
- Feb 22, 2017 |
- 6 ឆ្នាំមុន |
- 4.8K មើល
ការអានជាTrend របស់មនុស្សសម័យថ្មី
ពីមុន បើប្រាប់គេថាអ្នកចូលចិត្តអានសៀវភៅ ដូចជាមិនមានអ្វីប្លែកប៉ុន្មានទេ ប៉ុន្តែបច្ចុប្បន្នគឺពិតជាប្លែក។ សម័យដែលរាល់គ្នាមានសកម្មភាព និងនិន្នាការប្លែកៗជាច្រើន ឯបច្ចេកវិទ្យាក៏កាន់តែទំនើប តើមានអ្នកណាខ្លះនៅតែចូលចិត្តចំណាយពេលវេលាជាមួយសៀវភៅ? ប៉ុន្តែការអានត្រូវបានជម្រុញ និងលើកទឹកចិត្តជាបន្តបន្ទាប់ពីសំណាក់ស្ថាប័ន អង្គការនានា ជាពិសេសយុវជនជាច្រើននៅតាមសាលា និងសហគមន៍ ដោយបង្កើតជាក្លឹបសម្រាប់អ្នកអាន និងសកម្មភាពផ្សេងៗ។ រីឯវត្ដមាននៃបណ្ណាល័យជាច្រើនដែលបើកជាសេរីដល់អ្នកអាន ក៏ដូចជាបណ្ណាល័យចល័តនានានៅតាមសហគមន៍ក៏បញ្ជាក់អំពីការលើកទឹកចិត្តឲ្យមានការអានផងដែរ។ ជាពិសេស យុវជនគំរូមួយចំនួនបានកា្លយជានិមិត្តរូបរបស់មិត្តយុវវ័យ ក៏ដូចជាប្រជាជនទូទៅតាមរយៈការអានរបស់ពួកគេទៀតផង។ ជាលទ្ធផល ការអានហាក់ដូចជាបានទទួលការគាំទ្រយ៉ាងខ្លាំងពីមនុស្សសម័យថ្មីតែម្តង។ ជុំវិញ trend ថ្មីនេះដែរ អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់យុវជនគំរូមួយរូបគឺលោក លី តារា ជាមួយនឹងបទពិសោធន៍នៃការអានសៀវភៅបានដល់ទៅ៧៧៩ក្បាលក្នុងរយៈពេល៣ឆ្នាំ ដែលពេលនេះ លោកនឹងចូលរួមចែករំលែកដល់អ្នកទាំងអស់គ្នា តាមរយៈ ហេលស៍ថាម ទាក់ទិននឹងបទពិសោធន៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ។ ហេលស៍ថាម៖ តើអ្វីទៅដែលគួរឲ្យចាប់អារម្មណ៍អំពីការអាន? តារា៖ គឺវាបង្រៀនឲ្យយើងក្លាយទៅជាមនុស្សម្នាក់ដែលចេះគិតគូរច្រើនជាងមុន ព្រមទាំងចេះវែកញែកវិភាគនូវរឿងរ៉ាវកើតឡើងចំពោះសាច់រឿង ជាពិសេសខ្លឹមសារនីមួយៗក្នុងសៀវភៅ ដោយពេលខ្លះគ្រាន់តែជួបប្រទះនូវពាក្យអ្វីមួយ យើងអាចគិតភ្លាមៗជាក់ស្តែងមកក្នុងស្ថានភាពដែលយើងកំពុងរស់នៅ ហើយយកមកអនុវត្តដើម្បីឲ្យការរស់នៅកាន់តែល្អប្រសើរ។ ភាពវៃឆ្លាត និងរហ័សរហួនទាំងនេះសុទ្ធតែបានមកពីការអានសៀវភៅច្រើន។ ហេលស៍ថាម៖ តើការអានប្រកបដោយប្រសិទ្ធភាពគួរតែមានលក្ខណៈបែបណា? តារា៖ ប្រសិទ្ធភាពនៃការអានមានកត្តា៣សំខាន់ៗ៖ ល្បឿន ការយល់ និងការចងចាំ។ អ្នកចាប់ផ្តើមអានដំបូងគឺមានការពិបាកបន្តិចដើម្បីឲ្យកត្តាទាំង៣នោះមានលំនឹង ដូច្នេះអ្នកគួរកុំខ្វល់ច្រើន គួររៀនជាសន្សឹមៗ ឬក៏អាចចាប់ផ្តើមអនុវត្តនូវចំណុចណាមួយខាងលើសិន។ ហេលស៍ថាម៖ វិធីសាស្រ្តអ្វីដែលតារាប្រើ ដើម្បីបង្កើតទម្លាប់អានបានប្រសើរយ៉ាងនេះ? តារា៖ ដើម្បីបង្កើតឲ្យបានទម្លាប់អានមួយជោគជ័យគឺយើងត្រូវកំណត់គោលដៅឲ្យបានច្បាស់លាស់អំពីសារប្រយោជន៍បន្ទាប់ពីអានសៀវភៅ។ ហើយអ្វីដែលជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំកន្លងមក គឺខ្ញុំមានវិធីសាស្រ្ត ជំពាក់ខ្លួនឯង។ ជារឿយៗ យើងអាចនឹងមិនអានឲ្យចប់នូវអ្វីដែលយើងបានកំណត់ទុកនោះទេ ដូចនេះយើងអាចជំពាក់ទំព័រ ឬសៀវភៅដែលយើងកំពុងអានបាន។ ឧទាហរណ៍ យើងកំណត់ថាក្នុងមួយអាទិត្យនេះ យើងត្រូវតែអានបញ្ចប់សៀវភៅមួយក្បាលដែលមាន២៥០ទំព័រ តែផ្ទុយទៅវិញ យើងអានចប់បានត្រឹមតែ២០០ទំព័រតែប៉ុណ្ណោះ ដូច្នេះក្នុងអាទិត្យថ្មីយើងក៏ចាប់ផ្តើមអានសៀវភៅថ្មី តែដោយសារតែយើងបានជំពាក់ទំព័រខ្លួនឯងនៅសៀវភៅចាស់ ដូច្នេះយើងបានពន្លឿនការអានសៀវភៅថ្មីឲ្យឆាប់ចប់ និងអានសងទំព័រសៀវភៅចាស់វិញ។ ស្តាប់ទៅដូចជាត្រូវចំណាយពេលច្រើន អញ្ចឹងយើងក៏គួរតែបង្កើតទម្លាប់អានឲ្យបានរាល់ថ្ងៃ គ្រប់នាទីដែលយើងគិតថាអាចអានសៀវភៅបានដូចជាមុនពេលញុំាបាយ និងរង់ចាំមិត្តភក្តិជាដើម។ ដោយឡែក អ្នកអានច្រើនចូលចិត្តសេរីភាព មិនចូលចិត្តដាក់សម្ពាធ ដូច្នេះការទម្លាប់អានតាមសម្រួល មិនបង្ខំ អាចធ្វើឲ្យការអានមានការរីកចម្រើន និងពេញចិត្តនូវអ្វីដែលខ្លួនកំពុងធ្វើ។ ហេលស៍ថាម៖ រហូតមកដល់ពេលនេះ តើតារាបានទទួលបានអត្ថប្រយោជន៍អ្វីខ្លះហើយពីការអាន? តារា៖ តាមបទពិសោធន៍អានកន្លងមក ខ្ញុំបានទទួលអត្ថប្រយោជន៍ច្រើនដែលខ្ញុំមិនធ្លាប់ដឹងពីមុន តួយ៉ាងខ្ញុំលែងមានអារម្មណ៍ថាខ្លាចគេ ព្រោះជាធម្មតានៅក្នុងបរិបទសិក្សា ឬការងារតែងមានការប្រកួតប្រជែង តែដោយសារខ្ញុំបានអានសៀវភៅច្រើនដូច្នេះខ្ញុំដឹងអ្វីច្រើនដែលមិនបានបង្រៀននៅក្នុងសាលា ឬជួបប្រទះផ្ទាល់។ មិនតែប៉ុណ្ណោះខ្ញុំក៏បានយកចំណេះដឹងទាំងប៉ុន្មានមកចែករំលែកទៅអ្នកផ្សេង ក៏ដូចជាអាជីពការងាររបស់ខ្ញុំ និងជាអ្នកដឹកនាំយុវជន២០០នាក់ដែលចូលចិត្តអានសៀវភៅផងដែរ។ ហើយខ្ញុំក៏ជឿជាក់ថា នៅថ្ងៃអនាគតបទពិសោធន៍ទាំងនេះអាច ជួយខ្ញុំក្នុងការប្រកបមុខរបរ ឬអាជីវកម្មផ្សេងៗដូចគ្នាដែរ។ ហេលស៍ថាម៖ ចូលចិត្តអានយ៉ាងនេះ តើមានអ្នកណាជាអ្នកជម្រុញទឹកចិត្តដែរឬទេ? តារា៖ គ្មានអ្នកណាក្រៅពីខ្លួនឯងនោះទេ។ ហេលស៍ថាម៖ អញ្ចឹង តើតារាគិតថាអាចជួយជម្រុញទឹកចិត្តអ្នកដទៃឲ្យចូលចិត្តអានតាមរបៀបណា? តារា៖ ចំណុចសំខាន់បំផុតគឺបង្ហាញពីអត្ថប្រយោជន៍នៃការអានប្រសើរជាងការនិយាយប្រាប់ឲ្យគេធ្វើតាមយើង។ ហេលស៍ថាម៖ អ្នកអានដ៏ល្អម្នាក់គួរមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ? តារា៖ អ្នកអានដ៏ជោគជ័យ និងល្អម្នាក់គួរតែមានការប្តេជ្ញាខ្ពស់ក្នុងការចង់រៀនរបស់ថ្មី បន្ទាប់មកចែករំលែកចំណេះដឹងដល់អ្នកដទៃ ទើបអាចញុំាងឲ្យគាត់កាន់តែចង់អាន ចង់ចេះបន្ថែមទៀត។ ហេលស៍ថាម៖ តារាចង់ផ្តល់សារទៅដល់មិត្តអ្នកអាន និងមិត្តចង់អានយ៉ាងដូចម្តេចខ្លះ? តារា៖ សូមលើកទឹកចិត្តឲ្យយុវជនទាំងអស់ចូលរួម Community អានជាមួយអ្នកដទៃឲ្យបានច្រើន ព្រមទាំងចេះចែករំលែកចំណេះដឹងដល់គ្នាទៅវិញទៅមក ហើយព្យាយាមបង្កើតទម្លាប់អានដោយខ្លួនឯង ទោះបីមានភាពមមាញឹកជាមួយកិច្ចការផ្សេងៗក៏ដោយ ព្រោះការអានពិតជាផ្តល់អត្ថប្រយោជន៍ច្រើនដែលនឹកស្មានមិនដល់។
ចែករំលែក