
- Jul 19, 2017 |
- 8 ឆ្នាំមុន |
- 4.6K មើល
[ការសិក្សា] អ្នកដែលទទួលទានកាហ្វេពិតជាអាចរស់យូរបានមែនទេ?
អ្នកញៀននឹងកាហ្វេជាច្រើន ជារឿយៗតែងតែនិយាយថា «ការទទួលភេសជ្ជៈដែលមានរសជាតិល្វីងនេះធ្វើឲ្យជីវិតរស់នៅមានន័យ» ប៉ុន្តែទម្លាប់មួយនេះក៏អាចជួយឲ្យពួកគេរស់បានយូរដែរ នេះបើយោងតាមការបកស្រាយរបស់ការសិក្សាអន្តរជាតិធំៗចំនួនពីរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបានបញ្ជាក់ថារបាយការណ៍របស់សហរដ្ឋអាមេរិក និងអឺរ៉ុបដែលបានធ្វើការផ្សព្វផ្សាយនៅក្នុង Annals of Internal Medicine មិនបានបង្ហាញថា «កាហ្វេគឺពិតជាហេតុផលដែលធ្វើឲ្យអ្នកដែលទទួលទានកាហ្វេអាចរស់បានយូរទេ»។ ផ្ទុយទៅវិញ ការសិក្សាស្រាវជ្រាវទាំងពីរនេះមានលក្ខណៈជាការសង្កេតមានន័យថាពួកគេបានបង្ហាញពីទំនាក់ទំនងរវាងការទទួលទានកាហ្វេ និងទំនោរទៅរកភាពមានអាយុវែងប៉ុន្តែពួកគេមិនបានពន្យល់ពីមូលហេតុដែលនៅពីក្រោយទំនាក់ទំនងទាំងពីរនេះទេ។ ការសិក្សាទីមួយត្រូវបានដឹកនាំដោយ The International Agency for Research on Cancer (IARC) និង Imperial College London។ ពួកគេបានសង្កេតទៅលើមនុស្សជាងកន្លះលាននាក់ដែលរស់នៅក្នុងប្រទេសចំនួន ១០ក្នុងទ្វីបអឺរ៉ុប។ ការសិក្សាបានបង្ហាញថា អ្នកដែលទទួលទានកាហ្វេ ៣កែវក្នុងមួយថ្ងៃទំនងជារស់បានយូរជាងអ្នកដែលមិនផឹកកាហ្វេ។ អ្នកស្រាវជ្រាវបានពណ៌នាការសិក្សានេះថាជាការវិភាគមួយដ៏ធំបំផុតអំពីឥទ្ធិពលនៃការទទួលទានកាហ្វេរបស់ប្រជាជនអឺរ៉ុប។ លោក Marc Gunter គឺជាអ្នកដឹកនាំការស្រាវជ្រាវមកពី IARC និងជាអតីតអ្នកដឹកនាំនៃសាសាសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Imperial បាននិយាយថា “យើងបានរកឃើញថាការទទួលទានកាហ្វេក្នុងកម្រិតមួយច្រើនបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃការស្លាប់ពីមូលហេតុជាច្រើន ជាពិសេសនោះគឺពីជំងឹសរសៃឈាមបេះដូង និងជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ”។ អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះគឺថា លទ្ធផលនៃការសិក្សាទាំងនេះគឺស្រដៀងគ្នានៅទូទាំងប្រទេសទាំង ១០ក្នុងទ្វីបអឺរ៉ុបជាមួយនឹងទម្លាប់នៃការទទួលទានកាហ្វេនិងទំនៀមទម្លាប់របស់ពួកគេ។ ការសិក្សាទីពីរមានការចូលរួមពីប្រជាជនចម្រុះជាតិសាសន៍ដែលរស់នៅក្នុងសហរដ្ឋអាមេរិកប្រមាណជា ១៨០.