-
Dec 19, 2018
|
-
6 ឆ្នាំមុន
|
-
4.5K មើល
ការឈឺចាប់កម្រិតមធ្យម ឬខ្លាំងក្លា បណ្តាលមកពីជំងឺមួយចំនួនដូចជា មហារីក ការឈឺចាប់បន្ទាប់ពីការវះកាត់ ឬរបួសផ្សេងៗ ត្រូវបានគ្រប់គ្រងតាមរយៈឱសថ Morphine ស្ថិតនៅក្នុងប្រភេទ Opioid ដែលវាមានសមត្ថភាពផ្លាស់ប្តូរការឆ្លើយតបរបស់ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទទៅនឹងការឈឺចាប់។
សកម្មភាពឱសថ
សកម្មភាពដំបូងរបស់ Morphine ធ្វើឡើងដោយឆ្លើយតបទៅនៃ mu-opioid រ៉េស៊ិបទ័រ ដែលជារ៉េស៊ិបទ័រមួយនៃប្រព័ន្ធសរសៃប្រសាទ រ៉ាប់រងឲ្យមានឥទ្ធិពលបំបាត់ការឈឺចាប់។ កម្រិតស្រូបចូលនៃឱសថ Morphine ត្រូវបានចែកចាយយ៉ាងលឿនទៅកាន់រាងកាយ និងខួរក្បាល ដែលកំហាប់ខ្ពស់បំផុតក្នុងផ្លាស្មា បន្ទាប់ពីការលេបឱសថគ្រាប់ធ្វើឡើងក្នុងរយៈពេល ៣០ ទៅ ៩០នាទី ហើយសម្រាប់ការប្រើប្រាស់ក្រោមទម្រង់ជាថ្នាំចាក់តាមស្បែក និងសាច់ដុំ គេឃើញមានកំហាប់កើនខ្ពស់បំផុតបន្ទាប់ពី ១៥ ទៅ ២០នាទី ចំណែកការបញ្ចេញចោលពាក់កណ្តាលត្រូវបានសង្កេតឃើញមាននៅក្នុងរយៈពេល ១ ទៅ២ម៉ោង។ ឱសថត្រូវរងការធ្វើមេតាបូលីសពីសរីរាង្គថ្លើមក្នុងអត្រា៤០% ទៅ ៥០% មុនពេលជ្រាបទៅដល់ប្រព័ន្ធសរសៃប្រសាទ ក្រោមប្រតិកម្ម glucuronidation បង្កើតឲ្យមានមេតាបូលីតជាចម្បងឈ្មោះ morphine-3-glucuronide (M3G) និង morphine-6-glucuronide (M6G) ដែលនឹងត្រូវបញ្ចេញចោលតាមរយៈទឹកនោម។
កម្រិត និងការប្រើប្រាស់
ចំពោះការប្រើប្រាស់ឱសថ Morphine ទាមទារការណែនាំពីឱសថការី ឬវេជ្ជបណ្ឌិត ដែលកម្រិតសម្រាប់មនុស្សពេញវ័យសង្កេតឃើញរួមមាន៖
• ឱសថទម្រង់គ្រាប់៖ អាចប្រើបាន ១៥ ទៅ ៣០មីលីក្រាម រៀងរាល់ ៤ម៉ោងម្តង
• ឱសថទម្រង់សូលុយស្យុង៖ អាចប្រើបាន ១០ ទៅ ២០មីលីក្រាម ដែលប្រែប្រួលទៅតាមរយៈពេលនៃការវះកាត់ ឬកម្រិតនៃការឈឺចាប់។
ផលរំខាន
រោគសញ្ញាដែលជាផលរំខានបណ្តាលមកពីឱសថអាចនឹងលេចឡើង និងគួរផ្តល់ជាព័ត៌មានទៅកាន់វេជ្ជបណ្ឌិតប្រសិនអាការៈកាន់តែធ្ងន់ធ្ងរដូចជា៖
• ធីងធោង
• ឈឺចាប់ ឬរមួលក្នុងពោះ
• ស្ងួតមាត់
• ឈឺក្បាល
• ភ័យព្រួយ ឬអារម្មណ៍ផ្លាស់ប្តូរ
• ប្រស្រីភ្នែករួមតូច
• វិបត្តិក្នុងការបត់ជើងតូច។ល។
អន្តរកម្មឱសថ
ការប្រឈមទៅនឹងឥទ្ធិពលនៃផលរំខានរបស់ឱសថMorphine នឹងកាន់តែកើនឡើង ក្នុងករណីអ្នកជំងឺប្រើប្រាស់រួមជាមួយប្រភេទឱសថដទៃផ្សេងទៀតដូចជា៖
• ឱសថបំបាត់ការឈឺចាប់ប្រភេទ Opioid ឬថ្នាំបំបាត់ក្អក (Codeine, Hydrocodone)
• សារធាតុញៀន
• ឱសថងងុយគេង (Alprazolam, Lorazepam)
• ឱសថបន្ធូរសាច់ដុំ (Carisoprodol, Cyclobenzaprine)
• ឱសថប្រឆាំងអាល្លែកហ្ស៊ី (Cetirizine, Diphenhydramine)។
បន្ថែមពីឱសថខាងលើ ក៏នៅមានឱសថមួយចំនួនទៀតដែលអាចបង្កជាអន្តរកម្មឱសថ ដូច្នេះអ្នកជំងឺគួរកត់សម្គាល់ ឬរក្សាទុកឱសថដែលធ្លាប់បានឬកំពុងប្រើប្រាស់ សម្រាប់ការផ្តល់ជាដំណឹងទៅដល់វេជ្ជបណ្ឌិតមុនពេលអាចចាប់ផ្តើមប្រើប្រាស់ឱសថ Morphine។
បម្រុងប្រយ័ត្ន
ការប្រើប្រាស់ឱសថនេះ ក៏ត្រូវទាមទារឲ្យមានការប្រុងប្រយ័ត្នក្នុងលក្ខខណ្ឌមួយចំនួនដូចជា៖
• បញ្ហាអាល្លែកហ្ស៊ី៖ សារធាតុនៅក្នុង Morphine អាចបង្កជាប្រតិកម្មចំពោះអ្នកជំងឺ ហេតុនេះការពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញគួរអនុវត្តឡើងមុនពេលប្រើប្រាស់
• ប្រវត្តិមានជំងឺ៖ ប្រាប់ដំណឹងទៅដល់គ្រូពេទ្យជាមុន ប្រសិនអ្នកមានជំងឺទាក់ទងទៅនឹងសរីរាង្គក្បាល វិបត្តិដង្ហើម តម្រងនោម ថ្លើម ឬក្រពះ ពោះវៀនជាដើម
• ហាមប្រើប្រាស់សារធាតុអាល់កុល ជាមួយគ្នានឹងឱសថ Morphine ដោយហេតុថាអ្នកជំងឺនឹងអាចប្រឈមទៅនឹងអាការៈធីងធោងកាន់តែធ្ងន់ធ្ងរ
• ចំពោះស្រ្តីមានផ្ទៃពោះនិងស្រ្តីបំបៅដោះកូន៖អាចប្រើប្រាស់ឱសថនេះបាន ក្នុងករណីដែលចាំបាច់បំផុត ក្រោមការណែនាំរបស់វេជ្ជបណ្ឌិត។
គួរបញ្ជាក់ដែរថា ឱសថ Morphine កំពុងមាននៅលើទីផ្សារមានឈ្មោះដូចជា ArymoTM ER និង MORPHIGESIC-30 ដែលការប្រើប្រាស់ចាំបាច់ត្រូវធ្វើទៅតាមវេជ្ជបញ្ជា។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក