Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

លោក វ៉េង រតនា​ មូលហេតុក្នុងការជ្រើសរើសយកអាជីពជាគ្រូពេទ្យ និស្សិតវ័យក្មេងមួយរូបនេះបាននិយាយថាការសង្គ្រោះជីវិត និងយកអាសាអ្នកដទៃជារឿងមួយដែលសប្បាយចិត្តសម្រាប់ខ្លួន។ ដូចគ្នានោះដែរ ដោយគិតពីអនាគតគ្រួសារនិងសង្គមផងដែរលោកក៏សម្រេចចិត្តបន្តថ្នាក់ឯកទេសបេះដូងនេះព្រោះតែនៅប្រទេសកម្ពុជាយើងមានគ្រូពេទ្យឯកទេសបេះដូង និងមានកន្លែងសម្រាប់ថែទាំព្យាបាលជំងឺនេះហើយប៉ុន្តែប្រជាជនខ្មែរយើងមិនបានយល់ដឹងពីបញ្ហាជំងឺបេះដូងច្រើននៅឡើយ និងមិនបាន​ដឹងពីសមត្ថភាពគ្រូពេទ្យក្នុងប្រទេសយើងអាចធ្វើបានដូចពេទ្យនៃប្រទេសជិតខាងដែរដោយសព្វថ្ងៃយើងអាចធ្វើការឆ្លុះសរសៃឈាមបេះដូង ដាក់ថ្មបេះដូង វះកាត់បេះដូង និងព្យាបាលចង្វាក់បេះដូងមិនប្រក្រតី ។ល។ ដូច្នេះលោកសង្ឃឹមថាលោកអាចព្យាបាល​ និងចែករំលែកព័ត៌មានផ្សេងៗជូនពួកគាត់ជាច្រើន។​  ពេលសាកសួរពីលក្ខណៈសម្បត្តិរបស់គ្រូពេទ្យរតនាបានរៀបរាប់ថាដើម្បីក្លាយជាគ្រូពេទ្យម្នាក់លោកត្រូវមានភាពអត់ធ្មត់ឧស្សាហ៍ព្យាយាមក្នុងការងារ និងការសិក្សាព្រោះត្រូវការរៀនយូរឆ្នាំហើយលោកបានបញ្ជាក់ផងដែរថាវាពិតជាលំបាកព្រោះវាទាក់ទងនឹងអាយុជីវិតរបស់មនុស្សដែលទាំងនេះសុទ្ធតែជាឧបសគ្គដែលនិស្សិតពេទ្យ និងគ្រូពេទ្យគ្រប់រូបត្រូវប្រឈម។ ប៉ុន្តែរតនានៅតែនិយាយយ៉ាងម៉ឺងម៉ាត់ថា “ទោះជាមិនបានគេងគ្រប់គ្រាន់ធ្វើការច្រើនម៉ោង និងគ្មានពេលជាមួយគ្រួសារច្រើនក៏ដោយក៏ខ្ញុំពេញចិត្តធ្វើការងារនេះដែរព្រោះគ្មានគ្រូពេទ្យណាចង់ឲ្យអ្នកជំងឺស្លាប់ដោយគ្មានមូលហេតុណាមួយនិងឈរឱបដៃមើលនោះទេ ដូច្នេះពួកយើងក៏ទាមទារនូវការគោរពពីអ្នកជំងឺផងដែរ”។ និយាយពីការបង្កើនចំណេះដឹងរបស់ខ្លួនក្នុងការត្រៀមខ្លួនជាគ្រូពេទ្យឯកទេសនាពេលអនាគតនេះរតនា បានប្រាប់ផងដែរថាក្រៅពីការសិក្សានៅក្នុងថ្នាក់ការអនុវត្តន៍នៅមន្ទីរពេទ្យគឺជារឿងមួយសំខាន់ហើយខ្លួនលោកបានតាំងចិត្តយ៉ាងមុតមាំថា “ធ្វើអ្វីក៏ធ្វើពោលគឺខ្ញុំមិនបោះបង់ឱកាសដែលគេផ្តល់ឲ្យទេព្រោះនេះជាពេលវេលាដ៏ល្អដែលខ្ញុំអាចឆ្លៀតចាប់យកបទពិសោធន៍ល្អៗសម្រាប់ការងាររបស់ខ្ញុំហើយក្រៅពីនេះខ្ញុំក៏បានធ្វើការសិក្សាស្រាវជ្រាវឯកសារថ្មីៗ​​ និងពិភាក្សាការងារជាមួយមិត្តភក្តិនៅពេលទំនេរដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក”។​​​​ ពេលចូលដល់សំណួរពីកន្លែងធ្វើការនាពេលអនាគតវិញនិស្សិតឯកទេសវ័យក្មេងរបស់យើងមួយរូបនេះបានឆ្លើយតបថាពេលបញ្ចប់ការសិក្សាហើយខ្លួននឹងត្រៀមចូលបម្រើការងារដោយមិនគិតថានៅខេត្តឬទីក្រុងទេសំខាន់គឺរូបលោកចង់ធ្វើការឲ្យអស់ពីចំណេះរបស់ខ្លួន និងសង្ឃឹមថាមានអ្វីគ្រប់គ្រាន់អាចជួយអ្នកជំងឺបានប្រសើរ។ ជាចុងក្រោយ រតនាចង់ឲ្យប្រជាជនទាំងអស់ស្វែងយល់ពីជំងឺបេះដូងឲ្យបានច្រើនជាងនេះ ​ព្រោះជំងឺនេះជាឃាតករលេខ១ក្នុងពិភពលោក ដែលបណ្តាលឲ្យមានអត្រាមរណៈច្រើនជាងគេ។ ដូចនេះសូមប្រជាជនទាំងអស់មកទទួលការព្យាបាល ឲ្យបានឆាប់ដើម្បីឲ្យគ្រូពេទ្យអាចជួយលោកអ្នកបានទាន់ពេលវេលា ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ចែករំលែក

ជាមួយនឹងវត្តមានក្នុងការបម្រើនូវសេវាសុខាភិបាលជូនដល់អតិថិជនជាតិ និងអន្តរជាតិអស់រយៈពេលជាង៥ឆ្នាំកន្លងមក គ្លីនិក ព្រីនសេសបាននាំមកជូនអតិថិជនរបស់ខ្លួននូវសេវាសុខាភិបាលក្នុងកម្រិតមិនចាញ់ពីសេវាដែលអ្នកជំងឺភាគច្រើនយល់ខុសថាមានតែនៅក្រៅប្រទេស។​ ជាមួយនឹងគោលជំហរដ៏រឹងមាំក្នុងការបម្រើដល់អតិថិជនគ្រប់ជាន់ថ្នាក់ វណ្ណៈបុណ្យសក្តិឲ្យស្មើៗគ្នា ជាមួយនឹងពាក្យស្លោកខ្លីតែមានអត្ថន័យខ្លឹមសារ«គុណភាព សុវត្ថិភាព ក្រមសីលធម៌វិជ្ជាជីវៈ»វេជ្ជបណ្ឌិតដែលបម្រើការក្នុងគ្លីនិក ព្រីនសេសសុទ្ធតែមានវិជ្ជាជីវៈខ្ពស់ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យវេជ្ជសាស្រ្តទាំងក្នុងប្រទេស និងក្រៅប្រទេស។ គួរបញ្ជាក់ផងដែរថា លោកនាយកប្រកបដោយភាពប៉ិនប្រសប់ និងវិជ្ជាជីវៈច្បាស់លាស់នៃគ្លីនិក ព្រីនសេសផ្ទាល់ ក៏ជាវេជ្ជបណ្ឌិតមួយរូបដែលបានបម្រើការងារ និងជាសាស្ត្រាចារ្យជាន់ខ្ពស់ ក្នុងវិស័យសុខាភិបាលនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្តែង ក្រោយពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក្នុងឆ្នាំ១៩៩១ភ្លាម លោកក៏បានបម្រើការងារដំបូងជាមួយនឹងអ៊ុនតាក់ រួចក៏បានចូលបង្រៀនក្នុងសាលាដែលលោកវេជ្ជបណ្ឌិតបានបញ្ចប់ការសិក្សា និងបន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសថៃ រួចទើបបម្រើការងារជាមួយនឹងអង្គការអន្តរជាតិក្នុងការរៀបចំកម្មវិធីសិក្សា និងការចុះបង្រៀនដល់ក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យមួយចំនួនផងដែរ។ សព្វថ្ងៃផ្ទាល់ លោកវេជ្ជបណ្ឌិត អ វឌ្ឍនៈ ជានាយកនៃគ្លីនិក ព្រីនសេស។ គ្លីនិក ព្រីនសេសមានបម្រើនូវសេវាសុខាភិបាលទូទៅដែលលោកអ្នកពិតជាអាចជឿទុកចិត្តបានពីកម្រិតនៃគុណភាពបាន ជាច្រើនដែលរួមមានដូចជា ផ្នែករោគស្រ្តី ផ្នែកបេះដូង ក្រពះ-ពោះវៀន ផ្នែកវះកាត់ ផ្នែកត្រចៀក-ច្រមុះ បំពង់ក ភ្នែក និងផ្នែកផ្លូវចិត្តជាដើម។ ក្រៅពីការតុបតែង និងរចនាទាំងខាងក្នុង​​ និងក្រៅប្រកបដោយភាពទាក់ទាញ និងអនាម័យខ្ពស់ហើយ គ្លីនិក ព្រីនសេស មានវេជ្ជបណ្ឌិតឯកទេសជាច្រើនរូបដែលបានសុទ្ធតែបានបញ្ចប់ការសិក្សាពីក្រៅប្រទេស ដែលរួមមានប្រទេសបារាំង ប្រទេសអាមេរិច ប្រទេសចិនជាដើម ។ អ្វីដែលរឹតតែពិសេសនោះ គឺថាក្រុមគ្រូពេទ្យទាំងអស់ដែលបម្រើការនៅក្នុងគ្លីនិកនេះ គឺមានទំនោរធ្វើការងារជាក្រុម ដោយហេតុថាពួកគាត់មានការយល់ឃើញថា ម្នាក់ៗមានឯកទេសផ្ទាល់ខ្លួនក៏ពិតមែន​តែក៏មិនប្រាកដថាខ្លួនឯងល្អឥតខ្ចោះនោះដែរ ហេតុនេះហើយចាំបាច់ត្រូវមានការរៀនសូត្រពីបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីបំពេញកិច្ចការងារ ក៏ដូចជាបម្រើសេវាជូនដល់អតិថិជនឲ្យបានឌិតដល់ និងប្រកបដោយប្រសិទ្ធភាព។ ម្យ៉ាងទៀត ពួកគាត់ក៏មិនភ្លេចពីស្វ័យសិក្សាជាមួយនឹងឯកសារដែលមានប្រភពគួរទុកចិត្ត​ និងមានការទទួលស្គាល់ជាលក្ខណៈសកល តាមរយៈការអានសៀវភៅ ឬធ្វើការស្រាវជ្រាវតាមរយៈប្រព័ន្ធអ៊ីនធឺណែតផងដែរ។ លោកនាយកបានបន្តទៀតថា «ចំណុចដែលយើងតែងតែផ្តោតការយកចិត្តទុកដាក់ខ្លាំងជាងគេនោះ គឺការធ្វើរោគវិនិច្ឆ័យទៅលើអ្នកជំងឺ ព្រោះថាមុនចាប់ផ្តើមធ្វើការព្យាបាល យើងចាំបាច់ត្រូវដឹងជាមុនសិនថាតើអ្នកជំងឺកើតមានជំងឺអ្វី​​ នោះទើបយើងជាវេជ្ជបណ្ឌិតជំនាញអាចធ្វើផ្តល់ជូននូវការព្យាបាលបានត្រឹមត្រូវទៅតាមរោគសញ្ញា ក៏ដូចជាសភាពរបស់អ្នកជំងឺ»។ សម្រាប់ការព្យាបាល គ្លីនិក ព្រីនសេស មានវេជ្ជបណ្ឌិតតាមឯកទេស តាមផ្នែកដែលបានរៀបរាប់ខាងលើ ដែលលោកអ្នកមិនចាំបាច់ព្រួយបារម្ភថាពិបាកនឹងត្រូវស្វែងរកនៅកន្លែងណាផ្សេងនោះទេ ហើយការព្យាបាលទៀតសោត គឺធ្វើឡើងទៅតាមក្បួនវិធីតាមបែបវេជ្ជសាស្រ្តដែលធានាជូននូវសុវតិ្ថភាពជូនដល់លោកអ្នក។ រីឯការផ្តល់ឱសថវិញ វេជ្ជបណ្ឌិតទាំងអស់នៃគ្លីនិក ព្រីនសេស ចាំបាច់ត្រូវគោរពក្បូនច្បាប់ត្រឹមត្រូវដោយមានកម្រិត ​និងបរិមាណដែលបានកំណត់រួចជាស្រេច ហើយដាច់ខាតមិនធ្វើការបំពានច្បាប់នោះឡើយ។  ផ្ទុយពីគំនិតក្នុងការចង់ឲ្យអ្នកជំងឺចាយប្រាក់ច្រើនទៅលើថ្លៃថ្នាំ ក្នុងនាមជាវេជ្ជបណ្ឌិតដែលបានប្រលូកក្នុងវិស័យវេជ្ជសាស្រ្តជាច្រើនឆ្នាំ លោកវេជ្ជបណ្ឌិតវឌ្ឍនៈ​ ក៏បានបញ្ជាក់ដែរថា «ការសរសេរពីវិធីនៃការប្រើប្រាស់ថ្នាំនីមួយៗមិនថាថ្នាក់ជាតិ ឬអន្តរជាតិនោះទេ គឺសុទ្ធតែត្រូវបានឆ្លងកាត់ការប្រជុំពិភាក្សាពីសំណាក់អ្នកជំនាញការមកពីច្រើនទីកន្លែង និងមានឯកទេសច្បាស់លាស់យ៉ាងម៉ត់ចត់រួចហើយ ហេតុនេះហើយ យើងមិនអាចតាមតែចិត្តចង់បានចំនេញច្រើនហើយផ្តល់ជូននូវវេជ្ជបញ្ជាដែលប្រាសចាកពីនោះទេ។» និយាយដល់ត្រង់បញ្ហាប្រាក់ចំនេញ លោកក៏បានបន្ថែមផងដែរថា​ «យើងត្រូវការប្រាក់ចំនូលសម្រាប់ធ្វើការផ្គត់ផ្គង់គ្លីនិក និងជីវិតក៏ពិតមែនតែយើងមិនអាចយកប្រាក់មកលុបពីលើបច្ចេកទេសនោះទេ វាជាកំហុសឆ្គងដ៏ធំក្នុងវិស័យវេជ្ជសាស្រ្ត»។ ដូចដែលបានបញ្ជាក់ស្រាប់នៅក្នុងពាក្យស្លោកប្រចាំគ្លីនិក គឺគ្រូពេទ្យ និងបុគ្គលិករបស់គ្លីនិក ព្រីនសេស គ្រប់រូបចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ប្រចាំខ្លួន ដើម្បីមានទំនាក់ទំនងក៏ដូចជាការប្រាស្រ័យទាក់ទងល្អជាមួយនឹងអតិថិជន។  មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់មិនប្រថុយក្នុងការទទួលអ្នកជំងឺដែលមិនត្រូវនឹងឯកទេសរបស់ខ្លួនឡើយ ប្រសិនបើមានសភាពដែលគាត់មិនអាចធ្វើការព្យាបាលបាន គឺធ្វើការផ្ទេរទៅកាន់អ្នកដែលមានជំនាញត្រឹមត្រូវឲ្យទាន់ពេលវេលា ដោយមិនទុកឲ្យធ្លាក់ដំណាក់កាលធ្ងន់ធ្ងរ ឬចុងក្រោយនោះឡើយ។ លក្ខណៈដ៏ល្អឯករបស់គ្លីនិក ព្រីនសេស មួយទៀតនោះ គឺមានឯកសារពីសភាពសុខភាពរបស់អ្នកជំងឺម្នាក់ៗយ៉ាងច្បាស់ ហើយក៏មានតម្កល់ទុកសម្រាប់ជាព័ត៌មានយ៉ាងត្រឹមត្រូវ។​ ងាកត្រលប់មកឧបសគ្គក្នុងការបើកដំណើរការវិញ លោកនាយកក៏បានបង្ហើបប្រាប់ហេលស៍ថាមយើងផងដែរថា កាលពីដំបូង អ្វីដែលលំបាកនោះ គឺការប្រើប្រាស់សេវាមិនបានគ្រប់គ្រាន់​ដោយសារតែមិនទាន់សូវមានអតិថិជនស្គាល់ច្រើន។ ឧបសគ្គមួយទៀតនោះ កើតមានដោយសារវេជ្ជបណ្ឌិតធំៗភាគច្រើនបានទទួលប្រព័ន្ធនៃការសិក្សាពីប្រទេសខុសគ្នា ហើយភាសាបច្ចេកទេសដែលប្រើប្រាស់ទៀតសោតក៏មិនដូចគ្នាទៀត ដែលបាបង្កជាបញ្ហាលំបាកបន្តិចបន្តួចដែរ ដែលដំណោះស្រាយសមា្រប់បញ្ហានេះ គឺមានតែពេលវេលា។ ក្រោយពីធ្វើការជាមួយគ្នាក៏ឃើញមានលក្ខណៈប្រសើរច្រើនហើយ។ ចំណុចមួយសំខាន់មួយទៀតនោះ គឺមកពីផ្នត់គំនិតរបស់អ្នកជំងឺផ្ទាល់ ដែលមិនសូវមានទំនុកចិត្តលើសេវាសុខាភិបាលក្នុងប្រទេសរបស់ខ្លួន ដោយមានការយល់ឃើញថា ពេទ្យណាក៏ដូចពេទ្យណាដែរ។ ចំពោះបញ្ហាដែលអ្នកជំងឺបាត់បង់ទំនុកចិត្តចំពោះពេទ្យក្នុងស្រុកនេះ លោកក៏មានយោបល់ថា មូលហេតុអាចមកពីគ្រួពេទ្យមួយចំនួនដែលធ្វើការអួតសរសើរពីខ្លួនឯង ហើយក៏បង្អាប់ពីគុណភាព និងវិជ្ជាជីវៈពេទ្យជាដៃគូរបស់ខ្លួន ហើយពេទ្យ ឬគ្លីនិកធំៗមួយចំនួនក៏មានការនិយាយមិនល្អពីគ្លីនិកតូចៗផងដែរ។ នេះជាហេតុនាំឲ្យអ្នកជំងឺលែងមានទំនុកចិត្ត ហើយជាចុងបញ្ចប់ក៏សម្រេចចិត្តស្វែងរកសេវាក្នុងប្រទេសដទៃវិញ។ ជាចុងក្រោយ  លោកក៏បន្ថែមនូវប្រសាសន៍ប្រកបដោយអត្ថន័យថា លោកតែងឲ្យអ្នកជំងឺធ្វើការសម្រេចចិត្តដោយខ្លួនឯងថាតើ សភាពជំងឺរបស់ខ្លួនកម្រិតណាគួរស្វែងរកសេវាសុខាភិបាលក្នុងកម្រិតណា ដោយមិនបាននិយាយបង្ខំ ឬបង្ហាញចំៗឲ្យពួកគេមករកគ្លីនិករបស់ខ្លួនឡើយ។  ម្យ៉ាងវិញទៀត លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាថា ប្រសិនបើមានបញ្ហាសុខភាព ហើយគ្រូពេទ្យជំនាញក្នុងប្រទេសអាចជួយបាន គួរតែកុំចេញទៅប្រទេសក្រៅអី ព្រោះថាទង្វើបែបនេះនឹងអាចឲ្យលោកអ្នកកាត់បន្ថយចំណាយ​ ក៏ដូចជាពេលវេលា លើកតម្កើងវិស័យសុខាភិបាលក្នុងប្រទេស និងជួយអ្នកជំងឺឲ្យទាន់ពេលវេលា។ បើអ្នកចេញទៅប្រទេសដទៃ ហើយអ្នកជំងឺខ្លះក៏មិនចេះភាសាបរទេស រីឯអ្នកបកប្រែក៏មិនមែនជាអ្នកជំនាញផ្នែកពេទ្យ ហេតុនេះហើយការបកប្រែហាក់ដូចមិនសូវបានត្រឹមត្រូវតាមកម្រិត តែបើអ្នកបានជួបជាមួយអ្នកជំនាញនឹងមានការពន្យល់ច្បាស់លាស់។ ស្វែងរកសេវាសុខភាពដែលមានវេជ្ជបណ្ឌិតជំនាញដែលបានបញ្ចប់ការសិក្សាពីប្រទេសក្រៅ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈពិតប្រាកដ សូមអញ្ជើញមកកាន់គ្លីនិក ព្រីនសេស ដែលមានអាស័យដ្ឋានផ្ទះលេខ ១៣២ ផ្លូវ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ចែករំលែក

រំចង់ បានបើកដំណើរការជាផ្លូវការតាំងពីឆ្នាំ១៩៩៦ ដោយពេលនោះចំនួនជាងធ្មេញហាក់ដូចជាមានច្រើន ស្របពេលដែលចំនួនពេទ្យធ្មេញនៅមានកម្រិតនៅឡើយ។ ជាមួយនឹងការបម្រើសេវាទន្តសាស្រ្តដ៏ល្អឥតខ្ចោះជូនអតិថិជនទាំងក្នុង និងក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំ មន្ទីរពេទ្យទន្តសាស្រ្ត និងសម្ផស្ស រំចង់ ត្រូវបានទទួលស្គាល់ជាមន្ទីរពេទ្យដែលមានគុណភាព និងស្តង់ដាអន្តរជាតិដំបូងគេនៅកម្ពុជា​តាមរយៈប្រព័ន្ធISO 9001:2000 នៅក្នុងឆ្នាំ២០០៨។            ហេលស៍ថាមបានធ្វើការសម្ភាសន៍លោក គង់ ភក្តី ដែលជាទន្តសាស្រ្តមួយរូបរបស់រំចង់ ដោយលោកបានប្រាប់ក្រុមការងារយើងថា អតិថិជនដែលបានទទួលសេវកម្មផ្នែកទន្តសាស្រ្តរបស់រំចង់ សុទ្ធតែមានការពេញចិត្ត និងកោតសរសើរអំពីគុណភាព និងភាពល្អឥតខ្ចោះនៃការបម្រើសេវកម្ម។ មិនត្រឹមតែប៉ុណ្ណោះអតិថិជនជាច្រើនបានណែនាំទៅកាន់មិត្តភក្តិក៏ដូចជាធ្វើការលើកតំកើងរំចង់ជាមន្ទីរពេទ្យទន្តសាស្រ្តដ៏គម្រូមួយប្រចាំនៅកម្ពុជាក៏ដូចជានៅទូទាំងពិភពលោក។ លោកក៏បានបន្តទៀតថា មន្ទីរពេទ្យទន្តសាស្រ្ត និងសម្ផស្ស រំចង់ មានបម្រើសេវកម្មជាច្រើនដោយរួមបញ្ចូលទាំងការវិនិច្ឆ័យរោគផ្សេងៗ ការព្យាបាលភាពមិនប្រក្រតីនៃសុខភាពមាត់ធ្មេញ ការថែទាំក្រោយការព្យាបាល ការបង្កើននូវសម្រស់ក៏ដូចជាភាពទាក់ទាញតាមរយៈការពត់ធ្មេញជាដើម ព្រមទាំងការផ្តល់នូវវិធីសាស្រ្តផ្សេងៗដើម្បីថែរក្សាសុខភាពមាត់ធ្មេញក៏ដូចជាចៀសវាងនូវបញ្ហាដដែលទៀត។ តាមរយៈការប្រឹក្សាជាមួយនឹងទន្តពេទ្យដ៏ជំនាញរបស់រំចង់ លោកអ្នកនឹងទទួលបានគម្រោងនៃការព្យាបាល និងការវិនិច្ឆ័យរោគសញ្ញានៃជម្ងឺផ្សេងៗដែលកើតមានចំពោះសុខភាពមាត់ធ្មេញរបស់លោកអ្នក។ លើសពីនេះទៀត រំចង់ក៏មានសេវាកម្មធ្វើឲ្យពណ៌ធ្មេញនៅសស្អាត ដើម្បីបង្កើតឲ្យបានស្នាមញញឹមប្រកបដោយភាពទាក់ទាញផងដែរ។ រីឯបញ្ហាមិនប្រក្រតីនៃមាត់ធ្មេញដូចជា ជម្ងឺអញ្ចាញធ្មេញ ក៏នឹងត្រូវបានដោះស្រាយដោយទន្តពេទ្យដ៏ជំនាញរបស់រំចង់ផងដែរ។ ក្រៅពីសេវាកម្មព្យាបាល រំចង់ក៏មានសេវាកម្មពត់ធ្មេញដែលជួយបង្កើននូវភាពស្រស់ស្អាត និងទាក់ទាញថែមមួយកម្រិតទៀតដល់អ្នកដែលមិនមានបញ្ហាមាត់ធ្មេញ។            ក្រៅពីការបម្រើសេវាកម្មដោយរកប្រាក់កម្រៃហើយ រំចង់ក៏មានផ្តល់ជូននូវសេវាកម្មទន្តសាស្រ្តដោយឥតគិតថ្លៃជូនដល់ប្រជាជននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងនៅខេត្តព្រះសីហនុ កំពង់ស្ពឺ និងព្រះវិហារ តាំងពីឆ្នាំ២០០៧ ដោយបានបង្កើតនូវគ្លីនិកធ្មេញចល័តដោយបានទទួលអ្នកជម្ងឺពី១០០ទៅ200នាក់ក្នុងមួយថ្ងៃ។​ រំចង់បានផ្តល់ឱកាសជូននិស្សិតទន្តសាស្រ្តដែលរៀបនឹងបញ្ចប់ការសិក្សាចូលរូមសកម្មភាពសប្បុរសធម៌ ដើម្បីជាការអនុវត្តផ្ទាល់នូវអ្វីដែលខ្លួនបានរៀន ក៏ដូចជាជួយដោះស្រាយបញ្ហាមាត់ធ្មេញរបស់ប្រជាជននៅទីនោះ។ នេះជាទង្វើដ៏គួរស្ញប់ស្ញែងមួយរបស់រំចង់ ក្នុងការតបស្នង និងជួយសង្គ្រោះសង្គមជាតិទាំងមូលឲ្យប្រជាជនកម្ពុជាមានសុខភាពមាត់ធ្មេញរឹងមាំ។            ជាចុងក្រោយ លោកគង់ ភក្តីក៏បានផ្តល់ជាអនុសាសន៏ដល់ប្រជាជនកម្ពុជាដែលកើតមានបញ្ហាមាត់ធ្មេញត្រូវរកពេទ្យធ្មេញដែលមានស្តង់ដា និងត្រូវចេះថែរក្សាវាឲ្យបានល្អ ព្រោះការព្យាបាលធ្មេញដែលខូចទាមទារការចំណាយប្រាក់ និងពេលវេលាច្រើន។ ហើយលោកក៏បានជូនជាដំបូន្មានដល់និស្សិតទន្តសាស្រ្តជំនាន់ក្រោយៗឲ្យខិតខំប្រឹងប្រែងរៀនសូត្រនៅសាលាហើយធ្វើការស្រាវជ្រាវបន្ថែមទៀតតាមរយៈប្រព័ន្ធអ៊ិនធឺណែតឬប្រភពផ្សេងៗទៀត និងឆ្លៀតពេលចុះអនុវត្តតាមគ្លីនិក ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ចែករំលែក

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៧ everjobs.com.kh ដែលជាគេហទំព័រអ៊ិនធឺណែតសម្រាប់ស្វែងរកការងារដែលឈានមុខគេបំផុតនៅកម្ពុជា ថ្មីៗនេះបានចេញបោះពុម្ពផ្សាយលើកទី១ នូវរបាយការណ៍ការងារប្រចាំត្រីមាសរបស់ពួកគេ។ ការវិភាគអំពីទីផ្សារការងារនៅកម្ពុជាប្រចាំត្រីមាសនេះ ត្រូវបានបង្ហាញនៅក្នុងក្រាហ្វិចដែលបានលើកឡើងអំពីបម្រែបម្រួលនៃការដាក់ពាក្យស្នើរសុំការងារអនឡាញនៅក្នុងពេលថ្មីៗនេះក្នុងប្រទេសកម្ពុជា។ ទិន្នន័យនៃរបាយការណ៍នេះទទួលបានមកពីការត្រួតពិនិត្យនៅក្នុងគេហទំព័រ everjobs.com នៅក្នុងអំឡុង ខែមករា ខែកុម្ភៈ និងខែមិនានៅក្នុងឆ្នាំ ២០១៧ ដែលវាបានចង្អុលបង្ហាញអំពីអត្រានៃកំណើនឱកាសការងារនៅតាមបណ្ដាលអង្គការក្រៅរដ្ឋាភិបាលនានា ក្នុងប្រទេសកម្ពុជា។ របាយការណ៍ការងាររបស់ everjobs បានលើកឡើងថា បន្ទាប់ពីធនាគារ អង្គការក្រៅរដ្ឋាភិបាលស្ថិតនៅក្នុងជួរលេខរៀងទី ២ ក្នុងការជ្រើសរើសបុគ្គលិកច្រើនជាងគេនៅកម្ពុជា។ មានឱកាសការងារជាង ៥៣៦កន្លែងដែលបានមកពីគេហទំព័រ everjobs.com.kh ក្នុងអំឡុងខែត្រីមាសទី១នេះ ហើយមានអង្គការក្រៅរដ្ឋាភិបាលជាង ៣០០០ដែលកំពុងតែបន្តការពង្រឹង និងបង្កើតនូវការផ្ដល់ឲ្យនូវឱកាសការងារជាច្រើនផងដែរ។ យោងទៅតាមរបាយការណ៍ការងាររបស់ everojobs អង្គការក្រៅរដ្ឋាភិបាល គឺមិនត្រឹមតែស្ថិតនៅក្នុងជួរលេខរៀងទី២ នៅក្នុងត្រីមាសទី១នេះទេ ប៉ុន្តែក៏បានស្ថិរនៅក្នុងជួរលេខរៀងទី៥ នៅក្នុងឧស្សាហកម្មការងារផងដែរ ដោយគិតទាំងប្រជាប្រិយភាពអំពីអ្នកស្វែងរកការងារផងដែរ ដែលមានពាក្យស្នើរសុំការងារចំនូន ១៧០០ច្បាប់នៅក្នុងរយៈពេល ៣ខែ។ Marie Balandreau ដែលជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៅ everjobs ប្រចាំនៅកម្ពុជាបានលើកឡើងដូច្នេះថា «ពួកយើងបានសង្កេតឃើញថា មានអត្រាកំណើននៃឱកាសការងារនៅតាមបណ្ដាល អង្គការក្រៅរដ្ឋាភិបាល រួមជាមួយនឹងការកើនឡើងនៃការដាក់ពាក្យស្នើរសុំនៅក្នុងឧស្សាហកម្មការងារនេះផងដែរនៅក្នុងឆ្នាំនេះ។ អង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នដែលធ្វើការសម្រាប់ការធ្វើសមាហរណកម្មសង្គមរបស់ក្រីក្រ គឺនៅតែមានសារៈសំខាន់នៅក្នុងការអភិវឌ្ឍសង្គមរបស់ប្រទេសកម្ពុជា។» អំឡុងពេលដែលការងារ ផ្នែកព័ត៌មានវិទ្យា ឬក៏គ្រូបង្រៀននៅតែមានអត្រាថេរសម្រាប់ ការស្វែងរកពីសំណាក់អ្នកស្វែងរកការងារធ្វើ everjobs បានកំណត់នូវអត្តសញ្ញាណនៃមុខតំណែងការងារថ្មីមួយដែលទទួលបានការស្វែងរកច្រើនជាងគេលំដាប់ទី ៣ គឺ «ភ្នាក់ងារឥណទាន»។ មុខតំណែងនេះ មានទំនាក់ទំនងទៅនឹងឧស្សាហកម្មការងារផ្នែកធនាគារហើយវាជាឧស្សាហកម្មដែលមានទទួលបានការចាប់អារម្មណ៍ជាងគេ ក្នុងចំណោមអាជីពការងារនៅក្នុងប្រទេសកម្ពុជា។ ជាឧស្សហកម្មការងារកំពូលដំបូងគេដែលទទួលបានពាក្យស្នើរសុំការងារជាង ២៧៦០ច្បាប់នៅក្នុងអំឡុងខែ មករា កុម្ភៈ និងមិនានៅក្នុងឆ្នាំ ២០១៧នេះ ព្រមទាំងបានផ្ដល់ឲ្យនូវឱកាសការងារ ជាង២៨០កន្លែងនៅក្នុងប្រទេសកម្ពុជា។ របាយការណ៍ការងារក៏បានធ្វើចំណាត់ថ្នាក់ទីក្រុងនៃប្រទេសកម្ពុជា ដោយផ្អែកលើចំនួននៃដំណឹងជ្រើសរើសបុគ្គលិកផងដែរ រួមមានរាជធានីភ្នំពេញស្ថិតនៅក្នុងលេខរៀងទី១ បន្ទាប់មកទៀតគឺក្រុងសៀមរាប ក្រុងព្រះស៊ីហនុ កណ្ដាល និងក្រុងកំពត។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខេត្តកណ្តាល ដែលមានទីតាំងស្ថិតនៅចម្ងាយ 20 គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានរោងចក្រចំនួន ៥៥សំខាន់ៗនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ហើយបានបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជាប្រហែល ០.៥ លាននាក់ ព្រមទាំងបានបង្កើតប្រាក់បៀវត្សន៍ប្រចាំខែសម្រាប់បុគ្គលិក ចំនួន ០.៣ ពាន់លានដុល្លារអាមេរិកថែមទៀតផង។ Marie Balandreau បាននិយាយថា «ការបម្រើជាខ្សែក្រវាត់ដ៏សំខាន់សម្រប់សេដ្ឋកិច្ចនៃរាជធានីនេះ យើងអាចរំពឹងថានឹងមានតែខេត្តកណ្តាលប៉ុណ្ណោះដែលអាចរក្សាការពង្រីក និងបង្កើតឱកាសការងារជាច្រើនទៀតយ៉ាងឆាប់រហ័ស។  ខណៈពេលដែលនិន្នាការថ្មីនេះត្រូវបានកើនឡើង របាយការណ៍ everjobs ក៏បានគូសបញ្ជាក់អំពីភាពទោរទន់យូរអង្វែងដូចជា ប្រជាប្រិយភាពនៃការលក់ ការអប់រំ សណ្ឋាគារ ឧស្សាហកម្មអាហារ និងភេសជ្ជៈផងដែរ។ មួយចំនួនទៀតនៃវិស័យដែលប្រកបដោយនិរន្តរភាពបំផុតនៅក្នុងប្រទេសកម្ពុជា អាចត្រូវបានចាត់ទុកថាជាឧស្សាហកម្មមូលដ្ឋានគ្រឹះ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារការងារ។ អំពី everjobs Cambodia​ everjobs.com.kh គេហទំព័រអ៊ិនធឹណេតសម្រាប់ស្វែងរកការងារធ្វើដែលឈានមុខគេបំផុតនៅកម្ពុជា ដែលត្រូវបានដំណើរការ កាលពីខែ មិថុនា ឆ្នាំ ២០១២ នៅប្រទេស មីយ៉ាន់ម៉ា។ គេហទំព័រនេះត្រូវបានពង្រីកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយត្រូវបានដំនើរការនៅប្រទេសកម្ពុជា នាខែមីនាឆ្នាំ ២០១៥។ everjobs Cambodia ទទួលបានភាពជោគជ័យជាមួយនឹងអ្នកបើកមើលក្នុងមួយថ្ងៃ ចំនួន៦៥០០នាក់, ជាមួយស្តុកផ្ទុកទិន្នន័យដែលមាន ៣០,០០០ ពាក្យស្នើរសុំការងារ និង ៣,៥០០កន្លែងនៃឱកាសការងារ។ គេហទំព័រនេះបានផ្ដល់នូវឱកាសការងារ ជាងរាប់ពាន់នៅក្នុងប្រទេសកម្ពុជា ហើយព្រមទាំងបានជួយផ្គត់ផ្គង់ដល់អ្នកស្វែងរកការងារ ជាមួយនឹងចំនេះដឹងនិងបទពិសោធន៍របស់ពួកគេ។ អំពី everjobs everjobs ជាគេហទំព័រអ៊ិនធឹណេតសម្រាប់ស្វែងរកការងារដែលសព្វថ្ងៃ បានដំណើរការនៅក្នុង ប្រទេសកម្ពុជា ប្រទេសបង់ក្លាដេស ប្រទេសស្រីលង្កា និងប្រទេសមីយ៉ានម៉ា។ គ្រប់គ្រង និងដឹកនាំដោយនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីលោក Gijs Verheijke, everjobs មានបំណងក្លាយជាគេហទំព័រអ៊ិនធឺណែតសម្រាប់ស្វែងរកការងារដែលឈានមុខគេ និងស្វែងរកការផ្គូរផ្គងដ៏សក្ដិសមបំផុតសម្រាប់និយោជក និងនយោជិក។ ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) ។ អំពី APACIGក្រុមអ៊ីនធឺណែតអាស៊ីប៉ាស៊ីហ្វិក (www.apacig.com) គឺជាក្រុមហ៊ុនដែលបានទទួលការបណ្តាក់ទុនពី ក្រុមហ៊ុនអ៊ីនធឺណែត Rocket Ooredoo។ បណ្តាញរបស់ក្រុមនេះមាន ជាង១៣ e-commerce រូមទាំងក្រុមហ៊ុនលើទីផ្សារអ៊ីនធឺណែតផ្សេងទៀត វាបានកំពុងតែប្រតិបត្ដិការនៅក្នុងប្រទេសចំនូន ១៥។ ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2014 ក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) បានក្លាយជាគេហទំព័រលើបណ្តាញអ៊ីនធឺណែតដែលនាំមុខគេនៅក្នុងតំបន់អាស៊ី ហើយក៏បានក្លាយជាក្រុមហ៊ុនអ៊ីនធឺណែតដ៏កំពូលនៅក្នុងតំបន់ផងដែរ។ ទំនាកទំនង៖ Helene Banet (Marketing & PR Manager) ទូរស័ព្ទលេខ៖ +៨៥៥ ៧០ ៣៧៣ ៤៩៥ អ៊ីម៉ែល៖ helene.banet@everjobs.com.kh © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                                

ចែករំលែក

Sanofi ជាក្រុមហ៊ុនចែកចាយឱសថ និងផ្គត់ផ្គង់ផលិតផលថែរក្សាសុខភាពឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានវត្តមាននៅលើទឹកដីអាណាចក្រអច្ឆិរយរយៈពេលជាង១០ឆ្នាំមកហើយ គឺចាប់ពីឆ្នាំ1992 ដោយបានធ្វើការចែកចាយផលិតផលរបស់ខ្លួនទៅកាន់២៥ខេត្ត-ក្រុងនៅក្នុងប្រទេសកម្ពុជា។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនSanofi បានដំណើរការប្រតិបត្តិការរបស់ខ្លួនជាមួយនឹងអាជីវកម្ម និងសកម្មភាពជាច្រើន (អាជីវកម្ម វ៉ាក់សាំង សម្ភារៈទ្រទ្រង់ និងផ្គត់ផ្គង់ថ្នាំពេទ្យ)​ ហើយក៏បានលក់ចេញនូវផលិតផលរបស់ខ្លួនក្នុងបរិមាណមួយគួរឲ្យកត់សម្គាល់។ លោក Nguyen Thi Ngoc Minh ប្រធានប្រតិបត្តិពាណិជ្ជកម្មនៃ​Sanofi Cambodia ក៏បានផ្តល់កិត្តយសចូលរួមចែករំលែកនូវយុទ្ធសាស្រ្ត ក៏ដូចជាបទពិសោធន៍របស់លោកផ្ទាល់ជាមួយនឹង Sanofi Cambodia ដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម ៖ គួរបញ្ជាក់ផងដែរថា លោក Nguyen Thi Ngoc Minh ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ព្រមទាំងទំនុកចិត្តក្នុងតំណែងរបស់ខ្លួន បានបំពេញកិច្ចការជាមួយ Sanofi Cambodia រយៈពេល១០ឆ្នាំមកហើយ។ លោកបានជម្រាបជូនហេលស៍ថាមថា«រយៈពេលកន្លងមកដែលខ្ញុំបាននៅជាមួយSanofi Cambodia ជាពេលវេលាដ៏មានអត្ថន័យសម្រាប់ខ្ញុំ ដោយខ្ញុំកាន់តែមានទំនុកចិត្តលើការងារ ព្រមទាំងនៅតែបន្តមានភាពសាទរចំពោះការងារមួយនេះ។ ជាក់ស្តែង ខ្ញុំបានរៀនសូត្រច្រើនតាមរយៈការបំពេញនូវគម្រោង ក៏ដូចជាកិច្ចការជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃ ហើយខ្ញុំក៏នៅតែមានភាពរីករាយនិងរំភើបចំពោះការងាររបស់ខ្ញុំជានិច្ច»។   ជាមួយនឹងសាខាទាំងក្នុង និងក្រៅប្រទេសជាច្រើន Sanofi Cambodia មានការផ្គត់ផ្គង់ផលិតផលច្រើនដោយរួមមានទាំងផលិតផលសម្រាប់ការព្យាបាល​​ និងបង្ការ (វ៉ាក់សាំង)។ សម្រាប់ឱសថវិញ​ Sanofi ក៏មានផ្គត់ផ្គង់ផលិតផលសម្រាប់ជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែមជាដើម ព្រមទាំងផលិតផលសម្រាប់ដោះស្រាយបញ្ហាសុខភាពដែលងាយកើតមានញឹកញាប់ដូចជា​ អាការៈឈឺក្បាល (Doliprane)​ ឬអាហារបំប៉នដែលមានសារធាតុកាល់ស្យូម (Calcium Corbiere)​ ផងដែរ។ លោក Minh ក៏បានបន្ថែមទៀតថា កង្វល់ដែល Sanofi Cambodia ជួបប្រទះ គឺដោយសារតែជោគជ័យក្នុងពេលប៉ុន្មានឆ្នាំកន្លងមក ធ្វើឲ្យSanofi សោយសុខជាមួយនឹងជោគជ័យនោះ ជាហេតុធ្វើឲ្យដំណើរប្រតិបត្តិការហាក់ដូចជាមានការថយចុះ និងអន់ថយ ហើយទីផ្សារទៀតសោតក៏មានការធ្លាក់ចុះ នូវសក្តានុពលទាបជាងដៃគូប្រកួតប្រជែងរបស់ខ្លួនផងដែរ។ យ៉ាងណាមិញ Sanofi Cambodia ក៏មិនព្រងើយកន្តើយ ចំពោះការធ្លាក់ចុះនូវសក្តានុពលរបស់ខ្លួននេះដែរ ដោយបានសើរើ ក៏ដូចជាគិតគូរឡើងវិញទៅលើកត្តាបង្កភាពជោគជ័យ(KPI) សម្រាប់គម្រោង និងផែនការដែលកំពុងដំណើរការ ដោយបង្កើនភាពស្និទ្ធស្នាលរវាងសមាជិក និងបុគ្គលិកក្នុងក្រុមហ៊ុនតាមរយៈការធ្វើការទំនាក់ទំនង និងពិភាក្សាគ្នា ដើម្បីស្វះស្វែងរកដំណោះស្រាយ ឬរៀនសូត្រពីអ្វីដែលថ្មី និងអាចជាប្រយោជន៍សម្រាប់ការអភិវឌ្ឍរបស់ក្រុមហ៊ុនផ្ទាល់។  ចំពោះដំណើរការប្រតិបត្តិ ជាពិសេសការដឹកនាំនៅក្នុងក្រុមហ៊ុនវិញ គឺមិនអាចចៀសផុតពីបញ្ហានៃភាពស្មុគស្មាញនោះឡើយ។ អ្វីដែលSanofi បាន និងកំពុងធ្វើការចល័ត ឬផ្លាស់ប្តូរក្រុមការងារតាមផ្នែកផ្សេងៗ ដើម្បីឲ្យយល់កាន់តែច្បាស់ និងឈានទៅរកការយល់ព្រមដោយពេញចិត្តចំពោះទំនួលខុសត្រូវ និងកាតព្វកិច្ចដែលខ្លួនត្រូវទទួលបន្ទុក។ ជាមួយគ្នានេះផងដែរ Sanofi ក៏កំពុងធ្វើការបន្ថែមនូវសក្តានុពល ក៏ដូចជាធ្វើការអភិវឌ្ឍលទ្ធភាព និងសមត្ថភាពរបស់ថ្នាក់ដឹកនាំក្នុងក្រុមហ៊ុន ដើម្បីត្រៀមខ្លួនរួចរាល់ក្នុងការបំពេញកិច្ចការងារ​ ឬដោះស្រាយបញ្ហាជាមួយនឹងមិត្តរួមការងារ និងអតិថិជនរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។   នាពេលបច្ចុប្បន្ននេះ Sanofi Cambodia ធ្វើការគិតគូរចំពោះអតិថិជន និងអ្នកប្រើប្រាស់ចុងក្រោយ ដោយត្រៀមធ្វើការនាំចូលនូវបច្ចេកវិទ្យាប្លែកថ្មី ជាមួយនឹងទំនាក់ទំនងទៅកាន់អតិថិជនឲ្យបានកាន់តែជិតស្និទ្ធ និងទូលំទូលាយជាងមុន ដោយធ្វើការវិវឌ្ឍលើទំព័រហ្វេសប៊ុក ឬគេហទំព័រជាដើម។ ទន្ទឹមនឹងគ្នានេះផងដែរ Sanofi Cambodia ក៏កំពុងជួសជុលការិយាល័យរបស់ខ្លួន ដើម្បីរៀបចំបន្ទប់ និងកន្លែងកាន់តែទូលាយជាងមុនសម្រាប់ការហ្វឹកហាត់ និងបំពេញការងាររបស់បុគ្គលិកផ្ទាល់តែម្តង។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ចែករំលែក

      ជីវិតជាគ្រូបង្រៀន គឺមានតួនាទីសំខាន់មួយគឺបណ្តុះបណ្តាល  សិស្សានុសិស្ស ឲ្យក្លាយជាធនធានមនុស្សដ៏ល្អ និងជាពលរដ្ឋល្អនៅក្នុងសង្គម។ គ្រូបង្រៀន ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចំណាយពេលវេលាស្រាវជ្រាវ បង្កើតមេរៀន កែលំហាត់សិស្ស មិនថាយប់ថ្ងៃ ព្រោះតែដើម្បីបង្រៀនសិស្សឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ ណែនាំសិស្សឲ្យក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ និងអាចមានការងារធ្វើបានខ្ពង់ខ្ពស់នៅថ្ងៃមុខ។ ទាំងនេះហើយ គឺជាគោលបំណងដែលគ្រូបង្រៀនចង់បាន គឺឃើញសិស្សមានអនាគតល្អ មានក្តីសុខ តែបែរក្រលេកមកមើលជីវិតរបស់លោកវិញ មិនប្រាកដថាមានជីវភាពធូរធារ រស់នៅស្រួលនោះទេ ជាពិសេសគ្រូបង្រៀនដែលចូលនិវត្តន៍។ គ្រូបង្រៀនដែលចូលនិវត្តន៍ហើយ ខ្លះចាស់ជរា ឈឺ ពិការដើរមិនរួច រីឯខ្លះទៀតគ្មានថវិកាគ្រប់គ្រាន់ គ្មានកូនគ្មានចៅមើលថែទៀតផង។ ជីវិតគ្រូបង្រៀនបន្ទាប់ពីបញ្ចប់ភារកិច្ចរួច មួយចំនួនគឺបែបនេះហើយ។ ពិតជាអាសូរស្រណោះដល់លោកដែលជាអ្នកមានគុណ ជួយបង្រៀនសិស្ស តែបែរជាមានជីវភាពពិបាកបែបនេះ។       ដោយឃើញបែបនេះ ទើបអតីតសិស្សខេត្តបាត់ដំបងមួយក្រុមបានរៀបចំពិធីបុណ្យចម្រើនព្រះជន្មអ្នកគ្រូ និងជូនដំណើរអ្នកគ្រូចូលនិវត្តន៍ ដើម្បីធ្វើការគោរពដឹងគុណដល់គ្រូៗទាំងអស់ដែលខិតខំបង្រៀន និងបំពេញបេសកម្មបង្រៀនជិត៤០ឆ្នាំកន្លងមកដោយចិត្តសណ្ដោសប្រណី និងប្រមែលប្រមូលថវិកាពីអតីតសិស្ស និងសប្បុរសជន ធ្វើជាបច្ច័យបុណ្យដើម្បីយកទៅជួយដល់លោកគ្រូអ្នកគ្រូ ចាស់ជរា ដែលមានជីវភាពខ្វះខាត និងឈឺពិការ នៅខេត្តបាត់ដំបងនេះ។ ពិធីបុណ្យនេះបានប្រារព្ធឡើងនៅវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។ សិស្សានុសិស្សដែលអតីតសិស្ស សាលាកំរិតទី២ទីរួមខេត្ត(វិទ្យាល័យព្រះមុនីវង្ស) សាលាកំរិតទី៣ (វិទ្យាល័យនេតយ៉ង់) អនុវិទ្យាល័យសោហឺ ជាច្រើននាក់បានចូលរួមក្នុងពិធីបុណ្យនេះ​ ដើម្បីមកធ្វើការគោរពដឹងគុណ ដល់លោកគ្រូអ្នកគ្រូ ដែលជាអ្នកគុណទី២ និងជាឱកាសបានជួបជុំគ្នាមិត្តរួមថ្នាក់ ដែលបែកគ្នាយូរកន្លង។ អ្នកគ្រូ មៀច សុខារី ដែលជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរដ៏ល្បីល្បាយមួយរូបនៅខេត្តបាត់ដំបង និងជាគ្រូចូលនិវត្តន៍មួយរូបបានឲ្យដឹងថា អ្នកគ្រូពិតជាមានសេចក្តីរំភើបរីករាយជាខ្លាំង ដែលអតីតសិស្សអ្នកគ្រូបានរៀបចំកម្មវិធីនេះឡើង ដើម្បីរំលឹកគុណ និងជួបជុំគ្នារំលឹកអនុស្សាវរីយ៍កន្លងដែលបានធ្លាប់កាត់ជាមួយគ្នា។ អ្នកគ្រូលោកគ្រូជាច្រើននាក់ទៀតក៏បានចូលរួមក្នុងពិធីបុណ្យនេះ និងមានទឹកមុខស្រស់ស្រាយសប្បាយរីករាយ ដែលបានជួបមុខអតីតសិស្សរបស់លោក។ ថវិកាជាច្រើន ដែលបានទទួលបានពីការចូលជាបច្ច័យក្នុងពិធីបុណ្យនេះ ត្រូវបានរៀបចំជា “ ហិបសង្រ្គោះ២៥មីនា២០១៧ “ ដើម្បីចាត់ចែងយកទៅជួយដល់លោកគ្រូអ្នកគ្រូនិវត្តន៍ជនដែលមានជីវភាពខ្វះខាត ចាស់ជរាឈឺពិការ។ ហិបសង្រ្គោះនេះ បានជួយដល់លោកគ្រូអ្នកគ្រូចាស់ជរា ដែលជាអតីតគ្រូបង្រៀននៅសាលាដូចដែលបានរៀបរាប់ខាងលើ បានចំនួន៧៥រូប និងកំពុងបន្តស្វែងរកលោកគ្រូអ្នកគ្រូដែលមានជីវភាពខ្វះខាតបន្តទៀតផងដែរ។ អ្នកគ្រូសុខារី សមាជិកនៃហិបសង្រ្គោះនេះ បានឲ្យដឹងថា ប្រសិនបើជាសិស្សស្គាល់នូវលោកគ្រូអ្នកគ្រូណាដែលជានិវត្តន៍ជន ចាស់ជរា និងមានជីវភាពខ្វះខាត់ សិស្សអាចទាក់ទងមកកាន់អ្នកគ្រូផ្ទាល់ ដើម្បីឲ្យអ្នកគ្រូ និងក្រុមការងារហិបសង្រ្គោះចុះទៅជួយដល់ទីកន្លែង។ សម្រាប់ការចូលរួមបរិច្ចាគថវិកា និងផ្តល់ព័ត៌មាន លោកអ្នកអាចទាក់ទងមកកាន់អ្នកគ្រូ មៀច សុខារី តាមរយៈលេខទូរស័ព្ទលេខ ០១២ ៨០២ ០៨៩ ឬតាមរយៈហ្វេសប៊ុសអ្នកគ្រូផ្ទាល់ឈ្មោះ មៀច សុខារី។         ជាចុងក្រោយ អ្នកគ្រូ សង្ឃឹម និងសំណូមពរដល់ អតីតសិស្សដទៃ ដែលជាសិស្សសាលាដទៃទៀតនៅក្នុងប្រទេសកម្ពុជា អាចរៀបចំកម្មវិធីរំលឹកគុណគ្រូនេះដើម្បីតបស្នងសងគុណដល់គ្រូដែលបានបង្ហាត់បង្រៀនយើងឲ្យមានថ្ងៃនេះ និងប្រមែលប្រមូលគ្នីគ្នាបង្កើតជាហិបសង្រ្គោះ ឬជាមូលនិធិ ដើម្បីយកថវិកាទៅជួយដល់លោកគ្រូអ្នកគ្រូចាស់ៗ ដែលកំពុងជួបការលំបាកក្នុងការរស់នៅ។ លោកគ្រូអ្នកគ្រូចាស់ៗជាច្រើន តែងរំពឹងទុកចង់ជួបមុខសិស្ស ដែលលោកធ្លាប់បង្រៀនកាលពីមុន។ ការបានជួបជុំនេះ គឺជាថ្នាំមួយដែលជួយឲ្យលោកគ្រូអ្នកគ្រូមានក្តីសប្បាយរីករាយ និងបានដឹងពីដំណឹងសិស្សរបស់គាត់ដែលមានការងារធ្វើ និងជាពលរដ្ឋល្អក្នុងសង្គមនេះ។ 

ចែករំលែក

2016 International Girl’s Health Student Writing Competition ជាការប្រកួតសំណេរស្នាដៃនិពន្ធថ្មីជាភាសាអង់គ្លេស (៣៥០០ពាក្យ ១៥ទំព័រ) អំពីបញ្ហាសុខភាពស្រ្តីដែលចោទខ្លាំងជាងគេនាពេលបច្ចុប្បន្ន អមដោយដំណោះស្រាយថ្មីប្រកបដោយភាពច្នៃប្រឌិត និងអាចអនុវត្តបាន ដោយបេក្ខភាពអាចជាសិស្សវិទ្យាល័យ ឬនិស្សិតមកពីប្រទេសទូទាំងពិភពលោក ក្រោមការរៀបចំឡើងដោយ Ewha Womans University ជាមួយនឹងការឧបត្ថម្ភពីស្ថាប័នពាក់ព័ន្ធមួយចំនួន ក្នុងគោលបំណងធ្វើការជម្រុញសិស្ស និងនិស្សិតនៅលើពិភពលោកឲ្យយកចិត្តទុកដាក់ចំពោះសុខភាពស្ត្រី ដោយស្វែងយល់ពីបញ្ហាប្រឈម​ និងស្វែករកនូវដំណោះស្រាយថ្មីដែលមានប្រសិទ្ធភាព ដើម្បីធានានូវសុខុមាលភាព  និងអនាគតរបស់ស្ត្រីទូទៅជុំវិញពិភពលោក។ ប្រទេសកម្ពុជាក៏មានបេក្ខភាពចំនួន៣ក្រុម ដែលបានចូលរួមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តែមានតែមួយក្រុមប៉ុណ្ណោះដែលទទួលបាននូវរង្វាន់ 2nd Prize ដែលជាមោទនភាពដ៏អស្ចារ្យនៃប្រទេសកម្ពុជាយើង ដែលរួមមានសមាជិកចំនួន៤រូប គឺកញ្ញា ង៉ូវ សុដាណែត,កញ្ញា ម៉ឹង វណ្ណរ៉ាស៊ី, លោក សំរិទ្ធិ សិរីឧត្តមនិងលោក ឌុល មុនីរក្ស ដែលបានលើកឡើងនូវប្រធានបទ «ការមានផ្ទៃពោះនៅវ័យជំទង់» ក្រោមចំណងជើងជាភាសាអង់គ្លេសថា “Adolescent Pregnancy and “Go Girls” Project ដែលជាបញ្ហាមួយកើតមាននៅស្ទើរតែគ្រប់ប្រទេសនៅលើពិភពលោកជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍ។   ងាកមកការបង្កើតជាក្រុមវិញ គឺដោយសារតែសមាជិកទាំងអស់ជានិស្សិតផ្នែកសុខាភិបាលដូចគ្នា និងជាមិត្តរួមថ្នាក់នៅសាកលវិទ្យាល័យមួយទៀត ព្រមទាំងធ្លាប់ធ្វើការងារក្រុមជាមួយគ្នាផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺចំណាប់អារម្មណ៍ដូចគ្នា និងគោលដៅរួមមួយ ដែលចង់ប្រលូកក្នុងវិស័យ សុខាភិបាលឲ្យបានច្រើន បន្ថែមពីលើទ្រឹស្តីដែលម្នាក់ៗមានស្រាប់ហើយក៏បានឃើញនូវការផ្សាយអំពីកម្មវិធីប្រកួតនេះនៅលើទំព័រហ្វេសប៊ុកជាផ្លូវ ការរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ សម្រាប់ការជម្រុះជុំទី១ គឺមានអត្ថបទចូលរួមចំនួន១៥៥ ហើយក្នុងជុំទី២ គឺមានតែ២៧ក្រុមប៉ុណ្ណោះ មកពីប្រទេសចំនួន១៤ផ្សេងៗគ្នា ដែលត្រូវបាន ជ្រើសរើសឲ្យធ្វើបទបង្ហាញរយៈពេលប្រមាណ៧-៨នាទី និងធ្វើការឆ្លើយសំណួរពីគណៈកម្មការពី២-៣នាទី នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ គួរបញ្ជាក់ផងដែរថា ការប្រកាសរង្វាន់ គឺធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុង 2016 International Conference on Girls’ Health ដោយរង្វាន់សរុប គឺមានចំនួន៨ ដោយមាន Grand Prize ១រង្វាន់, 1st Prize ២រង្វាន់(១សម្រាប់សិស្សវិទ្យាល័យ និង១ទៀតសម្រាប់និស្សិត) ,2nd  Prize ៤រង្វាន់(១សម្រាប់សិស្សវិទ្យាល័យ និង៣សម្រាប់និស្សិត) ព្រមទាំងរង្វាន់លើកទឹកចិត្ត១រង្វាន់ទៀត។ ក្រុមដែលទទួលបានរង្វាន់ Grand Prize នឹងទទួលបានជំនួយឧបត្ថម្ភដល់អង្គការ ឬរដ្ឋាភិបាលប្រចាំប្រទេសដើម្បីធ្វើការអនុវត្តគម្រោងខ្លួន។   ត្រលប់មកដំណើរនៃការរៀបចំខ្លួនវិញ ការប្រមូលផ្តុំនូវឯកសារស្រាវជ្រាវ និងការជ្រើសរើសនូវប្រធានបទ គឺមានតែសមាជិក៤នាក់ប៉ុណ្ណោះ ដែលរួម សហការគ្នា និយាយរួមទៅ គឺមិនមានសាស្រ្តាចារ្យដឹកនាំនោះទេ ប៉ុន្តែដំណើរការនៃការរៀបចំឯកសារផ្សេងៗក៏ត្រូវបានទទួលបានការសម្របសម្រួលពី សំណាក់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលផងដែរ។ បន្ថែមពីលើនេះការត្រួតពិនិត្យនូវសំណេរមុននឹងដាក់ផ្ញើបានធ្វើឡើងដោយសាស្រ្តាចារ្យជនជាតិហ្វីលីពីនមួយរូបដែលមានឈ្មោះថា Marilou S.Dela Sierra ។ ភាពលំបាកចម្បងជាងគេ គឺការសរសេរនូវគម្រោង(Project Writing) ដោយសារតែវាជាលើកដំបូងសម្រាប់គ្រប់គ្នា ហេតុនេះហើយ ការចាប់ផ្តើម ហាក់ដូចជាមិនច្បាស់ថាគួរធ្វើអ្វី ឬងាកទៅខាងណា ប៉ុន្តែបន្ទាប់ពីឈានជំហានដំបូង និងបន្តបន្ទាប់ហើយក៏មានការពិភាក្សាគ្នា និងផ្លាស់ប្តូរគំនិត យោបល់គ្នា។ យ៉ាងណាមិញ ដោយសារតែមានគ្នាដល់ទៅ៤នាក់ ដូចនេះហើយដំបូងគឺមានការទាស់ទែងគ្នារហូតដល់ថ្នាក់ទាស់ពាក្យសម្តីគ្នាទៀតផង តែក្រោយមកក៏ប្រមូលផ្តុំគំនិតរៀងខ្លួនរួចក៏សំយោគជាគំនិតប្រមូលផ្តុំរួមដែលល្អជាងគេ ព្រមទាំងសិក្សាទៅលើចំណុចខ្វះខាត ដើម្បីធ្វើការកែតម្រូវ។ បញ្ហា ទំនាក់ទំនង ក៏ពិបាកផងដែរ ដោយហេតុថាសមាជិកម្នាក់ៗរៀននៅពីរសាលាតាំងពីព្រឹកដល់យប់តែម្តង។ អ្វីដែលនាំឲ្យមានភាពជោគជ័យ គឺអាចនិយាយបានថាមកពីស្មារតីសាមគ្គីភាពនិងចេះអត់អោនឲ្យគ្នា ក្នុងការទទួលយកគំនិតពីគ្នាទៅវិញទៅមកដូចដែលបានលើកឡើងខាងលើស្រាប់ ដើម្បីរកបាននូវលទ្ធផលល្អមួយសម្រាប់ប្រយោជន៍ជាក្រុម ហើយក៏បានកាន់ដៃ និងប្រកៀកស្មាគ្នាធ្វើដំណើររហូតទៅបានទទួលជោគជ័យ។ ទន្ទឹមនឹងគ្នានេះដែរ ម្នាក់ៗតែងតែមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន ដូច្នេះហើយ ការងារជាក្រុមនេះបានជួយបំពេញនូវចន្លោះប្រហោងដែលសមាជិកម្នាក់ៗមាន។ បើប្រៀបទៅនឹងការចម្អិនម្ហូបវិញ សមាជិកប្រៀបបាននឹងគ្រឿងផ្សំដែលមានរសជាតិពិសេសផ្សេងៗពីគ្នា ដែលចាំបាច់ត្រូវប្រមូលផ្តុំរួមគ្នាទើបបានជាសម្លមួយដ៏មានឱជារសឆ្ងាញ់ពិសា។ ម្យ៉ាងវិញទៀត ពេលដែលសមាជិកណាមានកំហុស ក៏តែងតែជួយកែសម្រួលបន្ថែមជាមួយនឹងពាក្យលើកកម្លាំងចិត្ត។ មានមេរៀនជាច្រើនដែលត្រូវបានរៀនសូត្រពីការប្រកួតប្រជែងថ្នាក់អន្តរជាតិ លើកដំបូងមួយនេះ ជាក់ស្តែងគឺការសិក្សាពីគំនិតនៃប្រទេសផ្សេងៗជាពិសេសបញ្ហាសុខភាពស្រ្តីដែលក្រុមជាបេក្ខភាពដទៃបានលើកឡើង ដែលយើងអាចយកទៅប្រើប្រាស់បាននៅថ្ងៃអនាគត ដើម្បីជាប្រយោជន៍ដល់ខ្លួនឯងផ្ទាល់គ្រួសារ និងសង្គម។ មេរៀនជីវិតដ៏សំខាន់មួយទៀតគឺការសិក្សាពីជាតិសាសន៍ដទៃ ហើយអាចឆ្លុះបញ្ចាំងមកលើខ្លួនឯងថាគួរតែកែតម្រូវត្រង់ចំណុចអ្វីខ្លះបន្ថែមទៀត។ ស្របពេលជាមួយគ្នានេះដែរ ក៏មានឱកាសក្នុងការបង្កើតនូវចំណងមិត្តភាពជាមួយជាតិសាសន៍ដទៃ យល់ដឹងពីវប្បធម៌នៃប្រទេសដែលជឿនលឿន របៀបរបបនៃការរៀបចំកម្មវិធីផងដែរ។ ជាចុងក្រោយ ក្រុមជ័យលាភីក៏សូមថ្លែងអំណរគុណដល់ទស្សនាវដ្តីហេលស៍ថាម និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលបានជួយសម្របសម្រួលកិច្ចការងារផ្សេងៗទាក់ទិននឹងការប្រកួតនេះ ព្រមទាំងអ្នកគ្រូ Marilou S. Dela Sierra និងមិនអាចរំលងបាន គឺមិត្តរួមក្រុមដែលចេះយោគយល់គ្នា ហើយកាន់ដៃគ្នាតស៊ូរហូតដល់មានថ្ងៃនេះ។ សម្រាប់ជាសារដល់សិស្សនិស្សិតដែលមានបំណងចូលរួមប្រកួតប្រជែង ក្រុមជ័យលាភីក៏សូមផ្តាំផ្ញើថា«អ្វីដែលសំខាន់ជាងគេនោះ គឺការប្តេជ្ញា និងតាំងចិត្ត មិនរួញរាចំពោះឧបសគ្គ ឬបញ្ហាលំបាកផ្សេងៗ ជាពិសេសបទពិសោធន៍ថ្មី ដែលមិនធ្លាប់ធ្វើពីមុនមក។ ជាការពិតណាស់ ប្រសិនបើរវល់តែគិតថាមិនធ្លាប់ធ្វើទេ អ្នកគឺបានសាងឧបសគ្គមួយសម្រាប់ខ្លួនឯងរួចទៅហើយ ជាហេតុនាំឲ្យដំណើរកាន់តែស្មុគស្មាញថែមទៀត។ ចាំបាច់ណាស់ ត្រូវតែតាំងចិត្តខ្លួនឯងឲ្យមាំ ថាមិនខ្លាចអ្វីទាំងអស់ហើយបើជ្រុលជាធ្វើហើយ គឺធ្វើឲ្យអស់លទ្ធភាព និងសម្លឹងរកភាពជោគជ័យ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

