-
Mar 21, 2018
|
-
6 ឆ្នាំមុន
|
-
5.2K មើល
ការប្រើប្រាស់ឱសថបញ្ចុះកម្តៅជាដំណោះស្រាយដំបូង និងត្រូវបានអនុវត្តឡើងជាញឹកញាប់សម្រាប់កុមារដែលកំពុងមានបញ្ហាគ្រុនក្តៅ យ៉ាងណាមិញ ការសង្កេតមើលមូលហេតុនៃជំងឺក៏គួរមិនត្រូវបានមើលរំលងនោះទេ ដោយហេតុថារោគសញ្ញាអាចជាប់ពាក់ព័ន្ធទៅនឹងជំងឺដែលអាចគ្រោះថ្នាក់ដល់ជីវិតផងដែរ។
លក្ខណៈរោគសញ្ញាគ្រុនក្តៅលើកុមារ
រោគសញ្ញាគ្រុនក្តៅ អាចបង្កមកពីការចម្លងរោគធម្មតាតាមប្រព័ន្ធដង្ហើមខាងលើដូចជា រលាកច្រមុះ បំពង់ក (Rhinopharyngites) រលាកត្រចៀក (Otites) ឬមានការចម្លងរោគក្នុងសរីរាង្គសួត (Infections broncho-pulmonaires) ប្រព័ន្ធបង្ហូរនោម (urinaires) ឬប្រព័ន្ធរំលាយអាហារ (digestives) ជាដើម។ ក្នុងករណីខ្លះ និងកម្រ គ្រុនក្តៅអាចជារោគសញ្ញាដំបូងនៃជំងឺរលាកស្រោមខួរក្បាល (méningite) ឬមហារីកគ្រាប់ឈាមស្រួចស្រាវ (Leucémie aigue) ដែលទោះបីក្នុងករណីណាក៏ដោយ ការស្វែងរកការប្រឹក្សា និងការព្យាបាលគួរត្រូវបានអនុវត្តឡើង។
អ្វីគួរធ្វើ?
-ក្នុងករណីមិនធ្ងន់ធ្ងរ និងមុនពេលទទួលបានការព្យាបាលត្រូវ៖
• ណែនាំអាណាព្យាបាលមិនត្រូវផ្តល់ឲ្យកុមារនូវថ្នាំផ្សះ (antibiotique) នោះទេ
• គួរឲ្យកុមារញ៉ាំទឹកឲ្យបានច្រើន និងបន្តបន្ថែមអាហារឲ្យបានគ្រប់គ្រាន់
• ត្រូវតាមដានកម្តៅរាងកាយយ៉ាងតិច ២ដងក្នុងមួយថ្ងៃ។
-ណែនាំឲ្យប្រើប្រាស់ឱសថជាពពួកបញ្ចុះកម្តៅដូចជា Paracétamol ឬAcide acétylsalicylique៖
• ឱសថ Paracétamol អាចជា៖ Efferalgan (UPSA) សម្រាប់កុមារ ក្រោមទម្រង់ជាកញ្ចប់ ៨០mg, ១៥០mg និង ២៥០mg។ ការប្រើប្រាស់គឺក្នុងកម្រិត ៦០mg/Kg/ ២៤ ម៉ោង ឬ ១០mg/kg រៀងរាល់ ៤ម៉ោងម្តង។
• ឱសថ Acide acétylsalicylique អាចជា៖ Aspégic ក្រោមទម្រង់ជាកញ្ចប់ ១០០mg ឬ ២៥០mg។ សម្រាប់ការប្រើប្រាស់គឺ ៥០mg/kg/២៤ ម៉ោង។
-ធ្វើការណែនាំដោយផ្តល់ឱសថដល់កុមារជាប្រចាំរៀងរាល់ ៤ ម៉ោងម្តង។
-ប្រសិនកុមារមានបញ្ហាក្អួត ឬពិបាកក្នុងការលេបឱសថ អាចប្តូរទៅជាឱសថក្នុងទម្រង់ជាសុលវិញដែលកម្រិតប្រើប្រាស់ដូចទៅនឹងឱសថគ្រាប់ដូចជា៖
• Efferalgan ៖ ថ្នាំសុលសម្រាប់កុមារជំទង់
• Fébrectol ៖ ថ្នាំសុលសម្រាប់កុមារ និងទារក។
ករណីសង្គ្រោះបន្ទាន់៖
ប្រសិនស្ថានភាពជំងឺកុមាររួមបញ្ចូលនូវសញ្ញាដូចជា រងាញាក់ ឈឺក្បាល ក្អួត និងមានកន្ទួលឈាមនៅលើស្បែក ត្រូវស្វែងរកការព្យាបាលភ្លាមៗនៅមន្ទីរពេទ្យ ដោយវាអាចបណ្តាលមកពីជំងឺរលាកស្រោមខួរក្បាល ឬជំងឺកកសរសៃឈាម (Purpura fulminans)។
ឯកសារយោងដកស្រង់ចេញពីសៀវភៅ៖ Le Vademecum de la Médication Officinale
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក