Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

  ប្រជាជនកម្ពុជាបច្ចុប្បន្នមួយចំនួនធំ បានផ្លាស់ប្តូររបៀបរស់នៅរបស់ខ្លួនតាមបែបអឺរ៉ុប ជាហេតុធ្វើឲ្យបញ្ហាធាត់ និងការមានជំងឺទឹកនោមផ្អែមកើនឡើង នេះបង្ហាញថា អត្រានៃអ្នកជំងឺខ្លាញ់រុំថ្លើមក៏មានកាន់តែច្រើន។ អ្វីទៅជាជំងឺខ្លាញ់រុំថ្លើម? ជំងឺខ្លាញ់រុំថ្លើមជាការច្រាល់ ឬលើសនូវកម្រិតជាតិខ្លាញ់ប្រភេទទ្រីគ្លីសេរីត (Triglyceride) ច្រើន ក្នុងកោសិកាថ្លើមខុសពីធម្មតា ធ្វើឲ្យថ្លើមរីកធំ។ ដោយឡែក ជំងឺខ្លាញ់រុំថ្លើមត្រូវបានបែងចែកជា៤កម្រិត៖ •Simple Steatosis៖ ជាខ្លាញ់រុំថ្លើមបណ្តាលមកពីការបរិភោគអាហារមានជាតិខ្លាញ់ច្រើនដែលវាមិនពាក់ព័ន្ធនឹងការពិសាស្រានោះទេ។កម្រិតទីមួយនេះ មិនទាន់ធ្វើឲ្យមានការខូចខាតទៅលើកោសិកាទេ។ •Non alcoholic Steatohepatitis៖ ដំណាក់កាលដែលមានការរលាកទៅលើកោសិកាថ្លើមក្នុងពេលជាមួយគ្នានេះដែរ ការធ្វើវិភាគឈាម នឹងរកឃើញថាអង់ស៊ីមថ្លើមមួយចំនួន ដូចជាTransaminase មានការកើនឡើង។ ករណីនេះបើមិនបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យទាន់ពេលវេលាទេនោះ វាអាចវិវឌ្ឍទៅជាក្រិនថ្លើម។ •Alcoholic Steatohepatitis៖  ជាជំងឺខ្លាញ់រុំថ្លើមដែលបណ្តាលមកពីការពិសាស្រាលើសកម្រិតក្នុងរយៈពេលយូរ ធ្វើឲ្យខ្លាញ់ដែលបំលែងមកពីអាល់កុល ទៅស្តុកទុកក្នុងថ្លើមច្រើន។ •Diffuse Steatohepatitis៖  ដំណាក់កាលដែលមានផលប៉ះពាល់លើសាច់ថ្លើមទាំងមូលបណ្តាលមកពីការពិសាស្រាលើសកម្រិតរយៈពេលយូរធ្វើឲ្យថ្លើមកាន់តែរីកធំប្រសិនបើព្យាបាលមិនទាន់ពេលអាចវិវឌ្ឍទៅជាក្រិនថ្លើមដូចករណីទី២ដែរ។ រោគសញ្ញា     ភាគច្រើនអ្នកជំងឺពុំមានលេចចេញជារោគសញ្ញាអ្វីទាំងអស់ ករណីតិចតួចបំផុតអ្នកជំងឺអាចមានអាការៈឈឺចាប់ ឬមានអារម្មណ៍សៀតក្រោមឆ្អឹងជំនី និងមានក្អួតចង្អោរជាដើម។ ជួនកាលអ្នកជំងឺអាចរកឃើញថាមានសញ្ញាថ្លើមរីកធំ នៅពេលពិនិត្យរាងកាយជាមួយគ្រូពេទ្យ។ មូលហេតុ និងកត្តាហានិភ័យ     ជាទូទៅជំងឺខ្លាញ់រុំថ្លើមមានមូលហេតុនិងកត្តាហានិភ័យជាច្រើនរួមមាន៖ •ការធាត់ជ្រុល •អ្នកជំងឺទឹកនោមផ្អែម •ការលើសជាតិខ្លាញ់ •ការពិសាស្រាលើសកម្រិតក្នុងរយៈពេលយូរ •ការមានផ្ទៃពោះ •ជំងឺមេតាបូលីស គឺអ្នកជំងឺដែលមានជំងឺ៣រួមគ្នា លើសសម្ពាធឈាម ទឹកនោមផ្អែម និងលើសជាតិខ្លាញ់ •ការប្រើប្រាស់ឱសថមួយចំនួនដូចជា Cor-ticoid(ឱសថប្រឆាំងការរលាក) ARV (ថ្នាំប្រឆាំងនឹងជំងឺអេដស៍)និងប្រភេទថ្នាំផ្សេងៗទៀតដែលធ្វើឲ្យ Triglyceride ស្តុកក្នុងថ្លើមកាន់តែច្រើន •អ្នកធ្វើការងារផ្នែកកសិកម្ម ដែលប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតស្ថិតក្នុងក្រុម DDT •អ្នកជំងឺកង្វះប្រូតេអ៊ីន •ការស្រកទម្ងន់លឿនពេក។ ការធ្វើរោគវិនិច្ឆ័យ     ដើម្បីរកឲ្យឃើញថាអ្នកជំងឺកំពុងប្រឈមជាមួយ     ខ្លាញ់រុំថ្លើម ត្រូវធ្វើការត្រួតពិនិត្យរាងកាយជាមួយគ្រូពេទ្យជំនាញ រួមជាមួយការត្រួតពិនិត្យតាមរយៈរូបភាពវេជ្ជសាស្ត្រមួយចំនួន ដូចជា អេកូសាស្ត្រ ដើម្បីមើលសភាពរបស់ថ្លើម និងការពិនិត្យឈាម មើលមុខងាររបស់ថ្លើម ដឹងពីកម្រិតនៃការប៉ះពាល់នៅថ្លើមប៉ុណ្ណា។ករណីការធ្វើអេកូសាស្ត្រពិបាកមើលគ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺធ្វើCTស្កេនក្នុងគោលបំណងវាស់ពីកម្រិតជាតិខ្លាញ់ក្នុងសាច់ថ្លើម។ ការព្យាបាល     ចំពោះការព្យាបាលជំងឺខ្លាញ់រុំថ្លើម គឺតម្រូវឲ្យព្យាបាលទៅតាមមូលហេតុរបស់អ្នកជំងឺ៖ •ចំពោះអ្នកជំងឺធាត់ ត្រូវប្តូររបបអាហារត្រឹមត្រូវបន្ថយអាហារផ្តល់ថាមពលច្រើន ហាត់ប្រាណឲ្យបានទៀងទាត់ •ចំពោះអ្នកជំងឺមេតាបូលីស ត្រូវព្យាបាលជំងឺទាំង៣នេះជាមុនសិន •ចំពោះអ្នកជំងឺលើសជាតិខ្លាញ់ ត្រូវប្រើថ្នាំបញ្ចុះជាតិខ្លាញ់តាមប្រភេទខ្លាញ់ដែលលើស •បន្ថយឬបញ្ឈប់ការពិសាស្រា ចំពោះអ្នកញៀនស្រា •ចៀសវាងការប្រើថ្នាំប្រភេទ Corticoid   •ការពារខ្លួនពេលប្រើថ្នាំសម្លាប់សត្វល្អិត •ចំពោះស្ត្រីមានផ្ទៃពោះជំងឺខ្លាញ់រុំថ្លើម នឹងជាវិញដោយខ្លួនឯងពេលសម្រាលរួច។គួរបញ្ជាក់ផងដែរថា ជំងឺខ្លាញ់រុំថ្លើមនឹងអាចព្យាបាលឲ្យជាសះស្បើយ ដរាបណាអ្នកជំងឺលុបបំបាត់នូវមូលហេតុនានាដូចបានរៀបរាប់ខាងលើនិងធ្វើតាមការណែនាំរបស់អ្នកជំនាញបានត្រឹមត្រូវ។ ផលវិបាក     ក្នុងករណីអ្នកជំងឺមិនទទួលការព្យាបាលទាន់ពេលវេលាទេនោះ ពួកគាត់នឹងអាចប្រឈមជាមួយនឹងជំងឺរលាកថ្លើមរ៉ាំរ៉ៃ ក្រិនថ្លើម ទាចទឹក និងមហារីកថ្លើម ទៅថ្ងៃមុខ។ ការការពារ     ការរស់នៅប្រកបដោយអនាម័យ របបអាហារប្រកបដោយតុល្យភាព បន្ថយអាហារខ្លាញ់បញ្ឈប់ការ   ​ ពិសាស្រា ហាត់ប្រាណជាប្រចាំ និងចៀសវាងការប្រើថ្នាំ Corticoid ដោយគ្មានវេជ្ជបញ្ជា អាចការពារពីជំងឺខ្លាញ់រុំថ្លើមបាន។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត វង ច័ន្ទលីណា  ឯកទេសក្រពះ-ពោះវៀន-ថ្លើម និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត និងជសាស្ត្រាចារ្យនៃសាកវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ថ្លើមគឺជាសរីរាង្គដែលមានមុខងារច្រើននិងចាំបាច់យ៉ាងខ្លាំងចំពោះរាងកាយហើយក៏ជាសរីរាង្គចម្បងមួយសម្រាប់ ធ្វើការសម្អាតជាតិពុលនៅក្នុងខ្លួនរបស់យើងផងដែរ។ ជាមួយនឹងមុខងារដ៏សំខាន់ទាំងនេះ តើនឹងមានអ្វីកើត ឡើងនៅពេលមានការពុលលើសរីរាង្គថ្លើមផ្ទាល់?  តើអ្វីខ្លះជាដើមចមនៃការបង្កជាតិពុលទៅលើថ្លើម?   និយមន័យនៃការពុលថ្លើមសរីរាង្គថ្លើមដែលទទួលរងការវាយប្រហារដោយជាតិពុល គឺជាថ្លើមខូច គុណភាព (Liver damage ឬ Liver injury) ខ្សោយ និងមិនអាចបំពេញមុខងារបានល្អ។   ជាទូទៅ ការពុលថ្លើមសំដៅដល់ការខូចខាតនៃកោសិកា និងជាលិកាថ្លើម (Damage) ដែលអាចបែងចែកជា ២យ៉ាង៖ •    ការពុលស្រួចស្រាវ ឬទាន់ហន់ (Acute toxicity)៖ ការពុលដែល បង្ហាញឡើង និងបំផ្លាញថ្លើមភ្លាមៗ •    ការពុលរ៉ាំរ៉ៃ (Chronic toxicity)៖ ការពុលដែលកើតឡើង បន្តិចម្តងៗ ធ្វើឲ្យថ្លើមចុះខ្សោយក្នុងរយៈពេលយូរ ដោយមិនធ្វើឲ្យអ្នកជំងឺដឹងខ្លួន។   ដោយឡែក កម្រិតនៃការពុលថ្លើម ត្រូវបានបែងចែកទៅតាមប្រទេស ឬវេជ្ជសាស្ត្រនីមួយៗដោយផ្អែកលើលក្ខខណ្ឌខុសគ្នា តែជាទូទៅវាត្រូវបានបែងចែកជា ៣កម្រិតគឺ កម្រិតស្រាល កម្រិតធ្ងន់ និងចុងក្រោយគឺ កម្រិតដែលសាច់ថ្លើមរលួយដែលហៅថា Fulminant Hepatitis។ ចំពោះការពុលថ្លើមកម្រិត Fulminant Hepatitis ដែលឋិតក្នុងទម្រង់ទាន់ហន់ មានន័យថា អ្នកជំងឺអាចឈានដល់ការស្លាប់បានបើមិនបានទទួលការសង្គ្រោះជាបន្ទាន់ ជាពិសេសបើមានការបន្ថែមនូវកត្តាដែលនាំឲ្យមានគ្រោះថ្នាក់ដល់ថ្លើមបន្ថែមទៀត (ឧទាហរណ៍ដូចជាការពិសាសុ​រា ឬឱសថនានាដែលប៉ះពាល់ដល់ថ្លើមរាប់បញ្ចូលទាំងឱសថបុរាណខ្មែរ ថ្នាំចិនសែ -ល-​នៅពេលថ្លើមកំពុងខូច ឬពុលហើយនោះ)។   មូលហេតុដែលអាចបង្កឲ្យមានការពុលថ្លើមការខូចថ្លើម អាចបង្កមកពីមូលហេតុជាច្រើនរួមមាន ការទទួលទានស្រា ឱសថមួយចំនួន ថ្នាំខ្មែរ ថ្នាំចិនសែ ឫសឈើ សារធាតុគីមី និងការមានសារធាតុពុលរបស់មេរោគ (toxin)  ឬសកម្មភាពរបស់មេរោគដែលចូលទៅបំផ្លាញកោសិការបស់ថ្លើមតែម្តង -ល-។   រោគសញ្ញានៃការពុលថ្លើម ការពុលថ្លើមអាចបង្ហាញជារោគសញ្ញាក្រោមទម្រង់ទាន់ហន់  និងរ៉ាំរ៉ៃបានដូចតែគ្នាទេ៖       ក្នុងករណីរ៉ាំរ៉ៃ៖ ជាធម្មតាពុំមានផ្តល់ជាសញ្ញាណាមួយច្បាស់លាស់ឡើយ ហើយអ្នកជំងឺខ្លះអាចមិនដឹងខ្លួនថាថ្លើមកំពុងមានការវាយប្រហារដោយជាតិពុលទៀតផង (ស្ថិតក្នុងសភាពស្ងាត់ស្ងៀម)។     ក្នុងករណីទាន់ហន់៖ អ្នកជំងឺអាចមានអាការៈមួយចំនួនដែលជាទូទៅទាក់ទងនឹងមុខងារមិនប្រក្រតីរបស់ថ្លើមនោះតែម្តងដូចជា៖ • ប្រព័ន្ធរំលាយអាហារ៖ ការរំលាយអាហារដំណើរការមិនបានល្អ ដែលនាំឲ្យមានសញ្ញាដូចជា មិនឃ្លានបាយ តឹងពោះខ្លាំង និងឆ្អែតជាប្រចាំជាដើម។ • ការចម្រោះទឹកប្រមាត់៖ ថ្លើមមានសភាពខ្សោយមិនអាចចម្រោះទឹកប្រមាត់ចេញពីក្នុងឈាមបាន (Bilirubin Conjugation) នាំឲ្យឡើងលឿងខ្លាំងពេញខ្លួនរួមមានស្បែក ក្រចក គ្រាប់ភ្នែក ទឹកនោមនិងលាមក (ខាន់លឿង)។ • គ្រប់គ្រងជាតិស្ករ៖ ថ្លើមមិនអាចបំពេញមុខងារគ្រប់គ្រងជាតិស្ករឲ្យបាននឹងនរ នាំឲ្យមានវិបត្តិលើជាតិស្ករក្នុងឈាម  និងជួនកាលអាចឲ្យខ្វះស្ករក្នុងឈាមខ្លាំង ដែលបណ្តាលឲ្យអស់កម្លាំង បែកញើសស្អិត រហេងរហាងដៃជើង ឬរហូតទៅដល់សន្លប់ បាត់បង់ស្មារតី។ • តួនាទីផលិតប្រូតេអុីន និង Albumin ក្នុងខ្លួន៖ កាលណាថ្លើមខ្សោយ វាមិនអាចផលិត Albumin និងប្រូតេអុីនទៅក្នុងឈាមឲ្យបានគ្រប់គ្រាន់ដែលនាំឲ្យអ្នកជំងឺអាចហើមពេញខ្លួន និងបង្កជាវិបត្តិលើកំណកឈាម (ឈាមមិនងាយកក) ព្រមទាំងអាចមានកន្ទួលលើស្បែកដូចសំបុកពីងពាង (Spider angiomas) និងបណ្តាលឲ្យកើតទាចទឹក ផងដែរក្នុងករណីខ្វះ Albumin ឬថ្លើមខូចខ្លាំង ដោយសារថ្លើមមិនអាចរុញឈាមទៅកាន់បេះដូងបាន។   ការធ្វើរោគវិនិច្ឆ័យចំពោះពុលថ្លើម ការធ្វើរោគវិនិច្ឆ័យចំពោះពុលថ្លើមអាចធ្វើតាមរយៈវិធីសាស្ត្រមួយចំនួនរួមមាន៖     តាមរយៈការសាកសួរ៖ ការស្វែងរកមូលហេតុបង្ក (ឧ. អ្នកជំងឺផឹកស្រា) ប្រវត្តិជំងឺ (ឧ. រលាកថ្លើម អា បេ សេ ជាដើម)។     តាមសញ្ញាគ្លីនិក៖ ទាចទឹក លឿងពេញខ្លួន កន្ទួលលើស្បែកឈាមក្រកក អស់កម្លាំង បែកញើសស្អិត មិនរំលាយអាហារជាដើម។ ក្នុងករណីដែលថ្លើមរីកខ្លាំង ឬរលាកខ្លាំង នាំឲ្យមានការឈឺចាប់ត្រង់ពោះខាងលើ ផ្នែកខាងស្តាំ (Right upper quadrant pain)។     តេស្តផ្សេងៗក្នុងមន្ទីរពិសោធន៍ដែលបង្ហាញពីមុខងារខ្សោយរបស់ថ្លើម៖ • Transaminase កើនឡើង • Gama GT កើនឡើង • BS ថយចុះ • AFP (Alpha-fetoprotein) អាចឡើង • Alkaline Phosphatase កើនឡើង • កត្តាឈាមកក៖ PTT (Partial thromboplastin time) និង aPTT (Activated partial thromboplastin time) កើនឡើង • Direct Bilirubin ឬ Total bilirubin កើនឡើង • Albumin និង Proteins ថយចុះ • Platelet ថយចុះ។     ការថតអេកូ៖ ជាទូទៅមិនសូវថតឃើញរូបភាពខុសប្រក្រតីច្រើនឡើយចំពោះករណីពុលថ្លើម តែអាចឃើញថ្លើមរីកធំជាងធម្មតា (Hepatomegaly) ឬថ្លើមស្វិតតូច ករណីក្រិនថ្លើម។   ការព្យាបាលបញ្ហាពុលថ្លើម ការព្យាបាលត្រូវធ្វើឡើងទៅតាមមូលហេតុបង្កឲ្យមានការពុល និងផលវិបាកដែលអាចកើតឡើងក្រោយការពុលដូចជា៖     ការព្យាបាលបំបាត់សភាពរលាក ករណីដែលមានបញ្ហារលាកថ្លើម     ករណីមានមេរោគទៅបំផ្លាញជាលិកាថ្លើម ត្រូវប្រើប្រាស់ថ្នាំ Antibiotics  ឬ Antivirals ដែលអាចសម្លាប់មេរោគនោះបាន     ករណីឱសថដែលនាំឲ្យពុលដល់ថ្លើម ជាចាំបាច់ត្រូវផ្អាកការប្រើ-ប្រាស់ឱសថនោះ និងប្រើឱសថបន្សាបឥទ្ធិពលរបស់វាវិញ      ការព្យាបាលក៏ត្រូវធ្វើឡើងយោងតាមលទ្ធផលនៃមន្ទីរពិសោធន៍ផងដែរ ឧទាហរណ៍ ការបង្គ្រប់សារធាតុ Albumin ករណីខ្វះAlbumin  ការ ប្រើប្រាស់ថ្នាំជំនួយកំណកឈាម ករណីមានវិបត្តិឈាមកកយឺត និងកាលណា Platelet  ដែលជាគ្រាប់ឈាមសម្រាប់ឃាត់ឈាម(វាអាចបញ្ជាក់ពីកម្រិតខ្សោយនៃថ្លើមបាន) ធ្លាក់ចុះខ្លាំងពេក ការសង្គ្រោះតម្រូវឲ្យប្រើឈាមដែលមាន Platelet ឬ Platelet  តែម្តងបញ្ចូលឲ្យអ្នកជំងឺ។     ក្រៅពីនោះ ដោយសារវីតាមីនបេមួយចំនួនក្នុងខ្លួនភាគច្រើននឹងថយចុះពេលថ្លើមមានការខូចខាត ដូចនេះអ្នកជំងឺនឹងត្រូវបានណែនាំផងដែរឲ្យប្រើប្រាស់វីតាមីន បេកំផ្លេចដើម្បីបង្គ្រប់មកវិញ។   គួរបញ្ជាក់ថា លទ្ធភាពនៃការប្រសើរឡើងនៃអ្នកជំងឺ គឺអាស្រ័យនឹងភាគរយនៃការខូចខាតរបស់ថ្លើមដោយសារការពុល។  កាលណាអ្នកជំងឺទទួលបានការព្យាបាលត្រឹមត្រូវ និងភ្លាមៗ (ថ្លើមនៅល្អចាប់ពី ២០%) នោះលទ្ធភាពក្នុងការរស់នៅតាមធម្មតានឹងកើនឡើង ។ ផ្ទុយទៅវិញ ករណីពុលថ្លើមនៅកម្រិតធ្ងន់ធ្ងរខ្លាំង (Fulminant hepatitis) អ្នកជំងឺអាចមានឱកាសប្រឈមនឹងការស្លាប់កាន់តែខ្ពស់។   ផលវិបាកបន្ទាប់ពីការពុលថ្លើម ផលវិបាកមួយចំនួនដែលច្រើនកើតមានចំពោះអ្នកជំងឺពុលថ្លើម ដែលមានថ្លើមខ្សោយខ្លាំងរួមមាន៖     Hepatic Encephalopathy (HE) ដែលបណ្តាលឲ្យអ្នកជំងឺសន្លប់ វង្វេងស្វារតី និងអាចរហូតដល់ស្លាប់ទៀតផង ដោយសារសារធាតុអាម៉ូញាក់នៅក្នុងខ្លួនពុលទៅដល់ខួរក្បាល និងភាពអសមតុល្យនៃប្រភាគរបស់អាស៊ីតអាមីនេ (Amino acid)។Hepatorenal syndrome ច្រើនជួបនៅដំណាក់កាលចុងក្រោយដែលថ្លើមពុលក្នុងកម្រិតធ្ងន់ធ្ងរ នាំឲ្យខូចខាត និងខ្សោយដល់តម្រងនោម ជាលទ្ធផលធ្វើឲ្យមានការកើនឡើងនៃ Urea និង Creatinine ។     ងាយឆ្លងរោគផ្សេងៗ (Infections) បន្ថែមទៀត ដោយសារពោះវៀនដើរមិនល្អ មានទឹកក្នុងពោះច្រើន និងប្រូតេអុីនក្នុងខ្លួនទាប ដែលនាំឲ្យអង្គការពាររាងកាយថយចុះ។   ករណីដែលមានបញ្ហា ឬការសង្ស័យណាមួយទាក់ទងនឹងការពុលថ្លើមឬសុខភាព អ្នកត្រូវចាំបាច់ស្វែងរកជំនួយពីវេជ្ជបណ្ឌិតដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ និងធ្វើការសហការជាមួយវេជ្ជបណ្ឌិត ដើម្បីទទួលការព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធភាព។   បកស្រាយដោយ ៖ លោកឧកញ៉ាសាស្ត្រាចារ្យវេជ្ជបណ្ឌិត  តាន់ គីមមេងវេជ្ជបណ្ឌិតឯកទេសជំងឺថ្លើមនៃមន្ទីរពេទ្យព្រះសីហនុនិងជានាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្រ្ត HOPE   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ចំពោះជំងឺឫសដូងបាតនេះផងដែរ ប្រភព និងកត្តាដែលបង្កឲ្យកើតមានជំងឺនេះរួមមានដូចជា ៖ ១- កត្តាបន្តពូជ ៖  កាលណាឪពុក ឬម្តាយមានជំងឺឫសដូងបាត អាចចម្លងជំងឺឫសដូងបាតទៅកូនតាំងពីនៅក្នុងផ្ទៃដោយស្វ័យប្រវត្តិ។ ២-កត្តាការងារ ៖  មនុស្សដែលអង្គុយច្រើន គឺច្រើនឆាប់កើតមុនគេ។ ៣-កត្តាចំណីអាហារ ៖  អ្នកចូលចិត្តញុាំផ្លែឈើលេបគ្រាប់ ដូចជា គ្រាប់ត្របែក ព្រីង កំពីងរាជ។ គ្រាប់ឈើទាំងអស់នេះ ក្រពះពោះវៀនមិនអាចរំលាយបានទេ ហេតុដូចនេះ ហើយពេលយើងបត់ជើងធំវាចេញទាំងមូលមកវិញ ហើយធ្វើការប្រមូលផ្តុំគ្នាបង្កឲ្យដាច់ស្បែកការពារសរសៃឈាម(វែន)ក្នុងទ្វាលាមក។ ដរាបណាអស់ស្បែកការពារ វានឹងធ្វើឲ្យសរសៃឈាមវារីកធំម្តងបន្តិចៗ ហើយវិវឌ្ឍទៅជាជំងឺឫសដូងបាតដោយស្វ័យប្រវត្តិ ។ ៤-កត្តាអនាម័យ ៖  គ្រួសារដែលពុំទាន់មានបង្គន់អនាម័យក៏បណ្តាលឲ្យងាយកើតជំងឺឫសដូងបាតនេះដែរ។ គេតែងតែជូត កិតក្រដាស ស្មៅ ស្លឹកឈើ មែកឈើ ដែលអាចបណ្តាលឲ្យដាច់ស្បែកការពារសរសៃឈាម វារីកធំ ហើយជាលទ្ធផលក៏វិវឌ្ឍទៅជាជំងឺឫសដូងបាត។ ៥-កត្តាបន្ទោរបង់ ៖ អ្នកដែលមានបញ្ហាលាមករឹង ក្តៀន រាគរូសយូរថ្ងៃ មិនបានព្យាបាលក៏បង្កឲ្យកើតជំងឺឫសដូងបាតនេះដែរ។ ៦-កត្តាស្រ្តីរក្សាគភ៌ និងសំរាលកូន ៖ ក៏អាចប្រឈមនឹងជំងឺឫសដូងបាតមុនគេ។ ៧- កត្តាធម្មជាតិ ៖ គ្រប់មនុស្សទាំងអស់សុទ្ធតែមានកំពកសសៃឈាមវ៉ែន៣ដុំដូចគ្នាទាំងអស់ ដែលប្រឈមនឹងការកើតជំងឺឫសដូងបាតដូចគ្នា ប៉ុន្តែគ្រាន់តែយូរឬឆាប់។ ៨-កត្តារួមភេទ ៖ ខុសធម្មជាតិ តាមរន្ធគូថ ។   បើលោក លោកស្រីមានជំងឺឫសដូងបាត សូមកុំបារម្ភសូមអញ្ជើញមកកាន់ គ្លីនិក តូច យ៉ាន យើងខ្ញុំមានវេជ្ជបណ្ឌិតឯកទេសព្យាបាលជំងឺឫសដូងបាតធានាព្យាបាលជាគ្រប់ប្រភេទនិង គ្រប់ដំណាក់កាលនៃជំងឺឫសដូងបាតបានគ្រប់សាខាយើងខ្ញុំ។   លោក លោកស្រី អាចទូរស័ព្ទពិភាក្សាពិគ្រោះជំងឺជាមួយលោកវេជ្ជបណ្ឌិត តូច យ៉ាន បានតាមរយៈ ៖ ទូរស័ព្ទលេខ ០១២ ៨៥៥ ៩២២ , ០១៦ ៩៥៥ ៨២២ , ០៩៧ ៩៧ ៩៧ ៨៨២,០៧០ ៨៥៥ ៩២២។

ចែករំលែក

  ជំងឺរលាកថ្លើមប្រភេទសេ គឺត្រូវបានបង្កឡើងដោយវីរុសប្រភេទសេ ដែលជាទូទៅវាឆ្លងរាលដាលតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយឈាមដែលមានផ្ទុកវីរុសនេះ ហើយវាអាចឆ្លងរាលដាលតាមរយៈការរួមភេទ ជាមួយដៃគូ ដែលមានផ្ទុកវីរុស និងពេលម្តាយទៅកូននៅអំឡុងពេលសម្រាល។ មនុស្សភាគច្រើនដែលផ្ទុកវីរុសនេះ គឺមិនមានបង្ហាញឲ្យឃើញរោគសញ្ញាណាមួយនោះទេអស់រយៈពេលជាច្រើនឆ្នាំ។ ប្រសិនបើគាត់មានរោគសញ្ញា គឺគាត់មានអារម្មណ៏ថាគ្រុនផ្តាសាយ ហើយគាត់ក៏អាចមានអាការៈ ឬជំងឺមួយចំនួនកើតព្រមជាមួយ ដូចជាជំងឺខាន់លឿនដែលធ្វើឲ្យស្បែក និងភ្នែកឡើងលឿង ឬលាកមពណ៌ស។ ដើម្បីស្រាយបំភ្លឺ និងផ្តល់ជាចំណេះដឹង ទាក់ទិននឹងជំងឺរលាកថ្លើមប្រភេទសេ លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ ឯកទេសថ្លើម ក្រពះ ពោះវៀន និងជាប្រធានផ្នែកក្រពះ ពោះវៀននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្តល់កិត្តិយសដល់ហេលស៍ថាម ដើម្បីបកស្រាយពីស្ថានភាពទូទៅនៃជំងឺនេះដូចខាងក្រោម ៖ ហេតុអ្វីត្រូវព្យាបាល?មានហេតុផលចំនួន៣ ដែលត្រូវព្យាបាលអ្នកជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទសេ 1. ការពារថ្លើមរបស់អ្នក 2. ការពារសុខភាពរបស់អ្នក 3. ដើម្បីក្រុមគ្រួសាររបស់អ្នក និងមនុស្សជុំវិញខ្លួន។ ថ្លើម គឺជាសរីរាង្គដែលសំខាន់សម្រាប់ជីវិត បើសិនជាថ្លើមខូចនោះជីវិតនឹងបាត់បង់។ វីរុសនៃជំងឺរលាកថ្លើមសេជាសត្រូវដ៏ស្ងៀមស្ងាត់របស់ថ្លើមអ្នក។ វាបង្កឲ្យថ្លើមខូចដោយអ្នកជំងឺមិនចាប់អារម្មណ៏ថាខ្លួនឈឺ។ ដូច្នេះ ការព្យាបាលជំងឺនេះពិតជាមានឱកាស ឲ្យចៀសផុតពីការវិវត្តន៍របស់ថ្លើមទៅជាក្រិន និងមហារីក។ ទោះបីការព្យាបាលមានរយៈពេលយូរ និងមានផលវិបាកខ្លះក៏ប៉ុន្តែវាឆ្លើយតបនឹងហេតុផលសំខាន់ខាងលើនេះ ៖ ១. ការពារថ្លើមរបស់អ្នក       វីរុសនៃជំងឺរលាកថ្លើមប្រភេទសេ រីកលូតលាស់ក្នុងថ្លើម ហើយវាបង្កឲ្យមានប្រតិកម្មរលាក។ ការស្ថិតនៅនៃវីរុសជាមួយប្រតិកម្មរលាកយូរអង្វែងដោយវីរុសគ្មានរោគសសញ្ញាបង្កឲ្យមានការប្រែប្រួលម្តងៗ នៃរចនាសម្ព័ន្ធកោសិកាថ្លើម និងបង្កឲ្យមានសន្លាកដែលហៅថា សរសៃក្រិន ឬភាពក្រិន។ ការវិវត្តន៍នៃជំងឺនេះវាអាចបង្កឲ្យលេចចេញជាដុំ ហើយព័ទ្ធជុំវិញសរសៃក្រិនដែលហៅថា ជំងឺក្រិនថ្លើម។ ក្នុងករណីនេះ ការវិវត្តន៍ពីភាពក្រិនទៅជាជំងឺក្រិនថ្លើម អាចប្រព្រឹត្តទៅយ៉ាងឆាប់រហ័សដោយសារពិសារស្រាច្រើន អាយុច្រើន ភេទប្រុស ជំងឺធាត់ពេក ការខ្វះប្រព័ន្ធការពារ ឬមានជំងឺផ្សេងៗទៀតបន្ថែមដូចជា ជំងឺរលាកថ្លើមប្រភេទបេ ឬជំងឺអេដស៍។ ក្នុង៣០%នៃជំងឺក្រិនថ្លើម អាចវិវត្តន៍ទៅរកជំងឺមហារីកក្នុងរយៈពេលវែង ឬមិនវែង។ ជំងឺរលាកថ្លើមសេ អាចធ្វើឲ្យថ្លើមខូចខាត វាជាសត្រូវដ៏ស្ងៀមស្ងាត់រហូតដល់អ្នកមិនចាប់អារម្មណ៍ថាឈឺ។ បើមិនព្យាបាលទេ ប្រព័ន្ធការពារយើងមិនអាចកម្ចាត់វីរុសនេះបានទេ។ ដូច្នេះ ការព្យាបាលគឺពិតជាអាចឲ្យយើង មានឱកាសការពារថ្លើមរបស់អ្នក។ ២.ការពារសុខភាពអ្នក      ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទសេ នឹងធ្វើឲ្យអ្នកមានសុខភាពមិនល្អ និងបាត់បង់គុណភាពជីវិត បើសិនថ្លើមវិវត្តន៍ទៅរកជំងឺក្រិន ឬមហារីកថ្លើមខាងមុខ។ ការព្យាបាលជំងឺរលាកថ្លើមសេ គឺងាចកម្ចាត់វីរុសបានអស់ និងជាសះស្បើយ។ ឱកាសនៃការជាសះស្បើយពឹងផ្អែកទៅលើ៖ ·ប្រភេទមេរោគ ·ចំនួនមេរោគ ·សភាពថ្លើមមុនពេលព្យាបាល ·អាយុ ឬរយៈពេលឆ្លង ·កត្តាដែលបង្កនូវគ្រោះថ្នាក់ នៃការវិវត្តន៍ជំងឺរបស់អ្នកជំងឺម្នាក់ៗ (ដូចជា​ផឹកស្រា អ្នកផ្ទុកវីរុសរលាកថ្លើមបេ ឬអេដស៍ ជាមួយ ។ល។) ។ ៣.ដើម្បីក្រុមគ្រួសាររបស់អ្នក និងមនុស្សជុំវិញខ្លួនអ្នក       បើសិនគ្មានការព្យាបាល អ្នកនៅតែជាអ្នកផ្ទុកវីរុសហើយអ្នក នឹងអាចបន្តគ្រោះថ្នាក់ចម្លងមេរោគនេះទៅអ្នកដទៃ។ គ្រោះថ្នាក់នេះវាមានក្នុងជីវិតរស់នៅប្រចាំថ្ងៃដែលជួនកាលវាបង្កឡើងដោយសារប៉ះពាល់សំភារៈ ដែលមានប្រឡាក់ដោយឈាមដូចជា ច្រាសដុសធ្មេញ ឡាមកោរពុកមាត់ កន្រ្តៃកាត់ក្រចក ម្ចុល កន្ត្រៃ ឬរបយសពេលគ្រោះថ្នាក់ផ្សេងៗ។         ជាមួយការព្យាបាល អ្នកអាចកម្ចាត់មេរោគពីរាងកាយអ្នក​និងជាសះស្បើយ ហើយអ្នកមិនមែនជាអ្នកចម្លងមេរោគទៀតឡើយ។ បើសិនគ្រូពេទ្យរបស់អ្នកសំណូមពរនូវការព្យាបាលដល់អ្នក ពេលវេលាសម្រាប់ពិចារណា គឺចាំបាច់បំផុតសម្រាប់រៀបចំខ្លួនឲ្យបានល្អ៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ផ្នែកប្រព័ន្ធរំលាយអាហារ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកិនបំបែកចំណីអាហារ និងស្រូបយកសារធាតុចិញ្ចឹម តែបើកាលណាប្រព័ន្ធរំលាយអាហារយើងមិនល្អនោះ វាអាចធ្វើឲ្យមានការរំខាន ដល់ការរស់នៅរបស់យើង ដែលធ្វើឲ្យគុណភាពនៃការរស់នៅ របស់យើងថយចុះផង។ លោកវេជ្ជបណ្ឌិត ឈាង​ ស៊ីដេត ប្រធានប្រតិបត្តិនៃគ្លីនិក អេគីប បានបង្ហាញពីក្រុមអាយុធំៗ​ ដែលពួកគាត់គួរតែមកពិគ្រោះ និងពិនិត្យជាមួយ​ គ្រូពេទ្យឯកទេស ផ្នែកប្រព័ន្ធរំលាយអាហារ៖ • មនុស្សធម្មតាមានអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ ដែលមិនមានប្រវត្តិគ្រួសារ មានបញ្ហាក្រពះ ពោះវៀនធ្ងន់ធ្ងរ ឬមហារីក ពួកគាត់អាចពិនិត្យរៀងរាល់ ៣ ទៅ៥ឆ្នាំម្តង។ • តែផ្ទុយទៅវិញបើ គ្រួសាររបស់គាត់មាន ប្រវត្តិសុខភាពមិនល្អ ដូចជា បញ្ហាក្រពះ ពោះវៀន វាអាចទាក់ទងនឹង តំណរពូជ ឬសេនេទិច ឧទាហរណ៍ ដូចជា​ ដុំមហារីកជាដើម នោះគ្រូពេទ្យនឹងធ្វើការអង្កេត វិភាគរោគបន្តបន្ទាប់ ដើម្បីគួរទទួលការព្យាបាលឲ្យត្រឹមត្រូវ។ • ចំពោះលក្ខខណ្ឌមនុស្សវ័យក្រោម ៤៥ឆ្នាំ បើគាត់មាន ជំងឺបាក់ទឹកចិត្ត ឬតានតឹង ហើយមិនមានរោគសញ្ញាគំរាមកំហែងធ្ងន់ធ្ងរ ពេលខ្លះពួកគាត់ អាចប្រឹក្សា និង ធ្វើការពិនិត្យលើរបៀបរបបនៃការរស់នៅប្រចាំថ្ងៃរបស់គាត់ឡើងវិញ ឬអាចញ៉ាំថ្នាំតិចតួច។ បន្ទាប់មក បើអាការៈជំងឺនៅតែ​មិនមាន ភាពប្រសើរឡើង គ្រូពេទ្យឯកទេស នឹងធ្វើការអង្កេតបន្តបន្ទាប់ទៀត ដើម្បីមើលពីបញ្ហាផ្សេងៗទៀត។ ទាក់ទងនឹងការថែទាំសុខភាពទូទៅ ក៏ដូចជាផ្នែកក្រពះ ពោះវៀន លោកវេជ្ជបណ្ឌិតក៏បានផ្តាំផ្ញើផងដែរថា យើងត្រូវចាំបាច់យកចិត្តទុកដាក់ លើការថែទាំសុខភាព ទាំងការពិនិត្យ ទាំងការរស់នៅប្រចាំថ្ងៃ ដោយចៀសវាងការពិសារគ្រឿងស្រវឹង ចៀសវាងការពិសារអាហារ ដែលមិនមានអនាម័យ ឬមិនសមស្របតាមបច្ចេកទេសចំអិនល្អ និងត្រូវហាត់ប្រាណឲ្យបានទៀងទាត់។ ស្វែងយល់បន្ថែមអំពី តំហែទាំលើប្រព័ន្ធរំលាយអាហារ  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

អត្ថប្រយោជន៍នៃការធ្វើអេកូសាស្រ្តថ្លើម ដើម្បីពិនិត្យមើលសភាពសាច់ថ្លើមសំរាប់អ្នកជម្ងឺដែលមានជម្ងឺរលាកថ្លើមរ៉ាំរ៉ៃ ! យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា ជំងឺរលាកថ្លើម គឺជាជំងឺដ៏កាចសាហាវមួយ ដែលតែងធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព និង អាយុជីវិតយើងបាន ប្រសិនបើយើងមានការធ្វេសប្រហែសមិនបានធ្វើការព្យាបាល និង តាមដានអំពីការវិវឌ្ឍនៃជំងឺក៏ដូចជាសភាពរបស់សាច់ថ្លើម ហើយជួនកាលវាអាចមានការវិវឌ្ឍលឿនរហូតដល់ដំណាក់កាលចុងក្រោយ (មហារីកថ្លើមនៅលើថ្លើមក្រិន) ដោយស្ទើរតែមិនមានផ្តល់ជារោគសញ្ញា ឫ មានការធ្វើទុក្ខដល់អ្នកជំងឺឲ្យបានដឹងជាមុននោះឡើយ ៕ ការពិនិត្យ និង វិភាគសាច់ថ្លើម បើទៅតាមបច្ចេកទេសវេជ្ជសាស្ត្រ គឺយើងអាចធ្វើបានតាមច្រើនវិធី ឧទាហរណ៍ដូចជា ការពិនិត្យឈាម (blood test) ការធ្វើអេកូសាស្រ្តពោះ (abdominal ultrasound) ការស្គេនពិនិត្យមើលភាពរឹងរបស់សាច់ថ្លើម (liver fibroscann) និង ការធ្វើស៊ីធីស្គែនពោះ (abdominal CT.scann) ។ល។ ក៏ប៉ុន្តែសម្រាប់រាល់ការពិនិត្យមួយនេះគឺវាមានសារប្រយោជន៍ គោលបំណង និង ភាពច្បាស់លាស់ខុសៗគ្នារាងៗខ្លួនទៅតាមបច្ចេកទេសវេជ្ជសាស្ត្រ និង តម្រូវការចាំបាច់របស់ក្រុមវេជ្ជបណ្ឌិត ។ នៅពេលនេះយើងខ្ញុំក៏សូមលើកយកវិធីសាស្រ្តមួយងាយស្រួលក្នុងការតាមដាន និង ចំនាយថវិកាតិចតួច ដោយគ្មានភាពឈឺចាប់ ឫ លំបាក និង អាចទទួលបានលទ្ធផលភ្លាមៗមកអធិប្បាយជូនពុកម៉ែ បងប្អូន អ៊ំពូ មីងស្វែងយល់ទាំងអស់គ្នា ។ *** ការធ្វើអេកូសាស្រ្តពោះ នៅក្នុងជំងឺថ្លើមទាំងប្រភេទ B និង ប្រភេទC អាចអោយយើងដឹងពី៖ 1. ការរលាក និង សភាពរឹងរបស់ថ្លើម 2. ការវិវឌ្ឍរបស់សាច់ថ្លើម រលាក គ្រើម រឹង និង ក្រិន.... 3. ដឹងពីរចនាសម្ព័ន្ធសរសៃឈាមវ៉ែន នៅក្នុងថ្លើម 4. អាចដឹងពីផលវិបាក និង ការវិវឌ្ឍរបស់ជំងឺថ្លើមដូចជា ទាចទឹក (Ascitis) រីក ឬធ្លាក់អណ្ដើក (splenomegalia) និង ការរីកធំ ឬ ស្ទះសរសៃឈាមធំនៅជិតថ្លើម (Portal vein) 5. អាចធ្វើការតាមដាន និង ពិនិត្យរកមើលដុំសាច់មហារីក (Liver cancer CHC...) ។ ដូចនេះ ការធ្វើអេកូពោះក្នុងជំងឺថ្លើមរ៉ាំរ៉ៃ វាអាចជួយឲ្យយើងដឹងពីអាការៈ ក៏ដូចជាការវិវឌ្ឍ មុន និង ក្រោយព្យាបាល ការតាមដានហើយ គឺពិតជាមានភាពងាយស្រួលបំផុតក្នុងការធ្វើជូន ៕ យ៉ាងណាមិញ គ្រប់ជំងឺទាំងអស់បើយើងធ្វើការតាមដានជាទៀងទាត់ និង ទទួលបានការព្យាបាលយ៉ាងត្រឹមត្រូវជាមួយគ្រូពេទ្យឯកទេសដែលមានជំនាញច្បាស់លាស់ នោះយើងអាចកាត់បន្ថយគ្រោះថ្នាក់ដែលប៉ះដល់អាយុជីវិតបានជាង 50%៕ *** មន្ទីរសំរាកព្យាបាលអេគីប ឯកទេសថ្លើម ក្រពះ ពោះវៀន និង ឫសដូងបាត យើងខ្ញុំក៍មានក្រុមគ្រូពេទ្យជំនាញខាងផ្នែក អេកូសាស្រ្តដែលអាចជួយវិភាគ និង ធ្វើរោគវិនិច្ឆ័យជូនអ៊ំពូ យាយតា ពុកម៉ែ បងប្អូនបានយ៉ាងច្បាស់លាស់ ៕  អាស័យដ្ធាន ៖ ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ៕  ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ 017 / 070 / 066-553317 យើងខ្ញុំ និង រង់ចាំទទួលស្វាគមន៍ និង ព្យាបាលជូនពុកម៉ែបងប្អូនទាំងអស់គ្នាយ៉ាងរួសរាយរាក់ទាក់ និង ប្រសិទ្ធភាពខ្ពស់ផងដែរ…

ចែករំលែក

ជំងឺរលាកថ្លើមប្រភេទ B​ ជាជំងឺបង្កឲ្យថ្លើមរលាកតាមរយៈវីរុសរលាកថ្លើមប្រភេទ B​ ហើយជាប្រភេទវីរុសផ្តុំឡើងពីខ្សែ DNAដែលវាប្រហាក់ប្រហែល​ ជាមួយនឹងមេរោគអេដស៍​ រីឯអត្រាការឆ្លងវិញ ខ្ពស់ជាងមេរោគអេដស៍ដល់ទៅ 100% ។             មួយវិញទៀត ការវិវឌ្ឍនៃជំងឺនេះក៏អាស្រ័យទៅលើចំនួនមេរោគផងដែរ។ បើមេរោគមានចំនួនកាន់តែច្រើន នោះការវិវឌ្ឍនេះក៏កាន់តែលឿនផងដែរ។ ម្យ៉ាងទៀត​ អត្រាស្លាប់ដោយជំងឺនេះ គឺកើនឡើងទៅតាមអាយុរបស់អ្នកជំងឺ៖ • អ្នកផ្ទុកមេរោគដែលមានអាយុតិចជាង១៩ឆ្នាំ នៅមិនទាន់មានរបាយការណ៍បង្ហាញពីករណីស្លាប់នៅឡើយទេ។ • អ្នកផ្ទុកមេរោគដែលមានអាយុពី ២០ទៅ២៩ឆ្នាំ មានអត្រាមរណៈតិចតួច។ • អ្នកផ្ទុកមេរោគដែលមានអាយុពី៣០ទៅ៦៤ឆ្នាំ មានអត្រាមរណៈកើនឡើងតាមអាយុ។ • អ្នកផ្ទុកមេរោគដែលមានអាយុច្រើនជាង៦៤ឆ្នាំ មានអត្រាមរណៈខ្ពស់រហូតដល់៦៥%។   ស្វែងយល់បន្ថែមពីជំងឺរលាកថ្លើម​ B បកស្រាយដោយវេជ្ជបណ្ឌិត សុខ ហ៊ាង ឯកទេសក្រពះ ពោះវៀន ថ្លើម នៃមន្ទីរពេទ្យព្រះកុសុមៈ។    ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

«ជំងឺរលាកថ្លើម»​ ជាប្រភេទជំងឺមួយដែលភាគច្រើន បង្កឡើងដោយវីរុស មានដូចជា វីរុសប្រភេទ A,B,C,D,E,F,G ប៉ុន្តែ ក្នុងចំណោម វីរុសទាំងអស់នេះ ពុំមែនសុទ្ធតែអាចបង្កឲ្យមានជំងឺរលាកថ្លើមក្នុងសារពាង្គកាយមនុស្សទាំងអស់នោះទេ។ រលាកថ្លើមA​ ជាប្រភេទមួយនៃជំងឺរលាកថ្លើម ដែលបង្កឡើងដោយ វីរុសរលាកថ្លើមប្រភេទ A (HAV)។ ជាទូទៅ ជំងឺនេះច្រើនកើតមានឡើងទៅលើបុគ្គល នៅតំបន់ដែលមានអនាម័យទាប ឬអ្នកមានជីវភាពរស់នៅទាប ដែលយើងសង្កេតឃើញជំងឺនេះ តែងកើតមានក្នុងប្រទេសមិនទាន់អភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ ឯប្រទេសដែលមានជីវភាពខ្ពស់ ក៏ដូចជាកម្រិតអនាម័យខ្ពស់ មិនត្រូវបានកត់សម្គាល់ ក្នុងការចម្លងជំងឺនេះច្រើនទេ។ ដោយឡែក ក្នុងករណីមានគ្រោះមហន្តរាយ ដែលតម្រូវឲ្យប្រជាជនបំលាស់ទីលំនៅទៅរស់នៅកន្លែងថ្មី ប្រសិនបើទីនោះ គ្មានទឹកស្អាតប្រើប្រាស់ ឬធ្វើអនាម័យមិនបានត្រឹមត្រូវ វាអាចនឹងមានការផ្ទុះឡើងនូវការចម្លងជំងឺរលាកថ្លើមប្រភេទ A នេះ។ គួរបញ្ជាក់ផងដែរថា កុមារត្រូវបានគេចាត់ទុកថាជាក្រុមមនុស្សដែលងាយឆ្លង ព្រោះប្រព័ន្ធការពារកុមារមានសភាពទន់ខ្សោយ។    ស្វែងយល់បន្ថែមពីជំងឺរលាកថ្លើមប្រភេទ A បកស្រាយដោយ​ លោកឧកញ៉ាសាស្ត្រាចារ្យវេជ្ជបណ្ឌិត តាន់ គីមមេង នាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្ត្រ HOPE។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

សំណួរ ៖ ខ្ញុំបាទ មានអាយុ ២៥ឆ្នាំ កម្ពស់ ១.៧៥ម៉ែត្រ ទម្ងន់ ៦៣ គីឡូក្រាម សព្វថ្ងៃជា និស្សិត។ ខ្ញុំមានបញ្ហាសុខភាព ដោយពេលក្រោកពីគេងចេះតែមានអារម្មណ៍ថា ចង់ក្អួត ឈឺបំពង់ក និងមានអាការៈស្ងួតបំពង់ក ចេះតែរមួលពោះ ពេលញ៉ាំក៏ឈឺ មិនញ៉ាំក៏ឈឺ។ រោគសញ្ញាខាងលើកើតមានឡើង ៤ឆ្នាំមកហើយ ហើយបន្ថែមពីរោគសញ្ញាខាងលើ ខ្ញុំតែងតែមានអារម្មណ៍ហត់ និងឈឺឆ្អឹងខ្នង។ ខ្ញុំធ្លាប់ប្រើ ថ្នាំសម្រាប់ព្យាបាលរលាកក្រពះ និងពោះវៀន តែខ្ញុំមិនមានប្រើថ្នាំប្រចាំកាយនោះទេ។  ខ្ញុំចង់សួរលោកវេជ្ជបណ្ឌិតថា តើខ្ញុំត្រូវទទួលបានការព្យាបាលដូចម្តេច? ចម្លើយ៖ តាមការរៀបរាប់របស់ប្អូន វាអាចជារោគសញ្ញាទាក់ទងទៅនឹងបញ្ហាក្រពះ ឬក៏បណ្ដាលមកពីបញ្ហាឆ្អឹងខ្នង។ ជាធម្មតា មុននឹងគ្រូពេទ្យព្យាបាលជំងឺ គ្រូពេទ្យត្រូវពិនិត្យមើលអ្នកជំងឺ សួរនាំថតឆ្លុះ ថតកាំរស្មី X ឬមើលឈាមបន្ថែម។ បើសិនជាប្អូនមានសំណួរ ឬ ការងឿងឆ្ងល់បន្ថែម សូមទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានកាន់តែច្បាស់ និងទទួលបានការព្យាបាលដ៏ត្រឹមត្រូវ ព្រមទាំង សន្សំសំចៃថវិកា និងពេលវេលា។ បកស្រាយដោយ​ ៖ វេជ្ជបណ្ឌិត សាន់ ចាន់ណា ឯកទេសជំងឺ ថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ ខ្ញុំបាទ មានអាយុ ២៨ឆ្នាំ ទម្ងន់ ៥០គីឡូក្រាម សព្វថ្ងៃ មានមុខរបរជានិស្សិត។ ខ្ញុំមានចម្ងល់ទាក់ទងនឹងសុខភាព ដោយសារខ្លួនខ្ញុំផ្ទាល់មានអាការៈ ចេញទឹកមាត់ ឡើងស្លេស្ម គេងមិនលក់ មានជាតិរំអិលក្នុងមាត់ និងឆ្អល់ពោះ ហើយរោគសញ្ញានេះមានរយៈពេល ៣ឆ្នាំមកហើយ។ ក្រៅពីអាការៈខាងលើ ខ្ញុំមានអារម្មណ៍ថប់ដង្ហើម និងគិតច្រើន។ តើខ្ញុំមានបញ្ហាអ្វី ហើយត្រូវព្យាបាលដោយរបៀបណា? ចម្លើយ ៖ យោងតាមការរៀបរាប់របស់ប្អូនខាងលើនេះ  បញ្ហារបស់ប្អូនអាចបណ្ដាលមកពីក្រពះ បញ្ហាថប់អារម្មណ៍ ឬ មកពីពពួកសត្វល្អិត(ព្រូន)។ ដូច្នេះ មុននឹងទទួលបានការព្យាបាលដ៏ត្រឹមត្រូវ និង មានប្រសិទ្ធភាព ប្អូនគប្បីទៅ ពិគ្រោះ និងទទួលការពិនិត្យពីគ្រូពេទ្យទូទៅ ឬ គ្រូពេទ្យឯកទេស ដើម្បីវាយតម្លៃក្នុងការធ្វើរោគវិនិច្ឆ័យ។ បកស្រាយដោយ វេជ្ជបណ្ឌិត សាន់ ចាន់ណា ឯកទេសជំងឺ ថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ករណីមានសញ្ញាព្រមានណាមួយលេចឡើង និងត្រូវបានសង្ស័យថាមានទំនាក់ទំនងនឹងជំងឺមហារីកថ្លើមនោះការទៅជួបជាមួយវេជ្ជបណ្ឌិតឲ្យបានឆាប់រហ័សដើម្បីធ្វើរោគវិនិច្ឆ័យគឺជារឿងដ៏ចាំបាច់។ ទោះបីជាមិនទាន់មានសញ្ញាណាមួយកើតឡើងក៏ដោយ ការរកជំងឺមហារីកថ្លើមតាមរយៈការពិនិត្យសុខភាព ត្រូវបានណែនាំផងដែរ ដើម្បីបង្កើនឱកាសក្នុងការរស់រានចំពោះអ្នកជំងឺកំពុងមានជំងឺនេះដោយមិនបានដឹងខ្លួន។ I. ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកថ្លើមតេស្ត និងដំណើរការសម្រាប់ធ្វើរោគវិនិច្ឆ័យ៖ 1. តេស្តគ្លីនីក   ដំបូង វេជ្ជបណ្ឌិតនឹងធ្វើការសាកសួរអំពីរោគសញ្ញាមិនប្រក្រតីរបស់អ្នក ឧទាហរណ៍ ការឈឺចាប់ ឬមិនស្រួលនៅផ្នែកពោះ ចង្អោរ បាត់ចំណង់អាហារ ស្រកទម្ងន់ និងការប្រែប្រួលនៃស្បែកជាដើម។ បន្ទាប់ពីនោះ អ្នកជំនាញនឹងត្រួតពិនិត្យលើរាងកាយអ្នកជំងឺតាមរយៈការមើលលើពណ៌ស្បែក និងភ្នែក ទំហំកូនកណ្តុរ (lymph nodes) ស្តាប់សួត បេះដូង ព្រមទាំងពិនិត្យផ្នែកពោះ ដើម្បីមើលពីការរីកនៃថ្លើម និងលំពែង ក៏ដូចជាវត្តមាននៃសារធាតុរាវនៅក្នុងពោះ។ ក្រៅពីនោះគឺការរកមើលសញ្ញាផ្សេងៗដែលបង្ហាញអំពីភាពមិនប្រក្រតីរបស់ថ្លើម។ 2. តេស្តឈាម    ការធ្វើតេស្តឈាមអាចបង្ហាញអំពីការថយចុះនៃកម្រិតគ្រាប់ឈាមក្រហម អេម៉ូក្លូប៊ីន ប្លាកែត និង/ឬ គ្រាប់ឈាមស។ តេស្តនេះក៏អាចបង្ហាញនូវការកើនឡើងនៃដំណើរការ ឬមុខងាររបស់ថ្លើម ព្រមទាំងអាចកំណត់រក Alfa-fetoprotein (AFP) ដែលជាធាតុសម្គាល់មួយនៃដុំមហារីកផងដែរ។ 3. តេស្តវិទ្យុសាស្ត្រ   • ការពិនិត្យពោះតាមបច្ចេសទេស Ultrasound ៖ បង្ហាញថា 75%នៃករណីមហារីកថ្លើម មានដុំសាច់ដែលមានលក្ខណៈ multifocal (ដុំសាច់ច្រើន)។ ដោយឡែក ដុំសាច់ដែលមានទំហំធំជាង 2ស.ម អាចមានឱកាសច្រើនជាង 95% ក្នុងការក្លាយជាដុំមហារីក ចំពោះអ្នកជំងឺដែលមានបញ្ហាក្រិនថ្លើមស្រាប់។ • CT-scan (Computed Tomography) ឬ MRI-scan (Magnetic Resonance Imaging) នៅតំបន់ពោះ ៖ ជាបច្ចេកទេសថតដោយការចាក់បញ្ចូលតាមសរសៃឈាមនូវសារធាតុរាវ (contrasts) ដែលអាចថតឃើញ។ វាត្រូវបានអនុវត្តដើម្បីថតយករូបភាពជាក់លាក់នៃថ្លើម (3D)។ វិធីសាស្ត្រនេះអាចឲ្យរកឃើញនូវដុំសាច់តូចៗនៅនឹងថ្លើម បង្ហាញនូវទំហំ និងទីតាំងនៃដុំសាច់ ព្រមទាំងភាពរីករាលដាលរបស់វា។   តេស្តទាំងពីរនេះអាចផ្តល់នូវលទ្ធផលជាក់លាក់រហូតដល់ 80%។ • ការថត X-ray និង/ ឬ CT-scan លើប្រអប់ទ្រូង ៖ ធ្វើឡើងដើម្បីតាមដានរកដុំសាច់មហារីក ដែលអាចរីករាលដាលទៅដល់ក្នុងសួត (Distant metastases)។ • ការថតលើប្រព័ន្ធសរសៃឈាម ឬទឹករងៃនៅនឹងថ្លើម (Angiography of the liver) និងការថតមួយតួខ្លួនតាមរយៈ PET-scan (Positron emission tomography) ៖  ជាការថតដោយប្រើមុខងារនៃសារធាតុនុយក្លេអែរសម្រាប់សង្កេតលើដំណើរការមេតាបូលីសក្នុងរាងកាយនិងត្រូវបានធ្វើតែក្នុងករណីខ្លះប៉ុណ្ណោះ។ 4. ការពិនិត្យជាលិកា (Histopathological examinations) ដំណើរការនៃការពិនិត្យជាលិកា៖ វិធីសាស្ត្រនេះប្រព្រឹត្តទៅដោយការច្រឹបយកដុំសាច់ (Biopsy) ពីសរីរាង្គថ្លើមយកមកពិនិត្យ។ គួរបញ្ជាក់ថា ដំណើរការច្រឹបសាច់ត្រូវធ្វើឡើងក្រោមការពិភាក្សាជាមួយអ្នកជំនាញផ្សេងៗរួមទាំងវេជ្ជបណ្ឌិតឯកទេសវះកាត់សរីរាង្គថ្លើម។ ការច្រឹបសាច់ត្រូវធ្វើឡើងដោយប្រើប្រាស់ម្ជុលតូចស្តើង ឬក្រាស់ដើម្បីចាក់បញ្ចូលតាមស្បែកនៅតំបន់កណ្តាលនៃពោះផ្នែកខាងស្តាំ (Right flank) ចូលទៅដល់ថ្លើមដើម្បីកាត់នូវជាលិកា។ នៅអំឡុងពេលនេះ វេជ្ជបណ្ឌិត ក៏អាចប្រើប្រាស់បច្ចេកទេស ultrasound ឬ CT-scan ក្នុងពេលតែមួយផងដែរដើម្បីប្រាកដថាម្ជុលតម្រង់ទៅរកដុំសាច់នៅលើថ្លើមពិតមែន។ ការបង្ហាញនូវលទ្ធផលថាជា ដុំសាច់មហារីក(Malignant) ឬដុំសាច់មិនមែនមហារីក (Benign) គឺអាស្រ័យនឹងការពិនិត្យតាមបែបវិទ្យុសាស្ត្រ។ ក្នុងករណីខ្លះ វេជ្ជបណ្ឌិតវះកាត់ក៏អាចធ្វើការច្រឹបកោសិកាអំឡុងពេលថតឆ្លុះក្នុងប្រហោងពោះដោយប្រើបំពង់ទីបតូចមួយដែលត្រូវបានសូកបញ្ចូលតាមការវះកាត់តូច (laparoscopy) ផងដែរ។ ជាលិកាថ្លើមដែលត្រូវបានកាត់ចេញមក នឹងត្រូវយកទៅពិនិត្យនៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដោយប្រើប្រាស់មីក្រូស្កុប។ កត្តាប្រឈមនៃដំណើរការច្រឹបជាលិកា៖ ការហូរឈាម គឺជាកត្តាប្រឈមមួយពីព្រោះ ថ្លើមជាសរីរាង្គដែលមានសរសៃឈាមជាច្រើន។ ក្រៅពីនោះ បញ្ហាកកឈាម គឺជាកត្តាប្រឈមដែលអាចកើតលើអ្នកជំងឺមហារីកថ្លើមមួយចំនួន។ កត្តាប្រឈមកំរមួយក្នុងដំណើរការនេះផងដែរគឺ ការរាលដាលនៃកោសិកាមហារីកតាមរយៈម្ជុល។ ករណីហាមឃាត់ក្នុងការអនុវត្តការច្រឹបជាលិកា (Biopsy)៖ • អ្នកជំងឺមានសភាពខ្សោយពេកក្នុងការទទួលយកការព្យាបាលមហារីកប្រភេទណាមួយ • អ្នកជំងឺមានបញ្ហាក្រិនថ្លើមធ្ងន់ធ្ងរ និងកំពុងរង់ចាំការប្តូរសរីរាង្គថ្លើម • អ្នកជំងឺដែលអាចមានលទ្ធភាពក្នុងការកាត់ចេញនូវដុំសាច់ទាំងមូល។ ដំណើរការច្រឹបជាលិកានេះក៏ត្រូវបានចៀសវាងផងដែរក្នុងករណីដែលឃើញមានសញ្ញាទូទៅទាក់ទងនឹងសរសៃឈាមចំពោះមហារីកថ្លើម (Typical vascular signs) តាមរយៈបច្ចេកទេសវិទ្យុសាស្ត្រពិសេស (Multiple-phase multidetector CT-scan និង Dynamic contrast-enhanced MRI-scan)។ ភាពខុសគ្នារវាងអ្នកជំងឺក្នុងដំណើរការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកថ្លើម៖ ខាងក្រោមនេះជាឧទាហរណ៍នៃភាពខុសគ្នារវាងអ្នកជំងឺម្នាក់ៗក្នុងដំណើរការធ្វើរោគវិនិច្ឆ័យ៖ • ចំពោះអ្នកជំងឺដែលមិនអាចព្យាបាលបាន និងមានផលវិបាកធ្ងន់ធ្ងរពីបញ្ហាក្រិនថ្លើម និងមហារីកថ្លើមត្រូវបានហាមឃាត់ក្នុងវិធីសាស្ត្រ ធ្វើរោគវិនិច្ឆ័យមួយចំនួន (ឧ. ការច្រឹបជាលិកា)។ • អ្នកជំងឺដែលត្រូវបានសង្ស័យថាមានការរីករាលដាលនៃកោសិកាមហារីកថ្លើម (Distant metastases) ត្រូវទទួលការពិនិត្យបន្ថែមតាមរយៈ X-ray ឬ CT-scan chest, PET-scan។ • សម្រាប់ការច្រឹបយកកោសិកាមកវិភាគ អាចត្រូវបានពន្យារពេលក្នុងការអនុវត្ត ឬក៏ចៀសវាងតែម្តងអាស្រ័យនឹងពេលវេលា ឬដំណាក់កាលនៃការព្យាបាលជាក់លាក់របស់អ្នកជំងឺ។ កត្តាដែលបង្កឲ្យមានការធ្វើរោគវិនិច្ឆ័យខុស៖ ជាទូទៅ ជំងឺមហារីកថ្លើមមិនមានបង្ហាញនូវរោគសញ្ញាណាមួយឡើយ រហូតទាល់តែជំងឺឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ដូចនេះការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកថ្លើមអាចត្រូវបានពន្យារពេល ឬមើលរំលងតែម្តង។ ក្រៅពីនោះ រោគសញ្ញាខ្លះនៃមហារីកថ្លើមអាចមានភាពស្រពិចស្រពិល និងប្រហាក់ប្រហែលនឹងជំងឺដទៃរួមមានផ្តាសាយ (Influenza) ក្រិនថ្លើម មហារីកលំពែង រលាកពោះវៀនរលាកក្រពះ ក្រួសទឹកប្រមាត់ និងការមិនរំលាយអាហារ។ II. តេស្តសម្រាប់ត្រួតពិនិត្យរកមហារីកថ្លើម(Screening Tests) គឺជាតេស្តទាំងឡាយដែលត្រូវបានអនុវត្តដើម្បីរកមើលជំងឺមហារីកមុនពេលដែលមានការលេចចេញនូវរោគសញ្ញាណាមួយ។ តេស្តទាំងនេះអាចជួយឲ្យវេជ្ជបណ្ឌិតរកឃើញ និងធ្វើការព្យាបាលជំងឺមហារីកថ្លើមបានតាំងពីដំណាក់កាលដំបូង កំណត់ទីតាំងមហារីក ក៏ដូចជាអាចធ្វើការវះកាត់ដុំសាច់នោះបានងាយផងដែរ ដែលទាំងនេះអាចជួយបង្កើនឱកាសក្នុងការរស់រានរបស់អ្នកជំងឺ។ អ្នកដែលគួរស្វែងរកការ ត្រួតពិនិត្យមហារីកថ្លើម៖ • អ្នកជំងឺដែលមានបញ្ហាក្រិនថ្លើមប្រភេទណាមួយ • អ្នកជំងឺដែលមានជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទបេ និង/ ឬ សេ, អ្នកជំងឺមានផ្ទុកមេរោគអេដស៍ • អ្នកជំងឺលើសទម្ងន់ និងមានជំងឺទឹកនោមផ្អែម • អ្នកជំងឺដែលមានដុំសាច់មិនមែនមហារីកនៅថ្លើម (Benign liver masses) • អ្នកដែលបានពិសាស្រារយៈពេលយូរ។ តេស្តសម្រាប់ស្វែងរកជំងឺមហារីករួមមាន៖ 1. បច្ចេកទេស Ultrasound (Ultrasonography examination)៖ នេះជាតេស្តដែលប្រើប្រាស់នូវរលកសំឡេងក្នុងការបង្កើតជារូបភាពនៃថ្លើម ដើម្បីវាយតម្លៃពីស្ថេរភាពរបស់ថ្លើម និងរកនូវដុំសាច់ដែលអាចមាននៅនឹងថ្លើម។ បច្ចេកទេសនេះត្រូវបានណែនាំចំពោះអ្នកដែលត្រូវការរកមើលមហារីកថ្លើម និងគួរធ្វើឡើងរាល់ 6 ទៅ 12 ខែម្តងហើយការត្រួតពិនិត្យតាមរយៈបច្ចេកទេសនេះចាំបាច់ត្រូវធ្វើឡើងនៅពេលព្រឹក មុនពេលបរិភោគអាហារ។ បច្ចេកទេស Ultrasound ជាការធ្វើរោគវិនិច្ឆ័យទូទៅមួយដែលមានតម្លៃថោក ផ្តល់សុវត្ថិភាព (មិនប្រើប្រាស់កាំរស្មី) និងមានអត្ថប្រយោជន៍ចំពោះអ្នកអនុវត្ត ដោយសារវាជាដំណើរការថតរូបភាពដំបូងគេដែលមានទំនាក់ទំនងផ្ទាល់នឹងការត្រួតពិនិត្យបែបគ្លីនីក។ ក្រៅពីនោះ រូបភាព និងព័ត៌មានដែលទទួលបានក៏មានភាពត្រឹមត្រូវជាក់លាក់។ ក៏ប៉ុន្តែ សមត្ថភាពនៃបច្ចេកទេសនេះក៏មានកម្រិតផងដែរដែលតម្រូវឲ្យវេជ្ជណ្ឌិតត្រូវពិចារណា និងកត់ចំណាំទុក។ ដោយឡែក  Ultrasound គឺជាវិធីសាស្ត្រដែលទាមទារឲ្យមានអ្នកអនុវត្តផ្ទាល់ដូចនេះហើយ ភាពដែលអាចអនុវត្តឡើងវិញរបស់វាត្រូវបានកាត់បន្ថយ។ 2. ការធ្វើតេស្តឈាមរក Alfa-fetoprotein (AFP)៖ កោសិកាមហារីកថ្លើមអាចបង្កើតជាធាតុសម្រាប់សម្គាល់ (Marker) មួយហៅថា Alfa-fetoprotein ដែលអាចរកឃើញតាមរយៈការពិនិត្យឈាម និងឃើញមានកើនឡើងពី  50 ទៅ75% ចំពោះអ្នកជំងឺមហារីកថ្លើម។ គួររំលឹកឡើងវិញថា ធាតុសម្រាប់សម្គាល់នោះជាសារធាតុគីមីដែលបង្កើតឡើងដោយប្រភេទកោសិកាមហារីកជាក់លាក់មួយ និងត្រូវបានរកឃើញនៅក្នុងឈាមក្នុងកម្រិតខ្ពស់ជាងធម្មតា។ ទោះយ៉ាងណា មិនមែនមានតែអ្នកជំងឺដែលមានមហារីកថ្លើមមានការផលិតធាតុសម្គាល់នេះឡើយ តែអ្នកដែលមានបញ្ហាក្រិនថ្លើមក៏អាចមានការកើនឡើងនូវកម្រិតសារធាតុនេះផងដែរ បើទោះជាគេពុំមែនមហារីកថ្លើមក៏ដោយ។ AFP ក៏អាចមានការកើនឡើងផងដែរ ចំពោះស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺដែលមានបញ្ហាតាំងពីកំណើត។ សរុបមក បើសិនជាមិនមានការកើនឡើងនៃ AFP ក៏មិនមែនមានន័យថាអ្នកជំងឺពុំមានកោសិកាមហារីកថ្លើមដែរ ហើយប្រសិនបើកម្រិតរបស់ AFP កើនឡើង នោះក៏មិនអាចកំណត់បានថាអ្នកមានជំងឺមហារីកដូចគ្នា។ ហេតុនេះ ការធ្វើតេស្តឈាមរកធាតុសម្គាល់នេះតែឯង មិនអាចគ្រប់គ្រាន់ក្នុងការសន្និដ្ឋានលើមនុស្សគ្រប់គ្នាឡើយ។ ការរកមើលសារធាតុសម្គាល់នេះចាំបាច់ត្រូវធ្វើរៀងរាល់ 3ទៅ 6ខែម្តងចំពោះអ្នកជំងឺដែលមានបញ្ហាក្រិនថ្លើម ឬមានដុំសាច់នៅនឹងថ្លើម ហើយជាទូទៅត្រូវបានធ្វើឡើងនៅថ្ងៃតែមួយនឹងការធ្វើតេស្តតាមរយៈ Ultrasound ទៅលើថ្លើម។ អ្នកជំងឺត្រូវមកពិនិត្យឈាមនៅពេលព្រឹក  មុនពេលបរិភោគអាហារ។ ដោយសារតែនៅកម្ពុជាពុំទាន់មានផ្តល់នូវកម្មវិធីត្រួតពិនិត្យថ្នាក់ជាតិចំពោះមហារីកថ្លើមកម្រិតដំបូង ដូចនេះ ការមកទទួលការតាមដានសុខភាពឲ្យបានទៀងទាត់ជាមួយ វេជ្ជបណ្ឌិតត្រូវបានណែនាំជាពិសេសចំពោះអ្នកដែលមានការប្រឈមខ្ពស់នឹងជំងឺមហារីកថ្លើម។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ  ព្រមទាំងជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

១. តើការឆ្លុះមើលពោះវៀនធំគឺជាអ្វី? (Colonoscopy)  ការឆ្លុះមើលពោះវៀនធំ គឺជាការធ្វើតេស្តមួយដែលអាចអោយយើងមើលនៅផ្ទៃខាងក្នុងនៃពោះវៀនធំរបស់មនុស្ស។ ជាញឹកញាប់ វេជ្ជបណ្ឌិតធ្វើការឆ្លុះមើលពោះវៀនធំដើម្បីពិនិត្យរកមើលការដុះសាច់ (polyps) ឬសម្រាប់ធ្វើរោគវិនិច្ឆ័យ ជំងឺមហារីកពោះវៀនធំ (colorectal cancer)។ ការដុះសាច់ (polyps) ជាការលូតលាស់មិនប្រក្រតីនៃផ្ទៃខាងក្នុងនៃពោះវៀនធំ ដែលអាចវិវត្តទៅជាមហារីកពោះវៀនធំបាន។ ប្រសិនបើអ្នកមានការដុះសាច់ វេជ្ជបណ្ឌិតអាចនឹងយកពួកវាចេញក្នុងពេលឆ្លុះមើលពោះវៀនធំនោះតែម្តង។ ការកាត់សាច់ដុះ (polypectomy) ជួយបន្ថយឱកាសនៃការកើតជំងឺមហារីកពោះវៀនធំបាន។ ការធ្វើតេស្តពិនិត្យរកមហារីក (cancer screening) គឺជាការធ្វើតេស្តដែលត្រូវបានធ្វើឡើង ដើម្បីព្យាយាមរកអោយឃើញជំងឺមហារីកមុនពេលដែលមនុស្សម្នាក់មានរោគសញ្ញា។ មហារីកដែលត្រូវបានរកឃើញនៅដំណាក់កាលដំបូងជាទូទៅមានទំហំតូច និងអាចត្រូវបានព្យាបាលយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព។ ការធ្វើតេស្តរកជំងឺមហារីកពោះវៀនធំមានច្រើនវិធី ប៉ុន្ដែការឆ្លុះមើលពោះវៀនធំ នៅតែជាតេស្តល្អបំផុតដែល វេជ្ជបណ្ឌិតបានជ្រើសរើសយក។ ២.នៅពេលណាដែលខ្ញុំគួរតែមានការតាមដានរកជំងឺមហារីកពោះវៀនធំ? ក្រុមវេជ្ជបណ្ឌិតបានផ្ដល់អនុសាសន៍ថាមនុស្សភាគច្រើន ត្រូវចាប់ផ្តើមតាមដានរកមើល ជំងឺមហារីកពោះវៀនធំនៅអាយុ 50 ។ មនុស្សខ្លះមានការប្រឈមមុខខ្ពស់នឹងការកើតជំងឺមហារីកពោះវៀន ដោយសារតែមានប្រវត្តិគ្រួសារមាន ឬមានលក្ខខណ្ឌវេជ្ជសាស្រ្តមួយចំនួន។ មនុស្សទាំងនេះ អាចនឹងចាប់ផ្តើមការតាមដានរកមើល ជំងឺមហារីកពោះវៀនធំនៅវ័យក្មេងជាងប្រជាជនទូទៅ។ ៣.តើអ្វីទៅជាហេតុផលផ្សេងទៀតដែលគ្រូពេទ្យអាចផ្ដល់យោបល់ឲ្យដើម្បីធ្វើការឆ្លុះមើលពោះវៀនធំ? វេជ្ជបណ្ឌិតអាចផ្តល់យោបល់ឲ្យអ្នកធ្វើការឆ្លុះពោះវៀនធំប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម ៖ - មានឈាមនៅក្នុងលាមក - ការផ្លាស់ប្តូរទម្លាប់ក្នុងការបន្ទោរបង់ដូចជារាគរូសរាំរ៉ៃ - ភាពស្លេកស្លាំង - ឈឹពោះរយៈពេលវែង ឬ ឈឺទ្វារធំ - មានប្រវត្តិជំងឺមហារីកពោះវៀនធំ ឬដុះសាច់ក្នុងពោះវៀនធំ។ ៤. តើមានអ្វីដែលខ្ញុំគួរធ្វើមុនពេលការឆ្លុះពោះវៀន? វេជ្ជបណ្ឌិតនឹងផ្ដល់សេចក្ដីណែនាំអំពីអ្វីដែលត្រូវធ្វើមុនពេលការឆ្លុះពោះវៀន។ គាត់នឹងប្រាប់អ្នកពី អាហារដែលអ្នកអាចបរិភោគនិង មិនអាចបរិភោគ។ គាត់នឹងប្រាប់អ្នកថាតើអ្នកត្រូវការបញ្ឈប់ការប្រើថ្នាំណាមួយនៃថ្នាំប្រចាំថ្ងៃរបស់អ្នកជាមុន។ អ្នកអាចនឹងបញ្ឈប់ថ្នាំមួយចំនួនរហូតដល់ទៅមួយសប្តាហ៍មុនពេលការធ្វើតេស្តនេះ។ ពោះវៀនធំត្រូវការបានសម្អាតចេញមុនពេលការឆ្លុះពោះវៀន។ វេជ្ជបណ្ឌិតនឹងផ្ដល់ឱ្យអ្នកនូវទឹកថ្នាំមួយដែលបណ្តាលឱ្យបន្ទោបង់ញឹក។​ វាជាការសំខាន់ ដើម្បីផឹកទាំងអស់របស់វា​ ដើម្បីធ្វើឲ្យប្រាកដថាពោះវៀនធំរបស់អ្នក គឺស្អាត។ ៥. តើមានអ្វីកើតឡើង ក្នុងអំឡុងពេលការឆ្លុះពោះវៀន? វេជ្ជបណ្ឌិតនឹងផ្តល់ឲ្យអ្នកនូវថ្នាំ ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ថាបានសម្រាក។ បន្ទាប់មកគាត់នឹងដាក់បំពង់តូចមួយចូលក្នុងទ្វារធំ គាត់នឹងមើលស្រទាប់ខាងក្នុងនៃពោះវៀនធំទាំងមូលក្នុងអំឡុងពេលឆ្លុះពោះវៀន។​ វេជ្ជបណ្ឌិតអាចធ្វើតេស្តមួយដែលហៅថាការធ្វើកោសល្យវិច័យ ដោយការកោសយកផ្នែកតូចមួយនៃជាលិកាពោះវៀនធំ។ បន្ទាប់មកគាត់នឹងយកជាលិកានោះទៅពិនិត្យមើលតាមមីក្រូទស្សន៍ ដើម្បីមើលថាតើវាមានរោគមហារីក រឺក៏អត់។ ៥. តើមានអ្វីកើតឡើង បន្ទាប់ពីការឆ្លុះពោះវៀន? វេជ្ជបណ្ឌិតនឹងផ្ដល់ឱ្យអ្នកនូវការណែនាំអំពីអ្វីដែលត្រូវធ្វើបន្ទាប់ពីការឆ្លុះពោះវៀន។ មនុស្សភាគច្រើនអាចបរិភោគជាធម្មតា។ វេជ្ជបណ្ឌិតនឹងប្រាប់អ្នកពេលដែលត្រូវចាប់ផ្តើមប្រើឡើងវិញ នូវថ្នាំណាមួយដែលអ្នកបានឈប់មុនពេលធ្វើតេស្ត។ ៦. នៅពេលដែលខ្ញុំគួរហៅទូរស័ព្ទទៅវេជ្ជបណ្ឌិត ឬគិលានុបដ្ឋាយិការបស់ខ្ញុំ? ហៅទូរស័ព្ទទៅវេជ្ជបណ្ឌិតឬគិលានុបដ្ឋាយិការបស់អ្នកភ្លាមប្រសិនបើអ្នកមានបញ្ហាដូចខាងក្រោមនេះ ៖ - ចុកពោះខ្លាំង - ក្អួត - គ្រុនក្តៅ - ការហូរឈាមច្រើនតាមទ្វារធំ។ ចំណេះដឹងទូទៅខ្លីៗ ១ / ការប្រឈមមុខនឹងជំងឺនេះកើនតាមអាយុ ច្រើនជាង ៩០ % នៃជំងឺមហារីកពោះវៀនធំត្រូវបានរកឃើញនៅអាយុ ៥០ ឆ្នាំឡើងទៅ។ ២ / ការដុះសាច់នៅដំណាក់កាលមុនមហារីក ឬមហារីកនៅដំណាក់កាលដំបូង ជាទូទៅមិនបង្កអោយមានរោគសញ្ញាអ្វីទេ ដូច្នេះការតាមដានស្វែងរកជំងឺនេះមានសារៈសំខាន់ខ្លាំងណាស់។ ៣ / មនុស្សខ្លះមានការប្រឈមមុខខ្ពស់នឹងការកើតជំងឺមហារីកពោះវៀន ដោយសារតែមានប្រវត្តិគ្រួសារមានឬ មានលក្ខខណ្ឌវេជ្ជសាស្រ្តមួយចំនួន។ មនុស្សទាំងនេះអាចនឹងចាប់ផ្តើមការតាមដានរកមើល ជំងឺមហារីកពោះវៀនធំនៅវ័យក្មេងជាងប្រជាជនទូទៅ។ ៤ / ការធ្វើតេស្តរកជំងឺមហារីកពោះវៀនធំមានច្រើនវិធី ប៉ុន្ដែការឆ្លុះមើលពោះវៀនធំ នៅតែជាតេស្តល្អបំផុតដែលវេជ្ជបណ្ឌិតបានជ្រើសរើសយកមកប្រើប្រាស់។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top