Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

និយមន័យ ជំងឺក្រឡាភ្លើងជាជំងឺដែលកើតលើស្ត្រីមានផ្ទៃពោះ ចាប់ពីសប្តាហ៍ទី ២០ឡើងទៅ។ វាស្តែងចេញនូវសញ្ញា ហើម លើសសម្ពាធឈាម និងលើសជាតិប្រូតេអ៊ីនក្នុងទឹកនោម។ ប្រសិនបើមិនមានការព្យាបាលបានត្រឹមត្រូវទេនោះ វាអាចបណ្តាលឲ្យស្ត្រីប្រកាច់ និងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរដល់ជីវិត។ ជំងឺនេះត្រូវបានរកឃើញថា កើតមានច្រើនគួរឲ្យកត់សម្គាល់ នៅប្រទេសកម្ពុជាយើង។   រោគសញ្ញា ភាគច្រើនស្ត្រីដែលប្រឈមនឹងបញ្ហានេះ ច្រើនបង្ហាញឲ្យឃើញនូវរោគសញ្ញាមួយចំនួនរួមមាន៖ • ហើមជើង ព្រមទាំងហើមពេញខ្លួន • ឈឺក្បាល វិលមុខ និងស្រវាំងភ្នែក • ក្អួតចង្អោរ និងឈឺចុកក្រោមឆ្អឹងជំនី • កូនមានសភាពតូចជាងអាយុធម្មតា • សម្ពាធឈាមផ្នែកខាងលើ (Systolic Pressure)>140 mmHg • សម្ពាធឈាមផ្នែកខាងក្រោម (Diastolic Pressure)>90 mmHg • ជាតិប្រូតេអុីនក្នុងទឹកនោម > 300 mg/24h។ មូលហេតុជំងឺក្រឡាភ្លើងកើតឡើងពីកំហុសនៃការកាច់សម្បុករបស់គភ៌ ដែលធ្វើឲ្យការផ្តល់ឈាមពីម្តាយទៅកូនតាមរយៈសុក ដំណើរការមិនបានល្អ។   កត្តាប្រឈម ស្ត្រីអាចនឹងមានហានិភ័យកាន់តែខ្ពស់ក្នុងការកើតជំងឺក្រឡាភ្លើង ប្រសិនបើពួកគាត់មានកត្តាប្រឈមដូចខាងក្រោម៖ • ស្ត្រីដែលធ្លាប់មានជំងឺនេះពីមុនមក • ស្ត្រីវ័យចំណាស់ដែលមានអាយុលើសពី ៤០ឆ្នាំ • ស្ត្រីដែលមានជំងឺលើសឈាមស្រាប់ និងទឹកនោមផ្អែមស្រាប់ • ស្ត្រីមានកូនលើកដំបូង • ស្ត្រីដែលមានជំងឺទាក់ទងនឹងកំណកឈាម • ស្ត្រីមានបញ្ហាតម្រងនោម • ស្ត្រីមានកូនភ្លោះ និងស្ត្រីដែលមានកូនលើសពីពីរ។ ផលវិបាក ជាទូទៅស្ត្រីដែលមានជំងឺនេះ អាចមានផលវិបាកដូចជា៖ • ប្រកាច់ • មានកំណកឈាមខាងក្រោមសុក • វិវឌ្ឍជា HELLP Syndrome បែកគ្រាប់ឈាម ថយចុះផ្លាកែត និងថយចុះមុខងាររបស់ថ្លើម • Disseminated intravascular coagulation • មានបញ្ហាតម្រងនោមស្រួចស្រាវ • លើសសារធាតុខ្លាញ់ក្នុងកោសិកាថ្លើម(Acute Fatty Liver) • ឈាមទៅចិញ្ចឹមខួរក្បាលមិនដល់ (Cerebral Ischemia) • Retinal Detachment • កូនក្នុងផ្ទៃលូតលាស់យឺត ឬស្លាប់ក្នុងផ្ទៃ។   ការព្យាបាល ចំពោះស្ត្រីដែលមានជំងឺក្រឡាភ្លើង ចាំបាច់ត្រូវតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ រួមជាមួយនឹងការថែទាំយ៉ាងយកចិត្តទុកដាក់ ទាំងម្តាយ និងកូនក្នុងផ្ទៃ។ សូមបន្ថែមថា ដើម្បីព្យាបាលស្ត្រីឲ្យជាសះស្បើយ គឺតម្រូវឲ្យកូនសម្រាលតាមបែបធម្មជាតិ ឬតាមវិធីវះកាត់ អាស្រ័យនឹងស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺ។   គួរបញ្ជាក់ថា គ្រប់ស្ត្រីទាំងអស់គួរធ្វើការពិនិត្យសុខភាព នៅរាល់ពេលដែលលោកអ្នកបាត់រដូវ ជាមួយគ្រូពេទ្យឯកទេស ដែលនៅជិតអ្នកបំផុត។ ករណីស្ត្រីដែលមានផ្ទៃពោះស្រាប់ សូមធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់ជារៀងរាល់ខែព្រោះប្រសិនបើមានរោគសញ្ញានានាដូចបានរៀបរាប់ខាងលើនោះ នឹងអាចទទួលបានការព្យាបាលទាន់ពេលវេលា។   បកស្រាយដោយ ៖ វេជ្ជបណ្ឌិត អ៊ុយ សុផា វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកាល់ម៉ែត្រ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ នាងខ្ញុំអាយុ ២៧ឆ្នាំ កំពុងពពោះកូនអាយុ ៣ខែ ជាស្ត្រីមេផ្ទះ ដឹងខ្លួនថាមានផ្ទុកមេរោគអេដស៍បន្ទាប់ពីធ្វើតេស្តឈាមនៅប៉ុន្មានសប្តាហ៍មុនជាមួយនឹងប្តីរបស់ខ្ញុំ។ តើកូនរបស់ខ្ញុំអាចឆ្លងមេរោគអេដស៍ពីខ្ញុំដែរឬទេ? តើមានវិធីអ្វីអាចជួយឲ្យកូនចៀសផុតពីការឆ្លងមេរោគនេះដែរឬទេ? តើខ្ញុំអាចទទួលយកការព្យាបាលដោយឱសថពន្យារជីវិតនៅអំឡុងពេលនេះឬទេ?   ចម្លើយ ៖ ស្ត្រីដែលមានផ្ទុកមេរោគអេដស៍ អាចមានកូនដែលគ្មានផ្ទុកមេរោគនេះបាន ប៉ុន្តែប្អូនត្រូវទទួលយកការព្យាបាល ប្រឆាំងនឹងមេរោគអេដស៍នេះ(Antiretroviral treatment ឬ ART) ឲ្យបានកាន់តែឆាប់កាន់តែប្រសើរក្រោយពីបានដឹងថាខ្លួនមានមេរោគអេដស៍។ ការព្យាបាលនេះ ត្រូវធ្វើឡើងទាំងអំឡុងពេលមានផ្ទៃពោះ ក្រោយពេលសម្រាល និងពេលបំបៅដោះផងដែរ។ ប្រសិនបើប្អូនមិនត្រូវបានណែនាំឲ្យព្យាបាលពេញមួយជីវិតទេនោះ យ៉ាងហោចណាស់ប្អូនគួរតែបន្តវារហូតដល់ក្រោយការបញ្ឈប់ការបំបៅដោះបានមួយសប្តាហ៍សិន។ ដោយឡែក ប្អូនអាចធ្វើការឆ្លងទន្លេតាមបែបធម្មជាតិ ឬបើចាំបាច់ក៏អាចធ្វើការវះកាត់ផងដែរ អាស្រ័យនឹងការណែនាំពីអ្នកជំនាញសុខភាពរបស់ប្អូនអំពីជម្រើសដ៏ប្រសើរបំផុតសម្រាប់ប្អូនផ្ទាល់។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

សំណួរ ៖ នាងខ្ញុំ រស់នៅខេត្តមណ្ឌលគិរី។ ខ្ញុំមានកូនប្រុសម្នាក់អាយុ២ខួប។ គាត់មិនដឹងជាហេតុអ្វីបានជាមិនទាន់ចេះហៅ ប៉ាឬម៉ាក់សោះ តែគាត់យំមានសំឡេង។ តើពេលណាគាត់អាចនិយាយបាន? តើខ្ញុំត្រូវធ្វើដូចម្តេច?   ចម្លើយ ៖ ជាទូទៅ ក្មេងអាយុ២ឆ្នាំអាចហៅប៉ា-ម៉ាក់ខ្លះហើយ បើទោះជាគាត់មិនទាន់ចេះនិយាយច្រើនក៏ដោយ។ ករណីកូនរបស់លោកស្រី យើងត្រូវមើលថា  តើកូននេះមានការលូតលាស់យឺតឬក៏អត់ ដូចជា ក្រចេះញញឹម ក្រចេះវារឬដើរ ហើយបើប្រៀបធៀបជាមួយបងប្អូនបង្កើត មានលក្ខណៈយឺតជាងគេឬអត់។  ម្យ៉ាងទៀត ត្រូវសិក្សាលើប្រវត្តិជុំវិញការសម្រាល និងស្ថានភាពក្នុងរយៈពេលប៉ុន្មានខែដំបូងនៃជីវិតថា តើមានឈឺធ្ងន់ឬអត់។ ប៉ុន្តែប្រសិនបើរកមិនឃើញថា មានអ្វីខុសធម្មតាទេ ហើយការលូតលាស់របស់គាត់ល្អទៀតនោះ ការយឺតយ៉ាវតិចតួចរបស់គាត់ ដែលនៅមិនទាន់និយាយបានអាចជារឿងធម្មតា។ ប៉ុន្តែបើគាត់លូតលាស់យឺតជាងបងប្អូនដទៃតាំងពីតូច នោះគាត់អាចមានបញ្ហាទាក់ទងនឹងការលូតលាស់យឺតផ្នែកផ្លូវកាយនិងផ្លូវចិត្ត ដែលជារឿងត្រូវស្រាវជ្រាវរកមើលមូលហេតុ ឬអាចដោយសារគាត់ធ្លាប់មានជំងឺធ្ងន់ធ្ងរពីតូចដែលត្រូវសម្រាកក្នុងមន្ទីរពេទ្យ ដូចជារលាកស្រោមខួររលាកខួរក្បាល។  ការរីកលូតលាស់យឺតផ្នែកបញ្ញាអាចជាផលវិបាកនៃជំងឺទាំងនោះ។   ដូចនេះ ដើម្បីឲ្យច្បាស់ក្នុងការវាយតម្លៃពីផលប៉ះពាល់ប៉ុណ្ណានៅពេលកូនលោកស្រីធំ និងគាត់អាចនិយាយបាននៅពេលណា មានតែការមកជួបគ្រូពេទ្យ ដើម្បីធ្វើការវាយតម្លៃនិងចាត់វិធានការជួយកូន លោកស្រី។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត គឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យកុមារជាតិ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ក្នុងពេលមានផ្ទៃពោះ ស្ត្រីទទួលរងនូវបម្រែបម្រួលជាច្រើន ចាប់តាំងពីកូនចាប់បដិសន្ធិ រហូតដល់កូនចាប់កំណើត។ ពេលចាប់បដិសន្ធិ ម្តាយមានអាការៈ ចាញ់កូន ដែលធ្វើឲ្យពួកគាត់ត្រូវក្អួតចង្អោរ ហើយពេលខ្លះ មិនអាចញ៉ាំអាហារទៀតផង។ ប៉ុន្តែ វាមិនត្រឹមតែបែបនេះទេ មាតាត្រូវឡើងទម្ងន់ខ្លួនដោយសារតែ ទារកចេះតែលូតលាស់ធំទៅៗ ដែលនេះធ្វើឲ្យស្រ្តីជួបប្រទះនឹងបញ្ហាជាច្រើនដូចខាងក្រោមនេះ៖ ឈឺចង្កេះ រូបភាពដែលយើងតែងតែមើលឃើញចំពោះស្រ្តីមានផ្ទៃពោះ គឺការដាក់ដៃនៅពីក្រោយខ្នង តប់តិចៗដើម្បីកាត់បន្ថយការឈឺចាប់។ ដោយសារតែការកើនឡើង នៃសម្ពាធនៅលើឆ្អឹងខ្នងពីការឡើងទម្ងន់ក្នុងពេលមានផ្ទៃពោះ និងទីតាំងរបស់ទារក ធ្វើឲ្យស្ត្រីមានអារម្មណ៍ថាមិនសុខស្រួល។ ការឈឺចាប់ អាចនឹងកាន់តែខ្លាំង ដោយសារតែការសង្កត់កាន់តែខ្លាំង ព្រោះទារកចេះតែបន្តលូតលាស់។ ម្យ៉ាងទៀត ការគេងមិនគ្រប់គ្រាន់ក្នុងពេលនេះធ្វើឲ្យស្ថានភាពរបស់អ្នកកាន់តែអាក្រក់។   ជំងឺស្ពឹកស្រពន់ ផលរំខាននៃការមានផ្ទៃពោះ គឺការហើមដៃជើង និងជាលិកាទន់ក្នុងខ្លួន។ ការកើនឡើងនូវសារធាតុរាវក្នុងកដៃអាចបណ្តាលឲ្យឈឺ ឬស្ពឹកស្រពន់។ បញ្ហានេះ ត្រូវបានគេស្គាល់ថា ជាជំងឺស្ពឹកស្រពន់ អាចជាជំងឺតពូជ និងការរើឡើងវិញពេលមានផ្ទៃពោះលើកក្រោយ។ ការប៉ះទង្គិច ស្ថានភាពដ៏គួរឲ្យខ្លាចសម្រាប់ស្រ្តីមានផ្ទៃពោះ គឺបណ្តាលមកពីការប្រែប្រួលទីប្រជុំទម្ងន់របស់ដងខ្លួន ហើយការបាត់បង់នូវការសម្របសម្រួលដំណើរការរាងកាយ ដោយសារទារកនៅតែបន្តលូតលាស់។ កត្តានេះផ្តល់ការប្រឈមខ្ពស់ទៅនឹងការដួល អាចធ្វើឲ្យបាក់ គ្រេច និងរបួស ដែលនេះត្រូវការការយកចិត្តទុកដាក់ ពីសំណាក់គ្រូពេទ្យឯកទេសឆ្អឹង និងសន្លាក់ និងគ្រូពេទ្យសម្ភព។   បញ្ហាជើង រាល់ការឡើងទម្ងន់លើរាងកាយ គឺជាការបង្កើនសម្ពាធទៅលើសន្លាក់ រួមបញ្ចូលទាំងជើងផងដែរ។ សម្ពាធនេះ រួមជាមួយនឹងការឡើងហើម អាចបណ្តាលឲ្យសន្លាក់កជើង និងបាតជើង រួមនឹងសរសៃពួនៅជើង​ រលាក ហើយឈឺ។ ប្រសិនបើអ្នកមានការសង្ស័យថា​ មានបញ្ហាទាំងនេះ អ្នកត្រូវប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេសឆ្អឹង និងសន្លាក់ឲ្យបានឆាប់តាមដែលអាចធ្វើបាន។ តាមរយៈការធ្វើលំហាត់ប្រាណតិចៗ ដូចជា យោគៈ អាចជួយអ្នកបន្ថយការឈឺសន្លាក់ និងភាពមិនសុខស្រួលក្នុងពេលមានផ្ទៃពោះ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

មានការផ្លាស់ប្តូរជាច្រើន អំឡុងពេលអ្នកមានផ្ទៃពោះ ដែលជាហេតុធ្វើឲ្យអ្នកគិតថា វាជារឿងធម្មតារបស់មនុស្សស្រី ប៉ុន្តែ អ្នកគួរប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់តាមដានសុខភាពជាប្រចាំ ពីព្រោះពេលខ្លះ បម្រែបម្រួលមួយចំនួន គឺជារឿងគ្រោះថ្នាក់ ហើយវាអាចច្រឡំទៅនឹងសញ្ញាធម្មតាៗ នៃការមានផ្ទៃពោះបាន។ វាជារឿងចាំបាច់ណាស់ ដែលអ្នកត្រូវតែអាន និងសិក្សាបន្ថែម អំពីការមានផ្ទៃពោះរបស់អ្នក ដើម្បីដឹងថា ពេលណាជាសញ្ញាធម្មតា ហើយពេលណាជាសញ្ញាព្រមាន ដែលអ្នកគួរយកចិត្តទុកដាក់។   ប្រសិនបើអ្នកមានសញ្ញាខាងក្រោមនេះ អ្នកគួរតែទាក់ទង ឬពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកភា្លម ដើម្បីប្រាកដថា អ្នក និងកូនក្នុងផ្ទៃ មានសុខភាពល្អ៖   ១-  ចេះតែចុកក្នុងពោះ ហើយអាចមានលាយគ្នានឹងការក្អួតចង្អោរ ២-  ឈឺពោះផ្នែកខាងក្រោម (អាចមានលាយគ្នានឹងការធ្លាក់ឈាម) ៣- ក្តៅខ្លួនជាប់រហូត (អាចមានការឆ្លងរោគក្នុងរាងកាយ) ៤-  ពិបាកសម្លឹងមើល ឬមានបញ្ហាភ្នែក ៥-  ហើមដៃ ហើមជើង (អាចជាសញ្ញានៃជំងឺត្រៀមក្រឡាភ្លើង) ៦-  ឈឺក្បាល (អាចជារោគសញ្ញានៃជំងឺត្រៀមក្រឡាភ្លើង) ៧-  ចេះតែស្រេកទឹក ៨-  នោមញឹក នោមក្រហាយ ឬពិបាកនោម។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ក្នុងចំណោមស្រ្ដីមានផ្ទៃពោះចំនួន ១០នាក់ មានម្នាក់មានជំងឺលើសឈាមអំឡុងពេលមានផ្ទៃពោះ ដែលអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ឬអាចមានគ្រោះថ្នាក់ខ្ពស់ដល់ជីវិត។ តើជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះជាជំងឺដូចម្តេច? ជាការពិតទៅ ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះមាននិយមន័យដូចទៅនឹងជំងឺលើសសម្ពាធឈាមលើមនុស្សដែលអត់មានផ្ទៃពោះ ដោយមានសម្ពាធឈាមខាងលើ (Systolic) លើសពី ១៤mmHg និងខាងក្រោម (Diastolic) លើសពី៩០mmHg ហើយលើសពីនោះ វាក៏ជាកត្តាដែលប្រឈមទៅនឹងការស្លាប់ទាំងម្ដាយទាំងកូនផងដែរ។   ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះត្រូវបានចែកចេញជា៤ប្រភេទគឺ៖ 1. ជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ (Pre-existing or Chronic hypertension)៖ មានន័យថាអ្នកជំងឺមានការលើសសម្ពាធឈាមមុន ២០សប្ដាហ៍នៃគភ៌ (ពពោះ) ក៏មានន័យថាមុនពេលមានផ្ទៃ-ពោះស្រ្ដីជាម្ដាយមានជំងឺលើសសម្ពាធឈាមរួចទៅហើយ។ 2. ជំងឺលើសសម្ពាធឈាមពេលមានផ្ទៃពោះ (Gestational hypertension)៖ ជាការលើសសម្ពាធឈាមក្រោយ ២០សប្ដាហ៍ នៃការពពោះ។ 3. ជំងឺបម្រុងក្រឡាភ្លើង (Preeclampsia)៖ មានន័យថាអ្នកជំងឺមានសម្ពាធឈាម រួមជាមួយនឹងជាតិសាច់នៅក្នុងទឹកនោម(proteinuria) លើសពី ៣០០មីលីក្រាមក្នុង២៤ម៉ោង។ ប៉ុន្តែក្នុងការណែនាំថ្មីនៃការធ្វើរោគវិនិច្ឆ័យជំងឺបម្រុងក្រឡាភ្លើងគឺយើងអាចរួមបញ្ចូលទៅនឹងរោគសញ្ញាគ្លីនិកដទៃទៀតដូចជា៖ • ស្រវាំងភ្នែក • ការប៉ះពាល់ទៅលើមុខងារថ្លើម សម្គាល់បានដោយ ឈឺនៅឆ្អឹងជំនីក្រោមខាងស្ដាំ ការឡើងខ្ពស់នៃអង់ស៊ីមTransaminase • ការប៉ះពាល់ទៅលើតម្រងនោមដោយមានការកើនឡើងនៃ Creatinine • អាចឃើញមានជំងឺហើមសួត(Pulmonary edema) ផងដែរ។ 4. ជំងឺបម្រុងក្រឡាភ្លើង រួមនឹងជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ៖ មានន័យថា អ្នកជំងឺមានលើសសម្ពាធឈាម មុនពពោះ រួមជាមួយរោគសញ្ញា នៃជំងឺបម្រុងក្រឡាភ្លើង ក្រោយ២០សប្តាហ៍ នៃការពពោះ។ តើមានកត្តាណាខ្លះជំរុញឲ្យកើតជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ? ដោយសារតែជំងឺនេះកើតមានរហូតទៅដល់ ១០%នៃស្ដ្រីមានផ្ទៃពោះ ក្នុងនោះគេសង្កេតឃើញថាមានក្រុមស្រ្តីមួយចំនួនដែលស្ថិតក្នុងលក្ខខណ្ឌប្រឈមខ្ពស់ដូចជា៖ • ស្រ្ដីដែលមានផ្ទៃពោះមានអាយុលើសពី៤០ឆ្នាំ ឬតិចជាង១៨ឆ្នាំ • ស្រ្ដីធាត់ខ្លាំង • ស្រ្ដីធ្លាប់មានជំងឺក្រឡាភ្លើងពីមុនមក • ស្រ្ដីពពោះកូនភ្លោះ • ស្រ្តីមានជំងឺលើសឈាម • ស្រ្ដីមានវិបត្តិតម្រងនោម • ស្រ្ដីមានជំងឺពាក់ពន្ធ័ទៅនឹងប្រព័ន្ធប្រឆាំងរាងកាយ (autoimmune disease) • ឬស្រ្ដីមានជំងឺទឹកនោមផ្អែម ។ តើជំងឺនេះលេចឡើងនូវរោគសញ្ញាចម្បងដូចម្តេច? ចំពោះរោគសញ្ញានៃជំងឺនេះបើសិនជាអ្នកជំងឺស្ថិតក្នុងលក្ខខណ្ឌជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ គឺពុំមានរោគសញ្ញាធំដុុំណាមួយ ដែលគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែប្រសិនបើអ្នកជំងឺស្ថិតក្នុងលក្ខខណ្ឌជំងឺបម្រុងក្រឡាភ្លើង ឬឈានដល់ជំងឺក្រឡាភ្លើងដូចដែលបានរៀបរាប់ខាងលើយើងអាចឃើញមានលេចឡើងនូវរោគសញ្ញាចម្បងខ្លះៗតួយ៉ាងដូចជា៖ • ស្រវាំងភ្នែក ឬមានវិបត្តិគំហើញ • ឈឺក្បាលខ្លាំង • ឈឺចុកចាប់នៅត្រង់ចុងដង្ហើម ឬឈឺនៅឆ្អឹងជំនីក្រោមខាងស្ដាំ • ក្អួតចង្អោរ • ហើម (មុខ ដៃ ឬជើង)។   តើជំងឺនេះផ្តល់ផលប៉ះពាល់ណាខ្លះទៅលើម្ដាយ និងកូន? អ្វីដែលជាក្ដីបារម្ភទៅលើស្ត្រីដែលកើតមានជំងឺលើសឈាមកំឡុងពេលមានផ្ទៃពោះ គឺជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ជាពិសេសចំពោះអ្នកដែលស្ថិតក្នុងក្រុមបម្រុងក្រឡាភ្លើង ឬក្រឡាភ្លើងដែលអាចប៉ះពាល់ទៅលើអាយុជីវិតទាំងម្ដាយ និងកូន។ • ការប៉ះពាល់ផ្នែកខាងម្ដាយ៖ ស្រ្ដីជាម្ដាយអាចប្រឈមទៅនឹងការដាច់សរសៃឈាមខួរក្បាល ឬកើតមានជំងឺហើមសួត(Pulmonary Edema)ដោយស្រ្ដីនោះមានរោគសញ្ញា    ហត់ខ្លាំងដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត មិនតែប៉ុណ្ណោះក្នុងពេលតែមួយក៏អាចមាននូវការប្រកាច់បែកគ្រាប់ឈាមការថយចុះនៃចំនួនផ្លាកែត ព្រមទាំងមានវិបត្តិថ្លើម និងតម្រងនោមធ្ងន់ធ្ងរទៀតផង ហើយប្រសិនបើពុំមានការព្យាបាលត្រឹមត្រូវនោះទេអ្នកជំងឺនឹងឈានទៅរកសេចក្ដីស្លាប់រហូតទៅដល់ ១០ទៅ ១៥%។ • ការប៉ះពាល់ផ្នែកខាងកូន៖ ទារកអាចប្រឈមទៅនឹងការកើតមិនគ្រប់ខែ មានការលូតលាស់យឺតយ៉ាវជាងក្មេងធម្មតា ឬមានជំងឺវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ឬមួយមានគ្រោះថា្នក់ដល់ជីវិតតែម្ដង។   តើមានវិធីសាស្រ្តអ្វីខ្លះក្នុងការធ្វើរោគវិនិច្ឆ័យ? ការធ្វើរោគវិនិច្ឆ័យដែលចម្បងនោះគឺការវាស់សម្ពាធឈាមឲ្យបានត្រឹមត្រូវដែលដូចទៅនឹងការវាស់សម្ពាធឈាម ទៅលើអ្នកជំងឺលើសឈាមធម្មតាដែរមានន័យថាមុនពេលធ្វើការវាស់យើងត្រូវឲ្យអ្នកជំងឺសម្រាកឲ្យបានយ៉ាងតិច ១៥នាទីហើយចៀសវាងការទទួលទានកូកាកាហ្វេ ឬបារីឲ្យបាន៣០នាទីមុនពេលវាស់។ យើងត្រូវវាស់ឲ្យបានច្រើនដង ដោយវាស់ ២ម៉ោង ទៅ៦ម៉ោងម្ដងក្នុងរយៈពេល ១៥ម៉ោងដើម្បីប្រាកដថាអ្នកជំងឺពិតជាលើសសម្ពាធឈាមមែនឬទេ? បន្ទាប់ពីនោះយើងអាចបូមយកឈាមទៅពិសោធន៍បន្ថែមដើម្បីរកមើលការវិវឌ្ឍនៃជំងឺ ដែលអាចប៉ះពាល់ទៅលើមុខងាររបស់សរីរាង្គផ្សេងៗដូចជាថ្លើម ឬតម្រងនោមជាដើម។ តើត្រូវព្យាបាលជំងឺនេះដូចម្តេច? យើងអាចធ្វើការព្យាបាលទៅលើជំងឺនេះបាន ប៉ុន្តែយើងមិនអាចប្រាកដថាមិនមានគ្រោះថ្នាក់ដល់ជីវិត១០០%នោះទេ ដោយក្នុងនោះមាន ១០% ទៅ១៥%ជាករណីដែលយើងមិនអាចគ្រប់គ្រងបាន។ ការព្យាបាលត្រូវបានបែងចែកជា២គឺ៖ • ការព្យាបាលដោយមិនប្រើប្រាស់ថ្នាំ៖ ត្រូវធ្វើការណែនាំអ្នកជំងឺឲ្យចៀសវាងការបរិភោគម្ហូបប្រៃ កុំឲ្យឡើងទម្ងន់ខ្លាំង និងធ្វើការសម្រាកនៅលើគ្រែឲ្យបានច្រើន។ • ការប្រើប្រាស់ថ្នាំ៖ ថ្នាំដែលត្រូវប្រើប្រាស់ទៅលើអ្នកជំងឺមានដូចជា ថ្នាំលើសឈាម (Antihypertensive drug)  ឱសថប្រឆាំងការប្រកាច់ (Antiepileptic seizure) និងមានជាឱសថការពារមុនពេលមានផ្ទៃពោះចំពោះអ្នកជំងឺណាដែលធ្លាប់មានប្រវត្តិកើតជំងឺនេះពីមុនមកដូចជាពពួក Aspirin និងកាល់ស្យូមជាដើម។ បើករណីចាំបាច់ ស្រ្តីដែលមានផ្ទៃពោះត្រូវធ្វើការវះកាត់យកទារកក្នុងផ្ទៃចេញ បើគភ៌មានអាយុចាប់ពី ៣២សប្ដាហ៍។ ប៉ុន្តែជាទូទៅប្រសិនបើអ្នកជំងឺស្ថិតក្នុងក្រុមដែលលើសសម្ពាធឈាមពេលមានផ្ទៃពោះ ឬភាសារបច្ចេកទេសហៅថា “Gestational Hypertension” ការលើសសម្ពាធឈាមនឹងត្រឡប់ទៅរកសភាពធម្មតាវិញបន្ទាប់ពីសម្រាលរួច ៣ទៅ៤សប្តាហ៍ ឬ៣ខែក្រោយដែលវាអាស្រ័យទៅលើស្ថានភាពសុខភាពរបស់មនុស្សម្នាក់ៗ។ ចំណែកឯអ្នកជំងឺដែលស្ថិតក្នុងក្រុមលើសសម្ពាធឈាមរ៉ាំរ៉ៃវិញ ការលើសសម្ពាធឈាមនឹងមិនបាត់ទៅវិញឡើយដែលតម្រូវឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាមយូរអង្វែង។   តើជំងឺនេះអាចបង្ការបានយ៉ាងដូចម្តេច? ចំពោះវិធីបង្ការវិញប្រសិនបើស្រ្តីដែលធ្លាប់កើតមានជំងឺនេះម្ដងរួចទៅហើយ ដូច្នេះគាត់ត្រូវតែទៅតាមដានជាមួយគ្រូពេទ្យជំនាញឲ្យបានជាប់លាប់ បើសិនជាគាត់ចង់មានទម្ងន់លើកក្រោយទៀត ដើម្បីចៀសវាងគ្រោះថ្នាក់ក្នុងការកើតជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះម្ដងទៀត ហើយប្រសិនបើស្រ្តីមានផ្ទៃពោះរួចសង្ស័យថាខ្លួនឯងមានរោគសញ្ញាដូចជា ឈឺក្បាល ស្រវាំងភ្នែក ឬចុកចុងដង្ហើម សូមប្រញាប់ប្រញាល់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីកាត់បន្ថយអត្រាការស្លាប់របស់ម្ដាយ និងទារកអំឡុងពេលមានផ្ទៃពោះ និងពេលសម្រាល បន្ថែមពីលើនេះទៀតអ្នកដែលមានជំងឺលើសសម្ពាធឈាមហើយចង់មានផ្ទៃពោះគាត់អាចប្រើប្រាស់នូវវិធីសាស្ត្របង្ការទុកជាមុនដែលមានដូចជាការប្រើប្រាស់ថ្នាំ Aspirin និងកាល់ស្យូម។ វេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូងនិងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ក្នុងចំណោម 6គូ ឬបើគិតជាភាគរយប្រហែលជា 16% នៃអ្នកស្ថិតក្នុងវ័យបន្តពូជត្រូវបានដឹងថាកំពុងជួបនូវបញ្ហាលំបាកក្នុងការមានកូន(infertility) នេះបើតាមស្ថិតិរបស់ មន្ទីរសំរាកព្យាបាលកម្ពុជា (Fertility Clinic of Cambodia) និងតាមទិន្នន័យ អង្គការសុខភាពពិភពលោក (World Health Organization)។ ការខកបំណងទៅលើគម្រោងមានបុត្រត្រូវបានជួបប្រទះដោយគ្រួសារជាច្រើនរួចមកហើយដោយនាំមកនូវផលប៉ះពាល់ជាច្រើនដល់ពួកគេមិនថាជា ឥទ្ធិពលលើផ្លូវអារម្មណ៍ចំពោះខ្លួនឯង ជីវិតអាពាហ៍ពិពាហ៍ ព្រមទាំងការរិះគន់ ឬសើចចំអកពីសង្គមជុំវិញ ជាពិសេសវាក៏អាច ប៉ះពាល់ដល់បញ្ហា សុខភាពទៀតផង។ ហេតុនេះ ចាំបាច់ត្រូវរកដំណោះស្រាយតាមបែបវេជ្ជសាស្ត្រ។   តើអ្វីទៅជាការលំបាកមានកូន? បុរសស្រ្តីដែលព្យាយាមមានកូន ក្នុងរយៈពេលមួយឆ្នាំដោយមានការរួមភេទជាទៀងទាត់ 2 ទៅ 3 ដងក្នុងមួយសប្តាហ៍ ហើយនៅតែមិនអាចមានកូនបាន អាចចាត់ទុកបានថាជាអ្នកលំបាកមានកូន។ សូមបញ្ជាក់ថា  ពីមុន ការលំបាកមានកូនមិនត្រូវបានចាត់ទុកជាជំងឺទេ ប៉ុន្តែបច្ចុប្បន្ន វាត្រូវបានឲ្យ និយមន័យជាជំងឺដែលអាចជះឥទ្ធិពលជាពិសេសទៅលើផ្លូវចិត្ត និងអាចមានពាក់ព័ន្ធនឹងជំងឺទូទៅមួយចំនួនផងដែរ ដូចជាបណ្តាលមកពី គីស្ត ឬដុំសាច់ នៅក្នុងស្បូនចំពោះស្រ្តី ចំណែកបុរស ជាពិសេសគឺអាចជា varicocele (សរសៃវ៉ែនលើពងស្វាសហើម នាំឲ្យមានកម្តៅ និងមិនសូវមានការ ផលិតស្ពែម) ដែលបញ្ហានេះ បើសិនជាទុកយូរអាចមានជាបញ្ហាផ្សេងៗទៀតដូចជាឈឺពងស្វាសជាដើម។   តើអ្វីខ្លះជាមូលហេតុនៃការលំបាកមានកូន? មូលហេតុជាទូទៅត្រូវបានចែកចេញជា 2ផ្នែកគឺផ្នែកស្រ្តី ប្រហែល 40% (Female infertility) និងផ្នែកបុរស ប្រហែល40% (Male infertility) ក្រៅពីនោះគឺ 20% ទៀតជាបញ្ហាដែលមិនអាចពន្យល់បាន (Unexplained infertility) ។ • ផ្នែកបុរស៖ បុរសដែលមានការបញ្ចេញ ឬផលិតទឹកកាមមិនគ្រប់គ្រាន់ ឬស្ពែមមានចលនាមិនល្អ ចំនួនតិច រូបរាងមិនប្រក្រតីដែលអាចជាផលវិបាក បណ្តាលមកពីការឆ្លងនូវមេរោគ ការរលាកពងស្វាស ការប៉ះទង្គិច ឬជាបញ្ហាពីកំណើតតែម្តង។ • ផ្នែកស្ត្រី៖ អាចទាក់ទងនឹងការមានដុំសាច់ក្នុងស្បូន ការស្ទះដៃស្បូន មានគីស្តនៅក្រពេញដៃស្បូន ឬក៏ការមានបញ្ហាលើដំណើរអូវុល (ដូចជាការធ្លាក់ មិនទៀងទាត់នៃអូវុល) ជាដើម។   ក្រៅពីនោះ កត្តារស់នៅ ដូចជាការពិសាស្រា និងបារីច្រើនអាចជះឥទ្ធិពលអាក្រក់ដល់ការផលិត មេជីវិតឈ្មោល និងអាចធ្វើឲ្យការផលិតអូវុលមិនល្អ ឬដៃស្បូនមានចលនាមិនគ្រប់គ្រាន់ផងដែរ ដូចនេះ ទើបស្រ្តីជក់បារីអាចប្រឈមនឹងការមានកូនក្នុងដៃស្បូនពេលមានផ្ទៃពោះ។ កត្តាអារម្មណ៍ស្ត្រេស តប់ប្រមល់ គេងមិនលក់ ឬភាពនឿយហត់នឹងការងារពេកក៏អាចប៉ះពាល់ដល់វដ្តរដូវរបស់ស្ត្រីផងដែរ។   តើលទ្ធភាពនៃការមានកូនអាស្រ័យនឹងអ្វីខ្លះ? អាយុរបស់ស្ត្រី៖ តាមរយៈនិយមន័យនៃការលំបាកមានកូន ប្រសិនបើមានការរួមភេទ 2 ទៅ 3ដងក្នុងមួយសប្តាហ៍ ហើយនៅតែមិនមានកូន   ស្ត្រីក្រោម អាយុ 35ឆ្នាំ គួរមកពិគ្រោះជាមួយនឹងគ្រូពេទ្យ ឯកទេស នៅរយៈពេល 1ឆ្នាំក្រោយ និងស្ត្រីលើសពី 35ឆ្នាំ គួរព្យាយាមត្រឹម 6ខែ   ស្របពេលដែល ស្ត្រីអាយុចាប់ពី 40ឆ្នាំ គួរព្យាយាមត្រឹមរយៈពេល 3ខែប៉ុណ្ណោះដោយសារស្ត្រីដែលអាយុច្រើន អាចមានមេជីវិតញីកាន់តែខ្សោយ និងធ្វើឲ្យកាន់តែពិបាក មានកូន។ ដោយឡែក ចំពោះស្ត្រីអាយុនៅតិច ក៏អាចស្វែងរកការពិគ្រោះ និងទទួលយកដំបូន្មានពីវិធីសាស្ត្រធម្មជាតិដែលជួយឲ្យឆាប់មានកូន។ ស្ថានភាពរបស់អ្នកជំងឺតាមរយៈការធ្វើរោគវិនិច្ឆ័យនៃការលំបាកមានកូន៖ •  ចំពោះស្ត្រីប្រសិនបើមានការសង្ស័យណាមួយគាត់នឹងត្រូវណែនាំឲ្យថតឆ្លុះអេកូរកមើលដុំគីស្ត និងមើលសុខភាពស្បូន ភាពស្ទះ ឬចំហនៃដៃស្បូនក្រពេញ ព្រមទាំងតាមដានដំណើរអូវុល ក៏ដូចជាការធ្វើតេស្តរកកម្រិតអ័រម៉ូន (តេស្តឈាម)ផងដែរ។ •  ចំពោះបុរស ត្រូវឲ្យពិនិត្យមើលទឹកកាម (អ្នកជំងឺត្រូវខានរួមភេទពី 3 ទៅ 5ថ្ងៃ) ដើម្បីវាយតម្លៃចំនួន និងរូបរាង ព្រមទាំងគុណភាពនៃមេជីវិតឈ្មោល។   តើអ្វីជាដំណោះស្រាយសម្រាប់បញ្ហាលំបាកមានកូន? ការលំបាកមានកូនបណ្តាលមកពីមូលហេតុផ្សេងៗ និងត្រូវព្យាបាលទៅតាមមូលហេតុផងដែរដែលក្នុងនោះជាទូទៅគឺមាន 3 វិធីសាស្ត្រ៖ •  ការប្រើប្រាស់ថ្នាំ៖ ចំពោះស្ត្រីដែលមានបញ្ហាដំណើរអូវុល នឹងអាចត្រូវបានណែនាំឲ្យប្រើប្រាស់ថ្នាំជំនួយអូវុល (ភ្ញោចអូវុល) រួចតាមដានមើលថាអូវុលនឹងធំ លូតលាស់ល្មមនៅពេលណា ដែលជាពេលវេលាដែលគាត់គួររួមភេទ និងមានឱកាសមានកូនបានជោគជ័យ។ •  ការបញ្ចូលមេជីវិតឈ្មោលក្នុងស្បូនរបស់ស្ត្រី៖ ជាវិធីក្នុងការលាងសម្អាតមេជីវិតបុរសមុននឹងបញ្ចូលក្នុងស្បូនដែលការធ្វើនេះគឺជាការជំនួយក្នុងការហែល របស់មេជីវិតឈ្មោល (កាត់បន្ថយរយៈពេលក្នុងការហែល)ទៅរកមេជីវិតញី។ វាត្រូវបានណែនាំផងដែរក្នុងករណីស្បូនស្ត្រីដែលពុំសូវមានរំអិល។ •  ការបង្កកំណើតកូនក្នុងកែវ៖ ជាបច្ចេកវិទ្យាទំនើបចុងក្រោយជួយឲ្យមានកូន ដោយការយកមេជីវិតញីចេញមកក្រៅដើម្បីធ្វើការបង្កកំណើតជាមួយ មេជីវិតបុរសជាស្វាមី ឲ្យបានជាកោសិកាកូន រួចទើបចាក់បញ្ចូលទៅក្នុងស្បូនវិញ។ បច្ចេកទេសនេះត្រូវបានណែនាំករណីដែលអ្នកជំងឺស្ថិតក្នុងស្ថានភាព ពិបាកខ្លាំងដូចជា មេជីវិតឈ្មោលខ្សោយខ្លាំងពេក ដៃស្បូនស្ទះទាំងសងខាងដែលធ្វើឲ្យគ្មានលទ្ធភាពមានកូនតាមបែបធម្មជាតិ។ វាក៏ត្រូវបានជ្រើសរើស មកអនុវត្តក្នុងករណីលំបាកមានកូនដែលមិនអាចបកស្រាយបានផងដែរ (ស្ពែមល្អ ដៃស្បូនល្អ ក្រពេញល្អ ដំណើរធ្លាក់អូវុលទៀងទាត់តែមិនមានកូន)។ បច្ចេកទេសនេះក៏អាចជាវិធីសាស្ត្រដែលឈានដល់ការធ្វើរោគវិនិច្ឆ័យឃើញនូវបញ្ហាមួយចំនួនផងដែរដូចជាការរកឃើញនូវរូបរាងខុសប្រក្រតីរបស់មេជីវិញី ដែលជាមូលហេតុនៃការលំបាកមានកូនជាដើម។   តើលទ្ធភាពនៃឡាបូបង្កកំណើតអាចសម្រេចបានអ្វីខ្លះ? លទ្ធភាពនៃការមានកូនតាមរយៈបច្ចេកវិទ្យាជួយបង្កកំណើតនៅកម្ពុជាមានអត្រាជោគជ័យខ្ពស់ពោលគឺសម្រេចបាន 67%  បើប្រៀបនឹងប្រទេស ជឿនលឿននៅប៉ែកអឺរ៉ុប បានត្រឹមតែ 28 % ទៅ41 % ខណៈដែលសហរដ្ឋអាមេរិកបាន 54% នេះបើយោងតាម របាយការណ៍របស់ស្ថាប័នបច្ចេកវិទ្យា ជួយបង្កកំណើតនៅអឺរ៉ុប European Society of Human Reproduction and Embryology (ESHRE) និងរបាយការណ៍ផ្លូវការរបស់ ស្ថាប័នបច្ចេកវិទ្យាជួយបង្កកំណើតនៅអាមេរិក American Society for Reproductive Medicine (ASRM) នៅឆ្នាំ 2016 ។ លទ្ធផលខ្ពស់នេះ គឺដោយសារឡាបូនៃមន្ទីរព្យាបាលកម្ពុជា កសាងឡើងតាមការប្រឹក្សាពីអ្នកជំនាញមកពីសហរដ្ឋអាមេរិក វិធីសាស្ត្រព្យាបាលមានសុវតិ្ថភាព និងប្រសិទ្ធភាព ស្របតាមស្តង់ដាអន្តរជាតិ ក្រុមវេជ្ជបណ្ឌិតឯកទេសមានបទពិសោធន៍ និងបំពាក់ដោយសំភារៈចុងក្រោយ  និងជាពិសេសអ្នកជំងឺដែលជាទូទៅជា ប្រជាជនអាស៊ី ឬកម្ពុជាផ្ទាល់ ច្រើនចង់បានកូននៅ អាយុក្រោម 35ឆ្នាំ ដែលវាអំណោយផលដល់ការជោគជ័យកាន់តែខ្ពស់ជាងប្រជាជនអឺរ៉ុប។ មកដល់សព្វថ្ងៃមន្ទីរសម្រាកព្យាបាលកម្ពុជា បានជួយដល់អ្នកលំបាកមានកូនកម្រិតមធ្យម និងកម្រិតខ្លាំងឲ្យទទួលបានជោគជ័យ ចំនួន1431 គ្រួសារ រួចមកហើយ ។ជាមួយនឹងលទ្ធផលជោគជ័យនេះ នាំឲ្យមានការគាំទ្រ និងកាត់បន្ថយការទៅក្រៅប្រទេស បានយ៉ាងច្រើនពីប្រជាជនកម្ពុជា។ ក្រៅពីជួយអ្នកលំបាកមានកូនកម្រិតស្រាលដល់ធ្ងន់ មន្ទីរសម្រាកព្យាបាលកម្ពុជា ក៏មានការជោគជ័យផងដែរចំពោះការតាមដានផ្ទៃពោះតាមរយៈអេកូ កម្រិតស្តង់ដា ការត្រួតពិនិត្យរោគស្ត្រីទូទៅ ការកៀរយកជាលិកាស្បូនមកមើល (Pap Smear) វិធីសាស្ត្រពន្យារកំណើតផ្សេងៗការពិនិត្យរោគស្ត្រីប្រចាំឆ្នាំ និងជាពិសេសគឺការបូមទឹកភ្លោះដើម្បីតាមដានរកជំងឺ down syndrome ចំពោះទារកក្នុងផ្ទៃដែលជាលទ្ធផល ការតាមដាននេះ អាចកាត់បន្ថយ សឹងតែទាំងស្រុងចំពោះទារកដែលមាន down syndrome។ តាមរយៈម៉ាស៊ីនអេកូសាស្ត្រទំនើបដែលមិនត្រឹមអាចរកឃើញនូវភាពមិនប្រក្រតីរបស់ទារក ប៉ុណ្ណោះទេ បើគេយកលទ្ធផលនោះមកវិភាគជាមួយលទ្ធផលអ័រម៉ូនតាមរយៈឈាមម្តាយ វាក៏អាចឲ្យធ្វើរោគវិនិច្ឆ័យឃើញនូវការប្រឈមនឹងជំងឺលើសឈាម និងទឹកនោមប្រៃពេលមានផ្ទៃពោះ (ព្រាយក្រឡាភ្លើង) បានទៀតផង។ សរុបមក អ្នកលំបាកមានកូន ពុំគួរមានក្តីបារម្ភ ឬខ្មាស់អៀនឡើយ ហើយសូមជួបជាមួយនឹងអ្នកជំនាញច្បាស់លាស់ដែលមានវិជ្ជាជីវៈក្រមសីលធម៌ខ្ពស់ និងអាចរក្សាការសម្ងាត់ជូនពួកគាត់ដើម្បីដោះស្រាយបញ្ហានេះ។   អត្ថបទដោយ វេជ្ជបណ្ឌិត ស៊ាន សុខទៀង ឯកទេសលំបាកមានកូន រោគស្ត្រី និងសម្ភព នាយិកាបច្ចេកទេសនៃមន្ទីរសំរាកព្យាបាល កម្ពុជា។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

សម្រស់ជាផ្នែកមួយដ៏សំខាន់ចំពោះមនុស្សស្រី មិនថាស្រ្តីស្ថិតនៅក្នុងវ័យណា ឬកាលៈទេសៈបែបណានោះទេ ទោះបីជាស្រ្តីកំពុងមានផ្ទៃពោះក៏ដោយ។ បញ្ហាដែលជាកង្វល់ចម្បងសម្រាប់ស្រ្តីពេលកំពុងពពោះ ងាយស្រួលឲ្យអ្នកដទៃមើលឃើញច្បាស់ ហើយពិបាកបិទបាំងនោះ គឺមុន តែក្រៅពីមុន ក៏អាចមានពងបែក កន្ទួលផ្សេងៗកើតមានឡើងផងដែរ។ ទាំងអស់នេះ បណ្តាលមកពីសកម្មភាពរបស់អ័រម៉ូន។ បន្ទាប់ពីជួបបញ្ហាសើស្បែកទាំងនោះ ហើយស្រ្តីតែងព្យាយាមរកនូវការព្យាបាល  ឬប្រើប្រាស់ផលិតផលមួយចំនួន ដែលពេលខ្លះវាអាចជះឥទ្ធិពលដល់ទារកក្នុងផ្ទៃ។ ដូចនេះ​ អត្ថបទខាងក្រោម នឹងបង្ហាញលោកអ្នក នូវដំណោះស្រាយប្រកបដោយសុវត្ថិភាព៖   បញ្ហាមុន បើអ្នកធ្លាប់កើតមុនពីដំបូងមកហើយនោះ អ្នកនឹងមិនសូវភ្ញាក់ផ្អើលនឹងការកើតមុនក្នុងអំឡុងពេលមានផ្ទៃពោះទេ ជាពិសេសវាច្រើនកើតនៅម្តុំមាត់ និងចង្កា។ វេជ្ជបណ្ឌិត Ellen Marmur នាយកមជ្ឈមណ្ឌលវេជ្ជសាស្រ្តផ្នែកសើស្បែក និងវះកាត់កែសម្ផស្ស  Mount Sinaiក្នុងទីក្រុងញូវយ៉ក បាននិយាយថា “ការកើតមុននៅតំបន់ទាំងនោះ ជារឿងធម្មតាសម្រាប់ស្រ្តីមានផ្ទៃពោះ ហើយប្រសិនបើស្រ្តីមិនទទួលការព្យាបាលទេ មុនទាំងនោះ នឹងបន្តដល់ពេលឆ្លងទន្លេ និងអាចកើតរហូតដល់ពេលកូនកើតមកទៀងផង។ គាត់បានបន្ថែមទៀតថា ការប្រើប្រាស់ថ្នាំព្យាបាលត្រូវជ្រើសរើសដោយឈ្លាសវៃ”។​ លោក Jamal ជំនួយការសាស្រ្តាចារ្យគ្លីនិក​ នៃមជ្ឈមណ្ឌលសើស្បែក និងអតិសុខុមជីវសាស្ត្រ នៅទីក្រុងញូវយ៉កបាននិយាយថា “អ្នកមិនត្រូវប្រើផលិតផល ដែលផ្ទុកនូវសារធាតុ BenzoylPeroxide, អាស៊ីត Salicylic ឬ Retinoidsទេ ព្រោះសារធាតុទាំងនោះ មិនមានសុវត្ថិភាព ចំពោះស្រ្តីមានផ្ទៃពោះទេ។ អ្វីដែលអ្នកគួរប្រើគឺប្រភេទថ្នាំលាបមានសារធាតុស៊ុលផួ ក៏ដូចជាផ្ទុកអាស៊ីត Glycolic, អាស៊ីត Alpha hydroxy ហើយបើផលិតផលទាំងនោះនៅតែគ្មានប្រសិទ្ធភាព អ្នកអាចប្រើប្រភេទក្រែម Erythromycin និងអាស៊ីតAzelaic។ សារធាតុទាំងនេះ មានសុវត្ថិភាព ក្នុងការប្រើប្រាស់សម្រាប់ស្ត្រីមានផ្ទៃពោះ។”   ក្រៅពីប្រើប្រាស់ផលិតផលព្យាបាលអ្នក ក៏ផ្លាស់ប្តូរម្សៅទ្រនាប់សម្រាប់ស្បែកមុខខ្លាញ់ ឬប្តូរទៅប្រើម្សៅផាត់ស្រាល មិនសូវមានសារធាតុគីមី ហើយអ្នក ក៏អាចប្រើម្សៅផាត់ ការពារស្បែកខ្លាញ់ផងដែរ។   ស្នាមជាំ ក្រៅពីបញ្ហា “មុន” អ្វីដែលស្រ្តីខ្វល់ខ្វាយនោះ គឺស្បែកមុខជាំ ឬគេហៅថារបាំងមុខស្ត្រីមានផ្ទៃពោះ។ ស្បែកមុខជាំប្រភេទនេះ ជាប់ទាក់ទង នឹងអ័រម៉ូនស្រ្តី​ ព្រមទាំងពន្លឺព្រះអាទិត្យ។ ស្របពេលជាមួយគ្នានេះដែរ គ្មានការព្យាបាលជាក់លាក់ពីបញ្ហាខាងលើនោះទេ មានតែនៅឆ្ងាយពីពន្លឺព្រះអាទិត្យប៉ុណ្ណោះ ជាវិធីសាស្រ្តដ៏ល្អ ក្រៅពីនេះស្ត្រីអាចលាបឡេការពារកម្តៅរាល់ពេលចេញទៅក្រៅ។ ស្ត្រីអាចប្រើប្រាស់ផលិតផលដែលមានអាស៊ីត Azelaic និងផលិតផលលាបលើស្បែក ដែលមានផ្ទុកវីតាមីន C ដែលអាចលុបបំបាត់ស្នាមជាំបាន។ តែប្រសិនបើផលិតផលទាំងនោះ មិនមានប្រសិទ្ធិភាព អ្នកអាចប្រើម្សៅបិទបាំង (ម្សៅទ្រនាប់) ហើយគួរតែជ្រើសរើសពណ៌ឲ្យស្រដៀងនឹងស្បែក។ ម៉្យាងទៀត អ្នកក៏គួរប្រើប្រាស់ផលិតផលផ្តល់សំណើមដល់ស្បែក មុននឹងលាបម្សៅទ្រនាប់។   ស្នាមជ្រីវជ្រួញ ជាការពិតមនុស្សស្រីខ្លាចបំផុតគឺស្នាមជ្រីវជ្រួញ ហើយតែងតែស្វែងរកវិធីព្យាបាលដោយចាក់ថ្នាំ លុបបំបាត់ភាពជ្រីវជ្រួញ នៅក្រោមស្បែកមុខ  (Botox, Restylane) ក្នុងអំឡុងពេលមានផ្ទៃពោះ ដោយគ្មានឯកសារណាមួយបង្ហាញថាវិធីសាស្រ្ត បែបនេះ មានសុវត្ថិភាពត្រឹមត្រូវនោះទេ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

មិនថាអ្នកបំបៅកូនដោយទឹកដោះ ឬទឹកដោះគោឡើយ នៅពេលដែលគេមានអាយុ ៦ ខែ អ្នកគួរតែចាប់ផ្តើមឲ្យគេញ៉ាំអាហារជាលើកដំបូង ដូច្នេះ បរិមាណទឹកដោះដែលគេញ៉ាំ នឹងត្រូវកាត់បន្ថយទៅតាមនោះផងដែរ។ បើអ្នកកំពុងតែបំបៅដោះកូន ទោះបីជាគេមានអាយុលើសពី ៦ខែហើយក៏ដោយ វាគ្មានហេតុផលណាមួយ ដែលអ្នកគួរបញ្ឈប់ការបំបៅដោះឡើយ។ ចូរព្យាយាមបំបៅដោះកូនឲ្យយូរបំផុត តាមដែលអ្នកអាចធ្វើបាន។   អ្នកមិនអាចវាស់បរិមាណទឹកដោះ ដែលគេត្រូវការនោះឡើយ ពោលគឺ គេជាអ្នកកំណត់ដោយខ្លួនឯង មានន័យថា បើគេឃ្លាន គេនឹងយំប្រាប់ ឬឲ្យសញ្ញាអ្នកដឹងហើយ។ ភាគច្រើន គេនឹងបៅច្រើន នៅពេលព្រឹក និងមុនចូលគេង។ ក្រៅពីនេះ គេប្រហែលជាចង់ញ៉ាំអាហារផ្សេងៗ ដែលគេអាចញ៉ាំបានហើយ។   អ្នកជំនាញមួយចំនួនបានណែនាំថា កូនក្មេងគួរតែទទួលថ្នាំដំណក់វីតាមីន Dបន្ថែម ពី ៨,៥ ទៅ ១០ មីក្រូក្រាម (mcg) តាំងពីកើត។ នេះមិនមែនមានន័យថា ទឹកដោះម្តាយខ្វះវីតាមីន Dឡើយ ប៉ុន្តែ​វាដើម្បីប្រាកដថា កូនរបស់អ្នកបានទទួលវីតាមីនគ្រប់គ្រាន់ សម្រាប់សុខភាពឆ្អឹង និងធ្មេញ។ (ចំណាំ ៖ កុំប្រើថ្នាំនេះ ដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញរបស់អ្នកឲ្យសោះ)។   ប្រសិនបើអ្នកបំបៅកូនដោយទឹកដោះគោ ចូរធ្វើតាមធម្មតា។ ពេលគេញ៉ាំអាហារផ្សេងឆ្អែត គេនឹងកាត់បន្ថយការទទួលទានទឹកដោះគោដោយខ្លួនឯង។​ ជាធម្មតា គេអាចញ៉ាំពី ៥០០ ទៅ ៦០០ មីលីលីត្រក្នុងមួយថ្ងៃ។ ហើយប្រសិនបើកូនរបស់អ្នក អាចញ៉ាំទឹកដោះគោក្នុងកម្រិតនេះ អ្នកមិនចាំបាច់ប្រើថ្នាំវីតាមីន D បន្ថែមឡើយ ពីព្រោះ ក្នុងទឹកដោះគោ បានបន្ថែមរូបមន្តនេះរួចទៅហើយ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

អ្នកអាចនឹងមានកូនក្រៅស្បូន ប្រសិនបើអ្នកមានអាការៈដូចជា៖ ធ្លាក់ឈាមតិចៗតាមទ្វារមាស ឈឺពោះ ឬត្រគាក រោយស្មា ឈឺក្បាល និងឧស្សាហ៍សន្លប់កំឡុងពេលមានផ្ទៃពោះនោះ ហើយអ្នកគប្បីទៅជួបគ្រូពេទ្យ ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា ពិតជាមានកូនក្រៅស្បូនមែន ក្រុមគ្រូពេទ្យតែធ្វើតេស្តឈាម និងមើលអេកូសាស្ត្រ។​ ក្នុងករណីបន្ទាន់ មានការហូរឈាមខ្លាំង ចំពោះស្រ្តីមានផ្ទៃពោះ ការសន្និដ្ឋានពីការមានកូនក្រៅស្បូន គឺមានភាគរយច្រើន និងតម្រូវឲ្យធ្វើការវះកាត់ភ្លាមៗ។ កូនដែលនៅក្រៅស្បួន មិនអាចលូតលាស់ធំបាន និងមិនអាចរស់បាននោះទេ។ ការលូតលាស់ធំវាអាចបណ្តាលឲ្យមានបញ្ហាដល់ស្បូនរបស់ម្តាយ។ ជំងឺនេះគឺទាមទារឲ្យយើង ធ្វើការព្យាបាលភ្លាមៗ ព្រោះការព្យាបាលនេះវាផ្តល់ផលល្អសម្រាប់ស្ត្រីក្នុងការមានកូនបន្ទាប់ទៀត។ ប្រសិនបើយើងមិនធ្វើការព្យាបាល ឬព្យាបាលយឺត អាចបណ្តោយឲ្យប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិត​ តាមរយៈការហូរឈាម។   ជាចុងក្រោយ​ ហេលស៍ថាម សូមផ្តាំផ្ញើដល់ប្រិយមិត្តអ្នកអាន និងបងប្អូនស្រ្តីមានផ្ទៃពោះទាំងអស់ គួរគម្បីទៅពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីបញ្ជាក់ថា មិនមែនជាកូនក្រៅស្បូននោះទេ។ ការដឹងមុនជាមធ្យោបាយដ៏ល្អ សម្រាប់ការព្យាបាល និងបង្ការកុំឲ្យមានបញ្ហាគ្រោះថ្នាក់ដល់ជីវិត។ ស្វែងយល់បន្ថែមពី កូនក្រៅស្បូន ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

អំឡុងពេលមានផ្ទៃពោះ រាងកាយរបស់អ្នក មិនអាចហត់នឿយ ឬធ្វើការហួសកម្លាំងបាននោះឡើយ ដូច្នេះ អ្នកគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះសកម្មភាព និងការងារប្រចាំថ្ងៃរបស់អ្នក។   ការញ៉ាំអាហារត្រឹមត្រូវ និងមានសុខភាពល្អ ការហាត់ប្រាណ និងការបញ្ចេញកម្លាំងតិចៗជាប្រចាំ ពិតជាអ្វីដែលស្រ្តីមានផ្ទៃពោះគួរតែធ្វើ ដើម្បីពង្រឹង សុខភាពទូទៅ និងទារកក្នុងផ្ទៃម្តាយ។ បើអ្នកអស់កម្លាំង ឬធ្វើការមិនកើត ត្រូវសុំជំនួយពីគ្រួសាររបស់អ្នក ជាពិសេសគឺស្វាមីសំណព្វចិត្ត។   ខាងក្រោមនេះ គឺជាកិច្ចការផ្ទះមួយចំនួន ដែលអ្នកគួរតែចៀសវាង ៖   #១ ការលើកដាក់របស់របរធ្ងន់ៗ គឺហាមដាច់ខាត #២ អ្នកមិនគួរប៉ះពាល់ផលិតផលលាងសម្អាតផ្ទះ ឬចង្ក្រានបាយនោះឡើយ ពីព្រោះសារធាតុទាំងនោះមិនមានសុត្ថិភាព សម្រាប់ស្រ្តីមានផ្ទៃពោះឡើយ #៣ អំឡុងពេលមានផ្ទៃពោះ សន្លាក់ និងសរសៃរបស់អ្នក ហាក់ដូចជាទន់ ឬខ្សោយជាមុន ដូច្នេះសូមអ្នកកុំធ្វើចលនាណាខ្លាំងៗ ឬដដែលឲ្យសោះ #៤ នៅឲ្យឆ្ងាយពីសត្វចិញ្ចឹម ដូចជា កណ្តុរ ទន្សាយ និងឆ្មាជាដើម #៥ គ្រឿងសម្អាង ទឹកអប់ ឬផលិតផលក្នុងបន្ទប់ទឹកមួយចំនួន ប្រហែលជាមិនស័ក្តសមនឹងអ្នកឡើយ ដូច្នេះ សូមសាកសួរវេជ្ជបណ្ឌិតរបស់អ្នក មុនពេលប្រើប្រាស់វាបន្តទៀត #៦ កុំបោកខោអាវ ពីព្រោះ វាអាចប៉ះពាល់ដល់កូន ហើយសារធាតុគីមី និងសាប៊ូ ក៏មិនល្អ​សម្រាប់អ្នកដែរ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

ការសិក្សាថ្មីមួយបានណែនាំថា ការទំពាស្ករកៅស៊ូឲ្យបានបីដងក្នុងមួយថ្ងៃ ហើយម្តងៗ ៣០ នាទី អាចជួយឲ្យក្រពះពោះវៀនរបស់ស្រ្តីឆាប់ត្រឡប់មក ធម្មតាវិញ ក្រោយពេលសម្រាលកូនដោយវះកាត់រួច។   ស្រ្តីម្នាក់ក្នុងចំណោមប្រាំនាក់ អាចនឹងជួបប្រទះបញ្ហាស្ទះពោះវៀន បន្ទាប់ពីសម្រាលកូនដោយការវះកាត់ នេះបើយោងតាមការវិភាគមួយនៅក្នុង ព្រឹត្តប័ត្រសុខភាព Maternal-Fetal & Neonatal Medicine ។   លោកវេជ្ជបណ្ឌិត Vincenzo Berghella មកពីមន្ទីរពេទ្យសាកលវិទ្យាល័យ Philadelphia បានមានប្រសាសន៍ថា ការស្ទះពោះវៀន មានន័យថា ចលនាក្រពះពោះវៀនមានការស្ពឹកស្រពន់ ឬត្រូវការពេលវេលាយូរដើម្បីរំកិល ឬរុញច្រានអាហារពីកន្លែងមួយទៅកន្លែងមួយទៀត ហើយក្នុងករណីខ្លះ គឺលែងកម្រើកតែម្តង។ ចលនាក្រពះពោះវៀនយឺតបែបនេះ អាចបង្កជាផលវិបាកមួយចំនួនដូចជា ចង្អោរ ឈឺពោះ និងហើមពោះជាដើម។   ជាធម្មតា បញ្ហាស្ទះក្រពោះវៀនក្រោយពេលសម្រាលកូនរួច នឹងបាត់ទៅវិញដោយខ្លួនឯង ក្នុងរយៈពេលបីបួនថ្ងៃ ប៉ុន្តែស្រ្តីភាគច្រើនចង់ឲ្យវាបាត់លឿន ជាងនេះ ពីព្រោះ វាពិតជាមិនមានផាសុកភាពនោះឡើយ។   ក្រុមគ្រូពេទ្យក៏បានណែនាំវិធីសាស្រ្តមួយចំនួនផងដែរ ដើម្បីជួយក្រពះពោះវៀនរបស់ស្ត្រីមានដំណើរការធម្មតាវិញ ដោយឲ្យស្រ្តីងើបឡើង ដើរតិចៗ និងញ៉ាំអាហារជាដើម។ ប៉ុន្តែ ដោយសារតែការស្ទះពោះវៀននេះ វាក៏បានធ្វើឲ្យស្រ្តីមិនឃ្លាន ហើយចេះតែមានអារម្មណ៍ថាចង់ក្អួត ទើបការទំពាស្ករកៅស៊ូ ត្រូវបានណែនាំ។ ការទំពាស្ករកៅស៊ូ អាចជួយបំភាន់រាងកាយរបស់យើង ឲ្យគិតថារាងកាយកំពុងតែញ៉ាំអាហារ ហើយចរន្តទឹកមាត់ហូរអាចជួយបញ្ជូន សញ្ញាទៅកាន់ពោះវៀនឲ្យចាប់ផ្តើមធ្វើចលនាសារជាថ្មី។   ការដើរខ្យល់ (ផោម) គឺជាសញ្ញាដំបូងគេដែលអាចបញ្ជាក់ថា ពោះវៀនរបស់អ្នកអាចបំពេញតួនាទី បានតាមធម្មតាវិញហើយ។ វាក៏ជាសញ្ញាបញ្ជាក់ថា គ្មានការរាំងស្ទះណាមួយនៅក្នុងពោះវៀនទៀតទេ។   ការសិក្សាបានបង្ហាញថា អ្នកគួរតែទំពាស្ករកៅស៊ូ បន្ទាប់ពីសម្រាលកូនបានពីរម៉ោង ហើយបន្តទៀត ឲ្យបានបីដងក្នុងមួយថ្ងៃ ហើយម្តងៗឲ្យបាន ១៥ ទៅ ៣០ នាទី៕   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក
Top