Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ស្របពេលដែលការស្រកទម្ងន់ជាគោលដៅដែលបុគ្គលមួយចំនួនចង់បាន តែវាក៏អាចប្រែទៅជាបញ្ហាដែលអ្នកត្រូវស្វែងរកហេតុផលដែលនៅពីក្រោយក្នុងករណីមានសញ្ញាលេចឡើងដូចជា បាត់បង់ចំណង់អាហារ ញ៉ាំធម្មតាតែទម្ងន់នៅតែស្រក និងបញ្ហាកម្របណ្តាលមកពីសុខភាពផ្លូvចិត្ត។  អ្វីគួរដឹង? ក្នុងលក្ខខណ្ឌទម្ងន់ខ្លួនស្រក តែមិនមានសញ្ញាថយចុះការញ៉ាំ ឬកាន់តែឃ្លានខុសពីធម្មតា អាការៈនេះអាចជាប់ទាក់ទង៖ - ជំងឺទឹកនោមផ្អែម៖ អ្នកជំងឺអាចស្រេកទឹកខ្លាំង ឬបត់ជើងតូចច្រើន - ជំងឺទាក់ទងនឹងក្រពេញទីរ៉ូអុីត (Hyperthyroidism)៖ អ្នកជំងឺអាចមានអាការៈញ័រ - វិបត្តិការស្រូបជីវជាតិ៖ ជាលទ្ធផលបណ្តាលមកពីជំងឺរលាកពោះវៀន ឬរលាកលំពែងរ៉ាំរ៉ៃ - ភាពប្រែប្រួលនៃមុខងាររាងកាយ ដោយការប្រើប្រាស់សារធាតុមួយចំនួនច្រើនហួសប្រមាណដូចជា៖ កាហ្វេ ឬសារធាតុអាល់កុលជាដើម។ ក្នុងលក្ខខណ្ឌការថយចុះចំណង់អាហារកើតមានឡើងខុសប្រក្រតី អាចជាលទ្ធផលនៃ៖ - ប្រភេទជំងឺធ្ងន់ធ្ងរដូចជា៖ មហារីក អេដស៍ មហារីកថ្លើមដំណាក់កាលចុងក្រោយ រលាកថ្លើមរ៉ាំរ៉ៃ ឬការចុះខ្សោយប្រព័ន្ធដង្ហើម - បញ្ហាផ្លូវចិត្តណាមួយ។ អ្វីគួរធ្វើ? ការស្វែងរកការប្រឹក្សា និងព្យាបាលត្រូវបានណែនាំប្រសិនការថយចុះទម្ងន់កើតឡើងក្នុងករណីណាមួយដូចខាងលើ ប៉ុន្តែក្នុងពេលជាមួយគ្នាអ្នកអាច៖ - ផ្លាស់ប្តូររបបចំណីអាហារ - បន្ថែមជាតិហិរក្នុងអាហាររបស់អ្នក - ជ្រើសរើសប្រភេទអាហារដែលល្អសម្រាប់សុខភាព។ មិនមានឱសថណាជាក់លាក់សម្រាប់បង្កើនការញ៉ាំអាហារនោះទេ តែគេសង្កេតឃើញមានការប្រើប្រាស់៖ - ឱសថក្នុងក្រុម Antihistaminiques H1៖ មានឈ្មោះ Doxylamine ដែលជាប្រភេទឱសថមានលក្ខណៈអាចជំរុញឲ្យមានការបរិភោគអាហារឡើងវិញ តែវាក៏អាចបង្កជាផលរំខានធ្វើឲ្យមានអាការៈងងុយផងដែរ។ ប្រសិនទម្ងន់ខ្លួនថយចុះ តែមិនមានអាការៈធីងធោងអ្នកអាចប្រើប្រាស់៖ - ឱសថចម្រាញ់ពីលម្អង Sthénorex៖ អាចប្រើបាន ៣គ្រាប់ក្នុងមួយថ្ងៃ - ឱសថចម្រាញ់ចេញពីសណ្តែកប្រភេទ Fenugrec៖ មានឈ្មោះ Fénugrène (Aérocid) ដែលអាចប្រើបានម្តង ២គ្រាប់ ពីរទៅបីដងក្នុងមួយថ្ងៃ។ ចំពោះមនុស្សពេញវ័យ ដែលមានទំនោរខ្លាំងក្នុងការចង់សម្រកទម្ងន់ អាចជាប់ពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវចិត្ត ដែលនាំឲ្យរាងកាយរបស់ពួកគេអាចមានការប្រែប្រួលស្តែងចេញដូចជា៖ - ទម្ងន់ស្រកលឿន (ជាពិសេសនៅតំបន់មុខ ឬដៃ) - មានបញ្ហារាំងរដូវ - ទល់លាមក។ គួរបញ្ជាក់ថា ការថយចុះទម្ងន់ដែលបណ្តាលមកពីបញ្ហាផ្លូវចិត្តអាចជាជំងឺធ្ងន់ធ្ងរ និងពិបាកព្យាបាល ដែលទាមទារឲ្យមានការចូលរួមពីសំណាក់គ្រូពេទ្យផ្នែកចិត្តសាស្រ្តក្នុងការកែប្រែស្ថានភាពជំងឺឲ្យបានប្រសើរឡើង។ ប្រភពយោង៖ Le vademecum de la Médication officinale ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

តើអ្នកមានដឹងទេថា សូម្បីតែសរីរាង្គសួតរបស់អ្នកក៏ត្រូវការលំហាត់ប្រាណដើម្បីសុខភាពដែរ? ដោយហេតុថាសួតមានមុខងារសំខាន់ក្នុងការបញ្ជូនអុកស៊ីសែនពីបរិយាកាសខាងក្រៅចូលទៅក្នុងចរន្ដឈាម និងបញ្ចេញនូវឧស្ម័នកាបូនិកទៅក្នុងបរិយាកាស។ ដូចនេះ ហេលស៍ថាម ប្រូ សូមណែនាំនូវលំហាត់ប្រាណដែលជួយដល់សុខភាពសួតរបស់អ្នកឲ្យកាន់តែប្រសើរ និងរឹងមាំ៖ • Aerobic៖ ការធ្វើលំហាត់ប្រាណតាមបែប Aerobic អាចធ្វើបានច្រើនវិធីសាស្រ្ត ឬច្រើនរបៀបដើម្បីបង្កើនសមត្ថភាពរបស់កោសិកាសួតនិងបេះដូងរបស់អ្នកសម្រាប់ការស្រូបយកអុកស៊ីសែន និងជួយសម្រួលដល់ការដកដង្ហើមផងដែរ ដោយហេតុថាវាអាចជួយធ្វើឲ្យសាច់ដុំធំៗក្នុងរាងកាយធ្វើការក្នុងចង្វាក់ស៊ីមេទ្រីគ្នា។ ផ្ទុយទៅវិញ វាក៏ជួយកាត់បន្ថយនូវភាពអស់កម្លាំង បង្កើនភាពរឹងមាំ ជួយជំរុញ ឬពង្រឹងកោសិកាសួត និងបេះដូងឲ្យមានសុខភាពល្អ ព្រមទាំងជួយការគ្រប់គ្រងទម្ងន់ បង្កើនកាល់ឡូរីដែលរាងកាយប្រើប្រាស់។ ដូច្នេះ យ៉ាងហោចណាស់អ្នកគួរចំណាយពេលត្រឹមតែ ២០នាទីជារៀងរាល់ថ្ងៃ ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត។ គួរបញ្ជាក់ថាការធ្វើលំហាត់ប្រាណតាមបែប Aerobic រួមមានការដើរ ការជិះកង់ និងការរត់ជាដើម។ • Abdominal Breathing៖ ថ្វីត្បិតការធ្វើលំហាត់ប្រាណបែបនេះស្តាប់ទៅសាមញ្ញ តែវាអាចជួយបង្កើនសមត្ថភាព និងពង្រឹងសរីរាង្គសួតឲ្យមានសុខភាពល្អ មិនចាញ់ការធ្វើលំហាត់ប្រាណផ្សេងទៀតឡើយ។ លើសពីនេះ វាក៏ជួយដល់លំហូរឈាមក្នុងរាងកាយ និងសម្រួលក្នុងការដកដង្ហើមផងដែរ។ អ្នកគ្រាន់តែគេងនៅលើកម្រាលរាបស្មើ ដោយយកដៃម្ខាងដាក់លើពោះដៃម្ខាងដាក់លើដើមទ្រូង យកខ្នើយដាក់ទ្រនៅចំជង្គង់របស់អ្នករួចធ្វើការដកដង្ហើមចូលឲ្យវែងរយៈពេល៧វិនាទី បន្ទាប់មកធ្វើការដកដង្ហើមចេញយឺតៗ ធ្វើបែបនេះសារចុះសារឡើងឲ្យបាន១០ដង។ ត្រឹមតែ ៥នាទីជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសុខភាពសួត និងបេះដូងរបស់អ្នកកាន់តែល្អ និងគ្មានជំងឺ។ • Rib Stretch៖ អ្នកធ្លាប់សាកល្បងធ្វើលំហាត់ប្រាណបែបនេះហើយឬនៅ? វាពិតជាប្លែក ហើយថែមទាំងអាចជួយកាត់បន្ថយនូវភាពតានតឹង ស្ត្រេស ជាពិសេសជួយពង្រឹងសមត្ថភាពសួត និងបេះដូងរបស់អ្នកឲ្យមានសុខភាពល្អផងដែរ។ ផ្ទុយទៅវិញការធ្វើលំហាត់ប្រាណបែបនេះត្រូវធ្វើការជ្រើសរើសទីតាំង ឬទីកន្លែងដែលមានទេសភាពស្រស់បំព្រងស្ងប់ស្ងាត់ អាកាសធាតុល្អ រួមជាមួយវាលស្មៅខៀវខ្ចី នោះនឹងធ្វើឲ្យអ្នកកាន់តែធ្វើបានយ៉ាងមានប្រសិទ្ធភាព។ ជំហានដំបូង អ្នកត្រូវឈរដោយលាដៃសន្ធឹងឲ្យស្របនឹងដងខ្លួន និងរក្សាខ្នងឲ្យត្រង់ ឬយកដៃទាំងពីរសង្កត់នៅលើឆ្អឹងជំនីរទាំងសងខាង បន្ទាប់មកធ្វើការដកដង្ហើមចូលរយៈពេល ១០ ទៅ១៥វិនាទី ទើបដកដង្ហើមចេញយឺតៗមកវិញ។ អ្នកគ្រាន់តែយកដៃទាំងពីរមកច្រត់លើចង្កេះរបស់អ្នកហើយធ្វើការបង្វិលទៅស្តាំបន្តិច ទៅឆ្វេង ៤ ទៅ៥ដងដើម្បីសម្រួលដល់លំហូរឈាម និងដកដង្ហើមបានកាន់តែប្រសើរ។ អ្នកអាចអនុវត្តលំហាត់ប្រាណបែបនេះពីរ ទៅបីដងក្នុងមួយថ្ងៃ ដោយធ្វើមួយដង រយៈពេល ២ ទៅ៥នាទីជាការស្រេច។ • ការហែលទឹក៖ សកម្មភាពលំហាត់ប្រាណមួយដ៏ល្អបំផុត សម្រាប់មនុស្សគ្រប់រូប មិនថាបុរស ឬស្រ្តីក្មេង ឬចាស់នោះទេ សុទ្ធតែអាចធ្វើបានទាំងអស់។ ការធ្វើលំហាត់ប្រាណហែលទឹកមានសារប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពរបស់អ្នក ពិសេសសុខភាពសួត និងបេះដូង ដោយអាចជួយលើកកម្ពស់ការដកដង្ហើមឲ្យបានធូរស្រាល ពីព្រោះសកម្មភាពនៃការហែលទឹកបានរួមបញ្ចូលការបន្សាំនៃការប្រើប្រាស់អុកស៊ីសែនពេលរាងកាយស្ថិតនៅក្រោមទឹក។ ម៉្យាងវិញទៀត វាក៏ជួយរក្សាបរិមាណខ្យល់នៅក្នុងសួត កាត់បន្ថយភាពតានតឹង លើកកម្ពស់ដំណើរឈាមរត់ឲ្យប្រសើរឡើង ព្រមទាំងធ្វើឲ្យអ្នកទទួលបានអារម្មណ៍រីករាយផងដែរ។ គួរកត់សម្គាល់ដែរថា ការថែរក្សាសុខភាពសួតឲ្យបានល្អ មិនស្ថិតនៅលើការទទួលទានអាហារដែលមានសារធាតុបំប៉នតែមួយមុខនោះទេ ប៉ុន្តែត្រូវគួបផ្សំជាមួយការធ្វើលំហាត់ប្រាណផងដែរ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ភាពឈឺចាប់ ឬក្រហល់ក្រហាយជាធម្មតាក្នុងពោះបណ្តាលមកពីការរលាកក្រពះតិចតួចអាចនឹងត្រូវបំបាត់បានតាមរយៈការប្រើប្រាស់ឱសថប្រឆាំងការបញ្ចេញជាតិអាស៊ីត (Antacids) យ៉ាងណាមិញចំពោះអាការៈជំងឺដែលកើតមានឡើងមិនធម្មតា ឬថ្មីៗ អ្នកជំងឺគួរស្វែងរកការពិនិត្យឲ្យបានត្រឹមត្រូវ។ អ្វីគួរដឹង? ជាទូទៅ អាការៈក្រហល់ក្រហាយ ភាគច្រើនជាសញ្ញាដាស់តឿនពាក់ព័ន្ធទៅនឹងបម្រែបម្រួលមុខងារក្រពះពោះវៀន ភ្នាសបំពង់អាហារ ដែលបង្កឡើងពីជំងឺដំបៅភ្នាសក្រពះ ឬច្រាលទឹកអាស៊ីតក្រពះជាដើម។ ដោយឡែក ប្រសិនសញ្ញាឈឺចាប់ណាមួយ ស្តែងឡើងរយៈពេលលើសពី ១០ថ្ងៃ មានសភាពធ្ងន់ធ្ងរបូករួមការថយចុះទម្ងន់ និងលាមកមានពណ៌ខ្មៅ នោះការពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិត ឬវេជ្ជបណ្ឌិតជំនាញផ្នែកក្រពះពោះវៀនគួរត្រូវបានណែនាំ។  អ្វីគួរធ្វើ? ប្រសិនស្ថានភាពឈឺចាប់ ឬក្រហាយកើតមានឡើងភ្លាមៗ អ្នកជំងឺអាចណែនាំឲ្យប្រើប្រាស់៖ ប្រភេទឱសថរួមបញ្ចូលសារធាតុអាលុយមីញ៉ូមអ៊ីដ្រុកស៊ីត និងអំបិលម៉ាញ៉េស្យូម  ដែលមានសមត្ថភាពទៅបិតលើភ្នាសក្រពះ គ្មានការស្រូបចូល និងត្រូវបញ្ចេញចោលតាមលាមកនៅពេលអស់ប្រសិទ្ធភាព ដូចជា៖ • Maalox (Théraplix) • Phosphalugel (Yamanouchi Pharma)៖ ស្ថិតក្នុងទម្រង់ជាជែល អាចប្រើបាន ២ស្លាបព្រាបាយ ឬ ១កញ្ចប់ បន្ទាប់ពីអាហារ។ ឬអាចប្រើប្រាស់ឱសថប្រឆាំងការចេញអាស៊ីតពីក្រពះ ប្រភេទ Anti H2 ដែលមាន៖ • Cimétidine៖ អាចមានឈ្មោះ Stomédine 200mg ប៉ុន្តែវាអាចបង្កជាផលរំខានមួយចំនួន និងមានអន្តរកម្មឱសថក្នុងលក្ខខណ្ឌណាមួយ • Famotidine៖ អាចមានឈ្មោះ Pepcidac ដោយអាចប្រើម្តង ១គ្រាប់ នៅពេលឈឺចាប់ភ្លាមៗ ឬនៅមុនពេលគេង តែចៀសវាងប្រើប្រាស់លើសពី ២ គ្រាប់ក្នុងមួយថ្ងៃ (សម្រាប់មនុស្សពេញវ័យ)។ ប្រសិនអាការៈស្តែងចេញជាជំងឺច្រាលទឹកអាស៊ីតក្រពះ អាចណែនាំឲ្យប្រើប្រាស់ឱសថប្រភេទពាសក្រពះ ដែលមានសារធាតុរួមបញ្ចូលនូវម្សៅ Baking Soda និង Alginate ដែលមានឈ្មោះ៖ Gaviscon (Smithkline Beecham)៖ ក្នុងកម្រិត ១កញ្ចប់ ឬ២ស្លាបព្រាកាហ្វេ អំឡុងពេលអាហារ ៣ពេល។ ត្រូវប្រាកដថាអាការៈក្រហល់ក្រហាយដែលកើតមានឡើង មិនជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ឱសថប្រភេទ Corticoïde ឱសថបំបាត់ការឈឺចាប់ (Antalgique) ឬឱសថក្នុងក្រុម Anti-inflammatoire non stéroïdien ដែលក្នុងករណីបែបនេះ   ត្រូវជួបព្យាបាលជាមួយវេជ្ជបណ្ឌិតជាបន្ទាន់។ ប្រភពយោង៖ Le vademecum de la Médication officinale ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ពុលឡានគ្មានថ្ងៃស្បើយ ចង់ក្អួតបន្តិច ចង្អោរបន្តិច ពិបាកទ្រាំក្នុងខ្លួនពេកពន់ ទំរាំដល់ទិសដៅម្តងៗសឹងតែវារចេញពីឡានអ្នកខ្លះក៏ប្រើថ្នាំជាប្រចាំពេលធ្វើដំណើរម្តងៗ រីឯអ្នកខ្លះទៀតទោះបីថ្នាំប្រភេទណាក៏នៅមិនអាចជួយបាន……… តាមពិតទៅអ្វីដែលអ្នកញ៉ាំជាកត្តាចម្បងមួយដែលជះឥទ្ធិពលដល់អ្នកក្នុងពេលនេះ ដូច្នេះប្រហែលជាគន្លឹះមួយចំនួនដូចខាងក្រោមអាចជួយលោកអ្នកបាន៖ * អាហារគួរទទួលទាន ការធ្វើដំណើរភាគច្រើនគឺតម្រូវឲ្យអ្នកអង្គុយយូរ និងមិនសូវមានចលនានោះទេ ដូច្នេះប្រភេទអាហារដែលអ្នកគួរបរិភោគត្រូវតែជាអាហារដែលផ្តល់ជាតិទឹកបានច្រើន ផ្តល់ថាមពលបានយូរ ស្រួលរំលាយ  និងភ្ញោចប្រព័ន្ធភាពស៊ាំរបស់អ្នកឲ្យបានល្អ ក្នុងនោះមានដូចជា៖ មុនពេលចេញដំណើរ និងអំឡុងពេលធ្វើដំណើរ - ផ្លែក្រូច ផ្លែប៊ឺរី គីវី ឬទំពាំងបាយជូរជាប្រភេទផ្លែឈើសម្បូរដោយវីតាមីន C ជួយដល់ប្រព័ន្ធភាពស៊ាំការពាររាងកាយ - ត្រសក់ ស្ពៃ ឬស្ពៃក្តោប ការ៉ុតស្រស់ ស្រ្តូបឺរី  ឪឡឹក និងម្នាស់ ដែលពោរពេញដោយជាតិទឹកយ៉ាងច្រើន - ដំឡូងជ្វា ឬដំឡូងលឿង ដែលមិនធ្វើឲ្យកម្រិតជាតិស្ករឡើងខ្ពស់ខ្លាំងក្នុងឈាម និងឲ្យអ្នកអាចឆ្អែតបានយូរ និងសម្បូរទៅដោយវីតាមីន A C B6 ម៉ាញ៉េស្យូម និងប៉ូតាស្យូម - ផ្លែប័រ ផ្ទុកនូវខ្លាញ់មិនឆ្អែត វីតាមីន E B ប៉ូតាស្យូម អាស៊ីតហ្វូលិក ដែលសុទ្ធជាសារធាតុមានប្រយោជន៍ចំពោះសុខភាពអ្នក - ក្រៅពីនេះក៏មានអាហារ និងភេសជ្ជៈផ្សេងទៀតដូចជា ប្រភេទផ្លែឈើស្ងួត តំណាប់ ទំពាំងបាយជូរគ្រាប់ធញ្ញជាតិ រួមមាន គ្រាប់អាល់ម៉ុន ឬគ្រាប់ស្វាយចន្ទី អង្ករសម្រូប បូករួមជាមួយការពិសាទឹកដោះគោ ទឹកដូង និងញ៉ាំទឹកឲ្យបានច្រើន។ បន្ទាប់ពីធ្វើដំណើរ - បរិភោគតែភេសជ្ជៈ និងអាហារក្តៅៗ ដែលចម្អិនបានល្អ និងមានអនាម័យព្រោះវាអាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺទាំងឡាយដល់អ្នកបាន - បរិភោគអាហារ ភេសជ្ជៈដែលវេចខ្ចប់ និងបិទជិតល្អ ដែលលក្ខខណ្ឌនេះនឹងមិនបង្កឲ្យមានមេរោគ ឬការបំផ្លាញណាមួយធ្វើឲ្យខូចគុណភាពផលិតផលនិងប៉ះពាល់ដល់អ្នកនោះទេ - រក្សាអនាម័យស្អាតមុនបរិភោគអាហារ ជាអ្វីដែលអ្នកមិនត្រូវភ្លេចអំឡុងពេលនេះ ទាំងការលាងដៃឲ្យស្អាតមុនចាប់កាន់ចំណីអាហារ និងក្រោយបន្ទោបង់ - បន្ថែមពីនេះ អ្នកក៏គួរស្វែងរកភោជនីយដ្ឋាន ឬហាងអាហារណាដែលមានស្តង់ដា និងអនាម័យល្អផងដែរ។ * អាហារមិនគួរទទួលទាន មុនពេល អំឡុងពេល និងក្រោយពេលធ្វើដំណើររាងកាយរបស់អ្នកមានភាពប្រែប្រួល ពិសេសធ្វើឲ្យអ្នកពិបាកក្នុងការរំលាយអាហារ។ ការញ៉ាំអាហារច្រើនពេកនឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលអាចក្អួត ដូច្នេះ អ្នកចាំបាច់ត្រូវដឹងនូវប្រភេទអាហារដែលអ្នកគួរចៀសវាងដូចខាងក្រោម៖ មុនពេលចេញដំណើរ និងអំឡុងពេលធ្វើដំណើរ - ដំឡូងបំពង នំប៉័ង គ្រាប់ធញ្ញជាតិកំប៉ុងរសជាតិផ្អែមពេក ឬអាហារបំពង ដែលជាប្រភេទអាហារប្រៃ ឬអាហារកំប៉ុងសម្បូរសូដ្យូមអាចធ្វើឲ្យអ្នកខ្សោះជាតិទឹក និងហើមពោះ - សូដា កូកាកូឡា ភេសជ្ជៈសម្បូរហ្គាសនឹងបណ្តាលឲ្យអ្នកមានអារម្មណ៍ហើមពោះកាន់តែខ្លាំង - សណ្តែក ស្ថិតក្នុងប្រភេទអាហារដែលបណ្តាលឲ្យមានការបង្កើតជាឧស្ម័នក្នុងពោះ - កាហ្វេ អាចបណ្តាលឲ្យអ្នកមានអារម្មណ៍ធីងធោង ឈឺក្បាល បេះដូងលោតញាប់ ហើយឧស្សាហ៍បត់ជើងតូចដែលអាចនឹងធ្វើឲ្យអ្នកបាត់បង់ជាតិទឹកកាន់តែច្រើនពេលអ្នកធ្វើដំណើរ - ប្រភេទអាហារផ្សេងទៀតមានដូចជា ខ្ទឹមបារាំងស្រូវសាលី ប្រូខូលី ប៉ោម តែ និងស្រាក៏មិនគួរញ៉ាំដែរ។ បន្ទាប់ពីធ្វើដំណើរ - ទឹកមិនឆ្អិន ឬទឹកកក - បន្លែស្រស់ - ផ្លែឈើមិនបានលាងទឹក និងចិតសម្បកចេញ - អាហារតាមចិញ្ចើមផ្លូវជាដើម។ សង្ឃឹមថាការធ្វើដំណើររបស់អ្នកចាប់ពីពេលនេះនឹងកាន់តែរីករាយ រលូន មានសុវត្ថិភាព និងប្រកបដោយសុខភាពល្អ.... ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

បំណងប្រាថ្នាឆ្នាំថ្មី ដែលគ្រប់គ្នាតែងនិយាយថា New Year Resolution គឺជាបំណងប្រាថ្នាដែលយើងចង់ធ្វើវាយូរហើយ តែធ្វើមិនបាន ឬមិនបានធ្វើតែម្តង។ វាអាចជាបំណងដែលសល់ពីឆ្នាំចាស់ ឬបំណងថ្មីៗទើបនឹងកើតក្នុងចិត្តយើងគ្រប់គ្នា ប៉ុន្តែសួរថាវាសំខាន់អត់? គួរតែមានឬអត់? ចម្លើយគឺវាអាស្រ័យលើខ្លួនអ្នកហ្នឹងហើយ! តាមពិតទៅនរណាៗក៏មានក្តីស្រមៃ សុបិន្ត និងបំណងប្រាថ្នាដែរ ប៉ុន្តែវាអាស្រ័យលើថាតើអ្នកនឹងឲ្យតម្លៃ និងព្យាយាមដើរទៅមុខឈោងចាប់វា ឬអត់។ បំណងប្រាថ្នាឆ្នាំថ្មីជាការសន្យាមួយដែលមនុស្សម្នាក់ធ្វើសម្រាប់ឆ្នាំថ្មី ហើយមិនថាអ្នកប៉ងចង់បាន ឬធ្វើនោះអ្វីទេ ក៏គោលដៅរបស់វាគឺដើម្បីកែលម្អជីវិតឲ្យកាន់តែប្រសើរ និងមានន័យនៅក្នុងឆ្នាំខាងមុខនេះ។ ការតាំងចិត្ត ទាំងនោះអាចមាននៅក្នុងទម្រង់ជាច្រើន តួយ៉ាងអ្នកខ្លះសន្យាថានឹងផ្លាស់ប្តូរទម្លាប់អាក្រក់ដូចជាឈប់ជក់បារី ឬញ៉ាំអាហារមិនល្អសម្រាប់សុខភាព ឯអ្នកខ្លះទៀតសន្យាថានឹងបង្កើតទម្លាប់វិជ្ជមាន ដូចជាការចាប់ផ្តើមកម្មវិធីហាត់ប្រាណ ឬការចូលធ្វើការងារស្ម័គ្រចិត្តនៅក្នុងសហគមន៍ជាដើម ដែលវាអាស្រ័យលើអ្វីដែលមនុស្សម្នាក់ៗបានតាំងចិត្ត និងចង់សម្រេចឲ្យបាន។ មូលហេតុចម្បងដែលមនុស្សមួយចំនួនមិនមានបំណងប្រាថ្នាសម្រាប់ឆ្នាំថ្មី គឺភាគច្រើនពួកគេប្រហែលធ្លាប់បរាជ័យក្នុងការរក្សាវា ឬពិបាកធ្វើឲ្យវាកើតឡើងតាមបំណង  ប៉ុន្តែ បើទោះជាយ៉ាងណាក៏ដោយ បំណងទាំងនោះគួរតែត្រូវបានធ្វើឡើង ក្រោមហេតុផលខាងក្រោម៖ •​ យកឈ្នះលើខ្លួនឯងបានតាមរយៈការបង្កើតបំណងទាំងនោះ ដោយបញ្ឈប់ទម្លាប់មិនល្អ ឬចាប់ផ្តើមធ្វើរឿងដែលយើងចូលចិត្តតែមិនបានធ្វើ ឬមិនធ្លាប់បានធ្វើជាដើម • ពិនិត្យចំណុចខ្វះខាតរបស់ខ្លួនឯង និងធ្វើខ្លួនឲ្យល្អប្រសើរជាងមុន • ដាស់តឿនអ្នករាល់ថ្ងៃឲ្យក្រោកពីគេង ហើយបន្តដំណើរស្វែងរកអ្វីដែលអ្នកប៉ងប្រាថ្នាកន្លងមក • ជួយឲ្យអ្នកមានអារម្មណ៍ល្អ និងមោទនភាព ពេលសម្រេចវាបានជោគជ័យ • អ្នកនឹងទទួលបានអារម្មណ៍ថាខ្លួនឯងរស់នៅមានគោលដៅត្រូវសម្រេច និងសុទិដ្ឋិនិយមក្នុងជីវិត។ ចុះប្រសិនបើចង់ឲ្យបំណងបានសម្រេច តើអ្នកត្រូវធ្វើយ៉ាងម៉េចទៅ? ប្រាកដណាស់ ប្រសិនបើអ្នកគ្រាន់តែចង់ តែមិនធ្វើ ឬគិតថាធ្វើមិនបាន តើវានឹងសម្រេចបានយ៉ាងម៉េចទៅ! កុំបារម្ភ ប្រសិនបើអ្នកស្ថិតក្នុងកាលៈទេសៈនេះ ដោយហេតុថានៅមានដំណោះស្រាយខ្លះអាចជួយអ្នកបាន ទោះមិនមែន១០០% ក៏ដោយតែសំខាន់គឺនៅលើខ្លួនអ្នកថាតើអ្នកព្រមធ្វើតាម ឬអត់ទៀតប៉ុណ្ណោះ។ តោះនៅចាំអីទៀត អានវិធីខាងក្រោមសាកល៎មើល ក្រែងលអាចសម្រេចបំណងឆ្នាំថ្មីបាន៖ ១. ចាប់ផ្តើមពីបំណងតូចៗសិន មុននឹងសម្រេចបំណងធំបាន អ្នកគួរចាប់ផ្តើមពីបំណងតូចៗសិនផងដែរ។ ម៉្យាងទៀត នៅពេលអ្នកសម្រេចបំណងតូចៗបានជោគជ័យ វាអាចក្លាយជាកម្លាំជំរុញទឹកចិត្តឲ្យអ្នកអាចបន្តទៅសម្រេចបំណងធំបានកាន់តែមានប្រសិទ្ធិភាព។ លោកអ្នកអាចចាប់ផ្តើមសាកល្បងដោយកែប្រែទម្លាប់មិនល្អរបស់អ្នកជាមុនសិនដូចជា ការក្រោកពីព្រឹកព្រលឹម ហាត់ប្រាណ ទៅសាលា ឬទៅកន្លែងធ្វើការទាន់ម៉ោងជាដើម។ ២. កំណត់គោលដៅឲ្យច្បាស់លាស់ ឧទាហរណ៍ថាចង់សន្សំលុយ តើអ្នកសន្សំប៉ុណ្ណា? អ្នកគួរកំណត់ឲ្យច្បាស់ថាចង់សន្សំដើម្បីទិញរបស់អ្វីមួយ ហើយត្រូវសន្សំប៉ុន្មានក្នុងមួយថ្ងៃ មួយអាទិត្យ ឬមួយខែ ដូចជា បើម្តង១ម៉ឺន ៥ម៉ឺន ឬ១០ម៉ឺន ត្រូវច្បាស់លាស់ នោះនៅពេលអ្នកធ្វើតាម វានឹងកាន់តែមានប្រសិទ្ធិភាពជាងពេលដែលអ្នកមិនសូវមានគោលដៅច្បាស់លាស់ ឬមិនបានកំណត់ទុកសម្រាប់ខ្លួនឯង។ ៣. សរសេរគោលដៅទាំងនោះ ដឹងទេ! អ្នកដែលបានសរសេរគោលដៅ ឬបំណងប្រាថ្នាទាំងនោះ មានឱកាសក្នុងការសម្រេចបំណងជាងអ្នកមិនបានសរសេរ។ អ្នកអាចសរសេរវាក្នុងសៀវភៅណាមួយ ឬលើស្ទីកគ័របិទលើជញ្ជាំងក៏បាន ឲ្យតែបានសរសេរ និងរៀបរាប់គោលបំណងទាំងនោះ ដែលវាប្រៀបបាននឹងការចុះកុងត្រាជាមួយខ្លួនឯងដូច្នេះដែរ។ ៤. ប្រាប់អ្នកដទៃអំពីបំណងទាំងនោះ មិនមែនឲ្យដើរប្រាប់គេគ្រប់គ្នានោះទេណា៎! អ្នកគួរជ្រើសរើសនរណាដែលអ្នកទុកចិត្ត និងជាមនុស្សស្និទ្ធិស្នាល អាចជាមិត្តភក្តិ ឬក្រុមគ្រួសារ ហើយនិយាយប្រាប់គេអំពីបំណងប្រាថ្នា និងគោលដៅរបស់អ្នកក្នុងឆ្នាំថ្មីទាំងនោះ។ ការចែករំលែកបែបនេះក៏អាចជួយបានតាមរយៈថា គេអាចជាអ្នកជួយរំឭកអ្នកឲ្យខំប្រឹងសម្រេចបំណងទាំងនោះឲ្យបាន។ ៥. រស់នៅរាល់ថ្ងៃជាមួយគោលបំណងអ្នក ប្រសិនបើអ្នកហីៗ មិនអើពើ ឬមិនខ្វល់ជាមួយបំណងខ្លួនឯងផងតើវានឹងអាចទៅមុខបានយ៉ាងម៉េច? បង្កើតទំនាក់ទំនងអ្នកជាមួយនឹងពួកវាឲ្យបានស្អិតរមួត រហូតដល់អ្នកខ្វះវាមិនបាន ពិសេសរាល់ពេលក្រោកពីគេង និងមុនពេលចូលគេងរបស់អ្នក ហើយកុំយកឡេះ ដូចជាសុំសម្រាកបន្តិច គិតមិនចេញ អស់កម្លាំង អីហ្នឹងដឹងតែចប់ហើយ។ ៦. ជឿជាក់លើខ្លួនឯង កុំទាន់បាក់ទឹកចិត្ត ប្រសិនបើបំណងខ្លះនៅតែសម្រេចមិនបានក្នុងឆ្នាំកន្លងមក! ដាក់កម្រិតខ្លួនឯងឲ្យច្បាស់លាស់ ហើយទន្ទិញពាក្យថា «ខ្ញុំអាចធ្វើបាន»។ អ្នកនឹងមិនអាចសម្រេចវាបានទេ ប្រសិនបើអ្នកមិនជឿជាក់លើគោលបំណងខ្លួនឯង ហើយសូម្បីតែអ្នកខ្លួនឯងក៏គិតថាតើវាមិនអាចទៅរួចផងនោះ។ មិនថាអ្នកជាអ្នកណា មកពីណា ប្រសិនបើអ្នកគ្មានក្តីស្រមៃ និងបំណងប្រាថ្នាទេ ជីវិតអ្នកប្រៀបបាននឹងការរស់នៅកណ្តាសមុទ្រដ៏ធំល្វឹងល្វើយគ្មានត្រើយ។ តោះ! ឆ្នាំថ្មីជិតមកដល់មែនទែនហើយ តើអ្នកមានបំណងប្រាថ្នាសម្រាប់ឆ្នាំថ្មីហើយឬនៅ? បើមានហើយ សូមឲ្យបានសម្រេចដូចបំណងណា៎! តែបើមិនទាន់មាន ឆាប់រក និងសរសេរវាឲ្យហើយទៅ ប្រយ័ត្នភ្លេចបាត់! ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

សុខុមាលភាពសម្រាប់ជីវិតគឺជាភាពសុខស្រួល សុខភាពរឹងមាំ និងភាពសប្បាយរីករាយ ហើយវាមិនត្រឹមតែសម្រាប់ខាងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវារួមទាំងបញ្ញា និងស្មារតីផងដែរ។ អ្នកគួរតែចំណាយពេលខ្លះមកមើលថែទាំខ្លួនឯងឲ្យមានសុខភាពល្អ ទើបអ្នកអាចសម្រេចអ្វីៗបន្តទៀតបាន។ អ្នកទាំងអស់គ្នាប្រហែលជាមានការងាររវល់ជាច្រើនរៀងរាល់ថ្ងៃ ដូចនេះ យើងក៏បានលើកយកសកម្មភាពដែលអ្នកអាចធ្វើបាននៅចុងសប្ដាហ៍ ដើម្បីកែលម្អ និងថែរក្សាសុខុមាលភាព ទាំងរាងកាយ និងផ្លូវចិត្តរបស់អ្នកឲ្យកាន់តែប្រសើរជាងមុន។ ១. អានសៀវភៅ អ្នកធ្លាប់ឮទេថា ការអានសៀរភៅអាចផ្លាស់ប្តូរជីវិតអ្នកដោយនឹកស្មានមិនដល់? ប្រាកដណាស់ ទម្លាប់នៃការអាន ជាទម្លាប់ដ៏ល្អមួយ ហើយយ៉ាងហោចណាស់អ្នកគួរបង្កើតទម្លាប់ល្អមួយនេះ ក្នុងពេលសម្រាកផងដែរ ប្រសិនបើអ្នករវល់ខ្លាំងក្នុងថ្ងៃធម្មតា។ ការអាននឹងឲ្យអ្នកស្គាល់ និងរៀនចេះនូវអ្វី ដែលអ្នកមិនធ្លាប់ដឹងពីមុន រួមទាំងការហ្វឹកហាត់ខាងខួរក្បាល និងបញ្ញាឲ្យរីកលូតលាស់ផងដែរ។ អានសៀវភៅល្អមួយក្បាល ស្មើនឹងរើសបានគ្រាប់ពេជ្រដ៏មានតម្លៃមួយដុំ។ ២. ចម្អិនអាហារខ្លួនឯង អ្នកប្រហែលជាជាប់រវល់រហូតដល់ញ៉ាំបាយខាងក្រៅសឹងតែរាល់ថ្ងៃ ប្រសិនបើគ្មានអ្នកចម្អិនម្ហូបឲ្យនៅផ្ទះ ប៉ុន្តែអ្នកគួរសាកចំណាយពេល ១ ទៅ ២ម៉ោងយ៉ាងយូរ មកចម្អិនអាហារសម្រាប់ខ្លួនឯង ឬគ្រួសារម្តងវិញម្តង បើទោះបីជាធ្វើកើត ឬមិនកើតក៏ដោយ ក៏គួរតែសាក។ សាកធ្វើម្ហូបដែលអ្នកចូលចិត្តញ៉ាំទៅមើល អ្នកនឹងដឹងថាការធ្វើម្ហូប ក៏អាចធ្វើឲ្យអ្នកសប្បាយចិត្តដែរ! ៣. ញ៉ាំអាហារដែលអ្នកចូលចិត្ត គេនិយាយថាអាហារឆ្ងាញ់ អាចធ្វើឲ្យអារម្មណ៍ប្រសើរឡើងដែរ! ប្រសិនបើអ្នកមិនចេះ ឬមិនចង់ចម្អិនអាហារខ្លួនឯងនៅចុងសប្ដាហ៍ទេ អ្នកអាចជ្រើសរើសភោជនីយដ្ឋាន ឬកន្លែងញ៉ាំអីណាមួយ កម្មង់ម្ហូបដែលអ្នកចូលចិត្ត ឬញ៉ាំអាហារណាដែលល្អ និងបំប៉នសុខភាព ដូចកាលពីថ្ងៃទី១៦ នៅ Ignite Phnom Penh 4 មានវាគ្មិន លោក ជា វុឌ្ឍី បានលើកយកប្រធានបទមួយថា «You are what you eat» មានន័យថា «ញ៉ាំអី បានហ្នឹង» ហើយគាត់បានណែនាំឲ្យយើងចេះ ប្រុងប្រយ័ត្នក្នុងការជ្រើសរើសអាហារ ព្រោះវាអាចធ្វើឲ្យសុខភាពយើងប្រសើរ ឬចុះទន់ខ្សោយទៅតាមហ្នឹងដែរ។ ៤. លេងកីឡា ការលេងកីឡាមិនត្រឹមតែនាំមកនូវសុខភាពល្អទេ វាថែមទាំងធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយថែមទៀតផង។ ឆ្លៀតពេលចុងសប្តាហ៍ ជ្រើសរើសកីឡាណាមួយដែលអ្នកគិតថា អ្នកចូលចិត្តជាងគេ ដូចជា លេងបាល់ រត់ ហែលទឹក វាយសីជាដើម ហើយប្រសិនបើធ្វើបានបែបហ្នឹងជារៀងរាល់ថ្ងៃទៀត អ្នកនឹងទទួលបានសុខភាពល្អ និងអារម្មណ៍ស្រស់ស្រាយ ជារៀងរាល់ថ្ងៃ។ ៥. ងូតទឹកយូរ ជឿ ឬអត់ថាងូតទឹកយូរធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ? រាល់ថ្ងៃក្រោកពីគេង ប្រញាប់ទៅរៀន ទៅធ្វើការឲ្យទាន់ម៉ោង ប្រាកដជាងូតទឹកឲ្យតែស្អាតៗទេ តែបានជាចុងសប្តាហ៍ អត់ប្រញាប់ទៅណាផង សាកងូតទឹកឲ្យបានយូរម្តងមើល អ្នកនឹងទទួលបានអារម្មណ៍ប្លែក និងស្រស់ស្រាយជាងធម្មតា។ សាកមើលទៅបានដឹង កុំឲ្យថាគេចេះតែថា! ៦.