ការងារអាចចាត់ទុកជាយាន្តមួយសម្រាប់បើកផ្លូវអនាគតរបស់បុគ្គលម្នាក់ៗ ហើយការសម្រចបានភាពជោគជ័យ ឬយ៉ាងណា វាអាស្រ័យទៅលើការសម្រេចចិត្តនៃការជ្រើសរើសការងារទាំងនោះ   ដូច្នេះគួរមានការរៀបចំខ្លួន និងពង្រឹងសមត្ថភាពសម្រាប់ធ្វើការសំម្ភាសការងារដែលខ្លួនពេញចិត្តដើម្បីទទួលបានសមិទ្ធិផលគួរជាទីគាប់ចិត្ត។ តើគួរមានការត្រៀមលក្ខណៈសម្បត្តិបែបណាខ្លះ? ហេលស៍ថាម សូមណែនាំអ្នកពីគន្លឹះសំខាន់ៗក្នុងការរៀបចំខ្លួនដើម្បីយកឈ្នះតំណែងជាអ្នកទីផ្សារមួយរូបក្នុងស្ថាប័ននានា ដែលមានការចែករំលែកពីសំណាក់លោក ថន រ៉ាដែន ក្នុងមុខតំណែងជាអ្នកគ្រប់គ្រងផ្នែករដ្ឋបាល និងធនធានមនុស្សនៃក្រុមហ៊ុន អេច ជី ប៊ី អូតូ។ ការត្រៀមលក្ខណៈមុនពេលដាក់បម្រើការងារ ចំពោះអ្នកមានបំណងចង់ក្លាយខ្លួនជាអ្នកទីផ្សារមួយរូប មិនចំពោះអ្នកទើបបញ្ចប់ការសិក្សា ឬចង់ផ្លាស់ប្តូរការងារថ្មីក៏ដោយ ត្រូវស្វែងយល់ពីចំណុចមួយចំនួនតួយ៉ាង៖ •    សិក្សាពីចំណង់ចំណូលចិត្ត ថាអ្វីជាការចូលចិត្តរបស់ខ្លួន •    គួរតែទទួលបានជំនាញ ពីការបណ្តុះបណ្តាលពីស្ថាប័ននៃជំនាញទីផ្សារនោះ •    សិក្សាឲ្យបានមុនពីតម្រូវការទីផ្សារ និងអតិថិជនគោលដៅនៃស្ថាប័នដែលខ្លួនចង់ ចូលបម្រើការងារ •    ជាការល្អគួរមានបទពិសោធន៍ការងារកំឡុងពេលខ្លួនជានិសិ្សត។ ការរៀបចំពាក្យសុំបម្រើការងារ (CV) •    បញ្ជាក់ពីជំនាញរបស់ខ្លួនដែលសមស្របទៅនឹងតួនាទីដែលបានស្នើសុំ •    បញ្ចូលនូវបទពិសោធន៍ដែលខ្លួនមាន ដើម្បីទទួលបានភាពទាក់ទាញកាន់តែខ្លាំងពីសំណាក់ក្រុមហ៊ុន មិនថាបទពិសោធន៍ក្រៅពីតួនាទីដែលខ្លួនចង់បាន។ •    គួររៀបចំពាក្យសុំបម្រើការងារឲ្យត្រូវតាមលក្ខណៈស្តង់ដារ រៀបរាប់ឲ្យបានក្បោះក្បាយ និងមានភាពទាក់ទាញ ផ្តល់នូវព័ត៌មានដែលពិតនូវអ្វីដែលខ្លួនធ្លាប់សម្រេចបានកន្លងមក។ •    សុំជំនួយពីអ្នកនៅជុំវិញខ្លួន អាចជាមិត្តភក្តិ ឬរៀមច្បងសម្រាប់ការកែតម្រូវនូវចំណុចខ្វះខាតនៃពាក្យសុំបម្រើការងារនោះ។ ចំណុចគួរយល់ដឹងពេលសម្ភាសការងារ អ្នកទីផ្សារអាចចាត់ទុកថាជាជួរមុខដំបូងរបស់ក្រុមហ៊ុន ដូច្នេះសំណួរចម្បងដែលអាចលើកឡើងពេលសម្ភាសការងារអាចជា៖ •    សំណួរដែលទាក់ទងពីការបង្កើតថ្មី ឬយុទ្ធសាស្រ្តរបស់បេក្ខជន ដើម្បីឲ្យពួកគាត់បានបង្ហាញពីភាពច្នៃប្រឌិតដែលខ្លួនមាន តួយ៉ាងពួកគាត់អាចបង្ហាញពីវិធីសាស្រ្តឬគំនិតផ្តួចផ្តើមក្នុងការលក់ផលិតផលនៅលើទីផ្សារ។ •    មើលពីភាពរហ័សរហួនរបស់បេក្ខជន (Mental alertness) •    រៀបចំទស្សនវិស័យរបស់ខ្លួនទៅថ្ងៃអនាគតឲ្យបានច្បាស់លាស់ ព្រោះក្រុមហ៊ុននិមួយៗតែងតែចង់បានបុគ្គលិកដែលអាចមានលទ្ធភាពបម្រើការងារបានយូរ •    គួរមានជំនាញទំនាក់ទំនងល្អ និងការចេះរៀបចំទុកដាក់ •    មានការរៀបចំខ្លួនឲ្យបានសមរម្យ ព្រោះក៏ជាចំណុចសំខាន់ក្នុងការទទួលបានពិន្ទុពីសំណាក់ក្រុមហ៊ុន។ លក្ខណៈសម្បត្តិបុគ្គលិកទីផ្សារឆ្នើម •    បុគ្គលិកទីផ្សារឆ្នើម ជាអ្នកជោគជ័យក្នុងការលក់ផលិតផល តាមរយៈការសិក្សាស្វែងយល់ពីចំណែកទីផ្សារ ថាតើអ្នកណាជាអតិថិជនគោលដៅ ពេលវេលា និងទីកន្លែងក្នុងការលក់ផលិតផលទាំងនោះ •    ពួកគេមានទំនាក់ទំនងជិតស្និទ្ធទៅនឹងខាងប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ជាការណែនាំដល់មហាជនពីផលិតផលរបស់ក្រុមហ៊ុនដោយប្រើប្រាស់នូវថវិកាតិច តែចំណេញបានច្រើន តួយ៉ាងដូចជាការធ្វើទីផ្សារតាមរយៈប្រយោល។ ទង្វើគួរធ្វើ និងចៀសវាងចំពោះអ្នកទីផ្សារ •    បុគ្គលិកគួរតែប្រកាន់ខ្ជាប់នូវក្រមសីលធ៌មនៅក្នុងខ្លួន •    មានការប្រាស្រ័យទាក់ទងឲ្យបានល្អ ដោយចាត់ទុកអតិថិជនជាស្តេច •    គោរពពេលវេលាក្នុងការណាត់ជួប និងការចេះសហការគ្នាក្នុងការដោះដូរផលិតផលណាមួយ •    ចៀសវាងដាច់ខាតក្នុងការផ្តល់ព័ត៌មានដែលមិនពិត។ អនុសាសន៍សម្រាប់អ្នកអាន ចង់ចាប់ផ្តើមប្រឡូកក្នុងវិស័យការងារ ដំបូងគួរមានការរៀបចំពាក្យសុំបម្រើការងារឲ្យបានល្អ និងស្អាតគួរឲ្យចាប់អារម្មណ៍ដែលអាចប្រៀបបានជាអ្នកមានជំនាញម្នាក់ ហើយដាក់ចិត្តក្នុងការបំពេញកិច្ចការងារឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន ព្រោះមិនត្រឹមតែផ្តល់ភាពជោគជ័យដល់ក្រុមហ៊ុននោះទេ តែក៏ជាការជោគជ័យសម្រាប់ខ្លួនផ្ទាល់ផងដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

លោក លី គីមឈន់ មូលហេតុដែលលោកជ្រើសរើសយកអាជីពជាគ្រូពេទ្យ ព្រោះថាអាជីពជាគ្រូពេទ្យគឺ អាចជួយក្រុមគ្រួសារ  អ្នកដទៃ និងសង្គមផង។ ចំពោះជំនាញ ថ្លើម ក្រពះ ពោះវៀនវិញ ព្រោះ ជាជំនាញវេជ្ជសាស្រ្តផង និងបច្ចេកទេសផង ដែលមានលក្ខណៈសម្បូរបែបទាំងប្រភេទជំងឺ និងវិធីសាស្ត្រព្យាបាលទៅលើប្រដាប់រំលាយអាហារដែលមាន សរីរាង្គច្រើន។ លោកបានបន្តថា លក្ខណៈសំខាន់សម្រាប់និស្សិតឯកទេសនេះ គឺភាពឧស្សាហ៍ព្យាយាម ការអត់ធ្មត់ និងប្រាក់កាក់ ព្រោះថា ការសិក្សាមានការលំបាកនិងមានរយៈពេលយូរ(៤ឆ្នាំ) បន្ថែមលើការសិក្សាបរិញ្ញាប័ត្រវេជ្ជសាស្ត្រទៀត ។ ហើយភាសាគឺជាចាំបាច់បំផុត ព្រោះឯកសារទាំងអស់គឺត្រូវបានសសេរជាភាសាបារាំងនិងអង់គ្លេស ដូច្នេះ និសិ្សតគួររៀនភាសាទាំង២ ឲ្យបានច្រើន ដើម្បីងាយស្រួលក្នុងការធ្វើការសិក្សាស្រាវជ្រាវបន្ថែម។ និយាយពីការលំបាកវិញ គឺត្រូវចំណាយពេលវេលាច្រើន ថវិកាច្រើន និង ភាពអត់ធ្មត់ ក្នុងការសិក្សា។  ក្រៅពីការរៀននៅសាលា លោកត្រូវឧស្សាហ៍អានអត្ថបទស្រាវជ្រាវថ្មីៗ ឬក៏ចូលរួមស្តាប់បទបង្ហាញរបស់វេជ្ជបណ្ឌិតជំនាញៗដើម្បីស្វែងយល់ពីរបៀបព្យាបាលថ្មីៗ ហើយយកទ្រឹស្តីមកផ្សារភ្ជាប់នឹងការអនុវត្ត ដោយត្រូវចុះកម្មសិក្សាតាមមន្ទីរពេទ្យក្រោមការជួយណែនាំពីសិស្សច្បងនិងវេជ្ជបណ្ឌិតជំនាញៗ ដើម្បីទទួលបានបទធិសោធន៏ល្អៗ។ គីមឈន់ បានប្រាប់ថា ពេលបញ្ចប់ការសិក្សា ខ្លួនមានបំណងបម្រើការនៅទីក្រុងភ្នំពេញ ព្រោះឯកទេសនេះនៅមានកម្រិតនៅឡើយនៅទីក្រុងភ្នំពេញ។ លោកក៏បានបន្តទៀតថា បញ្ហា ថ្លើម ក្រពះ ពោះវៀន មានច្រើនណាស់ជាពិសេស គឺជំងឺរលាកក្រពះ និងជំងឺរលាកថ្លើម។ ជាចុងក្រោយ លោកចង់ផ្តាំផ្ញើដល់អ្នកមានបញ្ហាថ្លើម ក្រពះ ពោះវៀន គួរឆាប់មកជួបគ្រូពេទ្យជំនាញ ដើម្បីទទួលការការពារ ឬ ព្យាបាលឲ្យបានទាន់ពេលវេលា។

ចែករំលែក

  ការងារទំនាក់ទំនងសាធារណៈ ឬហៅកាត់ជាភាសាអង់គ្លេសថា PR (Public Relations) គឺជាការងារមួយដែលទាមទារនូវជំនាញនិយាយ និង ការទំនាក់ទំនងល្អ ដើម្បីរកវិធីសាស្ត្រទាក់ទាញអតិថិជន និងសាធារណជនឲ្យស្គាល់ស្លាកយីហោរបស់ក្រុមហ៊ុនឬផលិតផលរបស់ខ្លួន។ លោក ធិន ឌីម៉ង់ ជាបុគ្គលិកទំនាក់ទំនងសាធារណៈនៅសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នឹងចែករំលែកបទពិសោធន៍ពីគន្លឹះមួយចំនួនដល់មិត្តអ្នកអាន ដើម្បីក្លាយខ្លួនទៅជាអ្នកទំនាក់ទំនងសាធារណៈម្នាក់ដោយជោគជ័យ។      តើការងារទំនាក់ទំនងសាធារណៈគឺជាអ្វី? មានទំនួលខុសត្រូវការងារអ្វីខ្លះ?  ដូចជាមួយនឹងឈ្មោះរបស់វា ការងារទំនាក់ទំនងសាធារណៈគឺជាការងារមួយត្រូវចាំបាច់ធ្វើការជិតស្និទ្ធជាមួយនឹង អតិថិជនរបស់ក្រុមហ៊ុន ដោយផ្សារភ្ជាប់នូវទំនាក់ទំនងល្អរវាងក្រុមហ៊ុននិងដៃគូសហការ និងផ្សព្វផ្សាយឈ្មោះស្ថាប័នខ្លួនទៅកាន់សាធារណជនផងទាំងឡាយ បានស្គាល់ និងអាចមកទទួលយកសេវាកម្មរបស់ក្រុមហ៊ុនផងដែរ។ ទំនួលខុសត្រូវដែលសំខាន់បំផុតគឺការផ្តល់ព័ត៌មានដែលក្បោះក្បាយ និងពេញលក្ខណៈនៃក្រុមហ៊ុនទៅកាន់អតិថិជន និងសាធារណជន។ ក៏ដូចគ្នានេះដែរ អ្នកទំនាក់ទំនងសាធារណៈត្រូវមានអត្តចរិក និងការនិយាយស្តីសមរម្យ ដើម្បីរក្សានូវគុណតម្លៃរបស់ខ្លួន និងកិត្តិយសរបស់ក្រុមហ៊ុនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទំនាក់ទំនងសាធារណៈ ត្រូវរក្សារឲ្យបាននូវព័ត៌មានផ្ទៃក្នុងរបស់ស្ថាប័នខ្លួនឲ្យបានភ្ជាប់ភ្ជួន និងមិនត្រូវផ្តល់ព័ត៌មានមិនជាក់លាក់ ទៅកាន់សាធារណជន ឬក៏ស្ថាប័នដទៃឡើយ ជាស់វាងមានការយល់ច្រឡំ និងអាចប៉ះពាល់ស្ថាប័នខ្លួន។ តើអ្នកទំនាក់ទំនងសាធារណៈគួរមាន និងធ្វើអ្វីខ្លះ? ដើម្បីក្លាយជាអ្នកទំនាក់ទំនងសាធារណៈមួយដ៏ល្អមួយដល់ស្ថាប័នខ្លួន អ្នកត្រូវជាបុគ្គលម្នាក់ដែលមានចំណេះដឹងខ្ពស់ ចូលចិត្តអានសៀវភៅដើម្បីបង្កើនចំណេះដឹង និងត្រូវតាមដានព័ត៌មានក្នុងសង្គមឲ្យច្រើន ដើម្បីដឹងថាមានព្រឹត្តិការណ៍អ្វីខ្លះបាន និងកំពុងកើតឡើងផងដែរ។ បន្ថែមពីនេះអ្នកទំនាក់ទំនងសាធារណៈ ក៏ត្រូវចេះប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដូចជា Facebook ជាដើម ព្រោះថាពេលខ្លះអ្នកនឹងអាចផ្សព្វផ្សាយ ឬផ្តល់ព័ត៌មានរបស់ស្ថាប័នខ្លួនទៅកាន់សាធារណជន ដែលកំពុងប្រើប្រាស់បណ្តាញសង្គមនេះ។ ជាមួយគ្នានេះដែរ អ្នកគួរចូលរួមកម្មវិធី ឬសកម្មភាពសង្គមផ្សេងៗ ដើម្បីបានចូលរួមបង្កើតចំណងមិត្តភាព ឬក៏ដូចជាផ្សព្វផ្សាយព័ត៌មានរបស់ស្ថាប័នខ្លួនទៅកាន់ក្រុមគោលដៅណាមួយដែលអ្នកអាចគិតថាពួកគេនឹងអាចក្លាយជាអតិថិជនប្រើប្រាស់សេវាកម្ម ឬផលិតផលរបស់ស្ថាប័នអ្នក។ ចំនុចបន្ថែមពីនេះគឺ អ្នកត្រូវស្គាល់បណ្តាសារព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានឲ្យបានច្រើន ព្រោះថាពួកគេអាចជួយផ្សព្វផ្សាយស្ថាប័នអ្នកទៅកាន់សាធារណជនជាច្រើននាក់ ដែលតាមដានសារព័ត៌មាននោះ។ ដូច្នេះអ្នកត្រូវធ្វើជិតស្និទ្ធជាមួយអ្នកសារព័ត៌មាន និងផ្តល់នូវព័ត៌មានជាក់ច្បាស់ដល់ពួកគេ ដើម្បីផ្សព្វផ្សាយបន្តទៅកាន់សាធារណជន ឲ្យបានយល់ដឹង និងស្គាល់ស្ថាប័នអ្នក។  គេថា ការងារទំនាក់ទំនងសាធារណៈ គឺមានជំនាញបញ្ចុះបញ្ចូល និងវិធីសាស្ត្រក្នុងការនិយាយពីរឿងរបស់ក្រុមហ៊ុនឲ្យជ្រាបចូលទៅដល់ចិត្តរបស់អតិថិជន និងដៃគូ។ តើជាទូទៅបងមានសិល្បវិធីបែបណាដើម្បីធ្វើវា? ការបញ្ចុះបញ្ចូលក្នុងវិស័យជំនួញគឺមានតែពន្យល់យ៉ាងណាអំពីសេវាកម្មផ្សេងៗដើម្បីឲ្យដៃគូរសហការឲ្យបានយល់ច្បាស់ដោយទាមទារនូវ ឯកសារយោង និងរបាយការណ៍ស្តីអំពីក្រុមហ៊ុនដើម្បីបង្កើនទំនុកចិត្តថាគាត់នឹងពិតជាអាចទទួលបានអ្វីដែលបានលើកឡើង។ ចំណុចដែលសំខាន់មួយទៀតនោះគឺត្រូវនិយាយពីអ្វីដែលដៃគូសហការនឹងទទួលបានបន្ទាប់ពីជាវសេវាកម្ម ឬចាប់ផ្តើមសហការជាមួយគ្នា។ ការពន្យល់នេះទាមទារឲ្យអ្នកត្រូវពន្យល់ម្តងមួយៗ ដោយក្បោះក្បាយ និងផ្តល់ទំនុបចិត្តដល់អតិថិជន។ មិនត្រឹមតែផ្តល់ព័ត៌មាននោះទេ អ្នកត្រូវយកចិត្តទុកដាក់លើអតិថិជនរបស់យើង ដោយនូវផ្តល់សេវាកម្មដល់ពួកគាត់ឲ្យបានល្អ យកចិត្តទុកដាក់លើពួកគាត់រហូតដល់ពួកគាត់ពេញចិត្តនឹងសេវាកម្មរបស់ស្ថាប័នអ្នក។  តើទុក្ខលំបាក ក៏ដូចជាឧបសគ្គអ្វីខ្លះដែលលោកធ្លាប់ជួបប្រទះក្នុងរយៈពេលដែលបងបានធ្វើការងារនេះ?  អ្វីដែលមានភាពលំបាកនោះគឺនៅពេលដែលត្រូវទាក់ទងក្រុមហ៊ុនថ្មីៗដែលមិនមែនជាដៃគូសហការ ឬអតិថិជនចាស់របស់ក្រុមហ៊ុនយើង ដោយសារតែយើងត្រូវផ្តល់ព័ត៌មានឲ្យបានក្បោះក្បាយ និងលម្អិតជាទីបំផុតដើម្បីចៀសវាងការយល់ច្រលំក្នុងកត្តាណាមួយ។ ក្នុងនេះដែរ នៅមានក្រុមហ៊ុនថ្មីៗមួយចំនួនទទួលយល់ព័ត៌មានខុស ក្នុងនាមយើងជាអ្នកទំនាក់ទំនងសាធារណៈត្រូវមានភាពអំណត់ដោយផ្តល់នូវព័ត៌មានដដែលនោះដល់គាត់។ រីឯចំណុចលំបាកមួយទៀតនោះគឹ លក្ខខណ្ឌភាសា។ ដោយសារតែប្រទេសរីកចម្រើន និងជាទីផ្សារសេរីផងនោះ សហគ្រិនឬអ្នកជំនួញជាច្រើនជាជនជាតិបរទេស ដែលចាំបាច់ត្រូវប្រើប្រាស់ភាសាអង់គ្លេសដើម្បីទំនាក់ទំនង។ ការប្រើប្រាស់ភាសាដទៃក្នុងការទំនាក់ទំនងមិនមែនជារឿងងាយស្រួលឡើយ ក្នុងករណីដែលសហគ្រិនមិននិយាយភាសាអង់គ្លេសដែលទាមទារវត្តមានអ្នកបកប្រែមកចូលរួម។ ដែលសកម្មភាពបែបនេះអាចបង្កឲ្យមានការទទួលព័ត៌មានខុសជាដើម។ លើសពីនេះទៀត ពេលខ្លះអ្នកទំនាក់ទំនងសាធារណៈត្រូវធ្វើដំណើរ និងចំនាយពេលវេលាច្រើនដើម្បីទៅជួបអតិថិជន ពេលខ្លះក៏មិនសូវបានឈប់សម្រាកផងដែរ។ ជាមួយគ្នានេះ ការងារទំនាក់ទំនងសាធារណៈក៏មានជាការរៀបចំកម្មវិធីផងដែរ។ តើបងអាចចែករំលែកបទពិសោធន៍ពីការរៀបចំកម្មវិធីដើម្បីទទួលបានភាពជោគជ័យនិងប្រកបដោយភាពរលូន? ជាការពិតណាស់ ការងាររៀបចំកម្មវិធីគឺជាការងារដែលត្រូវការមនុស្សជាច្រើនចូលរួមជួយ គឺមិនអាចបានទេក្នុងការធ្វើវាឡើងតែម្នាក់ឯង។ ដូចនេះ កត្តាដែលសំខាន់នោះគឺមានអ្នកចូលរួមច្រើន និងការគ្រប់គ្រងក្រុមឲ្យមានប្រសិទ្ធិភាព។ កម្មវិធីមួយអាចធ្វើឡើងបានដោយភាពជោគជ័យនិងរលូនទាល់តែសមាជិកក្នុងក្រុមសហការគ្នា មានភាពសាមគ្គីក្រុម ទទួលបានព័ត៌មានច្បាស់លាស់ពីក្រុមមួយទៅក្រុមមួយ និងចៀសវាងការទទួលបានព័ត៌មានខុស ដែលសកម្មភាពទាំងនេះត្រូវធ្វើនៅមុនពេលកម្មវិធីចាប់ផ្តើម។ ប្រសិនបើមានបញ្ហាអ្វីកើតឡើង អ្នកត្រូវរាយការណ៍ទៅកាន់ប្រធានក្រុមរបស់អ្នក ដើម្បីឲ្យមានការសិក្សា និងដោះស្រាយបញ្ហានោះ ជៀសវាងមានបញ្ហាពេលមានកម្មវិធី។ ដូច្នេះនៅពេលដែលកម្មវិធីបានមកដល់ សមាជិកម្នាក់ៗនឹងច្បាស់អំពីតួនាទីរបស់ខ្លួន និងចូលរួមធ្វើការសហការគ្នាយ៉ាងសកម្ម។ អនុសាសន៍ កត្តាដែលសំខាន់ដែលអ្នកធ្វើការងារសាធារណៈត្រូវចេះគឺបត់បែនតាមកាលៈទេសៈ និងមានភាពឈ្លាសវៃ។ ការបត់បែននេះពេលខ្លះគឺតម្រូវឲ្យយើងធ្វើការសម្រេចចិត្តដោយខ្លួនឯងទៅលើរឿងមួយចំនួនដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើង។ ម្យ៉ាងវិញទៀត អ្នកត្រូវត្រៀមខ្លួនជានិច្ចក្នុងការដោះស្រាយបញ្ហាពីព្រោះថាអាចនឹងមានបញ្ហាកើតឡើងគ្រប់ពេល។ 

ចែករំលែក

ប៊ន បូរិ និស្សិតថ្នាក់ឯកទេសជំងឺលើស្បែក និងកាមរោគនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មូលហេតុដែលខ្ញុំជ្រើសរើសជំនាញមួយនេះ ព្រោះខ្ញុំគិតថាជំងឺលើស្បែកជាប្រភេទជំងឺមួយ ដែលមានលក្ខណៈស្មុគស្មាញក្នុងការធ្វើរោគវិនិច្ឆ័យ និងក្នុងការព្យាបាល ព្រោះជំងឺខ្លះស្តែងចេញជារោគសញ្ញាសើស្បែកស្រដៀងគ្នា ឯជំងឺសើស្បែកខ្លះ ទៀតកើតឡើងដោយសារជំងឺនៃសរីរាង្គដទៃ ដូច្នេះវាទាមទារ ឲ្យប្រទេសយើងត្រូវការក្រុមគ្រូពេទ្យឯកទេសជំងឺសើស្បែកនេះ ដើម្បីផ្តល់សេវាព្យាបាលក៏ដូចជាការថែទាំ និងការអប់រំដល់ពួកគាត់ឲ្យបានត្រឹមត្រូវ ព្រមទាំងដើម្បីចូលរួមកាត់បន្ថយការចំណាយប្រាក់កាស របស់ពួកគាត់ក្នុងការស្វែងរកសេវាព្យាបាលនៅខាងក្រៅប្រទេស។ ហេតុដូច្នេះហើយ ទើបខ្ញុំសម្រេចចិត្តចង់ក្លាយជាសមាជិកនៃក្រុមគ្រូពេទ្យឯកទេសសើស្បែកនេះ ព្រោះវាជាមុខជំនាញ ដែលខ្ញុំស្រលាញ់ចូលចិត្ត ក៏ដូចជាផ្តល់ឱកាសសម្រាប់ខ្ញុំក្នុងការបម្រើដល់សង្គមរបស់យើងផ្ទាល់តែម្តង។ ឧបសគ្គក្នុងការសិក្សា ការសិក្សាក៏តែងតែជួបប្រទះនឹងការលំបាកច្រើនយ៉ាងផងដែរ ដែលកន្លងមកខ្ញុំធ្លាប់បានជួបប្រទះនឹងការលំបាកមួយចំនួនដូចជា ការប្រលងប្រជែងជាមួយបេក្ខជនដទៃ ព្រោះតែចំនួននិស្សិតដែលទទួលឲ្យចូលរៀន គឺមានកំណត់។ ក្រៅពីនោះ ខ្ញុំក៏ដូចជានិស្សិតនៃ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដទៃទៀតដែរ គឺចាំបាច់ត្រូវមើលមេរៀន ក៏ដូចជាធ្វើការស្រាវជ្រាវឯកសារជាភាសាបារាំង និងអង់គ្លេស។ មិនត្រឹមតែមើល មេរៀនឲ្យយល់តែមួយមុខប៉ុណ្ណោះទេ តែនិស្សិតគ្រប់រូបត្រូវចាំមេរៀនទាំងនោះឲ្យបានល្អ ដើម្បីទទួលបានលទ្ធផលគាប់ប្រសើអក្នុងការប្រលងផងដែរ។ បន្ថែមពីលើនេះទៀតនោះ ការរិះគន់បន្ទោសបង្អាប់ និងការជេរប្រមាថរបស់ប្រជាជនមួយចំនួនទៅលើវិស័យសុខាភិបាលកម្ពុជាបានធ្វើឲ្យខ្ញុំ ក៏ជាដូចជានិស្សិតដទៃទៀតមានការតូចចិត្តផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការជួបប្រទះនឹងការលំបាកដែលបានរៀបរាប់ខាងលើនេះមិនបានធ្វើឲ្យខ្ញុំមានគំនិតចង់បោះបង់ចោលជំនាញនេះឡើយ ផ្ទុយទៅវិញវាបានធ្វើឲ្យខ្ញុំខិតខំប្រឹងប្រែង ដើម្បីបម្រើសេវាសុខាភិបាលរបស់ប្រទេសយើង ឲ្យបានជឿនលឿនដូចប្រទេសជិតខាង។ គន្លឹះក្នុងការសិក្សា ដើម្បីធ្វើការជំនះចំពោះឧបសគ្គទាំងនោះ ខ្ញុំបានដាក់ផែនការខ្លះៗចំពោះខ្លួនឯងដែល ក្នុងនោះមានដូចជា ៖ ការសិក្សាភាសាបារាំង និងអង់គ្លេសបន្ថែម ការមើលមេរៀនឲ្យបានយ៉ាងហោចណាស់១មេរៀនក្នុងមួយថ្ងៃ ការអានមេរៀនឬសៀវភៅម្តងហើយម្តងទៀត ក៏ដូចជាការសិក្សាស្រាវជ្រាវឯកសារផ្សេងៗ តាមរយៈប្រព័ន្ធអ៊ីនធឺណែតផងដែរ។ ក្រៅពីការសិក្សានៅឯសាលា ខ្ញុំយល់ថាការចុះកម្មសិក្សានៅមន្ទីរពេទ្យ និងការចុះធ្វើជានិស្សិតស្ម័គ្រចិត្ត បានផ្តល់ចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនពីសំណាក់លោកគ្រូ និងរៀមច្បង។ ក្តីប្រាថា្នក្រោយបញ្ចប់ការសិក្សា ដោយឡែក ក្រោយពេលបញ្ចប់ការសិក្សា ខ្ញុំមានបំណងប្រាថ្នាធំចំនួន ២ គឺ ទីមួយ ជាការប្រលងចូលជាមន្រ្តីសុខាភិបាល ដើម្បីមានឱកាសបម្រើសង្គមរបស់យើង ក៏ដូចជាដើម្បីទទួលបានបទពិសោធន៍បន្ថែមទៀតលើជំនាញសើស្បែកនេះ។ បំណងប្រាថ្នាមួយទៀត គឺការធ្វើជាគ្រូបណ្តុះបណ្តាលលើជំនាញសើស្បែក ដើម្បីបន្តការផ្ទេរចំណេះដឹង និងបទពិសោធន៍ដល់ប្អូនៗជំនាន់ក្រោយៗទៀត។ សារជូនដល់មិត្តអ្នកអាន ជាចុងក្រោយ ខ្ញុំមានពាក្យពេច៍ខ្លះផ្ញើរដល់ប្អូនៗ ដែលមានបំណងចូលរៀនផ្នែកនេះ គឺប្អូនៗ ត្រូវមានចំណេះដឹងផ្នែកភាសាអង់គ្លេស និងបារាំងឲ្យបានល្អ។ ម្យ៉ាងទៀត ប្អូនត្រូវមានផែនការ និងកាលវិភាគច្បាស់លាស់ត្រូវធ្វើស្វ័យសិក្សាជាលក្ខណៈបុគ្គលក៏ដូចជាសិក្សាជាក្រុម ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រលងជ្រើសរើសចូលសិក្សាជំនាញសើស្បែកនេះ។

