Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ស្នាមជ្រីវជ្រូញជាដំណើរបែបធម្មជាតិមួយដែលកើតមានឡើងដោយសារតែស្រទាប់កូឡាជែន(collagen) និង អេឡាស្ទីន(elastin) ក្នុងជាលិកាភ្ជាប់នៃស្បែកប្រែក្លាយជាទន់ខ្សោយ និងលែងដំណើរការ ព្រោះតែមានការផ្លាស់ប្តូរក្នុង fibro blasts ដែលផលិត collagen និង elastin ។ មូលហេតុផ្សេងទៀតដែលបង្កជាស្នាមជ្រួញនៅលើផ្ទៃមុខមានដូចជា ការទទួលរងកម្តៅព្រះអាទិត្យ​ច្រើនពេក បរិយាកាសមិនល្អ ការប្រើប្រាស់ឱសថមួយចំនួន ភាពតប់ប្រមល់ការស្រកទម្ងន់ភ្លាមៗ ការបាត់បង់វីតាមីន E ជាដើម។ វាបានក្លាយជាកង្វល់របស់មនុស្សប្រុសស្រីនិងជាពិសេសមិត្តនារីដែលស្រលាញ់ភាពស្រស់ស្អាត គឺប្រាកដជាមិនចង់ឲ្យផ្ទៃមុខរបស់ខ្លួនមាននូវស្នាមជ្រួញអស់ទាំងនោះនោះទេ។ ប្រសិនបើអ្នកក៏មានកង្វល់ចំពោះបញ្ហានេះដែរ អត្ថបទរបស់ ហេលស៍ថាម មួយនេះនឹងជាដំណោះស្រាយដ៏មានគុណប្រយោជន៍របស់អ្នក។ ប្រេងអូលីវ ៖ ប្រេងអូលីវ គឺជាប្រេងម៉ាស្សាដ៏អស្ចារ្យមួយសម្រាប់ស្បែករបស់អ្នក ដោយសារតែវាជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាវីតាមីន A និង Eដែលប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់ដែលបំផ្លាញស្បែក។   វិធីធ្វើ និងប្រសិទ្ធភាព ការលាបប្រេងអូលីវជាទៀងទាត់ត្រង់ស្បែកដែលរងផលប៉ះពាល់ នឹងផ្តល់​សំណើម ជួសជុល   ព្រមទាំងបង្កើតកោសិកាស្បែកផងដែរ។ នៅពេលដែលប្រេងដែលជ្រាបចូលជ្រៅទៅក្នុងស្បែក វានឹងបង្កើតជារបាំងការពាររយៈពេលវែង ហើយរក្សាសំណើម។​ មិត្តអ្នកអានក៏ អាចធ្វើការលាយពីរបីដំណក់នៃទឹកឃ្មុំជាមួយប្រេងអូលីវចំនួនមួយពីរបីដំណក់ រួមជាមួយ និងគ្លីសេរីន។ ម៉ាស្សាល្បាយនេះចូលទៅក្នុងស្បែកឲ្យបានពីរដងជារៀងរាល់ថ្ងៃ។ ប្រសិទ្ធភាពរបស់​វា គឺលុបបំបាត់ចោលនូវកោសិកាដែលបានងាប់និងជួយរឹតបន្តឹងស្បែកដែលយារធ្លាក់។ អ្នកក៏អាចធ្វើការម៉ាស្សាជាមួយនឹងប្រេងដូង ប្រេងអាល់ម៉ុនឬប្រេងវីតាមីន E ដែលបង្ការ ឬកាត់បន្ថយភាព ជ្រីវជ្រួញ។ ប្រទាលកន្ទុយក្រពើ ៖ ប្រទាលកន្ទុយក្រពើមាន​ផ្ទុកនូវអាស៊ីតម៉ាលិក ដែលជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ដោយការសម្រួលដល់ភាពយឺតនៃ​ស្បែករបស់អ្នក។ វិធីធ្វើ និងប្រសិទ្ធភាព កាត់ស្លឹកប្រទាលកន្ទុយក្រពើពីដើម ហើយយកជ័រចេញ ហើយយកជ័រនោះទៅលាបលើស្បែក បន្ទាប់មកទុកវាចោល​រយៈ​ពេលពី 15 ទៅ  20 នាទ ី រួចធ្វើការលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ ជម្រើសមួយទៀតគឺ ធ្វើការលាយ​ស្លជែលនេះ មួយស្លាបព្រាកាហ្វេជាមួយនឹងថ្នាំគ្រាប់វីតាមីន E ។ លាបល្បាយនេះត្រង់កន្លែងដែលមានស្នាមជ្រីវជ្រួញ ទុកវាចោល​រយៈ​ពេល​កន្លះម៉ោង ហើយសឹមលាងវាចេញជាមួយទឹកក្តៅឧណ្ហៗ។ ខ្ញី ៖  ខ្ញីមានប្រសិទ្ធភាពខ្លាំងជាងគេក្នុងការប្រឆាំង​នឹងភាពជ្រីវជ្រួញ   ដោយសារតែវាសំបូរដោយសារធាតុដែលប្រឆាំងនឹងអុកស៊ីតកម្ម។ លើសពីនេះ​ទៅទៀត​ វាជួយទប់ស្កាត់ការបំបែកElastin។     វិធីធ្វើ និងប្រសិទ្ធភាព លាយខ្ញីឈូសមួយចឹប ជាមួយនឹងទឹកឃ្មុំមួយស្លាបព្រា។  ធ្វើការទទួលទានល្បាយនេះ ជារៀងរាល់ព្រឹក ឬផឹកតែខ្ញីពីរដង ជារៀងរាល់ថ្ងៃ។ ចេក ៖ ចេកសម្បូរនូវវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រយុទ្ធប្រឆាំងនឹងមូលហេតុនៃភាពជ្រីវជ្រួញ និងស្នាមផ្សេងៗ។ប្រើប្រាស់វិធីនេះពីរដងក្នុងមួយសប្តាហ៍ នឹង​ធ្វើឲ្យ​ស្បែកមើលទៅក្មេងខ្ចី និងព្យាបាលស្នាមជ្រួញតាមបែបធម្មជាតិ។ វិធីធ្វើ និងប្រសិទ្ធភាព ប៉ន់ចេកទុំពីរផ្លែចូលគ្នាឲ្យម៉ដ្ឋ ហើយធ្វើការបិតត្រង់កន្លែងដែលមានស្នាម-ជ្រួញ  ដោយទុកវាចោលឲ្យបានយ៉ាងហោចណាស់មួយម៉ោងកន្លះ រួចសឹមលាងវាចេញជាមួយទឹកក្តៅឧណ្ហៗ។ អ្នកក៏គួរប្រើផលិតផលផ្តល់ សំណើមដល់ ស្បែកអមជាមួយផង។ លោកអ្នកក៏អាចលាយចេកដែលប៉ន់ហើយ ជាមួយនឹងផ្លែប៊័រ រួមជាមួយទឹកឃ្មុំបន្តិចផងដែរ។ លាបវានៅលើ ស្បែក ហើយទុកវាចោលប្រមាណ 20 នាទី និងបន្ទាប់មកលាងវាចេញ។ ការ៉ុត  ៖ ការ៉ុតមានផ្ទុកនូវបរិមាណច្រើននៃវីតាមីន Aដែលជម្រុញការផលិតនៃ collagen និងជួយ​រក្សា​ឲ្យស្បែករលោង។ វិធីធ្វើ និងប្រសិទ្ធភាព ស្ងោរការ៉ុតធំចំនួនពីរឬបីរហូតដល់ក្លាយជាទន់។ លាយជាមួយទឹកឃ្មុំ​ឲ្យមានជាតិទឹកតិចៗ ហើយធ្វើការលាបផ្ទាល់ទៅលើផ្ទៃមុខ។ទុកវាចោលរយៈពេលប្រមាណមួយ​ម៉ោងកន្លះ ហើយលាងវាចេញ​ជាមួយ​ទឹកក្តៅ​ឧណ្ហៗ។ ជម្រើសមួយទៀតដែលមានប្រសិទ្ធភាពដូចគ្នា គឺការលាយចូលគ្នានូវបរិមាណស្មើគ្នានៃទឹកការ៉ុត និងទឹកឃ្មុំ ជារៀងរាល់ព្រឹកនិងល្ងាចដោយធ្វើការទុកវាប្រហែល 10 នាទីសិនមុនពេល​លាងវាចេញ។ ដូចគ្នានេះផងដែរ ប្រិយមិត្តអាចដាក់បញ្ចូលទាំងការ៉ុតឆៅក្នុងរបបអាហាររបស់អ្នក។ ទឹកក្រូចឆ្មារ  ៖   ទឹកក្រូចឆ្មារ គឺសម្បូរទៅដោយ​អាស៊ីតស៊ីត្រិច ដែលមាននាទីក្នុងការច្រឹប និងកម្ចាត់កោសិកាស្បែកដែលងាប់។ វាធ្វើការជា​ភ្នាក់ងារ​លាងសំអាតមួយនិងភ្នាក់ងារធ្វើឲ្យជាលិកា​រួញស្វិត ដែលនឹងជួយបន្ថយស្នាមជាំ ក៏ដូចជា​ស្នាមជ្រួញ និងស្នាមផ្សេងៗដែលជាសញ្ញាណនៃភាពចំណាស់ ដូចជារង្វង់ខ្មៅងងឹតជាដើម។ វិធីធ្វើ និងប្រសិទ្ធភាព ធ្វើការត្រដុសទឹកក្រូចឆ្មារ​ថ្នមៗ ចូលទៅក្នុងស្បែកមុខ ហើយទុកវាចោល​រយៈពេលប្រមាណ 5 ឬ 10 នាទី ហើយលាងមុខ​ជាមួយនឹងទឹក។ ធ្វើបែបនេះពីរទៅបីដងក្នុងមួយ​ថ្ងៃ។ មិនដូច្នោះទេ លោកអ្នកអាចលាយមួយស្លាប​​ព្រាកាហ្វេៗនៃយ៉ាអួ ទឹកឃ្មុំ ប្រេងវីតាមីន E និងក្រូចឆ្មារ។  លាបវាទៅលើផ្ទៃមុខ  ហើយទុកវារយៈ​ពេល 15 ទៅ 20 នាទីមុនពេលលាងវាចេញ។ ម្នាស់ ៖ ផ្លែម្នាស់មានអង់ស៊ីមដែលលើកកម្ពស់ដល់​ការបត់បែន ឬភាពយឺតនៃស្បែក និងផ្តល់សំណើម​លើស្បែក ព្រមទាំងជួយបំបាត់ចោលនូវកោសិកាស្បែកដែលងាប់ផងដែរ។ ផ្លែឈើប្រភេទនេះក៏​សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ  និងវីតាមីនដែលជួយបង្កើនសុខភាពស្បែក។ វិធីធ្វើ និងប្រសិទ្ធភាព ចៀរយកសាច់ម្នាស់ ហើយជូតនៅលើតំបន់ស្បែកដែលមានស្នាមជ្រួញទាំងនោះ ដោយទុកវាឲ្យទៅជាស្ងួតក្នុងរយៈពេល​ប្រមាណ 20 នាទីហើយសឹមធ្វើការលាងជា​មួយទឹក​ក្តៅ ឬត្រជាក់។ ហើយធ្វើការលាបទឹកម្នាស់លើស្បែកជារៀងរាល់ថ្ងៃក្នុងថិរវេលាប្រាំនាទីមុនពេលលាងចេញ។ នេះគឺជាវិធីប្រកបដោយ ប្រសិទ្ធភាពក្នុងការព្យាបាលរង្វង់ខ្មៅនៅជុំវិញភ្នែក។ ទឹក ៖  ទឹកស្អាត គឺជារូបមន្តតាមបែបធម្មជាតិមួយទៀតដែលមានភាពងាយស្រួល និង​មាន​​ប្រសិទ្ធភាពបំផុតសម្រាប់ការព្យាបាលស្នាមជ្រីវជ្រួញលើស្បែក។ ទឹករក្សាជាតិទឹកក្នុងសារពាង្គកាយ និងរក្សាកម្រិតសំណើមនៅក្នុងស្បែក។ នៅពេលដែលរាងកាយខ្វះជាតិទឹក ស្បែក​របស់អ្នក​នឹង​មើល​ទៅចាស់។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ចែករំលែក

មុនក្បាលស អាចមិនសូវជាមានការចាប់អារម្មណ៍ច្រើន ដោយហេតុថាជាទូទៅ មុនភាគច្រើនដែលកើតឡើងអាចស្តែងចេញជាពណ៌ខ្មៅ ឬក្រហមទៅតាមប្រភេទរបស់វា  តែមុនក្បាលសក៏អាចបង្កជាផលរំខានដ៏គួរឲ្យធុញទ្រាន់ផងដែរ។ ខាងក្រោមនេះ ជាអត្ថបទលម្អិតស្តីពី មុនក្បាលស៖លក្ខណៈមុនក្បាលស មុនក្បាលស ជាមុនមួយប្រភេទ កើតឡើងដោយសារ ការស្ទះនៃខ្លាញ់ និងកោសិកាស្បែកងាប់ (Keratin) នៅក្នុងគល់រោម ឬរន្ធញើស។ រូបរាងរបស់មុនក្បាលស មានលក្ខណៈជាដុំពក ដែលតែងតែកើតលើតំបន់ផ្ទៃមុខដែលសម្បូរទៅដោយខ្លាញ់ ដូចជា ថ្ងាស និងចង្កាជាដើម។ ជាទូទៅមុនប្រភេទនេះមានពណ៌ដូចស្បែក ដោយសារវាមិនអាចមាន អុកស៊ីតកម្មជាមួយនឹងខ្យល់ ហើយវាមានលក្ខណៈខុសគ្នាពីប្រភេទមុនដទៃ ព្រោះមុនក្បាលស មិនមានរលាក មិនក្រហម និងមិនមានការឈឺចាប់ដោយគ្រាន់តែអ្នកជំងឺមានអារម្មណ៍ រដិបរដុប ផ្ទៃមុខមិនរលោង តែប៉ុណ្ណោះ។ ការធ្វើរោគវិនិច្ឆ័យ មុនក្បាលស ត្រូវបានធ្វើរោគវិនិច្ឆ័យដោយធ្វើការមើលផ្ទាល់ទៅលើមុខ។ ផ្ទៃមុខមានសភាពមិនរលោង ស្ទាបទៅរដិបរដុប នៅជុំវិញគល់រោម និងកន្ទួលមានពណ៌សាច់។ វិធីសាស្រ្តក្នុងការព្យាបាល ការព្យាបាលមុនក្បាលស អាចមានជម្រើស៖ • ថ្នាំលាបប្រភេទ Comedolytic (BenzoylPeroxide, Azelaic Acid, Salicylic Acid,Glycolic Acid និង Retinoid)ដោយលាបស្តើងៗទៅលើកន្លែងដែលមានមុន ១ដងឬ២ដង ក្នុងមួយថ្ងៃ • ក្នុងករណីខ្លះយើងអាចធ្វើការបកចេញដោយញេច និងម៉ាស៊ីនបូមសម្អាត។ វិធីសាស្រ្តបង្ការ ដោយសារវាអាចកើតឡើងទៅលើទាំងស្រ្តី និងបុរសផង ដូច្នេះ គួរមានការប្រុងប្រយ័ត្ន និងមានទម្លាប់ល្អតួយ៉ាង៖ • ប្រើប្រាស់ផលិតផលគ្រឿងសម្អាង គួរតែជាប្រភេទ Oil-free ឬNon-comedogenic • លាងសម្អាតមុខ នៅពេលព្រឹក និងពេលល្ងាចជាមួយ Mild Soap ឬ Salyzap • បញ្ឈប់ការជក់បារី • ហាមញ៉ាំអាហារប្រភេទផ្អែម និងខ្លាញ់។ ករណីមានជំងឺមុនក្បាលស ឬបញ្ហាស្បែកទូទៅកើតឡើង អ្នកគួរប្រញាប់រួសរាន់មកពិនិត្យ និងព្យាបាលជាមួយគ្រូពេទ្យដែលមានជំនាញពិតប្រាកដ នៅតាមមន្ទីរពេទ្យដែលមានស្តង់ដារព្យាបាលខ្ពស់ ចៀសវាងបណ្តែតបណ្តោយឲ្យជំងឺមានសភាពកាន់តែធ្ងន់ធ្ងរ ដែលឈានដល់ដំណាក់កាលពិបាកព្យាបាល និងអាចខាតបង់ថវិកា រួមទាំងពេលវេលាសម្រាប់ការព្យាបាលកាន់តែច្រើន។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ប៊ី ពីកូ ឯកទេសជំងឺសើស្បែក នៃមន្ទីរពេទ្យ ព្រះកុសុមៈ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការឡើងដុំពកនៅលើស្បែក ពេលខ្លះជាប្រភេទមុនធម្មតា តែពេលខ្លះវាក៏អាចមិនមែន។ អ្នកខ្លះក៏ធ្លាប់ជួបប្រទះរួចមកហើយនូវដុំពកលើស្បែក ដែលមិនដឹងថាជាអ្វីឲ្យប្រាកដ ហើយក៏មិនដឹងថាវានឹងវិវឌ្ឍទៅជាអ្វីដែរ។ ខាងក្រោមនេះ ជាការបកស្រាយរបស់លោកស្រីវេជ្ជបណ្ឌិតពីដុំពក Nodule លោកអ្នកអាចធ្វើការតាមដានជាមួយគ្នា ដើម្បីដឹងថាតើជាប្រភេទដុំពកដែលលោកអ្នកកំពុងមាន ធ្លាប់ឃើញនោះ ឬយ៉ាងណា។ និយមន័យ៖ Nodule ជាដុំពកដុះចេញពីក្នុងស្បែក ដែលជាការលូតលាស់ខុសធម្មតារបស់ជាលិកាក្នុងខ្លួនមនុស្ស។ វាអាចកើតមានក្រោមស្បែក ឬកើតមាននៅក្នុងសរីរាង្គរបស់មនុស្ស (Internal Organs)។   ប្រភេទ៖   Nodule មានច្រើនប្រភេទ ដូចជាៈ • ដុំមានជាតិទឹក (Fluid) • ដុំរឹង និងផ្នែកខ្លះមានទឹក (Solid and partly fluid) • ដុំរលាក (Inflammation) • ដុំ Firm ច្រើនជាប់គ្នា (Multinodule) ឬតែមួយ • ដុំមានខ្លាញ់(Lipome) Nodule ដែលជួបប្រទះញឹកញាប់គឺប្រភេទដុំFirm ឬរលាក។ មូលហេតុ៖  កត្តាដែលបង្កឲ្យមាន Noduleមានច្រើនៈ • របួសលើស្បែក(Injuries) • ការបង្ករោគច្រើនឲ្យមានជា Nodule (Infection Tissues) • អ័រម៉ូន • កង្វះនូវជាតិអុីយ៉ូត • ការរលាកស្បែកប៉ះពាល់ដល់ស្រទាប់ខាងក្នុង​ (Dermis and Hypodermis)      កន្លែងកកើត៖  Nodule កើតមានគ្រប់កន្លែងដូចជាៈ នៅសួតថ្លើម ក្រពះ ស្បូន ពោះវៀន ស្បែក ខួរក្បាល។ ជំងឺនេះអាចកើតមានលើមនុស្សគ្រប់វ័យ ភាគច្រើនកើតលើមនុស្សពេញវ័យ និងមនុស្សចាស់។ រោគវិនិច្ឆ័យ៖  ដើម្បីធ្វើការវិនិច្ឆ័យបានយើងត្រូវ ពិនិត្យមើលថា តើដុំសាច់នៅកន្លែងណា និងជាប្រភេទដុំសាច់បែបណា។ បើនៅក្នុងសរីរាង្គខាងក្នុង គឺត្រូវតាមដានមើលការវិវឌ្ឍរបស់ដុំនោះ ដោយធ្វើ CT Scan ឬX-Rays។ បើNodule នៅផ្នែកខាងក្រៅនៃខ្លួន អាចឲ្យយើងងាយធ្វើរោគវិនិច្ឆ័យ។ ការព្យាបាល៖ មធ្យោបាយក្នុងការព្យាបាល មានការប្រើថ្នាំ ឬការវះកាត់យកចេញ។ ការជាសះស្បើយគឺមានរយៈពេលមិនទៀងទាត់ អាចមានរយៈពេល១ខែ ឬជួនកាលដល់២ទៅ៣ខែក៏មាន ទៅតាមទីកន្លែងដែលកើត។ បើដុំនោះវិវឌ្ឍរីកធំទៅជាមហារីកយើងត្រូវវះកាត់ចេញ។ ម្យ៉ាងវិញទៀត បើ Noduleនៅផ្នែកខាងក្រៅនៃខ្លួនត្រូវធ្វើការវះកាត់ ចេញដើម្បីកុំឲ្យក្លាយជាដុំមហារីក ឬប្រើថ្នាំព្យាបាល Noduleនោះ។ ផលវិបាក៖ Nodule អាចបង្កទៅជាដុំមហារីកបាន បើមិនមានការយកចិត្តទុកដាក់ និងការព្យាបាលឲ្យត្រឹមត្រូវ។      ការការពារ៖ យើងត្រូវចៀសវាងទៅតាមមូលហេតុដែលបង្កដូចដែលបានរៀបរាប់ខាងលើ និងព្យាបាលនូវកង្វះអ័រម៉ូន ឬអ៊ីយ៉ូត នោះ Nodule នឹងពុំអាចកើតមានបានទេ។ សរុបមក ករណីមានលេចឡើងនូវបញ្ហាស្បែកឬក៏ដុំសាច់ណាមួយនោះ ចាំបាច់ត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការប្រឹក្សាយោបល់ត្រឹមត្រូវ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នួន សូម៉ូនី ឯកទេសជំងឺសើស្បែកវេជ្ជបណ្ឌិតនៃមជ្ឈមណ្ឌលប្រយុទ្ធជំងឺអេដស៍ សើស្បែក និងកាមរោគ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

នៅរដូវក្តៅ រឿងស្អុះស្អាប់ បែកញើសជារឿងធម្មតា តែដែលគួរឲ្យធុញទ្រាន់ជាពិសេសសម្រាប់មិត្តនារីៗនោះគឺរឿង makeupលើផ្ទៃមុខជាប្រចាំហ្នឹងតែម្តង។ ប្រាកដជាមិនចង់នឹកឃើញដល់ពេលដែលផាត់មុខបណ្តើរ ជូតញើសបណ្តើរ ឬក៏ជូតញើសដោយទាំងគ្រឿង makeup ថ្លៃៗរបស់យើងនោះទេមែនទេ? ការបែកញើសខ្លាំងរំខានអ្នក មិនថានៅអំឡុងពេលផាត់មុខ និងក្រោយពេលផាត់នោះទេ  ដោយវានាំឲ្យម្សៅផាត់ឡើងប្រតេកប្រតាកពេញមុខ ឬក៏ផាត់មិនស្មើសាច់ និងពិបាកស្មានក្នុងការផាត់ឲ្យដូចការរំពឹងទុក ព្រោះម្សៅអាចនឹងចូល ហើយក៏កកក្តាំងនៅពេលក្រោយ ឬក៏ត្រូវលាងទៅអស់ដោយសារតែញើស ពិបាកឲ្យផាត់ញឹកញាប់។ ម្យ៉ាង វាក៏ធ្វើឲ្យឧបករណ៍ផាត់មុខរបស់អ្នកឆាប់ប្រឡាក់ កខ្វក់ដោយសារញើស លាយម្សៅ និងធូលីដីដែលងាយនឹងតោងជាប់នឹងផ្ទៃមុខ ដែលចុងក្រោយបង្កការប្រឈមនឹងការកើតមុនទៀតផង។   សំណាងល្អដែលមានវិធីសាស្រ្តមួយចំនួនអាចជួយអ្នកបានក្នុងការកាត់បន្ថយបញ្ហាក្នុងការ makeupនៅរដូវក្តៅ និងធ្វើឲ្យអ្នករក្សាភាពស្រស់ស្អាតបានគ្រប់ស្ថានភាព។ ខាងក្រោមនេះជាគន្លឹះទាំង៧ សម្រាប់មិត្តនារីវៃឆ្លាតដែលធ្វើការ makeupជារៀងរាល់ថ្ងៃ និងដឹងខ្លួនច្បាស់ថាខ្លួនងាយនឹងបែកញើស ឬ​ជាញឹកញាប់ ត្រូវស្ថិតក្នុងស្ថានភាពដែលត្រូវបែកញើសមិនថាតិចតួច ឬក៏ខ្លាំង៖   • ក្រែមការពារកម្តៅថ្ងៃ៖ ត្រូវលាបដំបូងគេឲ្យសព្វពេញមុខ និងទុករយៈពេល ២ទៅ៣នាទីដើម្បីអាចឲ្យក្រែមអាចជ្រាបចូលស្បែកបានល្អ។ • ស្ព្រៃយន៍ប្រើពេលផាត់មុខ (Makeup Setting spray)៖ ជាប្រភេទទឹកសម្រាប់បាញ់លើផ្ទៃមុខ មុន និងក្រោយពេលផាត់ ព្រោះវាជួយការពារ​កុំឲ្យម្សៅឆាប់រលាយ ដោយទប់ទល់មិនឲ្យសារធាតុខ្លាញ់ចេញមកច្រើនលើផ្ទៃមុខ ដូចនេះភាពស្រស់ស្អាតនៅលើផ្ទៃមុខអាចរក្សាបានយូរ។ • ចៀសវាងលាបម្សៅទ្រនាប់ក្រាស់ពេក៖ ដើម្បីបិទបាំងរាល់ស្លាកស្នាមដែលមានលើផ្ទៃមុខ នារីជាច្រើនបានលាបម្សៅទ្រនាប់ក្រាស់ៗរហូតអាចឲ្យវាឃើញកកឡើងយ៉ាងច្បាស់ និងប្រតេកប្រតាកជាពិសេសនៅពេលបែកញើស។ ករណីនេះអ្នកគប្បីផ្លាស់ប្តូរទៅប្រើប្រភេទផលិតផលដែលគ្មានផ្ទុកសារធាតុប្រេង និងកុំលាបច្រើនពេក ព្រោះស្បែកមានលក្ខណៈរាងរលោងស្រាប់ហើយនៅរដូវក្តៅ។ • បន្ថយការប្រើប្រាស់ម្សៅផាត់៖ ដូចគ្នាផងដែរចំពោះការផាត់ម្សៅក្រាស់ពេកក្រោយពីម្សៅទ្រនាប់ ដោយវាងាយនឹងបង្កឲ្យលេចចេញនូវស្នាមជ្រួញនៅលើផ្ទៃមុខ ដូច្នេះអ្នកគួរតែប្រើក្រដាសបឺតសារធាតុប្រេងនៅលើផ្ទៃមុខជាមុនសិន ដើម្បីជម្រះខ្លាញ់ និងកុំឲ្យពេលផាត់មុខទៅប្រតាក។ • ខ្មៅដៃគូសចិញ្ចើមធន់នឹងទឹក៖ ​ការប្រើប្រាស់ខ្មៅដៃគូសចិញ្ចើមបែបក្រមួនមានប្រសិទ្ធភាពអាចទប់ទល់នឹងការរលុបបានល្អបំផុត អ្វីដែលសំខាន់គឺអ្នកមិនចាំបាច់ព្រួយបារម្ភនឹងញើសដែលហូរឆ្លងកាត់ចិញ្ចើមធ្វើឲ្យរលុបនោះទេ។ • ចៀសវាងប្រើពណ៌ភ្នែកក្រម៉ៅ៖  ការផាត់ស្រមោលភ្នែកជាមួយនឹងពណ៌ក្រម៉ៅពេកពិតជាធ្វើឲ្យអ្នកដទៃងាយនឹងចាប់អារម្មណ៍នឹងអ្នកណាស់ ជាពិសេសពេលបែកញើសក្រោមពន្លឺថ្ងៃតែម្តង។ ដើម្បីចៀសវាងកង្វល់មួយនេះបានអ្នកគួរតែជ្រើសរើសពណ៌ស្រាលៗសមស្របជាមួយនឹងស្បែកភ្នែករបស់អ្នកបាន ហើយអញ្ចឹងទោះអ្នកបែកញើសក៏មិនអាចមើលឃើញប្រតាកដែរ។ • ជ្រើសរើសប្រភេទម៉ាស្ការ៉ាធន់នឹងទឹក៖ នេះជាអ្វីដែលស្រីៗខ្លាចបំផុត មិនថាពេលលុបមុខចេញ ឬបែកញើសនោះទេ ពីព្រោះវាមិនត្រឹមនឹងរលុបរូបរាងដើម ម៉ាស្ការ៉ាក៏នឹងធ្វើឲ្យជុំវិញភ្នែកឡើងខ្មៅ ប្រតាកផងដែរប្រសិនបើអ្នកមិនបានប្រើប្រាស់ផលិតផលត្រឹមត្រូវ។ • ប្រើក្រែមបែបធម្មជាតិ៖ បបូរមាត់ជាកន្លែងដែលទាក់ទាញជាងគេ ដូច្នេះក្តៅខ្លាំងបែបនេះអ្នកគួរតែជ្រើសរើសប្រភេទក្រែមពណ៌បែបធម្មជាតិ ប្រសើរជាងក្រែមដែលផ្តល់ភាពរលើបរលោងដល់បបូរមាត់ ហើយក្រែមប្រភេទក្រមួនគឺសមស្របជាងគេសម្រាប់មិត្តៗនារី។   សំខាន់ផងដែរក្នុងការផ្តល់ភាពស្រស់ស្អាតពីខាងក្នុង ដើម្បីជំនួយដល់ការmakeup ខាងក្រៅរបស់អ្នកដូច្នេះកុំភ្លេចការរក្សាសំណើមក្នុងខ្លួនឲ្យបានល្អដើម្បីឲ្យស្បែកមាន ភាពភ្លឺរលោង និងស្រស់ថ្លា ដោយការពិសាទឹកឲ្យបានច្រើន  និងពិសាបន្លែ  ផ្លែឈើដែលជួយដល់សុខភាពស្បែករបស់អ្នក។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

សំណួរ ៖ នាងខ្ញុំឈ្មោះ កក្កដា រស់នៅខេត្ត កំពត។ ស្បែករបស់ខ្ញុំហាក់ដូចជាបាត់បង់ភាពតឹងណែនតាំងពីអាយុជាង ១៦ឆ្នាំ តើនេះហៅថាចាស់ មុនអាយុមែនឬទេ? តើការប្រើប្រាស់ផលិតផលជាថ្នាំសម្រាប់បំប៉នស្បែកអាចជួយបានឬទេ ឬក៏មានវិធីសាស្ត្រផ្សេងទៀត? ចម្លើយ ៖ លក្ខណៈស្បែកទន់ជ្រាយនេះអាចទាក់ទងនឹងតំណរពូជ (សេនេទិច) និងកត្តារស់នៅរបស់យើងដូចជា ការបរិភោគអាហារដែលខ្វះនូវសារធាតុ collagen ដែលជាជាលិកាទ្រទ្រង់នៅក្រោមស្បែក ជាកត្តាដែល ធ្វើឲ្យស្បែកយើងទន់ជ្រាយ ប៉ុន្តែនៅពេលដែលយើងជួសជុលវាស្បែករបស់យើងនឹងវិវឌ្ឍ ទៅរកភាពតឹងណែនធម្មតា។ ប្អូនគួរតែឡើងគីឡូបន្តិច បរិភោពអាហារសម្បូរcollagen ដែលមានដូចជាសាច់ (ប្រូតេអ៊ីន) និងបន្លែហើយការឡើងគីឡូ នេះគឺត្រូវសមាមាត្រទៅនឹងខ្លួន និងកំពស់របស់យើងចៀសវាងការឡើងគីឡូខ្លាំងពេក។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិ សើស្បែក និងកាមរោគ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

រង្វង់ភ្នែកខ្មៅជាបញ្ហាដែលកើតមានស្ទើរតែទៅលើមនុស្សគ្រប់គ្នាដោយសារតែសកម្មភាពប្រចាំថ្ងៃដូចជា ការគេងមិនគ្រប់គ្រាន់ ពន្លឺថ្ងៃ និងដោយសារអាល្លែកហ្ស៊ីជាដើម។ ជាការពិតណាស់ បញ្ហារង្វង់ភ្នែកខ្មៅជះឥទ្ធិពលទៅលើសម្រស់ និងភាពស្រស់ស្អាតរបស់អ្នកមួយភាគធំជាពិសេសគឺនារីៗ ដូចនេះ ហេលស៍ថាមសូមណែនាំលោកអ្នកនូវ៦វិធីងាយៗដើម្បកម្ចាត់បញ្ហារវង្វង់ភ្នែកខ្មៅ... 1.    ត្រសក់ ពិតណាស់ត្រសក់សម្បូរដោយវីតាមីន និងរ៉ែ ដែលធ្វើឲ្យស្បែកមានសំណើមជាពិ-សេសជួយឲ្យស្បែកស។ របៀបធ្វើ៖ យកត្រសក់មួយផ្លែចិតជាចំណិតស្តើងៗ ដាក់ក្នុងទូទឹកកកឲ្យត្រជាក់ ៣០នាទី បន្ទាប់មកយកវាមកបិតលើរង្វង់ភ្នែកខ្មៅរបស់អ្នក ទុករយៈពេល១០នាទីរួចលាងសម្អាតដោយទឹកស្អាតជាការស្រេច។ អ្នកអាចអនុវត្តបានជារៀងរាល់ថ្ងៃដើម្បីបានប្រសិទ្ធភាពកាន់តែប្រសើរ។ 2.    ប៉េងប៉ោះ សម្បូរទៅដោយវីតាមីនអា បេនិងសារធាតុរ៉ែមួយចំនួន ដែលជួយកាត់បន្ថយបញ្ហារង្វង់ភ្នែកខ្មៅ។ របៀបធ្វើ៖ យកប៉េងប៉ោះស្រស់មកក្រឡុក ហើយយកទឹករបស់វា១ស្លាបព្រាកាហ្វេលាយជាមួយទឹកក្រូចឆ្មារ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឲ្យសព្វ រួចលាបទៅលើ រង្វង់ភ្នែកខ្មៅនោះ ទុករយៈពេល១០នាទី បន្ទាប់មកលាងជាមួយនឹងទឹកត្រជាក់។ អ្នកអាចអនុវត្តវិធីនេះ២ដងក្នុងមួយថ្ងៃនោះរង្វង់ភ្នែកខ្មៅរបស់អ្នកនឹងបាត់យ៉ាងឆាប់រហ័ស។ 3.    ក្រូចឆ្មារ ក្រូចឆ្មារសម្បូរទៅដោយវីតាមីនC ដែលជួយកម្ចាត់ស្នាមខ្មៅពិសេសត្រង់រង្វង់ភ្នែក។ របៀបធ្វើ៖ ចិតក្រូចឆ្មារច្របាច់យកទឹកឲ្យបានសមល្មម បន្ទាប់មកយកក្រណាត់ស្អាត កាត់ជារង្វង់មូល តូចល្មមនឹងរង្វង់ភ្នែករបស់អ្នក រួចយកវាទៅជ្រលក់ក្នុងទឹកក្រូចឆ្មារ ហើយដាក់វាទៅលើរង្វង់ភ្នែករបស់អ្នកទុករយៈពេល១០នាទីទើបលាងសម្អាតដោយ ទឹកស្អាត។ 4.    ដំឡូងបារាំង ដំឡូងបារាំងផ្ទុកដោយអង់ស៊ីម ម៉្យាងមានឈ្មោះថាCatecholase ដែលមានប្រសិទ្ធភាពធ្វើឲ្យស្បែកមានសភាពភ្លឺរលោង។ របៀបធ្វើ៖ យកដំឡូងបារាំងកិនឲ្យម៉ត់ ឬគ្រាន់តែចិតដំឡូងបារាំងជាបន្ទះហើយបិតលើរង្វង់ភ្នែកខ្មៅរបស់អ្នក។  ទុករយៈពេល១០នាទីរួចលាងសម្អាតដោយទឹកធម្មតាជាការស្រេច។ ដើម្បីឲ្យមានប្រសិទ្ធភាពគួរអនុវត្ត២ដងក្នុងមួយសប្តាហ៍។ 5.        ទឹកផ្កាកុលាប ទឹកផ្កាកុលាបមានសារធាតុម៉្យាងប្រឆាំងនឹងការរលាកហើយផ្ទុកដោយវីតាមីនអា និងសេ មានប្រយោជន៍ដល់ស្បែកដូចជាជួយផ្តល់សំណើមដល់ស្បែក និងធ្វើឲ្យស្បែកខ្មៅត្រង់រង្វង់ភ្នែកភ្លឺថ្លា។ របៀបធ្វើ៖ ដាំទឹកឲ្យពុះរួចដាក់ស្រទាប់ផ្កាកុលាបចូល ហើយបន្ថយភ្លើងបន្តិចរង់ចាំដល់ស្រទាប់ផ្កាកុលាបអស់ពណ៌ រួចទុកឲ្យត្រជាក់បន្ទាប់មក យកកន្សែងស្អាត ទៅដាក់ក្នុងទឹកផ្កាកុលាបនោះ រួចយកទៅដាក់លើរង្វង់ភ្នែកអ្នក ទុករយៈពេល៥-១០នាទី។ អនុវត្តមួយថ្ងៃពីរដងក្នុងរយៈពេល៣សប្តាហ៍អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។ 6.    កញ្ចប់តែត្រជាក់ ផ្ទុកដោយកាហ្វេអ៊ីន និងតាណាំងដែលអាចកម្ចាត់ស្នាមខ្មៅរង្វង់ភ្នែកបានយ៉ាងស័ក្តិសិទ្ធិ។ របៀបធ្វើ៖ ដាំទឹកឲ្យពុះហើយចាក់លើកញ្ចប់តែសមល្មមរួចទុកឲ្យត្រជាក់ បន្ទាប់មកយកកញ្ចប់តែនោះទៅដាក់លើរង្វង់ខ្មៅរបស់អ្នក៥-១០នាទីរួចលាងសម្អាតជាមួយទឹកត្រជាក់។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ប្រជាជនទូទាំងពិភពលោកមានពណ៌សម្បុរផ្សេងគ្នាទៅតាមពូជសាសន៍នីមួយៗដូចជា ស្បែកស ស្បែកខ្មៅ ស្បែកលឿងជាដើម។ ទន្ទឹមនឹងការមានពណ៌សម្បុរខុសគ្នានេះដែរក៏មានជំងឺម្យ៉ាងដែលធ្វើឲ្យមានការប្រែពណ៌ស្បែករបស់ពួកគាត់ទៅជាពណ៌សខុសពីពណ៌ធម្មតាដែលយើងស្គាល់ថាជា ជំងឺឃ្លង់ល្ពៅ (វីទីលីហ្គោល)។ ដើម្បីឲ្យយល់ច្បាស់ពីជំងឺនេះ ហេលស៍ថាមបានធ្វើកិច្ចសម្ភាសន៍ជាមួយវេជ្ជបណ្ឌិត «ព្រហ្ម ផានិត» ដែលជាគ្រូពេទ្យឯកទេសសើស្បែកមកពីប្រទេសបារាំងបច្ចុប្បន្នកំពុងបម្រើការនៅផ្នែកជំងឺសើស្បែក និងកាមរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលលោកបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយពីជំងឺនេះ ៖ និយមន័យ ជំងឺវីទីលីហ្គោ ឬជំងឺឃ្លង់ល្ពៅគឺជាជំងឺស្បែកដែលប្រែពណ៌ពីធម្មតាទៅជាពណ៌សដោយសារតែការស្លាប់របស់កោសិកាផលិតពណ៌ (melanocyte)។ ជំងឺវីទីលីហ្គោនេះអាចកើតមានឡើងចំពោះមនុស្សគ្រប់វ័យអាចកើតមាននៅលើផ្ទៃមុខដងខ្លួនចុងដៃចុងជើង និងតាមជាលិកាទន់ដូចជាភ្នែក ច្រមុះ បបូរមាត់ ។ល។ ជំងឺនេះដែរមានកើតលើប្រជាជនប្រហែល 0,1%-2% នៃប្រជាជនទាំងអស់ទូទាំងពិភពលោកតែប្រទេសកម្ពុជាយើងមិនមានទិន្នន័យច្បាស់លាស់ណាមួយលើការកើតជំងឺនេះទេ។ យ៉ាងណាមិញបើតាមតួរលេខរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានអ្នកកើតជំងឺនេះប្រហែល 1% ទៅ2% ប៉ុណ្ណោះក្នុងចំណោមអ្នកជំងឺដែលបានមកពិនិត្យព្យាបាលនៅអគារជំងឺសើស្បែកនិងកាមរោគ។ មូលហេតុ ជាក់ស្តែង ពុំមានការបញ្ជាក់ច្បាស់លាស់ណាមួយអំពីមូលហេតុដែលបណ្តាលឲ្យកើតជំងឺនេះនោះទេ។ ប៉ុន្តែបើតាមការស្រាវជ្រាវគេបានសន្និដ្ឋានថាប្រហែលជាទាក់ទង នឹងប្រព័ន្ធការពាររាងកាយទៅបំផ្លាញកោសិកាពណ៌ (melanocyte)ដែលគេហៅថា Autoimmune Diseases និងមួយទៀតអាចមកពីកត្តាសេនេទិច។ រោគសញ្ញា ជំងឺនេះ ស្តែងឡើងដោយមានការប្រែពណ៌ស្បែកខុសប្រក្រតីពោលគឺស្បែកបានប្តូរទៅជាពណ៌ស(Depigmetation) ដែលអាចមើលឃើញដោយភ្នែកទទេ។ ការប្រែប្រួលនេះកើតឡើងដុំៗ និងអាចមានទំហំតូចឬធំតែគ្មានបញ្ហារមាស់ និងអាការៈអ្វីឡើយ។ រោគវិនិច្ឆ័យ គ្រូពេទ្យឯកទេសខាងសើស្បែកអាចដឹងថាជាជំងឺវីទីលីហ្គោលបានដោយការពិនិត្យស្បែកជាក់ស្តែង (Physical Examination) ប្រវត្តិអ្នកជំងឺ(Medical History) និង Skin biopsy ។ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់គ្រូពេទ្យនឹងច្រិបយកស្បែកមួយផ្នែកណាមួយទៅពិនិត្យ(biopsy)ដើម្បីវិភាគកោសិកាពណ៌(melanocyte)។ បើកោសិកាទាំងនេះស្លាប់វាប្រាកដណាស់ថាអ្នកជំងឺបានបាត់បង់កោសិកាពណ៌ដែលជាហេតុធ្វើឲ្យស្បែកប្តូរពណ៌ទៅជាស។ វិធីមួយបែបទៀតគឺយកអំពូលមួយដែលមានកាំ-រស្មី ultra violet (wood  lamp) បញ្ចាំងលើស្បែក ដើម្បីរកមើលនូវផ្ទៃសតូចៗមានរាងដូចជាបង្អូចដែលជាកន្លែងកើតមានជំងឺវិទីលីហ្គោលនេះ។ ការព្យាបាល ចំពោះការព្យាបាល គ្រូពេទ្យនឹងធ្វើការព្យាបាលទៅតាមប្រភេទនិងទីតាំងដែលកើតជំងឺ៖ •ប្រសិនបើការប្រែពណ៌មានទំហំតូចដូចជាលើផ្ទៃមុខគ្រូពេទ្យព្យាបាលដោយថ្នាំពីរប្រភេទសំខាន់ គឺពួក Steroid ដែលយើងត្រូវលាបនៅកន្លែងដែលកើត២ដងក្នុង១ថ្ងៃដើម្បីកុំឲ្យប្រព័ន្ធការពាររាងកាយបំផ្លាញកន្លែងហ្នឹងបន្តទៀត និងមួយទៀត គឺពួកImmunosuppressive (tacrolimus) អាចលាបលើកន្លែងដែលកើតដើម្បីបន្ថយនូវសកម្មភាពរបស់ប្រព័ន្ធការពាររាងកាយរបស់យើងផងដែរ។ •ប្រសិនបើការប្រែពណ៌មានទំហំធំ (ពណ៌សសឹងទាំងអស់) គេព្យាបាលដោយថ្នាំមួយប្រភេទទៀត គឺពួក Hydroguinone ដើម្បីលុបកន្លែងដែលមានស្បែកពណ៌ខ្មៅចោលធ្វើឲ្យស្បែកសទាំងអស់វិញ។ •ប្រសិនបើការប្រែពណ៌ជាចំណុចពណ៌សតូចៗច្រើនពេញខ្លួនគេព្យាបាលដោយពន្លឺ (phototherapy, puva ឬ UVB)។ •ក្រៅពីមធ្យោបាយព្យាបាលខាងលើគេក៏អាចព្យាបាលតាមវិធីសាស្ត្រជាច្រើនទៀតដូចជា៖ ការយកស្បែកដែលល្អមកជួសកន្លែងដែលមានស្បែកខូច (Skin Graft) ដើម្បីឲ្យស្បែកដុះលូតលាស់មកពណ៌ធម្មតាវិញ និងមួយទៀតគឺការវះកាត់ដូរស្បែក (យកស្បែកនៅកន្លែងល្អមកដូរនៅកន្លែងដែលកើតមានជំងឺ)។ ការព្យាបាលជំងឺវីទីលីហ្គោលាចទទួលបានជោគជ័យឬអត់ វាអាស្រ័យទៅលើទំហំ និងប្រភេទនៃការប្រែពណ៌។ ដូចនេះអ្នកជំងឺត្រូវទៅជួបគ្រូពេទ្យឯកទេសដើម្បីជ្រើសរើសនូវវិធីព្យាបាលដ៏ត្រឹមត្រូវ។ ជំងឺវីទីលីហ្គោលនេះមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែវាធ្វើឲ្យអ្នកជំងឺបាត់បង់នូវសកម្មភាពសង្គមដោយសារការខ្មាសអៀន និងចង់លាក់បាំងនូវអ្វីដែលគាត់កើតមាន។ ប្រសិនបើអ្នកជំងឺកើតមាននូវជំងឺវីទីលីហ្គោលហើយគាត់មានជំងឺមួយចំនួនទៀតដូចជាទឹកនោមផ្អែម បញ្ហាក្រពេញទីរ៉ូអ៊ីត និងជំងឺក្រិនស្បែក (Scleroderma)  នោះវាធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត។ ការបង្ការ វិធីការពារ និងទប់ស្កាត់កុំឲ្យជំងឺនេះរីករាលដាលអ្នកជំងឺមិនត្រូវឲ្យប៉ះពាល់ពន្លឺថ្ងៃក្តៅខ្លាំងដែលអាចបណ្តោយឲ្យរលាកស្បែកនៅកន្លែងផ្សេងដូចជា មុខ ដងខ្លួន នៅចុងដៃចុងជើង និងនៅមាត់មិនគួរឲ្យប៉ះទង្គិច ឬប៉ះជាមួយទឹកក្តៅខ្លាំងដែលបណ្តាលឲ្យស្លាប់កោសិកាដទៃទៀតដែលបណ្តាលឲ្យកើតវីទីលីហ្គោបូកជាមួយ Phototherapy។ ជំងឺនេះមិនមានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនោះទេដោយសារវាកើតឡើងដោយប្រព័ន្ធការពាររបស់ខ្លួនយើងផ្ទាល់ប្រឆាំងនឹងខ្លួនឯង(Auto Immune)។ ឯកត្តាសេនេទិចក៏មិនទាន់បានបញ្ជក់ឲ្យច្បាស់លាស់ផងដែរ ដោយគ្រាន់តែអាចដឹងថាបើគ្រួសារមួយមានជំងឺវីទីលីហ្គោនេះកូនចៅ ឬចៅទួតអាចមានកើតជំងឺនេះប៉ុន្តែអាចនឹងអត់កើតផងដែរ។ ជាចុងក្រោយ ប្រសិនបើបងប្អូនប្រិយមិត្តអានទាំងឡាយបានជួបប្រទះឬមានការសង្ស័យថាខ្លួនមានស្បែកខុសធម្មតាគួរតែទៅជួបជាមួយនឹងគ្រូពេទ្យឯកទេសខាងសើស្បែកដើម្បីពិនិត្យ និងធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវចៀសវាងការយល់ខុស និងការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពក៏ដូចជាការចំណាយប្រាក់ច្រើន ការជួបជាមួយគ្រូពេទ្យឯកទេសយើងអាចទទួលបាននូវការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលបានការព្យាបាលប្រកបដោយគុណភាពប្រសិទ្ធភាពនិងសុវត្ថិភាព។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មុន មុន គឺជាជំងឺរបស់ក្រពេញគល់រោម “Pilosebaceous“ វាកើតឡើងជាញឹកញាប់ មិនថាបុរស ឬស្រ្តី។ ជាទូទៅ គេឃើញថាមុនកើតឡើងក្នុងកំឡុងពេល អាយុពី ១០ ទៅ៤០ឆ្នាំ។មូលហេតុនៃការកើតមុន បណ្តាលមកពីការស្ទះ ក្រពេញបញ្ចេញក្រៅរបស់ក្រពេញ Sebaceous  និងការកើនឡើងលើសលុបនូវ ការបញ្ចេញរបស់ក្រពេញនេះ។ រួមជាមួយបំរែបំរួលអ័រម៉ូន Aldosterone បន្ថែមពីលើនោះ គឺមានការប្រមូលផ្តុំ នូវពពួកបាក់តេរីទៀតផង។ មុនត្រូវបានបែងចែកជាច្រើនប្រភេទ ដែលបង្កឡើងដោយមូលហេតុច្រើនយ៉ាង បន្ថែមពីលើការកកស្ទះ និងការបញ្ចេញច្រើនលើសលុបរបស់ក្រពេញសេបាសេ ”Sebaceas” ដូចជា Acne  vulgaris, Acne Cosmetica, Acne Occupational, Acne Senile Comedone, Acne Neonatorum, Acne Medicamentosa ជាដើម។ តែទោះជាយ៉ាងណា យើងធ្វើចំណាត់ថ្នាក់ មុន តែពីរប្រភេទធំៗ គឺ មុនគ្មានការរលាក (Acne non inflame), មុនមានការរលាក (Acne inflame) ។ • នៅក្នុងចំណាត់ថ្នាក់ Acne non inflame មានដូចជា Acne vulgaris ដែលចែកជា  ពីរ  ក្រុមទៀតគឺ ៖    comedone      white     head ( មុនគ្រាប់ស )និង comedone black head (មុនក្បាលខ្មៅ) ។ • រីឯចំណាត់ថ្នាក់ Acne inflame មានដូចជា Acne fulminance, Acne Conglobata ជាដើម។ បើនិយាយពីរោគវិនិច្ឆ័យ មុន (Acne) គឺតំរូវទៅតាម គ្លីនិក និងធ្វើការបែងចែកទៅតាមអាយុ ប្រភេទមុន និងចំណាត់ថ្នាក់ដើម្បីធ្វើការព្យាបាល។ ការព្យាបាល ក៏ដូចរោគវិនិច្ឆ័យដែរ គឺតំរូវទៅតាមប្រភេទ និងចំណាត់ថ្នាក់របស់មុនដូចគ្នា។ ១. Topical Therapy • Acne non inflame ៖ សំដៅលើមុនដែលមិនមានការរលាក - Acne cream and Acne lotion ៖ សម្រាប់ធ្វើឲ្យមុខស្ងួត និង peeling effect - Retinoic acid ៖ លាបដើម្បីកាត់បន្ថយការបញ្ចេញរបស់ក្រពេញ Sebaceas ។ • Acne inflame ៖ សំដៅលើមុនដែលមានការរលាក រួមនិងមានបណ្តុំនៃពពួកបាក់តេរី -Benzoyl Peroxide : 2.5%  5%  10% ទៅតាមកម្រិតនៃការរលាក -Erythromycine gel, ( Clindamycinegel ) ២. Systemic therapy • Antibiotic ដែលប្រើប្រាស់ជាញឹកញាប់មានដូចជា :  Doxycycline, Erythromycine, Azithromycine, Cotrime (ពេលខ្លះ) ជាដើម ។ • Hormonal therapy • Roaccutane “Isotretinoin” ករណីមុនដែលធ្ងន់ធ្ងរ ការព្យាបាលកាន់តែពិបាក អាចតំរូវឲ្យចាក់ពពួក Anti-inflammatory ទៅក្នុងបណ្តុំមុនដែល មានគ្រាប់ធំ ហើយរឹង។ ជារួម “មុន” ជាជំងឺដែលសុំាញុំា ហើយពិបាកក្នុងការព្យាបាលឲ្យជាសះស្បើយដាច់ណាស់។ បច្ចេកវិទ្យាបច្ចុប្បន្ន ដែលទាន់សម័យ ហើយទំនើបនៅប្រទេសជឿនលឿន គឺការព្យាបាលរបស់គេអាចរហូតដល់ប្រើប្រាស់ Laserនិងម៉ាស៊ីនឈ្មោះ ‘AGNESTM “ ទៅហើយ។ អាស្រ័យហេតុនេះ ដើម្បីព្យាបាលមុនឲ្យមានប្រសិទ្ធភាព សូមបណ្តាអតិថិជនទាំងអស់ ស្វែងរកការព្យាបាលដោយវេជ្ជបណ្ឌិតមានជំនាញ ចៀសវាងការព្យាបាលតាមបែប ប្រថុយប្រថាន ជាមួយផលិតផលក្នុងទីផ្សារសេរី ដោយមិនគោរពតាមវេជ្ជបញ្ជាច្បាស់លាស់។ ជាំ ជាំ គឺជាការកើតឡើងនូវពណ៌លើស្បែកដែលបណ្តាលឲ្យពណ៌ស្បែកប្រែទៅជាពណ៌ក្រមៅជាងស្បែកធម្មតាកើតថ្មីៗ ហើយមានកម្រិតព្រំដែនច្បាស់លាស់។ គេសង្កេតឃើញថា «ជាំ» កើតមានលើស្រ្តីច្រើនជាងបុរស ហើយច្រើនកើតលើមនុស្សចាប់ពីអាយុលើសពី២០ឆ្នាំ តែមូលហេតុរបស់ជាំមិនត្រូវបានបញ្ជាក់ច្បាស់លាស់ទេ។ វាអាចបណ្តាលមកពីមូលហេតុច្រើនយ៉ាង គ្រាន់តែអាចសំគាល់ឃើញថាវាមានទំនាក់ទំនងនឹងបម្រែបម្រួលរបស់អរម៉ូន និងកម្តៅថ្ងៃ។  ជាក់ស្តែង ការប្រមូលផ្តុំនូវកោសិកាពណ៌របស់ស្បែកឈ្មោះថា «មេឡានីន» ច្រើនលើសលុប បណ្តាលឲ្យជំងឺ «ជាំ» នេះកើតឡើង។ កន្លែងដែលកើតមានអាការៈជាំជាញឹកញាប់មានដូចជា៖ ថ្ងាស ថ្ពាល់ សៀតផ្កា ច្រមុះ និងចង្កា។ ជាទូទៅ គេសង្កេតឃើញថាជាំច្រើនចេញនៅពេលដែលស្រ្តីមានផ្ទៃពោះ ស្រ្តីដែលប្រើប្រាស់ថ្នាំពន្យារកំណើត ក្រុមពពួក Oestrogen ជាដើម។ កត្តាមួយចំនួនទៀតដែលជម្រុញឲ្យជាំកើតមានដែរ គឺជំងឺរ៉ាំរ៉ៃ ជំងឺស្រេ្តសជាដើម។ យ៉ាងណាមិញ ការព្យាបាលមានការលំបាកនឹងឲ្យជាដាច់ក្នុងរយៈពេលខ្លីណាស់ មានន័យថាការព្យាបាលត្រូវប្រើពេលយូរ ឬសឹងតែអស់មួយជីវិតទៅតាមដំណាក់កាលនីមួយៗ លើកលែងតែជាំដោយសារការមានផ្ទៃពោះជាទូទៅក្រោយពេលសម្រាលកូន៦ខែ ជាំអាចវិវឌ្ឍន៍ទៅជាសះស្បើយវិញដោយខ្លួនឯង។ រីឯជាំបណ្តាលមកពីការលេបថ្នាំពន្យារកំណើត ក្រោយពីបញ្ចប់ការលេបក៏ត្រឡប់មកធម្មតាវិញដូចគ្នាដែរ។ ជាទូទៅ ថ្នាំដែលប្រើក្នុងការព្យាបាលជាំមានដូចជា «Hydroquinone» លាយជាមួយ Tretinoin  និងCorticoides។ ម្យ៉ាងវិញទៀត គេក៏អាចព្យាបាលជាមួយ Azelaic acid រួមបន្ថែមនូវគ្រីមការពារកម្តៅថ្ងៃ SPF 30-50 ផងដែរ។ Atopic Dermatitis Atopic Dermatitis ជាជំងឺរលាកស្បែកម្យ៉ាងដែលមានរោគសញ្ញារមាស់ ជាចម្បង និងសើរើជាញឹកញាប់ (Recurrent) ដែលជាទូទៅការប៉ះទង្គិចកើតមាននៅលើផ្នែកទាំងសងខាងនៃដងខ្លួន (Symmetrical) ជាពិសេស គឺតំបន់បត់ ឬគន្លាក់ ដូចជាគន្លាក់ដៃ គន្លាក់ជើង ថ្ពាល់ ហើយលក្ខណៈពិសេសរបស់ជំងឺនេះ  គឺមាននៅទាំងសងខាង ដែលហៅថា   Symmetrical។ ជាទូទៅ វាចាប់ផ្តើមនៅពេលទើបនឹងកើតភ្លាម និងច្រើនកើតមានមុនអាយុ២ឆ្នាំ ហើយច្រើនតែកែសម្រួលបានដោយជំងឺនេះថយចុះទៅតាមអាយុអាចថយចុះ មានន័យថាកាលណាអាយុ កើនឡើងជំងឺនេះ ប៉ុន្តែរោគសញ្ញាកាន់តែធ្ងន់ធ្ងរដោយសារការអេះ និងកកិត ។ រោគសញ្ញាចម្បងនៃជំងឺនេះ មានដូចជា ៖ • ការរមាស់ (Pruritus)  មាននៅតំបន់គន្លាក់ចំពោះមនុស្សពេញវ័យនិង នៅមុខ ដៃ កំបេះគូថ សម្រាប់ក្មេង • ជាប្រភេទជំងឺរ៉ាំរ៉ៃដែលសើរើជាញឹកញាប់ • មានប្រវត្តិជំងឺគ្រួសារដែលមានប្រតិកម្ម ៖ ស្បែក ច្រមុះ ទងសួត ដែលហៅថា Atopic Dermatitis, Allergic rhinitis, Asthma allergic conjonctivale (រលាកភ្នែកដោយប្រតិកម្ម) រីឯរោគសញ្ញាបន្ទាប់បន្សំវិញរួមមានដូចជា ៖ • រលាកភ្នែកញឹកញាប់ • រលាកមាត់ • រលាកមុខរលាត់ៗ របកៗ • ពុលចំណីអាហារ • រលាកដៃ (បាតដៃ)ញឹកញាប់ • ស្បែកស្ងួតរបកៗ • អង់ទីករ(IgE) ឡើងខ្ពស់ • រមាស់ រួមនឹងហើមៗ • ឡើងកន្ទួលៗ គ្រាប់ៗ (Keratosis pilaris) • គូសលើស្បែកឡើងពណ៌ស (White dermographism) កន្លែងដែលចេញជាញឹកញាប់ (Morphology and distribution)៖ • អាយុពីកើតដល់២ឆ្នាំ ៖ ច្រើនកើតមានជាប្រភេទ Acute និង Sub acute eczema មាននៅមុខ ថ្ងាស ថ្ពាល់ ជុំវិញមាត់ ជុំវិញច្រមុះ ដៃ និងជើង។ • អាយុពី២ឆ្នាំដល់១២ឆ្នាំ ៖ ជាប្រភេទ Sub acute និង Chronic eczema រួមជាមួយ Secondary Infection ដោយពពួកបាក់តេរីច្រើនមាននៅតំបន់ខ្នងដៃ ខ្នងជើង កដៃ កញ្ចឹងក ក្បាលជង្គង់...។ • សម្រាប់មនុស្សពេញវ័យ ៖ កន្លែងដែលកើតមានច្រើននៅថ្ងាស ត្របកភ្នែក    កញ្ចឹងក    ខ្នងដៃ    ខ្នងជើង   កដៃ។ ជំងឺនេះកើតមានលើក្មេងប្រុស និងមនុស្សប្រុសច្រើនជាងក្មេងស្រី និងមនុស្សស្រី។ វិធីព្យាបាល និងបង្ការនៃជំងឺមួយនេះរួមមានដូចជា ៖ • ចៀសវាងនូវទង្វើមួយចំនួនដូចជា ៖ ការប៉ះទង្គិចជាមួយសារធាតុដែលនាំឲ្យមានប្រតិកម្មដូចជាប៉ះជាមួយទឹក ទឹកសាប៊ូ ឬជាតិកាត់ដូចជា សាប៊ូ មេសាប៊ូគ្រឿងក្រអូបមួយចំនួន។ បន្ថែមពីលើនេះ លោកអ្នកក៏គួរចៀសវាងការអេះ និងកកិត ភាពសើម ធូលី និងលំអងព្រមជាមួយនឹងភាពតានតឹង ឬធុញថប់ផងដែរ។ • ប្រើថ្នាំលាប (Topical Therapy) ៖  Topical Steroid  រហូតដល់ស្បែកស្អាតល្អ ទើបប្រើគ្រីមដែលផ្តល់នូវសំណើម។ • ប្រើថ្នាំលាបប្រភេទ Antibiotic សម្រាប់ស្បែករលាកដែលមាន Secondary Infection ជាពិសេសថ្នាំ ដែលមានប្រសិទ្ធភាពលើពពួកStaphy lococcus aureus ដូចជា Erythromycine, Cephalexine, Cloxacilline ជាដើម។ • ថ្នាំប្រភេទ Anti-Histamine  ដើម្បីការពាររមាស់។ • ថ្នាំប្រភេទ Systemic Corticosteroid ប្រសិនបើមានការរលាកខ្លាំង។ • ប្រើ  PUVA or UVB phototherapy ក្នុងករណីដែលប្រើថ្នាំខាងលើមិនជោគជ័យ។ បកស្រាយដោយ ៖ លោកស្រីវេជ្ជបណ្ឌិត ញ៉ែម ណាវី ឯកទេសជំងឺសើស្បែក  និងកាមរោគ  ម្ចាស់បន្ទប់ពិគ្រោះជំងឺរតនា និងជាវេជ្ជបណ្ឌិតបម្រើការនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ

ចែករំលែក

