Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

និយមន័យ ជំងឺរបើកសរសៃបាតភ្នែក គឺជាការដាច់រហែកចេញពីគ្នារវាងស្រទាប់កោសិកាពណ៌របស់បាតភ្នែក និងកោសិកាចាប់ពន្លឺនៃសរសៃបាតភ្នែកដែលគេហៅថារ៉េទីន (Retina)។ មូលហេតុបង្ក មានមូលហេតុជាច្រើនដែលបង្កឲ្យមានជំងឺនេះ តែកត្តាសំខាន់ដែលធ្វើឲ្យមានការរបើកនេះ គឺការប្រែជាស្តើងនៃសរសៃបាតភ្នែកដែលបណ្តាលមកពី៖ • ជរាភាពនៃសរីរាង្គភ្នែក • ចំណុចខ្សោយ ឬកន្លែងងាយដាច់រហែកផុយនៅជុំវិញបរិវេណសរសៃបាតភ្នែក • ការប៉ះទង្គិច៖ ករណីប៉ះខ្លាំងលើសរសៃបាតភ្នែក អាចបណ្តាលឲ្យដាច់រហែក ឬមានប្រហោង • បញ្ហាម៉្ញូបដែលមានដឺក្រេខ្ពស់ • អ្នកជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រងស្ករបានល្អ។ បុគ្គលដែលប្រឈមខ្ពស់នឹងការកើតជំងឺរបើកសរសៃបាតភ្នែកនេះ មានដូចជា៖ • មនុស្សចាស់៖ សរសៃបាតភ្នែករបស់ពួកគាត់មានភាពខ្សោយស្តើង • អ្នកមានភ្នែកម៉្ញូបខ្ពស់ជាង៨០០៖ ភ្នែកម៉្ញូបជាប្រភេទភ្នែកមានប្រវែង វែងខុសពីភ្នែកធម្មតា ដូចនេះ វាធ្វើឲ្យមានការទាញទៅលើសរសៃបាតភ្នែក នាំឲ្យបាតភ្នែកស្តើង និងអាចមានប្រហោង • អ្នកជំងឺទឹកនោមផ្អែម ដែលមិនបានព្យាបាលដិតដល់ បណ្តោយឲ្យស្ករឡើងខ្ពស់ពេក ធ្វើឲ្យមានកកខ្លាញ់នៅភ្នែក ឬមានសរសៃឈាមនៅបាតភ្នែក នាំឲ្យមានដុះកោសិកាថ្មី ដាច់រហែក បាតភ្នែក។ រោគសញ្ញានៃជំងឺរបើកសរសៃបាតភ្នែក ជំងឺនេះ កើតឡើងដំបូងស្ទើរមិនមានលេចចេញរោគសញ្ញា។ អ្នកជំងឺ ដែលមានជំងឺរបើកសរសៃបាតភ្នែកអាចមានរោគសញ្ញាដូចជា៖ • អ្នកជំងឺអាចឃើញមានដុំពណ៌ខ្មៅ ហោះចុះហោះឡើងនៅពីមុខហើយច្រើនទៅៗ • អ្នកជំងឺ ឃើញផ្លេកបន្ទោរពណ៌សពេលក្រឡេកឆ្វេងស្តាំនៅពេលយប់ • បើការរបើកទៅបាំងលើប្រស្រីភ្នែក អ្នកជំងឺនឹងមានអារម្មណ៍ថាមានផ្ទាំងខ្មៅមកបាំងនៅលើ ឬពីក្រោម ឬពីចំហៀងដែលផ្ទាំងនោះនឹងបិទបន្តិចម្តងៗ រហូតដល់បិទប្រស្រីភ្នែកទាំងស្រុងដែលធ្វើឲ្យអ្នកជំងឺមិនអាចមើលឃើញបាន។ យន្តការនៃជំងឺរបើកសរសៃបាតភ្នែក យន្តការនៃការធ្វើឲ្យរបើកសរសៃបាតភ្នែកនេះ គឺអាស្រ័យទៅតាមមូលហេតុដូចជា៖ • អ្នកជំងឺខ្លះនៅបរិវេណជុំវិញបាតភ្នែកមានចំណុចខ្សោយស្រាប់ ដែលធ្វើឲ្យសរសៃបាតភ្នែកស្តើងខ្លាំង ដូច្នេះពេលញីភ្នែក ឬប៉ះទង្គិចតិចតួច អាចបណ្តាលឲ្យប្រហោង និងរហែក • ការប៉ះទង្គិចខ្លាំងទៅលើភ្នែក អាចធ្វើឲ្យទាញសរសៃបាតភ្នែកដាច់ពីគ្នា ឬឲ្យប្រហោង និងរហែកចេញពីគ្នា។ ការធ្វើរោគវិនិច្ឆ័យ ជំងឺរបើកសរសៃបាតភ្នែក អាចធ្វើរោគវិនិច្ឆ័យ ដូចជា៖ • វាស់ការមើលឃើញរបស់អ្នកជំងឺថាតើធ្លាក់ចុះ ឬនៅធម្មតា • វាស់សម្ពាធក្នុងភ្នែក៖   - ករណីសម្ពាធក្នុងភ្នែកគ្មានការប្រែប្រួលបង្ហាញថាអ្នកជំងឺទើបកើតជំងឺនេះ   - ករណីសម្ពាធក្នុងភ្នែកទាបខ្លាំង ឬទន់ខ្លាំង ជាងភ្នែកម្ខាងទៀត បញ្ជាក់ថាអ្នកជំងឺកើតជំងឺនេះយូរហើយ។ • ពិនិត្យមើលសរសៃបាតភ្នែកទាំងមូល ដើម្បីពិនិត្យមើលពី៖    - ទំហំរបើក   - កន្លែងរបើក   - ថាតើវាមានបាំងចំកន្លែងចាប់រូបភាព ឬអត់   - មានទឹកច្រើន ឬតិចក្នុងសរសៃបាតភ្នែក។ ការព្យាបាល ករណីអ្នកជំងឺមើលឃើញមានដុំពណ៌ខ្មៅហោះ ឬឃើញផ្លេកបន្ទោរនៅពេលយប់ នោះអ្នកជំងឺត្រូវប្រញាប់មកជួបជាមួយគ្រូពេទ្យជំនាញចក្ខុរោគ ដើម្បីពិនិត្យ និងទទួលការព្យាបាល។ ជំងឺរបើកសរសៃបាតភ្នែកនេះ អាចព្យាបាលឲ្យជាសះស្បើយបានប្រសិនបើអ្នកជំងឺមកទទួលការព្យាបាលបានទាន់ពេលវេលា។ បើគ្រាន់តែដាច់រហែក ឬប្រហោង បញ្ជាក់ថានៅដំណាក់កាលដំបូង ការព្យាបាលត្រូវធ្វើដោយ ការបាញ់កាំរស្មីព័ទ្ធជុំវិញប្រហោងនោះ ដើម្បីការពារការរបើក។ បើប្រហោងនោះមានទឹកជ្រាបចូល វាជាជំងឺរបើកសរសៃបាតភ្នែកពិតប្រាកដ ការព្យាបាលត្រូវធ្វើ ដោយការវះកាត់ អាស្រ័យទៅតាមទំហំ ទីតាំង រយៈពេលរបើក ប្រើកងស៊ីលីកូនព័ទ្ធជុំវិញដើម្បីរឹតបន្តឹងកុំឲ្យដាច់ ឬចាក់ស៊ីលីកូន ឬហ្គាសចូលភ្នែកជាមួយការបាញ់កាំរស្មីទប់ ដើម្បីការពារការរបើកម្តងទៀត។ ផលវិបាក ជំងឺរបើកសរសៃបាតភ្នែក គឺជាជំងឺធ្ងន់មួយដែលអាចធ្វើឲ្យអ្នកជំងឺឈានដល់ការបាត់គំហើញទាំងស្រុង ប្រសិនបើទទួលការព្យាបាលមិនបានទាន់ពេលវេលា។ ម្យ៉ាងទៀត ការព្យាបាលអាចនឹងមិនទទួលបានលទ្ធផលល្អទេ ប្រសិនបើទំហំនៃការរបើកធំ និងមានរយៈពេលយូរ។ វិធីសាស្ត្រការពារ ជំងឺរបើកសរសៃបាតភ្នែក មិនមែនថាមិនអាចការពារបានទេ។ មានវិធីសាស្ត្រមួយចំនួនដែល​អាចធ្វើឲ្យអ្នកជំងឺចៀសពីជំងឺនេះបាន៖ • មនុស្សចាស់គួរមកពិនិត្យសរសៃបាតភ្នែកឲ្យបានទៀងទាត់ • អ្នកមានបញ្ហាម៉្ញូបធំជាងលេខ៨០០ ត្រូវធ្វើការពិនិត្យសរសៃបាតភ្នែកឲ្យបានទៀងទាត់ • អ្នកដែលមានហានិភ័យខ្ពស់ កុំញីភ្នែកខ្លាំងៗ ឬធ្វើសកម្មភាពណាប៉ះពាល់ដល់ភ្នែកខ្លាំង • អ្នកជំងឺទឹកនោមផ្អែមត្រូវទទួលការព្យាបាលឲ្យទាន់ពេលបើទុកដល់របើក ពិបាកព្យាបាល។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត អៀ រស្មី ឯកទេសចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត និងគ្លីនិកឯកទេសភ្នែក ម៉េង រ័ត្ននីន ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

  រុក្ខជាតិឱសថកម្ពុជាត្រូវបានប្រើប្រាស់ក្នុងការព្យាបាលជំងឺផ្សេងៗដូចជា ជំងឺសរសៃឈាម បេះដូង ជំងឺរលាក ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺអេដស៍។ ការសិក្សាស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីវិភាគគីមីឱសថរុក្ខជាតិ និងសមាសធាតុអង់ទីអុកស៊ីដង់ជាលក្ខណៈ in vitro ទៅលើដើមទាំងមូលកបិលភ័ស្ត (Bryophyllum pinnatum (Lam.) Kurz) សំបកភ្លូធំ (Dillenia ovata Wall. ex Hook. f. & Thomson) មើមប៉ប្រក Drynaria fortunei (Kunze ex Mett.) J. Sm. និងសំបកពាន់តាឡី (Lophopetalum wallichii Kurz.) ដែលមានប្រភពនៅកម្ពុជា។  រុក្ខជាតិទាំងអស់ត្រូវបានធ្វើការចម្រាញ់តាមរយៈវិធីសាស្ត្រត្រាំ (Maceration Extraction Method) ដោយអង្គធាតុរំលាយអេតាណុល។ បន្ទាប់មកសារធាតុចម្រាញ់ទាំងអស់នឹងត្រូវបានយកមកធ្វើការវិភាគគីមីឱសថរុក្ខជាតិ ដើម្បីរកសមាសធាតុ Alkaloids, Phenolic Compounds, Tannins, Flavonoids, Coumarins, Steroids, Terpenoids,Cardiac Glycosides, Essential Oils, Saponins និងResins តាមរយៈវិធីសាស្ត្រតេស្តពណ៌។ ការធ្វើតេស្តរកសមាសធាតុអង់ទីអុកស៊ីដង់ ត្រូវបានធ្វើឡើងតាមរយៈវិធីសាស្ត្រ DPPH Assay។ លទ្ធផលនៃការធ្វើតេស្តពណ៌រកសមាសធាតុគីមីឱសថរុក្ខជាតិបានបង្ហាញឲ្យឃើញថា សារធាតុចម្រាញ់អេតាណុលនៃដើមទាំងមូលកបិលភ័ស្ត សំបកភ្លូធំ មើមប៉ប្រក និងសំបកពាន់តាឡី មានសមាសធាតុឱសថ Alkaloids, Phenolic Compounds, Tannins, Flavonoids, Terpenoids, Cardiac Glycosides, Saponins និង Resins។ លើសពីនេះ សារធាតុចម្រាញ់អេតាណុលនៃដើមទាំងមូលកបិលភ័ស្ត សំបកភ្លូធំ និងមើមប៉ប្រក មានសមាសធាតុឱសថ Coumarins និងSteroids ហើយសំបកពាន់តាឡីមាន Essential Oils។ ការសិក្សាទៅលើសកម្មភាពអង់ទីអុកស៊ីដង់របស់រុក្ខជាតិក៏បានបង្ហាញឲ្យឃើញផងដែរថា ដើមទាំងមូលកបិលភ័ស្ត សំបកភ្លូធំ មើមប៉ប្រក និងសំបកពាន់តាឡី មានសមាសធាតុអង់ទីអុកស៊ីដង់ (សមាសធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី)។ ការសិក្សាស្រាវជ្រាវបង្ហាញឲ្យដឹងអំពីសក្តានុពលនៃប្រភពអង់ទីអុកស៊ីដង់ធម្មជាតិដែលមាននៅក្នុងដើមទាំងមូលកបិលភ័ស្ត សំបកភ្លូធំ មើមប៉ប្រក និងសំបកពាន់តាឡីរបស់ខ្មែរ។ អនុសាសន៍សម្រាប់ការសិក្សាស្រាវជ្រាវបន្ត គឺការបន្សុទ្ធចេញឲ្យបាននូវ Antioxidant Compounds ពីរុក្ខជាតិទាំងនេះ។ ប្រភពអត្ថបទដោយ និស្សិត និងសាស្ត្រាចារ្យនៃមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ប្រទេសកម្ពុជា និងដេប៉ាតឺម៉ង់គីមីឱសថសាស្ត្រ នៃសាកលវិទ្យាល័យខនកេន ប្រទេសថៃឡង់៖ កែវ សំអែល, លាង សុនីតា, នី ច័ន្ទសីហា, លឹម សុខានី, ជាន កុសលវល័ក្ខណ៍, អ៊ឹង ហ៊ុយឃីម, ជុថាម៉ាត មុនីណេត, យ៉ាវ៉ារេដ ឈុលីឃីត និងជា ស៊ីន  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការព្យាបាលជំងឺប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ទាមទារឲ្យអ្នកផ្តល់សេវាសុខភាព ជាពិសេសឱសថការី ត្រូវមានជំនាញក្នុងការផ្ដល់ប្រឹក្សា និងការអប់រំដល់អ្នកជំងឺឱ្យបានច្បាស់លាស់។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការខាងលើ មហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នឹងរៀបចំសិក្ខាសាលាស្តីអំពី”ការផ្តល់ប្រឹក្សា និងអប់រំដល់អ្នកជំងឺ”។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំH វេលាម៉ោង៨:០០នាទីព្រឹក រហូតដល់ម៉ោង១២:០០នាទីថ្ងៃត្រង់។ វាគ្មិនកិត្តិយស គឺលោកឱសថបណ្ឌិត Dallas J.Smith ដែលលោកបានបញ្ចប់ការសិក្សាថ្នាក់ឱសថបណ្ឌិតពីសាកលវិទ្យាល័យ ហ្វីនលេ សហរដ្ឋអាមេរិក។ លោកនឹងមកចែករំលែកនូវបទពិសោធន៍ស្តីពីជំនាញការផ្តល់ប្រឹក្សា និងអប់រំដល់អ្នកជំងឺ ដែលលោកបានអនុវត្តជាច្រើនឆ្នាំនៅសហរដ្ឋអាមេរិក ជូនដល់អ្នកចូលរួមទាំងអស់។ សេចក្តីដូចបានរៀបរាប់ខាងលើ សូមឱសថការី និងនិស្សិតឱសថសាស្ត្រទាំងអស់ ក្នុងប្រទេសកម្ពុជា មេត្តាចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករតាមតំណខាងក្រោម។ សម្រាប់អ្នកចូលរួមដែលមិនមែនជានិស្សិតឱសថសាស្រ្តកំពុងសិក្សាក្នុងសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត សូមមេត្តាចុះឈ្មោះតាមតំណខាងក្រោម និងអញ្ជើញមកយកសំបុត្រនៅមហាវិទ្យាល័យឱសថសាស្រ្តក្នុងរយៈពេលពីរថ្ងៃ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ ០១៧ ៣៣៥ ៥៥៨។ សូមចុចតាមតណខាងក្រោម៖  https://goo.gl/forms/oyO2hMnALoGt5NHZ2 ---------------------------- Safe, effective, and quality treatment requires competent healthcare providers especially pharmacists to have patient counseling and health education skills. To meet to this requirement, Faculty of Pharmacy of University of Puthisastra (UP) will conduct a workshop on “Patient Counseling and Health Education” on November 17, 2018, at the Hall “H” from 8:00a.m. to 12:00p.m. Our honorable speaker, Dr. Dallas J.Smith, who gratuated from University of Findlay, United States of America, will share his many years of practical experiences to the participants. As mentioned, we are pleased to invite pharmacists and pharmaceutical students from different faculties in Cambodia to join our event. For those who are not UP pharmaceutical students, please also register through the link below and come to take the ticket within two days from the Faculty of Pharmacy.

ចែករំលែក

ស្ត្រីជាច្រើនជឿថា ការយល់ដឹងអំពីសារធាតុចិញ្ចឹម និងការបរិភោគប្រកបដោយសុខភាព គឺជាជំហានដ៏សំខាន់សម្រាប់ដំណើរជាសះស្បើយនៃជំងឺ ព្រមទាំងកាត់បន្ថយហានិភ័យនៃការលាប់ឡើងវិញនៃមហារីកសុដន់។ សំណួរសួរថា តើអ្នកជំងឺគួរប្រកាន់របបអាហារបែបណាសម្រាប់ករណីនេះ? សំណួរ៖ អ្នកជំងឺម្នាក់ភេទស្រី អាយុ ៥៣ឆ្នាំ៖ “ខ្ញុំកំពុងមានជំងឺមហារីកសុដន់ និងបានធ្វើការកាត់ដុំសាច់មហារីកព្រមទាំងបានបញ្ចប់ការព្យាបាល ដោយសារធាតុគីមីហើយផងដែរ។ តើខ្ញុំគួរប្រកាន់របបអាហារយ៉ាងដូចម្តេចបន្ទាប់ពីការព្យាបាល?” ចម្លើយ៖ ការពិត ទាំងការសម្រកទម្ងន់ និងរបបអាហារដែលមានខ្លាញ់ទាបគឺមានសារសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃការលាប់ឡើងនៃមហារីកសុដន់។ ដោយឡែក របបអាហារដែលមានខ្លាញ់ទាប ក៏អាចធ្វើឲ្យមានការថយចុះនូវការប្រឈមនឹងជំងឺបេះដូង ព្រមទាំងអំណោយផលដល់ការសម្រកទម្ងន់បានជោគជ័យទៀតផង។ គន្លឹះក្នុងការជួយបង្កើតជម្រើសអាហារល្អៗសម្រាប់ស្ត្រីមានជំងឺមហារីកសុដន់៖ ១.    