Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការព្យាបាលជំងឺតាមបែបបុរាណនៅប្រទេសកម្ពុជាត្រូវបានអនុវត្តធ្វើឡើងតាំងពីសម័យអង្គរ ហើយវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយរហូតមកដល់បច្ចុប្បន្ននេះ។ ជារឿយៗ វាត្រូវបានអនុវត្តដោយគ្រូឱសថបុរាណដែលគេហៅថា “គ្រូខ្មែរ” ដែលតែងតែជាអ្នកដែលត្រូវបានគេស្គាល់នៅក្នុងសង្គម។ ការអនុវត្តការព្យាបាលបែបបុរាណនៅតែជាការពេញនិយមសម្រាប់ប្រជាជន ដែលរស់នៅក្នុងតំបន់ជនបទ។ ទោះបីជាយ៉ាងណាក៏ដោយការចងក្រងឯកសារអំពីការអនុវត្តការព្យាបាលទាំងនេះគឺមិនទាន់ បានរៀបចំបានត្រឹមត្រូវនោះទេ។ ការស្រាវជ្រាវនេះ មានគោលបំណងក្នុងការធ្វើការអង្កេតលើម៉ូដែលការព្យាបាលជំងឺបែបបុរាណដែលត្រូវបានអនុវត្តដោយគ្រូឱសថបុរាណ នៅខេត្តកោះកុង ប្រទេសកម្ពុជា។ ក្នុងអំឡុងខែមេសា ឆ្នាំ២០១៨ គ្រូឱសថបុរាណចំនួន ៤ រូប ដែលរស់នៅក្នុងខេត្តកោះកុង ត្រូវបានធ្វើការសម្ភាសបែបស៊ីជម្រៅទៅលើ ៤ ចំណុច ដែលរួមមាន ការអង្កេតអំពីប្រភេទខុសៗគ្នានៃការអនុវត្តការព្យាបាលជំងឺបែបបុរាណ ការយល់ដឹងរបស់សហគមន៍ វិធីនៃការអនុវត្ត និងបទដ្ឋានសង្គម ដែលពាក់ព័ន្ធនឹងការអនុវត្តការព្យាបាលជំងឺបែបបុរាណ។ បច្ចេកទេសនៃការជ្រើសរើសគ្រូឱសថបុរាណត្រូវបានធ្វើឡើងដោយសំណាកបែប Snowball សម្រាប់ការស្រាវជ្រាវនេះ។ បច្ចេកទេសនៃការជ្រើសរើសគ្រូសំណាកបែប Snowball នេះ គឺតែងតែត្រូវបានគេយកមកអនុវត្តនៅក្នុងការសិក្សាស្រាវជ្រាវបែបគុណភាព ក្នុងការធ្វើការជ្រើសប្រភេទសំណាកអ្នកចូលរួមណាដែលមានការលំបាកក្នុងការស្វែងរក។ បន្ទាប់ពីបានប្រមូលទិន្នន័យរួចហើយតាមរយៈការសម្ភាស ដោយប្រើសំណួរបែបសំណួរបើក និងការថតចម្លងទុកទិន្នន័យត្រូវបានរៀបចំឡើងវិញ និងចែកចំណាត់ថ្នាក់តាមវិធីសាស្ត្រ Theme-wise ជាមួយនឹងសម្រង់ឃ្លាប្រយោគដែលពាក់ព័ន្ធ។ បន្ទាប់មកយើងធ្វើការកំណត់លេខកូដ ដោយផ្អែកលើគោលបំណងនៃការស្រាវជ្រាវ។ គោលគំនិតណាដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាត្រូវបានបញ្ចូលទៅក្នុង Sub-theme ឬ Theme ជាមួយគ្នាបន្ទាប់មក លេខកូដចំពោះ Theme នីមួយៗត្រូវបានកំណត់។ បន្ទាប់ពីធ្វើការដាក់លេខកូដរួចហើយ ទិន្នន័យទាំងនោះត្រូវបានបកប្រែទៅជាភាសាអង់គ្លេស ហើយធ្វើការវិភាគបែប Thematic analysis។ លទ្ធផលនៃការសិក្សាបានបង្ហាញថាគ្រូឱសថបុរាណធ្វើការអនុវត្តការព្យាបាលជំងឺតាមម៉ូដែលអសាសនា និងម៉ូដែលសាសនា។ គ្រូឱសថបុរាណអនុវត្តការព្យាបាលជំងឺឲ្យអ្នកជំងឺនៅក្នុងគេហដ្ឋានរបស់ខ្លួន។ ការព្យាបាលជំងឺដោយបាលីភ្ជាប់ជាមួយនឹងការប្រើប្រាស់រុក្ខជាតិឱសថត្រូវបានអនុវត្តយ៉ាងទំលំទូលាយ។ គ្រូឱសថបុរាណធ្វើការសូត្របាលីទៅតាមសៀវភៅគម្ពីរនៅក្នុងដំណើរការនៃការព្យាបាល ដោយទាមទារយ៉ាងខ្លាំងនូវជំនឿ ឬការជឿរបស់អ្នកជំងឺ ដើម្បីឲ្យការព្យាបាលមានប្រសិទ្ធភាព។ គ្រូឱសថបុរាណពេលខ្លះ គាត់ធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺតាមរយៈការធ្វើការទំនាក់ទំនងជាមួយដួងព្រលឹងស័ក្តិសិទ្ធិ។ ការព្យាបាលជំងឺរបស់អ្នកជំងឺនៅតាមគេហដ្ឋានផ្អែកលើបទពិសោធន៍រយៈពេលយូររបស់គ្រូឱសថបុរាណ ក្នុងការព្យាបាលជំងឺ ជាមួយនឹងការប្រើប្រាស់រុក្ខជាតិឱសថនៅក្នុងតំបន់។ តម្លៃនៃការព្យាបាលជំងឺគឺអាស្រ័យលើស្ថានភាពជំងឺ។ សរុបរួម ការព្យាបាលជំងឺតាមបែបបុរាណគឺត្រូវបានអនុវត្តជាទូទៅសម្រាប់ការថែទាំសុខភាពជាបឋមនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា ជាពិសេសនៅក្នុងចំណោមប្រជាជនដែលមានកម្រិតជីវភាពទាប។ ការអង្កេតទៅលើម៉ូដែលនៃការព្យាបាលជំងឺបែបបុរាណគួរតែត្រូវបានបន្តធ្វើ ដើម្បីឲ្យយល់អំពីយន្តការនៃការព្យាបាលជំងឺឲ្យកាន់តែស៊ីជម្រៅជាងនេះ។ អ្នកនិពន្ធដែលជានិស្សិត និងសាស្ត្រាចារ្យមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ ប្រទេសកម្ពុជា៖ កែវ សំអែល ពា ពិដោរ នី ច័ន្ទសីហា សឿន សុវណ្ណនេត្រ តាន់ គីមចេង លី មល្លិកា ជា ស៊ីន  អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

គ្រេច ឬថ្លោះក អាចជាការឈឺចាប់បែបសាមញ្ញ និងកើតឡើងនៅទីតាំងជាក់លាក់ ហើយភាគច្រើនតែងបាត់ទៅវិញដោយខ្លួនឯង។ យ៉ាងណាមិញអ្នកក៏គួរដឹងពីគន្លឹះមួយចំនួនសម្រាប់ណែនាំដល់អ្នកដែលត្រូវការជំនួយដើម្បីអាចសម្រាលអាការៈឈឺចាប់នោះឲ្យបានកាន់តែឆាប់រហ័ស។ អ្វីគួរដឹង? អាការៈគ្រេច ឬថ្លោះក បណ្តាលមកពីការកន្រ្តាក់នៃសាច់ដុំធំមួយដែលស្ថិតនៅផ្នែកចំហៀងនៃក ហើយតែងកើតមានឡើងក្នុងករណី៖ • នៅពេលព្រឹក និងភ្លាមៗពេលងើបពីដំណេក។ វាជាការឈឺចាប់ធម្មតាដែលបណ្តាលមកពីទីតាំងគេងនៅពេលយប់មិនបានល្អ ឬធ្វើកាយវិការខុសប្រក្រតីណាមួយ • សម្រាប់កុមារ៖ សញ្ញាថ្លោះក អាចជាប់ពាក់ព័ន្ធនឹងជំងឺរលាកត្រចៀក ឬឈឺទ្រូងជាដើម • ប្រសិន ការឈឺចាប់កើតមានជាប្រចាំ និងកាន់តែខ្លាំងឡើងបន្តិចម្ដងៗថែមទាំងមានរួមបញ្ចូលសញ្ញាដូចជា ឈឺក្បាល ឬវិលមុខទៀតនោះ វាអាចជាករណីធ្ងន់ធ្ងរ ឬបញ្ហាសរសៃប្រសាទណាមួយ។ អ្វីគួរធ្វើ? ដើម្បីកាត់បន្ថយការឈឺចាប់បណ្ដាលមកពីអាការៈគ្រេច ឬថ្លោះក អ្នកអាចណែនាំវិធីសាស្រ្តណាមួយដូចខាងក្រោម៖ • ស្អំកន្លែងឈឺចាប់ ដោយប្រើកន្សែងជ្រលក់ទឹកក្ដៅឧណ្ហៗ ឬងូតទឹកក្ដៅឧណ្ហៗ • ប្រើប្រាស់ឱសថប្រភេទជាក្រែមសម្រាប់លាប ដូចជា Décontractyl baume ឬ Algésal suractivé • ឬអាចប្រើប្រាស់ឱសថក្រោមទម្រង់ជាគ្រាប់ រួមមាន៖ - Décontractyl (Synthélabo) ២៥០mg៖ សម្រាប់មនុស្សពេលវ័យ ដោយអាចលេបម្ដង ២ គ្រាប់ បីដងក្នុងមួយថ្ងៃ - Ibuprofène ២០០mg៖ អាចលេបម្ដង២គ្រាប់ បីដងក្នុងមួយថ្ងៃ • ចំពោះឧបករណ៍រុំក អាចផ្ដល់ឲ្យអ្នកជំងឺបានប្រសិនពួកគេទាមទារចង់ប្រើប្រាស់ ប៉ុន្តែមិនអាចធានាបានពីប្រសិទ្ធភាពនោះទេ។ ប្រសិនអាការៈថ្លោះក នៅតែអូសបន្លាយជាប្រចាំ អ្នកគួរណែនាំឲ្យអ្នកជំងឺទៅទទួលការពិនិត្យពីសំណាក់វេជ្ជបណ្ឌិតឯកទេស។ ប្រភពយោង៖ Le vademecum de la Médication officinale អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មណ្ឌលសុខភាពគឺជាទីកន្លែងមួយដែលសហគមន៍ទៅទទួលសេវាសុខភាព។ មន្រ្តីមណ្ឌលសុខភាពផ្តល់ជូនសេវាសុខភាពដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សហគមន៍។ ការងាររបស់មណ្ឌលសុខភាពជាមួយនឹងឃុំ សង្កាត់ គឺដើម្បីរក្សាសហគមន៍ឲ្យមានសុខភាពល្អ និងរស់នៅក្នុងជីវិតប្រកបដោយសុខុមាលភាព។ តើមណ្ឌលសុខភាពផ្ដល់ជូនសេវាសំខាន់ៗអ្វីខ្លះ? ១. សេវាសុខភាពម្តាយ ទារក កុមារ និងសុខភាពបន្តពូជ៖ • ការថែទាំមុនពេលសម្រាល • ការសម្រាលធម្មតា និងការសម្រាលដោយមានអន្តរាគមន៍ • ការថែទាំក្រោយសម្រាល • ការចាក់ថ្នាំបង្ការដល់កុមារ និងម្តាយ/ស្រ្តី • អាហារូបត្ថម្ភ • ការថែទាំទារកទើបនឹងកើត • ការបង្ការការឆ្លងមេរោគអេដស៍ពីម្តាយទៅកូន • សមាហរណកម្មទទួលបន្ទុកពិនិត្យព្យាបាលជំងឺកុមារ (សពជក) • ការពន្យារកំណើត និងសុខភាពបន្តពូជរបស់មនុស្សពេញវ័យ។ ២. សេវាផ្នែកជំងឺឆ្លង • ជំងឺកាមរោគ • ជំងឺអេដស៍ • ជំងឺរបេង • ជំងឺឃ្លង់ • ជំងឺគ្រុនចាញ់/ ជំងឺគ្រុនឈាម • ជំងឺផ្តាសាយបក្សី។ ៣. សេវាផ្នែកជំងឺមិនឆ្លង និងបញ្ហាសុខភាពផ្សេងទៀត • ជំងឺលើសឈាម • ជំងឺទឹកនោមផ្អែម • ជំងឺមហារីកសុដន់/ មហារីកមាត់ស្បូន • សុខភាពផ្លូវចិត្ត • សុខភាពមាត់ធ្មេញ • ការថែទាំភ្នែក • ការវះកាត់ និងការថែទាំរបួស។ ៤. ការផ្តល់សេវាទៅសហគមន៍ • ការផ្តល់ថ្នាំបង្ការដល់ស្រ្តី និងកុមារ • ការផ្តល់គ្រាប់ថ្នាំជីវជាតិអាដល់កុមារដែលមានអាយុពី ៦ ទៅ៥៩ខែ • ការផ្តល់ថ្នាំគ្រាប់ជាតិដែក និងអាស៊ីតហ្វូលិកដល់ស្រ្តីមានផ្ទៃពោះ និងថ្នាំទម្លាក់សត្វល្អិតដល់ស្រ្តីមុន និងក្រោយពេលសម្រាល • ការផ្តល់សេវាពន្យារកំណើត • ការស្រាវជ្រាវជំងឺរបេង • ការធ្វើតេស្ត និងព្យាបាលជំងឺគ្រុនចាញ់ឆាប់រហ័ស • ការថែទាំមុនសម្រាល និងក្រោយសម្រាល • ការតាមដានការលូតលាស់របស់កុមារដែលមានអាយុក្រោម ៥ឆ្នាំ • ការអប់រំ និងលើកកម្ពស់សុខភាព។ ៥. សេវាអប់រំ និងលើកកម្ពស់សុខភាពផ្សេងទៀតមណ្ឌលសុខភាពបានផ្តល់សេវាអប់រំសុខភាពនានាទាក់ទងនឹងជំងឺឆ្លង ជំងឺមិនឆ្លង និងបញ្ហាសុខភាពផ្សេងៗទៀតដូចជា គ្រឿងញៀន ការផ្តាច់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងគ្រឿងស្រវឹងជាដើម។ តើត្រូវបង់សេវាប៉ុន្មាននៅពេលទៅមណ្ឌលសុខភាពទាំងនោះ? នៅគ្រប់មណ្ឌលសុខភាពទាំងអស់នឹងមានបិទតារាងតម្លៃសេវាជាប់ទៅនឹងជញ្ជាំងក្នុងមណ្ឌលសុខភាពនោះ។ តម្លៃសេវារបស់មណ្ឌលសុខភាពអាចខុសគ្នាបន្តិចបន្តួចទៅតាមខេត្ត និងស្រុកនីមួយៗដោយយោងទៅតាមកម្រិតចំណូលចំណាយរបស់មណ្ឌលសុខភាព លក្ខខណ្ឌជីវភាពរបស់ប្រជាជន (តាមរយៈគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ស្រុកប្រតិបត្តិមន្ទីរសុខាភិបាលខេត្ត ឬក្រសួងសុខាភិបាល)។ ការបង់ថ្លៃសេវាសុខភាពនឹងត្រូវបានលើកលែងចំពោះអ្នកជំងឺណាដែលមានប័ណ្ឌក្រីក្រ។ ប្រសិនបើអ្នកជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម អ្នកក៏អាចទទួលបានគ្រប់សេវាទាំងអស់ផងដែរ ដោយពុំមានចេញប្រាក់សម្រាប់បង់ថ្លៃអ្នកប្រើប្រាស់ឡើយ។ គោលការណ៍ណែនាំប្រតិបត្តិការ សេវាបង្ការ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារអ្នក និងគ្រួសាររបស់អ្នកពីការធ្លាក់ខ្លួនឈឺ និងដើម្បីធានាថាគ្រួសាររបស់អ្នកមានសុខភាពល្អ។ ចូរចងចាំថា ”ការការពារប្រសើរជាងព្យាបាល” ចូរថែទាំគ្រួសាររបស់អ្នកឲ្យមានសុវត្ថិភាព និងសុខភាពល្អ។ សូមសម្គាល់ថា៖ ប្រសិនបើអ្នកមិនមានសៀវភៅសុខភាពមាតា ឬកុមារទេសូមកុំបារម្ភ ព្រោះមណ្ឌលសុខភាពនឹងចេញសៀវភៅថ្មីឲ្យអ្នក។ វាជាការសំខាន់ប្រសិនបើអ្នកមានសៀវភៅតាមដានសុខភាពជាប់មកជាមួយដើម្បីឲ្យពេទ្យអាចមើលប្រវត្តិអ្នកជំងឺ។ តើយើងទាក់ទងទៅកាន់មណ្ឌលសុខភាពបានដោយរបៀបណា? គ្រប់មណ្ឌលសុខភាពទាំងអស់ត្រូវបើកបម្រើការ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍។ ចូរទៅកាន់មណ្ឌលសុខភាពដើម្បីជួបគ្រូពេទ្យប្រចាំការ។ គ្រប់មណ្ឌលសុខភាពទាំងអស់សុទ្ធតែបានចាត់ចែងមន្ត្រីប្រចាំការគ្រប់ពេលសម្រាប់ទទួលអតិថិជន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អ្នកស្រាវជ្រាវមកពី University of Michigan Rogel Cancer Center បានរាយការណ៍ពីសញ្ញាណនៃលទ្ធផលដំបូងបន្ទាប់ពីការធ្វើតេស្តគ្លីនិកទៅលើឱសថថ្មីមួយសម្រាប់ជំងឺមហារីកលំពែង។ តេស្តគ្លីនិកដំណាក់កាលដំបូងនេះ ត្រូវបានគេពិសោធទៅលើឱសថ AZD1175 ដែលបង្កើតឡើងដើម្បីទប់ស្កាត់អង់ស៊ីមម្យ៉ាងឈ្មោះថា Wee1 ដែលមានសមត្ថភាពទៅជួសជុល DNA របស់កោសិកាមហារីកឲ្យរស់ឡើងវិញ បើទោះបីបានធ្វើការព្យាបាលដោយការបាញ់កាំរស្មី និងឱសថគីមីក៏ដោយ។ ជាក់ស្ដែងការព្យាបាលដោយកាំរស្មីអុិច និងថ្នាំគីមីដែលមានឈ្មោះថា Gemcitabine គឺជាវិធីសាស្រ្តព្យាបាលស្តង់ដាសម្រាប់ជំងឺមហារីកលំពែង។ វិធីសាស្រ្តទាំងពីរមានសមត្ថភាពទៅបំផ្លាញ DNA របស់កោសិកាមហារីក យ៉ាងណាមិញ កោសិកាមហារីកលំពែងបែរជាមានឥទ្ធិពលខ្លាំងក្លាក្នុងការជួសជុលភាពខូចខាតទាំងនោះឡើងវិញដែលជាហេតុធ្វើឲ្យប្រសិទ្ធភាពនៃការព្យាបាលត្រូវបានថយចុះ។ ដូច្នេះដើម្បីរារាំងសមត្ថភាពកោសិកាមហារីកពីការការពារខ្លួនពីឥទ្ធិពលរបស់កាំរស្មីអុិច និងថ្នាំគីមីទើប AZD1775 ត្រូវបានបង្កើតឡើងពីសំណាក់អ្នកស្រាវជ្រាវ។ តេស្តខាងលើត្រូវបានធ្វើឡើងចំពោះអ្នកជំងឺមហារីកលំពែងចំនួន ៣៤ រូប ដោយតម្រូវឲ្យពួកគេប្រើប្រាស់ឱសថ AZD1775 បន្ថែមទៀតស្របពេលទទួលបានការព្យាបាលដោយថ្នាំគីមី Gemcitabine។ គោលដៅនៃការសិក្សា គឺដើម្បីកំណត់ពីកម្រិតដូសខ្ពស់បំផុតនៃ AZD1775 ដែលអាចយកមកប្រើប្រាស់បានក្នុងពេលជាមួយគ្នា។ ដំណើរការនៃការពិសោធបានបង្ហាញពីលទ្ធផលល្អច្រើនជាងការរំពឹងទុកទៅលើការពន្យារជីវិតរស់របស់អ្នកជំងឺដោយអត្រារស់ជាមធ្យមឃើញមានកើនឡើងដល់ទៅ ២២ខែ បើប្រៀបធៀបទៅលើការប្រើប្រាស់ឱសថ Gemcitabine តែមួយមុខដោយអត្រាអាយុរស់មានត្រឹមតែ ១២ ទៅ១៤ខែប៉ុណ្ណោះ។ ការបន្ថែមឱសថ AZD1175 ជាមួយការព្យាបាលតាមកាំរស្មីអុិច និងថ្នាំគីមី អាចផ្ដល់ផលវិជ្ជមានទៅលើអត្រានៃអាយុរស់របស់អ្នកជំងឺ ដែលគួរតែត្រូវបានធ្វើការសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅបន្តទៀត នេះបើយោងតាមប្រសាសន៍របស់អ្នកដឹកនាំផ្នែកស្រាវជ្រាវ Kyle Cuneo។ ម្យ៉ាងទៀតប្រសិនការសិក្សាកាន់តែមានភាពជាក់លាក់នោះវាអាចកាត់បន្ថយភាពស៊ាំរបស់កោសិកាមហារីកទៅលើវិធីសាស្រ្តព្យាបាលទាំងពីរ (កាំរស្មីអុិច និងឱសថគីមី)។ គួរបញ្ជាក់ផងដែរ ជំងឺមហារីកលំពែង មានសមត្ថភាពអាចរីករាលដាលទៅកាន់ផ្នែកផ្សេងៗក្នុងរាងកាយដែលអត្រារស់បាន ៥ឆ្នាំ មានត្រឹមតែ ៩% តែប៉ុណ្ណោះ ចំណែកការស្រាវជ្រាវខាងលើកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ដែលទាមទារឲ្យមានការសិក្សាវិភាគជាច្រើនទៀត។ ប្រភពយោង៖ https://www.sciencedaily.com/releases/2019/08/190814113934.htm អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បញ្ហាក្លិនមាត់ អាចជាប់ពាក់ព័ន្ធនឹងកត្តាបង្កជាច្រើន។ ជាក់ស្ដែង ក្រៅពីណែនាំឲ្យធ្វើការជួបពិគ្រោះជាមួយទន្តពេទ្យ អ្នកក៏អាចផ្ដល់ជាគន្លឹះផ្សេងទៀតសម្រាប់ពួកគេដើម្បីបំបាត់បញ្ហានេះ និងបង្កើនទំនុកចិត្តឡើងវិញ។ អ្វីគួរដឹង? ករណី ៩០% នៃបញ្ហាក្លិនមាត់ អាចបណ្តាលមកពីសំណល់អាហារ ឈាម កោសិកាក្នុងមាត់ ឬបាក់តេរី ដែលកើតមានឡើងនៅក្នុងលក្ខខណ្ឌដូចជា៖ - ដង្កូវស៊ីធ្មេញ ជំងឺនៅបណ្ដូលធ្មេញ រលាកអញ្ចាញធ្មេញ ការដាក់ធ្មេញមិនបានល្អ និងស្ងួតមាត់ជាដើម - ជំងឺនៅប្រព័ន្ធរំលាយអាហាររួមមាន រលាកក្រពះ ឬរលាកបំពង់អាហារ - មហារីកបំពង់កដំណាក់កាលចុងក្រោយ។ អ្វីគួរធ្វើ? សម្រាប់បញ្ហាក្លិនមាត់ភាគច្រើន (៩០%) ត្រូវបានណែនាំឲ្យជួបពិគ្រោះជាមួយទន្តពេទ្យ ប៉ុន្តែស្របពេលជាមួយគ្នាអ្នកក៏អាចណែនាំនូវគន្លឹះខ្លះៗដូចជា៖ - ជំនួសច្រាសដុសធ្មេញធម្មតាទៅជាប្រភេទច្រាសដើរដោយម៉ាស៊ីនដែលមានមុខងារអាចបាញ់ទឹកបាន (Waterpeek) ឬអាចប្រើប្រាស់សរសៃអំបោះទាក់ធ្មេញដែលមានសារធាតុសម្លាប់មេរោគប្រភេទ Corsodyl (Smithkline Beecham) - ប្រើប្រាស់ថ្នាំដុសធ្មេញដែលរួមផ្សំទៅដោយ ស័ង្កសី និងក្លរ ឬអាចលេបថ្នាំស័ង្កសី (Rubozine) ៣គ្រាប់ក្នុងមួយថ្ងៃ។ ប្រសិនបញ្ហាក្លិនមាត់មិនជាប់ពាក់ព័ន្ធនឹងសុខភាពមាត់ធ្មេញ អាចណែនាំអ្នកជំងឺឲ្យទៅពិនិត្យជាមួយវេជ្ជបណ្ឌិតជំនាញទូទៅ។   ចំណាំ៖ សូមកុំច្រឡំបញ្ហាក្លិនមាត់នេះ ទៅនឹងអ្នកជំងឺទឹកនោមផ្អែមបណ្តាលមកពីកង្វះអាំងស៊ុយលីនដែលអាចឲ្យមានក្លិនដូចទៅនឹងទឹកថ្នាំលាងក្រចកចេញតាមច្រមុះ។ ប្រភពយោង៖ Le vademecum de la Médication officinale អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការកំណត់ពីប្រសិទ្ធភាពនៃថ្នាំគីមីក្នុងការព្យាបាលជំងឺមហារីក អាចនឹងត្រូវវាស់វែងបានតាមរយៈឧបករណ៍ថ្មីមួយ នេះបើយោងតាមការសិក្សាស្រាវជ្រាវពី Journal Microsystems & Nanoengineering។ ឧបករណ៍នេះត្រូវបានបង្កើតឡើងជាមួយភាពជាក់លាក់ដល់ទៅ ៩៥.៩% ក្នុងការរាប់កោសិកាមហារីកនៅរាល់ពេលឆ្លងកាត់ជាមួយអេឡិចត្រូត។ ប្រធានផ្នែកនិពន្ធ លោក Mehdi Javanmard ដែលមានតួនាទីជាសាស្រ្តាចារ្យជំនួយប្រចាំ Department of Electrical and Computer Engineering នៅឯ Ruters University-New Brunswick បានឲ្យដឹងថា “ពួកយើងបានបង្កើតឧបករណ៍នេះឡើង ដែលអាចសន្និដ្ឋានបានថាតើអ្នកជំងឺអាចឆ្លើយតបជាវិជ្ជមានទៅលើវិធីសាស្រ្តព្យាបាលជំងឺមហារីក ឬយ៉ាងណា”។ បន្ថែមពីនោះបច្ចេកវិទ្យានេះជាការបញ្ចូលគ្នានៃ Artificial intelligence និង Biosensors ព្រមទាំងរួមផ្សំទៅដោយបរិមាណតិចតួចនៃសារធាតុរាវដែលមានសមត្ថភាពចាប់បានពីភាពប្រែប្រួល ឬភាពស៊ាំរបស់កោសិកាមហារីកអំឡុងពេលព្យាបាលដោយថ្នាំគីមី។ ក្រុមការងារ Ruters បានធ្វើតេស្តជាដំបូងតាមរយៈការប្រើប្រាស់សំណាកកោសិកាមហារីកដែលបានព្យាបាលជាមួយកំហាប់ថ្នាំផ្សេងៗគ្នា។ ជាលទ្ធផលឧបករណ៍នេះអាចចាប់បានកោសិកាមហារីកដែលនៅរស់ ដោយមើលទៅលើភាពប្រែប្រួលនៃចរន្តអេឡិចត្រូតរាល់ពេលឆ្លងកាត់ប្រហោងដ៏តូចនៃសារធាតុរាវ។ ចំណែកជំហានបន្ទាប់ ការធ្វើតេស្តនឹងធ្វើឡើងទៅលើសំណាកដុំមហារីករបស់អ្នកជំងឺផ្ទាល់ ដើម្បីកំណត់ពីប្រសិទ្ធភាពនៃថ្នាំព្យាបាលណាមួយមុនពេលអ្នកជំងឺអាចចាប់ផ្ដើមទទួលបានការព្យាបាល។  ជាមួយលទ្ធផលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីនេះនឹងអាចបង្កើនអន្តរាគមន៍បន្ថែមសម្រាប់អ្នកជំងឺមហារីក ក៏ដូចជាគ្រប់គ្រងនិងកំណត់ស្ថានភាពជំងឺឲ្យបានកាន់តែប្រសើរឡើង។ ប្រភពយោង៖ https://www.sciencedaily.com/releases/2019/07/190716150007.htm អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ខេត្តកោះកុង គឺជាតំបន់ដែលត្រូវបានគ្របដណ្តប់ដោយជួរភ្នំដ៏ធំសម្បើមដែលហៅថាជួរភ្នំក្រវាញ។ ព្រៃឈើដែលគ្របដណ្តប់នៅទីនោះគឺព្រៃត្រូពិចជ្រៅដែលជាតំបន់ព្រៃឈើចម្រុះដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ តំបន់ព្រៃនេះត្រូវបានកាន់កាប់ដោយអ្នកស្រុកដែលរស់នៅក្នុងតំបន់ ហើយអ្នកស្រុកតែងតែប្រមូលរុក្ខជាតិឱសថយកមកប្រើប្រាស់ក្នុងការព្យាបាលជំងឺផ្សេងៗ។ ការអង្កេតនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីរកឲ្យឃើញនូវវិធីដែលគ្រូឱសថបុរាណប្រើប្រាស់ រុក្ខជាតិឱសថក្នុងការព្យាបាលជំងឺនៅខេត្ដកោះកុង ប្រទេសកម្ពុជា។ ការអង្កេតនេះត្រូវបានធ្វើឡើងក្នុង ខែមេសា ឆ្នាំ ២០១៨។ បញ្ជីសំណួរបែប Semi-structure ត្រូវបានប្រើប្រាស់សម្រាប់ធ្វើការប្រមូលទិន្នន័យ។ បញ្ជីសំណួរត្រូវបានប្រើដើម្បីសម្ភាសន៍គ្រូឱសថបុរាណដែលប្រើរុក្ខជាតិឱសថដើម្បីព្យាបាលជំងឺចំនួន បីនាក់។ ឈ្មោះរុក្ខជាតិ ជំងឺដែលព្យាបាល ផ្នែករុក្ខជាតិ របៀបនៃការរៀបចំ និងការប្រើប្រាស់ត្រូវបានវិភាគដោយប្រើកម្មវិធី Microsoft Excel 2016។ ហ្វ្រេកង់ស៍ និងភាគរយត្រូវបានកំណត់ជាឧបករណ៍ស្ថិតិ។ លទ្ធផលនៃការអង្កេតបានបង្ហាញថា គ្រូឱសថបុរាណបានប្រើប្រាស់រុក្ខជាតិឱសថចំនួន ៤១ ប្រភេទ ក្នុងការព្យាបាលជំងឺ។ រុក្ខជាតិឱសថទាំងនោះត្រូវបានបែងចែកជា ២៥ គ្រួសារដែលភាគច្រើនរុក្ខជាតិឱសថគឺស្ថិតនៅក្នុងគ្រួសារ Fabaceae (9.76%; n=4), Rubiaceae (9.76%; n=4), Acanthaceae (7.32%; n=3) និង Asteraceae (7.32%; n=3)។ ផ្នែកដែលប្រើញឹកញាប់បំផុតគឺរុក្ខជាតិទាំងមូល (26.83%; n=11), សម្បក (14.63%; n=6), ផ្នែកលើដី (12.20%; n=5) និង ដើម (12.20%; n=5)។ រុក្ខជាតិឱសថ ត្រូវបានគេរៀបចំដោយប្រើវិធីសាស្រ្តស្ងោរ(92.68%; n=38) ប៉ុន្តែវិធីសាស្រ្តនៃការឆុងមានត្រឹមតែ 7.32% (n=3) ប៉ុណ្ណោះ។ ភាគច្រើនអ្នកស្រុកប្រើប្រាស់តាមមាត់ (87.80%; n=36)។ រុក្ខជាតិឱសថទាំងអស់ត្រូវបានប្រើដើម្បីព្យាបាលជំងឺផ្សេងៗ ដូចជា ជំងឺចាស់វង្វេង (3.57%; n=2), ជំងឺទាចទឹក (8.93%; n=5), ជំងឺឆ្កួតជ្រូក (3.57%; n=2), ស្ទះសរសៃឈាមបេះដូង (7.14%; n=4), ជំងឺរលាកក្រពះ (7.14%; n=4), ជំងឺមហារីកក្រពះ (5.36%; n=3), ជំងឺឫសដូងបាត (8.93%; n=5), ជំងឺមហារីកថ្លើម (5.36%; n=3), ជំងឺរលាកថ្លើមប្រភេទ B (8.93%; n=5), ជំងឺសួត (7.14%; n=4), ជំងឺគ្រុនចាញ់ (7.14%; n=4), ដុះសាច់ច្រមុះ (5.36%; n=3), រំលូតកូន (7.14%; n=4), ជំងឺរលាកទងសួត (5.36%; n=3), ជំងឺមហារីកបំពង់ក (5.36%; n=3) និងជំងឺក្រួសក្នុងតម្រងនោម (3.57%;n=2)។ ការសិក្សាស្រាវជ្រាវនេះផ្តល់នូវព័ត៌មានសំខាន់អំពីការប្រើប្រាស់រុក្ខជាតិឱសថ ដោយគ្រូឱសថបុរាណដែលរស់នៅតាមតំបន់ក្នុងខេត្តកោះកុងនៃប្រទេសកម្ពុជា។ សម្រាប់អ្នកវិទ្យាសាស្ត្រទាំងឡាយណាដែលចង់ធ្វើការសិក្សាស្រាវជ្រាវបន្តទៅលើរុក្ខជាតិដែលបានអង្កេតខាងលើនេះ សូមផ្តោតទៅលើការពិសោធន៍រកឲ្យឃើញនូវគីមីឱសថ ដែលបង្កប់នៅក្នុងរុក្ខជាតិឱសថទាំងនោះ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម​ ប្រូ លេខ ៨២ អ្នកនិពន្ធដែលជានិស្សិតនិងសាស្ត្រាចារ្យនៃមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ ប្រទេសកម្ពុជា​​៖ កែវ សំអែល ពា ពិដោរ នី ច័ន្ទ សីហា សឿន សុវណ្ណនេត្រ តាន់ គីមចេង ស្រី ពេជ ជា ស៊ីន 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការឈឺចាប់អំឡុងពេលមករដូវ អាចជាផលរំខានមួយប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ និងអាចកើតមានឡើងជាប្រចាំ ដែលជាទូទៅការប្រើប្រាស់ឱសថដោយខ្លួនឯងត្រូវបានអនុវត្ដឡើងសម្រាប់សម្រួលដល់ការឈឺចាប់ទាំងនោះ។ អ្វីគួរដឹង? តាមការសិក្សាបានបង្ហាញថា ការឈឺចាប់ផ្នែកពោះអំឡុងពេលមករដូវ អាចកើតមានឡើងបន្តបន្ទាប់ជារៀងរាល់ខែ យ៉ាងហោចណាស់ទៅលើស្រ្តីប្រមាណ ៣០% ទៅ៥០%។ ភាគច្រើនការប្រើប្រាស់ឱសថជាវិធីសាស្រ្តចម្បងមួយសម្រាប់កាត់បន្ថយការឈឺចាប់ទាំងនោះ។ លក្ខណៈនៃការឈឺចាប់ • តែងកើតឡើងទៅតាមវដ្ដរដូវរៀងរាល់ខែ ដែលអាចហៅថា វដ្តអូវុល។ • ភាគច្រើនកើតឡើងនៅរៀងរាល់ថ្ងៃទី១នៃការមករដូវ • អាចស្ដែងឡើងរយៈពេលពី ២៤ ទៅ ៣៦ ម៉ោង • អាចរួមបញ្ចូលជាមួយវិបត្តិប្រព័ន្ធរំលាយអាហារដូចជា ចង្អោរ ក្អួត ទល់លាមក ឬរាក • អាចធ្វើឲ្យស្លេកស្លាំង ឬឈឺចង្កេះ។ បទពិសោធន៍នៃការឈឺចាប់បណ្តាលមកពីវដ្ដរដូវ តែងប្រែប្រួលពីស្រ្តីម្នាក់ទៅម្នាក់ទៀត ដោយពាក់ព័ន្ធទៅនឹងកត្តាសុខភាពផ្ទាល់ខ្លួនប្រវត្តិសមាជិកគ្រួសារ រួមទាំងសង្គម និងបរិយាកាសផងដែរ។  អ្វីគួរធ្វើ? • ឱសថការីអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរុករកមូលហេតុបន្ថែមនៅពីក្រោយការឈឺចាប់ ដែលអាចបណ្តាលមកពី ការឈឺចាប់ផ្នែកអារម្មណ៍ គ្រួសារ បញ្ហាផ្លូវភេទ ទំនោរនៃការធ្លាក់ទឹកចិត្តជាដើម។ • ចំពោះនារីវ័យក្មេង៖ ការព្យាបាលភាពរំខានទាំងនេះ អាចធ្វើទៅបានដោយកាត់បន្ថយការបញ្ចេញខ្លាំងពេកនៃសារធាតុ ប្រូស្តាក្លេនឌីន ដែលតែងកើតមានឡើងនៅពេលភ្នាសស្បូនចាប់ផ្ដើមដាច់ចេញ។ ការកើនឡើងសារធាតុប្រូស្តាក្លេនឌីន នេះជាមូលហេតុធ្វើឲ្យស្បូនកន្រ្តាក់កាន់តែខ្លាំង។ ដំបូន្មានបន្ថែម៖ • អាចប្រើប្រាស់ឱសថដែលមានសកម្មភាពទៅបន្ថយសារធាតុ ប្រូស្តាក្លេនឌីន នៅក្នុងក្រុម Anti-inflammatoire non stéroïdien មានឈ្មោះដូចជា៖ Ibuprofène 200mg (Boerhinger), Ibualgic (EG Labo) ឬ Upfen 200mg (UPSA)។ អាចប្រើម្ដង ១ ទៅ ២គ្រាប់ បីដងក្នុងមួយថ្ងៃ ដោយមិនឲ្យលើសពី ៦គ្រាប់។ ករណីខ្លះអាចប្រើប្រាស់ ៤៨ម៉ោង មុនពេលមករដូវ។ • ប្រសិនការឈឺចាប់ក្នុងកម្រិតកាន់តែធ្ងន់ធ្ងរ អាចបន្ថែមជាមួយឱសថកាត់បន្ថយការកន្រ្តាក់៖ Spasfon (Lafon) ចំនួន ២គ្រាប់។  ប្រភពយោង៖​ Le Vademecum de la Médication officinale អត្ថបទ៖ ដកស្រង់ចេញពី ទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អតិថិជនដែលជាអ្នកជំងឺក៏អាចមានសិទ្ធិក្នុងការបញ្ចេញយោបល់ និងការចូលរួមជាមួយអ្នកប្រកបវិជ្ជាជីវសុខាភិបាលផងដែរក្រៅពីសិទ្ធិជាច្រើនដែលពួកគេទទួលបាន។ តើគោលគំនិតគន្លឹះចំពោះសិទ្ធិក្នុងការបញ្ចេញយោបល់ និងការចូលរួមមានអ្វីខ្លះ? • អតិថិជនមានសិទ្ធិក្នុងការបញ្ចេញមតិយោបល់ទាក់ទងទៅនឹងសេវាថែទាំព្យាបាលដែលគេបានទទួលកន្លងមក។ • អតិថិជនមានសិទ្ធិក្នុងការតវ៉ា ឬប្តឹងនូវរាល់កំហុសឆ្គងដែលបង្កឡើងដោយអ្នកផ្តល់សេវា។ • អតិថិជនមានសិទ្ធិក្នុងការចូលរួមតាមរយៈតំណាងដែលគេបានជ្រើសតាំងសម្រាប់ការធ្វើផែនការ និងវាយតម្លៃសេវាសុខាភិបាល និងផ្តល់យោបល់អំពីគុណភាព និងលក្ខណៈដែលសេវាបានផ្តល់កន្លងមក។ តើការអនុវត្តចំពោះសិទ្ធិក្នុងការបញ្ចេញយោបល់និងការចូលរួមមានអ្វីខ្លះ? • អ្នកផ្តល់សេវាសុខភាពត្រូវចាត់ទុកថា មតិយោបល់របស់អតិថិជន ឬអ្នកតំណាងរបស់គាត់ជាព័ត៌មានត្រឡប់ប្រកបដោយស្ថាបនាសម្រាប់ខ្លួនឯងផង និងមូលដ្ឋានសុខាភិបាលផង។ • អ្នកផ្តល់សេវាសុខភាពត្រូវប្រើប្រាស់ប្រព័ន្ធផ្តល់ព័ត៌មានត្រឡប់ឲ្យបានទៀងទាត់ និងទាន់ពេលវេលាតាមដែលអាចធ្វើទៅបាន។ • អ្នកផ្តល់សេវាសុខភាពត្រូវបង្កើត និងលើកកម្ពស់បរិយាកាសមួយដែលគាំទ្រដល់បរិយាកាសព័ត៌មានត្រឡប់របស់អតិថិជននិងការធ្វើការតាមដានទៀងទាត់នូវវិធានការ ឬសកម្មភាពទាំងនេះ។ • គណៈកម្មការដែលតំណាងឲ្យសហគមន៍ត្រូវមានតួនាទីយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មានត្រឡប់និងតាមដាននូវសកម្មភាពផ្តល់ព័ត៌មានត្រឡប់។ • រាល់ការប្តឹងតវ៉ាទាំងឡាយត្រូវមានភស្តុតាងច្បាស់លាស់សម្រាប់បង្ហាញទៅអាជ្ងាធរពាក់ព័ន្ធ ឬគណៈកម្មការដែលតំណាងឲ្យសហគមន៍។ • អ្នកតំណាងសហគមន៍ និងអង្គការសង្គមស៊ីវិលអាចផ្តល់ជាជំនួយការដល់អតិថិជនបាននៅពេលដែលគេចង់ប្តឹងតវ៉ាចំពោះអ្នកគ្រប់គ្រងមូលដ្ឋានសុខាភិបាល និងបុគ្គលិកសុខាភិបាលត្រូវសហការជាមួយអតិថិជនក្នុងការផ្តល់ព័ត៌មានពិតប្រាកដទាក់ទងទៅនឹងភស្តុតាងដែលត្រូវការ។ តើការទទួលខុសត្រូវចំពោះសិទ្ធិក្នុងការបញ្ចេញយោបល់ និងការចូលរួមមានអ្វីខ្លះ? • អតិថិជនត្រូវទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មានត្រឡប់ពិតប្រាកដទៅអ្នកផ្តល់សេវាសុខាភិបាលដោយខ្លួនឯងផ្ទាល់ ឬតាមរយៈបងប្អូន ញាតិមិត្ត ឬតាមរយៈគណៈកម្មការដែលជាតំណាងរបស់ខ្លួន។ • អតិថិជនត្រូវទទួលខុសត្រូវក្នុងការជ្រើសរើសតំណាងរបស់ខ្លួនដែលតំណាងឲ្យសំឡេងរបស់ខ្លួនពិតប្រាកដ និងការពារផលប្រយោជន៍ឲ្យខ្លួនទាក់ទងទៅនឹងការផ្តល់សេវាសុខាភិបាល។ • អតិថិជន និងតំណាងរបស់ខ្លួនត្រូវទទួលខុសត្រូវការតាមដាននូវបញ្ហាទាំងឡាយដែលបានផ្តល់ព័ត៌មានត្រឡប់ទៅអ្នកផ្តល់សេវាសុខភាព។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ពុលឡានតិចតួចប្រហែលជាអាចទ្រាំទ្របាន តែបើការពុលមិនអាចគ្រប់គ្រងបាន ជាពិសេសសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយទៀតនោះ ប្រាកដណាស់ពួកគេនឹងត្រូវការជំនួយ។ ក្នុងករណីបែបនេះ តើអ្នកនឹងណែនាំពីអ្វីខ្លះដល់ពួកគេ? ខាងក្រោមនេះអាចជាចម្លើយដ៏ល្អសម្រាប់ដោះស្រាយបញ្ហាពុលការធ្វើដំណើរ។ អ្វីគួរដឹង? ការរងឥទ្ធិពលពីការពុលឡាន ឬការធ្វើដំណើរផ្សេងទៀតអាចកើតមានឡើងលើបុគ្គលក្នុងអត្រា ៥ភាគរយនៃប្រជាជនទាំងអស់ ដែលភាគច្រើនបណ្តាលមកពី៖ - ការថប់បារម្ភ - អារម្មណ៍ភ័យខ្លាចក្នុងការជិះយន្តហោះ ទូក ឬឡាន - ការប្រើប្រាស់សារធាតុអាល់កុល ឬញៀន - អស់កម្លាំង និងគេងមិនគ្រប់គ្រាន់ជាដើម។   អ្វីគួរធ្វើ? សម្រាប់គន្លឹះចម្បងមួយចំនួន ដែលអាចណែនាំទៅអ្នកពុលការធ្វើដំណើររួមមាន៖ - ត្រូវញ៉ាំអាហារឲ្យបានឆ្អែតមុនពេលធ្វើដំណើរ - ចៀសវាងពិសាអាល់កុល - គួរអង្គុយនៅផ្នែកខាងមុខ សម្រាប់ការធ្វើដំណើរតាមទូក កប៉ាល់ ឬឡាន ហើយសម្រាប់យន្តហោះអាចជ្រើសរើសទីតាំងនៅកណ្តាល - គេងអំឡុងពេលធ្វើដំណើរ - ចៀសវាងនៅទីតាំងដែលមានក្លិនមិនល្អ។ អ្នកអាចផ្ដល់ជាឱសថនៅក្នុងក្រុម Antihistaminiques H1 ដែលមានឈ្មោះដូចជា៖ - Diphenhydramine (Nautamine)៖ អាចប្រើ ១ ឬកន្លះគ្រាប់ មុនពេលធ្វើដំណើរ ៣០នាទីរៀងរាល់ ៦ម៉ោងម្ដង តែហាមប្រើប្រាស់លើសពី ៦គ្រាប់ក្នុងមួយថ្ងៃ - Dramamine (Pharmacia) - Mercalm (Warner Lambert)៖ អាចលេប ១ ឬ ២គ្រាប់ រៀងរាល់ ៦ម៉ោងម្ដង និងមិនឲ្យលើសពី ៦គ្រាប់ក្នុងមួយថ្ងៃ - Nausicalm (Brother)៖ ជាឱសថទឹកដែលអាចប្រើបាន ១ ឬ ២ស្លាបព្រាបាយ រៀងរាល់ ៦ម៉ោងម្ដង និងមិនឲ្យលើស ១០ដងក្នុងមួយថ្ងៃ។ គួរបញ្ជាក់ផងដែរ ឱសថខាងលើគឺអាចផ្ដល់ឲ្យសម្រាប់តែមនុស្សពេញវ័យ និងកុមារដែលមានអាយុលើសពី ២ឆ្នាំ ហើយហាមប្រើប្រាស់សម្រាប់អ្នកជំងឺពាក់ព័ន្ធក្រពេញប្រូស្តាត ទឹកដក់ក្នុងភ្នែកនិងស្រ្តីមានផ្ទៃពោះ។ ក្រៅពីឱសថខាងលើ ក៏មានការណែនាំឲ្យប្រើប្រាស់ឱសថ Scopoderm TTS ដែលមានលក្ខណៈ៖ - ជាប្រភេទបន្ទះសម្រាប់បិតជាមួយប្រសិទ្ធភាពដល់ទៅ ៧២ម៉ោង រួមបញ្ចូលទៅដោយសារធាតុសកម្ម Scopolamine ដែលមានសមត្ថភាពប្រឆាំងអាការៈចង្អោរ ឬក្អួត។ ការប្រើប្រាស់ដោយបិតលើស្បែកបែបនេះ អាចកាត់បន្ថយផលរំខានដូចជា ធីងធោង និងស្ងួតមាត់ - គួរប្រើប្រាស់ឱសថដោយបិតលើស្បែកក្រោយត្រចៀក ក្នុងសភាពស្ងួតនិងចៀសវាងបិតលើសក់។ គួរបិតនៅមុនពេលធ្វើដំណើរចន្លោះពី ៦ ទៅ១២ ម៉ោងហើយអាចបកចេញបន្ទាប់ពីការធ្វើដំណើរបានបញ្ចប់ ប៉ុន្តែសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយអាចប្រើប្រាស់ឱសថរៀងរាល់ ៧២ ម៉ោងម្តង - សារធាតុសកម្ម Scopolamine អាចបង្កផលរំខានដូចជា៖ ស្ងួតមាត់ ទល់លាមក និងចៀសវាងប្រើប្រាស់សម្រាប់បុគ្គលដែលមានវ័យចំណាស់។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អ្នកជំងឺប្រកាំង (Migraine) ដែលបានប្រើប្រាស់កម្មវិធីទូរស័ព្ទដៃក្នុងមុខងារសម្រួលភាពតានតឹងយ៉ាងតិច ២ដងក្នុងមួយសប្ដាហ៍ បានបង្ហាញពីការថយចុះនូវអាការៈឈឺចាប់ក្នុងកម្រិត តែ ៤ ដងក្នុងមួយខែប៉ុណ្ណោះនេះបើយោងតាមការសិក្សានាពេលថ្មីៗនេះ។ ក្រុមអ្នកស្រាវជ្រាវនៅ NYU School of Medicine បានសិក្សាពីកម្មវិធីទូរស័ព្ទមួយដែលមានឈ្មោះថា RELAXaHEAD ដែលជាការណែនាំអ្នកជំងឺដើម្បីធ្វើការសម្រាកសាច់ដុំ។ ការព្យាបាលបែបនេះអាចធ្វើឲ្យអ្នកជំងឺសម្រាកបានច្រើន និងកាត់បន្ថយស្ត្រេសបានផងដែរ។ ការសិក្សានេះបានចុះផ្សាយតាមរយៈ Nature Digital Medicine នៅថ្ងៃទី ០៤ ខែមិថុនា ដែលជាការផ្សព្វផ្សាយដំបូង និងវាយតម្លៃពីប្រសិទ្ធភាពរបស់កម្មវិធីទូរស័ព្ទដែលអាចជួយសម្រួលដល់អ្នកជំងឺប្រកាំង ហើយអ្នកស្រាវជ្រាវកំពុងសិក្សាបន្ថែមដើម្បីឲ្យការព្យាបាលនេះមានលក្ខណៈស្តង់ដារ។ លោកវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធប្រសាទ Mia Minen បានលើកឡើងថា ការសិក្សានេះបានបង្ហាញភស្តុតាងថាអ្នកជំងឺអាចព្យាបាលតាមអាកប្បកិរិយាបានយ៉ាងងាយស្រួលចំណាយលុយតិច ហើយអាចធ្វើបានដោយខ្លួនឯងនៅទីណាក៏បាន។ អ្នកជំងឺប្រកាំងមានច្រើនជាង ៣៦ លាននាក់ក្នុងប្រទេសអាមេរិក ហើយរោគសញ្ញាដំបូងមានដូចជាការឈឺក្បាលពីតិចទៅខ្លាំង ហើយតែងតែមានអារម្មណ៍ចង់ក្អួត និងមានភាពប្រែប្រួលជាមួយនឹងសំឡេង និងពន្លឺ។ អ្នកជំងឺប្រកាំងតែងតែប្រើប្រាស់ថ្នាំ ប៉ុន្តែពួកគេពុំសូវបន្តការព្យាបាលទេ ដោយសារតែការចំណាយច្រើនទៅលើថ្នាំ និងភាពមិនងាយស្រួលមួយចំនួន។ ជាក់ស្ដែងការសិក្សាមួយនេះបានធ្វើតេស្តទៅលើអ្នកជំងឺប្រកាំងចំនួន ៥១នាក់ដែលមានទូរស័ព្ទទំនើបប្រើប្រាស់។ អ្នកជំងឺតម្រូវឲ្យប្រើប្រាស់ក្នុងរយៈពេល ៩០ថ្ងៃ ហើយកត់ចំណាំទុករៀងរាល់ថ្ងៃពីភាពធ្ងន់ធ្ងរនៃភាពឈឺចាប់របស់ពួកគេ។ ក្រុមអ្នកសិក្សាបានបន្តការស្រាវជ្រាវដើម្បីអ្នកជំងឺប្រើប្រាស់ឲ្យបានទូលំទូលាយ និងមានគម្រោងដាក់ឲ្យប្រើប្រាស់ជាការអនុវត្តក្នុងមន្ទីរពេទ្យផងដែរ។ លោកវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធប្រសាទ Mia Minen បន្តបន្ថែមថា លទ្ធផលនេះអាចជួយបានច្រើន និងអាចបង្រៀនអ្នកជំងឺក្នុងការគ្រប់គ្រងការឈឺក្បាលរបស់ពួកគេ ប៉ុន្តែកម្មវិធីនេះ នៅពុំទាន់ចេញឲ្យប្រើប្រាស់ជាសាធារណៈនៅឡើយទេ។ ឯកសារយោង៖ https://www.sciencedaily.com/releases/2019/06/190604084850.htm 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

រុក្ខជាតិកម្ពុជាមានសមាសធាតុឱសថខុសៗគ្នាក្នុងការព្យាបាលជំងឺផ្សេងៗជាច្រើន។ អាល់កាឡូអុីត ក្នុងរុក្ខជាតិគឺជាមេតាបូលីតរង (Secondary Metabolites) ដែលចូលរួមនៅក្នុងសកម្មភាពប្រឆាំងនឹងជំងឺផ្សេងៗដូចជាសកម្មភាពប្រឆាំងកោសិកាមហារីក ប្រឆាំងវីរុស ប្រឆាំងបាក់តេរី ប្រឆាំងរលាក និងប្រឆាំងជំងឺគ្រុនចាញ់។ ការសិក្សាស្រាវជ្រាវនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បី ធ្វើតេស្តរកវត្តមានរបស់អាល់កាឡូអុីតនៅក្នុងរុក្ខជាតិឱសថដែលបានប្រមូលពីខេត្តកោះកុង ប្រទេសកម្ពុជា។ រុក្ខជាតិចំនួន 39 សំណាក ត្រូវបានប្រមូលពីខេត្តកោះកុង ប្រទេសកម្ពុជាក្នុងខែមេសា ឆ្នាំ 2018។ សំណាករុក្ខជាតិនីមួយៗត្រូវបានធ្វើការសម្ងួតក្នុងពីរដំណាក់កាល ដោយដំណាក់កាលទី១ គឺការសម្ងួតដោយធ្វើការផ្លាស់ប្តូរក្រដាស់កាសែតថ្មីសម្រាប់សម្ងួតរុក្ខជាតិ និងដំណាក់កាលទី២ គឺការសម្ងួតរុក្ខជាតិក្នុងឡសម្ងួតរយៈពេល ២ថ្ងៃ។ បន្ទាប់ពីសម្ងួតរួចរុក្ខជាតិនីមួយៗត្រូវបានដាក់លេខកូដ ហើយតម្កល់ទុកនៅក្នុងតិណាល័យសាកលវិទ្យាល័យពុទ្ធិសាស្ត្រ(UP-Herbarium) មហាវិទ្យាល័យឱសថសាស្ត្រនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ ដោយរុក្ខជាតិនីមួយៗត្រូវបានប្រមូលជាពីរសំណាក សំណាករុក្ខជាតិដែលមិនបានធ្វើការតម្កល់ទុក ត្រូវបានយកមកធ្វើតេស្តរកអាល់កាឡូអុីតដោយប្រើប្រាស់ប្រតិករ ៣ ប្រភេទរួមមាន Dragendorff, Mayer និង Wagner។ ក្នុងចំណោមរុក្ខជាតិចំនួន 39 សំណាកដែលបានប្រមូល រុក្ខជាតិភាគច្រើនស្ថិត នៅក្នុងគ្រួសារ Fabaceae (7.69%; n = 3), Lamiaceae (7.69%; n = 3), Myrtaceae (7.69%; n = 3), Zingiberaceae (7.69%; n = 3), Apocynaceae (5.13%; n = 2) និង Phyllanthaceae (5.13%; n = 2)។ ក្នុងចំណោមរុក្ខជាតិដែលប្រមូលបានមានរុក្ខជាតិចំនួន 71.79% (n = 28) ដែលត្រូវបានធ្វើតេស្តរកឃើញថាមានវត្តមានអាល់កាឡូអុីត។ រុក្ខជាតិដែលចម្រាញ់ដោយទឹកចំនួន 13 សំណាក (33.33%) ត្រូវបានរកឃើញថាមានវត្តមានអាល់កាឡូអុីត និងរុក្ខជាតិដែលចម្រាញ់ដោយអេតាណុលចំនួន 23 សំណាក (58.97%) ត្រូវបានរកឃើញផងដែរថាមានវត្តមានអាល់កាឡូអុីត។ សរុបមក អាល់កាឡូអុីតភាគច្រើនត្រូវបានរកឃើញនៅក្នុងរុក្ខជាតិដែលបានប្រមូលពីខេត្តកោះកុងប្រទេសកម្ពុជា។ ការសិក្សានេះគឺមានសារៈប្រយោជន៍យ៉ាងខ្លាំង ជាព័ត៌មានមូលដ្ឋានសម្រាប់ធ្វើការសិក្សាបន្តពាក់ព័ន្ធនឹងការបំបែកសមាសធាតុអាល់កាឡូអុីតចេញពីរុក្ខជាតិឱសថនៅកម្ពុជា។ អ្នកនិពន្ធដែលជានិស្សិត និងសាស្ត្រាចារ្យមហាវិទ្យាល័យឱសថសាស្ត្រសាកលវិទ្យាល័យពុទ្ធិសាស្ត្រ៖ នី ច័ន្ទសីហា ហេន ថារី អេង ស៊ីវម៉ីយ លី សុដាលីន តាង សុវណ្ណារ័ត្ន អុឹង ហ៊ុយឃីម ជា ស៊ីនកែវ សំអែល អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top