ដើរលេងកន្លែងធម្មជាតិ អ្នកគួរចំណាយពេលចុងសប្តាហ៍ឲ្យមានន័យ បើជ្រុលជាហត់នឿយទាំងកាយ និងចិត្តមកច្រើនថ្ងៃដែរហើយ។ អ្នកគួរចំណាយពេលដើរលេងខ្លះ បើមិនបានទៅកន្លែងឆ្ងាយៗ ក៏បានទៅកន្លែងជិតៗ ដែលមានធម្មជាតិខ្លះដែរ ដូចជាជិះតាមមាត់ទន្លេ ទៅលេងសួន ឬកន្លែងណាក៏បាន ឲ្យតែមានដើមឈើ ឬទឹកជាដើម ព្រោះវាអាចជួយលុបបំបាត់ភាពនឿយហត់របស់អ្នកបាន។ ៧. ថតរូប ទៅដើរលេងហើយអត់ថតរូបម៉េចបាន! ការថតរូបក៏អាចធ្វើឲ្យអារម្មណ៍ល្អដែរ! វាក៏ជាភស្តុតាងមួយថា អ្នកធ្លាប់ទៅកន្លែងសប្បាយៗ អ្នកធ្លាប់មានក្តីសុខជាមួយពេលវេលាហ្នឹង... ជួនកាលអ្នកអាចញញឹមពេលមើលរូបធ្លាប់ថតដែរ ហើយអាចនឹងចង់ទៅកន្លែងក្នុងរូបហ្នឹងម្តងទៀតផង។ ពេលខ្លះ នៅពេលអ្នកថតរូបបានស្អាតៗច្រើន អ្នកក៏មានរីករាយទៅតាមហ្នឹងក៏មានដែរ។ អញ្ចឹង សាកដើរថតរូបចុងសប្តាហ៍ម្តងមើល៎ បានដឹងថាយ៉ាងណា! ៨. ដើរទិញឥវ៉ាន់ មិនចាំបាច់ថាដើរទិញរបស់ប្រេនៗអីទេ គ្រាន់តែដើរផ្សារទិញរបស់ប្រើប្រាស់ ឬរបស់ញ៉ាំ ក៏អាចធ្វើឲ្យអ្នកបានស្រស់ស្រាយមួយផ្នែកធំផងដែរ។ ចំណាយពេលប្រហែល២ម៉ោងទៅដើរផ្សារ ទិញរបស់ខ្លះៗ និងមើលមនុស្សម្នាគេឯង ក៏អាចលំហែអារម្មណ៍បានដែរ។ ៩. សមាធិ ប្រសិនបើអ្នកចេះសមាធិ វាកាន់តែប្រសើរថែមទៀត។ សមាធិមិនមែនជារឿងងាយស្រួលរៀនទេ តែវាក៏មិនពិបាកដល់ថ្នាក់ធ្វើមិនបានដែរ។ ចំណាយពេលធ្វើសមាធិត្រឹមមួយសប្តាហ៍ម្តង អ្នកនឹងទទួលបានថារាងកាយ និងចលនាដង្ហើមអ្នកប្រសើរឡើង រួមទាំងមានសេចក្តីសុខខាងផ្លូវចិត្តបានស្ងប់ផងដែរ។ អ្នកអាចរៀនសមាធិតាម Youtube ឬកាន់តែល្អស្វែងរកថ្នាក់បង្ហាត់បង្ហាញពីការធ្វើសមាធិពីអ្នកជំនាញតែម្តង បានប្រសិនបើអ្នកមិនទាន់ចេះ។ ១០. ចំណាយពេលវេលាជាមួយមនុស្សជាទីស្រឡាញ់ ពិតណាស់ សកម្មភាពទាំង៩ខាងលើ បើធ្វើម្នាក់ឯង វាដូចជាឯកាពេក តែប្រសិនបើមានអ្នកធ្វើជាមួយវិញ កាន់តែមានន័យ។ អ្នកគួរចំណាយពេលចុងសប្តាហ៍ ឲ្យកាន់តែមានន័យថែមទៀត ដោយធ្វើសកម្មភាពដែលអ្នកចូលចិត្ត ជាមួយមនុស្សជាទីស្រឡាញ់ ដូចជាគ្រួសារ មិត្តភក្តិ ឬមនុស្សពិសេសរបស់អ្នក។ ប្រសិនបើអ្នកស្រ្តេស អ្នកក៏អាចឆ្លៀតពេលបង្ហាញនូវអារម្មណ៍តានតឹងឲ្យគេស្តាប់ វាក៏អាចជួយសម្រាលទុក្ខអ្នកបានយ៉ាងច្រើន ហើយអ្នកក៏មានពេលវេលាល្អៗចំណាយជាមួយមនុស្សដែលអ្នកស្រឡាញ់ទៀតផង។ ជារួមមក ដើម្បីរក្សាសុខុមាលភាពក្នុងជីវិត អ្នកត្រូវថែទាំសុខភាពទាំងផ្លូវកាយ និងចិត្តឲ្យរឹងមាំ ទើបអ្នកអាចបន្តក្តីស្រម៉ៃ និងសុបិន្តរបស់អ្នកទៀតបាន។ ទោះបីអ្នកមិនអាចធ្វើសកម្មភាពទាំងនេះបានជារៀងរាល់ថ្ងៃទាំងអស់បាន ក៏អ្នកអាចធ្វើវាយ៉ាងហោចណាស់ម្តងក្នុងមួយសប្ដាហ៍ដែរ។ ស្រឡាញ់ និងថែរក្សាសុខភាពទាំងអស់គ្នាណា៎!   ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក

  ជាមួយការអនុវត្តនូវវិធីសាស្រ្តមួយចំនួននោះបញ្ហាឈាមច្រមុះអាចនឹងបំបាត់បានក្នុងរយៈពេលតែ១៥នាទី ដែលមូលហេតុបង្កជំងឺកម្រនឹងមានសភាពធ្ងន់ធ្ងរ។ អ្វីគួរដឹង? ភាគច្រើននៃបញ្ហាឈាមច្រមុះ ជាជំងឺស្រាលផ្ទុយទៅនឹងគំនិតដែលលើកឡើងថាវាជាប់ពាក់ព័ន្ធទៅនឹងជំងឺលើសសម្ពាធឈាម។  ដោយឡែក បញ្ហាឈាមច្រមុះ ដែលបង្កមកពីជំងឺលើសសម្ពាធឈាម គឺកើតឡើងក្នុងករណីជំងឺដែលមិនបានតាមដាន និងមិនប្រើប្រាស់ថ្នាំទៀងទាត់ នាំឲ្យស្ថានភាពជំងឺគ្មានស្ថេរភាពតែប៉ុណ្ណោះ។   អ្វីគួរផ្តល់ឲ្យ? ដើម្បីបញ្ឈប់បញ្ហាឈាមច្រមុះ អ្នកគួរ៖ • ឲ្យអ្នកជំងឺសម្រាក និងអង្គុយឲ្យបានស្រួល • ដាក់សំឡីខ្ទប់ និងយកចេញនូវដុំឈាមកក (Caillots) ចេញ • ខ្ទប់ច្រមុះរយៈពេល ១០ នាទី • ឲ្យអ្នកជំងឺញ៉ាំទឹក និងដាក់ដុំទឹកកកស្អំនៅលើថ្ងាស។ ក្នុងករណីមានបញ្ហាឈាមច្រមុះភ្លាមៗបែបនេះ ការប្រើប្រាស់បង់បិតដំបៅឬឱសថផ្សេងៗអាចនឹងគ្មានប្រសិទ្ធភាពនោះទេ។ ប្រសិនការទប់ឈាមមិនមានប្រសិទ្ធភាព ត្រូវនាំអ្នកជំងឺទៅទទួលការព្យាបាលពីអ្នកមានជំនាញ តាមរយៈការប្រើប្រាស់ឧបករណ៍សម្រាប់ទប់ឈាមដែលមានលក្ខណៈ៖ • អាចជក់ទឹកបាន • រីកមាឌនៅពេលជក់ទឹក • ត្រូវផ្សើមវាជាមួយឱសថ Xylocaine naphtazolée។ ករណីសង្គ្រោះបន្ទាន់ ប្រសិនការហូរឈាមក្នុងលក្ខខណ្ឌច្រើន និងមិនអាចទ្រាំទ្របាន (អ្នកជំងឺមានសភាពស្លេក មិនស្រួលខ្លួន ឬសន្លប់) អ្នកគួរបញ្ជូនអ្នកជំងឺទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតផ្នែកត្រចៀក ច្រមុះ បំពង់ក។ បម្រុងប្រយ័ត្ន ត្រូវស្វែងរកការប្រឹក្សាជាមួយវេជ្ជបណ្ឌិតប្រសិនបញ្ហាហូរឈាមច្រមុះកើតឡើងញឹកញាប់ពីព្រោះវាអាចជាប់ទាក់ទងទៅនឹង៖ • ជំងឺឈាមក្រកក • ដុំសាច់នៅប្រហោងច្រមុះ • ការចម្លងនៃជំងឺ Naso-sinusienne។ ប្រភពយោង៖ Le vademecum de la Médication officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជារៀងរាល់ថ្ងៃ មានអ្នកណាខ្លះដែលចាប់ផ្តើមហាត់ប្រាណដោយមិនធ្វើការកម្តៅសាច់ដុំជាមុន? ហើយអ្នកណាខ្លះដែលធ្វើការកម្តៅសាច់ដុំដែរ ប៉ុន្តែ នៅមិនទាន់ឃើញថាវាមានប្រយោជន៍អ្វីពិសេស? ចំពោះអ្នកហាត់ប្រាណដោយមិនចង់ចំណាយពេលកម្តៅសាច់ដុំជាមុន ជាទូទៅច្រើនតែបញ្ចប់ជាមួយនឹងការឈឺចុកចាប់ ឬរងរបួសនៅផ្នែកណាមួយ ហើយបន្ទាប់មក ក៏ចំណាយពេលជាច្រើនសម្រាកពីការហាត់ប្រាណ។ ដោយឡែក ចំពោះអ្នកដែលកម្តៅសាច់ដុំដែរតែមិនត្រឹមត្រូវ ឬស័ក្តិសមនឹងខ្លួនទេនោះ ក៏មិនមានអ្វីខុសប្លែកដែរ ដែលចុងក្រោយគឺមានតែទន្ទឹងចាំហើយចាំទៀត មើលលទ្ធផលលើការខិតខំប្រឹងប្រែងរបស់ខ្លួនឯង។ ហេតុអ្វីអ្នកត្រូវកម្តៅសាច់ដុំមុនពេលហាត់ប្រាណ? ជាទូទៅ សាច់ដុំដែលមិនសូវបានធ្វើចលនា អាចមានលក្ខណៈតឹង និងពិបាកក្នុងការទាញយឺត ដូចនេះ កាលណាអ្នកធ្វើចលនាសាច់ដុំធ្ងន់ ឬលឿនភ្លាមៗ នោះវាអាចប្រឈមនឹងការដាច់រហែក ដែលបង្កជាផលវិបាកពីស្រាលទៅធ្ងន់ធ្ងរ អាស្រ័យនឹងកម្រិតនៃសម្ពាធ។ អ្នកឯកទេសបង្ហាញថា ការកម្តៅសាច់ដុំ អាចផ្តល់កម្តៅ បន្ធូរសាច់ដុំ និងរៀបចំចិត្តត្រៀមសម្រាប់ការហាត់ប្រាណដ៏ល្អ។ ដូចនេះ ប្រសិនបើអ្នកគ្រាន់តែចំណាយពេលត្រឹម៥ ទៅ ១០នាទី (និងលើសពីនេះ ប្រសិនបើលំហាត់ប្រាណមានលក្ខណៈខ្លាំងក្លា) ក្នុងការកម្តៅសាច់ដុំឲ្យបានត្រឹមត្រូវជាមុន អ្នកអាចទទួលបានអត្ថប្រយោជន៍ពិសេសជាច្រើន បន្ថែមពីការខិតខំហាត់ប្រាណដូចជា៖ • ជំរុញចលនាឈាមរត់ ដែលធ្វើឲ្យការបញ្ចេញសកម្មភាពបានយ៉ាងស័ក្តិសម • សាច់ដុំអាចបត់បែនដល់កម្រិតអតិបរមាស្របពេលកាត់បន្ថយការរងរបួសដល់កម្រិតអប្បបរមា • បង្កើននូវចង្វាក់បេះដូងតាមលំដាប់ • ជួយឲ្យមានការដកដង្ហើមតាំងពីចាប់ផ្តើមសកម្មភាព។ កម្តៅសាច់ដុំបែបណាទើបចាត់ទុកថាត្រឹមត្រូវ? ប្រភេទនៃការកម្តៅសាច់ដុំ៖ រាល់ការកម្តៅសាច់ដុំអាចមានលក្ខណៈខុសៗគ្នាអាស្រ័យលើកម្រិត និងគោលបំណងនៃការហាត់ ដែលក្នុងនោះ ការកម្តៅសាច់ដុំដោយប្រើចលនាប្រកបដោយថាមពលត្រូវបានណែនាំដោយវាអាចជួយភ្ញោចដល់ប្រព័ន្ធប្រសាទ និងសាច់ដុំ ដែលជួយឲ្យសកម្មភាពរបស់អ្នក ប្រព្រឹត្តទៅយ៉ាងល្អបំផុត។ វាជាការកម្តៅសាច់ដុំ ដោយធ្វើការបំលាស់ប្តូរចលនារាងកាយដោយគ្មានការពត់ បត់បែនខ្លួន ឬទ្រទម្ងន់នោះទេ តែជាការធ្វើឲ្យចរន្តឈាមផ្លាស់ប្តូរទៅគ្រប់សាច់ដុំនៃរាងកាយ។ អ្នកអាចជ្រើសរើសយ៉ាងតិច៣ ក្នុងចំណោមវិធីសាស្រ្តខាងក្រោម៖ • លោតខ្សែ ២ ទៅ៣នាទី ឬសម្រាប់អ្នកដំបូងអាចធ្វើត្រឹម ៣០វិនាទីសិន • លោតដោយសន្ធឹងដៃចុះឡើង និងជើងចេញចូល ៥០ដង ឬដំបូងអាចធ្វើត្រឹម ២០ដង (jumping jacks) • ឈរលាតជើង និងបន្ទន់ជង្គង់ចុះឡើង ២០ដង ឬដំបូងអាចធ្វើត្រឹម ១០ដង (Squats) • លោតដោយលើកជង្គង់ទាំង២ ឲ្យផុត ឬម្តងម្ខាង ១០ ទៅ ១៥ដង ( Knee High Jump) • ការដើរ៖ អ្នកអាចធ្វើការដើរ ដោយការលាតសន្ធឹងដៃបណ្តើរៗដើម្បីឲ្យចរន្តឈាមរត់បានល្អមុននឹងចាប់ផ្តើមការរត់ចម្ងាយរយៈពេលយូរ។ ក្នុងនោះ ក៏មានវិធីជាច្រើនទៀត ដែលអ្នកអាចជ្រើសរើសបាន និងតម្រូវតាមកម្រិតនៃការហាត់ប្រាណ និងសមត្ថភាពរបស់អ្នកជាសន្សឹមៗ។ គន្លឹះខ្លះៗដើម្បីធ្វើការកម្តៅសាច់ដុំឲ្យបានត្រឹមត្រូវ ១.  ចាប់ផ្តើមសន្សឹមៗ៖ ដំបូងត្រូវកម្តៅសាច់ដុំយឺតៗ និងងាយៗ រួចបញ្ចប់ដោយចលនាពិបាក ប្រើកម្លាំង និងរហ័ស ដើម្បីធ្វើឲ្យរាងកាយកើនកម្តៅតាមលំដាប់។ ២. ធ្វើចលនារាងកាយជំនួសការពត់ខ្លួន៖ ការពត់ខ្លួនមិនគ្រប់គ្រាន់ឡើយ ហើយផ្ទុយទៅវិញមានតែធ្វើឲ្យសាច់ដុំលាតសន្ធឹងខ្លាំងជ្រុល និងធ្វើឲ្យសាច់ដុំអស់កម្លាំង នៅពេលហាត់ប្រាណប៉ុណ្ណោះ (តែវាមានប្រយោជន៍ក្នុងការធ្វើក្រោយពេលហាត់ប្រាណ)។ ៣. រមៀលចុះឡើងនៅផ្នែកផ្សេងៗនៃរាងកាយ៖ អាចប្រើជាកូនបាល់ធឺនីស ឬខ្នើយបំពង់ទន់ៗដែលអាចជួយការពារការរងបួស និងធ្វើឲ្យសាច់ដុំធូរ ក៏ដូចជា បង្កើនចរន្តឈាមរត់ផងដែរ។ ៤. កម្តៅសាច់ដុំគ្រប់ផ្នែក៖ ទោះបីជាអ្នកនឹងហាត់ទៅលើតែផ្នែកណាមួយនៃរាងកាយក៏ដោយ អ្នកគួរតែហ្វឹកហាត់គ្រប់ផ្នែកនៃរាងកាយ ពីព្រោះភាពជាប់នៃសន្លាក់ ផ្នែកណាមួយ ក៏អាចមានឥទ្ធិពល លើរាងកាយទាំងមូលបានដែរ។ ៥. ចាប់ផ្តើមសកម្មភាពហាត់ប្រាណដោយយឺតៗដូចគ្នា រួចបន្តទៅចលនារហ័ស និងខ្លាំងក្លា។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើខ្ញុំគួរសម្អាតបរិវេណនោះញឹកញាប់ប៉ុណ្ណា? ហើយប្រើអ្វីដើម្បីសម្អាតទើបស្អាត?តើអ្វីដែលមិនគួរប្រើ និងអ្វីដែលខ្ញុំមិនគួរធ្វើ? ជាការពិតណាស់ ដែលថាសុខភាពទា្វរមាសគឺមានសារសំខាន់ដូចទៅនឹងសុខភាពទូទៅផងដែរ ដូច្នេះ​ អ្វីដែលល្អនោះគឺការសម្អាតទ្វារមាសដោយខ្លួនឯង តាមបែបធម្មជាតិ។ ទោះជាយ៉ាងណាក៏ដោយ ការមានកំហុសទូទៅមួយចំនួនដែលស្រី្តធ្វើជារៀងរាល់ថ្ងៃ អាចបណ្តាលឲ្យសុខភាពទ្វារមាសធ្លាក់ចុះ និង​អាចឈានទៅរកជំងឺរលាកទ្វារមាស ដោយសារបាក់តេរី ឬមេរោគផ្សិតទៀតផងដូចជា៖ • ការសម្អាតពីខាងក្រោយមកខាងមុខ អ្នកមិនត្រូវសម្អាតពីខាងក្រោយមកមុខនោះទេ ពីព្រោះ មានមេរោគផ្សេងៗគ្នាដែលនៅបរិវេណរន្ធគូទអាចមានឱកាសចូលទៅក្នុងទ្វារមាសបាន។ តួយ៉ាងដូចជា មេរោគអឺកូលី (E-Coli) អាចចូលទៅដល់រន្ធនោម និងបណ្តាលឲ្យមានជំងឺរលាកតម្រងនោម (UTI) ដែលធ្វើឲ្យអ្នកបត់ជើងតូចមកឈឺ និងក្រហាយ។ ដូច្នេះ អ្នកមិនត្រូវសម្អាតពីក្រោយមកខាងមុខនោះទេ។ • ការប្រើប្រាស់សាប៊ូក្រអូប ខណៈដែលអ្នកតែងតែសម្អាតទ្វារមាស ពេលខ្លះ អ្នកចង់បន្ថែមជំនួយដល់វា មិនថ្វីទេប្រសិនបើអ្នកសម្អាតផ្នែកខាងក្រៅនៃទ្វារមាសរបស់អ្នក នៅពេលដែលអ្នកងូតទឹកនោះ ប៉ុន្តែអ្នកត្រូវប្រាកដថាកុំប្រើប្រាស់សាប៊ូក្រអូប។ សាប៊ូ ឬគ្រឿងសម្អាងផ្សេងទៀតដែលមានក្លិនក្រអូប អាចធ្វើឲ្យទ្វារមាស ដែលមានសុខភាពល្អ ទៅជាខូចខាតបាន។ • ការសម្អាតផ្នែកខាងក្នុង ហាមសម្អាតផ្នែកខាងក្នុងជាដាច់ខាត ព្រោះការសម្អាតផ្នែកខាងក្នុងគឺធ្វើឲ្យកម្រិតជាតិអាស៊ីត (PH)នៅនឹងទ្វារមាសបាត់បង់តុល្យភាព និងបញ្ចេញចោល នូវមេរោគល្អៗ (Lactobacilus) នៅតំបន់នោះ ដែលវាមានតួនាទីថែរក្សាសុខភាពរបស់ទ្វារមាសឲ្យប្រសើរ។ ប្រសិនបើអ្នកជួបបញ្ហាធ្លាក់ស ដែលមានផលរំខាន ហើយអ្នកចង់បំបាត់ក្លិននោះអ្នកគួរតែទៅជួបវេជ្ជបណ្ឌិតជំនាញ ដើម្បីស្វែងរកពីមូលហេតុពិតរបស់វា។ • ការទទួលទានអាហារដែលគ្មានតុល្យភាព អាហារដែលអ្នកទទួលទានរាល់ថ្ងៃ គឺមានផលប៉ះពាល់ណាស់ដល់សុខភាពទា្វរមាសរបស់អ្នក។ ដូច្នេះ វាសំខាន់ណាស់ដែលអ្នកត្រូវមានអនាម័យក្នុងការទទួលទាន និងតុល្យភាពនូវសារជាតិដែលមានក្នុងចំណីអាហារ។ លើសពីនេះទៀត អ្នកគួរទទួលទានអាហារមួយចំនួនដែលអាចជួយឲ្យសុខភាពទ្វារមាសរបស់អ្នកប្រសើរ ដូចជា ទឹកផ្លែបឺរី ទឹកដោះគោជូរ ខ្ទឹមសស្រស់ និងទឹកផ្លែប៉ោមជាដើម។ សារធាតុទាំងអស់នេះអាចជួយឲ្យទា្វរមាសមានសុខភាពល្អ និងអាចការពារពីការឆ្លង នៃពពួកមេរោគផ្សិតទៀតផង។ បន្ថែមពីលើនេះ ទឹកសណ្តែកក៏អាចជួយអ្នកដែលមានបញ្ហាទ្វារមាសស្ងួតឲ្យមកមានសំណើមវិញបានថែមទៀតផង។ ប្រសិនបើអ្នកមិនចូលចិត្ត ឬពិបាកក្នុងការញ៉ាំ អ្នកអាចប្រើប្រាស់ផលិតផល ១ប្រភេទ ដែលវាជាប្រភេទ ប៊្រីបាយ៉ូទិច។ ប៊្រីបាយ៉ូទិចប្រៀបបានដូចជាទឹក ដែលវាជួយឲ្យទា្វរមាសមានសំណើម និងអាចសម្លាប់មេរោគតាមបែបធម្មជាតិបានទៀតផង។ កាន់តែពិសេសជាងនេះទៅទៀត មានការសិក្សាមួយ នៅក្នុងឆ្នាំ២០១៣ បានរកឃើញថា ចំពោះអ្នកជំងឺដែលប្រើប៊្រីបាយ៉ូទិចបន្ទាប់ពីថ្នាំផ្សះអត្រានៃការជាពីដំបៅនៅមាត់ស្បូនមានរហូតដល់៧៤% ។ ម៉្យាងវិញទៀត ការប្រើប៊្រីបាយ៉ូទិចនេះផងដែរ គឺវាបង្កើននូវកម្រិតឡាក់តិចអាស៊ីតនៅទ្វារមាសដែល​អាចទប់ការវិវឌ្ឍនៃទា្វរមាសដែលមានដំបៅទៅជាមហារីកបាន។ • ការស្លៀកខោទ្រនាប់តឹងពេក ឬសើម ជាការប្រាកដណាស់ ទ្វារមាសរបស់អ្នកចង់បានភាពស្ងួត និងអាចមានខ្យល់ចេញចូលបាន ប៉ុន្តែ មេរោគមិនចង់បាននោះទេ វាចង់បានភាពក្តៅ និងមានសំណើមទៅវិញ។ ជាក់ស្តែង អ្នកអាចការពារទ្វារមាសរបស់អ្នកបានដោយការទ្រាប់សំឡីអនាម័យ និងចៀសវាងស្លៀករឹបតឹងពេក។ សំខាន់ជាងនេះទៀត អ្នកគួរចៀសឲ្យផុតពីការបែកញើស ការសើម ឬត្រូវប្តូរសម្លៀកបំពាក់ដែលហែលទឹកចេញ កាន់តែឆាប់កាន់តែប្រសើរ ដើម្បីឲ្យតំបន់ពិសេសនោះឆាប់ស្ងួត។ • ការប្រើតាំប៉ុង ឬសំឡីអនាម័យូរពេក និយាយពីការរក្សាតំបន់នោះឲ្យបានល្អ គឺត្រូវប្តូរតាំប៉ុង ឬសំឡីអនាម័យឲ្យបានទៀងទាត់ល្អ ដូច្នេះ វាមិនអាចក្លាយជាកន្លែងដែលមេរោគអាក្រក់រស់នៅនោះទេ។ ការទុកតាំប៉ុង ឬសំឡីអនាម័យមិនល្អនៅតំបន់នោះយូរពេកអាចបណ្តាលឲ្យក្តៅ និងសើម ដែលមេរោគចូលចិត្តរស់នៅបំផុត។ លើសពីនេះ អ្នកមិនត្រូវ ប្រើប្រាស់សំឡីអនាម័យ ដើម្បីគ្រាន់តែការពារការធ្លាក់សតិចតួចធម្មតានោះទេ តែវាអាចធ្វើឲ្យទ្វារមាសឡើងកម្តៅបានផងដែរ។ ប្រសិនបើអ្នកធ្វើតាមការណែនាំទាំងអស់ខាងលើនេះបាន  វាអាចជួយឲ្យអ្នកចៀសវាងផុតពីមេរោគ អាក្រក់ៗមួយចំនួនបាន។ តួយ៉ាង បើមិនបាន ១០០% ក៏ជួយបានខ្លះផងដែរ  ជាពិសេស មេរោគ​ដែលបណ្តាលឲ្យមានការរលាកទ្វារមាសដោយ បាក់តេរី ឬមេរោគផ្សិត និងការរលាកផ្លូវនោម (UTI) ជាដើម។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត យូ ម៉ូលីន ឯកទេសសម្ភព និងរោគស្ត្រីនៃមជ្ឈមណ្ឌលជាតិគាំពាមាតា និងទារក បន្ទប់ពិគ្រោះជំងឺម៉ីស៊ីថាច យូម៉ូលីន និងគ្លីនិក ក្បាលថ្នល់ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

វាជាការល្អប្រសិនបើអ្នកមានបងប្អូន ក្រុមគ្រួសារ ឬមិត្តភក្តិដែលព្យាយាមផ្តាច់បារីតែពួកគាត់ពិបាកក្នុងការផ្តាច់ ហើយត្រូវការជំនួយពីអ្នក។ ពិតណាស់ដែលថាការផ្តាច់បារី វាពុំមែនជាការងាយស្រួលក្នុងការអនុវត្ត សំខាន់អ្នកបានយល់ដឹងច្បាស់អំពីវិធីសាស្ត្រត្រឹមត្រូវ ទទួលបានព័ត៌មានគ្រប់គ្រាន់ និងការគាំទ្រពីក្រុមគ្រួសារ។ ខាងក្រោមនេះ ជាយុទ្ធសាស្ត្រជួយឲ្យអ្នកដទៃឈប់ជក់បារី៖ •    ធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ​ ក្រុមគ្រួសារ និងមិត្តភក្តិ •    ចេះចែករំលែកបទពិសោធន៍ជាមួយអ្នកដទៃ •    មិនបង្ខំអ្នកដទៃឲ្យធ្វើតាមខ្លួន •    មានគំនិតសុទិដ្ឋិនិយមជានិច្ច •    ចូលរួមលើកកម្ពស់បរិយាកាសគ្មានផ្សែង •    អនុវត្តយ៉ាងសកម្មក្នុងសកម្មភាព ដើម្បីអប់រំ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់។ មិនតែប៉ុណ្ណោះសមាជិកគ្រួសារ និងមិត្តភក្តិគឺជាប្រភពដ៏សំខាន់ក្នុងការលើកទឹកចិត្ត ផ្តល់នូវកម្លាំងចិត្តក្នុងការផ្តាច់បារី។ អ្នកអាចប្រើប្រាស់វិធីសាស្ត្របន្ថែមទៀតដើម្បីជួយពួកគាត់ រួមមាន៖ •    ចូលរួមសរសើរលើកទឹកចិត្តឲ្យគាត់ឈប់ជក់បារី •    មានចិត្តអំណត់ពេលគាត់មានអាការៈញៀន •    ផ្តល់រង្វាន់ដល់គាត់ដើម្បីឲ្យឈប់ជក់បារី •    ចូលរួមជាមួយគាត់ក្នុងសកម្មភាពដែលមិនមែនជាការជក់បារី ដូចជាការដើរកម្សាន្ត និងការហាត់ប្រាណជាដើម។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

កម្រិតការទទួលទានភាគច្រើនតែងត្រូវបានកំណត់តាមលក្ខខណ្ឌផ្សេងៗនៃដំណើរការសរីរាង្គកាយ ដើម្បីទទួលបានគុណសម្បត្តិ និងកាត់បន្ថយគុណវិបត្តិមួយចំនួន។ ដោយឡែក ការទទួលទានគ្រឿងស្រវឹងក៏មិនខុសគ្នាដែរ ដូច្នេះ អ្នកចាំបាច់ត្រូវដឹងច្បាស់ពីស្តង់ដាក្នុងការទទួលទាន ក៏ដូចជាវិធីសាស្ត្រដែលអាចជួយអ្នកឲ្យទទួលទានបានតិច។ ស្តង់ដានៃការទទួលទានគ្រឿងស្រវឹង •    មួយស្តង់ដាគ្រឿងស្រវឹងដែលទទួលទាន គឺ១០-១៤ក្រាម នៃជាតិអាល់កុលសុទ្ធ   •    គ្រឿងស្រវឹងផ្សេងគ្នា ផ្ទុកនូវបរិមាណនៃជាតិអាល់កុលសុទ្ធខុសៗគ្នា។ ខាងក្រោមនេះ ជាគំរូនៃស្តង់ដាគ្រឿងស្រវឹង ចំពោះផលិតផលគ្រឿងស្រវឹងខ្លះ ដែលអ្នកងាយចងចាំ៖ •    ១កំប៉ុង នៃស្រាបៀរដែលមានរសជាតិស្រាល (កម្រិតជាតិអាល់កុល២.៧%)= ០.៨ ស្តង់ដា  •    ១កំប៉ុង នៃស្រាបៀរដែលមានរសជាតិមធ្យម (កម្រិតជាតិអាល់កុល៣.៥%) = ១ស្តង់ដា  •    ១កំប៉ុង នៃស្រាបៀrដែលមានរសជាតិខ្លាំង (កម្រិតជាតិអាល់កុល ៤.៩%) = ១.៥ស្តង់ដា ផលិតផលគ្រឿងស្រវឹងជាច្រើនបានបង្ហាញពីបរិមាណជាតិអាល់កុលជាក្រាមដែលមានក្នុងដប ឬកំប៉ុង។ អ្នកអាចចែកបរិមាណនេះនឹង១០ នោះ អ្នកនឹងរកឃើញចំនួនស្តង់ដា ក្នុង១ដប ឬ១កំប៉ុង  ឧទាហរណ៍  ស្រា១ប្រភេទ បង្ហាញប្រាប់២៥០ក្រាម បរិមាណជាតិអាល់កុលក្នុង១ដប  ចំណុះ៧៥០មីលីលីត្រ ដូច្នេះ១ដបស្រានេះ ស្មើនឹង២៥ស្តង់ដា។ គោលការណ៍ណែនាំសម្រាប់ការទទួលទាន ដើម្បីឲ្យមានគ្រោះថ្នាក់តិច ដើម្បីឲ្យមានផលប៉ះពាល់សុខភាពយូរអង្វែងកម្រិតទាប ការទទួលទានគ្រឿងស្រវឹងគួរប្រព្រឹត្តទៅតាម គោលការណ៍ណែនាំខាងក្រោម៖ សម្រាប់បុរស •   ជាមធ្យមមិនត្រូវលើសពី ៤ស្តង់ដានៃគ្រឿងស្រវឹង ក្នុង១ថ្ងៃ •   មិនត្រូវលើសពី២៨ស្តង់ដានៃគ្រឿងស្រវឹងក្នុង១សប្តាហ៍ •   ២ ឬ៣ ថ្ងៃ ក្នុង១សប្តាហ៍ ដែលមិនទទួលទានគ្រឿងស្រវឹងសោះ។ សម្រាប់នារី •   ជាមធ្យមមិនត្រូវលើសពី ២ស្តង់ដានៃគ្រឿងស្រវឹង ក្នុង១ថ្ងៃ •   មិនត្រូវលើសពី១៤ស្តង់ដានៃគ្រឿងស្រវឹងក្នុង១សប្តាហ៍ •   ២ ឬ៣ ថ្ងៃ ក្នុង១សប្តាហ៍ ដែលមិនទទួលទានគ្រឿងស្រវឹងសោះ។ ដើម្បីឲ្យមានផលប៉ះពាល់ភ្លាមៗកម្រិតទាប  ការទទួលទានគ្រឿងស្រវឹង គួរប្រព្រឹត្តទៅតាមគោលការណ៍ណែនាំខាងក្រោម៖ សម្រាប់បុរស៖ •   ជាមធ្យមមិនត្រូវលើសពី  ៦ស្តង់ដានៃគ្រឿងស្រវឹងទេ ក្នុង១ថ្ងៃ និងមិនលើសពី៣ថ្ងៃក្នុង១សប្តាហ៍ •   ត្រូវទទួលទានគ្រឿងស្រវឹងដោយសន្សឹមៗមិនត្រូវលើសពី២ស្តង់ដានៃគ្រឿងស្រវឹងក្នុងម៉ោងដំបូង  និងមិនលើសពី១ស្តង់ដាក្នុងម៉ោងបន្ទាប់។ ការទទួលទានគ្រឿងស្រវឹងហួសប្រមាណ •    ជាការទទួលទានគ្រឿងស្រវឹងច្រើនក្នុងរយៈពេលខ្លីមួយ ឬការបន្តទទួលទានច្រើនថ្ងៃ ឬច្រើនសប្តាហ៍ជាប់ៗគ្នា •    មានគ្រោះថ្នាក់ណាស់ ព្រោះវាបណ្តាលឲ្យមានការពុលភ្លាមៗ ធ្ងន់ធ្ងរ និងនាំទៅរកស្ថានភាពគ្រោះថ្នាក់ •    ផលប៉ះពាល់ ជារឿយៗនៃការទទួលទានគ្រឿងស្រវឹងហួសប្រមាណគឺ សភាពធីងធោង  ឈឺក្បាល ចង្អោរ ញ័រខ្លួនប្រាណ  និងក្អួត។ អ្នកដែលមិនអាចទទួលទានគ្រឿងស្រវឹងបាន •    អ្នកដែលកំពុងព្យាបាលដោយថ្នាំពេទ្យ •    ស្ត្រីមានផ្ទៃពោះ •    អ្នកដែលត្រូវបើកបរ •    អ្នកបញ្ជាម៉ាស៊ីន •    ក្មេងអាយុក្រោម១៨ឆ្នាំ។ វិធីសាស្ត្ រដើម្បីទទួលទានគ្រឿងស្រវឹងបានតិច •    ចាប់ផ្តើមទទួលទានភេសជ្ជៈដែលមិនមែនជាគ្រឿងស្រវឹងមុន •    ទទួលទានអាហារមុន ឬអំឡុងពេលអ្នកទទួលទានគ្រឿងស្រវឹង •    សាកល្បងការទទួលទានគ្រឿងស្រវឹងកម្រិតស្រាលជំនួស •    កត់ត្រាទុកនូវបរិមាណគ្រឿងស្រវឹងដែលអ្នកបានទទួលទាន  •    ប្រើប្រាស់ស្តង់ដានៃការទទួលទានគ្រឿងស្រវឹង •    ចៀសវាងការទទួលទានដោយលើកអកបណ្តាក់គ្នា •    ចៀសវាងទទួលទានគ្រឿងក្លែមប្រៃ •    កំណត់ល្បឿនទទួលទានដោយខ្លួនឯង •    មិនទទួលទានគ្រឿងស្រវឹងសោះនៅថ្ងៃខ្លះ       •    ត្រូវមានគោលការណ៍ខ្លួនឯង •    ធ្វើខ្លួនឲ្យរវល់។   បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នៅពេលកូនៗរបស់អ្នកចាប់ផ្តើមចូលសាលា វាមិនមែនជារឿងធម្មតាទេដែលពួកគេ មានការលំបាក ក្នុងការសិក្សាមុខវិជ្ជាគណិតវិទ្យា ហើយពួកគេក៏មិនចូលចិត្តមុខវិជ្ជានេះដែរ។ ប៉ុន្តែ មាតាបិតាទាំងអស់អាចជួយឲ្យពួកគេស្រឡាញ់មុខវិជ្ជានេះ តាមរយៈគន្លឹះខាងក្រោមនេះ ៖ និយាយពីគណិតវិទ្យារាល់ថ្ងៃជាមួយកូនៗរបស់អ្នក ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង តែងតែប្រើប្រាស់គណិតវិទ្យាសម្រាប់ការងារជាច្រើន។ អ្នកអាចចាប់ផ្តើមដោយ និយាយទៅកាន់កូនៗរបស់អ្នកពីសារសំខាន់របស់គណិតវិទ្យា សម្រាប់ការរស់នៅដែលអាចឲ្យពួកគេវាស់វែងបាន និងភាពពិតជាក់ស្តែង។ ឧទាហរណ៍ ៖ ការគណនាពីរង្វាស់រង្វាល់ ឬចំណុះតាមរយៈការចម្អិនចំណីអាហារឬការកំណត់រយៈពេលចម្អិនជាដើម។ ម្យ៉ាងទៀត ការយល់ដឹងពីរូបរាង ទំហំ ឬមាឌរបស់វត្ថុ ក៏មានសារសំខាន់ដែរ ដោយអ្នកអាចប្រាប់ពួកគេពីរបស់របរប្រើប្រាស់ ឬបន្លែផ្លែឈើជាដើម។ ជួយពួកគេដោះស្រាយកិច្ចការសាលា តាមដានរាល់ការធ្វើកិច្ចការសាលា និងពិន្ទុរបស់ពួកគេថានៅមានការខ្វះខាតត្រង់ចំណុចណានៃគណិតវិទ្យាដើម្បីជួយពួកគេបន្ថែម។ អ្នកអាចជួយពួកគេដោះស្រាយលំហាត់គណិតវិទ្យាបានដោយមិនផ្ទាល់ តាមរយៈការបង្កើតឧទាហរណ៍សាមញ្ញៗដែលស្រដៀងនឹងលំហាត់របស់ពួកគេ ចៀសវាងការជួយដោះស្រាយលំហាត់ដោយផ្ទាល់ឲ្យពួកគេ។ ម៉្យាងទៀត អ្នកគួរតែជួបគ្រូបង្រៀនផ្ទាល់របស់កូនអ្នក ដើម្បីតាមដានបន្ថែមពីការសិក្សារបស់ពួកគេ។ បង្កើតតារាងពេលវេលា សម្រាប់ការសិក្សា កូនៗរបស់អ្នកអាចនៅចូលចិត្តលេងច្រើនជាងការសិក្សា តែមាតាបិតាក៏មិនអាចឃុំឃាំងពួកគេពីការលេងច្រើនបានដែរ។ ហេតុនេះហើយ អ្នកគួរតែបង្រៀនពួកគេឲ្យចេះគោរពពេលវេលា ជាពិសេសការរៀនគណិតវិទ្យា ដែលទាមទារឲ្យមានការអត់ធ្មត់ និងអនុវត្តជាប្រចាំ។ ការជួយពួកគេឲ្យមានទម្លាប់ល្អក្នុងការសិក្សា និងមិនធ្វើឲ្យពួកគេធុញនឹងការសិក្សា ព្រមទាំងទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការសិក្សា។   លេងហ្គេម ដែលបង្កើនចំណាប់អារម្មណ៍លើគណិតវិទ្យា ការលេងហ្គេម ដូចជាកូនឡុកឡាក់ អាចបង្ហាញប្រាប់ពួកគេ ពីតម្លៃរបស់គណិតវិទ្យាថាពិតជាមានគុណប្រយោជន៍សម្រាប់ពួកគេ ដោយអ្នកអាចសួរពួកគេ ឲ្យប្រាប់ពីចំនួនគ្រាប់ឡុកឡាក់ពេលដែលអ្នកទម្លាក់នៅពេលលេង។ កូនៗរបស់អ្នកនឹងមានសមត្ថភាពប្រាប់ពីចំនួនដោយមិនបាច់រាប់។ សកម្មភាពទាំងនេះ អាចបង្កើតជាបែបបទមូលដ្ឋានដោះស្រាយបញ្ហារបស់ពួកគេ ហើយនឹងជួយពួកគេឲ្យយល់ពីគណិតវិទ្យាកាន់តែស៊ីជម្រៅ។ កុំធ្វើឲ្យពួកគេមានភាពភ័យខ្លាច ចំពោះមុខវិជ្ជានេះ មានឪពុកម្តាយខ្លះ គិតថាពួកគេមិនពូកែមុខវិជ្ជាគណិតវិទ្យា ហើយវាជារឿងដែលមិនគួរឲ្យកូនរបស់អ្នកដឹងរឿងនេះទេ។ ឪពុកម្តាយជាជនគំរូដែលពួកគេយកតម្រាប់តាម ហេតុនេះ ប្រសិនបើអ្នកប្រាប់កូនៗរបស់អ្នកថាអ្នកមិនពូកែគណិតវិទ្យានោះ អាចចាត់ជាសារដល់ពួកគេថា វាមិនមានបញ្ហាអ្វីទេ ប្រសិនបើមិនពូកែគណិតវិទ្យា ហើយពួកគេនឹងមិនមានភាពភ័យខ្លាចនោះដែរ។ គន្លឹះខ្លីៗខាងលើនេះ គួបផ្សំនឹងការខិតខំជួយពីសំណាក់អ្នកជាមាតាបិតានឹងធ្វើឲ្យកូនៗ មិនគេចវេសពីការរៀនគណិតវិទ្យា តែចាប់ផ្តើមចូលចិត្តរៀន និងស្វែងយល់បន្ថែម។ សំខាន់ជាងនេះទៀត ការជួយពួកគេឆ្លងផុតពីការលំបាក នៅពេលពួកគេនៅតូច នឹងជួយពួកគេនៅពេលធំឡើងព្រោះមុខវិជ្ជានេះ សំខាន់ក្នុងចំណោមមុខវិជ្ជាដទៃ និងចូលរួមយ៉ាងសំខាន់ សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែរ។   ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក
Top