Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

កូនឈឺ ជាកង្វល់ដ៏ធំបំផុតសម្រាប់អាណាព្យាបាលគ្រប់រូប ជាក់ស្ដែងការកើនឡើងកម្តៅរាងកាយជា បញ្ហាដែលងាយនឹងកើតឡើងបំផុតលើកុមារតូចៗ និងជាក្តីបារម្ភចំពោះឪពុកម្តាយគ្រប់រូបផងដែរ។ ហេតុនេះហើយអត្ថបទខាងក្រោមនឹងបង្ហាញអំពីគន្លឹះសំខាន់ៗនិងដំណោះស្រាយខ្លះៗទាក់ទងនឹងការកើនឡើងកម្តៅរាងកាយលើកុមារដែលឪពុកម្តាយគួរធ្វើនិងមិនគួរធ្វើពេលដែលកូនតូចៗរបស់លោកអ្នកជួបនឹងបញ្ហានេះ។ ការកើនឡើងកម្តៅរាងកាយលើកុមារ កម្តៅរាងកាយរបស់មនុស្សយើងប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប៉ុន្តែទោះជាមានការប្រែប្រួលយ៉ាងណា សម្រាប់វេជ្ជសាស្រ្តពាក្យថា ការកើនឡើងកម្តៅរាងកាយគឺយកចាប់ពីស្មើ ឬលើស ៣៨អង្សាឡើងទៅ។ ក្មេងដែលមានកម្តៅរាងកាយកើនខ្ពស់ ច្រើនតែឡេះឡះ មិនគេង ថយចុះការលេង និងមិនញ៉ាំអាហារ។ល។ កម្តៅឡើងកាន់តែខ្ពស់ នោះអាការៈកាន់តែអាក្រក់យ៉ាងណាមិញការកើនឡើងកម្តៅរាងកាយខ្ពស់មិនមែនសុទ្ធតែធ្ងន់ធ្ងរនៅទេ ប៉ុន្តែវាអាស្រ័យលើកត្តាបង្កដែលកំណត់ថាធ្ងន់ធ្ងរ ឬអត់។ កត្តាបង្កធ្វើឲ្យក្មេងក្តៅខ្លួន កត្តាដែលធ្វើឲ្យក្មេងក្តៅខ្លួនភាគច្រើនបណ្តាលមកពីការបង្ករោគដូចជាបាក់តេរី ឬវីរុសដូចជាផ្តាសាយជាដើម ប៉ុន្តែក៏រួមមានកត្តាផ្សេងទៀតដូចជា៖ • អាកាសធាតុក្តៅពេក ឬត្រជាក់ពេក • ស្លៀកពាក់ក្រាស់ ឬច្រើនជាន់ពេក • ការប្រើប្រាស់ថ្នាំមួយចំនួន • ការចាក់វ៉ាក់សាំង • ជំងឺមួយចំនួន • អាល្លែកហ្ស៊ី។ល។ មានតែការវាស់កម្តៅតាមទែម៉ូម៉ែត្រប៉ុណ្ណោះដែលអាចឲ្យឪពុកម្ដាយដឹងថាក្មេងក្តៅខ្លួនកម្រិតណា។ ការយកដៃ ឬខ្នងដៃស្ទាបក្បាល ក ឬដងខ្លួន មិនត្រូវបានយកជាការដើម្បីកំណត់ពីកម្តៅរបស់ក្មេងឡើយ។ អ្នកអាចយកកម្តៅក្មេងតាម គូថ ត្រចៀក មាត់ ក្បាល ឬក្លៀកដោយប្រើប្រាស់ទែម៉ូម៉ែត្រអេឡិចត្រូនិក ឬទែម៉ូម៉ែត្របារ៉ត។ ការអនុវត្តនៅពេលក្មេងក្តៅខ្លួន នៅពេលកូនតូចៗមានកម្តៅរាងកាយកើនឡើងខ្ពស់ អ្នកគួរប្រកាន់ខ្ជាប់ការអនុវត្តមួយចំនួនដូចជា៖ • ស្លៀកពាក់ខោអាវឲ្យក្មេងស្តើងៗ ចៀសវាងខោអាវក្រាស់ ឬគ្របភួយក្រាស់ៗព្រោះអាចធ្វើឲ្យកម្តៅកាន់តែកើនឡើង • បើក្មេងក្តៅញាក់អាចដណ្តប់ភួយបាន ប៉ុន្តែត្រូវដកភួយចេញវិញពេលបាត់ញាក់ • ឲ្យក្មេងផឹកទឹកឲ្យបានច្រើន ដូចជាទឹកក្រូច ទឹកសណ្តែក ទឹកស៊ុបជាដើម • អាចងូតទឹកឲ្យក្មេងបាន ប៉ុន្តែចៀសវាងទឹកត្រជាក់ពេក និងពិសេសកុំឲ្យក្មេងត្រាំទឹក • កុំប្រើអាល់កុលជូតក្មេង • អាចប្រើក្រណាត់សើមជូតខ្លួនឲ្យក្មេង ជាពិសេសត្រង់ក្លៀក កញ្ចឹងក និងខ្លួនប្រាណ • កុំបង្ខំឲ្យក្មេងញុំា បើក្មេងមិនចង់ញុំា • ឲ្យក្មេងសម្រាកបានច្រើន • តាមពិតទៅក្មេងដែលមានសុខភាពល្អ នៅពេលក្តៅខ្លួនមិនគួរប្រើថ្នាំភ្លាមៗនោះទេ ដូចដែលយើងដឹងស្រាប់ទៅហើយថាថ្នាំជាអាវុធមុខពី​​​​​​​​​​​​​​​​​រ។ ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយអាចឲ្យជាថ្នាំបញ្ចុះកម្តៅតែគួរចងចាំដែរថា ថ្នាំបញ្ចុះកម្តៅមិនមានផលចំពោះការបង្ករោគនោះឡើយ ដែលថ្នាំទាំងនោះមានដូចជា៖ - ប៉ារ៉ាសេតាម៉ុល អាចឲ្យតាមគូថ ឬលេបតាមមាត់ - អុីប៊ុយប្រូហ្វែន អាចឲ្យលេបតាមមាត់។ កត្តាដែលគួរដឹងពេលប្រើថ្នាំបញ្ចុះកម្តៅ • កុំប្រើលើសពី ៤ដងក្នុងមួយថ្ងៃ • ក្មេងក្រោម ២ឆ្នាំមិនត្រូវបានប្រើទេ ដោយត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតបន្ថែម •​ អានក្រដាសចង្អុលបង្ហាញមានស្រាប់ក្នុងប្រអប់ថ្នាំឲ្យបានច្បាស់លាស់ • ត្រូវវាល់ឲ្យបានត្រឹមត្រូវចំពោះថ្នាំទឹក ដោយអាចប្រើស្លាបព្រាដែលមានស្រាប់ក្នុងប្រអប់ជាជាងប្រើស្លាបព្រាផ្ទះបាយ • ក្តៅខ្លួនលើក្មេងតូចជាង ៣ខែ គួរយកមកមន្ទីរពេទ្យជាជាងឲ្យថ្នាំនៅផ្ទះព្រោះក្មេងតូចក្តៅខ្លួនអាចជាសញ្ញានៃការបង្ករោគ • មិនត្រូវប្រើថ្នាំអាស្ពីរីន ព្រោះវាអាចធ្វើឲ្យមានជំងឺមួយហៅថា Reye’s Syndrome ដែលជាជំងឺកាចសាហាវលើកុមារ និងអាចធ្ងន់ធ្ងរដល់ស្លាប់ • ថ្នាំប៉ារ៉ាសេតាម៉ុលគួរឲ្យជាមួយទឹកក្តៅឧណ្ហៗ មុនពេលងូតទឹក ព្រោះពេលងូតទឹកអាចធ្វើឲ្យក្មេងញាក់ ដែលនាំឲ្យកម្តៅកើនឡើង • មិនត្រូវជូត ឬដុសខ្លួនក្មេងជាមួយអាល់កុល ឬងូតទឹកត្រជាក់ឡើយ។ តើសញ្ញាណាខ្លះដែលឪពុកម្តាយគួរប្រុងប្រយ័ត្ន? វាជាការពិតណាស់ដែលមានកត្តាជាច្រើនធ្វើឲ្យមានកម្តៅរាងកាយកើនឡើង ប៉ុន្តែលើសពីនេះ អ្វីដែលសំខាន់នោះ តើក្មេងក្តៅខ្លួនឪពុកម្តាយគួរប្រុងប្រយ័ត្នអ្វីខ្លះ? ចំណុចទាំងនោះរួមមាន៖ • ក្តៅខ្លួនលើកុមារតូចជាង២ឆ្នាំ • ក្មេងសន្លឹម • ក្មេងប្រកាច់ • ពិបាកដកដង្ហើម ឬហត់ • មានហូរឈាមក្រោមស្បែកសណ្ឋានជា គ្រាប់ក្រហមៗតូចៗលើស្បែក • ក្មេងយំជាប់មិនឈប់ • ក្មេងមានក្អួត ឬរាកជាប់មិនឈប់ • ឈឺក្បាល រឹងក ឬវង្វេងវង្វាន់សម្រាប់ក្មេងធំ។ ការកើនឡើងកម្តៅរាងកាយខ្លាំងអាចធ្វើឲ្យក្មេងបាត់បង់នូវជាតិទឹក និងសារធាតុរ៉ែ ដែលធ្វើឲ្យប៉ះពាល់ដល់សរីរាង្គកាយ និងការលូតលាស់របស់កូនៗលោកអ្នក។ បន្ថែមពីនោះត្រូវប្រុងប្រយ័ត្នចំពោះសញ្ញាគ្រោះថ្នាក់ និងគួរមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញភ្លាម ប្រសិនកម្តៅក្មេងមិនថយចុះដើម្បីអាចចៀសវាងផលវិបាកផ្សេងៗដែលអាចកើតមាន។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អ្នកម្តាយដែលទើបតែមានគភ៌ថ្មីថ្មោង ពិសេសនៅ ៣ខែដំបូង តែងកើតមានក្តីសង្ស័យ និងមិនប្រាកដក្នុងចិត្តថា តើក្នុងអំឡុងពេលមានគភ៌នោះត្រូវមើលថែទាំ និងមានរឿងអ្វីដែលគួរធ្វើបន្ថែមទៀតឬទេ? មានរឿងអ្វីខ្លះដែលគួរចៀសវាង? កិច្ចការងារពីមុនដែលធ្លាប់ធ្វើតើអាចធ្វើបានទៀតឬទេ? ចំណុចសង្ស័យទាំងនេះសុទ្ធតែជារឿងដែលអ្នកពពោះនៅសង្ស័យច្រើនគ្នាណាស់ ដូច្នេះម៉ោះ‌យើង! មកស្រាយចំណុចសង្ស័យទាំងនេះទាំងអស់គ្នា។ អ្វីគួរធ្វើ - បរិភោគអាហារឲ្យបានគ្រប់គ្រាន់និងត្រឹមត្រូវ ស្ត្រីមានផ្ទៃពោះក្នុងត្រីមាសទី១ ត្រូវបរិភោគអាហារដែលសម្បូរទៅដោយជីវជាតិចម្រុះ ដូចជាប្រភេទសាច់គ្រប់ប្រភេទ ស៊ុត និងត្រីជាដើមដើម្បីបង្កើនប្រូតេអុីន ឯបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិផ្សេងទៀតជួយអ្នកឲ្យទទួលបានសារធាតុសរសៃគ្រប់គ្រាន់។ ម្យ៉ាងទៀតអ្នកត្រូវបរិភោគទឹកឲ្យបានច្រើនដោយបង្កើននូវបរិមាណទឹក ៣០០មិល្លីលីត្រលើបរិមាណធម្មតា ព្រោះវាអាចជួយសម្រួលដល់បញ្ហាទល់លាមកពេលមានគភ៌ រួមជាមួយនឹងជួយសម្រួលមួយផ្នែកលើបញ្ហាក្អួតចង្អោររបស់អ្នកផងដែរ។ - បរិភោគអាហារដែលសម្បូរដោយកាល់ស្យូម ក្រៅពីអាហារបំប៉នដែលមានកាល់ស្យូម អ្នកត្រូវប្រាកដថាអាហារប្រចាំថ្ងៃរបស់អ្នកក៏សម្បូរទៅដោយកាល់ស្យូមផងដែរ ព្រោះវាមានសារសំខាន់ណាស់ក្នុងការលូតលាស់ប្រព័ន្ធសរសៃប្រសាទ និងសាច់ដុំ រួមជាមួយនឹងឥទ្ធិពលក្នុងការជំរុញការកកើតឡើងនូវធ្មេញនិងឆ្អឹងរបស់ទារក។ វាក៏ជួយក្នុងការការពារអ្នកពីបញ្ហាលើសសម្ពាធឈាមក្នុងអំឡុងពេលមានផ្ទៃពោះផងដែរ។ អ្នកគួរបរិភោគទឹកដោះគោ ៦០០មិល្លីលីត្រក្នុងមួយថ្ងៃដើម្បីធានាឲ្យបាននូវបរិមាណកាល់ស្យូមដែលខ្លួនអ្នកត្រូវការ។ - កុំរំលងវីតាមីន D អ្នកអាចទទួលបានវីតាមីន D ពីផ្នែកលឿងនៃស៊ុតត្រីសាម៉ុង ទឹកដោះគោ ខ្លាញ់ថ្លើមត្រី ឬអាចបានវីតាមីននេះ ពេលហាលថ្ងៃ។ វាអាចជួយរក្សាកម្រិតកាល់ស្យូម និងផូស្វ័រក្នុងខ្លួនអ្នកបាន។ ការខ្វះវីតាមីន D ក្នុងពេលមានផ្ទៃពោះ មិនត្រឹមតែបង្កើនហានិភ័យក្នុងការកើតជំងឺត្រៀមក្រឡាភ្លើងប៉ុណ្ណោះទេ តែវាក៏អាចធ្វើឲ្យកូនរបស់អ្នកខ្វះវីតាមីននៅពេលកើតផងដែរហើយវាអាចបង្កើនហានិភ័យនៃការលូតលាស់មិនប្រក្រតីនៃឆ្អឹង និងពន្យារការលូតលាស់សរីរាង្គកាយរបស់ទារកថែមទៀត។ - បង្កើនបរិមាណអាស៊ីតខ្លាញ់ Omega-3 អាស៊ីតខ្លាញ់ប្រភេទនេះ មានសារសំខាន់ណាស់ចំពោះការលូតលាស់ខួរក្បាលរបស់ទារក ប្រព័ន្ធសរសៃប្រសាទ និងភ្នែក។ ត្រីជាប្រភពចម្បងដែលសម្បូរទៅដោយអាស៊ីតខ្លាញ់ Omega-3។ - លេបថ្នាំជាតិដែក និងអាស៊ីត Folic ឲ្យបានទៀងទាត់ អាស៊ីត Folic មានសារសំខាន់ក្នុងអំឡុងពេលមុននិងពេលមានផ្ទៃពោះថ្មីៗព្រោះវាជួយក្នុងការលូតលាស់ឆ្អឹងកងខ្នងនិងកោសិកាប្រសាទរបស់ទារក។ កង្វះសារធាតុនេះ អាចធ្វើឲ្យឆ្អឹងកងខ្នងរបស់ទារកលូតលាស់ខុសប្រក្រតី។ សម្រាប់ស្រ្តីជាម្តាយ អាស៊ីត Folic ជួយនៅក្នុងការផលិតគ្រាប់ឈាមដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃជំងឺស្លេកស្លាំងដោយសារខ្វះគ្រាប់ឈាម។ កម្រិតជាតិដែក ដែលស្ត្រីធម្មតាត្រូវការគឺ ២១មិល្លីក្រាមក្នុងមួយថ្ងៃឯស្ត្រីមានផ្ទៃពោះត្រូវការដល់ទៅ ៣៥មិល្លីក្រាមក្នុងថ្ងៃ។ ជាតិដែកដែលអ្នកត្រូវលេបត្រូវបានប្រើប្រាស់ក្នុងការបង្កើតគ្រាប់ឈាមរបស់ទារក និងរក្សាកម្រិតជាតិដែកក្នុងខ្លួនម្តាយឲ្យស្ថិតក្នុងកម្រិតធម្មតា។ - គេងឲ្យបានគ្រប់គ្រាន់ ស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែមានបញ្ហាចង្អោរ ក្អួតវិលមុខ និងក្រហាយទ្រូង ពិសេសអំឡុងពេលត្រីមាសទី១។ ដូច្នោះ ការគេងឲ្យបានគ្រប់គ្រាន់និងពីព្រលប់នោះគឺពិតជាមានសារសំខាន់ណាស់ចំពោះស្រ្តីមានផ្ទៃពោះ។ ដោយហេតុថា ការគេងឲ្យបានគ្រប់គ្រាន់រយៈពេល ៧ ទៅ៩ម៉ោងក្នុងមួយថ្ងៃអាចជួយឲ្យអ្នកម្តាយ និងកូននៅក្នុងផ្ទៃមានសុខភាពល្អ ព្រមទាំងជួយឲ្យម្តាយមានកម្លាំង។ បន្ថែមពីនេះ ការគេងថ្ងៃខ្លះនៅពេលអ្នកអស់កម្លាំងវាពិតជាពិបាកធ្វើការណាស់ដូច្នេះយកល្អគួរតែគេងថ្ងៃ ១៥នាទី ប្រសិនបើអ្នកនៅកន្លែងធ្វើការ ចូរស្វែងរកកន្លែងមួយដែលអាចបិទទ្វារបានហើយគេង ។ - ការធ្វើលំហាត់ប្រាណ "តើខ្ញុំហាត់ប្រាណទៀងទាត់អំឡុងពេលមានផ្ទៃពោះទេ?" ពិតណាស់! ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់អាចជួយអ្នកប្រយុទ្ធប្រឆាំងនឹងអារម្មណ៍ធុញថប់ ការប្រែប្រួលអ័រម៉ូន ភាពអស់កម្លាំង ទប់ស្កាត់ការឡើងទម្ងន់ និងការគេងមិនលក់ដែលអាចកើតឡើងក្នុងត្រីមាសទី១នៃការមានផ្ទៃពោះ។ ដោយលោកអ្នកគ្រាន់តែធ្វើការដើរពី ១៥ ទៅ ២០នាទីអាចជួយបង្កើនថាមពលក្នុងខ្លួននៅពេលអ្នកអស់កម្លាំងបានផងដែរ។ អ្វីមិនគួរធ្វើ - មានអារម្មណ៍តានតឹង កម្រិតនៃភាពតានតឹងខ្ពស់អាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពទារកដែលមិនទាន់កើត និងបង្កើនឱកាសនៃការរលូតកូន។ ភាពតានតឹង ឬការធ្លាក់ទឹកចិត្តជំរុញការផលិតសារធាតុគីមី និងអ័រម៉ូនមួយចំនួននៅក្នុងខ្លួនអ្នកដែលអាចរារាំងសរសៃឈាមក្នុងការផ្គត់ផ្គង់អុកស៊ីសែនទៅកាន់ស្បូន ព្រមទាំងប៉ះពាល់ដល់ការលូតលាស់របស់ទារកផងដែរ។ - ជក់បារី តើអ្នកកំពុងជក់បារីមែនទេ? ឥលូវនេះអ្នកគួរបញ្ឈប់ជាបន្ទាប់ ពីព្រោះបារីអាចប៉ះពាល់ដល់សុខភាពរបស់អ្នក ពិសេសកូននៅក្នុងផ្ទៃ។ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) បានបង្ហាញថា ស្រ្តីដែលជក់បារីអំឡុងពេលមានផ្ទៃពោះអាចប្រឈមកាន់តែខ្លាំងនឹងទារកកើតមកឆែបមាត់ ឬឆែបក្រអូម ព្រមទាំងបង្កើនការប្រឈមនឹងបញ្ហាសុខភាពជាច្រើនរួមទាំងការរលូតកូន បញ្ហានៅសុក និងសម្រាលមិនគ្រប់ខែ ព្រមទាំងបន្ថយការលូតលាស់របស់កូន អាចធ្វើឲ្យខូចខួរក្បាល និងសួតរបស់ទារក និងបង្កើនការប្រឈមនឹងកូនស្លាប់ក្នុងផ្ទៃផងដែរ។ - ពិសាគ្រឿងស្រវឹង បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) ការពិសាគ្រឿងស្រវឹងអំឡុងពេលមានផ្ទៃពោះ ពិសេសអំឡុងពេល ៣ខែដំបូងវាក៏អាចឲ្យទារកលូតលាស់មិនបានល្អ កូនកើតមកមិនគ្រប់លក្ខណៈ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលរបស់ទារក។ ក្នុងករណីនេះផងដែរវាអាចបង្កើនការប្រឈមនឹងកូនកើតមកមិនគ្រប់ទម្ងន់ ព្រមទាំងមានបញ្ហាដល់ការរៀនសូត្រនិយាយ យកចិត្តទុកដាក់ និងរពឹសខ្លាំងខុសធម្មតាដែរ។ មកទល់សព្វថ្ងៃនេះមិនទាន់មាននរណាដឹងច្បាស់នៅឡើយថាតើគ្រឿងស្រវឹងអាចផ្តល់គ្រោះថ្នាក់ខ្លាំងកម្រិតណាលើទារកក្នុងផ្ទៃនោះទេ។ ដូច្នេះ ស្ត្រីមានផ្ទៃពោះ ត្រូវតែតមគ្រឿងស្រវឹងទាំងនេះ ដើម្បីសុវត្ថិភាពកូនរបស់អ្នក។ - បរិភោគជាតិកាហ្វេអុីនច្រើន ការសិក្សាជាច្រើនបានបង្ហាញថា ការញ៉ាំជាតិកាហ្វេអុីនខ្ពស់អាចប្រឈមទៅនឹងការរលូតកូន ព្រមទាំងបញ្ហានៃការមានផ្ទៃពោះផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះ ជាតិកាហ្វេអុីនក៏អាចប៉ះពាល់ដល់សុក និងដំណើរការបេះដូងរបស់ទារកដែរ។ ផ្ទុយទៅវិញ ជាតិកាហ្វេអុីន អាចនឹងមិនប៉ះពាល់ផងដែរ ប្រសិនបើអ្នកម្តាយទទួលទានសារជាតិនេះមិនឲ្យច្រើនជាង២០០ក្រាម ឬ២ពែងក្នុងមួយថ្ងៃនោះ។ - ញុំាសាច់ឆៅ និងអាហារសមុទ្រ ស្ត្រីមានផ្ទៃពោះ ពិសេសត្រីមាសទី១ ដែលបរិភោគសាច់ឆៅ និងស៊ុតឆៅអាចប្រឈមនឹងហានិភ័យនៃការរលូតកូន ទារកកើតមកមិនគ្រប់លក្ខណៈពិសេសប្រភេទមេរោគឆ្លងដូចជា Listeria និង Toxoplasma ដែលអាចនាំឲ្យមានជំងឺធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិតបានថែមទៀតផង។ អាហារសមុទ្រ សម្បូរទៅដោយសារធាតុបារ៉ត ដែលអាចបំផ្លាញការលូតលាស់នៃប្រព័ន្ធសរសៃប្រសាទនិងអាចពន្យឺតការលូតលាស់ព្រមទាំងបំផ្លាញខួរក្បាលរបស់ទារក។ ត្រីមាសទីមួយជាពេលវេលាសំខាន់ក្នុងអំឡុងពេលមានផ្ទៃពោះព្រោះអ្នកជាម្តាយត្រូវធ្វើការប្រុងប្រយ័ត្នខ្លាំងដើម្បីធានាឲ្យបានពីការគំរាមរលូតក្នុងដំណាក់កាលនេះ។ ដូចនេះ ការស្វែងយល់ពីអ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើគឺពិតជាមានសារសំខាន់ណាស់សម្រាប់អ្នក។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការមានផ្ទៃពោះមិនមែនជារឿងងាយស្រួលដូចការគិតរបស់អ្នកនោះទេដូច្នោះប្រសិនបើអ្នកមានបំណងចង់បានកូនដែលមានសុខភាពល្អ ការសម្រាលទទួលបានជោគជ័យ និងសុវត្ថិភាពនោះ អ្នកគួរតែត្រៀម និងរៀបចំខ្លួនឲ្យបានល្អជាមុនសិន។ ជ្រើសរើសរបបអាហារសុខភាព អាហារសុខភាពជារឿងចម្បងគេ សម្រាប់ស្ត្រីដែលត្រៀមមានផ្ទៃពោះ ឬអំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាលក៏ដោយ។ ជាក់ស្ដែង ការជ្រើសរើសរបបអាហារមិនត្រឹមត្រូវ អាចផ្ដល់ផលអវិជ្ជមានយ៉ាងខ្លាំងទៅលើឱកាសនៃមានផ្ទៃពោះ និងអំឡុងពេលពពោះ នេះបើយោងតាមការស្រាវជ្រាវនានា។ ស្ត្រីគួរផ្លាស់ប្ដូរទម្លាប់មិនល្អដែលកំពុងមាន ដោយជំនួសមកវិញនូវការប្រកាន់ខ្ជាប់ការរស់នៅស្អាត និងជ្រើសរើសអាហារដែលសម្បូរទៅដោយវីតាមីន ប្រូតេអុីននិងជាតិខ្លាញ់ល្អ។  ការគ្រប់គ្រងទម្ងន់ ទម្ងន់រាងកាយ ជាកត្តាមួយផ្នែកដែលជះឥទ្ធិពលដល់ការមានផ្ទៃពោះមិនថាស្រ្តីស្គម ឬធាត់ពេកនោះទេ។ ជាក់ស្ដែង ប្រសិនស្រ្តីមានបញ្ហាលើសទម្ងន់ នោះជាឱកាសដែលអាចឲ្យប្រឈមទៅនឹងបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺលើសជាតិអាស៊ីតជាដើមនៅពេលពពោះ។ ដូច្នេះ ការកំណត់ពីទម្ងន់រាងកាយដែលស័ក្តិសមជារឿងត្រូវធ្វើឲ្យបានឆាប់រហ័ស ជាមួយគ្នានេះ ការពិគ្រោះយោបល់ពីសំណាក់វេជ្ជបណ្ឌិត ឬគ្រូពេទ្យជំនាញជាវិធីសាស្រ្តក្នុងការបញ្ចៀសពីបញ្ហានានាដែលអាចប្រឈម។ បន្ថយភាពតានតឹង ការចៀសវាងភាពតានតឹង និងថែទាំសុខភាពផ្លូវចិត្តអាចជួយឲ្យអ្នកមានសុខភាពល្អនៅពេលពពោះ។ ជាក់ស្តែង អ្នកត្រូវកំណត់ពេលវេលាក្នុងការគេងឲ្យបានគ្រប់គ្រាន់ និងរស់នៅប្រកបដោយផាសុកភាព។ ផ្ទុយទៅវិញប្រសិនបើអ្នកមានភាពតានតឹងនោះជាមូលហេតុមួយដែលនាំឲ្យអ្នកពិបាកក្នុងការមានផ្ទៃពោះ ឬអាចរលូតកូនបាន។ យោងតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញពីវិធីសាស្រ្តគ្រប់គ្រងអារម្មណ៍ភាពតានតឹងតាមរយៈការធ្វើលំហាត់ប្រាណបែបសមាធិ និងការដកដង្ហើមវែងៗសម្រាប់ស្រ្តីមានផ្ទៃពោះ ក៏ដូចជាស្រ្តីត្រៀមមានផ្ទៃពោះ។ គេងឲ្យបានគ្រប់គ្រាន់ ការគេងឲ្យបានគ្រប់គ្រាន់ គឺមានសារៈសំខាន់សម្រាប់សុខភាពរបស់មនុស្សគ្រប់វ័យ ពិសេសស្រ្តីដែលត្រៀមមានផ្ទៃពោះ និងអំឡុងពេលមានផ្ទៃពោះ។ ដោយហេតុថា អំឡុងពេលគេង ជាវេលាមួយអនុញ្ញាតឲ្យរាងកាយបានសម្រាកដើម្បីជួសជុលកោសិកា សម្រួលដល់ចលនាឈាមរត់ និងដំណើរការមុខងាររបស់សារពាង្គកាយជាច្រើន។ លើសពីនេះ ការគេងគ្រប់គ្រាន់អាចកំណត់អ័រម៉ូនដែលពាក់ព័ន្ធនឹងការបញ្ចេញអូវុល និងអ័រម៉ូនបន្តពូជដូចជា អឺស្រ្តូហែ្សន និងប្រូសេស្តេរ៉ូន ដែលសម្រួលដល់ការមានផ្ទៃពោះ។ ដូច្នេះអ្នកគួរគេង ឲ្យបានយ៉ាងហោចណាស់ ៧ ទៅ ៩ម៉ោងក្នុងមួយថ្ងៃដើម្បីទទួលបានសុខភាពល្អទាំងម្តាយ និងកូនក្នុងផ្ទៃ។ កំណត់កម្រិតជាតិកាហ្វេអុីន ការទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអុីន អាចបង្កើនហានិភ័យនៃបញ្ហាកូនកើតមិនគ្រប់ខែ និងអាចបណ្តាលឲ្យរលូតកូន។ ជាក់ស្តែងការទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអុីនរហូតដល់ ២00 មិលី្លក្រាមក្នុងមួយថ្ងៃអាចធ្វើឲ្យប៉ះពាល់ដល់ការមានកូន ឬហានិភ័យនៃការសម្រាលកូនក្នុងដំណាក់កាលដំបូង។ មិនតែប៉ុណ្ណោះ វាអាចបង្កឲ្យមានហានិភ័យអំឡុងពេលមានផ្ទៃពោះដូចជា លើសសម្ពាធឈាម  បង្កើនចង្វាក់បេះដូងរបស់ទារកនិងបណ្តាលឲ្យទារកខ្សោះជាតិទឹកនៅពេលកើត។ អាស្រ័យហេតុនេះ អ្នកត្រូវចៀសវាងរាល់ភេសជ្ជៈប៉ូវកម្លាំង ទាំងមុនពេលមានផ្ទៃពោះ និងមានផ្ទៃពោះ។ ចៀសវាងការជក់បារី ការជក់បារីមិនត្រឹមតែប៉ះពាល់ដល់ទារកក្នុងផ្ទៃទេតែវាអាចប៉ះពាល់ធ្ងន់ធ្ងរទៅលើការចង់មានកូនផងដែរ។ បើយោងតាមសមាគមវេជ្ជសាស្រ្តរបស់សហរដ្ឋអាមេរិកបានបង្ហាញថាការជក់បារី ឬប្រឈមផ្សែងបារីច្រើនលើសលប់និងមានរយៈពេលវែងអាចធ្វើឲ្យមានបម្រែបម្រួលអ័រម៉ូនរបស់ស្រ្តី នាំឲ្យពិបាកក្នុងការមានផ្ទៃពោះ។ លើសពីនេះ សារធាតុដែលមានផ្ទុកនៅក្នុងផ្សែងបារីអាចបណ្តាលឲ្យរលូតកូន និងបង្កឲ្យមានកូនក្រៅស្បូន ដោយឡែកចំពោះបុរស ការជក់បារីអាចធ្វើឲ្យប៉ះពាល់ដល់កម្រិត និងចលនារបស់មេជីវិតឈ្មោល។ ចៀសវាងការផឹកគ្រឿងស្រវឹង ការសិក្សាមួយនៅប្រទេសដាណឺម៉ាកក្នុងឆ្នាំ ២០១៦បានបង្ហាញពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើការមានផ្ទៃពោះ តាមរយៈការធ្វើតេស្តទៅលើស្រ្តីជាង ៦ពាន់នាក់ ដែលបានទទួលទានគ្រឿងស្រវឹង ១ ទៅ២កំប៉ុងក្នុងមួយថ្ងៃ។ លើសពីនេះ ការស្រាវជ្រាវមួយទៀតបានបង្ហាញដែរថាស្ត្រីដែលពិសាគ្រឿងស្រវឹងច្រើនជាង ៦ កំប៉ុងក្នុងមួយសប្តាហ៍គឺមាន ១៨%ហាក់ដូចជាពិបាកក្នុងការមានផ្ទៃពោះ។ ដូច្នោះការពិសាគ្រឿងស្រវឹងច្រើនបណ្តាលឲ្យពិបាកក្នុងការមានផ្ទៃពោះព្រមទាំងបង្កការខូចខាតលើសរីរាង្គបន្តពូជ និងប៉ះពាល់ខួរក្បាលផងដែរ។ ចៀសវាងសារធាតុគីមី និងសារធាតុពុល សារធាតុពុលផ្សេងៗនៅក្នុងបរិយាកាសអាចប៉ះពាល់ដល់ការមានផ្ទៃពោះដែលសារធាតុទាំងនោះរួមមានដូចជា ឧស្ម័ន ជី ថាំ្នសម្លាប់សត្វល្អិត និងចំហាយវិទ្យុសកម្មជាដើម។ ជាតិពុលទាំងនេះជាដើមចមបង្អាក់ក្នុងការមានផ្ទៃពោះ និងអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃបង្កឲ្យមានភាពមិនប្រក្រតី ឬពិការភាពក្នុងអំឡុងពេលពពោះ។ ដូច្នេះ អ្នកគួរចៀសវាងការប៉ះពាល់ផ្ទាល់ ឬដោយប្រយោលចំពោះសារធាតុទាំងនេះដើម្បីទទួលបានសុខភាពល្អមុនត្រៀមយកកូន ឬអំឡុងពេលមានផ្ទៃពោះ។ ស្ត្រីដែលមានបំណងចង់មានផ្ទៃពោះ គួរចាប់ផ្ដើមថែរក្សាសុខភាព និងគិតពីរបបអាហារ ដើម្បីជួយកាត់បន្ថយហានិភ័យនៃផលវិបាកនៅពេលពពោះនិងក្រោយពេលសម្រាល។  អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្រោយសម្រាល មាតាបិតាតែងនាំបុត្រធីតាជាទីស្រលាញ់មកទទួលវ៉ាក់សាំងប៉ុន្តែតើមាតាបិតាបានស្វែងយល់ស៊ីជម្រៅយ៉ាងណាខ្លះអំពីវ៉ាក់សាំង? អត្ថបទខាងក្រោមនឹងបង្ហាញព័ត៌មានសំខាន់ៗជុំវិញបញ្ហានេះតាមរយៈការបកស្រាយយ៉ាងក្បោះក្បាយពីសំណាក់សាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកទេសកុមារមានខ្លឹមសារដូចតទៅ៖ និយមន័យ និងប្រភព វ៉ាក់សាំង គឺជាសារធាតុជីវសាស្ត្រដែលត្រូវបានរៀបចំឡើងដើម្បីបង្កើតជាភាពស៊ាំជាក់លាក់ (អង្គទីករ) នៅក្នុងសារពាង្គកាយមនុស្ស ឬសត្វក្នុងគោលបំណងឲ្យរាងកាយត្រៀមខ្លួនរួចជាស្រេចទប់ទល់នឹងការរាតត្បាតនៃមេរោគជាក់លាក់មួយដែលឈានមកដល់ក្នុងពេលអនាគត។ នេះមានន័យថាបើអ្នកចាក់វ៉ាក់សាំងការពារមេរោគកញ្ជ្រឹល នោះរាងកាយនឹងបង្កើតអង្គទីករការពារបានតែមេរោគកញ្ជ្រឹលមួយប៉ុណ្ណោះ។ ជាទូទៅ តួនាទីសំខាន់របស់វ៉ាក់សាំងគឺការបង្កើតបានជាអង្គទីករ ដែលប្រៀបបានជាទ័ពការពារប្រចាំរាងកាយដ៏ខ្លាំងក្លា ដែលរង់ចាំការប្រយុទ្ធប្រឆាំងនឹងមេរោគបានយ៉ាងមានប្រសិទ្ធភាព ប្រសិនបើវ៉ាក់សាំងទទួលបាននោះជាវ៉ាក់សាំងដែលមានគុណភាព និងទទួលបានត្រឹមត្រូវគ្រប់ចំនួនដងតាមការកំណត់។ វ៉ាក់សាំងត្រូវបានចម្រាញ់ចេញពី ៤ ប្រភពសំខាន់ៗគឺ៖ - វីរុសរស់ដែលបង្អន់សកម្មភាព (Live Vaccine) - វីរុសស្លាប់ (Kill form of virus/ Inactivated form virus) - បំណែកប្រូតេអុីនណាមួយនៃមេរោគ (Subunit of vaccine/ Conjugated vaccine) - ជាតិពុលនៃមេរោគ (Toxin form vaccine)។ ប្រភេទវ៉ាក់សាំងដែលចាំបាច់ត្រូវផ្តល់ជូនកុមារ នាពេលបច្ចុប្បន្ន មានវ៉ាក់សាំងចំនួន ១១ប្រភេទដែលត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីថ្នាំបង្ការថ្នាក់ជាតិ។ នេះមានន័យថា ទារក និងកុមារគ្រប់រូបត្រូវមកទទួលវ៉ាក់សាំងទាំងអស់នេះដោយមិនចំណាយប្រាក់ តាំងពីពេលកើតដំបូងរហូតដល់អាយុកំណត់មួយ។ វ៉ាក់សាំងនេះមានដូចជា៖ - វ៉ាក់សាំងការពារជំងឺរបេង (BCG Vaccine) - វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង ដែលមានជាទម្រង់ចាក់ និងប្រើតាមមាត់ (OPV/IPV Vaccine) - វ៉ាក់សាំងការពារជំងឺរលាកថ្លើម បេ (HBV Vaccine) - វ៉ាក់សាំងការពារជំងឺរលាកសួត និងរលាកស្រោមខួរក្បាល (Haemophilus Influenzae B Vaccine) - វ៉ាក់សាំងការពារជំងឺខាន់ស្លាក់ (Diphtheria Vaccine) - វ៉ាក់សាំងការពារជំងឺតេតាណូស (Tetanus Vaccine) - វ៉ាក់សាំងការពារជំងឺក្អកមាន់ (DTaP vaccine) - វ៉ាក់សាំងការពារជំងឺរលាកស្រោមសួត (Pneumococcal Vaccine) - វ៉ាក់សាំងការពារជំងឺស្អូច កញ្រ្ជឹល និងស្រឡទែន (Measles, Mumps, Rubella Vaccine) - វ៉ាក់សាំងការពារជំងឺរលាកស្រោមខួរ (Japanese Encephalitis Vaccine)។ ក្រៅពីវ៉ាក់សាំងខាងលើនេះ មាតាបិតាទាំងឡាយក៏អាចនាំបុត្រធីតារបស់លោកអ្នកទៅទទួលវ៉ាក់សាំងសំខាន់ផ្សេងៗទៀតដែលមាននៅតាមបណ្តាគ្លីនិកធំៗ ឬមន្ទីរពិសោធន៍នានាដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល។ វ៉ាក់សាំងទាំងនោះមានដូចជា     ១. វ៉ាក់សាំងការពារជំងឺផ្តាសាយធំ (Grippe Vaccine)     ២. វ៉ាក់សាំងការពារជំងឺរាក (Rotavirus Vaccine)     ៣. វ៉ាក់សាំងការពារជំងឺរលាកស្រោមខួរ ដែលបណ្តាលមកពីបាក់តេរី (Meningococcal Vaccine )     ៤. វ៉ាក់សាំងការពារជំងឺគ្រុនពោះវៀន (Typhoid Vaccine)     ៥. វ៉ាក់សាំងការពារជំងឺអុតស្វាយ (Varicella Vaccine)     ៦. វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន (HPV)     ៧. វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត (Rabies Vaccine)។ អាយុដែលត្រូវទទួលវ៉ាក់សាំង ចំពោះវ៉ាក់សាំងថ្នាក់ជាតិទាំង ១១មុខខាងលើគឺនឹងត្រូវបានផ្តល់ជូនទារកនិងកុមារដោយឥតគិតថ្លៃចាប់តាំងពីកើតដំបូង។ ចំណែកការបែងចែកប្រភេទ និងចំនួនដងនៃវ៉ាក់សាំងដែលត្រូវផ្តល់ជូនគឺអាស្រ័យទាំងស្រុងទៅតាមប្រភេទនៃវ៉ាក់សាំងនីមួយៗ ព្រមទាំងអាយុរបស់ទារក និងកុមារ។ ប្រសិនបើមាតាបិតាទាំងឡាយចង់ស្វែងយល់កាន់តែច្បាស់ និងស៊ីជម្រៅអំពីចំនួនដង ឬប្រភេទនៃវ៉ាក់សាំងទាំងនោះ មាតាបិតាអាចអានបន្ថែមនូវព័ត៌មានលម្អិតដែលនៅក្នុងប័ណ្ណលឿង ដែលជាប័ណ្ណតាមដាននៃការទទួលវ៉ាក់សាំងរបស់កុមារ ព្រមទាំងបញ្ជាក់យ៉ាងច្បាស់ពីថ្ងៃ ខែដែលត្រូវមកទទួលវ៉ាក់សាំងលើកក្រោយទៀត។ ចំណែកការទទួលវ៉ាក់សាំងបន្ថែមផ្សេងទៀតក្រៅពីវ៉ាក់សាំងថ្នាក់ជាតិ ក៏អាស្រ័យទៅតាមអាយុផងដែរ។ ឧទាហរណ៍វ៉ាក់សាំងផ្តាសាយត្រូវបានផ្តល់ជូនចាប់ពីអាយុ ៦ខែឡើងទៅ វ៉ាក់សាំងអុតស្វាយអាយុ ៩ខែ វ៉ាក់សាំងគ្រុនពោះវៀន អាយុចាប់ពី ២ឆ្នាំ ចំណែកវ៉ាក់សាំងមហារីកមាត់ស្បូនអាចផ្តល់ជូនចំពោះក្មេងស្រីអាយុចាប់ពី ១០ឆ្នាំឡើងទៅជាដើម។ ផលវិបាកនៃការមកទទួលវ៉ាក់សាំងយឺតយ៉ាវ ភាពយឺតយ៉ាវនៃការមកទទួលវ៉ាក់សាំងអាចចែកចេញជា ២ប្រភេទហើយផលវិបាកដែលបង្កឡើងអាចមានភាពស្រដៀងគ្នាផងដែរដោយ៖ - ការយឺតយ៉ាវមិនព្រមមកទទួលវ៉ាក់សាំងតាំងពីលើកដំបូង៖ ទង្វើបែបនេះអាចបណ្តាលឲ្យទារក និងកុមារងាយប្រឈមនឹងការឆ្លងជំងឺកាចសាហាវផ្សេងៗដែលអាចគ្រោះថ្នាក់ដល់អាយុជីវិត - ការយឺតយ៉ាវក្នុងការមកទទួលវ៉ាក់សាំងជាលើកទី ២ ឬបន្តបន្ទាប់ទៀត៖ អាចបណ្តាលឲ្យវ៉ាក់សាំងដែលបានទទួលលើកមុនបាត់បង់ប្រសិទ្ធភាព ឬគ្មានប្រសិទ្ធភាព។ ជាទូទៅ មាតាបិតាអាចខកខានក្នុងការនាំបុត្រធីតាមកទទួលវ៉ាក់សាំងម្តងទៀតក្នុងគម្លាតរយៈពេល ២ទៅ៣ថ្ងៃបន្ទាប់ គិតចាប់ពីថ្ងៃដែលត្រូវមកជួបគ្រូពេទ្យ ទើបជាការប្រសើរ។ លក្ខខណ្ឌដែលមិនអាចទទួលវ៉ាក់សាំង តាមពិតកុមារស្ទើរតែគ្រប់រូបអាចទទួលបានវ៉ាក់សាំងគ្រប់ប្រភេទ លើកលែងក្នុងករណីមួយចំនួនដូចជាករណីអាល្លែកហ្ស៊ីធ្ងន់ធ្ងរ (Choc anaphylactic) ជាមួយប្រភេទវ៉ាក់សាំង ឬសារធាតុណាមួយនៃធាតុផ្សំដែលលាយក្នុងវ៉ាក់សាំង។ រោគសញ្ញានៃអាល្លែកហ្ស៊ីអាចស្តែងចេញនូវអាការៈដូចជាក្តៅខ្លួនខ្លាំងមិនអាចគ្រប់គ្រងបាន ការឡើងរមាស់(ប្រទាលត្រអាក)ពេញខ្លួន ហើម ពិបាកដកដង្ហើមជាដើម។ ក្រៅពីបញ្ហាអាល្លែកហ្ស៊ី ទារក និងកុមារដែលមានប្រព័ន្ធការពារខ្លួនខ្សោយ (មានជំងឺអេដស៍ មានជំងឺរ៉ាំរ៉ៃ ឬមានវិបតិ្តស្រូបអាហារធ្ងន់ធ្ងរ) ក៏មិនត្រូវបានផ្តល់អនុសាសន៍ទទួលវ៉ាក់សាំងដែរ ជាពិសេសប្រភេទវ៉ាក់សាំងដែលមានប្រភពពីវីរុសរស់ដែលបង្អន់សកម្មភាព (Live Vaccine)។ គួរបញ្ជាក់ថា ប្រភេទ Live Vaccine ទាំងនេះមានដូចជាវ៉ាក់សាំងកញ្ជ្រឹល ស្អូច និងស្រឡទែនជាដើម។ ផលរំខានក្រោយទទួលវ៉ាក់សាំង ក្រោយទទួលវ៉ាក់សាំងទារក និងកុមារនឹងស្តែងឡើងជារោគសញ្ញាគួរឲ្យកត់សម្គាល់មួយចំនួន ប៉ុន្តែមិនមានលក្ខណៈធ្ងន់ធ្ងរនោះទេ។ ជាក់ស្តែងទារក និងកុមារអាចមានបញ្ហារោល ឡើងក្រហម ឈឺចុកត្រង់ទីតាំងដែលម្ជុលបានចាក់ចូល (Injection site reaction) ព្រមទាំងអាការៈក្តៅខ្លួនស្រៀវស្រាញ ឈឺក្បាល ឈឺសាច់ដុំ ឈឺសន្លាក់ដែលតែងកើតមានឡើងជាញឹកញាប់។ ប៉ុន្តែបញ្ហាទាំងអស់នេះនឹងបាត់ទៅវិញក្នុងរយៈពេល ២ ទៅ៣ថ្ងៃបន្ទាប់ ឬក្រុមគ្រូពេទ្យអាចផ្តល់ជូនជាថ្នាំប៉ារ៉ាសេតាមុល ដើម្បីសម្រាលអាការៈឈឺចាប់ និងក្តៅខ្លួន។ ម៉្យាងការស្អំទឹកកកត្រង់ទីតាំងដែលឈឺចាប់ក៏ជាជម្រើសល្អដែលត្រូវបានយកមកអនុវត្តផងដែរ។ ការមកទទួលវ៉ាក់សាំងឲ្យបានត្រឹមត្រូវតាមពេលវេលាកំណត់ ជាពិសេសការទទួលបានវ៉ាក់សាំងដែលមានគុណភាពពិតជាអាចការពារអាយុជីរិតកូនជាទីស្រលាញ់របស់លោកអ្នកចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវទាំងនោះបានយ៉ាងប្រសើរ។ សូមទៅទទួលសេវាកម្មនេះជាមួយស្ថាប័នដែលត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាល  ចៀសវាងការខាតបង់ប្រាក់កាស ព្រមទាំងអាចគ្រោះថ្នាក់ដល់សុខភាពទៀតផង។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈ ប៊ុនណា ឯកទេសរោគកុមារ ផ្នែកជំងឺធ្ងន់ និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកុមារជាតិ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការប្រើប្រាស់ម្សៅទឹកដោះគោជាវិធីសាស្ត្រដ៏ពេញនិយមចំពោះមាតាបិតាសម័យថ្មីបន្ទាប់ពីការបំបៅកូនដោយទឹកដោះម្តាយ។ ប៉ុន្តែតើអ្នកប្រាកដចិត្តទេថារបៀបឆុងម្សៅទឹកដោះគោរបស់អ្នកត្រឹមត្រូវ? ចុះការរក្សាទុកដាក់ និងការលាងសម្អាតវិញបានល្អដែរឬទេ? តោះស្រាយចង្ងល់ជាមួយដំណាក់កាលខាងក្រោម៖ ១. ផលិតផលមិនផុតកំណត់ នេះជាប្រការចាំបាច់បំផុតដែលអ្នកត្រូវពិនិត្យឲ្យបានច្បាស់លាស់ មុនពេលប្រើប្រាស់ផលិតផលណាមួយ។ ភាគច្រើន អ្នកអាចស្វែងរកថ្ងៃខែផុតកំណត់ទាំងនោះដែលមានបិទលើសម្បកកំប៉ុង។ ក្នុងករណីផុតកំណត់គុណភាពរបស់ផលិតផលក៏មិនត្រូវបានធានាផងដែរ ហេតុនេះ អ្នកមិនត្រូវទិញ និងប្រើប្រាស់ផលិតផលដែលហួសកាលបរិច្ឆេទឡើយ។ ២. លាងសម្អាតដៃឲ្យបានស្អាត ដៃជាប្រភពនៃមេរោគជាច្រើន ដូច្នេះមុនពេលចាប់ផ្តើមឆុងទឹកដោះគោ អ្នកចាំបាច់ត្រូវលាងសម្អាតដៃឲ្យបានស្អាតជាមួយសាប៊ូ និងទឹកស្អាត ព្រមទាំងសម្ងួតដៃឲ្យបានត្រឹមត្រូវ។ ៣. រៀបចំដបទឹកដោះគោ សម្លាប់មេរោគ (Sterilization) ទាំងឡាយដែលមានជាប់នៅកំប៉ុង គម្រប ក្បាលជញ្ជក់ និងកងជុំវិញដបមុនពេលប្រើប្រាស់លើកដំបូង។ វិធីសាស្រ្តសម្លាប់មេរោគទាំងនេះមានដូចជា ការស្ងោររម្ងាស់ក្នុងទឹកក្តៅរយៈពេល ៥នាទី ឬស្ទីមក្នុងម៉ាស៊ីនម៉ាយក្រូវ៉េវ។ គួរចងចាំថាបន្ទាប់ពីប្រើលើកដំបូងអ្នកមិនចាំបាច់ធ្វើការសម្លាប់មេរោគតាមវិធីសាស្ត្រខាងលើនេះទៀតទេ ដោយអ្នកគ្រាន់តែលាងសម្អាតឧបករណ៍ទាំងនេះជាមួយសាប៊ូ និងទឹកស្អាតតាមរយៈការប្រើប្រាស់ច្រាសដើម្បីសម្អាតបានគ្រប់កន្លែង រួចទើបធ្វើការសម្ងួតឲ្យអស់ទឹក មុននឹងលាយម្សៅទឹកដោះគោ។ ៤. ការប្រើប្រាស់ទឹកដែលត្រឹមត្រូវ ការជ្រើសរើសប្រភេទទឹកស្អាតសម្រាប់ការឆុងទឹកដោះគោទារក ពិតជាលំបាកណាស់សម្រាប់មាតាបិតាគ្រប់រូប។ តាមពិត អ្នកអាចមានជម្រើស ២ប្រភេទគឺការដាំទឹកស្អាតដែលចេញពីប្រព័ន្ធទឹកស្អាតឲ្យពុះ និងការប្រើប្រាស់ទឹកស្អាតដបដែលមានស្រាប់។ ចំពោះវិធីសាស្រ្តដាំទឹកអ្នកចាំបាច់ដាំទុកឲ្យពុះក្នុងរយៈពេល១នាទី (ពុះយូរពេក អាចប្រឈមការកកើតកករ និងភាពមិនសុទ្ធផ្សេងទៀត) រួចទុកឲ្យត្រជាក់នៅសីតុណ្ហភាពបន្ទប់ (មិនត្រូវលើសពី ៣០នាទី) ទើបអាចយកមកលាយជាមួយម្សៅទឹកដោះគោ។ ចំណែកវិធីសាស្រ្តប្រើប្រាស់ទឹកស្អាតដបវិញហាក់មានភាពងាយស្រួលជាង ប៉ុន្តែអ្នកត្រូវចំណាយថវិកា និងពិចារណាឲ្យបានច្បាស់លាស់អំពីគុណភាពរបស់ទឹកនោះ។ ជាទូទៅទឹកប្រភេទនេះត្រូវបានបន្សុទ្ធដោយប្រព័ន្ធអូស្មូស យូវី និងអូហ្សូនដើម្បីសម្លាប់មេរោគ និងមិនមានផ្ទុកសារធាតុរ៉ែ ព្រមទាំងមានកម្រិតហ៊្វុយអ័ររ៉ាយទាប។ គួរបញ្ជាក់ថាទឹកប្រភេទនេះត្រូវបានទទួលស្គាល់គុណភាពដោយស្ថាប័នបញ្ជាក់គុណភាពទឹក។ ៥. ប្រើប្រាស់បរិមាណម្សៅដែលសមរម្យ ជាទូទៅ កម្រិតប្រើប្រាស់របស់ទារកម្នាក់ៗអាចផ្សេងគ្នាទៅតាមទម្ងន់ ឬអាយុ។ ហេតុនេះអ្នកគួរអនុវត្តនូវកម្រិតប្រើប្រាស់តាមការណែនាំដែលបានបិទនៅលើកំប៉ុងផលិតផលនីមួយៗតាមរយៈរង្វាល់ដែលមានភ្ជាប់មកជាមួយស្រាប់។ បន្ថែមពីនេះអ្នកគួរប្រឹក្សាយោបល់ជាមួយក្រុមគ្រូពេទ្យកុមារមុនពេលចាប់ផ្តើមប្រើប្រាស់ ឬក្នុងករណីកើតមានបញ្ហាណាមួយដែលទាក់ទងនឹងប្រព័ន្ធរំលាយអាហារ ដូចជាទល់លាមក រាក ឬហើមពោះជាដើម។ ៦. កម្តៅម្សៅទឹកដោះគោ ប្រសិនបើចាំបាច់ វិធីសាស្រ្ត ២ យ៉ាងដើម្បីកម្តៅទឹកដោះគោដែលបានលាយរួចគឺ ការត្រាំទឹកដោះគោដែលបានលាយរួចចូលក្នុងទឹកក្តៅឧណ្ហៗ រួចទុករយៈពេល ២ ទៅ៣នាទី ឬបង្ហូរទឹកក្តៅឧណ្ហៗពីលើ។ បញ្ជាក់ មិនត្រូវកម្តៅជាមួយម៉ាស៊ីនម៉ាយក្រូវ៉េវទេ ព្រោះអាចឲ្យខូចគុណភាពម្សៅទឹកដោះគោ និងក្តៅខ្លាំងអាចរលាកមាត់ទារកបាន។ ៧. រក្សាទុករូបមន្តដោយសុវត្ថិភាព បន្ទាប់ពីបើកផលិតផលប្រើ អ្នកត្រូវបិទគម្របឲ្យជិតមិនមានខ្យល់ចេញចូល ជាពិសេសត្រូវរក្សាទុកមិនឲ្យត្រូវពន្លឺថ្ងៃដើម្បីរក្សាគុណភាព។ ចំណែក ម្សៅដែលបានលាយរួច និងញ៉ាំម្តងហើយមិនត្រូវឲ្យទារកញ៉ាំម្តងទៀតឡើយ ក្នុងរយៈពេលមួយម៉ោងក្រោយ។ ម៉្យាងការបង្កកម្សៅទឹកដោះគោក្នុងទូរទឹកកកក៏ជាទង្វើមិនត្រឹមត្រូវដែរព្រោះវាអាចធ្វើឲ្យបាត់បង់គុណភាពផងដែរ។ ការជ្រើសរើសប្រភេទម្សៅទឹកដោះគោឲ្យសមស្របនឹងបុត្រធីតាអ្នកពិតជាលំបាកប៉ុន្តែការប្រុងប្រយ័ត្នក្នុងការលាយ និងការរក្សាទុករឹតតែសំខាន់ និងមិនគួរមើលរំលងឡើយ! អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ទារកនៅក្នុងផ្ទៃត្រូវការការថែទាំមួយផ្នែកសម្រាប់ធានាការលូតលាស់ឲ្យបានពេញលេញ និងរង់ចាំដល់ពេលវេលាក្នុងការសម្រាល ដោយឡែកអំឡុងពេលសម្រាល និងក្រោយពេលសម្រាល ទារកក៏ត្រូវការការថែរក្សាមួយផ្នែកផ្សេងទៀតដើម្បីឲ្យទារកទទួលបានសុខភាពល្អចាប់តាំងពីថ្ងៃដំបូងនៃពេលកើត។ ជាក់ស្ដែងការរៀបចំទុកជាមុនជាកាតព្វកិច្ចចម្បងសម្រាប់អ្នកជំនាញក្នុងការសម្រាល ដោយអ្នកអាចស្វែងយល់បានតាមរយៈអត្ថបទខាងក្រោម៖ ការរៀបចំមុនសម្រាល និងអំឡុងពេលសម្រាល តាមពិតការរៀបចំសម្ភារៈមុនសម្រាលគឺមានអត្ថប្រយោជន៍ខ្លាំងរហូតដល់មានសុភាសិតមួយឃ្លាបានពោលថា “ការថែទាំទារកបានល្អចាប់ផ្តើមពីការរៀបចំល្អ”។ សម្ភារៈដែលត្រូវរៀបចំមានដូចជា៖ • ស្រោមដៃស្តេរីល ២គូ • ក្រណាត់ស្អាត ២ ឬ ៣ • បាឡុងសប់ និងម៉ាស់ • ប្រដាប់បូមស្លេស្ម • ដង្គៀបគាបផ្ចិតស្តេរីល • រមូលក្រណាត់ទុកកល់កទារក • ខោអាវ មួក ស្រោមដៃ និងស្រោមជើង។ ការលាងដៃគឺ មានសារៈសំខាន់បំផុតមុនពេល និងក្រោយពេលចាប់កាន់ទារក ព្រោះវាអាចកាត់បន្ថយហានិភ័យក្នុងការចម្លងរោគបាន។ ពេលទារកកើតភ្លាម ត្រូវដាក់ទារកផ្កាប់លើពោះម្តាយ និងបែរមុខចេញ ហើយកត់ពីពេលវេលាកំណើត។ ក្នុងអំឡុងពេល ៣០វិនាទីដំបូងត្រូវ៖ • ជូតសម្ងួតទារកឲ្យស្ងួតចាប់ពីមុខ ត្រចៀក ភ្នែក និងក្បាល បន្ទាប់មកដងខ្លួន ដៃ និងជើង • ពិនិត្យពីការដកដង្ហើមរបស់ទារកក្នុងអំឡុងពេលជូតសម្ងួត • យកចេញនូវខោអាវសើម។ ត្រូវចាំថាមិនមានការបូមស្លេស្មទេ បើទារកមិនមានស្លេស្ម និងមិនត្រូវសប់បញ្ចូលខ្យល់ទេ បើទារកនៅដកដង្ហើម និងមិនទន់អវយវៈ • បើក្រោយពេលសម្ងួត ៣០វិនាទីហើយ ទារកមានដង្ហើម និងស្រែកយំត្រូវ៖ + ដាក់ទារកគេងផ្កាប់លើពោះម្តាយ ឬទ្រូង សាច់ប៉ះសាច់ (Skin-to-skin) គ្របខ្លួនទារកជាមួយភួយ និងក្បាលទារកជាមួយមួក + ដាក់កាតសម្គាល់ឈ្មោះលើដៃ ឬកជើងទារក។ + រៀបចំធ្វើ APGAR SCORE + ចាក់វីតាមីន K ឲ្យទារក ១មិលី្លក្រាមតាមសាច់ដុំ + ទុកឲ្យទងផ្ចិតស្ងួត និងស្អាត + ឲ្យថ្នាំអង់ទីប៊ីយូទិកប្រភេទតំណក់ ឬពោម៉ាត (Tetracycline Eye Ointment) បន្តក់ភ្នែកទារកទាំងសងខាងយោងតាមពិធីការថ្នាក់ជាតិ។ ក្នុងពេល ១ទៅ៣នាទីក្រោយ ទាក់ទងនឹងការគាបទងផ្ចិត៖ • ដោះស្រោមដៃមួយគូចេញ • គាបទងផ្ចិតក្រោយពេលដែលបាត់ជីបចរលោត  លើផ្ចិត និងទងផ្ចិតរួមតូចហើយពណ៌សស្លេក • ការគាបគឺ ទុកចន្លោះប្រហែល ២ ទៅ៥សង់ទីម៉ែត្រពីពោះទារក • ពេលកាត់ហើយមិនត្រូវយកអ្វីមកបិទទេ ទុកឲ្យទងផ្ចិតចំហរ។ ការតាមដាន និងថែទាំក្រោយពេលសម្រាល ចៀសវាងងូតទឹកឲ្យទារករយៈពេល ២៤ម៉ោងបន្ទាប់ពីសម្រាល ពីព្រោះ៖ • ការងូតទឹកអាចឲ្យទារកចុះកម្តៅរាងកាយ (Hypothermia) • សារធាតុសស្អិតៗលើទារក (Vernix) មានតួនាទីការពារទារកពីបាក់តេរី និងការចុះថយកម្តៅរាងកាយ។ ក្រោយសម្រាល ១ម៉ោងត្រូវតាមដានម្តាយ និងទារក៖ • មិនត្រូវទុកឲ្យម្តាយនិងទារកនៅតែឯងទេ • ទុកឲ្យម្ដាយ និងទារកនៅក្នុងបន្ទប់សម្រាល • កត់ត្រាពី ថ្នាំ ការព្យាបាល និងវិធីនៃការសម្រាល • ពិនិត្យទារករាល់ ១៥នាទីម្តងពីការដកដង្ហើម   និងកម្តៅ • ធ្វើការពិនិត្យរាងកាយទារកជាប្រចាំពី៖ + ទម្ងន់ទារក (Weight) + ប្រវែងទារក (Length) + ទំហំក្បាលទារក (Occipitofrontal Circumference)។ • ការប៉ះផ្ទាល់ស្បែក និងស្បែក (Skin to skin contact) និងការបំបៅដោះដំបូង (Initiation of breastfeeding)៖ + ចាប់ផ្តើមដំបូងទារកនឹងចង់សម្រាក + ការសម្រាកអាច ៣០ទៅ៤០នាទីមុនពេលទារកបញ្ចេញសញ្ញាចង់បៅ (Feeding Cues) ដែលសញ្ញានោះមានដូចជា៖ បើកមាត់ លៀនអណ្តាត លិឍបបូរមាត់ បែរក្បាលងាកទៅរកដោះម្តាយ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ដើម្បីគភ៌មានសុវត្ថិភាព សម្រាលមកបានទារកស្អាត និងឆ្លាតវាងវៃព្រមទាំងគ្មានគ្រោះថ្នាក់ពេលសម្រាលផងនោះ តើស្រ្តីជាអនាគតមាតាត្រូវអនុវត្តបែបណា? តទៅនេះ យើងខ្ញុំសូមលើកយកការតាមដានផ្នែកវេជ្ជសាស្រ្ត អាហារ ឱសថ ព្រមទាំងឥរិយាបថខ្លះៗដែលអនាគតមាតាបិតាគប្បីត្រូវដឹង។ ខែទី១ ឬការពិនិត្យនៅត្រីមាសដំបូងនៃគភ៌ ៖ ពេលបាត់រដូវ ឬលើចំនួន៨ថ្ងៃ អ្នកនាងសង្ស័យថាមានគភ៌ អ្នកនាងអាចបញ្ជាក់ខ្លួនឯងបានដោយទិញតេស្តចង់ដឹងមានគភ៌ពីឱសថស្ថាន។ អ្នកនាងអាចជ្រើសរើសទីកន្លែងសម្រាប់តាមដានគភ៌របស់ខ្លួន (រដ្ឋ ឬឯកជន) មន្ទីរពេទ្យ ឬមណ្ឌលសុខភាពណាដែលអ្នកនាងចង់ទៅសម្រាលបុត្រនៅទីនោះ។ តើអ្នកណាជាអ្នកពិនិត្យ? ជាឆ្មប គ្រូពេទ្យផ្នែកសម្ភព រោគស្រ្តី ឬជាមួយគ្រូពេទ្យពិនិត្យជំងឺទូទៅ? នៅខែទី៦ ឬទី៨ នៃគភ៌គ្រូពេទ្យចុងក្រោយនេះនឹងបញ្ជូនអ្នកនាងទៅតាមដាននៅទីកន្លែងដែលអ្នកនាងត្រូវសម្រាល។ ការពិនិត្យផ្ទៃពោះលើកទី ១មានបំណងកំណត់ការចាប់ផ្តើមនៃគភ៌ និងពេលដែលត្រូវសម្រាល។ ការកំណត់ធ្វើឡើងតាមថ្ងៃទីមួយនៃរដូវចុងក្រោយរបស់អ្នកនាង (អ្នកនាងគួរកត់ត្រាទុកក្នុងកូនសៀវភៅមួយនូវថ្ងៃដែលមករដូវរាល់ខែ)។ អាយុគភ៌ជាក់លាក់ធ្វើតាមអេកូសាស្ត្រ។ ពេលពិនិត្យផ្ទៃពោះ គ្រូពេទ្យនឹងពិនិត្យសភាពទូទៅ ពិនិត្យឈាម រកមើលជំងឺខ្វះគ្រាប់ឈាម ថ្លឹងទម្ងន់ វាស់កម្ពស់ស្បូន វាស់សម្ពាធឈាម ថ្លឹងថ្លែងរកសញ្ញាប្រឈមផ្សេងៗជាយថាហេតុ។ តើអ្នកនាងត្រូវប្រាប់ដំណឹងល្អនេះដល់នរណាខ្លះ? បុរសជាស្វាមីអ្នកនាងមុនគេ។ ចុះបងប្អូនម្តាយឪពុក មាមីងញាតិមិត្តជុំវិញខ្លួន? សូមកុំទាន់ សូមរង់ចាំផុតបីខែសិនរង់ចាំបានធ្វើអេកូសាស្រ្តបញ្ជាក់ថាកូនអ្នកនាងប្រក្រតីមានសុខភាពល្អមិនគំរាមរលូតទេ។ អ្នកនាងត្រូវរៀបផែនការមកជួបពេទ្យតាមដានគភ៌មួយខែម្តង សរុបក្នុងរយ:ពេលពពោះពិនិត្យ ៨ដង។ បើមានបញ្ហាមិនស្រួលដូចជាចុកពោះ ធ្លាក់ឈាម គ្រុនក្តៅខ្លួន ក្អួតចង្អោរ ឬរាក។ល។ អ្នកនាងត្រូវមកជួបពេទ្យជាបន្ទាន់ ពុំចាំបាច់រង់ចាំដល់ថ្ងៃណាត់នោះទេ។ ពេលពិនិត្យផ្ទៃពោះម្តងៗ អ្នកនាងនឹងទទួលបានការពិនិត្យទូទៅ និងរោគស្រ្តីផងដែរ។ អ្នកនាងពិគ្រោះជាមួយពេទ្យកុំរារែកកុំអល់អែកនូវបញ្ហាទាំងឡាយដែលអ្នកនាងមិនច្បាស់ ឬចង់ដឹងចង់បញ្ជាក់។ អ្នកនាងក៏ត្រូវប្រុងប្រយ័ត្នចំពោះជំងឺទឹកនោមផ្អែម ឡើងសម្ពាធឈាម ជំងឺអេពីឡិបស៊ី (ខ្មែរហៅថាឆ្កួតជ្រូក) ឈឺបេះដូង ស្បូនមានដុំ កូនភ្លោះ ឬពេលអ្នកនាងមានគភ៌កូនដំបូងនៅអាយុលើសពី ៣៨ឆ្នាំ។ បើអ្នកនាងមានមួយណាក្នុងចំណោមនេះអ្នកនាងកុំខកខានពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ ខែទី២ ៖ ការពិនិត្យរកជំងឺផ្សេងៗពេលគភ៌ចាប់ផ្តើមមានដូចជា៖ រកជំងឺស្អូច (Rubéole), ជំងឺ Toxoplasmose, Salmonella, ជំងឺស្វាយ (កាមរោគ) រកមើលក្រុមឈាម ABO និង RH។ ពិនិត្យជាតិស្ករជាតិប្រៃក្នុងទឹកនោម។   ខែទី៣ ៖ ការពិនិត្យអេកូសាស្ត្រដែលផ្អែកលើអុលត្រាសុង (Ultrasons) គ្មានគ្រោះថ្នាក់ដល់ទារកទេ ហើយកាន់តែច្បាស់ឡើងៗ តែពុំចាំបាច់ដាច់ខាតនោះទេ។ ជាទូទៅត្រូវពិនិត្យអេកូឲ្យបានបីដង សំខាន់នៅអាទិត្យទី១២ ទី២២ និងទី៣២ គឺត្រីមាសទី១ ទី២ និងទី៣។ អេកូនៅ ១២ ឬ១៣សប្តាហ៍នេះដើម្បីបញ្ជាក់ចំនួនទារក ភាពរស់រានមានជីវិតនៃទារក វាស់ខ្នាតខ្លួនទារករូបសាស្ត្រទារក បរិមាណទឹកភ្លោះ និងវាស់កញ្ចឹងក (Clarté nucale) ដែលអាចមើលឃើញតែនៅសប្តាហ៍ទី ១២ និងទី១៣នៃការតាំងគភ៌ ដើម្បីចង់ដឹងដំបូងបំផុតនៃភាពមិនប្រក្រតីរបស់ទារក។ បើសិនជារកឃើញភាពមិនប្រក្រតី ទារកត្រូវសម្រាលនៅសម្ភពណា ដែលអាចយកអាសារកូនអ្នកនាងបានភ្លាមៗក្រោយកើត។ ការរកឃើញភាពមិនប្រក្រតីនៅត្រីមាសទី២ ឬទី៣ ដូចជាទារកលូតលាស់យឺតចរន្តឈាមក្នុងទងសុកមិនធម្មតា ទាំងនេះ អ្នកនាងត្រូវជួបជាមួយវេជ្ជបណ្ឌិតជំនាញ។ បើអ្នកនាងដឹងថានៅក្នុងគ្រួសារមានជំងឺតពូជ ឬអ្នកនាងមានឆ្លងរោគក្នុងពេលពពោះដូចជាមេរោគស្អូច ឬអុតស្វាយ Toxoplasmose, Cytomegalovirus (អាចមាន) អ្នកនាងក៏ត្រូវជួបជាមួយវេជ្ជបណ្ឌិតជំនាញឲ្យបានឆាប់។ ខែទី៤ ៖ អ្នកនាងចង់ដឹងថាកូនប្រុស ឬស្រី? ទារករបស់អ្នកនាងកម្រើកហើយជាគោលកំណត់សំខាន់ក្នុងខែនេះ។ រីឯត្រចៀកទារកក៏អាចស្តាប់ឮ ភ្នែកក៏អាចមើលឃើញដែរ។ ទារកអ្នកនាងគាត់លេបទឹកភ្លោះរួចហើយ នោមមកវិញជាទៀងទាត់ ធ្វើឲ្យបរិមាណទឹកភ្លោះមានលំនឹង និងសម្រាប់ការពារទារកពីការប៉ះទង្គិចផ្សេងៗ។ ចំណែកខ្លួនប្រាណ អ្នកនាងមានការប្រែប្រួលច្រើន ពោះឡើងទំហំធំ ដោះក៏ដូចគ្នា។ ក្នុងខែនេះ មានរបស់មិនសប្បាយចិត្តអាចកើតមានតែមិនបង្កគ្រោះថ្នាក់ដល់ទារកទេ គឺពពួកផ្សិតនៅតំបន់ប្រដាប់ភេទ និងការឈឺខ្លះៗតាមពួរសាច់ដុំ និងសន្លាក់នានា បើមានសូមអ្នកនាងឆាប់ទៅជួបជាមួយគ្រូពេទ្យជំនាញ។ ខែទី៥ និងខែទី៦ ៖ ពិនិត្យអេកូលើកនេះយូរជាងលើកទីមួយ ព្រោះត្រូវពិនិត្យគ្រប់សរីរាង្គរបស់ទារកថាប្រក្រតីធម្មតា ឬមិនធម្មតា។ សូមចាំថាប៉ុន្មានថ្ងៃមុនមកពិនិត្យអេកូ សូមអ្នកនាងកុំលាបក្រែមស្បែក ព្រោះវានាំឲ្យរូបភាពមិនសូវច្បាស់ ទោះជាអ្នកនាងស្គមស្បែក ពោះស្តើងមិនមានខ្លាញ់ក៏ដោយ។ បើសិនជាអ្នកនាងលើសគីឡូច្រើន គ្រូពេទ្យនឹងស្នើសុំអ្នកនាងពិនិត្យតេស្តអូសុលីវាន់ (O’ Sullivan) សម្រាប់រកជំងឺទឹកនោមផ្អែម។ គ្រូពេទ្យនឹងពិនិត្យរកសញ្ញាផ្សេងទៀតដើម្បីចៀសវាងការសម្រាលមិនគ្រប់ខែ ព្រោះការកន្រ្តាក់របស់ស្បូនម្តងៗអាចនាំឲ្យមានការប្រែប្រួលមាត់ស្បូន (មាត់ស្បូនរួញខ្លី និងបើកចំហ)។ ខែទី៧ និងទី៨ ៖ ដោយទំហំពោះធំបន្តិច អ្នកនាងបត់ជើងតូចរាងញឹកបន្តិច ឯការគេងសម្រាកក៏រាងពិបាក។ ការពិនិត្យពោះលើកនេះគឺស្តាប់សំឡេងបេះដូងទារកនៅ ចន្លោះពី ១២០ ទៅ១៦០ដងក្នុងមួយនាទី។ ការថ្លឹងទម្ងន់ ក្នុងខែនេះអ្នកនាងអាចឡើងបាន ៧-៨គីឡូក្រាម។ កម្ពស់ស្បូនជាមធ្យម ២៧ទៅ៣០សង់ទីម៉ែត្រ។ សម្ពាធឈាមមិនឲ្យលើស ១៤០∕៩០ មិល្លីម៉ែត្របារ៉ត។ ទឹកនោមមិនមានជាតិប្រៃ ឬផ្អែមទេ។ ខែទី៩ ៖ ការពិនិត្យលើកចុងក្រោយដែលអ្នកនាងត្រូវត្រៀមខ្លួនដើម្បីទៅសម្រាលបុត្រនៅមន្ទីរសម្ភព។ អ្នកនាងត្រូវជួបជាមួយគ្រូពេទ្យថ្នាំសណ្តំ។ បើទារកអ្នកនាង មិនវិលក្បាលចុះនៅទទឹង ឬក៏គូថចុះក្រោមអ្នកនាងត្រូវជួបពិភាក្សាជាមួយគ្រូពេទ្យសម្ភពដែលនឹងជម្រាបអ្នកនាងអំពីការសម្រាលទម្រង់ហុចគូថនេះនិងបើសិនជាទារកពុំអាចនៅដល់ថ្ងៃដែលបានគ្រោងទុកគឺ ៤១អាទិត្យ រាប់ពីថ្ងៃទីមួយនៃការរាំងរដូវ ឬ៣៩អាទិត្យនៃការតាំងគភ៌ហៅថាគ្រប់ខែ។ ទារករបស់អ្នកនាងមានទម្ងន់ជាង ២គីឡូក្រាម គាត់ចេះជញ្ជក់ម្រាមដៃ បេះដូងទារកមាន ៤ថតយ៉ាងត្រឹមត្រូវ។ នៅអាទិត្យទី ៤១ (SA) ទារកអ្នកនាងធំហើយត្រៀមខ្លួនដើម្បីកើតចេញមក។ ពេលនេះទឹកភ្លោះរាងថយ ទារកពុំសូវបម្រះ(បើសិនជាថយចលនាខ្លាំង ឬមិនបម្រះសោះ) សូមអ្នកនាងរួសរាន់ទៅមន្ទីរសម្ភព ដើម្បីបញ្ជាក់ភាពរស់នៃទារក។ ប្រសិនអ្នកនាងធ្វើការងាររដ្ឋ ឬឯកជន អ្នកនាងត្រូវត្រៀមសម្រាកមាតុភាពបីខែហើយ អ្នកនាងត្រូវត្រៀមខ្លួន (ឯកសារនិងសម្ភារៈ) ដើម្បីសម្រាលបុត្រ។ នៅឯណា? នៅទីណាដែលអ្នកនាងកក់ក្តៅ ថាអាចជួយអ្នកនាង និងកូនអ្នកនាងបានទាន់ពេល។ បន្ទាប់ទៅនេះ យើងខ្ញុំនឹងរៀបរាប់អំពីរបបអាហារ និងការទទួលទានថ្នាំ៖ ១ សូមចៀសវាងជំងឺ (Listériose, Toxoplasmose et Salmonellose) ដែលបានរៀបរាប់នៅខែទី២។ ២ ចៀសវាងអាហាររំញោច និងពុល ដូចជាជាតិកាហ្វេអុីនដែលមាននៅក្នុងកាហ្វេ តែ ភេសជ្ជ:ប៉ូវកម្លាំងដែលមានជាតិកាហ្វេអុីន។ សូមប្រុងប្រយ័ត្នកុំពិសាលើសពី ៣ពែងក្នុងមួយថ្ងៃ។ Alcool គ្រប់រូបភាព (Vin, Bière, Cidre, Alcool fort, Liqueur…) អាចផ្តល់គ្រោះថ្នាក់ដល់ទារកអ្នកនាង។ បារី នាំផលវិបាកដល់សុក ដល់ការគំរាមកើតមិនគ្រប់ខែ ទារកលូតលាស់យឺតនៅក្នុងគភ៌ជាដើម។ ៣ អ្នកនាងគួរទទួលទានអាហារ ដើម្បីការពារកង្វះខាតនូវជាតិដែក (Le fer) ដែលមាននៅក្នុងត្រី សាច់ ស៊ុត សណ្តែក បន្លែផ្សេងៗជាដើម។ល។ ជីវជាតិ C ជួយឲ្យការបឺតស្រូបជាតិដែកបានឆាប់ល្អ។ កាល់ស្យូម ឲ្យបាន ១ ទៅ២ក្រាមក្នុងមួយថ្ងៃតាមអាយុគភ៌តិច ឬច្រើន។ ជីវជាតិD (ឃើញមាននៅក្នុងត្រីសាម៉ុង ត្រីសាឌីនជាដើម) ដើម្បីជួយបឺតស្រូបកាល់ស្យូមបានល្អដែលជួយកំហាប់ឆ្អឹងល្អ។ ជីវជាតិ K2 ជួយសម្រួលដល់ការស្រូបយកកាល់ស្យូមទៅដល់ទីតាំងដែលត្រូវ ប្រើប្រាស់និងជួសជុលការខ្វះខាត ព្រមទាំងជួយសម្រួលដល់ដំណើរការនៃឈាមកកដែលអាចជួយកាត់បន្ថយនូវកត្តាធ្លាក់ឈាម ក្រោយពេលសម្រាល។ ដើម្បីការពារភាពមិនប្រក្រតីនៃឆ្អឹងខ្នងទារក មុនពេលមានគភ៌អ្នកនាង គួរទទួលទាន ជីវជាតិB9 ដែលហៅថាអាស៊ីតហ្វលិក ឬ ហ្វឡាត ៥ មិល្លីក្រាមក្នុងមួយថ្ងៃឲ្យបានយ៉ាងតិចមួយខែមុនមានគភ៌។ ជីវជាតិB9 មានច្រើននៅក្នុងបន្លែបៃតង ឆៃថាវ ការ៉ុត ស្ពៃ ថ្លើម គ្រឿងក្នុងសត្វស្លាប ។ល។ នៅមានសារធាតុមីក្រូនុយទ្រៀន (Micronutrients) ផ្សេងៗទៀតពុំបានរៀបរាប់ដែលអ្នកនាងត្រូវទទួលទាន។ ដោយសារអាហារប្រចាំថ្ងៃរបស់យើងអាចមិនគ្រប់គ្រាន់នោះ បានជាយើងត្រូវបំពេញបង្គ្រប់តម្រូវការនៃរាងកាយពេលពពោះនេះ។ សូមចៀសវាងកុំទទួលទានថ្នាំអ្វី ក្រៅពីគ្រូពេទ្យជំនាញសរសេរជូន ព្រោះការទទួលទានខុសអាចប៉ះពាល់ដល់ភាពមិនប្រក្រតីនៃសរីរាង្គទារកក្នុងផ្ទៃ។     ៤ អ្នកនាងគប្បីត្រួតពិនិត្យការឡើងទម្ងន់ខ្លួនជារៀងរាល់ខែ មិនគប្បីបណ្តោយឲ្យឡើងទម្ងន់ហួសពេកនោះទេ។ តើអ្នកនាងត្រូវឡើងប៉ុន្មានគីឡូ? អាំងដិចទម្ងន់ខ្លួន (MBI) អ្នកនាង អាចយកទម្ងន់ខ្លួនទៅចែកនឹង(កំពស់គុណនឹងកំពស់គិតជាម៉ែត្រ)។ បើឃើញ២៤ ចុះគឺធម្មតា បើឃើញ ២៥ ទៅ៣០គឺលើសគីឡូហើយ។ បើលើស៣០គឺធាត់ញ៉ុក ខ្លាញ់ហើយ (Obèse)។ ធម្មតាអ្នកនាងអាចឡើងបានពី ៩ ទៅ១២គីឡូក្រាមក្នុង ៩ខែនៃគភ៌គឺ ១ខែ ១គីឡូក្រាម។ បើធាត់ញ៉ុកខ្លាញ់ មួយគភ៌ឲ្យឡើងត្រឹម៥គីឡូក្រាមប៉ុណ្ណោះ។ បើមិនដូច្នោះទេអ្នកនាងអាចជួបការលំបាកពេលសម្រាល។ អំពីសកម្មភាព អនាម័យ និងចំណីអាហារ អ្នកនាងគួរធ្វើឬគួរទទួលទានបែបណា? ដើរ ឬក៏ហែលទឹកជាការល្អ។ អ្នកនាងត្រូវចៀសវាងការផឹកស្រា ការជក់បារី ឬសារធាតុពុលដទៃទៀតដែលនាំឲ្យមានផលប៉ះពាល់មិនល្អដល់ទារក។ អ្នកនាងត្រូវពិសាអាហារដែលមានកាល់ឡូរីយ៉ាងតិច ១៨០០ កាល់ឡូរីក្នុងមួយថ្ងៃដែល៥០%បានមកពីការទទួលទានបន្លែ ផ្លែឈើ ទឹកដោះគោ យ៉ាអួរ សាច់ ត្រីជាដើម។ ពិសាប្រេងមកពីធម្មជាតិ។ កំណត់បន្ថយអាហារខ្លាញ់ និងស្ករ។ ពិសាទឹកឲ្យបានយ៉ាងតិច ១លីត្រកន្លះក្នុងមួយថ្ងៃ។ ចម្អិនសាច់ និងស៊ុតឲ្យបានឆ្អិនល្អ។ លាងបន្លែបៃតងឲ្យបានស្អាត។ អាហារទាំងបីពេលចៀសវាងកុំពិសាឆ្អែតហល់ព្រោះអ្នកនាងនៅមានអាហារក្រៅពេល ២ ឬ៣ដងទៀតក្នុងមួយថ្ងៃ។ អ្នកនាងត្រូវគិតផងដែរពីការឆ្លងរោគពីចំណីអាហារទាំងនោះ ដូចនេះត្រូវចម្អិនឲ្យឆ្អិនល្អ និងលាងឲ្យស្អាតបំផុតមុនទទួលទាន។ សូមអរគុណ៕ បកស្រាយដោយ៖ សាស្ត្រាចារ្យមហាបរិញ្ញា គ្រុយ លាងស៊ីម ឯកទេសផ្នែកសម្ភព និងរោគស្រ្តី និងជាប្រធាននៃគ្លីនិកសម្ភព វិសាខា ឯកសារយោង៖ Le Grand Livre de ma grossesse, sous la direction du professeur Jacques Lansac Coordination: docteur Nicolas Evrard./- អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ការបំបៅកូនដោយម្សៅទឹកដោះគោជាជម្រើសដ៏ពេញនិយមដែលអ្នកម្តាយសម័យថ្មីតែងផ្តល់ឲ្យកូនជាទីស្រលាញ់ បន្ទាប់ពីការបំបៅកូនដោយទឹកដោះម្តាយផ្ទាល់។ ប៉ុន្តែការជ្រើសរើស និងស្វែងយល់អំពីអត្ថប្រយោជន៍នៃប្រភេទម្សៅទឹកដោះគោទាំងនោះពិតជាលំបាក។ ហេតុនេះ អត្ថបទខាងក្រោមនឹងបង្ហាញអំពីគន្លឹះសំខាន់ៗមួយចំនួន ក្នុងការសម្រេចចិត្តជ្រើសរើសប្រភេទម្សៅទឹកដោះគោណាមួយសម្រាប់កូនអ្នក។ យោងតាម FDA (Food and Drug Administration) របស់សហរដ្ឋអាមេរិកបានបែងចែកប្រភេទម្សៅទឹកដោះគោសម្រាប់ទារកជា ៣ប្រភេទ និងមានតួនាទីផ្សេងគ្នាផងដែរគឺ៖ - រូបមន្តផ្អែកលើប្រូតេអុីនទឹកដោះគោ (Cow milk protein-based formulas) ក្រៅពីសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនផ្សេងទៀតប្រភេទទឹកដោះគោនេះផ្សំឡើងពីប្រតេអុីន ២ប្រភេទចម្បងគឺ Whey និងCasein ដែលជាប្រូតេអុីនងាយរំលាយជាងប្រភេទរូបមន្តដទៃទៀត។ ជាទូទៅប្រភេទរូបមន្តនេះត្រូវបានប្រើប្រាស់ចំពោះទារកអាយុក្រោម ១ឆ្នាំ ឬទារកដែលមិនអាចទទួលបានឱកាសបំបៅដោះម្តាយ។ ម៉្យាងម្សៅទឹកដោះគោប្រភេទនេះពិតជាស័ក្តិសមចំពោះទារកភាគច្រើនផងដែរ លើកលែងទារកមួយចំនួនតូចដែលអាល្លែកហ្ស៊ីជាមួយរូបមន្តនេះប៉ុណ្ណោះ។ - រូបមន្តផ្អែកលើប្រូតេអុីនសណ្តែកសៀង (Soy-based formulas) ជាប្រភេទរូបមន្តដែលចម្រាញ់ពីប្រូតេអុីនសណ្តែកសៀង ដែលមិនលាយឡំជាមួយប្រូតេអុីនសាច់សត្វឡើយ ប៉ុន្តែមានសារធាតុចិញ្ចឹមស្តង់ដារដូចទៅនឹងរូបមន្តផ្សេងទៀត។ រូបមន្តនេះពិតជាស័ក្តិសមចំពោះទារកដែលមានបញ្ហាអាល្លែកហ្ស៊ីជាមួយរូបមន្ត Cow milk protein-based formulas ឡាក់តូស (lactose) ឬកាបូហាយដ្រេត (carbohydrate) ដែលមានវត្តមានក្នុងទឹកដោះគោ។ ទោះជាយ៉ាងណាក៏ដោយ ទារកមួយចំនួនដែលអាល្លែកហ្ស៊ីជាមួយទឹកដោះគោ (Cow Milk) អាចប្រតិកម្មជាមួយទឹកសណ្តែកផងដែរ។ - រូបមន្តដែលប្រូតេអុីនត្រូវបានបំបែកតូចៗ (Protein hydrolysate formulas) រូបមន្តប្រភេទនេះផ្សំពីសារធាតុចិញ្ចឹមដែលត្រូវបានបំបែកជាម៉ូលេគុលតូចៗ ជាពិសេសប្រូតេអុីន ដែលខុសពីរូបមន្តទឹកដោះគោទាំងពីរខាងលើ។ រូបមន្តនេះត្រូវបានបង្កើតឡើងជាពិសេសចំពោះទារកដែលមានបញ្ហាក្រពះពោះវៀន ពិបាកក្នុងការរំលាយអាហារឧស្សាហ៍ទល់លាមក ឬអាល្លែកហ្ស៊ីជាមួយប្រូតេអុីន Cow milk protein-based formulas ឬ Soybased formulas។ បន្ថែមពីប្រភេទរូបមន្តទាំង ៣សំខាន់ៗខាងលើ ក៏នៅមានប្រភេទរូបមន្តមួយចំនួនផ្សេងទៀតដូចជា៖ - រូបមន្តសម្រាប់ទារកដែលប្រតិកម្មជាមួយឡាក់តូស (Lactose intolerance) ចំពោះទារកមួយចំនួនតូច តែងកើតមានអាការៈប្រតិកម្មជាមួយសារធាតុសំខាន់ម៉្យាងដែលមានក្នុងទឹកដោះគោ និងផលិតផលចម្រាញ់ពីទឹកដោះគោគឺឡាក់តូស។ រោគសញ្ញានៃប្រតិកម្មអាល្លែកហ្ស៊ីរួមមាន រាក ឈឺឆ្អល់ក្នុងពោះ និងហើមពោះជាដើម។ ហេតុនេះរូបមន្តទឹកដោះគោដែលគ្មានឡាក់តូសពិតជាសមស្របបំផុតជាមួយទារកប្រភេទនេះណាស់។  - រូបមន្តសម្រាប់ទារកកើតមិនគ្រប់ខែ ជាទូទៅ ទារកកើតមិនគ្រប់ខែត្រូវការរូបមន្តពិសេសជាងទារកកើតគ្រប់ខែ ដោយហេតុថាពួកគេត្រូវការសារធាតុចិញ្ចឹមចាំបាច់ និងថាមពលប្រចាំថ្ងៃច្រើនជាងដើម្បីធានាយ៉ាងណាទទួលបានការលូតលាស់បានប្រសើរ និងរក្សាបាននូវប្រព័ន្ធការពារខ្លួនដែលរឹងមាំ។ រូបមន្តនេះនឹងត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ក្នុងរយៈពេលកំណត់មួយទៅតាមការត្រួតពិនិត្យសុខភាពទារកពីសំណាក់ក្រុមគ្រូពេទ្យជំនាញដែលជាទូទៅអាចប្រែប្រួលក្នុងរយៈពេលពី ៣ខែ ៦ខែ ឬ១ឆ្នាំ។ សូមពិភាក្សាជាមួយគ្រូពេទ្យកុមារបន្ថែម ប្រសិនបើអ្នកនៅតែមានភាពរារែក និងពិបាកក្នុងការសម្រេចចិត្តក្នុងការជ្រើសរើសប្រភេទទឹកដោះគោដែលសមស្របចំពោះកូនជាទីស្រលាញ់របស់អ្នក។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ការពិនិត្យសុខភាពមុនពេលមានផ្ទៃពោះរួមបញ្ចូលទាំងការធ្វើតេស្តសាកល្បងរវាងដៃគូ ឬស្វាមីរបស់អ្នក ដើម្បីធានាថាអ្នកទាំងពីរមិនមានជំងឺដែលអាចប៉ះពាល់ដល់ឱកាសក្នុងការមានកូនបាន។ ដោយឡែកចំពោះការត្រួតពិនិត្យសុខភាពមុនពេលអ្នកមានផ្ទៃពោះអាចផ្តល់នូវគុណសម្បត្តិមួយចំនួនដើម្បីដោះស្រាយបញ្ហាសុខភាពណាមួយដែលអាចមានមុនពេលដែលអ្នកចង់ចាប់ផ្តើមមាន ឬអំឡុងពេលមានផ្ទៃពោះ។ - ការពិនិត្យសុខភាពទូទៅ ការពិនិត្យសុខភាពមុនពេលចាប់ផ្តើមមានផ្ទៃពោះជួយឲ្យអ្នកទទួលបាននូវសុខភាពល្អ និងត្រៀមខ្លួនរួចរាល់សម្រាប់ការមានផ្ទៃពោះ។ ប្រសិនបើអាចអ្នកត្រូវត្រួតពិនិត្យសុខភាពមួយឆ្នាំមុនពេលអ្នកចង់មានផ្ទៃពោះ ដើម្បីទទួលបានការថែទាំសុខភាពផងដែរ។ ដោយហេតុថាអ្នកត្រូវធ្វើការពិនិត្យទៅលើសម្ពាធឈាម ពិនិត្យតេស្តឈាមរកមេរោគថ្លើម មេរោគអេដស៍មេរោគស្វាយ ពិសេសពិនិត្យទៅលើអាងត្រគាកជាដើម។ ជាក់ស្តែងដោយផ្អែកលើលទ្ធផលនៃការពិនិត្យសុខភាព និងការធ្វើតេស្តទាំងអស់នេះហើយ វេជ្ជបណ្ឌិតអាចនឹងផ្តល់ការណែនាំដល់អ្នកពីវិធីសាស្រ្តមួយចំនួន ដូចជាការធ្វើលំហាត់ប្រាណ របបអាហារ របៀបរស់នៅប្រចាំថ្ងៃ និងអាហារបំប៉នដែលចាំបាច់ដើម្បីជួយជំរុញដល់ការមានផ្ទៃពោះប្រកបដោយសុវត្ថិភាព និងកូនមានសុខភាពល្អផងដែរ។ - ការពិនិត្យទៅលើទម្ងន់ បើអ្នកម្តាយស្គមពេកអាចធ្វើឲ្យការមានផ្ទៃពោះកាន់តែពិបាក តែបើអ្នកម្តាយធាត់ពេកក៏អាចនឹងមានឱកាសក្នុងការកើតបញ្ហាមួយចំនួនដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺលើសជាតិអាស៊ីតជាដើម។ អ្នកពិតជាមិនចង់បានបែបនេះទេមែនទេ? ដូច្នោះអ្នកគួរតែទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្យជំនាញ ដើម្បីឲ្យដឹងអំពីទម្ងន់ដែលល្អសម្រាប់ការមានផ្ទៃពោះ ព្រមទាំងបញ្ចៀសពីបញ្ហាដែលងាយប្រឈមពេលមានផ្ទៃពោះផងដែរ។ - ការពិនិត្យលើសុខភាពផ្លូវចិត្ត សុខភាពផ្លូវចិត្តក៏មានសារៈសំខាន់ដូចសុខភាពរាងកាយផងដែរ​​ នៅពេលដែលអ្នកមានផែនការចង់មានផ្ទៃពោះ។ ការប្រែប្រួលអារម្មណ៍ ឬមានបញ្ហាសុខភាពផ្លូវចិត្ត ដូចជាជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ឬបញ្ហាការញុំាមិនសូវបានក៏អាចប្រឈមនឹងបញ្ហានៅពេលមានផ្ទៃពោះ។ លើសពីនេះសុខភាពផ្លូវចិត្តរបស់អ្នកអាចប៉ះពាល់ដល់ការគិត ឬការលូតលាស់ផ្នែករាងកាយ និងភាពឆ្លាតវៃរបស់ទារកដែលនៅក្នុងផ្ទៃផងដែរ។ បើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺបានឲ្យដឹងថាស្ត្រី ១នាក់ក្នុងចំណោម ៩នាក់មានជំងឺធ្លាក់ទឹកចិត្តមុនពេល អំឡុងពេល និងក្រោយពេលមានផ្ទៃពោះ។ ដូច្នោះ ប្រសិនបើអ្នកមានរាល់បញ្ហាដែលពាក់ព័ន្ធជាមួយសុខភាពផ្លូវចិត្តនោះ អ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងផ្លូវចិត្តដើម្បីបញ្ចៀសពីបញ្ហាទាំងអស់ខាងលើ និងជួយឲ្យកូនដែលនៅក្នុងផ្ទៃមានសុខភាពល្អ និងលូតលាស់បានល្អ។ - ការពិនិត្យគ្រាប់ឈាម នេះគឺជាការធ្វើតេស្តចាំបាច់ដើម្បីកំណត់ថាតើអ្នកត្រូវចាប់ផ្តើមលើថ្នាំគ្រាប់ជាតិដែកឬយ៉ាងណា ឬអាចទទួលបានការមានផ្ទៃពោះបានដែរឬទេ? ដោយឡែកអ្នកអាចទទួលរងនូវភាពស្លេកស្លាំង ប្រសិនបើអ្នកមានផ្ទៃពោះខណៈពេលដែលរាងកាយរបស់អ្នកកំពុងប្រឈមនឹងកង្វះជាតិដែក។ ការពិនិត្យទៅលើការពន្យារកំណើតដោយប្រាប់គ្រូពេទ្យអំពីវិធីពន្យារកំណើតដែលអ្នកបានប្រើប្រាស់។ ការអនុវត្តភាគច្រើនមិនមានឥទ្ធិពលលើរយៈពេលដែលត្រូវមានផ្ទៃពោះនៅពេលអ្នកឈប់ប្រើវា។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកបានប្រើថ្នាំពន្យារកំណើត អ្នកអាចចំណាយពេលមួយឆ្នាំដើម្បីឲ្យសមត្ថភាពនៃការមានផ្ទៃពោះត្រឡប់ទៅរកភាពធម្មតាវិញ ប៉ុន្តែអ្នកអាចទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផងដែរ។ - ការធ្វើតេស្ត Pap smear ការធ្វើតេស្ត Pap smear គឺជាផ្នែកសំខាន់មួយនៃការទៅជួបគ្រូពេទ្យជាលើកដំបូងរបស់អ្នក។ ការធ្វើតេស្តនេះត្រូវបានធ្វើឡើងដោយការយកទឹករំអិល ឬច្រឹបសាច់ក្នុងទ្វារមាសដើម្បីពិនិត្យមើលពីសុខភាពមាត់ស្បូនបន្ទាប់មកគ្រូពេទ្យចាប់ផ្តើមវិភាគ ឬធ្វើរោគវិនិច្ឆ័យ។ ការធ្វើតេស្តនេះនឹងវាយតម្លៃថាតើអ្នកឆ្លងជំងឺកាមរោគ ដូចជាជំងឺប្រមេះ ជំងឺស្វាយ ជំងឺអេដស៍ ជំងឺរលាកថ្លើមប្រភេទបេដែរឬទេ។ ប្រសិនបើគ្រូពេទ្យរកឃើញកោសិកាមិនប្រក្រតីអំឡុងពេលពិនិត្យសុខភាពនោះ អ្នកត្រូវទទួលការព្យាបាល ឬតាមដានបន្តមុនពេលមានផ្ទៃពោះផងដែរ។ គួរបញ្ជាក់ផងដែរថា ស្ត្រី ឬអ្នកម្តាយដែលត្រៀមខ្លួនជាម្តាយទាំងអស់សូមទៅពិនិត្យសុខភាព ឬធ្វើតេស្តខាងលើនោះអ្នកនឹងទទួលបានសុខភាពល្អ សុវត្ថិភាព និងទទួលបានបុត្រដែលគួរឲ្យស្រលាញ់មិនខានឡើយ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ការបំបៅកូនដោយទឹកដោះម្តាយ ជាវិធីសាស្ត្រមួយដ៏ប្រសើរសម្រាប់សុខភាពរបស់ទារក តែទោះយ៉ាងណា អ្នកម្តាយភាគច្រើនតែងមានចម្ងល់ថា តើពួកគាត់គួរផ្តល់ការបំបៅប៉ុន្មានដងក្នុងមួយថ្ងៃនិងម្តងៗគួរចំណាយរយៈពេលប៉ុន្មានទើបជាការប្រសើរ?  តាមពិត តម្រូវការរបស់ទារកម្នាក់ៗមានភាពខុសៗគ្នា ទៅតាមអាយុ និងវ័យលូតលាស់របស់ទារក ដោយចម្លើយទាំងអស់នេះអ្នកអាចស្វែងយល់បានកាន់តែច្បាស់តាមរយៈអត្ថបទខាងក្រោម៖  ថ្ងៃទី ១ ក្រោយសម្រាល ពោះរបស់ទារកនៅតូចណាស់ក្នុងដំណាក់កាលនេះហេតុនេះពួកគេមិនត្រូវការបរិមាណទឹកដោះច្រើនទេ ប៉ុន្តែត្រូវការការបៅច្រើនដងក្នុងមួយថ្ងៃ ដោយការបំបៅគួរត្រូវបានធ្វើឡើងជារៀងរាល់ ១ទៅ៣ម៉ោងម្តង។ ការបំបៅញឹកញាប់បែបនេះអាចជួយជំរុញការផលិតទឹកដោះ ព្រមទាំងអាចជួយទារកអនុវត្តការជញ្ជក់ និងការលេបបានកាន់តែប្រសើរបន្តិចម្តងៗ។ សប្តាហ៍ទី១ ដល់ខែទី ១ ក្នុងអំឡុងពេលនេះ ពោះរបស់ទារកចាប់ផ្តើមរីកធំជាងមុន ដូច្នេះពួកគេអាចបៅបានបរិមាណច្រើនជាងមុន។ ជាទូទៅ អ្នកម្តាយអាចបំបៅទារកចន្លោះចាប់ពី ៨ទៅ១២ដងក្នុង១ថ្ងៃ ដោយការបំបៅម្តងៗអាចចំណាយរយៈពេលជាមធ្យមប្រមាណ ៥ទៅ១០នាទីចំពោះការបំបៅសុដន់ម្ខាងៗ ឬអាចកើនរយៈពេលដល់ ២០នាទីម្តងចំពោះទារកមួយចំនួន។ រយៈពេលនៃការបំបៅអាចខុសគ្នា អាស្រ័យលើបរិមាណទឹកដោះដែលបានបញ្ចេញ និងភាពសុខស្រួលដែលកូនមានលើទ្រូងម្តាយ។ ចាប់ពី ៦ទៅ១២ខែ ចាប់ពីអាយុ៦ខែ ទារកអាចចាប់ផ្តើមទទួលយកអាហារបន្ថែមក្រៅពីទឹកដោះម្តាយតែមួយមុខ ហេតុនេះចំនួនដង និងបរិមាណនៃការបំបៅអាចប្រែប្រួលទៅតាមនោះដែរ។ ទោះជាយ៉ាងណាក៏ដោយ ការបំបៅដោះនៅតែជាកិច្ចការចម្បងដែលអ្នកម្តាយត្រូវតែអនុវត្តបន្តចំពោះទារកជាទីស្រលាញ់។ អ្នកម្តាយអាចចាប់ផ្តើមសង្កេតមើលកាយវិការ ទឹកមុខរបស់ទារក ថាតើពួកគេកំពុងត្រូវការការបំបៅដោះឬទេ ឬប្រសិនបើពួកគេចាប់ផ្តើមលែងចាប់អារម្មណ៍ការបំបៅដោះ អ្នកម្តាយត្រូវព្យាយាមធ្វើបែបណាដើម្បីឲ្យទារកបៅជាមុនសិន មុននឹងផ្តល់អាហារបន្ថែមទៅពួកគេ។ គួរចងចាំថានៅក្នុងវ័យនេះទឹកដោះម្តាយគឺជាសារធាតុចិញ្ចឹមដ៏ចាំបាច់បំផុតដែលទារកត្រូវទទួលបាន។ ចាប់ពី ១២ទៅ២៤ខែ ក្នុងវ័យនេះចំនួនដងក្នុងមួយថ្ងៃដែលពួកគេអាចទទួលបានមានភាពខុសៗគ្នា។ ខណៈពេលដែលទឹកដោះម្តាយគ្រាន់តែជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃរបស់ពួកគេ ប៉ុន្តែក្មេងខ្លះចង់ទទួលយកការបំបៅតែមុនពេលចូលគេង ឬនៅពេលព្រឹកតែប៉ុណ្ណោះ។ អ្នកម្តាយអាចបន្តតាមដានកូនរបស់អ្នក ដើម្បីសម្រេចថាតើនៅពេលណាដែលពួកគាត់ឃ្លាន។ តើអ្នកដឹងទេ? ចំពោះទារកមួយចំនួនដែលទើបនឹងកើត ប្រហែលជាចូលចិត្តការគេងជាជាងការបៅ ដូច្នេះអ្នកម្តាយត្រូវដាស់ពួកគេជារៀងរាល់ ២ទៅ៤ម៉ោងម្តងដើម្បីឲ្យទារកបានបៅជាមុនសិនមុនបន្តការគេងទៀត។ ការធ្វើបែបនេះអាចឲ្យទារកទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់លូតលាស់ និងសុខភាពល្អ។ តិចនិកក្នុងការដាស់់ទារកមានដូចជា ការប៉ះអង្អែលថ្នមៗការរង្គើតិចៗ ប្តូរសម្លៀកបំពាក់ ឬប្តូរខោទឹកនោមជាដើម។ ដឹងថាកូនបៅឆ្អែត ឬមិនឆ្អែតតាមរបៀបណា? ប្រសិនបើទារកបៅឆ្អែត អ្នកម្តាយអាចកំណត់ចំណាំតាមរយៈទឹកមុខ និងកាយវិការរបស់ទារកដូចខាងក្រោម៖ • បង្ហាញភាពពេញចិត្ត និងសប្បាយចិត្តក្រោយការបៅរួច • គេងបានលក់ស្រួល • ស្រែកយំ ឬតែងបញ្ចេញសំឡេង បន្ទាប់ពីភ្ញាក់ពីគេង • ឡើងទម្ងន់ • កន្ទបសើម និងប្រឡាក់ ប្រហែល ៤ទៅ ៦ដងក្នុងមួយថ្ងៃ • ការបន្ទោបង់ទៀងទាត់ និងលាមកមានលក្ខណៈធម្មតា។ ផ្ទុយមកវិញ ប្រសិនបើទារកបៅមិនឆ្អែត នោះពួកគេអាចបញ្ចេញសញ្ញាដូចជា៖ • មិនសប្បាយចិត្ត ក្រោយការបំបៅ • ឃ្លានញឹកញាប់ • កន្ទបមិនសូវសើមញឹកញាប់ • យំជារឿយៗ • មិនឡើងទម្ងន់សោះ។ រាល់ពេលមានបញ្ហាទាក់ទងនឹងការបំបៅដែលមិនអាចដោះស្រាយបាន អ្នកម្តាយគួរស្វែងរកការប្រឹក្សាពីគ្រូពេទ្យជំនាញផ្នែកទារក និងកុមារឲ្យបានកាន់តែឆាប់កាន់តែប្រសើរ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ក្មេងភាគច្រើនមានការលូតលាស់ខុសៗគ្នាជាធម្មតា ទាំងរូបរាងកាយ ប្រាជ្ញាស្មារតី ចិត្តគំនិត ក៏ដូចជាការនិយាយស្តី ដែលក្មេងខ្លះលូតលាស់ផ្នែកទំនាក់ទំនង និងការនិយាយស្តីបានលឿន ខណៈពេលដែលក្មេងខ្លះទៀតអាចវិវឌ្ឍយឺត។ វាអាចបណ្តាលមកពីមូលហេតុជាច្រើន និងក្នុងករណីខ្លះប្រហែលជាកត្តាផ្លូវចិត្តមួយចំនួនដែលប៉ះពាល់ដល់ការនិយាយ បរិស្ថាន ឬការថែទាំដែលរួមមាន៖ កម្រិតនៃការថែទាំ ការថែទាំកម្រិតណាដែលកូនរបស់អ្នកទទួលបានពីអ្នកជាឪពុកម្តាយអាចប្រហែលជះឥទ្ធិពលដល់ការវិវឌ្ឍផ្នែកភាសា ឬការនិយាយរបស់កុមារ នេះបើយោងតាមការសិក្សាមួយរបស់សាកលវិទ្យាល័យ North Carolina បើប្រៀបធៀបទៅនឹងក្មេងដែលទទួលបានការយកចិត្តទុកដាក់ និងថែទាំតាមតម្រូវការ។ ក្នុងករណីទីកន្លែងដែលក្មេងមើលឃើញ និងក្មេងហាក់នៅម្នាក់ឯងញឹកញាប់ខ្លាំងពេក ខ្វះទំនាក់ទំនង និងការលើកទឹកចិត្តតែងតែរារាំងពួកគេពីការអភិវឌ្ឍ ថែមទាំងអាចបន្ថយនូវជំនាញនិយាយយ៉ាងពិតប្រាកដ។ ភាពតានតឹងធ្ងន់ធ្ងរ យោងតាម The National Child Traumatic Stress Network ភាពតានតឹងធ្ងន់ធ្ងរអាចទាញក្មេងចេញពីការយល់ដឹងផ្នែកភាសា និងការរៀននិយាយឲ្យបានត្រូវ។ ការប្រទះជាមួយនឹងអំពើហិង្សា និងការរំលោភបំពានអាចនាំឲ្យក្មេងប្រឈមនឹងការធ្លាក់ទឹកចិត្តធ្ងន់ធ្ងរដែលធ្វើឲ្យមានផលអវិជ្ជមានលើការវិវឌ្ឍផ្នែកភាសា។ ដូចនឹងលទ្ធភាពក្នុងការគ្រប់គ្រងអារម្មណ៍របស់ពួកគេក្លាយជាផលប៉ះពាល់សមត្ថភាពក្នុងការស្តែងពីអារម្មណ៍របស់ពួកគេប្រកបដោយប្រសិទ្ធភាព។ បរិយាកាសសង្គម ឪពុកម្តាយ គ្រូបង្រៀន និងមិត្តភក្តិដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍផ្នែកភាសា ឬការនិយាយរបស់កុមារ ដែលការនិយាយទាក់ទងគ្នាគឺពិតជាសំខាន់សម្រាប់ដំណើរការលូតលាស់របស់ក្មេង។ ជាលទ្ធផលបរិយាកាសសង្គមដែលលើកទឹកចិត្តដល់ការនិយាយទាក់ទងគ្នាដោយប្រសិទ្ធភាពរួមចំណែកដល់ភាសារបស់ពួកគេ។  ផ្ទុយមកវិញ នៅពេលសង្គមដែលក្មេងរស់នៅមានផលប៉ះពាល់ផ្នែកអារម្មណ៍ ស្ត្រេស និងទំនាក់ទំនងគ្មានប្រសិទ្ធភាព នោះពួកគេប្រហែលគេចពីការនិយាយ និងអាចក្លាយជាមានអារម្មណ៍ភ័យខ្លាច ដែលទាំងនេះក៏រួមចំណែកធ្វើឲ្យថយចុះនូវការវិវឌ្ឍផ្នែកភាសាដូចគ្នាដែរ។ ការនិយាយមានបញ្ហា បញ្ហានៃការនិយាយដូចជានិយាយមិនច្បាស់ដោយសារប្រព័ន្ធសរសៃប្រសាទ ឬឮខ្សាវៗ អាចធ្វើឲ្យកូនរបស់អ្នកមានភាពខ្មាសអៀន និងអាចរហូតដល់មានសម្ពាធផ្លូវចិត្ត។ លទ្ធផលចុងក្រោយ ក្មេងប្រហែលមានភាពស្ទាក់ស្ទើរក្នុងការនិយាយ និងពន្យារពេលក្នុងការយល់ដឹងផ្នែកភាសា ឬទំនាក់ទំនងជាមួយអ្នកដទៃ។ ការប្រើភាសា ២ ក្មេងដែលចាប់ផ្តើមរៀនភាសាទី២លឿនពេកក្នុងជីវិតអាចប្រហែលធ្វើឲ្យភាសាទីមួយរបស់ពួកគេមានការវិវឌ្ឍយឺតជាងការរំពឹងទុក។ រៀនភាសា ២ក្នុងពេលតែមួយអាចធ្វើឲ្យមានការច្រឡំពិសេសក្មេងមិនទាន់គ្រប់អាយុចូលសាលាត្រឹមត្រូវ ដែលអាចឲ្យក្មេងបាក់ទឹកចិត្តបាន។ អ្នកជំនាញបានលើកឡើងថា ភាសាទី ២គួរឲ្យក្មេងចាប់ផ្តើមរហូតទាល់តែក្មេងមានអាយុចន្លោះ ៥ ទៅ៦ឆ្នាំ។ កត្តាភេទ ភេទត្រូវបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍផ្នែកភាសា និងការនិយាយស្តីរបស់ក្មេង។ អំឡុងអាយុ២-៣ឆ្នាំ ក្មេងស្រីមានទំនោរចាប់ផ្តើមយល់ដឹងផ្នែកភាសា ការនិយាយទំនាក់ទំនង ក្នុងកម្រិតខ្ពស់ជាងក្មេងប្រុស។ ពួកគេចាប់ផ្តើមយល់ដឹងផ្នែកទំនាក់ទំនងកាន់តែមានប្រសិទ្ធភាព និងភាសានិយាយវិវឌ្ឍយ៉ាងរហ័ស។ ចៀសពីផលប៉ះពាល់ដែលអ្នកជាឪពុកមា្តយអាចធ្វើបាន នឹងជួយឲ្យកូនអ្នកគេចផុតពីការពន្យារលើការនិយាយទំនាក់ទំនង ក៏ដូចជាភាសារបស់កូនអ្នក។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការប្រើថ្នាំពន្យារកំណើតមិនមែនមានន័យថាស្ត្រីមិនចង់មានគភ៌នោះទេ ជាក់ស្តែង ការពន្យារកំណើតគ្រាន់តែជាមធ្យោបាយទាំងឡាយណាដែលធ្វើឡើងដើម្បីការពារស្រ្តីពីការពពោះក្នុងរយៈពេលណាមួយតែប៉ុណ្ណោះ។ នៅពេលស្រ្តីសម្រេចចិត្តមានផ្ទៃពោះ នោះចម្ងល់ជាច្រើននឹងត្រូវចោទមានឡើង ដែលមិនត្រឹមតែការបញ្ឈប់ប្រើប្រាស់ថ្នាំពន្យារកំណើតនោះទេ កត្តាផ្សេងទៀតដូចជាអាយុ និងសុខភាពទូទៅក៏ត្រូវបានរាប់បញ្ចូលផងដែរ។ សកម្មភាពថ្នាំពន្យារកំណើត ថ្នាំពន្យារកំណើត ជាប្រភេទឱសថរួមផ្សំដោយពពួកអ័រម៉ូនដែលត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពសម្រាប់ពន្យារពេលក្នុងការមានផ្ទៃពោះ ដោយឱសថមានសកម្មភាព និងគោលដៅជាច្រើនរួមមាន៖ • រក្សាកម្រិតអ័រម៉ូន • ការបញ្ឈប់កម្រិតអ័រម៉ូនអឺស្រ្តូហ្សែនដែលបណ្តាលឲ្យបញ្ចេញពងអូវ៉ុល • ធ្វើឲ្យភ្នាសស្បូនឡើងក្រាស់ ដែលរារាំងមេជីវិតឈ្មោល។ ការវិវឌ្ឍបន្ទាប់ពីឈប់ពន្យារកំណើត យោងតាមការសិក្សាពី The United Kingdom’s National Health Service (NHS) បានបង្ហាញថាបន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ថ្នាំពន្យារកំណើតភ្លាមស្រ្តីអាចមានវដ្តរដូវមិនទៀងទាត់រយៈពេលលើសពី ៣ខែ ទើបវដ្តរដូវអាចត្រលប់មកធម្មតាវិញ ដោយរដូវលើកដំបូងអាចមានសភាពមិនប្រក្រតី និងខុសប្លែកពីឈាមរដូវទូទៅ។ ដូច្នេះ ភាពមិនទៀងទាត់នៃការមករដូវបន្ទាប់ពីឈប់ប្រើប្រាស់ថ្នាំពន្យារកំណើតអាចបង្អាក់ក្នុងការមានផ្ទៃពោះភ្លាមៗបាន។ ការសិក្សាលើឱកាសមានផ្ទៃពោះ ការសិក្សាលើស្រ្តីចំនួន ៣៧២៧ នាក់ ក្នុងចន្លោះអាយុចាប់ពី ១៨ ដល់ ៤០ឆ្នាំ ពីការសិក្សាស្រាវជ្រាវនៅប្រទេសដាណឺម៉ាក បានបង្ហាញថាការប្រើប្រាស់ថ្នាំពន្យារកំណើត អាចនាំឲ្យមានការពន្យារពេលនៃការមានផ្ទៃពោះឡើងវិញពី ២ ទៅ៦ខែ បន្ទាប់ពីឈប់ប្រើប្រាស់ថ្នាំពន្យារកំណើត បើធៀបជាមួយការអនុវត្តវិធីសាស្រ្តពន្យារកំណើតផ្សេងទៀត។ បន្ថែមពីនោះ កត្តាអាយុរបស់ស្រ្តីដែលចាប់ផ្តើមប្រើប្រាស់ថ្នាំពន្យារកំណើតក៏ត្រូវបានយកមកសិក្សាផងដែរដោយលទ្ធផលបានបង្ហាញថាស្រ្តីចាប់ផ្តើមពន្យារកំណើតដោយថ្នាំនៅអាយុក្មេងជាង ២១ឆ្នាំ អាចពិបាកក្នុងការមានផ្ទៃពោះឡើងវិញជាងស្រ្តីដែលពន្យារកំណើតបន្ទាប់ពីអាយុ ២១ឆ្នាំ។ កត្តារំខានក្នុងការមានផ្ទៃពោះ ក្រៅពីកត្តាស្រ្តីដែលប្រើប្រាស់ថ្នាំពន្យារកំណើត ក៏នៅមានកត្តារួមផ្សំផ្សេងទៀតដែលអាចប៉ះពាល់ដល់លទ្ធភាពនៃការមានគភ៌ បន្ទាប់ពីឈប់ប្រើថ្នាំពន្យារកំណើតផងដែររួមមាន៖ • សុខភាពទូទៅរបស់ស្ត្រី៖ កត្តាមួយចំនួនដូចជាបញ្ហាក្រពេញទីរ៉ូអុីត ជំងឺក្រពេញ Pituitary ឬជំងឺសរសៃប្រសាទ (PCOS) ស្ត្រីដែលធាត់ ឬស្គមពេក • សុខភាពបន្តពូជរបស់ស្ត្រី៖ ស្ត្រីដែលមានប្រវត្តិឆ្លងមេរោគឆ្អឹងត្រគាក បញ្ហារារាំងបំពង់ស្បូន ឬជំងឺ Endometriosis • សុខភាពបន្តពូជរបស់បុរស៖ កម្រិតមេជីវិតឈ្មោលទាប • ការរួមភេទ៖ ការរួមភេទមិនទៀងទាត់រៀងរាល់ ២ទៅ ៣ថ្ងៃម្តង អាចជាកត្តារារាំងដល់ការមានផ្ទៃពោះ • អាយុរបស់ស្រ្តី៖ អត្រានៃការមានផ្ទៃពោះថយចុះបន្ទាប់ពីស្រ្តីឈានដល់អាយុ៣៥ឆ្នាំ។ ការពិគ្រោះជាមួយគ្រូពេទ្យជំនាញក្នុងការមានផ្ទៃពោះ ជារឿងចាំបាច់ និងមានប្រសិទ្ធភាព ដោយអ្នកនឹងអាចតម្រូវឲ្យប្រើប្រាស់វិធីសាស្រ្តនានារហូតទាល់តែអ្នកមានវដ្តរដូវជាធម្មតាឡើងវិញមុននឹងមានផ្ទៃពោះ។ ការរង់ចាំប៉ុន្មានខែបន្ទាប់ ដើម្បីឲ្យឈាមរដូវត្រលប់មកទៀងទាត់ឡើងវិញនឹងធ្វើឲ្យមានភាពជាក់លាក់ក្នុងការមានគភ៌។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក
Top