០០០នាក់ ដែលបានបង្ហាញថា អ្នកដែលទទួលទានកាហ្វេមានការថយចុះហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង មហារីក ជំងឹដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើម និងជំងឺតម្រងនោម។ អ្នកដែលទទួលទានកាហ្វេមួយកែវក្នុងមួយថ្ងៃ គឺមាន ១២%មិនសូវស្លាប់ដោយសារជំងឺទាំងនេះទេ បើប្រៀបធៀបជាមួយនឹងអ្នកដែលមិនទទួលទានកាហ្វេសោះ ចំពោះអ្នកដែលទទួលទានកាហ្វេពី ២ទៅ៣កែវក្នុងមួយថ្ងៃគឺអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺទាំងនេះបានដល់ទៅ១៨%។ លោកស្រីវេជ្ជបណ្ឌិត Veronica Setiawan ដែលជាសាស្ត្រាចារ្យរងនៅឯមហាវិទ្យាល័យវេជ្ជសារស្ត្រ Keck នៃសាកលវិទ្យាល័យ Southern California បាននិយាយថា“យើងមិនអាចនិយាយបានទេថាការទទួលទានកាហ្វេអាចនឹងធ្វើឲ្យអ្នកមានអាយុវែង ប៉ុន្តែយើងគ្រាន់តែឃើញថាវាមានទំនាក់ទំនងមួយ”។ “ប្រសិនបើអ្នកចូលចិត្តទទួលទានកាហ្វេ បន្តទម្លាប់នេះចុះ។ ប្រសិនបើអ្នកមិនមែនជាអ្នកទទួលកាហ្វេទេ ដូច្នេះ អ្នកគួរតែពិចារណាចាប់ផ្ដើមទទួលទានវាទៅ។” សារដាស់តឿនពីអ្នកជំនាញ អ្នកជំនាញដែលមិនបានចូលរួមក្នុងការសិក្សាស្រាវជ្រាវចុងក្រោយនេះ បានធ្វើការដាស់តឿនក្នុងការបកស្រាយនូវលទ្ធផលដែលទទួលបានពីការសិក្សានេះ។ ឧទាហរណ៍ ការសិក្សារបស់អឺរ៉ុបបានមិនរាប់បញ្ចូលអ្នកដែលមានជំងឺមហារីក អ្នកជំងឺបេះដូង ឬជំងឺទឹកនោមផ្អែមទេ គឺថាពួកគេធ្វើការសិក្សាទៅលើតែអ្នកដែលមានអាយុលើសពី ៣៥ឆ្នាំហើយជាទូទៅមានសុខភាពល្អ។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការសាកសួរអំពីការទទួលទានកាហ្វេតែម្ដងគត់នៅពីដំបូង ហើយពួកគេមិនបានធ្វើការប្រមូលយកទិន្នន័យថ្មីទេក្នុងរយៈពេលនៃការសិក្សានេះដែលរួមបញ្ចូលទាំងការតាមដានជាមធ្យមមានរយៈពេល១៦ឆ្នាំ។ ទីបំផុតការសិក្សាបានរកឃើញសញ្ញានៃទំនាក់ទនងមួយរវាងស្ត្រីដែលទទួលកាហ្វេក្នុងបរិមាណមួយដ៏ច្រើន និងហានិភ័យខ្ពស់ប្រឈមនឹងការស្លាបដោយជំងឺមហារីក ប៉ុន្តែពួកគេមិនបានសង្កត់ធ្ងន់ទៅលើការរកឃើញនេះទេដោយនិយាយថា វាអាចមិនត្រឹមត្រូវ។ លោកសាស្ត្រាចារ្យ Naveed Sattar ជាសាស្ត្រាចារ្យផ្នែកមេតាបូលីសនៃសាកលវីទ្យាល័យ Glasgow បាននិយាយថា “សេចក្ដីសន្និដ្ឋាននេះមិនអាចបញ្ចុះបញ្ចូលខ្ញុំឲ្យចាប់ផ្ដើមទទួលទានកាហ្វេ ឬណែនាំអ្នកដទៃឲ្យទទួលទានកាហ្វេកាន់តែច្រើនដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូងនោះទេ។ ទោះបីជាការសិក្សាមានទំហំធំប៉ុនណាក៏ដោយក៏ខ្ញុំនៅតែមិនជឿជាក់ថាទំនាក់ទំនងរវាងកាហ្វេ និងការកាត់បន្ថយហានិភ័យនៃការស្លាប់ដោយជំងឺបេះដូងនេះ គឺជាទំនាក់ទំនងដ៏ត្រឹមត្រូវមួយ ហើយកាហ្វេពិតជាមានការការពារយ៉ាងនេះមែននោះទេ”។ លោកបានបន្តថាចំណុចខ្សោយមួយនៃការសិក្សានេះ គឺមនុស្សនឹងបញ្ឈប់ ឬកាត់បន្ថយការទទួលទានកាហ្វេរបស់ពួកគេនៅពេលពួកគេឈឺ ដូច្នេះ ការសិក្សានេះ គឺនៅមានការលំអៀង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក