
- Nov 01, 2018 |
- 6 ឆ្នាំមុន |
- 3.7K មើល
Macular Hole ប៉ះពាល់គំហើញបែបណាខ្លះ?
និយមន័យជំងឺ Macular Hole Macular Hole គឺសំដៅលើប្រហោងប្រស្រីបាតភ្នែកនៅពីក្រោយកូនក្រមុំភ្នែក ជាទីតាំងសំខាន់ដែលសរសៃប្រសាទភ្នែកទទួលរូបភាព ពន្លឺ និងព័ត៌មានឲ្យភ្នែកអាចមើលឃើញ។ Macular Hole ត្រូវបានបែងចែកទៅតាមរូបរាង ដែលរួមមាន ២ធំៗខាងក្រោម៖ -Full Thickness Macular Hole៖ សំដៅទៅលើរន្ធប្រស្រីភ្នែកខូចទាំងស្រុងបង្កើតបានជាប្រហោង។ ពេលនោះគំហើញរបស់អ្នកជំងឺចាប់ផ្តើមធ្លាក់ចុះ ហើយមើលឃើញខ្មៅកណ្តាល ឬជួនកាល ឃើញដូចទឹករលកជាដើម។ -Partial-Thickness MacularHole៖ អ្នកជំងឺមិនទាន់មានការប៉ះពាល់ដល់គំហើញធ្ងន់ធ្ងរនោះទេ ដែលពួកគាត់អាចមើលឃើញច្បាស់នៅឡើយ ឬគំហើញអាចនឹងថយចុះប្រហាក់ប្រហែល ៥០ភាគរយ ឬក៏អាចឃើញរូបភាពវៀច។ មូលហេតុ និងកត្តាជំរុញ - ៨០ ភាគរយនៃ Macular Hole ទាក់ទងនឹងវ័យ ពិសេសចាប់ពី ៦០ ទៅ៧០ឆ្នាំ ដែលកើតលើស្រ្តី ច្រើនជាងបុរសពីរដង។ - អ្នកដែលមានជំងឺលើសរសៃឈាមបាតភ្នែកដូចជា អ្នកជំងឺលើសឈាម ទឹកនោមផ្អែម អ្នកជំងឺស្ទះសរសៃឈាមបាតភ្នែក ឬអ្នកជំងឺ AMD(ជំងឺខូចបាតភ្នែកម៉្យាងដោយសារវ័យចំណាស់)។ - ការប៉ះទង្គិចជាមួយវត្ថុទាលចំភ្នែក ដែលធ្វើឲ្យខូចរចនាសម្ព័ន្ធភ្នែកខាងក្នុង។ - អ្នកជំងឺដែលធ្លាប់បានព្យាបាលដោយកាំរស្មីឡាស៊ែរ (ករណីកម្រ)។ សញ្ញាសម្គាល់ អ្នកជំងឺ Macular Hole មិនបង្ហាញជាសញ្ញាឈឺចាប់អ្វីនោះទេ ភាគច្រើន គាត់រកឃើញចៃដន្យដោយខ្លួនឯងនូវអាការៈ ដូចជាស្រវាំងផ្សែងៗពិបាកក្នុងការមើលជិត និងឆ្ងាយ ឃើញរូបភាពឬអក្សរតូចជាងភ្នែកម្ខាងទៀត ហើយអាចមានស្រមោលខ្មៅនៅចំកណ្តាល ឬទឹករលក។ ពេលខ្លះអ្នកជំងឺអាចសង្កេតឃើញថា ភ្នែកចាញ់ពន្លឺខុសធម្មតាជាដើម។ យន្តការនៃ Macular Hole - ទ្រឹស្តីពីមុន៖ កំណត់ថា កាលណាដល់អាយុ៦០ឆ្នាំឡើង សរសៃប្រសាទនៅត្រង់ប្រស្រីបាតភ្នែកចាប់ផ្តើមបង្កើតឲ្យមានកូនប្រហោងតូចដុះ យូរទៅក៏ក្លាយទៅជា Macular Hole។ - ទ្រឹស្តីបច្ចុប្បន្ន៖ ធម្មតា នៅផ្នែកខាងលើរបស់ស្រទាប់រ៉េទីន (សរសៃប្រសាទបាតភ្នែក) មានសរីរាង្គមួយហៅថា Vitreous body ស្ថិតជាប់នឹងផ្ទៃខាងលើនៃស្រទាប់រ៉េទីន។ នៅពេលអាយុកាន់តែច្រើន Vitreous body ចាប់ផ្តើមផ្លាស់ប្តូររូបរាងទៅជាមិនស្អិតតោងជាប់ ដែលបណ្តាលឲ្យទាញប្រស្រីបាតភ្នែកខូចទ្រង់ទ្រាយ។ ការធ្វើរោគវិនិច្ឆ័យនៃ Macular Hole ករណីសង្ស័យ អ្នកជំងឺនឹងតម្រូវឲ្យពិនិត្យបាតភ្នែក(Fundoscopy) ហើយម៉្យាងវិញទៀត គ្រូពេទ្យអាចនឹងពិនិត្យដោយប្រើឧបករណ៍វិភាគឈ្មោះOptical Coherence Tomography(OCT)ដើម្បីដឹងពីទំហំនៃប្រហោង និងអាចសន្និដ្ឋានពីលទ្ធភាពក្នុងការព្យាបាល។ ការព្យាបាល និងការពារ អ្នកជំងឺ Macular Hole ត្រូវព្យាបាលដោយការវះកាត់បូមយក Vitreous body នេះចេញ បន្ទាប់មកចាក់ហ្គាសទៅភ្ជិតរន្ធនោះ ដែលអាចនឹងតម្រូវឲ្យអ្នកជំងឺគេងផ្កាប់មុខប្រហែល១០ថ្ងៃ។ ប្រសិនមិនបានទទួលការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវអាចប៉ះពាល់ដល់ទីតាំងគំហើញ នឹងអាចវិវឌ្ឍទៅជាគំហើញខ្សោយ ។ ដើម្បីការពារពី Macular Hole ចាំបាច់ត្រូវអញ្ជើញមកពិនិត្យភ្នែកជាប្រចាំ យ៉ាងហោចណាស់មួយឆ្នាំម្តងទោះបីគ្មានសញ្ញាអ្វីក៏ដោយ ជាពិសេសមនុស្សដែលមានវ័យចាប់ពី ៥០ឆ្នាំឡើង ឬក៏មានជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម មានប្រវត្តិប៉ះទង្គិចភ្នែក ឬអ្នកមានកម្រិតម៉្ញូបខ្ពស់ (ចាប់ពី ៥០០ ដឺក្រេឡើង) …… សម្រាប់វេជ្ជបណ្ឌិតទូទៅ ប្រសិនបើមានអ្នកជំងឺត្អូញប្រាប់ថា គាត់មើលឃើញស្រមោលតូចខ្មៅធ្វើចលនាក្នុង ឬផ្នែកកន្ទុយភ្នែក សូមមេត្តាណែនាំអ្នកជំងឺឲ្យមកជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែក ដើម្បីកំណត់រោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត សាលី ធារិទ្ធ ឯកទេសជាន់ខ្ពស់ជំងឺបាតភ្នែក និងជាប្រធានផ្នែកឯកទេសបាតភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក