- Sep 18, 2018 |
- 6 ឆ្នាំមុន |
- 7.1K មើល
4 ចំណុចពីសេរ៉ូមបំប៉នស្បែក…
ការសម្អាតផ្ទៃមុខឲ្យបានត្រឹមត្រូវ រួមជាមួយការផ្តល់សំណើម និងលាបឡេការពារកម្តៅថ្ងៃដែលសមស្រប គឺជាវិធីសាស្ត្រសាមញ្ញ ដើម្បីឲ្យស្បែកមានសុខភាពល្អ។ ប៉ុន្តែ ប្រសិនបើអ្នកចូលចិត្តសាកល្បងផលិតផលផ្សេងៗ នោះ អ្នកគួរប្រើប្រាស់បន្ថែមនូវសេរ៉ូមបំប៉នស្បែក។ 1- តើអ្វីទៅជាសេរ៉ូម? សេរ៉ូម ជាប្រភេទជែលម៉្យាងដែលត្រូវបានប្រើប្រាស់ជាពិសេសសម្រាប់លាបនៅលើស្បែក ពិសេសផ្ទៃមុខ និងក។ វាមានប្រសិទ្ធភាព អាចជួយដោះស្រាយរាល់បញ្ហាស្បែកមួយចំនួនរួមមាន បញ្ហារលាក ស្នាមជ្រីវជ្រួញ និងការពារស្បែកមិនឲ្យឡើងក្រហម ឬស្ងួតជាដើម។ 2- តើនៅក្នុងសេរ៉ូមមានផ្ទុកអ្វីខ្លះ? សេរ៉ូមផ្ទុកនូវសារធាតុចិញ្ចឹមល្អសម្រាប់សុខភាពស្បែក ភាគច្រើនសម្បូរដោយជាតិទឹកដែលសម្រួលដល់ការជ្រាបចូលទៅក្នុងកោសិកាស្បែកបានយ៉ាងឆាប់រហ័ស ប៉ុន្តែ វាគ្មាននូវសារធាតុផ្តល់សំណើមខ្លាំង ដូចជាពពួកប្រេងធម្មជាតិនោះទេ។ 3- ការជ្រើសរើសសេរ៉ូមសមស្រប អ្នកគួរតែជ្រើសរើសសេរ៉ូមទៅតាមប្រភេទ និងតម្រូវការជាគោលដៅនៃស្បែករបស់អ្នក ដែលរួមមាន៖ • ប្រសិនបើអ្នកមានបញ្ហាស្បែកជ្រីវជ្រួញ ឬមានសញ្ញានៃភាពជ្រួញ អ្នកគួរតែប្រើប្រភេទសេរ៉ូមដែលមានផ្ទុកទៅដោយសារធាតុដែលជំរុញដល់ការលូតលាស់ ឬសារធាតុPeptide គឺល្អបំផុត។ • ចំពោះអ្នកមានសភាពស្បែកមិនសូវប្រតិកម្មគួរជ្រើសរើសប្រើប្រាស់ប្រភេទសេរ៉ូមដែលមានផ្ទុកទៅដោយ វីតាមីនA សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីនC និងអាស៊ីត kojic។ • ប្រភេទសេរ៉ូមមានផ្ទុកដោយសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជាជម្រើសល្អមួយសម្រាប់ការប្រើប្រាស់ពេលថ្ងៃដោយប្រសិទ្ធភាពការពារស្បែក និងពេលល្ងាចដោយសមត្ថភាពជួសជុលការខូចខាតពីពេលថ្ងៃ និងភ្ញោចកូឡាជែន។ អ្នកអាចប្រើសេរ៉ូមរួមជាមួយនឹងផលិតផលថែបំប៉នស្បែកផ្សេងទៀតបានយ៉ាងប្រសើរ ប៉ុន្តែអ្នកមិនអាចជំនួសផលិតផលផ្សេងដូចជាក្រែមផ្តល់សំណើមនោះទេ។ 4- របៀបប្រើប្រាស់សេរ៉ូមត្រឹមត្រូវ ដើម្បីទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីសេរ៉ូម អ្នកត្រូវអនុវត្តតាមសេចក្តីណែនាំដែលបានបិតនៅលើប្រអប់ផលិតផលទាំងនោះ។ ម៉្យាងវិញទៀត អ្នកគួរលាបសេរ៉ូមបំប៉នស្បែក មុនពេលប្រើប្រាស់ផលិតផលថែរក្សាស្បែកផ្សេងទៀត៖ • ពេលព្រឹក៖ លាបសេរ៉ូមបំប៉នស្បែក បន្ទាប់ពីអ្នកលាងសម្អាតផ្ទៃមុខរួច និងមុនពេលអ្នកលាបផលិតផលផ្តល់សំណើម និងឡេការពារកម្តៅថ្ងៃ។ • ពេលយប់៖ លាបសេរ៉ូម បន្ទាប់ពីលាងសម្អាតផ្ទៃមុខរួច និងមុនពេលលាបឡេពេលយប់របស់អ្នក ដើម្បីឲ្យសារធាតុសកម្មនៃសេរ៉ូមអាចជ្រាបចូលជ្រៅ ក្នុងស្រទាប់ស្បែក។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក