-
Oct 05, 2018
|
-
6 ឆ្នាំមុន
|
-
7.9K មើល
Amenorrhea ជាអវត្តមានការមករដូវ ឬនិយាយឲ្យខ្លី គឺការបាត់រដូវប្រចាំខែរបស់ស្ត្រី និងនារីគ្រប់វ័យនៃការបន្តពូជ។ តាមធម្មជាតិនៃស្រ្តី ការបាត់រដូវតងតែកើតឡើងជាទូទៅ អំឡុងពេលមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន នៅវ័យកុមារមិនទាន់ពេញវ័យ និងវ័យចំណាស់អស់រដូវ។
បញ្ហានៃការមិនមានរដូវនេះ កើតឡើងច្រើនលើនារី និងស្រ្តីគ្រប់វ័យ នៅក្នុងប្រទេសកម្ពុជា ដែលតម្រូវឲ្យពួកគាត់ទៅពិគ្រោះ និងពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញផ្នែករោគស្រ្តី និងក្រពេញអ័រម៉ូន។ ជាក់ស្តែង ការអវត្តមាននូវរដូវរបស់ស្ត្រីចែកចេញជា ពីរផ្នែក៖
• ផ្នែកទី១ (Primary amenorrhea)៖
គឺការមិនមករដូវដំបូងដែលចាប់គិតពីកុមារនៅអាយុ ១៣ឆ្នាំឡើងទៅ ដោយសារកត្តារីកលូតលាស់មិនប្រក្រតីពីកំណើតនៃអវយវៈស្បូន ឬមេជីវិតបន្តពូជ និងការពន្យារពេលនៃការមករដូវ (ឧទាហរណ៍ ១៨ឆ្នាំ ហើយមិនមានរដូវសោះ)។
• ផ្នែកទី២ (Secondary amenorrhea)៖
គឺបណ្តាលមកពីការរំខានពីផ្នែកខួរក្បាល (hypothalamus and pituitary gland) ដែលការបាត់រដូវនេះ អាចរាប់បានចាប់ពី៣ខែឡើងទៅ បន្ទាប់ពីគាត់មានរដូវពីមុនធម្មតាមក ឬក៏ចាប់ពី៩ខែឡើងទៅ បន្ទាប់ពីគាត់មានរដូវដែរ តែបន្តិចបន្តួចប៉ុណ្ណោះ ឬមកមិនទៀងទាត់។
មូលហេតុ និងកត្តាប្រឈម
មូលហេតុចម្បងដែលបង្កឲ្យអវត្តមាននៃរដូវ គឺ៖
• ស្រកទម្ងន់ ឬទម្ងន់ចុះថយ
• ការប្រើប្រាស់ថ្នាំពន្យារកំណើត ឬអ័រម៉ូនឡើងដោយសារការចាក់ថ្នាំ និងការចាក់ថ្នាំប្រព័ន្ធប្រសាទ ( Antipsychotic drug)
• ការបំបៅដោះ
• ជំងឺខ្សោយពោះវៀន (Celiac Disease)
• ជំងឺពីកំណើត (Mayer-Rokitansky-KüsterHauser syndrome)
• ស្ត្រេស
• ការមានផ្ទៃពោះជាដើម។
ចំពោះបងប្អូននារី គឺមានការប្រឈមខ្ពស់អាចកើតមាននៅត្រង់អាយុចាប់ពីពេញវ័យ រហូតដល់វ័យនៃការអស់រដូវ ឬជុំវិញនៃការអស់រដូវ។
រោគសញ្ញាជាក់ស្តែង
សញ្ញាដែលលេចឡើង នៅពេលស្រ្តីអវត្តមាននៃវដ្តរដូវមាន៖
• ការបាត់រដូវ
• ការជ្រុះសក់
• ការឈឺក្បាល
• ស្រវាំងភ្នែក
• មុខមានដុះរោមប្លែក
• ឈឺចាប់ក្នុងពោះ
• កើតមុន
• មានភាពមួម៉ៅ តានតឹង និងឆេវឆាវ
• មានអារម្មណ៍ថា មានកម្តៅភាយចេញពីខ្លួន។
ការធ្វើរោគវិនិច្ឆ័យ និងព្យាបាល
វាមិនមែនជាការងាយស្រួលទេ ក្នុងការធ្វើរោគវិនិច្ឆ័យវិបត្តិនៃការមិនមករដូវនេះ។ ដំបូង គ្រូពេទ្យនឹងសាកសួរព័ត៌មានផ្សេងៗពីអ្នកជំងឺ និងធ្វើតេស្ត ដើម្បីពិនិត្យរកនូវមូលហេតុនៃការមិនមានរដូវ តាមរយៈការបូមឈាមយកទៅពិនិត្យ ការពិនិត្យមាត់ស្បូន និងការពិនិត្យរូបសាស្រ្ត (Echography, CT Scans, X-ray, MRI) ជាដើម។ បន្ទាប់ពីបានធ្វើរោគវិនិច្ឆ័យច្បាស់លាស់ហើយ អ្នកជំងឺនឹងត្រូវព្យាបាលតាមសភាពជំងឺ ដោយការប្រើថ្នាំលេប និងធ្វើការតាមដានជាចំាបាច់ទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យជំនាញ។
ផលវិបាក និងការការពារ
ករណីអ្នកជំងឺមិនបានទទួលការព្យាបាលបានទាន់ពេលវេលាទេនោះ ពួកគាត់នឹងអាចប្រឈមជាមួយផលវិបាកនានាដូចជា៖
• វិបត្តិអត់កូន
• ការពុកឆ្អឹង (Osteoporosis)
• ផលរំខានផ្សេងៗលើផ្នែកអារម្មណ៍ និងផ្លូវចិត្ត។
តាមការសិក្សាស្រាវជ្រាវ មិនទាន់មានវិធីសាស្រ្ត ដើម្បីការពារពីបញ្ហានៃការមិនមករដូវនោះនៅឡើយទេ។ ម៉្យាងវិញទៀត គ្រូពេទ្យជំនាញតែងតែជួបអ្នកជំងឺ នៅពេលដែលពួកគាត់មានបញ្ហាផ្សេងៗដូចជា វិបត្តិអត់កូន និងវិបត្តិមិនមករដូវ។ សូមបងប្អូននារី និងស្រ្តីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅពិភាក្សាពីបញ្ហានេះជាមួយវេជ្ជបណ្ឌិតឯកទេសរោគស្រ្តីដែលមានជំនាញច្បាស់លាស់ ដើម្បីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងព្យាបាលតាមដានសភាពជំងឺទាន់ពេលវេលា។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត យូ ម៉ូលីន ឯកទេស សម្ភព និងរោគស្រ្តី នៃមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក បន្ទប់ពិគ្រោះជំងឺ ម៉ី ស៊ីថាច យូម៉ូលីន និងគ្លីនិកក្បាលថ្នល់ ។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក