-
Feb 13, 2018
|
-
6 ឆ្នាំមុន
|
-
4.3K មើល
ស្លាកស្នាម គឺជាបញ្ហាចម្បងសម្រាប់មនុស្សគ្រប់រូបបន្ទាប់ពីពួកគាត់ជាសះពីរបួសការរលាក ឬបន្ទាប់ពីជំងឺនៅលើស្បែកផ្សេងៗ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ បញ្ហាស្នាមនៅលើមុខដែលបណ្តាលមកពីបញ្ហាមុន រលាក ឬជាំ អាចធ្វើឲ្យមានការប៉ះពាល់ខ្លាំងដល់ការរស់នៅ និងអារម្មណ៍របស់មនុស្សគ្រប់គ្នា។
ជាក់ស្តែងមានវិធីជាច្រើនដែលអាចជួយបំបាត់ស្លាកស្នាមលើមុខបានដែលក្នុងនោះរួមមាន៖
•ការលាបថ្នាំ
•ការភៀលមុខ (Clinical Peeling)
•ការអ៊ុតមុខ
•ការប្រើប្រាស់ឡេស៊ែ ជាដើម។
ក្នុងចំណោមវិធីទាំងអស់ខាងលើ ការភៀលមុខគឺជាវិធីសាស្ត្រមួយត្រូវបានចាប់អារម្មណ៍ និងពេញនិយមស្ទើរតែជុំវិញពិភពលោក។
តើអ្វីជាការភៀលមុខ?
ការភៀលមុខ គឺជាការប្រើប្រាស់នូវប្រភេទទឹកថ្នាំម៉្យាង ក្នុងគោលបំណងដើម្បីបណ្តុះ និងជម្រុះចោលនូវស្លាកស្នាម និងកម្ទេចកម្ទីកោសិកាចាស់ៗនៅលើផ្ទៃមុខ ដោយបង្កើតឲ្យមានការផលិតកូឡាជែននិងភាពរលាស់នៃស្បែក ជាលទ្ធផលស្បែកមានសភាពភ្លឺរលោង និងក្មេងជាងវ័យ។
តើការភៀលមុខមានតួនាទីអ្វីខ្លះ?
ការប្រើប្រាស់វិធីសាស្ត្រភៀលមុខ គឺផ្តោតសំខាន់លើការព្យាបាល៖
•ស្លាកស្នាមក្រោយពីជំងឺមុន
•ស្លាកស្នាមនៃជំងឺផ្សេងៗដូចជា ជាំ អាចម៍រុយLentigen, Periorbital, Hyperpigmentation,
Facial Melanosis។
•ស្លាកស្នាមដែលបណ្តាលមកពី ការប៉ះជាមួយពន្លឺព្រះអាទិត្យ ភាពជ្រីវជ្រួញ និងការរីកនៃរន្ធរោម។
តើការភៀលមុខមានប៉ុន្មានប្រភេទ?
ជាទូទៅការភៀលមុខ ត្រូវបានបែងចែកជា៣ប្រភេទដោយផ្អែកទៅតាមកម្រិតនៃការលាក៖
•ការភៀលមុខកម្រិតស្រាល (Superficial Peel)
•ការភៀលមុខកម្រិតមធ្យម (Medium-depthPeel)
•ការភៀលមុខកម្រិតខ្លាំង (Deep Peel)។
ទឹកថ្នាំដែលត្រូវបានប្រើដើម្បីភៀលមុខអាចមានដូចខាងក្រោម៖
•Glycolic acid
•TCA (Trichloroactic acid)
•Phenol
•α-hydroxy acid
•Pyruvic acid។
ក្រោយភៀលមុខត្រូវធ្វើដូចម្តេច?
ស្បែកដែលភៀលរួច គួរត្រូវបានថែរក្សាឲ្យបានដិតដល់ និងគោរពតាមការណែនាំរបស់គ្រូពេទ្យជំនាញរួមមាន៖
•ហាមប៉ះពន្លឺថ្ងៃក្តៅខ្លាំង២-៣ថ្ងៃ
•ហាមអេះឬបកស្លាកស្នាមដែលរបក
•និងគួរប្រើប្រាស់ឡេការពារកម្តៅថ្ងៃមុនពេលចេញក្រៅ។
ការភៀលមុខ ទាមទារត្រូវការគ្រូពេទ្យជំនាញត្រឹមត្រូវ និងប្រុងប្រយ័ត្នខ្ពស់ដើម្បីអាចចៀសផុតនូវផលវិបាកដូចជាការរលាកជ្រុល ឬយូរ ការឆ្លងមេរោគ
និងមិនជាសះស្បើយ។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត គា ហង្សសុវណ្ណ ឯកទេសផ្នែកស្បែក នៃអេសវី គ្លីនិកនិងឡេស៊ែ
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក