- Apr 21, 2017 |
- 7 ឆ្នាំមុន |
- 3.4K មើល
របៀបញ៉ាំអាចកំណ់តថាអ្នកអាចមានមុន ឬក៏អត់បាន
អាហារល្អៗជាច្រើនសម្រាប់ញ៉ាំដើម្បីសុខភាព និងល្អសម្រាប់មុខមុន ប៉ុន្តែការញ៉ាំអាហារដ៏ត្រឹមត្រូវមិនមែនត្រឹមតែជាអ្វីដែលអ្នកគួរញ៉ាំនោះទេ តែក៏ជារបៀបនៃការញ៉ាំផងដែរ។ អ្នកបានដឹងមកហើយអំពីអាហារដែលត្រូវញ៉ាំ តែរបៀបញ៉ាំនេះក៏មិនមែនជារឿងតូចតាចដែរ បើសិនជាមុនរបស់អ្នកហាក់នៅតែរឹងទទឹងមិនបាត់ទៅណា។ 1. រំលងអាហារពេលព្រឹក ការរំលងអាហារពេលព្រឹក ធ្វើឲ្យកំឡុងពេលរវាងអាហារឃ្លាតឆ្ងាយពីគ្នាពេក ជម្រុញឲ្យមានការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាមមិនទៀងទាត់ដែលជះឥទ្ធិពល លើការផលិតអាំងស៊ុយលីន បន្ទាប់មកក៏នាំឲ្យកើតមានជាការរលាក ស្បែកឡើងខ្លាញ់ និងការស្ទះរន្ធរោមដែលសុទ្ធតែជាដើមចមនៃការកើតមុន។ ម្យ៉ាងទៀត ការខកខានអាហារនៅពេលណាមួយ ជាពិសេសគឺពេលព្រឹកក៏នាំឲ្យមានការបញ្ចេញនូវអ័រម៉ូនស្រេ្តស cortisol ដែលជម្រុញឲ្យជាតិស្ករក្នុងឈាមឡើងចុះដូចគ្នា ដែលជាចលនករនៃយន្តការបង្កការកើតមុនដូចខាងលើដែរ។ យកល្អគឺត្រូវញ៉ាំអាហារពេលព្រឹកនៅមួយម៉ោងក្រោយពីក្រោកពីគេង ហើយបន្ទាប់មកគឺត្រូវដាក់គម្លាតអាហារ និងចំណីផ្សេងទៀតប្រហែល៤ម៉ោងបន្ទាប់។ គួរកត់សម្គាល់ដែរថា កាហ្វេនៅពេលព្រឹកមិនអាចជួយអ្វីបានឡើយ ហើយវាក៏អាចធ្វើឲ្យមានការបញ្ចេញអ័រម៉ូនស្ត្រេសទៀតផង។ 2. កុំសម្អាតតែមុខ ត្រូវសម្អាតពីខាងក្នុងតែម្តង សំខាន់ខ្លាំងណាស់ក្នុងការសម្អាតរាងកាយរបស់អ្នកស្អាតតាំងពីខាងក្នុងដើម្បីឲ្យវាដំណើរការបានល្អប្រសើរ។ ជាក់ស្តែង កាលណាមានសារធាតុកកស្ទះនៅក្នុងរាងកាយស្បែកគឺជាសរីរាង្គសម្រាប់បញ្ចេញសារជាតិពុលនោះ ដែលធ្វើឲ្យស្បែកត្រូវរងសម្ពាធ និងរងការប៉ះពាល់។ ដើម្បីធានាសម្អាតពោះវៀនជាប្រចាំ អ្នកត្រូវបញ្ចូលជាតិទឹក យ៉ាងហោច១.៥លីត្រក្នុងមួយថ្ងៃ បន្លែ និងផ្លែឈើចម្រុះ ថែមគ្រាប់ធញ្ញជាតិ ពពួកកាបូហាយដ្រេត សណ្តែក ប្រូតេអីុន សារធាតុសរសៃ ក៏ដូចជាពពួកប្រ៊ីបាយអូទិច ដែលអាចជួយសម្អាតពោះវៀន និងបញ្ចេញអ័រម៉ូនបានល្អ។ 3. បំប៉នអ័រម៉ូនរបស់អ្នក តាមដានដំណើរការនៃអ័រម៉ូនរបស់អ្នកអាចជួយកាត់បន្ថយការលេចឡើងនៃមុន។ ទាំងនេះអាចជួយបានតាមរយៈការញ៉ាំបន្លែដូចជា ប្រូខូលី ស្ពៃក្តោបបន្លែមានពណ៌ទឹកក្រូច ក្រហម និងស្វាយជាដើម ដែលវាជួយរក្សាលំនឹងអ័រម៉ូនរបស់អ្នក។ យ៉ាងណាមិញ អ្នកត្រូវប្រាកដថា អ្នកគ្រាន់តែចម្អិនវាក្នុងរយៈពេលខ្លីល្មមប៉ុណ្ណោះ ដើម្បីធានាថាសារធាតុចិញ្ចឹម និងវីតាមីនរបស់វាអាចរក្សាបាន។ 4. បង្អត់ខ្លួនឯង រួចញ៉ាំលើសលប់នៅពេលក្រោយ ប្រហែលនឹងខាងលើ ការបង្អត់ ឬរំលងអាហារណាមួយ ក្រៅពីបង្កឲ្យមានឥទ្ធិពលលើជាតិស្ករ និងអ័រម៉ូនស្ត្រេស តែវាក៏បង្កឲ្យអ្នកអាចញ៉ាំលើសលប់នៅពេលក្រោយបានផងដែរ បន្ទាប់មកវាអាចធ្វើឲ្យមានការរលាកនិងក្លាយជាមុនបាន។ ជំនួសមកវិញ អ្នកអាចបរិភោគចំណីទ្រាប់ពោះ ដែលផ្តល់សុខភាពល្អដើម្បីគ្រប់គ្រងភាពស្រេកឃ្លានរបស់អ្នក។ 5. ឈប់បង្ហើយអាហារ ជារឿយៗអ្នកបង្ខំបង្ហើយអាហារទាល់តែអស់ បើទោះបីជាអ្នកឆ្អែតហើយក៏ដោយ ដែលជាលទ្ធផលក៏បង្កការរលាកដោយសារតែការញ៉ាំលើសលប់នេះឯង។ នៅពេលនេះ អ្នកដឹងទាំងអ្វីដែលត្រូវញ៉ាំ អ្វីមិនត្រូវញ៉ាំព្រមទាំងការញ៉ាំរបៀបណាផងដែរ ហើយការញ៉ាំដ៏ត្រឹមត្រូវសម្រាប់សុខភាព និងមុខមុន មិនគួរត្រូវបានអូសបន្លាយទៀតទេ ប្រសិនបើអ្នកចង់បានស្បែកមុខដែលស្រស់ថ្លាគ្មានមុន។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក