Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

រួយកញ្ចឹងក ហាក់ត្រូវបានគេគិតជាញឹកញាប់ទៅលើរោគសញ្ញានៃជំងឺលើសសម្ពាធឈាម។ យ៉ាងណាមិញ យោងតាមការបកស្រាយរបស់វេជ្ជបណ្ឌិតវាអាចជាអាការៈបណ្តាលមកពីជំងឺផ្សេងដទៃទៀត ដែលអ្នកនឹងស្វែងយល់បានតាមរយៈករណីរបស់អ្នកអានម្នាក់ខាងក្រោម៖ សំណួរ៖ ខ្ញុំបាទមានអាយុ ៣៣ឆ្នាំ កម្ពស់ ១ម៉ែត្រ៦៣ ទម្ងន់ ៦១គីឡូក្រាម ជាកសិករមកពីខេត្តកំពង់ចាម។ ខ្ញុំតែងមានអាការៈរួយកញ្ចឹងកជាញឹកញាប់ដោយមិនដឹងមូលហេតុក្នុងរយៈពេល ២អាទិត្យចុងក្រោយនេះ។ តើអាការៈនេះអាចទាក់ទងនឹងជំងឺលើសឈាមឬទេ? ចម្លើយ៖ យោងតាមអ្វីដែលបានរៀបរាប់ខាងលើ គឺមិនអាចបញ្ជាក់ថាជាជំងឺលើសសម្ពាធឈាមនោះទេ ដោយសារតែគាត់មានអាយុត្រឹមតែ ៣៣ឆ្នាំប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ប្អូនក៏តម្រូវឲ្យធ្វើការពិនិត្យសម្ពាធឈាមផងដែរកាលណាលទ្ធផលសម្ពាធឈាម ១៤០ លើ៩០មិល្លីម៉ែត្របារ៉ត ពីរដងជាប់ៗគ្នានោះមានន័យថាមានជំងឺលើសសម្ពាធឈាម ដូច្នោះប្អូនត្រូវទៅជួបគ្រូពេទ្យទូទៅ ឬគ្រូពេទ្យសរសៃឈាមបេះដូងដើម្បីពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា។ ផ្ទុយទៅវិញ អាការៈរួយកញ្ចឹងកក៏អាចបណ្តាលមកពីជំងឺមួយចំនួនដូចជា ការរលាកសន្លាក់ឆ្អឹងក ការសឹកសន្លាក់ឆ្អឹងក ការគេងកើយខ្នើយខុសទម្រង់ និងការមើលទូរស័ព្ទ ឬទូរទស្សន៍យូរពេកដែលអាចធ្វើឲ្យសាច់នៅកញ្ចឹងកកន្រ្តាក់រឹងផងដែរ។ ដូចនេះ ប្អូនគួរទៅជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យសាច់ដុំកញ្ចឹងក ឬពេលខ្លះអាចឈានដល់ការថតឆ្លុះមើលស្ថានភាពឆ្អឹងកញ្ចឹងកថាមានសឹក ឬកៀបឆ្អឹងទេ ដោយឡែកអាការៈខាងលើមិនមានអ្វីទាក់ទងនឹងជំងឺបេះដូងឡើយ។ បកស្រាយដោយ៖ សាស្ត្រាចារ្យមហាបរិញ្ញា សុខ ជួរ ឯកទេសជំងឺបេះដូង ប្រធានអ៊ុយនីតេជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

អារម្មណ៍ភ័យស្លន់ស្លោ និងបេះដូងលោតកន្រ្តាក់ញាប់គួរគិតដល់បញ្ហាអ្វីខ្លះ? ឬឲ្យតែអារម្មណ៍ភ័យស្លន់ស្លោ និងបេះដូងលោតកន្ត្រាក់ សុទ្ធតែជាជំងឺបេះដូងមែនទេ? ដើម្បីស្រាយចម្ងល់នូវសំណួរទាំងអស់នេះ អត្ថបទខាងក្រោមនេះអាចជាចម្លើយសម្រាប់មិត្តអ្នកអានបាន……… សំណួរ៖ ខ្ញុំបាទមានអាយុ ២២ឆ្នាំ កម្ពស់១ម៉ែត្រ៦៥ ទម្ងន់៥៨គីឡូក្រាម ជានិស្សិតរស់នៅភ្នំពេញ។ ខ្ញុំតែងតែឆាប់មានអារម្មណ៍ភ័យស្លន់ស្លោ ហើយជួនកាលពេលខ្លះមានអាការៈឈឺបន្តិចបន្តួចនៅលើទ្រូងផ្នែកខាងឆ្វេង និងបេះដូងលោតកន្ត្រាក់ញាប់បន្ទាប់ពីខ្ញុំមានគ្រោះថ្នាក់ដួលខ្ទប់ទ្រូងនៅលើដៃកង់សន្លប់កាលពី១ឆ្នាំមុន។ តើនេះជាសញ្ញាអ្វី? តើខ្ញុំគួរដោះស្រាយដោយវិធីណា? ចម្លើយ៖ ជាទូទៅ ទាក់ទងនឹងទម្ងន់ និងកម្ពស់របស់ប្អូនមិនមានបញ្ហាលើសទម្ងន់ទេ ហើយរោគសញ្ញាដូចបានរៀបរាប់ខាងលើគឺមិនពាក់ព័ន្ធនឹងជំងឺបេះដូងនោះដែរ។ ផ្ទុយទៅវិញ ប្អូននៅក្មេងអាយុត្រឹមតែ២២ឆ្នាំ ការកើតជំងឺស្ទះសរសៃឈាមបេះដូងពិតជាករណីកម្រណាស់។ ដោយឡែក អាការៈឈឺបន្តិចបន្តួចនៅលើទ្រូងផ្នែកខាងឆ្វេង និងបេះដូងលោតកន្រ្តាក់ញាប់នោះ គឺគ្រាន់តែជាអាការៈឈឺផ្នែកខាងក្រៅ (Non Cardiac Chest Pain) ដែលបណ្តាលមកពីការឡើងជាតិអាស៊ីតនៅបំពង់អាហារ សាច់ដុំនៅដោះកន្ត្រាក់ ឬធ្វើសកម្មភាពខុសទំនងជាដើម។ ម៉្យាងវិញទៀតអាការៈបែបនេះក៏អាចបណ្តាលមកពីគ្រោះថ្នាក់ដួលខ្ទប់ទ្រូងកាលពី១ឆ្នាំមុនផងដែរ។ រីឯអាការៈភ័យស្លន់ស្លោវិញ វាអាចទាក់ទងនឹងបញ្ហាផ្លូវចិត្តរបស់ប្អូនច្រើនជាង។ ដូចបានជម្រាបខាងលើនេះ ប្អូនគួរតែទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យទូទៅ និងវេជ្ជបណ្ឌិតជំនាញចិត្តសាស្ត្រ ដើម្បីប្រឹក្សាអំពីផ្លូវចិត្តធ្វើឲ្យផ្លូវចិត្តមានសភាពនឹងនរ និងទទួលការព្យាបាលឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ឯកទេសជំងឺបេះដូង ប្រធានអ៊ុយនីតេជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

អាការៈស្រវាំងភ្នែក ឬងងឹតមុខ អាចកើតមានឡើងម្តងម្កាលនៅពេលរាងកាយមានការប្រែប្រួល ឬខ្វះខាតនូវសារធាតុចិញ្ចឹមណាមួយ ប៉ុន្តែប្រសិនរោគសញ្ញាទាំងនេះស្តែងឡើងជាញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ នោះវាអាចមានហេតុផលនៅពីក្រោយមួយចំនួនដែលទាមទារការពិគ្រោះយោបល់ និងប្រឹក្សាពីគ្រូពេទ្យឯកទេស។ សំណួរ៖ ខ្ញុំបាទមានអាយុ ៣៥ឆ្នាំ កម្ពស់ ១ម៉ែត្រ៦៤ទម្ងន់៦៤គីឡូក្រាម មកពីខេត្តសៀមរាប។ ខ្ញុំឧស្សាហ៍មានអាការៈស្រវាំងភ្នែក ហើយពេលខ្លះដូចជាមានអ្វីនៅដាមជាប់ភ្នែកមើលមិនច្បាស់ ដែលបញ្ហានេះច្រើនកើតមាននៅពេលដែលខ្ញុំក្រោកពីអង្គុយម្តងៗ ហើយថែមទាំងងងឹតមុខទៀតផង។ តើបញ្ហានេះបណ្តាលមកពីមូលហេតុអ្វី? តើគួរដោះស្រាយដោយវិធីណា? ចម្លើយ៖ ទាក់ទងនឹងអាការៈឧស្សាហ៍ស្រវាំងភ្នែកនិងមានដាមជាប់ភ្នែកមើលមិនច្បាស់ វាមិនអាចជាសញ្ញានៃជំងឺអ្វីមួយឲ្យពិតប្រាកដនោះទេ ប៉ុន្តែអាចជាអាការៈមួយនៃការលើសជាតិស្ករ។ ដូចនេះ យកល្អប្អូនគួរតែអញ្ជើញទៅពិនិត្យឈាម ដើម្បីស្រាយនូវរាល់ចម្ងល់ និងអាការៈនេះ។ ផ្ទុយទៅវិញ ចំពោះបញ្ហាដែលក្រោកពីអង្គុយម្តងៗស្រាប់តែងងឹតមុខរបស់ប្អូននោះ គឺមូលហេតុអាចកើតឡើងដោយសារការដឹកនាំឈាមទៅចិញ្ចឹមខួរក្បាលមិនបានគ្រប់គ្រាន់។ គួរបញ្ជាក់ថា ប្រសិនបើអាការៈបែបនេះកើតឡើងចំពោះមនុស្សចាស់ ឬអ្នកដែលមានអាយុច្រើននោះ គាត់អាចនឹងតម្រូវឲ្យធ្វើការថតឆ្លុះសរសៃឈាមរកសញ្ញានៃការត្បៀតសរសៃឈាម។  ដោយឡែក ក្នុងករណីរបស់ប្អូនមានអាយុតិច ការត្បៀតសរសៃឈាមមិនសូវកើតឡើងនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្អូននឹងតម្រូវឲ្យពិនិត្យសុខភាពទូទៅ ក្នុងបំណងរកឲ្យឃើញថាមានជំងឺណាមួយដែលផ្តល់ជាផលវិបាកទាំងនេះ និងគួរតែមកជួបជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការណែនាំអំពីការព្យាបាលឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ឯកទេសជំងឺបេះដូងប្រធានអ៊ុយនីតេជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត  ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក

សម្ពាធឈាម សំដៅដល់សម្ពាធនៃឈាមដែលហូរឆ្លងកាត់សរសៃឈាមរបស់រាងកាយអ្នក។ ប៉ុន្តែ នៅពេលកម្រិតឈាមលើសកំណត់ហូរឆ្លងកាត់សរសៃឈាម ជាហេតុបណ្ដាលឲ្យសម្ពាធឈាមរាងកាយមានការកើតឡើង។ សម្ពាធឈាម ត្រូវបានវាស់ស្ទង់ក្នុងដំណាក់កាលពីរលេខគឺ 120/80 ដំណាក់កាលលេខទី១ គឺវាស់ស្ទង់ថា តើបេះដូងអ្នកធ្វើការបូមឈាមជុំវិញសរសៃឈាមអាទ័រប្រកបដោយដោយប្រសិទ្ធភាព ឬយ៉ាងណា? លេខទី២ គឺវាស់ស្ទង់បេះដូងរបស់អ្នកបានសម្រាកសមស្រប ឬទេនៅចន្លោះចង្វាក់បេះដូង។ មនុស្សដែលមានសម្ពាធឈាមលើសពី140/90 (ឬលើសពីនេះ) វាធ្វើឲ្យកើតឡើងឱកាសនៃការកើតឡើងនៃជំងឺមួយចំនួនដូចជា ដំងឺដាច់សរសៃឈាមក្នុងខួរក្បាល ការខ្សោយតម្រងនោម និងជំងឺបេះដូង។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ដែលអ្នកអាចអនុវត្តដើម្បីកាត់បន្ថយគ្រោះថា្នក់នៃការឡើងសម្ពាធឈាម៖  ១. កាត់បន្ថយការទទួលទានគ្រឿងស្រវឹង  គឺជារឿងដ៏សំខាន់បំផុតក្នុងការអនុវត្ត ប្រសិនបើអ្នកចង់ឲ្យសម្ពាធឈាមរបស់អ្នកស្ថិតនៅក្រោមការគ្រប់គ្រង។ មិនថាអ្នកទទួលទានគ្រឿងស្រវឹងជាប្រចាំ ឬពិសាច្រើនដល់ថ្នាក់ស្រវឹងខ្លាំងនោះទេ ក៏គ្រោះថ្នាក់នៅតែមានទ្រង់ទ្រាយធំសម្បើមគួរឲ្យកត់សម្គាល់ដដែល ដូច្នេះ សូមកំណត់បរិមាណក្នុងការទទួលទានគ្រឿងស្រវឹងនេះឲ្យបានសមស្រប។  ២. មិនទទួលទានអាហារដែលប្រៃពេក សូមឲ្យប្រាកដថាអាហារអ្នកទទួលទានមិនប្រៃខ្លាំងនោះទេ។ អំបិលអាចបន្ថែមឲ្យអាហារមានរសជាតិឆ្ងាញ់ ប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ដល់សម្ពាធឈាម  ដោយបណ្តាលឲ្យស្រទាប់ខ្លាញ់កពូននៅក្នុងសរសៃឈាមអាកទ័ររបស់អ្នកផងដែរ។ ហេតុដូច្នេះ សូមកាត់បន្ថយអំបិលនៅក្នុងរបបអាហាររបស់អ្នក ហើយអ្នកនឹងឃើញភាពខុសប្លែកមិនខាន។  ៣. ​ធ្វើលំហាត់ប្រាណ មិនថាអ្នកប្រាថ្នាចង់សម្រកទម្ងន់ ឬរក្សារូបរាងឲ្យនៅដដែលនោះទេ ការធ្វើលំហាត់ប្រាណគឺជាប្រការចាំបាច់ដែលអ្នកត្រូវធ្វើ។ សូមអនុវត្តការហាត់ប្រាណមួយឲ្យបានជាក់លាក់ ហើយត្រូវប្រកាន់ភ្ជាប់នូវទម្លាប់នោះ។ ការហាត់ប្រាណជួយឲ្យអ្នកមានទម្លាប់រហ័សរហួន មានភាពអំណត់ និងរក្សារាងកាយអ្នកឲ្យមានសុខភាពល្អ។  ៤. បង្កើនការស្រូបយកជាតិប៉ូតាស្យូម សារធាតុនេះជួយរក្សាតុល្យភាពជាតិទឹកនៅក្នុងរាងកាយរបស់អ្នក ក្រៅពីនេះវាមានប្រសិទ្ធភាពគ្រប់គ្រងជាតិអាស៊ីតទៀតផង។ ជាតិប៉ូតាស្យូមជួយគ្រប់គ្រងលំហូរឈាម ដែលហូរកាត់សរសៃអាទ័ររបស់អ្នក ដើម្បីផ្គត់ផ្គង់អុកស៊ីសែនទៅកាន់សាច់ដុំរបស់អ្នក ។ ចំណីអាហារដូចជា ចេក ដំឡូងបារាំង ត្រសក់ ក្រូចពោធិ៍សាត់ ស្ពៃក្ដោប ប៉េះប៉ោះ ផ្កាខាត់ណា ស្លឹកផ្ទី អាហារទាំងនេះសម្បូរទៅដោយជាតិប៉ូតាស្យូម។ ៥. បញ្ឈប់ការជក់បារី  ប្រសិនបើអ្នកជាអ្នកជក់បារី អ្នកចាំបាច់ត្រូវបញ្ឈប់វាឲ្យបានជាដាច់ខាត។ ការជក់បារីត្រូវបានគេឲ្យដឹងថាធ្វើឲ្យឡើងសម្អាធឈាម ពីព្រោះកាកសំណល់ជាតិពុលពីថ្នាំជក់ និងផ្សែងធ្វើឲ្យគ្រោះថ្នាក់ដល់កោសិកាឈាម និងសរសៃឈាម។  ៦. ទទួលទានពពួកបន្លែ និងផ្លែឈើ សូមប្រាកដថារបបអាហាររបស់អ្នកមាននូវបន្លែ និងផ្លែឈើច្រើនគួរសម។ ប្រភេទបន្លែ  និងផ្លែឈើសម្បូរទៅដោយសារធាតុចិញ្ចឹម សារធាតុរ៉ែសំខាន់ៗ និងវីតាមីនច្រើនប្រភេទដែលជំនួយដល់ការគ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ ខ្ញុំបាទអាយុ៦៥ឆ្នាំ កម្ពស់១ម៉ែត្រ៦៤ ទម្ងន់៦៨គីឡូក្រាម រស់នៅខេត្តកំពង់ស្ពឺ។ ខ្ញុំបាទមានជំងឺលើសឈាមប្រហែល២ខែមកហើយ ហើយគ្រូពេទ្យបានប្រាប់ឲ្យខ្ញុំធ្វើលំហាត់ប្រាណរាល់ថ្ងៃ។ ខ្ញុំបានធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដោយដើរនៅសួនច្បារ ៣០នាទីជារៀងរាល់ព្រឹក។ តែកាលពីអាទិត្យមុននេះ ខ្ញុំបានទៅជួបវេជ្ជបណ្ឌិតម្នាក់ទៀត ដោយសារជង្គង់ខ្ញុំចេះតែឈឺ។ គាត់បានប្រាប់ខ្ញុំថា ខ្ញុំមានបញ្ហាពុកឆ្អឹង ព្រមទាំងប្រាប់ខ្ញុំកុំលើកអ្វីធ្ងន់ និងកុំសូវដើរច្រើនពេក។ តើខ្ញុំត្រូវហាត់ប្រាណយ៉ាងម៉េចវិញទៅ? តើបញ្ហាពុកឆ្អឹងរបស់ខ្ញុំនេះ អាចប៉ះពាល់ដល់ជំងឺលើសសម្ពាធឈាមរបស់ខ្ញុំដែរឬទេ? ចម្លើយ ៖ ឆ្លើយតបចំពោះសំណួរខាងលើ លោកអ៊ំ គួរធ្វើលំហាត់ប្រាណសាមញ្ញៗ ដូចជា ការដើរ ឬហែលទឹកជាដើម ដោយមិនចាំបាច់ហាត់ខ្លាំងក្លាពេកនោះទេ គ្រាន់តែធ្វើយ៉ាងណាឲ្យបានបញ្ចេញញើសមកក្រៅប៉ុណ្ណោះ។ សូមបញ្ជាក់លោកអ៊ំថា បញ្ហាពុកឆ្អឹង មិនមានផលប៉ះពាល់ដល់ជំងឺលើសឈាមរបស់លោកអ៊ំទេ គ្រាន់តែ ករណីខ្លះអាចមានផលវិបាកពីការប្រើប្រាស់ថ្នាំ ដូចនេះលោកអ៊ំត្រូវគោរពតាមវេជ្ជបញ្ជា និងជួបគ្រូពេទ្យប្រសិនបើមានរោគសញ្ញាខុសធម្មតាណាមួយកើតឡើង។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត  សុខ ជួរ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមជំងឺបេះដូងកម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អ្វីជានិយមន័យនៃ Metabolic Syndrome? ជាបណ្តុំនៃរោគសញ្ញាដូចជា លើសទម្ងន់ (ធាត់នៅក្បាលពោះ៖ Abdominal obesity) បូករួមជាមួយលើសសម្ពាធឈាម មានការកើនឡើងកូឡេស្តេរ៉ុល៖ Dyslipidemia (កើនឡើងជាតិទ្រីគ្លីសេរីត ឬការថយចុះ HDL) និងកើនឡើងកម្រិតជាតិស្ករក្នុងឈាម (Impaired glucose tolerance)។ ប្រសិនបុគ្គលម្នាក់ស្តែងចេញជាការលើសទម្ងន់ រួមជាមួយនឹងសញ្ញាមួយទៀតអាចជាលើសសម្ពាធឈាម ឬលើសជាតិស្ករ ខ្លាញ់ នោះគេអាចសន្មតថារាងកាយកំពុងតែប្រឈមទៅនឹងជំងឺ Metabolic Syndrome។ ម៉្យាងទៀតជំងឺ Metabolic Syndrome ក៏អាចជាផលវិបាកនៃជំងឺរ៉ាំរ៉ៃមួយចំនួន (a cluster of risk factor)ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ឬជំងឺសរសៃបេះដូងជាដើម ដែលភាគរយនៃជំងឺគឺកើតឡើងទៅតាមកំណើននៃអាយុ។ បន្ថែមពីនោះនិយមន័យនៃជំងឺ Metabolic Syndromeក៏ត្រូវបានគេហៅឈ្មោះ ៥ប្រភេទទៀតផងដែរដូចជា Syndrome X ឬInsulin resistance ឬDeadly Quartet ឬ Reaven’s Syndromes។   មូលហេតុបង្កជំងឺ  មូលហេតុចម្បងដែលបណ្តាលឲ្យមានជំងឺ Metabolic Syndrome គឺជាប់ទាក់ទងជាមួយជីវភាពរស់នៅរបស់បុគ្គលជាពិសេសអ្នកដែលមានវ័យចំណាស់ដូចជា៖ •អ្នកមិនធ្វើលំហាត់ប្រាណ •អ្នកបរិភោគអាហារច្រើន •អ្នកចូលចិត្តបរិភោគអាហារដូចជាពពួក Fast Food…….. •ប្រវត្តិគ្រួសារមានជំងឺធាត់ជាដើម។   ជំងឺបង្កមកពី Metabolic Syndrome ជំងឺដែលបណ្តាលមកពី Metabolic Syndromeមានដូចជា៖ •ជំងឺរឹងសរសៃឈាម •ជំងឺលើសជាតិអាស៊ីត •ជំងឺទឹកនោមផ្អែម •ជំងឺបេះដូង (ជំងឺស្ទះសរសៃឈាមបេះដូង៖ myocardial infarction និងជំងឺស្លោកបេះដូង៖ ischemic heart disease)។ ភាគច្រើនជំងឺដែលតែងស្តែងឡើងជាញឹកញាប់គឺជំងឺទឹកនោមផ្អែមជំងឺលើសសម្ពាធឈាម និងជំងឺសរសៃឈាមបេះដូង។  រោគសញ្ញា សញ្ញាដំបូងដែលអាចកំណត់សម្គាល់បានគឺអ្នកជំងឺ៖ •ចាប់ផ្តើមលើសទម្ងន់ ធាត់ (ភាគច្រើននៅលើពោះ) ដោយរង្វាស់នៅលើពោះចំពោះបុរសលើសពី ៩០ ស.ម ចំណែកស្រ្តីគឺលើសពី ៨០ ស.ម •ស្បែកឡើងពណ៌ក្រម៉ៅ ឬមានដុំពកពណ៌ខ្មៅដុះនៅលើស្បែកជាពិសេសនៅត្រង់តំបន់កដែលតែងជួបជាញឹកញាប់ •គេងស្រម៉ុក។ ការធ្វើរោគវិនិច្ឆ័យ ក្នុងករណីលេចឡើងនូវសញ្ញានៃ Metabolic Syndrome គេអាចចាប់ផ្តើមធ្វើរោគវិនិច្ឆ័យដោយ៖ •ធ្វើតេស្ត Body Scan ដើម្បីអាចដឹងពី BMI ៖ដែលកម្រិត BMI លើសពី ២៣ អាចចាត់ទុកថាមានបញ្ហាលើសទម្ងន់ និងលើសពី ២៨ អាចសន្មតថាមានជំងឺធាត់ (រង្វាស់សម្រាប់តំបន់អាស៊ី) •ធ្វើការពិនិត្យលើអ្នកដែលមានបញ្ហាគេងស្រម៉ុក (Obstruction Sleep Apnea) •ពិនិត្យឈាម៖ ដើម្បីកំណត់ពីកម្រិតជាតិស្ករខ្លាញ់ និងអាស៊ីតអ៊ុយរិច។  វិធីសាស្រ្តព្យាបាល ១. គួរផ្លាស់ប្តូររបៀបរស់នៅប្រចាំថ្ងៃដោយត្រូវ៖ •ធ្វើលំហាត់ប្រាណយ៉ាងតិច ៣០នាទី ជារៀងរាល់ថ្ងៃ ឬអាចរហូតដល់ ៦០ ទៅ ៩០នាទី •បញ្ឈប់ការបរិភោគលើសកម្រិត ជាពិសេសជាតិផ្អែមនិងខ្លាញ់ •កាត់បន្ថយអាហារជាភេសជ្ជៈ ឬប៊ីយែរ ដែលជាដើមចមធ្វើឲ្យធាត់នៅតំបន់ពោះ និងឡើងជាតិទ្រីគ្លីសេរីត •គួរពិសាអាហារដែលសម្បូរទៅដោយជាតិសរសៃ បន្លែមានពណ៌បៃតង និងកាត់បន្ថយអាហារពពួក Fast Food។ ២. គ្រប់គ្រងស្ថានភាពជំងឺដែលបង្ក ដោយប្រើប្រាស់ឱសថដូចជា៖ •ឱសថ Fenofibrate, Niacin, Omeg-3 fattyacids ដើម្បីបញ្ចុះជាតិខ្លាញ់ដែលលើស (Triglyceride) •ចំពោះអ្នកមានកម្រិតជាតិស្ករលើសត្រូវទទួលការព្យាបាលដូចទៅនឹងអ្នកជំងឺទឹកនោមផ្អែម •ចំពោះអ្នកលើសឈាម ត្រូវព្យាបាលដូចអ្នកជំងឺលើសសម្ពាធឈាម។   វិធីសាស្រ្តការពារ វិធីសាស្រ្តក្នុងការការពារខ្លួនពីជំងឺ Metabolic Syndrome បុគ្គលទូទៅគួរតែ៖ •ធ្វើលំហាត់ប្រាណយ៉ាងតិច ៣ថ្ងៃក្នុងមួយសប្តាហ៍ (ម្តង ៣០នាទី)តែត្រូវជួបពិនិត្យជាមួយគ្រូពេទ្យមុនពេលជ្រើសរើសប្រភេទលំហាត់ប្រាណ •កាត់បន្ថយអាហារមានជាតិផ្អែម និងភេសជ្ជៈ •ចាប់យករបបអាហារដែលមានជាតិសរសៃ •ចំពោះមនុស្សក្នុងវ័យចំណាស់គួរប្រើប្រាស់ឱសថ Omega 3 ជាប្រចាំដើម្បីការពារពីបញ្ហាសរសៃឈាមរឹង។ គួរបញ្ជាក់ផងដែរ គ្រប់អ្នកជំងឺ ឬបុគ្គលទូទៅទាំងអស់គួរធ្វើការពិនិត្យពីកម្រិតបេះដូងជាមុនសិន រាល់មុនពេលចាប់ផ្តើមធ្វើលំហាត់ប្រាណ ដោយហេតុថាការហាត់ប្រាណដែលលើសកម្រិតអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពទៅវិញ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត លីវ ឈិញ ឯកទេសជំងឺបេះដូងនៅមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាអគ្គលេខាធិការនៃសមាគម គ្រូពេទ្យបេះដូងកម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មនុស្សគ្រប់រូបមានបេះដូង ដែលជាសរីរាង្គមួយមានតួនាទីច្របាច់នាំឈាមទៅចិញ្ចឹមគ្រប់ផ្នែកនៃដងខ្លួននៅពេលកន្ត្រាក់ ជាលទ្ធផលឲ្យឈាចេញតាមសរសៃឈាមក្រហម ដែលជាប្រភេទឈាមសម្បូរដោយអុកស៊ីសែន និងសារជាតិចិញ្ចឹម។ ជាក់ស្តែងសារពាង្គកាយទាំងអស់របស់មនុស្ស ត្រូវការជាចាំបាច់នូវសារធាតុ២យ៉ាងនេះ សូម្បីតែបេះដូង និងសរសៃឈាមខ្លួនឯងផ្ទាល់។ នៅពេលផ្នែកផ្សេងៗនៃរាងកាយប្រើប្រាស់អុកស៊ីសែន   និងសារជាតិចិញ្ចឹមអស់ ឈាមក្រហមនឹងក្លាយជាឈាមខ្មៅ ដែលឈាមនេះត្រូវត្រឡប់ឡើងទៅបេះដូង និងទៅសួតវិញ តាមរយៈសរសៃឈាមវ៉ែន។ គ្រប់ផ្នែកនៃសារពាង្គកាយមនុស្សសុទ្ធតែមានសរសៃឈាមវ៉ែន ហើយសរសៃឈាមវ៉ែនដែលងាយទទួលរងការខូចខាតជាងគេ  គឺបណ្តាសរសៃឈាមវ៉ែនដែលនៅនឹងជើង។ ជាទូទៅ សរសៃឈាមវ៉ែននៅនឹងជើងមាន២ជំពូកធំៗរួមមាន៖ •សរសៃឈាមវ៉ែនដែលនៅជ្រៅៗជាប់នឹងឆ្អឹង៖ សរសៃឈាមនេះមិនសូវមានចោទជាបញ្ហាខ្សោយនោះទេ •សរសៃឈាមវ៉ែនដែលនៅនឹងសើស្បែក៖ សរសៃឈាមងាយបណ្តាលឲ្យខ្សោយនិងវិវឌ្ឍទៅជាជំងឺខ្សោយសរសៃឈាមវ៉ែនរ៉ាំរ៉ៃភាគច្រើនបំផុត។ មូលហេតុនៃជំងឺ ធម្មជាតិតម្រូវឲ្យមានកត្តាជាច្រើនដែលឲ្យឈាមអាចឡើងពីជើងត្រឡប់ទៅបេះដូងវិញបាន សំខាន់ជាងគេនោះគឺ ការកន្ត្រាក់របស់សាច់ដុំកំភួនជើង មានន័យថា ធម្មជាតិតម្រូវឲ្យមនុស្សដើរ ដើម្បីឲ្យឈាមឡើងបន្តិចម្តងៗទៅកាន់បេះដូង ដូច្នេះរាល់កត្តាបង្កទាំងអស់ដែលប្រឆាំងនឹងធម្មជាតិកំណត់ខាងលើ នឹងបង្កជាជំងឺខ្សោយសរសៃឈាមវ៉ែនរ៉ាំរ៉ៃ។ កត្តាទាំងនោះរួមមាន ៖ -មនុស្សចាស់  -កត្តាតំណពូជ -អ្នកដំណើរតាមយន្តហោះរយៈពេលយូរ  -អ្នកប្រឈមជាមួយកម្តៅថ្ងៃខ្លាំង  -អ្នកចូលចិត្តស្លៀករឹតខ្លាំងពេក  -អ្នកធ្វើការក្នុងការិយាល័យពុំសូវបានដើរ ឬអ្នកឈរយូរ  -អ្នកចូលចិត្តញ៉ាំអាហារសម្បូរខ្លាញ់  -អ្នកមានបញ្ហាឆ្អឹងជើងដែលគាត់ដើរពុំរួច -អ្នកលើសទម្ងន់  -ស្ត្រីដែលប្រើប្រាស់ថ្នាំពន្យារកំណើត  -ស្ត្រីមានផ្ទៃពោះ  -អ្នកធ្លាប់មានប្រវត្តិកើតជំងឺនេះជាដើម។  តាមការសិក្សាស្រាវជ្រាវ វាជាប្រភេទជំងឺដែលមានការវិវឌ្ឍយឺត មិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតភ្លាមៗនោះទេ ប៉ុន្តែវាបានប៉ះពាល់យ៉ាងខ្លាំងដល់រាងកាយរបស់អ្នកជំងឺរហូតដល់ជាង៥០% ប៉ះពាល់ដល់សង្គម៥០% និងប៉ះពាល់ដល់អារម្មណ៍ធ្ងន់ធ្ងរ។ រោគសញ្ញាជាក់ស្តែង ជំងឺខ្សោយសរសៃឈាមវ៉ែនរ៉ាំរ៉ៃ មិនសូវជាមានរោគសញ្ញាធ្ងន់ធ្ងរទេ អ្នកជំងឺភាគច្រើនអាចមានអារម្មណ៍ហាក់ដូចជាធ្ងន់ៗជើង ចុកក្នុងកំភួនជើង ឬហើមនៅប្រអប់ជើង រមួលក្រពើ រមាស់ ស្ពឹកៗជើងញឹកញាប់។ ជំងឺនេះត្រូវបានបែងចែកជាដំណាក់កាលចាប់ពី០រហូតដល់ដំណាក់កាលទី៦ ដែលដំណាក់កាល០ ជើងគាត់ធម្មតាស្អាតគ្រាន់តែអាចមានសញ្ញាសង្ស័យ   ដំណាក់កាល១អាចមានចេញជាសញ្ញាខៀវៗនៅជើង  ដំណាក់កាល២អាចចេញមកសរសៃអង្កាញ់ៗហើយដំណាក់កាលបន្តទៀតអាចចេញជាដំបៅពិសេសនៅភ្នែកជើង វានឹងមិនជាសះស្បើយទេ ប្រសិនបើមិនធ្វើការវះកាត់យកសរសៃឈាមដែលខូចនោះចេញ។ ការធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺធ្វើអេកូដើម្បីរករោគវិនិច្ឆ័យពីជំងឺខ្សោយសរសៃឈាមវ៉ែននេះ  គ្រាន់តែនៅដំណាក់កាល០ និងដំណាក់កាលទី១ ការធ្វើអេកូមិនអាចមានលទ្ធភាពឃើញនោះទេ ដូច្នេះដើម្បីឲ្យដឹងពិតប្រាកដ  ត្រូវមើលលើទម្លាប់ប្រចាំថ្ងៃ និងការងារក៏ដូចជាមុខរបររបស់ពួកគាត់។ ការធ្វើអេកូបង្ហាញថា ឈាមដែលឡើងទៅហើយរត់ត្រឡប់មកវិញ បង្កឲ្យសរសៃឈាមវិវឌ្ឍជាអង្កាញ់ៗ អាចនឹងទៅជាកកឈាម ពេលនោះគាត់អាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ ព្រោះឈាមដែលកកនោះ អាចនឹងរំកិលទៅកាន់សរសៃឈាមជ្រៅៗ រហូតដល់សរសៃឈាមនៅសួត ធ្វើឲ្យស្ទះសរសៃឈាមនៅសួត (Pulmonary Embolism) ដែលអាចប៉ះពាល់ដល់អាយុជីវិតភ្លាមៗ។ វិធីក្នុងការព្យាបាល អ្នកជំងឺខ្សោយសរសៃឈាមវ៉ែនទាមទារ ធ្វើរោគវិនិច្ឆ័យឲ្យបានលឿនបំផុត ពោលគឺតាំងពីដំណាក់កាលដំបូង។  ដោយឡែក វិធីសាស្រ្តក្នុងការព្យាបាលមានច្រើនយ៉ាង៖ •ការព្យាបាលដោយប្រើប្រាស់ថ្នាំសម្រួលឲ្យឈាមឡើងទៅបេះដូង និងសួត បានស្រួល ព្រមទាំងជួយកាត់បន្ថយការវិវឌ្ឍរបស់ជំងឺខ្សោយសរសៃឈាមនេះ។ •ប្រសិនបើដំណាក់កាលខ្សោយនោះចាប់ពីកម្រិតទី២ទៅ ការព្យាបាល គឺអាចធ្វើការវះកាត់ដកសរសៃឈាមនោះចេញ ឬការប្រើកាំរស្មី ឬការចាក់ថ្នាំបញ្ចូលក្នុងសរសៃឈាមដើម្បីឲ្យសរសៃឈាមស្វិតមកវិញ។ •ការព្យាបាលមួយប្រភេទទៀតគឺឲ្យអ្នកជំងឺពាក់ស្រោមជើងដែលផលិតដោយអ្នកជំនាញខាងវេជ្ជសាស្ត្រ។ ស្រោមជើងប្រភេទនេះ អាចពាក់បានសូម្បីតែអ្នកដែលកំពុងមានផ្ទៃពោះ ហើយមានការបែងចែកជាជំពូកផ្សេងៗនៃស្រោមជើងទៅតាមកម្រិតនៃការរឹតរបស់ស្រោមជើង និងដំណាក់កាលនៃជំងឺ។ ការការពារ ដើម្បីចៀសវាងពីជំងឺខ្សោយសរសៃឈាមវ៉ែនរ៉ាំរ៉ៃត្រូវប្តូររបៀបក្នុងការរស់នៅ ហើយកាត់បន្ថយនូវរាល់ហានិភ័យដែលបានរៀបរាប់ខាងលើ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត សុខ ផាង ឯកទេសបេះដូង សរសៃឈាម នៅមជ្ឈមណ្ឌលបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺលើសសម្ពាធឈាមជាការធ្វើរោគវិនិច្ឆ័យ  ផ្អែកលើការវាស់សម្ពាធឈាមយ៉ាងតិចពីរដងក្នុងមួយសប្ដាហ៍ដោយវេជ្ជបណ្ឌិត រកឃើញថាបុគ្គលនោះមានសម្ពាធឈាមខាងលើ (Systolic blood pressure) ធំជាង ឬស្មើ១៤០មីលីម៉ែត្របារ៉ត និងសម្ពាធឈាមខាងក្រោម (Diastolic blood pressure) ធំជាង ឬស្មើ៩០មីលីម៉ែ្រតបារ៉ត។ លើសសម្ពាធឈាម ត្រូវបានចែកចេញជាពីរប្រភេទគឺ Primary ឬ Essential hypertension និង Secondary hypertension ដែលជាការលើសសម្ពាធឈាមបង្កពីជំងឺផ្សេងៗ។ មូលហេតុនិងកត្តាប្រឈម រហូតមកដល់បច្ចុប្បន្ន មិនទាន់អាចកំណត់បាននូវមូលហេតុច្បាស់លាស់ ដែលបណ្ដាលឲ្យមានជំងឺនេះឡើយ។ ប៉ុន្តែមានកត្តារួមផ្សំមួយចំនួន អាចជាហានិភ័យខ្ពស់ក្នុងការបង្កឲ្យមានជាជំងឺលើសឈាម ដូចជា ការជក់បារី ការលើសទម្ងន់ មិនសូវធ្វើលំហាត់ប្រាណការទទួលទានអាហារប្រៃ និងគ្រឿងស្រវឹងញឹកញាប់ច្រើនស្ត្រេស មនុស្សចាស់ ឬមានតំណពូជ។ ក្រៅពីនេះ វាអាចកើតឡើងជាជំងឺបន្ទាប់បន្សំពីជំងឺផ្សេងទៀតរួមមាន ជំងឺទឹកនោមផ្អែម ខ្សោយបេះដូង លើសជាតិខ្លាញ់ ឬខ្សោយតម្រងនោម ជាដើម។ រោគសញ្ញាសង្ស័យនៃជំងឺ ជាទូទៅ អ្នកជំងឺលើសសម្ពាធឈាមមួយភាគធំក្នុងដំណាក់កាលដំបូង ពុំមានស្ដែងចេញនូវរោគសញ្ញាជាក់លាក់ណាមួយឡើយដែលគេអាចហៅជំងឺនេះថាជា «ឃាតកលាក់មុខ»។ ប៉ុន្តែ ក្នុងនោះក៏មានអ្នកជំងឺមួយចំនួនអាចមានអាការៈផ្សេងៗដូចជាឈឺក្បាល ថប់ទ្រូង រួយកញ្ជឹងក ហ៊ឹងត្រចៀក បែកញើស និងឈាម ច្រមុះជាញឹកញាប់ ដែលអាចឲ្យអ្នកជំងឺចាប់អារម្មណ៍ថាខ្លួនមានជំងឺលើសសម្ពាធឈាម។   ការធ្វើរោគវិនិច្ឆ័យសមស្រប ជាក់ស្តែង ដោយសារជំងឺលើសសម្ពាធឈាមមិនមាននូវរោគសញ្ញាជាក់លាក់ណាមួយនោះឡើយ ដូចនេះការធ្វើរោគវិនិច្ឆ័យភាគច្រើនប្រទះឃើញនៅពេលដែលអ្នកជំងឺមកធ្វើការពិនិត្យសុខភាពទូទៅ។ គួរបញ្ជាក់ថា ការវាស់សម្ពាធឈាមលើកដំបូងមិនអាចកំណត់នូវរោគវិនិច្ឆ័យបានទេ ព្រោះពេលខ្លះអ្នកជំងឺអាចឡើងសម្ពាធឈាមដោយសារជួបគ្រូពេទ្យ ដែលគេហៅថា «White coathypertension»។ ការកំណត់រោគវិនិច្ឆ័យសមស្របធ្វើឡើងដោយការវាស់សម្ពាធឈាមរបស់អ្នកជំងឺឲ្យបានយ៉ាងតិចពីរដងក្នុងមួយសប្ដាហ៍ ឬឲ្យអ្នកជំងឺតាមដានសម្ពាធឈាមនៅផ្ទះដោយខ្លួនឯង ដោយប្រើប្រាស់ឧបករណ៍វាស់សម្ពាធឈាម២៤ម៉ោង ពេលថ្ងៃម៉ាស៊ីនវាស់រៀងរាល់មួយម៉ោងម្ដង និងពេលយប់វាស់រាល់២ម៉ោងម្តង (24h Blood Pressure Monitor) ទើបអាចកំណត់នូវរោគវិនិច្ឆ័យច្បាស់​លាស់បាន។ ការព្យាបាលត្រឹមត្រូវ អ្នកជំងឺត្រូវបានណែនាំឲ្យទទួលការព្យាបាលតាមដានឲ្យបានត្រឹមត្រូវ និងលេបថ្នាំឲ្យបានទៀងទាត់។ ក្រៅពីនេះ ត្រូវកែតម្រូវនូវរបបអាហារប្រចាំថ្ងៃ ដូចជា ការតមប្រៃ ការធ្វើលំហាត់ប្រាណជាប្រចាំ និងកាត់បន្ថយនូវកត្តាហានិភ័យផ្សេងៗ។ ដោយឡែក សម្រាប់អ្នកដែលស្ថិតក្នុងការប្រឈម ឬត្រៀមនឹងកើតមានជំងឺនេះ ពុំចាំបាច់ប្រើប្រាស់ថ្នាំលើសសម្ពាធឈាមឡើយគ្រាន់តែកែប្រែរបបអាហារ និងហាត់ប្រាណឲ្យបានត្រឹមត្រូ វពេលខ្លះសម្ពាធឈាមរបស់គាត់អាចនឹងត្រឡប់មកសភាពធម្មតាវិញ។ ផលវិបាកទៅអនាគត ក៏ព្រោះតែជំងឺនេះអាចសម្លាប់មនុស្សដោយពុំដឹងខ្លួន ដូចនេះ ប្រសិនបើមិនមានការព្យាបាល ត្រឹមត្រូវ វាអាចស្ដែងចេញជាផលវិបាកធំៗមួយចំនួនដូចជា ជំងឺគាំងបេះដូង  ខ្សោយបេះដូង ដាច់សរសៃឬស្ទះសរសៃឈាមខួរក្បាល ហើយបើមានការលើសសម្ពាធឈាមរយៈពេលយូរ វានឹងបង្កឲ្យមានជំងឺស្ទះសរសៃឈាម ខ្សោយតម្រងនោម និងប៉ះពាល់ដល់ភ្នែកជាដើម។ ការការពារជំងឺលើសសម្ពាធឈាម បុគ្គលគ្រប់រូបគួរគប្បីបញ្ចៀសខ្លួនពីកត្តាប្រឈមដូចបានរៀបរាប់ខាងលើ ដោយផ្លាស់ប្តូរទម្លាប់នៃការពិសាអាហារប្រៃ មកសាបបន្តិចវិញបន្ថយ ឬបញ្ឈប់ការទទួលទានគ្រឿងស្រវឹង កាត់បន្ថយស្ត្រេស សម្រកទម្ងន់ និងធ្វើលំហាត់ប្រាណ យ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ និង៥ថ្ងៃក្នុងមួយសប្តាហ៍។ អ្នកជំងឺលើសសម្ពាធឈាមទាំងអស់ត្រូវពិនិត្យ និងតាមដានជាប្រចាំតាមការណាត់ជួបរបស់គ្រូពេទ្យឯកទេស ក៏ដូចជាលេបថ្នាំឲ្យបានទៀងទាត់។  បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ច័ន្ទ សុខា ឯកទេសបេះដូង និងសរសៃឈាម នៃមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អ្វីជាជំងឺស្ទះសរសៃឈាមសួត? ជំងឺស្ទះសរសៃឈាមសួត គឺជាជំងឺដែលកើតឡើងដោយការស្ទះនៃផ្នែកណាមួយ ឬមែកធាងណាមួយរបស់សរសៃឈាមសួតដែលជាសរសៃឈាមមានមុខងារសម្រាប់នាំឈាមខ្មៅចេញពីថតបេះដូងខាងស្ដាំចូលទៅក្នុងសួត ដើម្បីធ្វើបណ្ដូរឧស្ម័ន។ មូលហេតុបង្ក ជាទូទៅ ជំងឺស្ទះសរសៃឈាមសួត បង្កឡើងដោយមូលហេតុធំៗមួយចំនួន រួមមាន៖ •ផលវិបាកនៃជំងឺរលាកសរសៃឈាមខ្មៅនៅជើង ឬហៅថា Deep venous thrombosis •ផលវិបាកដែលកើតឡើងក្រោយការវះកាត់ ជាពិសេសទៅលើការវះកាត់ជើង ត្រគាក ឬបាក់បែកឆ្អឹង •អ្នកជំងឺរ៉ាំរ៉ៃដែលគេងលើគ្រែ ឬកន្ទេលយូរ(bedridden patient ) បង្កឲ្យកើតមានជាកំណកឈាម រួចកំណកឈាមនោះអណ្ដែតចូលទៅក្នុងសួត •កើតឡើងក្រោយការសម្រាលកូន ទាំងការសម្រាលតាមបែបធម្មជាតិ ឬវះកាត់ •អ្នកដែលមានជំងឺមហារីក •អ្នកជំងឺដែលមានបញ្ហាកំណកឈាមពីកំណើត។ កត្តាប្រឈម មនុស្សមួយចំនួនអាចនឹងប្រឈម ប្រសិនបើគាត់៖ •ជក់បារី •ធាត់លើសទម្ងន់ •អ្នកពុំសូវធ្វើពលកម្ម ឬកីឡា •ទទួលទានសុរាច្រើន •ធ្វើដំណើរផ្លូវឆ្ងាយ ឬប្រើរយៈពេលអង្គុយយូរលើសពី៤ម៉ោង •មានតំណពូជ នៃជំងឺនេះ។ រោគសញ្ញា អ្នកជំងឺស្ទះសរសៃឈាមសួតអាចនឹងមានរោគសញ្ញាដូចជាហត់ភ្លាមៗ ចុកទ្រូង បេះដូងដើរញាប់ខុសប្រក្រតី អាចមានក្អកធ្លាក់ឈាម និងមានអាការៈដូចជាខ្យល់ចាប់ ងងឹតមុខ ឬឈានដល់ការសន្លប់បាត់ស្មារតីតែម្ដង។ ការធ្វើរោគវិនិច្ឆ័យ ក្រៅពីរោគសញ្ញាគ្លីនិកខាងលើ ការធ្វើរោគវិនិច្ឆ័យក៏ត្រូវពឹងផ្អែកទៅលើតេស្ដអមវេជ្ជសាស្ត្រមួយចំនួនដូចជា ការវាស់អគ្គីសនីបេះដូង (ECG) អេកូបេះដូងដែលបង្ហាញពីការរីកធំ ឬប៉ោងឡើង នៃថតបេះដូងខាងស្ដាំ រួមជាមួយការកើនឡើងនៃសម្ពាធឈាមសួត។ ការធ្វើអេកូសរសៃឈាមដែលអាចឲ្យឃើញពីការរលាក ឬស្ទះសរសៃឈាមខ្មៅជាពិសេសនៅជើង។ ពិនិត្យឈាមមើលទៅលើសម្ពាធខ្យល់ក្នុងសួត (Arterial Blood Gas) និងអង់ស៊ីមម៉្យាងឈ្មោះថា ដេឌីមែរ (D-Dimer enzyme) ដែលការកើនឡើងនៃអង់ស៊ីមនេះនាំឲ្យមានការសង្ស័យខ្ពស់ទៅលើជំងឺស្ទះសរសៃឈាមសួត ការថតសួត (Chest X-ray) សំខាន់លើសពីនេះ រូបភាពវេជ្ជសាស្រ្ដ ស៊ីធីស្គេន (CT-scan) គឺជាមធ្យោបាយបញ្ជាក់នូវរោគវិនិច្ឆ័យយ៉ាងជាក់លាក់បំផុត។  ការព្យាបាល ការព្យាបាលតម្រូវឲ្យអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ ដោយគ្រូពេទ្យនឹងប្រើប្រាស់ឱសថប្រភេទជាថ្នាំចាក់ និងថ្នាំគ្រាប់ពង្រាវឈាម ក៏ដូចជារំលាយកំណកឈាមដែលស្ទះនោះ។ អំឡុងពេលនៃការព្យាបាល អ្នកជំងឺត្រូវបានហាមមិនឲ្យងើប ឈរ ឬ ដើរ រហូតដល់គ្រូពេទ្យបញ្ជាក់ថាឈាមរាវល្អ ទើបអាចធ្វើចលនាបាន។ បន្ទាប់ពីចេញពីមន្ទីរពេទ្យ អ្នកជំងឺត្រូវបន្តប្រើប្រាស់ថ្នាំគ្រាប់ពង្រាវឈាមឲ្យបានទៀងទាត់ជាចាំបាច់គ្រប់រយៈពេល៦ខែ និងត្រឡប់មកតាមដានតាមការណាត់ជួបរបស់គ្រូពេទ្យ។ ប្រសិនបើមានការកើតសារជាថ្មីឡើងវិញ បន្ទាប់ពីការកើតលើកទីមួយអ្នកជំងឺនឹងត្រូវប្រើប្រាស់ថ្នាំមួយជីវិត។ ផលវិបាក ជំងឺស្ទះសរសៃឈាមសួត ត្រូវបានចែកចេញជាពីរកម្រិត៖ •កម្រិតធ្ងន់ (Massive pulmonary embolism) អ្នកជំងឺមានអត្រាស្លាប់ខ្ពស់ ។ •កម្រិតមធ្យម ឬ តិចតួច ភាពជោគជ័យនៃការព្យាបាល មានច្រើន ប៉ុន្តែ ដោយឡែកក្នុងករណីដែលអ្នកជំងឺមិនបានតាមដាន ឬទទួលការពិនិត្យត្រឹមត្រូវ វាអាចនឹងវិវឌ្ឍទៅរកការស្ទះសរសៃឈាមធ្ងន់ធ្ងរ ឫ ការខ្សោយបេះដូងផ្នែកខាងស្ដាំជាអចិន្ត្រៃយ៍ ឬការស្ទះសរសៃឈាមសួតរ៉ាំរ៉ៃដែលបណ្ដាលឲ្យមានការកើនឡើងសម្ពាធឈាមក្នុងសួតជាអចិន្ត្រៃយ៍ ( post embolic -pulmonary hypertension)។ វិធីបង្ការ វិធីសាស្រ្ដក្នុងការការពារ គឺគួរគប្បីលុបបំបាត់នូវកត្តាប្រឈម តួយ៉ាងដូចជា បញ្ឈប់ការជក់បារី ឬទទួលទានសុរា គ្រប់គ្រងលើតុល្យភាពទម្ងន់ក៏ដូចជាហាត់ប្រាណឲ្យបានទៀងទាត់ ត្រូវងើបធ្វើចលនារាល់ពីរទៅបួនម៉ោងម្ដង  ក្នុងពេលធ្វើដំណើរផ្លូវឆ្ងាយ រីឯអ្នកដែលទើបវះកាត់រួច ឫអ្នកមានជំងឺរុំារ៉ៃគេងនៅកន្ទេល (bedridden patient) គ្រូពេទ្យគួរឲ្យប្រើប្រាស់នូវថ្នាំការពារកំណកឈាម ។   សុខភាព ជារឿងសំខាន់ ដូចនេះ សូមធ្វើការថែរក្សាសុខភាព ដោយធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ កាត់បន្ថយការទទួលទានគ្រឿងស្រវឹង និងងាកមករករបបអាហារសុខភាពវិញ។ បើមានបញ្ហាសុខភាពណាមួយខុសប្រក្រតី គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលខ្លួនទុកចិត្ត   មុនពេលដែលស្ថានភាពជំងឺវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត  ពិត សារដ្ឋ ឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមបម្រើការនៅមជ្ឈមណ្ឌលបេះដូងមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ស្ទះសរសៃឈាមបេះដូង គឺជាការស្លោកសាច់ដុំបេះដូងស្រួចស្រាវ​ដោយសារការស្ទះនូវសរសៃឈាមដែលទៅចិញ្ចឹមបេះដូង​(coronary artery)។​ តាមរបាយការណ៍អង្គការសុខភាពពិភព​លោកបានបង្ហាញថា «នៅប្រទេសកម្ពុជា​ក្នុងចំណោមមនុស្ស​១០០​ពាន់នាក់ មាន១២៨.៨នាក់ ស្លាប់ដោយសារ ជំងឺស្ទះសរសៃឈាមបេះដូងនេះ»។ តាមតួលេខជាក់ស្តែងនៅមន្ទីរពេទ្យកាល់​ម៉ែតឆ្នាំ២០១​៦ពេញមួយឆ្នាំ បូករួម២០១៧​រយៈ​ពេល​កន្លះឆ្នាំមានអ្នកជំងឺស្ទះសរសៃឈាមបេះដូងចូលមក​សម្រាក និងព្យាបាលរហូតដល់៨៣៣នាក់ដែលជាតួលេខមួយគួរឲ្យព្រួយបារម្ភ។ បច្ចុប្បន្ននេះ ជំងឺស្ទះសរសៃឈាមបេះដូងនៅតែជាមូលហេតុទីមួយដែលសម្លាប់មនុស្សទូទាំងសកលលោក ក្រោយពេលរកឃើញថាមនុស្សប្រហែល៧លាននាក់ត្រូវបានស្លាប់ដោយសារជំងឺនេះជារៀងរាល់ឆ្នាំទោះបីជាមានការរីកចម្រើននូវបច្ចេក​វិទ្យាទំនើបក្នុងការព្យាបាលយ៉ាងណាក៏ដោយ។ សញ្ញាណាខ្លះដែលលេចឡើងចំពោះអ្នកជំងឺ? ការចុកដើមទ្រូងខ្លាំង ជាសញ្ញាសំខាន់ និងភាគច្រើនបំផុតនៃជំងឺស្ទះសរសៃឈាមបេះដូង ដែលមានរយៈ​ពេលលើសពី​២០​នាទី។​ ការចុកនេះទៀតសោតអាចនឹងរាលមកគល់ថ្គាមចុះ​មក​​ត្រឹមស្មា ឬរហូតដល់ដៃខាងឆ្វេង។ ក្រៅពីនេះ អ្នកជំងឺក៏មាន​សញ្ញារួមផ្សំផ្សេងទៀតដូចជាបែកញើស ឡេះឡាស់ ថប់ដង្ហើម និងហត់ជាដើម។ អ្វីជាមូលហេតុនៃជំងឺស្ទះសរសៃឈាមបេះដូង? ភាគច្រើននៃមូលហេតុបង្កឲ្យមានការស្ទះសរសៃឈាមបេះដូង ​គឺការកកដុំខ្លាញ់ក្នុងសរសៃឈាមបេះដូង។ បន្ថែមពីនេះ ក៏មាន​កត្តាជំរុញផ្សេងទៀត ​និងក្រុមមនុស្សប្រឈមដូចខាងក្រោម៖ •កត្តាអាយុ ៖ នៅពេលអាយុកាន់តែច្រើន អត្រាប្រឈមកាន់​តែខ្ពស់ (បុរសលើសពី៤៥ឆ្នាំ និងស្ត្រីលើសពី៥៥ឆ្នាំ) •អ្នកជំងឺលើសសម្ពាធឈាម •អ្នកជំងឺទឹកនោមផ្អែម •អ្នកលើសជាតិខ្លាញ់ និងលើសទម្ងន់ •មនុស្សអសកម្ម ឬមិនសូវធ្វើពលកម្ម •អ្នកជក់បារី •អ្នកមានប្រវត្តិក្រុមគ្រួសារមានជំងឺស្ទះសរសៃឈាមបេះដូង (family refractor)។ វិធីសាស្ត្រត្រឹមត្រូវក្នុងការធ្វើរោគវិនិច្ឆ័យ ករណីជំងឺស្ទះសរសៃឈាមបេះដូងមានសភាពមិនសូវធ្ងន់ធ្ងរ នោះការធ្វើរោគវិនិច្ឆ័យអាចធ្វើឡើងដោយ​ ការថតចង្វាក់​​បេះដូង ធ្វើអេកូបេះដូង និងការធ្វើតេស្តដោយឲ្យអ្នកជំងឺដើរនៅលើខ្សែពានឬដោយការធាក់កង់ ដើម្បីរកមើល​សញ្ញានៃការ​ស្ទះសរសៃឈាមបេះដូង។​ ក្នុងពេលជាមួយគ្នា គ្រូពេទ្យឯក​ទេសអាចតម្រូវឲ្យអ្នកជំងឺថត CT ស្កែនលើសរសៃឈាម​បេះ​ដូង​ និងចុងក្រោយអាចធ្វើ Angiography ដើម្បីរកមើលទីតាំងនៃសរសៃឈាមដែលស្ទះ រួម និងការពិនិត្យឈាម។ ការព្យាបាលអ្នកជំងឺស្ទះសរសៃឈាមបេះដូង ការព្យាបាលចម្បងនៃអ្នកជំងឺស្ទះសរសៃឈាមបេះដូង គឺធ្វើយ៉ាងណាត្រូវបើកសរសៃឈាមដែលស្ទះនោះដំណើរការឡើងវិញឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន(មុន៦ម៉ោងនិងយ៉ាងហោចណាស់មុន១២ម៉ោង)។ ការបើកឲ្យមានដំណើរការសរសៃឈាមឡើងវិញអាចធ្វើឡើងតាម២របៀប៖ •ប្រើប្រាស់ថ្នាំចាក់​ ដើម្បីរំលាយដុំឈាមដែលកកស្ទះនៅក្នុងសរសៃឈាមបេះដូងនោះ​ ឬហៅថា Thrombolytic។ •ប្រើប្រាស់រ៉ឺស័រដើម្បីពង្រីកសរសៃឈាមបេះដូង(Angioplasty)។ ក្រោយពីការព្យាបាលដោយAngioplastyអ្នកជំងឺត្រូវពិសាថ្នាំឲ្យបានទៀងទាត់ទៅតាមវេជ្ជបញ្ជា និងធ្វើការតាមដានតាមការណែនាំរបស់គ្រូពេទ្យឯកទេស។ ហានិភ័យនៃអ្នកជំងឺស្ទះសរសៃឈាមបេះដូងអាចនឹងធ្ងន់ធ្ងររហូតឲ្យអ្នកជំងឺមានគ្រោះ​ថ្នាក់ដល់អាយុជីវិត ប្រសិនបើមិនទទួលបានការព្យា​បា​ល​ទាន់ពេលវេលា និងត្រឹមត្រូវតាមបច្ចេកវិទ្យា។ អ្នកជំងឺស្ទះសរសៃឈាមបេះដូងទាមទារធ្វើការព្យាបាលឲ្យបានមុន៦​ម៉ោង ​ឬយ៉ាងហោចណាស់ឲ្យបានមុន១២ម៉ោង ប្រសិនបើ​លើស​ពី១២ម៉ោងនោះសាច់ដុំបេះដូងរបស់អ្នកជំងឺនឹងស្លោកខូច ហើយហានិភ័យនឹងកាន់តែធ្ងន់ធ្ងរ។ គួរការពារខ្លួនបែបណាដើម្បីកាត់បន្ថយជំងឺនេះ? តាមពិតជំងឺស្ទះសរសៃឈាមបេះដូងមិនអាចការពារបាននោះ​ទេ ប៉ុន្តែវាអាចត្រូវបានកាត់បន្ថយតាមរយៈគោលការណ៍ដូចខាងក្រោម៖ •ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ (៣០នាទីក្នុង១ថ្ងៃនិង៥ថ្ងៃក្នុងមួយសប្តាហ៍) •បញ្ឈប់ការជក់បារី •កាត់បន្ថយ ឬបញ្ឈប់ការពិសាគ្រឿងស្រវឹង •ចៀសវាងការបរិភោគអាហារប្រៃខ្លាំង •កាត់បន្ថយអាហារសម្បូរជាតិខ្លាញ់ •កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ (Stress) •គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ •គ្រប់គ្រងជាតិស្ករឲ្យមានលំនឹងបើមានជំងឺទឹកនោមផ្អែម •រក្សាទម្ងន់ឲ្យបានសមស្រប និងចៀសវាងកុំឲ្យលើសទម្ងន់ •ជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានទៀងទាត់។ ដោយសារជំងឺស្ទះសរសៃឈាមបេះដូងជាជំងឺមួយដែលធ្ងន់ធ្ងរ និងទាមទារឲ្យមានការព្យាបាលទាន់ពេលវេលា ដូច្នេះអ្នកជំងឺក៏ដូចជាគ្រូពេទ្យទាំងអស់ដែលបាន និងកំពុងបំពេញការងារទាំងនៅរាជធានីក្តី និងនៅតាមបណ្តាខេត្តក្តី ប្រសិនបើជួបជាមួយនឹងអ្នកជំងឺដែលមានសញ្ញាដូចខាងលើ សូមប្រញាប់បញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យឯកទេសនៅភ្នំពេញជាបន្ទាន់ គឺ  មន្ទីរពេទ្យកាល់ម៉ែតដែលមានមធ្យោបាយទំនើបគ្រប់គ្រាន់​ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកជំងឺព្រមទាំង​ជួយសង្គ្រោះអ្នកជំងឺឲ្យបានទាន់ពេលវេលា។ ជាក់ស្តែង បច្ចុ​ប្បន្ននេះ មន្ទីរពេទ្យកាល់ម៉ែត មានបន្ទប់ថតឆ្លុះ​សរសៃឈាម​បេះដូង (Angiography) ចំនួន២ ព្រមជាមួយគ្រូពេទ្យឯក​ទេ​ស​ជំនាញខាងថតឆ្លុះសរសៃឈាមបេះដូងគ្រប់គ្រាន់ រងចាំ​ទទួ​លព្យាបាលប្រជាពលរដ្ឋគ្រប់ពេលវេលា។ បកស្រាយដោយ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានអ៊ុយនីតេ ជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺខ្សោយបេះដូងត្រូវបានដឹងថាអាចបង្កឲ្យមានគ្រោះថ្នាក់រហូតដល់ជីវិតរបស់អ្នកជំងឺ ឬយ៉ាងហោចណាស់ ធ្វើឲ្យគុណភាពជីវិតរបស់អ្នកជំងឺចុះអន់ថយប្រសិនបើមិនបានទទួលការព្យាបាលបានត្រឹមត្រូវដែលការព្យាបាលនេះផងដែរក៏ជា​ទូទៅមិនអាចជួយអ្នកជំងឺឲ្យជាសះស្បើយទាំងស្រុងឡើយ។ ហេតុនេះ ការកាត់បន្ថយកត្តាគ្រោះថ្នាក់ដែលធ្វើឲ្យអ្នកជំងឺប្រឈមមុខនឹងជំងឺខ្សោយបេះដូងពិតជាមានសារសំខាន់។ និយមន័យ ជំងឺខ្សោយបេះដូង ជាបណ្តុំរោគសញ្ញាដែលបណ្តាលមកពីការខូចខាតទ្រង់ទ្រាយ ឬដំណើរការមិនល្អនូវមុខងាររបស់បេះដូង ដែលបណ្តាលឲ្យមានការថយចុះនូវការបំពេញឈាមក្នុងថតបេះដូង ឬការថយចុះនៃការច្របាច់ឈាមទៅចិញ្ចឹមសរីរាង្គកាយ។  ​ ពីមុន ការបែងចែកនៃជំងឺខ្សោយបេះដូងអាច ធ្វើឡើងបានតាមច្រើនរបៀប ដោយក្នុងនោះ ជំងឺនេះត្រូវបាននិយម​ចែ​ក​ជា ជំងឺខ្សោយបេះដូង ខាងឆ្វេង និងជំងឺខ្សោយបេះដូងខាងស្តាំ។ ក្រោយមក ជំងឺខ្សោយបេះដូងត្រូវបានគេបែង​ចែកជា ៣ ចំណាត់ថ្នាក់ដោយផ្អែកលើការកន្ត្រាក់​របស់​បេះ​ដូង​ (Ejection Fraction Heart Failure)  ដោយក្នុងនោះរួមមាន៖ -  ការកន្ត្រាក់របស់បេះដូង ឬ Ejection Fraction ធំជាង ៥០% (EF> 50%) ឬ HF with preserved Ejection Fraction -  ការខ្សោយបេះដូងជាមួយនឹងការថយចុះនៃការកន្ត្រាក់របស់បេះដូង ឬ HF with reduced Ejection Fraction ដែលមាន EF តូចជាង ឬស្មើ ៤០% (EF ≤ 40%) -  ការកន្ត្រាក់បេះដូងដែលមាន EF នៅចន្លោះ ៤០% ទៅ ៥០% អាចត្រូវបានគេហៅថា Heart Failure With Mid-Range Ejection Fraction ។     រោគសញ្ញា រោគសញ្ញា ២ ធំៗដែលជាទូទៅអាចងាយកំណត់សម្គាល់ដោយអ្នកជំងឺគឺ ការហត់ និងហើម ព្រមទាំងរោគសញ្ញាបន្ទាប់បន្សំដូចជា ការអស់កម្លាំងជាដើម។ យ៉ាងណាមិញ ជំងឺ​ខ្សោយបេះ​ដូងក៏អាចបង្ហាញជារោគសញ្ញាផ្សេងទៀតផងដែរ ដែលក្នុងនោះរួមមាន រោគសញ្ញាស្តែងអំពីមូលហេតុណាមួយនៃជំងឺដូចជាចុកទ្រូង (អាចមានន័យថាជាការខ្សោយបេះដូងដោយ​សារជំងឺស្ទះសរសៃឈាមបេះដូង) ញ័រទ្រូង (ដែលអាចទាក់ទងនឹងជំងឺវិបត្តិលើចង្វាក់បេះដូង) ជាដើម…។     មូលហេតុ ជំងឺខ្សោយបេះដូងជាញឹកញាប់ត្រូវបានយល់ច្រឡំថាអាចបណ្តាល​មកពីតំណពីឪពុកម្តាយ ឬជីដូនជីតា ស្របពេលដែល​វាពុំមែនជាជំងឺតពូជឡើយ។ ការពិត ជំងឺខ្សោយបេះដូងមានទំនាក់ទំនងទៅនឹងការខូចខាតនៃមុខងាររបស់បេះដូង ឬទ្រង់ទ្រាយរបស់បេះដូង ដែលក្នុងនោះមូលហេតុ អាចមានដូចជា លើសសម្ពាធឈាម ស្ទះសរសៃឈាមបេះដូង វិបត្តិចង្វាក់​បេះដូង រលាកសាច់បេះដូង ខូចប្រឹសបេះដូង ជំងឺបេះ​ដូង​ពីកំណើត…។ ក្រៅពីនោះ កត្តាជំរុញមួយចំនួនក៏អាចបង្កឲ្យងាយប្រឈមមុខនឹងជំងឺខ្សោយបេះដូងផងដែរដូចជា ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ការជក់បារីការពិសាគ្រឿងស្រវឹងក្នុងកម្រិតខ្ពស់ និងការប្រើប្រាស់ថ្នាំមួយចំនួនជាដើម។   ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យចំពោះជំងឺខ្សោយបេះដូងត្រូវធ្វើឡើងគួបផ្សំគ្នារវាងការមើលលើប្រវត្តិអ្នកជំងឺការពិនិត្យអ្នកជំងឺ(Phys​ical examination) ព្រមទាំងការរកមើលកត្តាប្រឈមរបស់អ្នក​ជំងឺ។ ជាមួយគ្នានេះ តេស្តផ្សេងៗទៀតដែលអាចជាជំនួយដល់ការធ្វើរោគវិនិច្ឆ័យក៏ត្រូវបានធ្វើឡើងផងដែរដោយក្នុងនោះរួមមាន ការធ្វើតេស្តឈាម (មើល BNP) ECG ការថត​សួត ជាពិសេសការធ្វើអេកូបេះដូងដែលជាមធ្យោបាយមួយដែលជាក់លាក់ និងជួយសម្រួលដល់ការធ្វើរោគវិនិច្ឆ័យបានយ៉ាងពេញលេញ។ ការព្យាបាល ទោះបីជាការព្យាបាលចំពោះជំងឺខ្សោយបេះដូងពុំអាចផ្តល់នូវភាពជាសះស្បើយទាំងស្រុង ក៏ប៉ុន្តែអ្នកជំងឺនៅតែត្រូវទទួលការព្យាបាលឲ្យបានត្រឹមត្រូវក្នុងគោលបំណងធំៗ ២ គឺ៖ -  ចៀសវាងនូវរោគសញ្ញារំខាននានានៃជំងឺដូចជា ការហត់ និងហើមដែលមានន័យថាជាការជួយសម្រួលដល់ភាពស្រណុកសុខស្រួលដល់ជីវិតរបស់អ្នកជំងឺ ឬធ្វើឲ្យការរស់រានមានជីវិតបានប្រសើរឡើង -  ការព្យាបាលទាក់ទងនឹងPrognosisដែលមានន័យថាការព្យាបាលដែលជួយកាត់បន្ថយការស្លាប់ដោយសារជំងឺខ្សោយ​បេះដូង។ គួរបញ្ជាក់ថាដោយសារតែអ្នកជំងឺខ្សោយបេះដូងជាមួយនឹងReduced Ejection Fraction អាចមានអត្រា ​ស្លាប់​ភ្លាមៗរហូតដល់ទៅ ៤៥% រីឯចំពោះជំងឺខ្សោយបេះដូងទូទៅ ការស្លាប់ក្នុងមួយឆ្នាំអាចមាន ទៅដល់ ២០% និងអាច​កើនឡើងរហូតដល់ ៥០% នៅអំឡុងពេល ៥ ឆ្នាំបន្ទាប់ ដូចនេះហើយ ទើបការព្យាបាលត្រូវបានសង្កត់ធ្ងនលើការសម្រួលរោគសញ្ញាដើម្បីរក្សាគុណភាពនៃការរស់នៅរបស់អ្នកជំងឺ និងកាត់បន្ថយការស្លាប់ដោយសារជំងឺ។ ការការពារ សម្រាប់ជំងឺខ្សោយបេះដូងការការពារ គឺជាជម្រើសក៏ដូចជាជាមធ្យោបាយដំបូងនិងមានប្រសិទ្ធភាពដែលអាចធ្វើឡើងដោយការអនុវត្តស្រប​តាមការណែនាំនៃ Life’s Simple 7 ៖ 1. ការឈប់ជក់បារី 2. ការធ្វើលំហាត់ប្រាណ 3. ការទទួលទានអាហារសុខភាព (កុំពិសាប្រៃពេក ត្រូវពិសាបន្លែឲ្យបានគ្រប់គ្រាន់ជាដើម) 4. រក្សាលំនឹងសម្ពាធឈាមទៅតាមការណែនាំរបស់វេជ្ជបណ្ឌិត 5. ការបន្ថយជាតិខ្លាញ់ 6. ចៀសវាងការលើសទម្ងន់ 7. ព្យាបាល និងរក្សាលំនឹងជាតិស្ករឲ្យបានក្នុងកម្រិតទទួលយកបានចំពោះអ្នកជំងឺទឹក​នោមផ្អែម។ គួរបញ្ជាក់ថា ការការពារគួរតែត្រូវបានអនុវត្តជាពិសេសចំពោះអ្នកដែលមានកត្តាប្រឈម និងងាយរងគ្រោះដោយជំងឺនេះដូចជាអ្នកជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមជាដើម ដើម្បីចៀសវាងការកើតមានជំងឺខ្សោយបេះដូងទៅថ្ងៃខាងមុខ។   ផលវិបាក ប្រសិនបើអ្នកជំងឺខ្សោយបេះដូងពុំបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវឬមិនបានកាត់បន្ថយនូវកត្តាគ្រោះថ្នាក់ទាំង​ឡាយឲ្យបានត្រឹមត្រូវទេនោះ អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ដែលធ្ងន់ធ្ងររហូតដល់អាយុជីវិតតែម្តង។ដោយឡែក ផលវិបាកទៅលើភាពស្រណុកសុខស្រួលក្នុងការរស់នៅរបស់អ្នកជំងឺក៏អាចកើតមានផងដែរដូចជា ការរស់នៅមិនបានស្រួលដោយសារងាយនឹងហត់​ឬហើម ព្រមទាំងអាចឈានដល់ការមានពិការភាពលើលទ្ធភាពការងារផងដែរ (ពុំមែនពិការសរីរាង្គណាមួយឡើយ)។ ជារួមមក ប្រសិនបើអ្នកជំងឺត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺខ្សោយបេះដូង ឬកំពុងមាន កត្តាប្រឈមទៅនឹងជំងឺនេះ សូមមេត្តាបញ្ជូនអ្នកជំងឺទៅកាន់​វេជ្ជបណ្ឌិតឯកទេសឲ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយការវិវឌ្ឍនៃជំងឺកុំឲ្យឈានដល់ដំណាក់កាលចុងក្រោយ ពោលគឺការវិវឌ្ឍទៅជា ជំងឺខ្សោយបេះដូងនេះតែម្តង។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ថេង យូដាលីន វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត   ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អ្វីជាជំងឺវិបត្តិចង្វាក់បេះដូង? ជាប្រភេទជំងឺដែលបេះដូងដើរមិនប្រក្រតី (យឺត ឬញាប់) ខុសពីចង្វាក់បេះដូងក្នុងលក្ខខណ្ឌធម្មតាដែលគួរស្ថិតក្នុងចន្លោះតែ ៦០ ទៅ៩០ ហើយវាត្រូវបានចែកចេញជា ២ប្រភេទ៖  •វិបត្តិចង្វាក់បេះដូងដើរយឺត ស្មើ ឬមិនស្មើ •វិបត្តិចង្វាក់បេះដូងដើរញាប់ ស្មើ ឬមិនស្មើ។ ចំពោះអត្រានៃការកើតមានជំងឺទាំងពីរប្រភេទ ស្ថិតក្នុងភាគរយស្មើគ្នាដែលតែងជួបប្រទះជាញឹកញាប់ ពី២០-៣០% នៃអ្នកជំងឺដែលមកសម្រាកនៅមន្ទីរពេទ្យ។  មូលហេតុនៃជំងឺ វិបត្តិចង្វាក់បេះដូងបណ្តាលមកពីមូលហេតុ២ធំៗគឺ៖ 1.វិបត្តិចង្វាក់បេះដូងដែលអាចព្យាបាលបាន បង្កមកពីមូលហេតុមួយចំនួនដូចជា៖  •អ្នកជំងឺមានបញ្ហាខ្សោយក្រលៀននាំឲ្យជាតិប៉ូតាស្យូមមានការកើនឡើងក្នុងចរន្តឈាម ធ្វើឲ្យបេះដូងដើរយឺត •បណ្តាលមកពីឱសថដែលបង្កឲ្យបេះដូងដើរយឺត ដូចជាពពួកឱសថ Beta blockers ឬCalcium Inhibitors ជាដើម ក្នុងករណីអ្នកជំងឺប្រើប្រាស់ថ្នាំលើសកម្រិត   ឬប្រើប្រាស់ដោយខ្លួនឯង •ការលេងកីឡាខ្លាំងហួសកម្រិត ដែលនាំឲ្យបេះដូងបែរជាដើរយឺតនៅពេលមិនបានលេងកីឡា។ •ជំងឺក្រពេញបំពង់ក ក៏អាចធ្វើឲ្យបេះដូងដើរយឺត ឬញាប់ែដរ (Hypothyroide Or Hyperthyroide) 2.វិបត្តិចង្វាក់បេះដូងដែលត្រូវការព្យាបាលពិសេសបង្កមកពី៖ •មានជំងឺបេះដូងខាងក្រោម នាំឲ្យខូចចរន្តអគ្គីសនីបេះដូងដែលស្ថិតនៅ ២ទីតាំងគឺ ចរន្តអគ្គីសនីដែលបញ្ជាពីលើហៅថាថ្មធម្មជាតិទី ១និងថ្មធម្មជាតិពីកំណើតទី ២។ អ្នកជំងឺអាចប្រឈមនឹងការខូចប្រភេទថ្មធម្មជាតិមួយ  ក្នុងចំណោមពីរប្រភេទ៖ •ការខូចចរន្តអគ្គីសនីពីកំណើត •ការខូចចរន្តអគ្គីសនីបណ្តាលមកពីជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺស្ទះសរសៃឈាមបេះដូង  និងជំងឺប្រឹសបេះដូងជាដើម។  រោគសញ្ញា ជំងឺអាចកើតឡើងដោយមិនមានរោគសញ្ញា និងអ្នកជំងឺមួយភាគទៀតអាចសង្កេតឃើញមានរោគសញ្ញាដូចជា៖ •ញ័រដើមទ្រូង កើតឡើងភ្លាមៗ នៅពេលយប់ ឬភ្ញាក់ពីដំណេក •អស់កម្លាំង ល្ហិតល្ហៃ •វិលមុខ •សន្លប់មួយរយៈ  •គាំងបេះដូង។ ការស្វែងរកការពិគ្រោះជាមួយវេជ្ជបណ្ឌិតមានជំនាញផ្នែកបេះដូង ជាការចាំបាច់មួយប្រសិនអ្នកជំងឺលេចឡើងនូវរោគសញ្ញាខាងលើ ម៉្យាងទៀត ចំពោះអ្នកជំងឺលើសសម្ពាធឈាម  អ្នកជំងឺទឹកនោមផ្អែម  ឧស្សាហ៍ហត់  ប្រវត្តិគ្រួសារមានជំងឺបេះដូង ក៏គួរត្រូវធ្វើការពិនិត្យបេះដូងឲ្យបានទៀងទាត់ដើម្បីស្វែងរកសញ្ញាដំបូងនៃជំងឺ។  ការធ្វើរោគវិនិច្ឆ័យ ការជួបពិគ្រោះស្ថានភាពជំងឺជាមួយវេជ្ជបណ្ឌិតនឹងត្រូវធ្វើឡើងតាមវិធីសាស្រ្តដូចជា៖ •ការវាស់ចង្វាក់បេះដូងភ្លាមៗ តាមរយៈ Electrocardiogram •ពិនិត្យឈាម ដើម្បីរកមើលកម្រិតប៉ូតាស្យូម កាល់ស្យូម ម៉ាញេស្យូម ដែលសារធាតុនោះអាចខ្វះ ឬលើស •ករណីជំងឺកើតលើអ្នកលេងកីឡា អាចតម្រូវឲ្យអ្នកជំងឺរត់លើម៉ាស៊ីន ឬធាក់កង់ដើម្បីធ្វើរោគវិនិច្ឆ័យ •ការបំពាក់ម៉ាស៊ីនលើអ្នកជំងឺ អាចតាមដានពីចង្វាក់បេះដូងដើម្បីធ្វើការពិនិត្យឲ្យបានជាក់លាក់។ វិធីសាស្រ្តក្នុងការព្យាបាល ការព្យាបាលបានចែកចេញជា ៣ប្រភេទ៖ •ការព្យាបាលដោយប្រើឱសថ៖  ជួយសម្រួលក្នុងការបន្ថយរោគសញ្ញា ដោយជំងឺវិបត្តិចង្វាក់បេះដូងមិនអាចព្យាបាលឲ្យជាដាច់តែម្តងនោះទេ •ការព្យាបាលដោយដាក់ថ្មបេះដូង ៖ ក្នុងករណីវិបត្តិចង្វាក់បេះដូងដើរយឺត គេអាចប្រើប្រាស់ថ្មប្រភេទ Pacemaker ដោយសារចរន្តអគ្គីសនីបេះដូងខូចនៅទីតាំងណាមួយ ចំណែកក្នុងករណីចង្វាក់បេះដូងដើរញាប់ ត្រូវបានបំពាក់ឧបករណ៍ Implantable cardioverter defibrillator ដែលបង្ការមិនឲ្យគាំងបេះដូងភ្លាមៗ  •ការព្យាបាលតាមរយៈ ablation ដោយ radiofrequency៖ ជាការដុតបំបាត់ចោលទីតាំងដែលធ្វើឲ្យមានវិបត្តិចង្វាក់បេះដូង  ដោយប្រើប្រាស់កម្តៅ ៦៥ដឺក្រេ ឬដោយប្រើប្រាស់ត្រជាក់ -៨០°C។ ផលវិបាកជំងឺវិបត្តិចង្វាក់បេះដូង ផលវិបាកធំបំផុតនៃជំងឺអាចបង្កឲ្យគាំងបេះដូងប្រឈមនឹងពិការភាពដូចជាខូចមួយចំហៀងខ្លួន ពិការជើង ឬពោះវៀនដែលបង្កមកពីដុំឈាមកកក្នុងបេះដូងធ្លាក់ចូលទៅក្នុងអវយវៈទាំងនោះ។ ដូច្នេះ ការមកជួបវេជ្ជបណ្ឌិតដើម្បីតាមដានជាទៀងទាត់ និងធ្វើតាមដំបូន្មានជាតម្រូវការដែលល្អបំផុតសម្រាប់គ្រប់គ្រងស្ថានភាពជំងឺ។  វិធីសាស្រ្តការពារ •អំឡុងពេលស្ថិតក្នុងវ័យក្មេង អ្នកត្រូវធ្វើការពិនិត្យសុខភាពបេះដូង ជាពិសេសចំពោះអ្នកចូលចិត្តលេងកីឡាដើម្បីវាយតម្លៃពីថាមពល និងប្រភេទកីឡាមួយណាដែលស័ក្តិសមចំពោះសុខភាព •ចំពោះអ្នកមានជំងឺលើសឈាម ត្រូវធ្វើការព្យាបាលជំងឺលើសឈាម និងតាមដានសុខភាពបេះដូងឲ្យបានជាប្រចាំ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ម៉ម ចាន់ដារ៉ា  វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺបេះដូង វិបត្តិចង្វាក់បេះដូងសរសៃឈាមបេះដូង និងជាប្រធានប្រចាំ គ្លីនិកព្យាបាលជំងឺបេះដូងពិភពថ្មី ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top