សំណួរ៖ នាងខ្ញុំមកពីខេត្តបាត់ដំបង មានចម្ងល់ថាហេតុអ្វីបានជាស្បែកឡើងជ្រាំង (រន្ធរោមធំៗ)ពិសេសនៅដើមដៃ? ធ្វើយ៉ាងណាទើបអាចដោះស្រាយបាន? ចម្លើយ៖ ការឡើងជ្រាំងនៅដើមដៃ ភាគច្រើនបណ្ដាលមកពីការជិតរន្ធរោមបង្កឲ្យទៅជាគ្រាប់គីស ឬមុនតូចៗនៅលើខ្លួនដែលហៅថាមុនខ្លួនហើយភាគច្រើនវាកើតឡើងដោយឯកឯង  ឬក៏បុគ្គលដែលនៅកន្លែងម៉ាស៊ីនត្រជាក់ច្រើនម៉ោងក្នុងមួយថ្ងៃដែលអាចបណ្ដាលឲ្យស្បែកស្ងួត។ ចំពោះដំណោះស្រាយ ប្រសិនបើការឡើងជ្រាំងកើតឡើងដោយខ្លួនឯង (ធម្មជាតិ) ពោលគឺអ្នកជំងឺសម្បូរទៅដោយអ័រម៉ូន យើងត្រូវព្យាបាលដោយអ័រម៉ូនដើម្បីទប់ទល់នឹងអ័រម៉ូន។ តែប្រសិនបើការឡើងជ្រាំងកើតឡើងដោយសារការនៅក្នុងម៉ាស៊ីនត្រជាក់ច្រើនម៉ោង យើងត្រូវបន្ថយកម្រិតត្រជាក់កុំឲ្យត្រជាក់ពេក ត្រូវលាបឡេផ្តល់សំណើមការពារកុំឲ្យស្បែកស្ងួត និងប្រើប្រាស់សារធាតុ Keratolytic ដូចជាពពួក Salicylic Acid និង Retinoic Acid ដើម្បីឲ្យសារធាតុខ្លាញ់ចេញមកក្រៅ ហើយរន្ធរោមក៏លែងរួមតូច និងស្បែកមានដំណើរការធម្មតាវិញ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

អាហារល្អៗជាច្រើនសម្រាប់ញ៉ាំដើម្បីសុខភាព និងល្អសម្រាប់មុខមុន ប៉ុន្តែការញ៉ាំអាហារដ៏ត្រឹមត្រូវមិនមែនត្រឹមតែជាអ្វីដែលអ្នកគួរញ៉ាំនោះទេ តែក៏ជារបៀបនៃការញ៉ាំផងដែរ។ អ្នកបានដឹងមកហើយអំពីអាហារដែលត្រូវញ៉ាំតែរបៀបញ៉ាំនេះក៏មិនមែនជារឿងតូចតាចដែរ បើសិនជាមុនរបស់អ្នកហាក់នៅតែរឹងទទឹងមិនបាត់ទៅណា។ 1.    កុំរំលងអាហារពេលព្រឹក ការរំលងអាហារពេលព្រឹកធ្វើឲ្យកំឡុងពេលរវាងអាហារឃ្លាតឆ្ងាយពីគ្នាពេកជម្រុញឲ្យមានការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាមមិនទៀងទាត់ដែលជះឥទ្ធិពលលើការផលិតអាំងស៊ុយលីន បន្ទាប់មកក៏នាំឲ្យកើតមានជាការរលាក ស្បែកឡើងខ្លាញ់ និងការស្ទះរន្ធរោមដែលសុទ្ធតែជាដើមចមនៃការកើតមុន។ ម្យ៉ាងទៀត ការខកខានអាហារនៅពេលណាមួយ ជាពិសេសគឺពេលព្រឹកក៏នាំឲ្យមានការបញ្ចេញនូវអ័រម៉ូនស្រេ្តស cortisolដែលជម្រុញឲ្យជាតិស្ករក្នុងឈាមឡើងចុះដូចគ្នា ដែលជាចលនករនៃយន្តការបង្កការកើតមុនដូចខាងលើដែរ។   យកល្អគឺត្រូវញ៉ាំអាហារពេលព្រឹកនៅមួយម៉ោងក្រោយពីក្រោកពីគេង ហើយបន្ទាប់មកគឺត្រូវដាក់គម្លាតអាហារ និងចំណីផ្សេងទៀតប្រហែល៤ម៉ោងបន្ទាប់។ គួរកត់សម្គាល់ដែរថា កាហ្វេនៅពេលព្រឹកមិនអាចជួយអ្វីបានឡើយ ហើយវាក៏អាចធ្វើឲ្យមានការបញ្ចេញអ័រម៉ូនស្ត្រេសទៀតផង។ 2.    កុំសម្អាតតែមុខ ត្រូវសម្អាតពីខាងក្នុងតែម្តង សំខាន់ខ្លាំងណាស់ក្នុងការសម្អាតរាងកាយរបស់អ្នកស្អាតតាំងពីខាងក្នុង ដើម្បីឲ្យវាដំណើរការបានល្អប្រសើរ។ ជាក់ស្តែង កាលណាមានសារធាតុកកស្ទះនៅក្នុងរាងកាយស្បែក គឺជាសរីរាង្គសម្រាប់បញ្ចេញសារជាតិពុលនោះ ដែលធ្វើឲ្យស្បែកត្រូវរងសម្ពាធ និងរងការប៉ះពាល់។ ដើម្បីធានាសម្អាតពោះវៀនជាប្រចាំអ្នកត្រូវបញ្ចូលជាតិទឹក យ៉ាងហោច១.៥លីត្រក្នុងមួយថ្ងៃ បន្លែ និងផ្លែឈើចម្រុះ ថែមគ្រាប់ធញ្ញជាតិ ពពួកកាបូហាយដ្រេត សណ្តែក ប្រូតេអីុន សារធាតុសរសៃ ក៏ដូចជាពពួកប្រ៊ីបាយអូទិច ដែល អាចជួយសម្អាតពោះវៀន និងបញ្ចេញអ័រម៉ូនបានល្អ។ 3.    បំប៉នអ័រម៉ូនរបស់អ្នក តាមដានដំណើរការនៃអ័រម៉ូនរបស់អ្នកអាចជួយកាត់បន្ថយការលេចឡើងនៃមុន។ ទាំងនេះអាចជួយបានតាមរយៈការញ៉ាំបន្លែដូចជា ប្រូខូលី ស្ពៃក្តោប បន្លែមានពណ៌ទឹកក្រូច ក្រហម និងស្វាយជាដើម ដែលវាជួយរក្សាលំនឹងអ័រម៉ូនរបស់អ្នក។ យ៉ាងណាមិញ អ្នកត្រូវប្រាកដថាអ្នកគ្រាន់តែចម្អិនវាក្នុងរយៈពេលខ្លីល្មមប៉ុណ្ណោះដើម្បីធានាថាសារធាតុចិញ្ចឹម និងវីតាមីនរបស់វាអាចរក្សាបាន។ 4.    កុំបង្អត់ខ្លួនឯង រួចញ៉ាំលើសលប់នៅពេលក្រោយ ប្រហែលនឹងខាងលើ ការបង្អត់ ឬរំលងអាហារណាមួយក្រៅពីបង្កឲ្យមានឥទ្ធិពលលើជាតិស្ករ និងអ័រម៉ូនស្ត្រេស តែវាក៏បង្កឲ្យអ្នកអាចញ៉ាំលើសលប់នៅពេលក្រោយបានផងដែរ ដែលបន្ទាប់មកវាអាចធ្វើឲ្យមានការរលាក និងក្លាយជាមុនបាន។ជំនួសមកវិញអ្នកអាចបរិភោគចំណីទ្រាប់ពោះដែលផ្តល់សុខភាពល្អដើម្បីគ្រប់គ្រងភាពស្រេកឃ្លានរបស់អ្នក។ 5.    ឈប់បង្ហើយអាហារ ជារឿយៗអ្នកបង្ខំបង្ហើយអាហារទាល់តែអស់ បើទោះបីជាអ្នកឆ្អែតហើយក៏ដោយ ដែលជាលទ្ធផលក៏បង្កការរលាកដោយសារតែការញ៉ាំលើសលប់នេះឯង។ នៅពេលនេះ អ្នកដឹងទាំងអ្វីដែលត្រូវញ៉ាំ អ្វីមិនត្រូវញ៉ាំព្រមទាំងការញ៉ាំរបៀបណាផងដែរ ហើយការញ៉ាំដ៏ត្រឹមត្រូវសម្រាប់សុខភាព និងមុខមុន មិនគួរត្រូវបានអូសបន្លាយទៀតទេ  ប្រសិនបើអ្នកចង់បានស្បែកមុខដែលស្រស់ថ្លាគ្មានមុន។

ចែករំលែក

ភ្នែកស្អាតដោយមិនបាច់តុបតែងចំណាយថវិកាច្រើនលើផលិតផលតុបតែងមុខមែនទេ? ទោះជាទិញ ក៏ពិបាកសម្រេចចិត្តថាត្រូវទិញផលិតផលណាមួយដើម្បីឲ្យត្រូវនឹងស្បែកមុខដែរ។ ឥឡូវនេះអស់កង្វល់ហើយ ហេលស៍ថាមនឹងធ្វើឲ្យភ្នែកអ្នកស្រស់ស្អាតដោយមិនចាំបាច់ប្រើប្រាស់របស់ទាំងនោះទៀតទេ។ ១.របៀបធ្វើឲ្យភ្នែកមើលទៅស្អាតនិងទាក់ទាញតាមបែបធម្មជាតិ ☻ ពត់រោមភ្នែក៖ ប្រើប្រដាប់ពត់រោមភ្នែក មកកៀបត្រង់គល់រោម ចំនួន១០វិនាទី បន្ទាប់មកកៀបចំ          កណ្តាល និងចុងរោមភ្នែក។ ធ្វើដូចនេះធ្វើឲ្យរោមភ្នែកកោងដូចធម្មជាតិ។ ប្រសិនបើមិនមានប្រដាប់ពត់រោមភ្នែកទេនោះ អ្នកអាចសាកល្បងវិធីងាយៗដូចខាងក្រោម៖ • ផ្លុំម្រាមដៃរបស់អ្នកឲ្យមានកំដៅ ហើយយកទៅសង្កត់រោមភ្នែកអ្នកយ៉ាងថ្នមចំនួន១០វិនាទី និងធ្វើដដែលៗ។ • យកស្លាបព្រាដាក់ក្នុងទឹកក្តៅល្មម រួចយកខ្នងស្លាបព្រាមកសង្កត់រោមភ្នែកអ្នក រួចយកដៃទៅពត់ម្តង។ • អ្នកក៏អាចយកច្រាស់ដុសធ្មេញដែលត្រាំទឹកក្តៅឧណ្ហៗមកសិតរោមភ្នែកអ្នកឡើងទៅលើផងដែរ។ ☻ កោរតម្រឹមចិញ្ចើម៖ ចិញ្ចើមមានតួនាទីយ៉ាងសំខាន់សម្រាប់លើកទម្រង់មុខ។ ចិញ្ចើមអាចធំ ឬក៏រាងតូចទៅតាមទម្រង់មុខរបស់យើងម្នាក់ៗ។ហេតុនេះយល់ល្អ អ្នកអាចរកអ្នកដែលមានបទពិសោធន៍ឬហាងផាត់មុខដើម្បីឲ្យគេជួយកោរនិងតម្រឹមចិញ្ចើមរបស់អ្នក ធ្វើបែបនេះ លើកក្រោយអ្នកអាចដករោមចិញ្ចើមដែលដុះលើសថ្មីៗដោយខ្លួនឯងបាន។ ☻ ប្រើថ្នាំបន្តក់ភ្នែក៖ បើភ្នែករបស់អ្នកមិនស្រស់ថ្លា ឬនឿយហត់ ប្រាកដណាស់ថាមើលទៅមិនស្អាតនោះទេ មិនត្រឹមតែភ្នែក តែគឺសម្រស់ផ្ទៃមុខទាំងមូលតែម្តង។ ការប្រើប្រាស់ថ្នាំបន្តក់ភ្នែកក្នុងករណីដែលភ្នែកមិនមានបញ្ហាធ្ងន់អាចជួយឲ្យភ្នែកធូរស្រាលនិងមានពន្លឺភ្លឺថ្លាឡើងវិញ។ ២.   ថែរក្សាស្បែកនៅជុំវិញភ្នែក ☻ គេងឲ្យបានគ្រប់គ្រាន់ ចៀសវាងការឡើងស្នាមខ្មៅនៅក្រោមភ្នែក។ ☻ ម៉ាស្សាស្បែកនៅជុំវិញភ្នែកអ្នកថ្នមៗ ដើម្បីចៀសវាងការឡើងហើមនៅជុំវិញភ្នែក។ ☻ ប្រើប្រាស់គ្រីម ជំនួយដល់ស្បែកនៅជុំវិញភ្នែក។ ការជ្រើសរើសប្រភេទគ្រីមដែលត្រូវនឹងស្បែករបស់អ្នកពិតជាសំខាន់។ ដូច្នេះអ្នកគួរតែប្រុងប្រយ័ត្ន ក្នុងការជ្រើសរើស និងចៀសវាងគ្រីមណាដែលប្រេងពេក ឬក៏ស្អិតពេក ដែលនឹងអាចធ្វើឲ្យកោសិកាចាស់ៗមិនមានឱកាសនឹងជ្រុះចេញ។ ☻ អ្នកអាចប្រើចំណិតត្រសក់មកគ្របពីលើភ្នែកដើម្បីធ្វើឲ្យភ្នែកមើលទៅស្រស់ថ្លា ឬក៏យកកញ្ចប់តែឆុងហើយ រួចទុកចោលឲ្យបាត់ក្តៅយកមកស្អំលើភ្នែកដើម្បីបំបាត់ភ្នែកដែលហើមជាដើម។ សម្រាប់សុភាពនារី ដែលនិយមចូលចិត្តសម្រស់ស្អាតៗតាមបែបធម្មជាតិ សូមសាកល្បងអនុវត្តតាមវិធីខាងលើល៎មើល ហើយរីករាយជាមួយលទ្ធផលជាទីគាប់ចិត្តតាមបែបងាយៗទាំងអស់គ្នា។    

ចែករំលែក

មុខស្រស់ស្អាតមួយម៉ាត់ តើអ្នកមើលទៅលើអ្វីខ្លះ? ទម្រង់មុខ ឬផ្ទៃមុខ? បើសិនជាមិនច្បាស់ទេ មកមើលទាំងអស់គ្នា…ពេញវ័យពេលណា សម្រស់ក្លាយជាចំណុចចាប់អារម្មណ៍បំផុតសម្រាប់គ្រប់ស្រទាប់មនុស្ស។ សំខាន់ ត្រឹមតែមានទម្រង់មុខ និងស្បែកមុខស្រស់ស្អាត មិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូចនេះទើប យើងខ្ញុំសូមលើកយក ៥ចំណុចពិសេសដែលជាផ្នែកដ៏ទាក់ទាញសម្រាប់ផ្ទៃមុខរបស់អ្នក ដើម្បីឲ្យអ្នកយកចិត្តទុកដាក់លើគ្រប់ចំណុចទាំងនេះបានល្អផងដែរ។ ភ្នែក៖ ផ្នែកសំខាន់បំផុតនៅលើមុខ ហើយភ្នែកស្រស់ស្អាត គឺមើលទៅភ្លឺថ្លាព្រមទាំងមានស្បែកជុំវិញភ្នែកស្អាតមិនរូងខ្មៅ។ ដើម្បីបានបែបនេះអ្នកត្រូវផ្តល់ឲ្យភ្នែកនូវការសម្រាកគ្រប់គ្រាន់។ ប្រសិនការងាររបស់អ្នកតម្រូវឲ្យនៅមុខកុំព្យូទ័រជាប្រចាំ អ្នកត្រូវឧស្សាហ៍ងើបដើរចេញមើលអ្វីផ្សេងខ្លះ និងព្រិចភ្នែកឲ្យបានញឹក កុំឲ្យភ្នែកអ្នកឆាប់ស្ងួត។ គួរប្រើទឹកភ្នែកសិប្បនិមិ្មតជាប្រចាំនូវរាល់ពេលអ្នកមានអារម្មណ៍ថាស្ងួតភ្នែក និងដើម្បីលាងភ្នែកពីធូលីដី។  ពាក់វ៉ែនតាខ្មៅគ្រប់ពេលអ្នកចេញក្រៅ ព្រោះវាអាចជួយការពារពីកាំរស្មីUV និងកុំឲ្យស្បែកកន្ទុយភ្នែកឆាប់ជ្រួញផងដែរ។ ទំនេរៗ អ្នកអាចឆ្លៀតចិតត្រសក់ជាចំណិតស្តើងៗ បិតលើរង្វង់ភ្នែករយៈពេលត្រឹមតែ១០នាទី ដើម្បីផ្តល់សំណើមដល់ស្បែកជុំវិញភ្នែករបស់អ្នក និងជួយបំបាត់រង្វង់ភ្នែកខ្មៅបានយ៉ាងប្រសើរ។ ច្រមុះ៖ ច្រមុះដែលស្អាតគឺសំដៅដល់ច្រមុះមានរាងតូច និងស្រួចដែលភាគច្រើនអ្នកអាចផាត់មុខឲ្យចេញជារូបរាងដែលអ្នកចូលចិត្ត។ ប៉ុន្តែអ្វីដែលពិសេសនោះអ្នកអាចម៉ាស្សាដើម្បីបានរូបរាងច្រមុះដ៏តូចខ្ពស់នេះបានដោយគ្រាន់តែប្រើដៃទាំងពីររបស់អ្នកម៉ាស្សាថ្នមៗ ឬរុញទៅសងខាងច្រមុះរបស់អ្នកពីលើចុះក្រោម ម្តង៥នាទី ដោយអនុវត្តជារៀងរាល់ថ្ងៃប្រសើរបំផុតគឺនៅពេលព្រឹកព្រលឹម ក្នុងរយៈពេលត្រឹមតែ២ទៅ៣ខែអ្នកនឹងឃើញលទ្ធផលជាទីគាប់ចិត្ត។ ថ្ពាល់៖ ស្បែកថ្ពាល់ គឺជាផ្នែកសំខាន់បង្ហាញអំពីទិដ្ឋភាពនៃស្បែកទាំងមូលរបស់អ្នកមានន័យថាមើលតែស្បែកថ្ពាល់ក៏ដឹងថាស្បែកទាំងមូលរបស់អ្នកមានសុខភាពល្អកម្រិតណាដែរ។ ដើម្បីបានថ្ពាល់ស្រស់ថ្លាជាប្រចាំគួរលាបប្រទាលកន្ទុយក្រពើផ្ទាល់លើថ្ពាល់ ទុក៣០នាទី ជាប្រចាំនៅមុនពេលអ្នកងូតទឹកឬលាងសម្អាតមុខ ព្រោះវាជួយឲ្យថ្ពាល់អ្នកមើលទៅម៉ត់និងភ្លឺរលោង។ ត្រូវចៀសវាងទម្លាប់អាក្រក់ដែលអ្នកចូលគេងទាំងមិនលាងមុខ ដោយសារការទុកគ្រឿងសម្អាងនៅលើមុខយូរពេកធ្វើឲ្យស្បែកមុខឆាប់ចាស់ និងយារហើយយកល្អអ្នកគួរតែគេងផ្ងារជាជាងគេងចំហៀងឬផ្កាប់មុខ។ ម៉្យាងទៀតត្រូវលាបក្រែមផ្តល់សំណើមលើផ្ទៃមុខទាំងមូលជាប្រចាំបន្ទាប់ពីសម្អាតមុខរួច ហើយអ្នកក៏អាចម៉ាស្សាថ្ពាល់តាមចលនាជារង្វង់ទាញទៅសៀតផ្កា ព្រមទាំងទះថ្ពាល់តិចៗដើម្បីឲ្យវាមានភាពហាប់ណែនផងដែរ។ បបូរមាត់៖ បបូរមាត់ស្រស់ស្អាតអាចជាផ្នែកមួយដែលធ្វើឲ្យពាក្យពេចន៍អ្នកមានឥទ្ធិពល ដែលវាមើលទៅមិនស្លេក មិនខ្មៅ មិនស្ងួត ហើយក៏មិនប្រេះ។ ដោយសារតែស្បែកបបូរមាត់អ្នកជាប្រភេទស្បែកស្តើង ដែលទាមទារឲ្យអ្នកថែរក្សាជាប្រចាំ  ដោយជ្រើសរើសប្រេងលាបបបូរមាត់ប្រភេទគ្មានអាល់កុល។ រឹតតែទាក់ទាញ គឺជ្រើសរើសក្រែមឲ្យសមនឹងអ្នកដូចជា បើសរសៃឈាមកដៃអ្នកបង្ហាញពណ៌បៃតង អ្នកគួរលាបក្រែមពណ៌ក្រហមត្នោត ឬពណ៌ទឹកក្រូច តែបើសរសៃកដៃអ្នកពណ៌ខៀវវិញ អ្នកគួរលាបក្រែមពណ៌ផ្កាឈូក  ឬស្វាយ  ប៉ុន្តែអ្នកក៏អាចជ្រើសរើសឲ្យស្របនឹងកម្មវិធីដែលចូលរួម និងសម្លៀកបំពាក់ដែលអ្នកស្លៀកបានផងដែរ។ ធ្មេញ៖ ឲ្យតែពេលអ្នកសើច នោះវាក៏ជាពេលវេលាដែលអ្នកបញ្ចេញនូវសម្រស់ធ្មេញរបស់អ្នកដែរ ដូចនេះ វាអាចចាត់ទុកជាផ្នែកមួយដ៏ទាក់ទាញ មិនត្រឹមតែស ត្រង់ជួរ តែក៏ត្រូវមានសុខភាពល្អផងដែរ។ ដើម្បីឲ្យបានទាំងព្រមបែបនេះ អ្នកត្រូវចងចាំដំបូងគឺ ការសម្អាតដូចជាអ្នកត្រូវប្រាកដថាអ្នកបានដុសធ្មេញយ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ ឬបន្ទាប់ពីញ៉ាំអាហាររួច ព្រមទាំងអាចប្រើអំបោះទាក់ធ្មេញ និងទឹកខ្ពុរមាត់បន្ថែមផងដែរដើម្បីសម្អាតបានកាន់តែស្អាត។  គួរមានទម្លាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងសម្អាតធ្មេញរបស់អ្នកយ៉ាងហោចណាស់ពី៦ខែ ឬ១ឆ្នាំម្តង។ ជំនួសប្រភេទអាហារ ឬភេសជ្ជៈផ្អែម មកជាតែព្រោះវាអាចកាត់បន្ថយការលូតលាស់របស់បាក់តេរីនៅក្នុងមាត់ និងបន្ថែមការញ៉ាំពពួកអាហារដែលសម្បូរដោយកាល់ស្យូម  ដោយសារវាមានអត្ថប្រយោជន៍ដល់ឆ្អឹង  រួមទាំងធ្វើឲ្យឆ្អឹងថ្គាមរឹងមាំផងដែរ។ បញ្ឈប់ការជក់បារីជាដាច់ខាត ព្រោះវាមិនត្រឹមតែបំផ្លាញធ្មេញរបស់អ្នកទេ ថែមទាំងបំផ្លាញសុខភាពមាត់របស់អ្នកទៀតផង។ លោកអ្នកក៏អាចបង្កើនសោភ័ណភាពធ្មេញរបស់អ្នកបាន ដោយការតម្រង់ធ្មេញ ដែលបច្ចុប្បន្ន វិធីនេះមានការពេញនិយម និងមានវិធីសាស្រ្តច្រើនទៅតាមគ្លីនិក ឬមន្ទីរពេទ្យធ្មេញនានា។  

ចែករំលែក
Top