ចែករំលែក

ការប្រឡងបញ្ចប់ថ្នាក់ឯកទេសជាដំណាក់កាលមួយទៀតដែលនិសិ្សតពេទ្យមានការព្រួយបារម្ភ ហេតុនេះហើយ ហេលស៍ថាម បានធ្វើការសម្ភាសជាមួយនិស្សិតដែលទទួលបានចំណាត់ថ្នាក់ឆ្នើម៣រូបក្នុងការប្រឡងដែលនឹងធ្វើការចែករំលែកបទពិសោធន៍ក្នុងការប្រឡងដូចខាងក្រោម... Top 1 «សុង គឹមលាង» ◊     ការត្រៀមខ្លួនមុននឹងការប្រឡងបញ្ចប់ថ្នាក់ឯកទេស៖ ត្រូវមានការរៀបចំសង្ខេបមេរៀនទាំង ២០ម៉ូឌុល និងឯកសារនានាឲ្យមានសណ្តាប់ធ្នាប់រួមជាមួយការរៀបចំកាលវិភាគរំលឹកមេរៀន ដើម្បីធានាឲ្យបាននូវការស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយ។ ការវាយតម្លៃមេរៀន ឬជំងឺណាដែលសំខាន់ និងជួបច្រើននៅមន្ទីរពេទ្យ ក៏ត្រូវយកមកធ្វើការរំលឹក ហើយត្រូវមានការបែងចែកពេលវេលាក្នុងការបន្ធូរអារម្មណ៍តានតឹងផងដែរ។ ◊    វិធីសាស្រ្តក្នុងពេលប្រឡង៖ ចំពោះវិញ្ញាសាសរសេរ ទាមទារឲ្យយើងយល់ដឹងច្បាស់ពីគន្លឹះនៃមេរៀនក្នុងការអនុវត្តជាក់ស្តែងតាមមន្ទីរពេទ្យ ចំណេះដឹងភាសាបារាំង និងភាពរហ័សរហួនក្នុងការរៀបចំពេលវេលា រីឯការប្រឡងវិញ្ញាសាផ្ទាល់មាត់វិញ គឺការរៀបចំត្រៀមលក្ខណៈក្នុងការក្តាប់យកចំណុចសំខាន់របស់មេរៀន បន្ថែមពីនេះត្រូវមានជំនឿចិត្ត និងសេចក្តីក្លាហានក្នុងការឆ្លើយសំណួរ។ ◊    លក្ខណៈសម្បត្តិក្នុងនាមជានិសិ្សតឯកទេសនេះ៖ អ្វីដែលសំខាន់ត្រូវតែស្រឡាញ់មុខជំនាញនេះ បូកផ្សំនឹងចំណេះដឹងវេជ្ជសាស្រ្តនៅថ្នាក់មូលដ្ឋានឲ្យបានច្បាស់លាស់។ គួរតែមានការចុះកម្មសិក្សាឲ្យបានច្រើន ពីព្រោះការបំពេញបន្ថែមសម្រាប់ទ្រឹស្តីដែលបានរៀន ហើយនេះត្រូវមានបុគ្គលិកលក្ខណៈ ក៏ដូចជាអត្តចរិតស្លូតបូត ឧស្សាហ៍ព្យាយាម និងស្មារតីជាក្រុម។ ◊    សារជូនដល់និស្សិតជំនាន់ក្រោយ៖ ត្រូវដុសខាត់ចំណេះដឹងវេជ្ជសាស្រ្តឲ្យបានល្អ រួមទាំងទ្រឹស្តី និងការអនុវត្ត ពីព្រោះមានតែពួកយើងដែលជាវេជ្ជបណ្ឌិតឯកទេស ឬ អនាគតវេជ្ជបណ្ឌិតឯកទេសសម្ភព និង រោគស្រ្តី ទាំងអស់គ្នា អភិវឌ្ឍខ្លួនចែករំលែក និងសាមគ្គីគ្នាជាធ្លុងមួយនោះទេ ទើបអាចចូលរួមអភិវឌ្ឍវិស័យសម្ភព និងរោគស្រ្តីនៃប្រទេសកម្ពុជាយើងឲ្យរីកចម្រើនជឿនលឿន ដើម្បីចូលរួមបម្រើប្រជាជនកម្ពុជាក្នុងគោលបំណងជួយកាត់បន្ថយអត្រាមរណៈមាតា និងទារក និង លើកកម្ពស់សុខភាពស្រ្តីនៃប្រទេសយើងឲ្យបានល្អប្រសើរ។ Top 2  «សោម ដូណា » ◊    ការត្រៀមខ្លួនមុននឹងការប្រឡងបញ្ចប់ថ្នាក់ឯកទេស៖ o   ផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងក្នុងការសិក្សា និងការសង្ខេបមេរៀនឲ្យបានគ្រប់គ្រាន់។ o   រកកន្លែងសមស្របដើម្បីសិក្សា ហើយចៀសវាងការប្រើប្រាស់ទូរស័ព្ទក្នុងអំឡុងពេលសិក្សា។ o   សម្រាកឲ្យបានគ្រប់គ្រាន់ រួមជាមួយការបរិភោគអាហារឲ្យបានត្រឹមត្រូវ និងមានលំហាត់ប្រាណ។ ◊    វិធីសាស្រ្តក្នុងពេលប្រឡង៖ o   មុនពេលប្រឡង -គេងឲ្យបានគ្រប់គ្រាន់នៅយប់មុនថ្ងៃប្រឡង -រៀបចំឧបករណ៍ប្រឡង -មកដល់បន្ទប់ប្រឡងមុនយ៉ាងហោច ១ ម៉ោងដើម្បីត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់ការប្រឡង o   ពេលកំពុងប្រឡង -អានការណែនាំក្នុងការប្រឡងឲ្យបានម៉ត់ចត់ និងអានសំណួរទាំងអស់ដោយត្រួសៗឲ្យបាន១ចប់ -គ្រប់គ្រងពេលវេលាប្រឡងឲ្យបានល្អ -រក្សាការផ្ចង់អារម្មណ៍ កុំឲ្យបែកអារម្មណ៍ដោយសារមិត្តភក្តិក្នុងបន្ទប់ប្រឡង -អានឡើងវិញនូវចម្លើយដែលបានសរសេរ ប្រសិនបើមានពេលនៅសល់ចុងម៉ោង។ o   ក្រោយពេលប្រឡង៖ គួរធ្វើអ្វីដែលអាចជួយសម្រាលអារម្មណ៍យើង ដើម្បីត្រៀមខ្លួនសម្រាប់ប្រឡងថ្ងៃបន្ទាប់។ ◊ លក្ខណៈសម្បត្តិក្នុងនាមជានិសិ្សតឯកទេសនេះ៖ o   ត្រូវជាមនុស្សមានទំនួលខុសត្រូវខ្ពស់ និងមានការសម្រេចចិត្តបានរហ័ស និងមានហេតុផល។ o   ត្រូវជាមនុស្សមិនឆាប់តក់ស្លុតពេលមានបញ្ហា ជាពិសេស គឺកុំខ្លាចឈាម ព្រោះស្ថានភាពជំងឺរបស់ស្រ្តីផ្នែកសម្ភព និងរោគស្រ្តីខ្លះ មានការផ្លាស់ប្តូរលឿន រហូតដល់មានគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ។ o   ត្រូវជាមនុស្សមានភាពអត់ធ្មត់ ពីព្រោះការព្យាបាលត្រូវប្រើរយៈពេលយូរ។ ◊    សារជូនដល់និស្សិតជំនាន់ក្រោយ៖ ការស្រឡាញ់ដោយចេញពីចិត្តផ្ទាល់ខ្លួនដោយគ្មានការបង្ខំពីមជ្ឈដ្ឋានខាងក្រៅ គឺជាកត្តាដ៏សំខាន់ក្នុងការសិក្សាឯកទេសនេះ ព្រោះវានឹងក្លាយជាកម្លាំងចិត្ត ក៏ដូចជាការតាំងចិត្តដ៏មុតមាំក្នុងការហែលឆ្លងភាពលំបាកទាំងអស់ក្នុងអំឡុងពេលសិក្សា ហើយចៀសវាងនូវការបង្ខំខ្លួនឯងឲ្យជ្រើសរើសនូវអ្វីដែលយើងមិនស្រឡាញ់។ Top 3  «ហ៊ុយ  វីននីកា» ◊    ការត្រៀមខ្លួនមុននឹងការប្រឡងបញ្ចប់ថ្នាក់ឯកទេស៖ o  ខិតខំធ្វើការស្រាវជ្រាវបន្ថែមទៅលើមេរៀនដែលធ្លាប់បានរៀន និងមិនធ្លាប់បានរៀន o   រៀបចំជាប្លង់មេរៀនសង្ខេបទៅតាមម៉ូឌុលហើយនឹងបានរៀបចំជាកម្រងសំណួរ និងចម្លើយ ដើម្បីងាយស្រួលក្នុងការស្រង់យកនូវចំណុចសំខាន់ៗរបស់មេរៀននីមួយៗ។ ◊         វិធីសាស្រ្តក្នុងពេលប្រឡង៖ o      ចំពោះវិញ្ញាសាសរសេរ៖ -គ្រប់គ្រងពេលវេលាក្នុងការឆ្លើយសំណួរនីមួយៗ -រកពាក្យគន្លឹះ -យល់ពីសំណួរ -ឆ្លើយពីចំណុចសំខាន់ៗ -ប្រើប្រាស់បទពិសោធន៍នៅមន្ទីរពេទ្យ ជាគន្លឹះក្នុងការឆ្លើយសំណួរ។ o      ចំពោះវិញ្ញាសាផ្ទាល់មាត់៖ សំខាន់ត្រូវមានជំនឿចិត្តលើខ្លួនឯង មិនត្រូវភិតភ័យនៅចំពោះមុខមេប្រយោគ។ ◊    លក្ខណៈសម្បត្តិក្នុងនាមជានិសិ្សតឯកទេសនេះ៖ ខ្ញុំយល់ថានិស្សិតឯកទេសគួរតែមានសុខភាពល្អ អត់ធ្មត់តស៊ូ ធន់នឹងការងារ ភាពនឿយហត់ រហ័សរហួន មិនឆាប់តក់ស្លុត ធ្វើការសម្រេចចិត្តលឿន និងជាមនុស្សអាចធ្វើការងារជាក្រុមបាន  ។ ◊    សារជូនដល់និស្សិតជំនាន់ក្រោយ៖ ចំពោះនិស្សិតជំនាន់ក្រោយដែលចង់សិក្សាឯកទេសនេះ ត្រូវខិតខំរៀនសូត្រទាំងមុខវិជ្ជាពេទ្យ និងភាសាបារាំង អង់គ្លេស សំខាន់គឺត្រូវមានឆន្ទៈ និងចិត្តស្រឡាញ់ ចំពោះមុខវិជ្ជានេះទើបអាចតស៊ូក្នុងវិស័យនេះបាន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top