- Aug 16, 2018 |
- 6 ឆ្នាំមុន |
- 9.1K មើល
រាកដោយសារវីរុស ជាជំងឺធ្ងន់ធ្ងរឬយ៉ាងណា?
រាក គឺបណ្តាលមកពីការបាត់បង់លំនឹងនៃការស្រូបយកទឹក ដោយហេតុថា ពោះវៀនដែលធ្លាប់មានតួនាទីស្រូប ទឹកឲ្យលាមកទៅជារឹង បែរជាបញ្ចេញជាតិទឹកធ្វើឲ្យលាមកកាន់តែមានសភាពរាវខុសពីធម្មតា។ ភាគច្រើន ជំងឺរាកបង្កឡើងដោយ ពពួកវីរុស បាក់តេរី ថ្នាំមួយចំនួន ជំងឺមួយចំនួនដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយ ឬដោយសារជំងឺក្រពេញមួយចំនួន។ ការស្រាវជ្រាវបានបង្ហាញថា នៅក្នុងសកលលោកមានមនុស្សកើតជំងឺរាកជាង២.៥លាននាក់ ក្នុងមួយឆ្នាំៗ មិនថាប្រទេសអភិវឌ្ឍ ឬកំពុងអភិវឌ្ឍនោះទេ។ តាមទិន្នន័យរបស់ក្រសួងសុខាភិបាលប្រទេសកម្ពុជា ឆ្នាំ២០១២ មានអ្នកជំងឺរាកចំនួនប្រមាណ ៣៩២ ១៨៥នាក់ ដែលបានមកពិគ្រោះជំងឺជាមួយគ្រូពេទ្យ ក្នុងនោះកុមារដែលមានអាយុក្រោម៥ឆ្នាំមានចំនួន១៨៧ ៥៣៨នាក់។ និយមន័យ ជំងឺរាកដោយវីរុស គឺជាការបង្ករោគដោយវីរុសមួយចំនួនដែលបណ្តាលឲ្យរាក រួមមាន Rotavirus Adenovirus Astrovirus ឬNovovirus ក្នុងចំណោមនោះ Rotavirus ជាវីរុសបង្កឲ្យរាកច្រើនជាងគេ ពិសេសកុមារអាយុក្រោម៥ឆ្នាំ ដោយសារអនាម័យ របស់ពួកគេនៅមានកម្រិត។ គួរបញ្ជាក់ថា ការរាក ដែលបង្កដោយវីរុស មិនមានសភាពធ្ងន់ធ្ងរ ដូចជំងឺរាកដែលបង្កដោយពពួកបាក់តេរី ឬដោយសារជំងឺ ផ្សេងៗនោះទេ។ រោគសញ្ញា ករណីរាកដោយសារវីរុស ភាគច្រើនមិនមានប៉ះពាល់ដល់ពោះវៀនធំ ឬធ្វើឲ្យរលាកពោះវៀនធ្ងន់ធ្ងរទេ តែវាធ្វើឲ្យលេចចេញជារោគសញ្ញាមួយចំនួនដូចជា៖ • រាកទឹក (មិនមានឈាម ឬសម្បោរទេ) • ក្តៅខ្លួន (តែមិនក្តៅខ្លាំង និងឆាប់បាត់ទៅវិញ) • ឈឺចាប់ក្នុងពោះតិចតួច • ចង្អោរ ក្អួត • បាត់បង់ជាតិទឹកដែលអាច ធ្វើឲ្យភ្នែកខូង ស្បែកជ្រួញ ស្ងួតមាត់ ស្រេកទឹក ក្នុងករណីធ្ងន់ធ្ងរ កុមារអាចមានអាការៈសន្លឹម។ យន្តការរាកដោយវីរុស នៅពេលកុមារញ៉ាំទឹក ឬអាហារ ដែលមានផ្ទុកនូវវីរុសប្រភេទដូចរៀបរាប់ខាងលើ ហើយវីរុសចូល ដល់ក្នុងខ្លួន ធ្វើឲ្យភ្នាសកោសិកាពោះវៀនបាត់បង់មុខងារ កោសិការបស់ពោះវៀនមិនអាចស្រូបយកទឹកបាន ហើយថែមទាំងបញ្ចេញទឹកមួយចំនួនមកវិញ បង្កឲ្យលាមកមានសារធាតុទឹកច្រើន ខុសប្រក្រតីដែលយើងហៅថារាក។ អាការៈនៃការ រាកដោយវីរុសអាចកើតឡើង២ ឬ៣ថ្ងៃ និងបាត់ ទៅវិញដោយឯកឯង ប៉ុន្តែបើរាកលើសពីមួយសប្តាហ៍គួរប្រយ័ត្ន ព្រោះវាអាចជាបញ្ហាផ្សេងទៀតដែលមិនមែនជាការរាកដែលបង្កឡើងដោយវីរុស តែអាចគ្រោះថ្នាក់ដល់ជីវិត។ ការធ្វើរោគវិនិច្ឆ័យ រាកដោយសារវីរុស យើងអាចធ្វើរោគវិនិច្ឆ័យដោយមើលលើសញ្ញាជាក់ស្តែង ដូចជា លាមកមិនប្រក្រតីមានទឹកច្រើនជាងធម្មតា ហើយគាត់បត់ជើងញឹកញាប់ បើតាមវេជ្ជសាស្ត្រ គឺបត់ជើងលើសពី៣ដង ក្នុងមួយថ្ងៃ ហើយនិយាយពីកំហាប់វិញ គឺទឹកច្រើន ជាងកាក។ ចំពោះការពិនិត្យអមវេជ្ជសាស្រ្តផ្សេងទៀតមិនមានការចាំបាច់ទេបើអាការៈរាកមិនធ្ងន់ធ្ងរក្នុងករណីដែលមានការសង្ស័យថារាកដោយសារមូលហេតុផ្សេងៗទៀត ដូចជាបាក់តេរី ឬជំងឺផ្សេងៗដែលបានរៀបរាប់ខាងលើ ទើបការពិនិត្យអមវេជ្ជសាស្រ្ត ដូចជាការពិនិត្យឈាម ឬលាមក មានភាពចាំបាច់ គឺដើម្បីរកមូលហេតុច្បាស់លាស់ វាយតម្លៃភាពធ្ងន់ធ្ងរ ធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ និង ចៀសវាងគ្រោះថ្នាក់។ ការព្យាបាល ដោយសារតែផលវិបាកនៃជំងឺរាក គឺធ្វើឲ្យបាត់បង់ជាតិទឹក ដូចនេះ អ្នកជំងឺនឹងតម្រូវឲ្យមានការបំពេញ ជាតិទឹកបន្ថែម ក្នុងករណីមិនធ្ងន់ធ្ងរ អ្នកជំងឺអាចញ៉ាំទឹកអូរ៉ាលីត្រ ១២០មីលីត្រក្នុងការរាកម្តង។ការប្រើប្រាស់ថ្នាំផ្សេងទៀតអាចធ្វើទៅតាមសញ្ញារបស់អ្នកជំងឺដូចជាថ្នាំបំបាត់ក្តៅខ្លួនជាដើម។ ក្នុងករណីធ្ងន់ធ្ងរមួយចំនួនដូចជាបត់ជើងឈាម ក្តៅខ្លួនខ្លាំងរាកមានចំនួនច្រើន ករណីនេះបំពេញជាតិទឹក ដែលខ្វះ តាមការផឹកទឹកអាចមិនគ្រប់គ្រាន់ អ្នកជំងឺនឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ ។ វិធីសាស្ត្រការពាររាកអាចការពារបានដោយធ្វើអនាម័យឲ្យល្អដូចជា៖ • ញ៉ាំទឹកស្អាត • លាងដៃមុនញ៉ាំអាហារ ឬក្រោយចេញពីបង្គន់ • អនាម័យលើរបស់របរប្រើប្រាស់របស់កុមារដូចជាកំប៉ុងទឹកដោះគោ ជាដើម។ ទោះបីជំងឺរាកដោយវីរុសមិនសូវមានភាពធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែគ្រប់ម្តាយទាំងឡាយគួរតែយកចិត្តទុកដាក់ប្រុងប្រយ័ត្នជានិច្ច ប្រសិនកូនមានជំងឺរាក ពិសេសទារកអាយុក្រោម ៣ខែមានទម្ងន់តូចជាង ៨គីឡូក្រាម ឬកើតមិនគ្រប់ខែ។ គួរបញ្ជាក់ផងដែរ ថា បើទារកមានសញ្ញារាកច្រើនខុសធម្មតា លាយឈាម ឬសម្បោរ ស្ងួតមាត់ ភ្នែកខូង ឬមានអាការៈ សន្លឹមម្តាយគួរប្រញាប់បញ្ជូនទារកទៅកាន់មន្ទីរពេទ្យដែលនៅជិតអ្នកបំផុតឲ្យបានទាន់ពេលវេលាដើម្បីចៀសវាងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត គី វុត្ថា ប្រធានផ្នែក ថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក