Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

នាពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជាយើង បញ្ហាផ្លូវចិត្តហាក់ដូចជាមានសញ្ញាណមួយគួរឲ្យកត់សម្គាល់ ជាក់ស្តែង គេឃើញមានអ្នកជំងឺជាង៥០០នាក់ជារៀងរាល់ថ្ងៃ រង់ចាំទទួលសេវាផ្លូវចិត្តជាប្រចាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី) នេះបើយោងតាមសង្ឃដីការបស់ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព គង់នៅវត្តគល់ទទឹងនិងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្នុងនោះមានជំងឺផ្លូវចិត្ត២កើតមានច្រើនជាងគេ គឺ«ជំងឺធ្លាក់ទឹកចិត្ត» និង«ថប់បារម្ភ»។ ព្រះតេជគុណបានបញ្ជាក់ផងដែរថា ជំងឺធ្លាក់ទឹកចិត្តនេះអាចជាជំងឺលាក់មុខ ដែលពីមុនមិនសូវមានការបើកចំហក្នុងការផ្តល់នូវសេវាពិគ្រោះ និងប្រឹក្សាយោបល់ ឬដោយសារតែសង្គមបច្ចុប្បន្ននេះ មនុស្សម្នាក់មានភាពសម្ភារៈនិយម ហើយចេះតែចង់បានខ្លាំង ដល់ពេលមិនបានដូចចិត្តប្រាថ្នាក៏ស្រាប់តែបាក់ទឹកចិត្តតែម្តង ទើបថ្មីៗនេះ ហាក់ដូចជាអ្នកកើតមានបញ្ហានេះច្រើន។ ដើម្បីជាការចែករំលែកអំពីការយល់ឃើញ និងគន្លឹះខ្លះៗអំពីទំនាក់ទំនងរវាង«ផែនការជីវិត» និង«ជំងឺធ្លាក់ទឹកចិត្ត» ព្រះភិក្ខុ គូ សុភាព ក៏បានផ្តល់កិត្តិយសផ្តល់នូវបទសម្ភាសន៍ជាមួយនឹងក្រុមការងារហេលស៍ថាម ដោយបានបកស្រាយនូវចម្ងល់ជុំវិញបញ្ហានេះដែលរួមមានដូចខាងក្រោម៖ «ការធ្លាក់ទឹកចិត្ត» ប្រៀបបាននឹងអ្វី? វាបង្កមកពីកត្តាអ្វីខ្លះដែរ? មនុស្សដែលធ្លាក់ទឹកចិត្ត ជាមនុស្សដែលរស់នៅក្នុងពេលយប់ដោយមិនមានពន្លឺអ្វីសោះ  មើលអ្វីក៏មិនឃើញ មើលអ្វីក៏មិនយល់ ដែលជាទូទៅបណ្តាលមកពីការបាត់បង់អ្វីដែលជាទីស្រឡាញ់និងក្តីសង្ឃឹមរបស់ខ្លួន ហេតុនេះហើយ «ការធ្លាក់ទឹកចិត្ត» ប្រៀបបាននឹងពេលយប់ងងឹតស្លុប មិនមានភ្លើង ឬពន្លឺបំភ្លឺ ឬប្រៀបបាននឹងដើមឈើ ឬផ្កាដែលខ្វះជាតិទឹកហើយស្វិតស្រពោន  ឬឧបមាដូចមនុស្សដែលសឹងតែបាត់បង់ព្រលឹងវិញ្ញាណរស់នៅមើលឃើញពិភពលោកនេះងងឹតសូន្យឈឹងគ្មានខ្លឹមសារ។ កតា្តបង្កនៃជំងឺផ្លូវចិត្តដ៏គួរឲ្យព្រួយបារម្ភមួយនេះ រួមមាន៖ •កត្តាបុគ្គល៖ ការបែកបាក់គ្រួសារ ការបាត់បង់មនុស្សជាទីស្រឡាញ់ ជំងឺរ៉ាំរ៉ៃ ការបាត់ភាពកក់ក្ដៅក្នុងគ្រួសារ ការងារមិនបានដូចបំណងប្រឡងធ្លាក់ រកស៊ីខាត ចាញ់បោកគេ និងជួបបញ្ហាជីវិតបន្តបន្ទាប់គ្នា ការចូលចិត្តស្ដីបន្ទោសខ្លួនឯង។ •កត្តាសង្គម៖ សម្ពាធការងារខ្លាំង បញ្ហាហិរញ្ញវត្ថុ ការប្រណាំងប្រជែងគ្នាគ្មានចេះស្កប់ស្កល់ ការគំរាមកំហែងផ្លូវកាយផ្លូវចិត្ត  សេចក្ដីប្រាថ្នាហួសពីសមត្ថភាពរបស់ខ្លួន សង្គ្រាម ភាពចលាចលផ្នែកនយោបាយជាដើម។ •កត្តាជីវសាស្ត្រ៖ ការប្រើប្រាស់ថ្នាំព្យាបាលជំងឺមហារីកដែលបង្កឲ្យមានបម្រែបម្រួលកោសិកាក្នុងខួរក្បាល។ តើវាច្រើនកើតមានចំពោះក្រុមមនុស្សបែបណាដែរ?ហេតុអ្វី? តើវាអាចបង្កផលប៉ះពាល់អ្វីខ្លះដល់ការរស់នៅរបស់មនុស្សម្នាក់ៗ? យុវវ័យ និងមនុស្សវ័យកណ្តាល ព្រោះជាវ័យដែលកំពុងតែចង់មានចង់បាន ចង់មានសេរីភាព មិនចង់នៅក្នុងគំនាបពីគ្រួសារហើយជាញឹកញាប់ចូលចិត្តប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ។លុះដល់ពេលដែលចង់បានខ្លាំង ហើយមិនបានដូចចិត្ត ក៏ចាប់ផ្តើមបាក់ទឹកចិត្ត និយាយរួមទៅគឺជាវ័យដែលចង់បានខ្លាំង ហើយក៏ប្រឹងប្រែងខ្លាំងបំផុត។ ចំពោះបុគ្គល គឺវានឹងធ្វើឲ្យអ្នកជំងឺស្រងូតស្រងាត់  លែងចង់ចូលរួមសកម្មភាពសង្គម លែងស្រស់ស្រាយ ហើយក្លាយជាមនុស្សអសកម្ម គឺប៉ះពាល់ដល់ការសិក្សា ការប្រកបការងារ ឬរបររកស៊ី សុខភាពផ្លូវកាយ និងធ្ងន់ធ្ងរទៅលើសុខភាពផ្លូវចិត្ត ចូលចិត្តនៅតែម្នាក់ឯង ហើយពេលខ្លះក៏លែងចង់រស់ផងដែរ។ តើ«ផែនការជីវិត» អាចជាមូលហេតុបង្កនៃបញ្ហាធ្លាក់ទឹកចិត្តរបស់បុគ្គលមួយរូបឬទេ? ប្រាកដណាស់ គឺអាច…ប្រសិនបើអ្នករៀបចំ មិនព្រមទទួលយកការពិត ព្រោះអ្វីៗមិនមែនសុទ្ធតែអាចកើតតាមផែនការទាំងស្រុងនោះទេ។បើបាត់ឱកាសពេលនេះ  ត្រូវតែចេះត្រៀមចិត្តទទួលយកឱកាសពេលក្រោយ កុំកើតទុក្ខនឹងរឿងដែលបានកន្លងហួសទៅហើយបើមិនដូច្នោះទេ គឺដើរមិនបានឆ្ងាយនោះទេ ជាមួយនឹងសម្ពាយទុក្ខព្រោះតែរឿងដែលហួសហើយនោះ។ជាធម្មតាដំណើរនៃជីវិតគឺមានឆ្វេងមានស្តាំមានថ្ងៃមានយប់មានផ្លូវស្មើផ្លូវខូងហើយក៏តែងតែមានឧបសគ្គឬរឿងចៃដន្យកើតឡើងដែលនឹកស្មានមិនដល់ បើទោះបីជាលទ្ធផលបែបណាក៏ដោយ ត្រូវតែហ៊ានទទួលស្គាល់ចំពោះលទ្ធផលដែលយើងបានប្រឹងប្រែង មានសមត្ថភាពប៉ុណ្ណា សប្បាយចិត្តប៉ុណ្ណឹង ហើយចាំក្នុងចិត្តជានិច្ចថា«អ្វីៗមិនអាចដូចចិត្ត និងការគិតរបស់យើងរហូតនោះទេ»។ តើបុគ្គលម្នាក់គួរធ្វើបែបណាចំពោះផែនការជីវិតរបស់ខ្លួន ដើម្បីចៀសវាងបាននូវបញ្ហាធ្លាក់ទឹកចិត្ត និងការប៉ះពាល់ខ្លាំងដល់ផែនការដែលបានព្រាងទុក? ត្រូវប្រមូលសាងសមត្ថភាព  ដើម្បីសម្រេចគោលដៅមួយហ្នឹង ហើយប្រាកដណាស់ សម្រាប់គោលដៅខ្លះ អ្នកខ្លួនឯងតែម្នាក់ គឺមិនពេញលេញនោះទេ ទាល់តែមានមនុស្សជុំវិញខ្លួនលើកទឹកចិត្ត និងផ្តល់មតិយោបល់បន្ថែម។ ជាក់ស្តែង នៅក្នុងព្រះពុទ្ធសាសនា ក៏មានបង្ហាញនូវកត្តា៤សំខាន់ដែលរួមចំណែកធ្វើឲ្យមានភាពជោគជ័យដែរក្នុងជីវិតរួមមាន ៖ •ជ្រើសរើសការងារដែលខ្លួនឯងផ្ទាល់ពេញចិត្តពិតប្រាកដ •តស៊ូព្យាយាមឲ្យអស់លទ្ធភាព មិនថាលំបាកលំបិនយ៉ាងណា •មិនអស់សង្ឃឹមនោះទេ ទោះបីការងារមិនទាន់បានផលភ្លាមក៏ដោយ •មានភាពឆ្លាតវាងវៃក្នុងការមានទំនាក់ទំនងល្អ។ អ្វីដែលសំខាន់ទៀតនោះ គឺប្រសិនបើចង់ធ្វើអ្វីមួយពិតប្រាកដ ឬមានគោលដៅច្បាស់លាស់មួយហើយ  ត្រូវតែមានបំណងដែលមានពេលវេលាកំណត់ផង ទើបអ្នកតស៊ូប្រឹងប្រែងឲ្យអស់ពីលទ្ធភាពតាមកាលកំណត់នោះ។ ក្នុងករណីដែលផែនការជីវិតមិនបានសម្រេចហើយក៏ធ្លាក់ទឹកចិត្តម្តង តើបុគ្គលនោះគួរធ្វើបែបណាខ្លះ ដើម្បីយកឈ្នះលើបញ្ហាផ្លូវចិត្តមួយនេះបាន? •សូមកុំនៅម្នាក់ឯង កុំបិទបាំងឲ្យសោះ ចូររកមនុស្សដែលអ្នកទុកចិត្តរំសាយនូវទុក្ខសោកដែលមានក្នុងចិត្ត •បន្ថយសម្ពាធការងារប្រចាំថ្ងៃ ដោយសម្រាកឲ្យបានច្រើន •ផ្លាស់ប្តូរបរិយាកាស តាមរយៈការដើរកម្សាន្តទៅកន្លែងថ្មី ប្លែក •ទទួលការផ្តល់កម្លាំងចិត្តពីក្រុមគ្រួសារ មនុស្សជាទីស្រលាញ់  និងមិត្តភក្តិ •រកអ្នកជំនាញដែលផ្តល់ថ្នាំរំងាប់អារម្មណ៍ឬការប្រឹក្សាផ្សេងៗ តែមិនគួរពឹងផ្អែកលើថ្នាំច្រើននោះទេ •ស្តាប់ធម៌ ធ្វើសមាធិ ធ្វើចិត្តឲ្យនឹងនរ។ រវាងការសម្រេចឲ្យខាងតែបាននូវផែនការជីវិតនិងគុណភាពជីវិត តើមួយណាសំខាន់ជាង? តាមការពិតទៅ គឺសំខាន់ដូចគ្នា។ ជីវិតនីមួយៗ ប្រសិនបើបានទាំង២គឺល្អមែនទែន…តែជាក់ស្តែងក៏មិនអាចបាន១០០%នោះទេ តែត្រូវតែព្រម ទទួលស្គាល់ការពិត ហើយប្រឹងទៅមុខទៀត បើគោលដៅមិនបានដូចចិត្តទាំងស្រុងហើយ យ៉ាងហោចណាស់ក៏ត្រូវរីករាយនឹងគុណភាពជីវិតដែរ។ ជាចុងក្រោយ តើព្រះតេជគុណមានសារអ្វីចែករំលែកជូនដល់មិត្តអ្នកអានជាពិសេសអ្នកមានបញ្ហាធ្លាក់ទឹកចិត្តដែរឬទេ? «បើថ្ងៃនៅតែរះ ជីវិតនៅតែបន្ត កុំអាលអស់សង្ឃឹមអី»!!! បញ្ហាអ្វីក៏គង់តែអាចដោះស្រាយបានទេ ឲ្យតែអ្នករឹងមាំ ហ៊ានប្រឈមមុខនឹងវា និងហ៊ានរកជំនួយពីអ្នកដទៃ។ បញ្ហាណាដោះស្រាយបាន ក៏ដោះទៅ រឿងណាដោះមិនបាន មានតែព្រមតាមហ្នឹងទៅ… អត្ថបទដោយ៖ ព្រះភិក្ខុ គូ សុភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ខ្ញុំមានបញ្ហាចង្កេះ និងឆ្អឹងកង គឺ «ការលៀនទ្រនាប់ឆ្អឹងកង ឬឌីស ប៉ះជាមួយនឹងសរសៃជើងខាងស្ដាំ»ដែលខ្ញុំបានចំណាយពេលជិត១ឆ្នាំ ដើម្បីតស៊ូព្យាបាលជំងឺមួយនេះ។ វាមានរឿងរ៉ាវជាច្រើនដែលជាបទពិសោធន៍ និងការឈឺចាប់ដែលខ្ញុំបានឆ្លងកាត់ជាមួយជំងឺមនុស្សចាស់នេះ… ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧… ខ្ញុំចាប់ផ្តើមឈឺចង្កេះ និងខ្នងខ្លាំង ហើយក៏ក្ដៅខ្លួនខុសពីធម្មតា…ចង្កេះកាន់តែឈឺឡើងៗ ហើយខ្ញុំក៏បានទៅពិនិត្យពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ហើយលទ្ធផលចេញមក គឺទ្រនាប់ឆ្អឹង ឬឌីស នៃឆ្អឹងកងចុងក្រោយរបស់ខ្ញុំ លៀនចេញមកខាងក្រៅបន្តិច។ វាគឺជាជំងឺដែលភាគច្រើនកើតឡើងតែលើមនុស្សវ័យចំណាស់ ដែលមានអាយុ៤០ឆ្នាំឡើង តែខ្ញុំទើបតែអាយុ២៣ឆ្នាំទេ បែរជាខ្ញុំមានជំងឺនេះ....  មិនដឹងនិយាយអ្វី មិនដឹងខ្លួនឯងកំពុងគិតអ្វី…ដឹងត្រឹមថាបេះដូងរបស់ខ្ញុំចាប់ផ្តើមលោតខុសពីធម្មតា…អារម្មណ៍ហាក់បីដូចជាធ្លាក់ចុះយ៉ាងខ្លាំង ហើយក៏ភិតភ័យមិនតិចនោះដែរ…ក្រោយការស្តាប់ពីការរៀបរាប់របស់ខ្ញុំ  លោកវេជ្ជបណ្ឌិតក៏បានសន្និដ្ឋានថា «បញ្ហានេះ គឺបណ្តាលមកពីការលើករបស់ធ្ងន់ៗ ដោយគ្មានបច្ចេកទេសត្រឹមត្រូវ ឬលើកខុសទំនង»… ដំណឹងក៏បានលឺដល់លោកម្តាយឪពុកខ្ញុំ និងក្រុមគ្រួសារ ហើយប្រាកដណាស់គឺពួកគាត់ពិតជាបារម្ភពីខ្ញុំមែនទែន។  ព្រោះតែមិនចង់អង្គុយលើរទេះរុញ ឬដេកលើគ្រែមួយកន្លែង ខ្ញុំក៏ត្រូវប្រែក្លាយពីមនុស្សមាឌធំកម្លាំងខ្លាំង ដែលធ្លាប់លើក និងលីសែងរបស់ធ្ងន់ៗបានតែម្នាក់ឯង មកប្រែជាមនុស្សម្នាក់ដែលមិនអាចលើករបស់ដែលមានទំងន់២០គីឡូក្រាមបាន… និយាយពីប្រវត្តិនៃការព្យាបាលវិញ គឺមានច្រើនគួរសម…ហើយក៏ត្រូវចំណាយពេលមិនតិចដែរ ទម្រាំតែទទួលបានការព្យាបាលដែលត្រឹមត្រូវ និងមានប្រសិទ្ធភាព…   ដំបូង ខ្ញុំបានទៅធ្វើការម៉ាស្សាសម្រួលសរសៃដោយជនពិការភ្នែកជារៀងរាល់ខែ…ហើយក៏ធ្លាប់ទៅសាកល្បងទទួលការព្យាបាលដោយការប្រើប្រាស់ឧបករណ៍ម៉ាស្សាបច្ចេកវិទ្យាចិន តាមការផ្សព្វផ្សាយ ដែលតម្រូវឲ្យប្រើប្រាស់ថ្នាំឱសថបុរាណពីប្រទេសចិនជាច្រើនលាយគ្នា ដោយមិនដឹងថាមានប្រភពមកពីណា?ចំរាញ់ពីអ្វីខ្លះ? មិនដឹងថាមានការទទួលស្គាល់ពីក្រសួងសុខាភិបាលឬអត់? ខ្ញុំក៏បោះបង់វាចោល… ក្រោយមក ក៏សម្រេចចិត្តព្យាបាលដោយធ្វើការម៉ាស្សាជាមួយនឹងឧបករណ៍ម្យ៉ាងដែលយកមកឈ្លីម្តុំឆ្អឹងកង និងចង្កេះខ្ញុំ តែហាក់ដូចជាមិនមានប្រសិទ្ធភាពសោះ ហើយខ្ញុំក៏មិនទៅទីនោះម្តងទៀតដែរ… ពាក់កណ្តាលខែមីនា ឆ្នាំ២០១៧... ជាវេលាដែលត្រូវបន្តការសិក្សានៅប្រទេសថៃ ហើយក៏គិតថាខ្ញុំនឹងអាចមានឱកាសបន្តការព្យាបាលឆ្អឹងខ្នងរបស់ខ្ញុំនៅទីនោះផងដែរ។ កាលនោះ ចាំបានថា…ពីផ្នែកខាងស្តាំនៃចង្កេះរបស់ខ្ញុំ ដល់ចុងជើងខាងស្តាំ តែងតែមានអាការៈឈឺចុករោយជាខ្លាំង មិនថាពេលអង្គុយរៀន ឬពេលគេងរាបស្មើឡើយ…ខ្ញុំក៏បានសាកការម៉ាស្សាតាមបែបបុរាណថៃ ដែលបានសម្រួលសរសៃ និងផ្តល់ការធូរស្រាលបានមួយគ្រា តែពេលមិនបានសម្រួលសរសៃ វានៅតែឈឺដដែល… មិនអស់ចិត្ត ខ្ញុំក៏បានសម្រេចចិត្តទៅពិនិត្យនៅមន្ទីរពេទ្យរដ្ឋមួយនៅខេត្តឧប៊ុនរាជធានី ហើយលទ្ធផល គឺដូចហ្នឹងអ្វីដែលវេជ្ជបណ្ឌិតនៅខ្មែរបានប្រាប់ខ្ញុំ គឺ«លៀនទ្រនាប់ឆ្អឹង»។ នៅទីនោះ…ខ្ញុំត្រូវទទួលទានថ្នាំផង និងព្យាបាលដោយចលនា ដោយប្រើម៉ាស៊ីនផង។ ទោះបីជាទទួលការព្យាបាលជាមួយនឹងវិធីសាស្រ្តជាច្រើនក៏ដោយ ក៏ខ្ញុំនៅតែឈឺចាប់ដដែល ហើយថ្នាំដែលប្រើប្រាស់ គឺជាថ្នាំបំបាត់ការឈឺចាប់តែប៉ុណ្ណោះ… ពេលខ្លះខ្ញុំដេកឈឺចុកចាប់តាមសរសៃជើងម្នាក់ឯងសឹងដល់ថ្នាក់យំ ពេលខ្លះទៀត សរសៃជើងខាងស្តាំខ្ញុំទាញរមួល សឹងខ្ញុំដើរពុំបាន។ ពេលខ្ញុំទៅណាមកណា ខ្ញុំត្រូវពាក់ខ្សែរឹបចង្កេះ ដើម្បីទប់លំនឹងខ្លួនខ្ញុំ។ បើគ្មានខ្សែរឹបចង្កេះទេ ដំណើររបស់ខ្ញុំគឺកោងដូចមនុស្សចាស់ ហើយពេលអង្គុយក្នុងរថយន្ត ខ្ញុំនឹងមានការឈឺចាប់អង្គុយពុំបានយូរឡើយ…  អ្វីដែលខ្ញុំខ្លាចបំផុត គឺខ្ញុំខ្លាចខ្ញុំដេកមួយកន្លែង ឬអង្គុយលើរទេះរុញ អស់មួយជីវិត…ខ្ញុំខ្លាច ខ្លួនខ្ញុំនឹងធ្លាក់ខ្លួនពិការ ដើរពុំបាន ដូចមុន ហើយខ្ញុំមានកិច្ចការជាច្រើនដែលទាមទារឲ្យខ្ញុំដើរគ្រប់ទីកន្លែងដើម្បីធ្វើ ហើយក៏បារម្ភពីឪពុកម្តាយ គ្រួសារខ្ញុំ ព្រោះពួកគាត់បារម្ភនឹងបញ្ហាសុខភាពខ្ញុំខ្លាំងណាស់… ថ្ងៃមួយនោះ…ពេលទៅលេងផ្ទះនៅបាត់ដំបង ល្ងាចឡើងខ្ញុំតែងតែទៅធ្វើការម៉ាស្សាសម្រួលសរសៃ នៅកន្លែងម៉ាស្សាជនពិការមួយ ហើយគាត់ក៏បានណែនាំពី គ្រូពេទ្យម្នាក់នៅស្រុកម៉ាឡៃ ដែលបានព្យាបាលអ្នកដែលមានជំងឺ និងអាការៈដូចខ្ញុំជាច្រើននាក់ហើយ ដោយធ្វើការចាប់សរសៃ។  មិនបង្អង់យូរ ខ្ញុំក៏បានទៅជួបគាត់ដូចបំណង ហើយដំបូងខ្ញុំគិតថា ប្រហែលជាគាត់គ្រាន់តែជាគ្រូចាប់សរសៃធម្មតាម្នាក់ ព្រោះគាត់គឺជាអតីតជំនួយការវេជ្ជបណ្ឌិតជនជាតិចិន នាសម័យរបបខ្មែរក្រហម… គាត់ឲ្យខ្ញុំដេកក្រាបលើគ្រែ រួចស្ទាបចង្កេះ និងឆ្អឹងខ្នងរបស់ខ្ញុំ  ហើយក៏អាចដឹងថាសរសៃណាមួយរបស់ខ្ញុំគាប់នឹងទ្រនាប់ឆ្អឹង ដោយគ្រាន់តែយកមេដៃរបស់គាត់លុញ និងចុចកន្លែងដែលសរសៃរីកធំ ខ្ញុំក៏មានអារម្មណ៍ស្រាលខ្លួន និងកំរើកជើងខាងស្ដាំបានដោយមិនមានការឈឺចាប់ដូចមុន។ ខ្ញុំបានទៅឲ្យគាត់ព្យាបាលតែ៧ថ្ងៃជាប់គ្នា ហើយខ្ញុំក៏បានធូរស្រាលច្រើនជាងមុន…   នាពេលនេះ អាចនិយាយបានថាធូរស្រាលបានជាង៨០ភាគរយហើយ។ ខ្ញុំលែងពាក់ខ្សែរឹបចង្កេះទប់លំនឹង លែងងើបដោយឈឺចាប់ចង្កេះ អាចអង្គុយរៀនបានយូរ អាចគេងលើពូកបានដោយគ្មានការឈឺចាប់ លែងដើរដំណើរកោងខ្នង និងទប់ចង្កេះដូចមុនហើយ…ខ្ញុំដូចជាប្រែក្លាយជាមនុស្សថ្មីម្តងទៀតអញ្ចឹង… សូមកុំលើករបស់របរធ្ងន់ៗពេក ឬលើកខុសបច្ចេកទេសអី!!! សូមលើករបស់របរទាំងនោះ ដោយមានគ្នាចូលរួមលើក និងលើកឲ្យមានបច្ចេកទេសត្រឹមត្រូវ នោះអ្នកទាំងអស់គ្នា នឹងពុំអាចមានជំងឺលៀនទ្រនាប់ឆ្អឹងដូចខ្ញុំទេ… ខ្ញុំពុំមានអ្វីនិយាយក្រៅពី ពាក្យថា “តស៊ូ និងកុំបាក់ទឹកចិត្ត” និងត្រូវសិក្សាស្វែងរកព័ត៌មានឲ្យច្បាស់លាស់ មុននឹងសម្រេចចិត្តព្យាបាលនៅកន្លែងណាមួយនោះ។ បើយើងសម្រេចចិត្តភ្លាមៗ ពុំមានការពិចារណាឲ្យបានច្បាស់លាស់ ឬពុំបានប្រឹក្សាជាមួយអ្នកមានជំនាញ ឬមានបទពិសោធន៍ នោះយើងអាចនឹងប្រឈមមុខនឹងគ្រោះថ្នាក់ច្រើន ព្រោះថា នេះមិនមែនជាការដាក់ពាក្យធ្វើការងារ ឬការបន្តការសិក្សាឡើយ នេះគឺជាការព្យាបាលដែលពាក់ព័ន្ធនឹងអាយុជីវិត!!! ------------------- ខាងលើនេះជារឿងពិតនៃប្រិយមិត្តអ្នកអានម្នាក់ដែលបានចូលរួមចែករំលែកដល់អ្នកអានដទៃទៀត ជាពិសេសអ្នកដែលមានជំងឺធ្ងន់ធ្ងរដែលអាចនឹងប៉ះទង្គិចដល់សុខភាពផ្លូវចិត្ត… សង្ឃឹមថាអ្នកនឹងអាចរឹងមាំ និងតស៊ូ ដើម្បីសុខភាពរបស់ខ្លួនដូចជាគាត់ដែរ!!! ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នេះជារឿងពិតមួយ ដែលពិតជាមិនអាចបំភ្លេចបានឡើយនៅក្នុងមួយឆាកជីវិតរបស់ខ្ញុំ…ហើយក៏ជឿជាក់ថា មនុស្សដែលស្រលាញ់ និងយកចិត្តទុកដាក់នឹងខ្ញុំ ក៏រឹតតែមិនអាចបំភ្លេចបានទៅទៀត…ពិតជាអរគុណខ្លាំងណាស់ អរគុណដល់គ្រប់គ្នាដែលមិនបោះបង់ខ្ញុំចោល មិនទុកខ្ញុំឲ្យនៅតែម្នាក់ឯង នៅគ្រាមួយនោះ…គ្រាដែលខ្ញុំមិនធ្លាប់សូម្បីតែនឹកគិតថានឹងជួប… ធ្លាប់តែជាមនុស្សម្នាក់ដែលចូលចិត្តគូររូប ឆ្លាក់អក្សរ និងប្រើភាពច្នៃប្រឌិតរបស់ខ្លួនទៅបង្ហាញជារូបភាពផ្សេងៗ មកជាមនុស្សម្នាក់ដែលមិនអាចសូម្បីតែមានឱកាសកាន់ប៊ិច ជក់ ខ្មៅដៃនៅក្នុងដៃដែលធ្លាប់តែប្រើប្រាស់បានគ្រប់ពេលវេលា…អារម្មណ៍មួយនោះ…អ្នកប្រហែលជាគ្មានថ្ងៃយល់ឡើយ ហើយខ្ញុំក៏មិនចង់ឲ្យអ្នកយល់ដែរ… ខ្ញុំជាអតីតនិស្សិតផ្នែកស្ថាបត្យកម្មមួយរូបនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយខ្ញុំក៏ពេញចិត្តនឹងមុខជំនាញមួយនេះខ្លាំងដែរ… ក្រោយពីចប់បាក់ឌុប ក៏បានសម្រេចបំណងបន្តសិក្សានូវមុខជំនាញដែលប្រាថ្នានៅទីក្រុងភ្នំពេញជាមួយនឹងពួកម៉ាកវិទ្យាល័យផងដែរ…រៀនផង អនុវត្តបណ្តើរៗផង ពិតជាពេញចិត្តនឹងអ្វីដែលខ្លូនកំពុងធ្វើណាស់…គ្រប់យ៉ាងដំណើរការយ៉ាងរលូន…រហូតដល់ពេលនោះឯង!!! ជាពេលដែលអ្វីៗក៏ចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗ រហូតដល់ក្រឡាប់360ដឺក្រតែម្តង… ចេះតែមានអារម្មណ៍ថា«ឈឺ និងហើមត្រង់កដៃខាងស្តាំ» ឈឺជាប់តែម្តង…ដំបូង គិតថាមកពីហាត់ប្រាណ(លើកដុំដែក)ច្រើនពេកមួយរយៈថ្មីនេះ ទើបមិនបានចាប់អារម្មណ៍…ប៉ុន្តែ!!! ចេះតែឈឺមិនបាច់ ទោះបីលេបថ្នាំ និងប្រើថ្នាំរឹតផងអីផង…ទ្រាំមិនបាន ក៏ទៅជួបពេទ្យ…ពេទ្យចេះតែថាមិនអី តែអាការៈនៅតែមិនធូរស្បើយសោះ…អ្នកផ្ទះក៏នាំទៅរកគ្រូខ្មែរផង នាំទៅពិនិត្យព្យាបាលនៅថៃផង…តែមិនបានធូរស្រាលសោះ ដោយចំណាយពេលអស់ជាង១ឆ្នាំ…ឡើងចុះទៅមក ខាតពេលរៀន ខាតពេលធ្វើអ្វីៗទាំងអស់… ថ្ងៃមួយ… ជាថ្ងៃដែលខ្ញុំភ័យខ្លាំងបំផុត…កន្លែងដែលហើមនោះ ក៏ឡើងហើមកាន់តែខ្លាំង ហើយក៏ធ្លាយឈាមហូរចេញមកមិនឈប់ គឺរហូតដល់សន្លប់…ក្រោយពីដឹងខ្លួនមកវិញ គឺដឹងត្រឹមថាលែងមានកម្លាំងក្នុងខ្លួន ហើយក្តៅខ្លួនជាប្រចាំ…រហូតដល់ថ្ងៃមួយទៀតនោះ…កម្តៅឡើងខ្លាំង រហូតខ្ញុំត្រូវបានបញ្ជូនទៅគ្លីនិកខេត្ត និងបន្តទៅមន្ទីរពេទ្យកាល់ម៉ែត។ ដឹងទេ???ពេទ្យនិយាយបែបណា??? ពាក្យពេចន៍ទាំងនោះ ខ្ញុំនៅចាំច្បាស់ណាស់… ដោយសារតែជំងឺមហារីកឆ្អឹង Ewing Sacroma ដៃស្តាំដែលធ្លាប់តែសរសេរ គូររូបដែលខ្ញុំស្រមៃឃើញ និងធ្វើរឿងជាច្រើនទៀតមិនអាចទុកទៀតនោះទេ បើមិនអញ្ចឹងទេ ខ្ញុំអាចប្រឈមនឹងការបាត់បង់ជីវិត។ គ្រាន់តែលឺថា«មហារីក» ខ្ញុំក៏ចង់គាំងបាត់ទៅហើយ!!! ហើយរឹតតែពិបាកទទួលយក…គឺការពិតដែលត្រូវកាត់ដៃចោល ដើម្បីមានសង្ឃឹមរស់… (ស្ងៀមស្ងាត់ តែច្របូកច្របល់) ខ្ញុំស្ងាត់មួយស្របក់ ទើបដាច់ចិត្តសួរពេទ្យវិញថា«តើអាចមានវិធីផ្សេងទៀតឬទេ?» ចម្លើយគឺ មិនមាននោះទេ…ហើយក៏មិនប្រាកដថា វិធីសាស្រ្តមួយនេះមានប្រសិទ្ធភាពឬអត់ដែរ តែវាជាជម្រើសតែមួយ និងចុងក្រោយ ដោយសារតែវារាងយឺតពេលទៅហើយ…ខ្ញុំនឹកគិតដល់ពាក្យថា«បើសិន…» តែក៏មិនអាចធ្វើអ្វីបាន…ក្រៅពីយល់ព្រម… ព្រោះតែជំងឺមួយនេះ…មានរបស់ជាច្រើន ដែលត្រូវបានបាត់បង់ពីក្នុងជីវិតរបស់ខ្ញុំ…ជាពិសេស គឺ ដៃស្តាំ…ដែលគ្រប់គ្នាប្រហែលជាពិបាកនឹងស្រមៃដល់ណាស់ ថាតើនឹងត្រូវប្រឈមបែបណា នៅពេលដែលលែងមានវា...ការសិក្សាមុខជំនាញដែលខ្លួនស្រលាញ់ក៏មិនអាចបន្តបាន…ចំណែកឯគោលដៅជីវិតមួយផ្នែក៏ត្រូវរលាយសាបសូន្យ…បន្ថែមមកវិញ នូវការរស់នៅជាមួយពិការភាព… ប៉ុន្តែ…បើគិតក្នុងផ្លូវវិជ្ជមានវិញ…ស្របពេលជាមួយគ្នាហ្នឹង ក៏មានរបស់ខ្លះដែលខ្ញុំទទួលបានផងដែរ…ជាពិសេសគឺក្តីស្រលាញ់ និងការយកចិត្តទុកដាក់ពីលោកអ្នកមានគុណ គ្រួសារ មិត្តភក្តិ និងមនុស្សជាច្រើននៅជុំវិញខ្លួន… ចាំបានថា ពេលនោះ ខ្ញុំពិតជាចង់លាក់បាំងនូវរូបរាងរបស់ខ្ញុំណាស់…មិនចង់ឲ្យនរណាម្នាក់ឃើញវាឡើយ…ខ្ញុំបានផ្តាច់ទំនាក់ទំនងជាមួយនឹងមិត្តភក្តិ និងមនុស្សស្គាល់គ្នាមួយរយៈធំ ដោយប្តូរលេខទូរស័ព្ទ មិនឆ្លើយតបរាល់សំណួរ និងការសាកសួរសុខទុក្ខផ្សេងៗ…ពិតជាមិនចង់ឲ្យគេដឹងលឺពីខ្ញុំ មិនចង់ឲ្យគេខ្ញុំឃើញបែបនេះនោះទេ…តែពេលនេះ ក៏អាចធ្វើចិត្តបាន!!! ក៏អរគុណខ្លួនឯងមែនទែន…ដែលអាចរឹងមាំដល់ថ្ងៃនេះ… រឹងមាំដោយរបៀបណា? (ប្រហែលជាមានអ្នកឆ្ងល់ច្រើន ព្រោះរាល់ពេលដែលគេឃើញខ្ញុំក្នុងសភាពបែបនេះ ម្នាក់ៗក៏ខ្លោចចិត្តរួចទៅហើយ ចុះទម្រាំខ្ញុំផ្ទាល់នោះ?) គ្រាន់តែគិតថា«ជីវិត»ជាទ្រព្យសម្បត្តិដែលមានតម្លៃជាងអ្វីៗទាំងអស់នៅលើលោកនេះ…ហើយខ្សឹបប្រាប់ខ្លួនឯង«ត្រូវតែបន្តមានក្តីសង្ឃឹមក្នុងការរស់នៅជានិច្ច មិនថាក្រោយពេលបាត់បង់របស់ដែលមានតម្លៃយ៉ាងណាក៏ដោយ» (Live your life even if you losing something precious to you.) ហើយ…បើសួរខ្ញុំថា…ស្តាយក្រោយអត់? ចម្លើយគឺថា…ខ្ញុំមិនសោកស្តាយទេ…សំខាន់ គឺឲ្យតែខ្ញុំបានរស់នៅបន្តទៀតជាមួយមនុស្សដែលខ្ញុំស្រឡាញ់!!! ----------------------------------- ទាំងនេះជាអ្វីដែលមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំម្នាក់បានឆ្លងកាត់…មិនមានពាក្យអ្វីច្រើននោះទេ…គឺគ្រាន់តែចង់ឲ្យអ្នកគ្រប់គ្នា ជាពិសេសអ្នកដែលត្រូវប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយនៅក្នុងជីវិត ដែលចៀសមិនបាន គឺប្រាកដជាប៉ះទង្គិចដល់សុខភាពផ្លូវចិត្តរបស់អ្នកផងនោះ…សូមរឹងមាំឡើង!!! យ៉ាងណា…ក៏វាបានកើតឡើងរួចទៅហើយ…អ្វីដែលសំខាន់ គឺត្រូវផ្តល់កម្លាំងចិត្តដល់ផ្លូវកាយរបស់ខ្លួនឯង!!! ស្រលាញ់ខ្លួនឯងឲ្យបានច្រើនតាមដែលអាចធ្វើបាន… ស៊ូស៊ូឡើងណា៎!!!

ចែករំលែក

ដោយសារតែឃើញបញ្ហាធ្លាក់ទឹកចិត្តកើតមានជាញឹកញាប់ចំពោះមនុស្សនៅជុំវិញខ្លួនខ្ញុំ មិនថាអ្នកណា ក្នុងឋានៈណា ប្រកបរបរអ្វីនោះទេ…ហើយថ្មីៗនេះ ក៏មានព័ត៌មានសោកសៅមួយសាយភាយពាសពេញបណ្តាញសង្គម ទាក់ទិននឹងមរណភាព ដែលត្រូវបានសន្មតថាជាការធ្វើអត្តឃាតរបស់តារាល្បីជនជាតិកូរ៉េJonghyun ដោយបន្សល់នូវបណ្តាំមរណៈដែលបង្ហាញពីបញ្ហាក្នុងចិត្តរបស់ខ្លួន ដែលត្រូវបានមិត្តៗក្នុងវិស័យសិល្បៈជាច្រើនសារភាពថា ពួកគេយល់អារម្មណ៍មួយហ្នឹងច្បាស់ ជីវិតរបស់ពួកគេ គឺមិនសូវខុសគ្នាប៉ុន្មានឡើយ… ពេលមានអារម្មណ៍ថានៅលើលោកនេះ ខ្លួនឯងទុកក៏មិនចំណេញ ដកចេញក៏មិនខាត អាចសាកល្បងវិធីទាំងនេះបាន…តែ…ជំហានដំបូង នោះគឺសូមគ្រប់គ្រងខ្លួនឯងឲ្យបានល្អ សូមយកឈ្នះលើខ្លួនអ្នកឲ្យបាន!!! បើមិនដូច្នោះទេ ទោះបីវិធីសាស្រ្តល្អឥតខ្ចោះបែបណា ធ្លាក់ពីលើមេឃមក ឬត្រូវបានណែនាំដោយអ្នកជំនាញខ្លាំងប៉ុណ្ណា បើចិត្តអ្នកមិនព្រមទទួលយកផងនោះ អ្វីៗក៏នឹងមិនបង្កើតផលចំណេញ ហើយក៏គ្មានអ្វីដែលនឹងអាចប្រសើរឡើងដែរ… ខាងក្រោមនេះ ជាអ្វីដែលមិត្តភក្តិខ្ញុំបានធ្វើការចែករំលែកនៅក្នុងStatusរបស់ខ្ញុំ…ប្រហែលជាមានវិធីខ្លះដែលអាចជួយអ្នកដែលកំពុងតែធ្លាក់ទឹកចិត្ត ឬលែងមានអារម្មណ៍រីករាយនឹងឆាកជីវិតរបស់ខ្លួនបាន… ១ ចូលគេង ហើយគិតថាថ្ងៃថ្មីនឹងល្អប្រសើរជាងនេះ ២ និយាយប្រាប់រឿងរ៉ាវក្នុងចិត្តទៅកាន់នរណាម្នាក់ដែលជិតស្និទ្ធ និងទុកចិត្តជាងគេ ៣ នៅក្បែរមនុស្សដែលអាចជាកម្លាំងចិត្ត ៤ មើលរូបថតចាស់ ដែលបង្ហាញពីអនុស្សាវរីយ៍ល្អៗ និងសប្បាយៗជាមួយមនុស្សល្អៗ ៥ អានសៀវភៅអប់រំផ្លូវចិត្ត ៦ នឹកគិតដល់ពេលវេលាល្អៗកន្លងមកជាមួយមនុស្សជាទីស្រលាញ់ (គ្រួសារ មិត្តភក្តិ មិត្តយល់ចិត្ត…) ៧ រំលឹកអំពីស្នាដៃ និងរឿងអស្ចារ្យដែលបានធ្វើកន្លងមក ៨ លួចមើលProfile របស់មនុស្សដែលអ្នកលួចស្រលាញ់ (សម្រាប់អ្នកមិនមានគូ) ឬមនុស្សដែលអ្នកគោរពស្រលាញ់ (អាយដុល) ៩ មើលរឿងកំប្លែង ឬធ្វើអ្វីដែលសប្បាយៗ ១០ ទុកឲ្យពេលវេលាជាអ្នកស្រាយបញ្ហាផ្លូវចិត្តនេះ ១១ ទៅទីកន្លែងដែលខ្លួនឯងប្រាថា្ន ១២ ធ្វើអ្វីដែលខ្លួនតែងតែប្រាថ្នាចង់ធ្វើ ឬចង់ឲ្យកើតមាន យ៉ាងណាមិញ ក៏ម្នាក់ៗមានទម្លាប់ និងការយល់ឃើញខុសៗគ្នាដែរ វិធីមួយដែលមានប្រសិទ្ធភាពចំពោះមនុស្សម្នាក់ ក៏មិនប្រាកដថាមានប្រសិទ្ធភាពសម្រាប់មនុស្សម្នាក់ទៀតដែរ… សូមធ្វើតាមអ្វីដែលអ្នកគិតថាត្រូវ និងមានប្រយោជន៍សម្រាប់អ្នក…សំខាន់ខ្លួនអ្នក យកឈ្នះលើខ្លួនឯង…តស៊ូបន្ត ដើម្បីជីវិតខ្លួនឯង…

ចែករំលែក

ហ្វេនតារាកូរ៉េប្រាកដជាទទួលបានដំណឹងដ៏សោកសៅមួយហើយ…នោះ គឺការស្លាប់របស់តារាK-popក្នុងវ័យ២៧ឆ្នាំ ដែលជាសិល្បករដ៏ល្បីឈ្មោះ និងមានសមត្ថភាព ដែលជាសមាជិកមួយរូបនៃក្រុមតារាកូរ៉េ Shinee ដែលមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ គឺ Kim Jonghyun ក្រោយពេលដែលត្រូវបានរកឃើញសន្លប់នៅក្នុងបន្ទប់ស្នាក់នៅ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មានហេតុផលជាច្រើនដែលបណ្តាលឲ្យគ្រប់គ្នាគិតថានេះជាករណីធ្វើអត្តឃាត ជាក់ស្តែង បងស្រីរបស់គាត់បានទទួលសារដ៏រន្ធត់ពីគាត់ ដែលមានខ្លឹមសារជាភាសាអង់គ្លេសថា«It's been really hard up until now. Send me off please…» ដែលធ្វើឲ្យគាត់មានការព្រួយបារម្ភ និងផ្តល់ដំណឹង ព្រមទាំងសុំជំនួយសង្រ្គោះដល់ប្អូនប្រុសរបស់ខ្លួន… ក្រោយពីអានព័ត៌មានក្រៅប្រទេស និងក្នុងប្រទេសមួយចំនួន ខ្ញុំក៏បានរកឃើញហេតុផលមួយទៀតនោះ ដែលមានបង្ហាញនៅខាងក្រោមនេះ។ វាជាខ្លឹមសារនៃសំបុត្របណ្តាំដែល Jonghyunបានផ្ញើទៅកាន់មិត្តភក្តិជិតស្និទ្ធរបស់ខ្លួន ដែលធ្លាប់បានស្តាប់ និងដឹងរឿងរ៉ាវក្នុងចិត្តរបស់ខ្លួនកន្លងមក ព្រមទាំងបានសំណូមពរឲ្យបង្ហោះពីបំណងដែលមាននៅក្នុងបណ្តាំនេះ ក្រោយពេលដែលគាត់លែងមានវត្តមាននៅលើផែនដីនេះទៀត…គួរបញ្ជាក់ផងដែរថា បណ្តាំនេះត្រូវបានបកប្រែជាភាសាខ្មែរ និងមានប្រភពមកពីអត្ថបទព័ត៌មានមួយរបស់ Sabay ។ “ខ្ញុំបានឈឺចាប់គ្រាំចិត្ត។ ជំងឺផ្លូវចិត្តបានលេបត្របាក់ខ្ញុំបន្តិចម្ដងៗរហូតដល់រូបរាងកាយខ្ញុំទាំងមូល ហើយខ្ញុំមិនអាចជម្នះនឹងវាបាន។ ខ្ញុំស្អប់ខ្លួនឯង។ ខ្ញុំបានចាប់យកការចងចាំដែលបានបែកបាក់ទាំងប៉ុន្មាន ហើយប្រឹងប្រែងផ្សារភ្ជាប់ឲ្យវាជាប់គ្នាសាជាថ្មី តែខ្ញុំមិនទទួលបានចម្លើយអ្វីទាំងអស់។ ប្រសិនបើខ្ញុំមិនអាចជួយឲ្យខ្លួនឯងដកដង្ហើមបានស្រួលដូចគេផងនោះ ខ្ញុំគួរតែឈប់ដកដង្ហើមតែម្ដងទៅ វាល្អជាង។ ខ្ញុំបានសួរខ្លួនឯង ដែលមិនអាចទទួលខុសត្រូវចំពោះខ្លួនឯងបាន។ មានតែខ្លួនខ្ញុំតែម្នាក់គត់ ខ្ញុំពិតជាឯកោខ្លាំងណាស់។ វាពិតជាងាយស្រួលណាស់បើនិយាយពីទីបញ្ចប់នោះ។ វាពិតជាពិបាកក្នុងការបញ្ចប់វា។ ខ្ញុំរស់នៅរហូតមកដល់ពេលនេះព្រោះតែការលំបាកទាំងនេះ។ ខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំចង់រត់គេច។ ត្រូវហើយ ខ្ញុំចង់រត់គេចចេញ ពីខ្លួនឯង ពីអ្នកទាំងអស់គ្នា។ ខ្ញុំបានសួរថា តើនរណានៅទីនោះ? គឺជាខ្ញុំ! គឺជាខ្ញុំទៀតហើយ! ហើយវានៅតែជាខ្ញុំដដែល។ ខ្ញុំបានសួរខ្លួនឯងថា ហេតុអីបានជាខ្ញុំនៅតែបន្តបាត់បង់ការចងចាំ? នេះក៏ព្រោះតែចរិតរបស់ខ្ញុំ ខ្ញុំយល់ហើយ ដូចនេះនៅទីបំផុតវានៅតែជាកំហុសរបស់ខ្ញុំទាំងអស់។ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍ ប៉ុន្តែគ្មាននរណាអើពើនោះទេ។ ពួកគេមិនដែលទាំងជួបខ្ញុំផង ពួកគេមិនដឹងថាខ្ញុំកើតនៅលើលោកនេះផង។ ខ្ញុំបានសួរខ្លួនឯងថា ហេតុអីបានជាពួកគេរស់នៅ? ពួកគេគ្រាន់តែរស់ រស់បន្តដង្ហើមទៅមុខទៀត។ បើសិនជាអ្នកទាំងអស់គ្នាសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំរើសយកការស្លាប់ ខ្ញុំនឹងឆ្លើយថា ដោយសារខ្ញុំហត់នឿយខ្លាំងពេក។ ខ្ញុំទទួលរងការប៉ះទង្គិច ហើយខ្ញុំក៏បានគិតវាយ៉ាងល្អិតល្អន់ច្បាស់លាស់បំផុតដែរ។ ខ្ញុំដឹងថាខ្ញុំមិនអាចផ្លាស់ប្ដូរការឈឺចាប់នេះឲ្យទៅជាអ្វីដែលល្អឡើងវិញបាននោះទេ។ ការឈឺចាប់ វាអ៊ីចឹងឯង វាឈឺ។ ពួកគេបានស្ដីបន្ទោសខ្ញុំ កុំឲ្យខ្ញុំធ្វើរឿងបែបនេះ ហេតុអី? ហេតុអីខ្ញុំមិនអាចបញ្ចប់រឿងមួយតាមអ្វីដែលខ្ញុំចង់ធ្វើ? ពួកគេបានប្រាប់ខ្ញុំឲ្យរកដើមហេតុនៃការឈឺចាប់របស់ខ្ញុំ។ ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ ខ្ញុំឈឺចាប់ដោយសារតែខ្លួនខ្ញុំ។ វាជាកំហុសរបស់ខ្ញុំ ហើយទាំងអស់នេះព្រោះតែខ្ញុំខ្វះខាតអ្វីមួយ។ លោកគ្រូពេទ្យ នេះជាអ្វីដែលលោកចង់ឮមែនទេ? អត់ទេ ខ្ញុំមិនបានធ្វើអ្វីខុសនោះទេ។ នៅពេលដែលសំឡេងដ៏ពីរោះបានស្ដីបន្ទោសមកលើចរិតរបស់ខ្ញុំ ខ្ញុំបានគិតថា ធ្វើជាគ្រូពេទ្យស្រួលអ៊ីចឹងសោះ។ មនុស្សដែលឆ្លងកាត់ការលំបាកខ្លាំងជាងខ្ញុំ ពួកគេរស់នៅធម្មតា មនុស្សដែលទន់ខ្សោយជាងខ្ញុំ ពួកគេនៅតែទ្រាំទ្ររស់នៅបាន។ ប្រហែលវាមិនមែនជាការពិតនោះទេ គ្មាននរណាម្នាក់ពិបាក និងទន់ខ្សោយជាងខ្ញុំ ហើយនៅបន្តរស់នៅបានទៀតនោះទេ។ ខ្ញុំនៅតែសួរខ្លួនឯងថាហេតុអ្វីខ្ញុំនៅតែព្យាយាមរាប់រយដងហើយ វានៅតែមិនបានផលល្អសម្រាប់ខ្លួនឯង។ វាសម្រាប់អ្នកទាំងអស់គ្នា សូមកុំនិយាយអ្វីទាំងអស់ បើសិនជាអ្នកមិនយល់ពីវានោះ។ រកមូលហេតុ ហេតុអីបានជាខ្ញុំទទួលរងភាពឈឺចាប់? ខ្ញុំបានប្រាប់ហើយថាហេតុអ្វី។ វាពិតជាខុសខ្លាំងណាស់មែនទេដែលត្រូវឈឺចាប់ខ្លាំងដោយសាររឿងនេះ តើខ្ញុំគួរតែមានហេតុផលដូចក្នុងរឿងច្រើនជាងនេះមែនទេ? ហេតុផលច្បាស់លាស់ជាងនេះ? ខ្ញុំបានប្រាប់អ្នកហើយ។ អ្នកមិនបានស្តាប់ឮទេ? អ្វីដែលអ្នកអាចឆ្លងកាត់បាន វាមិនតាមលងបន្លាចជីវិតអ្នកនោះទេ។ តតាំងជាមួយពិភពលោកដែលមិនមែនសម្រាប់ខ្ញុំ។ ជីវិតនៃកេរ្តិ៍ឈ្មោះមិនមែនសម្រាប់ខ្ញុំ។ នេះជាហេតុផលដែលខ្ញុំឈឺចាប់។ ព្រោះតែខ្ញុំល្បីល្បាញ។ ហេតុអ្វីខ្ញុំរើសយកផ្លូវនេះ? វាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់។ វាជាចម្ងល់ដែលស្ថិតនៅជាមួយខ្ញុំជារៀងរហូត។ ខ្ញុំអាចនិយាយអ្វីបាន គ្រាន់តែប្រាប់ខ្ញុំថាខ្ញុំធ្វើវាបានល្អហើយ។ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ដែលខ្ញុំប្រឹងប្រែងបានយ៉ាងនេះ។ ទោះបីជាអ្នកមិនអាចញញឹមបានតែកុំកុហកខ្ញុំពេលខ្ញុំចេញទៅ។ អ្នកធ្វើវាបានល្អណាស់ អ្នកប្រឹងប្រែងខ្លាំងណាស់។ លាហើយ។" គ្រាន់តែអានហើយ ក៏មានអារម្មណ៍ថាសោកសៅ និងយល់ដឹងថា គាត់មានបញ្ហាជាច្រើនលាក់ទុកនៅក្នុងចិត្ត… យ៉ាងណាក៏ដោយ នរណាក៏មិនអាចចៀសផុតពីបញ្ហា ដែលត្រូវតែជួបប្រទះក្នុងរូបភាពផ្សេងៗគ្នានៅក្នុងដំណើរជីវិតនោះឡើយ។ វាជាការពិត ដែលពេលខ្លះ យើងពិបាកខ្លាំង…ពិបាកធ្វើចិត្តខ្លាំង…ពេលដែលអារម្មណ៍បែបនោះ កើតមានឡើងម្តងៗក៏ធ្វើឲ្យខ្លួនឯងលែងមើលឃើញពីតម្លៃនៃជីវិត ហើយទាមទារចង់ចាកចេញពីរឿងរ៉ាវគ្រប់យ៉ាងដោយមិនប្រឹងប្រែងអំពីដំណោះស្រាយ តែបែរជាចង់បញ្ចប់នូវជីវិតរបស់ខ្លួនទៅវិញ… រាល់ពេលដែលធ្លាក់ទឹកចិត្តម្តងៗ សូមគ្រប់គ្រងខ្លួនឯងឲ្យបាន មិនថាពិបាកប៉ុណ្ណានោះទេ…ត្រូវចាំថា…ជីវិតមួយនេះ យើងម្នាក់ៗជាអ្នកគ្រប់គ្រង ជាអ្នកដឹកនាំ…សូមផ្តល់តម្លៃដលល់ការរស់នៅ បើទោះជាមានរឿងអ្វីត្រូវប្រឈមក៏ដោយ…សូមគិតថា មានឱកាសប្រឈមនឹងបញ្ហា ប្រសើរជាមិនមានសូម្បីតែឱកាស… រឹងមាំឡើងណា៎!!! ក៏មានអត្ថបទណែនាំខ្លះៗពីអាយដុល…កុំភ្លេចអាន ដើម្បីផ្តល់កម្លាំងចិត្តបន្ថែមដល់ខ្លួនឯង តាមរយៈអត្ថបទ  បាក់ទឹកចិត្ត! សម្រាប់អ្នកចង់ស្វែងយល់អំពីទំនាក់ទំនងជំងឺធ្លាក់ទឹកចិត្ត និងការធ្វើអត្តឃាត ជាមួយនឹងអ្នកឯកទេសពិគ្រោះយោបល់ផ្លូវចិត្ត និងអ្នកចិត្តសាស្រ្ត អាចអានបានតាមរយៈអត្ថបទ នេះ ប្រភពអត្ថបទបណ្តាំ ៖ Sabay News

ចែករំលែក

ជំងឺផ្លូវចិត្តមានតាំងពីដើមមកក្នុងប្រទេសកម្ពុជា ប៉ុន្តែវានៅតែជាជំងឹមិនពេញនិយមមួយក្នុងសម័យទំនើបនេះទេ។ គួរកត់សម្គាល់ថា ជំងឺផ្លូវចិត្តនេះ មិនមែនជាជំងឺអរូបី (មន្តអាគម ខ្មោចព្រាយ...)ដូចការនិយាយតគ្នានោះទេ។ វេជ្ជបណ្ឌិតចិត្តសាស្ត្រ បណ្ឌិត ឈឹម សុធារ៉ា ជាវេជ្ជបណ្ឌិតឯកទេសចិត្តសាស្ត្រនៃអង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា (TPO) និងជាម្ចាស់ពានរង្វាន់ Dr. GUISLAIN 2017 បានចូលរួមបកស្រាយពីព័ត៌មានលម្អិតផ្សេងៗនៃជំងឺផ្លូវចិត្តនៅប្រទេសកម្ពុជា។ អ្វីទៅជាជំងឺផ្លូវចិត្ត? ជំងឺផ្លូវចិត្ត ជាជំងឺវេជ្ជសាស្ត្រ មិនមែនជាជំងឺកើតឡើងដោយសារអរូបីនោះឡើយ។ ដូច្នេះហើយ ជំងឺនេះអាចកើតឡើងចំពោះមនុស្សគ្រប់វ័យនៃភេទទាំងពីរ និងគ្រប់ស្រទាប់វណ្ណៈ។ នៅក្នុងប្រទេសកម្ពុជា បញ្ហាផ្លូវចិត្តនានាដែលកើតមានច្រើនជាងគេ គឺ ជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់បារម្ភ។  តើអ្វីជាភាពខុសគ្នារវាងជំងឺផ្លូវចិត្តនានា និងជំងឺធ្លាក់ទឹកចិត្ត? «ជំងឺធ្លាក់ទឹកចិត្ត» ជាជំងឺមួយក្នុងចំណោមជំងឺផ្លូវចិត្តទាំងឡាយជាច្រើន។ ជាទូទៅ ជំងឺផ្លូវចិត្តនីមួយៗសុទ្ធតែមានរោគសញ្ញាខុសគ្នាៗ ប៉ុន្តែសម្រាប់ជំងឺធ្លាក់ទឹកចិត្ត សំដៅទៅលើ«ការបាត់បង់អ្វីមួយដែលមានតម្លៃ ឬមានអត្ថន័យសំខាន់ក្នុងជីវិតរបស់អ្នកជំងឺនោះ ដូចជា ការបាត់បង់សមាជិកគ្រួសារ បាត់បង់ទំនាក់ទំនង បាត់បង់ឱកាស បាត់បង់ឋានៈ។ល។ ដែលជាហេតុធ្វើឲ្យអ្នកជំងឺមានវិប្បសារី គិតឃើញតែរឿងរ៉ាវដែលកន្លងទៅ មានការតូចចិត្តចំពោះខ្លួនឯង ស្តីបន្ទោសខ្លួនឯង ធ្វើឲ្យអ្នកជំងឺបាត់បង់ក្តីសង្ឃឹម បាត់បង់ចំណាប់អារម្មណ៍ក្នុងការធ្វើអ្វីមួយ គិតថាមិនអាចចូលរួមសង្គមជាមួយគេឯងបានតទៀតជាដើម»។  ជំងឺធ្លាក់ទឹកចិត្តក៏អាចបង្កឡើងដោយកត្តាជីវសាស្ត្រដែរ គឺមានន័យថាវាបង្កដោយអតុល្យភាពនៃសារធាតុគីមីឈ្មោះសេរ៉ូតូនីន ឬអាចបណ្តាលមកពីជំងឺផ្លូវកាយណាមួយ ឧទាហរណ៍៖ ជំងឺទាក់ទងក្រពេញទីរ៉ូអ៊ីត ជាដើម។ ក្នុងករណីមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ អ្នកជំងឺអាចមានឮសំលេងដែលគ្មាននរណាម្នាក់អាចឮ ឬគិតថាមានអ្នកនិយាយមានគំនិតអាក្រក់លើខ្លួន ហើយអ្នកជំងឺមានគំនិតចង់ធ្វើអត្តឃាត....។ ជាទូទៅ អ្នកជំងឺធ្លាក់ទឹកចិត្តមានសភាពក្រៀមក្រំ មិនចាប់អារម្មណ៍លើអ្វីៗ ប៉ុន្តែអ្នកជំងឺធ្លាក់ទឹកចិត្តខ្លះ ទឹកមុខរីករាយដដែលយើងហៅថា «ជំងឺធ្លាក់ទឹកចិត្តញញឹម» គឺអ្នកជំងឺមានភាពរីករាយក្នុងសង្គមទំនាក់ទំនង សកម្មភាពការងារ ប៉ុន្តែប្រែជាក្រៀមក្រំ និងអស់កម្លាំងខ្លាំងគ្រប់ពេលនៅម្នាក់ឯងទៅវិញ។ រោគសញ្ញាដែលខ្លួនឯងអាចសង្កេតមាន៖  •បាត់បង់ចំណាប់អារម្មណ៍ទៅលើអ្វីដែលធ្លាប់មានចំណាប់អារម្មណ៍ពីមុន •លែងចង់ចូលចំណោមមនុស្សច្រើន  •បាត់បង់ការបរិភោគ ឬការគេង  •ហត់នឿយច្រើន ឆាប់ខឹងនានា។ ការធ្វើរោគវិនិច្ឆ័យទូទៅ មានបីកត្តាធំៗដែលធ្វើឲ្យមានប្រជាជនកម្ពុជាប្រឈមមុខការកើតជំងឹផ្លូវចិត្ត៖ 1.កត្តាជីវសាស្ត្រ ៖ បណ្តាលមកពីភាពមិនប្រក្រតីនៃសារធាតុគីមីហៅថា ណឺរ៉ូត្រែនស្មី ក្នុងកោសិកាខួរក្បាល ជាពិសេសគឺជាតិសេរ៉ូតេនីន អេពីណេហ្រ្វីននិងដូប៉ាមិន។ ការថយចុះនៃសារធាតុសេរ៉ូតេអ៊ីនធ្វើឲ្យមានអារម្មណ៍មិនល្អ អារម្មណ៍មិននឹងនរ គេងមិនលក់ មិនចង់បរិភោគ ក្រៀមក្រំ ជាដើម។ 2.កត្តាចិត្តសាស្ត្រ ៖ ទាក់ទងលើស្មារតីរបស់អ្នកជំងឺផ្ទាល់ដូចជា ភាពមិនពេញចិត្តអ្វីដែលខ្លូនមាន ឆាប់ខឹង តែងតែគិតអវិជ្ជមាន ខ្វល់ខ្វាយច្រើនជាដើម។ 3.កត្តាសង្គម ៖ មានដូចជា ការរស់នៅក្នុងបរិយាកាសសង្គមមិនល្អ ការរស់នៅជាមួយភាពភ័យខ្លាច ឬរស់នៅក្នុងគ្រួសារដែលមានអំពើហឹង្សាជាដើម។ ការធ្វើរោគវិនិច្ឆ័យ ជំងឺផ្លូវចិត្តនេះ មិនទាមទារសំភារៈបរិក្ខារពេទ្យទំនើបៗដូចជំងឺផ្លូវកាយឡើយ ប៉ុន្តែទាមទារនូវគ្រូពេទ្យមានឥរិយាបថល្អ ដែលចេះបង្ហាញនូវការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ចេះយកចិត្តអ្នកជំងឺចេះស្តាប់ និងចំណាយពេលវេលាច្រើនសម្រាប់យល់ពីគាត់។ វេជ្ជបណ្ឌិតឯកទេសផ្លូវចិត្តអាចធ្វើរោគវិនិច្ឆ័យដោយការសង្កេតមើលរាល់អាកប្បកិរិយា និងវាយតម្លៃពីអារម្មណ៍ និងគិតាមរយៈសម្ភាសន៍រាល់បញ្ហាដែលអ្នកជំងឺមាន។ ប្រសិនបើអ្នកជំងឺមិនអាចអាស្រ័យទាក់ទងបាន ឬមិនមានស្មារតីនឹងនរក្នុងការសម្ភាសន៍នោះទេ វេជ្ជបណ្ឌិតឯកទេស នឹងត្រូវធ្វើការសាកសួរព័ត៌មានទាក់ទងនឹងអ្នកជំងឺបានតាមរយៈអ្នកផ្ទះ បងប្អូន ឬអ្នកដែលជិតស្និទ្ធបំផុត។ ការយកចិត្តដាក់ស្តាប់រាល់បញ្ហាដែលអ្នកជំងឺមាន ការចូលរូមចែករំលែករាល់អារម្មណ៍ដែលអ្នកជំងឺមាន ការស្វែងយល់រាល់បញ្ហារបស់គាត់ អាចជួយឲ្យការធ្វើរោគវិនិច្ឆ័យទទួលបានផលល្អ ហើយមានភាពងាយស្រួលក្នុងការព្យាបាល។ ការព្យាបាលជំងឺផ្លូវចិត្ត ក្នុងការព្យាបាលលើជំងឺនេះ ត្រូវការចំណាយពេលយូរ ដែលមានការចូលរួមជាមួយអ្នកជំងឹផ្ទាល់ ក្រុមគ្រួសារ គ្រូពេទ្យ អ្នកចិត្តសាស្ត្រ និងបុគ្គលិកសង្គមកិច្ច។ ប្រសិនបើមិនបានព្យាបាលជំងឺផ្លូវចិត្ត អាចនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ការប្រកបការងារ និងទំនាក់ទំនងក្នុងសង្គម។ ដូច្នេះ អ្នកជំងឺត្រូវទទួលការព្យាបាលបានត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបណ្ឌិតឯកទេស ចៀសវាងការទុកឲ្យជំងឺនោះរ៉ាំរ៉ៃ។ ការព្យាបាលដែលល្អបំផុតរួមមាន៖  •ការជួយរកដំណោះស្រាយសម្រាប់បញ្ហាដែលគាត់មាន  •ការផ្តល់ប្រឹក្សាល្អៗសម្រាប់គាត់  •ការលើកទឹកចិត្ត •ការណែនាំឲ្យគិតវិជ្ជមានសម្រាប់ការបន្តការរស់នៅរាល់ថ្ងៃផ្សេងៗ •ការព្យាបាលដោយប្រើប្រាស់ថ្នាំលេប៖ គឺអាចឲ្យមានតុល្យភាពនៃសារធាតុគីមីនៅក្នុងខួរក្បាល ដែលជាហេតុនាំឲ្យបាត់រោគសញ្ញានៃជំងឺ តែចាំបាច់អ្នកជំងឺត្រូវទទួលការផ្តល់ប្រឹក្សាផងដែរ។ ចំពោះវេជ្ជបណ្ឌិតទូទៅវិញ អាចមានភាពលំបាកក្នុងការធ្វើរោគវិនិច្ឆ័យបញ្ជាក់ថា អ្នកជំងឺមានបញ្ហាផ្លូវចិត្ត ឬយ៉ាងណា ដូច្នេះវិធីសាស្ត្រសម្រាប់ជួយគាត់ក្នុងការធ្វើរោគវិនិច្ឆ័យ គឺការប្រើប្រាស់កម្រងសំណួរក្នុងពេលធ្វើបទសម្ភាសន៍ (Check list)។ ការបង្ការជំងឺផ្លូវចិត្ត យ៉ាងណាមិញ ការបង្ការលើបញ្ហាផ្លូវចិត្ត គឺការស្វែងយល់ឲ្យបានស៊ីជម្រៅលើបញ្ហាទាំងនោះ។ មានចំណុចបីធំៗដែលជាវិធីសាស្ត្រដែលល្អសម្រាប់អ្នកមានបញ្ហាផ្លូវចិត្ត គឺយើងត្រូវធ្វើយ៉ាងណាឲ្យមានតុល្យភាពនៃផ្នែកក្នុងការរស់នៅប្រចាំថ្ងៃ៖ •ត្រូវតាមដានពីអារម្មណ៍ដែលមានចំពោះខ្លួនឯង៖ ត្រូវមានការពេញចិត្តនូវអ្វីដែលខ្លួនឯងមានហើយ និងចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងក្នុងស្ថានភាពនានាប្រចាំថ្ងៃ។ •ត្រូវតាមដានពីអារម្មណ៍ដែលមានចំពោះមនុស្សជុំវិញខ្លួន៖ ចេះឲ្យតម្លៃលើអ្នកដទៃលើអ្វីដែលគេមាន ត្រូវចេះស្រឡាញ់ និងសាទរនូវអ្វីដែលអ្នកដទៃមាន ឬធ្វើបាន មិនត្រូវមានអារម្មណ៍អវិជ្ជមានចំពោះអ្នកជុំវិញខ្លួន...។ •ត្រូវតាមដាននូវសកម្មភាពប្រចាំថ្ងៃរបស់យើង៖ មិនត្រូវដាក់សម្ពាធសម្រាប់ខ្លួនឯង ឬក្រុមគ្រួសារពេកទេ ឬមិនត្រូវកំណត់គោលដៅក្នុងជីវិតរបស់ខ្លួនឲ្យហួសហេតុពេកទេ ត្រូវមានតុល្យភាពរវាងការងារ ការសម្រាក និងត្រូវចំណាយពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារនៅក្នុងជីវិតប្រចាំថ្ងៃជាដើម។ នៅពេលមនុស្សគ្រប់គ្នាអាចធ្វើឲ្យបីចំណុចខាងលើមានតុល្យភាព ពេលនោះគាត់មិនសូវមានជួបបញ្ហាផ្លូវចិត្តនោះទេ។ ប្រជាជនគ្រប់រូបគួរគប្បីស្វែងយល់បន្ថែមលើចំណុចផ្សេងទៀត៖ •ការបង្ការជំងឺផ្លូវចិត្តដំណាក់កាលទីមួយ៖ គឺមានការពារចំពោះជំងឺផ្លូវចិត្តមុនពេលជំងឺនេះកើតឡើង។ សកម្មភាពនេះ គឺការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងផ្នែកសុខភាពផ្លូវចិត្តដល់ប្រជាជនក្នុងសហគមន៍។ ការយល់ដឹងពីបញ្ហាផ្លូវចិត្ត វានឹងឲ្យយើងអាចស្វែងរកការព្យាបាលបានទាន់ពេល រកការជួយពីអ្នកចិត្តសាស្ត្រ ដើម្បីដោះសា្រយបញ្ហាដែលយើងមានកុំឲ្យវាកាន់តែធ្ងន់។ ការផ្លាស់ប្តូរ ការគិតអវិជ្ជមានមកគិតវិជ្ជមានវិញ គឺជាកត្តាមួយសម្រាប់ជួយយើងក្នុងការការពារជំងឺផ្លូវចិត្តដែរ។ •ការបង្ការជំងឺផ្លូវចិត្តដំណាក់កាលទីពីរ៖ ស្វែងរកការព្យាបាលជំងឺផ្លូវចិត្តដែលកើតមានរួចហើយ។ ក្នុងករណីនេះ គឺវេជ្ជបណ្ឌិតឯកទេសមានតួនាទីជួយព្យាបាលជំងឺឲ្យបានជាសះស្បើយ។ ការព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា វានឹងនាំឲ្យយើងអាចកាត់បន្ថយពេលវេលា និងថវិកា។ •ការបង្ការជំងឺផ្លូវចិត្តដំណាក់កាលទីបី៖ គឺជាសកម្មភាពចុងក្រោយនៃការបង្ការជំងឺផ្លូវចិត្តកុំឲ្យកាន់តែរ៉ាំរ៉ៃ និងការស្តារលទ្ធភាពពលកម្មរបស់អ្នកជំងឺ ដើម្បីឲ្យគាត់ត្រឡប់មកជាសភាពដូចមុនពេលឈឺវិញ។ តើជំងឺផ្លូវចិត្តបានជះឥទ្ធិពលអាក្រក់អ្វីខ្លះ? ជំងឺផ្លូវចិត្តក៏បានជះឥទ្ធិពលអាក្រក់ដល់សុខភាពផ្លូវកាយរបស់អ្នកផងដែរ ជាពិសេសអ្នកមានជំងឺផ្លូវចិត្តរ៉ាំរ៉ៃ។ ជំងឺផ្លូវកាយដែលស្តែងចេញពីភាពរ៉ាំរ៉ៃនៃជំងឺផ្លូវចិត្តរួមមាន៖  •ជំងឺក្រពះពោះវៀន  •ជំងឺវិបត្តិសរសៃឈាមបេះដូង  •ជំងឺប្រពន្ធ័ប្រសាទជាដើម។  ជាការយល់ខុសមួយ ដែលប្រជាជនមួយចំនួនមានគឺ គេនៅតែគិតជំងឺផ្លូវចិត្តជាជំងឺសួរពូជ ដែលជាហេតុនាំឲ្យមានការរើសអើងនៅក្នុងសង្គមផងដែរ។ តាមការពិតមានតែជំងឺផ្លូវចិត្តមួយភាគតូចប៉ុណ្ណោះ ដែលអាចមានលក្ខណៈសួរពូជ។ ជំងឹផ្លូវចិត្តភាគច្រើន គឺជាជំងឺដែលព្យាបាលជាបាន ប្រសិនបើយើងព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។ ការរើសអើងនេះ វាបានបង្កជាផលវិបាកជាច្រើនសម្រាប់ជីវិតរបស់អ្នកជំងឺ និងក្រុមគ្រួសារ ហើយវាជាកត្តាមួយដែលមិនឲ្យក្រុមគ្រួសារ ឬអ្នកជំងឺមិនព្រមទទួលការព្យាបាលដែរ។ ក្រៅពីវេជ្ជបណ្ឌិតឯកទេស តើអ្នកអាចជួយអ្នកជំងឺបានយ៉ាងណា?  ប្រសិនបើក្នុងគ្រួសារមានអ្នកជំងឺនេះ ឬអ្នកជិតខ្លួន អ្នកគួរអប់រំចិត្តរបស់គាត់ គាំទ្រគាត់ លើកទឹកចិត្តតាមរយៈសកម្មភាពផ្សេងៗទៀត ដើម្បីឲ្យអ្នកជំងឺបានបញ្ចេញរាល់អារម្មណ៍ រាល់បញ្ហា នោះអាចធ្វើឲ្យស្ថានភាពរបស់អ្នកជំងឺក្លាយជាល្អប្រសើរបាន។ ចំពោះការស្តីបន្ទោសលើអ្នកជំងឺ គឺមិនបានធ្វើឲ្យអ្នកជំងឺមានភាពប្រសើរនោះទេ ផ្ទុយទៅវិញធ្វើឲ្យស្ថានភាពរបស់គាត់កាន់តែដុនដាបនឹងជំងឺ។ ក្រៅពីនេះ មិនត្រឹមតែអ្នកជំងឺទេ សូម្បីតែអ្នកផ្ទាល់គួរគប្បីមានកាលវិភាគច្បាស់លាស់មួយសម្រាប់ការងារ ការសម្រាក លំហាត់ប្រាណ ដំណើរកម្សាន្តជាដើម។    ប្រសាសន៍របស់វេជ្ជបណ្ឌិតឯកទេស  ជំងឺផ្លូវចិត្ត ក៏ដូចជាជំងឺវេជ្ជសាស្ត្រផ្សេងទៀតដែរ ដូច្នេះអ្នកមិនគួររើសអើងចំពោះអ្នកជំងឺផ្លូវចិត្តឡើយ។ សូមប្រជាជនទាំងអស់គួរស្វែងយល់ឲ្យបានដិតដល់ចំពោះបញ្ហានេះ។ ជំងឹផ្លូវចិត្ត ក៏មិនមែនជាជំងឺឆ្លងឡើយ តែវាទាមទារឲ្យបុគ្គលគ្រប់រូបចេះតាមដាន និងថែរក្សាសុខភាពផ្លូវចិត្តរបស់ខ្លួនជាប្រចាំ តាមរយៈសកម្មភាពដែលបានរៀបរាប់ខាងលើ។ ចំពោះអ្នកជំងឺវិញ សកម្មភាពដែលល្អនោះគឺ ការចេះបញ្ចេញអារម្មណ៍ ឬបញ្ហាដែលខ្លួនមានទៅអ្នកដទៃ ជាពិសេសអ្នកជិតស្និទ្ធដែលចេះស្តាប់ និងចេះយល់ពីបញ្ហារបស់យើង។ សូមកុំខ្មាសអៀនចំពោះការបញ្ចេញអារម្មណ៍របស់អ្នក ងើយគួរតែគិតពីចំណុចវិជ្ជមានឲ្យបានច្រើនក្នុងការរស់នៅប្រចាំថ្ងៃ។  បកស្រាយដោយ៖ បណ្ឌិត ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេសចិត្តសាស្ត្រ នាយកប្រតិបត្តិនៃអង្គការចិត្តសង្គមអន្តរវប្បធម៌ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ប្រសិនបើយើងធ្វើការសួរយុវវ័យ១០នាក់នោះ ក្នុងនោះយ៉ាងហោចណាស់ក៏មាន៨នាក់ដែរ ដែលចូលចិត្តស្តាប់តន្រ្តី ជាពិសេសពេលដែលគេមានបញ្ហាស្រ្តេស ឬសម្ពាធពីជីវិត ស្នេហា ការសិក្សា ឬការងារផ្សេងៗ។ ដោយហេតុថាពួកគេយល់ថា វានឹងជួយឲ្យគេមានអារម្មណ៍ធូរស្រាលក៏ដូចជាស្រស់ថ្លាឡើងវិញ ប៉ុន្តែគេប្រហែលជាមិនបានជ្រាបពីគុណប្រយោជន៍មហាសាលនៃតន្រ្តីនោះទេ។ នេះជាមូលហេតុដែលនាំឲ្យយើងធ្វើការចែករំលែកនូវភាពអស្ចារ្យនេះជូនដល់ប្រិយមិត្តអ្នកអានឲ្យបានដឹង ៖ ·បំបាត់ការឈឺចាប់ ៖ តន្រ្តីពិតជាចូលរូមចំណែកក្នុងការបំបាត់ការឈឺចាប់មែន មិនថាកម្រិតស្រាល ឬធ្ងន់នោះទេ។ នៅក្នុងមន្ទីរពេទ្យ មួយចំនួន តន្រ្តីត្រូវបានប្រើប្រាស់សម្រាប់ កាត់បន្ថយតម្រូវការថ្នាំក្នុងពេលការប្រសូតបុត្រ បន្ថយការឈឺចាប់ក្រោយការវះកាត់ និង ជួយដល់ការប្រើថ្នាំសន្លប់ក្នុងការពេលវះកាត់ផងដែរ។ វាធ្វើទៅបាន ដោយសារវាបង្កើតប្រតិកម្មតប ដែលផ្តល់ឲ្យអ្នកជម្ងឺនូវលទ្ថភាពក្នុងការគ្រប់គ្រងខ្លួនឯង ហើយវាក៏ធ្វើឲ្យរាងកាយបញ្ចេញនូវអង់ដូហ្វីន ដែលប្រឆាំងនឹងការឈឺចាប់  ម្យ៉ាងចម្រៀងដែលស្លូ(មួយៗ) ជួយបន្ថយល្បឿននៃការដកដង្ហើម និងចង្វាក់បេះដូង។ ·កាត់បន្ថយសម្ពាធឈាម ៖ ការស្រាវជា្រវរបស់American Society of Hypertension បានបង្ហាញថា ការស្តាប់តន្រ្តីរៀងរាល់ព្រឹក និងល្ងាច នឹងជួយកាត់បន្ថយសម្ពាធឈាម ហើយរក្សាវាឲ្យនៅទាប។ ·ជាឱសថសម្រាប់បេះដូង ៖ តន្រ្តីជាមិត្តដ៏ល្អរបស់បេះដូង។ ជាក់ស្តែង ល្បឿននៃចង្វាក់បេះដូងនឹងប្រែប្រួលទៅតាមប្រភេទនៃបទចម្រៀងដែលគេស្តាប់។  ·បង្កើនល្បឿននៃការជាសះស្បើយពីជម្ងឺដាច់សរសៃឈាមខួរក្បាល ៖ ការសិក្សាបានលើកឡើងថា វាមិនត្រឹមតែហៅត្រលប់ការចងចាំមកវិញនោះទេ វាថែមទាំងចូលរួមចំណែកក្នុងការធ្វើឲ្យជាសះស្បើយឡើងវិញផងដែរ។ ·ជំនួយដល់អាការៈឈឺក្បាល ៖ តន្រ្តីជួយអ្នកដែលឈឺក្បាលកាត់បន្ថយភាពខ្លាំង ភាពញឹកញាប់ និងរយៈពេលនៃអាការៈឈឺក្បាល។ ·បង្កើនសន្ទុះនៃប្រព័ន្ធស៊ាំ ៖  អ្នកវិទ្យាសាស្រ្តបានពន្យល់ថា មានប្រភេទបទចម្រៀងមួយចំនួនដែលអាចបង្កើតឲ្យមានបទពិសោធន៍វិជ្ជមានលើផ្លូវអារម្មណ៍ ដែលនឹងបង្កើនសន្ទុះនៃអរម៉ូនក្នុងប្រព័ន្ធស៊ាំ។ ហើយវានឹងកាត់បន្ថយកត្តាផ្សេងៗដែលបណ្តាលឲ្យកើតមានជម្ងឺទៀតផង។ ការស្តាប់ និងច្រៀងតាមចម្រៀងទាំងនោះ ក៏កាត់បន្ថយករទីសូលនៃអរម៉ូនដែលពាក់ព័ន្ធនឹងស្រ្តេសផងដែរ។ ·បង្កើនភាពវៃឆ្លាត ល្បឿននៃការសិក្សារៀនសូត្រ និង IQ ៖ អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា ការស្តាប់ចម្រៀង និងរៀនលេងឧបករណ៍តន្រ្តី ពិតជាជួយឲ្យមនុស្សរៀនឆាប់ចេះមែន។ ·បង្កើនការចងចាំ ៖ ការសិក្សាបណ្តើរ ស្តាប់ចម្រៀងបណ្តើរ ក៏ចូលរួមចំណែកក្នុងការបង្កើនល្បឿនក៏ដូចជាសមត្ថភាពនៃការចងចាំផងដែរ(តែត្រូវរើសបទចម្រៀងដែលមានតែសាច់ភ្លេង បើមិនដូច្នោះទេ អ្វីដែលអ្នកនឹងចងចាំ នឹងក្លាយជាពាក្យពេចន៍ក្នុងចម្រៀង មិនមែនមេរៀននោះទេ)។ ·បង្កើនសមត្ថភាពកីឡា ៖ តន្រ្តីក៏ជួយបង្កើនចលនានៃរាងកាយផងដែរ ហើយវានឹងជួយឲ្យការលេងកីឡាផ្សេងៗកាន់តែល្អប្រសើរតាមរយៈ ការកាត់បន្ថយភាពនឿយហត់ បង្កើនអារម្មណ៍សម្រើប ការឆ្លើយតបនឹងការសម្រាកផ្នែកសរីរៈវិទ្យា និងបង្កើនល្បឿននៃប្រព័ន្ធដំណើរការ។ ·បង្កើនប្រសិទ្ធភាពការងារ ៖ ការបំពេញកិច្ចការងារប្រភេទណាក៏ដោយ ឲ្យតែមានភ្ជាប់ជាមួយនឹងបទចម្រៀងដែលត្រូវចិត្តរបស់អ្នក នោះអ្នកមិនងាយនឹងមានអារម្មណ៍ថានឿយហត់ឡើយ។ ·ជំនួយដល់ដំណេក៖ បទចម្រៀងបែកក្លាសិក(Classic) ជាមធ្យោបាយដ៏មានសុវត្ថិភាព ថោក និងងាយស្រួលដែលជួយប្រឆាំងនឹងការគេងមិនលក់។ ការស្រាវជ្រាវបានបង្ហាញការស្តាប់ចម្រៀងរយៈពេល៤៥នាទីមុនពេលចូលគេងនឹងជួយឲ្យអ្នកគេងលក់ស្រួលពេញមួយយប់តែម្តង។ ដោយសារតែវាកាត់បន្ថយសកម្មភាពមិនប្រក្រតីនៃប្រព័ន្ធប្រសាទ កាត់បន្ថយការថប់អារម្មណ៍ សម្ពាធឈាម ចង្វាក់បេះដូង និងចង្វាក់ដង្ហើម ដែលនឹងធ្វើឲ្យសាច់ដុំមានពេលសម្រាក និងពង្វាងខួរក្បាលពីការគិតផ្សេងៗ។ ·រំងាប់អារម្មណ៍ទុក្ខសោក ៖ តន្រ្តីពិតជាមានសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ និងស្មារតីរបស់មនុស្ស។ ប្រសិនបើមានអារម្មណ៍ទុក្ខសោក កុំព្យាយាមស្តាប់បទកំសត់ ព្រោះវាធ្វើឲ្យអ្នកចូលតួទៅក្នុងសាច់រឿងនៅក្នុងនោះ ដែលធ្វើឲ្យស្ថានភាពកាន់តែពិបាកទៀត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សក់ជ្រុះ ជាបញ្ហាមួយដែលគ្រប់គ្នាតែងជួបប្រទះស្ទើរតែរៀងរាល់ថ្ងៃ ក្នុងនោះផងដែរ វាមានច្រើនប្រភេទ និងមានមូលហេតុផ្សេងៗពីគ្នា។ Trichotillomania ជាប្រភេទជំងឺជ្រុះសក់ម៉្យាង ដែលបណ្តាលមកពីការមានទម្លាប់ដកសក់ខ្លួនឯងដោយការញៀន ហើយបន្តការដកសក់នេះជាប្រចាំ។​ ចំណុចមួយទៀត អ្នកដែលមានបញ្ហានេះ អាចដោយសារគាត់មានបញ្ហាចិត្តសាស្ត្រ (mental health problem) ឬ វិបត្តិផ្លូវចិត្ត ហើយភាពតឹងតែងក្នុងអារម្មណ៍ក៏អាចឈានទៅរកការដកសក់ដោយមិនដឹងខ្លួនដែរ។  Trichotillomania មិនមែនជាជំងឺតពូជនោះទេ ហើយក៏មិនមានមូលហេតុច្បាស់លាស់ដែរ។ បើយោងតាមទ្រឹស្តីដោយសារគាត់មានអារម្មណ៍តឹងតែងបញ្ហាផ្លូវចិត្តឬការប៉ះពាល់ទៅលើអារម្មណ៍បណ្តាលឲ្យអ្នកជំងឺចេះតែដកសក់និយាយរួមសក់ជ្រុះដោយដកខ្លួនឯងជាលក្ខណៈញៀននិងទម្លាប់របស់គាត់ផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថា ភាគរយនៃ Trichotillomania ដែលគេតែងជួបប្រទះភាគច្រើន គឺទៅលើស្ត្រីជាងបុរស។ ប្រសិនបើគាត់មិនបានទទួលការព្យាបាលឲ្យបានទាន់ពេលវេលាទេនោះ  គឺប៉ះពាល់ដល់គុណភាពជីវិតរបស់ពួកគេដូចជាធ្វើឲ្យបុគ្គលនោះមិនអាចចូលរួមនៅក្នុងសង្គមមានភាពខ្មាស់អៀនខ្លួនឯងនិងចូលចិត្តនៅដាច់ពីគេ។មួយវិញទៀតអ្នកជំងឺអាចប្រឈមជាមួយនឹងការជ្រុះសក់អស់ដោយសារសក់គាត់ដុះមិនទាន់ (ទំពែក)។ ជាចុងក្រោយលោកវេជ្ជបណ្ឌិតបានមានសេចក្តីផ្តាំផ្ញើដល់ប្រជាជនទូទៅ​ពិសេសបុគ្គលដែលចូលចិត្តទម្លាប់ដកសក់គួរបញ្ឈប់សកម្មភាពទាំងនេះនិងអាចជួបគ្រូពេទ្យជំនាញដើម្បីទទួលការពិគ្រោះឲ្យបានច្បាស់លាស់ ប្រសិនអ្នកនៅតែមិនអាចបញ្ឈប់សកម្មភាពដកសក់នោះបាន៕ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ជំនាញសើស្បែក ព្រមទាំងជានាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា  ស្វែងយល់បន្ថែម៖ ដឹងទេថាទម្លាប់ដកសក់ទាក់ទងនឹងបញ្ហាផ្លូវចិត្ត? ©2017រក្សាសិទ្ធិគ្រប់យ៉ា​ដោយHealthtimeCorporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើដឹងទេថា ការព្រួយបារម្ភហួសហេតុមិនត្រឹមតែប៉ះពាល់សុខភាពផ្លូវចិត្តរបស់អ្នកនោះទេ តែវាក៏មានផលអវិជ្ជមានទៅផ្លូវកាយផងដែរ? ជាការពិត ការព្រួយបារម្ភតិចតួចអាចមានផលប្រយោជន៍ ព្រោះអ្នកនឹងអាចត្រៀមខ្លួនជាមុនជាមួយព្រឹត្តិការណ៍ដែលអាចកើតមានឡើងចំពោះមុខ ម៉្យាងទៀតខួរក្បាលជាសរីរៈមួយងាយបត់បែន គួបផ្សំជាមួយនឹងការផ្លាស់ប្ដូរឥរិយាបមួយចំនួន នោះអ្នកប្រាកដជាអាចគ្រប់គ្រងភាពតានតឹង និងបញ្ឈប់ការព្រួយបារម្ភបានមួយផ្នែក។ តាមរយៈអត្ថបទខាងក្រោមនឹងមានជាការណែនាំនូវគន្លឹះងាយៗ ដែលអ្នកនឹងអាចអនុវត្តសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។   សរសេរការព្រួយបារម្ភរបស់អ្នក ការបកប្រែភាពព្រួយបារម្ភទៅជាពាក្យជាក់លាក់នោះ អាចជួយផ្លាស់ប្ដូរភាពមន្ទិលសង្ស័យ និង ភាពស្រងេះស្រងោចឲ្យទៅជាបញ្ហាមួយដែលមានដំណោះស្រាយដ៏សមស្រប មិនថាវាគ្រាន់តែជាបញ្ហាតូចតាចដែលអ្នកមិនដឹងថាត្រូវពាក់អ្វីទៅកាន់ពិធីជប់លៀង ឬមិត្តភក្តិឈប់ខ្វល់ពីអ្នកក៏ដោយ។ ផ្អែកទៅលើការសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យមួយនៃរដ្ឋស៊ីកាហ្គោ (University of Chicago) បេក្ខជនអន្ទះសារមុនពេលប្រឡងដែលបានសរសេរអារម្មណ៏របស់ពួកគេមុនពេលចាប់ផ្ដើម អាចទទួលបានលទ្ធផលល្អជាងអ្នកដែលមិនបានសរសេរ។ ជារួមការសរសេររឿងព្រួយបារម្ភទាំងនោះអាចជួយឲ្យអ្នកបានត្រៀមខ្លួន និងស្វែងយល់កាន់តែច្បាស់ដើម្បីរកដំណោះស្រាយស័ក្តិសមមួយ ជាជាងធ្វើឲ្យការព្រួយបារម្ភកាន់តែគ្រប់គ្រងលើខ្លួនអ្នក។   តាំងសម្មាធិដោយប្រើចិត្តគំនិត អារម្មណ៍មិនស្រណុក ឬភាពតានតឹងបណ្តាលមកពីកាលវិភាគដ៏សេ្អកស្កះរបស់អ្នក អាចនឹងត្រូវបានព្យាបាលតាមរយៈការតាំងសម្មាធិ ដោយការសិក្សាផ្សេងៗគ្នាបានបញ្ជាក់ថា ការធ្មេចភ្នែក និងស្ដាប់ទៅលើចង្វាក់ដង្ហើមរបស់អ្នកអាចជួយពង្រឹងស្មារតីឲ្យនឹងនរ និងអភិវឌ្ឍនូវញាណដឹងផងដែរ។ អ្វីដែលអ្នកត្រូវធ្ វើគឺគ្រាន់តែបើកចិត្តគំនិតឲ្យទូលាយ និងរកកន្លែងដែលស្ងប់ស្ងាត់សម្រាប់អង្គុយក្នុងរយៈពេលប្រមាណ ២នាទីតែប៉ុណ្ណោះ។ កែប្រែភាពតានតឹងទៅជាលំហាត់ប្រាណ ការធ្វើលំហាត់ប្រាណផ្ដល់អត្ថប្រយោជន៍ចំពោះរាងកាយ ព្រមទាំងប្រាជ្ញាស្មារតី។ ខណៈដែលវាពិបាក និង ទាមទារភាពអំណត់នៅរាល់ពេលចាប់ផ្ដើម ការធ្វើលំហាត់ប្រាណជាប្រចាំអាចជួយឲ្យអ្នកក្លាយទៅជាម្ចាស់លើជីវិតបាន ដែលវាមានតម្លៃអាចជួយកាត់បន្ថយបានទាំងស្រុងនូវការបារម្ភ និងភាពស្មុគស្មាញ។ លំហាត់ប្រាណបែបអាអេរ៉ូបិក (aerobics exercise) តែងត្រូវបានណែនាំសម្រាប់អ្នកមានជំងឺបាក់ទឹកចិត្ត ព្រោះវាអាចជួយបន្ថយបរិមាណអ័រម៉ូនដែលធ្វើឲ្យតានតឹងដូចជាអាទ្រេណាលីន(adrenaline) និងកូរទីស៊ុល (cortisol) ហើយជំនួសមកវិញនូវការផលិតពពួកសារជាតិ អង់ដូហ្វីន(endorphins) នៅក្នុងខួរក្បាល ដែលអាចជួយបន្ថយការឈឺចាប់ និងបន្ធូរអារម្មណ៏។ ដូច្នេះ ការអនុវត្តអាចចាប់ផ្តើមតាមរយៈការដើរត្រឹមតែ ៥ ទៅ ១០នាទី គួបផ្សំនឹងការរំសាយភាពតានតឹងទៅតាមធម្មជាតិ ខណៈពេលជាមួយគ្នា គួរផ្ចង់អារម្មណ៍លើចលនាដៃជើង និងចង្វាក់ដង្ហើមផងដែរ។  បើទោះបីខួរក្បាលរបស់អ្នកមានសមត្ថភាពក្នុងការបត់បែនតាមការប្រែប្រួលនៃរាងកាយក៏ដោយ តែអ្នកក៏មិនត្រូវឲ្យភាពតានតឹងនៅតែបន្តគ្រប់គ្រង និងអូសបន្លាយក្នុងរយៈពេលណាមួយនោះទេ ដោយសារវាអាចជាដើមចមធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល មិនអាចធ្វើការផ្ចង់អារម្មណ៍  បាត់បង់ដំណេក ឆាប់ភ្លេចភ្លាំង ឬលែងខ្វល់ខ្វាយពីសុខភាព និងអាចប្រឈមទៅនឹងជំងឺបាក់ទឹកចិត្ត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការថប់អារម្មណ៍(Anxiety) ការព្រួយចិត្ត(Worry) និងការតានតឹងអារម្មណ៍(Stress) ក្លាយជាបញ្ហាប្រចាំថ្ងៃរបស់មនុស្សទូទៅក្នុងពេលបច្ចុប្បន្ននេះ។ ជាធម្មតា អ្នកមានការថប់អារម្មណ៍​ ឬការតានតឹងអារម្មណ៍ មិនមែនសុទ្ធតែចាំបាច់ត្រូវតែរកជំនួយពីអ្នកឯកទេសចិត្តសាស្ត្រនោះទេ ហើយក៏មិនមែនមានន័យថា អ្នកនោះមានជំងឺដែរ។ តាមការពិតការថប់អារម្មណ៍ គឺជាសញ្ញាណដាស់តឿនអ្នកឲ្យដឹងថា អ្នកកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ឬស្ថានភាពលំបាកខាងផ្លូវចិត្ត។ បើមិនមានការថប់អារម្មណ៍នោះទេ អ្នកពុំមានសមត្ថភាពប្រមើលមើលពីស្ថានភាពលំបាក និងត្រៀមខ្លួនសម្រាប់ប្រឈមមុខនឹងបញ្ហានោះដែរ។ ដើម្បីឲ្យលោកអ្នកប្រិយមិត្តអ្នកអានយល់កាន់តែច្បាស់ពីអត្ថន័យនៃការថប់អារម្មណ៍ និងការខ្លាចឲ្យកាន់តែច្បាស់មានដូចខាងក្រោម ៖          ការថប់អារម្មណ៍ នឹងក្លាយជាបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរណៅពេលដែលមានសភាពរ៉ាំរ៉ៃ និងសំខាន់ដល់ការរស់នៅប្រចាំរបស់យើង ហើយរំខានសមត្ថភាពបំពេញការងាររបស់យើង។  អ្នកដែលមានការថប់អារម្មណ៍រ៉ាំរ៉ៃមានសញ្ញាណដូចខាងក្រោម៖ ·តឹងណែនសាច់ដុំ ·មានសភាពអស់កម្លាំងល្ហិតល្ហៃ ·ខ្សោយការចងចាំ ឬភ្លេចភ្លាំងច្រើន ·បែកញើសបាតដៃ ·អារម្មណ៍ភ័យខ្លាច ឬច្របូកច្របល់ ·ពុំមានអារម្មណ៍ស្ងប់ ·មានទុក្ខព្រួយជានិច្ច ·ដកដង្ហើមខ្លីៗ​ដាច់ៗ ·ញ័របេះដូង ឬជីពចរដើរញាប់ ·ធ្វើទុក្ខក្រពះ ·ខ្សោយការផ្ចង់អារម្មណ៍។     ជាចុងក្រោយ អ្នកគួររក្សា ឬការគ្រប់គ្រងការគិតរបស់លោកអ្នកឲ្យបានល្អប្រសើរចៀសវាងការគិតហួសកម្រិតមួយ។ មួយវិញទៀត ការសម្រាកគ្រប់គ្រាន់ ការបរិភោគត្រឹមត្រូវ​ការហាត់ប្រាណជាដើម ពិតជាបានបន្ថយនៃបញ្ហាផ្លូវចិត្តនេះបានច្រើនផងដែរ៕ ស្វែងយល់បន្ថែម៖ បញ្ហាថប់អារម្មណ៍  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើអ្នកធ្លាប់មានអារម្មណ៍ធ្លាក់ទឹកចិត្តឬទេ? ជាការពិតណាស់ អារម្មណ៏បែបនេះតែងតែកើតមានជារឿយៗ ពេលដែលអ្នកធ្វើអ្វីមួយមិនសមតាមបំណង។ ការធ្លាក់ទឹកចិត្ត គឺជារឿងធម្មតាទៅហើយសម្រាប់មនុស្សគ្រប់រូប ក៏ប៉ុន្តែអ្វីដែលសំខាន់នោះ គឺតើធ្វើយ៉ាងដូចម្តេចទើបអាចបំបាត់អារម្មណ៍ការធ្លាក់ទឹកចិត្តបាននោះ? ឱសថពិតជាអាចជួយក្នុងការទប់ទល់ទៅនឹងជំងឺធ្លាក់ទឹកចិត្ត។  យ៉ាងណាមិញ  វិធីព្យាបាលមួយបែបផ្សេងទៀតដែលគេហៅថា ការប្រើប្រាស់អាកប្បកិរិយាក្នុងការគិត (ការផ្តោតសំខាន់ទៅលើការផ្លាស់ប្តូរអាកប្បកិរិយាក្នុងការគិតអំពីរឿងរ៉ាវផ្សេងៗ) អាចនឹងក្លាយជាការព្យាបាលមួយដ៏មានប្រសិទ្ធិភាព ឬក៏អាចប្រសើរជាងការប្រើប្រាស់ឱសងផងក៏ថាបាន។ ទន្ទឹមនឹងនេះ ក្នុងចំណោមវិធីទាំងអស់មានមួយចំនួនដែលអាចអនុវត្តនៅផ្ទះដោយខ្លួនឯងបាន ដោយពុំចាំបាច់មានការហ្វឹកហាត់។ ១.ចៀសវាងការគិតអន្តរាយ៖ រឿងរ៉ាវតេមួយគត់ដែលអាចនាំមកឲ្យអ្នកបំបាក់ស្មារតីខ្លួនឯងនោះ គឺការគិតអ្វីមួយក្នុងផ្លូវអវិជ្ជាមានខ្លាំងពេក។ មនុស្សដែលគ្មានការងារធ្វើច្រើនតែគិតដូចនេះ។ ការគិតតែភាពអន្តរាយពុំមែនជាការល្អសម្រាប់សុភាពទេ។ ចូរកុំគិតពីផល្ធផលអាក្រក់់បំផុត បើទោះបីជាវាប៉ះពាល់ដល់អារម្មណ៍យ៉ាងណាក៏ដោយ។  ២.បញ្ឈប់ការសញ្ជឹងគិត៖ ជួនកាល ការប៉ះទង្កិចគ្នាជាមួយមិត្តរួមការងារ ឬវ៉ៃតប់ជាមយយមិត្តភក្តិ តែងតែដិនដាមយ៉ាងស្អិតរមួតក្នុងចិត្តរបស់អ្នក ដែលជាដើមហេតុធ្វើឲ្យអ្នកគិតពីបញ្ហានេះជាប់រហូត។ ការរាលដាននៃកំហឹង ភាបតានតឹង និងការរសាប់រសល់ គឺពិតជាមានការប៉ះពាល់ទៅដល់ដំណើរនៃការចងចាំ។ នេះជាការគិតសញ្ជឹងគិត ការគិតរបៀបនេះគឺជាផ្នែកមួយដ៏ខ្លាំងក្លាដែលនាំឲ្យអ្នកបាក់ទឹកចិត្ត ប្រតិកកម្មរហ័ស ឬក៏មានរ៉េផ្លិចគឺជាការល្អ ព្រោះវាអាចបង្កើនសមត្ថភាពរបស់អ្នកក្នុងការដោះស្រាយបញ្ហា ក៏ប៉ុន្តែការសញ្ជឹងគិតដែលយើងបានរៀបរាប់ខាងលើនេះមានលក្ខណះផ្ទុយគ្នាស្រលះពីការមានរ៉េផ្លិច។  ប្រសិនអ្នកទទួលអារម្មណ៍ថាអ្នកកំពុងស្ថិតនៅក្នុងការសញ្ជឹងគិតនូវអ្វីមួយដែលមិនល្អ អ្នកគួរតែបង្វែរការគិតរបស់អ្នកទៅរកការគិតអ្វីមួយដែលសប្បាយ ឬធ្វើការតាំងសមាធិជាដើម។ វិធីព្យាបាលដោយការផ្លាស់ប្តូរអាកប្បកិរិយាក្នុងការគិតជារឿយៗមានគោលដៅយ៉ាងសំខាន់ក្នុងការកម្ចាត់អារម្មណ៏ដែលកើតពីការសញ្ជឹងគិតមិនល្អ ព្រោះវាអាចមានការបង្កឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នកយ៉ាងធ្ងន់ធ្ងរ។ ៣.បញ្ឈប់ការព្យាករពីអនាគតរបស់អ្នក៖ មនុស្សតិចបំផុតដែលភ្ចាប់ជាមួយនូវសមត្ថភាពពិសេសពីកំណើត គឺអាចប៉ាន់ស្មានដឺងពីអនាគតកាល ក៏ប៉ុន្តែមនុស្សដែលធ្លាក់ទឹកចិត្តជានិច្ចកាល យល់ថាពួកគេអាចដឹងរឿងរ៉ាវនានាដែលអាចនឹងកើតឡើងចំពោះខ្លួនគេក្នុងរយៈពេលមួយថ្ងៃមួយខែឬក៏មួយឆ្នាក៏មាន ហើយជាទូទៅវាគឺជារឿងមិនល្អដែលកើតមានឡើង ឬមួយជារឿងមួយអន្តរាយនានា។ ប៉ុន្តែជាចៃដន្យល្អណាស់ ដែលការរំពឹងទុកទាំងអស់នោះកម្រក្លាយជាការពិត។ ចូរព្យាយាមគិតពីបច្ចុប្បន្នកាល ព្រោះវាអាចធ្វើឲ្យអ្នកគ្រប់គ្រងដំណើរជីវិតអ្នកកបានល្អ និងចៀសវាងនូវការធ្វើអ្វីដែលគ្មានប្រយោជន៍។ ៤.ចៀសវាងការគិតពីអតីតកាលច្រើនពេក៖ វាពិតជាអត់ប្រយោជន៍ខ្លាំងណាស់សម្រាប់ការស្តាយក្រោយ។ រីឯការនិយាយទៅកាន់ខ្លួនឯងថា អ្នកគួរតែបានធ្វើបែបនេះ ហើយអ្នកគួរបាបអ្វីបែបនោះរឹតតែជារឿងអត់ប្រយោជន៍ទៅទៀត នេះក៏ដោយសារតែអ្នកមិនអាចកែប្រែអតីតកាលបាន ផ្ទុយទៅវិញអ្នកកំពុងតែរស់នៅក្នុងបច្ចុប្បន្នកាល។ អ្នកគួរគប្បីទទួលស្គាល់ថា អ្នកបានធ្វើអ្វីដែលល្អហើយ  និងការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតចំពោះកាលទេសៈ និងស្ថានការណ៏ដែលអ្នកបានឆ្លងកាត់កន្លងមក។ អតីតកាលនៅតែជាអតីតកាល ហេតុដូច្នេះហើយ អ្នកមិនត្រូវស្អប់ខ្លួនឯង ហើយបណ្តោយឲ្យខ្លួនឯងដើរផ្លូវខុសកាន់តែជ្រៅទៅៗនោះទេ ទន្ទឹមនេះផងដែរ អ្នកគួរតែធ្វើការត្រួតពិនិត្យខ្លួយនឯងចំពោះការសញ្ចឹងគិតអ្វីដែលមិនល្អ ដោយសារតែការគិតអំពីរឿងអតីតកាលអាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនស្ងប់។ ចូរអ្នកគិតអំពីគិតអំពីបញ្ហាអនាគតឲ្យបានច្រើនវិញប្រសើរជាង។ ៥.រក្សាទំនាក់ទំនងជាមួយអ្នកដទៃ៖ លក្ខណៈដែលគួរកត់សម្គាល់មួយទៀតនៃការធ្លាក់ទឹកចិត្ត គឺភាពឯកា។ អារម្មណ៍បែបនេះអាចនឹងកើតមានឡើងយ៉ាងងាយបំផុត ប្រសិនបើអ្នកគ្មានការងារធ្វើ ឬក្នុងករណីដែលអ្នកមិនចង់ឃើញ និងជួបអ្នកដទៃនីពេលដែលអ្នកបាក់ទឹកចិត្ត។ ការធ្វើចិត្តឲ្យក្លាហាន ព្រមទាំងការពង្រីកទំនាក់ទំនងជាមួយសង្គមខាងក្រៅអាចផ្តល់ឱកាសដល់អ្នកក្នុងការទទួលការគាំទ្រហើយប្រហែលជាអ្នកអាចនឹងរកឃើញមនុស្សដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពដូចអ្នកថែមទៀតផង។ ការឃុំខ្លួនឯងនៅក្នុងបន្ទប់តែម្នាក់ឯងនឹងធ្វើឲ្យអ្នកកាន់តែគ្មានកម្លាំងចិត្ត។ ហេតុនេះ ការមានទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ បើទោះបីជាតិចតួចក្តី ក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយដែរ។ ៦.ប្រកាន់ខ្ជាប់នូវទម្លាប់ឲ្យបានទៀងទាត់៖ ទោះបីជាពេលខ្លះអ្នកមិនចូលចិត្តទម្លាប់របស់អ្នកក៏ដោយ អ្នកត្រូវតែប្រាកដខ្លួនអ្នកឲ្យបានច្បាស់ថាអ្នកក្រោកពីដំណេកទៀងម៉ោង បរិភោគអាហារទៀងពេលជារៀងរាល់ថ្ងៃ (បើទោះបីមានពេលខ្លះអ្នកមិនឃ្លានក៏ដោយ) ហើយចៀសវាងការធ្វើអ្វីដែលនាំឲ្យអ្នកគេងមិនលក់ ឬមិនស្កប់នៅពេលយប់។ ម៉្យាងវិញទៀតវានឹងរឹតតែប្រសើរទៅទៀត ប្រសិនជាអ្នកអាចយកការចូលរួមសកម្មភាពសង្គមជាទម្លាប់ក៏ល្អមួយរបស់អ្នកបាន៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

  ការថប់អារម្មណ៍(Anxiety) ការព្រួយចិត្ត(Worry) និងការតានតឹងអារម្មណ៍(Stress) ក្លាយជាបញ្ហាប្រចាំថ្ងៃរបស់មនុស្សទូទៅក្នុងពេលបច្ចុប្បន្ននេះ។ ជាធម្មតា អ្នកមានការថប់អារម្មណ៍​ ឬការតានតឹងអារម្មណ៍ មិនមែនសុទ្ធតែចាំបាច់ត្រូវតែរកជំនួយពី អ្នកឯកទេសចិត្តសាស្ត្រនោះទេហើយក៏មិនមែនមានន័យថាអ្នកនោះមានជំងឺដែរ។ តាមការពិតការថប់អារម្មណ៍ គឺជាសញ្ញាណដាស់តឿនអ្នកឲ្យដឹងថា អ្នកកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ឬស្ថានភាពលំបាកខាងផ្លូវចិត្ត។ បើមិនមានការថប់អារម្មណ៍នោះទេ អ្នកពុំមានសមត្ថភាពប្រមើលមើលពីស្ថានភាពលំបាក និងត្រៀមខ្លួនសម្រាប់ប្រឈមមុខនឹងបញ្ហានោះដែរ។ ដើម្បីឲ្យលោកអ្នកប្រិយមិត្តអ្នកអានយល់កាន់តែច្បាស់ ពីអត្ថន័យនៃការថប់អារម្មណ៍ និងការខ្លាចឲ្យកាន់តែច្បាស់មានដូចខាងក្រោម          ការថប់អារម្មណ៍ នឹងក្លាយជាបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរណៅពេលដែលមានសភាពរ៉ាំរ៉ៃ និងសំខាន់ដល់ការរស់នៅប្រចាំរបស់យើង ហើយរំខានសមត្ថភាពបំពេញការងាររបស់យើង។  អ្នកដែលមានការថប់អារម្មណ៍រ៉ាំរ៉ៃមានសញ្ញាណដូចខាងក្រោម៖ ·តឹងណែនសាច់ដុំ ·មានសភាពអស់កម្លាំងល្ហិតល្ហៃ ·ខ្សោយការចងចាំ ឬភ្លេចភ្លាំងច្រើន ·បែកញើសបាតដៃ ·អារម្មណ៍ភ័យខ្លាច ឬច្របូកច្របល់ ·ពុំមានអារម្មណ៍ស្ងប់ ·មានទុក្ខព្រួយជានិច្ច ·ដកដង្ហើមខ្លីៗ​ដាច់ៗ ·ញ័របេះដូង ឬជីពចរដើរញាប់ ·ធ្វើទុក្ខក្រពះ ·ខ្សោយការផ្ចង់អារម្មណ៍ សញ្ញាទាំងនេះ គឺបង្ហាញពីស្ថានភាពវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ហើយវាល្មមគ្រប់គ្រាន់ធ្វើឲ្យបុគ្គលនោះមានអារម្មណ៍មិនសុខស្រួល មិនអាចគ្រប់គ្រងខ្លួនឯងបាន និងមានអារម្មណ៍ថាខ្លួនឯងតែលតាលឯកា។ ការថប់អារម្មណ៍បែងចែកជាច្រើនប្រភេទ វាអាស្រ័យទៅលើសញ្ញានីមួយៗ និងស្ថានភាពរបស់វាដែលបុគ្គលម្នាក់បានជួបប្រទះ។ ការថប់អារម្មណ៍ដែលលើកយកមកនិយាយមានដូចខាងក្រោម៖ ·ការថប់អារម្មណ៍ ·ការតក់ស្លុត ·ការថប់អារម្មណ៍ ឬការខ្លាញសង្គម ។ល។ ការថប់អារម្មណ៍ទូទៅមានសញ្ញាទូទៅរបស់វា គឹបុគ្គលនោះមានការព្រួយបារម្ភហួសហេតុ មិនចំពោះរឿងអ្វីមួយច្បាស់លាស់។ ជាធម្មតាមនុស្សទូទៅតែងតែមានការព្រួយបារម្ភក្នុងកម្រិតណាមួយ ឬក្នុងចំណុចណាមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់គេ ប៉ុន្តែសម្រាប់អ្នកដែលមានការថប់អារម្មណ៍ទូទៅ គឺគេមានការព្រួយបារម្ភហួសប្រមាណ វាលើលពីស្ថានភាពដែលកើតមានហើយមានផលប៉ះពាល់ពីការព្រួយបារម្ភនោះ ចេះតែបន្តកើតមានឥតឈប់ឈររយៈពេលយូរ។   គោលសំខាន់នៃការព្រួយបារម្ភរបស់គេរួមមាន៖   ការបារម្ភពីសុខភាពហួសហេតុ ការបារម្ភគឺបញ្ហាសេដ្ឋកិច្ចគ្រួសារហួសហេតុ ការបារម្ភបីការទទួលខុសត្រូវការងារហួសហេតុ ការព្រួយបារម្ភពីសុវត្ថិភាពសមាជិកគ្រួសារហួសហេតុ សូម្បីតែពេលខ្លះសមាជិកគ្រួសារណាម្នាក់ត្រឡប់ មកផ្ទះយឺតយ៉ាងតិចតួចក៏អាចធ្វើឲ្យគេមានការព្រួយបារម្ភហួសវិស័យដែរ។ ការព្រួយបារម្មណ៍ទាំងនោះហួសពីសមត្ថភាពដែលបុគ្គលនោះគ្រប់គ្រងខ្លួនឯងបានហើយអាចរំខានដល់កិច្ចការរបស់គេទៀតផង។   អារម្មណ៍ទាំងនោះអាចអមដោយបញ្ហារាងកាយមួយចំនួនផងដែរដូចជា ការឈឺចាប់ និងតានតឹងតាមសាច់ដុំ ឈឺក្បាល បត់ជើងតូចញឹកញាប់ ពិបាកលេបចំណី ឬញាក់សាច់ដុំជាដើម។​ មានមនុស្សមួយចំនួន ការថប់អារម្មណ៍ និងការព្រួយបារម្ភរ៉ាំរ៉ៃអាចកើតមានគ្រប់កាលៈទេសៈ និងគ្រប់ហេតុការណ៍ទាំងអស់។អ្នកជំនាញសុខភាពកំណត់កំណត់ថាជាការថប់អារម្មណ៍ទូទៅខណៈមូលហេតុដែលបណ្តលឲ្យកើតមានការថប់បារម្ភនេះ ពុំបានត្រូវកំណត់ឲ្យច្បាស់លាស់នោះទេ។ ជារួមអ្នកជំនាញយល់ថា​ មូលហេតុដែលបណ្តាលឲ្យកើតមានការថប់បារម្ភទូទៅរួមមាន កត្តាជីវសាស្រ្ត និងបទពិសោធន៍ពីព្រឹត្តការណ៍រន្ធត់ណាមួយដែលធ្លាប់កើតមានការកើតមានក្នុងជីវិត។  វាជារឿងធម្មតាសម្រាប់អ្នកមានការថប់បារម្ភ គឺតែងតែរួមមានបញ្ហាវេជ្ជសាស្រ្តមួយចំនួនរួមផ្សំផងដែរដូចជាការក្រៀមក្រំនិងភ័យរន្ធត់ជាដើម។ទាំងនេះអាចបណ្តាលមកពីប្រតិកម្មគីមីដែលអាចកើតមាន នៅក្នុងប្រពន្ធ័ប្រសាទនៃខួរក្បាល។ (មានត)   សញ្ញាណមួយចំនួននៃការថប់អារម្មណ៍រ៉ាំរ៉ៃ៖     ចំណុចសំខាន់បំផុតនោះគឺវាមានភាពរ៉ាំរ៉ៃ និងការព្រួលបារម្ភដែលមិនសមហេតុផល និងមិនអាចបញ្ឍប់បាន ហើយតែបន្តកើតមានជាប់ៗគ្នា។ អ្នកមានបញ្ហានេះនឹងមានអារម្មណ៍ថា​ពិបាកគ្រប់គ្រងការព្រួយចិត្តរបស់ខ្លួនណាស់។ជាងនេះទៅទៀតក្នុងដំណាក់កាលនេះអ្នកអាចមានបញ្ហា អាចនឹងមានបញ្ហារាងកាយមួយចំនួនផងដែរដែលទាក់ទងនឹងការថប់អារម្មណ៍។ យ៉ាងហោចណាស់មានសញ្ញាណបីក្នុងសញ្ញាខាងក្រោមនេះអាចលេចឡើងលើកសពី៦ខែដូចជា៖ ·ឆាប់រំភើបញាក់ញប់មិនអាចស​ម្រាកបានស្រួល ·ងាយវិលមុខ អស់កម្លាំង ·មិនអាចផ្ចង់អារម្មណ៍ និងហាក់បីដូចជាគិតមិនចេញបានសោះ ·ក្រហល់ក្រហាយក្នុងរាងកាយ ឬក្នុងពោះ ·តឹងណែនសាច់ដុំ ·បញ្ហាដំណេក(ពិបាកគេង ឬគេងហើយក្រោកមិនរួច គេងមិនស្គប់ និងគេងមិនឆ្អែត)។ ពិសេសជាងនេះទៅទៀត អ្នកមានអារម្មណ៍ថប់ និងមានការព្រួយបារម្ភ គឺមិនកំណត់ថាវាកើតមានឡើងជាក់លាក់ទៅលើបញ្ហាអ្វីមួយ ឬចំពោះព្រឹត្តិការណ៍អ្វីមួយច្បាស់លាស់នោះទេ ដូចជាភាពតក់ស្លុតដោយហេតុការណ៍ណាមួយនោះឡើយ ឬដោយសាររងភាពអាម៉ាសពីបញ្ហាអ្វីមួយជាក់លាក់ឡើយ៕ បកស្រាយដោយ លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោប​ល់ផ្លូវចិត្ត និងជាអ្នកចិត្តសាស្ត្រ ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top