-
Jun 26, 2017
|
-
7 ឆ្នាំមុន
|
-
5.4K មើល
ភាគច្រើន ពលរដ្ឋមិនមានទម្លាប់ទៅជួបគ្រូពេទ្យពេលមានជំងឺគ្រុនផ្តាសាយនោះទេ ពីព្រោះពួកគាត់គិតថា វាជារឿងធម្មតា ហើយជារឿយៗ វានឹងបាត់ទៅវិញ ដោយខ្លួនឯង ក្នុងរយៈពេលពីរបីថ្ងៃ។ ក្នុងករណីមួយចំនួន ពួកគាត់អាចប្រើប្រាស់ថ្នាំដែលមាននៅក្នុងផ្ទះ ឬទៅឱសថស្ថាន រកទិញថ្នាំពីរបីលេបប៉ុណ្ណោះ។
យ៉ាងណាមិញ ក៏មានពលរដ្ឋមួយចំនួនទៀតប្រញាប់ទៅមន្ទីរពេទ្យ ឬជួបវេជ្ជបណ្ឌិតរបស់គេផងដែរ ពេលមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន ដោយសារជំងឺគ្រុនផ្តាសាយ។ ប៉ុន្តែជាទូទៅ ដំបូន្មាននានាមិនសូវជាមានប្រសិទ្ធភាពប៉ុន្មានទេ សម្រាប់ជំងឺមួយនេះ ហេតុអ្វីទៅ?
មនុស្សគ្រប់គ្នាគិតថាផ្តាសាយ គឺជារឿងធម្មតា ស្រាល ហើយនឹងជាវិញដោយខ្លួនឯងក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ វាមិនអញ្ចឹងទាំងអស់នោះទេ!
ជំងឺផ្តាសាយ អាចធ្វើឲ្យអ្នកមិនស្រួលក្នុងរាងកាយ ខ្សោយកម្លាំង ចុកចាប់ពេញខ្លួន គ្រុនក្តៅ ហើយគ្មានអារម្មណ៍ធ្វើអ្វីនោះទេ។ ប៉ុន្តែនៅពេលដែលអ្នកសម្រាក ញ៉ាំអាហារ និងទឹកឲ្យបានច្រើន ជាធម្មតាវានឹងបាត់ទៅវិញដោយខ្លួនឯង។ ដូច្នេះហើយ អ្នកមិនចាំបាច់ទៅជួបវេជ្ជបណ្ឌិតឡើយ។
ទោះបីជាយ៉ាងណា វីរុសជំងឺគ្រុនផ្តាសាយមួយចំនួនអាចទៅបំផ្លាញប្រព័ន្ធការពាររាងកាយរបស់យើង ហើយវិវត្តទៅជាជំងឺរលាកសួត ដែលជាហេតុធ្វើឲ្យអ្នកជំងឺ មានសភាពធ្ងន់ធ្ងរ រហូតពេលខ្លះ អាចធ្វើឲ្យអ្នកជំងឺស្លាប់ទៀតផង។ ជាការពិត រៀងរាល់ឆ្នាំ ពលរដ្ឋអាមេរិចពី ២០,០០០ ទៅ៤០,០០០នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺគ្រុនផ្តាសាយនេះ។
គួរបញ្ចាក់ផងដែរថា ពេលលោកអ្នកមានជំងឺគ្រុនផ្តាសាយ សូមប្រញាប់ទាក់ទងទៅគ្រូពេទ្យរបស់អ្នក ក្នុងករណីដែលអ្នក ៖
· មានអារម្មណ៍ថា ពិបាកដកដង្ហើម
· ចាប់ផ្តើមក្អកមានស្លេស្មពណ៌លឿង បៃតង ឬត្នោតចាស់
· ឈឺក្នុងទ្រូងខ្លាំង នៅពេលដកដង្ហើមចូលជ្រៅៗ
· ឈឺក្នុងត្រចៀកខ្លាំងទៅៗ
· គ្រុនក្តៅលើសពី ៣៨ អង្សារសេ
· ឈឺក្បាលមិនបាត់៕
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក