្យកុមារឡើងទម្ងន់ដែលគ្មានសុខភាពល្អ និងឆាប់ខូចធ្មេញ។ ទឹកដោះម្តាយ ទឹកដោះគោ និងទឹកសុទ្ធធម្មតា គឺវាគ្រប់គ្រាន់ សម្រាប់កូនក្មេងហើយ។ តាមការណែនាំ កូនក្មេងអាយុពី ១ ទៅ ៣ ឆ្នាំ មិនគួរញ៉ាំទឹកផ្លែឈើ លើសពី ១១៣ ក្រាមក្នុងមួយថ្ងៃឡើយ៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

នាពេលបច្ចុប្បន្ននេះ យើងរាល់គ្នាចិញ្ចឹមកូនតែងតែខ្វល់ខ្វាយចំពោះការលេងឧបករណ៍ឌីជីថល និងតែងតែមានចម្ងល់ អំពីឧបករណ៍ទាំងនោះ​ ត្រូវបានចោទសួរឡើង។ ក្នុងនោះមានដូចជា តើវាអាចនឹងមានផលប៉ះពាល់អ្វីខ្លះដល់កូនរបស់យើង? តើបច្ចេកវិទ្យាទាំងនោះ អាចប៉ះពាល់ដល់ ខួរក្បាលរបស់ពួកគេទេ? តើវាអាចកំណត់នូវការលូតលាស់ផ្នែកសង្គមដែរ ឬទេ? តើវាអាចបង្កគ្រោះថ្នាក់ដល់អារម្មណ៍របស់ពួកគេទេ? តើវាអាចពន្យារ នូវការចាប់ផ្ដើមការចេះនិយាយរបស់ពួកគេទេ? ប្រហែលជាមានច្រើននាក់ មិនបានគិតអំពីសំណួររចុងក្រោយនេះទេ រហូតដល់មានការសិក្សាថ្មីមួយ ដែលបានបង្ហាញពីការរកឃើញមួយចំនួន ដ៏គួរឲ្យចាប់អារម្មណ៍ ហើយបានចេញផ្សាយ និងត្រូវបានធ្វើបទបង្ហាញក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៧ របស់សមាគមគ្រូពេទ្យឯកទេសផ្នែកកុមារ។ ការសិក្សាបានរកឃើញថា «បើក្មេងអាយុនៅចន្លោះពី ៦ខែដល់២ឆ្នាំ ចំណាយពេលលេងឧបករណ៍ឌីជីថល ដូចជា ស្មាតហ្វូន ថេបផ្លេត និងហ្គេមអេឡិចត្រូណិច កាន់តែច្រើ​ន ពួកគេអាចនឹងប្រឈមនូវភាពយឺតយ៉ាវនៃការចេះនិយាយរបស់ពួកគេកាន់តែខ្ពស់»។ វេជ្ជបណ្ឌិត Catherine Birken អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃការសិក្សានេះ និងជាគ្រូពេទ្យឯកទេសផ្នែកកុមារ ហើយក៏ជាអ្នកវិទ្យាសាស្ដ្រ នៅមន្ទីរពេទ្យសម្រាប់ជំងឺកុមារនៅ Toront, Ontario បានថ្លែងថា «ខ្ញុំជឿថា វាជាការសិក្សាលើកដំបូង ដែលទាក់ទងនឹងផលប៉ះពាល់ របស់ឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយចល័ត និងការពន្យារពេល នៃការប្រាស្រ័យទាក់ទងរបស់កុមារ។» លោកស្រីបានបន្តថា «វា គឺជាលើកទីមួយហើយ ដែលយើងបានរកឃើញគំហើញថ្មី ទៅលើបញ្ហាដ៏មានសក្ដានុពលនេះ ប៉ុន្តែខ្ញុំគិតថា លទ្ធផលទាមទារឲ្យមានការសិក្សាបន្ថែម និងការកែសម្រួល ព្រោះថា វាគ្រាន់តែជាការសិក្សាជំហានដំបូងប៉ុណ្ណោះ»។ ការស្រាវជ្រាវនេះ បានសិក្សាទៅលើកុមារជាង៩០០នាក់ ដោយឪពុកម្ដាយរបស់ទារកមានអាយុ១៨ខែ បានរាយការណ៍ ពីរយៈពេលដែលកូនរបស់ពូកគាត់ បានចំណាយទៅលើឧបករណ៍ឌីជីថលទាំងនោះ គិតជានាទីក្នុងមួយថ្ងៃ។ បន្ទាប់មក អ្នកស្រាវជ្រាវបានប្រើនូវកម្រងសំណួរមួយប្រភេទ សួរទៅកាន់ឪពុកម្ដាយរបស់ទារក ដើម្បីតាមដាន និងវាយតម្លៃអំពីការលូតលាស់ផ្នែកទំនាក់ទំនងរបស់ទារក (Infant toddler checklist) និងកម្រងសំណួរសម្រាប់ធ្វើតេស្ដរកមើលបញ្ហាសុខភាពផ្លូវចិត្ត (A validated screening tool) ដើម្បីវាយតម្លៃទៅលើការអភិវឌ្ឍភាសារបស់ទារក​ នៅអាយុ១៨ខែ។ ពួកគេបានធ្វើការសិក្សាទៅលើការប្រើប្រាស់សម្លេង ឬពាក្យរបស់កុមារ ក្នុងការទាមទារការយកចិត្តទុកដាក់ ឬការសុំជំនួយផ្សេងៗ ហើយការដាក់បញ្ចូលនូវពាក្យទាំងនោះចូលគ្នា និងចំនួនពាក្យដែលកុមារបានប្រើ។ ការសិក្សាបានរកឃើញថា ២០%នៃកុមារ បានចំណាយពេលប្រមាណជាមធ្យម២៨នាទីក្នុងមួយថ្ងៃ លេងឧបករណ៍ឌីជីថល។ រាល់ការកើនឡើង៣០នាទី ជារៀងរាល់ថ្ងៃ ទៅលើការលេងឧបករណ៍ទាំងនេះ គឺអាចនាំឲ្យកើនឡើង៤៩%នៃហានិភ័យមួយ ដែលអ្នកស្រាវជ្រាវហៅថា ភាពយឺតយ៉ាវនៃការចេះនិយាយ របស់កុមារ ដែលវាគឺជាការប្រើប្រាស់សម្លេង និងពាក្យសម្ដី។ យ៉ាងណាមិញ ការសិក្សានេះ មិនបានរកឃើញអំពី ទំនាក់ទំនងរវាងការប្រើប្រាស់ឧបករណ៍ទាំងនេះ ជាមួយនឹងការទំនាក់ទំនងផ្សេងទៀត ដូចជាតាមរយៈកាយវិការ ភាសាកាយវិការ និងទំនាក់ទំនងសង្គមនោះទេ។   យើងត្រូវការការស្រាវជ្រាវមួយដែលច្បាស់លាស់ជាងនេះ លោកស្រី Birken ដែលជាសាស្ដ្រាចារ្យរងផ្នែកជំងឺកុមារនៅសាកលវិទ្យាល័យToronto បានសង្កត់ធ្ងន់ថា ខណៈពេលដែលការសិក្សារបស់លោកស្រីបានបង្ហាញថា វាមានទំនាក់ទំនងរវាងការប្រើប្រាស់ឧបករណ៍ទាំងនេះ និងការពន្យារពេល ក្នុងការប្រាស្រ័យទាក់ទងរបស់កុមារ ដូច្នេះ វាទាមទារឲ្យមានការស្រាវជ្រាវជាច្រើនទៀត ដើម្បីបញ្ជាក់បានថា ការប្រើប្រាស់ឧបករណ៍ឌីជីថលទាំងនេះ អាចបង្កឲ្យមានភាពយឺតយ៉ាវក្នុងការចេះនិយាយរបស់កុមារ។ លោកស្រីបានថ្លែងថា «ការសិក្សាបន្ថែមទៀតក៏ត្រូវការផងដែរ ដើម្បីឲ្យបានដឹងថា កុមារកំពុងមើលអ្វីខ្លះ? ថាតើពួកគេកំពុងតែប្រើឧបករណ៍ទាំងនេះ ជាមួយឪពុកម្ដាយ ឬក៏អ្នកថែទាំរបស់ពួកគេ?»។ លោកស្រី Birken បាននិយាយថា «ខ្ញុំគិតថា ដើម្បីទទួលបានភស្ដុតាងដ៏ជាក់លាក់មួយ ព្រមទាំងជូនដំណឹងទៅកាន់ឪពុកម្ដាយ និងគ្រូពេទ្យ អំពីអ្វីដែលគួរតែណែនាំ យើងត្រូវការ​​ ការស្រាវជ្រាវបន្ថែមទៀត»។  ចំណែកឯ American Academy of Pediatrics បានថ្លែងថា «អ្នកត្រូវការការពិសោធ និងភស្ដុតាងដ៏ល្អមួយ យ៉ាងហោចណាស់ការសិក្សារយៈពេលយូរមួយ ប៉ុន្តែការរកឃើញនេះក៏បានបង្ហាញនូវទំនាក់ទំនងមួយដ៏សំខាន់ ហើយវាក៏គាំទ្រនូវការណែនាំនាពេលបច្ចុប្បន្ននេះ ដូចគ្នាដែរ»។ ក្រុមនេះក៏បានផ្ដល់ជាអនុសាសន៍ថា «មិនគួរឲ្យកុមារដែលមានអាយុក្រោម១៨ខែ ប្រើប្រាស់ ឬលេងជាមួយឧបករណ៍ឌីជីថលទាំងនេះទេ។ សម្លេងរំខាន និងសកម្មភាពរបស់ឧបករណ៍ទាំងនេះ អាចមានផលប៉ះពាល់ដល់កុមារតូចៗ និងអាចបង្កឲ្យមានការបាត់បង់នូវទំនាក់ទំនង​ រវាងពួកគេ និងឪពុកម្ដាយរបស់ពួកគេ នេះបើយោងតាមការបកស្រាយរបស់គ្រូពេទ្យឯកទេសជំងឺកុមារ»។​ សម្រាប់កុមារអាយុចន្លោះពី ១៨ដល់២៤ខែ ក្រុមគ្រូពេទ្យឯកទេស ផ្នែកកុមារនៅសហរដ្ឋអាមេរិក បានច្រានចោលនូវការណែនាំ កាលពីឆ្នាំមុន ដែលហាមដាច់ខាត មិនឲ្យកុមារនៅក្នុងក្រុមអាយុនេះប្រើឧបករណ៍ឌីជីថលទេ។ ផ្ទុយទៅវិញ ក្រុមគ្រូពេទ្យនេះបានផ្ដល់អនុសាសន៍ថា​ «ឪពុកម្ដាយគួរតែជ្រើសរើស យកកម្មវិធីណាល្អៗ និងមានគុណភាពខ្ពស់ ហើយមើលជាមួយកូនរបស់ពួកគេ ដើម្បីជួយឲ្យពួកគេបានដឹង និងយល់ពីអ្វីដែលពួកគេកំពុងមើល»។ ស្ទើរតែ៤០%នៃកុមារ ដែលមានអាយុក្រោម២ឆ្នាំ បានប្រើទូរស័ព្ទចល័ត គឺកើនឡើងពី១០%នៅឆ្នាំ២០១១ នេះបើយោងតាមការសិក្សាមួយ ក្នុងឆ្នាំ២០១៣ របស់ Common Sense Media ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញមួយ ផ្ដោតលើការជួយកុមារ ឪពុកម្ដាយ និងអ្នកអប់រំឲ្យដើរតាមពិភព នៃការផ្សព្វផ្សាយ និងបច្ចេកវិទ្យា។ ចំនួននេះ គឺកាន់តែខ្ពស់នាពេលបច្ចុប្បន្ន ចាប់តាំងពីស្មាតហ្វូនកាន់តែមានភាពពេញនិយម។​ លោក Michael Robb ដែលជានាយកស្រាវជ្រាវនៃ Common Sense Media បានថ្លែងថា «វាគឺជាការសិក្សាដ៏មានសារៈសំខាន់មួយ ដែលបានពន្លេចពីហានិភ័យដ៏គ្រោះថ្នាក់ ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ​ និងជាពិសេសនោះ គឺការប្រើប្រាស់ឧបករណ៍ឌីជីថល»។ លោកបានបន្ថែមទៀតថា «អ្វីដែលបង្កឲ្យមានផលប៉ះពាល់នោះ ពិតជាសំខាន់ណាស់ ដែលផលប៉ះពាល់អវិជ្ជមាន គឺដោយសារការប្រើឧបករណ៍ឌីជីថល បានជំនួសនូវទំនាក់ទនង រវាងឪពុកម្ដាយ និងកូន (ការលេង ការអាន ការជជែកគ្នា ការច្រៀង ។ល។) សកម្មភាពទាំងនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍមួយដ៏ល្អ»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

កុមារ គឺជាវ័យមួយដែលកំពុងតែមានការរីកលូតលាស់ ហើយក៏ជាវ័យដែលមាតាបិតាត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះបរិមាណនៃសារធាតុចិញ្ចឹម ដែលបុត្រធីតាតូចៗរបស់ពួកគាត់ត្រូវការផងដែរ។  មិនត្រឹមតែក្នុងបរិមាណដែលគ្រប់គ្រាន់ប៉ុណ្ណោះទេ គឺ ចាំបាច់ត្រូវតែជា សារធាតុចិញ្ចឹមដែលត្រឹមត្រូវ ដើម្បីឲ្យសារពាង្គកាយរបស់ពួកគេមានការរីកធំធាត់បានល្អ។ ហេតុដូច្នេះហើយ របបអាហារដែលកុមារបរិភោគប្រចាំថ្ងៃ ពិតជាមានសារសំខាន់ណាស់ និងជាអ្វីដែលមាតាបិតាមិនគួរមើលរំលង។ ខាងក្រោមនេះ គឺជាសារធាតុចិញ្ចឹមចម្បង ៣យ៉ាង ដែលកុមារត្រូវការជាចាំបាច់ប្រចាំថ្ងៃ៖ ជាតិដែក ជាតិដែក​ មាននាទីចូលរួមយ៉ាងសកម្មក្នុងការបង្កើតគោលិកាឈាមក្រហមដែលមានសុខភាពល្អ អាចដឹកនាំអុកស៊ីសែនទៅកាន់កោសិកានៅទូទាំងរាងកាយ។ វាពិតជាមានសារសំខាន់ក្នុងការបង្កើតអេម៉ូក្លូប៊ីន ដែលជាជាតិពណ៌ក្រហមនៅក្នុងឈាម និងមានតួនាទីក្នុងការដឹកនាំអុកស៊ីសែន ព្រមទាំងចូលរួម​ ក្នុងការវិវឌ្ឍរបស់ខួរក្បាលផងដែរ។ ដូចនេះហើយ បញ្ហាកង្វះជាតិដែកនឹងបណ្តាលឲ្យកើតជំងឺខ្វះឈាម  ប្រឈមនឹងអាការៈអស់កម្លាំង និងខ្សោយបញ្ញាទៀតផង។ គួរបញ្ជាក់ផងដែរថា សារធាតុចិញ្ចឹមដ៏សំខាន់មួយនេះសម្បូរនៅក្នុងសាច់ក្រហម និងថ្លើម  ដែលជាទូទៅបរិមាណដែលត្រូវការ គឺពី៧ទៅ១០មីលីក្រាមក្នុងមួយថ្ងៃ។ ជាតិស័ង្កសី ជាតិស័ង្កសីរួមចំណែកក្នុងការលូតលាស់ជាទូទៅ និងការវិវឌ្ឍនៃសរីរាង្គបន្តពូជ ការវិវឌ្ឍនៃប្រព័ន្ធភាពស៊ាំ និងការពារប្រឆាំងនឹងជំងឺផ្សេងៗ។ ប្រសិនបើ កុមារទទួលទានវាក្នុងបរិមាណមិនគ្រប់គ្រាន់ទេនោះ គឺអាចប្រឈមនឹងភាពខ្សោយការចងចាំ  សមត្ថភាពក្នុងការរៀន និងសមត្ថភាពក្នុងការប្រមូលអារម្មណ៍។ ម្យ៉ាងវិញទៀត ស័ង្កសីក៏ជួយក្នុងការលូតលាស់មិនពេញលេញ(ក្រិន) និងបញ្ហារាករូសធ្ងន់ធ្ងរនៃកុមារ ព្រមទាំងប្រឆាំងនឹងជំងឺដែលងាយកើតមានដូចជា ក្អក ផ្តាសាយ ជំងឺឆ្លងមេរោគត្រចៀក និងជំងឺដែលបង្កដោយប៉ារាសិត ដូចជាជំងឺគ្រុនចាញ់ផងដែរ។ វាក៏ដើរតួនាទីសំខាន់ក្នុងការព្យាបាលជំងឺផ្សេងទៀត ដូចជា អាការៈគ្រប់គ្រងស្ថានភាពខ្លួនឯងមិនបាន ហ៊ឹងត្រចៀក ជំងឺភ្នែក អេដស៍ ជំងឺហឺត ជំងឺទឹកនោមផ្អែម សម្ពាធឈាមឡើងខ្ពស់។ល។ សារធាតុចិញ្ចឹមមួយនេះ មាននៅក្នុងអាហារច្រើនប្រភេទ រួមមាន ៖ សាច់ក្រហម ពពួកសត្វខ្ចៅខ្យង ដំឡូង (ទុកទាំងសំបក) ពពួកសណ្តែក ពពួកសណ្តែកដី ផ្សិត គ្រាប់ធញ្ញជាតិ និង មួយចំណែកទៀតនៅក្នុងទឹកដោះ។ វីតាមីនចម្រុះ វីតាមីនមានច្រើនប្រភេទ​ ហើយមាននាទីខុសៗគ្នា ដែលចាំបាច់សម្រាប់រាងកាយ៖ • វីតាមីន A៖ ជួយឲ្យភ្នែកកុមារភ្លឺច្បាស់ ស្បែកមានសុខភាពល្អ និងការពារពីការបង្ករោគផ្សេងៗ ដែលវាសម្បូរនៅក្នុងបន្លែដូចជា ការ៉ុត ស៊ុតពណ៌លឿង និង ប្រេងត្រីជាដើម។ • វីតាមីន B៖ មានច្រើនប្រភេទដែលមានប្រភពពីអាហារខុសៗគ្នា ហើយវាជួយក្នុងការផលិត RNA និង DNA​ ផលិតគ្រាប់ឈាម ចូលរួមក្នុង មេតាបូលីសផ្សេងៗ ព្រមទាំងចូលរួមក្នុងការផលិតគ្រាប់ឈាមថែមទៀតផង។ • វីតាមីន C៖ មានសារប្រយោជន៍ក្នុងការប្រឆាំងទៅនឹងជំងឺផ្ដាសាយ ដោយធ្វើឲ្យកោសិការបស់សរសៃឈាមរឹងមាំ ជួយឲ្យដំបៅឆាប់ជា ព្រមទាំង ធ្វើឲ្យឆ្អឹង និងធ្មេញរឹងមាំ។ វាសម្បូរនៅក្នុងផ្លែឈើដូចជា ប៉េងប៉ោះ ក្រូច និង ស្វាយជាដើម។ • វីតាមីន D៖  ជួយឲ្យរាងកាយស្រូបជាតិរ៉ែដូចជា កាល់ស្យូមសម្រាប់ទ្រទ្រង់ឲ្យឆ្អឹង និងធ្មេញរឹងមាំ និងមានមុខងារ  ដូចជាអ័រម៉ូនដែលជួយសម្រួល ប្រព័ន្ធភាពស៊ាំរាងកាយ ការផលិតអ័រម៉ូនអាំងស៊ុយលីន និងការលូតលាស់របស់កោសិកា។ ជាទូទៅ រាងកាយអាចផលិតវាបាននៅពេលដែលស្បែកត្រូវពន្លឺថ្ងៃ។ • វីតាមីន E៖ ជួយបង្កើនប្រព័ន្ធភាពស៊ាំរាងកាយ  និងជួយឲ្យរាងកាយប្រឆាំងទប់ទល់ទៅនឹងមេរោគ។ វារក្សាការបើកធំរបស់សរសៃឈាម ដែលជួយឲ្យឈាមមានលំហូរងាយស្រួល។ យ៉ាងណាមិញ ក្នុងករណីដែលបុត្រធីតារបស់លោកអ្នកមានបញ្ហាលំបាកក្នុងការទទួលទាន នូវប្រភេទអាហារដែលជាប្រភពនៃសារធាតុចិញ្ចឹមចម្បង ៣ខាងលើ លោកអ្នកក៏អាចផ្តល់ឲ្យពួកគេនូវអាហារបំប៉នដែលមានផ្ទុកនូវអាហារូបត្ថម្ភទាំងនោះផងដែរ។ ហេតុនេះ បញ្ហារើសអាហាររបស់កូន នឹងលែងជាកង្វល់ របស់មាតាបិតាទៀតហើយ។ ដើម្បីរក្សាការរីកលូតលាស់នៃរាងកាយរបស់កូនអ្នក សូមធ្វើការជ្រើសរើសប្រភេទអាហារបំប៉នដែលស័ក្តិសម និងមានគុណប្រយោជន៍ សម្រាប់ពួកគេបំផុត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

តើអ្វីទៅជាអាហារូបត្ថម្ភ និងមានប៉ុន្មានកម្រិត? អាហារូបត្ថម្ភគឺជាសារជាតិចិញ្ចឹម (nutrients) មានក្នុងអាហារដែលយើងបរិភោគរាល់ថ្ងៃ រួមទាំងភេសជ្ជៈផងដែរ ដើម្បីទ្រទ្រង់រាងកាយ​ និងសុខភាពរបស់មនុស្សយើង។ បរិមាណសារជាតិចិញ្ចឹមមានតិចឬច្រើនអាស្រ័យលើប្រភេទអាហារនីមួយៗ។ ដើម្បីបឺតស្រូបយកសារជាតិចិញ្ចឹមសម្រាប់ប្រើប្រាស់បានដោយរាងកាយ អាហារ​ ឬភេសជ្ជៈត្រូវឆ្លងកាត់បីដំណាក់កាលគឺ៖ ១.  អាហារឬភេសជ្ជៈត្រូវបានហូបចូល។ ២. រាងកាយបំបែកអាហារឬភេសជ្ជៈទៅជាសារជាតិចិញ្ចឹម។ ៣.  ​សារជាតិចិញ្ចឹមធ្វើដំណើរតាមចរន្តឈាមចូលទៅផ្នែកផ្សេងៗនៃរាងកាយដើម្បីប្រើប្រាស់តាមតម្រូវការ។   សារជាតិចិញ្ចឹមក្នុងបរិបទអាហារូបត្ថម្ភចែកជាពីរ គឺ៖   • ម៉ាក្រូសារជាតិ (macronutrient)៖ ជាប្រភេទសារជាតិចិញ្ចឹមដែលរាងកាយយើងត្រូវការក្នុងបរិមាណច្រើនមានដូចជា៖ -​ កាបូហាយដ្រេត (ជាតិម្សៅ)៖ មានប្រភពពីបាយ ឬនំបុ័ងជាដើម។ មុខងាររបស់កាបូហាយ ដ្រេត គឺផ្តល់ថាមពល។ - ប្រូតេអ៊ីន (សាច់)៖ មានប្រភពពីសាច់មាន់ត្រី ឬសាច់គោជាដើម។ ប្រូតេអ៊ីនជួយសាងសង់ ជួសជុល និងថែរក្សាកោសិកា និងជាលិការបស់រាងកាយ ដូចជាសាច់ដុំ ស្បែក សរីរាង្គ ឈាម និងឆ្អឹង។ - លីពីត (ខ្លាញ់)៖ មានប្រភពពីខ្លាញ់មាន់ ទា ឬប្រេងសណ្តែក ប្រេងបន្លែជាដើម។ ខ្លាញ់ជួយឲ្យរាងកាយបឺតស្រូបប្រូតេអ៊ីន និងកាបូហាយដ្រេតកាន់តែមានប្រសិទ្ធភាព។ • មីក្រូសារជាតិ (micronutrient)៖ ជាប្រភេទសារជាតិចិញ្ចឹមដែលរាងកាយយើងត្រូវការក្នុងបរិមាណតិចមានដូចជាពួកជាតិរ៉ែខនិជ និងវីតាមីន។  ជាតិរ៉ែខនិជ ចែកជាពីរគឺ ម៉ាក្រូរ៉ែ និងមីក្រូរ៉ែ។ ម៉ាក្រូរ៉ែ គឺជារ៉ែដែលរាងកាយយើងត្រូវការក្នុងបរិមាណច្រើនជាងមីក្រូរ៉ែ គឺច្រើនជាង២៥០មីលីក្រាមជារៀងរាល់ថ្ងៃសម្រាប់មនុស្សម្នាក់។ ម៉ាក្រូរ៉ែមានដូចជា៖ កាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ សូដ្យូម ស៊ុលផាត ម៉ាញេស្យូម និងក្លរ។ មីក្រូរ៉ែគឺជារ៉ែ ដែលរាងកាយយើងត្រូវការក្នុងបរិមាណតិច គឺតិចជាង២០មីលីក្រាមជារៀងរាល់ថ្ងៃសម្រាប់មនុស្សម្នាក់។មីក្រូរ៉ែមានដូចជា៖ ជាតិដែក អ៊ីយ៉ូត ទង់ដែង ស័ង្កសី សេលីញូម កុបព័រ ម៉ូលីដែន ម៉ង់កាណែស បារុន ក្រូម នីកែល​ និង ភ្លុយអរ។ ចំពោះ វីតាមីនវិញមានពីរប្រភេទគឺ វីតាមីនរលាយក្នុង ទឹកនិងវីតាមីនរលាយក្នុងខ្លាញ់។ វីតាមីនរលាយក្នុងទឹកមានដូចជា៖ វីតាមីន B1, B2, B6, B12, អាស៊ីតហ្វូលីក អាស៊ីតប៉ង់តានិច វីតាមីន C។ វីតាមីនរលាយក្នុងខ្លាញ់មានដូចជា៖ វីតាមីន A, D, E, និង K។   តើកុមារត្រូវការអាហារូបត្ថម្ភច្រើនជាងមនុស្សធំឬយ៉ាងណា? ហេតុអ្វី? ជាធម្មតាក្មេងត្រូវការអាហារូបត្ថម្ភក្នុងបរិបទជាសារជាតិចិញ្ចឹមតិចជាងមនុស្សពេញវ័យ។ ឧទាហរណ៍ ដូចជាតម្រូវការថាមពល គឺអាស្រ័យលើអាយុ ភេទ និងសកម្មភាពប្រចាំថ្ងៃ។ ឧទាហរណ៍ កុមារភេទប្រុសអាយុក្រោម១ខែត្រូវការថាមពលចំនួន៥១៨កាឡូរី ចំណែកកុមារភេទស្រី អាយុដូចគ្នាត្រូវការថាមពលតែចំនួន ៤៦៤កាឡូរី។ ក្មេងប្រុសអាយុពី ១ ដល់២ឆ្នាំ ត្រូវការថាមពល ៩៤៨កាឡូរី។ ចំណែកក្មេងស្រីអាយុដូចគ្នាត្រូវការថាមពលតែចំនួន ៨៦៥កាឡូរី។ មនុស្សប្រុសពេញវ័យអាយុពី ១៧ ដល់១៨ឆ្នាំ ត្រូវការថាមពល ៣,៤១០កាឡូរី។ មនុស្សស្រីពេញវ័យអាយុពី ១៧ ដល់១៨ឆ្នាំ ត្រូវការថាមពល ២,៥០៣កាឡូរី។ តើកុមារត្រូវការអាហារបែបណា? តម្រូវការរបស់កុមារបែងចែកទៅតាមអាយុ៖ • កុមារអាយុពី ០ខែ ទៅ៦ខែ៖ ការបំបៅកូនដោយទឹកដោះម្តាយ ជួយឲ្យកុមារទទួលបានការចាប់ផ្តើមជីវិតដំបូងដ៏ល្អបំផុត។ ទឹកដោះម្តាយជាឱសថទិព្វ និងជាអាហារចម្បងតែមួយគត់ ដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់កុមារអាយុពី ០ខែ ទៅ៦ខែ។ • ក្មេងអាយុពី ៦ខែ ទៅ២៤ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយរួមជាមួយការចាប់ផ្តើមអាហារបន្ថែម គឺផ្តល់អាហារដែលមាន អាហារូបត្ថម្ភគ្រប់គ្រាន់ មានសុវត្ថិភាពតាមអាយុសមស្របរបស់ទារក និងកុមារ។ អាហារបន្ថែមនោះគួរជាប្រភេទអាហារចម្រុះពីប្រភេទអាហារសំខាន់ៗទាំង ៣ក្រុម។ អាហារទាំង៣ក្រុមនេះរួមមានដូចជា៖ •​​ អាហារថាមពល៖​ មានប្រភពពី បាយ ដំឡូង ពោត ខ្លាញ់ដែលអាចផ្តល់ថាមពលដល់កុមារ។ • អាហារសាងសង់៖ មានប្រភពពីសាច់មាន់ ទា ត្រី សាច់ជ្រូក សាច់គោជាដើម ដែលជួយសាង-សង់រាងកាយកុមារឲ្យបានធំធាត់។ • អាហារការពារ៖ មានប្រភពពីបន្លែ ផ្លែឈើ ដែលសម្បូរសារជាតិរ៉ែខនិជ និងពួកវីតាមីនដែលអាចជួយកុមារឲ្យប្រឆាំងនឹងជំងឺផ្សេងៗ។ តើត្រូវផ្តល់អាហារឲ្យកុមារតាមរបៀបណាខ្លះដើម្បីឲ្យពួកគាត់លូតលាស់ និងមានសុខភាពល្អ?  