បរិភោគអាហារមានខ្លាញ់ទាប៖ ជាអាហារសម្បូរដោយបន្លែ ផ្លែឈើ សណ្តែក និងធញ្ញជាតិទាំងមូលគ្រប់ប្រភេទ (គ្រាប់បាឡី អង្ករសម្រូប ស្រូវអូតជាដើម)។ អាហារទាំងនេះសម្បូរដោយជាតិសរសៃ វីតាមីន និងសារធាតុបង្កដែលអាចកាត់បន្ថយហានិភ័យនៃការកើតឡើងនៃមហារីកបាន។ រុក្ខជាតិទាំងនេះក៏មានកាល់ឡូរី និងខ្លាញ់ទាបពីធម្មជាតិដែលមានអំណោយផលល្អដល់ការគ្រប់គ្រងទម្ងន់ផងដែរ។ គួរបញ្ជាក់ថា ការប្រកាន់របបអាហារពីបន្លែផ្លែឈើ មិនមានន័យថាអ្នកជំងឺត្រូវចៀសវាងអាហារធ្វើពីសាច់សត្វទាំងស្រុងឡើយ តែគួររួមបញ្ជូលនូវផលិតផលពីទឹកដោះគោ សាច់សត្វ ត្រី សាច់មាន់ជាដើមផងដែរ ក៏ប៉ុន្តែត្រូវកាត់បន្ថយទាំងបរិមាណ និងភាពញឹកញាប់ក្នុងការទទួលទានអាហារប្រភេទនេះ។ ២.    ទំហំអាហារដែលសមស្រប៖ ទោះជាអ្នកកំពុងបរិភោគអាហារដែលត្រឹមត្រូវក៏ដោយ ប៉ុន្តែប្រសិនបើអ្នកបរិភោគក្នុងបរិមាណច្រើនពេកក៏អាចជាបញ្ហាផងដែរ។ ដូចនេះ អ្នកជំងឺគួរធ្វើការថ្លឹងថ្លែងបរិមាណនៃអាហារសម្រាប់បរិភោគរៀងរាល់ពេលកំណត់ណាមួយ ព្រមទាំងយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក៏ដូចជាកម្រិតការបរិភោគអាហារដែលមានកាល់ឡូរីខ្ពស់ដូចជា សាច់សម្បូរខ្លាញ់ អាហារចៀន ឬឆា បង្អែម និងខ្លាញ់ដែលដាក់បន្ថែមក្នុងអាហារជាដើម។ ៣.    កម្រិតការបរិភោគប្រភេទភេសជ្ជៈដែលសម្បូរកាល់ឡូរី៖ រួមបញ្ចូលទាំងពី កាហ្វេ ភេសជ្ជៈផ្អែមៗដូចជា តែទឹកកក និងភេសជ្ជៈដែលមានរសជាតិផ្លែឈើជាដើម។ ៤.    បរិភោគអាហារដែលអ្នកចូលចិត្ត៖ ត្រូវប្រាកដថាអ្នកបានគិតគូរផងដែរលើកាល់ឡូរីរបស់អាហារ នៅពេលដែលអ្នកបំពេញចិត្តខ្លួនឯងជាមួយអាហារដែលខ្លួនចូលចិត្ត។ ៥.    ការបង្កើតកំណត់ត្រាប្រចាំថ្ងៃ៖ គឺជាមធ្យោបាយសម្រាប់បង្កើនភាពជោគជ័យជាមួយនឹងការបរិភោគប្រកបដោយសុខភាពជាងមុន (ដូចជាការបង្កើនការទទួលទានបន្លែ និងផ្លែឈើ) ឬការសម្រកទម្ងន់។ កំណត់ត្រានេះគួរមានសរសេរទុកនូវអាហារគ្រប់មុខដែលអ្នកបរិភោគ និងផឹកជារៀងរាល់ថ្ងៃ ឬក៏នៅរៀងរាល់ថ្ងៃកំណត់ណាមួយជាប្រចាំ។ ៦.    គួរចងចាំថាខ្លាញ់មួយចំនួនជាខ្លាញ់ជំនួយដល់សុខភាព៖ អ្នកត្រូវបានណែនាំឲ្យមានបញ្ចូលប្រភេទខ្លាញ់មិនឆ្អែតក្នុងបរិមាណតិចតួច (៣០ទៅ ៤៥ មីលីលីត្រ ឬ ២ ទៅ ៣ស្លាបព្រាបាយ) ទៅក្នុងរបបអាហារប្រចាំថ្ងៃ។ ខ្លាញ់ទាំងនេះរួមមានប្រេងសម្រាប់ចម្អិនម្ហូប និងប្រេងស្រូបលើសាឡាត់។ ប្រេងបន្លែដូចជា អូលីវ និងសណ្តែកសៀងត្រូវបានដឹងថាមានបរិមាណខ្លាញ់ឆ្អែតកម្រិតទាប ដែលជាជម្រើសប្រសើរជាងការប្រើប្រាស់ប័រចម្អិនអាហារ ហើយនឹងត្រូវបានណែនាំសម្រាប់ជំនួយសុខភាពទូទៅ។ ៧.    ត្រូវប្រាកដថាបានបរិភោគនូវប្រភេទបន្លែពណ៌បៃតងចាស់ និងពណ៌ទឹកក្រូចយ៉ាងហោចណាស់មួយជារៀងរាល់ថ្ងៃ។ ៨.    បរិភោគបន្លែដែលត្រូវបានចំហុយ ឬដុតជំនួសឲ្យបន្លែឆា។ ៩.    ទទួលទានបន្លែ ឬផ្លែឈើតែម្តងឲ្យបានញឹកញាប់ជាងបរិភោគតែទឹកកៀបចេញពីបន្លែ និងផ្លែឈើ។ ១០. ជ្រើសយកផលិតផលអាហារដែលមានខ្លាញ់ ស្ករ ឬអំបិលទាប និងប្រសិនបើត្រូវបន្ថែមគ្រឿង គួរបន្ថែមតែក្នុងបរិមាណតិចប៉ុណ្ណោះ។ ១១. ទទួលទានទឹកដោះគោឲ្យបាន ១ ទៅ ២%ជារៀងរាល់ថ្ងៃ ក្នុងបរិមាណ ៥០០មីលីលីត្រ (២កែវ) សម្រាប់ការទទួលបានវីតាមីនដេឲ្យបានសមស្រប តែត្រូវប្រាកដថាបានជ្រើសរើសទឹកដោះគោដែលមានខ្លាញ់ទាបដោយឆ្លាស់គ្នារវាងយ៉ាអួ និងឈីស។ ប្រសិនបើអ្នកមិនអាចទទួលទានទឹកដោះគោបាន អ្នកអាចទទួលទានភេសជ្ជៈជាទឹកសណ្តែកសៀងខាប់ជំនួស។ ១២.ជ្រើសរើសបរិភោគត្រីដូចជា ម៉ាកែរ៉ែលសាល់ម៉ុន និងសាឌីន។ ១៣.បរិភោគមុខអាហារដែលមានខ្លាញ់ទាប៖ អ្នកអាចដឹងពីរបៀបចម្អិនជាច្រើនប្រភេទទៅលើមុខអាហារដែលមាននៅក្នុងសៀវភៅមុខម្ហូបថ្មីៗ ដែលសៀវភៅភាគច្រើនក៏អាចមានរៀបរាប់អំពីការកាត់បន្ថយការប្រើខ្លាញ់ក្នុងមុខម្ហូបផងដែរ។ ១៤.ជ្រើសរើសអាហារដែលមានខ្លាញ់ទាបនៅពេលញ៉ាំខាងក្រៅផ្ទះផងដែរ៖ • មុនពេលធ្វើការកុម្ម៉ង់ គួរធ្វើការអានការរៀបរាប់ពីមុខម្ហូបក្នុងបញ្ជីមុខម្ហូប ឬសួរទៅកាន់អ្នកបម្រើសេវាអាហារអំពីរបៀបនៃការចម្អិនផងដែរ។ • សុំឲ្យមានធ្វើការចម្អិនអាហាររបស់អ្នកដោយមិនមានបន្ថែមទឹកជ្រលក់ គ្រឿងបន្ថែម ប័រ ម៉ាយូណែស ឬឈីសក្នុងចាន ឬដាក់ក្នុងចានផ្សេង សម្រាប់ឲ្យអ្នកបន្ថែមខ្លួនឯង។ • សម្រាប់អាហារសម្រន់ អាចជ្រើសរើសយកប្រភេទបន្លែ ឬសាឡាត់ ជំនួសឲ្យដំឡូងបារាំង ឬខ្ទឹមបារាំងបំពង។ • ប្រសិនបើម្ហូបរបស់អ្នកមានបរិមាណច្រើនអ្នកអាចសុំឲ្យធ្វើការរំលែកទុកទៅផ្ទះ និងបរិភោគតែមួយចំណែក ជាមួយនឹងអាហារសម្រន់តែប៉ុណ្ណោះ។ • ចៀសវាងបរិភោគអាហារបុហ្វេ ប្រសិនបើអ្នកតែងតែបរិភោគលើសចំណុះនៅពេលមានជម្រើសមុខម្ហូបច្រើន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីក នៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មានដែលគិតថាសុខភាពផ្លូវចិត្ត មានតម្លៃដូចទៅនឹងសុខភាពផ្លូវកាយឬទេ? បុគ្គលភាគច្រើនហាក់ខ្វះភាពក្លាហានក្នុងការនិយាយចេញពីសុខភាពផ្លូវចិត្ត ក៏ដូចជាមិនច្បាស់ថា ពេលវេលាណាមួយដែលខ្លួនគួរស្វែងរកការព្យាបាលពីអ្នកជំនាញផ្លូវចិត្ត។ ប្រសិនអ្នកមិនអាចបែងចែកបាននូវភាពមិនប្រក្រតី ដែលខ្លួនកំពុងមាន ឬមិនច្បាស់ថាខ្លួនមានបញ្ហាផ្លូវចិត្តក្នុងកម្រិតណានោះ អាកប្បកិរិយាខាងក្រោម អាចជាគន្លឹះជួយអ្នកក្នុងការសម្រេចចិត្តទទួលយកការប្រឹក្សាពីនរណាម្នាក់។ អារម្មណ៍តឹងតែង ញឹកញាប់ប៉ុណ្ណាហើយ ដែលអ្នកមានអារម្មណ៍តឹងតែង? ការប្រឈមមុខទៅនឹងកំហឹង ឬព្រួយបារម្ភជាប្រចាំ អាចជាបន្ទុកទៅលើបុគ្គលម្នាក់ៗ បណ្តាលឲ្យមានភាពស្មុគស្មាញ ដែលអ្នកអាចមានអាការៈភ័យព្រួយជ្រុលទៅលើបញ្ហាដែលមិនទាន់កើតឡើងទាល់តែសោះ។ ប្រសិនយល់ថា ជីវិតរបស់អ្នកកំពុងស្ថិតក្នុងស្ថានភាពតឹងតែង ប្រហែលជាដល់ពេលអ្នកគួរស្វែងរកជំនួយពីនរណាម្នាក់។ មិនអាចបញ្ឈប់ការគិត ភាពឈឺចាប់ពីការបាត់បង់សមាជិកណាមួយនៃគ្រួសារ មិត្តភក្តិ ឬអ្នកដែលជាទីស្រឡាញ់ ជាមូលហេតុគ្រប់គ្រាន់ទៅហើយ សម្រាប់ឲ្យអ្នកស្វែងរកការប្រឹក្សាជាមួយអ្នកជំនាញ។ “ពេលវេលាជាថ្នាំព្យាបាល” ជាពាក្យត្រូវបានលើកឡើងញឹកញាប់ យ៉ាងណាមិញ វាមិនអាចមានប្រសិទ្ធភាពសម្រាប់គ្រប់ករណីនោះទេ។ គុណវិបត្តិនៃការបាត់បង់អ្វីមួយ អាចនាំឲ្យការបំពេញកិច្ចការប្រចាំថ្ងៃធ្លាក់ចុះ និងធ្វើឲ្យអ្នកមានអារម្មណ៍ផ្តាច់ខ្លួនចេញពីមនុស្សជុំវិញ ដែលទាមទារឲ្យអ្នកគួរធ្វើការសង្កេតមើល និងទទួលយកដំណោះស្រាយជាបន្ទាន់។ រោគសញ្ញាសុខភាពប្លែកៗ សុខភាពផ្លូវចិត្តមិនល្អ អាចនាំយកឥទ្ធិពលអាក្រក់ដល់រាងកាយរបស់អ្នក។ តាមការស្រាវជ្រាវបានបង្ហាញថា ការបាក់ទឹកចិត្តអាចនាំយកបញ្ហាសុខភាពរាងកាយមកជាមួយ ដូចជាវិបត្តិលើក្រពះ ឈឺក្បាល ឬផ្តាសាយញឹកញាប់ជាដើម។ បន្ថែមពីនោះ អាការៈរមួលសាច់ដុំ ឬឈឺចាប់ផ្នែកកដែលមិនមានកត្តាបង្កជាក់លាក់ ក៏អាចជាភស្តុតាងបញ្ជាក់ពីការប្រឈមទៅនឹងបញ្ហាស្ត្រេសធ្ងន់ធ្ងរ ដែលអ្នកគួរតែស្វះស្វែងរកការប្រឹក្សាផ្នែកផ្លូវចិត្ត។ ប្រើប្រាស់សារធាតុផ្សេងៗ ប្រសិនអ្នកយល់ថាខ្លួនឯងកំពុងប្រើប្រាស់ ឬទទួលទានសារធាតុ ឬឱសថប្រភេទណាមួយក្នុងបរិមាណច្រើន ក្នុងបំណងសម្រាលនូវអារម្មណ៍ឈឺចាប់ អាចជាសញ្ញាបង្ហាញថាអ្នកកំពុងតែចង់រើបម្រាស់ចេញពីជំងឺធ្លាក់ទឹកចិត្តដែលកំពុងតែវាយលុក។ ម្យ៉ាងទៀត អ្នកប្រហែលជាអាចបាត់បង់ចំណង់អាហារ ឬញ៉ាំច្រើនហួសប្រមាណដែលសុទ្ធសឹងតែឈានដល់ដំណាក់កាលទាមទារការពិគ្រោះជាមួយអ្នកជំនាញដើម្បីប្រឹក្សាផ្លូវចិត្ត។ ទទួលបានពាក្យស្តីបន្ទោស ផ្លាស់ប្តូរអាកប្បកិរិយាចំពោះការងារ ឬសមត្ថភាពថយចុះ សុទ្ធតែអាចស្តែងឡើងចំពោះបុគ្គលដែលកំពុងប្រយុទ្ធជាមួយជំងឺធ្លាក់ទឹកចិត្ត។ អ្នកអាចនឹងមានអារម្មណ៍កាន់តែឃ្លាតឆ្ងាយពីកាតព្វកិច្ច​ ការងារប្រចាំថ្ងៃ បើទោះបីវាធ្លាប់ផ្តល់នូវភាពសប្បាយរីករាយចំពោះអ្នក ម្យ៉ាងទៀត អ្នកអាចនឹងត្រូវរងនូវពាក្យស្តីបន្ទោសពីសំណាក់ថ្នាក់លើពីការធ្លាក់ចុះនៃគុណភាពការងារ ដែលអ្នកគួរស្វែងរកជំនួយផ្នែកផ្លូវចិត្ត។ ទំនាក់ទំនងប្រេះឆា ការទាក់ទងជាមួយមនុស្សជាទីស្រឡាញ់ បានប្រែទៅជាការមិនពេញចិត្ត ឬអាចឈានដល់មានបញ្ហាណាមួយដោយហេតុថាអ្នកហាក់មិនយល់ពីអារម្មណ៍ ឬអាកប្បកិរិយាដែលកំពុងមានអំឡុងពេលធ្លាក់ទឹកចិត្ត។ ក្នុងដំណាក់កាលនេះការប្រេះឆាណាមួយ អាចបណ្តាលមកពីការបាក់ទឹកចិត្តធ្ងន់ធ្ងរ​ ដែលអ្នកមិនអាចបកស្រាយបានដោយខ្លួនឯង ដូចនេះការស្វែងរកការប្រឹក្សាជាជម្រើសដែលអាចជួយសម្រួលដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នក។   ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ឪពុកម្តាយមួយចំនួនប្រហែលជាធ្លាប់ខ្មាសគេនៅទីសាធារណៈពេលកូនៗរបស់អ្នកមិនស្តាប់បង្គាប់ និងបង្ករឿងផ្សេងៗ ហើយអ្នកប្រហែលជាគិតថា វាជាធម្មជាតិរបស់កុមារគ្រប់រូប។ ប៉ុន្តែ មាតាបិតាគ្រប់រូបតែងតែចង់ជួយកូនៗឲ្យមានអត្តចរិកល្អ និងមានជីវិតរស់នៅងាយស្រួល ហេតុនេះ “ការមានវិន័យ” ជាផ្នែកសំខាន់បំផុតអាចជួយពួកគេឲ្យក្លាយជាមនុស្សធំ ដែលមានភាពជោគជ័យទៅថ្ងៃអនាគត។ គន្លឹះមួយចំនួនខាងក្រោមនេះ អាចជាជំនួយ ដើម្បីជួយឲ្យកូនអ្នក មានវិន័យល្អក្នុងការរស់នៅ៖ ១. ការកំណត់ទម្លាប់ក្នុងការរស់នៅ • ប្រាប់ពួកគេពីហេតុផលច្បាស់លាស់ មាតាបិតាមិនតម្រូវឲ្យពន្យល់កូនៗថាហេតុអ្វីអ្នកចង់ឲ្យពួកគេត្រូវតែមានវិន័យនោះទេ ប៉ុន្តែ ប្រសិនបើកូនរបស់អ្នកយល់ពីហេតុផលសាមញ្ញ ពីច្បាប់ទម្លាប់របស់អ្នកនោះ  ពួកគេនឹងមិនរឹងទទឹង ហើយអនុវត្តតាមការប្រាប់របស់អ្នក។ ឧទាហរណ៍ អ្នកប្រាប់ពួកគេឲ្យចូលគេងនៅម៉ោង៨យប់ ពីព្រោះខ្លួនប្រាណរបស់ពួកគេត្រូវការការគេងឲ្យបានច្រើន ដើម្បីសុខភាពល្អ និងរឹងមាំ ឬឲ្យពួកគេទុកដាក់របស់របរលេងឲ្យមានរបៀប ដើម្បីងាយស្រួលរក នៅពេលក្រោយ។ • ផ្តល់ការសរសើរដល់ពួកគេ នៅពេលពួកគេជួយអ្នករៀបចំកន្លែងគេង តុញ៉ាំបាយ ឬឲ្យប្អូនរបស់គេលេងតុក្កតាជាមួយ អ្នកគួរតែសរសើរពីទឹកចិត្តរបស់ពួកគេ។ ឧទាហរណ៍ កូនពិតជាកូនល្អមែនដែលចងចាំពេលវេលារៀបចំកន្លែងគេង ឬម៉ាក់ប៉ាពិតជាសប្បាយចិត្តណាស់ដែលកូនមានអាកប្បកិរិយាដូចមនុស្សធំម្នាក់។ • ដើរតួជាបុគ្គលគំរូ ការទុកដាក់របស់របរនៅពេលមកពីក្រៅ ដូចជាកាបូប ឬព្យួរខោអាវឲ្យមានរបៀប និងត្រូវកន្លែង ការមិនបញ្ចេញកំហឹង ឬនិយាយទាំងមួម៉ៅ នៅពេលធ្វើអ្វីមួយមិនបានសម្រេច...សកម្មភាពទាំងនេះនឹងបង្ហាញកូនៗអ្នក ពីគំរូដែលគេយកតម្រាប់តាម “នៅពេលកូនៗឃើញទម្លាប់ល្អរបស់អ្នករាល់ថ្ងៃ ពួកគេនឹងចង់ធ្វើដូចអ្នកដែរ”។   ២. ការដោះស្រាយបញ្ហា • អនុញ្ញាតឲ្យកូនៗជាអ្នកធ្វើការសម្រេចចិត្ត ផ្តល់ឱកាសឲ្យកូនៗអ្នកក្នុងការសម្រេចចិត្តជ្រើសរើសអ្វីមួយដោយខ្លួនឯងនៅពេលពួកគេធំគ្រប់គ្រាន់។ ឧទាហរណ៍ ការជ្រើសរើសសម្លៀកបំពាក់ ឬបន្លែ ផ្លែឈើ ដែលពួកគេចង់ញ៉ាំ។ នៅពេលពួកគេអាចគ្រប់គ្រងលើចំណុចតូចៗបានពួកគេអាចឈានដល់ការសម្រេចចិត្តលើស្ថានភាពផ្សេងៗទៀតបាន។ ប្រសិនបើកូនៗអ្នក ឈ្លោះគ្នា ឬវាយគ្នា ជំនួសការគំរាមពួកគេ ឬស្រែកឲ្យពួកគេឈប់  អ្នកគួរតែសួរពួកគេថា“តើកូនអាចដោះស្រាយបញ្ហា  តាមវិធីផ្សេងពីនេះឬទេ”។ អ្នកនឹងមានភាពភ្ញាក់ផ្អើលចំពោះដំណោះស្រាយរបស់ពួកគេ។ • ផ្តល់ការលើកទឹកចិត្ត “ព្យាយាម ព្យាយាមម្តងទៀត” ការងារមួយចំនួន អ្នកអាចធ្វើវាបានដោយខ្លួនឯង ប៉ុន្តែ រឿងសំខាន់ដែលគួរតែឲ្យកូនៗរបស់អ្នកសាកល្បងធ្វើវាដោយខ្លួនឯង ដូចជា រៀបចំខ្លួនស្លៀកសម្លៀកបំពាក់ទៅសាលា ការបោកគក់ ខោអាវជាដើម។  ការចាប់ផ្តើមដំបូងអាចនឹងមិនមានភាពល្អឥតខ្ចោះ  តែអ្នកអាចនិយាយទៅកាន់ពួកគេថា “កូនធ្វើបានល្អហើយ លើកក្រោយ កូននឹងធ្វើបានល្អជាងនេះទៀត” ។ • ជួយឲ្យពួកគេចេះរកដំណោះស្រាយ ដើម្បីពង្រឹងដល់ការគិតរបស់កូនៗ អ្នកគួរតែជំរុញឲ្យពួកគេត្រិះរិះពីចម្លើយនៃសំណួររបស់ពួកគេ។ ឧទាហរណ៍ នៅពេលកូនៗរបស់អ្នកសួរថា តើពួកគេត្រូវធ្វើដូចម្តេចចំពោះអ្វីមួយ អ្នកគួរតែឆ្លើយតប ដោយផ្តល់ទំនុកចិត្តទៅកាន់ពួកគេថា “តើកូនគិតថា គួរតែធ្វើយ៉ាងដូចម្តេច?” ៣. បង្រៀនកូនៗអ្នកឲ្យចេះអត់ធ្មត់ • បង្ហាត់បង្រៀនកូនៗឲ្យចេះរង់ចាំ  ចូរកុំផ្តល់ឲ្យរាល់ការទាមទាររបស់កូនៗអ្នកលឿនពេក អ្នកអាចឲ្យពួកគេធ្វើការរង់ចាំដោយផ្តល់ហេតុផលសមរម្យមួយ។ ឧទាហរណ៍ ពួកគេសុំឲ្យអ្នកធ្វើទឹកក្រូចច្របាច់ឲ្យគេញ៉ាំ ស្របពេលអ្នកកំពុងជាប់រវល់ការងារ អ្នកអាចឲ្យពួកគេរង់ចាំបន្ទាប់ពីអ្នកបញ្ចប់ការងារសិន ។​ ​​ការធ្វើរបៀបនេះមានន័យថា អ្នកកំពុងបង្រៀនពួកគេឲ្យចេះគ្រប់គ្រងលើភាពអត់ធ្មត់ និងចេះផ្តល់អតិ្ថភាពលើការងារ។ • ប្រាប់ពីអារម្មណ៍របស់ពួកគេ កូនៗរបស់អ្នកប្រហែលជាពិបាកក្នុងការបកស្រាយអារម្មណ៍របស់ពួកគេនៅពេលត្រូវរង់ចាំអ្វីមួយ ហើយពួកគេមិនអាចអត់ធ្មត់បាន ប៉ុន្តែ អ្នកអាចជួយពួកគេកំណត់នូវអារម្មណ៍នោះបាន។ ឧទាហរណ៍ ពួកគេត្រូវតម្រង់ជួរយូរដើម្បីរង់ចាំដល់វេនពួកគេ អ្នកអាចប្រាប់ពួកគេថា “កូនពិតជាធ្វើវាបានល្អ ហើយកូនកំពុងរៀនអត់ធ្មត់ចំពោះរឿងដែលកូនកំពុងតែធ្វើ”។​ ការវាយតម្លៃលើអារម្មណ៍ នៅពេលពួកគេច្របូកច្របល់បែបនេះ វាអាចជួយពួកគេឲ្យព្យាយាមអត់ធ្មត់បន្ថែមទៀត។ • ឲ្យពួកគេចូលរួមក្នុងសកម្មភាពដែលជួយពួកគេឲ្យចេះអត់ធ្មត់ លើកទឹកចិត្តពួកគេឲ្យចូលរួមក្នុងសកម្មភាពដែលមិនបង្ហាញលទ្ធផលភ្លាមៗ ដូចជាការដាំដើមឈើ ហើយមើលថែវារហូតចេញជាផ្លែផ្កា ការលេងហ្គេម Puzzle តម្រៀបអក្សរ ឬគូររូបជាដើម។ បង្រៀនពួកគេឲ្យឃើញពីការវិវឌ្ឍជាដំណាក់រហូតបានជាលទ្ធផល គឺត្រូវតែរង់ចាំមើលថែទាំ និងយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់ពួកគេ។ ការអនុវត្តជាក់ស្តែងប្រហែលជាមិនបង្ហាញលទ្ធផលភ្លាមៗនោះទេ តែឪពុកម្តាយគួរតែកត់សម្គាល់ពីបម្រែបម្រួលអត្តចរិករបស់ពួកគេ ឲ្យតែមានភាពប្រសើរឡើងបន្តិច នោះមានន័យថាអ្នកទទួលបានជោគជ័យក្នុងការជួយពួកគេហើយ។ ថ្ងៃអនាគត កូនៗអ្នកនឹងដឹងពីបំណងល្អរបស់អ្នក ហើយនឹងធ្វើបែបនេះទៅកាន់កូនៗរបស់ពួកគេដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ ឯកទេសតម្រងនោម និងលាងឈាម ស្តង់ដាជប៉ុន នាំយកម៉ាស៊ីននឹងឧបករណ៍លាងឈាមទំនើបដំបូងគេបង្អស់ពីជប៉ុន មកព្យាបាលអ្នកជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយនៅកម្ពុជា។ (ភ្នំពេញ) ៖ ជារឿងមួយដ៏ល្អសម្រាប់ប្រទេសកម្ពុជា នាពេលនេះ ឧបករណ៍លាងឈាមទំនើបដំបូងគេបង្អស់ជាច្រើនគ្រឿងទៀត ដែលនាំចូលពីប្រទេសជប៉ុន បានមកដល់ប្រទេសកម្ពុជា បន្ទាប់ពីបាននាំចូlចំនួន៥គ្រឿងរួចមក។ ឧបករណ៍លាងឈាមទំនើប និងស្តង់ដារអន្តរជាតិនេះ គឺនាំចូលដោយក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារទំនើបៗពី ប្រទេសជប៉ុន (JMS) ជាក្រុមហ៊ុន ដែលបានសហការជាមួយមន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ ដំបូងគេបង្អស់ ដើម្បីលើកកម្ពស់ស្តង់ដារសុខភាព នៅប្រទេសកម្ពុជា និងដើម្បីបំពេញតម្រូវការលាងឈាម ដែលមានចំនួនច្រើនគួរឲ្យកត់សម្គាល់។ លោកស្រីវេជ្ជបណ្ឌិត ខេង កណ្ណិកា អគ្គនាយិកាមន្ទីរពេទ្យពហុព្យាបាលជប៉ុនឡាយហ៍្វ បានប្រាប់ឲ្យដឹងថា មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍ បានបង្កើតឡើងនាពេលនេះ គឺដើម្បីចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាពិសេស គឺប្រជាពលរដ្ឋដែលមានបញ្ហាខូចតម្រងនោម ដល់ដំណាក់កាលចុងក្រោយ ឈានដល់ការលាងតម្រងនោម។ លោកស្រីបានបន្ថែមថា ចំណុចពិសេសរបស់ មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ គឺយើងមានឧបករណ៍ស្តង់ដារអន្តរជាតិ សុទ្ធតែនាំចូលពីប្រទេសជប៉ុន និងមាន វេជ្ជបណ្ឌិតឯកទេសល្អៗ ទៅតាមជំនាញនីមួយៗ ដូចជាផ្នែកតម្រងនោម យើងមានអ្នកឯកទេសផ្នែកម្រងនោម។ ទោះបីយើងមានឧបករណ៍ទំនើបៗ មានស្តង់ដារខ្ពស់ និងសុទ្ធតែនាំចូលពីប្រទេសជប៉ុនក៏ដោយ ក៏មិនគ្រប់គ្រាន់ដែរ បើគ្មានវរជ្ជបណ្ឌិតមានឯកទេសចូលរួមជាមួយយើង មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍ មានទាំងឧបករណ៍ បរិក្ខារល្អ និងវេជ្ជបណ្ឌិត ដែលមានគុណភាពខ្ពស់ផងដែរ។ ជាមួយគ្នានោះ លោក ហ៊ុល រឿន ​អគ្គនាយករងទទួលបន្ទុកអភិវឌ្ឍពាណិជ្ជកម្ម និងរដ្ឋបាល នៃមន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ បានបញ្ជាក់ថាការតំឡើងម៉ាស៊ីនទំនើបៗ មកពីប្រទេសជប៉ុន ចំនួន៥គ្រឿងបន្ថែមទៀត ដែលជារបស់ក្រុមហ៊ុន JMS ក្នុងតម្លៃស្តង់ដារអន្តរជាតិ គឺដើម្បីព្យាបាលអ្នកជំងឺតម្រង់នោមធ្ងន់ធ្ងរ ដែលត្រូវការការលាងឈាមជាចាំបាច់។ លោក ហ៊ុល រឿន បានបន្តថា ម៉ាស៊ីនដ៏ទំនើបមួយនេះ គឺមានគុណភាពខ្ពស់ ក្នុងការលាងដកជាតិទឹក និងជាតិពុល ចេញពីតម្រងនោមរបស់អ្នកជំងឺដែលគាត់ខូចតម្រងនោម។ លោកស្រីវេជ្ជបណ្ឌិត ខេង កណ្ណិកា បានបន្ថែមថា ចាប់តាំងពីការបើកដំណើរការកាលពីឆ្នាំ២០១៥មក មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍ បានផ្តល់ជូននូវ សេវាកម្មល្អៗ ដែលមានស្តង់ដារអន្តរជាតិ ហើយមានតម្លៃសមរម្យ។ ក្នុងឱកាសបើកសម្ពោធអាគារថ្មីរបស់ មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍ គឺ មន្ទីរពេទ្យបានផ្តល់កញ្ចប់ពិនិត្យជំងឺទូទៅ ដោយឥតគិតថ្លៃ ចំនួន១០០កញ្ចប់ និងលាងឈាម ដោយឥតគិតថ្លៃចំនួន១០០កញ្ចប់។ លោកស្រីវេជ្ជបណ្ឌិត បានឲ្យដឹងថា សេវាកម្មលាងឈាម នៅមន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍ គឺមានតម្លៃសមរម្យ ហើយក៏មានការបញ្ចុះតម្លៃ ជូនអ្នកជំងឺ ដោយតម្លៃសម្រាប់អ្នកជំងឺដំបូង គឺចំណាយត្រឹមតែ៥០ដុល្លារ ចំណែកអ្នកជំងឺចាស់ គឺចំណាយ៨០ដុល្លារ និងនៅមានការចំណាយសេវាផ្សេងៗទៀត តែក្នុងតម្លៃសមរម្យ ដោយសារតែមានការជួយបន្ថែមពីជប៉ុន ។ លោក Makoto Tachibana តំណាងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារទំនើបៗពី ប្រទេសជប៉ុន (JMS) បានលើកឡើងថា គោលបំណងធំដែលក្រុមហ៊ុនជប៉ុននេះមកសហការជាមួយ មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ គឺដើម្បីលើកកម្ពស់ស្តង់ដាសុខភាពនៅប្រទេសកម្ពុជា និងដោយសារតម្រូវការទាក់ទងនឹងវិស័យសុខាភិបាល ទាក់ទងនឹងការលាងឈាម មានច្រើន និងជាតម្រូវការខ្ពស់នៅកម្ពុជា។ លោក Makoto Tachibana បានបន្តថា នេះជាលើកដំបូង សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារទំនើបៗពីប្រទេសជប៉ុន (JMS) ដែលបានសហការជាមួយ មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍ ក្នុងការជួយដល់ប្រជាពលរដ្ឋ និងបំពេញតម្រូវការលាងឈាម និងតម្រងនោមនៅកម្ពុជា តាមរយៈឧបករណ៍បរិក្ខារទំនើបៗរបស់ប្រទេសជប៉ុន។ បន្ថែមពីលើនេះ លោកស្រីវេជ្ជបណ្ឌិត ខេង កណ្ណិកា បានលើកឡើងថា មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ សូមស្វាគមន៍ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលចង់ពិនិត្យសុខភាព និងព្យាបាលជំងឺទូទៅ និងជំងឺតម្រងនោម ក៏ដូចជា បងប្អូនដែលមានជំងឺតម្រងនោមរុាំរ៉ៃធ្ងន់ធ្ងរ ឈានដល់ការលាងឈាម អាចអញ្ជើញមកមន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍។ មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍ រីករាយនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយជួយថែរក្សា និងព្យាបាលអ្នកជំងឺក្នុងតម្លៃសមរម្យ ហើយមន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍ ក៏នឹងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល និងបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនាពេលខាងមុនទៀត៕ ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/95164-2018-08-08-07-10-13.html ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ស្នាមជ្រួញ ត្រូវបានគេកត់សម្គាល់ឃើញជាញឹកញាប់នៅត្រង់កន្ទុយភ្នែក ថ្ងាស ពិសេសកណ្តាលចិញ្ចើម ជុំវិញបបូរមាត់ ផ្នែកក ប្រអប់ដៃ និងដើមដៃជាដើម។ តើស្នាមជ្រួញទាំងនោះ កើតមានដោយសារអ្វី? តើយើងអាចទប់ស្កាត់ការលេចឡើងនូវស្នាមទាំងនោះបានទេ? ចុះបើកើតហើយ តើអាចធ្វើការព្យាបាលឲ្យបាត់វិញបានទេ? និយមន័យ និងមូលហេតុបង្កភាពជ្រួញលើស្បែក ភាពជ្រីវជ្រួញ ត្រូវបានគេឲ្យនិយមន័យថាជាលទ្ធផលនៃភាពចាស់របស់ស្បែក ដែលជាទូទៅបណ្តាលមកពីការវិវឌ្ឍនៃវ័យរបស់មនុស្ស ការខ្វះជាតិទឹកនៅលើស្រទាប់ស្បែក ការប៉ះពាល់ជាមួយពន្លឺព្រះអាទិត្យ ការជក់បារី និងការពិសាគ្រឿងស្រវឹងជាដើម។ ក្រៅពីកត្តាដែលបានរៀបរាប់ខាងលើ កត្តាមួយចំនួនទៀត ក៏បានចូលរួមចំណែកក្នុងការជំរុញឲ្យស្បែកវិវឌ្ឍទៅរកភាពជ្រីវជ្រួញផងដែរ ដូចជា៖ •  ការសម្តែងសកម្មភាពទឹកមុខមួយចំនួន៖ សើច ឬញាក់មុខ ញាក់មាត់ដដែលៗច្រើនដង •  ការប៉ះពាល់ជាមួយកម្តៅថ្ងៃច្រើន •  ការប្រើប្រាស់ឡេ ឬម្សៅលាយ ដែលមានសារធាតុកាត់៖ បង្កឲ្យស្បែកបាត់បង់ជាតិទឹក និងធ្វើឲ្យស្បែកស្តើងងាយនឹងខូចពេលប៉ះពាល់ជាមួយកម្តៅថ្ងៃ។ សញ្ញាប្រាប់មុនពីការវិវឌ្ឍទៅរកភាពជ្រីវជ្រួញ មានកត្តាមួយចំនួន ដែលអាចបញ្ជាក់ប្រាប់មុនថាស្បែករបស់យើងកំពុងវិវឌ្ឍទៅរកភាពជ្រីវជ្រួញដូចជា៖ •  ជរាភាព •  បញ្ហាស្បែកស្ងួត •  ការបាត់បង់ភាពយឺតនៃស្បែកជាដើម។ វិធីសាស្ត្រព្យាបាលបញ្ហាស្បែកជ្រីវជ្រួញ បញ្ហាស្បែកជ្រីវជ្រួញអាចធ្វើការស្រោចស្រង់បានតាមរយៈវិធីសាស្ត្រមួយចំនួន ដូចជា៖ •  ប្រើប្រាស់ផលិតផលលាបលើស្បែកមួយចំនួនដូចជា ពពួក Topical Retinoids និងប្រភេទឡេផ្តល់សំណើម •  ការបញ្ចូលវីតាមីន •  ការអ៊ុតស្បែកមុខ •  ការភៀលស្បែកមុខ •  ការចាក់ Botox ឬបាញ់ឡាស៊ែរ។ ចំពោះអ្នកមានបញ្ហាស្បែកជ្រួញខ្លាំង គេអាចធ្វើការព្យាបាលដោយចាក់បំពេញស្បែកមុខ (Filler)។ វិធីសាស្រ្តការពារពីបញ្ហាជ្រីវជ្រួញ បើទោះបីជាស្បែករបស់យើងវិវឌ្ឍទៅរកភាពជ្រួញតាមវ័យរបស់យើងក៏ដោយ តែក៏មានវិធីសាស្ត្រការពារមួយចំនួន ដែលអាចជួយទប់ស្កាត់នូវល្បឿន នៃការកកើតស្នាមទាំងនេះផងដែរ។ វិធីសាស្ត្រទាំងនោះរួមមាន៖ •  ចៀសវាងការត្រូវកម្តៅថ្ងៃខ្លាំង •  ញុំាទឹកឲ្យបានច្រើន •  ញុំាអាហារសុខភាពឲ្យបានត្រឹមត្រូវ •  ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ •  ប្រើប្រាស់ឡេផ្តល់សំណើម និងឡេការពារកម្តៅថ្ងៃជាប្រចាំ •  គេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ ៧ ទៅ៨ម៉ោងក្នុងមួយថ្ងៃ •  ចៀសវាងការប្រើប្រាស់នូវផលិតផលដែលមានសារធាតុជាតិកាត់ស្បែក •  បញ្ឈប់ការជក់បារី និងគ្រឿងស្រវឹង។ គ្រប់យុវវ័យត្រូវចៀសវាងការប្រើប្រាស់ផលិតផលដែលកាត់ស្បែកដូចជា ម្សៅ ឬឡេលាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅថ្ងៃអនាគត។ ប្រសិនបើមានបញ្ហាស្បែកណាមួយ ចាំបាច់គួរទៅពិនិត្យ និងពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញសើស្បែក ឬគ្លីនិកដែលមានជំនាញឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ស័ក្ត សេដ្ឋសារក្ស ជំនាញសើស្បែក នៅ អេស វី គ្លីនិក & ឡាស៊ែរ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ការរកមើលនូវជំងឺខុសប្រក្រតីរបស់ទារកក្នុងផ្ទៃ គឺជាការស្វែងរកនូវភាពមិនធម្មតាទាំងរូបរាងកាយ និងបម្រែបម្រួលក្រូម៉ូសូមឬហ្សែនណាមួយដែលមិនត្រឹមត្រូវ ឬដែលអាចឲ្យទារកសម្រាលមកមានសុខភាពមិនល្អ។ ការធ្វើរោគវិនិច្ឆ័យនេះ រួមមានទាំងការពិនិត្យអេកូទារកក្នុងផ្ទៃ ពិសេសនៅត្រីមាសទី១ និងត្រីមាសទី២ ការពិនិត្យតេស្តឈាមទៅលើម្តាយ ទាក់ទងនឹង ជំងឺអាប់បញ្ញាកូនមួយចំនួនដែលកើតញឹកញាប់ (down syndrome screening: ដែលអាចធ្វើចន្លោះពីអាយុគភ៌ ១១សប្តាហ៍៥ថ្ងៃ ទៅ១៣សប្តាហ៍៥ថ្ងៃ ឬពី ១៤សប្តាហ៍ ទៅ១៧សប្តាហ៍) និង (Non-Invasive Prenatal Testing: ជាតេស្តឈាមដែលអាចសិក្សា ទៅលើហ្សែនរបស់ទារកក្នុងឈាមម្តាយ ដែលអាចធ្វើ ចាប់ពីអាយុគភ៌ ១០សប្តាហ៍ ទៅដល់ ២៥ សប្តាហ៍)។ តេស្តដែលបានរៀបរាប់ខាងលើនេះមិនមានការប៉ះពាល់ ដល់សុខភាពម្តាយ និងទារកទេ។ មានតេស្តមួយចំនួនទៀតដែលគេធ្វើសម្រាប់បញ្ជាក់នូវភាពខុសប្រក្រតីរបស់ទារកក្នុងផ្ទៃ បន្ទាប់ពីការធ្វើតេស្តខាងលើឃើញមានបញ្ហា។ ការបូមយកជាលិកាសុក ការបូមទឹកភ្លោះ ការបូមឈាមពីទងសុករបស់ទារកក្នុងផ្ទៃ អាចឲ្យយើងធ្វើការសិក្សាបានយ៉ាងច្បាស់ទាក់ទងនឹងភាពខុសប្រក្រតីនៃក្រូម៉ូសូម ហ្សែន ការឆ្លងមេរោគ និងភាពខុសប្រក្រតីនៃសារជាតិគីមីមួយចំនួន ដែលបញ្ចេញពីទារកក្នុងផ្ទៃ។ ដោយការធ្វើតេស្តទាំងនេះ តម្រូវឲ្យមានការចាក់ម្ជុលឆ្លងកាត់ស្បូន ស្រោមទឹកភ្លោះ សុក ឬទងសុក ដូចនេះ វានឹងអាចផ្តល់នូវផលវិបាកមួយចំនួន ដូចជាការបែកទឹកភ្លោះ ការឆ្លងរោគដល់ទារក និងអាចឈានដល់ការរលូតកូន។ គេសង្កេតឃើញ ការបាត់បង់កូនដោយការបូមទឹកភ្លោះ មានប្រហែល ៦ភាគរយ ហើយអត្រានេះនឹងកើនឡើងក្នុងករណីការបូមទឹកភ្លោះនៅអាយុគភ៌ក្រោម ១៥សប្តាហ៍។ អត្ថប្រយោជន៍ក្នុងការស្វែងរកនូវភាពខុសប្រក្រតីរបស់ទារកក្នុងផ្ទៃ គឺដើម្បីទទួលនូវការព្យាបាលឲ្យបានមុនពេលទារកកើត និងដើម្បីកាត់បន្ថយនូវផលវិបាក។ ក្នុងករណីជំងឺមួយចំនួនទៀត គឺដើម្បីត្រៀមលក្ខណៈពិសេសណាមួយក្នុងការទទួលទារកពេលកើត និងការចិញ្ចឹមបីបាច់ទារកឲ្យបានសមស្របទៅនឹងសុខភាព របស់ពួកគេ។ ករណីមួយចំនួនតូចដែលទារកប្រឈមមុខនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ មិនអាចព្យាបាលបានក្រោយពេលកើត នោះការពិភាក្សាក្នុងការបញ្ចប់គភ៌ អាចនឹងធ្វើឡើងរវាងក្រុមគ្រួសារ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព-រោគស្ត្រី និងជាប្រធានផ្នែកសម្ភព-រោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភពមាតា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ករណីមួយនៃការពងបែកមាត់ត្រូវបានលើកយកមកបកស្រាយរួចមកហើយកាលពីលេខមុន ដូច្នេះ សម្រាប់ខែនេះ អ្នកនឹងស្វែងយល់អំពីករណីប្រហាក់ប្រហែល មួយទៀត ដែលរួមជាមួយនឹងអាការៈឡើងកម្តៅផងដែរ។ តើដំបូន្មានអ្វីខ្លះនឹងត្រូវបានផ្តល់ជូនចំពោះករណីនេះ? សំណួរ៖ ខ្ញុំមានអាយុ ២៣ឆ្នាំ ភេទស្រី កម្ពស់ ១.៦២ម៉ែត្រ ទម្ងន់ ៤៥ គីឡូក្រាម ជានិស្សិត។ រាងកាយរបស់ខ្ញុំតែងមានកម្តៅស្ទេញៗជាប្រចាំ និងមានឡើងពងបែក ក្នុងមាត់ ទោះបីជាព្យាយាមបរិភោគទឹកច្រើនហើយក៏ដោយ។ តើអាការៈនេះប្រក្រតីឬទេ? តើខ្ញុំគួរធ្វើដូចម្តេចដើម្បីចៀសផុតពីអាការៈទាំងនេះ? ចម្លើយ៖ ជាទូទៅពាក្យថាកម្តៅស្ទេញៗដែលយើងនិយមនិយាយ មិនយកជាការបានទេ ប្រសិនមិនមានការប្រើប្រាស់ទែរម៉ូម៉ែត្រសម្រាប់ស្ទង់ឲ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ថា សីតុណ្ហភាពជាក់លាក់របស់ខ្លួនយើង អាចកំណត់បានដោយវាស់ជាមួយ នឹងទែម៉ូម៉ែត្រហើយបូកថែមកន្លះ តែវាក៏ប្រែប្រួល ទៅតាមស្ថានភាព នៅពេលវាស់ផ្ទាល់ផងដែរដូចជា ការវាស់នៅពេលព្រឹកព្រលឹម ឬទើបនឹងហាលថ្ងៃហើយ ឬក្រោយការលេងកីឡាជាដើម។ ដូចនេះ យកល្អ គួរវាស់កម្តៅក្រោយពី ការសម្រាកបន្តិចសិន។ កម្តៅដែលហៅថាក្តៅខ្លួនគឺចាប់ពី ៣៨.៣អង្សា ហើយកម្តៅធម្មតាគឺ ៣៧អង្សា ឬ៣៦.៥អង្សា ឬយ៉ាងទាប ៣៦អង្សា។ ទោះយ៉ាងណា ប្រសិនបើប្អូនពិតជាក្តៅខ្លួនមែន សំណួរបន្ទាប់គឺចង់សួរប្អូនថា តើប្អូនមានអាការៈញ័រទ្រូង បេះដូងដើរញាប់ ស្រកគីឡូ ឆាប់ខឹងឆេវឆាវឬទេ? ដែលទាំងនេះ អាចជាសញ្ញានៃការឡើងក្រពេញទីរ៉ូអ៊ីត ដែលបង្កើននូវការបញ្ចេញអ័រម៉ូនធ្វើឲ្យមានអារម្មណ៍ថាក្តៅភាយៗជាប្រចាំ។ ដូចនេះ ដើម្បីអាចសន្និដ្ឋានបានទាល់តែ គ្រូពេទ្យធ្វើការប្រមូលព័ត៌មានបន្ថែមទៀតពីប្អូន។ រីឯការពងបែកមាត់របស់ប្អូន ក៏អាចសាកល្បងបរិភោគទឹកឲ្យបានច្រើន ការធ្វើអនាម័យមាត់ធ្មេញ ខ្ពុរមាត់ក្រោយបរិភោគ ប្តូរច្រាស់ដុសធ្មេញ និងប្រើច្រាស់ដែលទន់ជាដើម ដោយប្អូនមិនបាច់បារម្ភពេកឡើយ ពីព្រោះវាអាចជាបញ្ហាធម្មតាដែលមនុស្សទូទៅ សុទ្ធតែអាចជួបប្រទះ។ រីឯដំបូន្មានចំពោះបញ្ហាក្តៅខ្លួនស្ទេញៗរបស់ប្អូន អាចផ្តល់ជូនបានលុះត្រាតែដឹងកម្តៅច្បាស់លាស់របស់ប្អូន ប៉ុន្តែ ការក្តៅខ្លួនពិតប្រាកដ គឺតែងតែមានបញ្ហានៅពីក្រោយមួយ ដែលគួរតែត្រូវបានពិនិត្យឲ្យបានច្បាស់លាស់ និងធ្វើការព្យាបាលទៅលើឫសគល់ នៃមូលហេតុនោះផ្ទាល់តែម្តង។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ ឯកទេសវេជ្ជសាស្រ្តទូទៅ និងជំងឺឆ្លង ព្រមទាំងជាប្រធានផ្នែកជំងឺទូទៅ និងជំងឺឆ្លង នៃមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ជាទូទៅ អ្នកម្តាយគ្រប់រូបត្រូវបានផ្តល់ដំបូន្មានឲ្យធ្វើការបំបៅដោះកូនយ៉ាងតិច ៦ខែក្រោយសម្រាល ប៉ុន្តែ ចំពោះអ្នកម្តាយមួយចំនួនបែរជាជួបប្រទះជាមួយនឹង បញ្ហាកង្វះទឹកដោះក្នុងអំឡុងពេលដ៏សំខាន់នេះ។ តើបញ្ហាវាបណ្តាលមកពីកត្តាអ្វីខ្លះ ហើយត្រូវដោះស្រាយបែបណា? សំណួរ៖ នាងខ្ញុំអាយុ ២៥ឆ្នាំ កម្ពស់ ១ម៉ែត្រ ៦៣ និងទម្ងន់ ៤៨ គីឡូក្រាម ជាបុគ្គលិកក្រុមហ៊ុនឯកជន។ នាងខ្ញុំទើបនឹងសម្រាលកូនបានប្រហែល៤ខែ និងមានបញ្ហាលំបាកមួយចំនួនក្នុងការបំបៅដោះកូន។ ខ្ញុំខ្លាចថាកូនបៅមិនឆ្អែត ដោយសារមិនសូវមានទឹកដោះចេញ។ ដោយឡែក កូនរបស់ខ្ញុំ មានការឡើងទម្ងន់ធម្មតា គ្រាន់តែគាត់បង្ហាញអាកប្បកិរិយាបៅមិនឆ្អែត ឬឃ្លានម្តងទៀតបន្ទាប់ពីបំបៅហើយ និងពេលខ្លះទឹកដោះលែងចេញ មុនពេលកូនរបស់ខ្ញុំបៅឆ្អែត។ តើខ្ញុំអាចបន្ថែមអាហារខាងក្រៅដល់កូនឬទេ ប្រសិនបើគាត់បៅមិនឆ្អែត? តើគួរធ្វើដូចម្តេចដើម្បីបង្កើនការបញ្ចេញទឹកដោះ? តើអ្វីខ្លះដែលខ្ញុំគួរធ្វើ និងចៀសវាងនៅអំឡុងពេលបំបៅដោះ? ចម្លើយ៖ ជាការពិត ការបំបៅកូនដោយទឹកដោះម្តាយ ជាវិធីសាស្រ្តដែលងាយស្រួល ផ្តល់នូវសុខភាពល្អ ហើយថែមទាំងមិនចាំបាច់ចំណាយប្រាក់ទៀតផង។ អ្នកដឹងទេ? ទាំងម្តាយ និងកូនសុទ្ធតែទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីវិធីសាស្រ្តមួយនេះ។ ចំពោះកូន ពួកគេនឹងទទួលបាននូវអង្គបដិបក្ខ (អង់ទីករ) និងសារធាតុចិញ្ចឹមដ៏ប្រសើរពីម្តាយ ជាពិសេសតាមរយៈការបំបៅដោះដំបូងនោះតែម្តង។ ទឹកដោះម្តាយអាចការពារកូនពីជំងឺផ្តាសាយគ្រុនក្តៅ និងជំងឺ ដែលបង្ករោគមួយចំនួនទៀត។ លើសពីនេះទៀត វាថែមទាំងជួយកាត់បន្ថយនូវអត្រាប្រឈមនៃបណ្តុំរោគសញ្ញាស្លាប់ភ្លាមៗ (SIDS) របស់កុមារទៀតផង។ ការសិក្សាមួយបានបញ្ជាក់ថា កុមារដែលបំបៅដោយទឹកដោះម្តាយទំនងជាអាចមាននូវជំងឺហឺត រាក ជំងឺបង្ករោគនៅត្រចៀក និងជំងឺធាត់ តិចជាងកុមារដែលមិនបានទទួលនូវការបំបៅដោយទឹកដោះម្តាយ។ ចំពោះម្តាយវិញ វិធីសាស្ត្រនេះបង្កឲ្យមានលក្ខណៈងាយស្រួល ហើយថែមទាំងជួយកាត់បន្ថយនូវ ជំងឺមហារីកស្បូន ជំងឺមហារីកដោះ និងជំងឺទឹកនោមផ្អែមប្រភេទ២ទៀតផង។ គុណប្រយោជន៍ដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតសម្រាប់អ្នកម្តាយជំនាន់ថ្មីគឺ ការសម្រករាង ដោយសារវាអាចដុតបំផ្លាញកាល់ឡូរីបានយ៉ាងច្រើន។ ប៉ុន្តែ ប្រសិនបើម្តាយមិនមានទឹកដោះគ្រប់គ្រាន់ទេនោះ យើងក៏មានវិធីសាស្ត្រជាច្រើន ដើម្បីជួយបង្កើនទឹកដោះ។ ខាងក្រោមនេះ ជាដំណើរនៃការផលិតទឹកដោះ៖ • ទឹកដោះត្រូវបានផលិតនៅពេលមានតម្រូវការ នេះមានន័យថានៅពេលទឹកដោះត្រូវបានបញ្ចេញអស់ មិនថាតាមរយៈការបំបៅកូន ឬការច្របាច់ចេញនោះទេ ទឹកដោះនឹងផលិតថ្មីទៀតដើម្បីបំពេញទឹកដោះចាស់ដែលបាត់បង់។ • នៅពេលសុដន់សម្បូរទឹកដោះហើយ ការផលិតទឹកដោះថ្មីក៏មិនសូវធ្វើឡើងដែរដោយហេតុថាវានឹងបញ្ជូនជាសញ្ញាទៅកាន់ទីតាំងផលិតទឹកដោះ ឲ្យធ្វើការផលិត យឺតៗ។ • ផ្ទុយមកវិញ ពេលសុដន់គ្មានទឹកដោះ ការផលិតនឹងធ្វើឡើងកាន់តែលឿនជាងធម្មតា។ នេះបានបញ្ជាក់ថា មានការបំបៅកាន់តែច្រើន នោះការផលិត ក៏មានកាន់តែច្រើនដែរ ដោយសារពេលសុដន់គ្មានទឹកដោះកាន់តែញឹកញាប់ ទឹកដោះកាន់តែច្រើននឹងត្រូវបានផលិត។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការផ្គត់ផ្គង់នេះអាចប្រព្រឹត្តទៅយ៉ាងមានប្រសិទ្ធភាពក៏អាស្រ័យនឹងរបៀបដែលកូនប៉ះនឹងសុដន់ម្តាយ ឥរិយាបថត្រឹមត្រូវពេលបំបៅ និងអាហារូបត្តម្ភ ផងដែរ។ ប្រសិនបើកូនអ្នកបឺតជញ្ជក់ទឹកដោះមិនបានត្រឹមត្រូវទេ ការភ្ញោចទៅលើការផលិតទឹកដោះមកវិញក៏មិនបានល្អដែរ។ វិធីសាស្រ្តមួយទៀត ដើម្បីជំរុញការផលិតទឹកដោះគឺបំបៅ រួចច្របាច់ចោលបន្ថែមទៀត។ ជួនកាល ក្រោយពេលអ្នកបំបៅកូនហើយ សុដន់របស់អ្នក មិនអាចឲ្យជាសញ្ញាពេញលេញមួយថាអស់ទឹកដោះទេ ដូច្នេះអ្នកអាចច្របាច់ទឹកដោះអ្នកចេញបន្ថែមទៀត បន្ទាប់ពីកូនអ្នកបៅរួចហើយ។ ការដែលធ្វើបែបនេះ អាចរំញោចឲ្យរាងកាយរបស់អ្នកឲ្យផលិត និងផ្គត់ផ្គង់ទឹកដោះបានច្រើនជាងមុន បើទោះបីការច្របាច់ចេញនេះបានតែមួយទៅពីរតំណក់ក៏ដោយ។ *    ម៉្យាង ការយកចិត្តទុកដាក់ថែរក្សាខ្លួនឯងក៏អាចជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកដោះ និងការផលិតទឹកដោះផងដែរ។ សូមព្យាយាមទទួលទាននូវ របបអាហារល្អៗ និងផឹកទឹកឲ្យបានច្រើន។  មិនតែប៉ុណ្ណោះ ត្រូវព្យាយាមរកពេលសម្រាកបន្ធូរបន្ថយអារម្មណ៍ និងយកចិត្តទុកដាក់លើខ្លួនឯងឲ្យបានច្រើន ដូចជាងូតទឹក គេងមួយស្របក់ អានសៀវភៅជាដើម។ វាអាចជារឿងមួយដែលពិបាកក្នុងការរកពេលវេលាមួយដើម្បីថែរក្សាខ្លួនឯង ប៉ុន្តែសូមចងចាំថា ថែរក្សាខ្លួនអ្នកគឺថែរក្សាកូនរបស់អ្នកផងដែរ។ *    ប្រសិនបើការព្រួយបារម្ភរបស់អ្នកចំពោះការមានទឹកដោះតិចពេកហួសពីអ្វីដែលត្រូវបានណែនាំខាងលើនោះអ្នកអាចទៅរកអ្នកឯកទេសខាងបំបៅដោះកូនគឺ វេជ្ជបណ្ឌិត Anna ដែលធ្វើការនៅ Women Baby’s Center។ អ្នកឯកទេសបំបៅកូនដោយទឹកដោះម្តាយអាចជាជំនួយការដ៏ប្រសើរបំផុត ដើម្បីកំណត់ពីហេតុផលដែលទំនងកើតមានឡើងចំពោះបញ្ហានេះ ព្រមទាំងអាចផ្តល់នូវការពិភាក្សាស្តីពីផែនការថែទាំខ្លួនឯង ធ្វើយ៉ាងណាបង្កើនបរិមាណ ទឹកដោះឲ្យបានច្រើន អតិបរមាផងដែរ។ ដរាបណាកូនរបស់អ្នកមានភាពសប្បាយរីករាយ សុខភាពល្អ និងកំពុងលូតលាស់ អ្នកមិនចាំបាច់ព្រួយបារម្ភ អំពីការផ្គត់ផ្គង់ទឹកដោះម្តាយទេ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តីនៃ Anna Woman and Baby’s Center ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ សមាគមគ្រូពេទ្យបេះដូងកម្ពុជាបានរៀបចំនូវមហាសន្និសីទប្រចាំឆ្នាំលើកទី៥របស់ខ្លួន ក្រោមប្រធានបទ «សិល្បៈនៃការព្យាបាលជំងឺបេះដូង និងសរសៃឈាមបេះដូង» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។  សន្និសីទរយៈពេល១ថ្ងៃពេញនេះ មានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈគ្រូពេទ្យជាតិកម្ពុជា និងជារដ្ឋលេខាធិការនៃក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឡា ម៉េងហួ អនុប្រធានក្រុមប្រឹក្សាភិបាលនៃគណៈគ្រូពេទ្យជាតិកម្ពុជា លោកសាស្រ្តាចារ្យ សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា លោកសាស្រ្តាចារ្យ Anwar SANTOSO ប្រធានសមាគមគ្រូពេទ្យបេះដូង ប្រចាំតំបន់អាស៊ាន ឯកឧត្តម លោកជំទាវ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិតដែលជាសមាជិកនៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា និងសហភាតរៈទាំងអស់ ព្រមទាំងមានការចូលរួមយ៉ាងច្រើនលើសការរំពឹងទុកពីសំណាក់បងប្អូនសិស្សានុសិស្សប្រមាណជាង ៣០០នាក់ផងដែរ។  នាឱកាសនេះ លោកសាស្ត្រាចារ្យ សុខ ជួរ បានមានប្រសាសន៍ថា «គោលបំណងនៃការបង្កើតឲ្យមានសន្និសីទនេះឡើងជារៀលរាល់ឆ្នាំ គឺដើម្បីប្រមូលផ្តុំ សហភាតរៈទាំងអស់​ ក្នុងការចែករំលែកនូវចំណេះដឹង ចំណេះធ្វើរវាងគ្នា និងគ្នា បង្កើននូវសមត្ថភាពក្រុមគ្រូពេទ្យបេះដូងកម្ពុជា ក៏ដូចជាក្រុមគ្រូពេទ្យបេះដូង ក្នុងតំបន់ ក្នុងន័យចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាឲ្យកាន់តែប្រសើរឡើង តាមរយៈការពង្រឹងសមត្ថភាពធនធានមនុស្សតែម្តង»។ គួរបញ្ជាក់ម្តងទៀតថា អង្គសន្និបាតនេះ បានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅពាក់ព័ទ្ធនឹងសិល្បៈនៃការព្យាបាលជំងឺបេះដូង និងសរសៃឈាម ដែលក្នុងនោះរួមមាន ជំងឺចំនួន ៤គឺ ជំងឺសរសៃឈាមបេះដូង ជំងឺប្រឹសបេះដូង ជំងឺស្ទះសរសៃឈាមផ្នែកខាងក្រៅ និងជំងឺបេះដូងពីកំណើត។ ក្នុងកម្មវិធីនេះផងដែរ ក៏មានការអញ្ជើញ ចូលរួមធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស ជាវេជ្ជបណ្ឌិតឯកទេសជាច្រើនរូប ព្រមទាំងបញ្ចប់ជាមួយនឹងចូលរួមនៅក្នុងវេទិកាសំណួរ-ចម្លើយ ពីអ្នកចូលរួមទាំងអស់ យ៉ាងសកម្ម និងប្រកបដោយលទ្ធផលយ៉ាងគួរឲ្យកត់សម្គាល់។   ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top