Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មិនថាអ្នកធ្វើអ្វីទេ អ្នកនៅតែមិនអាចចៀសផុតពីការបរិភោគអាហារសម្បូរខ្លាញ់ឡើយ ទោះបីជាអ្នកកំពុងតែព្យាយាមទទួលទាន នូវអ្វីដែលធ្វើឲ្យសុខភាពអ្នកល្អក៏ដោយ។ ថ្មីៗនេះយើងបានជជែកជាមួយនឹងស្ថាបនិកនៃ Project Juice គឺអ្នកនាង Marra St. Clair ដែលអ្នកនាងនឹងបង្រៀនយើង អំពីវិទ្យាសាស្ត្រដែលនៅពីក្រោយការធ្វើឲ្យយើងចង់ញ៉ាំអាហារទាំងនេះ។   តើការចង់ញ៉ាំនូវអាហារទាំង៥ប្រភេទខាងក្រោម មានន័យយ៉ាងដូចម្ដេច? អ្នកនាង St. Clair បានបំបែកពួកវាជាមូលហេតុរួមមួយចំនួន ដែលនាំឲ្យអ្នកចង់ទទួលទាននូវប្រភេទអាហារទាំងនេះ៖ ១.    បង្អែម៖ ចំណង់អាហារប្រភេទនេះ កើតមានឡើងពេលអ្នកមានអារម្មណ៍ក្រៀមក្រំ ឬកើតទុក្ខមិនសប្បាយចិត្ត។ ២.    អាហារប្រៃ៖ សុខៗចង់ញ៉ាំអ្វីដែលប្រៃៗមែនទេ? អ្នកអាចនឹងកំពុងតែស្ត្រេសនឹងបញ្ហាអ្វីមួយហើយ។ ៣.    អាហារចៀន ឬបំពង៖ ខ្លាញ់ល្អក្នុងខ្លួនអ្នកអាចធ្វើឲ្យអ្នកចង់ញ៉ាំអាហារចៀន ឬបំពង ដែលជាប្រភេទអាហារពុំសូវមានគុណភាពខ្ពស់ ។ ៤.     សាច់៖ ខ្លួនប្រាណអ្នកអាចនឹងត្រូវការជាតិដែក ប្រសិនអ្នកចង់ញ៉ាំសាច់ខ្លាំង។ ៥.     កាបូអ៊ីដ្រាត៖ តើអ្នកកំពុងតែដាក់កំហិតទៅលើរបបអាហាររបស់អ្នកមែនដែរឬទេ? បើដូច្នេះមែននោះ វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ សម្រាប់ការចង់ញ៉ាំ អាហា​មានផ្ទុកកាបូអ៊ីដ្រាត ។   តើត្រូវបំពេញចំណង់អាហាររបស់អ្នកដោយមិនប៉ះពាល់ដល់សុខភាពតាមរបៀបណា? បង្អែម គុណប្រយោជន៍៖ យើងទទួលទានរបស់ដែលផ្អែម ដើម្បីធ្វើឲ្យខ្លួនយើងមានភាពរីករាយ និងធ្វើឲ្យខួរក្បាលបញ្ចេញ Serotonin ហើយវា គឺជាគន្លឹះដ៏សំខាន់មួយ ជួយឲ្យមានការបំបែកសារធាតុទាំងនេះ និងធ្វើឲ្យយើងមានអារម្មណ៍ល្អក្នុងរយៈពេលមួយម៉ោងក្រោយមក។ អាហារគួរទទួលទាន៖ អាហារដែលមានជាតិផ្អែមជាមួយនឹងប្រភពស្ករធម្មជាតិ និងមានការរំលាយយឺតដូចជា ផ្លែឈើស្រស់ៗ (ផ្លែប៉ោម ផ្លែម្នាស់ និងផ្លែប័ររី សុទ្ធតែមានផ្ទុកនូវជាតិសរសៃខ្ពស់) ព្រមទាំងវីតាមីន D និងសូកាឡាខ្មៅ ដែលសុទ្ធតែអាចជួយក្នុងការភ្ញោចឲ្យបញ្ចេញ Serotonin។   អាហារប្រៃ គុណប្រយោជន៍៖ យើងត្រូវការជាតិប្រៃ នៅពេលដែលយើងខ្វះសារធាតុរ៉ែសំខាន់ៗក្នុងខ្លួនយើង ឬក៏អាចមកពីអតុល្យភាពនៃអេឡិចត្រូលីតក្នុងខ្លួន ដែលទាមទារនូវប៉ូតាស្យូម ឬក្លរបន្ថែមទៀត។ អាហារគួរទទួលទាន៖ ការទទួលទានសូល្យូម៥០០មីលីក្រាមក្នុងមួយថ្ងៃ គឺជាបរិមាណមួយដ៏ល្អបំផុតសម្រាប់សុខភាពរបស់យើង ហើយអាហារដែលសម្បូរសារធាតុរ៉ែ គឺអាចរកបាននៅក្នុងអាហារដូចជា ស៊ូស៊ី (Sushi) ជាដើម។ ម្យ៉ាងទៀត អ្នកក៏គួរតែទទួលទានទឹកដូង ព្រោះវាអាចជួយការពាររាងកាយអ្នក ពីការខ្វះជាតិទឹក និងជួយបំពេញនូវអេឡិចត្រូលីតក្នុងខ្លួនអ្នក ដោយហេតុ​ថា បើគ្មានការស្រូបយកជាតិទឹកបានល្អទេ វានឹងធ្វើឲ្យអ្នកខ្វះនូវជាតិទឹក និងធ្វើឲ្យអ្នកចង់ទទួលទាននូវអំបិល ឬអាហារណាដែលប្រៃៗ។   អាហារចៀន ឬបំពង គុណប្រយោជន៍​៖ នៅពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់ និងបន្ទាប់ពីការទទួលទានស្រាច្រើន វាអាចធ្វើឲ្យរាងកាយអ្នកអតុល្យភាព ហើយចង់ទទួលទាន អាហារបំពង ឬអាហារសម្បូរខ្លាញ់ ដោយហេតុថាអ្នកប្រហែលជាបាត់បង់នូវសារធាតុខ្លាញ់ ដែលវាមាននាទីសំខាន់ក្នុងការជួយរក្សាលំនឹងនៃរបបអាហារ និងជួយឲ្យរាងកាយអ្នកស្រូបយកសារធាតុចិញ្ចឹមផ្សេងៗ។ អាហារគួរទទួលទាន៖ ប្រសិនបើអ្នកទទួលទានអាហារដែលសម្បូរខ្លាញ់កាន់តែច្រើន អ្នកនឹងចង់ទទួលទានវាកាន់តែច្រើនទៅៗ ដូច្នេះ ដើម្បីឲ្យរាងកាយអ្នក ទទួលបាននូវប្រភពខ្លាញ់ល្អសម្រាប់សុខភាព និងធ្វើឲ្យអ្នកឆ្អែត អ្នកគួរតែទទួលទានផ្លែប័រ ប្រេងអូលីវ និងសណ្ដែក។ ចំណែកប្រេងដូង គឺពិតជាល្អ សម្រាប់ការចំអិនអាហារ ព្រោះថាវាសម្បូរខ្លាញ់ល្អ។   សាច់ គុណប្រយោជន៍​៖ តើអ្នកធ្លាប់មានអារម្មណ៍ថាហត់អស់កម្លាំងដែរ ឬទេ? ការឃ្លានសាច់ ជាពិសេសសាច់ក្រហម ជាសញ្ញាទូទៅមួយ ដែលបង្ហាញថា អ្នកមានកង្វះជាតិដែក ហើយជាលទ្ធផលវានឹងធ្វើឲ្យអ្នកអស់កម្លាំង។ អាហារគួរទទួលទាន៖ អាហារសុខភាពផ្សេងៗដូចជា ស្ពីណាត់ សណ្ដែកដី តៅហ៊ូ ប៉េងប៉ោះ គ្រាប់ល្ពៅ និងសូកូឡា ហើយអ្នកអាចទទួលទានអាហារទាំងនេះ ជាមួយនឹងអាហារដែលសម្បូរទៅដោយវីតាមីនC ដូចជាផ្លែក្រូច ផ្លែស្ត្រូបឺរី និងផ្កាខាត់ណាជាដើម ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។ យ៉ាងណាមិញ អ្នកគួរតែទទួលទានអាហារដែលសម្បូរជាតិដែក មិនមែនជាសាច់យ៉ាងហោចណាស់ឲ្យបានចំនួន២មុខក្នុងមួយថ្ងៃ។   កំណត់សម្គាល់់៖ ប្រសិនបើអ្នកនៅតែបន្តមានអាការៈអស់កម្លាំងដែលមិនមែនបណ្ដាលមកពីការទទួលទានដំណេកមិនគ្រប់គ្រាន់ និងនៅតែមាន​ ចំណង់អាហារខ្លាំងនោះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះថាអ្នកអាចនឹងមានជំងឺខ្វះគ្រាប់ឈាមក្រហម ឬបញ្ហាគ្រាប់ឈាម និងខ្វះជាតិដែកជាដើម។   កាបូអ៊ីដ្រាត គុណប្រយោជន៍​៖ តើអ្នកណាដែលមិនចូលចិត្តភីហ្សា ឬផាស្តា (Pasta)? ទោះបីជាអ្នកមានសុខភាពល្អទាំងស្រុង ឬល្អល្មមក៏ដោយ បើអ្នកមានអារម្មណ៍ថា ​ត្រូវការ ឬចង់ញ៉ាំអាហារសម្បូរកាបូអ៊ីដ្រាតខ្លាំងនោះ គឺជារោគសញ្ញានៃការទទួលទានមិនបានគ្រប់គ្រាន់។ អ្នកនឹងចង់ទទួលទាននូវអាហារណា ដែលមានកាបូអ៊ីដ្រាត នៅពេលដែលរាងកាយរបស់អ្នកមានការខ្វះខាត ហើយវាអាចកើតឡើងដោយសារអ្នកមានការរឹតត្បិតទៅលើកាឡូរី ឬការទទួលទាន អាហារដែលមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ អាហារគួរទទួលទាន៖ ដើម្បីទប់ស្កាត់ចំណង់អាហាររបស់អ្នក អ្នកត្រូវប្រាកដថាអ្នកទទួលទានបានគ្រប់គ្រាន់សម្រាប់រាងកាយ និងការធ្វើសកម្មភាពរបស់អ្នក ហើយអ្នកត្រូវប្រាកដថា អ្នកនឹងញ៉ាំអាហាររៀងរាល់ពីរទៅបីម៉ោងម្ដង។ ការធ្វើបែបនេះអាចជួយធ្វើឲ្យមេតាបូលីសរបស់អ្នកកាន់តែល្អ និងកាត់បន្ថយ ចំណង់អាហាររបស់អ្នក ហើយអ្នកគួរតែបញ្ចូលអាហារសម្បូរជាតិសរសៃចំនួន២មុខ ទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

អត្ថប្រយោជន៍នៃស៊ុតមាន់ត្រូវបានចោទជាសំណួរជារឿយៗ ហើយអ្នកខ្លះច្រើនតែនិយាយបង្ខូចអំពីវា ប៉ុន្តែលទ្ធផលដែលបានដកស្រង់ចេញពីការសិក្សាពេលថ្មីៗនេះ បានបង្ហាញថា«ការទទួលទានស៊ុតចំនួន២ទៅ៣គ្រាប់ក្នុងមួយថ្ងៃ គឺជាបរិមាណដ៏ល្អមួយ» ជាមួយនឹងគុណប្រយោជន៍៩យ៉ាងដូចខាងក្រោម៖ ខួរក្បាលរបស់អ្នកស្ថិតនៅក្រោមការការពាររបស់ខូលីន (Choline) រាងកាយអ្នកនឹងទទួលបានវីតាមីន«ផូស្វ័រលីពីត (Phospholipids)»ដែលជាសារធាតុមួយធានាដល់ទំនាក់ទំនងនៃកោសិកាខួរក្បាល ហើយវាមានផ្ទុកនូវខូលីន(Choline) គ្រប់គ្រាន់។ ហេតុនេះ វាអាចបង្កើនការចងចាំ ព្រោះថាកង្វះខូលីនអាចធ្វើឲ្យការចងចាំថយចុះ។ គំហើញនៃភ្នែកត្រូវបានការពារដោយសារLutein ការសិក្សាថ្មីបានបង្ហាញថាស៊ុតមាន់ គឺសំបូរទៅដោយសារធាតុLutein ដែលជាសារធាតុមួយដែលទទួលខុសត្រូវក្នុងការធ្វើឲ្យមើលឃើញច្បាស់ និងមុត។ កង្វះសារធាតុនេះនឹងនាំឲ្យមានការកើនឡើងនៃការប្រែប្រួលយ៉ាងខ្លាំងទៅលើបញ្ហាភ្នែក និងធ្វើឲ្យគំហើញមានការខូចខាត ហើយមិនអាចត្រឡប់មកភាពដើមវិញ។ វីតាមីន D ជួយក្នុងការស្រូបយកកាល់ស្យូម វីតាមីនDជួយស្រូបយកកាល់ស្យូមបានល្អជាងមុន ហើយធ្វើឲ្យឆ្អឹង និងធ្មេញរបស់អ្នកកាន់តែរឹងមាំ។ វីតាមីនបេកុំផ្លិច (Vitamin B Complex) ជួយការពារស្បែក សក់ និងថ្លើម ប៊ីយ៉ូទីន(Biotin) វីតាមីនB12 និងប្រូតេអ៊ីន ដែលមានក្នុងអាហារបានរួមចំណែកក្នុងការធ្វើឲ្យសុខភាពសក់ និងស្បែកកាន់តែល្អប្រសើរ ចំណែកផូស្វ័រលីពីត ក៏អាចជួយបង្កើននូវការកម្ចាត់ជាតិពុលពីក្នុងថ្លើមផងដែរ។  កាត់បន្ថយការប្រឈមនឹងជំងឺសរសៃឈាមបេះដូង ការសិក្សាថ្មីមួយបានបង្ហាញថា កូលេស្តេរ៉ូលដែលបានពីស៊ុត គឺត្រូវបានធ្វើឲ្យមានលំនឹងជាមួយនឹងផូស្វាតទីត(Phosphatides) ដែលពុំមានផលប៉ះពាល់ដល់សុខភាពទេ ហើយវាក៏បានចូលរួមក្នុងការហាមឃាត់មិនឲ្យរាងកាយយើងផលិតកូលេស្តេរ៉ូលដោយខ្លួនឯងផងដែរ។ លើសពីនេះទៅទៀត ស៊ុតមានផ្ទុកអាស៊ីតអូមេហ្គា៣ ដែលជួយកាត់បន្ថយកម្រិត Triglyceride ដូចនេះ វាជួយកាត់បន្ថយហានិភ័យដែលបង្កឲ្យមានជំងឺសរសៃឈាមបេះដូង។ សម្រកទម្ងន់ អ្នកវិទ្យាសាស្ត្រនៃសហរដ្ឋអាមេរិកបានធ្វើការសន្និដ្ឋានថា ប្រសិនបើអ្នកទទួលទានអាហារដែលមានកាឡូរីទាបជាមួយនឹងស៊ុតមាន់សម្រាប់អាហារពេលព្រឹកនោះ អ្នកនឹងអាចសម្រកទម្ងន់បានលឿនជាងមុនពីរដង។  កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ខូលីន(Choline) ដែលមានសារៈសំខាន់ចំពោះខួរក្បាល ក៏ជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកដែរ។ បើយោងទៅតាមការសិក្សា ប្រសិនបើរបបអាហារប្រចាំថ្ងៃរបស់ស្ត្រីពេញវ័យមានរួមបញ្ចូលស៊ុតនោះ វាអាចជួយកាត់បន្ថយហានិភ័យដែលវិវឌ្ឍទៅជាជំងឺមហារីកសុដន់បានដល់ទៅ១៨%។ មានប្រយោជន៍សម្រាប់អ្នករៀបគម្រោងយកកូន វីតាមីនB ក៏ជាផ្នែកមួយនៃអរម៉ូនភេទដែរ ហើយវីតាមីនB9 ឬ អាស៊ីតហ្វូលីក (Folic Acid) មាននាទីជួយបង្កើតកោសិកាឈាមក្រហម និងបំពង់សរសៃប្រសាទរបស់ទារក និងជួយកាត់បន្ថយហានិភ័យដែលធ្វើឲ្យទារកមានបញ្ហាផ្នែកខួរក្បាលលូតលាស់យឺត។ ហេតុនេះហើយបានជា វីតាមីនB9 គឺចាំបាច់ណាស់សម្រាប់ស្រ្តីដែលមានផ្ទៃពោះ ដែលស៊ុតមាន់មួយគ្រាប់មានផ្ទុក 7.0 mcg នៃវីតាមីន។ ថយចុះភាពចាស់ ការស្រាវជ្រាវមួយដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រហូឡង់ បានបង្ហាញថា ក្នុងចំណោមស្ត្រី ៨៧% ដែលមានអាយុចាប់ពី៣៥ដល់៤០ឆ្នាំ វានឹងធ្វើឲ្យស្បែកឡើងតឹងណែនស្អាត និងបំបាត់ភាពជ្រីវជ្រួញ ចំណែកឯបុរសវិញ វាជួយធ្វើឲ្យស្នាមជ្រួញនៅជុំវិញភ្នែកក្លាយជារលោងស្អាត។  © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជារៀងរាល់ថ្ងៃ អ្នក និងក្រុមគ្រួសារ បានបរិភោគអាហារចម្រុះច្រើនមុខ ដែលចៀសមិនផុតពីការបន្សំគ្នានូវមុខអាហារក្នុងពេលតែមួយឡើយ។ ប្រសិនវា មិនអាចជាអាហារដែលល្អក្នុងការញ៉ាំជាមួយគ្នា យ៉ាងហោចណាស់ វាគួរតែមិនមែនជាប្រភេទបន្សំអាហារដែលមិនល្អដល់រាងកាយផងដែរ។ ហេលស៍ថាម បានជម្រាបរួចមកហើយអំពីមុខអាហារដែលអ្នកគួរបរិភោគរួមជាមួយគ្នា ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ។ពេលនេះអ្នកនឹងបានដឹងអំពីការរួមផ្សំអាហារ ដែលមិនត្រឹម មិនមានអត្ថប្រយោជន៍ ថែមទាំងអាចមានផលមិនល្អដល់រាងកាយ និងចាំបាច់ គួរតែត្រូវបានចៀសវាង ហើយជាក់ស្តែង វាអាចជាអាហារដែលអ្នកកំពុងបន្សំគ្នាជារៀងរាល់ថ្ងៃទៀតផង។  ១. អាល់កុល និងអាហារផ្សេងៗ ការបរិភោគសារធាតុអាល់កុល ជាមួយនឹងអាហារ អាចធ្វើឲ្យមានការរារាំងរាងកាយ ពីការស្រូបយកសារធាតុចិញ្ចឹមពីអាហារ។ ជាពិសេស អាល់កុល ជាមួយនឹងកាហ្វេអ៊ីន (ញ៉ាំបន្តបន្ទាប់គ្នា) អាចធ្វើឲ្យអ្នកមិនអាចប៉ាន់ស្មានពីកម្រិតស្រវឹងរបស់អ្នក និងអាចបង្កគ្រោះថ្នាក់បានយ៉ាងងាយ។  ២. កាល់ស្យូម និងជាតិរ៉ែផ្សេងៗ ការបរិភោគកាល់ស្យូមជាមួយសារធាតុរ៉ែដទៃទៀតដូចជា ជាតិដែកស័ង្កសីឬម៉ាញ៉េស្យូម អាចរារាំងនូវការស្រូបយកសារធាតុចិញ្ចឹម។ ដោយឡែក កាល់ស្យូម គួរតែត្រូវបានបរិភោគនៅមុនចូលគេង ដើម្បីទទួលបានការស្រូបល្អ ជួយឲ្យអ្នកគេងបានស្រួល និងធ្វើឲ្យសាច់ដុំបានសម្រាក។   ៣. ដំឡូងបារាំងចៀន និងអាល់កុល ខ្លាញ់ក្នុងបឺហ្កឺ ផ្សំនឹងស្ករក្នុងដំឡូងបារាំងអាចបង្កើតបានជា Cytokine ដែលអាចសម្លាប់កោសិកា បង្កើនល្បឿននៃភាពចាស់ និងធ្វើឲ្យមាន បញ្ហាមេតាបូលីស។ អ្នកគួរជ្រើសយកបឺហ្កឺមិនសូវមានខ្លាញ់ជាមួយបន្លែ ឬសាឡាដវិញ។ ដោយឡែក អាល់កុល ធ្វើឲ្យខ្លាញ់សល់ក្នុងខ្លួនច្រើនឡើង ពិបាករំលាយអាហារ និងហល់យូរបន្ទាប់ពីញ៉ាំ។   ៤. ត្រសក់ផ្អែម ទឹកដោះគោ និងអាហារផ្សេងទៀត ដោយសារត្រសក់ផ្អែមជាអាហារងាយរំលាយ ស្របពេលដែលទឹកដោះគោមិនងាយត្រូវបានរំលាយ អាហារទាំងពីរនេះរួមបញ្ជូលគ្នា នឹងអាចបង្កឲ្យមាន បញ្ហាមិនរំលាយអាហារ។ ក្រៅពីនោះ ត្រសក់ផ្អែមមានជាតិទឹក និងស្ករច្រើន ដូចនេះយកល្អគួរបរិភោគវានៅពោះទទេ ឬញ៉ាំវាដាច់ដោយឡែក។ ៥. តែ និងទឹកដោះគោ ជាពិសេសគឺតែខ្មៅ ដែលសម្បូរពពួកប្រឆាំងអុកស៊ីតកម្ម ដែលជួយបន្ថយភាពរលាកដោយជំងឺរ៉ាំរ៉ៃ រួមទាំងជំងឺបេះដូង និងទឹកនោមផ្អែម។ ប្រូតេអ៊ីន ក្នុងទឹកដោះគោ អាចរារាំងការស្រូបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម។ ផ្ទុយទៅវិញ កាហ្វេអ៊ីនក្នុងតែ អាចបន្ថយការស្រូបនៃកាល់ស្យូមទៅវិញ។   ៦. ផ្លែឈើ និងអាហារផ្សេងៗ ផ្លែឈើនឹងក្លាយទៅជាពិបាករំលាយ និងនៅក្នុងពោះវៀនបានយូរជាងធម្មតា នៅពេលដែលញ៉ាំជាមួយអាហារផ្សេងទៀត។ ការនៅយូរក្នុងប្រព័ន្ធរំលាយអាហារ របស់ផ្លែឈើ ធ្វើឲ្យវាអាចបំលែងជាសារធាតុមេ។ យកល្អគួរញ៉ាំផ្លែឈើពី កន្លះម៉ោង ឬមួយម៉ោងមុនអាហារ ឬ៣ម៉ោងក្រោយអាហារ។   ៧. ប្រូតេអ៊ីនពីសាច់ និងម្សៅក្នុងបន្លែ ឬធញ្ញជាតិ ការបរិភោគរួមគ្នា អាចធ្វើឲ្យប្រូតេអ៊ីនទៅជាពុកខូច រីឯកាបូហាយដ្រេតនៃម្សៅក្លាយទៅជាសារធាតុមេ ជាលទ្ធផលវាបង្កើតបានជាខ្យល់នៅក្នុងពោះ។ មនុស្សភាគច្រើនហាក់ទម្លាប់នឹងការរួមបន្សំនេះ (មានអត្ថប្រយោជន៍ផងដែរក្នុងករណីខ្លះ) ប៉ុន្តែបើមិនអាចចៀសបាន គួរបន្ថែមបន្លែគ្មានជាតិម្សៅជាមួយ ដើម្បីកាត់បន្ថយផលមិនល្អ។   ៨. អាហារ និងសារធាតុរាវ ដូចជាការញ៉ាំទឹក ទឹកក្រូច ឬទឹកតែជាមួយ ឬបន្ទាប់ពីអាហារ។ សារធាតុរាវ ត្រូវការពេលវេលាដើម្បីស្រូបចូលក្នុងខ្លួន ដែលអំឡុងពេលនោះវាអាចទៅពង្រាវ អង់ស៊ីមសម្រាប់រំលាយអាហារ។ ដូចនេះ អ្នកគួរបរិភោគសារធាតុរាវ នៅយ៉ាងហោចណាស់ ១០នាទីមុនញ៉ាំ និងរង់ចាំរហូតដល់១ម៉ោងយ៉ាងតិច ក្រោយបរិភោគអាហារ។ ៩. អាហារសម្បូរប្រូតេអ៊ីនដូចគ្នា សាច់ និងស៊ុត ឬសាច់ច្រើនប្រភេទជាមួយគ្នា ជាឧទាហរណ៍នៃអាហារសម្បូរប្រូតេអ៊ីន ដែលត្រូវការពេលវេលាយូរក្នុងការរំលាយ ដូចនេះ ការបន្សំរបស់វា ធ្វើឲ្យប្រព័ន្ធរំលាយអាហារប្រើប្រាស់ថាមពលច្រើន និងទៅជាខ្សោយ។ បើមិនអាចចៀសបាន អ្នកគួរបន្ថែម បន្លែសម្បូរជាតិទឹក ដូចជា ខ្ទឹមបារាំង ប្រូខូលី ឬស្ពៃជាមួយផងដែរ។   ១០. យ៉ាអួ ឬផលិតផលពីទឹកដោះគោ និងផ្លែឈើ ជាពិសេស គឺផ្លែឈើដែលមានជាតិជូរ ឬផ្លែចេក (ក្លាយជាជូរក្រោយពេលរំលាយ) ដោយសារវាធ្វើឲ្យការរំលាយអាហារថយចុះ បាក់តេរីល្អប្រែប្រួល បង្កើតជាជាតិពុល និងបញ្ហាឡើងស្លេស្ម ផ្តាសាយ ក្អក រមាស់ អាល្លែកហ្ស៊ី ព្រមទាំងបញ្ហាប្រព័ន្ធរំលាយអាហារដទៃទៀត។ អ្នកគួររើសយ៉ាអួ នៅសីតុណ្ហភាពធម្មតា និងមិនបន្ថែម រសជាតិ។  ការរួមផ្សំអាហារដែលមិនសមរម្យ អាចនឹងមិនផ្តល់លទ្ធផលមិនល្អឲ្យអ្នកបានដឹងភ្លាមឡើយ តែការបន្តសកម្មភាពនេះជាប្រចាំ អាចធ្វើឲ្យអ្នក ទទួលរង ឥទ្ធិពលអាក្រក់ ដោយមិនដឹងខ្លួន។ ដូចនេះ លទ្ធផលល្អ ឬអាក្រក់អាស្រ័យនឹងការសន្សំការយកចិត្តទុកដាក់របស់អ្នកផ្ទាល់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

សំណួរ ៖ ខ្ញុំបាទ អាយុ ៦០ឆ្នាំ រស់នៅខេត្តព្រះសីហនុ។ កូនខ្ញុំទិញទឹកដោះគោម្សៅសម្រាប់មនុស្សចាស់ឲ្យខ្ញុំផឹក ប៉ុន្តែឲ្យតែខ្ញុំផឹកទឹកដោះគោនោះម្តងៗស្រាប់តែរាកតែម្តង។ តើនេះបណ្តាលមកពីហេតុអ្វីដែរ?   ចម្លើយ ៖ ករណីនេះបណ្តាលមកពីការមិនត្រូវធាតុចំពោះសារធាតុណាមួយ។ ប្រសិនបើលោករាកតែពេលផឹកទឹកដោះគោមួយប្រភេទនេះទេ នោះប្រហែលជាលោកមានប្រតិកម្មជាមួយធាតុផ្សំណាមួយរបស់ផលិតផលមួយនេះហើយ។ ដូចនេះ លោកគ្រាន់តែចៀសវាងមិនផឹកទឹកដោះគោប្រភេទនេះទៅបានហើយ។  ប៉ុន្តែប្រសិនបើ លោករាករាល់ពេលផឹកទឹកដោះគោគ្រប់ប្រភេទ នោះបញ្ជាក់ថាលោកមានប្រតិកម្មជាមួយឡាក់តូសហើយ។ ដូចនេះ លោកត្រូវចៀសវាងពីការផឹកទឹកដោះគោ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អ្នកដែលមានទម្លាប់ញ៉ាំទឹកដោះគោមានជាតិខ្លាញ់ទាប ច្រើនជាងម្តងក្នុងមួយថ្ងៃមានអត្រាប្រឈមខខ្ពស់ទៅនឹងជំងឺ Parkinson's បើប្រៀបធៀបទៅនឹងអ្នកដែលញ៉ាំទឹកដោះគោនេះតិចជាងម្តងក្នុងមួយថ្ងៃ។ ការសិក្សាដែលត្រូវបានចេញផ្សាយនៅក្នុងព្រឹត្តិបត្រសុខភាព Journal Neurology បានបង្ហាញថាអ្នកដែលញ៉ាំទឹកដោះគោមានជាតិខ្លាញ់ទាបយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ មានការប្រឈមមុខខ្ពស់ទៅនឹងជំងឺ Parkinson's ដល់ទៅ ៣៤ ភាគរយ បើធៀបទៅនឹងអ្នកដែលញ៉ាំតិចជាងម្តងក្នុងមួយថ្ងៃ។ "លទ្ធផលនេះបង្ហាញថា អ្នកមានជំងឺ Parkinson's មិនគួរញ៉ាំទឹកដោះគោដែលមានជាតិខ្លាញ់ទាបឡើយ។ ផលិតផលនានាដែលធ្វើពីដោះគោនេះ អ្នកក៏គួរតែចៀសវាងផងដែរដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារជំងឺនេះ" នេះបើប្រសាសន៍របស់អ្នកដឹកនាំការស្រាវជ្រាវឈ្មោះ Katherine C. Hughes មកពីសាកលវិទ្យាល័យ Harvard T.H។ ការសិក្សាបានវិភាគទៅលើអ្នកជំងឺស្រ្តី ចំនួន ៨០,៧៣៦ នាក់ និងបុរសចំនួន ៤៨,៦១០ នាក់។ អ្នកចូលរួមត្រូវបំពេញកម្រងសំណួរនានាដែលទាក់ទងនឹងសុខភាព ជារៀងរាល់ពីរឆ្នាំម្តង និងសំណួរទាក់ទងនឹងរបបអាហារជារៀងរាល់បួនឆ្នាំម្តង។ អំឡុងពេលសិក្សាមានអ្នកចូលរួមដល់ទៅ ១,០៣៦ បានវិវត្តកើតជំងឺមួយនេះ។ ជាសរុប គេបានរកឃើញថា អ្នកដែលមានទម្លាប់ញ៉ាំផលិតផលធ្វើពីទឹកដោះគោ មានជាប់ទាក់ទងទៅនឹងជំងឺ Parkinson's។ គួរបញ្ជាក់ផងដែរថា Parkinson’s គឺជាជំងឺមួយនៃកោសិកាប្រសាទនៅក្នុងខួរក្បាល ដែលជាធម្មតាផលិតនូវសារធាតុគីមីម្យ៉ាង ហៅថា ដូប៉ាមីន (dopamine) ដែលជួយខួរក្បាលក្នុងការគ្រប់គ្រងចលនា និងទិសដៅ។ អ្នកមានជំងឺនេះ កោសិកាសសៃប្រសាទដែលមាននាទីក្នុងការផលិតដូប៉ាមីន ត្រូវបានខូចខាត ដែលជាហេតុធ្វើឲ្យកម្រិតដូប៉ាមីនធ្លាក់ចុះ ហើយបង្កផលប៉ះពាល់ដល់ខួរក្បាលក្នុងការបញ្ជាលើចលនា និងទិសដៅ ជាលទ្ធផល អ្នកជំងឺមានមានសភាពញ័រដៃញ័រជើងជាប់រហូត៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

“អ្នកផឹកកាហ្វេអាចរស់បានយូរ” វាត្រូវបានក្លាយជាការសន្និដ្ឋានរបស់ការសិក្សាជាច្រើនក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅពេលនេះ អ្នកស្រាវជ្រាវជឿជាក់ថា ពួកគេបានរកឃើញយន្តការមួយ ដែលនៅពីក្រោយទំនាក់ទំនងនេះហើយ។   ក្នុងការសិក្សាថ្មីមួយ អ្នកស្រាវជ្រាវបានបង្ហាញអំពី គំហើញនៃដំណើរការនៃការរលាកអាចជំរុញឲ្យមានការវិវឌ្ឍទៅជាជំងឺសរសៃឈាមបេះដូង នៅពេលចាស់ទៅ។ ពួកគេក៏បានរកឃើញថា «ការទទួលទានជាតិកាហ្វេអ៊ីន អាចប្រឆាំងនឹងដំណើរការនៃការរលាកនេះ»។ កាហ្វេ តែ សូដា ភេសជ្ជៈប៉ូវកម្លាំង និងសូកូឡា គឺសុទ្ធតែជាអាហារ និងភេសជ្ជៈដែលមានផ្ទុកនូវជាតិកាហ្វេអ៊ីន ដែលវាត្រូវបានស្គាល់ថា គឺជាសារធាតុមួយដែលទៅភ្ញោចសមត្ថភាពខួរក្បាល។   ទោះបីជាយ៉ាងណាក៏ដោយ កាហ្វេអ៊ីនមិនមែនត្រឹមតែជួយបង្កើនថាមពលពេលព្រឹកនោះទេ មានការសិក្សាជាច្រើន បានបង្ហាញថា ការទទួលទានកាហ្វេជាប្រចាំ អាចធ្វើឲ្យអាយុវែង។ ការសិក្សាមួយដែលបានចេញផ្សាយកាលពីឆ្នាំ២០១៥ បានរកឃើញថា «អ្នកដែលទទួលទានកាហ្វេចាប់ពីមួយ ទៅប្រាំកែវក្នុងមួយថ្ងៃ មានហានិភ័យទាប ក្នុងការស្លាប់ជាងអ្នកដែលមិនទទួលទានកាហ្វេ»។   លោក Furman និងសហការីរបស់លោកបាននិយាយថា «ការទទួលទានជាតិកាហ្វេអ៊ីនអាចជួយបង្កើនអាយុ ហើយវាអាចប្រឆាំងនឹងការរលាក»។ សម្រាប់ការសិក្សារបស់ពួកគេ ក្រុមអ្នកស្រាវជ្រាវ បានព្យាយាមកំណត់ឲ្យបាន នៃដំណើរការនៃការរលាកថា វាអាចរួមចំណែកក្នុងការធ្វើឲ្យសុខភាពបេះដូងថយចុះ នៅក្នុងវ័យចំណាស់។ ពួកគេបានវិភាគទិន្នន័យដែលបានពីយុវវ័យដែលមានសុខភាពល្អ មានអាយុចាប់ពី២០ទៅ៣០ឆ្នាំ និងមួយក្រុមទៀត គឺមនុស្សចាស់ ដែលមានសុខភាពល្អ ហើយមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។   បើយោងទៅតាមការពិនិត្យឈាមនៃអ្នកចូលរួមទាំងពីរក្រុមនេះ  អ្នកស្រាវជ្រាវបានកំណត់បានថាមាន  Gene clusters ពីរក្រុមសកម្មភាពខ្លាំង ចំពោះក្រុមមនុស្សចាស់។ ពួកគេបានរកឃើញថា ក្រុមហ៊្សែនទាំងនេះ មានការផ្សារភ្ជាប់ទៅនឹងការផលិតនៃ IL-1beta ដែលជាប្រូតេអ៊ីនមួយប្រភេទ បង្កឲ្យមានការរលាក។   កាហ្វេអ៊ីនអាចជួយបង្ការការរលាក បណ្ដាលមកពីសារធាតុដែលបានមកពីការធ្វើមេតាបូលីសនៃអាស៊ីតនុយក្លេអ៊ិច  (Nucleic acid metabolites)។​ ការវិភាគមានបង្ហាញថា ជាតិកាហ្វេអ៊ីនអាចប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃ Nucleic acid metabolites។ ក្នុងការវាយតម្លៃទៅលើអ្នកដែលទទួលទានជាតិកាហ្វេអ៊ីន អ្នកស្រាវជ្រាវបានរកឃើញថា ឈាមនៃយុវវ័យដែលមាន Gene cluster activity ទាប គឺមានផ្ទុកនូវជាតិ Caffeine metabolites ដូចជាពួក Theophylline និងTheobromine។   នៅពេលដែលអ្នកស្រាវជ្រាវបណ្ដុះកោសិកាភាពស៊ាំជាមួយនឹង Caffeine metabolites និង Nucleic acid metabolites ពួកគេបានរកឃើញថា Caffeine metabolites ជួយបង្ការមិនឲ្យមានផលប៉ះពាល់នៃការរលាកនៃ Nucleic acid metabolites។   លោក Mark Davis ជាបណ្ឌិតនៃ Institute for Immunity, Transplantation and Infection នៅសាកលវិទ្យាល័យ Stanford បាននិយាយថា «ការរកឃើញនេះបានបង្ហាញអំពី ដំណើរការនៃការរលាក ​ដែលមានការជាប់ទាក់ទងទៅនឹងអាយុនេះ​ គឺមិនត្រឹមតែ មួយនាំឲ្យមានជំងឺសរសៃឈាមបេះដូងទេ ប៉ុន្តែវាត្រូវបានដឹកនាំដោយក្រុមម៉ូលេគុលមួយប្រភេទ យើងអាចធ្វើការកំណត់គោលដៅ និងប្រឆាំងនឹងវាបាន»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

មានអាហារមួយចំនួនជាជំនួយដល់ច្រមុះដែលងាយនឹងរងអាល្លែកហ្ស៊ី ហើយអាហារមួយចំនួនទៀតអាចធ្វើឲ្យអាការៈនេះកាន់តែធ្ងន់ធ្ងរ ដែលអ្នកគួរតែយល់ដឹង។   អាហារដែលមានផលល្អចំពោះអាល្លែកហ្ស៊ីច្រមុះ •​ ទឹកក្តៅឧណ្ហៗ៖ ញ៉ាំទឹកតែ ឬទឹកស៊ុបឧណ្ហៗអាចធ្វើឲ្យផ្លូវដង្ហើមដែលស្ទះបានធូរជាងមុន និងធ្វើឲ្យយើងងាយស្រួលក្អកដើម្បីបញ្ចេញនូវកំហាកចេញមកក្រៅ។ • សាច់ត្រី៖ តាមការសិក្សាស្រាវជ្រាវថ្មីៗបានឲ្យដឹងថា​ សារជាតិអាស៊ីត ខ្លាញ់ អូមេហ្គាបី ដែលមាននៅក្នុងត្រីធូណា ត្រីសាលម៉ុន ត្រីស្បៃកាអាចជួយកាត់បន្ថយ ការប្រឈមមុខនឹងការវិវឌ្ឍនៃអាល្លែកហ្ស៊ី។ • ទឹកដោះគោជូរ៖ មានការសិក្សាមួយចំនួនបានបង្ហាញថា មេរោគល្អៗឈ្មោះថា ប្រូប៊ីយូទិកដែលមានក្នុងទឹកដោះគោជូរ អាចជួយកាត់បន្ថយរោគសញ្ញា នៃអាល្លែកហ្ស៊ីលំអងផ្កា​ របស់កុមារតូចៗ។ • ទឹកឃ្មុំ៖ ទទួលទានទឹកឃ្មុំមួយកូនស្លាបព្រាកាហ្វេ ដើម្បីព្យាបាលអាល្លែកហ្ស៊ី ក៏ប៉ុន្តែមិនត្រូវឲ្យកុមារដែលមានអាយុក្រោម១ឆ្នាំញ៉ាំនោះទេ។   អាហារដែលមានផលអាក្រក់ចំពោះអាល្លែកហ្ស៊ីច្រមុះ • អាហារដែលធ្វើឲ្យទាស់៖ មានដូចជាសណ្តែកដី ស្រ្តូប៊ឺរី និងអាហារផ្សេងៗទៀត ដែលអាចធ្វើឲ្យមានរមាស់ ឬហើម។ ហើយវានឹងបណ្តាលឲ្យមានអាល្លែកហ្ស៊ីច្រមុះ ដែលមានអាការ:តឹងថប់ នៅពេលយើងបរិភោគអាហារប្រភេទនេះ។ ប្រសិនបើអ្នកមានអាការ:បែបនេះ នៅពេលបរិភោគអាហារទាំងអស់នោះ អ្នកត្រូវ ទៅជួបគ្រូពេទ្យជាបន្ទាន់។ • លម្អងផ្កា៖ ប្រសិនបើជាអ្នកអាល្លែកហ្ស៊ីទៅនឹងលំអងផ្កា នោះអ្នកនឹងមានប្រតិកម្មជាមួយអាហារដែលមានផ្ទុកសារជាតិស្រដៀងគ្នានោះដែរ។​ លំអងផ្កា​​ អាចបង្កឲ្យអ្នកកណ្តាស់ រមាស់ និងតឹងច្រមុះ ជាហេតុធ្វើឲ្យច្រមុះដែលអាល្លែកហ្ស៊ីស្រាប់​ មានអាការៈរឹតតែធ្ងន់ធ្ងរ។ • ស្រាបៀរ និងស្រា៖ ច្រមុះអ្នកខ្លះនឹងឡើងតឹងភ្លាមៗ នៅពេលទទួលទានទឹកដែលមានជាតិអាល់កុល ដូចជាស្រា ឬក៏ស្រាបៀរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។    

ចែករំលែក

ដើម្បីថែរក្សាសុខភាពឲ្យបានល្អ និងរឹងមាំ បុរសត្រូវការរបបអាហារជាពិសេស ហើយមានចំណីអាហារមួយចំនួន អ្នកមិនគួរមើលរំលងនោះទេ។ ការធាត់លើសទម្ងន់ អាចកើតឡើងចំពោះបុរសគ្រប់គ្នា ហើយមានបុរសតែ ៥០ ភាគរយប៉ុណ្ណោះ ដែលមានរាងកាយមាំមួន និងមានសុខភាពល្អ។   គន្លឹះញ៉ាំអាហារសម្រាប់បុរស   ១. ញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើនមុខតាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ២. ត្រូវលើកទឹកចិត្តខ្លួនឯង ថែរក្សារាងកាយឲ្យបានមាំមួន តាមរយៈការញ៉ាំអាហារត្រឹមត្រូវ និងហាត់ប្រាណជាប្រចាំ ៣. ផ្តោតអារម្មណ៍ទៅលើបរិមាណ និងគុណភាពនៃអាហារដែលអ្នកនឹងទទួលទាន មានន័យថាញ៉ាំអាហារល្អៗ និងចៀសឲ្យឆ្ងាយពីអាហារសម្រន់ ព្រមទាំងអាហារគ្មានជីវជាតិសម្រាប់រាងកាយ ៤. សាកល្បងរូបមន្តអាហារថ្មីៗ ដើម្បីកុំឲ្យអ្នកធុញទ្រាន់ ឬលែងចង់ញ៉ាំអាហារមានសុខភាពល្អទាំងនោះ ៥. ចម្អិនអាហារបែបសាមញ្ញៗ ដូចជាស្ងោរ ឬចំហុយ ពីព្រោះអាហារប្រភេទនេះ ងាយស្រួលញ៉ាំ ហើយមានសុវត្ថិភាពជាងការឆា ឬចៀន ដែលប្រើខ្លាញ់ច្រើនៗ។   អាហារសម្រាប់បុរស ១. ប្រូខូលី ដើម្បីការពារជំងឺមហារីកប្លោកនោម ២. ប៉េងប៉ោះ ដើម្បីការពារជំងឺមហារីកប្រូស្តាត ៣. អាហារសមុទ្រ ដើម្បីបង្កើនថាមពល និងគុណភាពមេជីវិតឈ្មោល (ឆាប់មានកូន) ៤. ឪឡឹក ដើម្បីកាត់បន្ថយសម្ពាធឈាម ៥. ប៊័រសណ្តែកដី ដើម្បីកាត់បន្ថយកូឡេសស្តេរ៉ុល ៦. អាហារធ្វើពីស្រូវអូត ដើម្បីសុខភាពសរសៃឈាមបេះដូង ៧. ខ្ទឹម ដើម្បីកាត់បន្ថយការអស់កម្លាំង៕   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

សម័យនេះ ផលិតផលលាងសម្អាតអ្វី ក៏មានលក់ដែរនៅលើទីផ្សារ ប៉ុន្តែ បើអ្នកប្រើប្រាស់ដោយមិនចេះគិតគូរច្បាស់លាស់វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះសុខភាព។ ថ្ងៃនេះ យើងខ្ញុំនឹងនាំបងប្អូន ឲ្យស្គាល់ផលិតផលលាងសម្អាតមួយដ៏ល្អមួយ ដែលអ្នកអាចរកឃើញ នៅក្នុងផ្ទះបាយរបស់អ្នក នោះគឺម្សៅដុតនំ។   ការសម្អាតពូកប្រឡាក់ដោយប្រើម្សៅដុតនំ វាជាវិធីសាស្រ្តងាយស្រួល មានប្រសិទ្ធភាពខ្ពស់ ហើយសន្សំសំចៃថវិកាទៀតផង។ ម្សៅដុតនំ អាចជួយកម្ចាត់ស្នាមប្រឡាក់ ជាតិសំណើម កោសិកាងាប់ៗ និងក្លិនមិនអាក្រក់ ចេញពីក្នុងពូករបស់អ្នក។   វិធីសាស្រ្ត ៖ ១ ជូតសម្អាត ឬយកម៉ាស៊ីន មកបូមធូលីដីនៅលើពូកឲ្យស្អាតល្អ ២ បន្ទាប់មក ប្រើតម្រងស្អាតមួយ រួចចាក់ម្សៅដុតនំក្នុងនោះ ដើម្បីរោយវាឲ្យពេញផ្ទៃពូករបស់អ្នក ៣ ទុកវាចោលបីបួនម៉ោង ៤ រួចជូតសម្អាត ឬយកម៉ាស៊ីន មកបូមម្សៅដុតនំនោះចេញវិញ៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

  អ្នកមានអារម្មណ៍ថាអាហារសុខភាពដែលអ្នកព្យាយាមបរិភោគកន្លងមកដូចជាមិនបានជួយអ្វីអ្នកសោះ?ហើយខកចិត្តដែរឬទេ  បើដឹងថាអាហារល្អៗដែលអ្នកខំញ៉ាំបែរជាមិនត្រូវបានប្រើប្រាស់ដោយរាងកាយ?អាហារជាច្រើនពិតជាមានអត្ថប្រយោជន៍យ៉ាងលើសលប់ ហើយអ្នកក៏រំពឹងទុកថាវាពិតជាអាចជួយដល់សុខភាព ក៏ដូចជាសម្រស់របស់អ្នកបាន។ ខុសពីការគិត អាហារខ្លះមិនអាចជួយអ្នកបានពេញលេញ តាមរយៈគ្រប់រូបភាពឡើយ។ ត្រង់ចំណុចនេះ  ការផ្សំអាហារពិតជាកត្តាសំខាន់មួយ ដោយមិនត្រឹមតែធ្វើដើម្បីបង្កើនរសជាតិអាហារ តែក៏ដើម្បីទទួលអត្ថប្រយោជន៍ដែលគួរតែទទួលបានឬយ៉ាងហោចណាស់ដើម្បីសុវត្ថិភាពរបស់អ្នកផងដែរ។ ខាងក្រោមនេះ ជាការរួមបញ្ចូលយ៉ាងឥតខ្ចោះនៃអាហារ ដែលណែនាំដោយអ្នកជំនាញផ្នែករបបអាហារ និងសារជាតិចិញ្ចឹមដោយលទ្ធផលទទួល គឺលើសពីការបូកបញ្ចូលគ្នានៃផលប្រយោជន៍របស់អាហារនីមួយៗទៅទៀត។ ពពួកខ្លាញ់ ជាមួយបន្លែ បន្លែច្រើនមានផ្ទុកនូវពពួកវីតាមីនប្រភេទដែលត្រូវការខ្លាញ់ដើម្បីជំរុញការស្រូបចូលទៅក្នុងរាងកាយបាន។ ដូចនេះការបរិភោគបន្លែជាមួយនឹងបរិមាណសមរម្យនៃខ្លាញ់ក្រោមទម្រង់ជាប្រេង (ដូចជាប្រេងអូលីវជាដើម) ឬឈីស ត្រូវបានណែនាំដើម្បីទទួលបានសារធាតុចិញ្ចឹមដែលចាំបាច់កាន់តែល្អ។      កាហ្វេ ជាមួយស្ករស ការសិក្សាមួយដែលបានផ្សាយលើ Journal Human Psychopharmacologyបានបង្ហាញថានេះអាចបណ្តាលមកពី តំបន់មួយនៃខួរក្បាលដែលទទួលខុសត្រូវលើការយកចិត្តទុកដាក់ ធ្វើការប្រកបដោយប្រសិទ្ធភាពជាងធម្មតា។ បើសិនអ្នកមិនផឹកកាហ្វេ អាចសាកល្បងផឹកតែបៃតងជាមួយទឹកឃ្មុំបន្តិចក៏បាន។ រមៀត ជាមួយសាច់ត្រី ទាំងសារធាតុ Curcuminដែលមានក្នុងរមៀត និង DHA ដែលជាប្រភេទខ្លាញ់អូមេហ្គា៣ នៅក្នុងខ្លាញ់ត្រី អាចរារាំងកោសិកាមហារីកពីការបំបែកខ្លួនបាន។ ការរួមគ្នារបស់វាអាចជួយពន្យឺតការលូតលាស់នៃដុំមហារីក និងការរីករាលដាលនៃប្រភេទមួយនៃមហារីកសុដន់បានល្អជាងការប្រើប្រាស់ដោយឡែកពីគ្នា។ អ្នកស្រាវជ្រាវ បានលើកឡើងថា DHA អាចជួយកោសិកាឲ្យប្រើប្រាស់ Curcuminបានយ៉ាងល្អ។ រមៀត ជាមួយម្រេចខ្មៅ         Curcuminក៏ត្រូវបានរងប្រតិកម្មយ៉ាងរហ័សមុនពេលដែលវាត្រូវបានស្រូបយកទៅប្រើប្រាស់ដែលនេះជាហេតុដែល ការរួមគ្នាជាមួយនឹងម្រេចខ្មៅដែលមានសារធាតPiperine ត្រូវបានណែនាំដោយសារវាអាចជួយឲ្យ Curcumin អាចស្រូបចូលទៅក្នុងសរសៃឈាមបានដល់ទៅជាង១,០០០ដងលើសធម្មតា។ ប៉េងប៉ោះ ជាមួយសណ្តែក ខ្លួនរបស់យើងអាចស្រូបយកសារធាតុដែកដែលមានអត្ថប្រយោជន៍ចំពោះខួរក្បាលនិងសាច់ដុំ ពីក្នុងរុក្ខជាតិ(ដូចជាសណ្តែក)បានតិចតួចជាងជាតិដែកដែលមានក្នុងសាច់ ដូចនេះដើម្បីបង្កើនការស្រូប ការបរិភោគរួមគ្នាជាមួយអាហារដែលសម្បូរដោយវីតាមីនសេ (ដូចជាប៉េងប៉ោះ) ត្រូវបានណែនាំ។ ប៉េងប៉ោះ ជាមួយស្ពៃប្រូខូលី ប្រូខូលី និងប៉េងប៉ោះ សុទ្ធតែជាសារធាតុដែលអាចប្រឆាំងនឹងកោសិកាមហារីកបាន ក៏ប៉ុន្តែអ្នកស្រាវជ្រាវបានរកឃើញថា ការរួមផ្សំនៃបន្លែទាំងពីរប្រភេទអាចបង្កើនឥទ្ធិពលយ៉ាងខ្លាំងក្លាក្នុងការប្រឆាំងនឹងជំងឺមហារីក ជាងការដែលប្រើដាច់ដោយឡែក។ តែបៃតង ជាមួយក្រូចឆ្មារ Catechins ដែលមានក្នុងតែបៃតងអាចជួយការពារបញ្ហាសុខភាពជាច្រើនជាពិសេសគឺជំងឺបេះដូង និងមហារីក។ ការបន្ថែមក្រូចឆ្មារក្នុងតែបៃតង អាចជួយកាត់បន្ថយការបំផ្លាញនៃ Catechins នៅក្នុងប្រព័ន្ធរំលាយអាហារ។    ម្យ៉ាងទៀត វីតាមីនសេដែលមានក្នុងក្រូចឆ្មារក៏ជួយបង្កើនការស្រូប Catechinsបានដល់ទៅបីដងផងដែរ។ យ៉ាអួរ ជាមួយផ្លែចេក ការញ៉ាំសារធាតុចិញ្ចឹមទាំងពីរចូលគ្នាភ្លាមៗបន្ទាប់ពីហាត់ប្រាណ ជួយធ្វើឲ្យសាច់ដុំឆាប់ត្រឡប់មកសភាពល្អឡើងវិញ។ នេះគឺជាការរួមផ្សំនៃកាបូអុីដ្រាតជាមួយប្រូតេអុីន ដែលអាចបង្កើនកម្រិតអាំងស៊ុយលីន ដើម្បីអនុញ្ញាតឲ្យសាច់ដុំអាចចាប់យកស្ករ និងអាមីណូអាស៊ីត មកប្រើប្រាស់បានរហ័ស។ សាឡាត់ ជាមួយម្ទេសក្រហម និងជីវ៉ាន់ស៊ុយ ជាការរួមបញ្ចូលគ្នាដែលអាចផ្តល់ឲ្យយើងនូវវីតាមីនបេ៣ប្រភេទគឺ បេ១ បេ៦ បេ១២ ដែលអាចកាត់បន្ថយអាមីណូអាស៊ីតដែលបំផ្លាញសរ-សៃឈាម បង្កើនការប្រឈមនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។អាហារខ្លះពិតជាត្រូវការការរួមផ្សំដ៏ល្អ ជាជាងការបរិភោគវាដោយឡែក។       យ៉ាងណាមិញ តុល្យភាពអាហារមិនមែនមានន័យថា ត្រូវបរិភោគអាហារគ្រប់មុខក្នុងពេលតែមួយនោះដែរ ការរួមផ្សំដែលមិនត្រឹមត្រូវ មិនអាចជួយ   តែក៏អាចរារាំងអ្នកពីការទទួលសារធាតុល្អៗ ឬអាក្រក់ជាងនេះ គឺអាចនឹងគ្មានសុវត្ថិភាពតែម្តង។ សម្រាប់ការរួមផ្សំអាហារដែលអាក្រក់ចំពោះរាងកាយ សូមចុច ត្រង់នេះ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សព្វថ្ងៃនេះ អាហាររបស់អ្នកកំពុងតែស្ថិតក្នុងស្ថានភាពមួយណា? មានទាំងគុណភាព និងធានាសុខភាព តែតម្លៃថ្លៃ ឬ មានគុណភាព តែមិនល្អចំពោះសុខភាព ហើយតម្លៃក៏ថ្លៃ ឬគ្មានទាំងគុណភាព និងសុខភាព តែតម្លៃថោក? មួយបែបទៀតគឺចម្រុះ ទៅតាមស្ថានភាពសេដ្ឋកិច្ច និងពេលវេលាជាដើម។ បើអាហារផ្តល់សុខភាព មានគុណភាព តែចំណាយតិចនោះ? ស្តាប់ទៅដូចជាពិបាក តែវាអាចទៅរួច តាមរយៈអត្ថបទខាងក្រោម៖ ជំនួសចំណីអាហារប្រភេទសាច់ដោយបន្លែ និង ស៊ុត ជំនួសឲ្យការបរិភោគសាច់ យើងគួរតែទទួលទានប្រភេទបន្លែឲ្យបានច្រើនដូចជា ពពួកសណ្ដែក ស្ពៃ និងស៊ុត​ដែលសុទ្ធសឹងតែជាបន្លែសម្បូរទៅដោយជាតិប្រូតេអ៊ីន វីតាមីន និងសារធាតុចិញ្ចឹមជាច្រើនប្រភេទ ដែលផ្ដល់ផលល្អចំពោះសុខភាព ហើយថែមទាំងមានតម្លៃថោក និងងាយស្រួលរកទិញនៅតាមទីផ្សារ។​ មានគម្រោងច្បាស់លាស់ បង្កើតជាសបភីងលីស ហើយសួរខ្លួនឯងថា តើមានបន្លែ ឬសាច់អ្វីខ្លះ ដែលមាននៅសល់ក្នុងទូរទឹកកករបស់អ្នក តើអ្នកត្រូវធ្វើម្ហូបអ្វី ជាមួយនឹងបន្លែសាច់ទាំងនោះ មុនពេលដែលអ្នកទៅផ្សារ។ ធ្វើបែបនេះធ្វើឲ្យអ្នកចំនេញពេលវេលា និងអាចចៀសវាងការទិញចំណីអាហារច្រើនលើសលប់ ហើយមិនត្រូវបានប្រើប្រាស់។ កុំទៅសបភីងទាំងឃ្លាន បើអ្នកជាមនុស្សចូលចិត្តការញ៉ាំ ពិសេសចំណីកំប៉ិកកំប៉ុកដែលនឹងធ្វើឲ្យអ្នកចំណាយអស់ច្រើនទាំងមិនដឹងខ្លួន គួរសាកល្បងញ៉ាំអាហារជាប្រភេទផ្លែឈើ ឬផឹកទឹក ដែលផ្តល់អារម្មណ៍ឆ្អែតដល់អ្នក មុនពេលទៅទិញទំនិញដើម្បីកាត់បន្ថយចំណង់ក្នុងការទិញ និងការឃ្លានរបស់អ្នក។ បរិភោគចំណីអាហារដែលមិនសូវមានជាតិផ្អែម ចំពោះអ្នកដែលមានរសនិយមផ្អែម គួរតែបន្ថយចំណីអាហារដែលមានជាតិស្ករ ហើយជំនួសវិញដោយការជ្រើសរើសបន្លែផ្លែឈើដែលមានជាតិផ្អែមពីធម្មជាតិ ដូចជាពោត និងប៉េងប៉ោះផ្អែម ពីព្រោះអាហារផ្អែមៗ មិនត្រឹមតែមិនសូវមានប្រយោជន៍ តែក៏អាចឲ្យអ្នកប្រឈមទៅនឹងការកើតជំងឺផ្សេងៗ ដូចជា ជំងឺទឹកនោមផ្អែមផងដែរ។ ទិញអាហារជាកញ្ចប់ធំ ឬទិញដុំ ការទិញអាហារជាកញ្ចប់ធំជាការសន្សំសំចៃមួយ ពីព្រោះវាមានតម្លៃថោកជាងការទិញរាយ ហើយថែមទាំងធ្វើឲ្យលោកអ្នកចំនេញពេលវេលា ដោយមិនចាំបាច់ចំនាយពេល ធ្វើដំណើរទៅផ្សារញឹកញាប់ទៀតផង។ បរិភោគអាហារទៅតាមរដូវកាលរបស់វា តម្លៃចំណីអាហារអាចមានការប្រែប្រួលទៅតាមរដូវកាលនៃការប្រមូលផលរបស់វា ឬរដូវកាលដែលវាសម្បូរ ហើយការទិញចំណីអាហារនៅអំឡុងពេលនេះ ធ្វើឲ្យអ្នកទិញបានទំនិញស្រស់ល្អ ហើយមានតម្លៃថោក និងសន្សំសំចៃបានច្រើន។ ចៀសសវាងការប្រើប្រាស់គ្រឿងស្រវឹង ហើយពិសារទឹកឲ្យបានច្រើន គ្រឿងស្រវឹងពិតជាមានតម្លៃថ្លៃ ហើយថែមទាំងផ្តល់ផលប៉ះពាល់ជាច្រើនដល់សុខភាព ដូចនេះដើម្បីកុំឲ្យខ្ចះខ្ចាយថវិកា និងទទួលបានសុខភាពល្អ អ្នកគួរចៀសវាងការពិសាគ្រឿងស្រវឹងតាមដែលអាចធ្វើបាន ផ្ទុយមកវិញ គួរពិសារទឹកឲ្យបានច្រើនវិញ ពីព្រោះទឹកគឺជាអ្វីដែលរាងកាយ និងសម្រស់របស់អ្នកត្រូវការបំផុត។ បង្កើតសួនបន្លែខ្លួនឯង ដាំដុះបន្លែដោយខ្លួនឯងគឺជាជម្រើសដ៏ល្អ ពីព្រោះវាអាចជួយឲ្យអ្នកប្រើប្រាស់នូវថវិកាអស់តិច​ ហើយទទួលបានផលិតផលធម្មជាតិ ដែលគ្មានជាតិគីមី។​ បន្លែមួយចំនួន ដូចជាប៉េងប៉ោះ ននោង ស្លឹកបាស សុទ្ធតែជាបន្លែដែលល្អចំពោះសុខភាព ហើយមានលក្ខខណ្ឌងាយស្រួលក្នុង​ការដាំដុះ។ ការមមាញឹករបស់អ្នកអាចធ្វើឲ្យអ្នករំលងសុខភាព ឬក៏ចំណាយច្រើនដោយមិនដឹងខ្លួន ដូចនេះចាប់ផ្តើមរៀបចំគម្រោងអាហាររបស់អ្នកនៅថ្ងៃនេះ ព្រោះមិនថាបញ្ហាសេដ្ឋកិច្ច ឬសុខភាពរបស់អ្នក និងក្រុមគ្រួសារ គឺសុទ្ធតែមិនអាចរង់ចាំបាន ហើយចាប់ពីពេលនេះទៅ ការមានសុខភាពល្អ មិនចាំបាច់ទាល់តែចំណាយច្រើនទៀតនោះទេ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

ធុរ៉េនត្រូវបានចាត់ទុកថាជាផ្លែឈើដែលមានការពេញនិយមខ្លាំង គ្រាន់តែកាលរដូវកាលរបស់ធុរ៉េនដល់ភ្លាម ធ្វើដំណើរទៅណាក៏ធុំក្លិនធុរ៉េនដែរ អ្នកដែលចូលចិត្តនឹងយល់អារម្មណ៍មួយនេះ(មិនបានញ៉ាំបានតែហិតក្លិនក៏អស់ចិត្ត)។ ភាគច្រើនគេចូលចិត្តញ៉ាំសាច់ធុរ៉េនផ្ទាល់ ឬច្នៃជាបង្អែមផ្សេងៗ។ រសជាតិ និងក្លិនធុរ៉េនអាចច្នៃទៅជាបង្អែមបានច្រើនយ៉ាង ដូចជាសង់ខ្យាធុរ៉េន ឬនំដុតជាដើម។ តើធ្លាប់ធ្វើចេកខ្ទិះធុរ៉េនដែរទេ? ការពិតទៅយើងគ្រាន់តែបន្ថែម​ ធុរ៉េនចូលបង្អែមចេកខ្ទិះ ដើម្បីបង្កើនឱជារសរបស់វាមួយកម្រិតទៀត។ គ្រឿងផ្សំ៖ • ចេកទុំ ចិតជាចំណិតៗ • ធុរ៉េន បកយកសាច់ និងបំបែកជាបំណែកតូចៗ • សណ្តែកប្រេង លីងឲ្យមានក្លិនឈ្ងុយល្មម • គ្រាប់សាគូស ត្រាំទឹកឲ្យរីក • ខ្ទិះដូង • ស្ករស ឬស្ករត្នោត របៀបធ្វើងាយៗ៖ • ដាក់ដាំទឹកមានលាយខ្ទិះដូងខ្លះកាន់តែល្អ • ដាក់ចេកទុំចូល ប្រហែល៥នាទីរួចដាក់សណ្តែកប្រេងចូល • រំងាស់ប្រហែល១០នាទីទៀត • បន្ទាប់មកបន្ថែមគ្រាប់សាគូសចូល ទុកប្រហែល២នាទី • រួចដាក់សធុរ៉េន ស្ករ និអំបិលចូល អាស្រ័យតាមរសជាតិដែលអ្នកចង់បានជាការស្រេច បន្ថែមលើរសជាតិផ្អែមហើយ មានក្លិនធុរ៉េនតិចៗទៀត គឺថាឆ្ងាញ់ម៉ង់.... © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក
Top