Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

កង្វល់នៃមនុស្សសម័យថ្មីច្រើនតែជាបញ្ហាឡើងទម្ងន់ ក៏ដូចជាបរិមាណខ្លាញ់លើសកម្រិតនៅក្នុងសារពាង្គកាយ ហើយក៏ប្រហែលជាមើលរំលងពីកម្រិតជាតិខ្លាញ់នៅលើមុខរបស់ខ្លួន។ ប៉ុន្តែតើអ្នកដឹងទេថា វាអាចនឹងធ្វើឲ្យបាត់បង់នូវសោភ័ណភាពនៃមុខមាត់របស់អ្នក និងកាត់បន្ថយនូវមន្តស្នេហ៍ទាក់ទាញរបស់រូបអ្នកផងដែរ? អ្វីដែលមនុស្សជាទូទៅដឹងនោះ គឺថាយោគៈអាចនឹងជួយឲ្យសាច់ដុំក្បាលពោះរបស់អ្នកថយចុះ ឬក៏សម្រកទម្ងន់ ហើយនៅក្នុងអត្ថបទនេះ ហេលស៍ថាម នឹងបង្ហាញជូនលោកអ្នកនូវចលនាយោគៈលើមុខដែលលោកអ្នកគួរអនុវត្ត ដើម្បីទទួលបានទម្រង់មុខជាទីគាប់ចិត្ត៖ យោគៈកាត់បន្ថយមុខប៉ោង •បិទមាត់ឲ្យជិត ដោយឲ្យបបូរមាត់លើជាប់ជាមួយនឹងបបូរមាត់ក្រោម •ផ្លុំខ្យល់តាមក្រោមបបូរមាត់ខាងលើ ហើយស្ថិតនៅបែបនេះប្រមាណ១០វិនាទី •ផ្ទេរខ្យល់ទៅថ្ពាល់ខាងឆ្វេង ហើយស្ថិតនៅបែបនេះប្រមាណ១០វិនាទីទៀត •ផ្ទេរខ្យល់ទៅថ្ពាល់ខាងស្តាំវិញ ហើយស្ថិតនៅបែបនេះប្រមាណ១០វិនាទី •ធ្វើបែបនេះ ប្រមាណ១០-១៥ដង យោគៈឲ្យសាច់ដុំមុខហាប់ណែន និងបន្ថយជាតិខ្លាញ់លើមុខ ◊វិធីទី១ •ដកដង្ហើមចូលឲ្យវែងតាមមាត់ ហើយបំពេញវាដោយខ្យល់ •បិទមាត់ភ្លាមៗ ហើយផ្ទេរខ្យល់ពីថ្ពាល់ម្ខាង ទៅថ្ពាល់ម្ខាងទៀត (ធ្វើឲ្យដូចជាអ្នកកំពុងខ្ពុរមាត់ក្នុងទឹក) •ធ្វើបែបនេះប្រមាណ១៥ដង ◊វិធីទី២ •ច្បូញមាត់ចូលក្នុង ហើយក្របួចមាត់ •ស្ថិតនៅបែបនេះ ហើយព្យាយាមញញឹមបែបនេះឲ្យបាន៥វិនាទី •ធ្វើឡើងវិញឲ្យបានប្រហែល១០ដង យោគៈបំបាត់ចង្កាបឿ  (ចង្កាពីរជាន់) •ផ្អៀងក្បាលទៅលើ ហើយព្យាយាមសម្លឹងមើលឡើងលើ •ទាញបបូរមាត់ចូលគ្នាឲ្យតឹង •នៅបែបនេះប្រមាណ១០វិនាទី ហើយសម្រាក •ធ្វើបែបនេះឲ្យបាន១០ដង យោគៈបន្តឹងស្បែកមុខ •ដកដង្ហើមចូលតាមច្រមុះ •ក្តាប់ដៃឲ្យតឹង ហើយច្របាច់សាច់ដុំមុខរបស់អ្នក •ដកដង្ហើមចេញតាមមាត់ ដោយលាអណ្តាតចេញក្រៅឲ្យខ្លាំងតាមដែលអាចធ្វើបាន ព្រមទាំងបើកភ្នែកឲ្យធំខ្លាំងដូចគ្នា ហើយក៏ពន្លាដៃរបស់អ្នកផងដែរ     •ស្ថិតនៅបែបនេះប្រមាណ១០វិនាទី ហើយសឹមសម្រាក •ធ្វើឡើងវិញ៣ដង យោគៈឲ្យមើលទៅមុខក្មេងជាងវ័យ •ធ្វើចលនាបបូរមាត់លើ •ទាញវាឡើងលើឲ្យដល់ជិតច្រមុះតាមដែលអាចធ្វើបាន •រក្សាលំនឹងនេះឲ្យបាន១៥វិនាទី •ធ្វើឡើងវិញ៥ដង យោគៈជួយឲ្យឆ្អឹងថ្ពាល់ខ្ពស់ជាងមុន •ចាប់ផ្តើមដោយធ្វើចលនាថ្គាម ឲ្យដូចជាអ្នកកំពុងតែទំពារអ្វីម្យ៉ាង •ត្រូវប្រាកដថាបបូរមាត់របស់អ្នកត្រូវបានបិទ •ដកដង្ហើមចូលឲ្យវែង ហើយដកដង្ហើមយឺតៗពេលដកដង្ហើមចេញមកវិញ •បើកមាត់ឲ្យធំ ហើយដាក់អណ្តាតឲ្យទល់ជាមួយនឹងធ្មេញខាងក្រោម •ធ្វើបែបនេះប្រមាណ៥វិនាទី •ធ្វើឡើងវិញ១០ដង យោគៈឲ្យសាច់ដុំបបូរមាត់ហាប់ណែន •ផ្លុំខ្យល់ចេញក្រៅតាមមាត់ •ធ្វើឡើងវិញចំនួន៤ដង •ដាក់ម្រាមដៃចង្អុល និងម្រាមដៃកណ្តាលទន្ទឹមគ្នា ហើយដាក់សង្កត់នៅលើបបូរមាត់ •ធ្វើឡើងវិញចំនួន៤ដង ប្រសិនបើអ្នកប្រាថ្នាចង់បានមុខស្លីម លោកអ្នកអាចធ្វើការសាកល្បងនូវចលនាយោគៈដែលបានណែនាំខាងលើនេះសាកលមើល ថាតើវាអាចនឹងមានប្រសិទ្ធភាពឬទេ? ប្រសិនបើមាន តើបានដល់កម្រិតណា?  វិធីងាយៗមិនចំណាយប្រាក់ច្រើន ហើយមានសុវត្ថិភាពបែបនេះ មិនសាក ធ្វើម៉េចនឹងដឹងលទ្ធផលទៅ?

ចែករំលែក

កិច្ចការងារមួយដែលនឹងសម្រេចទៅបានដោយជោគជ័យ ទាមទារជាចាំបាច់នូវការប្រមូលផ្តុំស្មារតីក្នុងការប្រកបការងារឲ្យមូល   ប៉ុន្តែវាមិនងាយដូចជាមាត់និយាយនោះទេ  ព្រោះថានៅជុំវិញខ្លួនមនុស្សយើងរាល់ថ្ងៃនេះ គឺពោរពេញទៅដោយកត្តាផ្សេងៗជាច្រើន ជាពិសេសសំឡេងរំខានដែលចាប់ទាញចំណាប់អារម្មណ៍របស់យើង ជាហេតុនាំឲ្យបែកអារម្មណ៍។ សម្រាប់អ្នកដែលមានការប្តេជ្ញាចិត្តមុតមាំ និងស្មារតីខ្ពស់ វាអាចនឹងជារឿងមួយងាយស្រួលសម្រាប់ពួកគេក្នុងការរក្សាស្មារតីឲ្យនៅមូលនឹងការងារ។ ចំណែកឯអ្នកដែលងាយនឹងត្រូវទទួលរងការរំខានវិញ វាប្រហែលជាកិច្ចការមួយពិបាកបន្តិច តែសូមកុំព្រួយបារម្ភអ្វី...សូមសាកល្បងធ្វើតាមគន្លឹះ១១យ៉ាងខាងក្រោមនេះ... បិទរាល់ឧបករណ៍ដែលបង្កសំឡេងរំខាន   មជ្ឈដ្ឋាននៅជុំវិញខ្លួនជាកត្តាសំខាន់បំផុត វាមានឥទ្ធិពលជាងគេទៅលើស្មារតីរបស់យើងម្នាក់ៗ ហេតុដូច្នេះហើយ ធ្វើយ៉ាងណាបរិយាកាសដែលអ្នកប្រកបកិច្ចការ ជាបរិយាកាសដែលស្ងប់ស្ងាត់ដោយមិនមានសំឡេងរំខានពីទូរទស្សន៍ វិទ្យុ ឬឧបករណ៍តន្រ្តីផ្សេងៗ។ សរសេរ «អារម្មណ៍ស្ងប់» ហើយដាក់នៅជិតខ្លួន   សរសេរបែបនេះ ហើយដាក់ក្រដាសនោះនៅកន្លែងណាដែលងាយនឹងមើលឃើញជាងគេ។ រាល់ពេលដែលអ្នកក្រឡេកឃើញវា អ្នកត្រូវទម្លាក់ស្មាចុះ ដោយប្រាកដថាមាត់មិនមានទំពារអ្វី ហើយរក្សាការគិតឲ្យស្ងប់។ រៀបចំកន្លែងឲ្យមានសណ្តាប់ធ្នាប់ អ្វីដែលអ្នកមិនគួរមើលរំលង គឺការរៀបចំកន្លែងដែលអ្នកអង្គុយធ្វើការ។ សណ្តាប់ធ្នាប់ពីបរិយាកាសខាងក្រៅមាននាទីយ៉ាងសំខាន់ក្នុងការជួយបុគ្គលម្នាក់ៗឲ្យប្រមូលផ្តុំអារម្មណ៍ ដូច្នេះហើយ ត្រូវរៀបចំទីកន្លែងទាំងនោះឲ្យមានភាពទាក់ទាញ សណ្តាប់ធ្នាប់ ហើយអ្វីដែលមិនអាចខ្វះបាន គឺពន្លឺគ្រប់គ្រាន់។ កាត់បន្ថយការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ កុំទម្លាប់ជឿជាក់ថា មនុស្សដែលឆ្លៀតធ្វើកិច្ចការងារច្រើនយ៉ាងក្នុងពេលតែមួយចំណេញឲ្យសោះ ថ្វីត្បិតថាអ្នកបានចំណេញពេលវេលាពិតមែន តែប្រសិទ្ធភាព និងគុណភាពនៃលទ្ធ-ផលការងារមិនដូចចិត្តឡើយ។ ដូចនេះហើយ អ្នកគួរចៀសវាងការធ្វើសកម្មភាពពីរក្នុងពេលតែមួយដូចជា កុំនិយាយទូរស័ព្ទស្របពេលលាងចាន ឬពិនិត្យអ៊ីម៉ែលស្របពេលស្តាប់ទូរស័ព្ទ ជាដើម។ បិទសំឡេងរោទិ៍ចេញពីទូរស័ព្ទ   សំឡេងដែលបន្លឺចេញពីទូរស័ព្ទដៃជាប្រភពដ៏ចម្បងមួយនៃការរំខាន ដែលងាយនឹងកើតឡើងជាងគេ ហើយវាក៏ជាដើមចងដែលធ្វើឲ្យអារម្មណ៍ច្រួលច្រាល និងមួរម៉ៅ។ ទុកពេលវេលាសម្រាប់ខ្លួនឯង វាជារឿងមួយល្អដែលអ្នកបានរៀបចំបញ្ជីនៃកិច្ចការងារដែលត្រូវធ្វើជាប្រចាំថ្ងៃ  ប៉ុន្តែអ្នកមិនគួរប្រញាប់ធ្វើវាទាំងអស់ក្នុងរយៈពេលមួយថ្ងៃពេញនោះទេ។ ខួរក្បាលមនុស្សក៏មិនខុសពីគ្រឿងអេឡិចត្រូនិចដែរ វាត្រូវការពេលសម្រាកខ្លះ ដើម្បីប្រមូលផ្តុំ ក៏ដូចជាបង្កើនថាមពលឡើងវិញ។ ប្រើប្រាស់អ៊ីនធឺណែតសម្រាប់តែក្នុងករណីចាំបាច់ អ្នកគួរតែប្រើប្រាស់អ៊ីនធឺណែតសម្រាប់តែការស្រាវជ្រាវរកព័ត៌មានសំខាន់ៗ ឬធ្វើការទំនាក់ទំនងចាំបាច់ប៉ុណ្ណោះ ហើយកុំព្យាយាមការចុចចូលបន្តពីតំណមួយទៅតំណមួយទៀត ឬការរកមើលនេះមើលនោះដោយគ្មានគោលដៅ។ បិទសារអេឡិចត្រូនិចពេលខ្លះ ប្រសិនបើអ្នកធ្វើការងារច្រើនជាមួយនឹងសារអេឡិចត្រូនិច អ្នកក៏គួរកាត់បន្ថយពេលវេលាខ្លះជាមួយនឹងវា។ បញ្ឈប់ការរាប់ចំនួន ចៀសវាងការសម្លឹងមើលនាឡិកា កិច្ចសន្យា របាយការណ៍ធនាគារ និងរបស់ផ្សេងៗជាច្រើនទៀតដែលពាក់ព័ន្ធនឹងចំនួន ដើម្បីឲ្យខួរក្បាល និងការគិតរបស់អ្នកបានផ្តោតលើកិច្ចការងារផ្សេងទៀត។ ធ្វើលំហាត់ប្រាណ វាជាការពិតដែលគេនិយាយតៗគ្នា ការសម្រាកជារឿយៗជួយឲ្យខួរ-ក្បាលស្រឡះល្អ និងអាចប្រមូលផ្តុំស្មារតីបានល្អ  ប៉ុន្តែវាក៏ត្រូវមានកម្រិតផងដែរ។ កុំផ្តោតតែលើការងារ មិនថាមានការងារសំខាន់ប៉ុណ្ណាត្រូវធ្វើនោះទេ អ្នកក៏ត្រូវមានចន្លោះ ពេលខ្លះសម្រាប់ធ្វើការងារខ្លះដើម្បីខ្លួនឯង ហើយរំដោះខ្លួនពីការខំប្រឹងប្រែងហួសកម្រិតនោះ។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពការងារ អ្នកគួរមានភាពឆ្លាតវៃក្នុងការផ្លាស់ប្តូរការគិតរបស់ខ្លួនចំពោះរឿងណាដែលសំខាន់ និងមានប្រយោជន៍សម្រាប់ខ្លួន។

ចែករំលែក

ធ្លាប់គិតថាសម្រាប់ឆ្នាំថ្មីនេះចង់កែប្រែខ្លួនឯងខ្លះអត់? ពិតណាស់!!! មនុស្សមួយចំនួនចង់កែប្រែទម្លាប់ ខ្លះចង់កែប្រែអត្តចរិត ខ្លះចង់កែប្រែការរស់នៅ ក្នុងខណៈដែលមនុស្សភាគច្រើនចង់ផ្លាស់រូបរាងរបស់ពួកគេ។ វាជារឿងពិតដែលពិបាកនឹងប្រកែក មនុស្សម្នាក់ៗតែងប្រាថ្នាចង់បានរាងតូច ស្លីម ស្អាត ដែលអ្នកខ្លះព្យាយាមអត់អាហារ និងហាត់ប្រាណ ប៉ុន្តែសួរថា មនុស្ស ប៉ុន្មាននាក់ដែលជោគជ័យ? ក្នុងខណៈនេះ អេមេដគ្លីនិកចង់បង្ហាញពីវិធីថ្មីដែលអាចជួយឲ្យអ្នកទទួលបានរាងស្អាតសិចស៊ី ដែលក្នុងនោះមានវីធី3យ៉ាងដែលអ្នកអាចជ្រើសរើសបាន។ វិធីទី1៖ សេវាកម្ម Slim Vaser ជាវិធីដែលមានប្រសិទ្ធិភាពបំផុតដែលអាចទទួលលទ្ធផលបានដល់ទៅ 60% បន្ទាប់ពីធ្វើសេវាកម្មរួច។ Slim Vaser គឺការសម្រក រាងដោយការបូមខ្លាញ់ ចេញពីរាងកាយតាមផ្នែកផ្សេងៗ។ ខ្លាញ់ដែលបានបូមចេញមកគឺជាខ្លាញ់ដែលមិនមានអត្ថប្រយោជន៍ដល់រងកាយ។ ការបូមខ្លាញ់នៅអេមេដគ្លីនិកគឺធ្វើឡើងយ៉ាងយកចិត្តទុកដាក់ពីសំណាក់វេជ្ជបណ្ឌិតជនជាតិថៃមានជំនាញមកពីបរទេស ព្រមទាំងមានបទពិសោធន៍យូរឆ្នាំ។ ការបូមខ្លាញ់មិនមានភាពឈឺចាប់ ឬផលប៉ះពាល់ដល់សុខភាពនោះទេ និងមានមុខរបួសតូចប៉ុណ្ណោះ។ បន្ទាប់ពីបូមរួចអ្នកអាចដើរលេង ឬធ្វើការបានធម្មតាដោយមិនចាំបាច់សម្រាកដូចការវះកាត់ឡើយ។ វិធីទី2៖ សេវាកម្ម Slim Shape សេវាកម្ម Slim Shape គឺស័ក្តិសមសម្រាប់អ្នកដែលខ្លាចការវះកាត់ និងបូមខ្លាញ់។ វាគឺជាការសម្រករាង និងបន្តឹងតាមផ្នែកផ្សេងៗដូចជាភ្លៅ ដើមដៃ និងក្បាលពោះតាមរយៈការម៉ាស្សាដោយម៉ាស៊ីន។ ការម៉ាស្សាដោយម៉ាស៊ីនមានច្រើនដំណាក់កាលដែលពិតជាអាចជួយឲ្យអ្នកទទួលបានរាងស្អាត ហើយការម៉ាស្សានេះមិនមានភាពឈឺ ចាប់ ឬប៉ះពាល់ដល់សុខភាពទេ។ លោក ខាត់ វៃហាំង និងលោក ជា លាងឈែ តារាសម្តែងដែលមានឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជាបានសម្រេចចិត្តជ្រើសយកសេវាកម្ម Slim Shape ពីអេមេដគ្លីនិកផងដែរដោយសារតែភាពមមាញឹកនឹងការងារសិល្បៈ មិនមានពេលគ្រប់គ្រាន់ដើម្បីធ្វើលំហាត់ប្រាណ។ ពួកគាត់ពិតជាពេញចិត្តនឹងលទ្ធផលដែលទទួលបាន ក៏ព្រោះតែSlimShape អាចជួយថែរក្សារាងពួកគាត់ឲ្យនៅតែស្អាត។ វិធីទី3៖ ផលិតផលសម្រាប់ទទួលទាន ក្រៅអំពីសេវាកម្ម អេមេដគ្លីនិកក៏មានជាផលិតផលសម្រាប់យកទៅទទួលទាននៅផ្ទះផងដែរ។ផលិតផលទាំងនេះពិតជាស័ក្តិសមសម្រាប់អ្នកដែលមានភាពមមាញឹក មិនអាចមកទទួលសេវាកម្ម។ Messo Body Shock ជាផលិតផលថ្មីដែលទើបមកដល់កម្ពុជាតាមរយៈ អេមេដគ្លីនិក។ Messo Body Shock គឺត្រូវបានរកឃើញ និងផលិតនៅ ប្រទេសអេស៉្បាញ។ វាជាប្រភេទកូឡាជែនដែលមានតួនាទីជួយរក្សាទម្ងន់ ទប់ស្កាត់ជាតិខ្លាញ់មិនឲ្យកើនឡើង ហើយអ្នកនឹងទទួលបានលទ្ធផលកាន់ តែល្អបើសិនជាអាចតមអាហារដែលមានកាឡូរីខ្ពស់មួយចំនួន។ ផលិតផលមួយទៀត គឺមានឈ្មោះថា Super Slim ជាប្រភេទអាហារបំប៉ន វាមាន តួនាទីរំលាយជាតិខ្លាញ់ដែលកកនៅក្នុងខ្លួន និងជួយទប់ស្កាត់ការកកនៃ ខ្លាញ់ដែលធ្វើឲ្យអ្នកឡើងទម្ងន់។ ផលិតផលរបស់អេមេដមិនមែនជាផលិត ផលដែលមានដាក់លក់លើទីផ្សារធម្មតានោះទេ ហើយវាក៏មិនមានផលប៉ះពាល់ដល់សុខភាពដូចជាផលិតផលដែលមិនគួរឲ្យទុកចិត្តមួយចំនួន ផងដែរ។ ផលិតផលរបស់របស់អេមេដគឺសុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងត្រឹមត្រូវនិងអនុញ្ញាតឲ្យប្រើប្រាស់ដោយក្រសួងសុខាភិបាល។ ទាំងអស់នេះ គឺសុទ្ធតែជាជម្រើសដ៏ល្អដែលអាចជួយឲ្យលោកអ្នកផ្លាស់ប្តូរទៅជាមនុស្សថ្មីម្នាក់សម្រាប់ឆ្នាំថ្មីបាន។ រូបរាងស្រស់ស្អាតនឹងធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តលើខ្លួនឯង និងមានភាពងាយស្រួលក្នុងការជ្រើសរើសសម្លៀកបំពាក់ជាងពេលដែលមានរូបរាងធាត់។ សូមមកទទួលយកការផ្លាស់ថ្មីសម្រាប់ខ្លួនឯងនៅទីនេះ អេមេដ គ្លីនិករីករាយនឹងជួយឲ្យអ្នកទទួលបានភាពស្រស់ស្អាតដែលអ្នកតែងប្រាថ្នាចង់បាន។ Happy New You on New Year 2017!!! ទំនាក់ទំនង: Hotline    :     010 270 999/ 092 226 688 Facebook page: Amed Cambodia Line: AMED07 AMEDCambodia Instagram: AMED_Cambodia Email: amedcambodia855@gmail.com

ចែករំលែក

រដូវរងាចូលមកដល់ ជាពេលដែលល្អក្នុងការតុបតែងខ្លួនស្អាតៗ ប៉ុន្តែបញ្ហាគឺជំងឺផ្តាសាយក៏អាចមករំខាន ធ្វើឲ្យបាត់បង់ពេលវេលាដ៏មានតម្លៃក្នុងការរីករាយនឹងអាកាសធាតុ   និងភាពឡូយៗ ដែលចង់បង្អួតនៅរដូវរងានេះ។ គ្មានអីត្រូវបារម្ភទេ យកចិត្តទុកដាក់ថែសុខភាពអ្នកចុះ   តែថែតាមវិធីខាងក្រោមផង៖ កន្សែងបង់ក ជាម៉ូតសម័យថ្មីស្រាប់ទៅហើយ អញ្ចឹងអាចចាត់ទុកថាជាឱកាសល្អក្នុងការបង្អួតកន្សែងបង់ក និងស្ទាយបង់កបែបប្លែកៗ ដែលជា Fashion trend នៅរដូវត្រជាក់វិញទៅ។ ម្យ៉ាង ការរុំកន្សែងបង់ក នៅរាល់ពេលចេញទៅក្រៅអាចឲ្យយើងទទួលបាននូវភាពកក់ក្តៅ និងមានអារម្មណ៍ល្អ។ ម៉ាស់ ការពាក់ម៉ាស់អាចការពារខ្លួនលោកអ្នកពីជំងឺផ្តាសាយ និងការឆ្លងទៅអ្នកដទៃបាន ជាពិសេសធូលីដីហើរតាមខ្យល់ក្នុងរដូវរងាអាចឲ្យអ្នកកើតជំងឺទាក់ទងនឹងផ្លូវដង្ហើមបានយ៉ាងងាយស្រួល។  ដូចនេះព្យាយាមរកទិញម៉ាស់ខ្យូតៗតាមទីផ្សារ ឬហាងនានាតាមចិត្តស្រឡាញ់ ហើយមើលរូបរាងថ្មីនិងអារម្មណ៍ប្លែកៗពីការពាក់ម៉ាស់នេះ។ បំពង់ទឹកក្តៅ ខ្លួនប្រាណយើងតែងតែត្រូវការកម្តៅ ជាតិទឹកគ្រប់គ្រាន់ដើម្បីធានាឲ្យខ្លួនប្រាណខាងក្នុងមានដំណើរការល្អ ជាពិសេសពេលកំពុងមានការរំខានដោយអាការៈផ្តាសាយតែម្តង។ ការមានបំពង់ទឹកក្តៅមួយជាប់ខ្លួនជានិច្ចមើលទៅដូចជាសំពីងសំពោង តែហេតុអ្វីអ្នកមិនរកបំពង់ទឹកក្តៅស្អាតៗ  ឬច្នៃមួយសម្រាប់ខ្លួនឯង? ហើយអាចបន្ថែមកាបូបស្អាតៗសម្រាប់ដាក់បំពង់ទៀតកាន់តែល្អ   អញ្ចឹងពេលដកញ៉ាំម្តងៗ គឺមានជំនឿចិត្ត ហើយប្រហែលជាឧស្សាហ៍ដកញ៉ាំទៀតផង។ អាវរងា ងាយឯណាមានឱកាសពាក់អាវរងា? មួយឆ្នាំពាក់បានប៉ុន្មានដងហ្នឹង... ហើយទោះជាវាមិនសូវត្រជាក់យ៉ាងណានោះ តែពេលអ្នកផ្តាសាយអ្នកពិតជាត្រូវការវា  និងមើលទៅស័ក្តិសម  មិនឆ្គងទេ  ព្រោះអីយើងកំពុងឈឺ  និងត្រូវការភាពកក់ក្តៅ។ ម្យ៉ាងទៀត អាវក្រៅអាចការពារខ្លួនអ្នកពីខ្យល់ត្រជាក់ខ្លាំងនៅខាងក្រៅដែលជាហេតុបង្កឲ្យស្បែកស្ងួត ប្រេះស្រកាមើលទៅមិនស្រស់ស្អាត។ យកល្អអ្នកគួរជ្រើសរើសប្រភេទអាវខាងក្រៅដែលមានហោប៉ៅងាយស្រួលសូកដៃចូលពេលត្រជាក់ ហើយវាមើលទៅក៏កាន់តែឡូយខ្លាំង។ ស្បែកជើងកវែង ឬស្បែកជើងឃ្លុប ជើងរបស់អ្នកមិនអាចត្រូវត្រជាក់បានទេនៅអំឡុងពេលនេះ  វានឹងធ្វើឲ្យអ្នកមិនស្រួលខ្លួន គ្មានផាសុកភាព ដូចនេះពាក់ស្បែកជើងឃ្លុបជិត ឬស្បែកជើងកវែង តែម្តងទៅ វានឹងធ្វើឲ្យអ្នកមើលទៅស្វាហាប់បន្តិច ហើយវាកាន់តែសមនៅរដូវត្រជាក់បែបនេះ។ អ្នកក៏គួរតែមានខោរឹបខ្មៅជើងវែងមួយផង បើសិនជាអ្នកស្លៀកសំពត់ ឬខោជើងខ្លី  ឬមួយបែបទៀតគឺពាក់ជាមួយស្រោមជើងវែងៗ។ ក្រែមសម្រាប់លាបដៃ និងសម្រាប់សម្អាតមេរោគ ប្រអប់ដៃរបស់អ្នកប្រហែលជាស្ងួតរបកព្រោះតែអាកាសធាតុត្រជាក់ខ្លាំង ហេតុដូចនេះ ប្រើប្រាស់ក្រែមលាបដៃជាការប្រសើរបំផុតដើម្បីរក្សាសំណើមដៃឲ្យនៅស្រស់ស្អាត ទន់ និងមានក្លិនក្រអូប។ ម្យ៉ាង ក៏គួរតែមានទឹកលាងដៃសម្លាប់មេរោគ ទំហំអាចដាក់ហោប៉ៅបានផងដែរ។ និយាយទៅ បើអ្នកចង់ឡូយ មិនថាធ្វើអ្វីក៏ឡូយ ឈឺហើយក៏រិតតែត្រូវឡូយ។ ហេតុអីត្រូវឲ្យអាការៈប៉ុណ្ណឹងធ្វើឲ្យបាក់កាលីបនោះ?

ចែករំលែក

ធ្លាប់តែជិះម៉ូតូ ឬបើកឡានទៅមកពីកន្លែងទៅកន្លែងមួយ ហើយប្រាកដណាស់ គឺមានភាពធុញទ្រាន់ខ្លាំងនឹងភាពកកស្ទះចរាចារណ៍…ក្រលេកមកមើលអ្នកជិះកង់វិញ អារម្មណ៍ប្លែកម្យ៉ាង ត្រង់ថាងាយស្រួលបត់បែន ទៅណាមកណាក៏លឿន ហើយអ្វីដែលពិសេស គឺមិនបាច់អស់លុយថ្លៃសាំងនុះអី… តាមការពិតទៅ ក្រៅពីហេតុផលខាងលើ និងចំណូលចិត្ត  មានមូលហេតុជាច្រើនដែលនាំឲ្យការជិះកង់ត្រូវបានទទួលការពេញនិយមខ្លាំងបែបនេះ    ហើយជឿជាក់ថា អត្ថបទនេះនឹងអាចធ្វើជម្រុញចិត្តអ្នកឲ្យជ្រើសរើសកង់មួយមកជិះនៅថ្ងៃណាមួយ   ដោយសារវាអាចធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្តូរយ៉ាងច្រើន… ១ ធ្វើឲ្យអ្នកក្មេងជាងមុន ការជិះកង់ជាប្រចាំអាចប្រឆាំងនឹងភាពជ្រីវជ្រួញរបស់ស្បែក ដោយវាជម្រុញចលនាឈាមរត់ បង្កើនការដឹកជញ្ជូនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកោសិកា ស្របពេលដែលសារធាតុពុលក្នុងខ្លួនត្រូវបានបញ្ចេញចោល។ វាក៏បង្កើតជាមជ្ឈដ្ឋានដ៏ប្រសើរសម្រាប់ការផលិតកូឡាជែនដែលជួយឲ្យស្បែកហាប់ណែននិងស្រស់ថ្លា។ ២ រាងស្អាត និងសាច់ហាប់ណែន ការធាក់កង់តម្រូវឲ្យប្រើសាច់ដុំជាច្រើនកន្លែង ដូចជាភ្លៅ  ដើមដៃ  ក្បាលពោះជាដើម ដូច្នេះក្រោយពីការធាក់កង់លេង   លោកអ្នកក៏អាចទទួលនូវរូបរាងរឹងមាំ និងស្រស់ស្អាត។ ៣ ជម្រុញសមត្ថភាពខួរក្បាល ការជិះកង់អាចជម្រុញឲ្យមានការផលិតកោសិកាខួរក្បាលដែលមាននាទីសម្រាប់ការចងចាំ និងជាទូទៅវាខូចខាតចាប់ពីអាយុ៣០ឆ្នាំ។ ការបង្កើនចលនាឈាមរត់   និងផ្តល់អុកស៊ីហ្សែនដល់កោសិកាខួរក្បាល   ធ្វើឲ្យមានការកកើត និងមានសកម្មភាពឡើងវិញនៃប្រព័ន្ធទទួលរបស់សរសៃប្រសាទ។ ៤ ជម្រុញសមត្ថភាពធ្វើការ តាមរយៈការសិក្សាមួយទៅលើបុគ្គលិក២០០នាក់ ដែលជិះកង់   ឬធ្វើលំហាត់ប្រាណមុនមកធ្វើការអាចបង្កើនប្រសិទ្ធភាពការងារ និងគ្រប់គ្រងទំហំនៃការងាររបស់ពួកគេបានយ៉ាងប្រសើរ ហើយថែមទាំងបង្កើនទឹកចិត្តជាមួយនឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងស្រេ្តសបានទៀតផង។ ៥ បង្កើនភាពច្នៃប្រឌិត មិនថាអ្នកជានរណា ភាពច្នៃប្រឌិតជាគន្លឹះមួយនៃការរស់នៅ។ ត្រូវអរគុណដល់ដំណើរនៃការនាំអុកស៊ីហ្សែនទៅកាន់ខួរក្បាលត្រង់ផ្នែកដែលទទួលខុសត្រូវគុណភាពនៃការគិតបែបច្នៃប្រឌិត។ ៦ រស់បានកាន់តែយូរ ការជិះកង់បង្កើនចលនារបត់ឈាមទៅកាន់បេះដូង ធ្វើឲ្យបេះដូងមានដំណើរការល្អ   ការពារបញ្ហាគាំងបេះដូង   ព្រមទាំងពង្រឹងសមត្ថភាពសួតបានទៀតផង។ ក្រៅពីនោះ វាក៏អាចកាត់បន្ថយអត្រាប្រឈមនឹងជំងឺទឹកនោមផ្អែម មហារីក ការឡើងសម្ពាធឈាម និងជំងឺលើសទម្ងន់បានទៀតផង។ ៧ អ្នកអាចជួយគេបានកាន់តែច្រើន មានកម្មវិធីប្រមូលមូលនិធិសប្បុរសធម៌ជាច្រើនត្រូវធ្វើឡើងក្រោមរូបភាពជាការជិះកង់ជាក្រុម ដែលមានន័យថាអ្នកមិនត្រឹមតែជិះកង់ដើម្បីខ្លួនឯង តែក៏ដើម្បីអ្នកដទៃ និងពិភពលោកផងដែរ។  ៨ ជួបមនុស្សថ្មីៗបង្កើតមិត្តភាព ការជិះកង់ អាចបង្កើនឱកាសក្នុងការស្គាល់មនុស្សថ្មីៗ ធ្វើឲ្យទំនាក់ទំនងសង្គមរបស់អ្នកកាន់តែប្រសើរ ដែលជាលទ្ធផលនៃការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីនដែលសម្របសម្រួលអារម្មណ៍ភ័យខ្លាច និងស្ទាក់ស្ទើរ។ ចង់ដឹងពីផលចំណេញនៃការជិះកង់ផ្សេងៗទៀតទេ? មានច្រើនសន្ធឹកទៀត មិនថាសប្បាយចិត្ត សន្សំលុយមិនបាច់ចាក់សាំង មិនបាច់អស់ថ្លៃផ្ញើ   ចោរក៏មិនសូវចង់បាន   ងាយស្រួលជិះ   មិនខ្លាចស្ទះចរាចរណ៍ ត្រជាក់ដោយខ្យល់ធម្មជាតិ អ្វីដែលពិសេសជាងនេះ   មិនបំពុលបរិស្ថាន ជួយផែនដីឲ្យនៅតែស្រស់ស្អាត និងគួរឲ្យចង់រស់នៅថែមទៀតផង…គឺថា…ចំណេញពេកក្រៃហ្មងហា៎…

ចែករំលែក

ដូចដឹងស្រាប់ហើយថា វ៉ែនតាក៏អាចចាត់ទុកថាជាគ្រឿងលម្អមួយដែលជាទូទៅអ្នកពាក់ស្ទើរពេញមួយថ្ងៃ ហើយក៏មិនមែនពាក់តែមួយថ្ងៃពីរដែរ ដូចនេះការជ្រើសរើសរមែងត្រូវប្រិតប្រៀងបន្តិចជារឿងធម្មតា ព្រោះវាមិនត្រឹមតែជាជំនួយដល់គំហើញ តែក៏ជះឥទ្ធិពលដល់ជំនឿចិត្តរបស់អ្នកដូចគ្នា។ ដូចគេនិយាយថារើសវ៉ែនតាមិនសំខាន់ សំខាន់រើសយ៉ាងម៉េច? ពីអ្នកគ្រប់គ្រងរបស់ហាងវ៉ែនតា OWNDAYS, លោក Simonបានផ្តល់ជាគំនិតល្អៗមួយចំនួនក្នុងការជ្រើសរើសវ៉ែនតាដ៏ស័ក្តិសមសម្រាប់លោកអ្នក ក៏ដូចជាផ្តល់ជាតម្រុយខ្លះៗទាក់ទងនឹងការជ្រើសរើសលេនមកប្រើជំនួសផងដែរ។ តើវ៉ែនតាមួយដែលមានគុណភាពល្អត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ? វ៉ែនតាមួយដែលមានគុណភាពល្អត្រូវមានទម្ងន់ស្រាល និងងាយស្រួលពាក់ ទោះបីជាត្រូវពាក់យូរក៏ដោយ តួយ៉ាងដងវ៉ែនតា OWNDAYS AIR Ultemនិងងាយបត់បែន។ សារធាតុនេះត្រូវបានគេប្រើប្រាស់សម្រាប់ផលិតយានអវកាស និងគ្រោងយន្តហោះ ព្រមទាំងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀតផង។  បន្ថែមពីនេះ OWNDAYS ក៏មានប្រើប្រាស់កញ្ចក់ ( aspheric) ដែលមានសន្ទស្សន៍ខ្ពស់ មើលបានទំហំធំជាងមុន មិនមានភាពស្រពិចស្រពិល ហើយស្រាលជាងកញ្ចក់ធម្មតា( spherical) ។ តើប្រភេទវ៉ែនតាបែបណាដែលគួរពាក់? ប្រភេទវ៉ែនតាដែលគួរពាក់ គឺអាស្រ័យទៅលើភាពចាំបាច់ និងតម្រូវការនៃអ្នកពាក់ ដូចជាប្រភេទសម្រាប់ម៉្ញូបជាដើម (ម៉្ញូបជិត និងម៉្ញូបឆ្ងាយ)។ រីឯរចនាម៉ូតនៃវ៉ែនតាក៏គួរតែប្រែប្រួលឲ្យស័ក្តិសមនឹងកាលៈទេសៈដែលអ្នកនឹងទៅចូលរួមផងដែរ ជាក់ស្តែងដូចជា ពណ៌រាងក្រម៉ៅសម្រាប់កម្មវិធីធំៗ និងផ្លូវការ ហើយពណ៌ស្រស់ៗសម្រាប់កម្មវិធីធម្មតា។ តើវ៉ែនតាប្រភេទណាស័ក្តិសមបំផុតសម្រាប់មនុស្សម្នាក់ៗ? រាល់ពេលដែលលោកអ្នកជ្រើសរើសវ៉ែនតា     អ្នកគប្បីកំណត់ចំណាំអំពីទំហំនៃដង ប្រសើរជាងជ្រើសរើសម៉ូត និងរូបរាង ពីព្រោះទំហំត្រឹមត្រូវធ្វើឲ្យអ្នកពាក់មានផាសុកភាព។ តើពេលណាទើបដឹងថាគួរជ្រើសរើសការពាក់លេន ឬពាក់វ៉ែនតា? ឆ្លើយតបនឹងសំណួរខាងលើ ភាពខុសគ្នារវាងការពាក់វ៉ែនតា និងការពាក់លេន គឺអាស្រ័យទៅលើញាណនៃភ្នែក ថាតើភ្នែកសមស្របនឹងលេន ឬវ៉ែនតាកម្រិតណា ពីព្រោះមនុស្សមួយចំនួនអាចពាក់វ៉ែនតាបាន តែមិនអាចពាក់លេនបាន។ ចំណុចគួរដឹងទាក់ទងនឹងការជ្រើសរើសពាក់លេន៖ •  សម្រាប់អ្នកដែលមានកម្រិតដឺក្រេភ្នែកខ្ពស់ ការពាក់លេនគឺស័ក្តិសមជាងការពាក់វ៉ែនតាដោយសារតែលេនផ្តល់ភាពងាយស្រួល និងមើលទៅស្រស់ស្អាតជាជាងការពាក់វ៉ែនតាដែលមានកញ្ចក់ក្រាស់ៗ។ •  ផ្ទុយទៅវិញ លោកអ្នកមិនអាចពាក់លេនពេញមួយថ្ងៃបានទេពីព្រោះវានឹងធ្វើឲ្យភ្នែកអ្នកមានសភាពស្ងួត និអាចផ្តល់ផលប៉ះពាល់ដល់សុខភាពភ្នែក។

ចែករំលែក

ស្រកទម្ងន់ជោគជ័យក៏អាស្រ័យនឹងភាពឆ្លាតរបស់អ្នកដែរ  មិនមែនគ្រប់សកម្មភាពសុទ្ធតែមានប្រយោជន៍   តែក៏មិនមែនគ្រប់ចំណុចសុទ្ធតែត្រូវចៀសវាងនោះទេ អញ្ចឹង  តើចំណុចណាខ្លះដែលអ្នកគួរធ្វើ    និងណាខ្លះមិនគួរធ្វើ? Dos 1.ញ៉ាំអាហារឲ្យបានទៀងទាត់៖    វាពិតជាមានសារសំខាន់បំផុត   ដែលជួយដល់ការសម្រកទម្ងន់។ ទោះជាអំឡុងពេលតមអាហារក៏ដោយ ក៏មិនត្រូវ អត់អាហារមួយពេលណាមួយឡើយ។ មួយថ្ងៃគួរញ៉ាំអាហារឲ្យបាន៣ពេល និងមានអាហារសម្រន់ខ្លះចន្លោះពេលអាហារទាំងបី   ប៉ុន្តែក្នុងបរិមាណសមរម្យ។ 2.ព្យាយាមធ្វើអាហារដោយខ្លួនឯង៖  ទោះជាអាហារដែលធ្វើខ្លួនឯង    ពេលខ្លះរសជាតិពិបាកទទួលយកបន្តិច តែយ៉ាងហោចណាស់អ្នកក៏ដឹងថាក្នុងម្ហូបរបស់អ្នកមានគ្រឿងផ្សំអ្វីខ្លះ ហើយក៏អាចដឹងថាវាល្អសម្រាប់អ្នកឬក៏អត់ដែរ។ 3.គួរធ្វើចលនា បន្ទាប់ពីញ៉ាំអាហារ៖  ការសិក្សាបង្ហាញថា ការដើរបន្ទាប់ពីញ៉ាំអាហារឲ្យបានយ៉ាងហោចណាស់ ១៥នាទី អាចដុតកាឡូរីបានពី៦០ ទៅ៨០កាឡូរី។ លើសពីនេះ ការដើរ ឬធ្វើចលនាអាចជួយអ្នកកាត់បន្ថយជាតិស្ករ និងខ្លាញ់ក្នុងឈាម    ហើយក៏ជួយដល់ដំណើរការរំលាយអាហារបានដែរ។ 4.ញ៉ាំទឹកឲ្យបានច្រើន៖  មិនមែន ពេលនឹកឃើញទើបញ៉ាំឲ្យច្រើនទេ តែគួរញ៉ាំ ម្តងបន្តិចតែញឹកញាប់។  5.បិទរូប Idol របស់អ្នក៖  យករូប Idol ដែលអ្នកចង់បានរូបរាងដូចគាត់ មកធ្វើជាការលើកទឹកចិត្ត។ ប្រៀបដូចជាការដាស់ញាណកុំឲ្យភ្លេចនូវអ្វីដែលអ្នកកំពុងធ្វើ។  6.ធ្វើបញ្ជីសម្រាប់ទៅផ្សារ៖  កំណត់អ្វីដែលត្រូវទិញឲ្យច្បាស់ ចៀសវាងការទិញរបស់ដែលញ៉ាំទៅឡើងគីឡូ ដូចជានំកញ្ចប់ ឬប័រសណ្តែកជាដើម។   ពេលទៅផ្សារត្រូវធ្វើតាមបញ្ជីអាហារ ដើម្បីគ្រប់គ្រងលើការញ៉ាំរបស់ខ្លួន។ 7.អានស្លាកសញ្ញាលើកញ្ចប់អាហារ៖  គួរព្យាយាមមើលស្លាកសញ្ញាអាហាររូបត្ថម្ភ ដែលដាក់បង្ហាញលើកញ្ចប់ដើម្បីជ្រើសរើស   អាហារដែលមានជាតិស្ករ និងខ្លាញ់ទាប។ 8. សម្ភារៈផ្ទះបាយ អ្នកគួរប្រើប្រាស់របស់របរក្នុងផ្ទះបាយដែលជួយជម្រុញទឹកចិត្តអ្នក  ដូចជាប្រើចាន ឬឆ្នាំងតូច ខ្យូតៗ ដែលអាចឲ្យអ្នកញ៉ាំអាហារតិចជាងមុន។ Dont’s 1.កុំរំលងអាហារពេលព្រឹក៖    ការមិនញ៉ាំអាហារពេលព្រឹក មិនអាចជួយអ្នកឲ្យស្រកទម្ងន់បានទេ។ បើអ្នកធ្វើដូចនេះ  អ្នកនឹងបាត់បង់អាហារូបត្ថម្ភដ៏សំខាន់ ដើម្បីទ្រទ្រង់អ្នកសម្រាប់ថ្ងៃថ្មី និងធ្វើឲ្យអ្នកញ៉ាំអាហារសម្រន់ច្រើនជាងធម្មតា   ទប់ទល់នឹងការឃ្លាន។ 2.កុំធ្វើលំហាត់ប្រាណធ្ងន់ធ្ងរពេក៖  ការហាត់ប្រាណបានរួមចំណែកក្នុងការសម្រកទម្ងន់ តែកុំធ្វើវាឲ្យខ្លាំងក្លាពេក  ព្រោះវាអាចធ្វើឲ្យអ្នកអស់កម្លាំង និងអាចធ្វើឲ្យមានបម្រែបម្រួលដល់ការញ៉ាំអាហាររបស់អ្នក។ ការធ្វើលំហាត់ប្រាណគួរកំណត់មិនឲ្យលើសពី ៣០នាទី និង៣ ទៅ៥ថ្ងៃទេក្នុងមួយសប្តាហ៍។  3.កុំស្តុកទុកអាហារកញ្ចប់នៅក្នុងផ្ទះ៖   ស្បៀងអាហារសម្រាប់ញ៉ាំនៅផ្ទះ មិនគួរជាប្រភេទសូកូឡា នំស្រួយ ឬភេសជ្ជៈដែលមានឧស្ម័នច្រើន ព្រោះវាជាឧបសគ្គក្នុងការសម្រកទម្ងន់របស់អ្នក។ ជំនួសឲ្យអាហារទាំងនោះអ្នកគួររក្សាទុកអាហារដែលមានសុខុមាលភាពដូចជា ផ្លែឈើ នំធ្វើពីស្រូវសាលី ឬគ្រាប់ធញ្ញជាតិផ្សេងៗ និងទឹកផ្លែឈើដែលគ្មានជាតិហ្គាស សម្រាប់ញ៉ាំលេង។ 4.កុំញ៉ាំពេលមើលទូរទស្សន៍ ឬកំពុងធ្វើការ៖  ការធ្វើសកម្មភាពអ្វីមួយបណ្តើរ ញ៉ាំបណ្តើរ មិនមែនជាទង្វើត្រឹមត្រូវទេ   ព្រោះអ្នកមិនបានយកចិត្តទុកដាក់លើការញ៉ាំហើយអាចឈានដល់ការញ៉ាំលើសបរិមាណកំណត់។  5.កុំមើលរូបភាពអាហារក្នុងFacebook៖   កុំសូវLike page អាហារច្រើនពេក និងមើលរូបភាពអាហារពិសេសនៅពេលយប់ ព្រោះវាអាចភ្ញោចការបញ្ចេញអាស៊ីតក្រពះ និងធ្វើឲ្យអ្នកឃ្លានបាន។ 6.កុំចូលគេងយប់ជ្រៅពេក៖   ការចូលគេងយប់ជ្រៅ ហើយចាំគេងសងពេលថ្ងៃ   បានបង្កើនការឃ្លានអាហារ ធ្វើឲ្យអ្នកញ៉ាំអាហារ ច្រើនជាងធម្មតានិងងាយឡើងទម្ងន់ទៀតផង។   ការគេងមិនបានគ្រប់គ្រាន់  ធ្វើឲ្យខ្លួនអ្នកត្រូវការជាតិស្ករ និងខ្លាញ់ច្រើនជាងមុន។ 7.កុំទៅហាត់ប្រាណតែឯង៖   គួរតែទៅហាត់ប្រាណជាមួយមិត្ត ឬបង្កើនមិត្តភាពឲ្យបានច្រើននៅកន្លែងហាត់ប្រាណ   ដើម្បីមានគ្នាជជែកលេង កុំឲ្យអផ្សុក និងអាចជួយដាស់តឿនគ្នា កុំឲ្យភ្លេចពេលទៅហាត់ប្រាណ។ 8.កុំខ្លាចនឹងនិយាយពាក្យថា «ទេ»៖  ការជួបមិត្តភក្តិញ៉ាំអាហារជុំគ្នាតែងតែមាន  តែកុំឲ្យញឹកញាប់ពេកអី។  អ្នកអាចរកលេសអីផ្សេងៗ ឬប្រាប់ថាអ្នកកំពុងសម្រកទម្ងន់ ដើម្បីបដិសេធចំពោះការជួបជុំនានា។ ជាចុងក្រោយ នៅតែចំណុចមួយទៀតទេ   គឺថាអ្នកចង់ធ្វើវា ឬក៏អត់...កុំបានតែអាន ឬស្តាប់ហើយ ក៏មិនចេញជាសកម្មភាពអ្វីសោះនោះ...ហើយដើម្បីសម្រេចគោលបំណងធំ បានអ្នកមិនគួរមើលរំលងចំណុចតូចៗខាងលើនេះទេ...

ចែករំលែក

បែបមិនបានដឹងទេថា  ការដែលអ្នកដើរកម្សាន្តម្តងៗ  ពេលខ្លះក៏អាចឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន? នេះគឺដោយសារតែការដើរលេងរមែងមានការញ៉ាំនេះ ញ៉ាំនោះ ដោយមិនសូវបានចាប់អារម្មណ៍ពីការលើសកាឡូរី ដោយសារតែមានអារម្មណ៍ហត់ផង និងចង់ភ្លក្សរបស់ប្លែកៗមិនចេះឈប់ផង ជាពិសេសមិនងាយគេចផុតទេ ពិធីជប់លៀងពេលយប់ដែលសម្បូរអីញ៉ាំឆ្ងាញ់ៗ ភេសជ្ជៈផ្អែមៗ ឬអាល់កុល ដែលកាន់តែធ្វើឲ្យអ្នកប្រឈមនឹងការឡើងគីឡូ បើមិនច្រើន ក៏តិចដែរ.... អញ្ចឹង...  មិនមានន័យថា   អ្នកត្រូវកាត់បន្ថយការដើរកម្សាន្តទេ    គ្រាន់តែគួរដើរទៅតាមវិធី៤យ៉ាងងាយៗទៅ ក៏អាចចៀសវាងបញ្ហានេះបានហើយ... ១ ត្រៀមអាហារសម្រន់ អ្នកគួរត្រៀមនូវអាហារសម្រន់ប្រភេទជាផ្លែឈើស្រស់ដូចជា ផ្លែប៉ោម ឬផ្លែចេក ទៅតាមកាបូប ឬកន្រ្តកស្បៀង នៅពេលអ្នកត្រូវដើរកម្សាន្ត។ អត្ថប្រយោជន៍នៃអាហារសម្រន់នេះគឺ  សម្បូរដោយជាតិសរសៃ និងមិនមានកាឡូរីខ្ពស់ ដូចប្រភេទអាហារស្រាប់មួយចំនួន ហើយអាចជួយឲ្យអ្នកមិនសូវឃ្លានតាមតែចិត្តចង់      ព្រមទាំងសម្រួលការបន្ទោរបង់របស់អ្នកទៀតផង។ ២ គេងឲ្យបានគ្រប់គ្រាន់ ពិតណាស់ដែលថាពេលដើរលេងអ្នកបា្រកដជាគេងបានតិច ប៉ុន្តែតើអ្នកដឹងទេថាអ្នកមិនងាយស្រកទម្ងន់នោះទេ បើអ្នកគេងមិនគ្រប់គ្រាន់។ វាមិនត្រឹមតែធ្វើឲ្យអ្នកធាត់ទ្វេដងប៉ុណ្ណោះទេ  ថែមទាំងបង្កើននូវចំណង់អាហារថែមទៀត  ពេលនោះ អ្នកនឹងញ៉ាំកាន់តែច្រើន។     ដូចនេះ  យកល្អអ្នកមិនគួរគ្រោងដំណើរកម្សាន្តដែលប្រញាប់ប្រញាល់ពេកនោះទេ។ ៣ កម្សាន្តបែបដើរ បើបានជាជ្រុលមកដើរលេង  គួរតែដើរឲ្យបានច្រើន ដើរច្រើនកាលណាអ្នកនឹងបានឃើញទេសភាពច្រើនប៉ុណ្ណោះដែរ។ ការដើរអាចជួយដុតបំផ្លាញកាឡូរីដែលលើសបានប្រហែលពី១៣៧ ទៅ២៧៧កាឡូរីក្នុងមួយម៉ោងអាស្រ័យនឹងល្បឿននៃការដើរ និងទម្ងន់របស់អ្នកផ្ទាល់។ ៤ រក្សាការញ៉ាំទឹក ពេលដើរលេង អ្នកប្រាកដណាស់ប្រឈមជាមួយនឹងការប្រែប្រួលអាកាសធាតុ  បរិស្ថាន  រួមនឹងសកម្មភាពដែលធ្វើឲ្យអ្នកបាត់បង់ជាតិទឹកច្រើនជាងធម្មតា។ ដូចនេះ  អ្នកគួរយកទឹកតាមខ្លួនជាការប្រសើរមិនត្រឹមតែបង្គ្រប់ជាតិទឹកប៉ុណ្ណោះទេ ថែមទាំងអាចកាត់បន្ថយការឃ្លានបានមួយកម្រិតទៀតផង។ តែប៉ុណ្ណេះ លែងបារម្ភរឿងដើរលេងហើយឡើងគីឡូទៀតហើយ...ដើរម៉ាអស់ដៃហ្មងទៅ៎!!! 

ចែករំលែក

មុខមិនត្រឹមតែជាផ្នែកមួយនៃភាពទាក់ទាញ វាក៏ជាផ្នែកមួយនៃភាពជឿជាក់ផងដែរ។ ប៉ុន្តែ ការពិត ផ្ទៃមុខរបស់អ្នកមានសារៈសំខាន់ លើសពីអ្វីដែលអ្នកដឹង ដោយវាអាចជាប់ទាក់ទិនផ្ទាល់ជាមួយនឹងសុខភាព ក៏ដូចជាអាយុជីវិតរបស់អ្នកផងដែរ។ ជាក់ស្តែង ជំងឺមួយចំនួនដែលអ្នកមិនចាប់អារម្មណ៍អាចបង្ហាញឲ្យដឹងតាមរយៈសភាពរបស់ផ្ទៃមុខរបស់អ្នកផ្ទាល់តែម្តង។ ទាំងនេះជាលក្ខណៈ ឬភាពខុសប្រក្រតីមួយចំនួននៃផ្ទៃមុខដែលចង្អុលបង្ហាញអំពីសុខភាពរបស់អ្នក ហើយក៏ជាសញ្ញាសំខាន់ផងដែរសម្រាប់វេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យ។ 1.    ស្បែក ឬបបូរមាត់ស្ងួត និងរបក ជាការព្រមាននៃការបាត់បង់ជាតិទឹកក្នុងខ្លួន។ វាអាចជាប់ទាក់ទងនឹងបញ្ហាធ្ងន់ធ្ងរមួយចំនួនដែលមានឥទ្ធិពលលើក្រពេញញើសដូចជាការថយចុះនូវមុខងាររបស់ប្រពេញទីរ៉ូអ៊ីត(Hypothyroidism) និងជំងឺទឹកនោមផ្អែម។ 2.    សភាពប្រេះនៅចុងសងខាងបបូរមាត់ អាចទាក់ទងនឹងកង្វះវីតាមីនបេ២ បញ្ហាប្រព័ន្ធរំលាយអាហារ និងក្រពះ។ 3.    ដំបៅ ឬពងបែកនៅលើបបូរមាត់ អាចបង្ហាញអំពីការផ្តុំនៃជាតិពុលនៅសរីរាង្គក្រពះពោះវៀននិងភាពកកស្ទះណាមួយនៃរាងកាយទាំងមូល។ 4.    បបូរមាត់ក្រមៅ ជាសញ្ញានៃបញ្ហាថ្លើម តម្រងនោម និងថង់ទឹកប្រមាត់។ផ្ទុយទៅវិញបបូរមាត់ក្រហមភ្លឺខ្លាំងបង្ហាញពីការកើនសម្ពាធឈាម ជំងឺឬក៏ការឆ្លងរោគស្រួចស្រាវ ការពុលថ្លើម និងជំងឺឫសដូងបាត។ 5.    ដុះរោមមុខច្រើនខុសពីធម្មតា (ចំពោះនារី) ការដុះរោមមុខច្រើនជាងធម្មតា   ជាពិសេសលើបបូរមាត់ ចង្កា និងគែមថ្គាមសងខាង អាចបញ្ជាក់អំពីបណ្តុំរោគសញ្ញានៃជំងឺគីស្តអូវែ ដែលជាស្ថានភាពមួយនៃអតុល្យភាពអ័រម៉ូន ពោល គឺការកើនឡើងនូវអ័រម៉ូនបុរសនៅក្នុងខ្លួនស្ត្រីតែម្តង។ 6.    រោមភ្នែកស្តើង ដោយសារការជ្រុះនៃរោមភ្នែក ជាសញ្ញាមួយនៃការចុះខ្សោយនៃក្រពេញទីរ៉ូអ៊ីតដែលមិនអាចផលិតអ័រម៉ូនបានគ្រប់គ្រាន់សម្រាប់គល់រោម។ 7.    ថ្ពាល់ក្រហម ជាទូទៅ វាជាបញ្ហាស្បែកមុខខាងក្រៅ ប៉ុន្តែក៏អាចជាបញ្ហាមកពីខាងក្នុងផងដែរដូចជាជំងឺទាក់ទងនឹងការកើនឡើងនៃអ័រម៉ូន cortisoneដែលធ្វើឲ្យមានការហើមនៃសរសៃឈាម ហៅថាជំងឺ Cushing’s syndrome ។ 8.    ការឡើងសរសៃឈាមនៅនឹងសៀតផ្កា អាចជារោគសញ្ញានៃជំងឺបេះដូង ថ្លើម និងក្រួសក្នុងថង់ទឹកប្រមាត់។ 9.    ការបែកញើសស្អិតៗយ៉ាងច្រើននៅនឹងមុខ អាចទាក់ទិននឹងការបរិភោគច្រើនពេក ជំងឺបេះដូង និងតម្រងនោមផងដែរ។   10.    ដុំសាច់ទន់ៗពណ៌លឿង នៅនឹងត្របកភ្នែក អាចជាការផ្តុំនៃកូឡេស្តេរ៉ុល ដែលយើងហៅថា xanthelasmataអាចចង្អុលបង្ហាញអំពីការប្រឈមមុខខ្ពស់ទៅនឹងជំងឺបេះដូង ជាពិសេសគឺ ការកករឹងនៃសរសៃឈាមអាកទែ និងជំងឺគាំងបេះដូងផងដែរ។ 11.    ថ្នក់ភ្នែក ឬហើមភ្នែក វាជារូបភាពមួយនៃការនឿយហត់ភ្នែក ដែលអាចជាសញ្ញាអាសន្ននៃជំងឺអាលែ្លកហ្សីរ៉ាំរ៉ៃ និងជាមូលហេតុមួយនៃការរីកធំនៃសរសៃឈាមរហូតដល់ធ្លាយ។ដោយសារស្បែកនៅជុំវិញភ្នែកមានសភាពទន់ខ្សោយ និងរស់ ដូចនេះ វាងាយនឹងរងផលប៉ះពាល់ដោយការឡើងថ្នក់ភ្នែក និងមានពណ៌ស្វាយឬខៀវជាំក្រមៅ។ ស្រដៀងគ្នានេះដែរ ការហើមនៅត្រង់ក្រោមភ្នែក ស្តែងឲ្យឃើញពីដំណើរការមិនបានត្រឹមត្រូវនៃតម្រងនោម និងការទាញទឹកចូលក្នុងខ្លួនវិញដោយសារតែការបរិភោគអាហារប្រៃ និងជាតិខ្លាញ់ច្រើនពេក។ 12.       ភាពមិនស៊ីគ្នារវាងផ្ទៃមុខទាំងសងខាង (អស៊ីមេទ្រី) នេះអាចជាសញ្ញាដំបូងគេនៃជំងឺដាច់សរសៃឈាមខួរក្បាលដ៏គ្រោះថ្នាក់ដែលអ្នកគួរមានការប្រុងប្រយ័ត្ន  និងគួរទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់។ រួមជាមួយការស្រុតចុះម្ខាងដែលជាស-ភាពដែលសង្កេតឃើញជាទូទៅ អ្នកក៏អាចចាប់អារម្មណ៍ឃើញផងដែរនូវការស្ពឹកមុខម្ខាង ឬក៏ញញឹមមិនពេញ។ 13.    ការផ្លាស់ប្តូរពណ៌ស្បែក ទោះបីជាការប្រែប្រួលដោយគ្មានហេតុផលតែបន្តិចក្តីក៏អាចជាសញ្ញានៃភាពខុសប្រក្រតីណាមួយផងដែរ។ ជាក់ស្តែង ភាពស្លេកស្លាំងនៃស្បែកអាចបង្ហាញពីកង្វះគ្រាប់ឈាមក្នុងខ្លួន សភាពឡើងលឿងនៃស្បែកអាចជាសញ្ញានៃជំងឺថ្លើម រីឯការឡើងពណ៌រាងខៀវនៃបបូរមាត់ និងក្រចកដៃអាចបញ្ជាក់អំពីជំងឺបេះដូង ឬ សួត។ 14.    កន្ទួលរមាស់ និង ស្នាម ការឡើងកន្ទួលរមាស់ ឬក៏ស្នាមកន្ទួលក្រហមអាចបង្ហាញអំពីជំងឺប្រព័ន្ធរំលាយអាហារមួយចំនួន។ ដោយឡែក  ការឡើងស្នាមក្រហមដែលមានលក្ខណៈគួរឲ្យកត់សម្គាល់មួយ គឺស្នាមមានរាងជាមេអំបៅដែលឆ្លងកាត់ពីឆ្អឹងថ្ពាល់ម្ខាងទៅម្ខាងទៀតដោយកាត់ឆ្អឹងច្រមុះផងនោះ អាចជារោគសញ្ញាជាក់លាក់នៃជំងឺ Lupus ដែលជាប្រភេទជំងឺធ្ងន់ធ្ងរមួយដែលមានការវាយប្រហារដោយប្រព័ន្ធភាពស៊ាំខ្លួនឯង។ ក្រៅពីនោះ អាលែ្លកហ្ស៊ី តាអក និងការឆ្លងរោគផ្សេងៗទៀតក៏អាចបង្កឲ្យមានកន្ទួលនៅលើស្បែកផងដែរ។ 15.    ចង្កាខើច(ស្រុតចុះ) សភាពដែលចង្ការបស់អ្នកស្រុតចុះទៅផ្នែកកដែលធ្វើឲ្យមើលឃើញផ្នែកកដែលជាប់នឹងផ្ទៃមុខនោះក្រាស់ឡើង និងថ្គាមរួមតូច អាចជាអាការៈនៃជំងឺគេងបាត់ដង្ហើម។ នេះជាស្ថានភាពមួយដែលការដកដង្ហើមរបស់អ្នកត្រូវបញ្ឈប់រៀងរាល់១០វិនាទីម្តង ឬច្រើនជាងនេះ។ ក្នុងនោះ ប្រសិនបើអ្នកមានផងដែរនូវអាការៈគេងស្រមុកខ្លាំង ឈឺក្បាលរាល់ពេលក្រោកពីគេង ព្រមទាំងមានអារម្មណ៍ល្ហិតល្ហៃនៅអំឡុងពេលថ្ងៃ គប្បីស្វែងរក ការត្រួតពិនិត្យឲ្យបានឆាប់រហ័សជាការប្រសើរ។ 16.    ការឡើងចង្កាពីរជាន់ ឬថ្នក់ចង្កា ជាសញ្ញានៃភាពលើសលប់ នៃខ្លាញ់ដែលមាននៅក្នុងខ្លួន។ 17.    ច្រមុះក្រហមជាមួយនឹងដុំកំពីកកំពកនៅលើច្រមុះ អាចបញ្ជាក់អំពីជំងឺលើសសម្ពាធឈាម ភាពខុសប្រក្រតីនៃបេះដូង និងថ្លើម។ 18.    មុននៅលើផ្ទៃមុខ អាចចង្អុលបង្ហាញអំពីការបរិភោគដ៏លើសលប់នូវជាតិស្ករ ជាតិខ្លាញ់ សាច់ ស៊ុត នំធ្វើពីម្សៅ ឬក៏ស្ករគ្រាប់ជាដើម។ មិនតែប៉ុណ្ណោះ មុនលើផ្ទៃមុខអាចប្រាប់ពីភាពមិនប្រក្រតីនៃសរីរាង្គណាមួយនៃរាងកាយផងដែរ ទៅតាមទីតាំងនៃការកើតមានមុននោះ។ 19.    ស្នាមជ្រីវជ្រួញដ៏ជ្រៅ នៅលើផ្ទៃមុខអាចជាសញ្ញាបញ្ជាក់ថាអ្នកកំពុងប្រឈមមុខនឹងជំងឺស្ពោតឆ្អឹង ជាពិសេសចំពោះស្រ្តីស្ថិតក្នុងវ័យអស់រដូវ ដែលវាអាចជាប់ពាក់ព័ន្ធនឹងការថយចុះនៃកូឡាជែនដែលជាផ្នែកនៃរចនាសម្ព័ន្ធស្បែក និងឆ្អឹង។ សរុបមក   ផ្ទៃមុខរបស់អ្នកប្រាប់ស្ទើរតែគ្រប់យ៉ាងអំពីសុខភាពរបស់អ្នកដូចនេះការក្រឡេកមើលមុខខ្លួនឯងបន្តិចជារៀងរាល់ថ្ងៃគឺជារឿងដែលគួរធ្វើ។ ទោះយ៉ាងណាក៏ដោយ  រោគសញ្ញានៅលើផ្ទៃមុខ គ្រាន់តែជាជំហានមួយនាំទៅរកការសង្ស័យ ប៉ុន្តែការធ្វើរោគវិនិច្ឆ័យដ៏ត្រឹមត្រូវនៅតែត្រូវពឹងផ្អែកទៅលើការប្រមូលព័ត៌មានពីរោគសញ្ញាផ្សេងៗទៀតដែលរួមផ្សំ ព្រមទាំងវិធីសាស្ត្រដទៃទៀតទៅតាមវេជ្ជបណ្ឌិត។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

លំហាត់ប្រាណមិនត្រឹមតែជួយដល់សុខភាពទូទៅទេ វាក៏អាចជាជំនួយដល់សាច់ដុំភ្នែក និងធ្វើឲ្យភ្នែកមានសភាពសម្រាកទៀតផងតាមរយៈប្រភេទលំហាត់ជាក់លាក់នៅលើភ្នែកដែលក្នុងនោះ ក៏រួមមានទាំងរបៀបម៉ាស្សា ក៏ដូចជាសម្រាកមួយចំនួនផងដែរ។ ក៏ប៉ុន្តែ...អ្នកគួរតែពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតមុនពេលធ្វើលំហាត់ប្រាណនេះ ប្រសិនបើភ្នែកអ្នកមានជំងឺផ្សេងៗទៀត... ពង្រឹងត្របកភ្នែក អ្នកអាចពង្រឹងសាច់ដុំនៅជុំវិញភ្នែករបស់អ្នកឲ្យរឹងមាំបានដូចនឹងសាច់ដុំដទៃទៀតដែរ។ វាចាប់ផ្តើមដោយការបិទត្របកភ្នែកពាក់កណ្តាលព្រឹមៗ។ ពេលនោះអ្នកនឹងកត់សម្គាល់ថាត្របកភ្នែករបស់អ្នកនឹងញ័រតិចៗដោយការប្រឹង។ •    ដូច្នេះដើម្បីកុំឲ្យមានសភាពញ័រនេះ អ្នកគ្រាន់តែសម្លឹងមើលវត្ថុដែលនៅឆ្ងាយជាការស្រេច. •    ធ្វើភ្នែកព្រឹមៗបែបនេះរយៈពេល ១០ទៅ១៥វិនាទី រួចបិទភ្នែកតិចៗ។ ដកដង្ហើមវែងៗ ដើម្បីបង្កើនអុកស៊ីហ្សែននៅក្នុងឈាម។ នៅពេលអ្នកដកដង្ហើមចូល ខ្យល់ដែលពោរពេញទៅដោយអុកស៊ីហ្សែននឹងចូលតាមច្រមុះរបស់អ្នក។ ដកដង្ហើមចេញ ហើយធ្វើដូចនេះរយៈពេល១នាទី ឬក៏ច្រើន។ ម៉ាស្សាភ្នែក ម៉ាស្សា គឺជាការព្យាបាលដែលគេនិយមប្រើ ដើម្បីសម្រួលភាពតានតឹង និងសម្ពាធផ្សេងៗ ពីព្រោះវាជួយឲ្យឈាមរត់ស្រួល។ ការ ម៉ាស្សាចាប់ផ្តើមពីត្របកខាងលើចំនួន១០វិនាទី រួចត្របកខាងក្រោមជាបន្តបន្ទាប់។ •    ប្រើម្រាមដៃដំបូងទាំង៣សង្កត់ថ្នមៗ និងមានចលនាជារង្វង់ •    សង្កត់តិចៗនៅលើក្រពេញឡាគ្រីមាល(Lacrimal gland) ដែលជាក្រពេញបញ្ចេញទឹកភ្នែកច្រើនជាងគេ ដើម្បីធ្វើឲ្យមានទឹកភ្នែកចេញ និងមានសំណើមនៅក្នុងភ្នែក ហើយធ្វើឲ្យភ្នែកដែលមានភាពនឿយហត់បានសភាពសម្រាក។ •    នៅពេលម៉ាស្សាត្របកភ្នែកខាងក្រោម ត្រូវម៉ាស្សានៅម្តុំឆ្អឹងឡាគ្រីមាល(Lacrimal bone) ដែលនៅជិតភ្នែកផ្នែកខាងក្នុង។ ព្រិចភ្នែក ការព្រិចភ្នែកធ្វើឲ្យភ្នែកបានសម្រាក ដោយសារការព្រិចភ្នែកនេះធ្វើឲ្យភ្នែកសើម និងបញ្ចេញជាតិពុលតាមទឹកភ្នែក។ អ្នកគួរព្រិចភ្នែក៤វិនាទីម្តង ដើម្បីការពារភាពស្អិតស្ងួតរបស់គ្រាប់ភ្នែក។ សម្រាក អ្នកគួរតែសម្រាកភ្នែករបស់អ្នកនៅពេលអ្នកធ្វើការច្រើន ជាពិសេសពេលប្រើប្រាស់កុំព្យូទ័រ។ •    វិធីសាស្រ្ត 20-20-20៖ រៀងរាល់២០នាទី អ្នកគួរតែមើលរបស់ដែលនៅទីឆ្ងាយចម្ងាយប្រហែលជាង ២០ហ្វីត(20 feet) រយៈពេល២០វិនាទី។ •    ប្រសិនបើអ្នករវល់ពេក អ្នកអាចដាក់ម៉ោងរោទ៍ ដើម្បីរំលឹកពេលដែលភ្នែកត្រូវសម្រាក។ •    អ្នកអាចបើកភ្នែកឲ្យអស់ និងបន្ទាប់មកបិទភ្នែកឲ្យអស់ម្តងម្កាល ព្រោះការសិក្សាថ្មីៗបានបញ្ជាក់ថា សកម្មភាពបែបនេះកាត់បន្ថយការស្រវាំងភ្នែក ព្រិលភ្នែក ភ្នែកមានសភាពនឿយហត់ និងភ្នែកស្ងួត។ សម្រាកភ្នែកដោយប្រើបាតដៃ ការធ្វើឲ្យភ្នែកសម្រាក គឺធ្វើឡើយដោយគ្រាន់តែប្រើបាតដៃរបស់អ្នកដាក់លើភ្នែក២ ឬ៣នាទី។ •    អង្គុយនៅលើកៅអីដែលមានខ្នងត្រង់។ ដាក់កែងដៃនៅលើតុ ឬក៏ដាក់ក្រណាត់កល់ ដើម្បីកុំឲ្យឈឺកែងដៃ។ ត្រដុសបាតដៃអ្នកឲ្យមានកំដៅ រួចយកមកខ្ទប់លើភ្នែកទាំងសងខាង។ ដកដង្ហើមមួយៗធម្មតា និងសម្រាករយៈពេល ៥ទៅ១០នាទី។ អ្នកអាចដាក់ម៉ោងរោទ៍ ដើម្បីកំណាត់នាទី។ •    ប្រសិនបើអ្នកមានអារម្មណ៍ស្រស់ស្រាយ បន្ទាប់ពីម៉ោងរោទ៍នោះ រយៈពេលនេះ គឺគ្រប់គ្រាន់សម្រាប់អ្នកហើយ។តែអ្នកអាចបន្ថែមនាទី ប្រសិនបើអ្នកគិតថាមិនទាន់គ្រប់គ្រាន់។ ភ្នែកក៏ចេះនឿយហត់ដែរ...ហើយសុខភាពភ្នែកក៏រឹតតែត្រូវការថែទាំដូចផ្នែកដទៃដូចគ្នា...ចំណាយពេលតែបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីនេត្រាដ៏មានតម្លៃទាំងគូរបស់អ្នក...បើសាកហើយមានប្រសិទ្ធភាព ជួយចែករំលែកបន្តផង  

ចែករំលែក

ការតាមទាក់ទងមនុស្សដែលយើងលួចស្រឡាញ់ដោយចំហ ជាការលំបាកសម្រាប់មនុស្សទូទៅ ជាពិសេសចំពោះមនុស្សដែលអៀនច្រើន ប៉ុន្តែមិនមែនមានន័យថា អ្នកមិនត្រូវធ្វើអ្វីសោះ ហើយរង់ចាំគេមកចាប់អារម្មណ៍នោះទេ។  មានវិធីសាស្ត្រខ្លះដែលគួរសាកល្បង ដើម្បីកុំឲ្យស្តាយនៅពេលក្រោយ។ ការប្រើក្រសែភ្នែកជាវិធីមួយដែលអាចជួយលាក់លៀមសកម្មភាពខ្លះៗពីមហាជន តែអាចបង្ហាញចំពោះបុគ្គលម្នាក់ផ្ទាល់ ហើយវាក៏ជាវិធីសាស្រ្តមួយដែលល្អបំផុតសម្រាប់អ្នកដែលខ្វះភាពក្លាហានក្នុងការបង្ហាញក្តីស្រឡាញ់ចំពោះគេដោយបើកចំហ។ ប៉ុន្តែការប្រើប្រាស់ក្រសែភ្នែកបែបណាទើបមានប្រសិទ្ធភាព? ការចាប់ផ្តើមដំបូងនៃការប្រើក្រសែភ្នែក ចំពោះមនុស្សដែលអៀនប្រៀន ជាទូទៅមានការពិបាកក្នុងការសម្លឹងមើលភ្នែករបស់មនុស្សម្នាក់ដែលគេស្រឡាញ់ និងមនុស្សទូទៅចំភ្នែក។ ហេតុដូច្នេះជំហានដំបូង គឺការហ្វឹកហាត់សម្លឹងមើលភ្នែកអ្នកដទៃចំៗជាមុនសិន។ ការប្រើក្រសែភ្នែកបែបទាក់ទាញ ការបង្កើតក្រសែភ្នែក ដើម្បីទាក់ទាញអ្នកដទៃពិតជាសំខាន់។ ប្រសិនបើការប្រើប្រាស់មិនបានល្អ នោះអ្នកអាចធ្វើឲ្យគេ និងអ្នកដទៃមានអារម្មណ៍ភ័យខ្លាចទៅវិញ។ ដូច្នេះ អ្នកត្រូវប្រាកដថាភ្នែករបស់អ្នកមានសុខភាពល្អគ្រប់គ្រាន់ក្នុងការផ្តល់នូវពន្លឺស្រទន់ ជាមួយនឹងក្រសែភ្នែកដែលមានភាពកក់ក្តៅ រួសរាយ និងកុំភ្លេចបូកផ្សំនឹងស្នាមញញឹមចេញពីចិត្តដែលបង្ហាញតាមរយៈមាត់ក៏ ដូចជាភ្នែកទាំងគូរបស់អ្នកផងដែរ។ តាមរយៈខ្សែភ្នែកអាចដឹងថាCrushក៏ពេញចិត្តនឹងយើងដែរ? ប្រសិនបើអ្នកសម្លឹងមើលមនុស្សម្នាក់លើសពី១ ឬ២វិនាទី គេក៏ក្រលេកមើលមកអ្នកវិញនោះ នេះជាសញ្ញាវិជ្ជមានមួយបញ្ជាក់ថាគេក៏ចាប់អារម្មណ៍អ្នកវិញដែរ។ នៅពេលអ្នកអាចទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សម្នាក់នោះបានហើយ អ្នកគួរតែចាប់ផ្តើមធ្វើសកម្មភាព  ដូចជាចាប់ផ្តើមការសន្ទនាពីរឿងកំប្លែងៗ ឬក៏ញាក់មុខមាត់តិចៗ ដើម្បីធ្វើឲ្យគេសើច នោះគេនឹងចាប់អារម្មណ៍លើអ្នកជាងអ្នកដទៃ។ ប្រសិនបើអ្នកនៅតែមិនមានអ្វីបញ្ជាក់ គេប្រាកដជាគិតថាអ្នកមិនមានអារម្មណ៍ចំពោះខ្លួនឡើយ ឬក៏អាចគិតថាអ្នកមិនមានទំនុកចិត្តលើខ្លួនឯង។ វិធីសាស្ត្របង្កើនក្រសែភ្នែកប្រកបដោយជំនឿចិត្ត ដើម្បីចៀសវាងការប្រើក្រសែភ្នែកដែលអាចធ្វើឲ្យភាគីម្ខាងទៀតភ័យខ្លាច អ្នកអាចព្យាយាមអនុវត្តនូវក្រសែភ្នែកដែលទាក់ទាញ រួសរាយរាក់ទាក់ និងមានជំនឿចិត្តលើខ្លួនឯង។ ខាងក្រោមនេះជាវិធីសាស្រ្តខ្លះៗដែលអាចជួយអ្នកបាន៖ •    នៅតាមដងផ្លូវ ពេលអ្នកធ្វើដំណើរហួសអ្នកថ្មើរជើងផ្សេងទៀត អ្នកអាចព្យាយាមងាកទៅមើលគេ រួចកត់សម្គាល់ពីពណ៌ភ្នែករបស់គេ។ •    អនុវត្តការសម្លឹងមើលភ្នែកចំៗ ទៅកាន់អ្នកគិតលុយ អ្នកបម្រើការតាមភោជនីយដ្ឋាននានា និងអ្នកលក់ ដោយសារពួកគាត់មិនមានជាបញ្ហាអ្វីនៅពេលយើងសម្លឹងមើលឡើយ។ ប្រហែលជាធ្លាប់បានលឺហើយថា «សម្លឹងមុខមិនស្គាល់ចិត្ត តែបើសម្លឹងភ្នែកស្គាល់ដល់បេះដូង»... ជឿ ឬមិនជឿក៏ស្រេចតែលើអ្នក...ប៉ុន្តែត្រូវចងចាំផងដែរថា «អ្នកអាចបិទបាំងអារម្មណ៍ក្នុងចិត្តបានដោយប្តូរទឹកមុខ តែមិនអាចលាក់បាំងនឹងកែវភ្នែកនោះទេ»។ មិនថាcrushជាមនុស្សប្រភេទណានោះទេ សំខាន់ យើងមានតិចនិកក្នុងការផ្តល់ជាសញ្ញាខ្លះដល់គេ ហើយវិធីងាយៗហ្វ្រីៗដែលងាយនឹងអនុវត្តបាននោះ គឺប្រើប្រាស់ក្រសែភ្នែកហ្នឹងហើយ...  

ចែករំលែក

តើអ្នកដឹងដែរឬទេថាមាត់ធ្មេញរបស់អ្នកមានបញ្ហាអ្វីខ្លះ? សុខភាពមាត់ធ្មេញរបស់អ្នក និងក្រុមគ្រួសារអ្នកពិតជាសំខាន់ណាស់… ធ្មេញសស្អាត គឺ ជាបំណងប្រាថ្នារបស់មនុស្សគ្រប់គ្នា ពីព្រោះទន្តបណ្ឌិត នាក់ ភក្ដី ផ្នែកជំនាញទូទៅ នៅពេទ្យធ្មេញ 24–80 បានឲ្យដឹងថាធ្មេញដែលសស្អាតអាចជួយលើកសម្រស់អ្នកឲ្យមើលទៅក្មេងជាងវ័យ និងបង្កើនភាពទាក់ទាញពីក្រសែភ្នែកមនុស្សជុំវិញខ្លួនថែមទៀតផង។ ប្រសិនបើលោកអ្នកចង់ឲ្យមាត់ធ្មេញមានសុខភាពល្អ ធ្មេញសស្អាតគ្រាន់តែអនុវត្តតាមវិធីសាស្រ្តងាយៗ ដូចតទៅ ៖ ត្រូវដុសធ្មេញរៀងរាល់ក្រោយទទួលទានអាហាររួច ការដុសសម្អាតធ្មេញដោយប្រើថ្នាំដុសធ្មេញមានជាតិផ្លុយអរជួយឲ្យធ្មេញរឹងមាំ សម្អាតកម្ទេចចំណីអាហារដែលដក់ជាប់ធ្មេញ កម្ចាត់បាក់តេរី និងជួយឲ្យលោកអ្នកមានខ្យល់ដង្ហើមស្រស់ថ្លា(មិនធុំក្លិនមាត់)។ បន្ថែមពីលើនេះទៀត គឺការដុសសម្អាតគល់អណ្តាត។ ប្រើអំបោះទាក់ធ្មេញ សម្អាតចន្លោះធ្មេញជាមួយអំបោះទាក់ធ្មេញ វាជួយកម្ចាត់បាក់តេរី ទាញយកកម្ទេចចំណីជាប់នៅចន្លោះធ្មេញដែលច្រាសដុសធ្មេញមួយចំនួនមិនអាចដុសបានស្អាត។ ប្រើទឹកខ្ពុរមាត់ មុននឹងអ្នកសម្រេចចិត្តទិញផលិតផលសម្រាប់ថែទាំសុខភាពមាត់ធ្មេញ ត្រូវតែពិនិត្យមើលតែមដែលមានបិទនៅលើផលិតផលបញ្ជាក់ពីការទទួលស្គាល់ពីសមាគមទន្តពេទ្យអាមេរិក ឬអឺរ៉ុប ដើម្បីធានានូវសុវត្ថិភាព និងប្រសិទ្ធិភាព។ ការប្រើប្រាស់ទឹកខ្ពុរមាត់គួរជ្រើសរើសផលិតផលដែលគ្មានជាតិអាល់កុលនោះ បញ្ហាក្លិនមាត់របស់អ្នកនឹង អាចកាតបន្ថយបានច្រើន។ តាមដានសុខភាពមាត់ធ្មេញ សូមមកពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់៦ខែម្តង ដើម្បីឲ្យទន្តបណ្ឌិតពិនិត្យពីដំណើរការនៃដំណុះធ្មេញ រោគពុកធ្មេញ និងទទួលបានការព្យាបាលទាន់ពេលវេលា។ ទន្តបណ្ឌិតនឹងជួយដោះស្រាយរកវិធីព្យាបាល ប្រសិនបើ អ្នកសង្កេតឃើញថាមានចេញឈាមនៅពេលអ្នកដុសធ្មេញ អញ្ចាញធ្មេញហើមប៉ោង ឬហូរខ្ទុះនៅអញ្ចាញធ្មេញ ស្រៀវធ្មេញរាល់ពេលទទួលភេសជ្ជៈត្រជាក់ ឬក្តៅខ្លាំង។ របបអាហារ ដើម្បីទទួលបានសុខភាពមាត់ធ្មេញល្អប្រសើរ អ្នកគួរជៀសវាងអាហារ ដូចជា អាហារបំពង កាត់បន្ថយចំណីអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើន និងស្អិតខ្លាំង អាហារមានជាតិអាស៊ីតខ្ពស់ និងប្រភេទអាហារកញ្ចប់។ អ្នកគួរតែញ៉ាំអាហារស្រស់ៗដូចជាបន្លែ និងផ្លែឈើឲ្យបានច្រើន។ កុំជក់បារី អាហារមួយចំនួនអាចជួយកម្ចាត់បាក់តេរី និងធ្វើឲ្យធ្មេញរបស់អ្នកស ភ្លឺ រលោងដោយធម្មជាតិ។ អ្នកគួរតែកាត់បន្ថយការជក់បារី ព្រោះសារធាតុគីមីដែលមានក្នុងបារីបានធ្វើឲ្យធ្មេញខូចខាតយ៉ាងខ្លាំង និងមានខ្យល់ ដង្ហើមមិនល្អ។ ការព្យាបាល នៅពេទ្យធ្មេញ 24–80 យើងបានផ្តល់នូវសេវាកម្មជាច្រើនជូនដល់អតិថិជន ដូចខាងក្រោម៖ -ផ្នែកសោភ័ណភាពធ្មេញ ៖ គឺការព្យាបាលគ្នេញដែលប្រែពណ៌ មានស្នាមប្រេះ ឬក៏បែកធំតែនៅមានសុខភាពល្អគឺអាចត្រូវបានសង្រ្គោះដោយពុំចាំបាច់ធ្វើឲ្យប៉ះពាល់ដល់សរសៃធ្មេញទេ។ វិធីព្យាបាលពីរយ៉ាងដែលពេញនិយមជាងគេ គឺការធ្វើធ្មេញឲ្យស និងការបិទបន្ទះធ្មេញដែលហៅថា «ធ្មេញវីនៀ» (Veneers)។ ការធ្វើធ្មេញឲ្យស គឺជាវិធីដ៏សាមញ្ញហើយរហ័ស ដើម្បីបង្កើនស្នាមញញឹមរបស់លោកអ្នក។ -ផ្នែកទន្តសាស្ត្រស្ថាបនាធ្មេញឡើងវិញ ៖ គឺជាការប៉ះឡើងវិញ ឬជាការដាក់ធ្មេញសិប្បនិម្មិតលើធ្មេញធម្មជាតិរបស់លោកអ្នកដែលបាត់បង់។ -ផ្នែកពត់តម្រង់ធ្មេញ ៖ ទន្តបណ្ឌិតផ្នែកពត់តម្រង់ធ្មេញនៅពេទ្យធ្មេញ 24–80 នឹងផ្តល់នូវរោគវិនិច្ឆ័យ និងគម្រោងព្យាបាលដ៏ប្រសើរមួយសមស្របទៅតាមស្ថានភាពរបស់អ្នកជំងឺម្នាក់ៗ។ ពួកគាត់នឹងផ្តល់ស្នាមញញឹមដែលអ្នកចង់បានដោយប្រើបច្ចេកវិទ្យាចុងក្រោយក្នុងការព្យាបាល ផ្តល់នូវជម្រើសដង្កៀបពត់តម្រង់ធ្មេញ (Braces) ជាលោហៈ ឬសេរ៉ាមិក (ពណ៌សដូចធ្មេញ) ឧបករណ៍ដោះដាក់ ដើម្បីពត់តម្រង់ធ្មេញ ព្រមទាំងឧបករណ៍ការពារកុំឲ្យធ្មេញដើរត្រលប់ទៅសភាពដើមវិញ ក្រោយពេលពត់ធ្មេញរួច។ ពីព្រោះស្នាមញញឹម ជាមន្តស្នេហ៍ដែលនរណាក៏អាចបញ្ចេញបាន បើសុខភាពមាត់ធ្មេញស្រស់ស្អាត និងរឹងមាំ...ដូចនេះហើយ កុំព្រងើយកន្តើយក្នុងការថែទាំវាជាប្រចាំណា៎!!! ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក
Top