Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មានអ្នកខ្លះមិនសូវជាភ័យខ្លាចនឹងភាពលំបាកក្នុងការសិក្សានោះទេ តែហាក់ដូចភ័យថានឹងត្រូវមុខចាស់ និងបាក់សម្រស់។ ប៉ុន្តែ មាននិស្សិតស្រីផ្នែកវេជ្ជសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តមួយរូបបានបញ្ជាក់ថា«ខ្ញុំយល់ស្របដែលថានិស្សិតច្រើនតែមុខចាស់ តែមិនទាំងអស់នោះទេ ហើយអ្វីដែលសំខាន់គឺ បើសិនជាចង់ស្អាតត្រូវតែឆ្លាត ហើយកុំខ្ជិល!!!»  ជាមួយនឹងបទពិសោធន៍ក្នុងការថែទាំនូវសម្ផស្សរបស់ខ្លួនឲ្យនៅស្រស់ស្អាត មិនថាមានកាលវិភាគមមាញឹកយ៉ាងណាក្នុងនាមជានិស្សិតពេទ្យមួយរូប កញ្ញា អ៊ិត ម៉ូលីកា ក៏បានបង្ហើប និងបង្ហាញពីគន្លឹះរបស់គាត់ដែលតែងតែធ្វើជាប្រចាំ និងមានប្រសិទ្ធភាព។ គួរបញ្ជាក់ផងដែរថា កញ្ញាសម្រេចចិត្តជ្រើសរើសការសិក្សាផ្នែកវេជ្ជសាស្រ្តនេះក៏ដោយសារទឹកចិត្តស្រលាញ់ និងឆន្ទៈដ៏មុតមាំតាំងតែពីក្មេងមក។ ម្យ៉ាងទៀត កម្លាំងជំរុញ និងគម្រូនៃភាពជាវេជ្ជបណ្ឌិតនៃលោកអ្នកមានគុណទាំងពីរ ក៏បណ្តុះចិត្តកញ្ញាឲ្យស្រលាញ់ ហើយក៏តែងតែមានចិត្តស្រលាញ់   និងចង់យកការងារជាមុខរបរអនាគត បើទោះបីជាត្រូវលះបង់ច្រើន ទាំងពេលវេលា ថវិកា ។ល។ ហេលស៍ថាម ៖ នរណាក៏ថា«និស្សិតពេទ្យភាគច្រើនមុខចាស់»តើបងយល់ឃើញបែបណាដែរ? ម៉ូលីកា ៖ ខ្ញុំយល់ស្រប  ហើយភាគច្រើនក៏បែបហ្នឹងមែន គ្រាន់តែមិនទាំងអស់នោះទេ។ ជាក់ស្តែង ការសិក្សាផ្នែកមួយនេះ គឺមានកត្តាច្រើនដែលជំរុញឲ្យនិស្សិតក្លាយទៅជាបែបហ្នឹង ក្នុងនោះ ប្រាកដណាស់គឺកាលវិភាគមមាញឹកខ្លាំង ពេលវេលារៀនក៏យូរ ត្រូវប្រើពេលច្រើន ជួនកាលពេលធ្វើការ និស្សិតពេទ្យធ្វើការ ហើយពេលគេគេង គាត់នៅតែធ្វើការ។ ជាទូទៅ ក៏ត្រូវគេងមិនគ្រប់គ្រាន់ ហើយចំណុចនេះហើយដែលជាសត្រូវនឹងសម្រស់របស់និស្សិតពេទ្យម្នាក់ៗ។ ហេលស៍ថាម ៖ រៀនពេទ្យរវល់យ៉ាងហ្នឹង រៀនក៏យូរ ហើយក៏ពិបាក ម្នាក់ៗហាក់ដូចជាមិនសូវមានពេលគ្រប់គ្រាន់សម្រាប់ថែទាំសម្រស់របស់ខ្លួនឡើយ តែម៉ូលីកាក៏អាចធ្វើបាន តើមានគន្លឹះអ្វីជាពិសេសដែរឬទេ? ម៉ូលីកា ៖ កត្តាចម្បងជាងគេនោះ គឺការបែងចែកពេលវេលារវាងការងារ និងទម្លាប់រស់នៅប្រចាំថ្ងៃ។ ជាក់ស្តែង សម្រាប់ខ្ញុំ ក្រោយពេលចុះកម្មសិក្សា ខ្ញុំតែងតែឆ្លៀតពេលហាត់ប្រាណឲ្យបានប្រហែលកន្លះម៉ោង។   សម្រាប់ថ្ងៃដែលមិនត្រូវវេនយាមវិញ (ព្រោះនិស្សិតពេទ្យមិនមែនយាមរាល់ថ្ងៃនោះទេ)  ខ្ញុំតែងតែចំណាយពេលកន្លះ ឬ១ម៉ោង ធ្វើកិច្ចការខ្លះដើម្បីខ្លួនឯង ដូចជាការបិទម៉ាស់ និងម៉ាស្សាមុខជាដើម។  សម្រាប់អ្នកមិនសូវមានពេលច្រើន និងមិនចង់ចំណាយថវិកាច្រើនទេនោះ វិធីតាមបែបធម្មជាតិពិតជាអាចជួយបាន ដោយប្រើប្រាស់គ្រឿងផ្សំពីធម្មជាតិ។ ការធ្វើបែបនេះ នឹងមិនចំណយពេលច្រើននោះទេ ដូចនេះហើយ ជាជាងការចុចទូរស័ព្ទលេង គួរតែចំណាយពេលខ្លះដើម្បីសម្រស់របស់ខ្លួន។  នរណាក៏រវល់ដែរ តែសំខាន់កុំឲ្យវាក្លាយជាលេស ហើយបើចង់ឆ្លៀត គឺប្រាកដជាបាន។ ពេលទំនេរពីម៉ោងរៀន ត្រូវមានពេលសម្រាប់់សម្រាក ទើបល្អប្រសើរសម្រាប់ទាំងសុខភាព និងសម្ផស្ស។ គន្លឹះមួយទៀត គឺមុនពេលចេញទៅក្រៅម្តងៗ  ខ្ញុំមិនដែលភ្លេច ឬខកខានលាបក្រែមការពារកម្តៅថ្ងៃនោះទេ ព្រោះវាអាចជួយការពារកាំរស្មីUV  ដែលអាចសត្រូវ និងប្រាកដណាស់ជាដើមហេតុនៃភាពបាក់សម្រស់ និងធ្វើឲ្យវាកាន់តែទ្រុឌទ្រោម។ ហេលស៍ថាម ៖ ជាញឹកញាប់ គឺនិស្សិតពេទ្យមិនសូវបានគេងគ្រប់គ្រាន់នោះទេ ភាគច្រើនក៏ត្រូវគិតច្រើន ធ្វើការងារច្រើន រៀនច្រើនដែរ តើគួរធ្វើបែបណាខ្លះ ទើបមិនប៉ះពាល់ដល់សម្រស់? ម៉ូលីកា ៖ វិធីមិនឲ្យប៉ះពាល់សោះ គឺមិនមាននោះទេ ព្រោះថាដូចដែលដឹងស្រាប់ហើយ គឺក្នុងនាមជានិស្សិតពេទ្យមួយរូប មិនមានពេលវេលាគ្រប់គ្រាន់នោះឡើយ។ ស្ទើរតែអាចនិយាយបានថា មិនមានវិធីដែលជួយឲ្យសម្រស់នៅអមតៈឡើយ។ ប៉ុន្តែយើងមានសិទ្ធិក្នុងការពន្យារភាពចាស់របស់យើង ដើម្បីចៀសវាងនូវពាក្យដែលគេហៅថា«មុខចាស់ជាងវ័យ» ដោយការឆ្លៀតឱកាស និងបែងចែកពេលវេលាច្បាស់លាស់ ដូចដែលបានជម្រាបជូនខាងលើ។ និយាយរួមទៅ សម្ផស្សគឺអាស្រ័យលើបុគ្គលម្នាក់ៗថាតើឆ្លាតប៉ុណ្ណា? ឧស្សាហ៍កម្រិតណា?  ហេលស៍ថាម ៖ តើចំណីអាហារ និងភេសជ្ជៈអ្វីខ្លះ ដែលនិស្សិតពេទ្យគួរទទួលទាន ដើម្បីមានថាមពលសម្រាប់កាលវិភាគមមាញឹក និងថែរក្សាសម្រស់កុំឲ្យទ្រុឌទ្រោម? ម៉ូលីកា ៖ តាមការពិតទៅ មិនមានអី្វពិសេសខ្លាំងនោះទេ ព្រោះថាគ្រប់អាហារសុទ្ធតែផ្តល់នូវថាមពលដល់រូបរាងកាយ។ យ៉ាងណាមិញ មានប្រភេទអាហារខ្លះដែលគួរតែចៀសវាង រួមមានអាហារដែលមានជាតិកូលេស្តរ៉ូលខ្ពស់ (អាហារបំពង-ចៀន) គ្រឿងស្រវឹង និងអាហារដែលមានជាតិផ្អែម ព្រោះនេះសុទ្ធតែបង្កផលប៉ះពាល់ដល់សុខភាព និងរាងកាយ ជាពិសេស គឺធ្វើឲ្យរាងមិនសូវស្អាត ហើយនាពេលអនាគក៏ប្រឈមនឹងបញ្ហាសុខភាពច្រើនដែរ។ ជាទូទៅ ប្រហែលជាមានអារម្មណ៍ថាចង់ញ៉ាំអ្វីដែលផ្អែម ជាពិសេសពេលហត់នឿយ តែគួរកុំទទួលទានញឹកញាប់ពេក។ ចំពោះប្រភេទអាហារដែលគួរបរិភោគវិញ គឺប្រាកដណាស់ បន្លែ។ ប្រហែលជាភាគច្រើនបារម្ភថាបន្លែមានជាតិគីមី ប៉ុន្តែក៏អាចជ្រើសរើសបន្លែសរីរាង្គមកទទួលទានបាន ដើម្បីធានាបាននូវសុវត្ថិភាពចំណីអាហារ។  រីឯសាច់វិញ ចំពោះខ្ញុំផ្ទាល់ ខ្ញុំញ៉ាំសាច់គោ សាច់មាន់ និងត្រី តែមិនសូវញ៉ាំសាច់ជ្រូក ព្រោះវាផ្តល់នូវប្រូតេអ៊ីនតិចជាងសោច់គោ ហើយក៏មានខ្លាញ់ច្រើនដែរ។   ចំណែកឯភេសជ្ជៈវិញ  គឺទឹកបរិសុទ្ធ (ទឹកសាប)ជាជម្រើសយ៉ាងល្អបំផុតហើយ។ ខ្ញុំគិតថា គួរតែញ៉ាំឲ្យបានយ៉ាងហោច២លីត្រទៅ២លីត្រកន្លះសម្រាប់មនុស្សស្រី ឬលើសពីហ្នឹង សម្រាប់មនុស្សប្រុស ព្រោះវាមានគុណតម្លៃច្រើនណាស់ចំពោះសុខភាព ដូចជាជួយឲ្យស្រកគីឡូ បណ្តុះកោសិកាថ្មីៗ បង្ការវីរុសផ្សេងៗជាដើម។ ហេលស៍ថាម ៖ ពេលដែលទំនេរពីកម្មវិធីសិក្សា និងកាតព្វកិច្ចជានិស្សិតពេទ្យ តើមានសកម្មភាពអ្វីខ្លះ (Lifestyle) ដែលនិស្សិតពេទ្យគួរធ្វើ ដើម្បីជួយដល់សុខភាព ជាពិសេសសម្រស់របស់ខ្លួន? ម៉ូលីកា ៖ «ហាត់ប្រាណ»  គឺពិតជាល្អខ្លាំងសម្រាប់សុខភាព និងរូបរាងកាយ។ សំខាន់ត្រូវមានការតាំងចិត្តឲ្យបានមុតមាំ ដែលជាការប្រសើរ និងកម្លាំងជំរុញទឹកចិត្ត គួរតែមានគោលដៅច្បាស់លាស់សម្រាប់ការហាត់ប្រាណរបស់ខ្លួន។ «ស្ទីមសូណា» ក៏ល្អ និងអាចធ្វើបានសម្រាប់ទាំងប្រុសស្រី ដោយហេតុថាការធ្វើបែបនេះ គឺមិនត្រឹមតែដើម្បីសម្រស់ស្រស់ស្អាតនោះទេ។ ប៉ុន្តែ វាក៏ជួយបណ្តេញជាតិពុលចេញពីក្នុងខ្លួនរបស់យើងបានផងដែរ។  ជាទូទៅ គឺបានធ្វើការហួសពីកម្លាំងរួចទៅហើយ ហេតុនេះហើយ ពេលទំនេរគួរតែមានពេលសម្រាក និងធ្វើអ្វីដើម្បីខ្លួនឯង ព្រោះថាខួរក្បាលបានធ្វើការច្រើនហើយ ខ្លួនប្រាណក៏ត្រូវតែសម្រាកដូចគ្នាដែរ។   ហេល៍ថាម ៖ ជាចុងក្រោយ តើបងមានសារអ្វីសម្រាប់ចែករំលែកបន្ថែមដល់អនាគតនិស្សិតពេទ្យដែលបារម្ភថារៀនពេទ្យនឹងត្រូវមុខចាស់ដែរឬទេ?  ម៉ូលីកា ៖ ប្រសិនបើចង់ស្អាត ត្រូវតែឆ្លាតវៃ ហើយដាច់ខាតកុំខ្ជិល។ អ្វីដែលសំខាន់ជាងគេ គឺសិល្បៈ និងភាពវៃឆ្លាតក្នុងការបែងចែកពេលវេលារបស់ខ្លួន(ដូចដែលបានលើកឡើងខាងលើ) ហើយរៀបចំគម្រោង និងផែនការច្បាស់លាស់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មានមនុស្សជាច្រើនសួរពួកគាត់ថា«រៀនពេទ្យចប់ ហេតុអ្វីមិនធ្វើពេទ្យ?បែរជាធ្វើគ្រូបង្រៀន ឬសាស្រ្តាចារ្យទៅវិញ?» ចម្លើយក៏មានច្រើនបែបច្រើនសណ្ឋានទៅតាមការយល់ឃើញរបស់ពួកគាត់ម្នាក់ៗដែរ។ ប្រាកដណាស់ថា ម្នាក់ៗសុទ្ធតែស្ញើចសរសើរនឹងទឹកចិត្ត និងការខិតខំប្រឹងប្រែងរបស់ពួកគាត់ក្នុងការបង្ហាត់បង្រៀននូវមុខវិជ្ជាផ្សេងៗទៅតាមជំនាញរបស់ពួកគាត់ ព្រោះថាត្រឹមជានិស្សិតពេទ្យមួយរូបដែលរៀនសូត្រពីពួកគាត់ ក៏បានដឹងរួចស្រាប់ហើយថាការរៀនហ្នឹងមិនងាយនោះទេ ចុះទម្រាំតែអ្នកបង្រៀនវិញនោះ? ដូចដែលយើងបានដឹងហើយថា ពន្យល់ និងបង្រៀនគេបាន ដរាបណាបុគ្គលម្នាក់នោះយល់ច្បាស់ និងធ្លាប់បានសិក្សាស្រាវជ្រាវ ក៏ដូចជាសិក្សាលើចំណុចទាំងនោះ… ថ្វីត្បិថា ខ្ញុំមិនធ្លាប់បានរៀនពេទ្យហ្នឹងគេមែន តែខ្ញុំឃើញលោកសាស្រ្តាចារ្យមួយរូបរបស់បងប្រុសខ្ញុំ ដែលពិតជានិមិត្តរូបមែន…គាត់មិនត្រឹមតែបំពេញកាតព្វកិច្ចជាសាស្រ្តាចារ្យមួយរូបនៅសាលាប៉ុណ្ណោះទេ តែគាត់បានដើរតួនាទីជាឱពុកទីពីរដែលតែងតែមើលថែទាំ និងយកចិត្តទុកដាក់លើការរៀនសូត្រ និងការងាររបស់សិស្សនិស្សិតគ្រប់រូប ដោយមិនត្រឹមតែជួយពង្រឹងនូវការយល់ដឹងឡើយ គឺជួយជំរុញលើកទឹកចិត្តនិស្សិតៗគ្រប់រូបក្នុងការបន្តដំណើរក្នុងការសិក្សាផ្នែកសុខាភិបាលនេះ។ ធ្លាប់លឺបងប្រុសនិយាយថា រៀនម៉ោងផ្សេង ត្រូវចំណាយពេលច្រើនក្នុងការស្វែងយល់បន្ថែម តែសម្រាប់ម៉ោងរបស់គាត់វិញ គឺហាក់ដូចជាប្លែកជាងគេបន្តិច។ ដោយហេតុថាវិធីសាស្រ្តបង្រៀន និងពន្យល់របស់គាត់ មានលក្ខណៈងាយយល់ និងមិនស្មុគស្មាញច្រើនឡើយ… អត្តចរិតម៉ត់ចត់ ម៉ឺងម៉ាត់ តែប្រកបដោយក្តីស្រលាញ់រាប់អាន និងឆន្ទៈក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល បានធ្វើឲ្យគាត់ក្លាយជាបុគ្គលមួយរូបដែលមិត្តរួមការងារ និងសិស្សនិស្សិតជាច្រើនគោរពស្រលាញ់… យ៉ាងណាមិញ លោកគ្រូ អ្នកគ្រូ និងសាស្រ្តាចារ្យគ្រប់រូបសុទ្ធតែបានរួមចំណែកក្នុងការបណ្តុះបណ្តាល និងត្រួសត្រាយផ្លូវសម្រាប់ការសិក្សារបស់សិស្សនិស្សិត គ្រាន់តែវិធីសាស្រ្ត និងបច្ចេកទេសមានលក្ខណៈខុសៗពីគ្នា តែអ្វីដែពួកគាត់មានដូចគ្នានោះ គឺទឹកចិត្តចង់ឲ្យកូនសិស្សរបស់ខ្លួនបានចេះបានដឹង បានរីកចម្រើន… ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តើមិត្តៗនិស្សិតគោរពស្រលាញ់ និងកោតសរសើរសាស្ត្រាចារ្យមួយរូបណាជាងគេដែរ? ហេតុអ្វី? ខាងក្រោមនេះជាវីដេអូដែលបានឃើញនៅហ្វេសប៊ុក ដែលគេបង្ហាញពីទឹកចិត្តដ៏មហិមារបស់សាស្រ្តាចារ្យនៅសាលាពេទ្យមួយរូប...This is kind of a Try Not To Cry Challenge, so brace urself...u may cut onion when seeing this... ប្រភព ៖ ហ្នឹងក៏ផុសដែរ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មានរឿងជាច្រើន បានលឺច្រើនដងយ៉ាងណា មិនស្មើនឹងបានជួបផ្ទាល់ ឬឆ្លងកាត់ម្តងឡើយ ជាក់ស្តែង ប្រាកដជាធ្លាប់បានលឺច្រើនដងហើយ ឃ្លាដែលគេនិយាយថា«រៀនពេទ្យ ពិបាក»  (ចង់ដឹងនិស្សិតពេទ្យយល់ឃើញយ៉ាងណាអំពីឃ្លានេះ អាចចូលទៅកាន់ ពេលសួរថា«រៀនពេទ្យពិបាក»មែនក៏អី? ទាំងនេះជាចម្លើយ…) តែកិច្ចការមួយលំបាក មិនមែនជាកិច្ចការដែលមិនអាចទៅរួចឡើយ។ ហើយចុះបើអាចទៅរួចបាននោះ តើមានវិធីសាស្រ្តអ្វីខ្លះទៅ? ក្រុមការងារក៏ធ្លាប់បានធ្វើការសាកសួរ និងជួបសម្ភាសន៍ជាមួយនឹងនិស្សិតពេទ្យមួយចំនួនអំពីបទពិសោធន៍នៃការសិក្សា ក៏ដូចជាចំណាប់អារម្មណ៍របស់ពួកគាត់ក្នុងនាមជានិស្សិតពេទ្យមួយរូប ហើយក្នុងនោះផងដែរ តាមរយៈចម្លើយជាច្រើនដែលបានទទួលក្នុងការឆ្លើយតបរបស់ពួកគាត់ ក្រុមការងារអ្នកនិពន្ធបានធ្វើការសង្កេតឃើញថា មានចំណុច៣ ដែលស្ទើរតែគ្រប់និស្សិតពេទ្យដែលបានផ្តល់បទសម្ភាសន៍បានលើកឡើង ពេលដែលឆ្លើយនឹងសំណួរ«តាមរយៈបទពិសោធន៍ក្នុងការសិក្សាកន្លងមកនេះ តើមានវិធីសាស្រ្តអ្វីខ្លះដែលនិស្សិតពេទ្យគួរប្រតិបត្តិ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា?» ដែលរួមមានដូចខាងក្រោម ៖ ស្វ័យសិក្សា  បន្ថែមពីលើកាលវិភាគសាលាដ៏សែនមមាញឹក រយៈពេល២៤ម៉ោង ដែលគ្រប់គ្នាមាន គួរតែត្រូវមានម៉ោងសម្រាប់ស្វ័យសិក្សាផងដែរ។ មិនថាជាការសិក្សាដោយរំលឹកមេរៀន ឬស្វែងយល់បបន្ថែមពីមេរៀនដែលបានមកពីសាលា ឬការស្រាវជ្រាវឯកសារថ្មីៗនោះទេ សុទ្ធតែមានអត្ថប្រយោជន៍សម្រាប់ការសិក្សារបស់អ្នក។ មិនមែនឆ្លៀតនោះទេ គឺត្រូវមានកាលវិភាគច្បាស់លាស់ ដើម្បីឲ្យប្រាកដចិត្តថា នឹងមិនរៀនលំៗនោះទេ… យ៉ាងណាមិញ ស្វ័យសិក្សាក៏អាចកើតមានក្នុងរូបភាពផ្សេងគ្នា ដោយអ្នកខ្លះក៏ចូលចិត្តអាន អ្នកខ្លះក៏ចូលចិត្តមើលវីដេអូ ហើយខ្លះទៀតក៏ចូលចិត្តប្រើប្រាស់បច្ចេកវិទ្យាទំនើប ឬទាក់ទងគ្នាតាមប្រព័ន្ធអ៊ិនធឺណែតជាដើម។ ដើម្បីសម្រួលដល់ស្វ័យសិក្សា តាមចំណង់ចំណូលចិត្តរបស់អ្នកនោះ យើងខ្ញុំក៏សូមណែនាំនូវអត្ថបទខាងក្រោមដែលសុទ្ធតែមធ្យោបាយនៃស្វ័យសិក្សាដែលអ្នកអាចជ្រើសរើសបាន… -App ទាំង៦ដែលនិស្សិតពេទ្យ និងគ្រូពេទ្យគួរតែមាន  -Medical YouTube Channel ពេញនិយមទាំង៧ ជួយដល់ការសិក្សារបស់និស្សិតពេទ្យ  -TED Talks ទាំង៦ សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល  -ស្ថិតក្នុងវិស័យសុខភាព អ្នកគួរតែស្គាល់ Websites ទាំងនេះ!  -ឯកសារដែលនិស្សិតពេទ្យគួរតែមាន(មិនគិតថ្លៃ)  ការសិក្សាជាក្រុម  ដូចដែលបានដឹងស្រាប់ហើយថា «គ្មាននរណាម្នាក់ ល្អឥតខ្ចោះ» នោះទេ ហើយយើងម្នាក់ៗសុទ្ធតែអាចបំពេញចន្លោះគ្នា ដើម្បីភាពពេញលេញទាំងអស់គ្នា។ ក្រៅពីត្រងត្រប់ស្តាប់ក្នុងថ្នាក់រៀន និងរៀនបន្ថែមដោយខ្លួនឯងហើយនោះ ការជួបពិភាក្សា និងសិក្សាជាក្រុមប្រាកដណាស់គឺជួយបន្ថែមនូវភាពខ្វះខាត ត្រង់ចំណុចណាដែលអ្នកមិនទាន់យល់ច្បាស់ ហើយអ្នកក៏អាចជាអ្នកពន្យល់បន្ថែមដល់មិត្តរួមថ្នាក់អំពីអ្វីដែលអ្នកយល់ដឹងផងដែរ។ ស្មារតីសិក្សាជាក្រុមនឹងមិនត្រឹមតែជួយពង្រឹងនូវការយល់ដឹងរបស់អ្នកនោះទេ វាក៏អាចនឹងជាគុណប្រយោជន៍សម្រាប់ក្រោយពេលបញ្ចប់ការសិក្សាផងដែរ ព្រោះចំណងមិត្តភាពជាបណ្តាញទំនាក់ទំនងដែលមិនងាយសាងនោះទេ ហេតុនេះហើយ ការចំណាយពេលនៅជាមួយគ្នា ចែករំលែកគ្នា និងជួយគ្នាទៅវិញទៅមកក្នុងពេលសិក្សា នឹងរឹតបន្តឹងចំណងទាំងនោះឲ្យកាន់តែរឹងមាំ ហើយដល់ពេលអនាគតក៏នៅតែអាចរាប់អាន និងជួយយកអាសារបន្តទៀត។  គួរប្រកាន់គោលជំហរ និងអនុវត្ត«វប្បធម៌នៃការចែករំលែក» ឲ្យបានខ្ជាប់ខ្ជួន ព្រោះថាការចែករំលែកជាការរៀនសូត្រ ការចែករំលែកជាបង្ហាញក្តីស្រលាញ់ ហើយការចែករំលែកជាការវិវឌ្ឍ។ យកចិត្តទុកដាក់ទាំងការរៀនទ្រឹស្តី និងការអនុវត្ត ប្រហែលជាមានអ្នកខ្លះមានការពិបាកក្នុងការធ្វើឲ្យមានតុល្យភាព តែត្រូវចាំក្នុងចិត្តជានិច្ចថា មួយផ្នែកណាក៏សុទ្ធតែសំខាន់ដូចគ្នា។ យ៉ាងណាមិញ វាជាការពិតដែលថាអ្នកខ្លះពូកែខាងទ្រឹស្តីជាង តែអ្នកខ្លះក៏ពូកែពេលចុះអនុវត្តជាក់ស្តែងជាង តែដូចដែលបានបញ្ជាក់ជូនរួចខាងលើដែរថា សុទ្ធតែមិនអាចខ្វះមួយណា។ អ្វីដែលសំខាន់ គឺប្រឹងប្រែងបន្ថែមនូវផ្នែកដែលគិតថាខ្លួនឯងមិនសូវជាធ្វើបានល្អ  មិនមែនដឹងថាមិនសូវពូកែ ហើយក៏បោះបង់ចោលដោយមិនព្រងើយកន្តើយនោះឡើយ។ ប្រសិនបើខ្លួនឯងជួយខ្លួនឯងមិនបាន ក៏តែងតែអាចសុំជំនួយជាការណែនាំ និងបង្ហាត់បង្រៀនពីមិត្តរួមថ្នាក់ សិស្សច្បង ក៏ដូចជាសាស្រ្តាចារ្យផងដែរ។  យ៉ាងណាមិញ គន្លឹះនៃការសិក្សាតាមឯកទេស និងមុខវិជ្ជានីមួយៗ អាចនឹងមានផ្សេងៗពីគ្នា ហើយគន្លឹះមួយដែលមានប្រសិទ្ធភាពចំពោះនិស្សិតម្នាក់ ក៏មិនប្រាកដថាមានប្រសិទ្ធភាពចំពោះនិស្សិតផ្សេងនោះដែរ។ ខាងលើនេះ គ្រាន់តែជាគន្លឹះជាទូទៅសម្រាប់ការសិក្សាផ្នែកសុខាភិបាលក្រោមការណែនាំពីសំណាក់និស្សិតពេទ្យដែលក្រុមការងារធ្លាប់បានធ្វើការសម្ភាសន៍ ប្រសិនបើមានអ្វីចង់ចែករំលែកបន្ថែម សូមចុច ត្រង់នេះ   ឬ commentខាងក្រោមនេះបាន… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើសិស្សនិសិ្សតទាំងអស់គ្នាធ្លាប់មានគំនិតអាជីវកម្មដែលនឹងអាចនាំអ្នកទៅរកភាពជោគជ័យដែរឬទេ? តើអ្នកចង់ក្លាយជាម្ចាស់តំណែង «សហគ្រិនវ័យក្មេង» ដែរឬទេ? International Business Club ក្រោមការអនុញ្ញាតពី CamEd Business School នឹងរៀបចំកម្មវិធីប្រកួតប្រជែងគម្រោងផែនការអាជីវកម្ម ដែលមានឈ្មោះថា BizPlannovation Challenge ។ BizPlannovation Challenge គឺជាកម្មវិធីប្រកួតប្រជែងគម្រោងផែនអាជីវកម្មដែលផ្តោតសំខាន់ទៅលើការលើកស្ទួយឲ្យមានការកើនឡើងនូវវត្តមានរបស់សហគ្រិនវ័យក្មេងនៅក្នុងវិស័យធុរកិច្ច ផ្តល់ឱកាសដល់និសិត្សក្រេបយកចំណេះដឹងក្នុងដំណើរការនៃការបង្កើតអាជីវកម្ម និងលើកកម្ពស់ឲ្យមានគំនិតអាជីវកម្មដែលប្រកបទៅដោយភាពច្នៃប្រឌិតថែមទាំងប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវលើសង្គម។ មិនតែប៉ុណ្ណោះ កម្មវិធីប្រកួតប្រជែង BizPlannovation Challenge នេះក៏មានគោលបំណងចង់ឲ្យបេក្ខជនដែលចូលរួម ជាពិសេសសិស្សានុសិស្សទាំងឡាយទទួលបាននូវឱកាសទាញយកចំណេះដឹងផ្នែកអាជីវកម្មដែលកំពុងរីកដុះដាលនាពេលបច្ចុប្បន្នផងដែរ។ បេក្ខជនដែលចូលរួមប្រកួតនឹងឆ្លងកាត់បទពិសោធន៍សំខាន់ដូចជា ការសហប្រត្តិការការងាររៀនចំគម្រោងជាក្រុម អាចដោះស្រាយ និងជម្នះរាល់ឧបសគ្គដែលអាចនឹងកើតមានពេលកំពុងប្រកួត ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺ បេក្ខជនអាចនឹងទទួលបានចំណាប់អារម្មណ៍ធ្វើការវិនិយោគទៅលើគម្រោងផែនការអាជីវកម្មរបស់អ្នកពីសំណាក់វិនិយោគិនដែលមានវត្តមានចូលរួមនាថ្ងៃប្រកួតប្រជែង។ BizPlannovation Challenge បើកជូននិសិត្សគ្រប់រូបពីគ្រប់ទិសទីមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ២៥ឆ្នាំ ចូលរួមប្រកួតជាក្រុមមានសមាជិកចាប់ពី២ទៅ៤នាក់ ចាប់ផ្តើមទទួលពាក្យពីថ្ងៃទី០៦ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា២០១៧។  ប្រសិនបើសិស្សានុសិស្សទាំងអស់គ្នាចង់ចូលរួមប្រកួត អាចចូលទៅកាន់ទំព័រហ្វេសប៊ុក International Business Club ឬទំនាក់ទំនងមកទូរស័ព្ទលេខ ០១២ ២៦៦ ០៨៨ និង ០៩២ ២១១ ៥៦៧ ៕ លក្ខខណ្ឌក្នុងការចូលរួម ៖ https://issuu.com/bizplannovation2017/docs/booklet__updated_ ពាក្យដាក់ស្នើ ៖ https://goo.gl/forms/UJBuR6ORdkusvrEX2  ចូលរួមប្រកួតទាំងអស់គ្នា ដើម្បីក្លាយជាសហគ្រិនវ័យក្មេងសម័យ២០១៧! ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តាមការពិតទៅ ការសិក្សាមុខវិជ្ជា ឬជំនាញអ្វីក៏មានលក្ខណៈពិសេស និងមោទនភាពដែរ ឲ្យតែសិស្សនិស្សិត មើលឃើញ និងមានទឹកចិត្តស្រលាញ់លើមុខវិជ្ជារបស់ខ្លួន។ ជាក់ស្តែង ក្នុងការសិក្សាផ្នែកសុខាភិបាល ក៏មានជំនាញជាច្រើនផងដែរ ក្នុងនោះទន្តសាស្រ្តក៏ជាបាន និងកំពុងជាជំនាញមួយដែលទទួលបានការចាប់អារម្មណ៍ច្រើនផងដែរ។  យើងខ្ញុំក៏សូមណែនាំមិត្តអ្នកអានឲ្យបានស្គាល់និសិ្សតទន្តសាស្រ្តជំនាន់ទី២៧មួយរូប(ដែលបានបញ្ចប់ការសិក្សានៅចុងឆ្នាំ២០១៧នេះ) និងជាអនុប្រធាននៃសមាគមនិសិ្សតទន្តសាស្រ្តកម្ពុជាផងនោះ គឺ យុវនិស្សិត វុឌ្ឍ សិរីកុសក្តិរក្ស។ គាត់ក៏បានបញ្ជាក់ផងដែរថា «ខ្ញុំបានជ្រើសរើសមុខវិជ្ជានេះ ដោយទឹកចិត្តស្រលាញ់ខ្លួនឯងផ្ទាល់ រួមទាំងក្តីស្រឡាញ់ក្នុងការការពារ និងព្យាបាលជូនប្រជាពលរដ្ឋនូវបញ្ហាមាត់ធ្មេញ»។ ជាទូទៅ ជំនាញនីមួយៗតែងតែមានភាពលំបាកខុសៗគ្នា តែចំពោះវិស័យទន្តសាស្រ្តមានភាពខុសគ្នាពីមុខវិជ្ជាជំនាញមួយចំនួន រួមមានដូចជា ៖ -រយៈពេលនៃការសិក្សាយូរ ៧ឆ្នាំ  -ការចំណាយថវិកាក៏ច្រើន ដោយហេតុថាតម្លៃសិក្សាខ្ពស់ -តម្រូវឲ្យនិស្សិតធ្វើការសិក្សាស្រាវជ្រាវជាប់ជានិច្ច។   សម្រាប់គាត់ផ្ទាល់ ការសិក្សាផ្នែកទន្តសាស្រ្តមានភាពលំបាកច្រើន ដោយសារតែមានមុខវិជ្ជាច្រើនត្រូវរៀន ធ្វើឲ្យរយៈពេលសិក្សាច្រើន (៨ម៉ោង ក្នុងមួយថ្ងៃ)។ ម្យ៉ាងទៀត មេរៀនក៏មានលក្ខណៈស្មុគស្មាញច្រើន តម្រូវឲ្យមានការយកចិត្តទុកដាក់ និងធ្វើការសិក្សាស្រាវជ្រាវបន្ថែម ក៏ប៉ុន្តែទោះជាលំបាកយ៉ាងណាដោយ ក្តីស្រលាញ់ និងការមិនបោះបង់ក្តីស្រមៃបានជំរុញការសិក្សារបស់ខ្ញុំទៅមុខយ៉ាងប្រសើរ។  យ៉ាងណាមិញ ជំនាញទន្តសាស្រ្តមានលក្ខណៈពិសេសដែលតម្រូវឲ្យនិសិ្សតធ្វើការអនុវត្តបច្ចេកទេសនៃការព្យាបាលនៅលើModel បន្ទាប់ពីសិក្សានូវមេរៀនរួច ដែលធ្វើឲ្យនិស្សិតមានភាពស្រលាញ់ និងយល់កាន់តែច្បាស់នូវអ្វីដែលជាមុខជំនាញរបស់ខ្លួនទៅថ្ងៃអនាគតផងដែរ។ ដើម្បីឲ្យការសិក្សា និងការងារនាពេលអនាគតទទួលបានជោគជ័យ ក្រៅពីសិក្សានៅសាលា និស្សិតទន្តសាស្រ្ត គួរចូលរួមការងារស្ម័គ្រចិត្ត ចុះជួយព្យាបាល និងពិនិត្យជំងឺ ដោយមានទន្តបណ្ឌិតជាអ្នកពិនិត្យមើល និងណែនាំ ដែលរួមមានទាំងសមាគមក្នុងរដ្ឋាភិបាល និងសមាគមបរទេស ព្រោះថា ការចូលរួមការងារស្ម័គ្រចិត្តនេះ ធ្វើឲ្យនិសិ្សតមានឱកាសពិគ្រោះយោបល់ និងបានឃើញនូវការព្យាបាលពិតៗជាមួយទន្តពេទ្យជំនាញ ដែលធ្វើឲ្យកាន់តែយល់ច្បាស់នូវអ្វីដែលខ្លួនបានរៀន។ ទន្ទឹមនឹងគ្នានេះដែរ បន្ថែមពីលើជំនាញឯកទេសដែលបានទទួលពីសាលា និស្សិតទន្តសាស្រ្តគួរមានជំនាញទន់ (soft skills) រួមមានដូចជា ជំនាញក្នុងការប្រាស្រ័យទាក់ទង ការប្រើប្រាស់ពាក្យសម្តីជាមួយអ្នកជំងឺ ជំនាញគ្រប់គ្រង និងជំនាញផ្សេងៗទៀត ដើម្បីប្រកបវិជ្ជាជីវៈឲ្យកាន់តែមានសក្តានុភាព។ សម្រាប់វិស័យសុខាភិបាល ក្នុងនាមជានិស្សិតទន្តសាស្រ្តមួយរូប គឺនឹងអាចក្លាយជាចំណែកអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាដ៏ធំ ដោយពួកយើងតែងតែធ្វើការពន្យល់ពីសុខភាពមាត់ធ្មេញដល់ប្រជាពលរដ្ឋ ដែលនឹងជំរុញលើកកម្ពស់សុខភាពមាត់ធ្មេញប្រជាជនយើងឲ្យកាន់តែខ្ពស់ ដោយហេតុថាសព្វថ្ងៃការយល់ដឹងពីបញ្ហាជំងឺមាត់ធ្មេញរបស់ប្រជាជនយើងហាក់ដូចជានៅមានកម្រិតនៅឡើយ។ មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីបញ្ចប់ការសិក្សា ការចូលរួមចំណែកក្នុងការព្យាបាលនៅតំបន់ដាច់ស្រយាល ក៏នឹងអាចកាត់បន្ថយការឈឺចាប់នៃជំងឺមាត់ធ្មេញរបស់ប្រជាជនយើងបានមួយកម្រិតទៀតផងដែរ។ ចំណែកឯពាក្យដែលគេតែងតែនិយាយថា «រៀនពេទ្យមិនស្រួល»នោះ ពិតជាត្រឹមត្រូវ ព្រោះការរៀនពេទ្យត្រូវការ ឧត្តមគតិ ការប្តេជ្ញាចិត្ត ការតាំងចិត្តខ្ពស់ រួមទាំងស្រលាញ់ការព្យាបាល និងការពារជំងឺជូនប្រជាជន ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនជាធំ។ ដូចដែលបានបញ្ជាក់ខាងលើដែរ រយៈពេលសិក្សា និងថវិកាត្រូវចំណាយក៏ជាផ្នែកមួយដែលធ្វើឲ្យការសិក្សាជំនាញនេះពិតជាមិនស្រួល។ ប៉ុន្តែបើចង់ចេះឲ្យច្បាស់ គ្មានមុខវិជ្ជាណាដែលស្រួលរៀននោះទទេ ដូចនេះ ក្តីស្រលាញ់ និងការខិតខំ ព្រមទាំងកត្តាជាច្រើនទៀតដើរតួរយ៉ាងសំខាន់ក្នុងការនាំទៅរកជោគជ័យក្នុងការសិក្សា។ សម្រាប់សិស្សដែលទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ ហើយមានក្តីស្រលាញ់ ក៏ដូចជាបំណងសិក្សានូវជំនាញទន្តសាស្រ្ត សូមធ្វើការសិក្សាស្វែងយល់ឲ្យច្បាស់ពីមុខវិជ្ជានេះ ព្រមទាំងស្គាល់សាកលវិទ្យាល័យដែលខ្លួនចង់សិក្សាជាមុនសិន មុននឹងសម្រេចចិត្តចូលរៀន។ ចំពោះនិស្សិតទន្តសាស្រ្តវិញ សូមផ្តោតទៅលើការសិក្សា ការស្រាវជ្រាវថ្មីៗ និងការអានសៀវភៅឲ្យបានច្រើន រួមទាំងយកចិត្តទុកដាក់ក្នុងការអនុវត្តប្រកបដោយការតាំងចិត្ត ស្មារតីមិនបោះបង់ និងក្តីស្រលាញ់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ភ្នំពេញ, ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៧ - ដោយមានភ្ញៀវទេសចរជាង ១.៥ លាននាក់មកទស្សនាប្រទេសកម្ពុជាក្នុងត្រីមាសទី១ នៃឆ្នាំ២០១៧នេះ បើធៀបទៅនឹងចំនួន ១.៣ លាននាក់ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០១៦ វិស័យទេសចរណ៍នៅកម្ពុជាបន្តមានកំណើនលឿនគួរឱ្យកត់សម្គាល់ និងប្រកបដោយនិរន្តរភាព។ ដូចដែលបានបង្ហាញឱ្យឃើញដោយរបាយការណ៍អាជីពការងារដែលបានចេញផ្សាយដោយ everjobs.com.kh នាពេលថ្មីៗនេះ អាជីពដែលរីកលូតលាស់លឿនបំផុតនៅក្នុងប្រទេសដែលជា វិស័យទេសចរណ៍នោះមិនត្រឹមតែរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជានោះទេ តែវាក៏ជាឧស្សាហកម្មឈានមុខគេមួយនៅក្នុងប្រទេសផងដែរនៅពេលដែលយើងនឹងគិតទៅដល់ឱកាសការងារនាពេលខាងមុខនោះ។  Divotsna Jangir ដែលជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ទីផ្សារនៅ everjobs.com.kh បានមានប្រសាសន៍ថា "ទន្ទឹមជាមួយនឹងវិស័យវាយនភ័ណ្ឌ វិស័យទេសចរណ៍គឺជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាចាប់តាំងពីចុងទសវត្សឆ្នាំ១៩៩០ និងដើមឆ្នាំ២០០០។ មិនតែប៉ុណ្ណោះ វិស័យនេះក៏កំពុងបង្កើតឱ្យមានតម្រូវការខ្ពស់នៃបុគ្គលដែលមានទេពកោសល្យក្នុងស្រុកដើម្បីបំពេញតម្រូវការក្នុងវិស័យបដិសណ្ឋារកិច្ចរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។"  យោងទៅតាមទិន្នន័យចុងក្រោយបំផុតដែលបានចេញផ្សាយដោយវេទិកាការងារ អាជីពសណ្ឋាគារ និងកន្លែងស្នាក់នៅបានក្លាយជាឧស្សាហកម្មមួយក្នុងចំណោមវិស័យឧស្សាហកម្មកំពូលក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសកម្ពុជាដែលមានឱកាសការងារជាង ៥ ៤០០កន្លែង ត្រូវបានបង្ហោះនៅលើវែបសាយការងារចាប់តាំងពីខែមករាឆ្នាំ២០១៥ ។ មិនត្រឹមតែស្ថិតក្នុងលំដាប់កំពូលនៃបញ្ជីនៅក្នុងការជ្រើសរើសបុគ្គលិក ប៉ុន្តែវាក៏ជាផ្នែកមួយនៃវិស័យដ៏ពេញនិយមបំផុតក្នុងចំណោមអ្នកស្វែងរកការងារធ្វើផងដែរ ដោយមានជាង១៧ ០០០ ពាក្យស្នើរសុំការងារដែលបានដាក់ស្នើរក្នុងអំឡុងពេលជាមួយគ្នានេះ។  Divotsna បានបន្ថែមថា "ទិន្នន័យដែលប្រមូលបានបង្ហាញឱ្យយើងថាមានមុខតំណែងមួយចំនួន ដូចជាអ្នកទទួលភ្ញៀវ និងអ្នកទទួលខុសត្រូវភ្ញៀវដែលមានតម្រូវការកាន់តែច្រើនពីនិយោជកក្នុងវិស័យបដិសណ្ឋារកិច្ច។ ជាង ២ ០០០ និង ១ ០០០ ពាក្យស្នើរសុំការងារត្រូវបានដាក់ស្នើតាមរយៈវែបសាយរបស់យើងចំពោះប្រភេទការងារទាំងពីរខាងលើចាប់តាំងពីដើមឆ្នាំ២០១៥កន្លងមក។"  នៅទូទាំងព្រះរាជាណាចក្រកម្ពុជា វាជាធម្មតាដែលឱកាសការងារនៅក្នុងវិស័យសណ្ឋាគារ និងកន្លែងស្នាក់នៅភាគច្រើនស្ថិតគឺនៅតាមទីក្រុងដែលអាចទាក់ទាញភ្ញៀវទេសចរបានដូចជា ទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប។ យោងទៅតាមក្រុមហ៊ុនអង្គរ ដែលជាអ្នកទទួលខុសត្រូវលើប្រាក់ចំណូលពីប្រាសាទ អ្នកទេសចរអន្តរជាតិជាង ១២.៩២% បានមកទស្សនាប្រាសាទអង្គរវត្តក្នុងកំឡុងពេល៦ខែដំបូងនៃឆ្នាំ២០១៧នេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។ ដោយសង្កេតឃើញការកើនឡើងនៃចំនួនភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាប យើងអាចរំពឹងថាទីក្រុងដែលស្ថិតក្នុងលំដាប់ទី២ក្នុងការផ្ដល់ឱកាសការងារច្រើនតាមរយៈរបាយការណ៍នេះនឹងនៅតែជាផ្នែកមួយក្នុងការបង្កើត និងផ្ដល់ឱកាសការងារសំខាន់ៗដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសយើង។ អំពី Everjobs Cambodia everjobs.com.kh គេហទំព័រអ៊ិនធឺណេតសម្រាប់ស្វែងរកការងារធ្វើដែលឈានមុខគេបំផុតនៅកម្ពុជា ដែលត្រូវបានដំណើរការ កាលពីខែ មិថុនា ឆ្នាំ ២០១២ នៅប្រទេស មីយ៉ាន់ម៉ា។ គេហទំព័រនេះត្រូវបានពង្រីកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយត្រូវបានដំនើរការនៅប្រទេសកម្ពុជា នាខែមីនាឆ្នាំ ២០១៥។ Everjobs Cambodia ទទួលបានភាពជោគជ័យជាមួយនឹងអ្នកបើកមើលក្នុងមួយថ្ងៃ ចំនួន៦៥០០នាក់, ជាមួយស្តុកផ្ទុកទិន្នន័យដែលមាន ៣០,០០០ ពាក្យស្នើរសុំការងារ និង ៣,៥០០កន្លែងនៃឱកាសការងារ។ គេហទំព័រនេះបានផ្ដល់នូវឱកាសការងារជាងរាប់ពាន់នៅក្នុងប្រទេសកម្ពុជា ហើយព្រមទាំងបានជួយផ្គត់ផ្គង់ដល់អ្នកស្វែងរកការងារ ជាមួយនឹងចំណេះដឹងនិងបទពិសោធន៍របស់ពួកគេ។ អំពី Everjobs everjobs ជាគេហទំព័រអ៊ិនធើណេតសម្រាប់ស្វែងរកការងារដែលសព្វថ្ងៃ បានដំនើរការនៅក្នុង ប្រទេសកម្ពុជា ប្រទេសបង់ក្លាដេស ប្រទេសស្រីលង្កា និងប្រទេសមីយ៉ានម៉ា។ គ្រប់គ្រង និងដឹកនាំដោយនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីលោក Gijs Verheijke, everjobs មានបំណងក្លាយជាគេហទំព័រអ៊ិនធើណេតសម្រាប់ស្វែងរកការងារដែលឈានមុខគេ និងស្វែងរកការផ្គូរផ្គងដ៏សក្ដិសមបំផុតសម្រាប់និយោជក និងនិយោជិក។ ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយក្រុមអ៊ីនធើណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) ។ អំពី APACIG ក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (www.apacig.com) គឺជាក្រុមហ៊ុនដែលបានទទួលការបណ្តាក់ទុនពី ក្រុមហ៊ុនអ៊ីនធើណេត Rocket Ooredoo។ បណ្តាញរបស់ក្រុមនេះមាន ជាង១៣ e-commerce រូមទាំងក្រុមហ៊ុនលើទីផ្សារអ៊ីនធើណេតផ្សេងទៀត  វាបានកំពុងតែប្រតិបត្ដិការនៅក្នុងប្រទេសចំនូន ១៥។ ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2014 ក្រុមអ៊ីនធើណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) បានក្លាយជាគេហទំព័រលើបណ្តាញអ៊ីនធើណេតដែលនាំមុខគេនៅក្នុងតំបន់អាស៊ី ហើយក៏បានក្លាយជាក្រុមហ៊ុនអ៊ីនធើណេតដ៏កំពូលនៅក្នុងតំបន់ផងដែរ។ ទំនាកទំនង៖ Helene Banet (Marketing & PR Manager) ទូរស័ព្ទលេខ៖ +៨៥៥ ៧០ ៣៧៣ ៤៩៥ អ៊ីម៉ែល៖ helene.banet@everjobs.com.kh

ចែករំលែក

នរណាៗក៏និយាយឃ្លាហ្នឹងដែរ!!!​ តែសំខាន់បានលឺ១លានដងមិនស្មើនឹងបានឆ្លងកាត់១ដងនោះឡើយ។ ពាក្យសម្តីខ្លះក៏គ្រាន់តែជាពាក្យចចាមអារ៉ាមដែលមនុស្សនិយាយតៗគ្នាពីម្នាក់ទៅម្នាក់ ហើយក៏បានក្លាយជាផ្នត់គំនិតមួយដែលមិនប្រាកដថាត្រឹមត្រូវទាំងស្រុងនោះឡើយ។ ហេតុនេះហើយ ទើបក្រុមការងារបានចោទជាសំណួរនេះទៅកាន់និស្សិតផ្នែកសុខាភិបាលដែលបានផ្តល់បទសម្ភាសន៍កន្លងមក ដើម្បីបានស្តាប់ពីអារម្មណ៍ និងការយល់ឃើញពីអ្នកដែលបាន ឬកំពុងឆ្លងកាត់ផ្ទាល់តែម្តង... ចង់ដឹងថាវាជារឿងពិត ឬមិនពិត សូមបន្តអានខាងក្រោមនេះ... លឹម ប៉ោហ្វុង និស្សិតផ្នែកទន្តវទនសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ការសិក្សាផ្នែកទន្តសាស្រ្ត មិនខុសពីមុខវិជ្ជាផ្សេងនោះទេ គឺសុទ្ធតែមានការលំបាកដូចគ្នា។ ដើម្បីទទួលបានលទ្ធផលល្អ និស្សិតមិនគួរបិទនូវផ្លូវចំណេះដឹងរបស់ខ្លួនត្រឹមតែការសិក្សានៅសាកលវិទ្យាល័យឡើយ គឺត្រូវតែបន្តរៀនសូត្រ និងអភិវឌ្ឍខ្លួនទៅមុខជានិច្ចតាមរយៈការធ្វើការស្រាវជ្រាវ ដើម្បីពង្រីកនូវការយល់ដឹងរបស់ខ្លួន។ នៅពេលឡើងដល់ឆ្នាំបន្តបន្ទាប់ ចំណេះដឹង និងការហ្វឹកហាត់ផ្សេងៗនឹងត្រូវបានប្រើប្រាស់ និងអនុវត្តផ្ទាល់នៅលើអ្នកជំងឺ។ វាប្រៀបបាននឹងវដ្តមួយដែលនឹងបន្តសម្លឹងមើល(អង្កេត) រៀនសូត្រ អនុវត្ត និងពិនិត្យមើលលទ្ធផលនៃការងារ ហើយសិក្សាពីកំហុស ហើយបន្តអនុវត្តជំនាញបន្ថែមទៀត ដែលនេះជាមូលហេតុដែលត្រូវបានគេហៅថា«Dental practitioner» ជាអ្នកដែលរៀន និងអនុវត្តជាបន្តបន្ទាប់។ សេង រស្មី និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅ (Internal Medicine) ឆ្នាំទី២ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ការសិក្សាថ្នាក់វេជ្ជបណ្ឌិតនេះ គឺពិតជាលំបាកទាំងការសិក្សាទ្រឹស្តី ទាំងការអនុវត្តន៍តាមមន្ទីរពេទ្យ ព្រមទាំងចំណាយពេលវេលាយូរក្នុងការសិក្សា ដូចនេះទាមទារអោយយើងអត់ធ្មត់ ជំនះភាពនឿយហត់ក្នុងការសិក្សា លើសពីនេះគឺមានការតាំងចិត្តខ្ពស់។   សម្រាប់និស្សិតដែលមានបំណងចង់ចូលរៀនផ្នែកវេជ្ជសាស្ត្រត្រូវគិតឲ្យបានច្បាស់ គឺត្រូវរៀនដោយចេញពីចិត្តស្រលាញ់ ជៀសវាងរៀនតាមគ្នា រៀនតាមម៉ាក់ប៉ាបង្ខំឡើយ ព្រោះថាជំនាញនេះប្រើពេកសិក្សាយូរ ហើយពិបាក បើមិនដូច្នោះទេអ្នកនឹងអាចបោះបង់ការសិក្សាចោល។ ប្រសិនបើយើងដាក់ចិត្តថារៀនពេទ្យហើយនោះ យើងត្រូវតែរៀនឲ្យបានពូកែនិងចំណាយពេលជាមួយវាឲ្យបានច្រើនតាមតែអាចធ្វើបាន។ លី ហ្សូកា និស្សិតថ្នាក់វេជ្ជបណ្ឌិតឆ្នាំទី៦នៃសាកលវិទ្យាល័យអន្តរជាតិ(IU) ពាក្យនេះត្រឹមត្រូវតែមិនទាំងស្រុង មិនថារៀនមុខវិជ្ជាណាគឺសុទ្ធតែពិបាកគ្រាន់តែតិចនិងច្រើន សំខាន់សួរខ្លួនឯងវិញថា តើស្រឡាញ់មុខវិជ្ជាដែលកំពុងរៀននឹងកំរិតណា? បើយើងស្រឡាញ់នៅអ្វីដែលយើងរៀន ច្បាស់ណាស់ មិនថាមុខវិជ្ជានឹងលំបាកកម្រិតណាក៏យើងនៅតែអាចខិតខំរៀនដល់ចប់បានដែរ តែបើរៀនមុខវិជ្ជាផ្ទុយពីឆន្ទ:ទោះមុខវិជ្ជានឹងស្រួលរៀនក៏មានអារម្មណ៍ថាហត់នឿយលំបាកដែរ។ លីម ចាន់បូរ៉ាម៉ី ឱសថការីឧត្តម ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអន្តរជាតិ IU នៅ ខែ៤ ឆ្នាំ ២០១៧ថ្មីៗនេះ នាងខ្ញុំយល់ស្រប  ប៉ុន្តែ ពេលដែលមានគោលដៅច្បាស់លាស់ គឺត្រូវតស៊ូរហូតដល់បញ្ចប់ ដូចពាក្យដែលគេនិយាយថា«ព្យាយាមគង់បានសម្រេច»។ ហេង សុវណ្ណឫទ្ធិ និស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី៥ ជំនាន់ទី៤១នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ការរៀនពេទ្យមិនស្រួលពេកហើយក៏មិនពិបាកពេកនោះដែរ ព្រោះថានៅសាកលវិទ្យាល័យខ្ញុំ មានសាស្ត្រាចារ្យដែលបញ្ចប់ការសិក្សាពីក្រៅប្រទេសជាច្រើនរូប ដូច្នេះ ពួកគាត់តែងតែចែករំលែកនូវបទពិសោធន៍ល្អៗក្នុងការសិក្សាមុខវិជ្ជាមួយនេះឲ្យបានជោគជ័យ និងពន្យល់មេរៀនបានល្អងាយចាប់បាន ហើយឆាប់យល់។ សំ សុវត្ថឌី និស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវះកាត់មាត់ ធ្មេញ (Master of Oral and Maxillofacial Surgery) នៅមហាវិទ្យាល័យទន្តសាស្ត្រ នៃសាកលវិទ្យាល័យមហិដុល ទីក្រុងបាងកក ប្រទេសថៃ វាជាអ្វីដែលខ្ញុំបានលឺទាំងពីខ្ញុំមិនទាន់ស្គាល់អ្វីដែលហៅថាវិស័យទន្តសាស្រ្តម្ល៉េះ…ប៉ុន្តែតើមានមុខវិជ្ជាណាដែររៀនទៅងាយស្រួល ហើយមិនជួបឧបសគ្គនោះ? សំខាន់ គឺចិត្តស្រលាញ់ ការតាំងចិត្ត ត្រូវយកក្តីស្រមៃ និងគោលដៅមកដាក់ក្នុងការសិក្សា ដូចនេះគ្មានពាក្យថាលំបាកទៀតទេ។ ហេង ចាន់ឡៃ និស្សិតទន្តសាស្រ្តឆ្នាំទី៦ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត សម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំយល់ស្របទៅនឹងមតិនេះផងដែរ មិនត្រឹមតែមុខវិជ្ជាពេទ្យទេ មុខវិទ្យាផ្សេងក៏ពិបាកដូចគ្នា គ្រាន់តែមុខវិទ្យាពេទ្យមានទាក់ទង ទៅអ្នកអាយុជីវិតរបសអ្នកជំងឺ ដូចឆ្នេះយើងមិនត្រូវលេងសើចលើអាយុជីវិតរបស់នរណាម្នាក់ទេ ព្រោះជីវិតម្នាក់ៗមានតម្លៃស្មើគ្នា។ វ៉ាន់ គឹមរួន ឱសថការីបម្រើការនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍ (Sunrise Japan Hospital) ខ្ញុំក៏យល់ស្របនឹងគំនិតនេះដែរ ប៉ុន្តែមិនមែនពិបាករហូតដល់ថ្នាក់យើងមិនអាចធ្វើបាននោះទេ ព្រោះមុខវិជ្ជានេះទាមទារឲ្យយល់ច្បាស់នូវចំណុចសំខាន់ ព្រោះត្រូវប្រើប្រាស់ឱសថក្នុងការព្យាបាលជំងឺ សុវត្ថិភាព ប្រសិទ្ធភាព និង អាយុជីវិតអ្នកជំងឺពិតជាសំខាន់មិនអាចកាត់ថ្លៃបាន ហើយក៏ទាមទារនូវការអត់ធ្មត់ និង ការខិតខំប្រឹងប្រែងខ្ពស់។ ឡូវ ប៉េងហុង និស្សិតផ្នែកវេជ្ជសាស្រ្តឆ្នាំទី៥ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ពិតណាស់! មូលហេតុទី១ គឺដោយហេតុថា ត្រូវចំណាយពេលយូរ គឺចន្លោះពី៨ទៅ១០ឆ្នាំឯណោះ។ បើទោះជាត្រូវលះបង់ពេលវេលាច្រើន ហើយក៏មិនប្រាកដថាមានកន្លែងធ្វើការងារល្អទៀត។ ម្យ៉ាងទៀត ត្រូវចំណាយពេលប្រាក់ច្រើន ដើម្បីបង់ថ្លៃសិក្សាមិនដូចជាមុខវិជ្ជាដទៃនោះទេ។ មូលហេតុមួយទៀត គឺសម្ផស្ស និងថាមពលមិនត្រូវលះបង់ និងចំណាយច្រើន ដោយសារតែត្រូវរៀនយូរហើយត្រូវចំណាយពេលចុះស្តារ និងយាមនៅពេទ្យទៀត។ ជាចុងក្រោយ គឺងាយប្រឈមនឹងការវាយប្រហារនៃពាក្យសម្តីរបស់អ្នកជំងឺនៅមន្ទីរពេទ្យ ព្រោះថាជាទូទៅ អ្នកជំងឺមិនសូវគោរព និងឲ្យតម្លៃដល់និស្សិតពេទ្យចុះស្តារនោះឡើយ ហេតុនេះហើយ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអាកប្បកិរិយា និងពាក្យសម្តីរបស់ខ្លួនជាមួយនឹងអ្នកជំងឺ។ ចុះនិសិ្សតពេទ្យដទៃទៀតវិញ? គិតបែបណាចំពោះឃ្លាខាងលើនេះ? យ៉ាងណាមិញ ដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយ គឺមិនមានអ្វីដែលងាយស្រួលនោះទេ មុខវិជ្ជាសិក្សានីមួយៗសុទ្ធតែមានលក្ខណៈពិសស បង្កប់នូវភាពលំបាក និងងាយស្រួលផ្សេងៗពីគ្នា។ សំខាន់ឆន្ទៈរបស់ខ្លួនអ្នកដែលជ្រើសរើសទៅវិញទេ ដែលត្រូវតែប្រាកដចិត្តថា«រៀនពេទ្យ ព្រោះតែឆន្ទៈផ្ទាល់ខ្លួន» នោះមិនថាមានភាពលំបាក ឬឧបសគ្គបែបណានោះទេ ក៏នឹងអាចជម្នះបានជានិច្ច… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាមសេចក្តីជូនដំណឹងនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ ត្រូវការជ្រើសរើសបុគ្គលិក ដែលមានបងា្ហញជូនខាងលើនេះស្រាប់ ក្នុងនោះរួមមាន៖  -ផ្នែកជំងឺទូទៅ  -ផ្នែកជំងឺកុមារ។ កាលបរិច្ឆេទសំខាន់ ៖ ឈប់ទទួលពាក្យថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ កន្លែងទទួលពាក្យ ៖ ការិយាល័យធនធានមនុស្សនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ(រៀងរាល់ម៉ោងធ្វើការ) សម្រាប់ព័ត៌មានបន្ថែម ៖ អាសយដ្ឋាន ៖ អាគារលេខ៩១-៩៦ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លេខទូរស័ព្ទ ៖ 023 883 712 /13 Email: info@sensokiuh.com / finance@sensokiuh.com  បញ្ជាក់ ៖ សូមភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេបជាភាសាអង់គ្លេស និងសញ្ញាបត្រពាក់ព័ន្ធ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើឱសថការីជានរណា? តើមានរឿងរ៉ាវអ្វីខ្លះដែលអ្នកប្រកបវិជ្ជាជីវៈដទៃមិនអាចយល់បាននោះ? ស្ថានភាពខាងក្រោមនេះ ប្រហែលជាមានតែឱសថការីទេដែលយល់នោះ លក្ខណៈថាពេលបម្រើការងាររបស់ខ្លួន ប្រាកដណាស់​ គឺបានជួបប្រទះនឹងរឿងរ៉ាវទាំងនេះ ហើយពេលខ្លះ ក៏មិនដឹងថាត្រូវមានប្រតិកម្មបែបណាទៀតហ្នឹងណា… 1.ពេលដែលអ្នកទិញថ្នាំសួរច្រើនដងថាតើ generic drug ដូចគ្នាទៅនឹងថ្នាំbrandហ្នឹងអត់?​ហើយក៏ត្រូវឆ្លើយច្រើនដងដែរថា​«ចាស៎/បាទ៎!!! ដូចគ្នា…» 2.ពេលដែលវេជ្ជបញ្ជារបស់អ្នកជំងឺផុតកំណត់ តែនៅតែទទូចឲ្យអ្នកចេញថ្នាំដោយគ្មានការទាក់ទងទៅកាន់គ្រូពេទ្យ 3.ពេលអ្នកទិញថ្នាំមិនជឿថាជាថ្នាំដដែល នៅពេលដែលមានការផ្លាស់ប្តូរការរចនា ឬរូបរាងនៃប្រអប់ថ្នាំ ឬថ្នាំ 4.ពេលដែលអតិថិជនម្នាក់ទៀតចូលមកកាត់ផ្តាច់អ្នកដោយផ្តល់ដំបូន្មាន និងនិយាយពីនេះពីនោះ នៅពេលដែលអ្នកកំពុងតែប្រឹក្សាជាមួយនឹងអ្នកជំងឺ 5.ពេលដែលត្រូវបានអ្នកជំងឺសួរសំណួរជាច្រើនតែមិនសូវទាក់ទងនឹងថ្នាំដែលគាត់ត្រូវប្រើប្រាស់ (លក្ខណៈថាបែកអូរហូរជាស្ទឹង ដល់ថ្នាក់ពេលខ្លះ ក៏សួរនាំដល់សម្ភារៈសិក្សាអីទៀត) 6.ពេលដែលអ្នកសួរអតិថិជនថា «តើត្រូវការស្បោង/ថង់ទេ?» ហើយគាត់ក៏ឆ្លើយថា «បើមាន ឲ្យមក»         7.ពេលអ្នកទិញថ្នាំសួរថា«ចុះថ្នាំហ្នឹងមានលក់នៅឱសថស្ថាន ឬកន្លែងណាផ្សេងទៀតអត់?» នៅមានស្ថានភាពអ្វីខ្លះទៀត​ ដែលធ្លាប់ជួបប្រទះ ឬឆ្លងកាត់ហើយគិតថា«I am not alone, all pharmacists know how it feels like…»? Comment​ បន្ថែមមកណា!!! ក្រុមការងារនឹងដាក់បន្ថែមជូន… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

គ្រាន់តែលឺថា រៀនពេទ្យ ម្នាក់ៗប្រាកដជាស្រមៃដល់កាលវិភាគដ៏សែនមមាញឹកទាំងព្រឹក ថ្ងៃនិងយប់ជាមិនខាន ហើយចុះទម្រាំនិយាយអំពីការសិក្សា២មុខវិជ្ជាក្នុងពេលតែមួយ ដែល១ជាការសិក្សាផ្នែកសុខាភិបាលទៀតនោះ តើស្រមៃដល់អ្វីដែរ? ប្រាកដជារូបភាពនៃនិស្សិតដែលត្រូវហត់នឿយ និងរវល់រកពេលដកខ្លួនមិនបានជាមិនខាន…តែក៏មិនមែនជាអ្វីដែលមិនអាចកើតមានដែរ…រាល់ថ្ងៃនេះ ប្រាកដជាមាននិស្សិតមួយចំនួនកំពុងសិក្សាបែបនេះដែរ។ ក្នុងនោះ ក៏មាននិស្សិតមួយរូបដែលរៀនពេទ្យផង និងមុខវិជ្ជាមិនងាយស្រួលនៅសាលាតឹងរឹងមួយទៀតផងដែរ ដែលគាត់ក៏បានផ្តល់កិត្តិយសចែករំលែកនូវបទពិសោធន៍របស់គាត់ទៅកាន់និស្សិតពេទ្យដទៃទៀត និងជំនាន់ក្រោយនៃនិស្សិតផ្នែកសុខាភិបាល។  តោះ! តាមដានការចែករំលែកបទពិសោធន៍ពីយុវនិស្សិត ឡូវ ប៉េងហុង មកពីខេត្តបាត់ដំបង ដែលសព្វថ្ងៃកំពុងសិក្សាផ្នែកវេជ្ជសាស្រ្តឆ្នាំទី៥ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងទើបបញ្ចប់ការសិក្សាផ្នែកសិក្សាអន្តរជាតិពីវិទ្យាស្ថានភាសាបរទេស (ឆ្នាំ២០១៧)។  មានហេតុផលមួយចំនួនដែលជំរុញឲ្យខ្ញុំសិក្សា២មុខវិជ្ជាលំបាកៗក្នុងពេលតែមួយ ហើយហេតុផលចម្បងគេ គឺ«ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន»។ ប្រសិនបើយើងស្រលាញ់ ឬចូលចិត្តអ្វី នោះយើងនឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីសម្រេចគោលដៅរបស់យើង។ ជាក់ស្តែង សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំចាប់អារម្មណ៍លើផ្នែកវេជ្ជសាស្រ្តនេះ ហើយក៏ជាមនុស្សម្នាក់ដែលចូលចិត្តស្វែងយល់អំពីវិទ្យាសាស្រ្តនយោបាយផងដែរ។ កត្តាលោកអ្នកមានគុណ ដែលតែងតែគាំទ្រ និងលើកទឹកចិត្តរាល់ការសម្រេចចិត្តរបស់ខ្ញុំ ព្រមទាំងការផ្តល់នូវការគំនិតយោបល់ផ្សេងៗ រាល់ពេលដែលខ្ញុំត្រូវការ ហើយជាពិសេស គឺការលើកទឹកចិត្ត និងទ្រទ្រង់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ក្នុងចំណោមមុខវិជ្ជាទាំងពីរ ខ្ញុំគិតថាកម្មវិធីសិក្សា ដែលមានកិច្ចការងាផ្ទះ កិច្ចការស្រាវជ្រាវ ការធ្វើបទបង្ហាញ Quiz ដែលមិនប្រាប់មុន ការប្រលងMid-term ការពិភាក្សាក្រុម និងការងារផ្សេងទៀត នៅវិទ្យាស្ថានភាសាបរទេស ដែលសុទ្ធតែត្រូវការត្រៀមខ្លួនទុកមុនរហូតនោះ មានកម្រិតលំបាកជាង។ ជួនកាល ក៏ត្រូវគេចម៉ោងសាលាពេទ្យ ឬម៉ោងយាម ដើម្បីធ្វើការងារសាលាមួយទៀតផងដែរ។ ពេលខ្លះទៀត កាលវិភាគប្រលងក៏ត្រូវជាន់គ្នាទៀត ដូចនេះហើយ ការគ្រប់គ្រងពេលវេលាពិតជាមានភាពស្មុគស្មាញណាស់ ហើយរាល់ថ្ងៃ គឺពេលព្រឹក ស្តារនៅពេទ្យ ពេលថ្ងៃរៀនសាលាពេទ្យ ហើយពេលយប់រៀននៅIFL ជួនកាល ក៏ត្រូវយាមពេលយប់នៅពេទ្យទៀត។  ស្តាប់ទៅដូចជាមមាញឹកណាស់ ហើយពិតណាស់ គឺវាមិនងាយស្រួលនោះទេ។ ជំនាញជាចម្បងដែលត្រូវការ ដើម្បីជម្នះនូវឧបសគ្គនោះ គឺ«ការគ្រប់គ្រងពេលវេលា» សម្រាប់ខ្ញុំ គឺតែងតែត្រៀម ក៏ដូចជារៀបចំកាលវិភាគនៃការងារយ៉ាងហោចណាស់១សប្តាហ៍មុន។ ជំនាញ១ទៀត គឺ«ទំនាក់ទំនងល្អ» កាលណាយើងមានទំនាក់ទំនងជាមួយនឹងមិត្តរួមថ្នាក់ យើងក៏អាចឲ្យពួកគេពន្យល់បន្ថែមពីអ្វីដែលយើងមិនច្បាស់ ឬខកខានមិនបានមករៀន ហើយក៏អាចជួយសុំច្បាប់ឲ្យអ្នកផងដែរ។ «តិចនិកក្នុងការរៀន» ក៏ជាកត្តាដែលមិនអាចខ្វះបានផងដែរ ជាពិសេសskimming និងscanning រកចំណុចសំខាន់ និងជួយឲ្យអ្នកចំណេញពេលវេលាក្នុងការស្វែងយល់ពីមេរៀន ឬឯកសារផ្សេងៗ។ «ពេលវេលាសិក្សា» អាចនឹងមានភាពខុសគ្នារវាងមនុស្សម្នាក់ៗ ដោយមានអ្នកខ្លះចូលចិត្តរៀនពេលយប់ អ្នកខ្លះចូលចិត្តរៀនពេលព្រឹកព្រលឹម ដូច្នេះហើយ សម្រាប់ត្រូវដឹងខ្លួនឯងថា រៀនចូលពេលណាជាងគេ។ សម្រាប់ការសិក្សា២មុខវិជ្ជាដំណាលគ្នានេះដែរ អ្វីដែលសំខាន់នោះ គឺ«ការតាំងចិត្ត» ដែលនឹងជាកម្លាំងជំរុញទឹកចិត្តអ្នក ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន។ «ភាសាបរទេស» ក៏សំខាន់ផងដែរ បើយើងចេះភាសាស្ទាត់នោះ ការសិក្សាស្វែងយល់របស់យើងក៏បានឆាប់រហ័ស និងងាយយល់ផងដែរ ហើយចុងក្រោយនោះ «ការរៀបផែនការ» ត្រូវតែច្បាស់លាស់ និងម៉ត់ចត់់សម្រាប់ខ្លួនឯងផ្ទាល់ និងការសិក្សា។ ប្រសិនបើអ្នកកំពុងសិក្សាផ្នែកសុខាភិបាល ហើយចង់សិក្សា១ជំនាញទៀតនោះ គួរតែជ្រើសរើសមុខវិជ្ជាដែលមិនសូវពិបាកខ្លាំង។ តែបើស្រលាញ់ផ្នែកសិក្សាអន្តរជាតិដូចជាខ្ញុំនោះ អ្នកគួរតែរើសយកសាលាផ្សេងដែលលមិនសូវតឹងរឹង ឬមានកម្មវិធីសិក្សារវល់ខ្លាំង។  ប៉ុន្តែសម្រាប់អ្នកដែលស្រលាញ់ការសិក្សាផ្នែកសុខាភិបាលជាង គួរតែកុំរៀនមុខវិជ្ជា១ទៀតអី ព្រោះថាឆ្លងកាត់តាមអ្វីដែលបានឆ្លងកាត់កន្លងមក ខ្ញុំគិតថាវាពិតជាពិបាក ហើយខ្ញុំក៏មិនអាចនឹងធ្វើទៅបានដែរ ប្រសិនបើមិនមានការជួយជ្រោមជ្រែងគាំទ្រពីប៉ាម៉ាក់ និងមិត្តភក្តិនោះ ព្រោះថាការសិក្សាផ្នែកនេះក៏ពិបាកណាស់ទៅហើយ ហេតុនេះហើយ គួរតែរៀនតែមួយមុខបានហើយ ហើយផ្តោតខ្លាំងទៅលើស្វ័យសិក្សា និងការអនុវត្តនៅមន្ទីរពេទ្យ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បើរៀនពេទ្យរវល់យ៉ាងហ្នឹង ពេលមានស្នេហាគួរបែងចែកពេលវេលាបែបណា? បើគ្រាន់តែចំណាយពេលលើការសិក្សាហ្នឹងក៏សឹងតែមិនគ្រប់ផងសម្រាប់២៤ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែ មិនប្រាកដថានិស្សិតពេទ្យមិនអាចមានស្នេហាណា៎…ជាក់ស្តែង ប្រាកដណាស់គឺថា និស្សិតពេទ្យជាច្រើនក៏កំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សជាទីស្រលាញ់របស់ខ្លួន ដែលអ្នកខ្លះក៏មានដៃគូស្នេហាជានិស្សិតពេទ្យដូចគ្នាទៀតផង។  ក្នុងនោះផងដែរ ក្រុមការងារក៏សូមណែនាំនឹងគូស្នេហ៍និស្សិតពេទ្យផ្នែកទន្តសាស្រ្តមួយគូដែលមិនត្រឹមតែជោគជ័យរឿងស្នេហាទេ គឺថែមទាំងទទួលបានលទ្ធផលសិក្សាដ៏គាប់ប្រសើរដូចគ្នាផងដែរ ដែលខាងក្រោមនេះ ក៏ជាការចែករំលែកបទពិសោធន៍នៃយុវនិស្សិត ហេង ចាន់ឡៃ ជានិស្សិតទន្តសាស្រ្តឆ្នាំទី៦ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ដែលយល់ថា «ស្នេហា គឺមនុស្សពីរនាក់យល់ចិត្តគ្នាទទួលយកភាពល្អ និង អាក្រក់របស់គ្នា និង គោរពគ្នាទៅវិញទៅមក» …សូមតាមដានជាមួយគ្នា ដើម្បីស្វែងយល់ពីអ្វីដែលគាត់ចង់ឲ្យអ្នកដឹង ជាពិសេសនិស្សិតពេទ្យដែលចង់មានស្នេហា…  តើស្នេហាមានឥទ្ធិពលវិជ្ជមាន និងអវិជ្ជមានបែបណាខ្លះចំពោះការសិក្សា? វិជ្ជមាន -អាចជួយគ្នាទៅវិញទៅមក ដូចជាអាចជួយពន្យល់មេរៀន -អាចប្រាប់នូវចំណុចខ្វះខាតរបស់គ្នាទៅវិញទៅមក -អាចលើកទឹកចិត្តគ្នាទៅវិញទៅមក។ អវិជ្ជមាន -ប្រសិនបើងប់ងល់ពេក គឺអាចខាតបង់ពេលវេលារៀនសូត្រ និងមិនសូវយកចិត្តទុកដាក់ក្នុងការរៀន -ជួនកាលក៏អាចប៉ះពាល់ដល់អនាគត។ ប្រហែលជាមាននិស្សិតពេទ្យជាច្រើន គិតថាខ្លួនឯងរវល់ច្រើននឹងរៀន ហើយបើមានស្នេហាក៏ហាក់ដូចជាមិនសូវមានពេលឲ្យគ្នា តើបងយល់យ៉ាងណាដែរចំពោះការយល់ឃើញបែបនេះ? ការយល់ឃើញរបស់ខ្ញុំ គឺសំខាន់លើបុគ្គលម្នាក់ៗ បើសិនជាពួកគេអាចបែងចែកពេលវេលាលើការសិក្សា និងស្នេហាឲ្យដាច់ពីគ្នា វាមិនមានការលំបាកនោះទេ ហើយអ្វីដែលសំខាន់ គឺត្រូវចេះផ្តល់ពេលវេលាឲ្យគ្នាទៅវិញទៅមក។ តើនិស្សិតពេទ្យគួរមានការបែងចែកពេលវេលាបែបណាទើបល្អ ដើម្បីទទួលបានជោគជ័យទាំងក្នុងការសិក្សា និងស្នេហា? -ត្រូវមានពេលសម្រាប់សិក្សាឲ្យបានច្រើន (គួរតែយកការសិក្សាជាអាទិភាព) -អាចជួបគ្នា នៅពេលដែលទំនេរពីម៉ោងសិក្សា  -គួរតែបង្កើតកាលវិភាគឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការបរាជ័យទាំងពីរហើយ -មិនគួរដាក់សម្ពាធលើខ្លួនពេកនោះទេ ជាពិសេស គឺមិនគួរគិតថាខ្លាចដៃគូស្នេហាខឹង ឬប្រកាន់នឹងខ្លួនឡើយ។ តើមានកន្លែងណាខ្លះដែលនិស្សិតពេទ្យគួរតែទៅ សម្រាប់date? ហេតុអ្វី?  -បណ្ណាល័យ ៖ ដោយសារតែអាចជួបគ្នា ហើយអាចអានសៀវភៅបានទៀត  -រោងកុន ៖ ដោយសារតែអាចកាត់បន្ថយសម្ពាធពីការសិក្សាបានខ្លះផងដែរ។ តើមានទម្លាប់ ឬទង្វើអ្វីខ្លះ ដែលបងទាំងពីរបានធ្វើកន្លងមក ហើយជាមូលហេតុជំរុញឲ្យចំណងស្នេហ៍កាន់តែរឹងមាំ និងការសិក្សាក៏មានលទ្ធផលគាប់ប្រសើរ? -តែងតែពិភាក្សាគ្នារឿងសិក្សា -ផ្លាស់ប្តូរវិធីសម្រាប់ជំរុញសមត្ថភាព -ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក -លើកទឹកចិត្តគ្នា ពេលមានបញ្ហា និងផ្តល់ពេលវេលាផ្ទាល់ខ្លួនឲ្យគ្នាទៅវិញទៅមក។ មានមតិខ្លះបានលើកឡើងថា«និស្សិតមិនគួរស្រលាញ់និស្សិតពេទ្យ»ដូចគ្នាទេ តើបងយល់យ៉ាងណាដែរ? ខ្ញុំយល់ថា វាអាស្រ័យទៅលើអត្តចរិតរបស់បុគ្គលម្នាក់ៗ និងការយល់ឃើញរបស់គេ។ សម្រាប់បងផ្ទាល់ ដៃគូរបស់បងក៏ជានិស្សិតពេទ្យដូចគ្នាដែរ តើវាមិនមែនជាបញ្ហា ឬភាពលំបាកទេឬ សម្រាប់ចំណងស្នេហារវាងមនុស្សពីរនាក់ដែលមានភាពមមាញឹកដូចគ្នាបែបនេះ? តើអាចបាន និងកំពុងឆ្លងកាត់វាដោយរបៀបណាខ្លះដែរ? មានខ្លះៗដែរ ព្រោះពេលខ្លះ មានការយល់ឃើញខុសគ្នាសម្រាប់ការដោះស្រាយបញ្ហា ឬការព្យាបាលទៅលើអ្នកជំងឺ (សម្រាប់ពេទ្យធ្មេញ ពេលខ្លះ មានវិធីសាស្រ្តលើសពី១សម្រាប់ការព្យាបាល)។ សម្រាប់បញ្ហារបស់ខ្ញុំ គឺយើងពិភាក្សាគ្នារកដំណោះស្រាយដែលសមស្រប ហើយពួកយើងយល់ស្របដូចគ្នា ដោយពេលខ្លះយើងសម្អាងលើឯកសារយោងreference ក្នុងការសម្រេចចិត្តយកវិធីសាស្រ្តមួយណា។ តើបងយល់ថា មនុស្សពីរនាក់ស្រលាញ់គ្នា កត្តាអ្វីដែលសំខាន់ជាងគេ? សំខាន់ គឺត្រូវយល់ចិត្តគ្នា គោរពគ្នា អត់អោនឲ្យគ្នា និង ផ្តល់ពេលវេលាឲ្យគ្នា។ ជាចុងក្រោយ តើបងមានសារអ្វីសម្រាប់ចែករំលែកបន្ថែមដល់និស្សិតពេទ្យ ជាពិសេសទាក់ទិននឹងការមានស្នេហាក្នុងវ័យសិក្សាផ្នែកសុខាភិបាលនេះដែរឬទេ? ត្រូវស្វែងយល់ពីខ្លួនឯងឲ្យបានច្បាស់ថា បើយើងមានស្នេហាវានឹងអាចប៉ះពាល់លើការសិក្សារបស់យើងដែរឬទេ? ហើយវានឹងផ្តល់សម្ពាធឲ្យយើងខ្លាំងឬទេ? ការគ្រប់គ្រងពេលេវេលារបស់យើងអាចគ្រប់គ្រងបានដែរឬទេ?  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top