Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មុខវិជ្ជាពេទ្យ គឺជាមុខវិជ្ជាមួយដែលទាមទារឲ្យមានការតាំងចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងខ្លាំងក្នុងការសិក្សា។ ជាការពិតណាស់ ទន្ទឹមនឹងការខិតខំប្រឹងរៀននេះ យើងត្រូវរៀនឲ្យឆ្លាតផងដែរ។ មនុស្សម្នាក់ៗមានវិធីសាស្រ្តក្នុងការរៀនសូត្រខុសៗគ្នាទៅតាមបរិយាកាស និងចំណង់ចំណូលចិត្តរបស់ពួកគេ។ អ្នកខ្លះចូលចិត្តរៀននៅកន្លែងដែលស្ងាត់តែម្នាក់ឯង និងខ្លះទៀតចូលចិត្តរៀននៅហាងកាហ្វេជាដើម។ ខាងក្រោមនេះគឺជាការចែករំលែកនូវបទពិសោធន៍ និងគន្លឹះខ្លះៗក្នុងការរៀនពេទ្យ៖ -ភាសា ៖ មិនថាភាសាបារាំង ឬអង់គ្លេសទេ អ្វីដែលចាំបាច់នោះ គឺអ្នកត្រូវខំរៀនភាសាឲ្យបានខ្លាំង ព្រោះថាភាសា គឺជាយានដែលអាចនាំអ្នកឲ្យទៅដល់គោលដៅបាន។ អ្នកត្រូវចេះភាសាទាំងពីរនេះឲ្យបានស្ទាត់ជំនាញ ព្រោះថាឯកសារ សៀវភៅ និងមេរៀននៃមុខវិជ្ជាពេទ្យគឺភាគច្រើនត្រូវបានបោះពុម្ភផ្សាយជាភាសាបរទេស។ -ជំនាញទាំង៤៖ ជំនាញអាន៖ ការអាន គឺជារឿងដ៏សំខាន់មួយសម្រាប់មុខវិជ្ជាពេទ្យ ព្រោះថាមុខវិជ្ជានេះទាមទារឲ្យអ្នកត្រូវតែឧស្សាហ៍ និងអានសៀវភៅឲ្យបានច្រើន។ ជំនាញសរសេរ៖ បន្ទាប់ពីបានអានសៀវភៅហើយ អ្នកត្រូវតែចេះសង្ខេបមេរៀនជ្រើសរើសយកតែចំណុចសំខាន់ៗដើម្បីទុករំលឹកឡើងវិញពេលអ្នកទំនេរ។ រីឯប្លង់នៃការសង្ខេបមេរៀនវិញត្រូវមានចំណុចសំខាន់ៗមួយចំនួនដូចជានិយមន័យ មូលហេតុ ការវិវត្តនៃជំងឺ រោគសញ្ញា ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ផលវិបាកនៃជម្ងឺ ការការពារជាដើម។ ជំនាញស្ដាប់៖ ជំនួសឲ្យការអាន អ្នកអាចផ្លាស់ប្ដូររបៀបរៀនរបស់អ្នកមកជាការមើលនិងការស្ដាប់វិញ។ អ្នកអាចធ្វើការស្វែងរកនូវវីដេអូដែលបង្រៀនពីជំងឺជាច្រើននៅក្នុងគេហទំព័រ YouTube។ វាពិតជាមានប្រយោជន៍ណាស់ ព្រោះថាការអានអាចធ្វើឲ្យអ្នកស្ត្រេសឬពិបាកក្នុងការយល់មេរៀន ហើយពេលខ្លះអ្នកមិនអាចចាប់យករូបភាពជារួមនៃមេរៀនបានទេ។ ផ្ទុយទៅវិញ ការមើលនូវវីដេអូទាំងនោះអាចឲ្យអ្នកឆាប់យល់ពីមេរៀន និងងាយក្នុងការចងចាំមេរៀនផងដែរ ជំនាញនិយាយ៖ អ្នកត្រូវតែបង្កើនភាពក្លាហាន និងបង្កើតទម្លាប់មួយក្នុងការឆ្លើយនឹងសំណួរពេលគ្រូសូរ និងព្យាយាមចែករំលែកនូវចំណេះដឹងទៅកាន់មិត្តភក្ដិរបស់អ្នក។ ការធ្វើដូចនេះមិនត្រឹមតែអាចបង្កើនការចងចាំមេរៀនរបស់អ្នកនោះទេ វាថែមទាំងអាចជម្រុញឲ្យខ្លួនអ្នកមានទម្លាប់ក្នុងការគិតទៀតផង។ -ការសិក្សាជាក្រុម៖ អ្នកគួរតែបង្កើតក្រុមសិក្សាមួយដែលមានសមាជិកពី៣ទៅ៥នាក់ ហើយកំណត់ពេលវេលាឲ្យបានច្បាស់លាស់ដើម្បីសិក្សា។ ការសិក្សាជាក្រុមអាចផ្ដល់នូវផលប្រយោជន៍ដូចជា៖ ចំណេញពេលវេលា៖ អ្នកអាចចែកមេរៀនគ្នាមើល ហើយអ្នកអាចធ្វើបទបង្ហាញឬបង្រៀនពីមេរៀនដែលអ្នកបានមើលទៅកាន់មិត្តរួមក្រុមរបស់អ្នក។ ចែករំលែកចំណេះដឹង និងបង្កើនការចងចាំ៖ ការបង្រៀនគ្នាទៅវិញទៅមកគឺជាវិធីមួយដែលអាចធ្វើឲ្យអ្នកចងចាំមេរៀនយ៉ាងងាយ។ លើសពីនេះទៅទៀត អ្នកអាចពិភាក្សាទៅលើមេរៀននីមួយៗបានស៊ីជម្រៅជាងកាលដែលអ្នករៀនតែម្នាក់ឯង ព្រោះថាពេលខ្លះបើអ្នករៀនតែម្នាក់ឯង អ្នកអាចនឹងយល់ខុសពីមេរៀនក៏ថាបាន។ -ត្រូវមានកូនសៀវភៅមួយសម្រាប់កត់ត្រា ៖ វាគឺជាការចាំបាច់មួយដែលអ្នកគួរតែមានសៀវភៅដ៏ត្រឹមត្រូវមួយដើម្បីធ្វើការកត់ត្រានូវអ្វីដែលអ្នកបានរៀន។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកចុះកម្មសិក្សានៅតាមមន្ទីរពេទ្យវិញ វាកាន់តែចាំបាច់ត្រូវតែមានកូនសៀវភៅតូចមួយដែលអ្នកអាចដាក់តាមខ្លួនបាន។ ពេលអ្នកចុះអនុវត្តផ្ទាល់ វាមិនប្រាកដថាអ្នកត្រូវតែធ្វើតាមទ្រឹស្ដីទាំងអស់នោះទេ ដូច្នេះអ្នកត្រូវកត់ទុកនូវគន្លឹះផ្សេងៗដែលងាយយល់ និងងាយចាំនៅពេលដែលអ្នកបានជួបប្រទះនូវអ្វីដែលថ្មី។ -ការគ្រប់គ្រងពេលវេលា ៖ ជាការពិតណាស់ការរៀនពេទ្យគឺត្រូវចំណាយពេលវេលាយ៉ាងយូរ ហើយក៏រវល់ខ្លាំងបន្តិចដែរ ដូចនេះអ្នកត្រូវតែចេះគ្រប់គ្រងពេលវេលារបស់អ្នកឲ្យបានប្រសើរ។ អ្នកត្រូវបែងចែកពេលវេលាសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារ ពេលវេលាសម្រាប់ការសិក្សា និងពេលវេលាសម្រាប់ការសម្រាកនិងថែទាំសុខភាពរបស់អ្នក។ ជាទូទៅអ្នកនឹងប្រឈមនឹងការស្ត្រេសខ្លាំងក្នុងការរៀននូវមុខវិជ្ជាមួយនេះ ដូច្នេះអ្នកត្រូវចេះដោះស្រាយនូវបញ្ហាស្ត្រេសរបស់អ្នក។ Take Home Message: -អ្នកត្រូវខំរៀនភាសាឲ្យបានពូកែ ព្រោះថាអ្នកនឹងរឹតតែត្រូវការវានៅពេលដែលអ្នកចុះកម្មសិក្សានៅតាមមន្ទីរពេទ្យ ឬពេលអ្នកចេញធ្វើការ។ -ហ្វឹកហាត់ជំនាញទាំង៤ឲ្យបានខ្ជាប់ខ្ជួន។ អ្នកត្រូវចងចាំថា «ការអានឲ្យបានច្រើន» មិនប្រាកដថាអ្នកត្រូវអានសៀវភៅឲ្យបានច្រើនក្បាលនោះទេ គឺអ្នកត្រូវអានឲ្យបានច្រើនដងទើបចាំ។ -អ្នកគួររៀនធ្វើចិត្តឲ្យទូលាយ រៀនចែករំលែកចំណេះដឹងទៅកាន់មិត្តភក្តិរបស់អ្នក និងរៀនជាក្រុម។ អ្នកត្រូវចងចាំថា «ការជួយអ្នកដទៃ គឺជាការជួយខ្លួនឯង»។ -រៀនឲ្យឆ្លាត! អ្នកត្រូវចេះកត់ត្រានូវអ្វីដែលថ្មីសម្រាប់អ្នក និងកត់ទុកនូវអ្វីដែលអ្នកឆ្ងល់ដើម្បីធ្វើការស្រាវជ្រាវបន្ថែម និងដើម្បីសួរទៅកាន់គ្រូឬសិស្សច្បងរបស់អ្នក។ យ៉ាងណាមិញ ការខិតខំរៀនសូត្រជារឿងមួយដ៏សំខាន់ ប៉ុន្តែសុខភាពរបស់អ្នកក៏សំខាន់ណាស់ដែរ!!!

ចែករំលែក

អត្ថប្រយោជន៍នៃការធ្វើអេកូសាស្រ្តថ្លើម ដើម្បីពិនិត្យមើលសភាពសាច់ថ្លើមសំរាប់អ្នកជម្ងឺដែលមានជម្ងឺរលាកថ្លើមរ៉ាំរ៉ៃ ! យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា ជំងឺរលាកថ្លើម គឺជាជំងឺដ៏កាចសាហាវមួយ ដែលតែងធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព និង អាយុជីវិតយើងបាន ប្រសិនបើយើងមានការធ្វេសប្រហែសមិនបានធ្វើការព្យាបាល និង តាមដានអំពីការវិវឌ្ឍនៃជំងឺក៏ដូចជាសភាពរបស់សាច់ថ្លើម ហើយជួនកាលវាអាចមានការវិវឌ្ឍលឿនរហូតដល់ដំណាក់កាលចុងក្រោយ (មហារីកថ្លើមនៅលើថ្លើមក្រិន) ដោយស្ទើរតែមិនមានផ្តល់ជារោគសញ្ញា ឫ មានការធ្វើទុក្ខដល់អ្នកជំងឺឲ្យបានដឹងជាមុននោះឡើយ ៕ ការពិនិត្យ និង វិភាគសាច់ថ្លើម បើទៅតាមបច្ចេកទេសវេជ្ជសាស្ត្រ គឺយើងអាចធ្វើបានតាមច្រើនវិធី ឧទាហរណ៍ដូចជា ការពិនិត្យឈាម (blood test) ការធ្វើអេកូសាស្រ្តពោះ (abdominal ultrasound) ការស្គេនពិនិត្យមើលភាពរឹងរបស់សាច់ថ្លើម (liver fibroscann) និង ការធ្វើស៊ីធីស្គែនពោះ (abdominal CT.scann) ។ល។ ក៏ប៉ុន្តែសម្រាប់រាល់ការពិនិត្យមួយនេះគឺវាមានសារប្រយោជន៍ គោលបំណង និង ភាពច្បាស់លាស់ខុសៗគ្នារាងៗខ្លួនទៅតាមបច្ចេកទេសវេជ្ជសាស្ត្រ និង តម្រូវការចាំបាច់របស់ក្រុមវេជ្ជបណ្ឌិត ។ នៅពេលនេះយើងខ្ញុំក៏សូមលើកយកវិធីសាស្រ្តមួយងាយស្រួលក្នុងការតាមដាន និង ចំនាយថវិកាតិចតួច ដោយគ្មានភាពឈឺចាប់ ឫ លំបាក និង អាចទទួលបានលទ្ធផលភ្លាមៗមកអធិប្បាយជូនពុកម៉ែ បងប្អូន អ៊ំពូ មីងស្វែងយល់ទាំងអស់គ្នា ។ *** ការធ្វើអេកូសាស្រ្តពោះ នៅក្នុងជំងឺថ្លើមទាំងប្រភេទ B និង ប្រភេទC អាចអោយយើងដឹងពី៖ 1. ការរលាក និង សភាពរឹងរបស់ថ្លើម 2. ការវិវឌ្ឍរបស់សាច់ថ្លើម រលាក គ្រើម រឹង និង ក្រិន.... 3. ដឹងពីរចនាសម្ព័ន្ធសរសៃឈាមវ៉ែន នៅក្នុងថ្លើម 4. អាចដឹងពីផលវិបាក និង ការវិវឌ្ឍរបស់ជំងឺថ្លើមដូចជា ទាចទឹក (Ascitis) រីក ឬធ្លាក់អណ្ដើក (splenomegalia) និង ការរីកធំ ឬ ស្ទះសរសៃឈាមធំនៅជិតថ្លើម (Portal vein) 5. អាចធ្វើការតាមដាន និង ពិនិត្យរកមើលដុំសាច់មហារីក (Liver cancer CHC...) ។ ដូចនេះ ការធ្វើអេកូពោះក្នុងជំងឺថ្លើមរ៉ាំរ៉ៃ វាអាចជួយឲ្យយើងដឹងពីអាការៈ ក៏ដូចជាការវិវឌ្ឍ មុន និង ក្រោយព្យាបាល ការតាមដានហើយ គឺពិតជាមានភាពងាយស្រួលបំផុតក្នុងការធ្វើជូន ៕ យ៉ាងណាមិញ គ្រប់ជំងឺទាំងអស់បើយើងធ្វើការតាមដានជាទៀងទាត់ និង ទទួលបានការព្យាបាលយ៉ាងត្រឹមត្រូវជាមួយគ្រូពេទ្យឯកទេសដែលមានជំនាញច្បាស់លាស់ នោះយើងអាចកាត់បន្ថយគ្រោះថ្នាក់ដែលប៉ះដល់អាយុជីវិតបានជាង 50%៕ *** មន្ទីរសំរាកព្យាបាលអេគីប ឯកទេសថ្លើម ក្រពះ ពោះវៀន និង ឫសដូងបាត យើងខ្ញុំក៍មានក្រុមគ្រូពេទ្យជំនាញខាងផ្នែក អេកូសាស្រ្តដែលអាចជួយវិភាគ និង ធ្វើរោគវិនិច្ឆ័យជូនអ៊ំពូ យាយតា ពុកម៉ែ បងប្អូនបានយ៉ាងច្បាស់លាស់ ៕  អាស័យដ្ធាន ៖ ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ៕  ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ 017 / 070 / 066-553317 យើងខ្ញុំ និង រង់ចាំទទួលស្វាគមន៍ និង ព្យាបាលជូនពុកម៉ែបងប្អូនទាំងអស់គ្នាយ៉ាងរួសរាយរាក់ទាក់ និង ប្រសិទ្ធភាពខ្ពស់ផងដែរ…

ចែករំលែក

សម្រាប់សប្តាហ៍ចុងក្រោយនៃខែកក្កដានេះ យើងក៏រកឃើញអត្ថបទ៣ដែលមានអ្នកអានច្រើនជាងគេផងដែរ ដែលក្នុងនោះ មាន១ជាអត្ថបទដែលត្រូវបានដាក់បញ្ចូល និងនិពន្ធផ្ទាល់ដោយសាធារណជនដែលជាអ្នកប្រើប្រាស់របស់យើងផងដែរ…អត្ថបទទាំង៣ នោះរួមមានដូចខាងក្រោម ៖ ១៥ចំណុចដែលអ្នកនឹងយល់ប្រសិនបើអ្នកជានិស្សិតពេទ្យ  ជីវិតជានិស្សិតពេទ្យ មានតែនិស្សិតពេទ្យទេ ទើបយល់…លក្ខណៈថា មានរឿងរ៉ាវជាច្រើនដែលនិស្សិតផ្នែកផ្សេងមិនអាចនឹងដឹងបាន។ ហើយរឿងខ្លះ គឺពិបាកនឹងជឿ តែវាជាការពិតដែលត្រូវទទួលយក ទាំងដែលពេលខ្លះ មិនចង់នឹងទទួលយកក៏ដោយ។ យ៉ាងណាមិញ នេះក៏គ្រាន់តែជា១៥ចំណុចខ្លឹមៗតែប៉ុណ្ណោះ អ្នកដែលបានឆ្លងកាត់រសជាតិជីវិតនេះផ្ទាល់ ប្រាកដជាមានចំណុចខ្លះចង់បន្ថែមជាមិនខាន… Depression!!! កុំឲ្យស្រមោលខ្មៅនោះទាញយកអ្វីគ្រប់យ៉ាងពីអ្នកអី...  អ្នកប្រាកដជាបានលឺព័ត៌មានថ្មីៗនេះហើយអំពីការស្លាប់របស់តារាចម្រៀងដ៏ល្បីមួយរូប Chester Bennigton សមាជិកមួយនៃក្រុមតន្រ្តីLinkin Park ដែលគាត់ក៏ជាអាយដុលមួយរូបរបស់ខ្ញុំដែរ…ស្តាយណាស់!!!ចាប់ពីពេលនេះទៅ…លែងបានលឺសម្លេងផ្ទាល់របស់គាត់ទៀតហើយ នៅឡើយតែសម្លេងថតទុកនៃបទចម្រៀងដ៏មានអត្ថន័យជាច្រើនរបស់គាត់។ ក៏ដឹងហើយថាDepression គឺមិនមែនជាជំងឺធម្មតានោះទេ…អត្ថបទនេះ មានបង្ហាញជូនបទពិសោធន៍ផ្ទាល់ខ្លះនៃអ្នកសរសេរ ដែលបានឆ្លងកាត់បញ្ហានេះមកបានដោយសារតែ… លើសឈាមជាជំងឺតពូជមែនក៏អី?  សំណួរ ៖ ខ្ញុំអាយុ១៨ឆ្នាំ កម្ពស់១ម៉ែត្រ៥៧ ទម្ងន់៥០គីឡូក្រាម រស់នៅខេត្តកំពង់ធំ។ នាងខ្ញុំមិនមានរោគសញ្ញាអ្វីទេ ដោយសារម្តាយរបស់ខ្ញុំមានជំងឺលើសសម្ពាធឈាម នាងខ្ញុំចង់សួរលោកគ្រូពេទ្យថា តើជំងឺលើសសម្ពាធឈាមនេះអាចបន្តពីម្តាយមកកូនដែរឬទេ? តើខ្ញុំគួរធ្វើដូចម្តេចដើម្បីបង្ការមិនឲ្យកើតជំងឺនេះ? តើអាហារណាខ្លះ ដែលខ្ញុំគួរតម? ហេតុអ្វី? សាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមជំងឺបេះដូងកម្ពុជា បានឆ្លើយតបនឹងករណីសិក្សានេះថា… © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជារៀងរាល់ថ្ងៃ មានអត្ថបទជាច្រើនត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់ហេលស៍ថាមដែលក្នុងនោះរួមមានប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ និងខុសប្លែកពីគ្នា តែសុទ្ធសឹងតែជាអត្ថបទដែលអាចទុកចិត្តបាន និងជាប់ទាក់ទិននឹងសុខភាពទាំងផ្នែកសុខភាពបច្ចេកទេស និងសុខភាពទូទៅ។ ក្រៅពីអត្ថបទដែលនិពន្ធដោយក្រុមអ្នកនិពន្ធ ក៏មានផងដែរនូវអត្ថបទដែលនិពន្ធដោយអ្នកប្រើប្រាស់ដែលភាគច្រើនជាសមាជិកនៃសហគមន៍របស់ហេលស៍ថាមយើងផ្ទាល់តែម្តង។ ក្នុងចំណោមអត្ថបទជាច្រើនដែលបានចេញផ្សាយ យើងក៏សង្កេតឃើញថាប្រធានបទទាក់ទិននឹងស្រ្តីមានផ្ទៃពោះ និងព័ត៌មានទាក់ទិននឹងឱសថ នៅតែទទួលបានការចាប់អារម្មណ៍ច្រើន ដោយមានអ្នកចូលអាន និងធ្វើការចែករំលែកច្រើនជាងគេ។ យ៉ាងណាមិញ អត្ថបទនៃជំងឺផ្សេងៗក៏ត្រូវបានការគាំទ្រពីសំណាក់មិត្តអ្នកអានដូចគ្នាផងដែរ ជាក់ស្តែង មានអត្ថបទ៣ដែលមានអ្នកអានច្រើនជាងគេសម្រាប់ខែកក្កដា ដែលក្នុងនោះរួមមាន ៖ ដូចម្ដេចដែលហៅថា ជំងឺទឹកនោមផ្អែមប្រភេទ២?   បើតាមការអង្កេតនៅឆ្នាំ២០០៤-២០០៥ របស់សមាគមជំងឺទឹកនោមផ្អែមកម្ពុជា គេបានរកឃើញថាអត្រាអ្នកកើតជំងឺទឹកនោមផ្អែមនៅទីក្រុងមានប្រហែល១០% នឹងនៅជនបទប្រហែល៥%។ លោកវេជ្ជបណ្ឌិត ទូច ឃុន នាយករងមន្ទីរពេទ្យព្រះកុសមៈនិងប្រធានផ្នែកជំងឺទឹកនោមផ្អែមបានឲ្យនិយមន័យនៃ«ជំងឺទឹកនោមផ្អែមប្រភេទ ២» ថាជាជំងឺរុំារ៉ៃ ដែលស្ដែងឡើងដោយការកើនឡើងអត្រាជាតិស្ករនៅក្នុងឈាមហើយនៅក្នុងបរិការណ៍នៃភាពសុំានឹងអាំងស៊ុយលីន(ការផលិតអាំងស៊ុយលីនក្នុងខ្លួនមានសភាពធម្មតាតែសរីរាង្គមិនអាចប្រើវាបាន) និងកង្វះខាតនៃអាំងស៊ុយលីន (កោសិកាបេតារបស់លំពែងដំណើរការមិនល្អនាំឲ្យផលិតអាំងស៊ុយលីនមិនគ្រប់គ្រាន់)។ ជំងឺនេះ… មានគភ៌ដំបូងនៅអាយុច្រើន សុទ្ធតែផ្តល់ហានិភ័យ ឬយ៉ាងណា?   មានកត្តាជាច្រើនក្នុងនោះរួមមាន ៖ ការសិក្សា សង្គម និងការងារ អាចជាមូលហេតុដែលធ្វើឲ្យស្រ្តីមួយចំនួនពន្យារពេលមានកូនដំបូង រហូតដល់វ័យប្រមាណ៣៥ឆ្នាំឡើងទៅ ដែលត្រូវបានចាត់ទុកថាគាត់មានផ្ទៃពោះដំបូងនៅអាយុច្រើន។ ប៉ុន្តែថា តើការមានគត៌ដំបូងនៅអាយុច្រើន មានគុណវិបត្តិ និងគុណសម្បត្តិបែបណាខ្លះ? ហើយថាតើមានចំណុចអ្វីខ្លះដែលគួរយល់ដឹងអំពីបញ្ហានេះ? ចម្លើយទាំងអស់មានបង្ហាញជូននៅក្នុងអត្ថបទនេះក្រោមការបកស្រាយពីលោកវេជ្ជបណ្ឌិត ហួត សេងឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត។   ទស្សនៈវិស័យរបស់គ្លីនិកអេគីប លើការទប់ស្កាត់លំហូរចេញអ្នកជំងឺទៅបរទេស  យើងប្រាកដជាសម្លឹងឃើញលំហូរចេញរបស់ប្រជាជនកម្ពុជា ដើម្បីរកសេវាព្យាបាលជំងឺនៅក្រៅប្រទេសនៅតែមានការកើនឡើង  ស្របពេលដែលកម្ពុជាកំពុងមានការរីកចម្រើនក្នុងវិស័យសុខាភិបាលទាំងផ្នែកសាធារណ និងឯកជន។  ជាក់ស្តែង វិស័យទាំងពីរបាន និងកំពុងព្យាយាមពង្រឹងសក្តានុពល និងវិសាលភាពរបស់ខ្លួន ដើម្បីកាត់បន្ថយការទៅទទួលសេវាសុខភាពនៅក្រៅប្រទេសដោយផ្អែកទៅលើគោលជំហរ និងទស្សនៈវិស័យរួម។ លោក ឈាង ស៊ីដេត ដែលជាប្រធានប្រតិបត្តិ និងជាវេជ្ជបណ្ឌិតផ្នែកឯកទេស នៅគ្លីនិកអេគីប បានលើកឡើងថា«បើប្រៀបធៀបពីធនធានមនុស្សនៅទីនេះ យើងមិនចាញ់ប្រទេសផ្សេងៗទេ។ ចំនែកឯបរិក្ខារ និងសម្ភារៈប្រើប្រាស់ យើងក៏ព្យាយាមប្រើឧបករណ៍ដែលទំនើបទាន់ សម័យ និងមានភាពច្បាស់លាស» ហើយគ្លីនិក អេគីប ក៏បានចូលរួមចែករំលែកអំពីទស្សនៈវិស័យរបស់ខ្លួនក្នុងការកាត់បន្ថយលំហូរនៃអ្នកជំងឺ ក៏ដូចជាការផ្តល់ទំនុកចិត្តដល់ប្រជាជនឡើងវិញផងដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺថប់បារម្ភ អ្វីទៅជាជំងឺថប់បារម្ភ? អ្នកតែងតែមានការថប់បារម្ភជាញយដង ក្នុងពេលវេលាណាមួយនៃជីវិតរស់នៅរបស់អ្នក ដូចជាសមាជិកណាម្នាក់ក្នុងគ្រួសារមានជំងឺដង្កាត់ ឬក៏អ្នកត្រៀមខ្លួនបង្កើតមុខជំនួញអ្វីមួយ ប៉ុន្តែទាំងនេះ គ្រាន់តែជាលក្ខណ:ធម្មតា ប៉ុណ្ណោះ។ ជំងឺថប់បារម្ភមានសភាពខ្លាំងក្លាជាងនេះទៅទៀត មានរយ:ពេលយូរ និងប៉ះពាល់ដល់តួនាទី មុខងារ និងជីវិតប្រចាំថ្ងៃរបស់អ្នក។ អ្វីខ្លះជារោគសញ្ញានៃជំងឺថប់បារម្ភ? រោគសញ្ញាស្តែងមាននៅលើរាងកាយ -បេះដូងដើរញាប់ ចង្វាក់ដង្ហើមខ្លីៗ -វិលមុខ ស្រវាំងភ្នែក រោយកញ្ចឹងក -ស្ងួតមាត់ -បែកញើសហួសប្រមាណ -ត្រជាក់ចុងដៃ ជើង -រសេះរសោះ អស់កំលាំងល្ហិតល្ហៃ -ចុកចាប់ តឹងណែនសាច់ដុំ -ចង្អោរ ក្អួត -នោមញឹក -ឧស្សាហ៍កោសខ្យល់ -ស្រឺត -ពិបាកគេង គេងមិនលក់ រោគសញ្ញាស្តែងមានលើផ្លូវចិត្ត -ព្រួយបារម្ភ ភ័យខ្លាចគ្មានហេតុផល -ភ័យខ្លាចស្លាប់ដោយគាំងបេះដូង -អន្ទះសារពិបាកក្នុងការរង់ចាំ -ពិបាកក្នុងការផ្ចង់អារម្មណ៍ -មិនហ៊ានធ្វើដំណើរ ឬនៅតែឯង   ជំងឺថប់បារម្ភឃើញមានច្រើនដែរឬទេ? ជំងឺថប់បារម្ភមានច្រើនជាងគេបង្អស់ ក្នុងចំណោមជំងឺផ្លូវចិត្តឯទៀតៗ និងឃើញច្រើនលើស្រ្តីភេទ។ មូលហេតុអ្វីខ្លះដែលនាំឲ្យមានជំងឺថប់បារម្ភ? ការទទួលបទពិសោធន៍អាក្រក់ម្តងហើយម្តងទៀតពីអតីតកាលដូចជា ការគំរាមសម្លាប់ ភ្លើងឆេះផ្ទះ សង្គ្រាម ការបែកបាក់ ករណីខ្លះមូលហេតុពុំមានលក្ខណ:ច្បាស់លាស់។   ការព្យាបាល -ការព្យាបាលតាមបែបចិត្តសាស្រ្ត -ការព្យាបាលដោយឱសថប្រឆាំងនឹងជំងឺថប់បារម្ភ -ការសម្រាកកាយ​ចិត្ត -ការកំសាន្តនៅទីកន្លែង ឬការធ្វើសកម្មភាពដែលអ្នកពេញចិត្ត   ការការពារ -ប្រើប្រាស់បំណិនជីវិតក្នុងការដោះស្រាយ គេច កែប្រែ និងសំរបទៅនឹងស្ថានភាពតានតឹងក្នុង ចិត្តដែលជួបប្រទះស្ទើរតែរាល់ថ្ងៃ ក្នុងជីវិតរស់នៅ។ -បញ្ឈប់ការសេពគ្រឿងញៀន និងគ្រឿងញៀន -អនុវត្តតាមវេជ្ជបញ្ជាដោយពិសារថ្នាំអោយបានទៀងទាត់ -ផ្តល់ព័ត៌មានដល់គ្រូពេទ្យជាបន្ទាន់ក្នុងករណីថ្នាំមានផលវិបាក -អ្នកជំងឺ និងក្រុមគ្រួសារអ្នកជម្ងឺត្រូវសហការណ៍ជាមួយគ្រូពេទ្យ ដើម្បីរៀនសូត្រអំពី ថាអ្វីទៅជាជំងឺថប់បារម្ភ?  

ចែករំលែក

យ៉ាងហោចណាស់មានម្នាក់ក្នុងចំណោមយើងរាល់គ្នាដែលបានរងសម្ពាធពីបញ្ហាសតិអារម្មណ៍។ ក្រៅពីការទទួលស្គាល់នូវបញ្ហារបស់ពួកគេ អាការៈបែបនេះត្រូវបានចាត់ទុកថាមិនប្រក្រតី និងគួរឲ្យខ្មាសគេ ការស្រាវជ្រាវថ្មីមួយ ហើយក៏ដូចជាការស្រាវជ្រាវដទៃទៀតនៅជុំវិញពិភពលោកបានបង្ហាញថា «មនុស្សស្ទើរតែគ្រប់រូបនឹងមានជំងឺផ្លូវចិត្តយ៉ាងតិចមួយក្នុងជីវិតរបស់ពួកគេ» ដែលភាគច្រើនមិនបានទទួលយកការព្យាបាលទេ បន្ទាប់មកការទំនាក់ទំនង ការបំពេញការងារ និងភាពរីករាយនឹងជីវិតរបស់ពួកគេនឹងរងការប៉ះពាល់ជាមិនខាន។ ទន្ទឹមនឹងនេះ ក៏មានមនុស្សមួយចំនួនតូចដែលមិនមានបញ្ហាផ្លូវចិត្តសោះ ហើយពួកគេអាចនឹងចូលរួមផ្ដល់ជាការសិក្សាថ្មីមួយដែលអនុញ្ញាតឲ្យក្រុមអ្នកស្រាវជ្រាវផ្នែកចិត្តសាស្ត្រអាចស្វែងយល់ថាអ្វីទៅដែលធ្វើឲ្យមានភាពមិនប្រក្រតី ការជំនះនៃបញ្ហា និងធ្វើយ៉ាងណា ដើម្បីចៀសវាងពីបញ្ហាសុខភាពផ្លូវចិត្ត។ អ្នកឯកទេសផ្នែកអេពីដេមីសាស្ត្របានដឹងជាយូរមកហើយថាមានមនុស្សប្រហែលជា ២០ទៅ២៥% បានរងគ្រោះដោយសារជំងឺផ្លូវចិត្តនេះមានន័យថាពួកគេធ្លាប់មានបញ្ហាផ្លូវចិត្តក្នុងកម្រិតមួយដែលអាចនឹងប៉ះពាល់ដល់ការ សិក្សា ការបំពេញការងារ និងការប្រាស្រ័យទាក់ទងរបស់ពួកគេ។   ការសិក្សាថ្មីដែលបានបោះពុម្ពផ្សាយកាលពីដើមឆ្នាំនេះក្នុងទស្សនាវដ្តី The Journal of Abnormal Psychology (ដែលឈ្មោះរបស់ទស្សនាវដ្តីនេះមានន័យថាការយល់ដឹងពីជំងឺផ្លូវចិត្តមិនធម្មតា) បានប្រើវិធីសាស្ត្រផ្សេងគ្នាដើម្បីប៉ាន់ស្មានពីភាពធ្ងន់ធ្ងរនៃជំងឺ។ ជំនួសឲ្យការសួរនាំពីរឿងកាលពីអតីតកាល យើងបែរមកធ្វើការតាមដានទៅលើប្រជាជននូវែលសែឡង់មួយជំនាន់ដែលបានកើតក្នុងទីក្រុងដូចគ្នាចាប់តាំងពីពេលចាប់កំណើតរហូតដល់ពាក់កណ្ដាលជីវិត។ យើងបានធ្វើការសិក្សាស៊ីជម្រៅរៀងរាល់ពីរទៅបីឆ្នាំម្ដង ដើម្បីប្រមូលយកភស្តុតាងនៃជំងឺផ្លូវចិត្តដែលបានកើតឡើងក្នុងអំឡុងពេលនៃការតាមដាន ហើយបានរកឃើញថាប្រសិនបើអ្នកតាមដានពួកគេ និងពិនិត្យយ៉ាងទៀងទាត់ដោយប្រើវិធីសាស្ត្រសាមញ្ញ និងផ្អែកលើភស្តុតាងនោះភាគរយនៃមនុស្សដែលវិវឌ្ឍជាមានជំងឺផ្លូវចិត្តនៅក្នុងដំណាក់កាលណាមួយក្នុងជីវិតរបស់ពួកគេនឹងឡើងដល់ទៅ៨០%។   ក្នុងការស្រាវជ្រាវរបស់យើង មានត្រឹមតែ ១៧%នៃក្រុមអ្នកចូលរួមក្នុងការស្រាវជ្រាវនេះប៉ុណ្ណោះដែលមិនមានជំងឺផ្លូវចិត្តហើយពួកគេស្ថិតនៅក្នុងវ័យកណ្ដាល។ ដោយសារតែយើងមិនអាចធ្វើឲ្យប្រាកដថាពួកគេនៅតែមិនមានបញ្ហាផ្លូវចិត្តក្នុងអំឡុងពេលនៃការសិក្សា ដូចនេះសមាមាត្រពិតប្រាកដនៃអ្នកដែលមិនធ្លាប់មានជំងឺផ្លូវចិត្តអាចមានតូចជាងនេះទៅទៀត។ និយាយម្យ៉ាងទៀតគឺថាការស្រាវជ្រាវរបស់យើងបានបង្ហាញថា «អ្នកទំនងជាមានជំងឺផ្លូវចិត្តច្រើនជាងកាលដែលអ្នកអាចនឹងមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬជំងឺមហារីកទៅទៀត»។ ការរកឃើញទាំងនេះត្រូវបានបញ្ជាក់ដោយទិន្នន័យដែលបានពីក្រុមមនុស្សស្រដៀងគ្នាផ្សេងទៀតនៅក្នុងប្រទេសនូវែលសេឡង់ស្វ៊ីស និងសហរដ្ឋអាមេរិក។   ការស្រាវជ្រាវថ្មីបំផុតបានបង្ហាញថា «ប្រសិនបើអ្នកធ្លាប់វិវឌ្ឍទៅជាមានជំងឺផ្លូវចិត្តនោះ អ្នកនឹងត្រូវបានសន្មតថានឹងមានវាអស់មួយជីវិត» គឺមិនពិតទេ។   លោក John Horwood អ្នកឯកទេសផ្នែកអេពីដេមីសាស្ត្រនៃជំងឺផ្លូវចិត្ត និងជាប្រធាននៃ Christchurch Health and Development Study ក្នុងប្រទេសនូវែលសេឡង់ បាននិយាយថា «សមាសធាតុសំខាន់នៃអ្វីដែលយើងពណ៌នាថាជា “Disorder” គឺជាទូទៅកើតមានក្នុងរយៈពេលខ្លី មិនសូវធ្ងន់ធ្ងរ ឬមានកម្រិត។» Horwood បានរកឃើញថាជិត ៨៥%នៃសមាជិកដែលចូលរួមក្នុងការសិក្សារបស់ Christchurch អាចនឹងមានជំងឺផ្លូវចិត្តនៅពាក់កណ្តាលជីវិតរបស់ពួកគេ។ នេះប្រហែលជាសារមួយដែលមានប្រយោជន៍ក្នុងការផ្សព្វផ្សាយ។   យោងទៅតាមលោក Jason Siegel ដែលលោកជាសាស្ត្រាចារ្យផ្នែកចិត្តសាស្ត្រសង្គមនៃសាកលវិទ្យាល័យ Claremont Graduate បាននិយាយថា មនុស្សមានទំនោរក្នុងយកចិត្តទុកដាក់និងជួយមិត្តភក្តិ ឬអ្នករួមការងាររបស់ពួកគេនៅពេលដែលពួកគេជឿថាបញ្ហាសុខភាពទាំងនោះ គឺគ្រាន់តែជាបញ្ហាបណ្ដោះអាសន្ន។ រីឯអ្នកដែលមានបញ្ហាផ្លូវចិត្តវិញត្រូវការការគាំទ្រនិងលើកទឹកចិត្តព្រោះថាទោះបីជាជំងឺរបស់ពួកគេកើតមានតែក្នុងរយៈពេលខ្លីក៏ដោយ ក៏អាចបំផ្លាញដល់ជីវិតរបស់ពួកគេដែរ។ លោក Horwood បាននិយាយថា ដើម្បីអាចចាត់ទុកថាជា Disorder បាន «បុគ្គលម្នាក់ជាទូទៅត្រូវតែមានរោគសញ្ញាមួយស្របតាមលក្ខខ័ណ្ឌដែលបានកំណត់យ៉ាងម៉ត់ចត់គឺវាចាំបាច់ត្រូវមានការខូចខាតនៃមុខងាររបស់រាងកាយ។»    លោក Paul Gionfriddo ប្រធាននៃ Mental Health America បានបញ្ចេញយោបល់ថា «រូបលោកមិនមាន ការភ្ញាក់ផ្អើលទេ ចំពោះការរកឃើញនេះ»។ អង្គការរបស់លោកបានចាត់ទុកថាជំងឺផ្លូវចិត្ត គឺជារឿងធម្មតា ប៉ុន្តែវាមិនមែនកើតមានរហូតទេ។ កាលពី ៣ឆ្នាំមុនអង្គការរបស់លោកបានដំណើរការកម្មវិធីមួយលើប្រព័ន្ធអ៊ីនធើណែតដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាធ្វើការពិនិត្យរកមើលជំងឺផ្លូវចិត្តដោយខ្លួនឯង។  ចាប់ពីពេលនោះមកមានមនុស្សច្រើនជាង ២លាននាក់បានប្រើកម្មវិធីនោះ និងមានមនុស្សច្រើនជាង ៣០០០នាក់ក្នុងមួយថ្ងៃបានចុះឈ្មោះជាមួយកម្មវិធីនេះដើម្បីទទួលបានប្រយោជន៍ពីការព្យាបាល។ លោកបាននិយាយថា «នៅពេលដែលយើងបានទទួលស្គាល់សារៈសំខាន់នៃការធ្វើអន្តរាគមន៍ឲ្យបានឆាប់រហ័សចំពោះជំងឺមហារីក ជំងឺទឹកនោមផ្អែម ឬជំងឺបេះដូង ចុះហេតុអ្វីបានជាយើងនិយាយថាបញ្ហាសុខភាពផ្លូវចិត្ត គឺមិនមានអីទេ ហើយមិនចាំបាច់មានធ្វើការពិនិត្យ និងព្យាបាលឲ្យបានឆាប់រហ័សទេ?»    ផលវិបាកមួយទៀត គឺមកពីបុគ្គលដែលមិនធ្លាប់កើតមានជំងឺផ្លូវចិត្ត គឺជាក្រុមមនុស្សដែលយើងហៅថា «សុខភាពផ្លូវចិត្តយូរអង្វែង»។ ពួកគេទាំងនេះអាចមានសមភាពនៃសុខភាពផ្លូវចិត្តអស់មួយជីវិតហើយពួកគេអាចគ្រប់គ្រងសុខភាពផ្លូវចិត្តរបស់ពួកគេបានល្អជាងអ្វីដែលយើងរំពឹងទុកទៅទៀត។ វាអាចទៅរួចក្នុងការសិក្សាអំពីភាពខ្លាំង និងមានសុខភាពល្អនៃផ្លូវចិត្តដើម្បីផ្ដល់ជាការយល់ដឹងពីរបៀបដែលយើងអាចជួយមនុស្សកាន់តែច្រើនឲ្យរីករាយនឹងជីវិតរបស់ពួកគេ។ នៅក្នុងប្រទេសនូវែលសេឡង់ យើងបានរកឃើញថាអ្នកដែលមានសុខភាពផ្លវចិត្តយូរអង្វែង គឺមានចំណុច ២ដូចគ្នា៖ ទីមួយ គឺពួកគេពុំមានប្រវត្តិគ្រួសារដែលមានជំងឺផ្លូវចិត្ត និងទីពីរគឺពួកគេមានបុគ្គលិកលក្ខណៈមួយដែលយើងហៅថា “Advantageous Personalities”។   ការណែនាំដ៏សំខាន់ចុងក្រោយនៃការស្រាវជ្រាវថ្មីនេះគឺការព្រួយបារម្ភពីសុខភាពផ្លូវចិត្ត ដូច្នេះយើងគួរតែចាប់ផ្ដើមចាត់ទុកជំងឺផ្លូវចិត្តមានសារៈសំខាន់ដូចជាការបាក់ឆ្អឹង ការមានគ្រួសក្នុងតម្រងនោម ឬជំងឺផ្ដាសាយអីចឹងដែរ ព្រោះថាវាជាផ្នែកមួយដែលអាចកើតមាននិងបំផ្លាញជីវិតដូចគ្នា។ ការទទួលស្គាល់ជាលក្ខណៈសកលបែបនេះអាចឲ្យយើងមានធនធានគ្រប់គ្រាន់ ដើម្បីពិនិត្យមើល ព្យាបាល និងបង្ការជំងឺផ្លូវចិត្តនេះបាន។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។ 

ចែករំលែក

ឱកាសនៃការបង្ហាញនូវស្នាដៃជាអត្ថបទស្រាវជ្រាវនៃនិស្សិតសិក្សាផ្នែកសុខាភិបាលបានមកដល់ហើយ!!! សូមពិនិត្យមើលលក្ខខណ្ឌផ្សេងៗដែលមានអត្ថន័យ និងខ្លឹមសារទាំងស្រុងក្នុងសេចក្តីជូនដំណឹងខាងលើ… កុំឲ្យឱកាសដែលមួយឆ្នាំមានតែម្តងនេះ រំលងផុតទៅឲ្យសោះ… ប្រភព ៖ KINAL

ចែករំលែក

ខ្យល់មូសុង គឺផ្ដល់នូវរដូវនៃភាពសប្បាយរីករាយ និងពោរពេញទៅដោយបរិស្ថានពណ៌បៃតង។ ទោះបីជាយ៉ាងណាក៏ដោយរដូវនេះក៏បាននាំមកជាមួយនូវបញ្ហាសុខភាពមួយចំនួនដែលបង្កជាជំងឺផ្សេងៗ។ អ្នកគួរតែចាត់វិធានការយ៉ាងប្រុងប្រយ័ត្នក្នុងការការពារ និងចៀសវាងពីបញ្ហាសុខភាពទាំងនោះកុំឲ្យជ្រៀតចូលមកក្នុងរាងកាយរបស់អ្នកបាន។ រីឯកុមារតូចៗវិញ ត្រូវការការថែទាំបន្ថែមក្នុងរដូវកាលនេះដើម្បីរក្សាសុខភាពឲ្យបានល្អ។  ជំងឺដែលច្រើនកើតមានជាទូទៅក្នុងរដូវវស្សានេះ គឺជំងឺឆ្លង រីឯរដូវផ្សេងៗទៀតមានការទាក់ទងនឹងជំងឺផ្លូវដង្ហើម ជំងឺដែលបង្កឡើងដោយបាក់តេរីនៅក្នុងចំណីអាហារ និងទឹក ហើយបញ្ហាទាំងអស់នេះទាមទារឲ្យមានការយកចិត្តទុកដាក់ខ្លាំង។ ក្អក គ្រុនផ្ដាសាយគឺជាបញ្ហាទូទៅនៃរដូវនេះហើយជំងឺទាំងនេះវាយប្រហារលើកុមារលឿនបំផុតជាពិសេសនៅពេលដែលមានអាកាសធាតុប្រែប្រួលមិនទៀង។ សិស្សិនិស្សិត អ្នកធ្វើការ និងអ្នកម្ដាយនៃកុមារតូចៗ ត្រូវរក្សារបបអាហារ និងអនាម័យឲ្យបានត្រឹមត្រូវដើម្បីចៀសវាងការឈឺក្នុងរដូវកាល នេះ។  នៅពេលដែលមេឃចាប់ផ្ដើមភ្លៀងភ្លាម អ្នកគួរតែស្វែងរកកន្លែងណាមួយសម្រាប់ជ្រកភ្លៀង ឬធ្វើយ៉ាងណាការពារខ្លួនអ្នកពីការទទឹកទឺកភ្លៀង។ ទោះបីជាទីជម្រកអាចជួយអ្នកមិនឲ្យត្រូវទឹកភ្លៀងបាន ប៉ុន្តែវាមិនអាចការពារអ្នកពីការឆ្លងមេរោគបានទេ។ ជាពិសេសនោះគឺនៅពេលដែលប្រព័ន្ធការពាររបស់អ្នកចុះខ្សោយ។  ជំងឺទូទៅទាំង៧ដែលច្រើនកើតមានក្នុងរដូវវស្សា • ជំងឺគ្រុនឈាម • ផ្ដាសាយ (អមដោយការក្ដៅខ្លួន និងហៀរសំបោរ) • គ្រុនផ្ដាសាយធំ (អមដោយការក្ដៅខ្លួន និងឈឺក) • ឆ្លងមេរោគក្នុងអាហារ • ឆ្លងមេរោគក្នុងទឹក • អាសន្នរោគ • Leptospirosis គឺជាជំងឺឆ្លងដែលបង្កឡើងដោយបាក់តេរីឈ្មោះ Leptospira ហើយវាអាចឆ្លងទៅមនុស្សនិងសត្វ។ ភាពធ្ងន់ធ្ងររបស់ជំងឺនេះអាចបំផ្លាញតម្រងនោម ថ្លើម ស្រោមខួរក្បាល និងប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម។ ការប្រុងប្រយ័ត្នទាំង ៧សម្រាប់រដូវវស្សា • ត្រូវយកអាវភ្លៀង ឬឆ័ត្រតាមខ្លួនជានិច្ច៖ វិធីការពារដ៏មានប្រសិទ្ធភាពបំផុតអ្នកដែលអាចធ្វើបាននោះ គឺត្រូវយកអាវភ្លៀង ឬឆ័ត្រតាមខ្លួនជានិច្ចនៅពេលដែលអ្នកចេញក្រៅក្នុងរដូវភ្លៀងនេះ។  • វីតាមីន C៖ បង្កើនការទទួលទានវីតាមីន C ក្នុងចំណីអាហារ ឬក្នុងអាហារបំប៉នក៏បាន។ វីតាមីន C អាចជួយឲ្យអ្នកជាសះស្បើយពីវីរុសគ្រុនផ្ដាសាយបានឆាប់រហ័ស។ ប៉ុន្ដែ វានៅតែជាបញ្ហាមួយដែលមានការជជែកមិនចេះចប់រវាងក្រុមគ្រូពេទ្យថាតើវីតាមីន C ពិតជាអាចព្យាបាលគ្រុនផ្ដាសាយមែនឬ? ទោះបីជាយ៉ាងណាក៏ដោយការផ្គត់់ផ្គង់នៃវីតាមីននេះអាចជួយជំរុញឲ្យអង់ទីកររបស់អ្នកមានសកម្មភាពកាន់ខ្លាំង និងជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺគ្រុនផ្ដាសាយ។ • ងូតទឹក បន្ទាប់ពីត្រូវទឹកភ្លៀង៖ ទោះបីជាវាស្ដាប់ទៅដូចមិនសូវទំនង ព្រោះថាប្រសិនបើអ្នកត្រូវទទឺកជោគដោយទឹកភ្លៀងហើយនោះ អ្នកនឹងមិនចង់ងូតទឹកម្ដងទៀតទេ។ ប៉ុន្តែងូតទឹកបន្ទាប់ពីការទទឹកទឹកភ្លៀងអាចការពារអ្នកពីការឆ្លងមេរោគផ្សេងៗ។ • ភេសជ្ជៈក្ដៅៗ៖ នេះ គឺជារដូវកាលមួយដែលអ្នកចង់ទទួលទាននូវភេសជ្ជៈក្ដៅៗ។ បន្ទាប់ពីងូតទឹកហើយសម្អាតខ្លួនប្រាណអ្នក និងជ្រើសរើសយកសម្លៀកបំពាក់ណាដែលស្ងួត និងស្អាត។ ហើយអ្វីដែលល្អបំផុតនោះ គឺការចម្អិនស៊ុបសម្រាប់ខ្លួនអ្នក ឬយ៉ាងហោចណាស់ទទួលទានទឹកដោះគោក្ដៅមួយកែវ។ វាអាចជួយការពារអ្នកពីការផ្ដាសាយ ឬការឆ្លងនៃមេរោគផ្សេងៗដែលអាចកើតមានក្នុងអំឡុងពេលដែលសីតុណ្ហភាពប្រែប្រួលនៅក្នុងខ្លួន។ • អនាម័យ៖ ពពួកមេរោគ ឬបាក់តេរីងាយនឹងកើតមាន និងលូតលាស់ណាស់ក្នុងរដូវភ្លៀងនេះ ដូច្នេះអ្នកគួរតែព្យាយាមរក្សាអនាម័យជុំវិញខ្លួនអ្នក។ អនាម័យ គឺមានសារៈសំខាន់បំផុតក្នុងរដូវនេះ។ ប្រសិនបើអ្នកមានជំងឺផ្ដាសាយអ្នកគួរតែសម្អាតដៃរបស់អ្នកឲ្យបានទៀងទាត់ ហើយប្រើទឹកអនាម័យជានិច្ច។ • ទទួលទានទឹកឲ្យបានច្រើន៖ ការទទួលទានទឹកអាចនឹងត្រូវបានកាត់បន្ថយ ព្រោះតែការធា្លក់ចុះនៃសីតុណ្ហភាពនៃបរិស្ថាន។ វាគឺជាការល្អក្នុងការទទួលទានទឹកឲ្យបានច្រើន ហើយមិនត្រូវចាំដល់អ្នកស្រេកទឹកនោះទេ។ ការធ្វើដូចនេះអាចជួយច្រោះយកសារធាតុពុលពីក្នុងរាងកាយអ្នក។ • ប្រុងប្រយ័ត្នចំពោះការទទួលទានរបស់អ្នក៖ ព្យាយាមទទួលទានអាហារដែលមានជីវជាតិ និងចៀសវាងការទៅទទួលទាននៅក្រៅ។ ចម្អិនអាហារដោយមានការប្រុងប្រយ័ត្នខ្ពស់ ហើយរក្សានូវសុខភាព និងអនាម័យក្នុងផ្ទះ។ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនអ្នកក្នុងរដូវវស្សានេះ ព្រោះថាអ្នកអាចនឹងឆ្លងមេរោគជាញឹកញាប់។ ហើយវានឹងកាន់តែប្រសើរ ប្រសិនបើអ្នកមានវិធានការក្នុងការការពារ និងមានការត្រៀមខ្លួនរួចជានិច្ច នៅពេលដែលអ្នកចេញទៅក្រៅម្ដងៗ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ចែករំលែក

ប្រហែលជាមានអ្នកមានក្តីស្រមៃចង់ក្លាយជាវេជ្ជបណ្ឌិតច្រើន តែ…តើអ្នកដឹងឬទេថា វេជ្ជបណ្ឌិតមានប៉ុន្មានផ្នែកធំៗ? ហើយការងារ ក៏ដូចជាតួនាទីជាវេជ្ជបណ្ឌិតវះកាត់មួយរូបមានអ្វីខ្លះ? ស្រាយចម្ងល់ទាំងនេះតាមរយៈការទស្សនានូវវីដេអូខាងក្រោមនេះ ដែលជាការបង្ហាញខ្លី តែខ្លឹមជាមួយនឹងវេជ្ជបណ្ឌិត ជុន ប៊ុនហាក់ ជាវេជ្ជបណ្ឌិតវះកាត់ផ្នែកតម្រងនោមនៅមន្ទីរពេទ្យព្រះកេតុមាលា… ចង់ដឹងថាយ៉ាងណាខ្លះនោះ…ចុចមើលទាំងអស់គ្នា!!! ប្រភព ៖ Career on Camera

ចែករំលែក

សេចក្តីប្រកាសព័ត៌មានស្តីពីជោគជ័យនៃការឆ្លើយតបនឹងជំងឺអេដស៍របស់ព្រះរាជាណាចក្រកម្ពុជាក្នុងសន្និសិទ្ធទីក្រុងប៉ារីស ថ្ងៃទី២២ និងទី២៣ ខែកក្កដា ឆ្នាំ២០១៧ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស៧ប៉ុណ្ណោះលើពិភពលោកដែលបានសម្រេចទិសដៅ 90-90-90 ជាក់ស្តែងមានដល់ 80% នៃអ្នកកំពុងទទួលការព្យបាលដោយឱសថប្រឆាំងមានបន្ទុកមេរោគអេដស៍ទាបបំផុត។ បន្ថែមពីនេះ ការព្យាបាលដោយប្រើឱសថប្រឆាំងនៅប្រទេសកម្ពុជាមានកម្រិតគ្របដណ្តប់ខ្ពស់បំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សូមអានខ្លឹមសារដើមទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មានជូនភ្ជាប់ខាងលើនេះ

ចែករំលែក

ក្នុងនាមជាគ្រូពេទ្យ អ្នកនឹងជួបអ្នកជំងឺជាច្រើនហើយពួកគេសុទ្ធតែមានលក្ខណៈខុសៗគ្នា ប៉ុន្តែអ្វីដែលអ្នកចាំបាច់ត្រូវតែធ្វើនោះគឺរក្សាឲ្យបាននូវទំនាក់ទំនងល្អរវាងគ្រូពេទ្យ និងអ្នកជំងឺ។ ខាងក្រោមនេះ គឺជាប្រភេទនៃអ្នកជំងឺ និងវិធីសាស្ត្រមួយចំនួនដែលអ្នកគួរតែស្វែងយល់ ដើម្បីដោះស្រាយជាមួយពួកគេ។   ១· អ្នកជំងឺដែលរួសរាយ៖ ជាទូទៅ អ្នកជំងឺប្រភេទនេះមានភាពងាយស្រួលក្នុងការថែទាំ។ អ្នកជំងឺភាគច្រើនស្ថិតនៅក្នុងប្រភេទនេះ។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមានបញ្ហាមួយចំនួនដែលអាចនឹងកើតមាន។ អ្នកត្រូវតែប្រុងប្រយ័ត្នហើយមិនត្រូវធ្វើតាមចិត្តរបស់ពួកគេពេកទេ ព្រោះថាវាអាចកាត់បន្ថយនូវគោលដៅក្នុងការព្យាបាលរបស់អ្នក។ អ្នកប្រហែលជាចង់បាននូវការធានា និងភាពសុទិដ្ឋិនិយមជាជាងកាលដែលអ្នកអនុវត្តនូវភាពប្រាកដនិយម។ បន្ថែមពីនេះទៅទៀត អ្នកប្រហែលជាត្រូវបានល្បូងឲ្យធ្វើតាមសំណូមពរនានាដែលមិនមែនជាប្រយោជន៍សម្រាប់ការថែទាំសុខភាពដ៏ល្អ។ ២· អ្នកជំងឺដែលក្លាហាន៖ អ្នកជំងឺប្រភេទនេះមានស្មារតីមុតមាំ ចិត្តរឹងប៉ឹង ចេះទទួលយកការពិត និងមានការយល់ដឹងនៅពេលប្រឈមនឹងស្ថានភាពលំបាក។ យើងកោតសរសើរយ៉ាងជ្រាលជ្រៅដល់អ្នកជំងឺទាំងនេះហើយសង្ឃឹមថាយើងអាចប្រមូលផ្ដុំនូវស្មារតីដូចជាពួកគេដែរ នៅពេលដែលយើងត្រូវការវា។ ៣· អ្នកជំងឺ ឬក្រុមគ្រួសារអ្នកជំងឺដែលមានភាពក្រោធខឹង៖ ពួកគេអាចធ្វើឲ្យយើងខឹង និងមានប្រតិកម្មតបទៅនឹងកំហឹងរបស់យើង។ ការឆ្លើយតបទៅនឹងកំហឹងតែងតែធ្វើឲ្យបញ្ហាកាន់តែអាក្រក់ឡើងសម្រាប់អ្នក និងអ្នកជំងឺ។ អ្នកគួរតែព្យាយាមស្វែងយល់ពីភាពខឹងច្រឡោតរបស់អ្នកជំងឺ និងព្យាយាមនៅខាងពួកគេក្នុងការជួយដោះស្រាយនូវប្រភពនៃបញ្ហាទាំងនោះ ប្រសិនបើវាសមហេតុសមផលក្នុងការធ្វើដូច្នេះមែន។ អ្នកគួរតែឲ្យពួកគេបញ្ចេញនូវការយល់ឃើញរបស់ពួកគេ បន្ទាប់មកព្យាយាមដោះស្រាយនូវបញ្ហាទាំងនោះភ្លាមៗ។ ប្រសិនបើអ្នកមិនអាចដោះស្រាយបញ្ហានោះបានទេអ្នកគួរតែព្យាយាមពន្យល់នូវមូលហេតុដែលនាំឲ្យមានបញ្ហាទាំងនោះកើតឡើងឲ្យបានសមរម្យ។ ឧទាហរណ៍ដោយបង្ហាញពីវិធីសាស្ត្រក្នុងការព្យាបាល ឬវិធីកាត់បន្ថយហានិភ័យជាដើម។ អ្នកត្រូវចងចាំថាភាពខឹងច្រឡោតអាចជាវិធីសាស្ត្រក្នុងការការពាររបស់អ្នកជំងឺពីអារម្មណ៍ដូចជាការភ័យខ្លាចការថប់អារម្មណ៍ ឬការធ្លាក់ទឹកចិត្តជាដើម។ កំហឹងក៏អាចជាការព្យាយាមបង្គាប់ឲ្យអ្នកដទៃធ្វើអ្វីមួយដែលជាធម្មតាពួកគេមិនអាចធ្វើបាន។ ប្រសិនបើអ្នកជាប់គាំងក្នុងការដោះស្រាយបញ្ហា ឬអ្នកមានអារម្មណ៍ថាអ្នកកំពុងតែអស់ម្ចាស់ការលើខ្លួនឯងហើយនោះ អ្នកគួរតែព្យាយាមសម្រួលអារម្មណ៍ខ្លួនឯង និងកែតម្រូវស្ថានភាពនោះ។ ជាទូទៅ ប្រសិនបើអ្នកអាចគ្រប់គ្រងខ្លួនឯងបាន ហើយព្យាយាមផ្ដល់នូវការព្រួយបារម្ភចំពោះសុខុមាលភាពរបស់អ្នកជំងឺនោះបញ្ហានឹងត្រូវបានដោះស្រាយ។ ៤· អ្នកជំងឺដែលចូលចិត្តទាមទារ៖ ពួកគេទាមទារឲ្យមានការយកចិត្តទុកដាក់ច្រើន ហើយទទូចឲ្យអ្នកធ្វើនេះ ធ្វើនោះដែលពុំចាំបាច់ ឬធ្វើរឿងមួយចំនួនដែលពួកគេអាចធ្វើបានដោយខ្លួនឯង។ ពេលខ្លះអ្នកត្រូវតែកំណត់នូវព្រំដែនការងាររបស់អ្នកចំពោះអ្វីដែលអ្នកអាចធ្វើ និងអ្វីដែលអ្នកមិនអាចធ្វើបានសម្រាប់ពួកគេ។ ៥· អ្នកជំងឺញៀនថ្នាំ៖ អ្នកជំងឺប្រភេទនេះ ពេលខ្លះពិតជាពិបាកក្នុងការកត់សម្គាល់ណាស់។ សញ្ញាណមួយចំនួនដែលយើងគួរតែពិចារណានោះ គឺការទាមទារជាប់ជានិច្ចនូវថ្នាំ Opioids (សារធាតុញៀនម្យ៉ាងដែលប្រើ ដើម្បីបំបាត់ការឈឺចាប់) ក្នុងកម្រិតមួយខ្ពស់ដែលមិនសមស្របនឹងរោគសញ្ញារបស់ពួកគេ។ ពួកគេគឺមានសភាពល្អនៅពេលដំបូង ប៉ុន្តែប្រសិនបើអ្នកបន្ថយនូវបរិមាណថ្នាំរបស់ពួកគេនោះ ពួកគេអាចខឹងនឹងអ្នក ឬព្យាយាមបញ្ចុះបញ្ចូលអ្នក។ វាជាការសំខាន់ក្នុងការរក្សានូវគោលជំហររបស់អ្នកក្នុងនាមជាគ្រូពេទ្យ ហើយត្រូវលើកទឹកចិត្តឲ្យពួកគេទទួលយកការប្រឹក្សាសម្រាប់ការញៀនថ្នាំរបស់ពួកគេ។ ៦· អ្នកជំងឺដែលចូលចិត្តដឹកនាំ៖ ពួកគេចូលចិត្តឲ្យអ្វីៗស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ ហើយពួកគេនឹងប្រាប់អ្នកនូវអ្វីដែលពួកគេមិនចង់បាន និងបដិសេធចំពោះអ្នកដោយគ្មានការស្ទាក់ស្ទើរឡើយ ប្រសិនបើពួកគេមិនចូលចិត្តអ្វីដែលអ្នកកំពុងនិយាយឬកំពុងធ្វើ ឬអ្វីដែលពួកគេបានធ្វើ ឬពួកគេមិនធ្វើតាមដំបូន្មានរបស់អ្នកតែម្ដង។ ៧· អ្នកជំងឺដែលដឹងនូវអ្វីៗទាំងអស់៖ អ្នកជំងឺប្រភេទនេះមានទំនោរជឿជាក់ថាពួកគេមានចំណេះដឹងច្រើនអំពីវិជ្ជាវេជ្ជសាស្ត្រនេះ ហើយ រឿងខ្លះពួកគេយល់ថាពួកគេចេះស្មើ ឬចេះច្រើនជាងអ្នកទៅទៀត។ ចំណេះដឹងរបស់ពួកគេអាចនឹងមានកម្រិត ប៉ុន្តែពួកគេជារឿយៗ មិនមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការវិភាគឲ្យបានត្រឹមត្រូវទេ។ ពួកគេចូលចិត្តអានអត្ថបទទាក់ទងនឹងវេជ្ជសាស្ត្រនៅក្នុងកាសែត ឬតាមរយៈអ៊ីនធើណែត ហើយអ្នកអាចនឹងទទួលបាននូវចំណេះដឹងថ្មីៗពីពួកគេវិញក៏ថាបានដែរ។ ដូច្នេះអ្នកត្រូវមានភាពអត់ធ្មត់បន្តិច និងយល់ពីពួកគេហើយមិនត្រូវព្យាយាមប្រកួតប្រជែងជាមួយពួកគេឡើយ។​ ៨· អ្នកជំងឺដែលមិនសហការជាមួយគ្រូពេទ្យ៖ ពួកគេអាចនឹងមិនពេញចិត្ត ព្រោះថាពួកគេហាក់បីដូចជាមិនចង់ធ្វើតាមការព្យាបាល ឬវេជ្ជបញ្ជារបស់អ្នក ហើយបន្តការត្អូញត្អែរអំពីរោគសញ្ញាដែលនាំឲ្យពួកគេមកជួបអ្នកពីដំបូង។ ឧទាហរណ៍ អ្នកជក់បារីដែលមានបញ្ហា សួតធ្ងន់ធ្ងរ គាត់នៅតែជក់បារីបើទោះបីជាអ្នកបានឲ្យដំបូន្មានគាត់ឲ្យឈប់ជក់ក៏ដោយ ឬអ្នកជំងឺលើសសម្ពាធឈាមដែលមិនព្រមញ៉ាំ ថ្នាំ ហើយថែមទាំងមិនព្រមមកជួបអ្នក ដើម្បីតាមដានស្ថានភាពជំងឺរបស់ពួកគេជាដើម។ ប៉ុន្តែពេលខ្លះអ្នកអាចនឹងស្វែងយល់ពីមូល ហេតុទាំងនោះដែលមានដូចជា ពួកគេមិនយល់ពីសារៈសំខាន់នៃការព្យាបាល ឬករណីខ្លះពួកគេពុំមានលទ្ធភាពទិញថ្នាំញ៉ាំហើយពួកគេ មានភាពអៀនខ្មាសនឹងឲ្យអ្នកបានដឹងពីរឿងនេះ។ ៩· អ្នកជំងឺដែលមានបញ្ហាថប់អារម្មណ៍៖ ពួកគេត្រូវការពេលវេលាបន្តិច ហើយតែងតែទាមទារនូវការលើកទឹកចិត្ត និងបញ្ជាក់ម្ដងហើយម្ដងទៀត។ ជាងនេះទៅទៀតនោះ គឺចំពោះអ្នកជំងឺ Hypochondria (អ្នកជំងឺថប់អារម្មណ៍ធ្ងន់ធ្ងរឬអ្នកជំងឺដែលមានការព្រួយបារម្ភជ្រុលហើយខ្លាចថាជំងឺរបស់គាត់ចេះតែវិវឌ្ឍទៅជាធ្ងន់ធ្ងរ) ពួកគេអាចនឹងទៅកាន់ផ្នែកសង្គ្រោះបន្ទាន់រាល់ពេលដែលគាត់គ្រាន់តែឈឺខ្នង ឬមានការព្រួយបារម្ភថាតម្រងនោមរបស់គាត់លែងដំណើរការ ឬពួកគាត់ភ័យថាគាត់មានជំងឺមហារីកជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ វាមានហានិភ័យខ្លាំង ប្រសិនបើអ្នកធ្វើរោគវិនិច្ឆ័យខុសចំពោះអ្នកជំងឺនេះព្រោះថាពេលខ្លះអ្នកបានបញ្ជាក់ពួកគេពីរោគសញ្ញាមួយដែលអាចជាសញ្ញាណនៃអ្វីមួយដែលធ្ងន់ធ្ងរ។ អ្នកត្រូវចងចាំថា ពួកគេក៏អាចឈឺដែរ។ ១០· អ្នកជំងឺដែលមានបញ្ហាផ្លូវចិត្ត៖ អ្នកជំងឺប្រភេទនេះច្រើនមានភាពច្របូកច្របល់ក្នុងចិត្ត។ រោគសញ្ញារបស់ពួកគេ គឺពិតប្រាកដមែន តែការធ្វើរោគវិនិច្ឆ័យមិនសមហេតុផល។ អ្នកមានការព្រួយបារម្ភថាអ្នកប្រហែលជាកំពុងភ្លេចនូវអ្វីម្យ៉ាង ហើយអ្នកជំងឺក៏ជឿថាមានអ្វីមួយមិនប្រក្រតី។ នៅពេលដែលការវាយតម្លៃចេញមកបានបង្ហាញថា អ្វីគ្រប់យ៉ាងគឺប្រក្រតីហើយអ្នកព្យាយាមបញ្ចុះបញ្ចូលអ្នកជំងឺថា បញ្ហាអាចមានជាប់ពាក់ព័ន្ធនឹងការស្ត្រេស ប៉ុន្តែពួកគេតែងតែមិនសប្បាយចិត្ត និងអស់ជំនឿ។ ពេលខ្លះពួកគេគិតថាអ្នកមិនយល់ពីពួកគេ ឬមិនបានយកចិត្តទុកដាក់លើពួកគេ។ ១១· អ្នកជំងឺដែលមានបញ្ហាធ្លាក់ទឹកចិត្ត៖ អ្នកខ្លះដឹងថាពួកគេមានជំងឺធ្លាក់ទឹកចិត្តហើយពួកគេអាចនឹងប្រាប់អ្នកនូវបញ្ហានេះប៉ុន្តែមានអ្នកខ្លះទៀតនឹងមករកអ្នកជាមួយនឹងរោគសញ្ញាដូចជាល្ហិតល្ហៃអស់កម្លាំង មិនងងុយគេងនៅពេលយប់ និងហត់នឿយនៅពេលថ្ងៃ ឬបាត់បង់ចំណាប់អារម្មណ៍ទៅលើវត្ថុ ឬរឿងផ្សេងៗ។ ពួកគេអាចគិតថាការធ្លាក់ទឹកចិត្ត គឺជាសញ្ញានៃភាពអន់ខ្សោយ។ វាពិតជាមានសារៈសំខាន់ក្នុងស្វែងរកថាពួកគេមានគំនិតគិតចង់ធ្វើអត្តឃាតខ្លួនឯងឬអត់ តែបើពួកគេធ្វើដូច្នេះមែននោះ អ្នកគួរតែបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យនៅឯផ្នែកវិលកវិជ្ជា។ ១២· អ្នកជំងឺដែលវង្វេង ឬវិកលចរិក៖ ពួកគេទាមទារឲ្យមានការអត់ធ្មត់ខ្លាំង ជាពិសេសនៅពេលដែលពួកគេសួរសំណួរដូចៗគ្នា ឬនិយាយប្រាប់ពីរឿងដដែលៗជាច្រើនលើកច្រើនសារ។ ពេលខ្លះវាពិបាកក្នុងការគ្រប់គ្រងនៅពេលដែលអាការៈរបស់ពួកគេកើតឡើងម្ដងៗសភាពបែបនេះកើតឡើងជារឿយៗ ព្រោះថាពួកគេភ័យខ្លាច និងមានអារម្មណ៍ថាពួកគេបានបាត់បង់ការគ្រប់គ្រងខ្លួនឯង។ ពួកគេជាញឹកញាប់មិនយល់ពីតម្រូវការសម្រាប់ការធ្វើតេស្ត ឬវិធីសាស្ត្រក្នុងការព្យាបាលឡើយ ដូច្នេះ អ្នកប្រហែលជាត្រូវពន្យល់ និងបកស្រាយឡើងវិញជាច្រើនសារ។ ជាការពិតណាស់ ក្នុងស្ថានភាពដូចនេះ ក្រុមគ្រួសារគួរតែចូលរួមក្នុងការសម្រេចចិត្តផ្សេងៗ។ ១៣· អ្នកជំងឺដែលមានជំងឺរ៉ាំរ៉ៃ ហើយគ្មានវីធីព្យាបាល៖ ពួកគេ គឺជាអ្នកជំងឺមួយប្រភេទដែលយើងច្រើនតែជួបប្រទះជាញឹកញាប់ និងមានការលំបាកក្នុងការប្រឈមនឹងពួកគេ។ សូមប្រយ័ត្នចំពោះហានិភ័យដែលមានចំពោះអ្នក និងអ្នកជំងឺ។ អ្នកជំងឺមានហានិភ័យក្នុងការប្រើប្រាស់ថ្នាំលើសចំណុះ ហើយអាចស្លាប់ដោយចៃដន្យចំពោះស្ថានភាពមិនប្រក្រតីណាមួយ។ រីឯគ្រូពេទ្យវិញក៏មានគ្រោះថ្នាក់ទាំងផ្នែកវិជ្ជាជីវៈ និងផ្លូវច្បាប់។ អាជ្ញាប័ណ្ឌអាចត្រូវបានដកហូតហើយបាត់បង់អាជីពដោយសារតែបំណងចង់ជួយអ្នកជំងឺដែលមានរងការឈឺចាប់ខ្លាំង។ ហេតុផលទាំងនេះហើយ ដែលគ្រូពេទ្យជាច្រើនចៀសវាងអ្នកជំងឺប្រភេទនេះឲ្យបានច្រើនតាមដែលអាចធ្វើបានដែលជាអកុសលពួកគេភាគច្រើនត្រូវបានទទួលរងការឈឺចាប់ខ្លាំង ពិការភាព និងមុខងារនៃសារពាង្គកាយលែងដំណើរការដោយសារតែការព្យាបាលមិនបានគ្រប់គ្រាន់។ ១៤· អ្នកជំងឺដែលនឹងស្លាប់៖ ពេលខ្លះយើងមានការលំបាកក្នុងការមើលថែពួកគេ ព្រោះថាភាពក្រៀមក្រំបានរុំព័ទ្ធជីវិតរបស់ពួកគេហើយពេលខ្លះទៀតសេចក្ដីក្រៀមក្រំនោះក៏អាចនឹងដិតជាប់នៅនឹងអារម្មណ៍របស់អ្នក។ មានគ្រូពេទ្យមួយចំនួនបានដកខ្លួនចេញពីអ្នកជំងឺទាំងនេះ ព្រោះជំងឺរបស់ពួកគេបានបង្ខំឲ្យពួកគេទទួលស្គាល់នូវសេចក្ដីស្លាប់របស់ពួកគេ ឬពួកគេគិតថាគ្មានអ្វីដែលពួកគេអាចធ្វើបានទៀតទេ ពួកគេមិនដឹងថាគួរតែនិយាយអ្វី ឬពួកគេភ័យខ្លាចថាពួកគេអាចនឹងនិយាយខុស។ ទោះបីជាយ៉ាងណាក៏ដោយនេះគឺជាពេលវេលាដែលអ្នកជំងឺត្រូវការអ្នកបំផុត។ ពួកគេត្រូវការភាពស្មោះត្រង់ មេត្តាករុណា និងការពន្យល់ពីអ្វីដែលកំពុងកើតឡើង និងហេតុអ្វីបានជាវាកើតឡើង។ ពួកគេក៏ត្រូវតែដឹងថាអ្នកនឹងមិនអនុញ្ញាតឲ្យពួកគេរងទុក្ខដោយមិនចាំបាច់ឡើយ។ ថ្វីត្បិតតែវាជាការសោកសៅក៏ដោយ ប៉ុន្តែវាគឺជាបទពិសោធន៍ដ៏មានតម្លៃមួយ ប្រសិនបើអ្នកអាចផ្តល់ការលួងលោមលើកទឹកចិត្តដល់អ្នកជំងឺនិងក្រុមគ្រួសារនៅក្នុងគ្រាដែលពួកគេត្រូវការជំនួយដ៏អស្ចារ្យពីអ្នក។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ការព្យាបាលត្រចៀកដែលរលាកសម្រាប់ស្ត្រីមានផ្ទៃពោះមិនមែនជាការពិបាកនោះទេ ក៏ប៉ុន្តែអ្នកត្រូវតែប្រុងប្រយ័ត្ន ព្រោះវាអាចនឹងបណ្តាលឲ្យប៉ះពាល់ ដល់ទារកក្នុងផ្ទៃ។ ១.​  ថ្នាំផ្សះ វេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាថ្នាំផ្សះ ដើម្បីព្យាបាលការរលាកត្រចៀក នៅពេលលោកអ្នកមានផ្ទៃពោះ ប៉ុន្តែវាអាចនឹងមានផលប៉ះពាល់ ដែលអ្នកគួរតែ យកចិត្តទុកដាក់មុននឹងប្រើប្រាស់៖ •​ Food and Drug Administration ឬ FDA បានបញ្ជាក់អំពីប្រភេទថ្នាំដែលមានសុវតិ្ថភាពសម្រាប់អ្នកមានផ្ទៃពោះប្រើប្រាស់។ • Amoxicillin និងTylenol ត្រូវបានចាត់ចូលថ្នាំប្រភេទ B ដែលអាចប្រើប្រាស់ លើស្ត្រីមានផ្ទៃពោះ នៅពេលមានជំងឺរលាកត្រចៀក បានដោយសុវត្ថិភាព។ • ថ្នាំប្រភេទ B មានសុវត្ថិភាព និងថ្នាំប្រភេទ A មានសុវត្ថិភាពជាងគេ។ ២.របៀបព្យាបាលនៅតាមផ្ទះ • ស្អំត្រចៀកដោយកំដៅតិចៗ ដោយប្រើកញ្ចប់អំបិលក្តៅ ឬដបទឹកក្តៅ ដែលរុំដោយក្រណាត់សើម។ • យកប្រេងខ្ទឹមស២-៣ដំណក់ដាក់ក្នុងត្រចៀក ដោយប្រើសំឡីត្បាលត្រចៀក។ • ដូចគ្នាដែរ ប្រេងអូលីវអាចជួយបន្ថយសម្ពាធក្រដាស់ត្រចៀកដែលស្អិតជាប់នឹងអាចម៍ត្រចៀក។ • ល្បាយទឹកខ្មេះ និងទឹកធម្មតាជួយសម្អាតរន្ធត្រចៀក និងការពារការរលាកបាន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក
Top