ដើម្បីឲ្យក្មេងមានការលូតលាស់ល្អ ចាំបាច់ណាស់ត្រូវផ្តល់អាហារដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ មានសុវត្ថិភាពតាមអាយុសមស្របរបស់ទារក និងកុមារទៀងទាត់ពេលវេលា និងមានការយកចិត្តទុកដាក់។ • ក្មេងក្រោមអាយុ ៦ខែ៖ បំបៅទឹកដោះម្តាយតែមួយគត់ និងបំបៅតាមតែពួកគេចង់បៅ។ • ក្មេងអាយុ ៦ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយនិងផ្តល់អាហារបន្ថែម ២ដង ក្នុងមួយថ្ងៃ (២ ទៅ ៣ស្លាបព្រាបាយម្តង) • ក្មេងអាយុ ៧ ទៅ ៨ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយនិងផ្តល់អាហារបន្ថែម ៣ដងក្នុងមួយថ្ងៃ (កន្លះចានចង្កឹះម្តង) • ក្មេងអាយុ ៩ ទៅ ១១ខែ៖ បន្តបំបៅកូនដោយ ទឹកដោះម្តាយនិងផ្តល់អាហារបន្ថែម ៣ដងក្នុងមួយថ្ងៃ (កាច ឬជាងកន្លះចានចង្កឹះម្តង) ជាមួយអាហារក្រៅពេលម្តងក្នុងមួយថ្ងៃ     • ក្មេងចាប់ពីអាយុ ១២-២៤ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយ និងផ្តល់អាហារបន្ថែម ៣ដងក្នុងមួយថ្ងៃ (មួយចានចង្កឹះពេញ) ជាមួយអាហារក្រៅពេលពីរដងក្នុងមួយថ្ងៃ។ បកស្រាយដោយ ៖ លោក ហ៊ូ ក្រើន នាយករង ហេឡែនខេលល័រអន្តរជាតិ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។    

ចែករំលែក

សម្រាប់កុមារ ចក្ខុវិញ្ញាណត្រូវបានប្រើប្រាស់ច្រើនជារៀងរាល់ថ្ងៃជាពិសេសពេលទៅសាលារៀនដោយសារតែការរៀនសូត្រភាគច្រើនត្រូវការប្រើនេត្រាទាំងទ្វេជាប្រចាំ។ ហេតុនេះហើយ ក្នុងនាមជា​​​​​​​​​​​​​​​ឱពុកម្តាយ អ្នកត្រូវមានការយកចិត្តទុកដាក់ខ្ពស់លើសុខភាពភ្នែករបស់គេ។ ប្រសិនបើកុមារកើតមានបញ្ហាភ្នែកនោះ វាងាយនឹងរីករាលដាលចូលដល់ដំណាក់កាលធ្ងន់ធ្ងរ ដែលនឹងបង្កឲ្យប៉ះពាល់ដល់អនាគតរបស់ពួកគេ។ តែខាងក្រោមនេះជាភាពមិនប្រក្រតី៨យ៉ាងនៃភ្នែកកូនរបស់អ្នក ដែលអ្នកគួរតែមានការព្រួយបារម្ភ បើវាកើតមានចំពោះបុត្ររបស់អ្នក ៖ · អង្គុយមើលទូរទស្សន៍ ឬកាន់សៀវភៅជិត និងយូរពេក ៖ ការដែលការអង្គុយមើលទូរទស្សន៍ជិតពេក ហើយចំណាយពេលយូរពេកនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពភ្នែក បានក្លាយជាពាក្យដែលគេនិយាយតៗគ្នារហូត ហើយវាក៏ក្លាយជាចំណុចដំបូងគេដែលគេនឹកឃើញដល់រាល់ពេលដែលនិយាយពីគុណវិបត្តិនៃការមើលទូរទស្សន៍។ ប្រសិនបើកូនរបស់អ្នកមិនអាចមើលរូបភាពផ្សេងៗពីដោយមិនខិតចូលជិតទេនោះ មានន័យថាគេមានបញ្ហាម្ញ៉ូបឆ្ងាយហើយ។ · ការញីភ្នែកញឹកញាប់ ៖ កុមារញីឧស្សាហ៍ញីភ្នែក ពេលដែលមានអផ្សុក ឬមិនសប្បាយចិត្ត។ ប៉ុន្តែ បើសិនគេញីភ្នែកពេលដែលគេកំពុងលេងអ្វី ហើយកំពុងសម្លឹងព្យាយាមសម្លឹងមើលអ្វីមួយនោះ នោះក៏អាចជាសញ្ញាថាគេមានបញ្ហាភ្នែកដែរ។ · ពិបាកកំណត់ទីតាំងពេលអាន ឬប្រើម្រាមដៃចង្អុលតាមជួរដែលត្រូវអាន ៖ ពេលចាប់ផ្តើមអានដំបូង គេត្រូវការរបស់អ្វីម្យ៉ាងជាពិសេសម្រាមដៃ ចង្អុលតាមជួរដើម្បីងាយស្រួលអាន។ តែបើគេនៅតែបន្តប្រើដៃចង្អុលទៀតនោះ សូមសាកល្បងប្រាប់គេឲ្យដកដៃចេញ ប្រសិនបើគេមិនអាចធ្វើបាន នោះបានន័យថាគេមានបញ្ហាចក្ខុហើយ។ · ងាយមានប្រតិកម្មឆ្លើយតបនឹងពន្លឺ និងការហៀរទឹកភ្នែកច្រើនពេក ៖ តើកូនរបស់អ្នកងាយមានប្រតិកម្មជាមួយពន្លឺក្នុងផ្ទះ ពន្លឺព្រះអាទិត្យ ឬភ្លើងflash នៃកាមេរ៉ាទេ? ប្រសិនបើគេមានអាការៈបែបនេះ គេងាយនឹងឈឺក្បាល ហើយចង់ក្អួត។ ម្យ៉ាងវាក៏អាចជារោគសញ្ញានៃបញ្ហាភ្នែកជាច្រើនទៀតផងដែរ។ · បិទភ្នែកមួយចំហៀង ពេលអាន ឬមើលទូរទស្សន៍ ៖ ការបិទភ្នែកមួយចំហៀងជាញឹកញាប់បង្ហាញពីភាពមិនប្រក្រតីនៃចំណាំងបែរ និងកែវយឹត ដែលប៉ះពាល់ដល់លទ្ធភាពនៃការធ្វើការរួមគ្នារវាងភ្នែកទាំងពីរ។ ការបិទភ្នែកមួយចំហៀង ពេលអាន ឬយកចិត្តទុកដាក់ធ្វើការនៅតុការិយាល័យ​ ឬការងារជាមួយកុំព្យូទ័រ អាចជាសញ្ញាណនៃបញ្ហាភ្នែកដែលគេហៅថា Convergence Insufficiency ។ · ទទួលបានលទ្ធផលទាបជាងប្រក្រតី ៖ ប្រសិនបើបុត្ររបស់អ្នកមានភាពលំបាកអាន​ ឬសម្លឹងមើលការសរសេររបស់លោកគ្រូអ្នកគ្រូនៅលើក្តារខៀន ដែលបណ្តាលមកពីសមត្ថភាពសម្លឹងមើលចុះខ្សោយ គេអាចនឹងលាក់បាំងជាមួយនឹងអ្នក។ ហើយជាលទ្ធផល ពិន្ទុរបស់គេក៏ចាប់ផ្តើមធ្លាក់ចុះ។ អ្វីដែលអ្នកគួរធ្វើ គឺនាំពួកគេទៅពិនិត្យសុខភាពភ្នែកជាមួយពេទ្យជំនាញ។ · ចៀសវាងការប្រើប្រាស់កុំព្យូទ័រ ៖ ដោយសារតែការសម្លឹងមើលឧបករណ៍ឌីជីថល​​ ប​ណ្តាលឲ្យកើតមានជម្ងឺភ្នែកនោះ សូមធ្វើការណែនាំឲ្យកូនរបស់អ្នកសម្រាកភ្នែករយៈពេល២០នាទីម្តង ដើម្បីងាកទៅមើលអ្វីផ្សេងឲ្យបានយ៉ាងតិច២០វិនាទី។ ប្រសិនបើនៅតែមានបញ្ហារកាំភ្នែកទៀត សូមនាំគេទៅធ្វើការពិនិត្យភ្នែកម្តង។ · ប្រឹងសម្លឹង ឬផ្អៀងក្បាល ដើម្បីមើលអ្វីមួយឲ្យកាន់តែច្បាស់ ៖ ដើម្បីចៀសវាងបញ្ហាភ្នែកនាពេលអនាគត អ្នកគួរតែជ្រើសរើសកន្លែងអង្គុយដែលនៅមិនសូវឆ្ងាយពីក្តារខៀនសម្រាប់កូនរបស់អ្នក ហើយសហការជាមួយនឹងលោកគ្រូអ្នកគ្រូរបស់គេ។ ដោយសូមឲ្យគាត់ធ្វើការរាយការណ៍ ប្រសិនបើកូនរបស់អ្នកមានលក្ខណៈអ្វីមិនប្រក្រតី។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                               

ចែករំលែក
Top