-
Oct 08, 2018
|
-
6 ឆ្នាំមុន
|
-
3.7K មើល
Isoflavones គឺអឺស្ត្រូសែនពីរុក្ខជាតិ ហើយវាជាអ្នកសម្របសម្រួលកម្រិតអឺស្ត្រូសែនរបស់រាងកាយឲ្យមកឋិតនៅក្រោមការគ្រប់គ្រង។ ករណីដែលអឺស្ត្រូសែននៅក្នុងខ្លួនឡើងខ្លាំងពេក ដូចជាករណីស្ត្រីដែលស្ថិតក្នុងដំណាក់កាលត្រៀមអស់រដូវ នោះ Isoflavones នឹងធ្វើការរារាំងឥទ្ធិពលដ៏លើសលុបរបស់អឺស្ត្រូសែនទៅលើកោសិកា។ ដោយឡែក ករណីដែលអឺស្ត្រូសែនពុំមានកម្រិតគ្រប់គ្រាន់ ដូចជាក្នុងករណីស្ត្រីអស់រដូវ នោះIsoflavones នឹងបន្សាំខ្លួនឲ្យដូចនឹងអឺស្ត្រូសែនក្នុងខ្លួន តែបញ្ចេញឥទ្ធិពលក្នុងកម្រិតស្រាលជាង។ ហេតុនេះ វាត្រូវបានដឹងថាមានសកម្មភាព ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនចំពោះស្ត្រីអស់រដូវដោយក្នុងនោះរួមមាន៖
ធ្វើឲ្យឆ្អឹងរឹងមាំ
តាមការសិក្សានៅតាមបណ្តាអាស៊ានប្រទេសបានឲ្យដឹងថាស្ត្រីអស់រដូវដែលបានទទួលទានអាហារដែលសម្បូរដោយ Isoflavones មានដង់ស៊ីតេឆ្អឹងខ្ពស់ជាងនៅឆ្អឹងខ្នងផ្នែកខាងក្រោម បើធៀបនឹងស្ត្រីដែលមិនសូវបានទទួលទាន។ ភស្តុតាងដែលបង្ហាញថា Isoflavones មានសកម្មភាពការពារឆ្អឹងត្រូវបានបង្ហាញឡើងដោយសមត្ថភាពក្នុងការភ្ជាប់ដោយជម្រើសទៅនឹងរេសិបទ័ររបស់អឺស្ត្រូសែន។ ករណីដែលសកម្មភាពក្នុងការការពារឆ្អឹងនេះត្រូវបានបន្តរហូតដល់អាយុច្រើន នោះវាក៏អាចធ្វើឲ្យថយចុះនូវហានិភ័យនៃជំងឺពុកឆ្អឹកនិងអត្រាប្រេះបែកឆ្អឹងផងដែរ។
ការប្រឆាំងនឹងអុកស៊ីតកម្ម
ក្នុងចំណោមអត្ថប្រយោជន៍ពីឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម Isoflavones ត្រូវបានដឹងថាជាការការពារប្រព័ន្ធសរសៃប្រសាទដ៏សំខាន់ក្នុងករណីស្ទះសរសៃឈាមខួរក្បាលបណ្តោះអាសន្ន (TFCI) នេះបើតាមការពិសោធន៍លើកណ្តុរឈ្មោល និងកណ្តុរញីដែលបានកាត់សរីរាង្គអូវែចេញ។ Isoflavonesត្រូវបានបង្ហាញថាអាចជួយដល់បញ្ហាស្វិតសាច់ដុំដែលជាបញ្ហាកើតឡើងលើមនុស្សចាស់ និងអ្នកដែលមិនសូវមានការរស់នៅសកម្មទៀតផង។
ការប្រឆាំងនឹងជំងឺលើសទម្ងន់
ជំងឺលើសទម្ងន់ ជាភាពខុសប្រក្រតីនៃតុល្យភាពថាមពល និងមានទំនាក់ទំនងផងដែរទៅនឹងភាពលើសនៃអាំងស៊ុយលីនក្នុងឈាម ភាពស៊ាំនៃអាំងស៊ុយលីន ព្រមទាំងភាពខុសធម្មតានៃមេតាបូលីសទៅលើលីពីត។ Isoflavones ត្រូវបានជឿថាអាចមានអន្តរអំពើជាមួយនឹងរេសិបទ័រអឺស្ត្រូសែនដែលមាននៅក្នុងកោសិកា ដែលជាលទ្ធផលធ្វើឲ្យមានការថយចុះនូវការប្រមូលផ្តុំនៃជាតិលីពីត និងការចែកចាយនៃជាលិកាខ្លាញ់។
ការប្រឆាំងនឹងជំងឺទឹកនោមផ្អែម
Isoflavones ត្រូវបានបង្ហាញថាមានសារប្រយោជន៍ចំពោះជំងឺទឹកនោមផ្អែម ដោយសារសកម្មភាពដូចនឹងអឺស្ត្រូសែនរបស់រាងកាយ និងសមត្ថភាពក្នុងការការពារប្រតិកម្មអុកស៊ីតកម្មនៃខ្លាញ់ចេញដោយសារស្ករគ្លុយកូស ព្រមទាំងរារាំងការចាប់យកគ្លុយកូសនៅក្នុងពោះវៀនតូច ដោយកាត់បន្ថយភ្នាក់ងារដឹកជញ្ជូនគ្លុយកូសដែលពឹងផ្អែកលើសូដ្យូមផងដែរ។ ជាលទ្ធផល វាជួយកាត់បន្ថយនូវអត្រាកើននៃជាតិស្ករក្នុងឈាមក្រោយទទួលទានអាហារ។
ការប្រឆាំងនឹងជំងឺមហារីក
ការប្រើប្រាស់ Isoflavones ជាការព្យាបាលដ៏មានអានុភាពនៅក្នុងករណីជំងឺមហារីក គឺមានទំនាក់ទំនងនឹងសកម្មភាពប្រឆាំងការលូតលាស់មិនប្រក្រតីនៃកោសិកា ឬការលូតលាស់នៃកោសិកាមិនប្រក្រតី (antineoplastic) របស់វា។ វាក៏ត្រូវបានដឹងថាអាចរារាំងនឹងដំណើរកើតឡើងនៃដុំសាច់ដោយសារចលនការមួយចំនួនទៀតផងដែរ។
ឥទ្ធិពលជំនួយដល់បេះដូង និងចរន្តឈាម
Isoflavones អាចធ្វើឲ្យដំណើរលូតលាស់នៃការបង្កើតឡើងនូវបន្ទះខ្លាញ់ក្នុងសរសៃឈាម តាមរយៈការរារាំងការស្អិតជាប់នៃកោសិកា និងធ្វើឲ្យខូចខាតនូវសកម្មភាពនៃកត្តាជាក់លាក់សម្រាប់ជំរុញការលូតលាស់មួយចំនួនដូចជា platelet derived growth factor និង cytokines ដែលអាចជះឥទ្ធិពលដល់ការកកើតនៃដំបៅ។ ក្រៅពីនោះវាក៏រារាំងអង់ស៊ីម tyrosine kinases ព្រមទាំងធ្វើឲ្យថយចុះនូវការធ្វើអុកស៊ីតកម្មលើលីពីតផងដែរ។
អត្ថប្រយោជន៍លើស្បែក
ភាពខូចខាតសុខភាពស្បែកចំពោះស្ត្រីអស់រដូវអាចមានទំនាក់ទំនងជាចម្បងនឹងដំណើរចាស់ជរាទៅតាមអាយុ ការប៉ះពាល់នឹងកម្តៅថ្ងៃ និងមួយចំណែកជាលទ្ធផលនៃការថយចុះនូវអឺស្ត្រូសែនក្នុងខ្លួន។ Isoflavones ជាពិសេស genistein មានភាពជាប់ខ្ពស់នឹងរេសិបទ័រប្រភេទ ß ដែលច្រើនមាននៅក្នុងឆ្អឹង ស្បែក និងប្រព័ន្ធសរសៃឈាមបេះដូង ជាមួយនឹងសកម្មភាពប្រឆាំងអុកស៊ីតកម្ម និងសកម្មភាពដូចនឹងអឺស្ត្រូសែនអាចជួយក្នុងបញ្ហានេះបាន។
អត្ថប្រយោជន៍លើភាពរួមស្វិតនៃទ្វារមាស
ភាពរួមនៃទ្វារមាសជាបញ្ហារួមមួយសម្រាប់ស្ត្រីជាច្រើននៅក្នុងវ័យអស់រដូវដែលផ្តល់ជាផលរំខានជាច្រើនរួមមាន ភាពស្ងួត រមាស់ រលាកក្តៅក្រហាយ ឈឺ ធ្លាក់ស និងឈឺចាប់ពេលរួមភេទជាដើម។ នៅក្នុងការចុះផ្សាយនៅក្នុងព្រឹត្តិបត្រព័ត៌មាន Obstetrics & Gynaecology (2016)Isoflavones ត្រូវបានបង្ហាញថាអាចធ្វើឲ្យប្រសើរឡើងលើអាការៈទៅលើទ្វារមាសដែលបានរៀបរាប់ខាងលើជាបន្តបន្ទាប់។
អត្ថប្រយោជន៍លើមុខងារនៃការគិត
ការរៀនសូត្រ ភាពចង់ដឹង ការចងចាំ គឺសុទ្ធសឹងទាក់ទងនឹងមុខងារនៃការគិត ដែលមុខងារទាំងនេះត្រូវបានបង្ហាញនៅក្នុងព្រឹត្តិបត្រព័ត៌មាន Menopause (2015) ថាអាចមានការប្រសើរឡើងចំពោស្ត្រីក្រោយអស់រដូវដែលបានប្រើប្រាស់ Isoflavones ។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក