Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តផ្សេងៗពីគ្នា តែចំណង់ចំណូលចិត្តរបស់មនុស្សប្រុសមួយចំនួន បង្ហាញតាមរយៈសកម្មភាពដែលមើលទៅឡូយហើយក៏គួរឲ្យចូលចិត្តជាពិសេសបានទាក់ទាញក្តីស្រឡាញ់ពីមនុស្សស្រីភាគច្រើនទៀតផង។ អញ្ចឹងបានថា បុរសៗខ្លះបានក្លាយទៅជា អាយដលរបស់មនុស្សជុំវិញដោយមិនដឹងខ្លួន។ ត៎ោះ នារីៗមើលថា ត្រូវចិត្តចំណុចណាមួយ? ហើយបុរសៗវិញក៏មើលដែរថា មានសកម្មភាពឃូលណាត្រូវនឹងខ្លួនឯងអត់? ការអានសៀវភៅ ដើម្បីបង្កើនចំណេះដឹងបន្ថែម និងប្រើប្រាស់ពេលវេលាទំនេរពីការសិក្សានិងការងារឲ្យមានប្រយោជន៍ ប្រុសៗបានយកការអានដើម្បីកែអផ្សុក។ សៀវភៅដែលពួកគេអាន អាចជាសៀវភៅរឿង ឬសៀវភៅអប់រំផ្សេងៗ។  ពួកគេចូលចិត្តអាននៅបណ្ណាល័យ  ឬហាងកាហ្វេជាដើម ដែលជាទីចាប់អារម្មណ៍នៃមនុស្សស្រីទាំងឡាយ។ ការសរសេរ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម បានអនុញ្ញាតឲ្យមនុស្សទូទៅអាចបង្ហាញពីអារម្មណ៍ ទស្សនវិស័យ ឬភាពជោគជ័យនានា។ ក្នុងនោះដែរ ការដែលបុរសបានសរសេរពីរឿងរ៉ាវផ្សេងៗ ហើយចែករំលែកលើប្រព័ន្ធទំនាក់ទំនងសង្គម បានធ្វើឲ្យស្រីៗភាគច្រើន ស្គាល់ យល់ពីអារម្មណ៍ និងស្រឡាញ់ពីទឹកដៃសរសេររបស់ពួកគេ។ ការលេងកីឡា ការលេងកីឡា បានបង្ហាញពីភាពរឹងមាំ និងភាពជាបុរសពេញលក្ខណៈ របស់មនុស្សប្រុស។ ការជិះកង់ ហែលទឹក វាយកូនបាល់ កីឡាបាល់ទាត់និងកីឡាផ្សេងៗទៀត សុទ្ធសឹងតែជាកីឡាដែលឆ្លុះបញ្ចាំងពី ភាពព្យាយាម អត់ធ្មត់ និងការស្រឡាញ់សុខភាព និងរាងកាយរបស់ពួកគេ។ ការលេងឧបករណ៍ភ្លេង និងចេះច្រៀង ការលេងហ្គីតា ព្យាណូ ឬឧបករណ៍ភ្លេងផ្សេងទៀតមិនត្រឹមកំសាន្តអារម្មណ៍ និងបន្ថយភាពតានតឹង ប៉ុន្តែភ្ជាប់ជាមួយគ្នាដែរ ពួកគេក៏មើលទៅ គួរឲ្យទាក់ទាញយ៉ាងខ្លាំង ហើយក៏អាចផ្តល់នូវអារម្មណ៍ល្អៗដល់អ្នកជុំវិញតាមរយៈបទភ្លេង និងសំនៀងរបស់ពួកគេផងដែរ។ ការចេះបង្កើតថ្មី មនុស្សមានភាពប៉ិនប្រសព្វផ្សេងៗគ្នា ពួកគេបានប្រើប្រាស់ខួរក្បាលរបស់គេយ៉ាងល្អ។ ការដែលបុរសមានសមត្ថភាព អាចបង្កើតរបស់ថ្មីបាន និងច្នៃរបស់ចាស់ៗដើម្បីប្រើឡើងវិញបាន ដែលជាអត្ថប្រយោជន៍រួមបង្ហាញពីភាពឈ្លាសវៃ ដែលជាភាពទាក់ទាញមួយកម្រនឹងឃើញ។ ការចូលរួមការងារសង្គម បុរសមើលទៅកាន់តែឃូល នៅពេលដែលពួកគេបានចំណាយពេលវេលារបស់គេ ជាមួយនឹងទឹកចិត្តសប្បុរសធម៌ ជួយអ្នកដទៃក៏ដូចជាចូលរួមរំលែកការងារក្នុងសង្គម។ ការងារស្ម័គ្រចិត្តធ្វើឲ្យពួកគេស្គាល់មនុស្សជាច្រើន និងបានចែក រំលែកក្តីស្រឡាញ់ទៅកាន់មនុស្សដទៃ។  មិនត្រឹមជួយសង្គម បង្ហាញភាពមានទឹកចិត្ត និងការងាយចុះសម្រុង តែក៏ធ្វើឲ្យគេទទួលបានប្រជាប្រិយភាពជាងមុនទៀតផង។ ការចូលចិត្តធ្វើម្ហូប ភាពសង្ហារបស់មនុស្សប្រុស អាស្រ័យលើភាពប៉ិនប្រសព្វ កិច្ចការងារផ្ទះ និងមិនមើលបំណាំមនុស្សស្រី។ ការអាចយល់    និងដឹងពីរសជាតិនៃម្ហូបអាហារបានបង្ហាញពីភាពយកចិត្តទុកដាក់ លើការងាររបស់ពួកគេ។ លេងសើចមិនបានទេ មេចុងភៅល្បីជាច្រើន ក៏ជាបុរសដែរណា៎... ការចូលចិត្តថតរូប ប្រណីតភាពនៃជីវិត បានបង្ហាញតាមរយៈរូបថត ដែលបានផ្តិតយកជាមួយនឹងទឹកដៃដែលល្អឥតខ្ចោះ។ មនុស្សចូលចិត្តថតរូប ជាប្រភេទមនុស្សដែលចូលចិត្តរក្សាការចងចាំល្អៗ និងផ្តល់ភាពរីករាយដល់អ្នកដទៃ។ ពួកគេក៏ជាមនុស្សដែលអាចមើលឃើញពីជ្រុងមួយដែលស្រស់ស្អាតពីគ្រប់វត្ថុទាំងអស់ដែលអ្នកធម្មតាមិនអាចមើលឃើញ។ នេះហើយជាលក្ខណៈពិសេសរបស់ពួកគេ។ ចូលចិត្តមើលក្មេង ក្មេងៗពិតជាគួរឲ្យស្រឡាញ់ តែក៏ពេលខ្លះពិបាកនឹងចូលទៅជិត សូម្បីតែនារីខ្លះក៏មិនអាចស៊ូមើលថែក្មេងបានដែរ មនុស្សប្រុសភាគច្រើនមិនចេះមើលក្មេងទេ ដូចនេះទើបធ្វើឲ្យបុរសដែលអាចមើលថែក្មេងបានមើលទៅពិសេស បំផុត។ ជាទូទៅ បុរសបែបនេះតែងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ មានចិត្តអំណត់ វៃឆ្លាត និងមានសេចក្តីស្រឡាញ់យ៉ាងកក់ក្តៅ។ សកម្មភាព ជាចំណែកមួយនៃភាពទាក់ទាញរបស់បុរស ប៉ុន្តែអត្តចរិត សមត្ថភាព និងកត្តាជាច្រើនទៀតជាអ្វីដែលអ្នកគ្រប់គ្នាសម្លឹងមកដូចគ្នាដូចនេះសកម្មភាពដែលអ្នកគិតថាអ្នកអាចធ្វើបាន គួរតែសាកល្បងដែរ តែបើអ្នកមិនចូលចិត្តមិនចាំបាច់ព្យាយាម ដើម្បីការចូលចិត្តរបស់អ្នកដទៃឡើយ គ្រាន់តែធ្វើជាខ្លួនឯងឲ្យល្អទៅ គឺគ្រប់គ្រាន់ហើយ។  

ចែករំលែក

ប្រជាជនកម្ពុជាហាក់យល់ដឹងច្រើនពីបញ្ហាសុខភាព ទើបយើងសង្កេតឃើញថាប្រជាជនទាំងក្មេង ទាំងចាស់ ហាក់ងាកទៅរកការហាត់ប្រាណជាប្រចាំនៅតាមទីសាធារណៈ និងក្លិបហាត់ប្រាណឯកជន។ ហេលស៍ថាម សូមលើកយក ៩ចំណុចដែលអ្នកគួរពិចារណាក្នុងការរើសក្លិបហាត់ប្រាណ៖ 1.    តម្លៃ ទោះអ្នកមានជីវភាពណាក៏ដោយ ការសន្សំសំចៃនៅតែជារឿងល្អមួយ។ •ការបញ្ចុះតម្លៃពិសេស៖ អ្នកមិនគួរឲ្យរំលងនូវឱកាសបុណ្យនានាឡើយព្រោះក្លិបហាត់ប្រាណ នីមួយៗ តែងមានការបញ្ចុះតម្លៃពិសេសក្នុងឱកាសបុណ្យទាំងនោះ ។ •ការចុះជាសមាជិករយៈពេលវែង៖ សម្រាប់អ្នកទើបតែចូល អ្នកមិនគួរចុះជាសមាជិករយៈពេលវែងដូចជា ១ឆ្នាំ ២ឆ្នាំ ភ្លាមៗនោះទេ។ អ្នកគួរសាកល្បងហាត់នៅក្លិបនោះឲ្យបានមួយរយៈសិន ដើម្បីដឹងថាអ្នកពិតជា ពេញចិត្តនឹងក្លិបនោះពិតប្រាកដមែន។   2. ប្រភេទអ្នកចូលចិត្តទៅក្លិប ក្លិបនីមួយៗតែងមានប្រភេទអ្នកទៅផ្សេងៗគ្នាដូចជាក្លិបខ្លះ សម្បូរដោយ ប្រុសៗ ខ្លះដោយស្រីៗ ជាដើម។ •ប្រសិនបើអ្នកជាស្រី៖ អ្នកប្រហែលមិនចង់ឲ្យប្រុសៗជាច្រើនសម្លឹងមើលអ្នកពេលអ្នកកំពុងហាត់ប្រាណនោះទេ ដែលធ្វើឲ្យអ្នកអៀន ឬមិនហ៊ានសាកល្បងហាត់ឧបករណ៍ថ្មីៗជាដើម។ •ចំនួនអ្នកទៅក្លិបនោះ៖ អ្នកក៏គួរតែសង្កេតមើលថាក្លិបនោះមានអ្នកហាត់ប៉ុន្មាននាក់ដែរជាពិសេសពេលល្ងាច និងថ្ងៃចុងសប្តាហ៍ព្រោះ អ្នកប្រហែលជាមិនចង់អង្គុយរង់ចាំឧបករណ៍ ហាត់ប្រាណដែលអ្នកចង់ប្រើនោះទេ។ 3. ឧបករណ៍ហាត់ប្រាណ ពេលរើសកន្លែងហាត់ប្រាណ អ្នកគួរដើរមើលមួយជុំក្លិបនោះ តើក្លិបនោះមានឧបករណ៍ហាត់ប្រាណ គ្រប់គ្រាន់ដែរឬទេ  ជាពិសេសឧបករណ៍ដែល អ្នកចូលចិត្តហាត់។ 4. សេវាកម្មបន្ថែម ក្លិបហាត់ប្រាណមួយចំនួនមានការផ្តល់ជូនសេវាកម្មបន្ថែមដូចជាកន្លែងក្មេងលេង ការម៉ាស្សា ធ្វើសរសៃ ឬសាឡនផងដែរ។ ក្រៅពីនេះ អ្នកក៏អាចសាកសួរថាក្លិបនោះមានអ្នកប្រឹក្សាយោបល់ពីចំណីអាហារផ្សេងៗដែរឬទេជាពិសេសសម្រាប់អ្នកចង់សម្រកទម្ងន់ ឬចង់បានសាច់ដុំ ៦កង់ជាដើម។ 5.ទីតាំង អ្នកគួរជ្រើសរើសយកក្លិបហាត់ប្រាណណាដែលនៅក្បែរផ្ទះ សាលា ឬកន្លែងធ្វើការរបស់អ្នក បើមិនដូច្នោះទេ អ្នកទំនងជាមិនអាចទៅហាត់ប្រាណបានទៀងទាត់ទេ ឬខ្ជិលទៅហាត់ប្រាណតែម្តង ជាពិសេសក្នុងក្រុងភ្នំពេញដែលមានការកកស្ទះចរាចរណ៍ច្រើនផងដែរ។ 6. ភាពស្អាត និងអនាម័យ ក្លិបហាត់ប្រាណក៏ជាកន្លែងដែលអ្នកសម្រាកអារម្មណ៍ពីការងារ និងបញ្ចេញស្រេ្តសផងដែរ  ដូច្នេះហើយក្លិបហាត់ប្រាណត្រូវជាកន្លែងដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ អ្វីដែលអ្នកគួរសង្កេតមានដូចជា ឧបករណ៍ហាត់ប្រាណរប៉ាត់រប៉ាយឬទេ ឧបករណ៍ដែលខូចមានអ្នកធ្វើឬទេ ក្លិបនោះមានធុំក្លិនអាក្រក់ឬទេ កន្សែងបោកបានស្អាតឬទេ ឬសំរាមទុកដាក់មានរបៀបជាដើម។ 7. ម៉ោងដែលបំរើការ អ្នកខ្លះចូលចិត្តហាត់ពេលព្រឹក ខ្លះក៏ចូលចិត្តហាត់ពេលល្ងាច ដូច្នេះអ្នកត្រូវពិនិត្យឲ្យច្បាស់ថាក្លិបនោះបើកពីពេលណាដល់ពេលណា។ ដោយឡែក អ្នកក៏គួរសួរពីកាលវិភាគបិទក្នុងកម្មវិធីបុណ្យផ្សេងៗផងដែរ ព្រោះជួនកាលបើថ្ងៃបុណ្យផ្សេងៗ យើងក៏អាចទៅហាត់ប្រាណលេងផងដែរ។ 8. គ្រូបង្ហាត់ គ្រូបង្ហាត់ក្នុងក្លិបហាត់ប្រាណក៏ជាកត្តាសំខាន់មួយផងដែរ ព្រោះបើមានគ្រូត្រឹមត្រូវ នោះយើងនឹងហាត់បានត្រូវតាមការណែនាំ និងឆាប់ទទួលបានលទ្ធផលផងដែរ។ 9. ការផ្តល់ជូនពិសេសៗសម្រាប់សមាជិក ក្លិបហាត់ប្រាណមួយចំនួនមានការសហការណ៍ជាមួយហាងផ្សេង ដូច្នេះប័ណ្ណសមាជិកដែលអ្នកកាន់អាចនឹងទទួលបានការបញ្ចុះតម្លៃផ្សេងៗ ឬទទួលបានសេវាកម្មមួយចំនួនដោយឥតគិតថ្លៃផងដែរ។

ចែករំលែក

ភាពមមាញឹករបស់សិស្សនិសិ្សតមិនថាជាការងារផ្ទះ ឬការងារស្រាវជ្រាវ ដែលតម្រូវឲ្យធ្វើទាំងថ្ងៃ និងយប់ ឬត្រូវឆ្លៀតបំពេញការងារក្រៅម៉ោងបន្ថែម ព្រមទាំងការងារដែលធ្វើមិនចេះចប់ របស់អ្នកធ្វើការពេញម៉ោង ទាំងក្នុងការិយាល័យ និងការចេញក្រៅធ្វើបេសកកម្មយ៉ាងច្រើនទៀត ធ្វើឲ្យពេលវេលាមួយថ្ងៃរបស់យើងម្នាក់ៗសឹងតែមិនគ្រប់គ្រាន់ក្នុងការសម្រាក ហេតុនេះមិនមានអ្វីគួរឲ្យឆ្ងល់ឡើយ ដែលការប្រើប្រាស់ភេសជ្ជៈជំនួយកម្លាំងមានការពេញនិយមខ្លាំងបែបនេះ។ ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ន នៅតែមានមន្ទិលជាច្រើនទាក់ទងនឹងប្រសិទ្ធភាព ព្រមទាំងសុវត្ថិភាពក្នុងការប្រើប្រាស់ភេសជ្ជៈដ៏ពេញនិយមនេះ ដែលទាមទារឲ្យអ្នកគ្រប់គ្នាធ្វើការស្វែងយល់បន្ថែម។ តើភេសជ្ជៈប៉ូវកម្លាំងគឺជាអ្វី? វាត្រូវបានស្គាល់ថាជាផលិតផលសម្រាប់បង្កើនភាពស្វាហាប់ ដាស់ស្មារតី ព្រមទាំងសកម្មភាព ជាមួយនឹងការជួយបង្កើនថាមពល។ សារធាតុចម្បងពីរត្រូវបានប្រើប្រាស់ក្នុងភេសជ្ជៈប៉ូវកម្លាំងគឺ ស្ករ និងកាហ្វេអីុន ហើយក្រៅពីនោះមានសារធាតុមួយចំនួនទៀតរួម-មាន អេហ្វេដ្រីន តូរីន យិនស៊ីន វីតាមីនបេ គីងកូ ក្រេអាទីនជាដើម  ដែលត្រូវបានរកឃើញបន្ថែមផងដែរក្នុងភេសជ្ជៈនេះ ទៅតាមរូបមន្តរបស់ម៉ាកយីហោនីមួយៗ  ក្នុងគោលបំណងបន្ថែមអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់អ្នកបរិភោគ  ដូចជាដើម្បីជួយក្នុងការសម្រកទម្ងន់ កសាងសាច់ដុំឲ្យរឹងមាំ កាត់បន្ថយស្ត្រេស និងភាពងងុយ បង្កើនថាមពល និងជំនួយការចងចាំ។ បើយោងតាមព្រឹត្តបត្រព័ត៌មានដែលបានចុះផ្សាយដោយសមាគមឱសថការីកម្ពុជាបានបង្ហាញថា មូលហេតុដែលអ្នកប្រើប្រាស់ជ្រើសរើសភេសជ្ជៈនេះគឺដោយសារតែពួកគេជឿថាភេសជ្ជៈប៉ូវកម្លាំងអាចជួយបង្កើនថាមពល កាត់បន្ថយភាពអស់កម្លាំង រក្សាលំនឹងផ្លូវចិត្ត បង្កើនល្បឿនរំលាយអាហារ និងផ្តល់ភាពស្រស់ស្រាយឲ្យពួកគេបាន។ តាមរយៈការសិក្សាដដែលនេះ ក៏បង្ហាញផងដែរថា ការប្រើប្រាស់ភេសជ្ជៈប៉ូវកម្លាំងទទួលបានការពេញនិយមក្នុងការប្រើប្រាស់យ៉ាងខ្លាំងដោយសិស្សនិសិ្សត អ្នកធ្វើការដែលមមាញឹកខ្លាំង អ្នកធ្វើដំណើរ អ្នកដែលធ្វើការបញ្ចេញពលកម្មខ្លាំង និងជាពិសេសគឺអ្នកបើកបរផ្លូវឆ្ងាយ។ តើការប្រើប្រាស់ភេសជ្ជៈប៉ូវកម្លាំងផ្តល់ផលប៉ះពាល់ដែរឬទេ? ការលាយភេសជ្ជៈប៉ូវកម្លាំងជាមួយស្រា ឬអាល់កុល ជារូបភាពមួយដែលឃើញមានជាញឹកញាប់ពីសំណាក់អ្នកប្រើប្រាស់ ដោយសារវាធ្វើឲ្យអ្នកពិសាស្រាមិនដឹងស្រវឹង  និងអាចពិសាបានកាន់តែច្រើន  ដែលទង្វើនេះត្រូវបានណែនាំឲ្យចៀសវាងព្រោះវាអាចបង្កនូវហានិភ័យមួយចំនួនដល់សុខភាព។ រីឯការពិសាភេសជ្ជៈដែលមានផ្ទុកនូវកាហ្វេអ៊ីនត្រឹមកម្រិត ១០០ទៅ ២០០មីលីក្រាមក្នុងមួយថ្ងៃអាចប្រឆាំងនឹងការអស់កម្លាំងបាន ផ្ទុយទៅវិញបរិមាណដ៏ច្រើននៃកាហ្វេអ៊ីនដដែលនេះ អាចធ្វើឲ្យអ្នកមានការពិបាកក្នុងការគេង ជាលទ្ធផលនាំឲ្យមានអាការៈអស់កម្លាំងទៅវិញ ថែមទាំងអាចឈឺពោះ រាក និងឈឺក្បាលផងដែរ។ ដោយឡែក ការប្រើប្រាស់ហួសកម្រិតនូវភេសជ្ជៈនេះ ត្រូវបានដឹងថាអាចបង្កឲ្យមានការឆាប់មួម៉ៅ និងការលើសសម្ពាធឈាមទៀតផង។ តើអ្នកគួរពិសាភេសជ្ជៈប៉ូវកម្លាំងយ៉ាងដូចម្តេច? •កម្រិតក្នុងការពិសាត្រឹមមួយ ឬពីរកំប៉ុងយ៉ាងច្រើនក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យដែលមានសុខភាពធម្មតា •កុំលាយភេសជ្ជៈប៉ូវកម្លាំងជាមួយភេសជ្ជៈផ្សេងទៀតពិសេសគឺស្រា ឬអាល់កុល •កុំពិសាភេសជ្ជៈនេះនៅមុន និងអំឡុងពេលការធ្វើសកម្មភាពរាងកាយខ្លាំងក្លាដូចជាការហាត់ប្រាណ ឬធ្វើការងារដែលត្រូវធ្វើសកម្មភាពនិងតម្រូវឲ្យបាត់បង់ជាតិទឹកខ្លាំង •ត្រូវជ្រើសរើសផលិតផលដែលមានបង្ហាញព័ត៌មានអំពីសារធាតុផ្សំ និងសារធាតុចិញ្ចឹមត្រឹមត្រូវលើកំប៉ុង •ចៀសវាងប្រើសម្រាប់ក្មេង មនុស្សវ័យជំទង់ ឬអ្នកមានបញ្ហាសុខភាពផ្សេងៗពិសេសទាក់ទងនឹងបេះដូ •កម្រិតការញ៉ាំចំពោះស្រ្តីមានផ្ទៃពោះ និងកំពុងបំបៅដោះ •កម្រិតការញ៉ាំកាហ្វេអីុន និងជាតិស្ករដែលមាននៅក្នុងអាហារ ឬភេសជ្ជៈដទៃទៀត។ ទោះជាភេសជ្ជៈប៉ូវកម្លាំងនៅតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក អ្នកប្រើប្រាស់ទាំងអស់ក៏ត្រូវតែប្រាកដផងដែរថាបានធ្វើការជ្រើសរើសផលិតផល និងប្រើប្រាស់ឲ្យបានត្រឹមត្រូវដើម្បីសុវត្ថិភាព ចៀសផុតពីផលរំខាននានា។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

តើអ្នកធ្លាប់ចាប់អារម្មណ៍លើស្លាកអាហារូបត្ថម្ភ(Nutrition-Facts)ដ៏ស្មុគស្មាញមានលើផលិតផលអាហារដែលអ្នកប្រើប្រាស់ជាប្រចាំដែរឬទេ? ហើយអ្នកដឹងទេថាវាចាំបាច់យ៉ាងណាសម្រាប់អ្នក និងក្រុមគ្រួសារ? ស្លាកព័ត៌មានអាហារូបត្ថម្ភគឺជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ចង្អុលបង្ហាញពីការប្រើប្រាស់ផលិតផលនោះឲ្យបានត្រឹមត្រូវ និងវត្តមានសារធាតុចិញ្ចឹមដែលមានឥទ្ធិពលចំពោះសុខភាព។ ស្លាកអាហារទាំងនោះ ក៏ជាគន្លឹះដើម្បីឲ្យអ្នកមានភាពងាយស្រួលក្នុងការជ្រើសរើសផលិតផលអាហារដែលត្រូវនឹងអ្នកផងដែរ។ អ្នកអាចនឹងគិតថា វាពិបាកក្នុងការយល់បន្តិច តែ ហេលស៍ថាម នឹងបង្ហាញអ្នកថាការរៀនមើលស្លាកអាហារូបត្ថម្ភលើផលិតផលអាហារពិតជាចាំបាច់ ហើយក៏មិនស្មុគស្មាញដូចដែលអ្នកបានឃើញនោះទេ។     1. រង្វាស់នៃការញ៉ាំ (Serving Size) វាជាអ្នកប្រាប់ថាអ្នកគួរញ៉ាំម្តងក្នុងបរិមាណប៉ុណ្ណា និងអាចញ៉ាំបានប៉ុន្មានដងក្នុងមួយកញ្ចប់នៃផលិតផលនោះដោយប្រើប្រាស់ខ្នាតប្រៀបធៀបជាពែង ស្លាបព្រា ឬដុំជាដើម។    អ្នកគួរតែប្រុងប្រយ័ត្នលើរង្វាស់នេះ  ដើម្បីដឹងថាអ្នកគួរបែងចែកវាសម្រាប់ញ៉ាំប៉ុន្មានដង ចៀសវាងការញ៉ាំលើស ឬខ្វះនៃសារធាតុក្នុងអាហារ។     2. កាឡូរី កាឡូរីអាចវាស់ពីបរិមាណថាមពលដែលអ្នកទទួលបានពីការញ៉ាំម្តងៗ ឬមួយរង្វាស់(One serving)។ ការមើលបរិមាណកាឡូរី ក្នុងស្លាកព័ត៌មានអាហារូបត្ថម្ភ ពិតជាមានសារសំខាន់ អាចឲ្យអ្នកកំណត់ពីការទទួលបានបរិមាណកាឡូរីក្នុងមួយថ្ងៃ ដើម្បីអាចរក្សាទម្ងន់ ឬសម្រកទម្ងន់បាន។ ចំណាំ៖   បរិមាណទូទៅនៃកាឡូរីសម្រាប់មួយ រង្វាស់៖ ៤០ កាឡូរី គឺកម្រិតទាប ១០០ កាឡូរី គឺកម្រិតមធ្យម និង៤០០ កាឡូរី ឬច្រើនជាងនេះ គឺកម្រិតខ្ពស់។     3. សារធាតុចិញ្ចឹមដែលគួរញ៉ាំក្នុងបរិមាណកំណត់ ការញ៉ាំសារធាតុខ្លាញ់ដូចជាខ្លាញ់ឆ្អែត   (ពពួកខ្លាញ់មិនល្អ)  ខ្លាញ់មិនឆ្អែត (ពពួកខ្លាញ់ល្អ)  កូឡេស្តេរ៉ុល  និងសូដ្យូមច្រើនអាចបង្កហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺបេះដូង មហារីក លើសសម្ពាធឈាមជាដើម។   ដូចនេះ គួរតែជ្រើសរើសយកផលិតផលអាហារណាដែលមានធាតុខ្លាញ់ទាំងនេះ    ក្នុងកម្រិតមួយទាបបំផុតតាមដែលអាចធ្វើបាន។ ចំណាំ៖ អាហារដែលបញ្ជាក់ថា Fat–freeឬ   Low-fat មិនមានន័យថា គ្មានកាឡូរីទេ ដូចនេះគួរមើលបរិមាណកាឡូរីឡើងវិញ។     4.សារធាតុចិញ្ចឹមដែលគួរញ៉ាំឲ្យបានគ្រប់គ្រាន់ វាជាសារធាតុដែលសរីរាង្គត្រូវការក្នុងបរិមាណតិចតួចតែមិនអាចខ្វះវាបានទេ។  ការញ៉ាំពពួកកាកសរសៃ (Fiber) ដូចជា វីតាមីនA  វីតាមីនC កាល់ស្យូម និងដែក អាចជួយកែតម្រូវសុខភាពរបស់អ្នកឲ្យមានភាពប្រសើរឡើង ប៉ុន្តែលុះត្រាតែវាស្ថិតក្នុងបរិមាណកំណត់មួយប៉ុណ្ណោះ។     5.យល់អំពីកំណត់សម្គាល់ដែលមាននៅខាងក្រោមនៃស្លាកអាហារ តួលេខបញ្ជាក់ពី កម្រិតប្រើប្រាស់ក្នុងមួយថ្ងៃនៃសារធាតុនីមួយៗ   ទៅតាមបរិមាណកាឡូរីនៃរបបអាហារទូទៅ ដែលទិន្នន័យនេះមិនមានការផ្លាស់ប្តូរពីផលិតមួយទៅផលិតផលមួយទេ។ ចំណាំ៖ ពាក្យ   មានន័យថា អ្នកគួរតែទទួលបរិមាណនៃសារធាតុនោះឲ្យទាបជាងការណែនាំ និងពាក្យ   មានន័យថាអ្នកគួរទទួលបរិមាណនៃសារធាតុនោះយ៉ាងតិចឲ្យស្មើការណែនាំ។     6. ភាគរយបរិមាណសារធាតុចិញ្ចឹមប្រចាំថ្ងៃ (The Percent Daily Value (%DV)) %DV អាចឲ្យដឹងអំពីភាគរយនៃសារធាតុចិញ្ចឹមដែលអ្នកទទួលបានក្នុងការបរិភោគម្តងៗ (One serving) បើធៀបនឹងបរិមាណដែលអ្នកគួរតែទទួលបានសរុបក្នុងមួយថ្ងៃ។ ដូចនេះ អ្នកអាចដឹងបានថា    អ្នកទទួលបានប៉ុន្មានភាគរយនៃសារធាតុចិញ្ចឹមនីមួយៗនៅពេលដែលអ្នកបរិភោគវាម្តង និងដឹងថាគួរបន្ថែមសារធាតុទាំងនោះតាមរយៈអាហារផ្សេងៗក្នុងបរិមាណប៉ុន្មានទៀតទើបគ្រប់គ្រាន់។ តាមរយៈ%DVវាក៏បានបង្ហាញផងដែរថា មួយរង្វាស់នៃផលិតផលអាហារ មានបរិមាណសារធាតុចិញ្ចឹមខ្ពស់ ឬទាប (%DV

ចែករំលែក

រដូវក្តៅនេះ អ្នកអាចនឹងទទួលបានផាសុកភាពបំផុត  ឬក៏ពិបាកក្នុងខ្លួនបំផុតក៏ថាបានបើអ្នកច្របូកច្របល់ចូលគ្នារវាងរឿងដែលគួរធ្វើ និងរឿងដែលមិនគួរធ្វើ។  ហេលស៍ថាម បានណែនាំខ្លះមកហើយអំពីរឿងផ្សេងៗទាក់ទងនឹងរដូវក្តៅដូចជាកន្លែងដែលគួរទៅ ការហាត់ប្រាណ ក៏ដូចជាសម្រស់ ពេលនេះក៏ងាកមកមើលសកម្មភាពជារួមដែលនៅសល់ផ្សេងទៀតដែលសុទ្ធតែមានឥទ្ធិពលលើរដូវក្តៅរបស់អ្នក។ គួរធ្វើអ្វី និងមិនគួរធ្វើអ្វី   អ្នកអាចទាយដឹងហើយមែនទេ?  ផ្ទៀងផ្ទាត់ចម្លើយអ្នកនៅខាងក្រោម៖ DOs (អ្វីដែលអ្នកគួរធ្វើ)     •ផឹកទឹកឲ្យបានច្រើន ប្រាកដណាស់ថាអ្នកណាក៏ដឹង ប៉ុន្តែអ្នកត្រូវចងចាំថា ការបរិភោគភេសជ្ជៈដែលមានរសជាតិផ្អែម មានជាតិកាហ្វេអ៊ីន ឬជាតិអាល់កុលអាចត្រឹមតែឲ្យអ្នកបាត់ស្រេកទឹកតែមួយរយៈតែប៉ុណ្ណោះ  បន្ទាប់មកអ្នកនឹងស្រេកទឹកលើសដើម បត់ជើងញឹកញាប់ ជាហេតុធ្វើឲ្យអ្នកកាន់តែបាត់បង់ជាតិទឹក ដូចនេះអ្វីដែលលោកអ្នកត្រូវការគឺមានតែទឹកតែមួយមុខគត់។ លើសពីនេះ អ្នកត្រូវដឹងថាប្រសិនបើអ្នកស្រេកទឹក នោះមានន័យថាខ្លួនប្រាណរបស់អ្នកបានបាត់បង់ជាតិទឹកអស់ ១៥% បាត់ទៅហើយ ការរង់ចាំដល់ពេលអ្នកស្រេកទឹកទើបផឹក មិនមែនជាការល្អទេ។     •ពិនិត្យពណ៌នៃទឹកនោម ត្រូវសង្កេតទៅលើពណ៌នៃទឹកនោម ហើយត្រូវប្រាកដថាទឹកនោមថ្លា តែប្រសិនក្នុងករណីពណ៌ទឹកនោមលឿងល្អក់នោះបញ្ជាក់ថាអ្នកកំពុងជួបបញ្ហាកង្វះជាតិទឹក ហេតុនេះគួរពិសាទឹកឲ្យបានច្រើន និងពិភាក្សាជាមួយគ្រូពេទ្យដើម្បីដឹងពីអាការៈកាន់តែច្បាស់។     •ប្រយ័ត្នប្រយែងចំពោះអាហារ រដូវក្តៅ ជារដូវដែលអ្នកត្រូវតែប្រយ័ត្នចំពោះចំណីអាហារព្រោះមេរោគងាយនឹងឆ្លងចូលអាហារ    ដោយត្រូវប្រាកដថាអាហារចម្អិនឲ្យបានល្អ ទុកដាក់បានត្រឹមត្រូវ និងចៀសវាងអាហារតាមចិញ្ចើមថ្នល់ ហើយងាកមកបរិភោគបន្លែ ផ្លែឈើដែលសម្បូរសារធាតុទឹក ដើម្បីឲ្យខ្លួនប្រាណទទួលបានជាតិទឹកគ្រប់គ្រាន់។     •ងូតទឹកយ៉ាងហោចណាស់ឲ្យបានពីរដង ប្រសិនជាអាច អ្នកគប្បីងូតទឹកយ៉ាងហោចណាស់ឲ្យបាន២ដង ព្រោះមិនត្រឹមតែធ្វើឲ្យស្បែកមានសភាពត្រជាក់ទេ តែក៏ជាការលាងជម្រះមេរោគផ្សេងៗពីស្បែកខាងក្រៅ ការពារការឆ្លងមេរោគដែលបង្កមកពីបរិយាកាសដ៏ក្តៅអាប់អួរផងដែរ។     •លាបឡេការពារកម្តៅថ្ងៃ មិនថាអ្នកមិនទម្លាប់លាបយ៉ាងណានោះទេ ចូលដល់រដូវក្តៅបែបនេះត្រូវតែលាបឡេការពារកម្តៅថ្ងៃ ព្រោះកម្តៅខ្លាំងបែបនេះអាចបង្កជាផលវិបាកដល់ស្បែក ហើយបើធ្ងន់ធ្ងរអាចបង្កទៅជាមហារីកស្បែកថែមទៀតផង។ បន្ថែមពីនេះប្រសិនបើអ្នកមានបញ្ហារលាកស្បែកដោយសារកម្តៅ ផលិតផលប្រទាលកន្ទុយក្រពើអាចបន្ថយអាការៈរលាកបានយ៉ាងល្អ។ DON’Ts (អ្វីដែលអ្នកមិនគួរធ្វើ)     •មិនត្រូវញុំាអាហារដែលសេសសល់ ដោយសារអាកាសធាតុក្តៅ ស្អុះស្អាប់ អាហារងាយនឹងជូរ ផ្អូម ប្រសិនបើអ្នកមិនបានទុកដាក់អាហារបានត្រឹមត្រូវ  ហើយងាយនឹងឆ្លងជំងឺ  ដូចជារាករូស  ឬបញ្ហាពោះវៀនជាដើម។     •បន្ថយអាហារដែលសម្បូរជាតិខ្លាញ់ អាហារចៀន បំពង សុទ្ធតែបង្កផលមិនល្អទៅដល់សុខភាព ហេតុដូចនេះ ចៀសវាងការចាយវាយច្រើនទៅលើការព្យាបាល លោកអ្នកគប្បីងាកមកគិតគូរពីការបរិភោគបន្លែឲ្យបានកាន់តែច្រើន។     •កុំព្យាយាមនៅក្រោមកម្តៅថ្ងៃដោយផ្ទាល់ ធ្វើយ៉ាងណាកុំស្ថិតនៅក្រោមកម្តៅថ្ងៃយូរពេក  ព្រោះក្តៅផង  ត្រជាក់ផងងាយនឹងឈឺខ្លាំងណាស់  តែប្រសិនជាចាំបាច់ត្រូវចេញទៅក្រៅព្យាយាមពាក់អាវដៃវែង មួក ឆ័ត្រ ឬវ៉ែនតាការពារដើម្បីការពារខ្លួនអ្នកពីកម្តៅផ្ទាល់។     •ខោអាវក្រាស់ៗ ដាច់ខាត កុំព្យាយាមស្លៀកពាក់ខោអាវក្រាស់ៗ ព្រោះវាអាចធ្វើឲ្យលោកអ្នកកាន់តែអស់ថាមពលដោយសារតែការបែកញើសច្រើនហួសហេតុក្រោមអាកាសធាតុហប់ខ្យល់បែបនេះ ហើយពេលខ្លះអាចឈានដល់ការបាត់បង់ស្មារតីទៀតផង។     •កុំព្យាយាមបង្ខំខ្លួនឯង ពេលដែលដឹងថាខ្លួនឯងអស់កម្លាំងបន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនម៉ោងហើយនោះ គប្បីសម្រាក និងហូបអាហារឲ្យបានគ្រប់គ្រាន់ មិនត្រូវបង្ខំបង្ហើយការងារទាំងដឹងថាខ្លួនឯងមិនស្រួលខ្លួននោះទេ ព្រោះលោកអ្នកត្រូវចាំថាសុខភាពជាចម្បង ហើយការពារប្រសើរជាងព្យាបាល។ រដូវក្តៅដូចជាយូរគួរសមដែរ ដូចនេះហេតុអ្វីត្រូវប្រហែសចំពោះរឿងដែលអ្នកគួរ និងមិនគួរធ្វើនោះ បើអ្នកនៅតែចង់មានថាមពលសម្រាប់ប្រយុទ្ធពេញមួយរដូវនេះ?

ចែករំលែក

អាយុសង្ឃឹមរស់ របស់មនុស្សទូទៅលើពិភពលោក គឺ ៧៣.៨ ឆ្នាំ សម្រាប់ស្រី្ត   និង៦៩.១ ឆ្នាំសម្រាប់បុរស។ ចំណែកអាយុសង្ឃឹមរស់ក្នុងប្រទេសកម្ពុជា គឺ ៧១ ឆ្នាំសម្រាប់ស្រី្ត និង ៦៧ ឆ្នាំសម្រាប់បុរស បើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។ យើងឃើញថាអាយុសង្ឃឹមរស់របស់ស្រ្តីវែងជាងបុរស៥ភាគរយ។ មូលហេតុដែលធ្វើឲ្យបុរសមានអាយុសង្ឃឹមរស់ខ្លីជាងស្រ្តីគឺមានកត្តាចូលរួមជាច្រើនដូចជា កត្តាហ្សែន កត្តាការថែទាំសុខភាព កត្តាបរិស្ថានជុំវិញ និងកត្តាទំនាក់ទំនងសង្គម។ កត្តាហ្សែន ការបកស្រាយចំពោះ កត្តាហ្សែនគឺត្រូវបានផ្តោតទៅលើ ក្រូម៉ូសូមភេទដែលជាធាតុបង្ករបស់ADN។ ការស្វ័យតំឡើងទ្វេរបស់ក្រូម៉ូសូមកំណត់ភេទស្រ្តី(XX) បានរក្សាក្រូម៉ូសូមកូន Xដដែល ផ្ទុយពីការស្វ័យតំឡើងទ្វេរបស់ក្រូម៉ូសូមកំណត់ភេទប្រុស(XY) ដែលបំបែកជាក្រូម៉ូសូមកូនX,Y។ ចំនុចនេះហើយដែលធ្វើឲ្យការរក្សាតួនាទីរបស់ក្រូម៉ូសូមកំណត់ភេទបុរសមិនបានល្អ ដែលធ្វើឲ្យបុរសងាយប្រឈមនឹងជំងឺជាងស្រ្តី។ ការថែទាំសុខភាព បុរសភាគច្រើនមិនសូវបានយកចិត្តទុកដាក់ចំពោះការថែទាំសុខភាពរបស់ខ្លួនឲ្យបានល្អនៅឡើយទេ។ ការបរិភោគបរិមាណអាហារមិនបានត្រឹមត្រូវ ការជក់បារី និងការសេពគ្រឿងស្រវឹង សុទ្ធតែជាកត្តាបង្កបញ្ហាទាំងអស់។ តាមការសិក្សារបស់ Agency for Healthcare Research and Quality បង្ហាញឲ្យឃើញថា បុរស ២៤ភាគរយ មិនបានទៅជួបពិគ្រោះ និងពិនិត្យជំងឺជាទៀងទាត់ជាមួយគ្រូពេទ្យទេ។ កត្តាបរិស្ថានជុំវិញ លក្ខខណ្ឌការងារដូចជា អ្នកធ្វើការងារសំណង់ អ្នកបើកបររថយន្ត កសិករ អ្នកធ្វើការនៅរោងចក្រឧស្សាហកម្ម ជួបគ្រោះថ្នាក់អំឡុងពេលធ្វើការ ដែលជាកត្តាចម្បងដែលធ្វើឲ្យអាយុសង្ឃឹមរស់របស់បុរសខ្លីជាងស្រ្តី។ បើយោងតាមទិន្នន័យរបស់សហភាពអឺរុ៉ប បង្ហាញថាមនុស្ស១៩នាក់ ក្នុងចំណោម ២០នាក់(៩៥.៦ភាគរយ)   បានស្លាប់ដោយសារគ្រោះថ្នាក់នៅកន្លែងធ្វើការ ដែលពួកគេជាបុរស។ កត្តាទំនាក់ទំនងសង្គម តាមការសិក្សារបស់សាកលវិទ្យាល័យ Brigham Young របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១០ បានបញ្ជាក់ថា មនុស្សដែលមានទំនាក់ទំនងសង្គមបានល្អ អត្រានៃការស្លាប់របស់ពួកគេគឺមាន៥០ភាគរយទាបជាង អ្នកមិនមានទំនាក់ទំនងសង្គមល្អ។  ភ្ជាប់ជាមួយគ្នានេះដែរ ជនជាតិអឺរ៉ុបច្រើនជាង៥៥ពាន់នាក់ បានធ្វើអត្តឃាត ជារៀងរាល់ឆ្នាំដែលក្នុងនោះ មានបុរស២៥.១នាក់ ក្នុងចំណោម១០០ពាន់នាក់ ដែលនៅចន្លោះអាយុ  ៤៥និង ៥៩ឆ្នាំ។ មូលហេតុនៃការធ្វើអត្តឃាតនេះបណ្តាលមកពី ភាពក្រីក្រ ការរើសអើង ភាពអត់ការងារធ្វើ អំពើហិង្សាក្នុងគ្រួសារ មានជំងឺរ៉ាំរ៉ៃ និងការប្រើថ្នាំញៀនជាដើម។ កត្តាទាំងនេះហើយដែលធ្វើឲ្យបុរសភាគច្រើនមានភាពតានតឹង ស្មុគស្មាញ និងតប់ប្រមល់ ដោយពួកគេមិនបានព្យាយាមរកដំណោះស្រាយ ខណៈពេលដែល ស្ត្រីភាគច្រើនបានចំណាយពេលទំនេររបស់ពួកគេជាមួយមិត្តភក្តិ ដើម្បីជួយកិច្ចការសង្គម ជជែកពិភាក្សាដោះ-ស្រាយបញ្ហានានាក៏ដូចបញ្ហាផ្ទាល់ខ្លួនដែរ។ទាំងនេះហើយទើបស្រ្តីមានគុណភាពជីវិតល្អជាងបុរស។ ដើម្បីចូលរួមចំណែកក្នុងការការពារ និងបន្ថយករណីធ្វើអត្តឃាតនេះ អង្គការសុខភាពពិភពលោក បានដាក់ករណីធ្វើអត្តឃាតជាផ្នែកមួយនៃសុខភាពសាធារណៈ ដោយបង្កើតជាកម្មវិធីមួយគឺ  WHO World Suicide Report “Preventing suicide: a global imperative” ក្នុងឆ្នាំ២០១៤ ក្នុងគោលបំណង ផ្តល់ចំណេះដឹង និងកាត់បន្ថយករណីធ្វើអត្តឃាតឲ្យបាន១០ភាគរយ ក្នុងឆ្នាំ២០២០។

ចែករំលែក

បើអ្នកមានលទ្ធភាពប្រើរបស់ទំនើបដូចជា Smartwatch ហើយ អ្នកក៏គួរតែវៃឆ្លាតប្រើប្រាស់វាឲ្យអស់ពីលទ្ធភាពដែរមែនទេ? មិនអាចពាក់ត្រឹមលម្អខ្លួន និងបង្អួតគេថាវាឡូយនោះទេ ត្រូវតែបង្ហាញឲ្យគេឃើញផងដែរថាវាពិតជាឡូយ និងឆ្លាតវៃស័ក្តិសមនឹងអ្នក។  ក្នុងអត្ថបទកន្លងមក ហេលស៍ថាមបានលើកឡើងអំពីការប្រើប្រាស់កម្មវិធីក្នុង smartphone សម្រាប់សុខភាព និងជីវិតរស់នៅប្រចាំថ្ងៃ  អ្នកប្រាកដជាបានដឹងឮជាច្រើនផងដែរអំពីភាពសម្បូរបែបរបស់ smartwatch ដ៏ពេញនិយម ដែលយើងនឹងលើកមកបង្ហាញក្នុងលេខនេះផ្ទាល់ អំពីមុខងាររបស់វាចំពោះការរស់នៅ។  បន្ទាប់ពីនេះ អ្នកនឹងអាចដឹងបានហើយថាហេតុអ្វីបានជាមនុស្សជាច្រើនជ្រើសរើសយក smartwatch? នាឡិកាអេឡិចត្រូនិចSmartwatchត្រូវបានរចនាឡើងដើម្បីបង្កើនភាពងាយស្រួល  និងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់   ដែលលើសពីការមើលពីពេលវេលា  ការភ្ជាប់ជាមួយនឹង  smartphone  ឆែកសារ ប្រើអ៊ីនធឺណែត ស្តាប់ចម្រៀង  ព្រមទាំងកម្មវិធីជាច្រើនទៀត ដែលក្នុងនោះមុខងារតាមដានសុខភាពទូទៅ និងឈានដល់ការគ្រប់គ្រងនូវជំងឺមួយចំនួន ក៏ជាមុខងារដែលអ្នកប្រើប្រាស់មិនគួរមើលរំលងផងដែរ។ 1.កំណត់ជំហានក្នុងការដើរ៖ បើចង់បាននូវជីវិតរស់នៅដ៏សកម្ម និងទទួលបានសុខភាពដ៏ល្អប្រសើរនោះ អ្នកគួរដើរឲ្យបាន ១០,០០០ជំហានក្នុងមួយថ្ងៃ។  Smart Watch មានមុខងាររាប់នូវជំហានដែលអ្នកបានដើរ និងអាចឲ្យអ្នកគ្រប់គ្រងនូវចំនួនជំហានដែលអ្នកបានដើរជារៀងរាល់ថ្ងៃ។ ក្រៅពីនោះវានឹងកត់ទុកនូវទិន្នន័យទាក់ទងនឹងជំហាន  ចម្ងាយ និងកាឡូរីបានដុតបំផ្លាញដើម្បីអាចឲ្យអ្នកកំណត់គោលដៅសម្រាប់ការហាត់ម្តងៗ។ 2.តាមដានការគេង៖ បុគ្គលភាគច្រើនអាចនឹងមានបញ្ហាក្នុងការមិនទទួលបានដំណេកគ្រប់គ្រាន់ ឬលើស ដែលជាហេតុបង្កឲ្យមានផលអវិជ្ជមានចំពោះរាងកាយ។ SmartWatch មានមុខងារ ដោយប្រាប់អ្នកនូវចំនួនម៉ោងដែលអ្នកគេងបានស្កប់ស្កល់ ដែលវាអាចឲ្យអ្នកកំណត់ពេលវេលាយ៉ាងជាក់លាក់សម្រាប់ទទួលបាននូវការគេងគ្រប់គ្រាន់ និងមានគុណភាព។ 3.តាមដានលំហាត់ប្រាណ៖ នរណាក៏ចង់មានលំហាត់ប្រាណមួយដ៏ជាប់លាប់ដែរ   តែសំខាន់គឺការអត់ធ្មត់ និងការមានទម្លាប់ជាប្រចាំថ្ងៃ។ លក្ខណៈពិសេសនៃមុខងារ Smart Watch គឺផ្តល់នូវរំញ័រទៅលើ កដៃរបស់អ្នកដើម្បីជួយប្រាប់អ្នកថាដល់ពេលក្នុងការធ្វើលំហាត់ប្រាណ។ វាក៏អាចធ្វើការគ្រប់គ្រងនូវចំនួនកាឡូរីដែលអ្នកត្រូវដុតបំផ្លាញដើម្បីសម្រេចគោលដៅផងដែរ។ 4.កម្មវិធីសម្រាប់អ្នកកីឡា៖ កម្មវិធី GPS នៅក្នុងSmartwatch អាចជួយឲ្យកីឡាកររត់ចម្ងាយ អ្នកជិះកង់ និងអ្នកហ្វឹកហាត់រាងកាយផ្សេងៗអាចកំណត់ទីតាំងរបស់ពួកគេបានដោយមិនបាច់ត្រូវការsmartphone។ ក្រៅពីនោះ ពួកគេក៏អាចតាមដាននូវចម្ងាយ ល្បឿន និងរង្វាស់ផ្សេងៗទៀតទាក់ទងនឹងការលេងកីឡា។ ដោយឡែក អ្នកហែលទឹកក៏អាចប្រើប្រាស់នូវនាឡិកានេះដូចគ្នា  ពីព្រោះវាមានសមត្ថភាពអាចការពារចូលទឹកបាន។ 5.មុខងារសម្រាប់ដាស់តឿន និងរំលឹក៖ សកម្មភាពប្រចាំថ្ងៃជាច្រើនត្រូវការមានការដាស់តឿន ដូចជាការក្រោកពីគេង ការញ៉ាំទឹក ការញ៉ាំថ្នាំឲ្យទៀងទាត់ ការប្រជុំ ការធ្វើចលនាពេលអ្នកអង្គុយយូរ និងជម្រុញឲ្យធ្វើសកម្មភាពផ្សេងៗទៀតចៀសផុតពីការរស់នៅដែលមិនសកម្ម។ 6.កម្មវិធីតាមដានសុខភាព៖ ក្រៅពីមុខងារក្នុងការវាស់ចង្វាក់បេះដូង និងប៉ារ៉ាមែត្រជាច្រើនទៀតទាក់ទងនឹងសុខភាព  មានក្រុមហ៊ុនមួយចំនួនបានបង្កើតនូវកម្មវិធីថ្មីសម្រាប់អ្នកប្រើប្រាស់ Smart watch ដោយពួកគេអាចធ្វើការទាញយកកម្មវិធីដែលអាចបកប្រែនូវលទ្ធផលសុខភាពដែលមានសារប្រយោជន៏សម្រាប់វេជ្ជបណ្ឌិតធ្វើការពិនិត្យ និងតាមដានសុខភាព ហើយវាស័ក្តិសមបំផុតចំពោះអ្នកដែលចាប់អារម្មណ៍ទៅលើសុខភាពឬអ្នកដែលមានជំងឺរ៉ាំរៃដូចជាជំងឺទឹកនោមផ្អែម និងជំងឺធាត់ហួសកម្រិតជាដើម។ 7.មុខងារសម្រួលដល់អ្នកជំងឺ៖ Smart Watchក៏មានមុខងារអាចជួយសម្រួលការរស់នៅដល់អ្នកដែលមានជំងឺហឺត   ជំងឺParkinson ទឹកនោមផ្អែម មហារីកសុដន់   ឬអ្នកដែលមានជំងឺបេះដូងជាដើម។ ដោយផ្អែកលើការពិសោធន៍ទៅលើអ្នកជំងឺហឺត ឃើញថាកម្មវិធីនេះអាចជួយពួកគេឲ្យដឹងថាទីតាំងណាដែលមានខ្យល់អាកាសបរិសុទ្ធ។ ក្រៅពីនោះ ក៏មានកម្មវិធីសម្រាប់ណែនាំអំពីការដកដង្ហើមផងដែរ។ 8.ជំនួយក្នុងការស្តាប់៖ Connect Line ក៏ជាកម្មវិធីដ៏អស្ចារ្យមួយ មាននៅក្នុង Smart Watchដែលបង្កើតឡើងសម្រាប់អ្នកដែលកំពុងប្រើប្រាស់ឧបករណ៏ជំនួយត្រចៀក។ វាអាចជួយគ្រប់គ្រងនូវសម្លេងនៃឧបករណ៏ជំនួយត្រចៀកបានយ៉ាងងាយស្រួល ដោយពុំមានអ្នកណាដឹងថាអ្នកកំពុងតែប្រើប្រាស់ឧបករណ៏ជំនួយត្រចៀកនោះទេ។ ជាមួយនឹងគ្រឿងលម្អខ្លួនដ៏ទាន់សម័យបែប Smartwatch នេះអាចឲ្យអ្នកផ្លាស់ប្តូរបែបផែនជីវិតរស់នៅឲ្យកាន់តែរស់រវើក  និងសម្បូរបែប ព្រមទាំងប្រកបដោយផាសុកភាពយ៉ាងពេញលេញ ដូចនេះវាពិតជាស័ក្តិសមនឹងក្លាយជាដៃគូដ៏ល្អដែលនៅជាប់ខ្លួនរបស់អ្នកគ្រប់គ្នាគ្រប់ពេលវេលា។ 

ចែករំលែក

អស់កម្លាំងល្ហិតល្ហៃ មិនអាចផ្តោតអារម្មណ៍បានល្អ ជាបញ្ហាដែលតែងតែជួបយ៉ាងញឹកញាប់ ដែលវាពិតជារំខានដល់ផលិតភាពការងារ និងការរៀនសូត្រ  ព្រមទាំងសកម្មភាពប្រចាំថ្ងៃជាច្រើន ហើយអ្នក    ត្រូវតែយកចិត្តទុកដាក់លើបញ្ហានេះឲ្យបានល្អ។ អាការៈអស់កម្លាំងជាសញ្ញាណសុខភាពដែលប្រាប់ថារូបរាងកាយរបស់អ្នកកំពុងបាត់បង់នូវថាមពល ដែលជាទូទៅអ្នកគ្រប់គ្នានឹងគ្រាន់តែគិតថានេះជារឿងធម្មតាមួយ ដោយភ្លេចគិតថាតើអាការៈនេះកើតឡើងដោយសារមូលហេតុធម្មតា ឬដោយសារតែបញ្ហាគួរឲ្យបារម្ភណាមួយ?    ហើយវាគួរតែត្រូវបានដោះស្រាយយ៉ាងដូចម្តេចយោងទៅតាមករណីនីមួយៗ? 1.ជំងឺផ្តាសាយ៖ អាការៈកណ្តាស់ ឬហៀរចេញនូវសំបោរ ជារោគសញ្ញាដ៏ជាក់លាក់មួយនៃជំងឺផ្តាសាយ ជាមួយគ្នាផងដែរ អ្នកអាចបាត់បង់ថាមពល និងរាងកាយចុះខ្សោយ ដែលទាមទារឲ្យអ្នកត្រូវការពេលវេលាមួយរយៈសម្រាប់សម្រាកយកថាមពលឡើងវិញ។ ការបាត់បង់កម្លាំងរាងកាយកើតឡើង ដោយសារប្រព័ន្ធភាពស៊ាំក្នុងរាងកាយ បានប្រើប្រាស់ថាមពលខ្លាំងដើម្បីធ្វើការសម្លាប់នូវមេរោគដែលបង្កជាជំងឺផ្តាសាយនោះ ដែលជាហេតុ ធ្វើឲ្យថាមពលនៃសាច់ដុំចុះខ្សោយ នោះរាងកាយក៏អន់ថយទៅតាមហ្នឹងដែរ។ ដូចនេះ អ្នកត្រូវ៖ •បង្គ្រប់ជាតិទឹកក្នុងខ្លួនឲ្យបានត្រឹមត្រូវ និងញ៉ាំអាហារដែលជាពពួកស្រូវសាលី នំបុ័ង យ៉ាអួដែលគ្មានសារធាតុធ្វើឲ្យធាត់ (ចៀសវាងអាហារប្រភេទខ្លាញ់ និងផ្អែម) ដើម្បីបង្កើនកម្លាំងឡើងវិញ។ •សម្រាកឲ្យបានគ្រប់គ្រាន់ ចៀសឲ្យឆ្ងាយពីអារម្មណ៍ស្រេ្តស និងតប់ប្រមល់។ 2.ការមករដូវ៖ វាអាចជាមូលហេតុដែលគ្រប់ស្រ្តី តែងតែមានអារម្មណ៍ល្ហិតល្ហៃ និងបាត់បង់ថាមពលរាងកាយ មិនអាចបំពេញការងារប្រចាំថ្ងៃបានរលូន ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការមករដូវនោះ។ ការមករដូវ មិនត្រឹមតែធ្វើឲ្យអ្នកបាត់បង់ឈាមនោះទេ បរិមាណទឹកក្នុងរាងកាយក៏ត្រូវបានចុះថយដូចគ្នា ដែលវាធ្វើឲ្យអ្នកមានអាការៈចុះខ្សោយក្នុងរាងកាយ។   ដោយសារតែវាតែងតែកើតឡើងចំពោះគ្រប់ស្រ្តីទាំងអស់ ដូច្នេះ មិនគួរបណ្តោយឲ្យស្ថានភាពនោះគ្រប់គ្រងអ្នកជារៀងរហូតនោះទេ ដោយអ្នកគ្រាន់តែអនុវត្តតាមជំហានខាងក្រោមនេះ៖ •ញ៉ាំអាហារបន្ទាប់បន្សំ បន្ថែមពីលើអាហារចម្បង ៣ពេល។ ចំណែក អាហារដែលញ៉ាំ គួរតែជាពពួកដែលសម្បូរប្រូតេអុីនខ្ពស់ដូចជា សាច់មាន់ឬត្រី និងអាចលេបវីតាមីនបន្ថែមដែលជាប្រភេទ Multivitamins។ •ផឹកទឹកឲ្យបានច្រើនតាមដែលអាចធ្វើបានចៀសវាងយកភេសជ្ជៈប្រភេទ សូដា ឬមានជាតិស្ករច្រើន មកជំនួសការបំពេញជាតិទឹក។ •ហាមទទួលទានភេសជ្ជៈមានជាតិ កាហ្វេអីុន ឬអាល់កុល ដែលអាចឲ្យអ្នកពិបាកក្នុងការគេងនៅពេលយប់  ជាលទ្ធផល អ្នកអាចមានអារម្មណ៍អស់កម្លាំងកាន់តែខ្លាំងនៅថ្ងៃបន្ទាប់។ 3.ជំងឺខ្វះជាតិស្ករក្នុងឈាម៖ ជាតិស្ករមានសារសំខាន់សម្រាប់ឲ្យសរីរាង្គក្នុងរាងកាយអាចបង្កើនថាមពល ដូច្នេះ អាការៈអស់កម្លាំងខ្លះ ក៏អាចបណ្តាលមកពីការខ្វះជាតិស្ករក្នុងឈាមដែរ ដែលការខ្វះនោះពឹងផ្អែកលើកត្តាមួយចំនួនដូចជា ការញ៉ាំអាហារដែលមិនមានសារជាតិស្ករគ្រប់គ្រាន់ ឬអាចមកពីជំងឺរ៉ាំរ៉ៃប្រភេទជំងឺទឹកនោមផ្អែម។ អ្វីដែលគួរធ្វើគឺ៖ •គួរទម្លាប់បញ្ចូលនូវអាហារខ្លះក្នុងរបបអាហាររបស់អ្នក ដែលជាប្រភេទ បាយ ដំឡូង នំបុ័ង ស្រូវសាលី បន្លែ និងទឹកដោះគោ ដែលជាប្រភពយ៉ាងសំខាន់នៃជាតិស្ករ។ •បើមិនបានធូរស្បើយ គួរស្វែងរកគ្រូពេទ្យឯកទេសសម្រាប់កំណត់ការព្យាបាលឲ្យមានប្រសិទ្ធភាព។ 4.ជំងឺកង្វះគ្រាប់ឈាមក្រហម៖ អាការៈចុះខ្សោយខ្លះទៀត វាក៏អាចជាប់ពាក់ព័ន្ធទៅនឹងបរិមាណគ្រាប់ឈាមក្នុងខ្លួនរបស់អ្នក ដែលជាជំងឺដែលអ្នកប្រហែលជាមិនអាចដឹងជាមុន ហើយវាអាចបណ្តាលមកពីការបាត់បង់ឈាមដោយខូចសរីរាង្គខាងក្នុង ការដាច់រលាត់ផ្នែកណាមួយនៃរាងកាយធ្វើឲ្យមានការហូរឈាមច្រើន។ ជាការពិត គ្រាប់ឈាមជាចំណែកដ៏ធំក្នុងការទ្រទ្រង់រាងកាយទាំងមូល ហើយការបាត់បង់ឈាមតែងតែធ្វើឲ្យមានអារម្មណ៍ហេវហត់ ដោយសារបាត់បង់លំនឹងនៃគ្រាប់ឈាម។ អ្វីគួរធ្វើ៖ •ទទួលទានត្រី ព្រោះវាជាប្រភពនៃជាតិដែក ឬអាចលេបគ្រាប់ថ្នាំជាតិដែក ដើម្បីបង្កើនការផលិតគ្រាប់ឈាមឡើងវិញ។ •ញ៉ាំបន្លែ  និងផ្លែឈើឲ្យបានច្រើន ដោយសារវាសម្បូរវីតាមីនC ដែលអាចជំរុញការស្រូបជាតិដែកបានល្អ។ មិនថាអាការៈអស់កម្លាំងនេះកើតឡើងដោយសារអ្នកមានជំងឺ ឬគ្រាន់ជាការបាត់បង់ថាមពលដោយមូលហេតុណាមួយទេ វាពិតជាទាមទារឲ្យយើងចំណាយពេលវេលាសម្រាកមួយរយៈ និងបំប៉នសុខភាពឲ្យបានល្អ ដើម្បីបង្កើនកម្លាំងឡើងវិញ ហើយអ្នកកាន់តែត្រូវប្រុងប្រយ័ត្នខណៈដែលអាការៈនេះក៏អាចជាសញ្ញាណព្រមាននៃជំងឺធ្ងន់ធ្ងរមួយចំនួនទៀតផងដែរ។

ចែករំលែក

និយាយពីរឿងជិះយន្តហោះ មានអ្នកខ្លះវិលមុខទុកមុនបាត់ហើយ។ មិនបាច់និយាយដល់ការពុលយន្តហោះ ឬខ្លះក៏ហ៊ឹងត្រចៀក តែក៏មានបញ្ហាខ្លះទៀតដែលអ្នកដំណើរមួយចំនួនបានភ្លក្សរសជាតិរួចទៅហើយ ជាពិសេសគឺអ្នកដែលឧស្សាហ៍ចេញដំណើរទៅក្រៅប្រទេស ដែលមានម៉ោងខុសគ្នាដែលយើងហៅថាការច្រឡំពេលវេលា (Jet-Lag)។ និយាយរួមគឺម៉ោងដែលគេត្រូវគេង មិនគេង ដល់ម៉ោងដែលមិនត្រូវគេងទៅជាគេងខុសគេខុសឯង…ទោះមានគម្រោងសប្បាយយ៉ាងណាក៏លែងសប្បាយដែរ។ Jet-Lag អាចចាត់ទុកថាជា ភាពមិនប្រក្រតីរយៈពេលខ្លីនៃភាពធ្លាប់ទៅនឹងពេលថ្ងៃ និងពេលយប់ ឬការអស់កម្លាំងជាដើមដែលបណ្តាលមកពីភាពមិនស៊ីចង្វាក់គ្នារវាងពេលវេលា  នៅពេលអ្នកធ្វើដំណើរទៅប្រទេសដែលមានល្វែងម៉ោងផ្សេងគ្នា។   រាងកាយយើងមានកម្មវិធីធម្មជាតិកំណត់រយៈពេល២៤ម៉ោង  មានវដ្តនៃការញ៉ាំ និងគេងយ៉ាងច្បាស់លាស់។ ឧទាហរណ៍ ល្វែងម៉ោងរបស់អាមេរិក ដើរក្រោយកម្ពុជា១៥ម៉ោង(គិត-ត្រឹមរដ្ឋCalifornia)។   ខ្លួនអ្នកអាចមានការភាន់ច្រឡំ ដែលអាចធ្វើឲ្យមានការអស់កម្លាំងខ្លាំង ពិបាករំលាយអាហារ ឈឺសាច់ដុំ ឬមានអារម្មណ៍មិនស្រួលខ្លួនជាដើម។ បញ្ហាត្រូវការដំណោះស្រាយ មុនពេលចេញដំណើរ 1. គួរគេងឲ្យបានគ្រប់គ្រាន់ ៖ ចៀសវាងអស់កម្លាំងពេលធ្វើដំណើរ។ 2. កំណត់ពេលវេលាគេង ៖ បើអ្នកធ្វើដំណើរ ទៅភាគខាងកើត ដូចជាបណ្តាប្រទេសក្នុងទ្វីបអាស៊ី អ្នកគួរគេងមួយម៉ោងមុន ហើយបើធ្វើដំណើរទៅភាគខាងលិចដូចអាមេរិក  ឬកាណាដា គួរតែគេងមួយម៉ោងយឺតជាងធម្មតា។ 3. រៀបគម្រោងការធ្វើដំណើរ ៖ គួរជ្រើសរើសជើងហោះហើរដែលគួរទៅដល់ពេលថ្ងៃដើម្បីអាចឲ្យអ្នកសម្របខ្លួននឹងបរិយាកាសថ្មីបាន។ ម្យ៉ាងទៀត អ្នកគួរសិក្សាពីពេលវេលានៃប្រទេសដែលអ្នកត្រូវទៅឲ្យបានល្អផងដែរ។ កំឡុងពេលធ្វើដំណើរ 1. ញ៉ាំទឹកឲ្យបានច្រើន ៖ ទាំងមុនពេល អំឡុងពេលធ្វើដំណើរ និងក្រោយពីធ្វើដំណើរ ដើម្បីរក្សាជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់។ ករណីជើងហោះហើររបស់អ្នក ត្រូវទៅដល់ពេលយប់គួរតែកុំទទួលទានសារជាតិកាហ្វេអ៊ីនព្រោះវាអាចប៉ះពាល់ដល់ការគេង។ 2. សម្រាកពេលធ្វើដំណើរ ៖ គួរតែគេងរយៈពេលខ្លី ដែលអាចឲ្យអ្នកសន្សំកម្លាំងបានខ្លះ។ ករណីអ្នកពិបាកគេង អាចប្រើវ៉ែនតា ឬក្រណាត់បិទភ្នែក ដើម្បីសម្ងំបានខ្លះ។ 3. ចៀសវាងការប្រើថ្នាំងងុយគេង ៖  ពេលកំពុងធ្វើដំណើរ ដោយអាចបង្កឲ្យមានគ្រោះថ្នាក់ ដូចជាស្ទះសរសៃឈាម ឬឈានដល់ដាច់ ស្របពេលរាងកាយកំពុងរងសម្ពាធពីបរិយាកាស។ 4. ចៀសវាងការញ៉ាំគ្រឿងស្រវឹង ៖ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ការរក្សាលំនឹងពេលធ្វើដំណើរ។ 5. ធ្វើចលនា ៖ ពេលអ្នកធ្វើដំណើរឆ្ងាយ គួរពត់ដៃ ជើងអំឡុងពេលអង្គុយ ឬដើរមួយជុំក្នុងយន្តហោះដើម្បីជួយឲ្យឈាមរត់បានល្អ។ 6. ដូរពេលវេលា ៖ ដូរម៉ោងនាឡិកាដៃ ឬទូរស័ព្ទដៃរបស់អ្នកឲ្យត្រូវទីកន្លែងថ្មីឲ្យហើយ ដែលអាចជួយអ្នកងាយប្រែប្រួលតាមពេលវេលា។ នៅពេលទៅដល់ទិសដៅ 1. គេង ៖ ពេលទៅដល់ភ្លាម អ្នកគួរគេងឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ក្នុងរយៈពេល១ថ្ងៃដំបូង។ 2. ញ៉ាំ ៖ ចាប់ផ្តើមញ៉ាំអាហារ ៣ពេល តាមពេលថ្មីនៅប្រទេសដែលអ្នកទៅ និងញ៉ាំតែក្តៅៗ។ 3.  ដើរ ៖ ទៅរកពន្លឺថ្ងៃពិសេសពេលព្រឹក ព្រោះវាអាចឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយឡើងវិញ និងជួយឲ្យកម្មវិធីធម្មជាតិកំណត់រយៈពេលមកប្រក្រតីវិញ។ 4.  ងូតទឹក ៖ ពេលព្រឹកគួរងូតទឹកក្តៅ ឧណ្ហៗហើយពេលល្ងាចគួរងូតទឹកត្រជាក់។ ចំណុចខាងលើអាចជួយអ្នកចៀសពីការនឿយហត់បន្ទាប់ពីធ្វើដំណើរលើយន្តហោះ  និងការបន្សុំាខ្លួនក្នុងពេលវេលាថ្មីបានយ៉ាងល្អ ដូចនេះ អ្នកមិនមានអ្វីត្រូវបារម្ភអំពីការធ្វើដំណើរញឹកញាប់ទៅបណ្តាប្រទេសជិតឆ្ងាយទៀតឡើយ។

ចែករំលែក

ថ្ងៃឈប់សម្រាក និងថ្ងៃចុងសប្តាហ៍គួរទៅណាដែរ? ពេលវេលានៃការជួបជុំឪពុកម្តាយ បងប្អូន ជិតឈានមកដល់ហើយ។  ដើម្បីបង្កើនសុភមង្គលក្នុងក្រុមគ្រួសារ ការធ្វើដំណើរកម្សាន្តអាចជាផ្នែកមួយជួយបង្កើតអនុស្សាវរីយ៍ល្អៗបានផងដែរ។ កុំឲ្យមានភាពស្មុគស្មាញថាគួរទៅណា  ហេលស៍ថាម សូមណែនាំ រមណីយដ្ឋានចំនួន៥ដែលអ្នកអាចចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់យ៉ាងស្រស់ស្រាយ ទៅតាមទីតាំងនៃកន្លែងកម្សាន្តនោះ។ •ធម្មជាតិ ដូចនៅសមុទ្រឈើ (ខេត្តមណ្ឌលគិរី) ទេសភាពពណ៌បៃតងស្រងាត់ ខ្យល់បរិសុទ្ធ  ជឿជាក់ថាមិនថាមនុស្សចាស់ ឬក្មេងនឹងសុទ្ធតែមានក្តីសុខនឹងចំណាយពេលនៅទីនេះដោយមិនជិនណាយ។ ណាមួយជាខេត្តដែលមានសីតុណ្ហភាពត្រជាក់ល្មម លោកអ្នកនឹងមានអារម្មណ៍ថាស្រស់ស្រាយ និងទោះយកកូនតូចរបស់អ្នកទៅជាមួយក៏មិនមានបញ្ហា។   ជាពេលវេលានិយាយលេងជាមួយគ្នា សើចសប្បាយ ញ៉ាំអីជុំគ្នា ក៏ជាឱកាសអាចសម្រាកទាំងកាយទាំងចិត្តបានដោយសន្តិភាព។ •បរិស្ថានពណ៌បៃតង រមណីយដ្ឋានវីគីរីរម្យ (ខេត្តកំពង់ស្ពឺ) គ្រាន់តែចំណាយពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ អ្នកនឹងទៅដល់រមណីយដ្ឋានថ្មីប្លែក ដើម្បីចំណាយពេលបោះតង់គេងលេងជុំគ្នាលក្ខណៈជាគ្រួសារតូចៗ ហើយបើជាលក្ខណៈគ្រួសារធំក៏មានជាផ្ទះស្បូវទំហំធំល្មមផងដែរ។ ក្នុងកណ្តាលធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ ជាពិសេសចំការស្រ្តូប៊ឺរី ដែលកម្រនឹងមានថែមទៀតនោះពិតជាធ្វើឲ្យគ្រួសារអ្នកទទួលបានការកម្សាន្តដ៏រស់រវើកមិនខាន។ •តោះទៅពិកនិក (Picnic) នៅ រមណីយដ្ឋាន Picnic (ក្រុងព្រះសីហនុ) ជាមួយបរិយាកាសជុំវិញអមទៅដោយភ្នំ រុក្ខជាតិពណ៌បៃតង និងខ្ទមតូចៗសម្រាប់ស្នាក់អាស្រ័យធ្វើពីឈើ។ កន្លែងស្ងប់ស្ងាត់ ប៉ុន្តែមានសកម្មភាពកម្សាន្តបែបក្រៅក្រុង ដូចជាជិះកង់លេង ដើរមើលកសិដ្ឋានដាំបន្លែ និងផ្លែឈើធម្មជាតិជាដើម។ អ្នកក៏អាចឆ្លៀតឱកាសភ្លក្សអាហារស្រស់ៗ និងគ្មានជាតិគីមីដែលអាចផ្តល់ជាសុខមាលភាពដល់ក្រុមគ្រួសារផងដែរ។ ក្រៅពីនោះ  ក៏មានកន្លែងសម្រាប់ក្មេងៗកម្សាន្តលេងដែលធ្វើឲ្យអ្នកកាន់តែមានភាពងាយស្រួលទៀតផង។ •កោងកាង និងសត្វអំពិលអំពែក (ខេត្តកោះកុង) ដើមកោងកាងជាជម្រកនៃសត្វត្រី ដែលជាប្រភេទដើមឈើសម្បូរនៅទីរួមខេត្តកោះកុង។ ដែលពិសេសនោះគឺ សត្វអំពិលអំពែកភ្លឺផ្លិបផ្លេកនៅពេលយប់  ជាទស្សនីយភាពមួយដែលអ្នកគួរតែសាកល្បងសាងជាមួយនឹងក្រុមគ្រួសារដ៏កក់ក្តៅរបស់អ្នក។ ឆ្លៀតឱកាសនោះ និយាយរឿងនិទាន ឬដេញប្រស្នាជាមួយបងប្អូន ឬកូនៗរបស់អ្នកក៏សប្បាយម្យ៉ាងដែរ។ •ភូមិអេកូធម្មជាតិ Eden Eco Village (ខេត្តកំពត) ធុញទ្រាន់នឹងសំឡេងម៉ូតូ ឡាន សំឡេងអ៊ូអរនៅទីក្រុង ហើយបែរមកស្តាប់សំឡេងខ្យល់បក់បែបជាផ្ទះលំហែជាប់មាត់ទឹក បរិយាកាសស្ងប់ស្ងាត់ និងមើលថ្ងៃលិចកាត់កំពូលភ្នំ ជុំគ្រួសារបំភ្លេចភាពនឿយហត់ ការកម្សាន្តនឹងរបស់ទំនើបៗ ជំនួសមកមើលទស្សនីយភាពពិតៗទៅវិញ វានឹងធ្វើឲ្យជីវិតរបស់អ្នកកាន់តែមានន័យ និងមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍ដ៏ស្រស់ស្អាតបែបនេះ។ បើអ្នកបានទៅកន្លែងមួយក្នុងចំណោមកន្លែងទាំង៥នេះ ពេលវិស្សមកាលរបស់អ្នកគឺមិនឥតប្រយោជន៍ទេ។ ឱកាសបុណ្យចូលឆ្នាំខ្មែរ មួយឆ្នាំមានតែម្តងនេះទេ  គួរតែបង្កើតឱកាសថ្មី  បរិយាកាសថ្មី ទេសភាពថ្មី និងអនុស្សាវរីយ៍ថ្មីជាមួយមនុស្សជាទីស្រឡាញ់ឲ្យបានកាន់តែច្រើន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បុគ្គលមួយចំនួនមានការព្រួយបារម្ភ និងភ័យខ្លាចចំពោះបញ្ហាសាច់ដុះលើស្បែកដោយបារម្ភថាវាអាចជាសញ្ញាណនៃជំងឺមហារីក។ ប៉ុន្តែ តាមការពិតទៅ «បញ្ហាសាច់ដុះលើស្បែកភាគច្រើនមិនបង្កជាគ្រោះថ្នាក់នោះទេ!!! វាមិនជាប់ពាក់ព័ន្ធទៅនឹងជំងឺមហារីកដោយវាគ្រាន់តែជាដុំសាច់ដែលមិនបង្កជារោគសញ្ញាអ្វីទាំងអស់ ដរាបណាមិនមានការត្រដុស ឬប៉ះពាល់ជាមួយនឹងក្រណាត់ គ្រឿងអលង្ការ ឬវត្ថុមានមុខស្រួចផ្សេងៗ ជាច្រើនដងបន្តបន្ទាប់គ្នា» នេះបើយោងតាមសម្តីរបស់ Madam Barbiela ដែលជាស្ថាបនិករបស់ Lalune Beauty Careមជ្ឈមណ្ឌលថែរក្សាសម្ផស្សដែលជាទំនុកចិត្តរបស់មិត្តប្រុសស្រីដែលស្រលាញ់ភាពស្រស់ស្អាត។ ខណៈនេះ លោកអ្នកអាចស្រាយចម្ងល់ទាក់ទិននឹងបញ្ហានេះជាមួយនឹងអត្ថបទណែនាំដោយលោកស្រីខាងក្រោម៖ សាច់ដុះលើស្បែកជាអ្វី? វាប្រៀបបាននឹងបណ្តុំនៃសរសៃនិងបំពង់ស្នូល កោសិកាប្រសាទ កោសិកាជាតិខ្លាញ់  និងកោសិកាដែលគ្របដណ្តប់លើស្បែក។ បុគ្គលខ្លះអាចនឹងជួបប្រទះនឹងបញ្ហានេះ ហើយតែមិនបានចាប់អារម្មណ៍ ឬកត់សម្គាល់ ដោយដុំសាច់ដែលដុះទាំងនោះអាចនឹងត្រូវបានត្រដុស ឬជ្រុះបាត់ទៅ​ដោយមិនដឹងខ្លួន។ ប៉ុន្តែពេលខ្លះទៀតក៏នៅជាប់ជារៀងរហូត។ មនុស្សមួយចំនួនងាយប្រឈមនឹងបញ្ហាសាច់ដុះលើស្បែកនេះដោយសារតែបញ្ហាធាត់ហួសដែលបណ្តាលមកពីកត្តាតំណពូជ ឬមូលហេតុផ្សេងៗទៀត ដែលមិនទាន់ត្រូវបានរកឃើញ។ សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងស្រ្តីមានផ្ទៃពោះជាក្រុមមនុស្សដែលមានការប្រឈមនឹងបញ្ហាសាច់ដុះនេះ។ ផ្ទៃនៃសាច់ដុះអាចនឹងមានសភាពរាបសើ្ម ឬរូបរាងមិនទៀងទាត់ហើយវាដុះចេញពីលើផ្ទៃនៃស្បែកដោយមានទងដុះជាប់នឹងស្បែកផ្ទាល់តែម្តង ដោយភាគច្រើនមានពណ៌ដូចសាច់យើងធម្មតា ឬក៏ត្នោតស្រាល។ ដំបូង វាមានទំហំតូច ហើយសំប៉ែតដូចក្បាលដែកគោលមួក។ វាអាចមានអង្កត់ផ្ចិតពី 2mmទៅ ហើយដុំសាច់ខ្លះក៏អាចមានដល់ 5cmផងដែរ។ តើអ្វីខ្លះជាហេតុបង្កឲ្យមានបញ្ហាសាច់ដុះលើស្បែកសាច់ដុះលើស្បែក? ជាបញ្ហាមួយសាមញ្ញហើយតែងកើតមានក្រោយពាក់កណ្តាលជីវិតរបស់មនុស្ស មូលហេតុដែលគេបានអះអាងនោះ គឺបណ្តាលមកពីចង្កោមនៃកូឡាជែន និងសរសៃឈាម ដែលត្រូវបានប្រមូលផ្តុំគ្នាហើយឃាំងជាប់នៅស្រទាប់ក្រាស់នៃស្បែក។ វាក៏ជាលទ្ធផលពីការត្រដុសស្បែក និងស្បែក ហើយជាហេតុបណ្តាលឲ្យវាកើតមានត្រង់ផ្នែកនៃស្បែក និងស្បែកដែលមានគន្លាក់។ មូលហេតុដែលបង្កបញ្ហានេះក៏មានខុសៗគ្នាទៅតាមប្រភេទមនុស្សផងដែរ៖ • អ្នកដែលធាត់ហួស ៖ អាចមកពីពួកគេមានស្បែកផ្នត់ និងគន្លាក់ច្រើន • ស្រ្តីមានផ្ទៃពោះ ៖  ភាគច្រើន បណ្តាលមកពីអ័រម៉ូនដែលត្រូវបានបញ្ចេញ • អ្នកជំងឺទឹកនោមផ្អែម •​​​ បុគ្គលដែលមានផ្ទុកវីរុសមហារីកស្បូន (ដែលមានហានិភ័យទាប ប្រភេទ 6 និង11) • ការប្រើប្រាស់ស្តេរ៉ូអ៊ីតដោយខុសច្បាប់ ៖ វាជ្រៀតចូលទៅក្នុង​សារពាង្គកាយ និងសាច់ដុំ ដែលបណ្តាលឲ្យសរសៃកូឡាជែនដែលនៅក្នុងស្បែកចងភ្ជាប់គ្នា ហើយក៏បង្កជាដុំសាច់ដុះនៅលើស្បែកតែម្តង។ តើអាចធ្វើការព្យាបាលដោយវិធីណាខ្លះ? សាច់ដុះលើស្បែកនេះភាគច្រើនមិនបង្កជាគ្រោះថ្នាក់អ្វីធំដុំនោះទេហើយអ្នកដែលកើតមានបញ្ហានេះធ្វើការដកវាចេញ ក៏ដើម្បីតែភាពស្រស់ស្អាត ក៏ដូចជាសម្ផស្សប៉ុណ្ណោះ។ ជួនកាល ដុំសាច់ធំជាពិសេសពួកដែលកើតមានត្រង់តំបន់ដែលងាយនឹងមានការប៉ះទង្គិច តាមរយៈការត្រដុសជាមួយនឹងសម្លៀកបំពាក់ គ្រឿងអលង្ការឬស្បែកងាយនឹងបាត់រូបរាងដោយសារតែវាមានការប៉ះពាល់ច្រើន។ បុគ្គលមួយចំនួនទៀតធ្វើការកំចាត់ដុំសាច់នោះចេញពីមុខ ឬក្រោមក្លៀករបស់ខ្លួន ដើម្បីងាយស្រួលក្នុងការកោរសម្អាតរោមរបស់ខ្លួន។ ប្រិយមិត្តអ្នកអានអាចធ្វើការអនុវត្តន៍តាមវិធីខាងក្រោម ដើម្បីធ្វើការសម្អាតសាច់ដុះលើស្បែក៖ • ការដុត(Cauterization)៖ សាច់ដែលដុះនឹងត្រូវបានដុតចេញដោយអគ្គិសនី • ការកាត់ ៖ សាច់ដែលដុះនឹងត្រូវបានកាត់ចេញដោយកាំបិតវះ។ សម្ផស្សជាអ្វីដែលមនុស្សប្រុសស្រីប្រាថ្នាចង់បានមិនថាសិ្ថតក្នុងវ័យណានោះទេនរណាៗក៏មានកូនចិត្តប្រាថ្នាឲ្យខ្លួនឯងមានភាពស្រស់ស្អាតក៏ដូចជាមន្តស្នេហ៍ប្រកបដោយភាពទាក់ទាញដែរ។ ប្រសិនបើលោកអ្នកជួបប្រទះនឹងបញ្ហាផ្សេងៗ ដែលបង្កជារូបភាពមិនល្អ ឬបញ្ហារំខានដល់ភាពស្រស់ស្អាត​របស់អ្នកនោះ សូមអញ្ជើញមកកាន់ LaluneBeauty Care ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ 257B ផ្លូវ182 សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក ឬក៏អាចធ្វើការទំនាក់ទំនងតាមទូរស័ព្ទលេខ 016 313 333/ 012 712 233។

ចែករំលែក
Top